Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​សហគមន៍​បុរីកីឡា​ពីរ​គ្រួសារ​យល់​ព្រម​ទទួល​សំណង​ពី​សាលាក្រុង​ភ្នំពេញ

$
0
0

ពលរដ្ឋ​រស់នៅ​សហគមន៍​បុរីកីឡា​ពីរ​គ្រួសារ​យល់ព្រម​ទទួល​យក​សំណង​ជា​លុយ​ពី​សាលាក្រុង​ភ្នំពេញ ដើម្បី​ចាក​ចេញ​ពី​អាគារ​ចាស់​នៅ​បុរីកីឡា។ ប៉ុន្តែ​នៅ​មាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​ទៀត មិនទាន់​យល់​ព្រម​ទទួល​សំណង​នៅ​ឡើយ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​បញ្ហា​នេះ ស្នើ​ទៅ​សាលាក្រុង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន តម្លាភាព និង​ជៀសវាង​ប្រើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ចេញ​ដូច​ពី​អតីតកាល។

ពលរដ្ឋ​រស់នៅ​សហគមន៍​បុរីកីឡា​ពីរ​គ្រួសារ​ដែល​យល់ព្រម​ទទួល​យក​សំណង ជា​លុយ​ពី​សាលាក្រុង​ភ្នំពេញ​នោះ គឺ​គ្រួសារ​លោកស្រី សរ ស៊ន ដែល​ជា​តំណាង​សហគមន៍​បុរីកីឡា និង​គ្រួសារ​លោកស្រី ប៉ាន ចន្ធី។

លោកស្រី សរ ស៊ន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា សំណង​ដែល​លោកស្រី​ទទួល​បាន​ពី​សាលាក្រុង គឺ​លុយ​ចំនួន​ពីរ​ម៉ឺន​ដុល្លារ ដែល​ទឹកប្រាក់​នេះ​សម​ល្មម​ឱ្យ​លោកស្រី ទិញ​បន្ទប់​នៅ​តំបន់​បុរីកីឡា​។ លោកស្រី​បន្ត​ថា មូល​ហេតុ​ដែល​លោកស្រី​យល់ព្រម​ទទួល​សំណង ព្រោះ​មិន​ចង់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ជាថ្មី និង​ខ្លាច​អត់​ទីជម្រក​រស់នៅ ក្នុង​រដូវវស្សា​នេះ៖ «ដោយសារ​ការរស់នៅ​មីង​ប្រឈម​បញ្ហា​គ្រប់បែប​យ៉ាង​ណាមួយ​ខែវស្សា​អាគារ​ចាស់​ពិបាក​រស់នៅ ហើយ​មីង​ក៏​ចាស់​ហើយ​មុន​មីង​យក​មីង​ដេក​គិត អង្គុយ​ប៉ុន្មាន​ថ្ងៃ​ដេក​អត់​លក់​ទេ»

តំណាង​សហគមន៍​បុរីកីឡា​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​គ្រួសារ​លោកស្រី ប៉ាន ចន្ធី បាន​ទទួល​សំណង​តែមួយ​ម៉ឺន​ដុល្លារ​ទេ។ ទាក់ទង​ការ​ទទួល​បាន​ប្រាក់​សំណង​ខុសគ្នា​បែបនេះ លោកស្រី សរ ស៊ន ថា សាលាក្រុង​ផ្ដល់​សំណង គឺ​អាស្រ័យ​ទៅតាម​ឯកសារ​របស់​ពលរដ្ឋ​នីមួយៗ។

ដោយឡែក ពលរដ្ឋ​បុរីកីឡា​លោកស្រី ដាញ់ គង្គា ដែល​មិន​ព្រម​ទទួល​សំណង​វិញ ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោកស្រី​មិនទាន់​យល់ព្រម​ទទួល​សំណង ព្រោះ​សាលាក្រុង​ភ្នំពេញ​ផ្ដល់​ថវិកា​តិចតួច​ពេក ដែល​មិន​គ្រប់​ចំនួន​ឱ្យ​លោកស្រី​អាច​ទិញ​ផ្ទះ​នៅ​តំបន់​បុរីកីឡា​បាន៖ «ខ្ញុំ​សុំ​តែ​ជាន់​ទី​មួយ​ក៏បាន ជាន់​ទី​ពីរ​ក៏បាន បើ​ថា ពិបាក​ពេក​ជាន់​ទី​បី​ក៏​ខ្ញុំ​ក៏​យក​ដែរ ព្រោះ​មិន​ដឹង​ម៉េច​ទៅ​អី​នៅ​ណា​ទេ អត់​មាន​ផ្ទះ​នៅ​ទេ»

ចំណែក ពលរដ្ឋ​សហគមន៍​បុរីកីឡា​ម្នាក់ទៀត លោកស្រី យ៉ង់ សារឹម ស្នើ​ទៅ​សាលាក្រុង​ភ្នំពេញ​កុំ​ទាន់​អាល​វាយកម្ទេច​អគារ​ចាស់ ដែល​លោកស្រី​កំពុង​រស់​នៅ ក្នុង​ករណី​មិន​ទាន់​មាន​ដំណោះស្រាយ។ លោកស្រី​សំណូមពរ​ដល់​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍ រឿង​នេះ៖ «សូម​កុំ​ទាន់​ឈូស​អគារ​សូម​ឱ្យ​សម្ដេច​​ទប់ស្កាត់ ចាំ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​រួចរាល់​សិន ចាំ​លោក​ធ្វើ​អី​ក៏​ធ្វើ​ចុះ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលរង​រាជធានី ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរីកីឡា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ កញ្ញា ដោយ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន។ រីឯ អភិបាល​រាជធានី ភ្នំពេញ លោក ឃួង ស្រេង វិញ និយាយ​ថា ទូរស័ព្ទ ស្ដាប់​មិន​លឺ ហើយ​ក៏​ចុច​ផ្ដាច់​ឈប់​ទទួល​ការ​ហៅ​ចូល​របស់​អាស៊ីសេរី។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​តាមដាន​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ សង្កេត​ឃើញ​ថា ដំណោះស្រាយ​កន្លងមក អាជ្ញាធរ​មិនបាន​ប្រើ​របៀប​ដោះស្រាយ​ដែល​មាន​ប្រព័ន្ធ​ច្បាស់លាស់ និង​មាន​តម្លាភាព​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ដំណោះស្រាយ​មួយ​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ និង​ដោយ​បើកចំហ៖ «សូម​ធ្វើ​ដោះស្រាយ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា កុំ​ចាត់វិធានការ​រដ្ឋបាល ដូចជា​ការ​ដាក់​ឱសានវាទ​ឱ្យ​គាត់​អ៊ីចឹង​ហើយ​ចាត់វិធានការ​ដោយ​បណ្ដេញ​គាត់​ចេញ បើ​កាលណា​ចាត់វិធានការ​រដ្ឋបាល​មាន​ន័យ​ថា ច្បាស់​ជា​មាន​ការ​បង្ខំ​ឱ្យ​គាត់​ដើរចេញ​អ៊ីចឹង​ហើយ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​អ្នក​បុរីកីឡា​ទាំងអស់​ដែល​រស់នៅ​ក្នុង​អគារ​ចាស់ ត្រូវ​រូសរាន់​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ដើម្បី​​ពិភាក្សា​គ្នា​អំពី​រឿង​សំណង ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ឱ្យ​ដឹង​ថា គិត​មកដល់ពេលនេះ នៅ​សល់​តែ​ពលរដ្ឋ​ ១២​គ្រួសារ​ទៀត​ទេ ដែល​មិនទាន់​យល់ព្រម​ទទួល​សំណង។ លោកស្រី​ស្នើ​ឱ្យ​សាលាក្រុង​ភ្នំពេញ​បញ្ចប់​ទំនាស់​ដីធ្លី​នេះ​ដោយ​គ្មាន​អំពើ​ហិង្សា ឬ​គ្មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដូច​កាលពី​ជាង ​៧​ឆ្នាំមុន នោះ​ឡើយ។

កាលពី​ឆ្នាំ​២០១២ កន្លងទៅ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ​នៃ​សហគមន៍​បុរីកីឡា ដែល​មិន​ព្រម​ចាកចេញ។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ធ្លាក់ខ្លួន​ដើរ​សុំទាន ដើរ​រើស​អេតចាយ និង​ធ្វើជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នកការពារ​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន

$
0
0

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ពីព្រោះ​ទង្វើ​បែបនេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ក្រសួង​​យុត្តិធម៌​ថ្លែង​ការពារ​ចំណាត់​ការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​អនុវត្ត​ច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ សុទ្ធតែ​មាន​ចែង​អំពី​ការ​ធានា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ដូច្នេះ​លោក​ថា គ្មាន​មូលដ្ឋាន​ណាមួយ​ដែល​អាច​យក​ទៅ​ចោទ​ប្រកាន់​​ប្រជាពលរដ្ឋ នៅ​ពេល​ពួកគាត់​គាំទ្រ​អ្នកនយោបាយ​ដែល​ពួក​គាត់​​ពេញ​ចិត្ត​​នោះ​​ឡើយ​។ ជាពិសេស​លោក​ថា សាលដីកា​តុលាការ​កំពូល​ហាមប្រាម​តែ​មនុស្ស​ ១១៨​នាក់​​ប៉ុណ្ណោះ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ មិនបាន​ហាមឃាត់​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ឡើយ​។ លោក​រិះគន់​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៖ «ការអនុវត្ត​ច្បាប់ វា​គ្រាន់តែ​ជា​ទិដ្ឋភាព​មួយ​ដែល​យក​ច្បាប់​មក​ធ្វើជា​សម្អាង​ទេ ប៉ុន្តែ​ការអនុវត្ត​ខ្លះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ហើយ​បានជា​ទាំង​សហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ ​ហ្នឹង បាន​ទទូច​សុំ​ឱ្យ​ឈប់​ធ្វើទុក្ខបុកម្នេញ​ដល់​អតីត​គណបក្សប្រឆាំង​ហ្នឹង ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​មាន​សេរីភាព​ស្មើ​គ្នា ក្នុងនាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ»

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ពិនិត្យ​ឃើញ​ថា រយៈពេល ​៩ខែ នៃ​ឆ្នាំ​២០១៩ នេះ មាន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ចំនួន ២១​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​បំពាន​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​តុលាការ​កំពូល។ ចំនួន​នេះ​មិន​រាប់បញ្ចូល​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ឡើយ ហើយក៏​មិន​រាប់បញ្ចូល​សកម្មជន​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ដោះលែង​ទៅវិញ​នោះ​ដែរ​។ ដោយ​ឡែក សកម្មជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​ទៅ​សាកសួរ​វិញ បាន​កើន​ឡើង​ដល់​ ១៥៦នាក់​ហើយ គិត​ត្រឹម​រយៈពេល​ដូចគ្នា​នេះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ការពារ​ចំណាត់ការ​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់។ លោក​ចាត់​ទុក សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង និង​ការ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ថា ជា​អំពើ​ល្មើសច្បាប់ ដែល​អាជ្ញាធរ​ត្រូវតែ​ទប់ស្កាត់​។ លោក​បន្ថែម​ថា អង្គការ​សង្គម​​​ស៊ីវិល​គួរតែ​ប្រាប់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ដែល​ប្រាស​ចាក​ពី​ច្បាប់៖ «កាលណា​អង្គការ​ចាត់តាំង​មួយ​ត្រូវ​បាន​ច្បាប់​រំលាយ អង្គការ​ចាត់តាំង​នោះ​មិន​អាច​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ច្បាប់​បានទេ រួម​ទាំង​អ្នកគាំទ្រ និង​សមាជិក​ក៏ដោយ។ កាលណា​ធ្វើ​សកម្មភាព​ក្នុង​រូបភាព ឬក៏​ក្នុងនាម​ជា​អង្គការ​ចាត់តាំង ឬក៏​ធ្វើ​សកម្មភាព​គាំទ្រ​អង្គការ​ចាត់តាំង​ដែល​ច្បាប់​បាន​រំលាយ​ហើយ គឺ​ជា​ការចូលរួម​បំពាន​ច្បាប់»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស ស៊ឹង សែនករុណា ច្រានចោល​ការ​លើកឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌។ លោក​កត់សម្គាល់​ថា សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ចាប់​ឃុំខ្លួន​នោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ឡើយ ហើយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​តទៅ​ទៀត៖ «ការ​ជួប​ប្រជុំ ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​របៀប​ហ្នឹង យើង​មិន​ចាត់ទុកថា អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង​ជា​អំពើ​ខុសច្បាប់​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ បើ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ក្រុម​អ្នកគាំទ្រ សកម្មជន ឬក៏​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ទាំងអស់​ហ្នឹង ខ្ញុំ​ថា វា​ជា​រឿង​មួយ​ដែល​ខុស​ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅវិញ​ទេ»

រដ្ឋធម្មនុញ្ញ មាត្រា​៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​បែបនេះ លោក ស៊ឹង សែនករុណ ថ្លែង​ថា អាជ្ញាធរ​មិន​អាច​លើក​ហេតុផល​អនុវត្ត​ច្បាប់ ដើម្បី​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​បំពាន​បាន​ឡើយ​។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នៅតែ​ធ្វើ​សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង ពីព្រោះ​ពួកគាត់​យល់ថា ការ​រំលាយ​គណបក្ស​ដែល​ពួកគាត់​ស្រឡាញ់​នោះ គឺ​ដោយសារតែ​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ពិតប្រាកដ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​អ្នកនយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ងាក​មក​រក​តុ​ចរចា​វិញ ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ក្រុម​សង្គម​ស៊ីវិល​គូស​បញ្ជាក់​ថា មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ស្ដារ​ស្ថានការណ៍​​ស្រុកទេស​ឡើងវិញ​បាន និង​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​7NG និង​ពលរដ្ឋ

$
0
0

សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី រវាង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ សេវិន អិន.ជី (7 NG) ជាមួយ​នឹង​ពលរដ្ឋ​ជា​អតិថិជន​ជាច្រើន​នាក់ បន្ទាប់​ពី ក្រុមហ៊ុន​រង​ការ​ចោទ​ថា លក់​ដី​ខ្យល់​ឱ្យ​អតិថិជន និង​ថែមទាំង​ប្ដឹង​បក​អតិថិជន​ទៀត​ផង។ អភិបាល​កណ្ដាល​ថា មិន​អាច​លូកដៃ​អន្តរាគមន៍​រឿង​នេះ​បានទេ ព្រោះ​គ្មាន​បណ្ដឹង​ពី​ពលរដ្ឋ។

សង្គម​ស៊ីវិល លើកឡើង​ថា រដ្ឋាភិបាល​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​គួរ​ធ្វើ​ព្រងើយកន្តើយ​នោះ​ទេ​ជុំវិញ ករណី​ពលរដ្ឋ​ជាច្រើន អះអាង​ថា ពួកគេ​ចាញ់បោក​ក្រុមហ៊ុន​ឈ្មោះ សេវិន អិន.ជី (7NG) រឿង​ទិញ ដី​ឡូតិ៍​អស់​លុយ​ច្រើន ប៉ុន្តែ​ក្រុមហ៊ុន​គ្មាន​ដី​ឱ្យ​ដែល​បណ្ដាល​ឱ្យ​ភាគី​ទាំងពីរ ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅ មក​នៅ​ស្ថាប័ន​តុលាការ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត មាន​ប្រសាសន៍ថា ក្រសួង​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​សិក្សា​ឱ្យ​បាន​ល្អិតល្អន់​ដើម្បី​ឱ្យ​មាន តម្លាភាព យុត្តិធម៌ កុំ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន និង​បាត់បង់​ផលប្រយោជន៍​អតិថិជន​។ លោក​បន្ត​ថា ប្រសិនបើ​គ្មាន​ការ​អន្តរាគមន៍​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ គឺ​ករណី​នេះ​នឹង​កាន់តែ​រីក​ធំ​ហើយ ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថាប័ន​របស់​រដ្ឋ​ផង​ដែរ៖ «ខ្ញុំ​ថា ជៀសវាង​ការ​ប្ដឹងផ្ដល់​គ្នា​នេះ វា​ត្រូវតែ​មាន​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​រឿង​ដើម្បី​កុំ​ឱ្យ​មាន​បន្ត​ទៅ​ទៀត​ព្រោះ​យើង​បារម្ភ​ដែរ ប្រសិនបើ​រឿង នេះ នៅតែ​បន្ត​ទៅ​ទៀត អាច​នឹង​មាន​ប្រជាពលរដ្ឋ​បន្ត​ទៅ​ទៀត ជាប់​បណ្ដឹង។ ខ្ញុំ​យល់ថា ដល់ពេល ហើយ​រឿង​បញ្ហា​ដីធ្លី​នេះ ព្រោះ​យើង​ឃើញ​ថា ចុង​ក្រោយនេះ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​ដែនដី ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដូច្នេះ​បញ្ហា​នៅ​កៀក​ក្រុង​នេះ គួរតែ​យកចិត្តទុកដាក់​ផង​ដែរ»

កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា នាយក​ក្រុមហ៊ុន​7NG ឧកញ៉ា ស្រី ចន្ធូ បាន​ប្ដឹង​អតិថិជន​ម្នាក់ គឺ​លោកស្រី ឈុន ណារី ជា​ភរិយា​របស់​មន្ត្រី​គយ​ម្នាក់​ពី​បទ​បរិហារកេរ្តិ៍ និង​ទាមទារ​សំណង​ជាង ៧​លាន​ដុល្លារ​អាមេរិក ដោយសារ​ខឹង​អតិថិជន​រូប​នេះ ប្ដឹង​លោក​ពី​បទ​ឆបោក និង​ស្នើសុំ​ឱ្យ​តុលាការ​ឃុំខ្លួន​លោក ព្រមទាំង​យក​ដីកា​សន្និដ្ឋាន​របស់​តុលាការ​ទៅ​បង្ហោះ លើ​ហ្វេសប៊ុក (Facebook) ជាដើម។

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​ទៅ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា បាន​សម្រេច​ចោទ​ប្រកាន់​ឧកញ៉ា ស្រី ចន្ធូ និង​ឪពុក​របស់​លោក​គឺ​ឧកញ៉ា ស្រី សុធា ពី​បទ​ឆបោក តាម​បណ្ដឹង​របស់​លោក​ស្រី ឈុន ណារី ពាក់ព័ន្ធ​ការ​លក់​ដី​ខ្យល់​ទំហំ ១​ហិកតារ ស្ថិតនៅ​ភូមិ​ព្រែក ចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល។ បន្ទាប់ពី​ចោទប្រកាន់​ឧកញ៉ា ឪពុក​កូន​ទាំង ២​នាក់​រួច លោក កែវ សុធា បាន​បញ្ជូន​សំណុំរឿង​ទៅ​ឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត ដោយ​ស្នើសុំ ឱ្យ​ចៅក្រម​ចាប់ និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំងពីរ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់ កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅឡើយ។

ក្រៅពី​លោកស្រី ឈុន ណារី ក៏​មាន​អតិថិជន​២​នាក់​ទៀត បាន​ប្ដឹង​ក្រុមហ៊ុន​7NG ពី​បទ​ឆបោក​ដែរ។ ចំណែក​អតិថិជន​ផ្សេងទៀត អះអាង​ថា ពួកគេ​ក៏​ជា​ជនរងគ្រោះ​ចាញ់បោក​ក្រុមហ៊ុន 7NG​ដែរ ប៉ុន្តែ មិន​ទាន់​សម្រេចចិត្ត​ប្ដឹង​នៅឡើយ ដោយសារ​រង់ចាំ​ក្រុមហ៊ុន ដោះស្រាយ​តាម​ការ​សន្យា​ថា នឹង​ដោះ ស្រាយ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៩។

