Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​ដាក់​ពាក្យ​ប្ដឹង​អ្នក​ឈូស​ឆាយ​យក​ដី​តំបន់​ទេសចរណ៍

$
0
0

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ជួប​ប្រជុំ​គ្នា​រៀបចំ​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​គ្រួសារ ដែល​ឈូស​ឆាយ​ព្រៃ​ហ៊ុមព័ទ្ធ​ដី​តំបន់​រមណីយដ្ឋាន​សហគមន៍​អភិរក្ស យក​ធ្វើ​ជា​ដី​កម្មសិទ្ធិ។ ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហគមន៍​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី​អភិរក្ស​នេះ​មិន​មាន​លទ្ធផល។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ថា នឹង​អន្តរាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ឃុំ​ដាក់ដាំ ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ក្នុង​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​យក​ដី​តំបន់​ទឹកជ្រោះ​ជ្រៃធំ ដែល​សហគមន៍​អភិរក្ស​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ដាក់ដាំ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា សម្រេច​ចិត្ត​នៅ​សាលា​ប្រជុំ​ភូមិ​ពូលេះ ថា​មិន​បន្ត​រង់ចាំ​ដំណោះស្រាយ​តាម​រយៈ​អាជ្ញាធរ​ស្រុក ដែល​អ្នក​ភូមិ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ហ៊ុមព័ទ្ធ​យក​ដី​អភិរក្ស ហើយ​ប្រគល់​ដី​នោះ​មក​ឲ្យ​សហគមន៍​គ្រប់គ្រង​តាម​លក្ខណៈ​ប្រពៃណី​វិញ គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​ស្វាយរៀង បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​សំអាង​ថា ដី​នោះ​មាន​លិខិត​បញ្ជាក់​ពី​អតីត​អាជ្ញាធរ​ឃុំ ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នោះ បន្ទាប់​មក​ដី​ត្រូវ​បាន​លក់​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា ក្រោយ​ពី​ការ​ចុះ​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ សមាគម​លោក​រក​ឃើញ​ថា ដី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​កាប់​ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​របស់​សហគមន៍ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្រគល់​តំបន់​នោះ​ទៅ​ឲ្យ​សហគមន៍​អភិរក្ស។ លោក​បន្ត​ថា តំណាង​សហគមន៍​គ្រប់​ភូមិ បាន​ឯកភាព​គ្នា​ឲ្យ​សមាគម​លោក​ជួយ​អន្តរាគមន៍​ពាក្យ​បណ្ដឹង​ពួក​គេ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ឈប់​ការ​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់៖ «ដោយសារ​គាត់​មិន​មាន​លទ្ធភាព​ជួយ​ការងារ​ហ្នឹង​បាន​ច្រើន គាត់​ឲ្យ​យើង​ជួយ​អន្តរាគមន៍។ គោល​ជំហរ​របស់​សហគមន៍ គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​សមត្ថកិច្ច​ដក​ហូត​ដី មិន​មែន​តែ​ដី​ពីរ​គ្រួសារ​ទេ ដី​អ្នក​ណា​ក៏ដោយ ឲ្យ​តែ​នៅ​ក្នុង​បរិវេណ​ទឹកជ្រោះ​ជ្រៃធំ ត្រូវ​ដក​យក​វិញ​ទាំងអស់»

តំបន់​ទឹក​ធ្លាក់​ជ្រៃធំ មាន​ផ្ទៃដី​ប្រមាណ ៤​ហិកតារ ឋិត​នៅ​ក្នុង​ភូមិ​ពូលេះ ជា​តំបន់​ទឹកជ្រោះ​ធម្មជាតិ​ដែល​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ប្រគល់​ឲ្យ​សហគមន៍​ឃុំ​ដាក់ដាំ អភិរក្ស​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ខ្នាត​តូច។ ចាប់​ពី​ខែ​កុម្ភៈ រហូត​បច្ចុប្បន្ន ជនជាតិ​ខ្មែរ​ចំណាក​ស្រុក​ពីរ​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​នេះ បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​ជាង ២​ហិកតារ​យក​ជា​កម្មសិទ្ធិ​ឯកជន ក៏ប៉ុន្តែ​សហគមន៍​បាន​នាំ​គ្នា​ទៅ​រារាំង​មិន​ឲ្យ​ឈូស​ឆាយ​បន្ត និង​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក ឲ្យ​ជួយ​ដោះស្រាយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​សុំ​បញ្ជាក់​ការ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។

ទាក់ទិន​ករណី​នេះ មេ​ឃុំ​ដាក់ដាំ លោក សម វ៉ាន្នី កត់​សម្គាល់​ថា អាជ្ញាធរ​ឃុំ​បាន​កោះ​ហៅ​ភាគី​ចុង​ចោទ គឺ​លោក កេត សាមេន និង​លោក កេត វុឌ្ឍី មក​ដោះស្រាយ​បញ្ហា​ពីរ​លើក​កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​លទ្ធផល ដោយសារ​តែ​ភាគី​ចុង​ចោទ​មិន​យល់ព្រម​ប្រគល់​ដី​នោះ​ឲ្យ​សហគមន៍​អភិរក្ស​វិញ។ លោក​ទទួល​ស្គាល់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ចូល​ទៅ​កាន់​កាប់​ឋិត​ក្នុង​បង្គោល​ព្រំ​កំណត់​តំបន់​ទឹកជ្រោះ​ដែល​សហគមន៍​គ្រប់គ្រង ហេតុ​នេះ​លោក​បាន​បញ្ជូន​រឿង​នេះ​ទៅ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​បន្ត៖ «គាត់​ថា​ទិញ​ពី​គេ ប៉ុន្តែ​ឯកសារ​ទិញ​លក់​អត់​មាន​ទេ អត់​មាន​ផ្ទេរ​ទេ លិខិត​កាន់​កាប់​របស់​មេ​ឃុំ​ចាស់​ទេ។ ដី​តំបន់​ទេសចរណ៍​គេ​ដាក់​ព្រំ​អស់​ហើយ តើ​គាត់​នៅ​តែ​រំលោភ​យក»

ចំណែក​អភិបាល​ស្រុក​អូររាំង លោក ឆេង ទន់ណារី បញ្ជាក់​ថា ឯកសារ​ប្រគល់​ដីធ្លី​នេះ​ធ្វើ​ឡើង​កាល​ពី​ជំនាន់​អតីត​មេ​ឃុំ​ចាស់ ហេតុ​នេះ​អាជ្ញាធរ​ត្រូវការ​ពេលវេលា​ស្រាវជ្រាវ​រឿង​នេះ មុន​នឹង​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍។ លោក​ថា សហគមន៍​គួរ​អត់ធ្មត់​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ស្រុក បន្ត​ដោះស្រាយ​បញ្ហា គ្រា​ដែល​អាជ្ញាធរ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ជា​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​នេះ៖ «ដោះ​មិន​ចេញ​ទេ ទៅ​តាម​ចិត្ត​គាត់​ចង់​បាន ស្អែក​ម៉េច​បាន​រឿង​កើត​មក​យូរ​ហើយ យើង​មាន​នីតិវិធី​ច្រើន ការងារ​មិន​មែន​មាន​តែ​មួយ​ឯណា

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​ថា តំបន់​ទឹកជ្រោះ​ជ្រៃធំ​ជា​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់ បាន​ចុះ​បញ្ជី​ប្រគល់​ជា​តំបន់​ទេសចរណ៍​របស់​ខេត្ត ប៉ុន្តែ​បាន​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ថែរក្សា និង​ស្វែងរក​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក ងិន សុវិមាន កត់​សម្គាល់​ថា តំបន់​ទឹកជ្រោះ​ជ្រៃធំ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បោះ​បង្គោល​សម្គាល់​ព្រំ​ដី​ជាក់លាក់ ហេតុ​នេះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ទីតាំង​ទំនាស់​បាន​ត្រឹមត្រូវ ទើប​អាច​កំណត់​បញ្ហា​បាន៖ «យើង​ត្រូវ​សិក្សា​ផ្លូវ​ច្បាប់​បន្ថែម​ទៀត។ យើង​មើល​ទីតាំង ព្រោះ​ពី​មុន​យើង​បោះ​ព្រំ​ហើយ តើ​វា​ចូល​ក្នុង​ប្លង់​នោះ​យ៉ាង​ម៉េច

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍ លោក ទើយ ធិ បញ្ជាក់​ថា សហគមន៍​ឯកភាព​គ្នា​រួច​ហើយ​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​ការ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​តំបន់​ទឹកជ្រោះ​តទៅទៀត។ លោក​ថា អ្នក​ឈូស​ឆាយ​ដី​ត្រូវ​ទទួល​ខុស​ត្រូវ​ពី​ការ​ឈូស​ឆាយ​ដី​តំបន់​អភិរក្ស​ទេសចរណ៍៖ «ប្ដឹង​ហ្នឹង​ដើម្បី​ដក​ដី​ឲ្យ​សហគមន៍​វិញ ព្រោះ​ដី​នេះ​ដី​សមូហភាព​សហគមន៍ ដី​ទឹក​ធ្លាក់ មិន​អាច​ប្រគល់​ឲ្យ​អ្នក​ណា​បាន​ទេ។ ឃុំ​ហៅ​ពីរ​ដង​ហើយ ហៅ​អ្នក​សាមី​ខ្លួន តែ​គេ​អត់​ព្រមព្រៀង​ទេ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​តំបន់​រមណីយដ្ឋាន​ជ្រៃធំ គឺ​ជា​តំបន់​ព្រៃ​ដើម​ស្រល់ ដែល​អ្នក​ភូមិ​អភិរក្ស​សម្រាប់​យក​ប្រភព​ទឹក​ពី​ជ្រោះ​ធម្មជាតិ ប្រើប្រាស់​ក្នុង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​តំបន់​ក្បែរ​នោះ។ លើស​ពី​នោះ​ទៀត ដី​តំបន់​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ចូល​ទៅ​តាំង​លំនៅឋាន ប៉ុន្តែ​មិន​ទាន់​កាប់​រាន​ព្រៃ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ជួល​ក្រុម​តន្ត្រី​ជន​ពិការ​ទៅ​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ

$
0
0

អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា អំពាវនាវ​ឲ្យ​វិស័យ​ឯកជន ចូលរួម​លើក​កម្ពស់​ជីវភាព​ជន​ពិការ ដោយ​ជួល​ក្រុម​ជន​ពិការ​ទៅ​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ។ ការ​អំពាវនាវ​នេះ ស្រប​ពេល​ជន​ពិការ​ប្រាប់​ថា គេ​មាន​សង្ឃឹម​តិចតួច​ថា​ការ​ច្រៀង​នៅ​តាម​ទីតាំង​ដែល​រដ្ឋាភិបាល​រៀបចំ អាច​នឹង​ធ្វើ​ឲ្យ​ជីវភាព​បាន​ធូរធារ​ជាង​មុន។

ថ្លែង​ក្នុង​ទិវា​អូទីស្សឹម (Autism) និង​ដោនសាំងដ្រូម ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ ឆ្ពោះ​ទៅ​រក​ឯករាជ​ភាព និង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង និង​ក្រោយ​ពេល​ពិធី​ប្រគល់-ទទួល​ឧបករណ៍​ភ្លេង​ដល់​ក្រុម​តន្ត្រី​ជន​ពិការ​នៅ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន ជួល​ក្រុម​តន្ត្រី​ជន​ពិការ​ទៅ​ប្រគំ​តន្ត្រី​ក្នុង​កម្មវិធី​នីមួយៗ។

លោក ឯម ច័ន្ទមករា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា ថា ឧបករណ៍​ភ្លេង​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភ​ឲ្យ​ជន​ពិការ​ចំនួន ៥​ក្រុម សុទ្ធសឹងតែ​ជា​ឧបករណ៍​ថ្មី និង​ទាន់​សម័យ​ទាំងអស់។ លោក​ថា ក្រសួង​នឹង​រក​គ្រូ​ដើម្បី​បង្រៀន​វិធី​ប្រើ​ឧបករណ៍​ភ្លេង​ដល់​ក្រុម​ជន​ពិការ។

បន្ថែម​ពី​នេះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត សំណូមពរ​ឲ្យ​ជន​ពិការ​បញ្ឈប់​ការ​ប្រគំ​តន្ត្រី​នៅ​តាម​ភ្លើង​ស្ដុប និង​ទី​សាធារណៈ។ លោក វង សូត ក៏​អំពាវនាវ​ឲ្យ​ក្រុម​តន្ត្រី​ជន​ពិការ​តូចៗ ចូលរួម​ជាមួយ​ក្រុម​តន្ត្រី​ជន​ពិការ​ធំៗ​ដែល​ទទួល​បាន​ឧបករណ៍​ភ្លេង​ពី​ក្រសួង និង​អំពាវនាវ​ឲ្យ​ក្រុម​តន្ត្រី​ធំៗ​ទាំងនោះ ទទួល​យក​អ្នក​ចម្រៀង​ពិការ​ចូល​ក្រុម​ធំ​ផង។

ទីតាំង​ដែល​រដ្ឋាភិបាល​កំណត់​ឲ្យ​ជន​ពិការ​ច្រៀង​ដោយ​ប្រើប្រាស់​ឧបករណ៍ និង​ឆាក ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល បច្ចុប្បន្ន​មាន ៣​ទីតាំង គឺ​នៅ​វត្តភ្នំ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​វត្តភ្នំ និង​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី។ ក្រៅ​ពី​ដើម្បី​សោភ័ណភាព​រាជធានី​ភ្នំពេញ លោក ឯម ច័ន្ទមករា ថា​ការ​ឈប់​ច្រៀង​តាម​ទី​សាធារណៈ​របស់​ជន​ពិការ​ដើម្បី​សុខភាព និង​សុវត្ថិភាព​របស់​ជន​ពិការ។

បើ​ទោះ​ជា​មាន​ការ​រៀបចំ និង​ឧបត្ថម្ភ​ឧបករណ៍​តន្ត្រី​ឲ្យ​ជន​ពិការ​ក៏ដោយ ជន​ពិការ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ប្រគំ​តន្ត្រី​នៅ​តាម​ទីតាំង​ដែល​រដ្ឋាភិបាល​កំណត់​ឲ្យ នឹង​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ជន​ពិការ​ប្រសើរ​ជាង​មុន​ទេ។

