Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

លោក កឹម សុខា អះអាង​ថា​នឹង​ការពារ​សន្លឹក​ឆ្នោត​ឲ្យ​បាន​នៅ​ក្នុង​អាណត្តិ​នេះ

$
0
0

គណបក្ស​ប្រឆាំង​សម្រេច​រៀបចំ​សមាជ​វិសាមញ្ញ​ឡើង​វិញ ក្រោយ​ពី​សមាជ​វិសាមញ្ញ​លើក​ទី​១ ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់។ ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​សមាជ​វិសាមញ្ញ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ប្រឆាំង​កាល​ពី​ដើម​ខែ​មីនា ថា​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​ខ្លួន ហើយ​តម្រូវ​ឲ្យ​បក្ស​នេះ​រៀបចំ​ឡើង​វិញ។

អ្នក​ឃ្លាំ​មើល​នយោបាយ​យល់​ឃើញ​ថា ការ​រក​លេស​របស់​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​នេះ មិន​មាន​អ្វី​ក្រៅ​ពី​ចេតនា​ចង់​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​នោះ​ឡើយ។

សមាជ​វិសាមញ្ញ​លើក​ទី​២ ដែល​តម្រូវ​ឲ្យ​បក្ស​ប្រឆាំង​រៀបចំ​សាជាថ្មី​ឡើង​វិញ​នៅ​ពេល​នេះ មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ដែល​សល់​ពេល​ប្រមាណ ២​សប្ដាហ៍​ទៀត ដោយសារ​ក្រសួង​មហាផ្ទៃ ជំទាស់​ថា សមាជ​លើក​ទី​១ គឺ​បក្ស​ប្រឆាំង​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​រំលោភ​លើ​លក្ខន្តិកៈ​របស់​ខ្លួន។

អង្គ​សមាជ​ដែល​មាន​អ្នក​ចូលរួម​មក​ពី ២៥​រាជធានី-ខេត្ត​របស់​បក្ស​ប្រឆាំង សម្រេច​ដោយ​ឯកច្ឆន្ទ​លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ត្រង់​ប្រការ ៤៧​ថ្មី ដែល​ក្រសួង​មហាផ្ទៃ ជំទាស់។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា វិសោធនកម្ម​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​មិន​មែន​ត្រឹម​តែ​ប្រការ ៤៧​ថ្មី​ទេ ពោល​គឺ​ការ​កែ​តម្រូវ​នេះ គឺ​កែ​ត្រង់​លេខ​រៀង​ថែម​ទៀត​ផង ព្រោះ​លក្ខន្តិកៈ​ដែល​ជា​ច្បាប់​កំពូល​របស់​បក្ស​នេះ​មាន​តែ ៩​ជំពូក​ទេ។ ប៉ុន្តែ​ដោយ​កំហុស​បច្ចេកទេស លក្ខន្តិកៈ​នេះ​ត្រូវ​សរសេរ​រហូត​ដល់ ១០​ជំពូក​ទៅ​វិញ។ លោក​បន្ត​ថា «យើង​លុប​ចោល​រយៈពេល ៣០​ថ្ងៃ​ចេញ។ យើង​ដាក់​ថា​ក្នុង​ករណី​អត់​មាន​អនុប្រធាន​គណបក្ស គណៈកម្មការ​នាយក​គណបក្ស នឹង​ជ្រើសរើស​អនុប្រធាន​យ៉ាង​តិច ១​រូប ដើម្បី​ជួយ​ការងារ​ប្រធាន​គណបក្ស​រហូត​ដល់​ចប់​អាណត្តិ»

លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង បញ្ជាក់​ជំហរ​ថា សន្លឹក​ឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ ត្រូវ​តែ​ការពារ​ឲ្យ​បាន អំពី​លទ្ធផល​ចុង​ក្រោយ​ដែល​ពលរដ្ឋ​ខំ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​តាម​រយៈ​ការ​បោះឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ និង​សមាជិក​បក្ស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា លោក កឹម សុខា ហាក់​ដូច​ដឹង​មុន​ថា បក្ស​ប្រឆាំង​មួយ​នេះ​អាច​នឹង​ទទួល​បាន​ការ​គាំទ្រ និង​ឈាន​ទៅ​គ្រប់គ្រង​ឃុំ-សង្កាត់​ក្នុង​ពេល​ខាង​មុខ​ជំនួស​បក្ស​កាន់​អំណាច។ លោក​បន្ត​ថា «គណបក្ស​សង្គ្រោះ​ជាតិ មាន​ភារកិច្ច​មួយ​ត្រូវ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ធ្ងរ គឺ​ការពារ​សន្លឹក​ឆ្នោត​ជូន​ប្រជាពលរដ្ឋ។ ការ​ការពារ​សន្លឹក​ឆ្នោត​ជូន​ប្រជាពលរដ្ឋ​នេះ​ហើយ ជា​ភារកិច្ច​សំខាន់​បំផុត»

ទាក់ទិន​រឿង​នេះ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) យល់​ឃើញ​ថា នេះ​ជា​របៀប​របស់​អ្នក​នយោបាយ ប៉ុន្តែ គ..ប មាន​វិធានការ​គ្រប់គ្រាន់​អស់​ហើយ​ក្នុង​ការ​ការពារ និង​ធានា​ពី​លទ្ធផល​ចុង​ក្រោយ​នៃ​សន្លឹក​ឆ្នោត។

នៅ​ក្នុង​កម្មវិធី​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គណបក្ស​ប្រឆាំង​បាន​រៀបចំ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​មាន​កម្លាំង​ស្មើ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ។ លោក កឹម សុខា មាន​សុទិដ្ឋិនិយម​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​រៀបចំ​រួច​ហើយ​ទាំង ១.៦៤៦​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស គឺ​ជា​ការ​បង្ហាញ​សាច់​ដុំ​រួច​ជា​ស្រេច ថា​នឹង​ដណ្ដើម​កៅអី​ឃុំ-សង្កាត់​បាន​សម្រាប់​អាណត្តិ​នេះ។

ជា​ញឹកញាប់ លោក ហ៊ុន សែន តែង​គំរាម​ពី​ការ​កើត​សង្គ្រាម ប្រសិន​បើ​ការ​ឈ្នះ​ឆ្នោត​លើក​នេះ​មិន​មែន​ជា​បក្ស​កាន់​អំណាច​នោះ។

នៅ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា លោក កឹម សុខា ក៏​បាន​ថ្លែង​ការពារ​ដែរ​ថា មេ​ដឹកនាំ​បក្ស​ប្រឆាំង មិន​ធ្លាប់​មាន​ប្រវត្តិ​ជា​មេ​ដឹកនាំ​បាញ់​បោះ​ទេ។ ហេតុ​នេះ គឺ​រឹត​តែ​មិន​អាច​បង្ក​ឲ្យ​ទៅ​ជា​មាន​សង្គ្រាម​ថែម​ទៀត​ផង នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​ក្នុង​ដំណាក់កាល​ដ៏​តានតឹង​ខាង​មុខ​នេះ​មែន។ លោក​បន្ត​ថា «គោលដៅ​របស់​យើង គឺ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ដើម្បី​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ យើង​អត់​មាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សង្គ្រាម​ទេ។ យើង​ធ្វើ​ដំណើរ​អត់​ទៅ​វាយ​ទៅ​ដំ និង​ទៅ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ទេ»

ក្រៅ​ពី​នេះ លោក កឹម សុខា ត្អូញត្អែរ​ថា សព្វថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ រង​សម្ពាធ​គ្រប់​បែប​យ៉ាង ដែល​មិន​អាច​ធ្វើ​អ្វី​កើត​សូម្បី​ប្រើប្រាស់​ក្នុង​ការ​បញ្ចេញ​មតិ។

ប្រតិកម្ម​នឹង​ការ​រិះគន់​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ថា តាម​ពិត លោក កឹម សុខា កំពុង​តែ​ភ្លេច​ខ្លួន​ក្នុង​ពេល​ដែល​លោក​កំពុង​មាន​សេរីភាព​ពេញ​ទី ហើយ​បែរ​ជា​រិះគន់​ថា បក្ស​ប្រឆាំង​ត្រូវ​ហ៊ុមព័ទ្ធ​សេរីភាព​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​សូម​មិន​និយាយ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា ឯកឧត្ដម កឹម សុខា ថា​គេ​និយាយ​បាន តែ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​មិន​បាន អា​ហ្នឹង​វា​ផ្ទុយ​ពី​ការពិត​ហើយ ពីព្រោះ​ឯកឧត្ដម​កំពុង​តែ​និយាយ​បាន ហើយ​បែរ​ជា​ថា​និយាយ​មិន​បាន។ គាត់​និយាយ​ថា​មិន​បាន​នៅ​ពេល​ដែល​គាត់​កំពុង​តែ​និយាយ​បាន»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គេ​នឹង​បញ្ជូន​លទ្ធផល​សមាជ​វិសាមញ្ញ ពោល​គឺ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​លើក​ទី​២ នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បន្ថែម​ថវិកា​ក្នុង​វិស័យ​អប់រំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព

$
0
0

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ថវិកា​ជាតិ​ទៅ​ក្នុង​វិស័យ​អប់រំ ដើម្បី​បង្កើន​ប្រសិទ្ធភាព​គុណភាព​អប់រំ​នៅ​ទូទាំង​ប្រទេស។ សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួង​អប់រំ ចាយវាយ​ថវិកា​ក្នុង​វិស័យ​នេះ​ឲ្យ​ចំ​ទិសដៅ​ដែល​បាន​ដាក់​ចេញ។

សង្គម​ស៊ីវិល​បាន​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ លើក​ទី​២ ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ស្ដីពី​ហិរញ្ញប្បទាន​វិស័យ​អប់រំ។ សង្គម​ស៊ីវិល​យល់​ថា ថវិកា​ប្រហែល ១៨% នៃ​ថវិកា​ជាតិ​ដែល​ប្រើ​សម្រាប់​វិស័យ​អប់រំ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​ជាតិ​យ៉ាង​តិច​បំផុត ២០​ភាគរយ ឬ ៤​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)

សង្គម​ស៊ីវិល​យល់​ថា ការ​ចំណាយ​ថវិកា​ជាតិ​ក្រោម ២០% សម្រាប់​វិស័យ​អប់រំ​កម្ពុជា ធ្វើ​ឲ្យ​វិស័យ​នេះ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន និង​បាន​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​បោះបង់​ចោល​ការ​សិក្សា។

នាយក​ប្រតិបត្តិ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា ថា​បច្ចុប្បន្ន ថវិកា​ជាតិ​ដែល​ផ្ដល់​ឲ្យ​វិស័យ​អប់រំ​នៅ​មាន​ចំនួន​តិច​ជាង ២០​ភាគរយ បាន​ធ្វើ​ឲ្យ​សាលា​រៀន​គ្មាន​របង គ្មាន​សម្ភារ​បង្រៀន​គ្រប់គ្រាន់ ជាដើម។ លោក​ថា សាលា​ខ្លះ​បាន​ធ្វើ​លិខិត​ទៅ​អាណាព្យាបាល ដើម្បី​ស្នើសុំ​លុយ​បង់​ថ្លៃ​ភ្លើង​សាលា​ក៏​មាន​ដែរ«យើង​ឃើញ​ថា​មាន​រហូត​ដល់​ចេញ​សេចក្តី​ស្នើសុំ​ទៅ​សិស្ស មាតា​បិតា​ហ្នឹង​ឲ្យ​ជួយ​បង់​ថ្លៃ​ភ្លើង បង់​ថ្លៃ​អី​ក៏​មាន​ដែរ។ ខ្ញុំ​បាន​មើល​ទាំង​លិខិត​ហ្នឹង​ទៀត ស្នើសុំ​ទៅ​មាតា​បិតា​សិស្ស ដើម្បី​ជួយ​ជា​វិភាគទាន​ដើម្បី​បង់​ថ្លៃ​ភ្លើង»

លោក ជិន ច័ន្ទវាសនា យល់​ថា ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ វា​ជា​ឱកាស​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​បាន​សន្លឹក​ឆ្នោត ហើយ​ក៏​ជា​ឱកាស​សម្រាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​បន្ថែម​ថវិកា​ក្នុង​វិស័យ​អប់រំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែរ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មើល​ឃើញ​ថា វិស័យ​អប់រំ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​សម្ភារ​សិក្សា​តាម​សាលា​រៀន។ អ្នកស្រី​ថា ថវិកា​ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ឲ្យ​ក្រសួង​អប់រំ បើ​ទោះ​ជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​កើន​ឡើង ប៉ុន្តែ​បើ​ការ​ចាយវាយ​មិន​ចំ​ទិសដៅ គុណភាព​អប់រំ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព«ទាល់​តែ​ចាយ​ឲ្យ​ចំ​ទិសដៅ បើ​កាល​ដែល​យើង​ថា​បំប៉ោង​ឲ្យ​បាន​ច្រើន ឧបមា​ថា ១០% ចុះ ឧទាហរណ៍ ១០% មែន ប៉ុន្តែ​គាត់​យក​ទៅ​ក្នុង​បេសកកម្ម​ពួក​អ្នក​ធំ ហើយ​អា​បេសកកម្ម​ពួក​អ្នក​ធំ​ហ្នឹង ទៅ​ដើម្បី​អី គឺ​ដើម្បី​ពង្រឹង​គណបក្ស​កាន់​អំណាច​ទេ មិន​មែន​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ប្រសើរ​ទេ»

អ្នកស្រី អ៊ុក ឆាយាវី បន្ត​ថា ថវិកា​ដែល​ក្រសួង​អប់រំ ប្រើ​មិន​ចំ​គោលដៅ ដោយសារ​ក្រសួង​នេះ​ចំណាយ​ថវិកា​ច្រើន​ពេក​លើ​បេសកកម្ម​របស់​មន្ត្រី​ធំៗ ហើយ​បេសកកម្ម​នោះ ធ្វើ​ឡើង​ដើម្បី​បម្រើ​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ មេសា ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​លើក។ ប៉ុន្តែ​កាល​ពី​យុទ្ធនាការ​សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ លើក​ទី​១ នៅ​ឆ្នាំ​២០១៦ លោក រស់ សាលីន ធ្លាប់​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ក្នុង​ចំណោម​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​អប់រំ​មាន​ជាង ៧០% បាន​ចំណាយ​ទៅ​លើ​ប្រាក់​ខែ​គ្រូ និង​បុគ្គលិក​អប់រំ​ជាង ១១​ម៉ឺន​នាក់ ហើយ​នៅ​សេសសល់​ថវិកា​តែ​ជាង ២០% ទៀត​ប៉ុណ្ណោះ​សម្រាប់​ចំណាយ​លើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​នេះ។

សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ លើក​ទី​២ ឆ្នាំ​២០១៧ នេះ ធ្វើ​សន្និសីទ​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ មេសា ហើយ​ដំណើរការ​យុទ្ធនាការ​នៅ​តាម​មូលដ្ឋាន នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេសា។

អង្គការ​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជា​សាធារណៈ​មួយ​ចំនួន​ជាមួយ​តំណាង​សង្គម​ស៊ីវិល អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធានការ​ដោះស្រាយ ដើម្បី​បង្កើន​ថវិកា​ក្នុង​វិស័យ​អប់រំ​ឲ្យ​បាន​យ៉ាង​តិច ២០​ភាគរយ ឬ ៤% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​គឺ​ការពារ​ប្រយោជន៍​របស់​យើង​ម្នាក់ៗ​តាម​វិធី​ផ្សេងៗ​គ្នា"

$
0
0

ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ វ៉ិសថិច (Westec Media Ltd.) សហការ​ជាមួយ​ក្រុមហ៊ុន​ភាពយន្ត និង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៥ មេសា រៀបចំ​វេទិកា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ក្រោម​ប្រធានបទ​ថា "ការ​បង្កើត​ថ្មី ជួយ​ឲ្យ​ជីវិត​រីក​ចម្រើន"។ វេទិកា​នេះ គឺ​ជា​ការ​ពិភាក្សា​មួយ​ថ្ងៃ​មុន​ទិវា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី​២៦ មេសា។

វេទិកា​កម្មសិទ្ធិ​បញ្ញា​នៅ​ថ្ងៃ​ទី​២៥ មេសា គឺ​ជា​កិច្ច​ពិភាក្សា​រវាង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន រួម​គ្នា​លើក​កម្ពស់ និង​ឲ្យ​តម្លៃ​ដល់​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា។ កិច្ច​ពិភាក្សា ក៏​ផ្ដោត​លើ​ផល​ប៉ះពាល់​កម្មសិទ្ធិ​បញ្ញា​ក្នុង​គ្រប់​វិស័យ និង​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា និង​ធនធាន។

ប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អ្នកនាង ជូលី ជុង មាន​ប្រសាសន៍​ថា ការ​ការពារ​កម្មសិទ្ធិ​បញ្ញា មិន​មែន​ការពារ​ផល​ប្រយោជន៍​តែ​សហគមន៍​ពាណិជ្ជកម្ម ឬ​ពាណិជ្ជករ​ទេ គឺ​ការពារ​ប្រយោជន៍​របស់​យើង​ម្នាក់ៗ​តាម​វិធី​ផ្សេងៗ​គ្នា។ ការ​ការពារ​កម្មសិទ្ធិ​បញ្ញា ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច វិទ្យាសាស្ត្រ ភាព​ហ៊ាន​ប្រឈម​ហានិភ័យ នីតិរដ្ឋ ភាព​ច្នៃប្រឌិត ការ​បង្ហាញ​ផ្នែក​វប្បធម៌ និង​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត៖ «ខ្ញុំ​រីករាយ​នឹង​និយាយ​ថា ប្រទេស​កម្ពុជា កំពុង​ប្រឹងប្រែង​តស៊ូ​ប្រយុទ្ធ​ដើម្បី​វិស័យ​ទាំងនេះ។ ចំណុច​មួយ​ដែល​ប្រទេស​កម្ពុជា បាន​អនុវត្ត​ដោយ​ភាព​វិជ្ជមាន​ក្នុង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា គឺ​ពាក់ព័ន្ធ​នឹង​ថ្នាំ​ពេទ្យ។ ថ្នាំ​ពេទ្យ​ក្លែងក្លាយ គឺ​ជា​ការ​គំរាម​កំហែង​អាយុ​ជីវិត​ពលរដ្ឋ។ សូម​ស្រមៃ​មើល​ថា ពេល​យើង​ចេញ​ទៅ​ទិញ​ថ្នាំ​ពេទ្យ​ឲ្យ​កូន ឬ​ឲ្យ​យាយ​តា ហើយ​ថ្នាំ​ទាំងនោះ​មិន​មាន​ប្រសិទ្ធភាព ឬ​ក៏​ធ្វើ​ឲ្យ​រឹត​តែ​មាន​បញ្ហា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ កត្តា​នេះ​ហើយ​ដែល​កម្មសិទ្ធិ​បញ្ញា​នៃ​ការ​ផលិត​ថ្នាំ​ពេទ្យ​ត្រូវ​ការពារ​នោះ។ វា​ក៏​មាន​សារសំខាន់​ដែរ ព្រោះ​គំនិត​បង្កើត​ថ្មី រក​ឃើញ​ថ្មី​ខាង​វេជ្ជសាស្ត្រ ក៏​ពឹង​ផ្អែក​លើ​ច្បាប់​ការពារ​ដែរ។ ការ​ស្រាវជ្រាវ និង​ការ​ផលិត​ថ្នាំ​ថ្មីៗ ត្រូវ​ចំណាយ​ច្រើន​ណាស់។ ដូច្នេះ​បើ​ក្រុមហ៊ុន​មិន​រក​ប្រាក់​ចំណេញ​ពី​ការ​រក​ឃើញ​ថ្នាំ​ថ្មី​បាន ក្រុមហ៊ុន​នេះ​ក៏​នឹង​មិន​មាន​ធនធាន ដើម្បី​បង្កើត​ការ​ព្យាបាល​ថ្មី ដែល​ជួយ​សង្គ្រោះ​ជីវិត​បាន​ដូច​គ្នា»

អ្នកនាង ជូលី ជុង បន្ត​ថា មូលហេតុ​ដែល​កម្ពុជា ត្រូវ​ការពារ​កម្មសិទ្ធិ​បញ្ញា គឺ​ព្រោះ​តែ​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចង់​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ឧស្សាហកម្ម​បង្កើត​ថ្មីៗ និង​ការ​នាំ​ចេញ​ផលិតផល​មាន​គុណភាព៖ «ចូរ​គិត​ថា កម្ពុជា ក្លាយ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា។ កម្ពុជា នឹង​ទទួល​ផល​ប្រយោជន៍​ពី​កំណើត​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់។ មួយ​ទៀត គឺ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​កម្ពុជា ខ្លួន​ឯង​ផ្ទាល់។ គឺ​ខ្ញុំ​សំដៅ​ដល់​បទភ្លេង និង​ចម្រៀង​ដើម​ដ៏​ពីរោះ​របស់​ខ្មែរ ព្រម​ទាំង​បច្ចេកវិទ្យា​បង្កើត​ថ្មី​ដែល​បង្កើត​នៅ​ទីនេះ ពេល​ថ្មីៗ​នេះ»

ទន្ទឹម​គ្នា​នេះ អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់ណា ឲ្យ​ដឹង​ថា បេសកកម្ម​របស់​គណៈកម្មាធិការ​បាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ច្រើន ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម មាន​ជាអាទិ៍ គឺ​ថ្នាំ​ពេទ្យ៖ «ថ្មីៗ​នេះ គឺ​យើង​ទើប​បើក​ប្រតិបត្តិការ​បិទ​រោងចក្រ​មួយ​កន្លែង និង​ស្តរេច (storage) ២​កន្លែង នៅ​តាខ្មៅ និង​ទីក្រុង​ភ្នំពេញ ហើយ​យើង​ចាប់​រឹប​អូស​បាន​ផលិតផល​ក្លែងក្លាយ​គ្រឿង​សំអាង...»

លោក​មាន​ប្រសាសន៍​ទៀត​ថា មាន​ផលិតផល​មួយ​ចំនួន ជាពិសេស​ម្សៅ​លាប​មុខ ដែល​វាយ​ស្លាក​ថា ផលិត​នៅ​ក្រៅ​ប្រទេស គឺ​ជា​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា៖ «ផលិតផល​ទាំងអស់​នោះ​ដាក់​សុទ្ធតែ Made in Japan ប៉ុន្តែ...»

លោក​ថា មាន​ផលិតផល​រាប់​សិប​តោន ត្រូវ​បាន​កម្ទេច​ចោល ហើយ​ដោយសារ​កិច្ច​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​នេះ អង្គការ​សហប្រជាជាតិ បាន​ផ្ដល់​ម៉ាស៊ីន​មួយ​គ្រឿង​សម្រាប់​ធ្វើ​តេស្ដ​ថ្នាំ​ពេទ្យ។

ទាក់ទង​នឹង​ការ​លើក​កម្ពស់ និង​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ទទួល​បន្ទុក​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា លោក អ៊ុក ប្រជា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​របស់​លោក​បាន​ចុះ​បញ្ជី​ផលិតផល​ទូទៅ​ជាង ៥​ម៉ឺន​ម៉ាក៖ «សម្រាប់​ឆ្នាំ​២០១៦ យើង​ទទួល​បាន​ការ​ចុះ​បញ្ជី​ចំនួន ៦.៧១៩​ម៉ាក...»

លោក​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ក្រសួង​បាន​ផ្សព្វផ្សាយ​ដល់​អ្នក​រក​ស៊ី និង​ដៃគូ​វិនិយោគ អំពី​ការ​ចុះ​បញ្ជី​ម៉ាក ការ​ការពារ​ម៉ាក ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ការ​ផ្ដល់​សិទ្ធិ​ដល់​អ្នក​និពន្ធ ដូចជា​តន្ត្រី ភាពយន្ត និង​សៀវភៅ ជាដើម។ ដើម្បី​លើក​កម្ពស់​វិស័យ​កម្មសិទ្ធិ​បញ្ញា ខាង​លោក​នឹង​បន្ត​ធ្វើ​សិក្ខាសាលា​ទៀត​នៅ​ពេល​ខាង​មុខ​នេះ។

ទីប្រឹក្សា​រដ្ឋាភិបាល លោក សុខ ស៊ីផាន់ណា មាន​អនុសាសន៍​ថា ក្រុម​វិស័យ​ឯកជន​ត្រូវ​បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​កម្មសិទ្ធិ​បញ្ញា​ថែម​ទៀត ដោយ​មិន​រង់ចាំ​ស្ថានទូត​អាមេរិក ជាពិសេស​ក្រុមហ៊ុន​ភាពយន្ត​ដែល​កំពុង​តែ​មាន​ភាព​រឹងមាំ​រាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋបាល​លោក ដូណាល់ ត្រាំ គ្រោង​កាត់​បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ស្ទើរ​ទាំង​ស្រុង​ដល់​កម្ពុជា

$
0
0

សេចក្ដី​ព្រាង​ថវិកា​ឆ្នាំ​២០១៨ របស់​ក្រសួង​ការបរទេស​អាមេរិក បង្ហាញ​ថា រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) គ្រោង​នឹង​កាត់​បន្ថយ​ទឹក​ប្រាក់​ជំនួយ​អភិវឌ្ឍន៍​ស្ទើរ​តែ​ទាំង​ស្រុង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​នានា​នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា ផង​ដែរ។ អ្នក​វិភាគ និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា ការ​គ្រោង​កាត់​បន្ថយ​ជំនួយ​របស់​អាមេរិកាំង​នេះ គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​ទូទៅ ហើយ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​ការវិវត្តន៍​ថ្មីៗ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឡើយ។

ទស្សនាវដ្ដី​គោលនយោបាយ​ការបរទេស (Foreign Policy Magazine) ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា រដ្ឋបាល​លោក ដូណាល់ ត្រាំ គ្រោង​នឹង​កាត់​បន្ថយ​ជំនួយ​សម្រាប់​ឆ្នាំ​២០១៨ ដល់​ប្រទេស​កម្ពុជា រហូត​ដល់​ទៅ ៧០,៥%។ តាម​គម្រោង​នេះ កម្ពុជា​អាច​នឹង​បាត់បង់​ទឹក​ប្រាក់​ជំនួយ​ពី​អាមេរិក សម្រាប់​ឆ្នាំ​២០១៨ រហូត​ដល់​ទៅ​ជាង ៥៤​លាន​ដុល្លារ​អាមេរិក ដែល​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ កម្ពុជា​ទទួល​បាន​ជំនួយ​ពី​អាមេរិក សរុប​ជាង ៧៧​លាន​ដុល្លារ​អាមេរិក។

​ក្នុង​ចំណោម​ទឹក​ប្រាក់​ជំនួយ​របស់​អាមេរិក សម្រាប់​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ដែល​មាន​ចំនួន​ទឹក​ប្រាក់​សរុប​ជាង ៧៧​លាន​ដុល្លារ​អាមេរិក​នេះ ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ចំនួន​ជាង ៣៤​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​បន្ថយ​ទាំង​ស្រុង ១០០% មូលនិធិ​ទ្រទ្រង់​សេដ្ឋកិច្ច​ចំនួន ៨​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​បន្ថយ​ទាំង​ស្រុង ១០០% កម្មវិធី​សុខាភិបាល​សកល​របស់​ក្រសួង​ការបរទេស​ចំនួន​ជាង ៦​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​បន្ថយ ១៨,៣% មក​នៅ​ត្រឹម ៥​លាន​ដុល្លារ​អាមេរិក និង​កម្មវិធី​សុខាភិបាល​សកល​របស់ USAID ចំនួន​ជាង ២៨​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​បន្ថយ ៣៧,៤% មក​នៅ​ត្រឹម​ជាង ១៧​លាន​ដុល្លារ​អាមេរិក​វិញ។ ជា​រួម​សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ​នេះ កម្ពុជា​អាច​ទទួល​បាន​ជំនួយ​សរុប​ពី​អាមេរិក តែ​ត្រឹម​ទឹក​ប្រាក់​ចំនួន​ជាង ២២​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

មិន​មែន​តែ​ប្រទេស​កម្ពុជា មួយ​ទេ ដែល​អាច​នឹង​ទទួល​រង​ការ​កាត់​បន្ថយ​ជំនួយ​របស់​អាមេរិក សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​ទីម័រខាងកើត អាច​នឹង​បាត់បង់​ជំនួយ​របស់​អាមេរិក ១០០% ទាំង​ស្រុង​តែម្ដង។ ដោយ​ឡែក​ប្រទេស​វៀតណាម អាច​នឹង​ត្រូវ​កាត់​បន្ថយ​ជំនួយ​ក្នុង​កម្រិត ១៩,៩% ប្រទេស​ឥណ្ឌូនេស៊ី នឹង​ត្រូវ​កាត់​បន្ថយ​ជំនួយ ២៦,១% ប្រទេស​ហ្វីលីពីន កាត់​បន្ថយ​ចំនួន ៣៩,៤% ប្រទេស​ប៉ាពូញូវហ្គីណេ (Papua New Guinea) កាត់​បន្ថយ​ចំនួន ៦៦,៤% រី​ឯ​ប្រទេស​ចិន នឹង​ត្រូវ​កាត់​បន្ថយ​ជំនួយ​រហូត​ដល់​ទៅ ៩៣,៩%។