អាស៊ីសេរី មិនទាន់​អាច​សុំ​បំភ្លឺ​រឿង​នេះ​ពី​នាយក​ក្រុមហ៊ុន 7NG ឧកញ៉ា ស្រី ចន្ធូ នៅ​ឡើយ​។ ចំណែក​មេធាវី​តំណាង​ឧកញ៉ា ស្រី ចន្ធូ គឺ​លោក ដូង លឿង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​អតិថិជន​ប្ដឹង ចោទ​ក្រុមហ៊ុន 7NGពី​រឿង​ឆបោក​ឡើយ៖ «ខ្ញុំ​ជា​មេធាវី​ខ្ញុំ​ដឹង​តែ​រឿង​នីតិវិធី នៅ​ក្នុង​តុលាការ រឿង​អី​ផ្សេងៗ​ខ្ញុំ មិន​ដឹង​នោះ​ទេ»

កាល​ពី​ដើមឆ្នាំ​២០១៩​នេះ អតិថិជន​ជាច្រើន​នាក់ បាន​នាំគ្នា​តវ៉ា​ទាមទារ​ដី​ពី​ក្រុមហ៊ុន​7NG បន្ទាប់​ពី ពួកគេ​ប្រគល់​លុយ​ឱ្យ​ក្រុមហ៊ុន​រួចហើយ ប៉ុន្តែ​ក្រុមហ៊ុន មិន​បាន​ប្រគល់​ដី​តាម​កិច្ចសន្យា។ ក្រោយ ការ​តវ៉ា​នោះ ក្រុមហ៊ុន 7NG បាន​ចេញមុខ​សន្យា​ថា នឹង​ប្រគល់​ដី​ជូន​អតិថិជន​តាម​កិច្ចសន្យា​ឱ្យ បាន​មុន​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែន លោក សេង ឡូត និង ឡោ ដាវុធ ជាច្រើនលើក​តែ​គ្មាន​អ្នកទទួល​។

ចំណែក​អភិបាល​ខេត្ត​កណ្តាល លោក ម៉ៅ ភិ​រុណ មានប្រសាសន៍ថា លោក​មិន​អាច​លូកដៃ​ចូល អន្តរាគមន៍​រឿងនេះ​បានទេ ព្រោះ​គ្មាន​បណ្ដឹង​ពី​ភាគី​ក្រុមហ៊ុន និង​ភាគី​អតិថិជន៖ «តាម​រឿង​នេះ វា​យូរហើយ​មុន​ខ្ញុំ​ធ្វើ​អភិបាលខេត្ត​ម្ល៉េះ ហើយ​ប្រជាជន​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​7NG​នេះ ក៏​មិនដែល​បាន​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ជាពិសេស មក​ខេត្ត​ដែរ។ ដូច្នេះ​រឿងរ៉ាវ​ទាំងអស់​នេះ ខ្ញុំ​អត់​ដែល​ក្ដាប់​បានទេ ហើយ​រឿង​ចុងក្រោយ​នេះ​លឺ​ថា មាន​ប្ដឹងផ្ដល់​គ្នា​នៅ​តុលាការ​អី​ទៀត។ មក​ដល់​ថ្ងៃនេះ អត់​មាន​ទាក់ទង​មក​សាលាខេត្ត​ដើម្បី​ឱ្យ​ខេត្ត ជួយ​អន្តរាគមន៍ ឬ​ដោះស្រាយ​អី​ក៏​អត់​ដែរ»

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង អាជ្ញាធរ​មិន​គួរ​ចាំ​ទាល់​តែ​មាន​បណ្ដឹង​ទើប ចុះ​ពិនិត្យ​ដោះស្រាយ​នោះ​ទេ ព្រោះ​ករណី​នេះ​ផ្ទុះ​ឡើងជា​យូរ​មក​ហើយ និង​ត្រូវ​បាន​សារព័ត៌មាន​ចុះ ផ្សាយ​ព្រាត​អំពី​ផល​​ប៉ះពាល់​របស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​7NG​នេះ៖ «ប្រសិន​បើ​ជា​អាជ្ញាធរ​រង់ចាំ​ព័ត៌មាន​ឬ​បណ្ដឹង​ទើប​ចុះ​ស្រាវជ្រាវ ខ្ញុំ​គិត​ថា ដូចជា​មិន​សម​ហេតុ​សម​ផល ព្រោះ​ប្រសិនបើ​ផ្ទុះ​កាន់តែ​ធំ​ទៅ គឺ​នាំ​ឱ្យ​កាន់តែ​ពិបាក​ក្នុង ការ​ដោះស្រាយ។ ទោះបីជា​ព័ត៌មាន​តាម​ប្រភព​ណា​ក៏​ដោយ​អាជ្ញាធរ គួរតែ​ធ្វើការ​ស្រាវជ្រាវ​ព្រោះ ដើម្បី​តម្លាភាព និង​ស្វែងរក​ដំណោះស្រាយ​និង​កុំ​ឱ្យ​រឿង​ផ្ទុះ​កាន់តែ​ធំ»

ក្រុមហ៊ុន​7NG រង​ការ​ចោទ​ថា មាន​កេរ្តិ៍​ឈ្មោះ​អាស្រូវ​ក្នុង​បញ្ជី​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ឆ្នាំ មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​សហការ​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ បណ្ដេញ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ រស់​នៅ​តំបន់​ដីក្រហម​ក្បែរ​រដ្ឋសភា​ជាតិ ដើម្បី​យក​ដី​ដោយ​គ្មាន​សំណង និង​ដំណោះស្រាយ​សមរម្យ កាល​ចុង​ឆ្នាំ​២០០៥។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ជិត​១​រយ​គ្រួសារ ចោទ​ថា ទិញ​ដី របស់​ពួកគាត់ តែ​មិន​ឱ្យ​លុយ​ពួកគាត់​គ្រប់​ចំនួន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​អាជ្ញាធរ​​ខេត្ត​កំពង់ធំ​ចាប់​ខ្លួន កំពុង​ខ្វះ​ខាត​ជីវភាព​ខ្លាំង

$
0
0

គ្រួសារ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ធំ កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ជីវភាព​ធ្ងន់ធ្ងរ​ ដោយសារ​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​ប្ដី និង​ឪពុក​របស់​ពួកគេ​ដាក់​ពន្ធនាគារ។ មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ ប្រាប់​ថា សកម្មជន​ទាំង​៣នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​​ សុទ្ធ​តែ​ជា​មនុស្ស​ស្លូតត្រង់ និង​ក្រីក្រ​បំផុត​នៅ​ក្នុង​ភូមិ ហើយ​ពួកគេ​ខ្លះ ​មាន​​កូន​តូច​ក្នុង​បន្ទុក។

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង ​នៅ​ខេត្ត​កំពង់ធំ​ ប្រាប់​ថា ជីវភាព​របស់​ពួកគេ​ធ្លាក់​ចុះ​ជា​លំដាប់ នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​ ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​បារាយណ៍ លោក ស៊ុន ប៊ុនថុន និង លោក នូ ភឿន និង​​​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក រស់ គឹម​ស្រៀង។ ពួកគេ​ទាំង​៣​នាក់ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កំពង់ធំ បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ ពាក់​ព័ន្ធ​នឹង​បទ​ចែកចាយ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របប​ក្រុង​ភ្នំពេញ។

បងប្រុស​របស់ លោក ស៊ុន​ ប៊ុនថុន គឺ​លោក ស៊ុន​ ធន់ ប្រាប់​អាស៊ី​សេរី​ថា លោក​​ទើប​បាន​នាំ​កូន​ស្រី​ពៅ​របស់​ លោក ស៊ុន ប៊ុនថុន អាយុ ១២ឆ្នាំ​ឱ្យ​ចូល​ជួប​ឪពុក​នាង​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា។ លោក​ប្រាប់​ថា ឆ្មាំ​ពន្ធនាគារ​ឲ្យ​លោក ស៊ុន ប៊ុនថុន ដេក​នៅ​ច្រក​ចេញ​ចូល​បង្គន់​ ហើយ​គ្មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​ទេ គឺ​មាន​តែ​ក្លិន​ស្អុយ​ភាយ​ចេញពី​ក្នុង​បង្គន់៖ «គាត់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​បន្ទប់ ហើយ​កន្លែង​សម្រាក​គាត់​ជិត​កន្លែង​បន្ទប់​បត់ជើង​ គាត់​ស្អុយ ហើយ​គាត់​ស្អុះស្អាប់។ អំបាញ់មិញ​នេះ ខ្ញុំ​បាន​ទិញ​កង្ហារ​ដាក់​ឲ្យ​គាត់​ ព្រោះ​គាត់​ត្រូវ​ការ​កង្ហារ។ សំណូមពរ​ឲ្យ​ខាង​ពន្ធនាគារ​ឲ្យ​គាត់​បាន​សម្រាន្ត​ចេញ​ឆ្ងាយ​ពី​ពន្ធនាគារ​មក​ ព្រោះ​គាត់​ធំ​ស្អុយ​លាយ​មក​ចេញ​ពី​បន្ទប់​ទឹក​ហ្នឹង»

លោក ស៊ុន ធន់​ រៀបរាប់​ថា ប្អូន​ប្រុស​របស់​លោក​បាន​ប្រកប​របរ​ធ្វើ​ស្រែ​ ក្រោយ​របប​ក្រុង​ភ្នំពេញ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ប្រពន្ធ​របស់​គេ​បាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​ដោយ​​បន្សល់​កូន​ប្រុស​ស្រី ៣នាក់ ឲ្យ​ប្អូន​ប្រុស​របស់​លោក​​​ចិញ្ចឹម។ លោក​បន្ត​ថា កូនស្រី​ច្បង​​ អាយុ​១៧ឆ្នាំ បាន​ចំណាក​ស្រុក​ទៅ​ស៊ីឈ្នួល​នៅ​​ព្រំដែន​បាវិត តាំង​ពី​ឆ្នាំ​មុន ​ក្រោយ​ពេល​នាង​ប្រឡង​បាក់ឌុប​ចប់​ ចំណែក​កូន​ប្រុស​ទី២ អាយុ ១៥ឆ្នាំ ប្រកប​របរ​ធ្វើ​ស្រែ​ជាមួយ​ឪពុក។ លោក​​បន្ត​ទៀត​ថា កូនស្រី​ពៅ របស់​លោក ស៊ុន ប៊ុនថុន អាយុ ១២​ឆ្នាំ បាន​ទៅ​រស់​នៅ​ជាមួយ​សាច់ញាតិ​ខាង​ម្ដាយ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ឪពុក។ លោក ស៊ុន ធន់ បញ្ជាក់​ថា ​​ក្មួយៗ របស់​លោក សឹង​តែ​ប្រឈម​ការ​អត់បាយ​ទៅ​ហើយ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ឪពុក​។ លោក​ហៅ​ការ​​​ចាប់​ខ្លួន​ប្អូន​ប្រុស​របស់​លោក គឺ​លោក ស៊ុន ប៊ុនថុន នេះ​ថា ជា​ការ​គាប​សង្កត់​​ផ្នែក​នយោបាយ និង​ធ្វើ​​បាប​​​គ្រួសារ​​លោក​ឱ្យ​​បែក​បាក់​ ព្រាត់ប្រាស​គ្នា និង​កាន់​តែ​លំបាក៖ «ប្អូន​ខ្ញុំ​ជា​អ្នក​សកម្ម​កិច្ច​ការ​នយោបាយ​ណាស់ ហើយ​​លោក នូ ភឿន​ ហ្នឹង​គាត់​ជា​អ្នក​អាជីវករ​ទេ។ ប៉ុន្តែ​គាត់​សកម្ម​ណាស់​ ដោយសារ​ទាំង​ពីរ​​នាក់​ហ្នឹង​​ជា​មនុស្ស​ពិសេស​ប្រចាំ​មូលដ្ឋាន​ ធ្វើ​ឲ្យ​ភូមិ​ចាក់​ត្រឡោក ឃុំ​បារាយណ៍​នេះ មាន​សំឡេង​ឈ្នះ​គណបក្ស​ប្រជាជន​ ដោយសារ​មនុស្ស​២​នាក់​នេះ ​ជា​មនុស្ស​ចាំ​បាច់​សំខាន់។ ទាំង​ពីរ​នាក់​​ ចុះ​ពន្យល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ ដូច្នេះ​ជា​ហេតុផល​នយោបាយ»

ចំណែក​ ស្ថានភាព​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​បារាយណ៍​ម្នាក់​ទៀត គឺ​លោក នូ ភឿន ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​​ដែរ។ លោក​ស្រី សុក ថៃ ដែល​ជា​ភរិយា ឱ្យ​ដឹង​ថា ស្វាមី​លោកស្រី​​​ត្រូវ​​គេ​​ឲ្យ​ដេក​នៅ​ក្បែរ​បង្គន់​ក្នុង​បន្ទប់​ឃុំឃាំង។ លោក​ស្រី​បញ្ជាក់​ថា ស្វាមី​លោក​ស្រី​​ត្រូវ​គេ​ឃុំ​នៅ​​បន្ទប់​ផ្សេងគ្នា​ពី​​សកម្មជន​២ រូប​ទៀត ហើយ​បន្ទប់​ឃុំ​នោះ មាន​លក្ខណៈ​ចង្អៀត គ្មាន​ខ្យល់​ចេញ​ចូល ហើយ​សំបូរ​អ្នក​ជក់​បារី។ ​លោកស្រី បន្ត​ថា លោក នូ ភឿន ពិបាក​សម្រាន្ត​ ហើយ​ឈឺ​ដោយ​សារ​ ក្នុង​ពន្ធនាគារ​គ្មាន​ថ្នាំ​គ្រប់គ្រាន់ ឲ្យ​លោក​ព្យាបាល​​បញ្ហា​ក្រពះ និង​បំពង់​ក។

លោកស្រី​បន្ថែម​​​ថា លោក នូ ភឿន​ បាន​ផ្ដាំ​ឱ្យ​លោកស្រី​​​ថែ​រក្សា​កូន​ស្រី​តូចៗ ទាំង​២ ឲ្យ​ល្អ ហើយ​ខិតខំ​បន្ត​មុខ​​​​របរ​សិប្បកម្ម​ទឹក​សុទ្ធ ដើម្បី​យក​លុយ​ចិញ្ចឹម​គ្រួសារ​។ ​ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​​នេះ ​ក៏​មាន​អារម្មណ៍​មិន​ខុស​ពី​​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែរ គឺ​​​ យំ​ជាមួយ​កូន​រាល់​យប់ ដោយ​សង្ឃឹម​ថា ​ស្វាមី​នឹង​ត្រូវ​បាន​ដោះលែង​ឆាប់ៗ​នេះ ​មុន​បុណ្យ​ភ្ជុំបិណ្ឌ៖ «ពិបាក​មែន​ទែន ការ​រស់​នៅ​រាល់​ថ្ងៃ​ហ្នឹង ដូច​ថា អារម្មណ៍​មួយ​ ព្រួយ​ពី​ប្ដី​ អារម្មណ៍​មួយ ​កូន​នៅ​តូចៗ ដល់​ពេល​អ៊ីចឹង​ទៅ ឃើញ​គាត់​អ៊ីចឹង​ទៀត ហើយ​​គាត់​ត្អូញត្អែរ​ថា ពិបាក​រស់​នៅ​ក្នុង​គុក អ៊ីចឹង​ទៅ​មក​វិញ ខ្ញុំ​មាន​អារម្មណ៍​មួយ ណែន​ទ្រូង ធ្វើ​ម្ដេច​ខ្ញុំ​ជួយ​អត់​បាន​។ កូន​សួរ​រាល់​ថ្ងៃ សួរ​រក​ប៉ា​រាល់​ថ្ងៃ​ ថា​ថ្ងៃ​ណា ថ្ងៃ​ណា​ទៅ ខ្ញុំ​ចេះ​តែ​និយាយ​កុំ​ភ័យ​ បន្តិច​ទៀត​ប៉ា​មក​វិញ​ហើយ ចេះ​តែ​សម្រួល​ទៅ​។ យើង​អាច​ភរ​វា​បាន​ប៉ុណ្ណា ក៏​ភរ​វា​សិន​ទៅ។ ខ្ញុំ​ចង់​ណាស់ ចង់​ឲ្យ​ខាង​ហ្នុង​ជួយ​ដោះលែង​ប្ដី​ខ្ញុំ​ឲ្យ​ត្រលប់​មក​ផ្ទះ​វិញ។ សុំ​អំពាវនាវ​ខាង​អង្គការ​ក្រៅ​ប្រទេស​ក្ដី ក្នុង​ប្រទេស​ក្ដី តុលាការ​ហ្នឹង​ក៏​ដោយ សុំ​ឲ្យ​ជួយ​កាត់​ ជួយ​បំភ្លឺ​ ថា​គាត់​មាន​ទោស​អ្វី សុំ​ជួយ​ដោះ​លែង​គាត់​មក​វិញ​មក»

ចំណែក​ឯ​ប្រធាន​ចលនា​យុវជន​​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក រស់ គឹមស្រៀង វិញ សាច់​ញាតិ​ប្រាប់​ថា មិន​ទាន់​ដឹង​ពី​ស្ថានភាព​ក្នុង​ពន្ធនាគារ​ទេ ដោយសារ​ឆ្មាំ​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ឡើយ។

បងប្រុស​របស់​លោក រស់ គឹមស្រៀង ប្រាប់​ថា មន្ត្រី​ពន្ធនាគារ​តែ​ដេញ​លោក​ឲ្យ​ត្រលប់​មក​វិញ​​ ដូច្នេះ​លោក​ពុំ​បាន​ដឹង​ពី​ស្ថានភាព​ប្អូន​នោះ​ទេ។ លោក​មិន​ដឹង​ពី​ការ​ចាប់​ខ្លួន ឬ​មូលហេតុ​ ដែល​អាជ្ញាធរ​​ឃុំ​ខ្លួន​ប្អូន​ប្រុស​របស់​លោក​ឡើយ ​តែ​លោក​គ្រាន់​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​រូប​គេ ​វិល​ត្រឡប់​​ពី​ក្រៅ​ប្រទេស​វិញ កាល​ពី​ពេល​ថ្មីៗ នេះ៖ «គេ​មិន​ទាន់​ប្រាប់​មូលហេតុ​ទេ ប៉ិន​គ្រាន់​ថា​ សួរ​គេ​ទៅ​ ផ្នែក​សន្តិសុខ គេ​ថា​មិន​ទាន់​ឲ្យ​ជួប​ទេ។ វា​មិន​ដែល​បង្ក​ហេតុ​អ្វី​ឲ្យ​អាក្រក់​ទេ។ ខ្ញុំ​មិន​សូវ​​ដឹង​រឿង​ទេ អា​ការងារ​ហ្នឹង មើល​ទៅ​វា​ទៅ​ថៃ។ ស្រាប់​តែ​កែ​ពិន្ទុ​គ្រូ​ (បាក់ឌុប)​ចប់ ខាង​ប៉ុស្តិ៍​គេ​ហៅ​ទៅ»