តន្ត្រីករ​ពិការ​ភ្នែក​ទាំង​គូ​ម្នាក់ លោក អ៊ុក សូឡាវី ថា​ការ​កំណត់​ទីតាំង​ឲ្យ​ជន​ពិការ​ច្រៀង លោក​មាន​សង្ឃឹម​តិច​ណាស់​ថា​ទីតាំង​ដែល​រដ្ឋាភិបាល​កំណត់​ឲ្យ​ច្រៀង ជួយ​ឲ្យ​ជីវភាព​លោក​បាន​ធូរធារ​ជាង​មុន។ លោក​ថា ការ​ច្រៀង​នៅ​ទី​សាធារណៈ​សម្បូរ​សប្បុរសជន​ជាង​នៅ​ទីតាំង​ដែល​រដ្ឋាភិបាល​កំណត់៖ «បើ​សិន​ជា​ខ្ញុំ​ឆ្លើយ​ត្រង់​ទៅ គឺ​ខ្ញុំ​មាន​អារម្មណ៍​អី​ដូច​ត្រេកត្រអាល​អី​ប៉ុន្មាន​ទេ ពីព្រោះ​ខ្ញុំ​ធ្លាប់​លេង ធ្លាប់​ប្រគំ​ពី​ប៉ុន្មាន​ឆ្នាំ​ណាស់​មក​ហើយ វា​ចង់​និយាយ​ថា វា​នៅ​តែ​ប៉ុណ្ណឹង​អ្ហា! តាម​ខ្ញុំ​គិត គឺ​ទី​សាធារណៈ​ហ្នឹង គឺ​មាន គឺ​បាន​លុយ​ជាង ហើយ​ឥឡូវ​ហ្នឹង វត្ត​បទុម​ហ្នឹង​សុទ្ធតែ​អស់​លោក ដូច​ថា​គេ​ជា​អ្នក​មាន អ្នក​អី​ហ្នឹង ធ្វើ​ផ្ទះ​នៅ​ជិត​ហ្នឹង​ទៀត ចឹង​យើង​អត់​ហ៊ាន​បើក​ខ្លាំង​ទេ»

ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ កាល​ពី​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «ផ្តល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព» លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទុក​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​តាម​ផ្លូវ ឬ​ស្ដុប​ក្នុង​រាជធានី​ភ្នំពេញ គឺ​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។

ឆ្លើយតប​ទៅ​នឹង​ក្ដី​បារម្ភ​របស់​ជន​ពិការ លោក ឯម ច័ន្ទមករា បញ្ជាក់​ថា ក្រសួង​សង្គមកិច្ច បាន​ត្រៀម​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​បង្កើត​ស្តង់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​នៅ​កន្លែង​ទីតាំង​ប្រគំ​តន្ត្រី​របស់​ជន​ពិការ។ ម្យ៉ាង​ទៀត ជន​ពិការ​អាច​យក​ឆាក​ដែល​ក្រសួង​ឲ្យ ទៅ​ជួល​បន្ត​បាន។ ចំពោះ​បញ្ហា​សំឡេង​តន្ត្រី​អាច​រំខាន​ដល់​អ្នក​មាន​នៅ​ម្ដុំ​សួនច្បារ​មុខ​វត្ត​បទុមវតី ក្រសួង​សង្គមកិច្ច មិន​ទាន់​មាន​វិធានការ​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​ថា នៅ​ពេល​មាន​បណ្ដឹង ក្រសួង​នឹង​ដោះស្រាយ​ជូន៖ «យើង​ក៏​នឹង​ធ្វើ​ការ​បែងចែក​ពេលវេលា​របស់​គាត់​ឲ្យ​បាន​ល្អ​សមរម្យ ដើម្បី​ឲ្យ​ពួក​គាត់​ហ្នឹង​អាច​ទៅ​លេង​ហើយ គេ​ហៅ​ថា​លេង​ដោយ​មាន comfortable ខ្លួន​គាត់ នែ! ដោយ​អារម្មណ៍​របស់​គាត់​ហ្នឹង លេង​ហើយ​អត់​ក្ដៅ អត់​ភ័យ អត់​អី​ទេ ហើយ​យើង​ក៏​នឹង​សំណូមពរ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិចារណា​ទៅ​លើ​ការ បើ​សិន​ជា​អាច ពី​ដើម​ឡើយ​យើង​មាន​រោង​អាយ៉ៃ។ ចឹង​យើង​សង្ឃឹម​ថា ប្រហែល​ទៅ​មុខ​ទៀត យើង​អាច​មាន​ឆាក​ជា​ប្រចាំ​ចឹង សម្រាប់​បង​ប្អូន​ជន​ពិការ​ហ្នឹង គាត់​សម្ដែង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ ដើម្បី​រៃអង្គាស​ថវិកា​ចិញ្ចឹម​ជីវិត នៅ​តែ​ព្រួយ​បារម្ភ​ថា ដំណោះស្រាយ​របស់​រដ្ឋាភិបាល នឹង​មិន​មាន​ប្រសិទ្ធភាព ប្រសិន​បើ​វិធានការ​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មុន ដើម្បី​ដឹង​ពី​តម្រូវការ​ចាំបាច់ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជន​ពិការ​ដែល​ប្រកប​របរ​ច្រៀង​តាម​ទី​សាធារណៈ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​សម្រេច​មិន​ចាត់ការ​បណ្ដឹង​រឿង​ឈូស​ឆាយ​ព្រៃ​សហគមន៍

$
0
0

មន្ត្រី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​តម្កល់​រឿង​មិន​ចាត់ការ​លើ​បណ្ដឹង​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ដែល​បាន​ប្ដឹង​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​តំបន់​ព្រៃ​ឈើ​ដែល​ក្រសួង​កសិកម្ម ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​សហគមន៍​យក​ដី​ជា​កម្មសិទ្ធិ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គរាជអាជ្ញា​សាលា​ឧទ្ធរណ៍ ប្រឆាំង​ទាស់​ដីកា​សម្រេច​របស់​មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​ឲ្យ​សាលា​ក្តី​នេះ​ចាត់ការ​ជា​ថ្មី​ទៅ​លើ​រឿង​បណ្ដឹង​របស់​ពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា តំណាង​សហគមន៍​បាន​ជួប​ពិភាក្សា​គ្នា បន្ទាប់​ពី​ពួក​គាត់​ទទួល​បាន​លិខិត​ជូន​ដំណឹង​របស់​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត ទាក់ទិន​ពាក្យ​ប្ដឹង​របស់​តំណាង​សហគមន៍ ៤​នាក់ ដែល​បាន​ប្ដឹង​ឈ្មោះ ឡេង គឹមឈាង ជា​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា និង​ឈ្មោះ រ៉ា បូរិទ្ធ ជា​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែអំពូម ពី​បទ​កាប់​រាន​ឈូស​ឆាយ​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ។

លិខិត​ជូន​ដំណឹង​នេះ​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​លោក ឡុង ហុងម៉េង សម្រេច​តម្កល់​រឿង​ឥត​ចាត់ការ​តាម​ដីកា​ចុះ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។

តំណាង​សហគមន៍​ភូមិ​ពូរ៉ាដែត មួយ​រូប គឺ​លោក សុខ ថេត មន្ទិល​សង្ស័យ​ការ​សម្រេច​របស់​មន្ត្រី​អយ្យការ ថា​មិន​មាន​យុត្តិធម៌ និង​លម្អៀង​ទៅ​មន្ត្រី​មាន​អំណាច។ លោក​ថា តំណាង​សហគមន៍​គ្រោង​ប្រមូល​មតិ​គ្នា​ដាក់​បណ្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប័ណ្ណ​កម្មសិទ្ធិ​ចុង​ចោទ​ដែល​ចេញ​លើ​ដី​ព្រៃ​ការពារ​សហគមន៍៖ «មាន​ពាក្យ​គំរាម​ច្រើន​ដែរ គេ​ថា​ចង់​ធ្វើ​ដល់​ណា ដី​ហ្នឹង​ក៏​គេ​យក​ដែរ។ គេ​មាន​ខ្នង​បក្សពួក។ ខ្ញុំ​ចង់​ប្ដឹង​បន្ត ព្រោះ​ប្ដឹង​ដល់​តុលាការ​ហើយ​មិន​ចាត់ចែង»

ព្រៃ​ការពារ​សហគមន៍​ភូមិ​ពូរ៉ាដែត មាន​ទំហំ ១.៣២៣​ហិកតារ ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ជាពិសេស​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​កសិកម្ម តាំង​ពី​ឆ្នាំ​២០០៩។ រហូត​មក​ទល់​ខែ​កក្កដា ឆ្នាំ​២០១៦ សហគមន៍​បាន​រក​ឃើញ​ឈ្មោះ ឡេង គឹមឈាង យក​គ្រឿងចក្រ​មក​ឈូស​ព្រៃ​សហគមន៍​ជាង ២០​ហិកតារ​ដោយ​សំអាង​ថា ដី​នោះ​ខ្លួន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វណ្ណដា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ថា ដីកា​សម្រេច​របស់​មន្ត្រី​អយ្យការ គឺ​សំអាង​ទៅ​លើ​លិខិត​សម្គាល់​កម្មសិទ្ធិ​ផ្លូវការ​របស់​ភាគី​ចុង​ចោទ ដែល​ចេញ​ដោយ​ក្រសួង​ជំនាញ។ លើស​ពី​នោះ​ទៀត សមាជិក​សហគមន៍​ភាគច្រើន និង​មន្ត្រី​មូលដ្ឋាន បាន​ព្រមព្រៀង​គ្នា​ទទួល​យក​ដី និង​សំណង​រដ្ឋប្បវេណី​ពី​ចុង​ចោទ ដែល​បាន​ឈូស​ឆាយ​ព្រៃ​លើស​ទំហំ​ដី​នៅ​ក្នុង​លិខិត​សម្គាល់​ដី​កម្មសិទ្ធិ​ចុង​ចោទ​រួច​ហើយ៖ «គាត់​អាច​មាន​សិទ្ធិ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។ នេះ​ជា​សេចក្តី​សម្រេច​របស់​តំណាង​អយ្យការ​ព្រះរាជអាជ្ញា​សាលា​ដំបូង។ លិខិត​ណា​ដែល​ចេញ​ដោយ​អាជ្ញាធរ យើង​សន្មត​ថា​ត្រឹមត្រូវ លើកលែង​មាន​លិខិត ឬ​ការ​សម្រេច​បដិសេធ​ប័ណ្ណ​ហ្នឹង​ចោល»

ទាក់ទិន​ករណី​នេះ អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​មិន​មែន​ជា​ប្រភេទ​ដី​ដាំ​ដុះ ឬ​កាន់​កាប់​ជាក់ស្តែង​ទេ គឺ​ជា​តំបន់​ព្រៃ​ឈើ ហេតុ​នេះ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​ឈើ​ដែល​សហគមន៍​ការពារ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​ថា មន្ត្រី​អយ្យការ​គួរ​ចាត់ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ប័ណ្ណ​កម្មសិទ្ធិ និង​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​ដែល​សហគមន៍​បាន​ប្ដឹង​តវ៉ា​នោះ៖ «អ៊ីចឹង​យើង​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ស៊ើប​អង្កេត​ប័ណ្ណ​សម្គាល់​សិទ្ធិ​ហ្នឹង តើ​ចេញ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ»

ការ​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី រក​ឃើញ​ថា ប័ណ្ណ​កម្មសិទ្ធិ​ទាំង​បី​ប្លង់​ដែល​ចុង​ចោទ​យក​ជា​សំអាង ដើម្បី​ឈូស​ឆាយ​ដី​ធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១២ ក្នុង​គោល​នយោបាយ​ស្បែក​ខ្លា​កាត់​ឆ្វៀល​ដី​ប្រជាពលរដ្ឋ​កាន់​កាប់​ជាក់ស្តែង។ ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ យន់ លី មាស សារិន និង​ឈ្មោះ ហ៊ោ ហូត។ ដី​ទាំង​បី​ប្លង់​មាន​ទំហំ​ជាង ១១​ហិកតារ​ជា​ប្រភេទ​ដី​ព្រៃ​ឈើ ឋិត​ក្នុង​បរិវេណ​ព្រៃ​ការពារ​សហគមន៍។ លើស​ពី​នោះ​ទៀត អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​ព្រៃ​ពង្រីក​យក​ដី​រហូត​ដល់​ជាង ២០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ឡាន​ដឹក​ដី​ប៉ះពាល់​​ពលរដ្ឋ

$
0
0

អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង ព្រមាន​ប្រើ​វិធានការ​ក្ដៅ​ចំពោះ​ឡាន​ដឹក​ដី និង​ឡាន​ធ្វើ​អាជីវកម្ម​បើក​កាត់​ភូមិ ហើយ​មិន​បាន​ស្រោច​ទឹក​លើ​ផ្លូវ បណ្ដាល​ឲ្យ​ហុយ​ប៉ះពាល់​ដល់​សុខ​ភាព​ពលរដ្ឋ។

តំណាង​អ្នក​ភូមិ​ភ្នំតូច នៃ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ដែល​ធ្លាប់​តវ៉ា​ជុំវិញ​រឿង​នេះ មិន​ទាន់​ស្ងប់​ចិត្ត​នៅ​ឡើយ​ទេ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ និង​មន្ទីរ​រ៉ែ និង​ថាមពល ធ្វើ​ផ្លូវ​ចាក់​បេតុង​ជំនួស​ការ​ចាក់​ទឹក​ទើប​បាត់​ហុយ។

ក្រោយ​មាន​ការ​តវ៉ា​ឃាត់​ឡាន​លើ​កំណាត់​ផ្លូវ​ក្នុង​ភូមិ​ដែល​ចេញ-​ចូល​ដឹក​ថ្ម​នៅ​ការដ្ឋាន​កិន​ថ្ម​បី​កន្លែង ក្នុង​ឃុំ​ពង្រ មន្ទីរ​រ៉ែ និង​ថាមពល បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ថា ឡាន​បែន​ដឹក​ដី ឬ​ដឹក​ថ្ម​ដែល​មិន​បាន​ស្រោច​ទឹក​លើ​ផ្លូវ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ក្នុង​ភូមិ​ឡើយ។ ប៉ុន្តែ​មន្ទីរ​បាន​ជំរុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កិន​ថ្ម​ទាំង​បី ស្រោច​ទឹក​លើ​ផ្លូវ​កាត់​ភូមិ​ឲ្យ​បាន​ជាប់​លាប់ ខណៈ​ដែល​រង់ចាំ​គម្រោង​ធ្វើ​ផ្លូវ​ថ្មី។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក រស់ ឲ្យ​ដឹង​ថា អ្នក​សិក្សា​ផ្នែក​បច្ចេកទេស​បាន​ចុះ​សិក្សា​គម្រោង​ធ្វើ​ផ្លូវ​នេះ​អស់​ថវិកា​ប្រហែល​មួយ​លាន​ដុល្លារ ប៉ុន្តែ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​បង់​ពន្ធ​ថ្ម​ទើប​បាន​ប្រហែល ៤​ម៉ឺន​ដុល្លារ​នៅ​ឡើយ។ ដូច្នេះ​វិធានការ​ទប់ស្កាត់​ឡាន​ដឹក​ដី ឬ​ដឹក​ថ្ម​អនាធិបតេយ្យ​ដោយ​មិន​បាន​ស្រោច​ទឹក​តាម​ផ្លូវ​ក្នុង​ភូមិ​ជា​រឿង​ចាំបាច់​ត្រូវ​ធ្វើ​បន្ត​ទៀត​សិន៖ «ផ្លូវ​ហ្នឹង​អត់​ទាន់​មាន​ធ្វើ​អី​បាន​ផង ព្រោះ​យើង​សិក្សា​ទៅ​អស់​ថវិកា​ច្រើន។ គាត់ (ប្រជា​ពលរដ្ឋ) ទទួល​យក​បាន​ហើយ! គាត់​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ លើក​លែង​តែ​ពួក​អានាធិបតេយ្យ​មួយ​ចំនួន​ទេ អ៊ីចឹង​យើង​បង្ក្រាប​អ្នក​អនាធិបតេយ្យ​ឲ្យ​បាន ហើយ​យើង​ឲ្យ​ក្រុមហ៊ុន​ស្រោច​ទឹក​ជា​ប្រចាំ​តែម្ដង»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា មេ​ភូមិ​ភ្នំតូច សម្រេច​ប្រើ​កម្លាំង​ប្រជា​ការពារ ៤​នាក់ និង​ពលរដ្ឋ​ប្រមាណ ៤០​នាក់ ដើម្បី​កាក់​ឡាន​បែន​ដឹក​ថ្ម និង​ដឹក​ដី​នៅ​ចំណុច​កណ្ដាល​ភូមិ​ដើម្បី​ប្រាប់​តៃកុង​ឡាន​កុំ​ឲ្យ​បើកបរ​ក្នុង​ភូមិ​លឿន​ពេក ដែល​បង្ក​ឲ្យ​មាន​ធូលី​ដី​ហុយ និង​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ។ ម្យ៉ាង​ពួកគេ​ចង់​ជួប​អាជ្ញាធរ​ថ្នាក់​លើ និង​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​ភ្នំ​ចំនួន​បី​កន្លែង​ដើម្បី​ដោះស្រាយ​បញ្ហា។