ការ​គ្រោង​កាត់​បន្ថយ​ទឹក​ប្រាក់​ជំនួយ​អភិវឌ្ឍន៍​របស់​អាមេរិក ដ៏​ច្រើន​លើសលប់​មិន​ធ្លាប់​មាន​ពី​មុន​មក​លើក​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​ការបរទេស​អាមេរិក ដោយ​ផ្ដោត​អាទិភាព​ទៅ​លើ​អត្ថប្រយោជន៍ និង​ការ​អភិវឌ្ឍ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក និង​ដើម្បី​ប្រជាជន​អាមេរិកាំង​វិញ​ម្ដង ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ថ្មី ដូណាល់ ត្រាំ។

​យ៉ាង​ណា​ក៏ដោយ ពង្រាង​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ​២០១៨ នេះ អាច​នឹង​ត្រូវ​បាន​កែប្រែ​ត្រង់​ផ្នែក​ណា​មួយ​ដោយ​ត្រូវ​ឆ្លង​កាត់​ការ​ពិភាក្សា​ដេញដោល​យ៉ាង​ល្អិតល្អន់​មុន​នឹង​ដាក់​ឲ្យ​រដ្ឋ​សភា​អាមេរិកាំង អនុម័ត​នា​ពេល​ខាង​មុខ។

គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា នេះ អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ជុំ សុន្ទរី បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ព័ត៌មាន​ខាង​លើ​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

អ្នក​វិភាគ និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​គ្រោង​កាត់បន្ថយ​ជំនួយ​របស់​អាមេរិកាំង​លើក​នេះ គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​ទូទៅ ហើយ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​ការវិវត្តន៍​ថ្មីៗ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឡើយ។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​ណា​បើ​ការ​គ្រោង​កាត់​ជំនួយ​នេះ កើត​មាន​ឡើង​មក​លើ​ប្រទេស​កម្ពុជា តែ​មួយ​ទេ នោះ​ទើប​អាច​ពាក់ព័ន្ធ​នឹង​ការវិវត្តន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​កន្លង​ទៅ។

លោក​បណ្ឌិត មាស នី៖ «ប្រៀបធៀប​ជាមួយ​នឹង​លុយ​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ទទួល​ពី​ចិន រាប់​ពាន់​លាន។ ខ្ញុំ​គិត​ថា វា​ដូច​ជា​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ថវិកា​របស់​កម្ពុជា នោះ​ទេ។ ក៏​ប៉ុន្តែ រឿង​មួយ​ដែល​ធ្ងន់ធ្ងរ​នោះ គឺ​វា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ងាក​ខ្លួន​ទៅ​រក​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន ហ្នឹង​កាន់​តែ​ធ្ងន់​ទៅៗ»

លោក​បណ្ឌិត មាស នី បន្ត​ថា ភាគ​ច្រើន​នៃ​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ប្រទេស​ចិន សុទ្ធ​តែ​ជា​ប្រទេស​ក្រីក្រ និង​មិន​សូវ​លូតលាស់ ឬ​អភិវឌ្ឍន៍​ខ្លាំង​នោះ​ទេ ហើយ​ថា ជំនួញ និង​ជំនួយ​របស់​ប្រទេស​ចិន មក​ដល់​ប្រទេស​ក្រីក្រ​ទាំង​នោះ​ក៏​បាន​ផ្ដល់​នូវ​ផលវិបាក​ជាច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​ទទួល​ដូចជា​ការ​វិនិយោគ​ទុន​ទៅ​លើ​វិស័យ​រ៉ែ ដីធ្លី​ផ្សេងៗ​ជាដើម ច្រើន​តែ​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ទទួល។

លោក​បណ្ឌិត មាស នី ថា ការ​គ្រោង​កាត់​បន្ថយ​ជំនួយ​របស់​អាមេរិក នៅ​ពេល​ខាង​មុខ​នេះ អាច​នឹង​បណ្ដាល​ឲ្យ​កម្ពុជា បន្ត​ធ្លាក់​ចូល​ក្នុង​ការ​ខ្ចី​បុល​បំណុល​ពី​បរទេស ជា​ពិសេស​ប្រទេស​ចិន កាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត។

លោក​បណ្ឌិត មាស នី៖ «យើង​មើល​ទៅ​មិន​មែន​ទៅ​ពឹង​វៀតណាម ទេ។ វៀតណាម​ពឹង​បានតែ​ខាង​នយោបាយ​ទេ ប៉ុន្តែ​ខាង​ថវិកា​វៀតណាម ដូច​ជា​មិន​មាន​អី​ជួយ​មក​គ្រប់គ្រាន់​ទេ។ អ៊ីចឹង​មាន​តែ​ពឹង​ទៅ​ចិន ហើយ​កាល​ណា​ពឹង​ទៅ​ចិន គឺ​បាន​ន័យ​ថា ប្រទេស​កម្ពុជា យើង ចង់​មិន​ចង់​គឺ​យើង​រអិល​ទៅ​ក្នុង​ប្លុក​កុម្មុយនិស្ត ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មិត្ត​អាស៊ាន​គេ​មើល​មក​ថា យើង​វា​ដូច​ជា​មនុស្ស​ចម្លែក​មួយ​នៅ​ក្នុង​តំបន់»

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​ចិន សរុប ២.៨១៨,៣៧ លាន​ដុល្លារ​អាមេរិក។ តួលេខ​ដដែល​ឲ្យ​ដឹង​ទៀត​ថា សរុប​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋ​ទូទាត់​បំណុល​សង​ទៅ​ប្រទេស​ចិន វិញ បាន​​ចំនួន​ជិត ២៦០​លាន​ដុល្លារ​អាមេរិក។

ទំនាក់ទំនង​រវាង​កម្ពុជា និង​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋអាមេរិក មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​មាន​ភាព​ល្អក់​កករ​ក្រោយ​ពេល​ដែល​អាមេរិក និង​បស្ចិម​ប្រទេស​នានា បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ធ្ងន់ៗ​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ការ​ចាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ និង​ការ​គាប​សង្កត់​គណបក្ស​ប្រឆាំង។ ដូច​គ្នា​នេះ​ដែរ កម្ពុជា​ក៏​បាន​ទាមទារ​ឲ្យ​អាមេរិក លុប​ចោល​បំណុល​តាំង​ពី​សម័យ​សង្គ្រាម​សរុប​ជាង ៥០០​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​ត្រូវ​បាន​អាមេរិក​បដិសេធ។ ជា​រឿយៗ រដ្ឋាភិបាល​កម្ពុជា តែង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក ថា​រំលោភ​អធិបតេយ្យ​កម្ពុជា និង​ថា​កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួន​នៅ​ពី​ខាង​ក្រោយ​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ស្រែព្រីង​ខេត្ត​កំពត​ទទួល​បាន​ជំនួយ​ជា​អគារ​សិក្សា​ក្រោយ​ខ្វះ​បន្ទប់​សិក្សា​ជាច្រើន​ឆ្នាំ

$
0
0

ក្រោយ​ខ្វះខាត​បន្ទប់​រៀន​ជាច្រើន​ឆ្នាំ ពេល​នេះ​សាលា​បឋម​សិក្សា​ស្រែព្រីង ដែល​ស្ថិត​ក្នុង​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ជា​អគារ​សិក្សា​ហើយ។ តាម​រយៈ​អគារ​សិក្សា និង​សម្ភារ​សិក្សា​បន្ថែម​នេះ ថ្នាក់​ដឹកនាំ​សាលា និង​លោកគ្រូ​អ្នកគ្រូ​រំពឹង​ថា នឹង​អាច​ជួយ​ឲ្យ​គុណភាព​សិក្សា និង​ការ​បង្រៀន​សិស្ស​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ។

អស់​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ​ដែល​សាលា​បឋម​សិក្សា​ស្រែព្រីង បាន​រួម​ចំណែក​ជួយ​បណ្តុះបណ្តាល និង​ជា​កន្លែង​ផ្តល់​ចំណេះ​ដឹង​ដល់​កូន​ចៅ​របស់​អតីត​យោធា​ខ្មែរ​ក្រហម អតីត​យោធា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ពលរដ្ឋ​ដែល​បាន​ចំណាក​ស្រុក​មក​រស់នៅ​ក្នុង​ភូមិ​ត្រពាំងស្ដៅ ឃុំ​ត្រពាំងភ្លាំង ជា​តំបន់​ដាច់ស្រយាល​មួយ​នៃ​ស្រុក​ឈូក ខេត្ត​កំពត ហើយ​ក៏​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ដែរ ដែល​សិស្សានុសិស្ស​នៅ​សាលា​នេះ​ត្រូវ​អង្គុយ​រៀន​ដោយ​គ្មាន​ថ្នាក់​រៀន​សមរម្យ​នឹង​គេ ពោល​គឺ​រៀន​នៅ​ហាលវាល ក្រោម​ផ្ទះ​ពលរដ្ឋ និង​សំយាប​មជ្ឈមណ្ឌល​សហគមន៍​របស់​អង្គការ​យូណេស្កូ (UNESCO) តាំង​តែ​ពី​ឆ្នាំ​២០០៥ មក។

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​២០១៧-២០១៨ ខាង​មុខ​នេះ សាលា​មួយ​នេះ​នឹង​មាន​ការ​ប្រែប្រួល​ប្រសើរ​ជាង​មុន ដោយសារ​តែ​មាន​សប្បុរសជន និង​អង្គការ​មួយ​ចំនួន បាន​សហការ​គ្នា​ជួយ​កសាង​អគារ​សិក្សា​មួយ​ខ្នង​មាន ៤​បន្ទប់​បន្ថែម​លើ​អគារ​សិក្សា​ដែល​មាន​ស្រាប់​ចំនួន ២​ខ្នង។

នាយក​សាលា​បឋម​សិក្សា លោក ជុន វណ្ណៈ បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា អគារ​សិក្សា​ថ្មី​នេះ​រួម​នឹង​សម្ភារ​សិក្សា និង​សម្ភារ​បណ្ណាល័យ ចំណាយ​អស់​ថវិកា​ជាង ៥​ម៉ឺន​ដុល្លារ ដែល​ថវិកា​នេះ​គឺ​ជា​ជំនួយ​របស់​អង្គការ​ស៊ីប៉ា (Sipar) អគ្គនាយក​ក្រុមហ៊ុន​ខុនហ្វ៊ីរ៉ែល (Confirel) វេជ្ជបណ្ឌិត ហៃ លីអៀង និង​អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា។

អគារ​សិក្សា​ថ្មី​នេះ ត្រូវ​បាន​បញ្ចុះ​បឋម​សិលា​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ដោយ​មាន​ការ​ចូលរួម​ពី​ម្ចាស់​ជំនួយ មន្ត្រី​អប់រំ​ថ្នាក់​ខេត្ត និង​ស្រុក លោកគ្រូ អ្នកគ្រូ មាតា​បិតា និង​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ស្រែព្រីង ជាច្រើន​នាក់។

លោក ជុន វណ្ណៈ រំពឹង​ថា អគារ​សិក្សា​នេះ​នឹង​ត្រូវ​ស្ថាបនា​រួច​រាល់​ទាន់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៧-២០១៨ ខាង​មុខ ហើយ​សិស្សានុសិស្ស​ទាំងអស់​មិន​ចាំបាច់​ទៅ​រៀន​នៅ​ក្រោម​សំយាប​ផ្ទះ​គេ​ទៀត​ទេ ដោយសារ​ពួក​គេ​នឹង​មាន​ថ្នាក់​រៀន​ត្រឹមត្រូវ​ដូច​សិស្ស​សាលា​ដទៃ​ទៀត​ដែរ៖ «ខ្ញុំ​ឃើញ​សិស្ស ពេល​ឃើញ​គេ​មក​ធ្វើ​សាលា​រៀន ពួក​គាត់​មាន​អារម្មណ៍​ត្រេកអរ ព្រោះ​ថា​សព្វថ្ងៃ​កំពុង​រៀន​នៅ​ក្រោម​សំយាប​មជ្ឈមណ្ឌល​ហ្នឹង​វា​ក្តៅ គាត់​ធុញ​ថប់​នឹង​ការ​រៀន។ ខ្ញុំ​សាកសួរ​ទៅ​សិស្ស គេ​ថា​បើ​សិន​ជា​បាន​សាលា​ថ្ម គេ​នឹង​ខំ​ប្រឹង​រៀន​ឲ្យ​ចប់​ថ្នាក់​ទី​៦។ គេ​តាំង​ចិត្ត​ថា​អ៊ីចឹង»

លោក ជុន វណ្ណៈ បញ្ជាក់​ថា សិស្សានុសិស្ស​សរុប​នៃ​សាលា​នេះ​មាន​ចំនួន ៣៧៥​នាក់ ចែក​ជា ១០​ថ្នាក់ ពី​ថ្នាក់​ទី​១ ដល់​ទី​៦។ បច្ចុប្បន្ន សាលា​នេះ​មាន​អគារ​សិក្សា​ចំនួន ២​ខ្នង​ចែក​ជា ៤​បន្ទប់ ដោយ ៣​បន្ទប់​ជា​ថ្នាក់​រៀន និង ១​បន្ទប់​ផ្សេង​ទៀត​ជា​ទីចាត់ការ​ផង ជា​បណ្ណាល័យ​ផង និង​ជា​រោង​ជាង​ផង។ ក្រោយ​ពេល​អគារ​សិក្សា​ថ្មី​សាងសង់​រួច​រាល់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ សាលា​នេះ​នឹង​មាន​បន្ទប់​សរុប​ចំនួន ៨​បន្ទប់។

លោក​នាយក​សាលា គ្រោង​បែងចែក​ជា​ទីចាត់ការ ១​បន្ទប់ បណ្ណាល័យ ១​បន្ទប់ បន្ទប់​មត្តេយ្យ​សិក្សា ១​បន្ទប់ ហើយ ៥​បន្ទប់​នៅ​សល់ គឺ​ជា​បន្ទប់​រៀន ដែល​សិស្ស​ត្រូវ​រៀន​ផ្លាស់​វេន​ព្រឹក​ល្ងាច។ សព្វថ្ងៃ​នេះ សាលា​បឋម​សិក្សា​ស្រែព្រីង មាន​គ្រូ​ចំនួន ៦​នាក់ រាប់​ទាំង​នាយក​ផង។