សាច់​ញាតិ​ជន​ជាប់​ឃុំ​ទាំង​៣​នាក់ សុទ្ធ​តែ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​៣​នាក់ ដោយសារ​នយោបាយ និង​ទទូច​ឲ្យ​អាជ្ញាធរ​ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ជា​បន្ទាន់។ អង្គការ​លីកាដូ សង្កេត​​ឃើញ​ថា រយៈ​ពេល​៩​ខែ​ សកម្មជន​បក្ស​ប្រឆាំង​ចំនួន ២១នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដាក់​ពន្ធនាគារ​ ខណៈ​សកម្មជន​១៥៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​កោះ​ហៅ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក យល់​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក​នេះ​ ជា​រឿង​នយោបាយ ជា​ជាង​ការ​អនុវត្ត​ច្បាប់។ លោកសង្កេត​ឃើញ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ មិន​បាន​​ប្រព្រឹត្តិ​បទ​ល្មើស​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​ តែ​រដ្ឋាភិបាល ​មាន​ចេតនា​​រៀបចំ​ជា​​ប្រព័ន្ធ​ ដើម្បី​បង្ក្រាប​លើ​​សកម្មជន​បក្ស​ប្រឆាំង​​ច្រើន​ជាង៖ «ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​អនុវត្ត​ច្បាប់​ ពី​ព្រោះ​យើង​មើល​ទៅ​សកម្មជន​នៃ​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង។ គាត់​ធ្វើ​សកម្មភាព​ក្នុង​បែប​នយោបាយ គាត់​មិន​បាន​ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី​ទេ ព្រោះ​សកម្មភាព​ទាំងអស់​ហ្នឹង ក្នុង​នាម​ជា​ពលរដ្ឋ ក្នុង​នាម​អ្នក​នយោបាយ ជា​ទូទៅ​សកម្មភាព​ទាំង​អស់​ហ្នឹង គឺ​ផ្ដល់​សិទ្ធិ​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ហើយ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ​បាន​ទេ នៅ​ថ្ងៃ​ទី​០៨ កញ្ញា ដោយសារ​មិន​ទទួល​ទូរស័ព្ទ​ តែ​ លោក​​ធ្លាប់​អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង កន្លង​មក គឺ​ជា​ការ​អនុវត្ត​ច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​​ជាប់​ឆ្នោត​ខេត្ត​កំពង់ធំ លោក ថោង វិបុល​សុខុម អំពាវនាវ​ឲ្យ​សប្បុរស​ជន​ជួយ​ផ្ដល់​ថវិកា​ខ្លះ សម្រាប់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​៣ ដែល​កំពុង​ជាប់​ឃុំ ពិសេស​គឺ​លោក ស៊ុន ប៊ុនថុន ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ក្រីក្រ​ជាង​គេ និង​មាន​បន្ទុក​ចិញ្ចឹម​កូនថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​អប់រំ​ថា អ្នក​ជាប់​និទ្ទេស A មាន​ជាង ៤០០នាក់ ក្នុងឆ្នាំ២០១៩ នេះ

$
0
0

ក្រសួង​អប់រំ​ យុវជន និង​កីឡា ប្រកាស​ថា សិស្ស​ថ្នាក់​ទី១២ ដែល​​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​នៅ​ឆ្នាំ២០១៩ នេះ មាន​ចំនួន​ជិត ៨ម៉ឺន​នាក់ (៧៩.០៥២) ស្មើ​នឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូល​រួម​ប្រឡង​ជាង ១ សែន​នាក់។

ក្រសួង​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​​នៅ​​ថ្ងៃ​ទី៩ កញ្ញា​ថា ក្នុង​ចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​នោះ អ្នក​​ទទួល​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​ចំនួន ៤៤៣នាក់ និទ្ទេស B មាន​ជាង ២ពាន់​នាក់ និទ្ទេស C មាន​ជិត ៦ពាន់​នាក់ និទ្ទេស D មាន​ជាង ១ម៉ឺន ៤ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥ម៉ឺន ៦ពាន់​នាក់។ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​និទ្ទេស A ច្រើន​ជាង​គេ ដែល​មាន​ចំនួន ១៤១នាក់ ខណៈ​ខេត្ត​​កោះកុង មណ្ឌលគិរី និង​​ឧត្តរមានជ័យ​មាន​ម្នាក់​ដូច​គ្នា។ ដោយ​ឡែកខេត្ត៤ ទៀត មិន​​មាន​សិស្ស​ជាប់​និទ្ទេស A ទេ គឺ​ខេត្ត​​​ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង​ខេត្ត​​កែប។

ការ​ប្រកាស​លទ្ធផល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​កញ្ញា​នេះ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចំណែក​ខេត្ត​ដទៃ​ទៀត​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១០ កញ្ញា​ស្អែក​នេះ។

សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​ ប្រតិកម្ម​ចំពោះ​គណៈកម្មការ​ជាតិ​ រក​មិន​ឃើញ​កំហុស​ក្រុមហ៊ុន ស៊ីង បាយអូថេ​ក

$
0
0

សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​ ប្រតិកម្ម​ចំពោះ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាក់ទិន​ករណី​ រក​មិន​ឃើញ​កំហុស​ក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA)។ កា​លើក​ឡើង​នេះ បន្ទាប់​ពី​គណៈកម្មការ​ជាតិ បាន​ចុះ​ស៊ើប​អង្កេត ពីភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ ក៏​ប៉ុន្តែ​មិន​បាន​អនុវត្ត​ច្បាប់​នោះ​ទេ។

សកម្មជន​បរិស្ថាន​ និង​សហគមន៍​ព្រៃ​ឡង់​ សង្ស័យ​ថា​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ មាន​ចេតនា​ឃុបឃិត​ ជាមួយ​ក្រុមហ៊ុន​ ស៊ីង បាយអូថេក និង​លាក់បាំង​កំហុស​ឆ្គង​ជា​ច្រើន​ របស់​ក្រុមហ៊ុន​នេះ។ ពួកគេ​មើល​ឃើញ​ថា បេសកកម្ម​ចុះ​ស៊ើបអង្កេត​របស់​គណៈកម្មការ​នេះ​ មិន​អាច​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​ និង​រក​យុត្តិធម៌​ជូន​សហគមន៍​ព្រៃ​ឡង់​បាន​នោះ​ទេ បើ​ទោះ​បី​ជា​ ពួកគេ​មាន​វីដេអូ​ និង​រូបភាព​ជាច្រើន​ បង្ហាញ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ធំធេង​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ។

សហគមន៍​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង​ កញ្ញា​ ឈាង​ លី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា បទ​ល្មើស​ព្រៃ​ឈើ​មួយ​ចំនួន គណៈកម្មការ​ជំនាញ​មួយ​នេះ​អាច​បង្ក្រាប​បាន​ ក៏ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន ​ស៊ីង​ បាយ​អូ​ថេ​ក បែរ​ជា​គណៈកម្មការ​ស្ទាក់ស្ទើរ​ក្នុង​ការអនុវត្ត​ច្បាប់​ និង​រក​មិន​ឃើញ​កំហុស​ទៅវិញ។ កញ្ញា​បន្ថែម​ថា​ ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ ជាង​ ៣០គ្រួសារ​ បាន​បាត់បង់​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់ពាន់​ដើម​ ដោយសារ​ក្រុមហ៊ុន​នេះ​លួច​កាប់ និង​ជួល​កម្មករ​គំរាមកំហែង​ពួកគាត់​។ កញ្ញា​បញ្ជាក់​ថា​ នៅ​មាន​កំហុស​ជាច្រើន​ទៀត​ ដែល​ក្រុមហ៊ុន​ បំផ្លាញ​ដើម​ឈើ​ធំៗ ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ និង​ព្រៃ​ដែល​សម្បូរ​ដោយ​ដើម​ច្បោះ​ជ័រ​របស់​អ្នកភូមិ៖ «បទ​ល្មើស​ផ្សេងៗ គាត់​អាច​ធ្វើ​ចេញ គាត់​អាច​បង្ក្រាប​បាន តែ​ចំពោះ​ក្រុមហ៊ុន​មួយ (ក្រុមហ៊ុន ស៊ីង បាយអូថេក) ហេតុ​ម៉េច​បាន​គាត់​ថា ក្រុមហ៊ុន​ធ្វើ​ការ​អត់​មាន​ខុស​ច្បាប់​អី​ទេ? ថា ធ្វើ​ការ​ត្រឹមត្រូវ។ ក្តី​បារម្ភ​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ព្រួយ​បារម្ភ​ថា បើ​គាត់​អត់​ធ្វើ​ការ​ទប់​ស្កាត់ ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ទេ គឺ​នៅ​តែ​មាន​ការ​កាប់​បន្ត ព្រៃ​អត់​គង់វង្ស​ទេ។ ច្បោះ​របស់​ពលរដ្ឋ បើ​អត់​ធ្វើ​ការ​ទប់​ស្កាត់ គឺ​បាត់បង់​របស់​ពលរដ្ឋ​ដូច​គ្នា»

កាលពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លងទៅ​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ បាន​ចុះ​ដល់​ទី​តាំង​ ក្រុមហ៊ុន ស៊ីង បាយអូថេក ដែល​មាន​មូលដ្ឋាន​ឋិតនៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ និង​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង។ សហគមន៍​ព្រៃ​ឡង់​ចោទ​ថា​ ក្រោយពី​ការ​ចុះ​ស្រាវជ្រាវ​រួច​ គណៈកម្មការ​នេះ​ ហាក់​លាក់បាំង​ព័ត៌មាន​ និង​មិន​បាន​សហការ​ជាមួយ​សហគមន៍​ព្រៃ​ឡង់​ និង​ពលរដ្ឋ​មូលដ្ឋាន​នោះ​ទេ។

ឆ្លើយតប ការ​ចោទ​ប្រកាន់​នេះ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី ចាត់​ទុក​ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​ប៉ុណ្ណោះ ចំពោះ​ភារកិច្ច​ដោះ​ស្រាយ​រឿង​នេះ ជា​តួនាទី​របស់​មន្ត្រីជំនាញ។ លោក​បដិសេធ​មិន​បង្ហាញ​លទ្ធផល​ ការ​ចុះ​ស៊ើប​អង្កេត​ក្រុមហ៊ុន ស៊ីង បាយអូថេក នោះ​ទេ ព្រោះ​សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដៃ​អយ្យការ។ ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​ក្រុមហ៊ុន ស៊ីង បាយអូថេក បាន​ផ្អាក​សកម្មភាព ឬ​ទេ​មក​ទល់​ពេល​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​ទេ?«ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​គាត់ ការ​ស្រាវជ្រាវ​របស់​គេ គេ​ធ្វើ​របស់​គេ ការងារ​របស់​គេ។ ជំនាញ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ក្រុម​ការងារ​របស់​គេ»

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ អះអាង​ថា​ គណៈកម្មការ​ជំនាញ​មួយ​នេះ​ មិនបាន​រក​យុត្តិធម៌​ជូន​សហគមន៍​ព្រៃ​ឡង់ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ ពាក់ព័ន្ធ​ករណី​ធ្វើ​ឱ្យ​បាត់បង់​ទំហំ​ព្រៃ​ឈើ​ធំធេង​ និង​ដើម​ច្បោះ​របស់​ពលរដ្ឋ​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​បែរ​ជា​សម្រួល​ឱ្យ​ក្រុមហ៊ុន​ដំណើរ​ការ​អាជីវកម្ម​ឈើ​ដដែល៖ «ប្រាប់​ហើយ​ថា ក្រុមហ៊ុន ស៊ីង បាយអូថេក គឺ​ជា​ក្រុមហ៊ុន​លួច​កាប់​ជ័រ​ច្បោះ​របស់​ពលរដ្ឋ។ ហេតុ​អី​បាន​ជា​គណៈកម្មការ​បែរ​ជា​ជួយ​សម្រួល​ឲ្យ​ឈើ​ក្នុង​ក្រុមហ៊ុន​ហ្នឹង ជា​ឈើ​ស្រប​ច្បាប់​ទៅ​វិញ។ នេះ​ហើយ​ស​បញ្ជាក់​ថា អាជ្ញាធរ​ដែល​ចុះ​ស៊ើប​អង្កេត​ហ្នឹង​អាច​ឃុបឃិត​គ្នា​រវាង​ក្រុមហ៊ុន ស៊ីង បាយអូថេក ហ្នឹង។ ដរាប​ណា​គេ​មិន​ឲ្យ​ឆ្អឹង​ពាំ គឺ​មន្ត្រី​ទាំង​អស់​ហ្នឹង​មិន​ព្រម​ពន្លែង ទាល់​តែ​ឲ្យ​ឆ្អឹង​ពាំ​មន្ត្រី​ទាំង​អស់​ហ្នឹង​ជួយ​សម្រួល​ថែម​ទៀត»

កាលពី​អំឡុង​ខែ​ មីនា​ និង​ដើមខែ​មេសា​ ឆ្នាំ​ ២០១៩​ សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​ ប្រទះឃើញ​ឈើ​មូល​ធំៗ​ រាប់ពាន់​ម៉ែត្រ​គូប​ ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​ ស៊ីង ​បាយ​អូ​ថេ​ក។ ពួកគេ​រក​ឃើញ​ថា​ ឈើ​ទាំងនោះ​ កម្មករ​ក្រុមហ៊ុន​លួច​កាប់​ក្នុង​ព្រៃ​អភិរក្ស​ ព្រៃ​សហគមន៍​ និង​ដើម​ច្បោះ​ជ័រ​អ្នកភូមិ​។ លើស​ពី​នេះ​ ក្រុមហ៊ុន​បាន​យក​រថ​យន្ត​ប៉ាកុង​យ៉ាង​ហោច​ណាស់​ ៣គ្រឿង​ ចូល​ដឹក​ឈើ​ក្នុង​ព្រៃ​អាស្រ័យផល​របស់​ពលរដ្ឋ​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ចំណុច​អូរ​គ្រាក់​ និង​បាន​កាប់​ផ្ដួល​រណ្ដៅ​ជ័រទឹក​ អស់​ជាច្រើន​ដើម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ត្រៀម​កម្ទេច​ចោល​គ្រាប់​ខូច​គុណភាព ២៥០ តោន

$
0
0

មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​​កាកសំណល់​សង្គ្រាម នឹង​កម្ទេច​គ្រាប់​ខូច​គុណភាព​​ចំនួន២៥០ តោន ចាប់​ពី​ថ្ងៃ​ទី១០ កញ្ញា​ដល់​ថ្ងៃ​ទី៣១ តុលា​ខាង​មុខ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​​ពេល​ថ្មីៗ ថា សូម​កុំ​អោយ​ពលរដ្ឋ ដែល​រស់​នៅ​ក្បែរ​សាលា​ហ្វឹកហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ក្នុង​​ខេត្ត​កំពង់​ស្ពឺ មាន​ការ​ភ្ញាក់​ផ្អើល​បើ ឮ​គ្រាប់​ផ្ទុះ។

គ្រាប់​ខូច​គុណភាព​ទាំង​នោះ​​ជា​​ប្រភេទ​គ្រាប់​បេ (RPG7) និង​គ្រាប់​ផ្លោង (WP) ដែល​ពុក​ផុយ​ងាយ​នឹង​ផ្ទុះ និង​ហុយ​ឆេះ​នៅ​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង។ មជ្ឈមណ្ឌល​ជាតិ​​បញ្ជាក់​ថា ការ​កម្ទេច​នេះ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​វេលា​រាល់​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​​ជា​យថាហេតុ​ បង្កឡើង​ដោយ​គ្រាប់​ខូច​គុណភាព​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​តាម​ឃ្លាំមើល​ជា​ប្រចាំ

$
0
0

សកម្មជន​បក្សប្រឆាំងម្នាក់នៅខេត្តព្រៃវែង អះអាងថា អាជ្ញាធរមូលដ្ឋានបានតាមឃ្លាំមើលលោកជា​ប្រចាំ ទោះ​ជា​លោកមិនបានប្រព្រឹត្តអ្វីខុស​ច្បាប់​ក៏​ដោយ។ សង្គម​ស៊ីវិល​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ស្នើសុំ​ឲ្យ​អាជ្ញាធរបញ្ឈប់សកម្មភាពនេះ​ជា​បន្ទាន់។

សកម្មជនបក្សប្រឆាំង និងជាសកម្មជន១០០រាត្រីរបស់បណ្ឌិតកែម ឡី គឺលោក ថន សុភាព អះអាង​ថា អាជ្ញាធរមូលដ្ឋានបាន តាម​ឃ្លាំមើល​សកម្មភាព​របស់​លោក​រាល់​ថ្ងៃ ជាពិសេស​ចាប់តាំង​ពី​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

លោក ថន សុភាព ដែលរស់នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង រៀបរាប់ថា អាជ្ញាធរ​​តែងតែ​តាម​ថត​សកម្មភាព​របស់​លោក​នៅ​ពេល​ជួប​ប្រាស្រ័យ​​គ្នា​ជាមួយ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដូច​គ្នា និង​ក្នុង​ពេល​លោក​ធ្វើ​ការងារ​មនុស្សធម៌ ឬ​ការ​ងារ​សង្គមជាដើម។ លោកបន្តថា អាជ្ញាធរ​តែងតែ​មក​​ឈរ​ក្បែរ​មុខ​ផ្ទះ​របស់​លោក​ស្ទើរ​​រៀងរាល់​​ថ្ងៃ និង​ពេល​ខ្លះ​ទៀត​អាជ្ញាធរ​បាន​សួរ​នាំ​​អ្នក​ជិត​ខាង​​អំពី​​សកម្មភាព​របស់​លោក​ផង​ដែរ។ លោក​ចាត់​ទុក​​ទង្វើ​បែប​នេះ​ថា ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​​សេរីភាព​​របស់​លោក៖ «ចំពោះ​ស្រុក​យើង​គឺ​សុវត្ថិភាព​មាន​ភាព​ផុយ​ស្រួយ​ណាស់​ ព្រោះ​ការ​ចាប់​ពលរដ្ឋ​មិន​ចាំបាច់​មាន​ដីកា​ និង​មានទោស​កំហុស​នោះ​ទេ​ ដែល​ធ្វើឲ្យ​ស្រ​ម៉ៃ​ឃើញ​ដូច​ សម័យកាល​ ប៉ុល​ ពត។ គេ​តែងតែ​ថា​ ចាប់​បណ្តោះអាសន្ន​ ដូចជា​យុវជន​ គង់​ រ៉ៃ​យ៉ា​ និង​សួង​ នាគព័ន្ធ​ជាដើម»

លោក ថន សុភាព គឺជាសកម្មជន​សង្គមមួយរូបដែលតែងតែឈឺឆ្អាលនឹងរឿងអយុត្តិធម៌ក្នុងសង្គម។ កន្លងមក លោក​ធ្លាប់​ធ្វើ​ពិធី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​សាលា​ឃុំ​ណា​ ដែលខ្វះខាតសម្ភារៈ​ប្រើប្រាស់ និង​យក​ជំនួយ​មនុស្សធម៌​ជួយ​ដល់​​ប្រជាពលរដ្ឋ​ក្រីក្រ​​ជា​​ដើម។ លើស​ពី​នេះ​ទៀត លោក​តែងតែ​​ដឹក​​នាំ​​ប្រជា​ពលរដ្ឋ​ក្នុង​ព្រៃ​ស្លា ឬ​ភូមិ​យាយ​ចាស់​កូន​ខ្ចី​ដែល​បណ្ឌិត កែម ឡី ដាក់​ឈ្មោះ​ឲ្យ​នោះ ធ្វើ​​បុណ្យ​​រម្លឹក​​ខួប​ជូន​បណ្ឌិត កែម ឡី រៀងរាល់​ឆ្នាំ។ លោក​​ក៏​​ជា​​អ្នក​​ដែល​​ដើរ​លើក​ស្លាក​ពាក្យ​បណ្តាំ បណ្ឌិត កែម ឡី នៅ​តាម​ផ្ទះ​ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ផង​ដែរ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង​​រហូត។

នាយប៉ុស្តិ៍នគរបាលឃុំព្រៃព្នៅ លោក ស៊ុំ សីហា ប្រាប់អាស៊ីសេរីថា លោកមិនបាន​ដឹង​អំពី​ករណី​នេះ​ទេ ព្រោះ​លោក​ទើប​តែ​ចូល​កាន់​តំណែង​បាន​មួយ​ខែ​ប៉ុណ្ណោះ៖ «បាទ​អត់មាន​ទេ​! ខ្ញុំ​មិនដែល​ដាក់​កម្លាំង​ទៅតាម​ឃ្លាំមើល​គាត់​ទេ»

