Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ការ​សាងសង់​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​មាន​គុណភាព​នឹង​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​មាន​ប្រសិទ្ធភាព

$
0
0

ម៉ាស៊ីន​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ត្រូវការ​ថាមពល​អគ្គិសនី​ខ្លាំង។ រដ្ឋាភិបាល​រំពឹង​ថា ការ​សាងសង់​រោងចក្រ​អគ្គិសនី និង​ទំនប់​វារីអគ្គិសនី នឹង​អាច​ជួយ​ផ្សែផ្សំ​គ្នា​បង្កើត​អគ្គិសនី​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រទេស​កម្ពុជា។ អ្នក​ជំនាញ​ពន្យល់​ថា ក្រៅ​ពី​ផលិត​បាន​ថាមពល​អគ្គិសនី បញ្ហា​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ក៏​ជា​កិច្ចការ​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ដាក់។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ជា​ស្ថាប័នរដ្ឋ​ទទួល​បន្ទុក​កិច្ចការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា ត្រូវការ​ថាមពល​អគ្គិសនី ២.២៨៣​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០១៨ ហើយ​តម្រូវការ​នឹង​កើន​ដល់ ២.៧៧០​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០២០។

CDC បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ថាមពល​នៅ​ពេល​បច្ចុប្បន្ន មិន​អាច​បំពេញ​តម្រូវការ​មូលដ្ឋាន​បាន​ទេ ហើយ​ការ​ផ្គត់ផ្គង់​អគ្គិសនី ២៤​ម៉ោង មិន​ទាន់​អាច​ធានា​បាន ចំណែក​គុណភាព​អគ្គិសនី​វិញ ក៏​មិន​ទាន់​អាច​ជឿជាក់​បាន​នៅ​ឡើយ។

​របាយការណ៍​វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្សាយ​ដោយ​អាជ្ញាធរ​អគ្គិសនី​កាល​ពី​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ត្រឹម​ចុង​ឆ្នាំ​២០១៥ មាន​អ្នក​ប្រើប្រាស់​អគ្គិសនី​ចំនួន​ប្រហែល​ជិត ១,៩​លាន (១.៨៥៩.២០៥) ដែល​ចំនួន​នេះ​បាន​កើន​ឡើង ៣០​ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ អ្នក​ប្រើប្រាស់​ជាង ៩៩​ភាគរយ ទទួល​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ប្រព័ន្ធ​បណ្ដាញ​ជាតិ។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា គូស​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ជាតិ (National Grid) បាន​កាត់​​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផ្គត់ផ្គង់ និង​ចុះថ្លៃ​លក់​អគ្គិសនី​ជា​បន្តបន្ទាប់​ដល់​អ្នក​ប្រើប្រាស់។
ខណៈ​សេដ្ឋកិច្ច​កម្ពុជា កំពុង​បន្ត​ស្ទុះ​ឡើង តម្រូវការ​ថាមពល​អគ្គិសនី​ក៏​កើន​ឡើង​ខ្លាំង។ ក៏​ប៉ុន្តែ តម្លៃ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា ថ្លៃ​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង។ បញ្ហា​នេះ​ជា​ឧបសគ្គ​សម្រាប់​ការ​ផលិត​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ ដោយសារ​ថ្លៃ​ដើម​ផលិត​មាន​តម្លៃ​ថ្លៃ​ជាង​គូប្រកួត​ប្រជែង។

ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល ពី​ភ្នំពេញ ទៅ​បាវិត ប្រវែង ១៦០​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។ គម្រោង​នេះ មាន​តម្លៃ ៧៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ បញ្ជាក់​កាល​ពី​ពេល​សម្ពោធ​ថា ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​បញ្ជូន​អគ្គិសនី ១៥០​គីឡូវ៉ាត់ នៅ​ឆ្នាំ​ដំបូង និង​កើន​សមត្ថភាព​ទ្វេ​ដង​នៅ​ពេល​អនាគត។ ​លោក​បញ្ជាក់​ថា គម្រោង​នេះ​មាន​សារសំខាន់​ដើម្បី​ធានា​ពី​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដោយ​អាច​ជឿ​ទុក​ចិត្ត​បាន មាន​គុណភាព ស្ថិរភាព និង​និរន្តរភាព​នៅ​តាម​តំបន់​ដែល​ប្រព័ន្ធ​ឆ្លង​កាត់។

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​កាល​ពី​ដើម​ខែ​មេសា ថា ប្រទេស​កម្ពុជា មាន​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង ១១៥​គីឡូវ៉ុល និង ២៣០​គីឡូវ៉ុល ដែល​មាន​ប្រវែង​សរុប ១.៥២៥​គីឡូម៉ែត្រ។ លោក​បន្ថែម​ថា ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឆ្នាំ​២០១៦ មាន ២.០០៨​មេហ្គាវ៉ាត់ ដោយ​ភ្លើង ១.៥៩២​មេហ្គាវ៉ាត់ បាន​មក​ពី​ទំនប់​វារីអគ្គិសនី រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​អគ្គិសនី​ដំណើរ​ការ​ដោយ​ប្រេងឥន្ធនៈ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ផ្ទាំង​ពន្លឺ​ព្រះអាទិត្យ ឬ​សូឡា ហើយ​ចំនួន ៤១៦​មេហ្គាវ៉ាត់ បាន​មក​ពី​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ។

លោក ស៊ុយ សែម បញ្ជាក់​ថា ការ​អភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី និង​ប្រព័ន្ធ​ខ្សែ​បណ្ដាញ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី គឺ​ជា​ធាតុ​សំខាន់ សម្រាប់​រុញ​សន្ទុះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

នៅ​ខែ​មេសា នេះ ក្រុមហ៊ុន​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជប៉ុន ធី.ធី. (T.T. Network Infrastructure Japan) ដែល​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ទេបកូ (TEPCO=Tokyo Electric Power Co. Holdings) និង​ក្រុមហ៊ុន​តូហ្ស៊ិបា (Toshiba) ប្រកាស​ពី​ការ​វិនិយោគ​ការ​ដំឡើង​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា។  គម្រោង​នេះ​​ដំណើរការ និង​ថែរក្សា​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​តុងស្យុង ២៣០​គីឡូវ៉ុល ដែល​មាន​ប្រវែង ១៣០​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​រោងចក្រ​អគ្គិសនី​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា មក​រាជធានី​ភ្នំពេញ។ ការ​វិនិយោគ​នេះ មាន​តម្លៃ ១៤,៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ជប៉ុន​នេះ មើល​ឃើញ​ថា ការ​ដំឡើង​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា កំពុង​រីក​ដុះដាល​ចំ​ពេល​ដែល​តម្រូវការ​ថាមពល​អគ្គិសនី​កើន​ឡើង​ខ្ពស់​ស្រប​នឹង​កំណើន​សេដ្ឋកិច្ច។ គម្រោង​វិនិយោគ​ដែល​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧  ក៏​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី ចូល​រួម​ដែរ។

​គេ​រំពឹង​ថា គម្រោង​រយៈពេល ២៥​ឆ្នាំ នឹង​ផ្ដល់​សេវា​គុណភាព​ខ្ពស់​ដោយ​កាត់​បន្ថយ​ការ​បាត់បង់​អគ្គិសនី​ពេល​បញ្ជូន។

​ថ្មី​នេះៗ ក្រុមហ៊ុន​ថាមពល​របស់​ជប៉ុន កំពុង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ កាល​ពី​ខែ​កុម្ភៈ មុន ក្រុមហ៊ុន​តូហ្ស៊ិបា ផ្លែនត៍ ស៊ីស្ទែមស៍ អែន ស៊ឺវីសស៍ (Toshiba Plant Systems and Services Corporation) បាន​សិទ្ធិ​កសាង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​កម្លាំង ១៥០​មេហ្គាវ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ។

ខែ​មេសា នេះ​ដែរ ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ម៉ាឡេស៊ី  ឈ្មោះ​ផេសតិក (Pestech [Cambodia] Ltd) ទទួល​បាន​កុងត្រា​តម្លៃ ១០០​លាន​ដុល្លារ ដើម្បី​សាងសង់​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​ប្រវែង ២២០​គីឡូម៉ែត្រ តង់ស្យុង ២៣០​គីឡូវ៉ុល ភ្ជាប់​ពី​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ ក្នុង​ខេត្ត​កោះកុង មក​កាន់​ក្រុង​ភ្នំពេញ។

​ក្រុមហ៊ុន​នេះ​ទទួល​បាន​កុងត្រា​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​អាឡិច ខបផូរ៉េសិន (Alex Corporation)  ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​អនុញ្ញាត​សាងសង់​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី។

រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៧ បាន​ចេញ​ផែនការ​ស្ដីពី​ការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​កម្ពុជា រយៈពេល ១៣​ឆ្នាំ (២០០៨ -​២០២០)។ ផែនការ​នេះ ព្យាករ​ថា តម្រូវ​ការ​ថាមពល​នឹង​បន្ត​កើន​ឡើង​ខ្លាំង​រហូតដល់​ឆ្នាំ​២០២០។ តាមរយៈ​ផែនការ​នេះ អគ្គិសនី​កម្ពុជា នឹង​ប្រឹង​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន ១០០​ភាគរយ​នៅ​គ្រប់​ភូមិ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២០។

ត្រឹម​ឆ្នាំ​២០២០ នេះ​ដែរ ផែនការ​នេះ​គឺ​ដាក់​ទិសដៅ​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​៨ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ចំនួន​៣។ រដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​ថាមពល​អគ្គិសនី ៣.៥៧៦​មេហ្គាវ៉ាត់ ប្រសិនបើ​ផែនការ​នេះ​ធ្វើ​បាន​សម្រេច។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ការពារ​បរិស្ថាន អ្នក​ស្រាវជ្រាវ​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ជា​រឿយៗ​លើក​ឡើង​ពី​ការ​ខ្វះខាត​របស់​រដ្ឋាភិបាល ក្នុង​ការ​ពិនិត្យ​តាមដាន​ឲ្យ​ម៉ត់ចត់​ពី​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​បណ្ដាល​មក​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។

ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ឈ្មោះ ជេនណឺរ៉ល អេឡិចទ្រីក (General Electric) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ថា វិស័យ​អគ្គិសនី​នៅ​កម្ពុជា  ត្រូវ​ការ​ផ្ដោត​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពេញលេញ​ពី​ទំនប់​វារីអគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​ប្ដេជ្ញា​សម្រេច​ផែនការ​ឆ្នាំ​២០២០ មែន​នោះ។ បច្ចេកវិទ្យា​ទំនើប នឹង​ជួយ​បញ្ចុះ​ថ្លៃ​អគ្គិសនី ព្រម​ទាំង​កាត់​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន ដោយសារ​ទំនប់​វារីអគ្គិសនី និង​រោងចក្រ​អគ្គិសនី។

​ក្រៅ​ពី​នេះ General Electric ផ្តល់​យោបល់​ថា ការ​បញ្ជូន​ថាមពល​អគ្គិសនី​ឲ្យ​មាន​ភាព​ជាប់​លាប់​ក៏​មាន​សារសំខាន់ ហើយ​ការ​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ដែល​មាន​គុណភាព​អាច​ជួយ​ប្រែក្លាយ​សមត្ថភាព​កម្ពុជា ឲ្យ​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ និង​ជឿជាក់​បាន​ដល់​ប្រជាជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ដែល​មិន​ដោះស្រាយ​ជម្លោះ​ដី​ពលរដ្ឋ

$
0
0

ពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រិះគន់​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្ត​កំពង់ឆ្នាំង ជុំវិញ​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​រវាង​ចៅ​អធិការ​វត្ត និង​ពលរដ្ឋ។ ពលរដ្ឋ​ចោទ​ថា ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាត់ បាន​កាប់​បំផ្លាញ​ដំណាំ និង​ដើម​ត្នោត​ជា​ច្រើន​ដើម​លើ​ដី​ដែល​គាត់​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ដើម្បី​ចាក់​ដី​ព័ទ្ធ​របង​រំលោភ​យក​ធ្វើ​ជា​ដី​វត្ត។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង រិះគន់​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្នារឆ្មារ មេ​ឃុំ និង​អាជ្ញាធរ​ស្រុក​សាមគ្គីមានជ័យ ក្រោយ​រក​ឃើញ​ថា ភាគី​ចៅអធិការ​វត្ត​បឹងខ្នារ នៅ​បន្ត​សកម្មភាព​កាប់​បំផ្លាញ និង​ចាក់​អាចម៍​លើ​ដី​មាន​ជម្លោះ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ទប់ស្កាត់។ ការ​បណ្ដោយ​ដូច្នេះ ស្មើ​នឹង​មិន​បញ្ឈប់​បទល្មើស ឬ​ការពារ​ប្រយោជន៍​ពលរដ្ឋ។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ លោក សៅ ភារៈ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា បន្ទាប់​ពី​ចុះ​អង្កេត​ពីរ​លើក​លើ​ករណី​នេះ​ឃើញ​ថា ភស្តុតាង​ដូច​ជា​ភ្លឺស្រែ និង​ដើម​ត្នោត​ដុះ​ជា​ជូរ​តាម​ព្រំ​របង ប៉ុន្តែ​ដើម​ត្នោត​ទាំង​នេះ ត្រូវ​ភាគី​ចៅអធិការ​ដឹកនាំ​នេនៗ​កាប់​រំលំ និង​ដុត​ចោល។ ភាគី​ពលរដ្ឋ​បាន​ចូល​កាន់​កាប់​ដី​តាម​របៀប​ភោគៈ ដោយ​មាន​អ្នក​ភូមិ​ធ្វើ​ជា​សាក្សី ដូច្នេះ​សមត្ថកិច្ច​គួរ​អន្តរាគមន៍​រឿង​នេះ៖ «ក្នុង​ករណី​នេះ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តួនាទី​របស់​ខ្លួន ក្នុង​ការ​ជួយ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ ហើយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ហ្នឹង​កើត​ឡើង​បន្ត​ទៀត»

ទាក់ទង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ លោក ឈឹម សំអាត ប្រកែក​ថា លោក​មិន​បាន​ដឹង​សកម្មភាព​បំផ្លាញ​ដំណាំ និង​ដើម​ត្នោត​នេះ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​ដែល​មក​ប្ដឹង​លោក​ដែរ។

