សំណុំរឿងបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ដោយនីតិវិធីចុងក្រោយ មុនសវនាការលើអង្គសេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិ និងអង្គការសាមី ថ្កោលទោសចំពោះសេចក្ដីសម្រេចនេះ ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
ពួកគេហៅការឃុំខ្លួននេះ ថាជាការបញ្ជាក់ឲ្យឃើញពីចេតនាខិតខំរបស់រដ្ឋាភិបាល ក្នុងការយាយីដោយចេតនានយោបាយ ដើម្បីគាបសង្កត់អ្នកការពារសិទ្ធិមនុស្ស និងអ្នករិះគន់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកថា កម្ពុជា មានអធិបតេយ្យភាពផ្ទាល់ខ្លួន ហើយការឃុំនេះស្ថិតក្រោមស្ថាប័នយុត្តិធម៌ដែលជាស្ថាប័នឯករាជ្យ។
ស្ថាបនិក និងជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) បានប្រតិកម្មភ្លាមៗបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំបុគ្គលិក និងអតីតបុគ្គលិករបស់ខ្លួន ៦ខែបន្ថែមទៀត ដោយពុំបង្ហាញហេតុផលច្បាស់លាស់។
ប្រធានសមាគមអាដហុក លោក ធន សារាយ ថ្លែងនៅក្នុងវីដេអូពីប្រទេសកាណាដា (Canada) ដែលបង្ហោះនៅក្នុងគេហទំព័រអាដហុកថា ការបន្តឃុំខ្លួនអ្នកទាំង៥ ពីបទសមគំនិត និងសូកប៉ាន់សាក្សី គឺជារឿងអយុត្តិធម៌ដល់ក្រុមការងារលោក ដែលកំពុងបំពេញការងារមនុស្សធម៌។ ជាងនេះទៅទៀត ពួកគេពុំមានទោសកំហុស ឬមានភស្តុតាងណាមួយដែលបញ្ជាក់ថា បានប្រព្រឹត្តអំពើសូកប៉ាន់ និងសមគំនិតនោះឡើយ។ លោកបានរៀបរាប់ពីសាវតារដែលសមាគមនេះបានជួយតាមសំណើរបស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលមានរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា ដោយសារនាងស្វែងរកជំនួយផ្លូវច្បាប់ និងមានការភិតភ័យពីសុវត្ថិភាព៖ «»។
លោក ធន សារាយ បានអំពាវនាវឲ្យរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញនៅពេលដ៏ខ្លីខាងមុខ។ លោកថា បើនៅតែបន្តឃុំខ្លួនបែបនេះ រដ្ឋាភិបាលនឹងខាតបង់សន្លឹកឆ្នោត ហើយត្រូវបានអន្តរជាតិ និងម្ចាស់ជំនួយថ្កោលទោសថែមទៀត។ លោកថា ការបន្តឃុំនេះ គឺជាសារគំរាមកំហែង ដែលធ្វើឲ្យមនុស្សក្នុងសង្គមមានការព្រួយបារម្ភ និងភ័យខ្លាច នៅពេលដែលរដ្ឋាភិបាលមានភាពមិនច្បាស់លាស់ និងចាប់មនុស្សដាក់ឃុំស្រេចតែអំពើចិត្ត និងរំលោភសិទ្ធិបែបនេះ៖ «»។
នៅក្នុងវីដេអូដដែល លោក ធន សារាយ បន្ថែមទៀតថា រដ្ឋាភិបាលក៏ត្រូវតែខ្មាសអៀន និងកែលំអនូវកំហុសឆ្គងរបស់ខ្លួននៃការគោរពសិទ្ធិមនុស្ស ដើម្បីឆ្លើយតបកម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលបានចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើកតិកាសញ្ញា និងអនុសញ្ញាស្ដីពីសិទ្ធិមនុស្សច្រើនជាងគេបំផុតនៅក្នុងតំបន់។
អ្នកទាំង៥ គឺមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ជាមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ជាអតីតមន្ត្រីជាន់ខ្ពស់នៃសមាគមនេះ។ គិតមកត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ពួកគាត់ត្រូវបានឃុំខ្លួនអស់រយៈពេល ១ឆ្នាំ។
កាលពីថ្ងៃទី២៧ មេសា អ្នកទាំង៥ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ សម្រេចលើកចុងក្រោយ ឃុំខ្លួនបន្ថែម ៦ខែទៀត ដោយសំអាងថា ដើម្បីសាកសួរសាក្សី និងស្វែងរកភស្តុតាងបន្ថែមទៀត។