ផ្ទុយពីការអះអាងរបស់នាយប៉ុស្តិ៍នគរបាលនេះ ពលរដ្ឋរស់នៅភូមិព្រៃស្លាមួយរូប គឺលោក ឌុច ដូត ប្រាប់​អាស៊ី​សេរី​ថា ពិត​ជា​មាន​​មន្ត្រី​នគរបាល​តាម​ដាន​លោក ថន ​សុភាព មែន ហើយ​អាជ្ញាធរ​ធ្លាប់​ទាំង​សួរ​នាំ​លោក​អំពី​សកម្មភាព​របស់​អ្នក​​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់​នេះ​ផង​ដែរ។ លោក​អះអាង​ថា លោក ថន សុភាព គឺ​ជា​មនុស្ស​ល្អ មិន​បាន​ប្រព្រឹត្ត​អ្វី​ល្មើស​ច្បាប់​នោះ​ទេ៖ «គេ​ចេះតែ​សួរ​ និង​ចេះតែ​តាម​ដាន​វា​ដែរ​ ហើយ​ខ្ញុំ​ចេះ​តែ​ប្រាប់ៗ វា​ដែរ​ថា​ ចេះតែ​ប្រយ័ត្នៗ ទៅ​អាអើយ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO​)លោក​ អំ​ សំអាត​ មាន​​ប្រសាសន៍​​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​គ្រប់គ្រាន់​​ក្នុង​ការ​ចូលរួម​​យ៉ាង​​សកម្ម​​​ក្នុង​​ជីវភាព​​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​​វប្បធម៌​​របស់​​ប្រទេស ស្រប​​តាម​​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា ប្រសិន​បើ​សេរីភាព​មូលដ្ឋានទាំងអស់​នេះ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​រំខាន​ និង​​​គំរាម​​កំហែង​ នោះ​​បង្ហាញ​ថា​ អាជ្ញាធរ​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់ និង​លើក​​ស្ទូយ​​សិទ្ធិ​​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «បើ​អាជ្ញាធរ​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​ថែរក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ស្មើភាព​គ្នា​ ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ។ ប្រសិន​បើ​អាជ្ញាធរ​មិន​អនុវត្ត​តួនាទី​ដូច្នេះ​បានន័យ​ថា​ គាត់​ មិនបាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ ដើម្បី​ថែរក្សា​ពលរដ្ឋ និង​រក្សាសិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើយ»

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​​សកម្មជន​​បក្ស​​ប្រឆាំង​តាម​​មូលដ្ឋាន បន្ទាប់​ពី​​ប្រធាន​​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ក្នុងរយៈពេល ​៩ខែ នៃ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​​ប្រឆាំង​​នៅ​​តាម​​មូលដ្ឋាន​​ចំនួន ២១​នាក់ ដាក់​​ក្នុង​​ពន្ធនាគារ និង​​បាន​​កោះ​ហៅ​​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ កើនដល់ ១៥៦នាក់​។ សកម្មជន​​បក្ស​ប្រឆាំង​​មួយ​ចំនួន​​ទៀត​ បាន​​នាំ​​គ្នា​​រត់​​គេច​ខ្លួន​​ទៅ​​ក្រៅ​​ប្រទេស​​ជា​​បន្ត​បន្ទាប់ ​ដោយសារ​​តែ​​ពួក​​គេ មិន​​អាច​​ទ្រាំ​​នឹង​​ការ​​ធ្វើ​ទុក្ខ​​បុក​​ម្នេញ​​ពី​​អាជ្ញាធរ​​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ សេរីភាព​​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង

$
0
0

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ឃ្លាំង ទាំង​សេរីភាព​នៃ​ការ​ជួប​សម្ដែង​មតិ​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួក​គេ​ផង​ដែរ។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មិនដែល​មើល​ឃើញ​ភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​ទេ។

នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំនួន ៩ទំព័រ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​រួម​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​រង​គ្រោះ​ដីធ្លី​ គ្រូបង្រៀន​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ កម្មករ​ កម្មការិនី​ ជន​ពិការ​ យុវជន​ និង ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​ព្រម​ទាំង​ប្រជាពលរដ្ឋ​ចំនួន ២៦៨​នាក់​បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ និង​ការ​ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ការ​ដឹកនាំ​ពី​របប​ក្រុង​ភ្នំពេញ​រយៈពេល​កន្លង​មក​ ជា​ពិសេស ក្រោយ​ពី​ការ​បោះឆ្នោត២០១៨ ​មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​បញ្ជាក់​ថា សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​រិត​បន្តឹង​យ៉ាង​ខ្លាំង​។  រដ្ឋាភិបាល​ហាក់​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ប៉ុន្តែ​មិន​បាន​ខិតខំ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​យន្តការ​ធានា​ការ​គោរព​សិទ្ធិមនុស្ស​ ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទេ។

ការ​ចូល​រួម​សកម្មភាព​សង្គម​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ រួមមាន​សេរីភាព​ បញ្ចេញ​មតិ​ សិទ្ធិ​ការ​ជួប​ប្រជុំ​ដោយសន្តិវិធី​ សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ សិទ្ធិ​ដើរ​ហើរ​ របស់​ប្រជាពលរដ្ឋ​ និង​ អង្គការ​សង្គម​ស៊ីវិល​ ត្រូវ​បាន​ជ្រៀតជ្រែក​ និង​ រារាំង​ដោយ​អាជ្ញាធរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ បាន​ការពារ​ទង្វើ​របស់​រដ្ឋាភិបាល​ថា ​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ គឺ​ខុស​ពី​ការ​ពិត​ជាក់​ស្ដែង ដែល​កើត​មាន​នៅ​កម្ពុជា។ លោក​ប្រាប់​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី៩ កញ្ញា​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​មិន​ដែល​មើល​ភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​ទេ គឺ​មើល​ឃើញ​តែ​ភាព​ខ្មៅ​ងងឹត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគថា​ របប​ក្រុង​ភ្នំពេញ​កំពុង​គំរាមកំហែង​​អង្គការ​សង្គម​ស៊ីវិល​​រឿង​របាយការណ៍​ស្តីពី​វិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

$
0
0

អ្នក​វិភាគ​និយាយ​ថា​ របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រឿង​ស្ថានភាព​មីក្រូ​ហិរញ្ញវត្ថុ​ បន្ទាប់​ពី​សមាគម​​ធាង​ត្នោត​ និង​​អង្គការ លីកាដូ បាន​រក​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់​កំពុង​ជំពាក់​បំណុល​វ័ណ្ឌ​ក​ចំពោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​។​ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ។​

អ្នក​វិភាគ​ហ៊ាន​និយាយ​រិះគន់​ឥត​សំចែ​លើ​របប​ក្រុង​ភ្នំពេញ​ ដែល​កំពុង​និទ្ទេស​​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក​ គឹម សុខ​ បញ្ជាក់​ថា​ ការ​កោះហៅ​ម្តង​ហើយ​ម្តងទៀត​របស់​មន្ត្រី​រដ្ឋាភិបាល ​គឺជា​ការ​គំរាម​កំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​បំពេញ​ការ​ងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ​ដែល​ទង្វើ​នេះ​ជា​ការ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ ការ​កោះ​ហៅ​ដដែលៗ ដោយ​មិន​ពិចារណា​ទទួល​យក​ហេតុ​ផល​នៃ​ការ​បកស្រាយ​រវាង​អង្គការ​ សមាគម​ទាំងពីរ ​គឺ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​គំរាម​ និង​បន្លាច​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​ការ​ដោយ​ឯករាជ្យ​របស់​ខ្លួន​ជាមួយ​ពលរដ្ឋ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា​ អ្វី​ដែល​របប​ក្រុង​ភ្នំពេញ​ខ្លាច​បំផុត​នោះ គឺ​ខ្លាច​ការ​ពិត​ដែល​កើត​មាន​ក្នុង​សង្គម​ត្រូវ​អង្គការ​ទាំង​ពីរ​ហើយ​ត្រូវ​អង្គការ​ទាំង​ពីរ​ទម្លាយ​ចេញ​មក​ក្រៅ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​ខ្លួន៖ «ជា​ផល​នយោបាយ​ដែល​គេ​ចង់​បាន គឺ​បន្លាច​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នោះ ដែល​ធ្វើ​ការ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ និង​ស្រប​ច្បាប់​គឺ​គេ​ចង់​បន្ទច់​បង្អាក់ ឬ​បង្ក្រាប​សង្គម​ស៊ីវិល​មិន​អាច​ឲ្យ​លាត​ត្រដាង​នូវ​អសមត្ថភាព​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​រង​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​ហើយ​សំខាន់​បំផុត គឺ​ផល​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ពី​ការ​ព្រមាន​ដកEBAពី​សហភាព​អឺរ៉ុប និង GSP​របស់​សហរដ្ឋ​អាមេរិក»

ការ​លើក​ឡើង​របស់​លោក​គឹម សុខ​ បាន​កើត​មាន​ឡើង​ក្រោយពី​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​លិខិត​កោះ​ហៅ​អ្នក​ទទួល​ខុសត្រូវ​អង្គការ លីកាដូ និង​​សមាគម​ធាង​​ត្នោត​ មក​ពិភាក្សា​គ្នា​ម្តង​ទៀត នៅ​ថ្ងៃ​ទី​១១​ កញ្ញា​ខាង​មុខ​នេះ​​ក្រោយ​ពី​មាន​ការ​ជជែក​គ្នា​មិន​ដាច់ស្រេច​ករណី​របាយការណ៍​ពី​ស្ថាន​ភាព​មីក្រូហិរញ្ញវត្ថុ​របស់​អង្គការ​ទាំង​ពីរ​កាល​ពី​សប្ដាហ៍​មុន។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក​ ផៃ ស៊ីផាន បញ្ជាក់​ប្រាប់​ថា មូល​ហេតុ​ដែល​លោក​កោះ​អញ្ជើញ​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​ សមាគម​ទាំង​ពីរ​មក​ពិភាក្សា​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត គឺ​ដោយ​សារ​តែ​របាយការណ៍​រវាង​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ និង​ សមាគម​ធាង​ត្នោត​ និង​ អង្គការ លីកាដូ មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទាក់​ទិន​នឹង​ស្ថានភាព​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ​លោក​មាន​ប្រសាសន៍​ថា​ របាយការណ៍​របស់​អង្គការ​ទាំងពីរ​មាន​និន្នាការ​នយោបាយ​ច្រើន​ជា​បច្ចេកទេស​ ។​​

ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ថា​ កំពុង​យុទ្ធសាស្ត្រ​គំរាម​កំហែង​នោះ លោក​ថា ​គឺ​មិន​ត្រឹមត្រូវ​ទេ ហើយ​ថា ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ដោះ​ស្រាយ​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដោយ​មិន​ចង់​ប្រើប្រាស់​ផ្លូវ​តុលាការ​ឡើយ៖ «យើង​អត់​ប្រើប្រាស់​ឥទ្ធិពល​អ្វី​ទេ​គ្រាន់តែ​ចង់​ប្រាប់​ថា​ អង្គការ​ដែល​បញ្ចេញ​របាយការណ៍​វា​ប៉ះពាល់​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ពី​សាធារណជន​ឲ្យ​បាន​គ្រប់​ជ្រុង​នោះ។ សុចរិត​ភាព​ ព័ត៌មាន​ដែល​គាត់​បញ្ចេញ​នោះ​ គឺ​ជា​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​យើង​ចង់​តែ​ចង់​ប្រាប់​ថា​អា​ហ្នឹង​ជា Fake News គេ​បង្កើត​រឿង​អ្វី​ផ្សេងទៀត​ហើយ​។​យើង​គ្រាន់​តែ​ទុក​កិត្តិយស ហើយ​យើង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គាត់។ គាត់​ចង់​បាន​រឿង​អី​តួលេខ ឬ​ក៏​មូលដ្ឋាន​សម្រាប់​គាត់​ក្នុង​ការ​ពិចារណា​ វត្ថុបំណង​របស់​យើង​ចង់បាន​ការ​យោគយល់​ពី​គាត់​តើ​ ហើយ​​បើ​គាត់​ចាត់​ទុក​រដ្ឋាភិបាល​ជា​ខ្មាំង​របស់​គាត់​អា​ហ្នឹង​ជា​រឿង​ដ៏​ទៃ​មួយ​ផ្សេងទៀត»

អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​កាល​ពី​ថ្ងៃ​ទី៤​កញ្ញា​ បាន​ជួប​ប្រជុំ​គ្នា​ម្ដង​រវាង ធនាគារ​ជាតិ​កម្ពុជា​ រាជ​បណ្ឌិត​សភា​កម្ពុជា​ សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ អង្គការ​លីកាដូ​ និង​ សមាគម​ធាង​ត្នោត​ នៅ​ទីស្ដីការ គណៈរដ្ឋមន្ត្រី។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក​ អំ សំអាត មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី១០ កញ្ញា ថ្នាក់​ដឹកនាំ​នៃ​អង្គការ​ សមាគម​ទាំង​ពីរ នឹង​សម្រេច​ថា​ តើ​ទៅ​ចូល​រួម ឬ​មិន​ចូល​រួម។

លោក​បញ្ជាក់​ថា​ គណៈ​គ្រប់គ្រង​អង្គការ លីកាដូ និង សមាគម​ធាង​ត្នោត ក៏​យល់​ព្រម​ដូច​តំណាង​អង្គការ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​ជជែក និង​ពន្យល់​រួច​ហើយ​ក្នុង​ប្រជុំ​លើក​មុន ដូច្នេះ​ខណៈ​គ្រប់គ្រង​រក្សា​ជំហរ​ដូច​តំណាង ដែល​បាន​ចូលរួម​ប្រជុំ មិន​មាន​អ្វី​ជជែក ឬ​ពន្យល់​បន្ថែម​ទៀត​ទេ ។ លោក​មាន​ប្រសាសន៍​ថា​ ម្យ៉ាងទៀត​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ពី​លទ្ធផល​​ក្រោយ​ពី​ប្រជុំ​រួច​ហើយ​ដែរ ដូច្នេះ​លោក​នៅ​ឆ្ងល់​ថា ​តើ​ហេតុ​អ្វី​បាន​ជា​ត្រូវ​អញ្ជើញ​គណៈ​គ្រប់គ្រង​កោះ​ប្រជុំ​ពិភាក្សា​ជា​ថ្មី​ម្ដង​ទៀត?

អង្គភាព​អ្នក​នាំ​ពាក្យ​ព័ត៌មាន​រាជរដ្ឋាភិបាល​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចោទ​ប្រកាន់​របាយការណ៍​របស់​អង្គការ​ លីកាដូ​ និង​ សមាគម​ធាង​ត្នោត​​ថា ​មាន​ចរិត​អត្តនោម័តិ ដែល​មិន​ស្ថិត​ក្នុង​តម្លៃ​ជា​សាកល​ និង​ មិន​ឆ្លុះ​បញ្ចាំង​ជា​រួម​អំពី​ប្រតិបត្តិការ​ផ្ដល់​ ទទួល​ប្រាក់​កម្ចី​ឥណទាន និង​ ស្ថានភាព​ទូទៅ​នៃ​បំណុល​វ័ណ្ឌ​ក​នោះ​ទេ។

លោក​ ផៃ ស៊ីផាន បញ្ជាក់​ថា​ ​ រាជ​បណ្ឌិត​សភា​កម្ពុជា​មិន​ទាន់​ចេញ​របាយការណ៍​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​​ពាក់ព័ន្ធ​នឹង​ស្ថានភាព​មីក្រូ​ហិរញ្ញវត្ថុ។​ ប៉ុន្តែ​លោក​អះអាង​ថា ថា​ប្រជាពលរដ្ឋ​ចំនួន​មួយ​ភាគ​រយ​ប៉ុណ្ណោះ ដែល​ទទួល​រង​ផល​ប៉ះពាល់​ មិន​ដូច​មាន​ការ​ចោទ​ប្រកាន់​ពី​អង្គការ​ទាំងពីរ​ទេ។

នៅ​ក្នុង​របាយការណ៍​អង្គការ លីកាដូ និង​ សមាគម​ធាង​ត្នោត​កាលពី​ចុង​ខែ​សីហា បាន ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២លាន​នាក់ បាន​ខ្ចី​បំណុល​វ័ណ្ឌក​​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ធ្វើ​អោយ​កម្រិត​បំណុល​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួមមាន​ការ​បង្ខំ​ឲ្យ​លក់​ដី​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​បំណុល និង​ការ​បញ្ចាំ​ខ្លួន ដើម្បី​ដោះ​បំណុល​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​មិន​អនុញ្ញាត​ឲ្យ​យុវជន គង់ រ៉ៃយ៉ា ជួប​មិត្តភក្តិ​ និង​គ្រូពេទ្យ​ដែល​ចូល​សួរ​សុខ​ទុក្ខ

$
0
0

ភរិយា​របស់​សកម្មជន កែម ឡីនិយម លោក គង់ រ៉ៃយ៉ា អះអាង​ថា មន្ត្រី​ពន្ធនាគារ​បាន​ភូត​កុហក​ដោយ​មិន​អនុញ្ញាត​ឲ្យ​ស្វាមី​របស់​លោកស្រី​ ជួប​​​មិត្តភក្តិ​ និង​គ្រួ​ពេទ្យ​របស់​អង្គការ លីកាដូ ដែល​ចូល​សួរ​សុខ​ទុក្ខ​ កាល​ពី​សប្តាហ៍​មុន​នោះ​ទេ​។ មន្ត្រី​សិទ្ធិមនុស្ស​ និង​មេធាវី​ការពារ​ក្តី​ថា ទង្វើ​មន្ត្រី​ពន្ធនាគារ​ គឺជា​ការ​រើសអើង​ និង​ជា​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ។

ភរិយា​លោក​គង់​ រ៉ៃ​យ៉ា​ គឺ​លោកស្រី​ សុខ​ ស្រី​និច​ ប្រាប់​អាស៊ី​សេរី​បន្ទាប់ពី​ចូល​សួរ​សុខ​ទុក្ខ​ស្វាមី​ នៅ​ព្រឹក​ថ្ងៃ​ទី៩​ ខែកញ្ញា​ថា​ លោក គង់ រ៉ៃយា សម្តែង​ការ​សោក​ស្តាយ​ ដែល​មន្ត្រី​ពន្ធនាគារ​និយាយ​ភូត​កុហក​ប្រាប់​មិត្តភក្តិ​របស់​លោក​ និង​គ្រួ​ពេទ្យ​របស់​អង្គការ លីកាដូ​ ដែល​បាន​ចូល​សួរ​សុខទុក្ខ​ក្នុង​ ពន្ធនាគារ​ថា​ លោក​មិន​ចង់​ជួប​នរណា​ទាំង​អស់​ក្រៅ​ពី​ប្រពន្ធ​កូន​របស់​លោក។

លោកស្រី​ បន្ត​ថា​ មន្ត្រី​ពន្ធ​នា​ មិនបាន​ប្រាប់​លោក គង់ រ៉ៃយ៉ា ថា​ មាន​មិត្តភក្តិ​ និង​គ្រួ​ពេទ្យ​អង្គការ​លី​ កាដូ​ចូល​សួរ​សុខ​ទុក្ខ​ឡើយ​។ លោកស្រី​រៀបរាប់​ទៀត​ថា​ លោក គង់ រ៉ៃយ៉ា មានចិ​ត្ត​ត្រេកអរ​បំផុត ដែល​មាន​មិត្តភក្តិ​ចូល​សួរ​សុខ​ទុក្ខ​ ហើយ​ថា លោក​ក៏​ជា​អ្នក​ស្នើសុំ​ឲ្យ​ខាង​គ្រូពេទ្យ​អង្គការ​ លីកាដូ ជួយ​ពិនិត្យ​ឈាម​ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​គាត់​មិន​ចង់​ជួប​អ្នក​ទាំងនោះ​ឡើយ៖ «មិន​ដឹង​ជា​មូលហេតុ​អី​ ទើប​យក​ឈ្មោះ​ស្វាមី​ខ្ញុំ​ថា មិន​ចង់​ជួប​អ្នក​ណា​អ្នក​ណី។ ដូច្នេះ​កាល​ពី​ព្រឹក​មិញ​ប្តី​ខ្ញុំ​អំពាវនាវ​ដល់​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ ជួយ​ផ្សព្វផ្សាយ​ថា​ កុំ​ឲ្យ​មាន​ការ​យក​ឈ្មោះ​របស់​គាត់​ថា មិន​ចង់​ជួប​អ្នក​ណា​ទៀត។ គាត់​មិន​ដឹង​រឿង​អី​ទេ ហើយ​ជា​ធម្មតា គឺ​គាត់​ចង់​ឲ្យ​តែ​គេ​ទៅ​ជួប។ សូម​ឲ្យ​មន្ត្រី​ពន្ធនាគារ​ជួយ​បក​ស្រាយ​ករណី​នេះ​ផង»