ចំណែក​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ថ្លែង​យ៉ាង​ខ្លី​ថា ដី​ដែល​កំពុង​មាន​ជម្លោះ គឺ​គ្មាន​ម្ចាស់​ឡើយ​ដោយ​ភាគី​ពលរដ្ឋ​ពុំ​មាន​លិខិត​កាន់កាប់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ណា​ទាំង​អស់។ ក្នុង​រឿង​នេះ លោក​ថា អស់​លទ្ធភាព​សម្រេច​ហើយ ព្រោះ​ភាគី​ចៅអធិការ​វត្ត​បាន​ធ្វើ​របាយការណ៍​មួយ​ទៅ​ក្រសួង​ធម្មការ ដើម្បី​ដោះស្រាយ​បន្ត ព្រោះ​វា​ពាក់ព័ន្ធ​ដី​វត្ត និង​សាធារណៈ​របស់​រដ្ឋ៖ «បុគ្គល​ម្នាក់​អាច​ចង្អុល​ដី​ណា​ថា ជា​ដី​របស់​ខ្លួន​ក៏​បាន​ដែរ​មែន​ទេ? បើ​សិន​អត់​មាន​លិខិត​កាន់កាប់ អត់​មាន​ដឹង​ទំហំ អត់​មាន​អ្នក​ណា​ទទួល​ស្គាល់ អ៊ីចឹង​មួយ​ប្រទេស​យើង​មាន​បញ្ហា​អ៊ីចឹង​ទាំង​អស់​គ្នា​មែន​ទេ? សូម​ឲ្យ​មាន​ច្បាប់​មាន​ទម្លាប់​បន្តិច​ទៅ យ៉ាង​ហោច​ណាស់​មាន​លិខិត​ទទួល​ស្គាល់​ពី​ឃុំ​អ៊ីចឹង​ទៅ»

ទោះ​ជា​យ៉ាង​ណា ភាគី​ពលរដ្ឋ​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ទំហំ​ជិត ១​ហិកតារ លោកស្រី អ៊ុន សំរេច ថា​ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាត់ បាន​រៀបចំ​ដី​វត្ត​ប៉ះពាល់​ដល់​ដី​ស្រែ​ពលរដ្ឋ ៤​គ្រួសារ​ផ្សេង​ទៀត ប៉ុន្តែ​មាន​តែ​គ្រួសារ លោកស្រី​ប៉ុណ្ណោះ​ដែល​ហ៊ាន​ចេញ​មុខ​ប្ដឹង​តវ៉ា​ករណី​រំលោភ​បំពាន​នេះ។ ចាប់​តាំង​ពី​ពេល​មាន​រឿង​ក្នុង​ខែ​មករា ឆ្នាំ​២០១៧ មក គ្រួសារ​លោកស្រី​បាន​ប្ដឹង​ទៅ​មន្ទីរ​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ជា​ច្រើន​ទៀត ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ ឬ​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​នេះ​បាន​នៅ​ឡើយ​ទេ៖ «ឪពុក​ម្ដាយ​ខ្ញុំ បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក អត់​ដែល​អី​សោះ។ សូម​ឲ្យ​ក្រសួង​យុត្តិធម៌​ចុះ​មក​មើល​ជាក់​ស្ដែង ហើយ​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ​ផង បើ​ខាង​ខ្ញុំ​ចេះ​តែ​ទទួល​រង បើ​ទៅ​ពឹង​ខាង​ច្បាប់​ខាង​ច្បាប់​គេ​អត់​ដោះស្រាយ​ឲ្យ អ៊ីចឹង​ខ្ញុំ​ប្រជារាស្ត្រ​មិន​ដឹង​ទៅ​ពឹង​អ្នក​ណា​ទៀត»

កំណត់ហេតុ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ របស់​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា បង្ហាញ​ថា ស្ថានភាព​ដី​ជាក់​ស្ដែង​ជា​ប្រភេទ​ដី​ចំណី​បឹង ហើយ​ភាគី​ទាំង​សង​ខាង​សុទ្ធតែ​អះអាង​ថា ជា​ដី​របស់​ខ្លួន។ ក្នុង​នោះ​លោក​ស្នើ​ឲ្យ​ភាគី​ទាំង​ពី​អនុវត្ត​បី​ចំណុច ទី​១ ចៅអធិការ​ត្រូវ​បញ្ឈប់​ការ​កាប់​រាន និង​ចាក់​ដី​លើ​ទីតាំង​ដែល​ភាគី​ពលរដ្ឋ​អះអាង​ថា ជា​ដី​របស់​គាត់​ជា​បណ្ដោះអាសន្ន។ ចំពោះ​ទីតាំង​ផ្សេង​លោក​អាច​ចាក់​ដី​សម្អាត​វត្ត​បាន។ ទី​២ ភាគី​ទាំង​ពីរ​អាច​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់ ឬ​ប្ដឹង​ទៅ​តុលាការ។ ទី​៣ សូម​ឲ្យ​មាន​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​ជា​ថវិកា​ដែល​ជា​ការ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីត​ពលរដ្ឋ​បុរីកីឡា​ទាមទារ​ដំណោះស្រាយ​បន្ថែម​ពី​ស្ថាប័ន​រដ្ឋ​ចំនួន​៤

$
0
0

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំបាត លើក​គ្នា​ប្រមាណ ៣០​នាក់ មក​ទាមទារ​ឲ្យ​រដ្ឋ​សភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​សាលាក្រុង​ភ្នំពេញ ផ្ដល់​ដំណោះស្រាយ​បន្ថែម​ដល់​ពួកគេ។ ប៉ុន្តែ​ចម្លើយ​ត្រឡប់​របស់​មន្ត្រី​ស្ថាប័ន​ទាំង​នោះ​មិន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ក្រុម​ពលរដ្ឋ​ឡើយ។

ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ទីតាំង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​សង់ផ្ទះ​មួយ​ល្វែង​សម្រាប់​មួយ​គ្រួសារ រួម​ទាំង​ផ្ដល់​ថវិកា ៥​ពាន់​ដុល្លារ។ ចំណុច​ទី​២ ផ្ដល់​ប្រាក់ ១​គ្រួសារ​មួយ​ម៉ឺន​ដុល្លារ និង​ត្រូវ​រៀបចំ​តំបន់​ភ្នំបាត ឡើង​វិញ។

តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី ខៀវ ឡៃ រំពឹង​ថា ស្ថាប័ន​រដ្ឋ​ដែល​ក្រុម​ពលរដ្ឋ​សុំ​អន្តរាគមន៍​គិតគូរ​ដល់​ពលរដ្ឋ ព្រោះ​ពួកគេ​កំពុង​រស់​នៅ​ភ្នំបាត គ្មាន​មុខ​របរ ផ្ទះសំបែង​ត្រឹមត្រូវ៖ «»។

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំ​បាត បញ្ជាក់​មូលហេតុ​នៃ​ការ​ចេញ​មក​ទាមទារ​សំណង​បន្ថែម​ថា សាលាក្រុង​ភ្នំពេញ យក​ពួកគេ​ទៅ​ចាក​ចេញ​មិន​គិតគូរ​រហូត​ធ្វើ​ពួកគេ​ធ្លាក់​ខ្លួន​ដើរ​សុំទាន រើស​អេតចាយ ហើយ​នារីៗ​ដាច់​ចិត្ត​កាត់សក់​របស់​ខ្លួន​លក់។

រី​ឯ​តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា ម្នាក់​ទៀត លោកស្រី គឹម សារ៉ាន  ដែល​បាន​ជួប​មន្ត្រី​សាលា​រាជធានី​ឲ្យ​ដឹង​ថា គ្មាន​មន្ត្រី​ស្ថាប័ន​ណា​មួយ​ផ្ដល់​ចម្លើយ​ដល់​ពួកគេ​សង្ឃឹម​បាន​ទេ។ លោកស្រី​ព្រមាន​ថា បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ក្រុម​ពលរដ្ឋ​នឹង​នាំ​គ្នា​សុំ​អន្តរាគមន៍​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​បន្ត​ទៀត រហូត​បាន​សំណង​បន្ថែម​ទើប​ពួកគេ​បញ្ឈប់​សកម្មភាព៖ «»។

​កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​បុរីកីឡា ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex)។ ក្រុមហ៊ុន​នេះ​បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន ៣៨៤​គ្រួសារ ដើម្បី​យក​ដី​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន​នេះ​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​សាងសង់​អគារ​ចំនួន​១០ ជា​ការ​ដោះដូរ​ជូន​ពលរដ្ឋ។ ទី​បំផុត ក្រុមហ៊ុន​នេះ​សាងសង់​តែ ៨​អគារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​សំណង​សមរម្យ។ ក្រោយ​មក ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ដាក់​នៅ​ឯ​ទួលសំបូរ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ទៅ​ដាក់​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

​ឆ្លើយ​តប​ការ​ទាមទារ​នេះ អភិបាល​រង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ថា សាលាក្រុង​គ្មាន​គម្រោង​ផ្ដល់​សំណង​បន្ថែម​ណា​មួយ​ដល់​អតីត​ពលរដ្ឋ​បុរីកីឡា ទាំង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា មន្ត្រី​សាលាក្រុង​ភ្នំពេញ នឹង​ចុះ​ដល់​តំបន់​ភ្នំ​បាត ក្នុង​ពេល​ណា​មួយ​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ មុន​នឹង​ឈាន​ដល់​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន រួម​មាន ផ្លូវ ទឹក ភ្លើង ដល់​ពួកគេ៖ «»។

​ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា ជា​គោលការណ៍ ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា និង​រដ្ឋាភិបាល​ត្រូវ​ធានា​ផ្ដល់​ការ​ខូចខាត​សមស្រប​ទៅ​នឹង​ការ​បាត់បង់​របស់​ពលរដ្ឋ៖ «»។

​ក្នុង​សន្និសីទ​សា​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថា លោក​មិន​ជឿ​ថា អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំ​បាត ធ្លាក់​ខ្លួន​ដើរ​សុំ​ទាន រើស​អេតចាយ​នោះ​ទេ។ ក្រុម​ពលរដ្ឋ​ថា បើ​សាលាក្រុង​មិន​ជឿ អាច​ចុះ​ទៅ​អង្កេត​ដល់​កន្លែង​ពួកគេ​រស់​នៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​សភា​បញ្ជូន​លិខិត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កោះ​ហៅ​អ្នកស្រី ភឿង សកុណា

$
0
0

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កោះ​ហៅ​ឲ្យ​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ដើម្បី​សាកសួរ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា។

លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នេះ​យោង​តាម​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​សំណើ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ខែត្រ​សៀមរាប និង​ខែត្រ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រគល់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រសួង​វប្បធម៌ គ្រប់គ្រង​នោះ គឺ​ការងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​ដែល​មាន​សំណង់​បុរាណ រួម​ទាំង​ការ​ចំណាយ​គ្មាន​តម្លាភាព​លើ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​២០១០ មក។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​បាន​ប្រើប្រាស់​អំណាច​ដោយ​បំពាន​ក្នុង​ការ​ជំរិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ តាម​រយៈ​ចុះ​ទៅ​រុះរើ​សំណង់​បន្តិចបន្តួច​របស់​ប្រជាពលរដ្ឋ មាន​ដូចជា ទ្រុង​មាន់ បង្គន់ ឬ​របង​ជា​ដើម ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​ហើយ​ក៏ដោយ ក៏​មន្ត្រី​ទាំង​នោះ​ទាមទារ​ឲ្យ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​រាប់​រយ​ដុល្លារ មុន​នឹង​គេ​សន្យា​ថា នឹង​មិន​ទៅ​រំខាន​ពេល​សាងសង់​តិចតួច​នោះ។ ចំពោះ​តំបន់​មិន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា​បែរ​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​បេតុង​តូច​ធំ​ព្រោងព្រាត។

​លោក សុន ឆ័យ បាន​ដាក់​សំណួរ​ថា តើ​លោក​ជំទាវ​រដ្ឋមន្ត្រី​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​មន្ត្រី​ខិលខូច​ទាំង​នោះ? តើ​នឹង​រៀបចំ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​អាច​សាងសង់​សំណង់​ស្រាល​បាន​ដោយ​របៀប​ណា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មន្ត្រី​ខិលខូច​តាម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ទៀត​បាន?