ជុំវិញការបន្តនីតិវិធីឃុំខ្លួនបន្ថែម ៦ខែជាលើកទី៣ នេះ មេធាវីរបស់ពួកគេ បានចាត់ទុកថា ការពន្យារពេលឃុំដោយរំលោភសិទ្ធិជនត្រូវចោទត្រង់មាត្រា១៤ ក្នុងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលចែងថា ជនត្រូវចោទមានសិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានបង្អង់ពេល។
មេធាវីការពារក្ដីឲ្យលោក នី ចរិយា គឺលោក សំ សុគង់ ពន្យល់ថា ការឃុំខ្លួនជនត្រូវចោទ អាចធ្វើទៅបាន លុះត្រាតែសំណុំរឿងនោះមានភាពស្មុគស្មាញច្រើន ជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងមានឧបសគ្គច្រើន ដែលរាំងស្ទះក្នុងការស៊ើបអង្កេតរកភស្តុតាង។ ប៉ុន្តែតុលាការចោទអ្នកទាំង ៥រូប ថាសមគំនិត និងសូកប៉ាន់សាក្សីនេះ លោកមើលមិនឃើញថាមានភាពស្មុគស្មាញក្នុងការស្វែងរកភស្តុតាងនោះទេ។
បញ្ហានេះហើយ ក្រុមមេធាវីការពារក្ដីឲ្យអ្នកទាំង ៥រូប ថានឹងប្ដឹងទាស់ការសម្រេចពន្យារពេលឃុំខ្លួនរបស់សាលាដំបូងនេះទៅសាលាឧទ្ធរណ៍ ព្រោះជាការអនុវត្តខុសនីតិវិធី។
ការបន្តឃុំខ្លួនបន្ថែម ៦ខែហើយ ៦ខែទៀត អង្គការជាតិ និងអន្តរជាតិមួយចំនួន ចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យរដ្ឋាភិបាលដោះលែងជាបន្ទាន់ និងទម្លាក់បទចោទពីអ្នកទាំង៥។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍ចាត់ទុកការចាប់ឃុំខ្លួនអ្នកទាំង៥ ថាជាយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីកម្ទេចបក្សប្រឆាំង បំភ័យ និងបំបិទមាត់អ្នកការពារសិទ្ធិមនុស្ស។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើងថា តុលាការកម្ពុជា ត្រូវបានរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ដើម្បីគាបសង្កត់សង្គមស៊ីវិល។ លោកថា លុយរាប់លានដុល្លារ ត្រូវបានគេផ្ដល់ឲ្យកម្ពុជា សម្រាប់បម្រើដល់ការបណ្ដុះបណ្ដាល ប៉ុន្តែវាជាការឥតប្រយោជន៍ ដោយសារថា តុលាការនៅតែជាឧបករណ៍នៃភាពអយុត្តិធម៌។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្ស អ្នកស្រី អេលីហ្សាប៊ែត ស្រូសហ្សែលល៍ (Elizabeth Throssell) នៅថ្ងៃទី២៨ មេសា បានសម្ដែងការសោកស្ដាយពីទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) ថា ទោះក្រុមការងាររបស់អង្គការសហប្រជាជាតិ បានហៅការឃុំខ្លួនជាការឃុំខ្លួនតាមអំពើចិត្តក៏ដោយ ក៏តុលាការក្រុងភ្នំពេញនៅសម្រេចបន្តឃុំ។
ឆ្លើយតបការប្រតិកម្មនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រទេសកម្ពុជា មានអធិបតេយ្យភាពផ្ទាល់ខ្លួន ហើយករណីការឃុំខ្លួននេះ ស្ថិតក្រោមស្ថាប័នយុត្តិធម៌ ដែលលោកថាជាស្ថាប័នឯករាជ្យ៖ «កម្ពុជា ឥតស្ថិតក្រោមឥទ្ធិពលរបស់អង្គការសហប្រជាជាតិ ឬអង្គការណាទេ។ ចំពោះការងារយុត្តិធម៌ តាមរដ្ឋធម្មនុញ្ញកម្ពុជា ស្ថាប័នយុត្តិធម៌ជាស្ថាប័នឯករាជ្យ មិនស្ថិតនៅចំណុះ ឬឲ្យអ្នកណាជ្រៀតជ្រែក។ នេះជាដែនអធិបតេយ្យភាពរបស់ជាតិខ្មែរនោះទេ តែជាអធិបតេយ្យភាពរបស់តុលាការ»។
ចំណែកចលនាពិភពលោកដើម្បីសិទ្ធិមនុស្ស (Worldwide Movement for Human Rights) បានចាត់ទុកថាជាការឃុំខ្លួនតាមអំពើចិត្តមុនសវនាការ ហើយថាបង្ហាញពីភាពអន់ខ្សោយរបស់រដ្ឋាភិបាលកម្ពុជា។