កញ្ញា ឆែម ធីតា គឺ​ជា​អ្នកគ្រូ​តែ​ម្នាក់​គត់​នៃ​សាលា​នេះ។ អ្នកគ្រូ​សង្កេត​ឃើញ​ថា ទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​នៃ​សាលា​បឋម​សិក្សា​ស្រែព្រីង មាន​អារម្មណ៍​រំភើប​រីករាយ ពេល​មាន​សប្បុរសជន និង​អង្គការ​ជួយ​កសាង​អគារ​សិក្សា​ថ្មី​បន្ថែម ព្រម​ទាំង​បំពាក់​សម្ភារ និង​បរិក្ខារ​សិក្សា​ផ្សេងៗ​ដល់​សាលា​ជនបទ​ដាច់ស្រយាល​មួយ​នេះ។ អ្នកគ្រូ​រំពឹង​ទុក​ថា គុណភាព​សិក្សា​របស់​សិស្ស​នឹង​ល្អ​ប្រសើរ​ជាង​មុន ព្រោះ​មាន​ថ្នាក់​ត្រឹមត្រូវ ពួក​គេ​នឹង​មក​រៀន​បាន​ទៀងទាត់៖ «បាន​បណ្ណាល័យ​សម្រាប់​ឲ្យ​សិស្ស​ចូល​អាន ដូចជា​បាន​បណ្ដុះ​ការ​អាន​ដល់​សិស្ស​អ៊ីចឹង ហើយ​សាលា​រៀន​មាន​បន្ទប់​ឲ្យ​សិស្ស​អង្គុយ​រៀន​ត្រឹមត្រូវ មិន​ចាំបាច់​ប្រជ្រៀត​គ្នា​ដូច​មុន​អ៊ីចឹង ជួយ​ឲ្យ​គាត់​បាន​មក​រៀន​រាល់​ថ្ងៃ។ អាច​នឹង​មាន​សិស្ស​ច្រើន​មក​រៀន​ទៀងទាត់​ជាង​រាល់​ថ្ងៃ ព្រោះ​រាល់​ថ្ងៃ គាត់​មក​អង្គុយ​រៀន​ក្តៅ​ពេក ប្រជ្រៀត​គ្នា ពួក​គាត់​ឈឺ​អ៊ីចឹង អត់​មក​រៀន។ ពិបាក​ខែ​នេះ ជួនកាល​ក្តៅ​ខ្លាំង ថ្ងៃ​ខ្លះ​ភ្លៀង បើ​សិន​យើង​បាន​អគារ​ថ្មី សិស្ស​មក​រៀន​ទៀងទាត់ អ៊ីចឹង​ការ​សិក្សា​ក៏​មាន​គុណភាព​តាម​ហ្នឹង​ដែរ»

ការ​ទទួល​បាន​ជំនួយ​ជា​បន្តបន្ទាប់​នេះ មិន​មែន​គ្រាន់​តែ​ជំរុញ​ទឹក​ចិត្ត​សិស្សានុសិស្ស​ឲ្យ​ខំ​ប្រឹង​រៀន​នោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជំរុញ​ឲ្យ​អ្នកគ្រូ ឆែម ធីតា ប្ដេជ្ញា​បន្ត​ការ​បង្រៀន​នៅ​សាលា​នេះ​ដដែល ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ក្មេងៗ​ក្នុង​សហគមន៍​មូលដ្ឋាន​មួយ​នេះ​ឲ្យ​មាន​ចំណេះ​ដឹង​កាន់​តែ​ប្រសើរ៖ «សាលា​ហ្នឹង​ដាច់ស្រយាល (ខ្ញុំ) អាច​ប្ដូរ​មក​ជិត​ផ្ទះ​វិញ​ក៏​បាន ប៉ុន្តែ​អត់​ប្ដូរ​ទេ ចង់​នៅ​បង្រៀន​នេះ​ដោយសារ​ធ្លាប់​បង្រៀន​នៅ​ទីនេះ អត់​ចង់​ចេញ ហើយ​ម្យ៉ាង​អត់​មាន​គ្រូ​ស្រី ដូច្នេះ​ចង់​នៅ​បង្រៀន»

សាលា​បឋម​សិក្សា​ស្រែព្រីង មាន​ការ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ ពេល​ក្រុម​ការងារ​អាស៊ីសេរី​ចុះ​យក​ព័ត៌មាន​កាល​ពី​ចុង​ឆ្នាំ​២០១៥ សាលា​នេះ​ជួប​ប្រទះ​ការ​ខ្វះខាត​សព្វ​គ្រប់​បែប​យ៉ាង ដូចជា​បន្ទប់​រៀន អណ្ដូងទឹក បង្គន់​អនាម័យ សម្ភារ​សិក្សា និង​គ្រឿង​សង្ហារិម ជាដើម ហើយ​ទីធ្លា​សាលា​គ្រប​ដណ្ដប់​ភាគច្រើន​ដោយ​ស្មៅ និង​ព្រៃ ក៏ប៉ុន្តែ​ពេល​នេះ សាលា​មាន​អណ្ដូងទឹក បង្គន់​អនាម័យ កន្លែង​សម្រាប់​សិស្ស​លាង​ដៃ មាន​សួន​បន្លែ និង​តារាង​បាល់ទាត់ ហើយ​ជាពិសេស នឹង​មាន​អគារ​សិក្សា​ថ្មី​មួយ​ខ្នង​បន្ថែម​ទៀត ដែល​នឹង​នាំ​មក​ជាមួយ​នូវ​សម្ភារ​សិក្សា​ជាច្រើន​ផ្សេង​ទៀត។ សមិទ្ធផល​នេះ បាន​មក​ពី​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​កម្លាំង​កាយ​ចិត្ត​ពី​ក្រុម​សប្បុរសជន និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ទោះ​បី​ជា​បែប​នេះ​ក្តី ទាំង​លោក​នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​ស្រែព្រីង សុទ្ធតែ​ចង់​ឃើញ​សាលា​បឋម​សិក្សា​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ឃុំ​ត្រពាំងភ្លាំង ដែល​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត ទទួល​បាន​ជំនួយ​ដូច​សាលា​របស់​ពួក​គាត់​ដែរ ដើម្បី​ពង្រឹង​ការ​អប់រំ​នៅ​តំបន់​ដាច់ស្រយាល ហើយ​ជាពិសេស ពួក​គាត់​ចង់​បាន​អនុវិទ្យាល័យ​មួយ​នៅ​តំបន់​នោះ ដើម្បី​កាត់​បន្ថយ​ការ​បោះបង់​ចោល​ការ​សិក្សា​របស់​សិស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រជា​សហគមន៍​និង​មន្ត្រី​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឈប់​បរិភោគ​ត្រី​ក្រពត

$
0
0

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចេះតែ​បារម្ភ​ខ្លាច​មាន​ពលរដ្ឋ​នាំ​គ្នា​បរិភោគ​ត្រី​ក្រពត​បន្ត​ទៀត ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក្ដី​បារម្ភ​នេះ បន្ទាប់ពី​មាន​ករណី​ពលរដ្ឋ​ពុល​ត្រី​ក្រពត​ស្លាប់​ម្នាក់ និង​រង​គ្រោះជា​បន្ត​បន្ទាប់ នៅ​ឃុំ​ត្រពាំងព្រីង ក្នុង​ដើម​ឆ្នាំ​២០១៧ ដោយសារ​តែ​ពួកគាត់​យក​ត្រី​ក្រពត​ដែល​នេសាទ​បាន​ពី​បឹង​មក​បរិភោគ។

​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង និង​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​ផង ស្នើ​ឱ្យ​ពលរដ្ឋ​ឈប់​យក​ត្រី​ក្រពត​មក​បរិភោគ​បន្ត​ទៀត ព្រោះ​វា​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ផ្សេងៗ ពិសេស​បណ្ដាល​ឱ្យ​ពុល​ស្លាប់​តែម្ដង។ លើស​ពី​នេះ អាជ្ញាធរ​នឹង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ក្នុង​ការ​បរិភោគ​ត្រី​ក្រពត។

ការ​ស្នើ​ខាង​លើ​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ​ម្នាក់​ពុល​ស្លាប់ និង​ពីរ​នាក់​ទៀត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា បន្ទាប់​ពី​ពួកគេ​យក​ត្រី​ក្រពត​មក​បរិភោគ​ជា​អាហារ។ ពលរដ្ឋ​ទាំង​នោះ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ព្រៃវែង ដែល​បាន​មក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ឃុំ​ត្រពាំងព្រីង ខេត្ត​ត្បូងឃ្មុំ។

​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង លោក ផុន ឈឿន មាន​ប្រសាសន៍​ថា កាល​ពី​ខែ​កុម្ភៈ ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ស្រែប្រាំង បាន​ស្លាប់​ដោយសារ​ពុល​ត្រី​ក្រពត​ម្ដង​រួច​មក​ហើយ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ក៏​មាន​ពលរដ្ឋ​ម្នាក់​ទៀត​ពុល​ស្លាប់ និង​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ។

លោក​បារម្ភ​ខ្លាច​ករណី​នេះ​នឹង​កើត​ឡើង​បន្ត​ទៀត ប្រសិនបើ​គ្មាន​ការ​ទប់ស្កាត់ ឬ​គ្មាន​ការ​អប់រំ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​យល់​ច្បាស់​នោះ​ទេ៖ «ងាប់​ម្នាក់​ទៀត! ដល់​អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ព្រួយបារម្ភ​ដែរ ព្រោះ​ខាង​ស្រុក​ខាង​ឃុំ​អី​ហ្នឹង​អត់​មាន​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា កុំ​ឱ្យ​ហូប​ក្រពត​ហូប​អី ក្រែង​មាន​គ្រោះថ្នាក់»

​ប្រជា​សហគមន៍​ដដែល​ចង់​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ច្បាស់ និង​ទូលំទូលាយ​អំពី​បញ្ហា​នេះ ហើយ​ពលរដ្ឋ​នៅ​តាម​ជនបទ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​មិន​គួរ​បរិភោគ​ត្រី​ប្រភេទ​នេះ​ទៀត​ឡើយ។

​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង ដែល​មក​ធ្វើ​ការ​សំណង់​នៅ​ឃុំ​ត្រពាំងព្រីង នាំ​គ្នា​យក​ត្រី​ក្រពត​ដែល​នេសាទ​បាន​ពី​បឹង​អភិរក្ស​មួយ​ឈ្មោះ បឹង​បព្រេង មក​ធ្វើ​ម្ហូប​បរិភោគ។ មួយ​សន្ទុះ​ក្រោយ​ពី​បរិភោគ​រួច បណ្ដាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ផល ស្លាប់ និង​ពីរ​នាក់​ទៀត​ឈ្មោះ ត ភិន និង ត ផល ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​តំបែរ និង​ម្នាក់​ទៀត​មាន​អាការៈ​ស្រាល​ជាង​គេ មិន​បាន​ទៅ​ព្យាបាល​នៅ​ទី​ណា​ទេ។ ទាំង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​មូលដ្ឋាន អះអាង​ថា ពលរដ្ឋ​ទាំង​នេះ​រង​គ្រោះ​ដោយសារ​ពុល​ត្រី​ក្រពត​នោះ​តែម្ដង។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំងព្រីង លោក សាន សង មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា គឺ​មិន​សូវ​យល់​ដឹង​ពី​បញ្ហា​ទាំង​នេះ។ លោក​បន្ថែម​ថា មុន​ពេល​មាន​ហេតុការណ៍​ពុល​កើត​ឡើង គឺ​មាន​ការ​ហាម​ឃាត់​ពួកគាត់​មិន​ឱ្យ​បរិភោគ​ត្រី​ក្រពត​ដែរ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​មិន​ព្រម​ស្ដាប់។ យ៉ាង​នេះ​ក្ដី ខាង​លោក​នឹង​អប់រំ​ប្រជាជន​បន្ថែម​ទៀត​អំពី​បញ្ហា​ទាំង​នេះ៖ «បាទ! ខ្ញុំ​នឹង​ចុះ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​យើង​អ្នក​ស្នាក់​នៅ ឬ​មួយ​អ្នក​ធ្វើ​ការ​តាម​ចម្ការ​កៅស៊ូ ឬ​ស៊ី​ឈ្នួល​គេ​អី។ ទី​មួយ​ផ្សព្វផ្សាយ​រឿង​ហូប​ត្រី​ក្រពត និង​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​ផង»

​ករណី​ពុល​ត្រី​ក្រពត មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ឃុំ​ត្រពាំងព្រីង នោះ​ឡើយ ពោល​គឺ​មាន​ពលរដ្ឋ​ជា​ច្រើន​នៅ​តាម​ជនបទ​នៃ​ខេត្ត​មួយ​ចំនួន​ត្រូវ​រង​គ្រោះជា​បន្ត​បន្ទាប់។ ជាក់ស្ដែង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ ករណី​ពុល​ត្រី​ក្រពត​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ពីរ​លើក​ជាប់ៗ​គ្នា បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​បី​នាក់​ស្លាប់ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន ៧​នាក់។ អាការៈ​អ្នក​ពុល​ត្រី​ក្រពត ដូច​ជា​ស្ពឹក​ដៃ ជើង ព្រឺ​សម្បុរ ញាក់ញ័រ​ដូច​មនុស្ស​គ្រុនចាញ់ វិលមុខ ក្អួតចង្អោរ រាករូស​ជាដើម។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​តាមដាន​ករណី​ពុល​ត្រី​ក្រពត​នេះ លោក កែវ វណ្ណៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ថា សុខភាព​ពលរដ្ឋ​ដែល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក គឺ​បាន​ជា​សះស្បើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ម្លេះ។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៧ ករណី​ពុល​ត្រី​ក្រពត​នៅ​ខេត្ត​ត្បូងឃ្មុំ បណ្ដាល​​មនុស្ស ២​នាក់​ស្លាប់ និង ៥​នាក់​ទៀត​រងគ្រោះ​ស្រាល និង​ធ្ងន់។

លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​បរិភោគ​ត្រី​ក្រពត​ពុល ដោយសារ​ត្រី​ប្រភេទ​នេះ​មាន​ផ្ទុក​សារធាតុពុល​ពីរ​ប្រភេទ​នៅ​ក្នុង​ខ្លួន​របស់​វា៖ «ទី​មួយ​គេ​ហៅ​ថា តេត្រូដូតុកស៊ីន (Tetrodotoxin) អា​ហ្នឹង​ជា​ប្រភេទ​ជាតិ​ពុល​ម្យ៉ាង​នៅ​ក្នុង​ត្រី​ក្រពត​ហ្នឹង ហើយ​មួយ​ទៀត​ហៅ​ថា សាស៊ីតុកស៊ីន (Saxitosin) ដែល​ជា​សារធាតុពុល​នៅ​ក្នុង​ត្រី​ក្រពត​ហ្នឹង»

ប្រធាន​មន្ទីរ​សុខាភិបាល​ដដែល បន្ថែម​ទៀត​ថា កន្លង​មក​ខាង​មន្ទីរ​ធ្លាប់​បាន​អប់រំ​ណែនាំ​ពលរដ្ឋ​អំពី​បញ្ហា​ទាំង​នេះ ព្រមទាំង​បញ្ហា​អនាម័យ​ចំណី​អាហារ​ផ្សេង​ទៀត ជៀសវាង​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក្រៅ​ពី​នេះ ខាង​មន្ទីរ​សុខាភិបាល​មាន​មន្ត្រី​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​កើត​ឡើង​ភ្លាមៗ​នៅ​តាម​សហគមន៍។