របាយការណ៍​ដែល​អាជ្ញាធរ​អប្សរា​ផ្ដល់​ជូន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​ចំណាយ​លើ​ការងារ​តាំង​ពី​ឆ្នាំ​២០១០ មក គឺ​នៅ​ឆ្នាំ​២០១០ ចំណាយ​ជាង ១៥​លាន​ដុល្លារ មក​ដល់​ឆ្នាំ​២០១៤ ជាង ២៥​លាន​ដុល្លារ តែ​ពុំ​មាន​របាយការណ៍​ចំណាយ​ជាក់ស្ដែង​នោះ​ទេ។

ចំពោះ​ចំណូល​វិញ អាជ្ញាធរ​បាន​ជួល​ដី​ដែល​រឹប​អូស​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​មាន​ដី​ចំនួន ២៣​ហិកតារ ជួល​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ក្នុង​តម្លៃ ៩,៦៦​លាន​ដុល្លារ រយៈពេល ៩៩​ឆ្នាំ។ ការ​ជួល​ដី​ឃុបឃិត​គ្នា​ក្នុង​តម្លៃ​ថោក​ដែល​ចម្លែក​យ៉ាង​នេះ​ក្ដី តាម​របាយការណ៍ អាជ្ញាធរ​នេះ​ទើប​ទទួល​បាន​ប្រមាណ ២​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​បង់​ចូល​ថវិកា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Freedom House៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០១៧

$
0
0

អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ពុំ​មាន​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ចំណោម​ប្រទេស ចំនួន​៤០​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នេះ។ ប្រតិកម្ម​នឹង​ការ​ចោទ​ប្រ​ប្រកាន់​នេះ ទាំង​មន្ត្រី​​ក្រសួង​ព័ត៌មាន និង​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នេះ ចេះ​តែ​វាយ​ប្រហារ​ប្រទេស​កម្ពុជា​ទាំង​បិទ​ភ្នែក។

បើទោះ​ជា​បែប​ណា អង្គការ​អន្តរជាតិ​ដែល​លើក​កម្ពស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ ចាត់​ទុក​កម្ពុជា ថា​ជា​ប្រទេស​ដែល​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល ថា​សេរីភាព​សារព័ត៌មាន​អាច​នឹង ងើប​ឡើង ឬ​ធ្លាក់​ ដ្បិត​អង្គការ​នេះ​​ ចោទ​ប្រកាន់​ថា​លោក ហ៊ុន សែន បាន​រក​មធ្យោបាយ​គ្រប់​វិធី​ក្នុង​ការ​បង្ក្រាប​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​ត្រូវ​ចុះ​ខ្សោយ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​មេសា​នេះ ដោយ​អង្គការ Freedom House បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លេខរៀង​ទី ៣៣ ក្នុង​ចំណោម​ប្រទេស​ទាំង៤០​នៅ​អាស៊ី-ប៉ាស៊ីហ្វិក និង​លេខ​រៀង​១៥២ ក្នុង​ចំណោម​ប្រទេស​ទាំង ១៥៨​នៅ​លើ​ពិភព​លោក​ថា ជា​ប្រទេស​ដែល​ពុំ​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ទាល់​តែ​សោះ។ ប៉ុន្តែ របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ជើង​មេឃ​ខ្មៅ​ងងឹត​រក​ឃើញ​ថា សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ Online នៅ​មាន​លក្ខណៈ​គ្រាន់​បើ​ខ្លះ។

ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹមសេង យល់​ឃើញ​ថា ការ​វាយ​តម្លៃ​ពី​ស្ថានភាព​នៃ​វិស័យ​សារព័ត៌មាន​ដោយ​អង្គការ Freedom House នេះ​គឺ​មិន​ត្រឹមត្រូវ និង​ពុំ​អាច​ទទួល​យក​បាន​ថែម​ទៀត​ផង។ លោក​បន្ត​ថា កម្ពុជា​បាន​បើក​ទូលាយ​ក្នុង​លំហ​នៃ​សេរីភាព​សារព័ត៌មាន តាមរយៈ​បើក​ឲ្យ​មាន​ព្រឹត្តិបត្រ ទូរទស្សន៍ និង វិទ្យុ​ជាដើម ដែល​បម្រើ​ឲ្យ​ការ​ផ្សព្វផ្សាយ​បាន​ដោយ​សេរី៖ «ខ្ញុំ​មិន​យល់​ឃើញ​ដូច​គាត់​និយាយ​ពាក្យ​ថា​មិន​មាន​ទាល់​សោះ គាត់​មិន​បាន​មើល​ឲ្យ​គ្រប់​ជ្រុង​នៅ​កម្ពុជា។ ដោយ​សារ​អី​ដោយ​សារ​បណ្ដាញ​ព័ត៌មាន​ទាំងអស់​ជា​ពិសេស​បណ្ដាញ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ដូច​អាស៊ី​សេរី​ជា​ដើម​អ៊ីចឹង​គឺ​គាត់​ធ្វើ​ការ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​បាន​ធ្វើ​ហើយ​គ្មាន​អី​រារាំង​ផង»

យ៉ាង​នេះ​ក្ដី អង្គការ Freedom House រក​ឃើញ​ថា ឆ្លង​កាត់​ការ​បាត់បង់​ប្រជាប្រិយភាព​នៃ​សន្លឹក​ឆ្នោត កាល​ពី​ឆ្នាំ២០១៣​កន្លង​ទៅ ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​សប្បាយ​ចិត្ត និង​ប្រើ​គ្រប់​វិធី​ដើម្បី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ចុះ​ខ្សោយ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ក្នុង​ពេល​ខាង​មុខ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ប្រតិកម្ម​ថា ជា​របាយការណ៍​បម្រើ​ឲ្យ​បក្ស​ប្រឆាំង និង​មាន​ភាព​លម្អៀង​តែ​ម្ខាង​រួច​ជា​ស្រេច​ទៅ​ហើយ។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​បាន​ផ្ដល់​សិទ្ធិ​យ៉ាង​ទូលំទូលាយ តាមរយៈ​សេរីភាព​សារព័ត៌មាន​នេះ ជា​ពិសេស​មុន​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​នានា ពុំ​ដែល​ត្រួតពិនិត្យ​ជា​មុន​ថែម​ទៀង​ផង។ លោក​បន្ត​ថា៖ «ម៉េច​ទៅ​ចុះ​ផ្សាយ​រាល់​ថ្ងៃ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​កាសែត ទស្សនាវដ្ដី និង​ទូរទស្សន៍​ជាដើម​គេ​មាន​សិទ្ធិ​ទូលំទូលាយ​នឹង​ការ​ផ្សព្វផ្សាយ។ រដ្ឋាភិបាល និង​សមត្ថកិច្ច​អត់​មាន​ទៅ​រក​រឿង​អី​ផង "

ទាក់ទិន​រឿង​នេះ ក្រសួង​ព័ត៌មាន​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៨ មេសា ដែរ​ដោយ​ប្រើប្រាស់​ថ្ងៃ​ទី៣ ខែ​ឧសភា ដើម្បី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី១៦ ខាង​មុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់​ដែរ​ថា ទិវា​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​សារព័ត៌មាន​ជាតិ-អន្តរជាតិ ដែល​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​បេសកកម្ម​របស់​ខ្លួន កាល​ពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ រិះគន់​ថា មាន​អ្នក​កាសែត​ជា​ច្រើន​នាក់ ដែល​ស្លាប់​ក្រោយ​ឆ្នាំ១៩៩៣ កម្រ​ឃើញ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​មួយ​នេះ ជួយ​ជ្រោមជ្រែង និង​រក​យុត្តិធម៌​ឲ្យ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​និង​ទេសចរ​ស្ដាយ​ស្រណោះ​ព្រៃ​ឈើ​នៅ​កោះរ៉ុង​ដែល​ត្រូវ​គេ​កាប់​បំផ្លាញ

$
0
0

អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ បន្ត​បារម្ភ​ខ្លាច​ព្រៃ​ឈើ​ធម្មជាតិ​ដែល​ដុះ​នៅ​លើ​កោះរ៉ុង ត្រូវ​រលាយ​ហិនហោច ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​មាន​សកម្មភាព​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច បាន​បន្ត​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ ហួស​ចិត្ត​ដែល​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​មាន​លទ្ធភាព​ការពារ​ព្រៃ​ឈើ​មាន​ដើម​ដុះ​ធំៗ​នៅ​លើ​កោះរ៉ុង ដោយ​ទុក​ឲ្យ​មាន​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ឯកជន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទូច​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចេញ​បទបញ្ជា​ក្ដៅ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​រិះគន់​ថា កន្លង​មក រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ក្រីក្រ​ដែល​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​បន្តិចបន្តួច​ដើម្បី​ធ្វើ​ជម្រក បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ចំនួន។ ប៉ុន្តែ​សម្រាប់​មន្ត្រី​កំពុង​មាន​តួនាទី​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ឈ្មួញ​មាន​ទ្រព្យ​ដែល​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង មិន​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចេញ​មុខ​ទប់ស្កាត់ ឬ​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ល្មើស​ទៅ​កាន់​តុលាការ​នោះ​ទេ។

អ្នកស្រី សុធារី ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ គួរ​ពិចារណា​រាល់​ទង្វើ និង​សកម្មភាព​របស់​ខ្លួន ដែល​បាន​អនុវត្ត​ច្បាប់​កន្លង​ទៅ​នេះ ថា​តើ​បាន​អនុវត្ត​ស្មើ​ភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ​ដែរ​ឬ​យ៉ាង​ណា?«បន្ទាប់​ពី​មាន​សកម្មភាព​នៃ​ការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ពី​អាជ្ញាធរ​រួច​មក យើង​ឃើញ​ថា​សកម្មភាព​នៃ​ការ​កាប់​រាន​ដី​ព្រៃ​នៅ​លើ​កោះរ៉ុង បាន​បន្ត​កើត​មាន​ដដែល គឺ​មិន​ទាន់​បាន​ថយ​ចុះ​ទេ ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ពិនិត្យ​មើល​រឿង​នេះ។ គោល​នយោបាយ​នៃ​ការ​វាស់វែង​របស់​អាជ្ញាធរ បាន​បញ្ជាក់​ថា ការ​វាស់វែង​ដី​ជូន​ពលរដ្ឋ គឺ​វាស់​ជូន​ដី​ដែល​មាន​ដំណាំ​ដាំ​ដុះ និង​ដី​ដែល​បាន​ប្រើប្រាស់ ប៉ុន្តែ​ជាក់ស្តែង ដី​មិន​ទាន់​មាន​ការ​ប្រើប្រាស់​ជាក់ស្តែង​ផង ឲ្យ​តែ​មាន​អ្នក​មក​ចង្អុល​បង្ហាញ​ដល់​មន្ត្រី​ចុះ​វាស់​ដី​ជូន​ពលរដ្ឋ គឺ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​ផ្តើម​ពិនិត្យ និង​ចុះ​វាស់​ជូន​ភ្លាម ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​កាប់​ឆ្ការ​ដី​ព្រៃ​ឈើ​ទាំងនោះ​ចោល ដើម្បី​ឲ្យ​ស្ថានភាព​ដី​របស់​ពួក​គាត់​ជា​ដី​បាន​ប្រើប្រាស់ និង​បាន​ដាំ​ដុះ​ជាក់ស្តែង»

ភ្ញៀវ​ទេសចរ​ជាតិ​ភាគច្រើន​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​ទៅ​ទស្សនា​កោះរ៉ុង ហើយ​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ក៏​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ធម្មជាតិ​នេះ​ដែរ។ ពួក​គេ​បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​អនាគត ភ្ញៀវ​ទេសចរ​អន្តរជាតិ​លែង​ចាប់​អារម្មណ៍ និង​ឈប់​ចូល​មក​កម្សាន្ត​នៅ​លើ​កោះរ៉ុង​ទៀត​ទេ។

ភ្ញៀវ​ទេសចរ​ជាតិ បាន​អះអាង​ថា ព្រៃ​ឈើ​ធម្មជាតិ​មាន​ដុះ​ដើម​ធំៗ​ពិត​ជា​ត្រូវ​កាប់ និង​ដុត​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ មាន​វិសាលភាព​ធំធេង ហើយ​ទំនង​ជា​ត្រូវ​បំផ្លាញ​រលាយ​ហិនហោច​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះរ៉ុង បាន​កើត​មាន​ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ក្រសួង​ដែនដី និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​ចុះ​វាស់​កាត់​ឆ្វៀល​កំណត់​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ដល់​មាន​សិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់។

លោក​ទទួល​ស្គាល់​ថា ព្រៃ​ឈើ និង​តំបន់​ឆ្នេរ​នៅ​លើ​កោះរ៉ុង គឺ​ជា​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ចូល​មក​ទស្សនា​តំបន់​កោះ ប៉ុន្តែ​បើ​ព្រៃ​ឈើ​ត្រូវ​រលាយ​ហិនហោច ទេសចរ​នឹង​លែង​ចាប់​អារម្មណ៍​ចូល​ទៅ​កម្សាន្ត​តាម​តំបន់​កោះ​ទៀត​ទេ​នា​ថ្ងៃ​អនាគត។

លោក យន្ត មីន បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​ត្រូវ​ការ​កាប់​ដើម​ឈើ​ដែល​ដុះ​នៅ​លើ​ចំណែក​ក្បាល​ដី​រៀងៗ​ខ្លួន​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​មួយ គឺ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​ច្បាប់​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​គ្រួសារ​មន្ត្រី​អាដហុក​និង​គ.ជ.ប​អំពាវនាវ​ឲ្យ​ដោះលែង​ឪពុក​ម្តាយ​របស់​ពួក​គេ

$
0
0

ក្រុម​គ្រួសារ​នៃ​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ក្នុង​ម្នាក់ៗ ៦​ខែ​បន្ថែម​ទៀត។

មន្ត្រី​សមាគម​អាដហុក ៤​រូប គឺ​អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា រួម​នឹង​មន្ត្រី គ..ប លោក នី ចរិយា ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ។

កញ្ញា អ៊ុន ប៊ុណ្ណារី កូនស្រី​អ្នកស្រី លឹម មុន្នី បាន​ប្រាប់​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៨ មេសា ថា នាង​មាន​ការ​លំបាក​ជា​ខ្លាំង​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​មិន​បាន​ទៅ​រៀន​សូត្រ​ដូច​ពី​មុន​ឡើយ ដោយសារ​តែ​ម្តាយ​ជាប់​ឃុំឃាំង។ កញ្ញា អ៊ុន ប៊ុណ្ណារី បន្ត​ថា ការ​ឃុំ​ខ្លួន​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ទាមទារ​ឲ្យ​តុលាការ​ត្រូវ​តែ​បន្ត​នីតិវិធី​ឲ្យ​បាន​ឆាប់ៗ៖ «»

ចំណែក​យុវជន នី ចាន់សេដ្ឋា កូនប្រុស​របស់​លោក នី សុខា វិញ​យល់​ឃើញ​ថា ពួក​គេ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​អាច​ផ្ដល់​យុត្តិធម៌​ដល់​ឪពុក​របស់​គេ​បាន​ឡើយ។ យុវជន​រូប​នេះ​បន្ត​ថា ខ្លួន​មាន​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ដែល​ពុំ​បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ ជាពិសេស​អាណិត​អាសូរ​ដល់​ប្អូន​ប្រុស​អាយុ ១០​ខែ ដែល​កើត​ឡើង​គ្មាន​ឪពុក​នៅ​ក្បែរ ដើម្បី​ថ្នាក់ថ្នម និង​ផ្តល់​ក្តី​ស្រឡាញ់៖ «»

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៥​រូប ថា​នឹង​ប្ដឹង​ទាស់​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​ចំនួន ៦​ខែ​បន្ត​ទៀត​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ទៅ​សាលា​ឧទ្ធរណ៍ ដោយ​ចាត់​ទុក​ថា​ជា​ការ​អនុវត្ត​ខុស​នីតិវិធី។ មន្ត្រី​ទាំង ៥​រូប​នេះ​រង​ការ​ចោទ​ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី ទាក់ទង​នឹង​ការ​ជួយ​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Freedom House ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន

$
0
0

អង្គការ​ឃ្លាំ​មើល​សេរីភាព​ពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​ចំនួន ៤០​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នេះ។

អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដាក់​ចំណាត់​ថ្នាក់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ជា​រួម​នៅ​ប្រទេស​កម្ពុជា ថា «ពុំ​មាន​សេរីភាព»។ របាយការណ៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៨ មេសា បង្ហាញ​ថា ពិន្ទុ​សរុប​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ នេះ បាន​ធ្លាក់​ចុះ​មួយ​លេខ​ទៀត​ទៅ​ក្នុង​កម្រិត​រឹត​តែ​អាក្រក់​ជាង​ឆ្នាំ​មុន គឺ​ឆ្នាំ​២០១៦។

ពិន្ទុ​សរុប​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ នេះ គឺ ៧០ លើ ១០០ ដែល ០ មាន​ន័យ​ថា មាន​ភាព​សេរី​បំផុត ហើយ ១០០ មាន​ន័យ​ថា ពុំ​មាន​សេរីភាព។ ពិន្ទុ​របស់​កម្ពុជា នេះ បាន​ធ្លាក់​ចុះ​មួយ​លេខ បើ​ប្រៀបធៀប​នឹង​ពិន្ទុ​នៃ​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ដែល​កម្ពុជា ទទួល​បាន​ពិន្ទុ​សរុប ៦៩ លើ ១០០។ ដូច​គ្នា​នេះ​ដែរ ពិន្ទុ​បរិយាកាស​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មួយ​លេខ​រឹត​តែ​អាក្រក់​ជាង​ឆ្នាំ​២០១៦ កន្លង​ទៅ​ផង​ដែរ គឺ​ពី​លេខ ២៣ លើ ៣០ ក្នុង​ឆ្នាំ​២០១៦ មក​នៅ​លេខ ២៤ លើ ៣០ ក្នុង​ឆ្នាំ​២០១៧ នេះ ដែល ០ មាន​ន័យ​ថា ប្រសើរ​បំផុត ហើយ ៣០ មាន​ន័យ​ថា​អាក្រក់​បំផុត។ ដោយឡែក​ពិន្ទុ​បរិយាកាស​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​នៅ​ដដែល។

របក​គំហើញ​សំខាន់ៗ​ជា​សកល​ដែល​របាយការណ៍​នេះ​រក​ឃើញ បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​ជា​សកល​ក្នុង​ឆ្នាំ​២០១៦ បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយ ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​មិន​ឈប់ឈរ​ទៅ​លើ​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ របាយការណ៍​ឲ្យ​ដឹង​ថា ករណី​ទាំងនេះ​កើត​មាន​ឡើង​ទាំង​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទាំង​នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​និយម​នានា ក្នុង​គោលដៅ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងមូល រាប់​ទាំង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ស្ថិត​ក្នុង​យុត្តាធិការ​នៃ​ប្រទេស​ដែល​រដ្ឋ​គ្រប់គ្រង​ផង​ដែរ។

របាយការណ៍​រក​ឃើញ​បន្ថែម​ថា ៤៥​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​ទាំងមូល កំពុង​រស់នៅ​ក្នុង​ប្រទេស​ដែល​ស្ថានភាព​បរិយាកាស​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំ​មាន​សេរីភាព ក្នុង​នោះ​ប្រទេស និង​ទឹកដី​ចំនួន ១០ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ស្ថានភាព​សេរីភាព​សារព័ត៌មាន​អាក្រក់​បំផុត​ជាង​គេ​នៅ​លើ​ពិភពលោក​នោះ គឺ​ប្រទេស​អាហ្សែរបៃហ្សាន (Azerbaijan) តំបន់​គ្រីមៀរ (Crimea) ប្រទេស​គុយបា (Cuba) ប្រទេស​ហ្គីណេ (Equatorial Guinea) អេរីត្រេ (Eritrea) អ៊ីរ៉ង់ (Iran) កូរ៉េ​ខាង​ជើង (North Korea) ស៊ីរី (Syria) ទួរមេនីស្ថាន (Turkmenistan) និង​ប្រទេស​អ៊ូប៊ែរគីស្ថាន (Uzbekistan)

របាយការណ៍​បន្ត​ថា អ្នក​នយោបាយ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា​នៅ​ប្រទេស​ប៉ូឡូញ (Poland) និង​ហុងគ្រី (Hungary) ជាដើម ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​ព័ត៌មាន​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​របស់​រដ្ឋ ហើយ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​អ្នក​ផ្សាយ​ព័ត៌មាន​សាធារណៈ។ ពួក​គេ​បាន​ព្យាយាម​បង្កើន​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​ព័ត៌មាន​ឯកជន​ដែល​ស្និទ្ធ​នឹង​ខ្លួន។

ដោយឡែក​នៅ​សហរដ្ឋ​អាមេរិក របាយការណ៍​គូស​បញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បន្តុះបង្អាប់​វិស័យ​សារព័ត៌មាន ដោយ​បដិសេធ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី និង​សកម្មភាព​នានា​របស់​ខ្លួន។

ក្រៅ​ពី​របក​គំហើញ​សំខាន់ៗ​ខាង​លើ​នេះ របាយការណ៍​ក៏​បាន​រំលេច​ដែរ​ថា មន្ត្រី​នានា​ក្នុង​ប្រទេស​ដែល​មាន​លក្ខណៈ​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ​និយម ដូចជា​ប្រទេស​ទួរគី (Turkey) អេត្យូពី (Ethiopia) និង​វេណេហ៊្សួអេឡា (Venezuela) ជាដើម បាន​យក​ភាព​វឹកវរ​ផ្នែក​នយោបាយ និង​សង្គម​មក​ធ្វើ​ជា​លេស​ក្នុង​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ឯករាជ្យ ឬ​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ដូច​គ្នា​នេះ​ដែរ អាជ្ញាធរ​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​សាហារ៉ា-អាហ្វ្រិក (Sub-Sahara Africa) មជ្ឈិមបូព៌ា (Middle East) និង​អាស៊ី បាន​ពង្រីក​វិសាលភាព​ច្បាប់ ដើម្បី​រឹតត្បិត​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ឬ​បិទ​ចោល​ទាំងស្រុង​តែ​ម្តង​សេវា​ទូរគមនាគមន៍ ក្នុង​ពេល​ដែល​មាន​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា​នៅ​មុន​ពេល​បោះឆ្នោត ឬ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​តវ៉ា​នានា។

ក្នុង​ចំណោម​ប្រទេស​នានា​ដែល​ទទួល​រង​នូវ​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​នៃ​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៧ នេះ រួម​មាន ប្រទេស​ប៉ូឡូញ (Poland) ទួរគី (Turkey) ប៊ូរុនឌី (Burundi) ហុងគ្រី (Hungary) បូលីវី (Bolivia) ស៊ែប (Serbia) និង​សាធារណរដ្ឋ​ប្រជាធិបតី​កុងហ្គោ (Democratic Republic of Congo)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ​សហប្រជាជាតិ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​ជាប់​ឃុំ​៥​នាក់

$
0
0

អង្គការ​សហប្រជាជាតិ និង​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ឈប់​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់ ដោយ​ហៅ​ករណី​នេះ​ជា​ការ​គាប​សង្កត់​សិទ្ធិ និង​សេរីភាព​បញ្ចេញ​មតិ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ករណី​នេះ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​នីតិវិធី​របស់​តុលាការ។

ចំ​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) រួម​មាន​អ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស ស្នើ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដែល​កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​អស់​រយៈពេល​មួយ​ឆ្នាំ។

ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស (Switzerland) អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស អ្នកស្រី អេលីហ្សាប៊ែត ស្រូសហ្សែលល៍ (Elizabeth Throssell) នៅ​ថ្ងៃ​ទី​២៨ មេសា សោកស្ដាយ​ថា ទោះ​បី​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ក៏ដោយ ក៏​តុលាការ​ក្រុង​ភ្នំពេញ នៅ​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់។

នៅ​ថ្ងៃ​ទី​២៧ មេសា ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​រយៈពេល ៦​ខែ​ទៀត។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឆ្លើយតប​ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព​ផ្ទាល់​ខ្លួន ហើយ​ករណី​ការ​ឃុំ​ខ្លួន​នេះ​ស្ថិត​ក្រោម​ស្ថាប័ន​យុត្តិធម៌ ដែល​លោក​ថា​ជា​ស្ថាប័ន​ឯករាជ្យ៖ «កម្ពុជា ឥត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អង្គការ​សហប្រជាជាតិ ឬ​អង្គការ​ណា​ទេ ចំពោះ​ការងារ​យុត្តិធម៌ តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ស្ថាប័ន​យុត្តិធម៌​ជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិត​នៅ​ចំណុះ ឬ​ឲ្យ​អ្នក​ណា​ជ្រៀតជ្រែក។ នេះ​ជា​ដែន​អធិបតេយ្យភាព​របស់​ជាតិ​ខ្មែរ​នោះ​ទេ តែ​ជា​អធិបតេយ្យភាព​របស់​តុលាការ»

នៅ​ថ្ងៃ​ទី​២៨ មេសា នេះ​ដែរ ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស (Worldwide Movement for Human Rights) ក៏​អំពាវនាវ​អាជ្ញាធរ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៥​រូប​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស បាន​ហៅ​ការ​ឃុំ​ខ្លួន​សកម្មជន​ទាំង ៥​នាក់​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​មុន​សវនាការ ហើយ​ថា​ការ​ឃុំ​ខ្លួន​ពួក​គេ​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ បង្ហាញ​ពី​ភាព​អន់​ខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ឌីមីទ្រីស គ្រីស្តូពូឡុស (Dimitris Christopoulos) ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហ្វីដ (FIDH) ដែល​គ្រប់គ្រង​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​បញ្ចេញ​សកម្មភាព​របស់​អាជ្ញាធរ​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដូចជា​ជន​ឧក្រិដ្ឋ គ្រោះថ្នាក់ បង្ហាញ​ពី​វិសាលភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួបរួម​គ្នា និង​ត្រូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​បង្ក្រាប​ជា​បន្ទាន់​ទៅ​លើ​អ្នក​រិះគន់ និង​សង្គម​ស៊ីវិល ហើយ​ដោះលែង​អ្នក​ទាំង​ប្រាំ។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ហៅ​ថា​ជា​ការ​ប្រាសចាក​ពី​ការពិត​ជាក់ស្តែង ដោយ​ស្នើ​ឲ្យ​ចលនា​នេះ​ពិនិត្យ​មើល​អង្គ​ហេតុ និង​អង្គ​ច្បាប់​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ត្រូវ​ពិចារណា​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។

មាត្រា​២០៨ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​មុន​ការ​កាត់​ក្តី​ចំនួន ១៨​ខែ។

ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ ដោយ​បទ​ចោទ​ប្រឌិត​ឡើង គឺ​ជា​រឿង​ហួសហេតុ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យាយី​ដោយ​ចេតនា​នយោបាយ លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ករណី​នេះ​បញ្ជក់​ឲ្យ​ឃើញ​ពី​ចេតនា​ខិតខំ​របស់​រដ្ឋាភិបាល ក្នុង​ការ​គាប​សង្កត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​រិះគន់។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា អ្នក​ទាំង​ប្រាំ​នាក់ ត្រូវ​បាន​គេ​រើស​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​ផ្នែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស ម៉ាទីន អ៊ែនណល ២០១៧ (Martin Ennals Award) ដើម្បី​ជា​ការ​ទទួល​ស្គាល់​ស្នាដៃ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ពួក​គេ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ប្រកាស​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។ ក្រុម​ការងារ​នេះ ក៏​បាន​អំពាវនាវ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់​ជា​បន្ទាន់ ហើយ​ត្រូវ​សង​ជំងឺ​ចិត្ត​ឲ្យ​បាន​សមរម្យ​ដល់​ពួក​គេ។

អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់ កំពុង​ប្រឈម​នឹង​បទ​ចោទ​សម​គំនិត និង​សូកប៉ាន់​សាក្សី ទាក់ទង​នឹង​ការ​ជួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ក្នុង​សំណុំ​រឿង​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ស្នេហា​ជាមួយ​នាង។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់ ដោយសារ​ពួក​គេ​អនុវត្ត​សិទ្ធិ និង​សេរីភាព​បញ្ចេញ​មតិ ហើយ​ទង្វើ​នេះ​ជា​ការ​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ អង្គការ​សហប្រជាជាតិ ទទួល​ស្គាល់​ពី​កាតព្វកិច្ច​របស់​ចៅក្រម​ស៊ើប​អង្កេត ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ ក៏ប៉ុន្តែ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ថា ការ​ប្រើ​យន្តការ​ឃុំ​ខ្លួន​មុន​ការ​កាត់​ក្តី​គួរ​ត្រូវ​បាន​លើកលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​អំពី​បញ្ហា​អាជ្ញាធរ​វៀតណាម​រំលោភ​សិទ្ធិ​សាសនា​នៅ​កម្ពុជា​ក្រោម

$
0
0

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​សេរីភាព​សាសនា​កាន់​តែ​ខ្លាំង​ជាង​មុន។ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ របស់​គណៈកម្មការ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​តែ​បន្ត​ជាប់​ពន្ធនាគារ ដោយសារ​ការ​ក្រោក​តវ៉ា​សុំ​សិទ្ធិ​សេរីភាព​ខាង​សាសនា។ តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​ឯ​ក្រៅ​ប្រទេស កំពុង​រក​វិធី​ជួយ​អន្តរាគមន៍ ដោយ​ជួយ​មន្ត្រី​ការ​បរទេស និង​អង្គការ​អន្តរ​សាសនា។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ ជុំវិញ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ថា​និទ្ទណ្ឌភាព​បង្កើត​ឲ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ធនធាន​ធម្មជាតិ លើក​ឡើង​ថា កត្តា​មិន​អនុវត្ត​ច្បាប់​ទៅ​លើ​សំណុំ​រឿង​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ​កន្លង​ទៅ គឺ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

និទ្ទណ្ឌភាព​លើ​សំណុំ​រឿង​ទាំងនេះ គឺ​ជា​កត្តា​ឈាន​ទៅ​រក​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រោះ​ក្រុម​ជន​ល្មើស​មិន​ខ្លាច​សំណាញ់​ច្បាប់ ហើយ​អាច​បន្ត​មុខ​របរ​ខុស​ច្បាប់​បាន​ដដែល។

អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​បទល្មើស​រត់​ពន្ធ និង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ នៅ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។ ជន​ល្មើស​នៅ​មាន​សេរីភាព ហើយ​ដំណើរការ​រឿង​ក្តី​ក៏​ស្ងាត់​សូន្យ ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើង។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ទាំងនេះ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ក្តី​វិនាស​មិន​ខាន។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា សំណុំ​រឿង​រត់​ពន្ធ​ឈើ​ខុស​ច្បាប់ គឺ​ជា​ឧក្រិដ្ឋកម្ម​ផ្នែក​ព្រៃ​ឈើ និង​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​រាជ​រដ្ឋាភិបាល ពិសេស​ស្ថាប័ន​តុលាការ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ ហើយ​ក៏​មិន​ហ៊ាន​ចាត់​វិធានការ​ដែរ។ លោក​ថា មូលហេតុ​តុលាការ​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ​ក្រុម​ជន​ល្មើស​មាន​អំណាច​ធំៗ គឺ​អាច​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «ឧកញ៉ា​គេ​នៅ​តែ​អាច​រក​ស៊ី​ដដែល ដោយ​គ្រាន់​តែ​ប្រើ​រូបភាព​ថ្មីៗ​ទៀត ដើម្បី​រក​នឹក​ក្នុង​ការ​ប្រមូល​ឈើ​ដោយ​រក​លេស​ថា​ស្រប​ច្បាប់ ឈើ​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន​អាជ្ញាប័ណ្ណ​នោះ។ អ៊ីចឹង​គេ​រក​នីតិវិធី​យ៉ាង​ម៉េច ល្បិច​យ៉ាង​ម៉េច ដើម្បី​បំផ្លាញ​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា ឲ្យ​អស់ ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ»

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ចំ​ឈ្មោះ​ឧកញ៉ា​ដែល​សកម្ម​រក​ស៊ី​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ចំនួន ២​នាក់ រួម​មាន​ឧកញ៉ា សឹង សំអុល ហៅ អុល និង​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ព្រម​ទាំង​ព្រមាន​ដក​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ចេញ​ពី​តំណែង​ទៀត​ផង ប្រសិន​បើ​នៅ​តែ​បណ្តោយ​ឲ្យ​មាន​ករណី​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម ទៀត។

នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើង ដោយ​មាន​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក សៅ សុខា ជា​ប្រធាន។ ក្រោយ​ពេល​បង្កើត​បាន​ចំនួន ៣​ថ្ងៃ គណៈកម្មាធិការ​នេះ​បាន​ចុះ​បង្ក្រាប​ដល់​ទីតាំង​ស្តុក​ទុក​ឈើ​ប្រណីត​មួយ​កន្លែង​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គេ​ដឹង​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក ថា​ជា​ទីតាំង​ស្តុក​ទុក​ឈើ​យ៉ាង​ធំ​របស់​ឧកញ៉ា លីម ប៊ុណ្ណា។

លើស​ពី​នេះ គណៈកម្មាធិការ​ជាតិ ថែម​ទាំង​បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ហើយ​សារព័ត៌មាន​ក្នុង​ស្រុក​ថែម​ទាំង​បញ្ជាក់​ចំៗ​ឈ្មោះ​ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ទាំងនោះ​រួម​មាន ឧកញ៉ា ស៊ឹង សំអុល និង​ឧកញ៉ា ថៃ នៅ​ស្រុក​អូររាំងឪ។

ក្រៅ​ពី​រក​ឃើញ​ទីតាំង​ស្តុក​ទុក​ឈើ​នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ក៏​មាន​ដែរ​កន្លែង​ស្តុក​ទុក​ឈើ​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគិរី ពិសេស​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​ចំនួន។ គំនរ​ឈើ​ខ្លះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដុត​កម្ទេច​ចោល មុន​ពេល​គណៈកម្មាធិការ​ជាតិ​ចូល​ទៅ​ដល់ ហើយ​មាន​ឈើ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​យក​ទៅ​ជីក​ដី​កប់ ឬ​ទម្លាក់​ចោល​ក្នុង​រណ្ដៅ ជាដើម។

រយៈពេល​ប្រមាណ ៣​ខែ​ដំបូង ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ចាប់​បាន​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ឈើ​ចំនួន ៥៧​ករណី​ទៅ​តុលាការ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ម្តង​ជា​ពីរ​ដង​ថា សំណុំ​រឿង​ទាំងនេះ គណៈកម្មាធិការ​ជាតិ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​រាល់​ហើយ ប៉ុន្តែ​ដំណើរការ​ស្រាវជ្រាវ​បែប​ណា គឺ​ជា​ភារកិច្ច​របស់​តុលាការ។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សៀកលីម នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ដំណើរការ​រឿង​ក្តី​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មេសា ពីព្រោះ​លោក​ត្រូវការ​ស្រាវជ្រាវ​ថា តើ​នរណា​ជា​អ្នក​កាន់​សំណុំ​រឿង​ទាំងនេះ ដើម្បី​សួរ​នាំ ហើយ​លោក​នឹង​ប្រាប់​នៅ​ពេល​ក្រោយ៖ «រឿង​ព័ត៌មាន បើ​យើង​ចង់​ទទួល​មាន​តែ​យើង​ទៅ​សួរ​គេ។ ជា​ធម្មតា ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ដែរ»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក អ៊ូច ឡេង មើល​ឃើញ​ថា បណ្ដា​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ និង​ចាត់​វិធានការ​លើ​ក្រុម​ជន​ល្មើស​ដែល​បំផ្លាញ​ធនធាន​ព្រៃ​ឈើ មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេស​កម្ពុជា ដែល​មន្ត្រី​រាជ​រដ្ឋាភិបាល​តែង​អះអាង​ថា​ជា​ប្រទេស​នីតិរដ្ឋ៖ «អន់​ជាង​ប្រទេស​វៀតណាម ខ្លាំង​ណាស់ អន់​ជាង​ប្រទេស​ចិន ខ្លាំង​ណាស់ ដែល​គេ​កាន់​របប​កុម្មុយនីស្ត ហើយ​គេ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង។ ចំណែក​យើង​វិញ ឲ្យ​ឈ្មួញ​ទាំងនោះ​នៅ​ត្រួត​ក្បាល​អ្នក​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា»

គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ គឺ​មាន​តួនាទី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ។ ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​ផ្សេងៗ​នៅ​ភាគ​ឦសាន ប៉ុន្តែ​ក្រោយ​មក គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បាន​ពង្រីក​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស គឺ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់​ទាំងនោះ។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជន​ល្មើស និង​វត្ថុ​តាង​ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ហើយ​សហការ​ជាមួយ​ភាគី​វៀតណាម ព្រម​ទាំង​ប្រទេស​ឡាវ ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព។

យ៉ាង​នេះ​ក្តី គេ​មើល​ថា​មាន​ការ​ចាប់​ខ្លួន​ឈ្មួញ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ម្នាក់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ប៉ុន្តែ​ករណី​ធំៗ​ផ្សេង​ទៀត នៅ​មិន​ទាន់​ចាត់​វិធានការ ឬ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ទាំងនោះ​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា គោលដៅ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈកម្មាធិការ​ជាតិ​មួយ​នេះ បាន​បរាជ័យ​ជាង​ពាក់​កណ្ដាល​រួច​ទៅ​ហើយ ពីព្រោះ​មិន​បាន​ចាប់​ខ្លួន​ជន​ល្មើស​ពាក់ព័ន្ធ​សំណុំ​រឿង​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។ បន្ថែម​ពី​នេះ ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព បណ្ដាល​ឲ្យ​ព្រៃ​ឈើ​យ៉ាង​ច្រើន​ត្រូវ​វិនាស និង​ប៉ះពាល់​ដល់​បរិស្ថាន ពិសេស​ធ្វើ​អាកាសធាតុ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន៖ «អ្វី​ទាំងអស់​ហ្នឹង សំខាន់​បំផុត​គឺ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ អ៊ីចឹង​យើង​មាន​អង្គភាព​មួយ​ទៀត គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»

ចំណាត់ការ​ផ្លូវ​ច្បាប់​បែប​នេះ លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​កាន់​តែ​ច្រើន ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ព្រងើយ​កន្តើយ​ទៀត។ លោក​បន្ត​ថា មន្ត្រី​នគរបាល​យុត្តិធម៌ និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​៦​នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់​និង​ផ្ទះ​រលំ​សង្កត់​នៅ​ខេត្ត​សៀមរាប

$
0
0

ប្រភព​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​នៅ​ស្រុក​ផ្សេង​ពី​គ្នា បាន​ស្លាប់​ដោយសារ​រន្ទះ​បាញ់ និង​ផ្ទះ​រលំ​សង្កត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា បន្ទាប់​ពី​មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ខ្លាំង​លាយឡំ​ជាមួយ​រន្ទះ​ផង​នោះ។

នៅ​ឯ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​រន្ទះ​បាន​បាញ់​ស្លាប់​បុរស​ម្នាក់​ឈ្មោះ វង អំ អាយុ ៥៣​ឆ្នាំ និង​គោ​របស់​គាត់ ១​ក្បាល ហើយ​កូន​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ក៏​បាន​រង​របួស និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា។

ភរិយា​របស់​អ្នក​រងគ្រោះ​ដោយសារ​រន្ទះ​បាញ់ គឺ​លោកស្រី គាំ សុច។ លោកស្រី​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មេសា ថា កាល​ពី​វេលា​ម៉ោង​ជាង ៥​ល្ងាច​ថ្ងៃ​ទី​២៨ ផ្ទៃ​មេឃ​ចាប់​ផ្ដើម​ខ្មៅ ហើយ​ខ្យល់​បាន​បក់​បោក​ខ្លាំង។ ប្ដី​របស់​គាត់​ឈ្មោះ វង អំ ឃើញ​ដូច្នេះ​ក៏​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ ដើម្បី​ដឹក​គោ​មក​ចង​នៅ​ក្នុង​ខ្ទម។ ភ្លាមៗ​នោះ រន្ទះ​ក៏​បាញ់​ប្ដី​របស់​គាត់​ស្លាប់​ជាមួយ​នឹង​គោ ១​ក្បាល​ទៀត ចំណែក​ឯ​កូន​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ក៏​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ៖ «មេឃ​ឡើង​ខ្មៅ​ទៅ ប្ដី​របស់​ខ្ញុំ​ក៏​ប្រាប់​កូន​ថា​ឪ ទៅ​ដឹក​គោ​សិន ទៅ​ចង​ក្នុង​ផ្ទះ បន្ទាប់​មក​ក៏​ឮ​សូរ​សំឡេង​ខ្លាំង និង​ខ្ទាត​ដី​ឆាវ មើល​ទៅ​ឪ​ក៏​ដួល​ស្លាប់​ភ្លាម»

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា ដែរ គឺ​រន្ទះ​បាន​បាញ់​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​នៅ​ឃុំ​តាសោម ស្រុក​អង្គរជុំ ហើយ​នៅ​ស្រុក​បន្ទាយស្រី មាន​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់ និង​ម្នាក់​ទៀត​ត្រូវ​ផ្ទះ​រលំ​សង្កត់​ស្លាប់​ដែរ។

ចំណែក​អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​តែ​មួយ​នេះ ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​សសរស្ដម្ភ ស្រុក​ពួក និង​ម្នាក់​ទៀត​នៅ​ស្រុក​សូទ្រនិគម ក៏​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ដូច​គ្នា៕

(អ្នក​ជំនាញ​ណែនាំ​ពី​វិធី​ការពារ​ខ្លួន​ដើម្បី​ឲ្យ​ជៀស​ផុត​ពី​រន្ទះ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​គ្រោង​ចាត់​ក្រុម​អធិការកិច្ច​ចុះ​ត្រួត​ពិនិត្យ​ការ​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ

$
0
0

ក្រសួង​មហាផ្ទៃ គ្រោង​នឹង​ចាត់​ក្រុម​អធិការកិច្ច​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​បណ្ដា​អង្គភាព​នានា នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឲ្យ​ធានា​ដល់​ការ​អភិវឌ្ឍ​ឲ្យ​មាន​តម្លាភាព ក្នុង​ការងារ​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៨ មេសា ស្ដី​អំពី​ការ​ជំរុញ​អនុវត្ត ត្រួត​ពិនិត្យ និង​ផ្ដល់​សេវា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ផ្ញើ​ទៅ​កាន់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ដោយ​ជំរុញ​ការ​អនុវត្ត ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​បំពេញ​ភារកិច្ច និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ផ្ដល់​សេវា​រដ្ឋបាល ក្នុង​ស្មារតី​រួម​ចំណែក​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នឹង​ធ្វើ​លិខិត​បំភ្លឺ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា​ជូន​រដ្ឋសភា​វិញ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​មិន​ដឹកនាំ​សហការី​ចូល​ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា​ទេ ប៉ុន្តែ​ក្រសួង​នឹង​ធ្វើ​លិខិត​បំភ្លឺ ហើយ​បញ្ជូន​ទៅ​រដ្ឋសភា​វិញ ទាក់ទង​នឹង​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា។ ការ​មិន​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​រដ្ឋសភា ដោយសារ​តំណាងរាស្ត្រ លោក សុន ឆ័យ មិន​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ទៅ​រដ្ឋសភា​ទេ ដោយ​គ្រាន់​តែ​សួរ​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ឆ្លើយ​តាម​លិខិត​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថា​បាន​ទទួល​លិខិត​ដែល​ប្រធាន​រដ្ឋសភា ផ្ញើ​ឲ្យ​អ្នកស្រី​បំភ្លឺ​អំពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា​ហើយ។ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រសួង​វប្បធម៌ នឹង​ធ្វើ​លិខិត​បញ្ជូន​ទៅ​រដ្ឋសភា​វិញ«ក្នុង​ហ្នឹង​អត់​មាន​បញ្ជាក់ ឯកឧត្តម សុន ឆ័យ គាត់​គ្រាន់​សុំ​សួរ​ថា មាន​បញ្ហា​ចឹង​មែន​ក៏​អី»

ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ កោះ​ហៅ​ឲ្យ​អ្នកស្រី ភឿង សកុណា ដើម្បី​សាកសួរ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។

លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នេះ យោង​តាម​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​សំណើ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ខែត្រ​សៀមរាប និង​ខែត្រ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រគល់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រសួង​វប្បធម៌ គ្រប់គ្រង​នោះ គឺ​ការងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​អប្សរា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​ដែល​មាន​សំណង់​បុរាណ រួម​ទាំង​ការ​ចំណាយ​គ្មាន​តម្លាភាព​លើ​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​២០១០ មក។