ការ​លើកឡើង​នេះ​ បន្ទាប់ពី​សប្តាហ៍​មុន គឺ​មាន​មិត្តភក្តិ​មួយ​ក្រុម​របស់​លោក​ គង់​ រ៉ៃ​យ៉ា​ បាន​ចូល​ទៅ​សួរ​សុខទុក្ខ​លោក​ នៅ​ក្នុង​ពន្ធនាគារ​ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ ប្រាប់​ថា​ លោក​ គង់​ រ៉ៃ​យ៉ា​ មិន​ចង់​ ជួប​នរណា​ទេ​ក្រៅ​ពី​ប្រពន្ធ​កូន។ លុះ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​ ក្រុម​គ្រូពេទ្យ​របស់​អង្គការ លី​កាដូ​ បាន​ចូល​ ទៅ​ពិនិត្យ​ជំងឺ​ឲ្យ​អ្នក​ជាប់​ឃុំ រួម​ទាំង​លោក​ គង់​ រ៉ៃយ៉ា ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ ប្រាប់​ថា​ លោក គង់ រ៉ៃយ៉ា មិន​ចង់​ពិនិត្យ​ជំងឺ​អ្វី​ទេ។

អាសី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​ជុំ​រិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​យ៉ាង​ណា​ក្តី​ កន្លង​មក​ លោក​ នុត​ សាវនា​ ធ្លាប់​ព្រមាន​ថា កុំ​ឲ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ កូរ​ពេក ប្រយ័ត្ន​មន្ត្រី​ពន្ធនាគារ​កូរ​វិញ ឬ​ទុក​ចោល​លែង​ខ្វល់។ ការ​ព្រមាន​នេះ បន្ទាប់​ពី​យុវជន​ គង់​ រ៉ៃយ៉ា ធ្វើ​កូដកម្ម​បង្អត់​អាហារ ដើម្បី​ស្នើសុំ​ឲ្យ​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​លោក​បាន​ហាត់ប្រាណ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​ខ្ចី​សៀវភៅ​ទៅ​អាន​ក្នុង​បន្ទប់​ ព្រមទាំង​ស្នើសុំ​កន្លែង​គេង ដែល​ល្មម​អាច​ធ្វើ​វិបស្សនា​បាន។

មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន គង់ រ៉ៃយ៉ា គឺ​លោក សំ សុគង់ ថ្លែង​ថា​ លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ប្រសិន​បើ​ករណី​នេះ​ ជា​ការ​ពិត គឺ​ជា​រំលោភ​លើ​សិទ្ធិ​កូន​ក្តី​របស់​លោក។ លោក​បញ្ជាក់​ថា​ កូន​ក្តី​របស់​លោក​ គ្រាន់​តែ​ជា​ជន​សង្ស័យ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ ដូច្នេះ​ តាម​គោលការណ៍​ច្បាប់​ គឺ​កូន​ក្តី​របស់​លោក​ នៅ​មាន​សិទ្ធិ​ជួប​ជាមួយ​គ្រួសារ​សាច់​ញាតិ និង​មិត្ត​ភិ​ក្ត​ទាំង​អស់ ដែល​បាន​ស្នើសុំ​ចូល​សួរ​សុខ​ទុក្ខ៖ «គាត់​មាន​សិទ្ធិ​ជួប​ជាមួយ​គ្រួសារ​ សាច់ញាតិ​ និង​អ្នកដទៃ​ទៀត​ដែល​ចង់​ចូល​ជួប​សួរ​ទុក្ខ​គាត់​ក្នុង​ពន្ធនាគារ​ គ្រាន់តែ​ការ​ស្នើសុំ​ជួប​សួរ​សុខទុក្ខ​នេះ គឺ​ត្រូវ​មាន​បែបបទ​មួយ​ចំនួន​​របស់​ពន្ធនាគារ»

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​ចោទ​ប្រកាន់​នេះ​ ដោយសារ​តែ​លោក​ ផ្សព្វផ្សាយ​លក់​អាវ​យឺត​មាន​រូប និង​ទស្សនៈ​បណ្ឌិត​ កែម ​ឡី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែ​ ឡី ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កណ្តាល​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ២០១៦។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO) លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា​ ជន​ជាប់​ឃុំ​ទាំង​អស់​ គឺ​បាត់បង់​តែ​សិទ្ធិ​ដើរ​ហើរ​មួយ​ប៉ុណ្ណោះ​ ដូច្នេះ​ប្រសិន​បើ​ ពន្ធនាគារ​ហាម​ឃាត់​សិទ្ធិ​ដទៃ​ទៀត​របស់​អ្នក​ជាប់​ឃុំ គឺ​ជា​ការ​រំលោភ​ច្បាប់៖ «បើ​យើង​និយាយ​ជាទូទៅ​ ទណ្ឌិត​ក៏ដោយ​ ពិរុទ្ធជន​ក៏ដោយ​ គឺ​​តាមផ្លូវ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ពន្ធនាគារ​ និង​បទដ្ឋាន​ច្បាប់​ផ្សេង​ៗ រួម​ទាំង​បទដ្ឋាន​អន្តរជាតិ​ជាដើម​ គាត់​នៅតែ​មាន​សិទ្ធិ​ជួប​គ្រួសារ​ និង​មិត្តភក្តិ​របស់​គាត់​។ នេះ​គឺជា​សិទ្ធិ​របស់​គាត់ ​ដែល​មិន​អាច​ដកហូត​​បាន​ទេ​ ហើយ​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​ ប្រសិនបើ​គាត់​ឈឺ​ស្កាត់​អី​ គឺ​ត្រូវតែ​ទទួល​បាន​ ពីព្រោះ​​សិទ្ធិ​ទាំងអស់​នេះ​មិន​ត្រូវ​បាន​ដកហូត​នោះ​ទេ»

អង្គការ​សហប្រជាជាតិ​ សហរដ្ឋអាមេរិក​ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ផ្សេង​ទៀត​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​ជា​បន្ត​បន្ទាប់​ថា​ចំណាត់ការ​របស់​អាជ្ញាធរ​របប​នេះ​ថា​ មាន​គោលដៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​ និង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី។ ពួក​គេ​​អំពាវនាវ​ដល់​របប​ក្រុង​​ភ្នំពេញ​​ដោះ​​លែង​​យុវជន​ គង់​ រ៉ៃ​យ៉ា​ និង​​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដូច្នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា

$
0
0

សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​របបក្រុ​ងលោក ហ៊ុន សែន ឱ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។ ក្រសួង​យុត្តិធម៌​ថា ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​នេះ មាន​ចេតនា​ផ្សេង​នៅ​ពី​ក្រោយ និង​មិន​បាន​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា។

សហរដ្ឋ​អាមេរិក​​​​ចាត់​ទុកចំណាត់​ការ​លើ​​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​នោះ​ថា ជា​​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) ថ្លែង​ក្នុង​វីដេអូ​ខ្លី​មួយ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី១០ កញ្ញា​ថា បទ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​​ចាប់​ខ្លួន​លោក​​ កឹម សុខា នោះ គឺ​ជា​បទ​ចោទ​ប្រកាន់​ដែល​​គ្មាន​មូលដ្ឋាន។ អ្នក​ស្រី​បន្ត​​ថា របបលោក ហ៊ុន សែន ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​នោះ​ទេ ដែល​ទង្វើ​​ទាំង​នេះ​​ជា​ការ​អនុវត្ត​បំពាន​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៖ «រដ្ឋាភិបាល​កម្ពុជាមិន​ទាន់​បាន​កាត់​ទោស​ ឬបង្ហាញ​​ភស្តុតាង​ណា​មួយ​ដ៏​​គួរ​ឱ្យ​ទុកចិត្ត​នោះ​ឡើយ ដើម្បី​បញ្ជាក់​ចំពោះ​ការ​អះអាង​របស់​ខ្លួន ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ដក​តំណែង​តំណាង​ជាប់​ឆ្នោត​ត្រឹម​ត្រូវ​ជាង ៥.០០០​នាក់។ ទង្វើ​នេះ​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា ដែល​ជា​គោល​ការណ៍​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។ សហរដ្ឋ​អាមេរិក​សូ​មអំពាវនាវ​ម្តង​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​លោក កឹម សុខា ប្រគល់​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ជូន​គាត់ និង​ដោះ​លែង​នូវ​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត»

ទន្ទឹម​នេះ សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​ប្រកាន់​យក​ជំហាន​ជាក់​ស្តែង ដើម្បី​ជំរុញ​ការ​ផ្សះផ្សា​ឡើង​វិញ ដោយ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ដំណើរ​ការ​ដោយ​មិន​ភ័យ​ខ្លាច​​ការ​គំរាម​កំហែង ឬ​ការ​សងសឹក ដោយសារ​ការ​អនុវត្ត​សិទ្ធ​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ ដែល​ធានា​ដោយ​ច្បាប់​ផង​ដែរ។

ការ​អំពាវនាវ​ជាថ្មី​ទៀត​របស់​កំពូល​មហា​អំណាច​ពិភពលោក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​របប​លោក ហ៊ុន សែន ​បន្ត​ឃុំ​ខ្លួន​ លោក កឹម សុខា ក្នុង​ផ្ទះ ហើយ​ស្ថានការណ៍​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ភាព​យ៉ាប់យ៉ឺន​ដដែល។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​សេចក្តីអំពាវនាវ​របស់​សហរដ្ឋ​អាមេរិ​ក​នេះ ថា​ជា​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់។ លោក​​ថ្លែង​ថា ទាំង​ករណី​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ សុទ្ធសឹង​ជា​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ ដែល​រដ្ឋាភិបាល​មិន​អាច​លូក​លាន់​បាន​ឡើយ៖ «វា​ដូច​អត់​មាន​រឿង​អី​ចម្លែក​ទេ ដែល​ខាង​ស្ថាន​ទូត​លើក​ឡើង ហើយ​វា​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​ធ្វើ​មិន​ព្រម​យល់ មិន​ព្រម​ទទួល​យក​យន្ត​ការ​អនុវត្ត​ច្បាប់​របស់កម្ពុជា។ ប្រហែល​ជា​​មាន​អី​នៅក្រោយ​ហ្នឹង ក៏​ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើ​ការ​​សន្និដ្ឋាន​បាន​​ទេ ទាល់​តែ​សួរ​ខាង​ស្ថានទូត​អាមេរិក។ ក៏​ប៉ុន្តែ​សម្រាប់​កម្ពុជា យើង​នៅ​តែ​ប្រកាន់​ជំហរ​ថា អ្វី​ដែល​ខាង​​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ គឺ​ជា​យន្ត​ការនៃ​ការ​​អនុវត្ត​ច្បាប់​របស់​កម្ពុជា»

ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​លោក កឹម សុខា ត្រូវ​​បាន​​សមត្ថកិច្ច​​របប​ក្រុង​​ភ្នំពេញ​សម្រុក​​ចូល​​ចាប់​ខ្លួន​​ទាំង​​កណ្តាល​​​អាធ្រាត្រ​ថ្ងៃ​ទី២ ឈាន​​ចូល​​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧ ទាំង​​ពេល​ដែល​​រូប​​លោក​​កំពុង​មាន​​​អភ័យ​​ឯក​សិទ្ធិ​សភា ក្នុង​​នាម​​ជា​​អ្នក​​តំណាង​​រាស្ត្រ​​ស្រប​​ច្បាប់​នៅ​​ឡើយ។ ​តុលាការ​របប​លោក ហ៊ុន សែន ​បាន​​ចោទ​​ប្រកាន់​លោក​​​​ពី​​បទ​ “សន្ទិដ្ឋិភាព” ឬ​​ការ​​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​​បរទេស​ ដើម្បី​​ផ្តួល​រំលំ​រដ្ឋាភិបាល។ របប​ក្រុង​​ភ្នំពេញ​ តាម​​រយៈ​​ការ​​ស្រែក​​បន្ទរ​​ពី​​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​​​ខ្លួន បានចោទ​​​​សហរដ្ឋ​អាមេរិក​​ថា ជា​​អ្នក​​រៀប​ចំ​ផែន​ការ​​ពី​​ក្រោយ​​ខ្នង​​លោក កឹម សុខា។

បន្ទាប់​ពី​​ចាប់​ខ្លួន​លោក​ កឹម សុខា របប​ក្រុង​ភ្នំពេញ​បាន​​រំលាយ​គណបក្ស​សង្រោះ​ជាតិ ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ។ របបនេះ​បាន​ហាម​ឃាត់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​​ មិន​ឱ្យ​ធ្វើសកម្មភាពនយោបាយ​រយៈពេល៥ ឆ្នាំ ហើយ​បាន​យក​អាសនៈសភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥ពាន់​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់​​កាប់ ប្រៀប​បាន​នឹង​គេ​កាត់​នំ​ចែក​គ្នា​ហូប​យ៉ាង​ដូច្នេះ​ដែរ។

បន្ទាប់​ពី​អវត្ត​មាន​បក្ស​សង្គ្រោះ​ជាតិ របប​លោក ហ៊ុន សែន បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​បែប​បង្រ្គប់​កិច្ច​ នៅ​ចុង​ខែ​កក្កដា ឆ្នាំ២០១៨ ដោយ​ក្រសោប​យក​អាសនៈ​សភា​ទាំង​ស្រុង​មក​ក្តោបក្តាប់​តែ​ម្នាក់​ឯង ធ្វើ​ឱ្យ​កម្ពុជា​ប្រែក្លាយ​ជា​ប្រទេស​ឯក​បក្ស​មិន​ធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ ​ក្រោយ​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ ទង្វើ​ទាំង​អស់​នេះ​ហើយ​ ដែល​សហគមន៍​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ​វាយ​តម្លៃ​ថា ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និងបទ​ដ្ឋាន​អន្តរជាតិ​នានា ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​អំពាវនាវ​ម្ត​ងហើយ​ម្តង​ទៀត​ឱ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា។ លោក​ថា ទីមួយ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ចោទ​អាមេរិក​ថា ជា​អ្នក​នៅពីក្រោយ​ខ្នង លោក កឹម សុខា ដូច្នេះ​អាមេរិក​ចាំបាច់​ត្រូវ​តែរក​ខុស​ត្រូវ​រឿង​នេះ។ ទីពីរ​លោក​ថា ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​តែ​បង្ហាញ​កង្វល់​របស់​ខ្លួន​​នៅ​ពេល​ឃើញ​កម្ពុជា​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​អំពាវនាវ​នេះ ទំនង​ជា​សហរដ្ឋ​អាមេរិក​ចង់​ដាស់​តឿន​រដ្ឋាភិបាល​​កម្ពុជា​ឱ្យ​ងាក​មក​ដោះស្រាយ​បញ្ហា​នយោបាយ​ស្រុក​ទេស​វិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ការ​ទូត និង​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​ផ្ទាល់ និង​ពី​សហភាពអឺរ៉ុប៖ «បើ​ស្ថានភាព​របស់​កម្ពុជា​យើង​អត់​មាន​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​ពី​​ភាគី​អាមេរិក ឬ​អឺរ៉ុប​ទេ ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​មាន​វិធានការ​បន្ត​បន្ទាប់ ដូច​ជា ពន្លឿន​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រជាធិបតេយ្យ​ H.R ៥២៦ ការ​ជំរុញ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​សមាជិក​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឡើង​វិញ ទី​បី អាច​វិធានការ​ GSP ដែល​កម្ពុជា​ទទួល​បាន​ពីរ​ឆ្នាំ​ម្តងៗ ហ្នឹង»

សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​រៀប​ចំ​​ច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០១៩ ឬ H.R.៥២៦ ដើម្បី​​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ច្បាប់​នេះកំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក ហើយ​ប្រសិន​បើ​ច្បាប់​នេះ​អាច​អនុម័ត​បាន​មែន នោះ​​សហរដ្ឋ​អាមេរិកនឹង​បង្កក​​ទ្រព្យ​សម្បត្តិ​ និង​បដិសេធ​ទិដ្ឋការ​មន្ត្រី​គ្រាក់ៗ របប​ក្រុង​ភ្នំពេញ​មិន​ឱ្យ​ជាន់​ទឹក​ដី​អាមេរិក។

ដោយ​ឡែក សហភាព​អឺរ៉ុប​វិញ​កំពុង​តែ​អនុវត្ត​​​នីតិវិធី​ព្យួរ​ការ​​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ២០២០ ខាង​មុខ។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​រួច​ហើយ​ថា ប្រសិន​បើ​ស្ថានភាពស្រុក​ខ្មែរ​មិន​ប្រសើរឡើង​ទេ នោះ​កម្ពុជា​នឹង​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ ដែល​ធ្លាប់​ទទួល​បាន​នា​ពេល​កន្លង​មក។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​ឆ្លើយ​តប​ជាវិជ្ជមាន​ចំពោះ​កង្វល់ និង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បើ​ពុំ​ដូច្នេះ​ទេ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ពីការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នោះ៖ «អំណាច​មិន​ស្ថិត​លើ​តុលាការ​ឯករាជ្យ​ឯ​ណា? តុលាការ​របស់​កម្ពុជា​មាន​ស្ថានភាព​មួយ​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​កាន់​អំណាច​ទេ។ នាយក​រដ្ឋ​មន្ត្រី​លោក​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ទេ មិន​មែន​ថា តុលាការ​ផ្សេង នាយក​រដ្ឋ​មន្ត្រី​ផ្សេង​នោះ​ទេ អាហ្នឹង​សហគមន៍​អន្តរជាតិ ពលរដ្ឋ​កម្ពុជា​ក៏​អាច​មើល​ឃើញ​ទិដ្ឋភាព​នេះ​ដែរ។ អ៊ីចឹង​កន្លែង​ហ្នឹង ខ្ញុំ​គិត​ថា គួរ​ឆ្លើយ​តប​ឱ្យ​ត្រូវ​នឹង​អ្វី​ដែល​ទិដ្ឋភាព​ជាក់​ស្តែង​ជា​ជាង​ការ​ដោះ​បន្ទុក។ កាល​ណា​ដោះ​បន្ទុក វា​មិន​អាច​ជា​ដំណោះ​ស្រាយ​ទេ»

ទាក់ទង​នឹង​ចំណាត់​ការ​លើ​លោក​ កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ពិនិត្យ​ឃើញ​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ធ្វើ​ឡើង​ដើម្បី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន។ អង្គការ​នេះ​វាយ​តម្លៃ​ជា​រួម​ថា លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០ឆ្នាំ​មក​ហើយ​នោះ បាន​ប្រើ​ល្បិច​កល​មិន​ស្រប​ច្បាប់​គ្រប់​បែប​យ៉ាង ដែល​មាន​ក្នុង​សៀវភៅ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​បែប​ផ្តាច់​ការ​ឯក​បក្ស និង​កម្ទេច​គណបក្ស​ប្រឆាំង​ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែ​មួយ​គត់​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជាទាំងអស់ ដាក់​សម្ពាធ​ឱ្យ​របបក្រុង​ភ្នំពេញ​ដោះ​លែង​លោក​ កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​បញ្ឈប់​ការ​ធ្លាក់​ចុះ​ដុន​ដាប​សឹង​មិន​គួរ​ឱ្យ​ជឿ​នៃ​វិស័យ​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​​ព្រួយ​បារម្ភ​ថា ឈ្មួញ​ខ្លះ​ យក​ងារ​ឧកញ៉ា​ទៅ​​​កេង​ប្រវ័ញ្ច​ពលរដ្ឋ