លោក​ឱ្យ​ដឹង​ថា ឯកសារ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ត្រី​ក្រពត​មាន​ចំនួន ៥​ប្រភេទ ដែល​ខាង​ក្រសួង​ហាម​មិន​ឱ្យ​បរិភោគ​ ពីព្រោះ​វា​បណ្ដាល​ឱ្យ​ពុល ប៉ុន្តែ​លោក​មិន​បាន​ចាំ​ប្រភេទ​ត្រី​ទាំង​នោះ​ទេ។ លោក​យល់​ថា ជា​ការ​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​ពលរដ្ឋ​ស្គាល់​ត្រី​ប្រភេទ​នេះ​ច្បាស់ ឬ​មិន​ច្បាប់​ក្តី មិន​ត្រូវ​នាំ​គ្នា​បរិភោគ​ឡើយ៖ «សម្រាប់​សារ​អប់រំ​ដល់​ពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ត្រី​ហ្នឹង​មិន​ច្បាស់ គួរ​តែ​កុំ​ពិសា​ល្អ​ជាង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ករណី​ពុល​ត្រី​ក្រពត​នេះ គឺ​កើត​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ពុល និង​វិធី​បង្ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​យល់​ថា មូលហេតុ​បណ្ដាល​ឱ្យ​ពលរដ្ឋ​នៅ​តាម​ជនបទ​រង​គ្រោះ​ដោយសារ​ករណី​នេះ​ជា​បន្តបន្ទាប់ គឺ​ទាក់ទង​កត្តា​ចំណេះ​ដឹង ម្យ៉ាង​ការ​ផ្ដល់​ព័ត៌មាន​ស្ដីពី​បញ្ហា​ប្រឈម​ទាំង​នេះ​មិន​បាន​ទូលំទូលាយ​ដល់​ពួកគាត់៖ «វា​មិន​ច្បាស់​ថា អា​ហ្នឹង​ស្លាប់​អត់ ព្រោះ​ព័ត៌មាន​ដែល​ពួកគាត់​ទទួល​បាន​វា​មិន​សូវ​ច្បាស់​ទេ បើ​មិន​តាម​រយៈ​មេ​ភូមិ​មេ​ឃុំ​ទេ ព្រោះ​ពួកគាត់​គ្មាន​ហ្វេសប៊ុក (Facebook) សម្រាប់​មើល​យល់​ទេ»

លោក​បារម្ភ​ថា ករណី​នេះ​នឹង​កើត​ឡើង​ចំពោះ​ពលរដ្ឋ​ទៀត ប្រសិន​ស្ថាប័ន​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​ពួកគាត់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ឃុំ​ស្រឡប់​ខេត្ត​ត្បូងឃ្មុំ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដី​ពួកគាត់​ឱ្យ​បាន​មុន​បោះ​ឆ្នោត

$
0
0

តំណាង​ពលរដ្ឋ ១០​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ទីបញ្ជាការ​កង​អនុសេនាធំ​វិស្វកម្ម​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ឱ្យ​បាន​ចប់​មុន​ពេល​បោះឆ្នោត​ឃុំ-​សង្កាត់ ចូល​មក​ដល់។ ការ​ស្នើ​នេះ ដោយ​ពលរដ្ឋ​យល់​ថា សំណុំរឿង​ដីធ្លី​របស់​ពួកគាត់ អាជ្ញាធរ​ពាក់ព័ន្ធ​ចេះតែ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចេះតែ​ពន្យារ​ពេល។ អាជា្ញធរ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ដី​មាន​ជម្លោះ គឺ​បាន​ចុះ​បញ្ជី​ជា​ដី​របស់​ក្រសួង​ការពារ​ជាតិ​រួច​ហើយ ដូច្នេះ​មិន​អាច​បែងចែក​ជូន​ពលរដ្ឋ​បាន​ទេ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ១០​គ្រួសារ​យល់​ថា ប្រសិនបើ​វិបត្តិ​ដីធ្លី​របស់​ពួកគាត់​មិន​អាច​ដោះស្រាយ​បញ្ចប់​មុន​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ គឺ​ធ្វើ​ឱ្យ​រឿង​នេះ​កាន់តែ​វែង​ឆ្ងាយ​ជាក់​ជា​មិន​ខាន។

តំណាង​ពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​ស្រឡប់ លោក យុន សុភាព មាន​ប្រសាសន៍​ថា ពួកគាត់​នឹង​រង់ចាំ​ជួប​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត​ម្តង​ទៀត ហើយ​និង​ខិតខំ​ប្រឹងប្រែង​គ្រប់​យ៉ាង​ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​មួយ​នេះ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់។ លោក​សង្កេត​ឃើញ​ថា សំណុំ​រឿង​ដីធ្លី​នេះ អាជ្ញាធរ​ខេត្ត​ហាក់​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មិន​ចង់​ដោះស្រាយ​ជូន​ពួកគាត់​ទេ បើទោះបី​ជា​មាន​លិខិត​អន្តរាគមន៍​ចេញ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តម្រូវ​ឱ្យ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ណា​ក៏ដោយ៖ «ស្នើ​សុំ​ឱ្យ​បាន​មុន​បោះឆ្នោត វា​គ្រាន់​បាន​យក​រៀបចំ​ធ្វើ​ភូមិ​នៅ»

កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ គណៈកម្មការ​ចម្រុះ​ទទួល និង​ដោះស្រាយ​ពាក្យ​បណ្តឹង​នៅ​ទល់​មុខ​ភូមិ​គ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជូន​លិខិត​មួយ​ទៅ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តម្រូវ​ឱ្យ​ពិនិត្យ និង​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ ១០​គ្រួសារ​នេះ។ រហូត​ដល់​ចុង​ខែ​មីនា ក្រសួង​មួយ​នេះ បាន​បញ្ជូន​លិខិត​មួយ​ឱ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ពិនិត្យ និង​ដោះស្រាយ​បន្ត ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​ទៅ​ពលរដ្ឋ​ឱ្យ​បាន​ស្ងប់​ចិត្ត​ទេ។

​ប្រភព​ដដែល​បញ្ជាក់​ថា ពួកគាត់ ១០​គ្រួសារ​បាន​កាន់កាប់​ដី​ជាង ៣​ហិកតារ តាំង​ពី​ទសវត្សរ៍​៨០ មក ប៉ុន្តែ​នៅ​ចុង​ទសវត្សរ៍​៩០ ទើប​មាន​ទាហាន​ទៅ​សុំ​ដី​អ្នក​ភូមិ​ដាក់​ទីស្នាក់ការ​បណ្ដោះអាសន្ន។ ក្រោយ​មក​ទីបញ្ជាការ​កងអនុសេនាធំ​វិស្វកម្ម ចូល​ទៅ​នៅ​បន្ត​ទៀត ហើយ​មិន​ព្រម​ប្រគល់​ឱ្យ​ពួកគាត់​វិញ និង​បែងចែក​យក​ដី​ពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៀត​ផង។

អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី​លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ថា ដី​ទំហំ​ជាង ៣​ហិកតារ​ដែល​ពលរដ្ឋ​កំពុង​ទាមទារ គឺ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ដី​ឯកជន​របស់​រដ្ឋ ឬ​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការពារ​ជាតិ​រួច​ទៅ​ហើយ។ ដូច្នេះ​ការ​ទាមទារ​របស់​ពលរដ្ឋ គឺ​មិន​អាច​ទៅ​រួច​ទេ ប៉ុន្តែ​ជា​គោលការណ៍​ប្រសិនបើ​ពួកគាត់​មិន​មាន​ដី​ពិត​ប្រាកដ គឺ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​បាន៖ «ក្រសួង​ការពារ​ជាតិ បាន​ឆ្លើយ​តប​លិខិត​របស់​ក្រសួង​ការពារជាតិ​ថា ដី​នេះ​មិន​អាច​ប្រគល់​ជូន​ពួកគាត់​បាន​ទេ ដោយសារ​ថា ដី​នេះ​បាន​ចុះ​បញ្ជីសារពើភ័ណ្ឌ​របស់​ក្រសួង​ការពារជាតិ​ហើយ»

​អភិបាល​រង​ខេត្ត​ដដែល​បញ្ជាក់​ថា ពួកគេ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ ហើយ​ប្រសិនបើ​រក​ឃើញ​ថា ដី​ទាំង​នោះ​ពិត​ជា​មាន​ការ​បែងចែក​គ្នា​ធ្វើ​ជា​សម្បត្តិ​ឯកជន​មែន អាជ្ញាធរ​នឹង​ដក​ហូត​ជាក់​ជា​មិន​ខាន។ ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​ដោះស្រាយ​បញ្ចប់​មុន​ការ​បោះ​ឆ្នោត លោក​យល់​ថា ជា​ការ​កំណត់​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អាជ្ញាធរ​មិន​បាន​ព្រងើយកន្តើយ​រាល់​សំណូមពរ ឬ​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​ទេ  ហើយ​អាជ្ញាធរ​គ្រោង​នឹង​ជួប​ពួកគាត់​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​ខ្លួន។

មន្ត្រី​សម្របសម្រួល​ស្តីទី​នៃ​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ​លើក​ឡើង​ថា ការ​យក​ដី​របស់​ពលរដ្ឋ​ទៅ​ដាក់​បញ្ចូល​ជា​ដី​របស់​រដ្ឋ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​ដី​ដែល​អ្នក​ភូមិ ១០​គ្រួសារ​កំពុង​ទាមទារ គឺ​ពួកគាត់​មិន​ដែល​បោះបង់​សិទ្ធិ​ទាមទារ​ឡើយ។ បន្ថែម​ពី​នេះ លោក​អះអាង​ថា ដី​របស់​រដ្ឋ​ដែល​អាជ្ញាធរ​លើក​ឡើង​បែរ​ជា​មាន​មន្ត្រី​ទាហាន​នៅ​ទីបញ្ជាការ​កងអនុសេនាធំ​វិស្វកម្ម​មួយ​ចំនួន​នាំ​គ្នា​បែងចែក​ដើម្បី​សាងសង់​ផ្ទះ​ឯកជន​ទៅ​វិញ៖ «តាម​ផ្លូវ​ច្បាប់ ការ​ប្រគល់​ឱ្យ​បណ្តោះអាសន្ន គឺ​វា​មិន​ស្ថិតស្ថេរ​ទេ បណ្តោះអាសន្ន​គឺ​មួយ​រយៈ​ពេល​ទេ។ មិន​អាច​យក​ដី​ពលរដ្ឋ​ដែល​គាត់​ប្រគល់​ឱ្យ​នោះ​ទៅ​ដាក់​បញ្ចូល​ជា​ដី​របស់​រដ្ឋ​បាន​ឡើយ»

លោក​យល់​ថា ករណី​នេះ ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ចប់​ឱ្យ​សមស្រប​ជូន​ពលរដ្ឋ​ទេ ពួកគាត់​នឹង​មិន​ស្ងប់​ចិត្ត​ឡើយ ហើយ​នឹង​មាន​ការ​តវ៉ា​បន្ត​ទៀត​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​​ទាំង​១១​រូប

$
0
0

សាលា​ឧទ្ធរណ៍​សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​ទៅ​ពេល​ក្រោយ លើ​បណ្ដឹង​សុំ​មោឃភាព​នីតិវិធី​តុលាការ​ក្រុង​ភ្នំពេញ​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។ ចំពោះ​ពេលវេលា​ជាក់លាក់​សម្រាប់​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​ថ្មី​ម្ដង​ទៀត​នោះ សាលា​ឧទ្ធរណ៍​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេច​ដូច្នេះ គឺ​បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង លើក​ឡើង​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា ដែល​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នោះ គឺ​មិន​អាច​គ្មាន​វត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ជា​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ទាំង ៤១​នាក់​នោះ​បាន​ទេ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៣​នាក់​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង លោក ជូង ជូងី ថ្លែង​ថា នីតិវិធី​កាត់​ទោស​កូន​ក្ដី​លោក​នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​រឿង​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជា​បទឧក្រិដ្ឋ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ នោះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មេធាវី​ការពារ ដែល​ប្រាសចាក​ពី​ច្បាប់​បាន​ចែង។ នេះ​ជា​ដើម​ហេតុ​ដែល​ក្រុម​មេធាវី​ទទួល​បាន​សិទ្ធិ​ពី​ជន​ជាប់​ចោទ សម្រេច​ដាក់​ប្ដឹង​មក​សាលា​ឧទ្ធរណ៍ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​នីតិវិធី​បើក​សវនាការ​កាត់​ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៦​នាក់​នៅ​តុលាការ​ក្រុង​ភ្នំពេញ«ខ្ញុំ​ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ ប៉ុន្តែ​ការពិត និង​មិន​ច្បាស់លាស់​ឡើយ ប្រសិន​បើ​អ្នក​ទាំង ៤១​រូប​នោះ​មិន​ចូលរួម ពីព្រោះ​គាត់​ជា​អ្នក​ប្ដឹង​កូន​ខ្ញុំ​ជា​រឿង​ឧក្រិដ្ឋ។ អ៊ីចឹង​នៅ​ពេល​ដែល​កូន​ក្ដី រូប​ខ្ញុំ​ជា​មេធាវី​រក​ឃើញ​ថា សវនាការ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥ នោះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​ទៅ​ដោយ​ខុស​ច្បាប់ ដោយ​អត់​មាន​មេធាវី តែ​ពេល​នោះ​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី ៤១​រូប​នោះ​ចូលរួម អ៊ីចឹង​គាត់​ទៅ​ជា​សាក្សី។ ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​មិន​ចូល នេះ​គឺ​ជា​កាតព្វកិច្ច​របស់​តំណាង​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍។ ថា​តើ​គាត់​បំពេញ​កាតព្វកិច្ច​របស់​គាត់​របៀប​ណា? ខ្ញុំ​មាន​សិទ្ធិ​ទទូច​ទាមទារ តែ​ខ្ញុំ​អត់​មាន​សិទ្ធិ​អំណាច​ចាប់​បង្ខំ​សាក្សី តែ​តំណាង​អយ្យការ​មាន​អំណាច​ចាប់​បង្ខំ»