មេ​ភូមិ​ភ្នំតូច និង​ជា​តំណាង​អ្នក​ភូមិ​ធ្លាប់​ចេញ​មុខ​តវ៉ា លោក មាស សឿន ថា លោក​មិន​ទាន់​ពេញ​ចិត្ត​នឹង​វិធានការ​របស់​មន្ទីរ​រ៉ែ និង​ថាមពល​នៅ​ឡើយ​ទេ ព្រោះ​ភាគី​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​មន្ទីរ​ឡើយ ដោយ​ថ្ងៃ​ខ្លះ​មិន​បាន​ស្រោច​ទឹក និង​ថ្ងៃ​ខ្លះ​ស្រោច​តិចតួច។ បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នក​ភូមិ​រអ៊ូរទាំ​ដដែល ហើយ​ពួកគេ​ចង់​ឲ្យ​មាន​ផ្លូវ​បេតុង​ជា​ជាង​ប្រើ​វិធានការ​ស្រោច​ទឹក៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែរ ព្រោះ​មាន​ផល​ប៉ះពាល់​យូរ​ហើយ ជាប់​ពីរ​ឆ្នាំ​ជាង​ហើយ។ គម្រោង​បាន​ដាក់​ទៅ​ហើយ តែ​ខាង​រដ្ឋាភិបាល​អត់​ទាន់​ឆ្លើយ​តប​អ៊ីចឹង​ទៅ​ណា។ ពន្យារ​ពេល​ហ្នឹង​មិន​ដឹង​កំណត់​ប៉ុន្មាន? ហើយ​ប្រជាពលរដ្ឋ​រង់ចាំ​ចង់​ដឹង​ថា ធ្វើ ឬ​មិន​ធ្វើ ហើយ​ធ្វើ​នៅ​ពេល​ណា?»

តំណាង​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​មាន​ឡាន​បែន​ដឹក​ថ្ម​តូច​ធំ​ប្រមាណ ៤០​គ្រឿង បើក​ឆ្លង​កាត់​ភូមិ​ភ្នំតូច ហើយ​ថ្ងៃ​ខ្លះ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​តែម្ដង។ អ្នក​ភូមិ​ភ្នំតូច​ចំនួន ៩០​គ្រួសារ បាន​ប៉ះពាល់​ផ្ទាល់​ពី​ការ​ហុយ​នេះ ហើយ​ពួកគេ​ធ្លាប់​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ រហូត​ដល់​ខេត្ត​តាំង​ពី​ឆ្នាំ​២០១៤​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​ដែល​អ្នក​ភូមិ​ទទួល​យក​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ខេត្ត​ក្រចេះ​អំពាវនាវ​ឲ្យ​ក្រសួង​អភិរក្ស​ដើម​គ្រញូង​ជាង​១០០​ដើម​នៅ​ក្បែរ​ផ្ទះ​ពលរដ្ឋ

$
0
0

សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន អភិរក្ស​ដើម​គ្រញូង​ជាង ១០០​ដើម​​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ចំណាក​ស្រុក បាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​នោះ​ច្រើន​គ្រួសារ អាច​ប៉ះពាល់​ដើម​គ្រញូង​ទាំងនោះ។

សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ បារម្ភ​ថា ប្រសិន​បើ​ក្រសួង​បរិស្ថាន មិន​រក​មធ្យោបាយ​អភិរក្ស​ដើម​គ្រញូង​ដែល​ជា​ប្រភេទ​ឈើ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ឲ្យ​ទាន់​ពេល​ទេ ឈើ​ប្រភេទ​នោះ​អាច​នឹង​ផុត​ពូជ។ ពួក​គេ​រក​ឃើញ​ថា ឈើ​គ្រញូង​ជាង ១០០​ដើម​ឋិត​នៅ​ក្បែរ​លំនៅឋាន​ពលរដ្ឋ​ដែល​ទើប​តាំង​ទីលំនៅ​ថ្មី នៅ​ចំណុច​ភូមិ​ត្រពាំងទា ក្នុង​តំបន់​ព្រៃ​ឡង់​ខែត្រ​ក្រចេះ កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​នៅ​ឡើយ។

ក្រុម​ស្នូល​សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក ឯក វណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មេសា ថា ដើម​ឈើ​គ្រញូង​ដែល​មាន​មុខ​កាត់​ចាប់​ពី​កន្លះ​តឹក ដល់​ជាង ៣​តឹក​ចំនួន​ជាង ១០០​ដើម ក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​យាយី​ដោយ​ឈ្មួញ ហើយ​បច្ចុប្បន្ន ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​លើក​ស្លាក​ចំណាំ និង​បោះ​បង្គោល​របង​ព័ន្ធ​ជុំវិញ​នៅ​ឡើយ​ទេ។ លោក​បារម្ភ​ថា ដើម​គ្រញូង​ទាំងនោះ​នឹង​ប្រឈម​ការ​បាត់បង់​បន្ត​ទៀត ប្រសិន​បើ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ព្រងើយ​កន្តើយ។

លោក​ចំណាំ​ថា ឈើ​គ្រញូង​ធំៗ​ត្រូវ​បាន​គេ​លួច​កាប់​ស្ទើរ​ទាំងស្រុង​នៅ​ព្រៃ​ឡង់ និង​តំបន់​ផ្សេង ហើយ​មក​ទល់​ពេល​នេះ នៅ​សល់​តែ​កូន​ដើម​គ្រញូង​ដែល​ទើប​ដុះ​ថ្មី​ប៉ុណ្ណោះ៖ «យើង​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ឈ្មួញ​កាប់​បំផ្លាញ​ដើម​គ្រញូង​ដែល​ដុះ​ក្នុង​តំបន់​នេះ ហើយ​យើង​ចង់​ឲ្យ​ក្រសួង​បរិស្ថាន ទាំងអស់​ធ្វើ​ការ​ថែរក្សា​យ៉ាង​ណា ដើម្បី​ឲ្យ​ជា​ប្រយោជន៍​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ស្គាល់​ដើម​គ្រញូង​នៅ​ទីនោះ»

ប្រភេទ​ឈើ​គ្រញូង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ​ឈើ​ប្រណិត​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ហើយ​បច្ចុប្បន្ន ឈើ​ប្រភេទ​នោះ​ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ខណៈ​ដែល​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម បាន​បោះ​ទុន​វិនិយោគ​ទីផ្សារ​ផ្លូវ​ងងឹត​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​តម្លៃ​ខ្ពស់​ច្រើន​ឆ្នាំ​កន្លង​ទៅ បណ្ដាល​ឲ្យ​ឈើ​ប្រភេទ​នេះ​បាត់បង់​ស្ទើរ​ទាំងស្រុង។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា សហគមន៍​ព្រៃ​ឡង់ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​សាមី កំពុង​សហការ​ជិតស្និទ្ធ​រៀបចំ​ផែនការ​អភិរក្ស និង​ចុះ​ល្បាត​យ៉ាង​ហ្មត់ចត់។ លោក​ថា ក្រសួង​បរិស្ថាន កំពុង​ខិតខំ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការងារ​ចុះ​ល្បាត និង​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន នៅ​តែ​បន្ត​ខិតខំ ធ្វើ​យ៉ាង​ណា​ពង្រឹង​ការងារ​ល្បាត ការពារ និង​អភិរក្ស។ យើង​អត់​មាន​ចង់​ឲ្យ​បាត់​ឈើ​សូម្បី​តែ​មួយ​ដើម​ទេ»

របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ព្រៃ​ឡង់​មាន​សក្ដានុពល​ដុះ​លូតលាស់​នូវ​រុក្ខជាតិ​មាន​តម្លៃ​ច្រើន​ប្រភេទ ដែល​ធ្លាប់​រង​ការ​កាប់​បំផ្លាញ​ឈើ​ធំៗ​ច្រើន​ឆ្នាំ​កន្លង​ទៅ រួម​មាន ឈើ​គ្រញូង បេង ធ្នង់ និង​ឈើ​នាងនួន ជាដើម ដោយសារ​លក្ខណៈ​ជីវសាស្ត្រ​តំបន់​នោះ​មួយ​ផ្នែក​ជា​តំបន់​ដី​សើម និង​សម្បូរ​ដោយ​ព្រៃ​ចាស់​អាច​ជៀស​ផុត​ពី​ភ្លើង​ឆេះ ដែល​មាន​លទ្ធភាព​ដុះ​លូតលាស់​កូន​រុក្ខជាតិ​ទាំងនេះ​ឡើង​វិញ​បាន។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក ស៊ឹង សែនករុណា គាំទ្រ​ការ​អំពាវនាវ​របស់​សហគមន៍​ព្រៃ​ឡង់ ហេតុ​នេះ​ក្រសួង​បរិស្ថាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​រឿង​នេះ ដែល​ធានា​ថា ដើម​ឈើ​គ្រញូង​តំបន់​នោះ​នឹង​គង់វង្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ លោក​ថា ក្រសួង​បរិស្ថាន គួរ​បន្ថែម​ល្បឿន​អភិរក្ស​ដើម​គ្រញូង​ទាំងនោះ​ជា​អាទិភាព ដោយ​បោះ​បង្គោល​របង​ព័ទ្ធ និង​លើក​ស្លាក​សម្គាល់​ផង៖ «ខ្ញុំ​គិត​ថា ក្រសួង​គួរ​តែ​មាន​ការ​កិច្ច​សហការ​ជាមួយ​សហគមន៍ ក៏ដូចជា​ដាក់​កម្លាំង​បន្ថែម​ក្នុង​ការ​មើល ឬ​ថែរក្សា​នៅ​តំបន់​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ»

សហគមន៍​ព្រៃ​ឡង់ រក​ឃើញ​ថា ឈើ​ប្រណិត​មាន​តម្លៃ​ខ្ពស់ ដូចជា​គ្រញូង បេង ធ្នង់ និង​នាងនួន ជាដើម ត្រូវ​បាន​គេ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​ប្រភេទ​គគីរ សុក្រំ និង​កកោះ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច ក៏​កំពុង​យាយី​ពី​ក្រុម​ជន​ល្មើស។ ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់​បម្លែង​ជា​ដី​កសិកម្ម ក៏​កំពុង​កើត​មាន​ពេញ​បន្ទុក​ដែរ​នៅ​តំបន់​ព្រៃ​ឡង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ស្រុក​រវៀង​យល់​ថា​ធនធាន​ធម្មជាតិ​មាន​សារសំខាន់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

$
0
0

ប្រជា​សហគមន៍​នៅ​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ យល់​ថា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជា​រឿង​ចាំបាច់ និង​រួម​ចំណែក​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​បញ្ចប់​វេទិកា​សាធារណៈ​មួយ​ស្ដីពី​អភិបាលកិច្ច​លើ​វិស័យ​ធនធាន​ធម្មជាតិ ដែល​រៀបចំ​ឡើង​ដោយ​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ និង​អង្គការ​ជា​ដៃគូ​នៅ​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់។

ប្រជា​សហគមន៍​នៅ​ឃុំ​រួសរាន់ យល់​ថា ធនធាន​ធម្មជាតិ ពិសេស​ដីធ្លី និង​ព្រៃ​ឈើ គឺ​មាន​សារសំខាន់​សម្រាប់​ពួក​គាត់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ លើស​ពី​នេះ ប្រសិន​បើ​មាន​ការ​បែងចែក និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​បាន​ត្រឹមត្រូវ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ការ​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ការពារ​ដល់​បរិស្ថាន​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន​ថែម​ទៀត។

ប្រជា​សហគមន៍​មក​ពី​ឃុំ​រៀបរយ មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ លោក សូ ថាល់ មាន​ប្រសាសន៍​ថា ដោយសារ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​តំបន់​លោក​រស់នៅ​មិន​បាន​ត្រឹមត្រូវ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​រងគ្រោះ ដូចជា​ការ​រំលោភ​យក​ដីធ្លី ការ​បាត់បង់​មុខ​របរ​ប្រពៃណី ព្រម​ទាំង​ប្រឈម​បញ្ហា​នឹង​គ្រោះ​ធម្មជាតិ៖ «គិត​ឃើញ​ហើយ​ណា​ដីធ្លី​របស់​យើង​ក៏​អស់ ណា​ដី​ស្រែ​ចម្ការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រុមហ៊ុន​បង្ខិតបង្ខំ ដើម្បី​ដក​ហូត​យក​ដី​ស្រែ​របស់​ពលរដ្ឋ»

វេទិកា​សាធារណៈ​ស្ដីពី​អភិបាលកិច្ច​លើ​វិស័យ​ធនធាន​ធម្មជាតិ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់ រៀបចំ​ឡើង​នៅ​ភូមិ​ឈ្នួន ឃុំ​រួសរាន់ គឺ​មិន​មាន​វត្តមាន​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ចូលរួម​ឡើយ បើ​ទោះ​បី​ជា​ប្រជា​សហគមន៍​បាន​ដាក់​លិខិត​អញ្ជើញ​ពួក​គេ​យ៉ាង​ណា​ក្តី។

ប្រជា​សហគមន៍​មួយ​រូប​ទៀត​ដែល​ជា​ក្រុម​អ្នក​រៀបចំ​វេទិកា​នេះ លោក វង្ស សុខខេងលី បញ្ជាក់​ថា វេទិកា​សាធារណៈ​ស្ដីពី​ធនធាន​ធម្មជាតិ គឺ​មាន​គោល​បំណង​អញ្ជើញ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​ប្រឈម​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ ដូចជា​ការ​រំលោភ​យក​ដី​ស្រែ​ចម្ការ​ពី​សំណាក់​ក្រុមហ៊ុន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ពិសេស​នៅ​តំបន់​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ឡើង។ ម្យ៉ាង ក៏​ចង់​បាន​ដំណោះស្រាយ​មួយ​ពី​សំណាក់​មន្ត្រី​រាជ​រដ្ឋាភិបាល​លើ​បញ្ហា​ទាំងនេះ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​ពួក​គេ​មិន​បាន​ចូលរួម។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ឲ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ប្រសើរ​ទេ គឺ​មាន​តែ​បណ្ដាល​ឲ្យ​ធនធាន​ធម្មជាតិ​ត្រូវ​បំផ្លាញ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ប្រជា​សហគមន៍​ត្រូវ​រង​ទឹក​ភ្នែក​ជាដើម៖ «បច្ចុប្បន្ន​នេះ គាត់​មិន​អាច​អាស្រ័យ​ផល ឬ​ដក​ហូត​យក​អនុផល​ធនធាន​ធម្មជាតិ​ណា​មួយ​បាន​ទេ។ បើ​ច្បោះ​ជ័រ​ទឹក​គេ​កាប់​យក​អស់​ហើយ»