អ្នកស្រី ភឿង សកុណា ថា​អតីត​អគ្គនាយក​អាជ្ញាធរ​អប្សរា ធ្លាប់​បំភ្លឺ​តំណាងរាស្ត្រ​ម្ដង​រួច​ហើយ ប៉ុន្ដែ​យ៉ាង​ណា អ្នកស្រី​នឹង​ឆ្លើយ​បំភ្លឺ​តាម​លិខិត​ទៅ​តាម​អ្វី​ដែល​ក្រសួង​វប្បធម៌ មាន។

តំណាងរាស្ត្រ លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ មេសា ថា ជា​នីតិវិធី​ដំបូង លោក​ស្នើ​ឲ្យ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ។ ប៉ុន្តែ​ករណី​ដែល​រដ្ឋមន្ត្រី​ឆ្លើយ​មិន​ច្បាស់ លោក​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​មក​ឆ្លើយ​បំភ្លឺ​មុខ​គណៈកម្មការ​ជំនាញ​រដ្ឋសភា។ លោក សុន ឆ័យ ថា ទាក់ទង​នឹង​របាយការណ៍​ចាយវាយ និង​សកម្មភាព​អាជ្ញាធរ​អប្សរា​ធ្វើ​បាប​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា មិន​ធ្លាប់​បំភ្លឺ​នៅ​មុខ​តំណាងរាស្ត្រ​ទេ«មក​ទល់​ពេល​នេះ យើង​ក៏​មិន​ដែល​ឃើញ​របាយការណ៍​នៃ​ការ​ចាយវាយ​ដែរ ដូចជា​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាយវាយ​ថវិកា ដែល​អាជ្ញាធរ​អប្សរា​ដែល​ទទួល​បាន ដូចជា​នៅ​ឆ្នាំ​២០១៤ រហូត​ដល់ ២៦​លាន​ដុល្លារ ក៏​គ្មាន​របាយការណ៍​ការ​ចាយវាយ​ដែរ»

អាជ្ញាធរ​អប្សរា ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ឲ្យ​អ្នកស្រី ភឿង សកុណា គ្រប់គ្រង ក្រោយ​ពេល​អតីត​ប្រធាន​អាជ្ញាធរ​អប្សរា លោក សុខ អាន ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥ ខែ មីនា។

តាម​រយៈ​លិខិត​លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​បាន​ប្រើប្រាស់​អំណាច​ដោយ​បំពាន​ក្នុង​ការ​ជំរិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ តាម​រយៈ​ចុះ​ទៅ​រុះរើ​សំណង់​បន្តិចបន្តួច​របស់​ប្រជាពលរដ្ឋ មាន​ដូចជា ទ្រុង​មាន់ បង្គន់ ឬ​របង ជាដើម ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​ហើយ​ក៏ដោយ ក៏​មន្ត្រី​ទាំងនោះ​ទាមទារ​ឲ្យ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​រាប់​រយ​ដុល្លារ មុន​នឹង​គេ​សន្យា​ថា នឹង​មិន​ទៅ​រំខាន​ពេល​សាងសង់​តិចតួច​នោះ។ ចំពោះ​តំបន់​មិន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា បែរ​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​បេតុង​តូច​ធំ​ព្រោងព្រាត។

លោក សុន ឆ័យ បាន​ដាក់​សំណួរ​តាម​លិខិត​នោះ​ថា តើ​លោក​ជំទាវ​រដ្ឋមន្ត្រី​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​មន្ត្រី​ខិលខូច​ទាំងនោះ? តើ​នឹង​រៀបចំ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​អាច​សាងសង់​សំណង់​ស្រាល​បាន​ដោយ​របៀប​ណា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មន្ត្រី​ខិលខូច​តាម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ទៀត​បាន?

របាយការណ៍​ដែល​អាជ្ញាធរ​អប្សរា ផ្ដល់​ជូន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​ចំណាយ​លើ​ការងារ​តាំង​ពី​ឆ្នាំ​២០១០ មក គឺ​នៅ​ឆ្នាំ​២០១០ ចំណាយ​ជាង ១៥​លាន​ដុល្លារ មក​ដល់​ឆ្នាំ​២០១៤ ជាង ២៥​លាន​ដុល្លារ តែ​ពុំ​មាន​របាយការណ៍​ចំណាយ​ជាក់ស្ដែង​នោះ​ទេ។

ចំពោះ​ចំណូល​វិញ អាជ្ញាធរ​បាន​ជួល​ដី​ដែល​រឹប​អូស​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​មាន​ដី​ចំនួន ២៣​ហិកតារ ជួល​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ក្នុង​តម្លៃ ៩,៦៦​លាន​ដុល្លារ​រយៈពេល ៩៩​ឆ្នាំ។ ការ​ជួល​ដី​ឃុបឃិត​គ្នា​ក្នុង​តម្លៃ​ថោក​ដោយ​ចម្លែក​យ៉ាង​នេះ​ក្ដី តាម​របាយការណ៍ អាជ្ញាធរ​នេះ​ទើប​ទទួល​បាន​ប្រមាណ ២​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​បង់​ចូល​ថវិកា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន CRCK ស្នើ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ (CRCK) ជាង ១០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​ស្នើ​នេះ ពីព្រោះ​ពលរដ្ឋ​ត្រូវការ​ដី​សម្រាប់​បង្កបង្កើនផល​ឲ្យ​ទាន់​រដូវ​កាល។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ពួក​គេ​កំពុង​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ខេត្ត លើ​ករណី​នេះ ដើម្បី​ត្រៀម​ចាត់​វិធានការ។

ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ ទៀត អ្នក​ភូមិ​កាន់​តែ​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​មិន​ខាន​ឡើយ ពីព្រោះ​ពួក​គាត់​កំពុង​ខ្វះខាត​ដីធ្លី​សម្រាប់​បង្កបង្កើនផល។ បន្ថែម​ពី​នេះ ដី​របស់​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​មាន​ទំនាស់ គឺ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​យក​ទៅ​ដាំ​កៅស៊ូ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ លោកស្រី ថោង យ៉ុត មាន​ប្រសាសន៍​ថា អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​ដីធ្លី​របស់​ពួក​គាត់​មិន​ទាន់​មាន​ដំណោះស្រាយ។ លោកស្រី​បន្ត​ថា ពួក​គាត់​ចំនួន ១៥​គ្រួសារ​ដែល​មាន​ដី​ជាង ២០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដាំ​ដំណាំ​កៅស៊ូ ក្រោម​ហេតុផល​ថា​ជា​ដី​របស់​គេ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនេះ គឺ​មាន​តែ ១​គ្រួសារ​ប៉ុណ្ណោះ​ទទួល​បាន​ដី​ដោះដូរ​កន្លែង​ផ្សេង ប៉ុន្តែ​ក្រៅ​ពី​នេះ បន្ត​រង់ចាំ​ដំណោះស្រាយ​រហូត​មក៖ «ទៅ​នៅ​កន្លែង​ដី​អ៊ីចេះ​ទៅ គេ​ថា​ឲ្យ​ដោះស្រាយ​នៅ​កន្លែង​ដី មិន​ងាយ​បាន​ទេ ទាល់​តែ​ទៅ​ដោះស្រាយ​នៅ​កន្លែង​ស្រុក​បានៗ។ តែ​ទៅ​ដល់​កន្លែង​ស្រុក​ផ្ដិត​ក្រយៅដៃ​ហើយ នៅ​មិន​ឃើញ​បាន​ផង»

ក្រុមហ៊ុន ស៊ី..ស៊ី.ខេ ជា​ក្រុមហ៊ុន​វៀតណាម ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ លើ​ទំហំ​ផ្ទៃដី​ជាង ៦​ពាន់​ហិកតារ (.០៤៤​ហិកតារ) ។ ក្រុមហ៊ុន​នេះ​មាន​ភាព​ចម្រូងចម្រាស​ជាច្រើន ដោយសារ​ផ្ទៃដី​មួយ​ចំនួន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រម​ទាំង​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ពី​បណ្ដាញ​ការពារ​ព្រៃឡង់ ថា​ក្រុមហ៊ុន​មួយ​នេះ​បាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ មេសា ថា អាជ្ញាធរ​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ក៏​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ទាំងនោះ និង​តម្រូវ​ឲ្យ​ពួក​គាត់​ចង្អុល​បង្ហាញ​ទីតាំង​ដី​របស់​ខ្លួន ហើយ​កំពុង​សិក្សា​តាម​បច្ចេកទេស ប៉ុន្តែ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​នោះ​ទេ។ យ៉ាង​នេះ​ក្តី លោក​ថា​អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ជា​ជំហានៗ ម្យ៉ាង​ត្រូវការ​ពិនិត្យ​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​បន្ថែម​ទៀត៖ «យើង​មាន​ទាំងអស់​គោលការណ៍ ឯកសារ​គតិយុត្តិ​អី​ពី​ដើម​មក យើង​រក្សា​ទុក​បាន ហើយ​យើង​នឹង​ធ្វើ​ការ​ដោះស្រាយ។ ហើយ​ជំហរ​អាជ្ញាធរ​ស្រុក​នៅ​តែ​អះអាង​ថា នឹង​មិន​ឲ្យ​ពលរដ្ឋ​ណា​រង​ភាព​អយុត្តិធម៌​ដោយសារ​រឿង​ដីធ្លី​ទេ»

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ១០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ កើត​ឡើង​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ​២០១៦ ក្រោយ​ពេល​ខាង​ក្រុមហ៊ុន​បាន​ពង្រីក​ផ្ទៃដី​ដាំ​កៅស៊ូ​របស់​ខ្លួន បណ្ដាល​ឲ្យ​ប៉ះពាល់​ដី​ចម្ការ​របស់​អ្នក​ភូមិ​ជាង ១០​គ្រួសារ ដែល​អះអាង​ថា​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០១៣។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​តាមដាន​ករណី​នេះ​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៀត ពួក​គាត់​នឹង​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ​កាន់​តែ​ខ្លាំង ពីព្រោះ​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល។ លោក​ថា ពលរដ្ឋ​ទាំងនេះ​ធ្លាប់​រងគ្រោះ​ដោយសារ​បាត់បង់​មុខ​របរ​ប្រពៃណី​របស់​ខ្លួន ពីព្រោះ​ដើម​ច្បោះ​ជ័រ​របស់​ពួក​គាត់​រាប់​រយ​ដើម ត្រូវ​បាន​ខាង​ក្រុមហ៊ុន​រំលោភ​យក។ ប្រសិន​បើ​រក​ឃើញ​ថា ដី​ទាំងនេះ​ជា​ដី​របស់​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន ត្រូវ​មាន​គោលការណ៍​ផ្តល់​សំណង ឬ​ដោះដូរ​ដី​តំបន់​ផ្សេង​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រធាន​បក្ស​ប្រឆាំង​ថា​ការ​ប្រែប្រួល​នយោបាយ​ចុង​ក្រោយ​មាន​ភាព​អាក្រក់​ខ្លាំង

$
0
0

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​ឯ​សហរដ្ឋ​អាមេរិក ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ក្នុង​ប្រទេស​ពុំ​មាន​ភាព​ស្មើ​គ្នា​ឡើយ ព្រោះ​រឿង​ខ្លះ បក្ស​កាន់​អំណាច​អាច​ធ្វើ​តាម​អំពើ​ចិត្ត តែ​សម្រាប់​បក្ស​ប្រឆាំង​វិញ បែរ​ជា​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ឆ្លើយតប​ថា ពុំ​ដែល​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​បក្ស​ប្រឆាំង​និយាយ​ស្ដី​ឡើយ ហើយ​មាន​តែ​ក្រុម​អ្នក​ប្រឆាំង​ប៉ុណ្ណោះ​ដែល​យល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាព​អាក្រក់​ខ្លាំង។

នៅ​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​ប្រចាំ​រដ្ឋ​ផេនស៊ីលវែនញ៉ា (Pennsylvania) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៩ មេសា លោក កឹម សុខា ថ្លែង​ថា ភាព​អយុត្តិធម៌​ក្នុង​សង្គម​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កើន​ឡើង​នូវ​អ្នក​គាំទ្រ​នៅ​ពាសពេញ​ប្រទេស​មិន​ធ្លាប់​មាន ហើយ​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​ការ​ផ្លាស់ប្ដូរ​ដោយ​វិជ្ជមាន និង​ដោយ​គ្មាន​សង្គ្រាម ដូច្នោះ​បក្ស​ប្រឆាំង​នឹង​អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​បាន​គ្រប់​ពេល​ទាំងអស់។

ក្រៅ​ពី​ថ្លែង​សារ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​មុន​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បែប​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបរាប់​ប្រាប់​អ្នក​គាំទ្រ​បន្ត​ទៀត​ថា មន្ត្រី​បក្ស​ខ្លួន​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដើម្បី​ឲ្យ​មាន​ការ​បាក់​ស្មារតី​មុន​ការ​បោះឆ្នោត«ជាពិសេស​មក​លើ​ថ្នាក់​ដឹកនាំ​ខ្លួន​ខ្ញុំ​ផ្ទាល់ នៅ​ក្នុង​ស្នាក់ការ ៦​ខែ ៦​ថ្ងៃ មិន​អាច​ចេញ​ទៅ​ណា​បាន ដោយសារ​គំរាម​កំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ ធ្វើ​ឲ្យ​យើង​ខ្លាច ធ្វើ​ឲ្យ​យើង​រត់​ចោល​ស្រុក​ទាំងអស់​គ្នា ដើម្បី​ទុក​ស្រុក​ឲ្យ​គេ»

បន្ថែម​ពី​នេះ លោក កឹម សុខា បន្ត​ហាក់​ចង់​សំដៅ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី និង​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​គ្រប់​យ៉ាង តែ​សម្រាប់​បក្ស​ប្រឆាំង​វិញ សូម្បី​ត្រឹម​ការ​ធ្វើ​សមាជ​វិសាមញ្ញ​ក្នុង​ទីស្នាក់ការ​ខ្លួន ក៏​ត្រូវ​ធ្វើ​តាម​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្គាប់​បញ្ជា​ដែរ។