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ១១​រូប មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹកនាំ​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ទាក់ទង​នឹង​សវនាការ​សាធារណៈ​នៅ​សាលា​ឧទ្ធរណ៍​នេះ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ មិន​ត្រូវ​បាន​មន្ត្រី​នគរបាល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​តុលាការ​ឡើយ។ មន្ត្រី​នគរបាល​លើក​ឡើង​ថា បើ​ចង់​ចូល​ស្ដាប់​សវនាការ យក​បាន​តែ​ប៊ិក និង​សៀវភៅ​ប៉ុណ្ណោះ ចំណែក​ទូរស័ព្ទ​ទំនើប ម៉ាស៊ីន​ថត​រូប ថត​វីដេអូ មិន​អនុញ្ញាត​ឲ្យ​យក​ចូល​ឡើយ ទោះ​បី​ជា​អ្នក​សារព័ត៌មាន​ស្នើសុំ​ថា នឹង​មិន​ប្រើប្រាស់​ក្នុង​បរិវេណ ឬ​ក្នុង​បន្ទប់​សវនាការ​យ៉ាង​ណា​ក្ដី។

«សំឡេង​ជជែក​គ្នា​រវាង​អ្នក​កាសែត និង​មន្ត្រី​នគរបាល»

លោក​មេធាវី ជូង ជូងី សម្ដែង​ការ​សោកស្ដាយ​ការ​ដែល​អ្នក​សារព័ត៌មាន មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ស្ដាប់​សវនាការ។ មេធាវី​រូប​នេះ​យល់​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​ពិត​ប្រាកដ សមត្ថកិច្ច និង​តុលាការ គួរ​តែ​បើក​ផ្លូវ​ឲ្យ​អ្នក​សារព័ត៌មាន​តាមដាន​ករណី​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​នាំ​មក​ជំនុំ​ជម្រះ​នៅ​តុលាការ មិន​ថា​ជា​សកម្មជន​បក្ស​នយោបាយ ឬ​មន្ត្រី​សិទ្ធិ​មនុស្ស ឬ​ក៏​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម«ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូលរួម គឺ​ជា​ការ​បិទ​បាំង ខ្លាច​អ្នក​កាសែត​រក​ឃើញ​ការពិត​នូវ​ចំណុច​អវិជ្ជមាន​របស់​អ្នក​ប្រព្រឹត្តិ យក​ទៅ​ផ្សាយ​ជា​សាធារណៈ។ នេះ​ជា​ការ​បិទ​បាំង​នូវ​កំហុស​ឆ្គង។ បើ​សារព័ត៌មាន​ចូលរួម​បាន​កាន់​តែ​ទូលាយ ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​រក​ឃើញ​នូវ​ចំណុច​កំហុស​ឆ្គង​របស់​អ្នក​ប្រព្រឹត្តិ ឬ​ក៏​ចាត់​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​នោះ​ប្រយ័ត្នប្រយែង​ចៀស​ពី​កំហុស។ ដូច្នេះ វត្តមាន​សារព័ត៌មាន​នៅ​ពេល​សវនាការ គឺ​ចាំបាច់​ណាស់​ដើម្បី​ធានា​ថា សវនាការ​ប្រព្រឹត្ត​ទៅ​បាន​ល្អ»

ការ​រឹត​បន្តឹង​ដោយ​ដាក់​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់​ពេល​មាន​សវនាការ​ទាក់ទង​នឹង​រឿង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​សាលា​ឧទ្ធរណ៍ ឬ​ក៏​នៅ​តុលាការ​កំពូល ដែល​ហាក់​ដូចជា​បង្ក​ការ​លំបាក​ដល់​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ មន្ត្រី​សង្គម​ស៊ីវិល ឬ​ក៏​មន្ត្រី​ទូត ចូល​ស្ដាប់​សវនាការ និង​ផ្ដិត​យក​រូបភាព​នោះ គឺ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​រវាង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ហេង ពៅ ជាមួយ​មន្ត្រី​ពន្ធនាគារ ខណៈ​អ្នក​សារព័ត៌មាន​ព្យាយាម​សួរ​លោក ហេង ពៅ រឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ថតរូប​បរទេស​គ្រោង​ពិព័រណ៍​រូបថត​ក្នុង​ខួប​១​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស

$
0
0

អ្នក​ជំនាញ​ថត​រូប​ជនជាតិ​ព័រទុយហ្គាល់ (Portugal) ម្នាក់ គ្រោង​ពិព័រណ៍​រូបថត​ចំនួន ៣៦៥​សន្លឹក​ក្នុង​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ..ប មួយ​រូប។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក មីហ្កែល ជេរ៉ូនីម៉ូ (Miguel Jerónimo) អ្នក​ជំនាញ​ថត​រូប នឹង​បង្ហាញ​រូបថត​នេះ​រយៈពេល ៣​ថ្ងៃ ដែល​មាន​ចំណង​ជើង​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ (I AM THE FIVE) ដែល​នេះ​ជា​កិច្ចការ​ផ្ទាល់​ខ្លួន​មួយ​របស់​លោក។ ពិព័រណ៍​នេះ គឺ​គាត់​ចង់​បង្ហាញ​ស្នាដៃ​រូបថត​ដែល​គាត់​បាន​ថត ចំពោះ​ពលរដ្ឋ​ដែល​គាំទ្រ​អ្នក​ទាំង ៥​នាក់ និង​ចង់​បង្ហាញ​ថា ពួក​គេ​ជា​មនុស្ស​ទាំង ៥​នាក់​ដែល​កំពុង​ជាប់​ឃុំ៖ «គាត់​ចង់​ឲ្យ​គេ​ដឹង​ថា អ្នក​ទាំង ៥ ទាំងអស់​នេះ គឺ​មិន​មែន​មាន​តែ​ពួក​គាត់​ទេ គឺ​មាន​អ្នក​ខាង​ក្រៅ​កំពុង​លើក​ទឹក​ចិត្ត ដូចជា​ការ​អំពាវនាវ​ចំពោះ​ការ​ឃុំ​ខ្លួន​នេះ»

ពិព័រណ៍​រូបថត​ចំនួន ៣៦៥​សន្លឹក​ក្នុង​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មន្ត្រី​សមាគម​អាដហុក ៤​រូប និង​មន្ត្រី គ..ប មួយ​រូប​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ម៉ោង ៧​យប់​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា នៅ​ឯ​ភោជនីយដ្ឋាន អែហ្វ.ស៊ី.ស៊ី (FCC) ស្ថិត​នៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

តុលាការ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អ្នក​ទាំង ៥​នាក់​រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី រួម​នឹង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​អសាធារណៈ​លើ​នីតិវិធី​បន្ត​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​អ្នក​ទាំង ៥​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​៩​ត្រូវ​បាន​បណ្ដុះបណ្ដាល​ពី​នីតិវិធី​ដោះស្រាយ​បណ្ដឹង

$
0
0

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​សហភាព​អឺរ៉ុប ក៏​កំពុង​បណ្ដុះបណ្ដាល​មន្ត្រី​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​នានា ឱ្យ​យល់​ដឹង​ពី​ច្បាប់ ដើម្បី​ឱ្យ​មាន​លទ្ធភាព​ដោះស្រាយ​បណ្ដឹង​នានា ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ដំណើរការ​បោះ​ឆ្នោត​នេះ​ដែរ។

​មន្ត្រី​ផ្នែក​សេវាកម្ម​ច្បាប់ ជំនួយការ​សេវាកម្ម​ច្បាប់ សមាជិក​ទទួល​បន្ទុក​បណ្ដុះបណ្ដាល​អប់រំ​សាធារណជន ចំនួន ៥៥​រូប របស់​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ចំនួន​៩ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​ស្ដីពី​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មេសា។

មន្ត្រី​ទាំង ៥៥​រូប ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​អ្នក​បច្ចេកទេស​របស់​សហភាព​អឺរ៉ុប​នោះ គឺ​មក​ពី​ខេត្ត​សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ជាដើម។

អគ្គលេខាធិការ​រង គ.ជ.ប ដែល​ជា​អធិបតី​នៃ​ការ​បណ្ដុះបណ្ដាល​នោះ គឺ​លោក សោម សូរីដា។ លោក​មាន​ប្រសាសន៍​ក្រោយ​ពី​បញ្ចប់​ការ​ថ្លែង​បើក​វគ្គ​បណ្ដុះបណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មេសា​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កំពុង​តម្រង់ទិស​ស្ថាប័ន​របស់​ខ្លួន ដោយ​តម្រូវ​ឱ្យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​ខេត្ត​ទាំង​ឡាយ ត្រូវ​អនុវត្ត​ការងារ​ទៅ​តាម​គោលការណ៍​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​នឹង​មក​ដល់​ពេល​ខាង​មុខ។ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នេះ ការងារ​ទទួល និង​ដោះស្រាយ​បណ្ដឹង ដែល​ជា​វិវាទ​នៅ​ក្នុង​ពេល​ដំណើរ​ការ​បោះឆ្នោត ក៏​ត្រូវ​តែ​​សមស្រប​ទៅ​នឹង​គោលការណ៍​របស់​ច្បាប់​ដែរ។

លោក សោម សូរីដា៖ «ការ​បោះឆ្នោត​ពុំ​មែន​គ្មាន​ការ​ប្ដឹង​តវ៉ា ឬ​ក៏​ជំទាស់​នោះ​ទេ។ ដូច្នេះ​ភាគី​ដែល​មិន​ពេញ​ចិត្ត​ទៅ​នឹង​លទ្ធផល ឬ​ក៏​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត គឺ​គាត់​ត្រូវ​ប្ដឹង ហើយ (គ.ជ.ប) ត្រូវ​ដោះស្រាយ​បញ្ហា​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍ និង​ការ​កំណត់​នៃ​ច្បាប់»

​មន្ត្រី គ.ជ.ប យល់​ថា ដោយសារ​ការ​បោះឆ្នោត​លើក​នេះ​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី គឺ​វា​អាច​មាន​ចំណុច​ប្រែប្រួល​ខ្លះ ដូចជា​កាល​ពី​មុន​ស្ថាប័ន គ.ជ.ប មាន​តែ ៥​នាយកដ្ឋាន​ទេ ប៉ុន្តែ​ពេល​នេះ​មាន​រហូត​ទៅ​ដល់ ៨​នាយកដ្ឋាន ដូច្នេះ​ត្រូវ​ការ​ឱ្យ​មន្ត្រី​ត្រូវ​យល់​ដឹង​ថែម​ទៀត​នូវ​ភាព​ប្រែប្រួល​ថ្មីៗ ដើម្បី​បំពេញ​បន្ថែម​ឱ្យ​ដំណើរការ​រៀបចំ​ការ​បោះ​​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខាង​មុខ​កាន់​តែ​ល្អ​ប្រសើរ។

អ្នក​បច្ចេកទេស​របស់​សហភាព​អឺរ៉ុប លោក អេរិច ឌេប៉ាលីយែរ (Eric Des Pallieres) បាន​ថ្លែង​នៅ​ក្នុង​ពេល​បង្រៀន​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​អស់​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្របសម្រួល​គណបក្ស​នយោបាយ ដែល​ជា​ភាគី​ទំនាស់​ឱ្យ​អង្គុយ​ជជែក​គ្នា​ក្នុង​លក្ខណៈ​ជា​ការ​ទូត​ដើម្បី​ធ្វើការ​ជាមួយ​គ្នា ឈាន​ទៅ​រក​ការ​សម្រេច​គោលដៅ​រួម​អ្វី​មួយ៖ «ក្នុង​នាម​អស់​លោក​ជា​អាជ្ញាកណ្ដាល​នៃ​ការ​បោះឆ្នោត គឺ​ត្រូវ​តែ​យល់​ដឹង​អំពី​ការ​អនុវត្ត​ច្បាប់​នានា ហើយ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ទាំង​ឡាយ​ឱ្យ​បាន​ច្បាស់លាស់។ ខ្ញុំ​ប្រដូច​អស់​លោក​ទៅ​នឹង​អ្នក​បើក​ឡាន​ម្នាក់ ប្រសិនបើ​អ្នក​បើក​បរ​ចេះ​ត្រឹមតែ​ទ្រឹស្ដី​នៃ​ការ​បើក​ឡាន គឺ​វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ចាំបាច់​គឺ​ត្រូវ​ធានា​ឱ្យ​មាន​សន្តិសុខ និង​សុវត្ថិភាព​នៅ​លើ​ដង​ផ្លូវ​ថែម​ទៀត»

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ គឺ​មាន​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ហើយ​ការ​បោះឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ទើប​តាំង​ទីលំនៅ​ថ្មី​នៅ​ភូមិ​ស្រែគរថ្មី​ខេត្ត​ស្ទឹងត្រែង​ត្អូញត្អែរ​ខ្វះខាត​ទឹក​ប្រើប្រាស់

$
0
0

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរថ្មី ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយសារ​លំនៅឋាន​របស់​ពួក​គេ​រស់នៅ​ថ្មី​ជា​តំបន់​ទួល ពុំ​អាច​ជីក​អណ្ដូង​យក​ទឹក​បាន ហើយ​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ ក៏​ពុំ​គ្រប់គ្រាន់​ដែរ។ ចំណែក​តំណាង​ក្រុមហ៊ុន​អះអាង​ថា ពួក​គេ​កំពុង​ដោះស្រាយ​បញ្ហា​នេះ។

ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មេសា ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​អាជ្ញាធរ​រដ្ឋាភិបាល នៅ​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​នៅ​ឡើយ​ទេ ក្រោយ​ពី​អ្នក​ភូមិ​មក​តាំង​ទីលំនៅ​ថ្មី កំពុង​ជួប​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​រស់នៅ​ភូមិ​ស្រែគរថ្មី ឃុំ​ស្រែគរ ស្រុក​សេសាន លោក ទួន លួន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​កសាង​អណ្ដូងទឹក​ប្រើ​ម៉ូទ័រ​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​សូឡា បង្ហូរ​ទឹក​តាម​ទុយោ នៅ​ពុំ​ទាន់​ផ្តល់​ទឹក​គ្រប់គ្រាន់​ជូន​ពួក​គាត់​ប្រើប្រាស់​នៅ​ឡើយ​ទេ ហើយ​ការ​ចែក​ទឹក​តាម​រថយន្ត​របស់​ក្រុមហ៊ុន ក៏​នៅ​ពុំ​អាច​ប្រើប្រាស់​គ្រប់គ្រាន់​ដែរ។ បញ្ហា​នេះ បង្ខំ​ឲ្យ​ពួក​គេ​ចំណាយ​ប្រាក់​ទិញ​ទឹក​ពី​អ្នក​ភូមិ​ផ្សេង​ទៀត​មួយ​ធុង​ធំ​ចាប់​ពី ២​ម៉ឺន​រៀល​ទៅ ៣​ម៉ឺន​រៀល៖ «ក្រុមហ៊ុន​ដោះស្រាយ​ដែរ មិន​មែន​ថា​ក្រុមហ៊ុន​មិន​ដោះស្រាយ​ទេ តែ​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។ ទី​១ គាត់​ធ្វើ​របៀប​ដូច​ស្ទែន​បង្ហូរ​តាម​ទុយោ​ហ្នឹង វា​ចេញ​ទឹក​បាន​មួយ​ហ្វុយ (ធុង) ជួន​ណា​បាន​តែ​អត់​ចឹង ខ្លះ​បាន​មួយ​ប៉ោត​ទៅ​ពីរ​ប៉ោត​ចឹង។ ចឹង​ការ​ប្រើប្រាស់​ទឹក​ពុំ​បាន​គ្រប់គ្រាន់​ទេ»