ចំណែក​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ ជា​អ្នក​រៀបចំ​វេទិកា​នេះ គឺ​លោក សេង សុខហេង មាន​ប្រសាសន៍​ថា គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារសំខាន់​ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ បន្ថែម​ពី​នេះ បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​មូលដ្ឋាន​ជាដើម។ លោក​សង្កេត​ឃើញ​ថា ការ​គ្រប់គ្រង និង​ការ​បែងចែក​ធនធាន​ធម្មជាតិ​នៅ​ពេល​បច្ចុប្បន្ន គឺ​មិន​មាន​តម្លាភាព​ឡើយ៖ «មាន​ន័យ​ថា រដ្ឋ​ច្បាម​យក​ធនធាន​ធម្មជាតិ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​គ្មាន​តម្លាភាព គឺ​គាត់​អត់​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ។ អត់​មាន​ការ​ផ្សព្វផ្សាយ អត់​មាន​ការ​ជូន​ដំណឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​លើ​វិស័យ​ធនធាន​ធម្មជាតិ​មាន​លក្ខណៈ​ប្រសើរ រាជ​រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​បើក​ចំហ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​សាធារណៈ​រវាង​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ រាល់​ព័ត៌មាន​ស្ដីពី​ធនធាន​ធម្មជាតិ។ រាជ​រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​កញ្ចប់​ថវិកា​ជាតិ​ដល់​មន្ត្រី​ជំនាញ និង​ប្រជា​សហគមន៍​លើ​ការងារ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ព្រម​ទាំង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​ទាំងឡាយ​ដែល​មិន​បាន​គោរព​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​វៀតណាម​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាយ​ដី​ដែល​លើក​ភ្លឺ​ស្រែ​ជិត​បង្គោល​ព្រំដែន​ចេញ​វិញ

$
0
0

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថា​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​ឲ្យ​គាត់​កាយ​ដី​ដែល​លើក​ភ្លឺ​ស្រែ​នៅ​ជិត​ព្រំដែន​វិញ កាល​ពី​ថ្ងៃ​ទី​២៥ មេសា កន្លង​ទៅ។ ពលរដ្ឋ​ចាត់​ទុក​ថា ទង្វើ​អាជ្ញាធរ​វៀតណាម ជា​ការ​មើលងាយ និង​រំលោភ​សិទ្ធិ​ពួក​គាត់។ រីឯ​អាជ្ញាធរ​ខ្មែរ​ថា​ជា​ការ​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ ដែល​ឲ្យ​ភាគី​ប្រទេស​ទាំង​ពីរ​រក្សា​ស្ថានភាព​ដើម។

សូម​រង់ចាំ​ស្ដាប់​លោក ថា កិត្យា រាយការណ៍​ព័ត៌មាន​នេះ​ក្នុង​កម្មវិធី​ផ្សាយ​អាស៊ីសេរី!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ខុមហ្វ្រែល៖ ក្រុម​តំណាងរាស្ត្រ​ស្ត្រី​បក្ស​ប្រឆាំង​ចុះ​មូលដ្ឋាន​សកម្ម​ជាង​បក្ស​ប្រជាជន

$
0
0

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៦ ក្រុម​តំណាងរាស្ត្រ​ស្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ទៅ​មូលដ្ឋាន​ច្រើន​ជាង​តំណាងរាស្ត្រ​ស្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​ស្ត្រី​បក្ស​ប្រឆាំង បែរ​ជា​មាន​ភាព​សកម្ម​ជាង​តំណាងរាស្ត្រ​ស្ត្រី​មក​ពី​គណបក្ស​កាន់​អំណាច។

អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​តំណាងរាស្ត្រ​សរុប ១២៣​នាក់ គឺ​មាន​តែ ៩៨​នាក់​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៥៤​នាក់ មាន​ស្ត្រី ១៧​នាក់ និង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៤៤​នាក់ មាន​ស្ត្រី ៣​នាក់ បាន​ចុះ​មូលដ្ឋាន​ចំនួន ១.៦៦៥​លើក​ក្នុង​ឆ្នាំ​២០១៦។ ការ​ចុះ​មូលដ្ឋាន​ក្នុង​ឆ្នាំ​២០១៦ នេះ បាន​កើន​ឡើង​ចំនួន ៥៥៨​លើក បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១៥។ អង្គការ​ដដែល​នេះ​បង្ហាញ​ថា ចំពោះ​គណបក្ស​កាន់​អំណាច​វិញ ចុះ​មូលដ្ឋាន​បាន​ចំនួន ៥៦៤​លើក​ស្មើ​ប្រមាណ ៣៣% (៣៣,៨៧%) គឺ​តិច​ជាង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ចុះ​មូលដ្ឋាន​បាន​ចំនួន​រហូត ១.១០១​លើក ស្មើ​ប្រមាណ ៦១% (៦១,១៣%)

អង្គការ​ខុមហ្វ្រែល​បន្ត​ថា ថ្វីត្បិតតែ​គណបក្ស​កាន់​អំណាច​មាន​តំណាងរាស្ត្រ​ជា​ស្ត្រី​រហូត​ទៅ​ដល់ ១៧​នាក់ បាន​ចុះ​ទៅ​មូលដ្ឋាន និង​គណបក្ស​ប្រឆាំង​តែ ៣​នាក់​ដែល​ចុះ​ទៅ​មូលដ្ឋាន​ក្ដី ប៉ុន្តែ​ការ​ចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​ស្ត្រី​របស់​បក្ស​ប្រឆាំង គឺ​មាន​ភាព​សកម្ម​ជាង ព្រោះ​បើ​គិត​ជា​មធ្យម តំណាងរាស្ត្រ​ស្ត្រី​មក​ពី​បក្ស​ប្រឆាំង​ម្នាក់ បាន​ចុះ​ទៅ​មូលដ្ឋាន​ចំនួន ៤០​លើក គឺ​ច្រើន​ជាង​តំណាងរាស្ត្រ​ស្ត្រី​បក្ស​កាន់​អំណាច​ម្នាក់ ដែល​បាន​ចុះ​ទៅ​មូលដ្ឋាន​តែ ១៣​លើក។

ទោះ​ជា​យ៉ាង​ណា ក្នុង​ចំណោម​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​ក្រុម​តំណាងរាស្ត្រ​ជា​ស្ត្រី ដើម្បី​ទៅ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ មាន​តែ​ចំនួន ១៣​លើក ស្មើ​នឹង​ជិត ៤% (,៨៣%) ប៉ុណ្ណោះ រីឯ​ការ​ចុះ​ទៅ​សំណេះសំណាល ការ​ចែក​អំណោយ និង​ការ​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​មាន​ចំនួន ២២១​លើក ស្មើ​នឹង ៦៥% (៦៥,១៩%)

មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែង​ថា ថ្វីត្បិតតែ​ភាគរយ​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​ក្រុម​តំណាងរាស្ត្រ​ស្ត្រី​មាន​ច្រើន​ជាង​ភាគរយ​នៃ​តំណាងរាស្ត្រ​បុរស ហើយ​ចំនួន​ស្ត្រី​មាន​ការ​កើន​ឡើង​ក្នុង​ឆាក​នយោបាយ​ក្ដី ប៉ុន្តែ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ នៅ​តែ​មិន​ទាន់​ផ្ដល់​ឱកាស​ឲ្យ​ស្មើ​ភាព​គ្នា​ជាមួយ​បុរស​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា បញ្ហា​នេះ​ដោយសារ​ពុំ​ទាន់​មាន​ច្បាប់ ឬ​គោល​នយោបាយ​ដើម្បី​គាំទ្រ​ឲ្យ​ស្ត្រី​ប្រឡូក​ក្នុង​ឆាក​នយោបាយ«ចង់​ឲ្យ​មាន​ការ​ឆ្លាស់​គ្នា​ក្នុង​ការ​ឈរ​ឈ្មោះ​រវាង​បុរស និង​ស្ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​មាន​មេ​ដឹកនាំ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​ដែល​ជា​ស្ត្រី-បុរស​មាន​ភាព​ស្មើ​គ្នា»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​យេនឌ័រ​ផ្នែក​នយោបាយ៖ សភា និង​តំណាងរាស្ត្រ​ស្ត្រី និង​ក្រុម​ពិសេស​ចូលរួម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ និង​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ស្ត្រី នៅ​ថ្ងៃ​ទី​២៧ មេសា។

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល បញ្ជាក់​ទៀត​ថា ស្ត្រី​ដែល​បាន​ចុះ​ឈ្មោះ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ​មាន​ចំនួន​ជាង ៤​លាន​នាក់ (.២១៣.៤២៧​នាក់) ស្មើ​នឹង ៥៣% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ស្ត្រី-បុរស​ទាំងអស់​ជាង ៧​លាន​នាក់ (.៨៧៣.១៩៤​នាក់)។ ជាមួយ​គ្នា​នេះ អង្គការ​ខុមហ្វ្រែល​ដែល​សហការ​គ្នា​ជាមួយ​ក្រុម​ស្ត្រី​ងាយ​រងគ្រោះ​ដីធ្លី ស្ត្រី​ជន​ពិការ និង​អង្គការ​លើក​កម្ពស់​ស្ត្រី​មួយ​ចំនួន​ទៀត នឹង​ដាក់​អ្នក​សង្កេតការណ៍​ស្ត្រី​ចំនួន ៣០០​នាក់ ដើម្បី​តាមដាន និង​សង្កេតការណ៍​ឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន​១១។

នៅ​ពេល​ខាង​មុខ អង្គការ​ខុមហ្វ្រែល នឹង​បង្ហាញ​អំពី​តួលេខ​ស្ត្រី​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

ស្ត្រី​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែង​ថា ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ខាង​មុខ​របស់​កញ្ញា គឺ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ និង​ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​ឈ្លោះ​ប្រកែក​គ្នា​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត«មួយ​ទៀត គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា តើ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មាន​សារសំខាន់​អី​ខ្លះ»

ចំណែក​អតីត​ស្ត្រី​មាន​បញ្ហា​ដីធ្លី​នៅ​បុរីកីឡា និង​ជា​បេក្ខនារី​លេខ​រៀង​ទី​មួយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧មករា អ្នកស្រី រស់ សេងឃាង ថ្លែង​ថា ប្រសិន​បើ​អ្នកស្រី​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់ អ្វី​ដែល​អ្នកស្រី​ត្រូវ​ធ្វើ គឺ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ស្ត្រី និង​កុមារ​ដោយ​យុត្តិធម៌«គឺ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​ថ្នាក់​លើ​ជួយ​ដល់​ប្រជាពលរដ្ឋ»

មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ បញ្ជាក់​ថា ប្រសិន​បើ​ស្ត្រី​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់​ច្រើន​ដូច​បុរស ស្ត្រី​ដែល​ជា​មេ​ឃុំ​ទាំងនោះ នឹង​ផ្ដោត​សំខាន់​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដូច​គ្នា និង​កុមារ​បាន​ច្រើន​ជាង​មុន។ អ្នកស្រី​ក៏​សង្កេត​ឃើញ​ថា រយៈពេល​កន្លង​ទៅ ស្ត្រី​មាន​បញ្ហា​ដីធ្លី និង​ផ្ទះ​សម្បែង​មួយ​ចំនួន​ដែល​ធ្លាប់​រង​ការ​ឈឺ​ចាប់ គឺ​នៅ​ពេល​ជាប់​ឆ្នោត​ជា​មេ​ឃុំ-ចៅ​សង្កាត់ ពួក​គេ​បាន​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​ជាង​ស្ត្រី​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តុលាការ​សម្រេច​បន្ត​នីតិវិធី​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​ គ.ជ.ប ៦​ខែ​ទៀត

$
0
0

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា សម្រេច​​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ក្នុង​ម្នាក់ៗ ៦​ខែ​បន្ថែម​ទៀត ក្រោយ​ពី​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ​នោះ។ មេធាវី​ការពារ​ក្ដី​អ្នក​ជាប់​ឃុំ​ទាំង​៥ ថា​នេះ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ក្នុង​ថ្ងៃ​ដដែល​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥ ផង​ដែរ។

ការ​បន្ត​​ឃុំ​ខ្លួន​មន្ត្រី​សមាគម​អាហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ១​រូប លើក​ចុង​ក្រោយ​បន្ថែម ៦​ខែ​ទៀត​នេះ គឺ​ធ្វើ​ឡើង​ក្នុង​សវនាការ​មុន​អង្គ​សេចក្ដី ដោយ​ចៅក្រម​ស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ សំអាង​ថា ដើម្បី​សាកសួរ​សាក្សី និង​ស្វែង​រក​ភស្តុតាង​បន្ថែម​ទៀត​ ខណៈ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា ​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ។

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ និង​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​គុក​ព្រៃ​ស​វិញ ប្រធាន​ស៊ើប​អង្កេត​ផែ្នក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​សម្រេច​នេះ​ទេ ព្រោះ​លោក​ដឹង​ថា នេះ​ជា​រឿង​នយោបាយ«ហ្នឹង​គ្រាន់​តែ​ជា​ការ​បំពេញ​នីតិវិធី​ក្នុង​ការ​ឃុំ​ខ្លួន​បន្ត​ទេ ហើយ​យើង​មិន​បាច់​យល់​អី​ច្រើន​ទេ តុលាការ​ស្រុក​ខ្មែរ​គ្មាន​ម្ចាស់​ខ្លួន​ឯង​ទេ។ នេះ​ជា​ការ​សម្រេច​មួយ​តាម​តេឡេ​កុម្ម៉ង់។ វា​អត់​មាន​អី​ចម្លែក»

​កូន​ប្រុស​របស់​លោក នី សុខា គឺ​យុវជន នី ចាន់សេដ្ឋា យល់​ឃើញ​ដូច​ឪពុក​របស់​គេ​ថា គ្មាន​អ្វី​ចម្លែក​ទេ និង​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ថា​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ឪពុក​របស់​គេ​បាន«តុលាការ​ស្រុក​ខ្មែរ​រឿង​បន្ត​ឃុំ​ខ្លួន ព្រោះ ៦​ខែ​មុន និង ៦​ខែ​នេះ វា​អត់​មាន​អី​ខុស​គ្នា​ទេ កូពី (copy) ពី​អា​មុន ហើយ​ផាស (paste) មក​ឥឡូវ​ទេ។ វា​គ្រាន់​តែ​ដូរ​ថ្ងៃ​ខែ​ពី ៦​ខែ​មុន​មក ៦​ខែ​នេះ​ទេ។ អ៊ីចឹង វា​អត់​មាន​អី​ចម្លែក​ទេ​បង។ យើង​នៅ​តែ​មាន​អារម្មណ៍​ថា សោកស្ដាយ​ដែរ ប៉ុន្តែ​គ្រាន់​ថា​យើង​អត់​បាន​ជួយ​អី​បាន​ចឹង​ណា៎! មាន​តែ​ចាំ​មើល ៦​ខែ​ទៀត​តែ​ប៉ុណ្ណឹង»