ប៉ុន្តែ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ថា​គ្មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា ពុំ​មាន​ការ​ហាមឃាត់ ឬ​ពុំ​មាន​រារាំង​មិន​ឲ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​និយាយ​ស្ដី និង​ធ្វើ​សកម្មភាព​អ្វី​ឡើយ។ លោក សុខ ឥសាន បន្ត​ថា គណបក្ស​កាន់​អំណាច​ក៏​មិន​ដែល​ជិះជាន់ ឬ​គំរាម​កំហែង​បក្ស​ប្រឆាំង​ដែរ«ពី​មុន​គាត់​ថា​មក​ពី​ការ​គាប​សង្កត់។ គាត់​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​គណបក្ស ហើយ​ឥឡូវ​គាត់​បាន​បញ្ចេញ​ច្បាស់​ហើយ ការពិត​គាត់​ឃុំ​ខ្លួន​ឯង​មាន​នរណា​គាប​សង្កត់ និង​ឃុំឃាំង​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី រយៈពេល​កន្លង​មក ទាំង​អន្តរជាតិ និង​ពលរដ្ឋ​ក្នុង​ស្រុក​មួយ​ចំនួន​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​រក​លេស​ដើម្បី​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ច្បាប់​តាម​អំពើ​ចិត្ត ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ ស្រប​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ការ​ចំណាយ​ពេល​ដ៏​ខ្លី​បំផុត​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ​ពី​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​បំណង​តែ​មួយ​គត់ សំដៅ​មក​លើ​បក្ស​ប្រឆាំង។ ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​រាប់​មិន​អស់​ដោយសារ​ការ​ប្ដឹង​ពី​មន្ត្រី​បក្ស​កាន់​អំណាច សុខ​ចិត្ត​ប្រកាស​លាលែង​ចេញ​ពី​ប្រធាន​បក្ស​ភ្លាម ដោយ​លើក​ហេតុផល​ថា ដើម្បី​ការពារ​គណបក្ស​កុំ​ឲ្យ​គេ​រំលាយ​ចោល។

សម្រាប់​អ្នក​តាមដាន​នយោបាយ​វិញ លោក សូ ចន្ថា យល់​ថា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង ដោយសារ​ការ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ និង​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់​ដាក់​ក្នុង​ពន្ធនាគារ បាន​ធ្វើ​ឲ្យ​សេរីភាព​នយោបាយ​នៅ​កម្ពុជា ហាក់​ត្រូវ​បាន​រឹតត្បិត និង​គ្មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​ឡើយ«វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​រីក​ចម្រើន​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជា នៅ​ពេល​ច្បាប់​ត្រូវ​បាន​អ្នក​នយោបាយ​មាន​អំណាច ប្រើប្រាស់​ដើម្បី​ប្រឆាំង​អ្នក​មាន​ទស្សនៈ​ប្រឆាំង»

លោក សូ ចន្ថា ពន្យល់​ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា គឺ​ជា​ដំណើរការ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ដែល​ផ្អែក​ទៅ​តាម​គោលការណ៍​ច្បាប់ និង​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដើម្បី​ផ្ដួល​ដៃគូ​ម្ខាង​ទៀត​មុន​ការ​ប្រកួត​ឡើយ។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ចង់​បាន​ការ​ផ្លាស់ប្ដូរ គឺ​ដើម្បី​ចង់​បាន​សន្តិភាព​ពិត​ដែល​គ្មាន​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី ហើយ​ការ​អភិវឌ្ឍ​វិញ ត្រូវ​ផ្ដល់​ផល​ប្រយោជន៍​ទាំង​អ្នក​មាន និង​អ្នក​ក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ការ​ចូលរួម​របស់​យុវជន​នឹង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ

$
0
0

រឿងរ៉ាវ​ទំនាស់​ដីធ្លី និង​បញ្ហា​សង្គម ត្រូវ​ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល​លើក​មក​លាតត្រដាង​ប្រាប់​ឲ្យ​យុវជន​បាន​ដឹង ដើម្បី​ស្វែងយល់ និង​រក​ដំណោះស្រាយ។ សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​យុវជន យល់​ថា ការ​ចូលរួម​របស់​យុវជន នឹង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​មួយ​ដ៏​ត្រឹមត្រូវ។

អ្នក​ធ្វើ​ការ​ទាក់ទង​យុវជន នៅ​តែ​ឲ្យ​តម្លៃ​ថា យុវជន​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ កម្លាំង​យុវជន អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការងារ​ដែល​ផ្តល់​សេវា​ដល់​ពលរដ្ឋ​កាន់​តែ​ប្រសិទ្ធភាព។

នាយក​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (YEDP) លោក បូ ពៅ ដែល​រៀបចំ​វេទិកា​យុវជន និយាយ​ថា ដើម្បី​ឲ្យ​យុវជន​ធ្វើ​ការងារ​ផ្តល់​ប្រយោជន៍​ដល់​សង្គម លុះត្រា​តែ​យុវជន​បាន​ដល់​ដឹង​ពី​បញ្ហា​សង្គម។ លោក​ថា ប្រសិន​បើ​យុវជន​មិន​បាន​ចូលរួម​តាមដាន​ការងារ​សង្គម នឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ ឬ​អ្នក​ដឹកនាំ​ប្រទេស បំពេញ​ការងារ​មិន​បាន​ល្អ​នោះ​ទេ៖ «»

ការ​ជជែក​ពី​បញ្ហា​សង្គម​នេះ​ក្នុង​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ ស្ដីពី​រឿងរ៉ាវ​សហគមន៍ និង​តួនាទី​របស់​យុវជន​នៅ​ក្នុង​សង្គម ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​មាន​ក្រុម​យុវជន និង​អ្នក​ពាក់ព័ន្ធ​ជាង ១០០​នាក់​ចូលរួម។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​កំពង់ស្ពឺ លោកស្រី ឈួន ស៊ុំ ឲ្យ​ដឹង​ថា ដី​នៅ​សហគមន៍​របស់​លោកស្រី ត្រូវ​ក្រុម​យោធា​មក​រំលោភ​បំពាន ហើយ​មូលហេតុ​ដែល​លោកស្រី​ចង់​ឲ្យ​យុវជន​ដឹង ព្រោះ​រំពឹង​ថា រឿង​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អាច​ដឹង​រឿង​នេះ តាម​រយៈ​ការ​ផ្សាយ​បន្ត​របស់​ក្រុម​យុវជន។ លោកស្រី​បន្ត​ថា ក្រុម​ពលរដ្ឋ​មិន​ដឹង​ថា ពេល​នេះ​ត្រូវ​រក​អ្នក​ណា​ឲ្យ​ជួយ​នោះ​ទេ ខណៈ​ដែល​អាជ្ញាធរ​ភូមិ-ឃុំ ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​យោធា៖ «»

ជំរឿន​ឆ្នាំ​២០០៨ បង្ហាញ​ថា យុវជន​កម្ពុជា មាន​ចំនួន ៣៣% នៃ​ពលរដ្ឋ​សរុប។ តាម​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា យុវជន​ជា​ភ្នាក់ងារ​ដ៏​សំខាន់​សម្រាប់​ការងារ​ផ្លាស់ប្ដូរ​សង្គម​ឲ្យ​មាន​ការ​អភិវឌ្ឍ និង​ប្រជាធិបតេយ្យ។

យុវជន​ធ្វើ​កិច្ច​ការងារ​ការពារ​ព្រៃ​ឈើ លោក រ័ត្ន សុវណ្ណ ឲ្យ​ដឹង​ថា ការ​ស្វែងយល់​ពី​បញ្ហា​សង្គម គឺ​ជា​ការ​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដល់​យុវជន ហើយ​ថែម​ទាំង​ផ្តល់​ភាព​ក្លាហាន​ដល់​យុវជន​ចូលរួម​ការងារ​សង្គម។ លោក​ថា ប្រសិន​បើ​ក្រុម​យុវជន​ផ្តល់​សារ​នៃ​បញ្ហា​សង្គម​ដល់​រដ្ឋាភិបាល នឹង​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព៖ «»

ឯកសារ​ជំនួយ​ស្មារតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ឲ្យ​ដឹង​ថា យុវជន​គឺ​ជា​អ្នក​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​មាន​ការ​ប្រែប្រួល។ យុវជន​ត្រូវ​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​ថា ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​មនុស្ស​ដទៃ​ទៀត ដូចជា​មនុស្ស​ជំទង់ ឬ​មនុស្ស​ចាស់ ព្រោះ​ខ្លួន​គឺ​ជា​យុវជន​ដែល​មាន​ចំណេះ​ដឹង និង​កម្លាំង​កាយ​រឹងមាំ ហើយ​អាច​ធ្វើ​ការ​អប់រំ និង​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) កំពុង​ពន្លឿន​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ។ តាម​គម្រោង គ..ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ នៅ​ក្នុង​អាណត្តិ​នេះ គ..ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​ដើម្បី​បម្រុង​ទុក​លើស​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។ អង្គការ​មិន​មែន​រដ្ឋាភិបាល ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​នេះ អាច​បម្រើ​ក្នុង​ហេតុផល​អ្វី​ផ្សេង​ទៅ​វិញ។

មន្ត្រី​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត​នៃ គ..ប ឲ្យ​ដឹង​ថា ស្ថាប័ន​ជំនាញ​រៀបចំ​ការ​បោះឆ្នោត នឹង​បោះពុម្ព​សន្លឹក​ឆ្នោត​ឲ្យ​លើស​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្ការ​ខូចខាត ឬ​បាត់បង់​ដោយ​ហេតុផល​ណា​មួយ។

ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​រោងពុម្ព​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ គ..ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​រហូត​ដល់​ជាង ៩​លាន ៤​សែន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ។

លោក​បន្ត​ថា ការ​បោះពុម្ព​លើស​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​នេះ គឺ​ជា​ការ​ត្រៀម​ក្រែង​មាន​ការ​ដាច់​រហែក ឬ​មាន​ហេតុផល​ណា​ដទៃ​រំខាន​ក្រៅ​ពី​នេះ​ទៀត។ លោក​បន្ត​ថា «ចំនួន​បម្រុង​នៅ​គ្រប់​ការិយាល័យ ពីព្រោះ​យ៉ាង​ហោច​ណាស់​មួយ​ការិយាល័យ​មាន​មួយ​ក្បាល​ស្មើ ៥០ ឬ​លើស​ពី ៥០​សន្លឹក ដើម្បី​បម្រុង​ការ​ខ្វះខាត​ទាំងឡាយ។ ឧទាហរណ៍​ថា​អ្នក​បោះឆ្នោត​បាន​គូស​ហើយ គាត់​ប្ដូរ​ចិត្ត​អ៊ីចឹង គាត់​សុំ​ដូរ​សន្លឹក​ឆ្នោត​ហ្នឹង​វិញ»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​ទំនើប​នេះ មាន​ចំនួន ៧.៨៦៤.៤២៩​នាក់។ ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ គ..ប នឹង​កំណត់​ឲ្យ​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល ១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។

មន្ត្រី គ..ប ទទួល​បន្ទុក​រោងពុម្ព បាន​អះអាង​ពី​ភាព​សុក្រឹត និង​តម្លាភាព ជាពិសេស​គឺ​សុវត្ថិភាព​សន្លឹក​ឆ្នោត​សម្រាប់​អាណត្តិ​នេះ គឺ​មាន​ភាព​ជឿជាក់​ខ្ពស់​បំផុត​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ឬ​ប្រើ​រូបភាព​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នេះ។

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត លោក ហ៊ឺ រ៉ុង មាន​សុទិដ្ឋិនិយម​ថា កិច្ចការ​ដែល គ..ប បាន​សម្រេច​រួច​ហើយ​តាម​ផែនការ​ដែល​បាន​ដាក់​ចេញ​នេះ នឹង​ធានា​ពី​ភាព​ប្រាកដ​និយម បើ​ធៀប​នឹង​អាណត្តិ​មុនៗ។ លោក​បន្ត​ថា ប្រសិន​បើ​ស្ថាប័ន​ជំនាញ​រៀបចំ​ការ​បោះឆ្នោត​ពិនិត្យ​ទៅ​រក​ឃើញ​ថា​មាន​កំហុស​តាម​រយៈ​ការ​បោះពុម្ព​នេះ សន្លឹក​ឆ្នោត​នឹង​ត្រូវ​បំផ្លាញ​ចោល។ លោក​បន្ត​ថា «នៅ​ពេល​យើង​ចាប់​ត្រួត​ពិនិត្យ​ឃើញ​ខុស គឺ​យើង​ឲ្យ​គាត់​កម្ទេច​ចោល​ភ្លាម អត់​អាច​យក​មក​ទុក​បាន​ទេ ហើយ​អ៊ីចឹង​គាត់​ត្រូវ​តែ​បោះពុម្ព​សង​វិញ។ ឧបមា​ថា​ខូច​ប៉ុន្មាន​ក្បាល ខូច​ប៉ុន្មាន​ការិយាល័យ ឬ​ខូច​មួយ​ឃុំ ជួនកាល​បោះពុម្ព​មាន​ភាព​ថ្លោះធ្លោយ​ដែរ ខូច​មួយ​ឃុំ ក្រោយ​ពី​ត្រួត​ពិនិត្យ​ត្រូវ​កាត់​ចោល​ភ្លាម»