មក​ទល់​ពេល​នេះ ពលរដ្ឋ​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​នោះ​ចំនួន ៣៧០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ។

ឆ្លើយតប​រឿង​នេះ តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ដោះស្រាយ​បញ្ហា​នេះ និង​បាន​កសាង​អណ្ដូង​ប្រើ​ម៉ូទ័រ​ភ្ជាប់​ប្រព័ន្ធ​សូឡា និង​ជីក​ស្រះ​ទឹក​នៅ​តំបន់​ដី​ទំនេរ​ជុំវិញ​ភូមិ​ចំនួន​៧។ លោក​សំណូមពរ​ឲ្យ​ពលរដ្ឋ​សហការ​ដោះស្រាយ​រឿង​នេះ ខណៈ​អ្នក​ភូមិ​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ និង​ពលរដ្ឋ​ខ្លះ​បើក​ទឹក​បង្ហូរ​ចោល​ក៏​មាន។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ជីក​ស្រះ​ជូន​ពលរដ្ឋ​បន្ថែម​ទៀត ប្រសិន​បើ​មាន​សំណូមពរ​ពី​ពលរដ្ឋ៖ «ប្រព័ន្ធ​ដែល​បូម​ទឹក យើង​ប្រើ​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​សូឡា វា​បូម​ឡើង​ពេញ​ហ្នឹង​ហើយ បាន​ទម្លាក់​មក​ឲ្យ​គាត់​បើក​ប្រើ​តាម​ផ្ទះ ដល់​ពេល​ប្រើ​តាម​ផ្ទះ គាត់​បើក​បង្ហូរ​ចោល ក៏​វា​អស់​ដែរ​អា​ហ្នឹង»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរថ្មី កំពុង​បារម្ភ​ខ្វះខាត​ទឹក ហើយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន រក​វិធានការ​ដោះស្រាយ​ដោយ​ជីក​ស្រះ​ក្បែរ​ភូមិ​ពួក​គេ​រស់នៅ ដែល​ធានា​ថា​អាច​រក្សា​ទឹក​ទុក ដើម្បី​ផ្គត់ផ្គង់​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់។ លោក​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​កសាង​អណ្ដូង​ប្រើ​ម៉ូទ័រ​បូម​ទឹក​ភ្ជាប់​ប្រព័ន្ធ​សូឡា អាច​ប្រើ​បាន​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន អ្នក​ភូមិ​ក៏​ពុំ​អាច​ប្រើ​បាន​គ្រប់គ្រាន់​ដែរ៖ «គាត់​ខំ​លះបង់​ដើម្បី​ជាតិ​ទាំងអស់​គ្នា ឲ្យ​គាត់​អត់​ទឹក គឺ​ខុស​ហើយ។ ខ្ញុំ​មក​រស់នៅ​តាំង​ពី​ខែ​១២ រហូត​ដល់​សព្វថ្ងៃ គ្រាន់​តែ​ទិញ​ទឹក​ចូល ៥០​ម៉ឺន​ជាង​ហើយ។ ចុះ​បើ​អ្នក​អត់​មាន​ធ្វើ​ម៉េច​ចុះ»

មន្ត្រី​សម្របសម្រួល​បណ្ដាញ​អង្គការ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ កត់​សម្គាល់​ថា កន្លង​ទៅ ក្រុមហ៊ុន​ធ្លាប់​សន្យា​ថា​នឹង​ផ្តល់​ប្រភព​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ដល់​សហគមន៍​ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់ ក៏ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​បារម្ភ​នៅ​ឡើយ។ បញ្ហា​នេះ​មាន​ន័យ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ពុំ​ទាន់​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ៖ «អាជ្ញាធរ​ហ្នឹង​គួរ​បំពេញ​ការងារ​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​សហគមន៍​ដែល​គាត់​ប៉ះពាល់ ទាំង​ផ្លាស់​ទីលំនៅ​ភូមិឋាន​ចាស់​គាត់ មួយ​សា​ហើយ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ភូមិ​ថ្មី​ទៀត»

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ៩៣​គ្រួសារ និង​ឃុំ​ក្បាលរមាស ជាង ៣០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​អាដហុក​៤​រូប​និង​គ.ជ.ប​១​រូប​កំពុង​ជាប់​ឃុំ​ជាប់​ជា​បេក្ខជន​ទទួល​ពាន​រង្វាន់​ពិភពលោក

$
0
0

ពាន​រង្វាន់​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពិភពលោក​មួយ​ឈ្មោះ​ថា ពាន​រង្វាន់​ម៉ាទីន អេណលស៍ (Martin Ennals) ដែល​មាន​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​ជា​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​១០ ក្នុង​ពិភពលោក បាន​ជ្រើស​យក​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​បេក្ខជន​ទទួល​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ នេះ។

អ្នក​ទាំង​ប្រាំ​រួម​មាន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា និង​លោក ណៃ វ៉ង់ដា ដែល​អ្នក​ទាំង​បួន​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​នេះ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ មេសា បញ្ជាក់​ថា ពាន​រង្វាន់​នេះ​ផ្ដល់​ជូន​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្ទាល់​ខ្លួន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ទាំង​ប្រាំ​ដែល​ជា​បេក្ខជន​ជា​ជនជាតិ​ខ្មែរ ពាន​រង្វាន់​ម៉ាទីន អេណលស៍ (Martin Ennals) ក៏​បាន​ជ្រើស​យក​បេក្ខជន​ពីរ​រូប​ទៀត​មក​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador) និង​ប្រទេស​អេហ្ស៊ីប (Egypt)

ពិធី​ប្រគល់​ពាន​រង្វាន់​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​នឹង​CCHR​ដែល​ថា​ក្រសួង​រឹតត្បិត​មិន​ឲ្យ​ចូល​ជួប​អ្នក​ជាប់​ឃុំ

$
0
0

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ហៅ​ការ​ហាមឃាត់​ដោយ​អាជ្ញាធរ​រដ្ឋ មិន​ឲ្យ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល បាន​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃ​ស ថា​ជា​ការ​អនុវត្ត​រំលោភ​ផ្ទុយ​ពី​ច្បាប់ និង​ជា​ចរិត​រឹតត្បិត​សេរីភាព​ហួសហេតុ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា ការ​ចេញ​របាយការណ៍​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ គឺ​ជា​ការ​បំប៉ោង​សភាពការណ៍ ជាពិសេស​អួត​ខ្លួន​ថា​ជា​អ្នក​អនុវត្ត​ច្បាប់ ប៉ុន្តែ​មិន​យល់​ពី​ច្បាប់​ទៅ​វិញ។

ប្រតិកម្ម​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ស្រប​ពេល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ពិនិត្យ​ឃើញ​ថា ទាំង​ស្ថាប័ន​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ចេញ​បម្រាម​ទាំង​មិន​មាន​សំអាង​ហេតុ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ជឿ​ទុក​ចិត្ត​បាន។

ការ​បញ្ជាក់​ជំហរ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ មេសា ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កម្រាស់ ២​ទំព័រ។

ការ​រិះគន់​ទៅ​លើ​ស្ថាប័ន​ដែល​អនុវត្ត​ច្បាប់​ទាំង​២ គឺ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ ក្រោយ​ពេល​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ សង្កេត​ឃើញ​ថា ថ្មីៗ​នេះ ក្រសួង​ទាំង​ពីរ​បាន​ចេញ​បម្រាម​ទាំង​បំពាន​ដែល​ខុស​ពី​បញ្ញត្តិ​នៃ​ច្បាប់ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង បាន​ជួប​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ស្រង់​យក​ខ្លឹមសារ​នៃ​ច្បាប់​ធ្វើ​ជា​សំអាង​ហេតុ ក្នុង​ការ​ដាក់​បន្ទុក​ដែរ​ថា មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​កំណត់​ថា ជន​ជាប់​ឃុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ឬ​ញាតិ​មិត្ត​បាន​សួរ​សុខ​ទុក្ខ​តាម​ការ​កំណត់ លើកលែង​តែ​មាន​ការ​ហាមឃាត់​ពី​តុលាការ។ បន្ថែម​ពី​លើ​នេះ ច្បាប់​ជា​អន្តរជាតិ​ដែល​បញ្ញត្តិ​ដោយ​អង្គការ​សហប្រជាជាតិ សម្រាប់​គ្រប់គ្រង​អ្នក​ទោស ដែល​អនុម័ត​ដោយ​មហា​សន្និបាត​កាល​ពី​ឆ្នាំ​១៩៥៥ ចែង​ថា អ្នក​ទោស​ត្រូវ​អនុញ្ញាត​ឲ្យ​ទាក់ទង​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​តាម​ការ​កំណត់​ជា​ទៀងទាត់។

ប្រតិកម្ម​នឹង​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ យល់​ឃើញ​ថា របាយការណ៍​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​នៅ​ពេល​នេះ មិន​ខុស​អី​ធ្វើ​ឡើង​ដើម្បី​ផ្គាប់ផ្គុន​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មាន​អ្នក​ជាប់​ឃុំ​ច្រើន​ណាស់​ដែល​សង្គម​ស៊ីវិល​ទាំងនេះ​ត្រូវ​សួរ​សុខ​ទុក្ខ ប៉ុន្តែ​បែរ​ជា​លើក​ហេតុផល​អ្នក​ជាប់​ឃុំ​ប៉ុន្មាន​នាក់​នេះ ដើម្បី​ទម្លាក់​កំហុស​មក​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ទៅ​វិញ។ លោក​បន្ត​ថា «នៅ​ក្នុង​ច្បាប់​នៃ​ការ​សួរ​សុខ​ទុក្ខ​ទណ្ឌិត​នេះ អ្នក​ដែល​រង​នូវ​ដីកា​របស់​តុលាការ ហើយ​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ដោយ​ពន្ធនាគារ គឺ​អនុញ្ញាត​បាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​ទេ។ ចុះ​សង្គម​ស៊ីវិល​ហ្នឹង គាត់​ត្រូវ​ជា​បង​ប្អូន ឬ​យ៉ាង​ម៉េច បាន​ជា​គាត់​គិត​តែ​រើសអើង​តែ​ប៉ុន្មាន​នាក់​ហ្នឹង ចុះ​អ្នក​ដទៃ​ទៀត មិន​មែន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទេ

ទាក់ទិន​រឿង​នេះ អនុប្រធាន​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ រំពឹង​ថា បម្រាម​របស់​ក្រសួង​មហាផ្ទៃ នេះ ទំនង​នឹង​មិន​មែន​ជា​ឧបសគ្គ​ទេ។ អ្នកស្រី​ធ្លាប់​អះអាង​ថា បើ​ទោះ​ជា​បែប​ណា ភាគី​ទាំង​ពីរ​អាច​នឹង​រក​ច្រក​ចេញ​បាន។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ នេះ នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ បដិសេធ​ថា មូលហេតុ​ដែល​សង្គម​ស៊ីវិល​តែង​ចូល​ជួប​អ្នក​ជាប់​ទាំង ៥​នាក់ និង​សកម្មជន​ដទៃ​ទៀត ដោយសារ​ពួក​គេ​គឺ​ជា​អ្នក​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា «អ្នក​ជាប់​ឃុំ​ដែល​យើង​ទៅ​សួរ​សុខ​ទុក្ខ​ហ្នឹង គឺ​ពួក​គាត់​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ ដូច្នេះ​យើង​ឃើញ​ថា គាត់​គឺ​ជា​អ្នក​ដែល​ការពារ​សិទ្ធិ​មនុស្ស ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់»

យ៉ាង​ណា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា ការ​បិទ​សិទ្ធិ​មិន​ឲ្យ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បាន​ជួប​អ្នក​ជាប់​ឃុំ ធ្វើ​កិច្ចការ​ដើម្បី​យុត្តិធម៌​សង្គម​នេះ គឺ​ជា​ផ្នែក​មួយ​ហ៊ុមព័ទ្ធ​សិទ្ធិ​សេរីភាព​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាល​ពី​ថ្ងៃ​ទី​១០ មេសា សំណើ​សុំ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស សូម​ជួប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ជាប់​ឃុំ ៤​នាក់​របស់​សមាគម​អាដហុក និង​លោក នី ចរិយា ត្រូវ​បដិសេធ។ ក្រោយ​មក​ទៀត កាល​ពី​ថ្ងៃ​ទី​១៩ មេសា ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ជួប​សមាជិក​របស់​ខ្លួន​តទៅទៀត ព្រោះ​តែ​មាន​ភាព​មិន​ស្មោះ​ត្រង់ ដែល​បក្ស​ប្រឆាំង​នាំ​នាយក​រង​វិទ្យុ​អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ចូល​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ប្រមាណ​៥០​នាក់​ធ្វើ​ខួប​៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ នាំ​គ្នា​ទៅ​មុខ​ព្រះបរមរាជវាំង​ដើម្បី​រំឭក​ខួប​ទី​៥ នៃ​ការ​បាញ់​សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ លោក ឈុត វុទ្ធី។ ពួក​គេ​រំឭក​ឡើង​វិញ​នូវ​ការងារ និង​ការ​លះបង់​របស់​លោក ឈុត វុទ្ធី ក្នុង​កិច្ចការ​ការពារ​ព្រៃ​ឈើ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។ កង​កម្លាំង​សន្តិសុខ​ប្រហែល ២០​នាក់ ឃ្លាំ​មើល​ការ​រៀបចំ​របស់​ប្រជាពលរដ្ឋ​នេះ។

សូម​ស្ដាប់​លោក សាន សែល រាយការណ៍​ព័ត៌មាន​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​ជាមួយ​កូន​ប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដមរស្មី

$
0
0

ទាក់ទង​នឹង​រឿង​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន សូម​ស្តាប់​បទសម្ភាសន៍​របស់​អ្នកស្រី ខែ សុណង ជាមួយ​លោក ឆឺយ ឧត្ដមរស្មី កូន​ប្រុស​របស់​លោក ឈុត វុទ្ធី តាម​ប្រព័ន្ធ​ស្កែប (Skype) ដែល​លោក​កំពុង​មាន​វត្តមាន​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក។

ស្ដាប់​បទសម្ភាសន៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា​គម្រោង​កាត់​ជំនួយ​របស់​អាមេរិក​មាន​ផល​ប៉ះពាល់​តិចតួច