លោក​មេធាវី សំ សុគង់ ថ្លែង​ថា ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​កូន​ក្ដី​លោក ៦​ខែ​ហើយ​៦​ខែ​ទៀត​នេះ គឺ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​ត្រង់​មាត្រា​១៤ ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ចែង​ថា​ ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​គ្មាន​បង្អង់​ពេល។ មេធាវី​​ការពារ​ក្ដី​លោក នី ចរិយា រូប​នេះ​ពន្យល់​ថា ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រាតែ​សំណុំរឿង​នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន ​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ និង​មាន​ឧបសគ្គ​ច្រើន​ដែល​រាំង​ស្ទះ​ក្នុង​ការ​ស៊ើបអង្កេត​រក​ភស្តុតាង។ ចំណែក​រឿង​ដែល​តុលាការ​ចោទ​អ្នក​ទាំង ៥​រូប ​ថា​សម​គំនិត និង​សូក​ប៉ាន​សាក្សី​នេះ លោក​ សំ សុគង់ យល់​ថា គ្មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ស្វែង​ភស្តុតាង​នោះ​ទេ«ក្រុម​មេធាវី​យល់​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​របស់​លោក នី ចរិយា ដូចជា​មន្ត្រី​អាដហុក ៤​រូប​ទៀត​ហ្នឹង ដូចជា​មិន​ការ​ចាំបាច់​ទេ ដោយសារ​រយៈពេល​ឃុំ​ខ្លួន​ពួក​គាត់​រយៈពេល ១២​ខែ​ពេញ ១​ឆ្នាំ​ហើយ។ ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ គ្រាន់​តែ​សម្រាប់​សវនាការ មិន​មែន​ជា​រឿង​មួយ​ល្អ​ដែរ វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ចោទ ជាពិសេស​គឺ​សិទ្ធិ​របស់​ជន​ជាប់​ចោទ គឺ​ត្រូវ​បាន​ទទួល​ការ​កាត់​ក្ដី​មួយ​ឲ្យ​បាន​ឆាប់​រហ័ស មិន​អាច​យក​មនុស្ស​មក​ឃុំ​ដើម្បី​តែ​សវនាការ​នោះ​ទេ»

ចំណែក​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក ៤​រូប​វិញ គឺ​លោក ឡោ ជុនធី ថ្លែង​ថា លោក​មិន​ទាន់​ដឹង​ថា តើ​នីតិវិធី​របស់​តុលាការ​អាច​នឹង​បិទ​បញ្ចប់​ការ​ឃុំ​ខ្លួន​ក្នុង​ពេល​ណា​នោះ​ទេ«គេ​នៅ​តែ​បន្ត​នីតិវិធី​ពាក់ព័ន្ធ​សាក្សី​មួយ​ចំនួន​ដែរ​ថា មិន​បាន​សួរ​មិន​បាន​ចប់​សព្វគ្រប់ ប៉ុន្តែ​គំនិត​របស់​លោក​ចៅក្រម ថា​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បិទ​ហើយ។ បិទ​បាន​ន័យ​ថា បិទ​បញ្ចប់​ការ​ស៊ើបសួរ។ គាត់​ថា​អាច​រក​ពេលវេលា​រក​នីតិវិធី​ហ្នឹង វា​អត់​បាន​គ្រប់គ្រាន់។ និយាយ​ឲ្យ​ចំ វា​ពាក់ព័ន្ធ​នឹង​ដីកា​ដំណោះស្រាយ​ទេ។ វា​មាន​ផ្លូវ​ពីរ។ ផ្លូវ​ទី​១ វា​អាច​ថា​លើកលែង​ចោទ​ប្រកាន់។ ផ្លូវ​ទី​២ អាច​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ហើយ​មក​ដល់​ពេល​នេះ យើង​អត់​ដឹង​ថា​ជំហរ​យ៉ាង​ម៉េច​ទេ»

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៥​រូប​ថា នឹង​ប្ដឹង​ទាស់​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​របស់​សាលាដំបូង​នេះ​លើក​ចុង​ក្រោយ​នេះ​ទៅ​សាលាឧទ្ធរណ៍​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​អនុវត្ត​ខុស​នីតិវិធី។

គិត​មក​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​មេសា មន្ត្រី​សមាគម​អាដហុក ៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី រួម​នឹង​មន្ត្រី​ គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ​១​ឆ្នាំ​​ហើយ។

ក្នុង​ថ្ងៃ​ដដែល​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥។ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​៥ ថា ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង បំភ័យ និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិមនុស្ស។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា តុលាការ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ដើម្បី​គាប​សង្កត់​សង្គម​ស៊ីវិល។ លោក​ថា លុយ​រាប់​លាន​ដុល្លារ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​កម្ពុជា សម្រាប់​បម្រើ​ដល់​ការ​បណ្ដុះបណ្ដាល ប៉ុន្តែ​វា​ជា​ការ​ឥតប្រយោជន៍​ដោយសារ​ថា តុលាការ​នៅ​តែ​ជា​ឧបករណ៍​នៃ​ភាព​អយុត្តិធម៌។

លោក ប្រ៊ែដ អាដាម អំពាវនាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​អស់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​ជាប់​ឃុំ​ទាំង​៥។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នក​ទាំង ៥​រូប ត្រូវ​បាន​ជ្រើស​រើស​ជាប់​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ទទួល​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ ឈ្មោះ​ថា ពាន​រង្វាន់ ម៉ាទីន អេណលស៍ (Martin Ennals) ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​ជា​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន ១០ ក្នុង​ពិភពលោក។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​សាទរ​ចំពោះ​ព័ត៌មាន​នេះ ហើយ​មាន​សុទិដ្ឋិនិយម​ថា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៥​រូប​នេះ នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ។

ពាន​រង្វាន់​ធំ​នៃ​ចលនា​សិទ្ធិមនុស្ស​អន្តរជាតិ គឺ​ពាន​រង្វាន់ ម៉ាទីន អ៊ែនណល ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ដោយ​ឡែក​មួយ​ក្នុង​ចំណោម​អង្គការ​សិទ្ធិមនុស្ស​ឈាន​មុខ​នៅ​លើ​ពិភពលោក​ចំនួន ១០ ដើម្បី​ផ្ដល់​ការ​ការពារ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក។

ពិធី​ប្រគល់​ពានរង្វាន់ ម៉ាទីន អ៊ែនណល នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស ​ស្វីស។ គណៈវិនិច្ឆ័យ​សម្រាប់​ការ​ប្រគល់​ពាន​រង្វាន់​នេះ រួម​មាន​សមាសភាព​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ដូចជា អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) និង​អង្គការ​ប្រឆាំង​ទារុណកម្ម​ពិភពលោក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​នឹង​បញ្ជូន​លក្ខន្តិកៈ​ថ្មី​ឲ្យ​បក្ស​ប្រឆាំង​វិញ​ក្នុង​ពេល​ឆាប់ៗ​ក្រោយ​ពិនិត្យ​រួច

$
0
0

ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ដល់​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​មើល​ជា​ថ្មី​ម្ដង​ទៀត​ហើយ។ ក្រសួង​នឹង​បញ្ជូន​ត្រឡប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក្នុង​ពេល​ឆាប់ៗ ក្រោយ​ពី​ពិនិត្យ​មើល​លក្ខន្តិកៈ​ថ្មី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ទី​២៥ មេសា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មេសា ថា ក្រសួង​នឹង​ខិតខំ​ពិនិត្យ​មើល​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ជូន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ថា​តើ​លក្ខន្តិកៈ​នោះ​ពិត​ជា​ត្រឹមត្រូវ ឬ​មិន​ត្រូវ​នោះ?

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រដ្ឋបាល​ក្រសួង​មហាផ្ទៃ ទើប​ទទួល​បាន​លក្ខន្តិកៈ​ដែល​បក្ស​ប្រឆាំង​បញ្ជូន​មក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ មេសា ដូច្នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នឹង​ពិនិត្យ​មើល​លក្ខន្តិកៈ​នេះ។ លោក​មិន​អាច​ឲ្យ​ដឹង​ជាក់លាក់​បាន​ទេ ថា​តើ​ថ្ងៃ​ណា​នឹង​បញ្ជូន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​នៅ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​នឹង​ពិនិត្យ​មើល​ឲ្យ​ឆាប់​ចប់«ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រសួង​នឹង​ខិតខំ​ធ្វើ​ការងារ​ហ្នឹង​ជូន»

គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​លក្ខន្តិកៈ​ដែល​មាន ៩​ជំពូក និង ៥៨​ប្រការ​ទៅ​ក្រសួង​មហាផ្ទៃ ភ្លាមៗ​ក្រោយ​ពី​បាន​ធ្វើ​វិសោធនកម្ម​ប្រការ ៤៧​ថ្មី ទៅ​ប្រការ ៤៧​ថ្មី (មួយ) ដោយ​សម្រេច​លុប​ចេញ​រយៈពេល​នៃ​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៥ មេសា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើសរើស​អនុប្រធាន​គណបក្ស​ជា​ថ្មី​នៅ​ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​ដែល​បាន​កែប្រែ​នោះ

ក្រសួង​មហាផ្ទៃ មិន​បាន​ទទួល​ស្គាល់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២ មីនា ដែល​បាន​ជ្រើសរើស​លោក កឹម សុខា ជា​ប្រធាន​បក្ស និង​អនុប្រធាន ៣​រូប​ទៀត​រួម​មាន លោក អេង ឆៃអ៊ាង លោក ប៉ុល ហំម និង​អ្នកស្រី មូរ សុខហួរ ដោយ​ក្រសួង​បញ្ជាក់​ពី​មូលហេតុ​ថា ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១២។ ការ​ជ្រើសរើស​សមាសភាព​ដឹកនាំ​ថ្មី​នេះ នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ដែល​ជាប់​បណ្ដឹង​រាប់​មិន​អស់​នៅ​តុលាការ បាន​លាលែង​ពី​ប្រធាន​គណបក្ស។

ក្រោយ​ពី​ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​សមាសភាព​ប្រធាន និង​អនុប្រធាន​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​វិសោធនកម្ម​ប្រការ​៤៥ និង​ប្រការ ៤៧​ថ្មី និង​បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ជា​ថ្មី​ម្ដង​ទៀត ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៥ មេសា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស រីឯ​អនុប្រធាន ៣​រូប​ទៀត ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​ទេ ដោយសារ​ក្រសួង​លើក​ហេតុផល​ថា គណៈកម្មាធិការ​នាយក​ជ្រើសរើស​អនុប្រធាន​មាន​រយៈពេល​លើស​ថ្ងៃ​កំណត់។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​បន្ថែម​ដូច្នេះ«ថ្ងៃ​ទី​២ មេសា គាត់​ធ្វើ​ឡើង​វិញ ធ្វើ​ឡើង​វិញ​គាត់​ដាក់​អនុប្រធាន ៣​នាក់​ដដែល និង​សមាសភាព​ប្រធាន​ដដែល ហើយ​លក្ខន្តិកៈ​គាត់​អត់​ផ្ញើ​មក​ទេ ចឹង​មុន​នឹង​ធ្វើ ទាល់​មាន​ស្អី​យក​មក​តម្កល់​ទុក​ជា​ផ្លូវការ​សិន»

ទោះ​បី​ជា​បែប​ណា​ក៏ដោយ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​មិន​ទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ម្ដង​ហើយ​ម្ដង​ទៀត​នេះ ជា​ហេតុផល​នយោបាយ​ច្រើន​ជាង។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងស្រុង ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ថា តើ​ក្រសួង​អាច​មាន​ហេតុផល​ថា លក្ខន្តិកៈ​នោះ​ពិត​ជា​ត្រឹមត្រូវ​ទាំងអស់ ឬ​អាច​ថា​ខុស​នៅ​កន្លែង​ផ្សេង​ទៀត?«អ៊ីចឹង​ជួនកាល​អាច​បញ្ជូន​អា​មួយ​ហ្នឹង​ទៅ អាច​ថា​ត្រូវ​អា​មួយ​ហ្នឹង អាច​នៅ​ខុស​អា​មួយ​ផ្សេង​ទៀត»

ការ​បញ្ជូន​លក្ខន្តិកៈ​ថ្មី​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ ដែល​ជា​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៥ មេសា គឺ​នៅ​ស្រប​ពេល​បេក្ខភាព​អនុប្រធាន​គណបក្ស​នេះ គឺ​អ្នកស្រី មូរ សុខហួរ នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៨ មេសា ក្នុង​នាម​ជា​សាក្សី។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ទទួល​ស្គាល់​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ឆន្ទៈ​របស់​ក្រសួង​មហាផ្ទៃ ថា​តើ​ក្រសួង​កំពុង​តែ​អនុវត្ត​តាម​ច្បាប់ ឬ​មាន​ចេតនា​នយោបាយ​អ្វី​ផ្សេង ក្នុង​ការ​រុញ​ចុះ​ឡើង​លក្ខន្តិកៈ​របស់​បក្ស​ប្រឆាំង ដើម្បី​រាំងស្ទះ​ដល់​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​គណបក្ស ខណៈ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជិត​មក​ដល់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហភាព​ការងារ​ប្រកាន់​ជំហរ​ហែ​ក្បួន​ជាង​៣​នាក់​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា

$
0
0

សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ​ដែល​មាន​ផ្នែក​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្ដេជ្ញា​ថា​នឹង​ហែ​ក្បួន​ជាង ៣​ពាន់​នាក់ ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។ ការ​បង្ហាញ​ជំហរ​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​បដិសេធ​ការ​ជួបជុំ​ហែ​ក្បួន​របស់​ពួក​គេ។

សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ ចាត់​ទុក​ថា ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​ឲ្យ​ពួក​គេ​ហែ​ក្បួន​ដាក់​ញត្តិ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា គឺ​ជា​ការ​រំលោភ​សិទ្ធិ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មេសា ថា បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង​ជួបជុំ​ហែ​ក្បួន​ជាង ៣​ពាន់​នាក់ ដើម្បី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា កាល​ពី​ថ្ងៃ​ទី​១០ មេសា សាលា​រាជធានី​ភ្នំពេញ​ទើប​តែ​បាន​ផ្ដល់​ចម្លើយ​បដិសេធន៍​ដោយ​គ្មាន​ការ​ពិភាក្សា និង​ពន្យល់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ។