$
0
0

សង្គម​ស៊ីវិល​ ព្រួយ​បារម្ភ​​ថា ​ឈ្មួញ​ខ្លះ បាន​យក​ងារ​ជា​ឧកញ៉ា​​ទៅ​ប្រើប្រាស់​​ ដើម្បី​កេង​ប្រវ័ញ្ច​ពលរដ្ឋ​ និង​រក​ស៊ី​​ខុស​ច្បាប់ ខណៈ​របប​ក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​ធ្វើ​ជំរឿន ជម្រុះ​ងារ​ឧកញ៉ា​ចេញ​ពី​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ។ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ប្ដេជ្ញា​ជម្រុះ​ឧកញ៉ា​ចេញ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​អស់ ហើយ​​ព្រមាន​ថា ឈ្មួញ​ណា​ យក​ងារ​ឧកញ៉ា​ទៅ​រកស៊ី ល្មើស​ច្បាប់ នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អស់។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ប្រាប់​ថា ឈ្មួញ​មួយ​ចំនួន​បាន​យក​ងារ​ជា​ឧកញ៉ា ដើរ​បោក​ប្រាស់​ពលរដ្ឋ និង​ធ្វើ​ជំនួញ​ល្មើស​ច្បាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ងារ​ឧកញ៉ា​ធ្លាក់​ចុះ​តម្លៃ។ បន្ថែម​ពី​នេះ ឈ្មួញ​ និង​មន្ត្រី​​រាជការ​ ទាំង​យោធា និង​ស៊ីវិល​ខ្លះ ​នាំ​គ្នា​ទិញ​ងារ​ឧកញ៉ា ដើម្បី​ពង្រឹង​ការ​រកស៊ី​របរ​​ទុច្ចរិត ជា​ជាង​ចង់​ជួយ​ជាតិ។

លោក ប៉ែន បុណ្ណារ៍ គាំទ្រ​វិធានការ​​ ហាម​កងកម្លាំង​ប្រដាប់​អាវុធ ​មិន​ឲ្យ​មាន​ងារ​ឧកញ៉ា ព្រោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​មាន​ងារ​ឧកញ៉ា​មួយ​ចំនួន បាន​រកស៊ី​​កាប់​​ព្រៃ​ឈើ និង​រំលោភ​ដីធ្លី​ពលរដ្ឋ។​ លោក ប៉ែន បុណ្ណារ៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល ជម្រុះ​​ងារ​ឧកញ៉ា ចេញ​ពី​មន្ត្រី​រាជការ​ស៊ីវិល​ថែម​ទៀត ដើម្បី​គុណ​តម្លៃ​នៃ​ការងារ​ និង​ភាព​ស្មោះត្រង់​ពេល​វេលា​នៃ​ការ​ងារ​រដ្ឋ៖ «ថា​មិន​ត្រឹម​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ សូម្បី​នៅ​​ក្នុង​ជួរ​​មន្ត្រី​ស៊ីវិល ក៏​អត់​ត្រូវ​​ឲ្យ​មាន​​ដែរ។ មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ស៊ីវិល ក៏​អត់​ត្រូវ​ឲ្យ​មាន​​ងារ​ជា​ឧកញ៉ា​ដែរ ដើម្បី​គុណ​តម្លៃ​​ ស្មោះត្រង់​ចំពោះ​ការងារ​រដ្ឋ។ បើ​កាលណា​គាត់​ជា​មន្ត្រី​ផង ការ​ងារ​គាត់ អាច​យក​តួនាទី​ទៅ​​គ្រប​​​លើ​កំហុស​របស់​គាត់។ ការ​មិន​ឲ្យ​មាន​កង​កម្លាំង​ឧកញ៉ា​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ក៏​យើង​សុំ​បន្ត​ទៅ​ទៀត នៅ​ក្នុង​មន្ត្រី​ស៊ីវិល​ទៀត​ដែរ»

ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ កំពុង​ធ្វើ​ជំរឿន ជម្រុះ​ងារ​ឧកញ៉ា​ចេញ​ពី​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ តាម​បញ្ជា​មេដឹកនាំ​របប គឺ លោក ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ជម្រើស​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ជ្រើស​រើស​បាន​តែ​មួយ​ទេ ក្នុង​ចំណោម​ងារ​ជា​ឧកញ៉ា ឬ​យោធា។

រដ្ឋមន្ត្រី​​ការពារ​ជាតិ​លោក ទៀ បាញ់ ​​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​ មាន​មន្ត្រី​យោធា ជា​​ឧកញ៉ា​​ចំនួន​៩៩ នាក់ ក្នុង​នោះ៦៥ នាក់​ នៅ​ចំណុះ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ព និង​៣៤ នាក់ នៅ​ចំណុះ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ។ លោក​ ទៀ បាញ់ ប្រាប់​ថា ក្នុង​ចំណោម​អ្នក​​ទាំងនោះ មាន​​ខ្លះ ​​​សម្រេចចិត្ត​​ជ្រើស​រើស​យក​តួនាទី​យោធា និង​ខ្លះ​ទៀត​ជ្រើស​យក​គោរមងារ​ឧកញ៉ា ក៏​ប៉ុន្តែ​​ ការ​​សម្រេច​ផ្លូវ​ការ​​ នឹង​ត្រូវ​ធ្វើ​តាម​នីតិវិធី​​ជា​បន្ត​ទៀត។

ចំណែក​នៅ​ក្រសួង​មហាផ្ទៃ​វិញ ក៏​មាន​មន្ត្រី​ប៉ូលិស មាន​ងារ​ឧកញ៉ា​ច្រើន​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្រ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (RFI) ថា ក្រសួង​មហាផ្ទៃ កំពុង​ជំរឿន​មន្ត្រី​ប៉ូលិស និង​រក​ឃើញ​យាង​តិច​ណាស់ ៣៣​នាក់ ជា​ប៉ូលិស​មាន​ងារ​ឧកញ៉ា។

របប​ក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ​ ២០១៧ បាន​ចេញ​អនុក្រឹត្យ​​​កែសម្រួល​លើ​​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​ ១៩៩៤ ​ស្ដីពី​ការ​ផ្ដល់​អំណោយ​​របស់​សប្បុរសជន ​ដែល​នឹង​​អាច​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ ពី​ ១០​ម៉ឺន ដុល្លារ​សហរដ្ឋ​អាមេរិក​ មក​ក្នុង​តម្លៃ​៥០​ម៉ឺន​ដុល្លារ​​វិញ។ ក្នុង​អនុក្រឹត្យ​ថ្មី​នោះ ​ចែង​​ក្នុង​ន័យ​​ថា​សប្បុរសជន​ ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​​លើស​ពី​ ១០​ម៉ឺន​ដុល្លារ​លែង​ទទួល​បាន​ងារ​ជា​​ឧកញ៉ា​ហើយ គឺ​​ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​ទី​ ១ ខណៈ​ដែល​អនុក្រឹត្យ​ចាស់​​ចែង​ថា ការ​ជួយ​រដ្ឋ​ ១០ម៉ឺន​ដុល្លារ នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា។ សម្រាប់​អនុក្រឹត្យ​ថ្មី​​​ ​អ្នក​ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​លើស​ពី​ ៥០ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ទើប​អាច​ត្រូវ​បាន​ការ​​ស្នើ​ទៅ​​​ព្រះមហាក្សត្រ​ ឲ្យ​ព្រះរាជទាន​ងារ​ជា​ឧកញ៉ា។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន មិន​ដឹង​​ច្បាស់​ថា បច្ចុប្បន្ន​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើសុំ​ព្រះ​មហាក្សត្រ​ ព្រះរាជទាន​ងារ​ជា​ឧកញ៉ា​ ឬ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល​អ្វី​ខ្លះ​ទេ។ តែ​លោក ថា រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​ ដើម្បី​ជម្រុះ​ងារ​ឧកញ៉ា​ចេញ​ពី​ជួរ​កង​កម្លាំង កុំ​ឲ្យ​មាន​​វិ​សមត្ថភាព​ការងារ​​។ ចំណែក​ឈ្មួញ ដែល​ទទួល​បាន​ងារ​ជា​ឧកញ៉ា ហើយ​​ប្រព្រឹត្តិ​ល្មើស​ច្បាប់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អស់៖ «មាន​ឧកញ៉ា​ខ្លះ ពាក់ព័ន្ធ​នឹង​អំពើ​អសកម្ម​ហ្នឹង​ឯង តាម​មើល​ទៅ​ណា។ អា​ស្រ័យ​ហេតុ​ដូច្នេះ បាន​ជា​ឧកញ៉ា​មួយ​ចំនួន​ ដែល​ប្រើប្រាស់​សិទ្ធិ​អំណាច​ របស់​ខ្លួន ខុស​ទិសដៅ ដែល​ប៉ះពាល់​ទៅ​ដល់​ព្រៃ​ឈើ ឬ​ក៏​ដីធ្លី បាន​ចាប់​ញាត់​គុក ជា​បន្ត​បន្ទាប់»

អាស៊ី​សេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​បន្ថែម​​ពី​​ចំនួន​ឧកញ៉ា ឬ​​ការ​រួម​ចំណែក​​របស់​ឧកញ៉ា ជួយ​ដល់​រដ្ឋ ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង លោក គង់ សំអុល ​​ទេ នៅ​ថ្ងៃ​ទី​១១ កញ្ញា។ លោក ប៊ែន បុណ្ណារ៍ សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឈ្មួញ​ មាន​ងារ​ឧកញ៉ា​​ខ្លះ បាន​យក​តួនាទី និង​ងារ​ទៅ​សំញែង សម្លុត​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន ដើម្បី​កេង​ប្រវ័ញ្ច​ដីធ្លី ​ព្រៃ​ឈើ ដូចជា​ឧកញ៉ា​ គង់ គ្រឹង មន្ត្រី​យោធា​នៅ​ខេត្ត​ក្រចេះ ឧកញ៉ា ហូរ ចំរើន ជាដើម។

ក្រៅពី​នេះ ក៏​មាន​ឧកញ៉ា​មួយ​ចំនួន​ទៀត បាន​ប្រើប្រាស់​ងារ​នេះ​ ទៅ​រក​ស៊ី​ខុស​ច្បាប់ និង​វាយ​ដំ​ស្ត្រី ដូចជា ឧកញ៉ា គិត ធាង រក​ស៊ី​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត ឧកញ៉ា​ ថោង សារ៉ាត់ ជាប់​ទោស​ពី​បទ​បញ្ជា​ឲ្យ​បាញ់​សម្លាប់​មនុស្ស​ ឧកញ៉ា សុខ ប៊ុន វាយ​​​ដំ​​​ពិធី​ការិនី​ទូរទស្សន៍​ស៊ីធីអិន និង​ឃុបឃិត​គ្នា​ ជាមួយ​​មន្ត្រី​បក្ស​កាន់​អំណាច រំលោភ​យក​ដី​រដ្ឋ និង​ដី​ពលរដ្ឋ​នៅ​សង្កាត់​កោះ​រ៉ុង ក្រុង​ព្រះសីហនុ ឧកញ៉ា ហ៊ុន ជា ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ចូច ឬ​ ឌី ចូច អ្នក​ស្រី ឧកញ៉ា​​ ឌី ប្រឹម សាច់​ញាតិ​របស់​​លោក ហ៊ុន សែន ដែល​តែង​ប្រើ​អំពើ​ហិង្សា​បាញ់​បោះ​ជា​សាធារណៈ​​ជា​ដើម។ បន្ថែម​ពី​នេះ នៅ​មាន​ឧកញ៉ា​មួយ​ចំនួន​ទៀត កំពុង​ប្រើ​តួនាទី​រក​ស៊ី​កាប់​ឈើ នាំ​ចេញ​ទៅ​លក់​នៅ​​ប្រទេស​វៀតណាម ឧកញ៉ា​នាំ​ពលករ​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស និង​ឧកញ៉ា​​មាន​រឿង​អាស្រូវ​​ដណ្ដើម​ដីធ្លី ដី​បឹង ជា​មួយ​ពលរដ្ឋ​​ក្នុង​សហគមន៍​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​ស្នើសុំ​ចៅក្រម​ឱ្យ​ឆាប់​ប្រកាស​សាល​ក្រម​សំណុំ​រឿង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី

$
0
0

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​​អាស៊ី​សេរី​ នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ ដើម្បី​​ស្នើសុំ​ឲ្យ​​ពន្លឿន​ការ​ប្រកាស​សាល​ក្រម​ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិន​ដឹង​ពី​មូលហេតុ​ និង​ពេល​វេលា​ជាក់​លាក់​នៃ​ការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​នេះ​ទេ តែ​លោក​ថា មេធាវី​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ពន្លឿន​​ការ​ប្រកាស​សាល​ក្រម។

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី គឺ​លោក សំ​ ចំរើន ប្រាប់​ថា លោក​បាន​សួរ​ទៅ​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ច្រើន​ដង​ហើយ តែ​ខាង​តុលាការ​ប្រាប់​ថា ចៅក្រម​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់​លាក់​ ដើម្បី​ប្រកាស​សាលក្រម​សំណុំ​រឿង លោក អ៊ួន ឈិន និង​ លោក យាង​ សុធារិន្ទ ទេ។ លោក​ថា បើ​ដល់​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ តុលាការ​នៅ​តែ​មិន​ព្រម​ប្រកាស​សាល​ក្រម​ទៀត លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម៖ «ចាំ​មើល​លើស​ពី​ថ្ងៃ (ទី) ១៥ ខ្ញុំ​ដាក់​ហើយ ខ្ញុំ​អត់​ឲ្យ​យូរ​ទេ។ ខ្ញុំ​ដាក់​សុំ​ឲ្យ​ប្រកាស​ ទាំង​ពីរ​រឿង​តែ​ម្ដង ព្រោះ​កាល​ពី​ថ្ងៃ៣០ គេ​គ្រោង​ប្រកាស​ទាំង​២»

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ដោយ​គ្មាន​​ប្រាប់​មុន និង​​មិនកំណត់​ពេល​វេលា​ប្រកាស​សាល​ក្រម​ជាក់​លាក់​ឡើយ ដោយ​​ប្រើ​មូល​ហេតុ​ថា ជាប់​រវល់​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​ថ្លែង​ថា ខាង​ក្រសួង​មិន​ដឹង​ថា មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​នេះ​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​ជា​​ការ​កំណត់​របស់​តុលាការ​ ប៉ុន្តែ​លោក​ថា ​មេធាវី​មាន​សិទ្ធិ​​ដាក់​ពាក្យ​ស្នើសុំ​ពន្លឿន​ការ​ប្រកាស​សាល​ក្រម​នេះ។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​ចៅក្រម​កាន់​សំណុំ​រឿង លោក អ៊ឹម វណ្ណៈ បាន​ទេ នៅ​ថ្ងៃ​ទី១០ កញ្ញា ដោយ​ពួក​លោក​​​មិន​លើក​ទូរស័ព្ទ។

លោក អ៊ួន ឈិន និង​ លោក យាង​ សុធារិន្ទ ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់ ២បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ “​ផលិត​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ អស់​ជាង ៩​ខែ មុន​នឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក៏ប៉ុន្តែ​តុលាការ​ នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល ហើយ​មិន​ព្រម​ប្រកាស​សាលក្រម​អ្នក​ទាំង​ពីរ​ឡើយ។ ចំណាត់​បែបនេះ ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ គ្មាន​សិទ្ធិ​ពេញលេញ​ឡើយ ហើយ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​គ្មាន​ឧបករណ៍​ប្រើប្រាស់ ក្រោយ​ពី​តុលាការ​ដកហូត​ទុក។

មន្ត្រី​​​អង្កេត​ជាន់​ខ្ពស់​សមាគម អាដហុក និង​ជា​អ្នក​ធ្លាប់​ត្រូវ​បាន​តុលាការ​ពន្យារ​ពេល​ប្រកាស​សាលក្រម គឺ​លោក យី សុខសាន្ត ហៅ​ការ​លើក​ពេល​ ប្រកាស​សាលក្រម​លើ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ថា ជា​ចេតនា​នយោបាយ។ លោក​យល់​ថា តុលាការ​ពន្យារ​ពេល​ប្រកាស​សាល​ក្រម ដោយសារ​រង់​ចាំ​ការ​សម្រេច​ពី​អ្នក​នយោបាយ។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ទាំង​ជន​ជាប់​ចោទ តុលាការ និង​រដ្ឋាភិបាល៖ «រដ្ឋាភិបាល​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​តុលាការ​វា​ខាត​​ប្រយោជន៍​ត្រង់​ថា យើង​ទៅ​ធ្វើ​ការងារ​រឿង​ហ្នឹង កាត់​ហើយ យើង​មិន​ហ៊ាន​សម្រេច​ទុក​ចោល​អ៊ីចឹង​ទៅ ហើយ​យើង​លើក​ពេល​ ពេល​ខ្លះ យើង​ប្រកាស​អ៊ីចឹង​ទៅ វា​ធ្វើ​ឲ្យ​ពេលវេលា​​កាន់​តែ​ច្រើន​ទៅៗ។ វា​បំផ្លាញ​ថវិកា​រដ្ឋ យើង​​ខ្ជះខ្ជាយ​ ។ អា​ហ្នឹង​ហើយ​ ​ដែល​វា​ធម្មតា តែ​រឿង​នយោបាយ មិន​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​ទេ។ គេ​ច្រើន​តែ​គិតគូរ​ពី​ប្រយោជន៍​បុគ្គល​ បក្ខ​ពួក​ក្រុម ដែល​ធ្វើ​ឲ្យ​ គេ​ហៅ​ថា ធ្វើ​ឲ្យ​តែ​ឈ្នះ​ណា។ តែ​ត្រង់​ថា ចំណេញ​ ឬ​ខាត យើង​អត់​បាន​គិត»

សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់ ចំពោះ​ចំណាត់​ការ​លើ​អតីត​អ្នក​រាយការណ៍​​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ។ កាល​ពី​ពេល​ថ្មីៗ នេះ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ៥នាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​លើ​​អតីត​​អ្នក​​យក​ព័ត៌មាន​​អាស៊ី​សេរី​​ទាំង​២​នាក់​ជា​កំហិត។ សមាជិក​សភា​​អាមេរិក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង២ ថា ជា​ការ​ប្រឌិត​ឡើង​​ទាំង​ស្រុង និង​​​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​លើ​សិទ្ធិ និង​សេរីភាព​​​ប្រជាពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​ជនជាតិ​ចិន​​ជាង ​​​៣០០​​នាក់​ សង្ស័យ​ពី​បទ​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

$
0
0

សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​ឃាត់​ខ្លួន​​ជនជាតិ​ចិន​ ចំនួនសរុប​ ​៣២៣ នាក់​ ​ក្នុង ករណីបីដាច់ដោយឡែកពីគ្នា ពី​បទសង្ស័យថា​ បាន​ប្រព្រឹត្តករណី​ចាប់ជំរិត គំរាមកំហែង​ទារប្រាក់​ និង​​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធអ៊ីនធឺណិត​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ អាត់​ បូនី បាន​ប្រាប់​អាស៊ីសេរី​ថា​ ​សមត្ថកិច្ច​អគ្គស្នងការ​នគរបាល​ជាតិនៃ​​ក្រសួង​មហាផ្ទៃ​

​បាន​ចុះ​ឆែក​ឆេរ​ទីតាំង​មួយកន្លែង​ក្នុង​ខ័ណ្ឌទួល​គោក​ ក្រុង​ភ្នំ​ពេញ​ នៅ​យប់​ថ្ងៃអង្គារ៍​ទី​១០​​ខែ​កញ្ញា​នេះប៉ុន្តែ​លោក​មិន​ទាន់​អាច​ផ្តល់​​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ សារព័ត៌មាន​ក្នុង​ស្រុក​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ៍​ ទី១០ កញ្ញានេះ​ បាន​ឲ្យដឹង​ថា​ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ ​បាន​ឃាត់​ជន​ជាតិ​ចិន​ចំនួន ​២១៨ ​បន្ទាប់​ពី​សង្ស័យ​ថា​ជន​ជាតិចិនទាំងអស់នេះ​បានប្រព្រឹត្តករណី​ចាប់ជំរិត គំរាម​កំហែង​ទារប្រាក់​ និង​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធអ៊ីនធឺណិត​(VOIP)​។​​

ជនជាតិ​ចិន​ចំនួន​ ៧១ ​នាក់ដែល​​បាន​ឃាត់ខ្លួននៅព្រឹក​ថ្ងៃ​អង្គារ៍​នេះ​​នៅ​ខ័ណ្ឌ​ចំការមន​ សុទ្ធតែ​មាន​ដីការ​ឃាត់ខ្លួន​ពី​ប្រទេសចិន​​ និង​ជនជាតិចិន​១៤៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​​ខ័ណ្ឌទួលគោក​ ក្រុងភ្នំពេញ។