មន្ត្រី គ..ប ឲ្យ​ដឹង​ថា នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​នៅ​ទូទាំង​ប្រទេស គឺ​ត្រូវ​បន្ថែម​សន្លឹក​ឆ្នោត ១​កញ្ចប់ ឬ​មួយ​ក្បាល​ស្មើ ៥០​សន្លឹក ឬ​ចំនួន​អាច​លើស​ពី​នេះ ដើម្បី​បម្រុង​ការ​ខូចខាត ឬ​បាត់បង់​ក្រោម​ហេតុផល​អ្វី​មួយ។ ផ្អែក​តាម​ផែនការ​ផលិត សង្កេត​ឃើញ​ថា មាន ៦​ដំណាក់​កាល​ដែល​រោងពុម្ព​កំពុង​ដំណើរការ ក្នុង​នោះ​ជំហាន​ទី​១ បោះពុម្ព​ឲ្យ​ទៅ​ជា​សន្លឹក​ឆ្នោត។ ជំហាន​ទី​២ វាយ​លេខ​រៀង ឬ​បោះពុម្ព​លេខ​រៀង​សម្រេច​បាន ២៣​ខេត្ត ស្មើ​នឹង ៧០​ភាគរយ។ ជំហាន​ទី​៣ គឺ​កិប ឬ​ចោះ​លេខ​សម្ងាត់​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ដាក់​ថា NEC។ ក្នុង​ជំហាន​ទី​៣ នេះ គ..ប សម្រេច​បាន ២២​ខេត្ត។ ជំហាន​ទី​៤ ក្រុម​ត្រួត​ពិនិត្យ​សន្លឹក​ឆ្នោត​សម្រាប់​ដាក់​ទៅ​តាម​ការិយាល័យ​បោះឆ្នោត ហើយ​ក្នុង​មួយ​ការិយាល័យ​បោះឆ្នោត​មាន ១​កញ្ចប់​ស្មើ ៥០​សន្លឹក។ ក្នុង​ដំណាក់កាល​នេះ ដំណើរការ​ទើប​តែ​បាន ១៥​ខេត្ត-ក្រុង​នៅ​ឡើយ ស្មើ​ប្រមាណ ៤៥​ភាគរយ។ ជំហាន​ទី​៥ គឺ​ការ​វេច​ខ្ចប់​សន្លឹក​ឆ្នោត និង​ដំណាក់​កាល​ទី​៦ គឺ​ការ​ឃ្លុំបេ​សន្លឹក​ឆ្នោត​ដាក់​ចូល​ទៅ​ក្នុង​កេស។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​អាណត្តិ​ទី​៤ នេះ គ..ប ដែល​ជា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត បាន​បោះពុម្ព​សន្លឹក​ឆ្នោត​លើស ឬ​បម្រុង​ទុក​ចំនួន ២៥​ភាគរយ។ តួលេខ​នេះ​ជា​ចំនួន​ដែល​ច្រើន​ជាង ៥​ដង ដែល​មាន​ប្រមាណ ២០​ភាគរយ​កាល​ពី​អាណត្តិ​មុន។

អង្គការ​ក្រៅ​រដ្ឋាភិបាល​សោកស្ដាយ និង​បង្ហាញ​កង្វល់​ថា សន្លឹក​ឆ្នោត​ដែល​បោះពុម្ព​លើស​នេះ អាច​បម្រើ​ផល​ប្រយោជន៍​ក្នុង​រូបភាព​ផ្សេង​ទៅ​វិញ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្លឹក​ឆ្នោត​ដែល​បោះពុម្ព​លើស​នេះ។ លោក​បន្ត​ថា ការ​បោះពុម្ព​លើស​នេះ មិន​មែន​ជា​សញ្ញា​បញ្ជាក់​ថា​ល្អ​នោះ​ទេ ពោល​ក្រៅ​ពី​ត្រូវ​ខាតបង់​ថវិកា​ជាតិ​ហើយ សន្លឹក​ឆ្នោត​លើស​នេះ​អាច​បម្រើ​ក្នុង​ហេតុផល​អ្វី​ផ្សេង​ទៅ​វិញ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ពាក់ព័ន្ធ​ការ​ប្រើប្រាស់​សន្លឹក​ឆ្នោត ខ្ញុំ​បារម្ភ​ខ្លាច​អត់​មាន​តម្លាភាព ព្រោះ​អី​សន្លឹក​ឆ្នោត​ដែល​បម្រុង​ហ្នឹង​វា​ច្រើន​ពេក។ ភាគច្រើន​ប្រទេស​ដទៃ​ជាទូទៅ​យ៉ាង​ច្រើន​បំផុត ៥​ភាគរយ»

ឆ្លើយតប​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា អះអាង​ថា ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​ការពារ​រឿង​នេះ ដូចជា​អ្នក​ដែល​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន ត្រូវ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី តាម​រយៈ​ភេទ អាយុ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ជាដើម។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក ហង្ស ពុទ្ធា មាន​សុទិដ្ឋិនិយម​ថា បើ​ទោះ​ជា​យក​សន្លឹក​ឆ្នោត​បាន ក៏​មិន​អាច​ប្រើ​ការ​កើត​ដែរ។

មន្ត្រី​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត លោក ហ៊ឺ រ៉ុង បញ្ជាក់​ថា នៅ​សប្ដាហ៍​ខាង​មុខ​នេះ សន្លឹក​ឆ្នោត​ដែល​គ្រោង​បញ្ចប់​នៅ​រោងពុម្ព នឹង​ត្រូវ​ដឹក​ទៅ​ការិយាល័យ​កណ្ដាល​របស់ គ..ប ដើម្បី​ធ្វើ​ពិធី​ប្រគល់ មុន​នឹង​ត្រូវ​ដឹក​ទៅ​តាម​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ការ​បរទេស​បារម្ភ​ចំពោះ​ស្ថានភាព​តានតឹង​ផ្នែក​យោធា​នៅ​ឧបទ្វីប​កូរ៉េ

$
0
0

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន សម្ដែង​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ។ លោក​បាន​បញ្ជាក់​ថា ស្ថានភាព​ឧបទ្វីប​កូរ៉េ កំពុង​តែ​ដុនដាប​ខ្លាំង ដោយ​កូរ៉េ​ខាង​ជើង បាន​សាកល្បង​បាញ់​មីស៊ីល (Missile) រយៈ​ឆ្ងាយ និង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។

ខណៈ​ភាគី​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ក៏​បាន​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល និង​ការ​កើន​ឡើង​នូវ​វត្តមាន​នៃ​កង​នាវា​ប្រយុទ្ធ​សហរដ្ឋ​អាមេរិក ក៏​បាន​បង្កើត​នូវ​ភាព​តានតឹង​នៅ​ក្នុង​តំបន់។ សេចក្តី​ថ្លែងការណ៍​លោក ប្រាក់ សុខុន ចេញ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ មេសា បាន​សរសេរ​ថា បើ​ទោះ​បី​ការ​រំពឹង​ថា​នឹង​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​មិន​អាច​កើត​មាន​ក៏ដោយ ហេតុការណ៍​នេះ​កំពុង​បង្ក​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព មិន​ត្រឹម​តែ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល និង​តំបន់​អាស៊ាន​ផង​ដែរ។

លោក​បន្ត​ថា កម្ពុជា អះអាង​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​សម្រាប់​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់។ កម្ពុជា ចង់​ឃើញ​កូរ៉េ​ខាង​ជើង គោរព​តាម​ទាំងស្រុង​នូវ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​ផ្សេងៗ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ និង​បោះបង់​ការ​ព្យាយាម​បង្កើត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឍន៍​នៃ​សមុទ្រ​ចិន​ខាង​ត្បូង លោក ប្រាក់ សុខុន បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាម​រយៈ​ការ​ពិគ្រោះ​យោបល់ និង​ការ​ចរចា​ដើម្បី​បង្កើន​ល្បឿន​ដំណើរការ​រៀបចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (COC) ដើម្បី​ដាក់​ចេញ​នូវ​យន្តការ​មួយ​ដ៏​មាន​ប្រសិទ្ធភាព និង​រឹងមាំ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​កម្លាំង​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ថ្មី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ថា​អភិបាល​ខេត្ត​ពោធិ៍សាត់​ប្រើ​ឥទ្ធិពល​ដោះស្រាយ​ជម្លោះ​ដីធ្លី

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ភាគច្រើន បាន​ប្រើ​ឥទ្ធិពល​បង្ខំ​ឲ្យ​គូ​ភាគី​បញ្ចប់​រឿងរ៉ាវ​ជា​ជាង​ប្រើ​ច្បាប់ ឬ​ក្បួន​ខ្នាត​ដែល​មាន​ស្រាប់។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ដែល​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ជោគជ័យ​ជាច្រើន​ករណី​ក្នុង​នាម​លោក​ជា​អភិបាល​ខេត្ត។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ថា​លោក​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ជោគជ័យ​ប្រមាណ ១៤០​ករណី តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ ដែល​លោក​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត។ លោក​តម្រូវ​ឲ្យ​គូ​ភាគី​ទំនាស់​បើក​ចិត្ត​ទូលាយ និយាយ​ដោយ​ភាព​ស្មោះ​ត្រង់ ត្រឹមត្រូវ ហើយ​ត្រូវ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ពុំ​មាន​អ្នក​ចាញ់ គឺ​ឈ្នះ​ទាំងអស់​គ្នា។

សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ដោយ​ស្រង់​សម្ដី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុង​ឱកាស​ដែល​លោក​ចុះ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ភ្នំក្រវ៉ាញ ថា លុយ និង​ទ្រព្យ​សម្បត្តិ​យើង​អាច​រក​មក​ពេល​ណា​ក៏​បាន គ្រាន់​តែ​យូរ ហើយ​និង​ឆាប់ ប៉ុន្តែ​ចំណង​មិត្តភាព​រវាង​បង​ប្អូន​កូន​ក្មួយ និង​អ្នក​ភូមិ​ផង​របង​ជាមួយ គឺ​មាន​ជា​រៀង​រហូត។ បើ​បង​ប្អូន​នៅ​តែ​បន្ត គឺ​គ្មាន​អ្វី​ដែល​នៅ​សេសសល់​នោះ​ទេ វា​អស់​ទាំង​ថវិកា និង​ពេលវេលា តែ​បើ​បង​ប្អូន​យល់ព្រម​តាម​ការ​សម្របសម្រួល និង​ស្រុះស្រួល​គ្នា​ហើយ​នោះ ខ្ញុំ​នឹង​បញ្ចប់​ទំនាស់​នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

មន្ត្រី​សមាគម​អាដហុក (ADHOC) ថា​អភិបាល​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ សកម្ម​ជាង​គេ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី បើ​ប្រៀបធៀប​នឹង​បណ្ដា​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស។ តែ​យុទ្ធសាស្ត្រ​ឈ្នះៗ ឬ​ការ​ប្រើ​ឥទ្ធិពល​អំណាច​ដើម្បី​ដោះស្រាយ​ជម្លោះ គឺ​មិន​បាន​ជោគជ័យ​ទាំងអស់​នោះ​ទេ ពេល​ណា​ភាគី​ណា​មួយ​មាន​ឥទ្ធិពល​ខ្លាំង ឬ​ខាត​ប្រយោជន៍​ច្រើន​ពេក។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា អាជ្ញាធរ​មិន​បាន​យក​ក្បួន​ខ្នាត​ដោះស្រាយ​ជម្លោះ​ដែល​តាក់តែង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ទៅ​អនុវត្ត​នោះ​ទេ គឺ​នៅ​ដោះស្រាយ​តាម​របៀប​ប្រើ​ឥទ្ធិពល ឬ​ជា​ម៉ែ​ជា​ឪ​នៃ​គូ​ភាគី​ជម្លោះ ដែល​ធ្វើ​ឲ្យ​គូ​ភាគី​ទទួល​យក​ដោយ​មិន​អស់​ចិត្ដ៖ «ការ​ប្រើ​ឥទ្ធិពល​បង្ខំ​ឲ្យ​ភាគី​បញ្ចប់​រឿង គឺ​គាត់​មិន​សប្បាយ​ចិត្ត​ទេ។ ជួនកាល​យក​ដោយ​មិន​ពេញ​ចិត្ត យក​ដោយ​ទឹក​ភ្នែក ដែល​យើង​ធ្លាប់​ជួប។ អា​ហ្នឹង​ហើយ​ដែល​បង្កើត​ឲ្យ​មាន​ជម្លោះ​ឡើង​វិញ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ថា​វិធានការ​ច្បាប់​ចាំបាច់​ត្រូវ​តែ​ប្រើ ប៉ុន្តែ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត លោក​ត្រូវ​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្ដែង។ ចំណែក​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ថ្មដា វិញ លោក​ជឿ​ថា​អាច​ដោះស្រាយ​ចេញ ដោយ​លោក​បាន​ចាត់​ឲ្យ​អភិបាល​រង​ខេត្ត​ម្នាក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​ហើយ៖ «អត់​មាន​បញ្ហា​អី​ទេ​បង ពីព្រោះ​បញ្ហា​ទាំងអស់​យើង​ក្ដាប់​បាន។ សំខាន់​បំផុត​យើង​ដោះស្រាយ​ចុះ​ទៅ​ផ្ទាល់​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ។ បើ​ចំពោះ​ខ្ញុំ ក្នុង​ការ​វាយ​តម្លៃ​គ្រប់​បញ្ហា​ទាំងអស់​ដែល​ខ្ញុំ​បាន​ដោះស្រាយ​កន្លង​មក​នេះ គឺ​មិន​មាន​បញ្ហា​អី​ទេ»

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព គឺ​លោកស្រី យ៉ុង រ៉ាន់ ថា​តាំង​ពី​ឆ្នាំ​២០១០ ដែល​ជម្លោះ​បាន​កើត​ឡើង រូប​គាត់ និង​អ្នក​ភូមិ​ខ្លះ​ទៀត​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​ឡើយ។ លោកស្រី​ថា អាជ្ញាធរ​ខេត្ត​ថា​ដោះស្រាយ​តែ​មាត់ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​រំលោភ​បំពាន​រហូត​មក​ដល់​បច្ចុប្បន្ន៖ «ដំណោះស្រាយ​របស់​ខេត្ត គឺ​ពួក​គាត់​អត់​ទាន់​ដោះស្រាយ​អី​ឲ្យ​បាន​ជា​លទ្ធផល​ដល់​ពួក​ខ្ញុំ​ទេ។ ខ្ញុំ​យល់​ថា អយុត្តិធម៌។ គាត់​ហៅ​ពួក​ខ្ញុំ​ទៅ​ដោះស្រាយ គ្រាន់​និយាយ​តែ​មាត់​ទេ សាច់​ការ​ដែល​ថា​ដោះ​អត់​កើត​បាន​ជា​លទ្ធផល​នៅ​ឡើយ​ទេ»

លោក សំ ច័ន្ទគា បាន​ផ្ដល់​យោបល់​ដោយ​ផ្អែក​លើ​គោលការណ៍​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​ថា ការ​ដោះស្រាយ​ជម្លោះ​មាន​ច្រើន​ដំណាក់កាល ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​ផ្ដល់​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​គូ​ភាគី។ ភាគី​នីមួយៗ​មាន​សិទ្ធិ​ដាក់​លក្ខខណ្ឌ​លើស​ពី​ពីរ ហើយ​ត្រូវ​រើស​យក​លក្ខខណ្ឌ​ប្រហាក់​ប្រហែល​ដែល​ភាគី​ទាំង​សងខាង​បាន​ដាក់​មក​ជជែក ទើប​ជម្លោះ​អាច​ដោះស្រាយ​ចេញ ឬ​គូ​ភាគី​ទទួល​យក​ដោយ​អស់​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live