លោក​ថា ក្រុម​ការងារ​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពិចារណា​ឡើង​វិញ និង​ចង់​ជួប​ពិភាក្សា​ពន្យល់​ពី​ហេតុផល​នៃ​ការ​ប្រារព្ធ​ពិធី ហើយ​ក្រុម​ការងារ​នៅ​តែ​មាន​ជំហរ​ហែ​ក្បួន​ដដែល ពុំ​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​ទេ៖ «បើ​តាម​ច្បាប់​បាតុកម្ម​មាត្រា​៩ មាត្រា​១០ មាត្រា​១១ មាត្រា​១២ អាជ្ញាធរ​ត្រូវ​អនុញ្ញាត​ឲ្យ​គេ​ធ្វើ បើ​សិន​ជា​រក​មិន​ឃើញ​ថា ទិវា​ហ្នឹង​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ក៏​វា​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ។ បើ​សិន​ជា​អ្នក​ធ្វើ​នៅ​តែ​ចង់​ធ្វើ គឺ​ត្រូវ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សម្រេច​ចុង​ក្រោយ ប៉ុន្តែ​គាត់​អត់​បាន​ធ្វើ​តាម​ច្បាប់​ទេ គឺ​គាត់​ធ្វើ​តាម​ទម្លាប់ និង​បទបញ្ជា ខ្ញុំ​គិត​ថា​វា​ជា​ការ​រំលោភ​មួយ»

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែង​ថា លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ជា​លិខិត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់ និង​ការ​សម្រេច​ចិត្ត​របស់​ស្ថាប័ន ដូច្នេះ​ប្រហែល​ជា​គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​នោះ​ទេ៖ «ក្នុង​ការ​មិន​អនុញ្ញាត​ឲ្យ​គាត់​ជួបជុំ​នៅ​សួនច្បារ​សាធារណៈ ហើយ​និង​ដង្ហែ​ក្បួន​តាម​ផ្លូវ យើង​បាន​ជម្រាប​ជូន​នៅ​ក្នុង​កម្មវត្ថុ និង​មូលហេតុ​របស់​លិខិត​ហើយ បើ​ទោះ​ជា​ការ​ពិភាក្សា​អ្វី​ផ្សេង​ទៀត ក៏​វា​នៅ​តែ​មិន​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុញ្ញាត​នោះ​ទេ។ គាត់​អាច​ធ្វើ​បាន តែ​យើង​មិន​ជំទាស់​នឹង​ការ​ប្រារព្ធ​ពិធី​នោះ​ទេ យើង​ក៏​សាទរ​ដោយ​វិធីសាស្ត្រ​ផ្សេង ដោយ​ធ្វើ​នៅ​ទីតាំង​ដែល​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ»

លិខិត​សាលា​រាជធានី​ភ្នំពេញ ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​រង ឃួង ស្រេង បាន​សរសេរ​ថា សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​ឯកជន ដោយ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ។ ក្នុង​ករណី​នៅ​មាន​ការ​ជួបជុំ ឬ​ហែ​ក្បួន​តាម​ដង​ផ្លូវ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ខួប​លើក​ទី​១៣១ ឆ្នាំ​២០១៧ រៀបចំ​ឡើង​ក្រោម​ប្រធានបទ បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព។ ក្នុង​ពិធី​នេះ សហព័ន្ធ​មក​ពី​វិស័យ​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គ្រោង​នឹង​ជួបជុំ​គ្នា​ជាង ៣​ពាន់​នាក់ នៅ​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC) នៅ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១ ឧសភា ថ្លែង​សារ​អំពី​ទុក្ខ​លំបាក​របស់​កម្មករ បន្ទាប់​មក​ហែ​ក្បួន​លើក​បដា​តាម​ដង​វិថី​មាត់​ទន្លេ រួច​ឆ្ពោះ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ឲ្យ​ដោះស្រាយ​បញ្ហា​នានា។

ក្រៅ​ពី​នេះ ក៏​មាន​សហជីព​មួយ​ចំនួន​ជូន​ដំណឹង​អំពី​ការ​ប្រារព្ធ​ពិធី​ថ្ងៃ​ទី​១ ឧសភា ដែរ ដោយ​ខ្លះ​ចង់​ជួបជុំ​គ្នា​ដើរ​ក្បួន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ក្រសួង​ការងារ និង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ជាដើម សាលា​រាជធានី​ភ្នំពេញ​យល់ព្រម​ឲ្យ​ធ្វើ​ធម្មតា ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​នៅ​សង្កាត់​ចាក់អង្រែលើ​លើក​គ្នា​ទៅ​ក្រសួង​ដែនដី​សួរ​នាំ​ពី​ដំណោះស្រាយ​ដីធ្លី

$
0
0

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ និង​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ មេសា លើក​គ្នា​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សួរ​អំពី​ការ​ដោះស្រាយ​ដីធ្លី​របស់​ពួក​គាត់ ដែល​អូស​បន្លាយ​មក​ជាច្រើន​ឆ្នាំ​ហើយ។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ព្រែកតាគង់​១ និង​ភូមិ​ខ្វា ខណ្ឌ​ដង្កោ ប្រមាណ ១០០​នាក់ មក​ជួបជុំ និង​ស្រែក​ទាមទារ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​មន្ត្រី​ក្រសួង​នេះ​ផ្ដល់​ព័ត៌មាន​អំពី​ការ​វិវឌ្ឍន៍​ក្នុង​ការ​ដោះស្រាយ​រឿង​ដីធ្លី ដែល​ពួក​គាត់​ចង់​បាន​ប័ណ្ណ​កម្មសិទ្ធិ និង​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

ពលរដ្ឋ​ទាំងនេះ គឺ​ក្នុង​ចំណោម​ពលរដ្ឋ ៥០០​គ្រួសារ​កំពុង​រស់នៅ​ក្នុង​តំបន់​បឹង​ទំពុន និង​បឹង​ជើងឯក ដែល​មួយ​ផ្នែក​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​អាង​ស្តុក​ទឹក និង​មួយ​ផ្នែក​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន អាយ.អិន.ជី (ING Holding) អភិវឌ្ឍ​ក្រុង​រណប​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ។

អ្នក​ភូមិ​មួយ​រូប គឺ​កញ្ញា ម៉ៅ លុនហេង ថ្លែង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នាំ​គ្នា​មក​ក្រសួង​ដែនដី ព្រោះ​អ្នក​ភូមិ​កាន់​តែ​បារម្ភ​អំពី​ការ​បាត់បង់​ដី និង​ផ្ទះ​សម្បែង ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ៖ «ថ្ងៃ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ជួយ​រៀបចំ​ការងារ​ទាំងអស់​ហ្នឹង​ឲ្យ​លឿន​ឲ្យ​ពួក​ខ្ញុំ ពីព្រោះ​ថា​ឥឡូវ កន្លែង​ពួក​ខ្ញុំ គឺ​កាន់​តែ​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​មែនទែន​ហើយ គឺ​ដោយសារ​គេ​បាន​ចេញ​គម្រោង​មក​ហើយ គឺ​ភូមិ​ខ្ញុំ​ហ្នឹង​ប៉ះពាល់​ដល់​អាង​ស្តុក​ទឹក និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន អាយ.អិន.ជី។ អ៊ីចឹង ពួក​ខ្ញុំ​អត់​អាច​រស់នៅ​បន្ត​ការ​ភ័យ​ខ្លាច​អ៊ីចឹង​រហូត​ទេ។ ពួក​ខ្ញុំ​ត្រូវការ​ការ​ដោះស្រាយ​ពី​ក្រសួង ស្នើសុំ​ក្រសួង​រៀបចំ​ឲ្យ​ពួក​ខ្ញុំ ហើយ​ក៏​ស្នើសុំ​ឲ្យ​ក្រសួង​ចុះ​ទៅ​ពិនិត្យ ហើយ​ធ្វើ​ការ​លើ​ការ​ស្នើសុំ​របស់​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ អ្នក​ភូមិ​ដែល​ប៉ះពាល់ បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ជួប​ពិភាក្សា​ដើម្បី​កាត់​ឆ្វៀល​ដី​របស់​ពលរដ្ឋ​ចេញ​ពី​គម្រោង​ទាំងនេះ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គាត់។ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​ក្រសួង​ដែនដី បាន​បញ្ជូន​សំណើ​សុំ​របស់​អ្នក​ភូមិ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក សុខ ឃីម មាន​ប្រសាសន៍​ថា ពួក​លោក​ចង់​បាន​ការ​ឆ្លើយតប​ពី​ក្រសួង​ដែនដី៖ «ខែ​៤ ជិត​ចូល​ខែ​៥ ទៀត​ហើយ វា​ស្ងាត់​ឈឹង។ ដូច្នេះ​ពួក​យើង​រស់នៅ​ក្នុង​សហគមន៍ ដែល​ជា​សហគមន៍​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន យើង​រស់នៅ​ក្នុង​សេចក្ដី​ភ័យ​ខ្លាច​បារម្ភ​ជានិច្ច។ ដូច្នេះ​យើង​មក​បញ្ជាក់​ឲ្យ​ច្បាស់​ថា ក្រសួង​ធ្វើ​ការ​ដល់​ណា​ហើយ កុំ​ចេះ​តែ​សម្ងំ​ស្ងៀម​ដោយ​មិន​ផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ។ យើង​រស់​ក្នុង​ភ័យ​ខ្លាច​ជានិច្ច​យ៉ាង​នេះ យើង​មិន​អាច​នៅ​សុខ​បាន​ទេ។ អ៊ីចឹង​យើង​ត្រូវ​តែ​មក​ទីនេះ ដើម្បី​ចង់​ដឹង​ព័ត៌មាន​របស់​ពួក​យើង»

តំណាង​អ្នក​ភូមិ​ព្រែកតាគង់១ គឺ​លោក អ៊ុំ ណារី ថ្លែង​ក្រោយ​ពេល​ជួប​ជាមួយ​មន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្រសួង​ដែនដី គឺ​លោក ជា ស្រ៊ុន នៅ​ថ្ងៃ​ដដែល​ណែនាំ​ឲ្យ​អ្នក​ភូមិ​មក​ជួប​លោក​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។ លោក​រំពឹង​ថា ក្រសួង​ដែនដី នឹង​មាន​ព័ត៌មាន​អំពី​ដំណោះស្រាយ​ល្អ​ពេល​ជួប​គ្នា​នៅ​ខែ​ឧសភា នោះ៖ «សង្ឃឹម​ថា​ថ្ងៃ​ទី​៣ នោះ យើង​នឹង​មាន​ដំណោះស្រាយ​ល្អ​ជាង​នេះ​ទៅ​ទៀត គឺ​ជួប​ទាំង​សាលា​ក្រុង ជួប​ទាំង​ក្រសួង។ យើង​នឹង​យក​ផល​ប៉ះពាល់​ទាំង​ប៉ុន្មាន​មក​ដាក់​លើ​តុ ដើម្បី​ជជែក​ទាំងអស់​គ្នា ទាំង​សាលា​ក្រុង ទាំង​ក្រសួង និង​សហគមន៍​ពួក​ខ្ញុំ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់។ ក្រសួង​គាត់​មាន​ចំណាត់ការ​មួយ​ថា ឯកសារ​នេះ​គាត់​នឹង​មិន​យក​ទៅ​ទុក​ដូច​មុន​ទេ។ គាត់​នឹង​បន្ត​ធ្វើ​មិន​ឈប់​ទេ ដើម្បី​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ»

អ្នក​ភូមិ​សម្រេច​រំសាយ​គ្នា​វិញ​នៅ​វេលា​ថ្ងៃ​ត្រង់ បន្ទាប់​ពី​ទទួល​បាន​ការ​ឆ្លើយតប​របស់​មន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្រសួង​ដែនដី។ ពួក​គាត់​ចាត់​ទុក​ការ​ឆ្លើយតប​របស់​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ថា​ជា​លទ្ធផល​វិជ្ជមាន។

ក្នុង​លិខិត​របស់​ក្រសួង​ដែនដី បង្ហាញ​ថា ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​២៧ ស្រាវជ្រាវ​ឃើញ​ថា ដី​ដែល​អ្នក​ភូមិ​ស្នើសុំ​កាត់​ចេញ​នោះ គឺ​ពិត​ជា​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អាយ.អិន.ជី (ING Holding) ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​កាល​ពី​ឆ្នាំ​២០១១ និង​ដី​មួយ​ចំនួន​ទៀត ស្ថិត​នៅ​ក្នុង​អាង​ស្តុក​ទឹក ដែល​រដ្ឋាភិបាល​កំណត់​តាម​អនុក្រឹត្យ​កាល​ពី​ឆ្នាំ​២០០៨ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ​នៅ​ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​ស្រុក​តាខ្មៅ ខេត្ត​កណ្ដាល ជា​សម្បត្តិ​រដ្ឋ។

លោក អ៊ុំ ណារី ឲ្យ​ដឹង​ថា ផ្ទៃ​គម្រោង​នេះ​មាន​ទំហំ ៥២០​ហិកតារ។ ពួក​លោក​ក៏​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អនុក្រឹត្យ​ទាំងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​បញ្ចប់​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់

$
0
0

អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាស​ដាក់​ឱសានវាទ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់។ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ចំនួន ៧​គ្រួសារ ទៅ​ទទួល​យក​ដី​ដែល​អាជ្ញាធរ​កំណត់​ឲ្យ។ តែ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងកក់ មិន​ព្រម​ទទួល​យក​ដី​នោះ​ទេ។ ពួក​គេ​ថា សាលា​ក្រុង​កាត់​ដី​ឲ្យ​តិច​ពេក មិន​សមរម្យ​នឹង​ដី​ដែល​គាត់​មាន។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថា​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ អាជ្ញាធរ​បាន​ដោះស្រាយ​រួច​រាល់​អស់​ហើយ នៅ​សល់​តែ​ដី​ពលរដ្ឋ ៧​គ្រួសារ​ទៀត​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទៅ​ទទួល​យក​ដី​តាម​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ។

លោក ឃួង ស្រេង បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ មេសា ថា តំបន់​បឹងកក់​អស់​រឿង​ដែល​ត្រូវ​អាជ្ញាធរ​ដោះស្រាយ​ទៀត​ហើយ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង ៧​គ្រួសារ ទទួល​យក​ដី​តាម​ការ​កំណត់ និង​កុំ​ជឿ​តាម​ការ​ញុះញង់៖ «»

លោក ឃួង ស្រេង ប្រាប់​ពី​មូលហេតុ​ដែល​រដ្ឋ​ប្រគល់​ដី​នៅ​តំបន់​បឹងកក់​ឲ្យ​វិស័យ​ឯកជន​គ្រប់គ្រង និង​អភិវឌ្ឍ ដោយសារ​តំបន់​នេះ​នៅ​ពេល​ដែល​រដ្ឋ​គ្រប់គ្រង ជា​តំបន់​អនាធិបតេយ្យ ជា​ជម្រក​របស់​ក្រុម​ភេរវកម្ម និង​ជា​តំបន់​សំណង់​អនាធិបតេយ្យ។ លោក​បន្ត​ថា មូលហេតុ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​នៅ​ដាច់ស្រយាល​ពី​ក្រុង​ភ្នំពេញ។ លោក​ថា ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ខ្លះ​បាន​រំលោភ​លើ​ផ្ទៃ​បឹង ហើយ​លក់​បន្ត ធ្វើ​ឲ្យ​បឹងកក់​ក្លាយ​ជា​តំបន់​អនាធិបតេយ្យ