ចំណែក​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ៩​ កញ្ញា​វិញ ក្រសួង​មហា​ផ្ទៃ​ ក៍បាន​ឃាត់​ជន​ជាតិចិន​ចំនួន​​ ១០៥​ នាក់​​ ផងដែរ​​ ហើយ​បាន​នាំ​មក​សាក​សួរ​នៅ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​​បន្ទាប់​ពី​សង្ស័យ​ថា​​ជនជាតិចិន​​ទាំង​អស់​នេះ​បាន​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ខុស​ច្បាប់ តាម​ប្រព័ន្ធអ៊ីន​ធឺណិត។​

​ជន​ជាតិចិន​ទាំង​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អគារ​ពាណិជ្ជកម្ម​មួយ​កន្លែង​ឈ្មោះ​​ សាន់​ថោន (Suntown) ក្នុង​សង្កាត់​ អូរ​បែក​ក្អម​ ខ័ណ្ឌ​សែន​សុខ​ ​ក្រុង​ភ្នំ​ពេញ ហើយឥឡូវ​នេះ​សមត្ថកិច្ចកំពុង​សាក​សួរ​ ដើម្បី​រក​ឲ្យ​ឃើញ​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែលបាន​ប្រព្រឹត្ត​បទ​ល្មើស។

លោក​​​ អាត់​ បូនី​ និយាយថាកម្លាំង​សមត្ថកិច្ច​បាន​​ចុះឆែក​ឆេរ​នៅ​អគារ​នោះ​ ព្រោះ​សង្ស័យ​ថា​ជនជាតិចិន​ទាំង​អស់​នេះ​​ប្រព្រឹត្ត​ល្បែង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោក​ថាសមត្ថកិច្ចបាន​នាំខ្លួន​ជនជាតិចិន​ទាំង​​១០៥​នាក់​​នេះ​មក​សាកសួរ​នៅ​​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ ហើយ​ឥឡូវ​នេះ​កំពុង​ផ្ទៀង​ផ្ទាត់​ប័ណ្ណ​ការងារ ដូច្នេះ​លោកមិន​ទាន់​បាន​កំណត់​ថា​មាន​ជន​ជាតិចិន​ប៉ុន្មាននាក់​មាន​ទោស​នៅឡើយ​ទេ”។

លោក​ ​អាត់​ បូនី ប្រាប់ថា​ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុតាង​ មាន​ដូចជា​ទូរស័ព្ទ​ដៃ​ចំនួន​​ ១៩១ ​គ្រឿង​ កំព្យូទ័រយួរដៃ​ (laptop) ចំនួន ​៤ ​គ្រឿង Ipaid ​ចំនួន ​២​ គ្រឿង​ កាមេរ៉ា​ចំនួន ២ គ្រឿង​ លិខិត​ឆ្លង​ដែន​ ចំនួន​៤៧ក្បាល​ រថយន្ត​ ម៉ាក​​ Lexus​​ ១ គ្រឿង​​ ម៉ូនីធ័រ​ (Monitor) ចំនួន​​ ៩៥ គ្រឿង និង​ប្រអប់​ (Case) ចំនួន៨០​គ្រឿង។

លោកថា​ ​កម្ពុជា​នឹង​ចាត់វិធាន​ការ​តាម​ច្បាប់​​ បើសិន​ជា​រក​ឃើញថា​ពួកគេទាំង​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​មែន។

កន្លង​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ភ្នំពេញ​ថា​ មិន​បាន​ផ្ដន្ទាទោស​ជនជាតិ​ចិន មុន​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ទាំងនោះ​ មិន​ខ្លាច​នឹង​បន្ត​ប្រព្រឹត្ត​បទល្មើស​៕


មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ុន សុគង់ ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ

$
0
0

មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ុន សុគង់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម និង​ត្រូវ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទ​ល្មើស។ ភរិយា​លោក ហ៊ុន សុគង់ ហៅ​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ស្វាមី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (ADHOC) ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១០ ខែ​កញ្ញា​ថា មេ​ឃុំ​គណបក្ស​សង្រ្គោះ​ជាតិ លោក ហ៊ុន សុគង់ រង​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទ​ល្មើស គឺ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​បទ​ល្មើស​សម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​បាន​យក​លោក ហ៊ុន សុគង់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់​ចាម​តាំង​ពី​ថ្ងៃ​ទី៧ កញ្ញា​មក​ម៉្លេះ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​សហការ ឬ​ផ្ដល់​ព័ត៌មាន​នេះ​ឲ្យ​អ្នក​ស្រី ដែល​ជា​សង្គម​ស៊ីវិល​បាន​ដឹង​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា អង្គការ​អាដហុក​នឹង​បន្ត​តាម​ដាន​ករណី​ចោទ​ប្រកាន់​នេះ​បន្ត​ទៀត៖ «ខាង​អាដហុក​នឹង​តាម​ដាន​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​គាត់​មាន​មេធាវី ឬ​មាន​អ្នក​តំណាង​ស្រប​អ្នក​ច្បាប់​ហើយ ឬ​នៅ​ព្រោះ​ថា មក​ដល់​យើង​ឃើញ​មាន​ទាំង​អ្នក​តំណាង និង​សាច់ញាតិ​គាត់​មិន​ទាន់​បាន​ជួប​លោក ហ៊ុន សុគង់ នៅ​ឡើយ​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ លោក ឯម​ កុសល នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ប៉ុន្តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។ ចំណែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ជុំ ណារ៉ាន់ ក៏​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​បាន​ដែរ។

ភរិយា​លោក ហ៊ុន សុគង់ លោកស្រី ខាន់ សុគន្ធា ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​បាន​ចូល​ជួប​ស្វាមី​​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ចាម​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី១០ កញ្ញា។ លោកស្រី​បន្ត​ថា ស្វាមី​បាន​ប្រាប់​ថា សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​រូប​គាត់​ ដោយសារ​គាត់​បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ សីហា​កន្លង​ទៅ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​លោក​ស្រី​កំពុង​ពឹង​មេធាវី ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​ស្វាមី​លោកស្រី។ លោកស្រី ខាន់ សុគន្ធា ចាត់​ទុក​ការ​ចោទ​ប្រកាន់​ស្វាមី​នេះ គឺ​ជា​រឿង​នយោបាយ ព្រោះ​ស្វាមី​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ៖ «គាត់​អត់​បាន​ធ្វើ​អី​ខុស​គាត់​ទៅ​រក​ស៊ី​ធម្មតា ចាប់​មនុស្ស​មក​ឃុំ​ទុក​អត់​ប្រាប់​ឲ្យ​បង​ប្អូន​ដឹង ខ្ញុំ​មាន​អារម្មណ៍​អយុត្តិធម៌ និង​ជា​ការ​រំលោភ​សិទ្ធិ»

កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​មេ​ឃុំ​បុស្ស​ខ្នុរ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ហ៊ុន សុគង់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​កាល​ព្រឹក​ថ្ងៃ​ទី៥ កញ្ញា។ លោក​ត្រូវ​បាន នគរបាល​ចាប់​ខ្លួន​ ពេល​លោក​ប្រកប​មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ទី​នោះ និង​ត្រូវ​បាន​បញ្ជូន​មក​សាក​សួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​ សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​នោះ​ទេ។

គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ មាន​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ២១នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ចំណែក​ចំនួន​អ្នក​ដែល​​ត្រូវ​បាន​កោះ​ហៅ​វិញ​មាន ១៥៦នាក់។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា ការ​ចាប់​ខ្លួន និង​ការ​កោះ​ហៅ​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភ័យ​ខ្លាច​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ កាន់​តែ​ធ្វើ​ឲ្យ​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ កាន់​តែ​កើន​ឡើង​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​ពិនិត្យ​ករណី​មន្ត្រី​ប៉ូលិស​មាន​ងារ​ជា​ឧកញ៉ា

$
0
0

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​ពិនិត្យ​មើល​​ករណី​មន្ត្រី​ប៉ូលីស​​មាន​ងារ​ជាឧកញ៉ា បន្ទាប់​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​លែង​ឱ្យ​មាន​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​​អាវុធតទៅទៀត។ សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​អំណាច​ប្រព្រឹត្ត​ដោយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី៩ កញ្ញា​ថា ខាង​មន្ត្រី​ជំនាញ​កំពុង​ប្រមូល​តួលេខ​ចំនួន​ឧកញ៉ា​ក្នុង​​ជួរ​ប៉ូលិស ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ប្រជុំ​សម្រេច។ លោក​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​ឧកញ៉ា​ក្នុង​ជួរ​នគរបាល​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា ​រឿង​នេះ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់​ជាមុន​សិន។ នាយ​ឧត្ដមសេនីយ៍​​រូប​នេះ​អះអាង​ថា ប្រសិន​បើ​មន្ត្រី​ប៉ូលិស​មាន​ងារ​ជា​ឧកញ៉ា​ណា​ម្នាក់ ហ៊ាន​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​បំពាន​ច្បាប់​នោះ​សមត្ថកិច្ច​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​មិន​រារែក​ឡើយ៖ «រងារ​នេះ​ត្រូវ​ល្អិត​ល្អន់​បន្តិច មិន​ហ៊ាន​កំណត់​រយៈ​ពេល​ទេ ប៉ុន្តែ​រឿង​ប៉ុណ្ណឹងវា​មិន​ដែល​ធ្វើ​ពីរបី​ឆ្នាំ​ទេ គ្រាន់​តែ​មាន​ពេល​សម​ស្រប​មួយ។ ត្រូវ​ហ្មត់​ចត់​បន្តិច ទី​មួយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​សាមី​​ខ្លួន​ ទី​ពីរ​ធម្មតា​ងារ​ឧកញ៉ា​មាន​ព្រះរាជក្រឹត្យ អ៊ីចឹង​យើង​ត្រូវ​រក​នីតិវិធី​ច្បាស់លាស់»

ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ​បាន​ចាប់​ផ្ដើម​ត្រួតពិនិត្យ​ករណី​មន្ត្រី​របស់​ខ្លួន​មាន​ងារ​ជា​ឧកញ៉ា​នេះ​ បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​ថា កង​កម្លាំង​ប្រដាប់​អាវុធ រួមមាន ទាហាន ប៉ូលិស និង​ប៉េអឹម ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​មាន​ងារ​ជា​ឧកញ៉ា​ទៀត​ឡើយ ពីព្រោះ​លោក​​ទទួល​ស្គាល់​ថា កន្លងមក​ មាន​មនុស្ស​មួយ​ចំនួន​បាន​យក​តួនាទី​ទាំង​នេះ​ទៅ​ប្រកបការងារ​ផ្សេងៗ​ខុស​ច្បាប់។

រដ្ឋមន្ត្រី​​ការពារ​ជាតិ​លោក ទៀ បាញ់ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ថា ​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ចំនួន​៩៩ នាក់ ក្នុង​នោះ ៦៥នាក់​ នៅ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​៣៤ នាក់ នៅ​ចំណុះ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ។ លោក​អះអាង​ថា ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​ខ្លះ​បាន​សម្រេចចិត្ត​ជ្រើស​រើស​យក​តួនាទី និង​ខ្លះ​ទៀត​ជ្រើស​យក​គោរមងារ ក៏​ប៉ុន្តែ​លោក​ថា ការ​សម្រេច​ផ្លូវ​ការ​នោះ នឹង​ត្រូវ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី៩ កញ្ញា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​ជម្រុះ​ចោល​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ បើ​ពុំ​ដូច្នេះ​ទេ ការ​រំលោភ​អំណាច​ប្រព្រឹត្ត​ដោយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​នៅ​តែ​កើត​មាន។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​ហាម​ឃាត់​មិន​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ងារ​ជា​ឧកញ៉ា​នេះ នឹង​អាច​ជួយ​បន្ថយ​ឥទ្ធិពល​បុគ្គល​ដែល​ធ្លាប់​យក​អំណាច​ទៅ​​ប្រើប្រាស់​ដោយ​​បំពាន។ ក៏​​ប៉ុន្តែ​លោក​​ថា រឿង​ដែល​​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​អាជ្ញាធរ​ត្រូវ​តែ​​ហ៊ាន​អនុវត្ត​ច្បាប់​លើ​កង​កម្លាំង​ប្រដាប់​អាវុធ ឬ​ឧកញ៉ា​ណា​ ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់៖ «ធ្វើ​យ៉ាងណា​ កុំ​ឱ្យ​យក​ងារ​ ឬក៏​តួនាទី​អំណាច​ហ្នឹង​យក​ទៅ​​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់ អា​ហ្នឹង​បាន​ជា​ការ​គោរព​ឋានានុក្រម។ បើ​ការ​​រំលោភ​​បំពាន​​ ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់​ជាធំ អា​ហ្នឹង​ទើប​ធានា​បាន»

ការ​ប្រើ​ប្រាស់​អំណាច​ និង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​បទល្មើស ឬ​ប្រកប​ការងារ​ខុសច្បាប់​របស់​ក្រុម​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ បាន​កើត​ឡើង​ជា​ហូរហែ ហើយ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ជាឧទាហរណ៍ ​ឧកញ៉ា គង់ ក្រឹង ដែល​ល្បី​ខាង​រក​ស៊ី​ឈើ​ដុះស្លែ​ និង​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នៅ​ខេត្ត​ភាគ​ឦសាន​នោះ គឺជា​មន្ត្រី​យោធា​ថ្នាក់​​វរសេនីយ៍ទោ​ក្នុង​ជួរ​ទ័ព​ជើងគោក។ ឧកញ៉ា​រូប​នេះ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាល​ពី​ពេល​ថ្មីៗនេះ ពាក់ព័ន្ធ​នឹង​រឿង​បទ​ល្មើស​ព្រៃឈើ។ ចំណែក ឧកញ៉ា ហូរ ចំរើន ដែល​ជា​អតីត​ឧត្ដមសេនីយ៍​ក្នុង​ជួរ​កង​អង្គរក្ស​លោក ហ៊ុន សែន វិញ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ​កន្លះ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​​ចេញ​សែក​ស្អុយ។

ដោយ​ឡែក នៅ​ក្នុង​ជួរ​ប៉ូលិស​វិញ អ្នក​ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ឧកញ៉ា ហ៊ុន ជា ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា មាន​ឋានន្តរសក្ដិ​ជា​មន្ត្រី​ប៉ូលិសផ្កាយ៣ ក៏​ប៉ុន្តែ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ករណី​ ហើយ​ករណី​ចុងក្រោយ​គេ គឺ​ការ​បាញ់​បោះ​ដោយ​សេរី។ លោក​​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ២០១៨ ពី​បទ​គំរាម​កំហែង​ថា នឹង​សម្លាប់ និង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា ក៏​ប៉ុន្តែ​លោក​ទំនង​ជា​​​ជាប់​ពន្ធនាគារ​មិន​បាន​គ្រប់​ចំនួន​ទេ ដោយសារ​មន្ត្រី​ពន្ធនាគារ​ថា មាន​សាលដីកា​មួយ​ទៀត​ពី​​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​លោក​មាន​ទោស​ត្រឹម ៦ខែ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ជឿ​ថា មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​នៅ​តែ​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​ប្រកប​ការងារ​ខុស​ច្បាប់ ឬ​ប្រព្រឹត្ត​បទល្មើស​បាន​ដដែល បើ​ទោះជា​ពួកគេ​លែង​មាន​ងារ​ជា​ឧកញ៉ា​ក៏ដោយ។ លោក​សង្កត់​ធ្ងន់​ថា ករណី​នេះ​គួរ​តែ​មាន​ការ​បង្កើត​ច្បាប់​ស្ដីពី​ទំនាស់​ផល​ប្រយោជន៍ ដែល​ចែង​ឱ្យ​ច្បាស់​ពី​ប្រភេទ​ការងារ​ដែល​ត្រូវ​ហាម​ឃាត់​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ៖ «ឧបមា​ថា ឥលូវ​គាត់​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​គាត់​មាន​ងារ​ជា​ឧកញ៉ា។ គាត់​បោះបង់​ងារ​ឧកញ៉ា​ចោល ប៉ុន្តែ​សួរ​ថា គ្រាន់​តែ​បោះបង់​ងារ​ជា​ឧកញ៉ា​ហ្នឹង គាត់​នៅ​មាន​ឥទ្ធិពល​នៅ​ក្នុង​ជំនួញ​គាត់​ទៀត​ដែរ​ឬទេ? ចម្លើយ​ឆ្លើយ​ថា នៅ​តែ​មាន​អ៊ីចឹង មិន​មែន​មាន​ន័យ​ថា គ្មាន​​ជា​ឧកញ៉ា គាត់​មិន​អាច​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​បាន​ឯណា។ អ៊ីចឹង​ចំណុច​ហ្នឹង គេ​ត្រូវ​តែ​មាន​ច្បាប់​មួយ​និយាយ​ពី​ទំនាស់​ផល​ប្រយោជន៍។ បើ​ពួក​គេ​ចង់​រកស៊ី ឱ្យ​គេ​ទៅ​រកស៊ី​ទៅ តែ​បើ​ពួក​គេ​ចង់​ធ្វើ​ជា​មន្ត្រី​​ជាន់ខ្ពស់ មន្ត្រី​ដែល​​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​​អាវុធ ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកប​ជំនួញ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង់​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ហ្នឹង»

ងារ​ជា​ឧកញ៉ា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​ដល់​ជន​ណា​ដែល​មាន​អាជីវកម្ម​សុចរិត និង​មាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ដម្ភ ហើយ​បាន​បរិច្ចាគ​ទ្រព្យធន​របស់​ខ្លួន​ក្នុង​ការ​កសាង​ជាតិ និង​ជួយ​ដល់​ផ្នែក​មនុស្ស​ធម៌ ដោយ​មាន​ការ​ស្នើ​ពី​របប​ក្រុង​ភ្នំពេញ។ នៅ​ខែ​មីនា ឆ្នាំ២០១៧ របប​លោក ហ៊ុន សែន បាន​កំណត់​តម្លៃ​បរិច្ចាគ ៥០ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ងារ​ជា​ឧកញ៉ា ដែល​មុន​នេះ​មាន​តម្លៃ ១០ម៉ឺន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង បារម្ភ​ទឹកជំនន់​រៀងរាល់​ឆ្នាំ ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

$
0
0

ពលរដ្ឋ​រស់​ក្រុង​ស្ទឹង​ត្រែង បារម្ភ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដោយសារ​គ្រោះ​ទឹក​ជំនន់ អាច​នឹង​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ។ ពួកគេ​បាន​ទម្លាក់​កំហុស​បាតុភាព​នេះ​ ទៅ​លើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ងាយ​នឹង​កើត​មាន​គ្រោះ​ទឹក​ជំនន់។