លោក ឌីមីទ្រីស គ្រីស្តូពូឡុស (Dimitris Christopoulos) ប្រធានអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហ្វីដ (FIDH) ដែលគ្រប់គ្រងចលនាពិភពលោកដើម្បីសិទ្ធិមនុស្ស ថ្លែងថា ការបញ្ចេញសកម្មភាពរបស់អាជ្ញាធរចំពោះអ្នកការពារសិទ្ធិមនុស្សទាំងប្រាំនាក់ ដូចជាជនឧក្រិដ្ឋ គ្រោះថ្នាក់ បង្ហាញពីវិសាលភាពនៃប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា គឺស្ថិតនៅក្នុងហោប៉ៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការលើកឡើងនេះ ត្រូវបានលោក ផៃ ស៊ីផាន ហៅថាជាការប្រាសចាកពីការពិតជាក់ស្តែង ដោយស្នើឲ្យចលនានេះពិនិត្យមើលអង្គហេតុ និងអង្គច្បាប់ឲ្យបានល្អិតល្អន់ ហើយត្រូវពិចារណាប្រកបដោយសេចក្តីថ្លៃថ្នូរ។
ថ្លែងនៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២៨ មេសា នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ មានទស្សនៈថា សំណុំរឿងនេះមិនមែនរឿងទិដ្ឋភាពច្បាប់ទាំងស្រុងទេ តែជារឿងនយោបាយ ដោយសាររឿងនេះជាប់ពាក់ព័ន្ធអ្នកនយោបាយ។ លោកថា ការសម្រេចបន្តឃុំខ្លួននេះ គឺមិនបានផ្ដល់ហេតុផលសំអាងពីការគាំទ្រសេចក្ដីសម្រេចរបស់ខ្លួន ដោយខ្វះតម្លាភាពនៅក្នុងការបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេត ដែលព័ត៌មានខ្លះអាចបញ្ចេញអាចឲ្យសាធារណជនបានដឹងពីដំណើរការវិវឌ្ឍន៍នៃដំណើរការរឿងកន្លងមក។ លោកថា ផ្ទុយទៅវិញ ដំណើរការស៊ើបអង្កេតរបស់តុលាការមានភាពយឺតយ៉ាវខ្លាំង ដែលគេអាចយល់បានថារបៀបនៃការដំណើរការរបស់តុលាការ បង្កឲ្យមានភាពសង្ស័យពីសាធារណជន ថាតុលាការមិនទាន់មានឯករាជភាពពេញលេញនៅឡើយ៖ «»។
ជុំវិញការងារទាមទារដោះលែងអ្នកទាំង ៥រូបនេះ សង្គមស៊ីវិល និងសហគមន៍ដីធ្លី បានធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដូចជាការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ការធ្វើបដារាប់ថ្ងៃអ្នកជាប់ឃុំ និងតាមប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីតស៊ូមតិទាមទារដោះលែង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានថ្លែងថា ចំពោះការឃុំខ្លួននេះ គឺស្របតាមគោលការណ៍ច្បាប់ត្រឹមត្រូវ ដែលស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។ រីឯការបើកសវនាការនៅពេលណានោះ គឺអាស្រ័យទៅលើកាលវិភាគរបស់តុលាការ។
ក្នុងពេលជាមួយគ្នានេះ អ្នកទាំង ៥រូប ត្រូវបានជ្រើសរើសជាប់ជាបេក្ខជនផ្ដាច់ព្រ័ត្រសម្រាប់ទទួលពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧ ឈ្មោះថា ពានរង្វាន់ ម៉ាទីន អ៊ែនណល (Martin Ennals) ដែលរៀបចំឡើងដោយគណៈកម្មការផ្ដល់ពានរង្វាន់ជាអង្គការសិទ្ធិមនុស្សចំនួន១០ ក្នុងពិភពលោក។
ពានរង្វាន់ធំនៃចលនាសិទ្ធិមនុស្សអន្តរជាតិ គឺពានរង្វាន់ ម៉ាទីន អ៊ែនណល ដែលជាកិច្ចសហប្រតិបត្តិការដោយឡែកមួយក្នុងចំណោមអង្គការសិទ្ធិមនុស្សឈានមុខនៅលើពិភពលោកចំនួន១០ ដើម្បីផ្ដល់ការការពារដល់អ្នកការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ ពិធីប្រគល់ពាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្ដីពីការឃុំខ្លួនតាមអំពើចិត្ត ប្រកាសថា ការឃុំនេះជាការឃុំខ្លួនតាមអំពើចិត្ត និងថាត្រូវសងជំងឺចិត្តឲ្យបានសមរម្យដល់ពួកគេ៕