សន្និសីទ​សារព័ត៌មាន​នេះ មិន​មាន​វត្តមាន​របស់​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ចូលរួម​ទេ តែ​ពួក​គេ​បាន​នាំ​គ្នា​ឈរ​តវ៉ា​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ខាង​ក្រៅ​របង​សាលា​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៧​គ្រួសារ លោកស្រី សែន តូច ថា​លោកស្រី​មិន​សុខ​ចិត្ត​ទទួល​យក​ដី ដោយសារ​ដី​ដែល​សាលា​ក្រុង​កំណត់​ឲ្យ​មាន​ចំនួន​តិច​ពេក។ លោកស្រី​ថា ដី​លោកស្រី​មាន​ចំនួន ៩៧២​ម៉ែត្រ​ការ៉េ ប៉ុន្តែ​សាលា​ក្រុង​បាន​កាត់​ឲ្យ​លោកស្រី ២​ឡូតិ៍។ ពលរដ្ឋ​រូប​នេះ​ចង់​បាន​ដី​របស់​ខ្លួន​យ៉ាង​តិច​ណាស់​ចំនួន ៥៣​ភាគរយ តាម​ការ​កំណត់​របស់​អនុក្រឹត្យ​រដ្ឋាភិបាល៖ «»

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់​រូប​នេះ នៅ​តែ​យល់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​គោរព​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។ កាល​ពី​ថ្ងៃ​ទី​២០ មេសា ពលរដ្ឋ​ទាំង ៧​គ្រួសារ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ទាមទារ​ដី​របស់​ពួក​គេ​ដែល​ត្រូវ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku Inc) បាន​បូម​ខ្សាច់​ពន្លិច​ដី និង​ផ្ទះ​សម្បែង​ពួក​គាត់​ដោយ​គ្មាន​សំណង​កាល​ពី​ឆ្នាំ​២០១០។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ថា​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល អាច​ទៅ​រក​អន្តរាគមន៍​នៅ​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដំឡើង​ទំហំ​ដី​បន្ថែម​ទៀត៖ «»

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ដែល​ជា​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ឃួង ស្រេង ថា​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ដែល​មិន​ព្រម​ទទួល​យក​យន្តការ​ដោះស្រាយ​របស់​សាលា​ក្រុង ដោយសារ​គ្រួសារ​ទី​១ ទាមទារ​ដី ២០​ឡូតិ៍ ហើយ​សាលា​ក្រុង​មាន​លទ្ធភាព​តែ ៤​ឡូត៍ ហើយ​គ្រួសារ​ខ្លះ​ទៀត​ទាមទារ ៧ ឬ ១០​ឡូត៍ ហើយ​សាលា​ក្រុង​ឲ្យ​ចំនួន ២​ឡូត៍​ទាំងអស់​គ្នា។ ដី​ក្នុង​មួយ​ឡូត៍​ទំហំ ៤​គុណ ១៨​ម៉ែត្រ។

ពលរដ្ឋ​ថា​ពួក​គេ​មិន​ចង់​បាន​ចំនួន​ដី​ឡូត៍​ដូច​សាលា​ក្រុង​កំណត់​ទេ តែ​ពួក​គេ​ចង់​បាន​ដី​ទំហំ ៥៣% នៃ​ផ្ទៃដី​សរុប​ប្រហែល ១​ម៉ឺន​ម៉ែត្រ​ការ៉េ​តាម​ការ​កំណត់​របស់​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល។ ពលរដ្ឋ​ក៏​ព្រមាន​ដាក់​ជីវិត ដើម្បី​តវ៉ា​ទាមទារ​ដី​របស់​ពួក​គេ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​បញ្ចប់​ការ​សាកសួរ​អ្នកស្រី មូរ សុខហួរ ក្នុង​នាម​សាក្សី​ករណី​លោក ជុន ច័ន្ទបុត្រ

$
0
0

ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​បញ្ចប់​ការ​សាកសួរ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៨ មេសា ក្នុង​នាម​ជា​សាក្សី

អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ករណី​ដែល​អាជ្ញាធរ​ចោទ​នាយករង​វិទ្យុ​អាស៊ីសេរី លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី២៧ មេសា តំណាងរាស្ត្រ​គណបក្ស​នេះ​​មួយ​រូប​ទៀត​គឺ​លោក ឡុង រី បាន​មក​បំភ្លឺ​រួច​ហើយ លើ​ករណី​នេះ ក្នុង​នាម​ជា​សាក្សី​ដូចគ្នា។

យ៉ាងណាមិញ នៅ​មុខ​តុលាការ​នៅ​ព្រឹក​នេះ អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ​២០​នាក់ មក​តវ៉ា និង​លើក​បដា​ទាមទារ​កុំ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​អ្នកស្រី មូរ សុខហួរ ជាដើម។ ក្រោយ​បញ្ចប់​ការ​សាកសួរ ក៏​មាន​តំណាងរាស្ត្រ​បក្ស​នេះ​មួយ​ចំនួន បាន​មក​អម​ដំណើរ​អ្នកស្រី មូរ សុខហួរ ផង។

ក្នុង​ករណី​នេះ លោក ជុន ច័ន្ទបុត្រ ដែល​អាជ្ញាធរ​ចោទ​ថា បន្លំ​ចូល​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២ ខែ​ឧសភា ក្នុង​នាម​ជា​ជនសង្ស័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"សេរីភាព​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​រង​ការ​រំលោភ​បំពាន​ខ្លាំង​ពី​រដ្ឋាភិបាល​វៀតណាម"

$
0
0

គណៈកម្មារ​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ (United States Commission on International Religious Freedom) រក​ឃើញ​ថា សេរីភាព​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​តែ​រង​ការ​រំលោភ​បំពាន​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។ ក្នុង​នោះ​រដ្ឋាភិបាល​វៀតណាម បាន​កំណត់​មេដឹកនាំ​សាសនា រួម​ទាំង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ផង ធ្វើ​ជា​មុខ​សញ្ញា​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ក៏​រក​ឃើញ​ថា អាជ្ញាធរ​វៀតណាម បាន​បង្ក្រាប និង​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ជា​ហូរហែ។ គណៈកម្មការ​នេះ អំពាវនាវ​ឲ្យ​រដ្ឋ​សភា និង​រដ្ឋបាល​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​​សេរីភាព​សាសនា​នៅ​បរទេស ដោយ​ត្រូវ​ធ្វើ​សេចក្តី​ថ្លែងការណ៍​សាធារណៈ និង​រៀបចំ​ពិធី​ជួប​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​ជា​លក្ខណៈ​ឯកជន និង​សាធារណៈ នៅ​គ្រប់​ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សេរីភាព​សាសនា​ទាំង​នេះ។

ច្បាប់​ស្ដីពី​សេរីភាព​សាសនា​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក តម្រូវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​សាសនា​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហ៊ុន សែន ស្នើ​អាមេរិក​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​​មក​កម្ពុជា​វិញ

$
0
0

លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក មក​កម្ពុជា​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ឆ្នាំ​២០០២។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា និង​អាមេរិក គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលនយោបាយ​ចាប់​បញ្ជូន​មួយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​បែកបាក់​ក្រុម​គ្រួសារ។ លោក​បាន​ហៅ​ទង្វើ​នេះ​ថា "អគុណ​ធម៌" និង "អសីលធម៌"។

លោក ហ៊ុន សែន បន្ត​ថា សហរដ្ឋអាមេរិក​មាន​ភាព​ឆ្លាតវៃ ដោយ​រក្សា​ទុក​តែ​ពលរដ្ឋ​ដែល​ល្អ រី​ឯ​​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ឬ​ជាប់​ពន្ធនាគារ​ពី​មុន​មក  ប្រទេស​នេះ​តែង​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​ដើម​កំណើត​វិញ។

លោក ហ៊ុន សែន៖ «យើង​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ទោស​នៅ​អាមេរិក ត្រឡប់​មក​កម្ពុជា ដែល​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រាត់ប្រាស​នៃ​ប្រជាជន​របស់​យើង។ នៅ​អាមេរិក ទោះ​បី​គាត់​ជាប់​ទោស កូន​ប្រពន្ធ​ក៏​អាច​ទៅ​សួរ​សុខទុក្ខ​នៅ​ក្នុង​ពន្ធនាគារ។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បំបែក​គ្នា​ដូច្នេះ គឺ​ជា​រឿង​ដែល​ត្រូវ​គិត... រាជរដ្ឋាភិបាល​ក៏​ត្រូវ​គិត​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន»

លោក ហ៊ុន សែន សង្ឃឹម​ថា រដ្ឋបាល​អាមេរិក នឹង​មាន​ការ​យោគយល់​អំពី​គោលបំណង​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​មនុស្សធម៌ និង​សិទ្ធិមនុស្ស​នេះ។  លោក​ថា នេះ​ជា​ការ​អនុវត្ត​គោលការណ៍​មនុស្សធម៌ និង​សិទ្ធិមនុស្ស​ជាក់ស្ដែង ដែល​មិន​មែន​ជា​ការ​និយាយ​ឲ្យ​បាន​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​នោះ​ទេ។

​លោក ហ៊ុន សែន រំពឹង​ថា សហរដ្ឋអាមេរិក នឹង​ទទួល​យក​សំណើ​កម្ពុជា ដែល​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ស្ដីពី​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​ជាប់​ទោស​ទាំង​នោះ​មាន​ឱកាស​បាន​បន្ត​ស្នាក់​នៅ​លើ​ទឹក​ដី​អាមេរិក ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ លោក​មាន​ប្រសាសន៍​ថា ពួកគេ​មិន​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​អស់​មួយ​ជីវិត​នៃ​ការ​បែកបាក់​ដោយសារតែ​ការ​បញ្ជូន​អ្នក​ទាំង​នេះ​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ពេល​ដែល​ប្រពន្ធ​កូន និង​ក្រុម​គ្រួសារ​របស់​ពួកគេ​កំពុង​នៅ​អាមេរិក នោះ​ទេ។

​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្ដី​កែតម្រូវ​កាល​ពី​​​ព្រលប់​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ ក្រោយ​ពី​មាន​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប៉ាធ្រីក ម៉័រហ្វី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ ក្នុង​សេចក្ដី​កែតម្រូវ​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​ថា មាន​ការ​បញ្ឈប់​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ។ សេចក្ដី​កែតម្រូវ​ដដែល​នេះ ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មាន​បំណង​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ចំពោះ​ទិដ្ឋភាព​ពីរ គឺ​ទិដ្ឋភាព​មនុស្សធម៌ និង​មេត្តាធម៌​ក្នុង​ដំណើរ​ការ​បញ្ជូន​ប្រជាជន​កម្ពុជា មក​កាន់​មាតុភូមិ​វិញ។

​យ៉ាងណាក៏ដោយ ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោក ប៉ាធ្រីក ម៉័រហ្វី ដដែល​នេះ ក្រៅ​ពី​គូស​បញ្ជាក់​ប្រាប់​ភាគី​អាមេរិក អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ខាង​លើ លោក ប្រាក់ សុខុន បាន​អះអាង​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​បន្ត​ទទួល​យក និង​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដោះស្រាយ​បញ្ហា​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា វិញ​នេះ។ លោក​ក៏​បាន​ជម្រាប​សម​ភាគី​អាមេរិក​ផង​ដែរ​ថា ភាគី​កម្ពុជា កំពុង​បញ្ចប់​នូវ​ការ​តាក់តែង​សេចក្ដី​ព្រាង​កម្រង​វិសោធនកម្ម​នេះ ហើយ​នឹង​ប្រគល់​ជូន​ស្ថានទូត​អាមេរិក ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ដើម្បី​ចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី។

​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ លោក  ជេ រ៉ាម៉េន (Jay Raman) បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អាមេរិកាំង អេ.ប៊ី.ស៊ី ៩ABC News) ថា ការ​ឆ្លើយ​តប​របស់​ទីក្រុង​វ៉ាស៊ីនតុន ទៅ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ខាង​លើ​នេះ គឺ​ដដែល។ ពោល​គឺ​កិច្ច​ព្រមព្រៀង​នេះ អាច​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី​ក្នុង​អំឡុង​ពេល​ជំនួប​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​កិច្ចព្រមព្រៀង​នេះ។ លោក ជេ រ៉ាម៉េន ថា ជំនួប​ពិភាក្សា​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

គិត​មក​ត្រឹម​ពេល​នេះ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដីពី​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មក​នេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ៥៥០​នាក់​ហើយ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នៅ​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​កម្ពុជា​វិញ បើ​ទោះ​ជា​ពលរដ្ឋ​ទាំង​នោះ​ខ្លះ​បាន​ប្រព្រឹត្តិ​បទល្មើស​តិចតួច​ក្ដី ហើយ​ខ្លះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មិន​ដែល​ធ្លាប់​មក​លេង ឬ​ស្គាល់​ប្រទេស​កម្ពុជា ក៏ដោយ។ ភាគ​ច្រើន​នៃ​ពលរដ្ឋ​ទាំង​នោះ បាន​ចូល​មក​រស់​នៅ​ក្នុង​ទឹកដី​អាមេរិក តាំង​ពី​ពេល​នៅ​កុមារភាព ហើយ​ពួកគេ​ជា​កូន​របស់​អតីត​ជន​ភៀសខ្លួន​កម្ពុជា កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​​៧០ និង​៨០។

​ក្នុង​ឆ្នាំ​២០១៧ នេះ សហរដ្ឋអាមេរិក​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ១៣​នាក់​ហើយ មក​កម្ពុជា​វិញ។ សេចក្ដី​រាយការណ៍​សារព័ត៌មាន​បរទេស​នានា បញ្ជាក់​ថា នឹង​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ៣៦​នាក់​ទៀត នឹង​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ហើយ​ថា កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ៤១​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣០​នៅ​ហ្វីលីពីន

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ថា នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មេសា​នេះ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាក​ចេញ​ទៅ​កាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣០ ក្រោម​ប្រធានបទ«រួមគ្នា​ជា​ដៃគូ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ រួម​ចំណែក​ជាមួយ​ពិភពលោក»

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ មេសា​នេះ ក្រុម​មេដឹកនាំ​អាស៊ាន នឹង​ពិភាក្សា​ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា លើ​បញ្ហា​ជា​សារវន្ត​នានា ដែល​អាស៊ាន និង​ពិភពលោក​កំពុង​ប្រឈម ដើម្បី​លើក​តម្កើង​សន្តិភាព សន្តិសុខ និង​វិបុលភាព សម្រាប់​តំបន់ និង​ពិភពលោក។

លោក ហ៊ុន សែន បន្តថា នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​នេះ លោក​នឹង​ជួប​ថ្នាក់​ដឹកនាំ​អាស៊ាន តំណាង​អន្តរ​សភា​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន​ផង​ដែរ។

កាល​ពី​ថ្ងៃទី២៦ មេសា សមាជិក​សភា​អាស៊ាន (APHR) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឲ្យ​មេដឹកនាំ​អាស៊ាន​ទាំងអស់​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ស្រុត​ចុះ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។ ពួកគេ​បាន​លើក​ឡើង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣០​នេះ ជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​អាស៊ាន ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា តើ​ត្រូវ​ឈរ​នៅ​ទីតាំង​ណា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ទាំង​នេះ ព្រោះ​ថា មេដឹកនាំ​អាស៊ាន​ធ្លាប់​បាន​អះអាង​ថា នឹង​យក​ប្រជាពលរដ្ឋ​ជា​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​បុរីកីឡា​ធ្វើ​ពិធី​សាសនា​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