ការ​បារម្ភ​នេះ​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ នៅ​រដូវ​វស្សា​ឆ្នាំ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ទូទាំង​ខេត្ត​ស្ទឹងត្រែង​ជាង ៦០០ពាន់​គ្រួសារ​ ក្នុង​នោះ​មាន​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ជាង​ ១ពាន់​ ៤០០គ្រួសារ​ បាន​ជម្លៀស​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង​ លោក​ ថាន​ ពៅ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ កញ្ញា​ថា ភូមិ​សាស្ត្រ​ក្នុង​ក្រុង​ស្ទឹងត្រែង​ ជា​តំបន់​ខ្ពង់រាប​ មាន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​មក​តាំង​ទីលំនៅ​ នៅ​តំបន់​ទំនាប ងាយ​នឹង​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេ​មេគង្គ​ និង​ទឹកភ្លៀង​ ក៏​ប៉ុន្តែ​នៅ​គ្រា ដែល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ បើក​បង្ហូរ​ទឹក​មួយ​កម្រិត​ទៀត​ គ្រោះ​មហន្តរាយ​នេះ​ នឹង​កើតមាន​កាន់តែ​ខ្លាំង​ឡើង។ លោក​ថា ទឹក​ជំនន់​ឆ្នាំនេះ​ កើត​មាន​ខុស​ធម្មតា​ និង​ស្រក​យឺតៗ ខុស​ប្លែក​កាល​ពី​មិន​ទាន់​មាន​ទំនប់​វារីអគ្គិសនី៖ «គ្រាន់​តែ​ពេល​មិន​ទាន់​ធ្វើ​ទំនប់​ហ្នឹង មិន​ទាន់​លិច​អ៊ីចឹង​ពេក​ទេ។ ពេល​ធ្វើ​ហើយ​អ៊ីចឹង លិច​ស្ទើរ​តែ​រាល់​ឆ្នាំ​ទៅ​វិញ នេះ​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ មាន​ការ​ភិតភ័យ និង​ព្រួយ​បារម្ភ ជាមួយ​បញ្ហា​គ្រោះ​ទឹក​ជំនន់។ មាន​ការ​ព្រួយ​បារម្ភ​ជាមួយ​ទឹក ធ្វើ​ឲ្យ​ទឹក​ធ្វើ​ឲ្យ​ខាតបង់​គ្រប់​បែប​យ៉ាង ជា​មួយ​ការងារ​រក​ស៊ី ដាំ​ដំណាំ និង​គាត់​លក់​ដូរ​នៅ​ផ្សារ​ធ្វើ​ឲ្យ​គាត់​បាត់បង់​ពេល​វេលា»

រយៈពេល​ជាង ១សប្ដាហ៍​ចុងក្រោយ​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង​ មាន​គ្រោះ​មហន្តរាយ​ ទឹកជំនន់​ទន្លេ​មេគង្គ​ បាន​ជន់​លិច​ស្រុក​/ក្រុង​ចំនួន៦ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៦០០ពាន់​គ្រួសារ (.១៣៣) និង​ស្រូវវស្សា​អស់​ជិត ៤.០០០​ហិកតារ (.៩៦៥) និង​ពលរដ្ឋ​ជាង ១ពាន់ ៤០០គ្រួសារ (.៤៦៦) ភៀសខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ គ្រោះ​ទឹក​ជំនន់​នេះ ពុំ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​នោះ​ទេ។ រីឯ​អាជ្ញាធរ​ខេត្ត និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ និង​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រង​គ្រោះ​មួយ​ចំនួន​ផង​ដែរ។

ឆ្លើយតប​រឿង​នេះ​ តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ លោក​ អ៊ុំ​ រ៉េ​ត អះអាង​ថា ​ក្រុមហ៊ុន​បាន​បើក​បង្ហួរ​ទឹក​ចេញពី​ផ្ទៃ​អាង​លក្ខណៈ​ធម្មជាតិ​ មិន​ប៉ះពាល់​លើ​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាង​ក្រោម​នោះ​ទេ។ លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បង្ហូរទឹក​ជិត​ ៥ពាន់​ម៉ែត្រ​គូប​ ក្នុង​វិនាទី​ ​(.៨១១២​m3​/s)ដែល​ជា​លំហូរ​បែប​ធម្មជាតិ៖ «អត់​ទៀង​ទេ មួយ​ថ្ងៃ​បើក​បិទ​មិន​ដឹង​ប៉ុន្មាន​ដង​ទេ តាម​រយៈ​ខ្សែ​ទឹក​វា​អត់​ទៀង ខ្សែ​ទឹក​ខាង​លើ និង​ខាង​ក្រោម​វា​អត់​ទៀង​ទេ។ ខ្សែ​ទឹក​ខាង​លើ និង​ខាង​ក្រោម​វា​អត់​ទៀង​ទេ។ លំហូរ​នេះ​វា​ហូរ​ធម្មជាតិ»»

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី​ លោក លាង ប៊ុនលាភ (3SPN Coordinator) ពន្យល់​ថា ជំនន់​ទឹក​ទន្លេ​មេគង្គ បូករួម​ទាំង​ការ​បើក​បង្ហូរ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​ផង​នោះ​ នឹង​ធ្វើ​ឱ្យ​ទឹកជន់​កាន់តែ​ខ្លាំង​ ប៉ះពាល់​ផ្ទះសម្បែង និង​សុខុមាលភាព​ពលរដ្ឋ។ លោក​ថា​ បាតុភាព​នេះ​ ជា​សញ្ញា​អវិជ្ជមាន​មួយ ពញ្ញាក់​ស្មារតី​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ឈប់​សាងសង់​ទំនប់​វារីអគ្គិសនី​ តាម​ដងទន្លេ​ទៀត​ និង​ត្រូវ​មាន​ជម្រើស​ផ្សេងៗ ដើម្បី​ផលិត​ថាមពល​រដ្ឋ​អគ្គិសនី៖ «រដ្ឋាភិបាល​ក្តី អ្នក​ពាក់ព័ន្ធ​ចូលរួម​ធ្វើ​គោល​នយោបាយ​ក្តី ជាពិសេស គោល​នយោបាយ​ខាង​អគ្គិសនី​ក្តី យើង​ទៅ​ប្រើ​លុយ​អស់​ជិត ១ពាន់​លាន​ហើយ បង្ក​ទុក​បង្ក​ភ័យ ដែល​យើង​មាន​ជា​រៀងរាល់​ឆ្នាំ។ ទុក​ភ័យ​នេះ​មិន​ប្រាកដ​ថា មាន​ឆ្នាំ​ហ្នឹង ឆ្នាំ​ក្រោយ​អត់​មាន​ទេ។ អ៊ីចឹង​វា​នៅ​តែ​បន្ត​ជា​រហូត ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​រអា និង​ទន្លេ សូឡា​ហ្នឹង​វា​ជួយ​រំដោះ​វិបត្តិ​ថាមពល​អគ្គិសនី​បាន ដោយសារ​សូឡា​ឥឡូវ​គុណភាព​ខ្ពស់។ ជា​ឧទាហរណ៍ សូឡា​នៅ បាវិត ១០គីឡូវ៉ាត់ យើង​ប្រើ​ទុន​អស់​តែ ១២លាន​ទេ (១២លាន​ដុល្លារ) បើ​ប្រៀបធៀប​សេសាន ៧០០ ទៅ ៨០០រយ​លាន បាន​តែ ៤៥០ មេហ្គាវ៉ាត់ ឃើញ​ថា តម្លៃ​ខុស​គ្នា​ពីរ​ដង»

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា ទំនប់​វា​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បើក​បង្ហូរ​ទ្វារ​ទឹក​បន្ថែម​ទៀត​ ចូល​ទន្លេ​សេកុង​ រួមផ្សំ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់​ខុសធម្មតា​នឹង​ធ្វើ​ឱ្យ​រួម​ខេត្ត​ស្ទឹងត្រែង​ទាំងមូល​ក្លាយ​ជា​ផ្ទៃ​អាង ឬ​ទឹក​ជំនន់​ធ្ងន់ធ្ងរ។

សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ឱ្យ​ដឹង​ទៀត​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​មិន​ត្រឹម​តែ​បង្ក​ប៉ះពាល់​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាង​ក្រោម​ទេ ពលរដ្ឋ​រស់​នៅ​ខ្សែ​ទឹក​ខាង​លើ​ ក្នុង​ឃុំ​តាឡាត​ ស្រុក​សេសាន​ ក៏​ធ្លាប់​ជួប​គ្រោះ​មហន្តរាយ​នេះ​ដែរ។ កាល​ពី​ឆ្នាំ២០១៨ ពលរដ្ឋ​ជាង ១ពាន់​គ្រួ​សរ​ រស់​នៅ​ឃុំ​តាឡាត​ជួប​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ ៣លើក​ជាប់​គ្នា និង​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ខ្វះ​ខាត​ស្បៀង។ បាតុភាព​នេះ ពួក​គេ​គេ​អះអាង​ថា ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​ ធ្វើ​ឱ្យ​ទឹក​ចាល​ឡើង​លិច​ភូមិ​កំណើត​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣ បដិសេធ​ចូល​រួម​កិច្ច​ពិភាក្សា​តាម​ការ​កោះ​ហៅ​ពី​របប​ក្រុង​ភ្នំពេញ

$
0
0

គណៈ​គ្រប់​គ្រង​អង្គការ លីកាដូ សមាគម​ធាង​ត្នោត​ និង​អង្គការ​តម្លាភាព​កម្ពុជា​បាន​បដិសេធ​ចូល​រួម​កិច្ច​ពិភាក្សា​ចង្អៀត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

នៅ​ក្នុង​លិខិត​របស់​អង្គការ លីកាដូ​ និង​ សមាគម​ធាង​ត្នោត​ចេញនៅថ្ងៃទី១០ កញ្ញាបាន​បញ្ជាក់​ថា​ ការ​មិន​ចូល​រួម​ប្រជុំ​សារ​ជា​ថ្មី​នេះ ដោយ​សារ​តែ​មិន​មាន​អ្វី​ត្រូវ​បកស្រាយ​ និង​ពន្យល់​បន្ថែម​ទៀត​ ហើយ​សូម​តម្កល់​នូវ​ការ​ពន្យល់​របស់​តំណាង​អង្គការ​ដែល​បាន​បកស្រាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ចង្អៀត​កាល​ពី​ថ្ងៃ​ទី៤ កញ្ញា​កន្លង​ទៅ។

ចំណែក​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើក​យក​ហេតុ​ផល​ថា​ ការ​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​គឺ​ដោយ​សារ​តែ​លោក ព្រាប កុល កំពុង​ជាប់​រវល់​បំពេញ​បេសកកម្ម​អន្តរជាតិ​នៅ​ទ្វីប​អឺរ៉ុប។

អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​កោះ​អញ្ជើញ​ដាច់​ដោយ​ឡែកៗ ពី​គ្នា​កោះ​ហៅ​គណៈ​គ្រប់គ្រង​អង្គការ លីកាដូ និង​ សមាគម​ធាង​ត្នោត​ឲ្យ​មក​ជជែក​រឿង​ស្ថានភាព​មីក្រូ​ហិរញ្ញវត្ថុ​បន្ទាប់​ពី​ការ​ជជែក​គ្នា​មិន​ដាច់​ស្រេច​កាល​ពី​សប្ដាហ៍​មុន។​ ចំណែក​ឯ​អង្គការ​តម្លាភាព​កម្ពុជា​ឲ្យ​មក​ពិភាក្សា​លើ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ចំណុច​ស្ដីពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ ដែល​ត្រូវ​ធ្វើ​សម្រាប់​កម្ពុជា» ដែល​កិច្ច​ប្រជុំ​នេះ​ធ្វើ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី១១ កញ្ញា។

ឆ្លើយ​តប​ចំពោះ​ការ​បដិសេធ​នេះ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​បាន​សំដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​ច្រាន​ចោល​ភាព​ជា​ដៃគូ​របស់​អង្គការ​ទាំង​បី គឺ​អង្គការ​តម្លាភាព​កម្ពុជា អង្គការ លីកាដូ និង​សមាគម​ធាង​ត្នោត តាម​រយៈ​កិច្ច​ប្រជុំ​សន្ទនា​ផ្ទៃ​ក្នុង​រវាង​ស្ថាប័ន​ជំនាញ​រដ្ឋាភិបាល។

របប​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អង្គការ លីកាដូ និង​សមាគម​ធាងត្នោត​ថា​​មិន​បាន​បង្ហាញ​នូវ​សុចរិត​ភាព​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​របាយការណ៍ ដែល​បាន​ចោទ​ប្រកាន់​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២លាន​នាក់​កំពុង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​នេះ​តែ​ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ថា តើ​នឹង​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​អង្គការ​សមាគម​ទាំង​បី​នេះ​ទៅ​ពេល​ខាង​មុខ៕

(គំនូស​បង្ហាញ​អំពី​វដ្ដបំណុល​នៃ​កម្ចី​ពី​មេក្រូ​ហិរញ្ញវត្ថុ)

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល និង​ពលរដ្ឋ​អាស៊ាន​ជួបពិភាក្សា​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌

$
0
0

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ប្រជា​សហគមន៍​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ ចំនួន​នៅ​ក្នុង ប្រទេស​របស់​ពួកគេ ដូចជា​ស្ថានភាព​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការ​ទទួល​បាន​យុត្តិធម៌​ជាដើម​។ ពួកគេ​រំពឹង​ទុក​ថា សំឡេង​នៃ​ក្ដី​កង្វល់​របស់​ពួកគេ​នឹង​លឺ​ដល់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ហើយ​នឹង​មាន​ការ​ដោះស្រាយ​ជា​វិជ្ជមាន។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនកុរណា មាន​ប្រសាសន៍ថា វេទិកា​ប្រជាពលរដ្ឋ និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​នេះ គឺជា​ការ​ផ្ដល់​ឱកាស​ឱ្យ​តំណាង​សង្គម​ស៊ីវិល និង​តំណាង​ប្រជា​សហគមន៍​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ បាន​លើកឡើង​ពី​ស្ថានភាព និង​បញ្ហា​ប្រឈម​ចម្បង​ៗ​ចំនួន ៧​ចំណុច ដែល​កើតឡើង​ថ្មីៗ ក្នុង​ប្រទេស​រៀងៗ​ខ្លួន ។ លោក​បញ្ជាក់​ថា បញ្ហា​ទាំង ៧​ចំណុច​នោះ​រួមមាន បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​យុត្តិធម៌ បញ្ហា​ការ​ប្រើប្រាស់​អំណាច​របស់​ក្រុមហ៊ុន​វិនិយោគ បញ្ហា​សន្តិភាព និង​បញ្ហា​ចំណាកស្រុក រួម​ទាំង​កិច្ចការពារ​ធនធានធម្មជាតិ​ជាដើម​។ លោក​រំពឹង​ថា បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ទាំងនេះ នឹង​មាន​ការ​យកចិត្ត​ទុក​ដាល់​ដោះស្រាយ​ពី​បណ្ដា​មេដឹកនាំ​អាស៊ាន«ខ្ញុំ​គិត​ថា បញ្ហា​ដែល​ត្រូវ​លើកឡើង​ហើយ​ត្រូវ​បាន​ប្រជាជាតិ​ដទៃ​ទៀត គេ​ដឹង​គេ​លឺ ដូច្នេះ​រដ្ឋាភិបាល​ចង់​មិន​ចង់ គឺ​បញ្ហា​ទាំងអស់​នេះ បើ​ដោះ​មិន​បាន​នឹង​ជៀស មិន​ផុត​ពី​ការ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​ទេ»

វេទិកា​ប្រជាពលរដ្ឋ និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​នេះ គឺជា​វេទិកា​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សង្គម​ស៊ីវិល មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​វេទិកា​នេះ តែងតែ​ប្រារព្ធ​ឡើង​ស្របគ្នា​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន។ ដោយសារតែ​ប្រទេស​ថៃ ត្រូវ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្រាប់​ឆ្នាំ​២០១៩ ដូច្នេះ​ហើយ​ទើប​វេទិកា​នេះ​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដែរ។

វេទិកា​នៅ​ឆ្នាំនេះ ប្រព្រឹត្តទៅ​រយៈពេល​៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ទី​១២ ខែ​កញ្ញា ក្រោម​ប្រធានបទ ជំរុញ​ចលនា​របស់​ប្រជាជន ដើម្បី​យុត្តិធម៌ សន្តិភាព សមភាព និរន្តរភាព និង​ប្រជាធិបតេយ្យ​នៅ​អាស៊ីអាគ្នេយ៍​។ តំណាង​អង្គការ​សង្គម​ស៊ីវិល​ស្ទើរ​គ្រប់​វិស័យ និង​តំណាង​ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​មកពី​ប្រទេស​កម្ពុជា​ចំនួន​ជាង​១០០​នាក់ បាន​ចូលរួម​ក្នុង​វេទិកា​នេះ។

នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ កញ្ញា សេង រាសី ថ្លែង​ថា ក្រោយពី​ជជែក​ពិភាក្សា​គ្នា​រួច ពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ​ដើម្បី​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​នៃ ប្រទេស​អាស៊ាន​ទាំងអស់ ឱ្យ​បន្ត​ដោះស្រាយ​នូវ​បញ្ហា​ដែល​ពួកគេ​បាន​លើក​ឡើង ដើម្បី​ផលប្រយោជន៍​សង្គមជាតិ និង​ប្រជាពលរដ្ឋ​។ កញ្ញា​បន្ត​ថា អ្វី​ដែល​កញ្ញា​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ដោះស្រាយ​បន្ថែម​ទៀត​នោះ រួមមាន ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ការ​ផ្តល់​តួនាទី​សម្រេចចិត្ត​ឱ្យ​ស្ត្រី​ឱ្យ​បាន​ច្រើន ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ធានា​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ជា​ដើម«ការ​ដែល​លើកឡើង និង​ក្ដី​កង្វល់​នេះ មិនមែន​យើង​ច្រានចោល​អ្វី​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ ដើម្បី​ឱ្យ​ការ​គិតគូរ​ក៏​ដូចជា​គោល​នយោបាយ នៃ​ច្បាប់​ផ្សេងៗ មាន​ការ​ឆ្លើយ​តប​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ គឺ​យើង​នៅ​តែ​ទទូច​លើកឡើង​អំពី​បញ្ហា​មួយ​ចំនួន។ការ​លើកឡើង​បញ្ហា​មិនមែន​មាន​ន័យ​ថា ធ្វើ​ឱ្យ​អ្នកណា​មួយ​បាក់​មុខ​ទេ តែ​យើង ចង់​មាន​ដំណោះស្រាយ​រួមគ្នា»

ឆ្លើយ​តប​ចំពោះ​ការ​លើ​ឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល មិន​ទទួលស្គាល់​ចំពោះ​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ គឺជា​ការអនុវត្ត​ច្បាប់ ។ លោក​បន្ត​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​គួរតែ​សំណូមពរ​ដល់​ក្រុម​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឱ្យ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​តាម​ការ​អំពាវនាវ​ពី​ខាងក្រៅ ដើម្បី​ចៀសវាង​ការ​ប្រឈម​ផ្លូវច្បាប់«យើង​ឃើញ​ក្ដី​កង្វល់​មួយ​ចំនួន គឺ​យើង​ទទួល​ស្គាល់ មួយ​ចំនួន​ត្រូវ​បាន​ដោះស្រាយ និង​មួយ​ចំនួន​ទៀត កំពុង​តែ​ដោះស្រាយ​ដូចជា​បញ្ហា​យេនឌ័រ និង​បទល្មើស​ព្រៃឈើ​ជាដើម។ ប៉ុន្តែ​ក្តី​កង្វល់​មួយ​ទៀត​ដែល​ជា​រឿង​នយោបាយ​សុទ្ធសាធ​នោះ ប្រហែល​ជា​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ការ​ដោះស្រាយ​តាម​សំណើ​របស់​ពួកគេ​បាន​ទេ»

នៅមុន​ការរៀបចំ​វេទិកា​ប្រជាពលរដ្ឋ និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​នេះ​មួយថ្ងៃ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ​ថា ស្ថានភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ ក្រោម​ការដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ​រយៈពេល​កន្លងមក ជាពិសេស ក្រោយ​ការបោះឆ្នោត​២០១៨ មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ។ ក្រុម​សង្គម​ស៊ីវិល​បន្ត​ថា សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួនឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួកគេ​ផង​ដែរ​។​

ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ដែរ សមាជិកសភា​អាមេរិក នៃ​ក្រុម​អ្នកគាំទ្រ​កម្ពុជា​ក្នុង​រដ្ឋសភា (the Congressional Cambodia Caucus) និង​គណៈកម្មការ​សិទ្ធិមនុស្ស ថម ឡែនថុស (Tom Lantos Human Rights Commission) រៀបចំ​សវនាការ​មួយ នៅ​ថ្ងៃ​ទី១១ ខែ កញ្ញា​នេះ រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ស្ដាប់​សក្ខីកម្ម ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស រួម​ទាំង​សិទ្ធិ​ការងារ​ផង​។ សាក្សី​ដែល​ធ្វើ​សក្ខីកម្ម​មាន​ប្រាំ​មួយ​រូប រួមមាន​លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (Central) និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ (CCIM)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live