$
0
0

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បុរីកីឡា​ប្រហែល​២០នាក់ នៅ​ថ្ងៃទី២៨ មេសា បាន​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៤អង្គ នៅ​សហគមន៍​បុរីកីឡា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង​៤ និង​មន្ត្រី គ.ជ.ប ១រូប ដោយពួកគេ​ចាត់​ទុក​ថា ការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ទាំង​នេះ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត។

ការ​រៀបចំ​កម្មវិធី​តាម​បែប​សាសនា​នេះ គឺ​បន្ទាប់​ពី​មន្រ្តី​សមាគម​អាដហុក៤រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​មន្ត្រី​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ចំនួន​៦​ខែ​ទៀត ក្រោយ​ពី​ឃុំ​ខ្លួន​អស់​រយៈពេល​១ឆ្នាំ​កន្លង​មក។ ក្រៅ​ពី​នេះ ក្រុម​ពលរដ្ឋ​បុរីកីឡា ក៏​បាន​ទាមទារ​ឱ្យ​រក​យុត្តិធម៌​ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​លោក កែម ឡី សកម្មជន​ការពារ​សិទ្ធិ​កម្មករ លោក ជា វិជ្ជា និង​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វៀតណាម​បិទ​ច្រក​ព្រំដែន​មួយ​នៅ​មណ្ឌលគិរី​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ផ្លាស់ប្ដូរ​ទំនិញ

$
0
0

តម្រួត​ព្រំដែន​វៀតណាម​បាន​បិទ​ច្រក​របៀង​ព្រំដែន​នៅ​ចំណុច​ប៉ុស្តិ៍​អូរស្វាយ ឬ​ប៉ុស្តិ៍​លេខ​៨ ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ឲ្យ​ប្រជាពលរដ្ឋ​រដ្ឋ​ខ្មែរ រស់នៅ​តំបន់​ជិត​ច្រក​ទ្វារ​នោះ​ចេញ​ចូល ទិញ​ដូរ​ទំនិញ​ដូច​ធម្មតា​នោះ​ទេ។ ប្រជាពលរដ្ឋ​រស់​នៅ​ជិត​តំបន់​នោះ​អះអាង​ថា កំពុង​ជួប​ការ​លំបាក ដោយសារ​គ្មាន​ទីផ្សារ​ផ្លាស់ប្ដូរ​ផល​កសិកម្ម និង​ស្បៀងអាហារ​ប្រចាំថ្ងៃ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរស្វាយ ក្នុង​ខេត្ត​មណ្ឌលគិរី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សម្រប​សម្រួល ជាមួយ​ភាគី​វៀតណាម បើក​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​នោះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ចេញចូល​ទិញ​លក់​ផលិតផល និង​គ្រឿង​អាហារ​បរិភោគ​ជាមួយ​ភាគី​វៀតណាម​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កន្លងទៅ។

ការ​បិទ​ច្រក​ព្រំដែន​នេះ​ធ្វើឡើង​នៅ​គ្រា​ដែល​អាជ្ញាធរ​វៀតណាម កាលពី​ខែ​មីនា បាន​ហាមឃាត់​មិន​ឲ្យ​ភាគី​កម្ពុជា​ឈូស​ឆាយ​ធ្វើ​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន ចាប់ពី​ចំណុច​អូរស្វាយ​ទៅ​ទល់នឹង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់ដាំ ដែល​ជា​តំបន់​ប្រទាញប្រទង់​មិនទាន់​បោះ​បង្គោល​ព្រំដែន។

តំណាង​ប្រជាពលរដ្ឋ​លោក សាលី បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា​ពួកគាត់​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​បិទ​ច្រក​របៀង​នោះ​ទេ ក៏​ប៉ុន្តែ​ការ​បិទ​ច្រក​របៀង​នេះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​អ្នក​ភូមិ ដែល​ត្រូវការ​ទីផ្សារ​ទិញ​លក់ទំនិញ។ លោក​បន្ត​ថា​នៅ​តំបន់​នោះ​ឆ្ងាយ​ពី​ទីផ្សារ​ក្នុង​ខេត្ត និង​មិន​មាន​ផ្លូវ​ធ្វើដំណើរ​ងាយស្រួល​នោះ​ឡើយ ហេតុនេះ​ការ​បើក​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​នោះ​បង្ក​ភាព​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​ទិញ​គ្រឿង​បរិភោគ​ប្រចាំថ្ងៃ​ពី​ផ្សារ​វៀតណាម​នៅ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ខ្សែក្រវាត់​ព្រំដែន៖ «ប្រជាពលរដ្ឋ​រាល់ថ្ងៃ​កំពុង​លំបាក​ទិញ​អង្ករ​ទិញ​ស្អី​វៀតណាម​អត់​ឲ្យ​ចូល​បើក​ផ្សារ​នៅ​ព្រំដែន​ងាយស្រួល​ប្រជាពលរដ្ឋ»

តំបន់​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរស្វាយ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជនជាតិ​ចាម​ចំណាកស្រុក​ជិត​២រយ​គ្រួសារ តាំង​លំនៅ​បង្កើត​ជា​ភូមិ​ថ្មី​នៅ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ ពី​ផ្សារ​ក្រុង​សែន​មនោ​រម្យ។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ឈូស​ឆាយ​អភិវឌ្ឍន៍​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ។

អភិបាល​ស្រុក​អូររាំង លោក ឆេង ទន់ណារី បដិសេធ​ថា ការ​បិទ​ច្រក​របៀង​ព្រំដែន​នៅ​ប៉ុស្តិ៍​អូរ​ស្វាយ​មិន​ទាក់ទិន​ទំនាស់​ការអភិវឌ្ឍន៍​ផ្លូវ​នោះ​ទេ។ ជា​គោលការណ៍​ក្រសួងមហាផ្ទៃ​ហាម​មិន​ឲ្យ​បើក​ច្រក​របៀង​ព្រំដែន​ទើប​វៀតណាម​បិទ​ច្រក​នោះ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល៖ «អា​ហ្នឹង​ច្រក​របៀង​ច្រក​ខុសច្បាប់​ចេញចូល​ម៉េច​បាន ច្រក​ទ្វេ​ភាគី​មាន​តើ»

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​និង​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​លោក សុខ សេរ៉ា បញ្ជាក់​ថា ភាគី​វៀតណាម​បាន​ស្នើ​សុំ​បើក​ច្រក​របៀង​ប្រមាណ​ពីរ​ទៅ​បី​កន្លែង​នៅ​តាម​ខ្សែក្រវាត់​ព្រំដែន​ខេត្ត​មណ្ឌលគិរី ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ​មិន​យល់ព្រម​ទើប​វៀតណាម​បិត​ច្រក​របៀង​ចំណុច​អូរស្វាយ។ លោក​ថា អាជ្ញាធរ​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​ផ្សារ រួមគ្នា​ជាមួយ​ភាគី​វៀតណាម​នៅ​ជិត​ច្រក​ព្រំដែន​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ផ្លាស់ប្ដូរ​ទំនិញ​ជាមួយ​ប្រជាជន​វៀតណាម​បាន​ងាយស្រួល៖ «ខាង​វៀតណាម​បើ​ថា មិន​ឲ្យ​ចេញចូល​ឲ្យ​ប្រជាពលរដ្ឋ​ដោះដូរ​ទំនិញ​នៅ​មាត់ច្រក​ហ្នឹង​ទៅ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​ឈូស​ឆាយ​ផ្លូវ តាម​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​វៀតណាម​ឲ្យ​បាន​រួចរាល់ សម្រាប់​រយៈពេល​១​រយ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ ដោយឡែក​នៅ​ខេត្ត​មណ្ឌលគិរី អាជ្ញាធរ​មិន​មាន​តួលេខ​ច្បាស់លាស់​ពី​លទ្ធផល​នៃ​ការ​ឈូស​ឆាយ​ផ្លូវ​នេះ​នៅឡើយ​រហូត​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​២​ខេត្ត​ឡើង​មក​ភ្នំពេញ​ដើរ​ដាក់​ញត្តិ​តាម​ក្រសួង​សុំ​អន្តរាគមន៍

$
0
0

ពលរដ្ឋ និង​កសិករ​មកពី​ខេត្ត​ចំនួន​២ បាន​នាំ​គ្នា​ដើរ​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​ជាតិ ដើម្បី​រក​អន្ដរាគមន៍​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​ខេត្ត​ស្វាយរៀង និង​នៅ​ខេត្ត​កណ្ដាល។ ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន ទើប​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ។

កសិករ​ទាំង​នោះ​មក​ពី​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ហើយ​ពលរដ្ឋ​ដែល​ចូល​រួម​តវ៉ា​បញ្ហា​ដីធ្លី​មក​ពី​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នាំ​គ្នា​ដើរ​ថ្មើរ​ជើង​តាម​ផ្លូវ​ទាំង​តូច​ទាំង​ធំ​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ទៀត ដើម្បី​យក​ញត្តិ​សុំ​អន្តរាគមន៍​ជម្លោះ​ដីធ្លី​នៅ​មូលដ្ឋាន​របស់​ពួកគេ។

​កសិករ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​ស្វាយរៀង ភាគ​ច្រើន​និយាយ​ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ថា ដី​របស់​គាត់​ត្រូវ​ក្រុមហ៊ុន​ដែល​លោក​មិន​ស្គាល់​ឈ្មោះ​មួយ​ឃាំង​របង​ទុក​ដី​ចោល។ ពលរដ្ឋ​ថា ក្រុមហ៊ុន​បាន​ដាក់​កម្លាំង និង​គ្រឿងចក្រ​នៅ​ទី​នោះ ហើយ​ពលរដ្ឋ​មិន​ហ៊ាន​ចូល​ទៅ​ធ្វើ​ស្រែ​ទេ៖ «»។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បញ្ហា​ដីធ្លី​មាន​ចំនួន ១.៦៨៩​គ្រួសារ និង​ផ្ទៃដី​មាន​ទំហំ ៩៥៩,៦៦​ហិកតារ។

ពលរដ្ឋ និង​កសិករ​មាន​ជម្លោះ​ដីធ្លី បាន​ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​មក​ក្រសួង​ដែនដី ក្រសួង​កសិកម្ម និង​រដ្ឋ​សភា​ជាតិ។ មន្ត្រី​ដែល​ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ទាំង​បួន​ស្ថាប័ន​សុទ្ធ​តែ​អះអាង​ស្រដៀង​គ្នា​ថា នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ថ្នាក់​លើ​រៀងៗ​ខ្លួន​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ។ តែ​ពលរដ្ឋ​ថា មិន​សូវ​មាន​ជំនឿ ដោយសារ​មន្ត្រី​ធ្លាប់​បាន​ធ្វើ​បែប​នេះ​ច្រើន​ដង​ហើយ​។

ប្រធាន​គណៈកម្មការ​ចម្រុះ​ទទួល​ពាក្យ​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៉ាល់ ចន្ទតារា ដែល​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ប្រាប់​ថា គណៈកម្មការ​ចម្រុះ​របស់​លោក​នឹង​បញ្ជូន​ញត្តិ​ពលរដ្ឋ​ដែល​តវ៉ា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។ មន្ត្រី​ទទួល​ញត្តិ​នៅ​គណៈរដ្ឋមន្ត្រី​រូប​នេះ សរសើរ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ថា មាន​យន្តការ​ល្អ​ណាស់​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី៖ «»។

បើ​ទោះ​ជា​មាន​ការ​សន្យា​របស់​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្ដី ក៏​ពលរដ្ឋ និង​កសិករ​ដែល​តវ៉ា​មិន​ជឿ​ទាំង​ស្រុង​ដែរ។ អ្នក​តវ៉ា​ដែល​មាន​គ្នា​ជាង ១០០​នាក់ បាន​នាំ​គ្នា​ដើរ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​ក្រសួង​ដែនដី ដើម្បី​យក​ញត្តិ​មួយ​ទៀត​ទៅ​ដាក់​ដោយ​ផ្ទាល់​នៅ​ក្រសួង​ដែនដី។ មន្ត្រី​រដ្ឋបាល​នៃ​ក្រសួង​ដែនដី ដែល​ចេញ​ទៅ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ក៏​សន្យា​ស្រដៀង​នឹង​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ។ បន្ទាប់​មក​ពលរដ្ឋ​បាន​បន្ត​ទៅ​ក្រសួង​កសិកម្ម។

​នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី បាន​ចេញ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​នៅ​ក្នុង​របង​ក្រសួង។ អ្នកនាំពាក្យ​រូប​នេះ​សន្យា​ថា យក​ញត្តិ​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ដើម្បី​បើក​កិច្ច​ប្រជុំ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​លើក​គ្នា​មក​ច្រើន​ពេក ដើម្បី​ទុក​ពេល​វេលា​ធ្វើ​ស្រែ​ចម្ការ។ តែ​ពលរដ្ឋ​ថា បើ​ឲ្យ​តែ​តំណាង​ពលរដ្ឋ​យក​ញត្តិ​ជូន​ក្រសួង មិន​មាន​ប្រសិទ្ធភាព​ទេ ដូច្នេះ​ហើយ​ទើប​ពួកគេ​មក​ទាំង​អស់​គ្នា។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោកស្រី ខៀវ សារុន ថា ទោះ​ជា​មាន​ការ​ទទួល​ញត្តិ​ក៏​ពិត​មែន តែ​ពលរដ្ឋ​មិន​ទាន់​មាន​ជំនឿ​ថា ពួកគេ​បាន​ដី​យក​មក​ធ្វើ​ស្រែ​វិញ​ទេ។ លោកស្រី​បន្ត​ថា លិខិត​ដែល​ពលរដ្ឋ​ទទួល​បាន​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម កាល​ពី​លើក​មុន មន្ត្រី​ថ្នាក់​មូលដ្ឋាន​មិន​បាន​អនុវត្ត​ទេ ហើយ​បាន​ចោទ​ថា ពលរដ្ឋ​យក​លិខិត​ក្លែងក្លាយ​ទៅ​បង្ហាញ​មន្ត្រី​នៅ​មូលដ្ឋាន។ លោកស្រី​ស្នើ​ឲ្យ​ក្រសួង​ចុះទៅ​ផ្ទាល់​ដល់​ទីតាំង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ឲ្យ​ពលរដ្ឋ៖ «»។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល បាន​ទេ ដោយ​លោក​រវល់​ប្រជុំ។

​ពលរដ្ឋ និង​កសិករ​បាន​ត្រឡប់​ទៅ​វិញ ក្រោយ​មន្ត្រី​រដ្ឋសភា​ទទួល​យក​ញត្តិ។ មុន​ត្រឡប់​ទៅ​វិញ ពួកគេ​ព្រមាន​ថា នឹង​ត្រឡប់​មក​តវ៉ា​ម្ដង​ទៀត ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ។ ពួកគេ​រំពឹង​ថា ដំណោះស្រាយ​បាន​ដី​ស្រែ​មក​វិញ គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​អាច​ឲ្យ​បងប្អូន​របស់​គេ​ដែល​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ថៃ អាច​មក​ធ្វើ​ស្រែ​ចម្ការ​ជុំ​គ្នា​វិញ​នៅ​ស្រុក​កំណើត៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live