$
0
0

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ថ្លែង​ថា គម្រោង​កាត់​ជំនួយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក មាន​ផល​ប៉ះពាល់​តិចតួច​ចំពោះ​កម្មវិធី​របស់​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ វា​អាច​ប៉ះពាល់​ទៅ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ទទួល​លុយ​ពី​សហរដ្ឋ​អាមេរិក​នោះ។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​គោរព​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ដែល​គ្រោង​កាត់​ជំនួយ​អន្តរជាតិ​មក​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត ព្រោះ​សហរដ្ឋ​អាមេរិក បង្ហាញ​ពិភពលោក​ថា​ខ្លួន​មាន​វិបត្តិ​ថវិកា​ជាតិ។

លោក​បញ្ជាក់​បន្ថែម​ថា ការ​ប៉ះពាល់​តិចតួច ក៏​ព្រោះ​ជំនួយ​នេះ​ជួយ​ផ្នែក​កំណែ​ទម្រង់​រដ្ឋបាល និង​វិស័យ​សង្គម ហើយ​ធ្លាក់​ផ្ទាល់​ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​កិច្ចការ​ការងារ​នេះ។ លោក​ថា ជំនួយ​នេះ​មិន​បាន​ជួយ​បង្កើន​សេដ្ឋកិច្ច​កម្ពុជា ទេ៖ «ការ​ផ្អាក​ជំនួយ​នេះ ជា​សារ​មួយ​ប្រាប់​ថា កម្ពុជា ដល់​កម្រិត​មួយ​ដែល​អាច​រស់​ខ្លួន​ឯង​បាន​ដោយ​ឯករាជ្យ ពីព្រោះ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ហ្នឹង បាន​ធ្វើ​ឲ្យ​កម្ពុជា ហ្នឹង​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក គឺ ៧% ជាង។ អា​ហ្នឹង​ហើយ​ដែល​មិន​មែន​គ្រាន់​តែ​សហរដ្ឋ​អាមេរិក ទេ សូម្បី​តែ​ក្នុង​ការ​ខ្ចី​បុល​ក្រៅ​ពី​ប្រទេស​ចិន ការ​ខ្ចី​បុល​អត្រា​ការប្រាក់​ខ្ពស់ ដោយសារ​គេ​ថា​កម្ពុជា ហ្នឹង​មាន​ចំណូល​ជា​មធ្យម​រួច​ស្រេច​ទៅ​ហើយអា​ហ្នឹង​មិន​មាន​ប្រសិទ្ធភាព​អី​ប៉ះពាល់​ដល់​កម្ពុជា នោះ​ទេ។ អា​ហ្នឹង​អាច​ប៉ះពាល់​ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​លោក​ទទួល​លុយ​ផ្ទាល់​ពី​សហរដ្ឋ​អាមេរិក»

ទាក់ទង​បញ្ហា​នេះ ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត អះអាង​ថា ថវិកា​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​មក​ពី​ប្រភព​ផ្សេងៗ​គ្នា។ ដូច្នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​សូវ​រង​ផល​ប៉ះពាល់​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ប៉ះពាល់​ខ្លាំង​លើ​គម្រោង​របស់​រដ្ឋាភិបាល៖ «ភាគច្រើន​ប៉ះ​លើ​រដ្ឋាភិបាល ដូចជា​វិស័យ​យោធា ដូចជា​គម្រោង​ផ្សេងៗ​ទៀត សម្រាប់​រាជ​រដ្ឋាភិបាល។ អ៊ីចឹង​បើ​សិន​ជាសហរដ្ឋ​អាមេរិក ផ្ដាច់ យើង​ក៏​មាន​ការ​សោកស្ដាយ​ដែរ ពីព្រោះ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ក៏​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា យើង​ដែរ ទោះ​ជា​នៅ​ក្នុង​រដ្ឋាភិបាល​ក្ដី អ៊ិន.ជី.អូ (NGO) ក្ដី។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ៊ិន.ជី.អូ មិន​សូវ​ជា​ប៉ះ ហើយ​សំខាន់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ក៏​វា​ជួយ​ជំរុញ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និយាយ​ទៅ​សម្រាប់​ប្រព័ន្ធ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រៅ​ពី​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ ហើយ​និង​សិទ្ធិ​មនុស្ស​ហ្នឹង ក៏​មាន​គម្រោង​ចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ផង​ដែរ»

លោក ផៃ ស៊ីផាន ទទួល​ស្គាល់​ថា ការ​កាត់​ជំនួយ​នេះ​ពិត​ជា​មាន​ផល​ប៉ះពាល់​គម្រោង​ក្នុង​វិស័យ​សុខភាព និង​វិស័យ​ផ្សេងៗ​មួយ​ចំនួន​ដែរ ប៉ុន្តែ​ដោយសារ​ទទួល​ស្គាល់​ការ​លំបាក​របស់​សហរដ្ឋ​អាមេរិក កម្ពុជា ត្រូវ​ប្រឹង​ដោយ​ខ្លួន​ឯង និង​ពឹង​លើ​អ្វី​ដែល​ខ្លួន​មាន។ លោក​បញ្ជាក់​ទៀត​ថា កម្ពុជា មាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រភព​ផ្សេងៗ ជាពិសេស​កម្ចី​ការប្រាក់​ថោក​ពី​ប្រទេស​ចិន ដើម្បី​ទិសដៅ​អភិវឌ្ឍន៍ និង​ពង្រឹង​សេដ្ឋកិច្ច​រំដោះ​ខ្លួន​ចេញ​ពី​ប្រទេស​ចំណូល​ទាប ទៅ​ចំណូល​មធ្យម៖ «ហេតុ​ដូចម្ដេច​បាន​ជា​យើង​យក​ជាមួយ​ចិន ដែល​មាន​ជំនួយ និង​កម្ចី​ប្រាក់​ច្រើន? ពីព្រោះ​ចិន គេ​មិន​ដាក់​តម្លៃ​របស់​កម្ពុជា ហ្នឹង​ទៅ​ក្នុង​ការប្រាក់​ខ្ពស់​ទេ។ ទាប​ជាង​គេ​បំផុត ឬ​ក៏​អត់​មាន​យក​ការប្រាក់​ផង ឬ​ជា​ជំនួយ​អត់​សំណង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ គឺ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ចរាចរណ៍​ផលិតផល​នៅ​ក្នុង​ស្រុក ចេញ​ពី​ទីប្រជុំជន​ទៅ​ដល់​ជនបទ​ឲ្យ​បាន​ធ្វើ​ដំណើរ​ថោក ការ​ជញ្ជូន​ផលិតផល​ថោក ឬ​ក៏​យក​ពី​ជនបទ​មក​ទីក្រុង​វិញ តាម​ទីផ្សារ​ដោយ​តម្លៃ​ថោក​ហ្នឹង​ឯង។ យើង​យក​មក​ប្រើប្រាស់​សំខាន់​បំផុត គឺ​បញ្ហា​សុវត្ថិភាព​ថាមពល ការ​តភ្ជាប់ និង​ការ​ពង្រឹង​សមត្ថភាព​របស់​យើង ដើម្បី​ចូលរួម​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សហគមន៍​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​របស់​យើង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ទស្សនាវដ្ដី​គោល​នយោបាយ​ការ​បរទេស (Foreign Policy Magazine) របស់​សហរដ្ឋ​អាមេរិក ដែល​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ មេសា បង្ហាញ​ថា គម្រោង​ជំនួយ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨ ដែល​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump) គ្រោង​កាត់​បន្ថយ​មាន​រហូត​ដល់​ជាង ៧០% (៧០,%)។ តួលេខ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ថវិកា​ជំនួយ​រហូត​ជាង ៥៤​លាន​ដុល្លារ​អាមេរិក។ កម្ពុជា ធ្លាប់​ទទួល​បាន​ជំនួយ​ពី​អាមេរិក​សរុប​ជាង ៧៧​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​សភា​អាស៊ាន​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​អាស៊ាន​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​បំផុត

$
0
0

សមាជិក​សភា​អាស៊ាន (APHR) បាន​អំពាវនាវ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ឲ្យ​មេ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​ជា​បន្ទាន់​មួយ ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កំពុង​តែ​បំផ្លាញ​សិទ្ធិ​មនុស្ស និង​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ។

សមាជិក​សភា​អាស៊ាន​មួយ​ក្រុម​ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​អាស៊ាន​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ ដើម្បី​ពង្រឹង​យន្តការ​ថ្នាក់​តំបន់​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេសា ដែល​គេ​រៀបចំ​ឡើង​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines)

សមាជិក​សភា​ទាំងនេះ​ព្រមាន​ថា បើ​សិន​ជា​មេ​ដឹកនាំ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ជា​ការ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​រយៈពេល​វែង ដែល​គេ​នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី​៥០ នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ។

លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មេសា ថា ការ​សឹករិចរិល​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គំរាម​កំហែង​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍​ដំណើរការ​សមាហរណកម្ម​អាស៊ាន និង​កាន់​តែ​ធ្វើ​ឲ្យ​ប្លុក​ទន់​ខ្សោយ​នៅ​ក្នុង​តំបន់ ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​មេ​ដឹកនាំ​អាស៊ាន​ដែល​ថា​យក​ប្រជាជន​ជា​ធំ​នោះ។

លោក​បាន​សង្កត់​ធ្ងន់​ថា «យើង​កំពុង​មើល​ឃើញ​និន្នាការ​ក្នុង​តំបន់​មាន​បញ្ហា​ជាច្រើន ដូចជា​សង្គម​ស៊ីវិល និង​សំឡេង​ជំទាស់ រួម​ទាំង​អ្នក​តំណាងរាស្ត្រ​កំពុង​ត្រូវ​បាន​យាយី និង​ចាប់​ដាក់​ពន្ធនាគារ សហគមន៍​ដែល​បាត់បង់​ឱកាស​ស្ថិត​នៅ​ក្រោម​ការ​វាយ​លុក​ពី​កម្លាំង​សន្តិសុខ និង​ក្រុម​សាសនា​ជ្រុល​និយម កំពុង​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​នយោបាយ​ដ៏​អាក្រក់។ ហើយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ គឺ​ជា​ទីកន្លែង​ដែល​យក​បញ្ហា​ទាំងនេះ​មក​ពិភាក្សា ដេញដោល​គ្នា រហូត​ដល់​ទី​បញ្ចប់ ត្រូវ​ឆ្លើយតប​ក្នុង​កម្រិត​តំបន់​រួម​មួយ»

រីឯ​អនុប្រធាន​សមាជិក​សភា​អាស៊ាន ​(APHR) អ្នកស្រី មូរ សុខហួរ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត អ្នកស្រី​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បញ្ចូល​យន្តការ​ពិគ្រោះ​យោបល់​គ្នា​ឲ្យ​រឹងមាំ​នៅ​ថ្នាក់​តំបន់ ដែល​បាន​ចូលរួម​សំឡេង​ទាំងអស់ រួម​ទាំង​ស្ត្រី យុវជន និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​មាន​ឱកាស​ប្រតិបត្តិការ​ដោយ​សេរី​នៅ​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។

ក្រៅ​ពី​នេះ​ទៀត ក្រុម​សមាជិក​សភា​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ចំនួន​នៃ​ការ​អភិវឌ្ឍ​ថ្នាក់​តំបន់ ក្នុង​នោះ​រួម​មាន ការ​បង្កើន​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សមាគម និង​ការ​រឹតត្បិត​ក្នុង​ការ​ជួប​ប្រជុំ ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល និង​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ជាដើម។

ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន យល់ស្រប​ចំពោះ​ការ​អំពាវនាវ​នេះ ប៉ុន្តែ​លោក​អះអាង​ថា ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្មាន​ធ្លាក់​ចុះ​ទេ។ រីឯ​ការ​រំលោក​សិទ្ធិ​មនុស្ស​វិញ លោក​លើក​ឡើង​ថា ប្រទេស​ណា​ក៏​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ៖ «ការ​បាញ់​សម្លាប់​មាន​ដូច​តែ​គ្នា​ទេ មាន​ទាំង​ខ្មែរ ទាំង​អាមេរិក ហើយ​ហ្វីលីពីន ហ្នឹង​មាន​ច្រើន​ជាង​គេ​ផង»

ទោះ​បី​ជា​បែប​នេះ​ក្ដី ក្រុម​សមាជិក​សភា​អាស៊ាន​នេះ ក៏​ធ្លាប់​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​កាល​ពី​ចុង​ខែ​មីនា រក​ឃើញ​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដែល​ចេញ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ របាយការណ៍​នេះ​ចេញ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មួយ​ក្រុម ដែល​រួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) គឺ​ជា​កម្លាំង​អន្តរាគមន៍​សិទ្ធិ​មនុស្ស​មួយ​នៃ​សមាជិក និង​អតីត​សមាជិក​សភា ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន និង​តាម​មធ្យោបាយ​កែលំអ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​រើសអើង ដើម្បី​លើក​កម្ពស់​សេរីភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទូទាំង​តំបន់។

អ្នកស្រី មូរ សុខហួរ ជំរុញ​រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដើម្បី​ការពារ​ប្រជាជន​អាស៊ាន​ទាំងអស់ ជាពិសេស​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ថា យន្តការ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ​សិទ្ធិ​មនុស្ស គឺ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល និង​មាន​ការ​កំណត់​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ឯករាជ្យ។ ហើយ​តុលាការ ត្រូវ​តែ​ជា​ប្រព័ន្ធ​មួយ​ដែល​ឯករាជ្យ និង​ជា​ស្ថាប័ន​មួយ​ដែល​ជា​ទី​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

ចំពោះ​អនុប្រធាន​សមាជិក​សភា​អាស៊ាន លោក អ៊ីវ៉ា ស៊ុនដារី (Eva Sundari) និង​ជា​សមាជិក​សភា​ឥណ្ឌូនេស៊ី បញ្ជាក់​ថា អាស៊ាន​ចាំបាច់​ត្រូវ​មាន​សហគមន៍​មួយ​ក្នុង​តំបន់​ដែល​ឈរ​លើ​មូលដ្ឋាន​យក​ប្រជាពលរដ្ឋ​ជា​ធំ។ ហើយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នេះ ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​មេ​ដឹកនាំ​អាស៊ាន ដើម្បី​បញ្ជាក់​ជំហរ​ឲ្យ​កាន់​តែ​ច្បាស់​ថា តើ​ពួក​គេ​ត្រូវ​ឈរ​នៅ​ទីតាំង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សេច​ក្តី​ថ្លែង​ការណ៍​របស់​អាស៊ី​សេរី​ ជុំ​វិញ​ករណី​លោក ​ជុន​ ច័ន្ទ​បុត្រ

$
0
0

សេច​ក្តី​ថ្លែងការណ៍​របស់​អាស៊ី​សេរី​ ជុំ​វិញ​ករណី​លោក ​ជុន​ ច័ន្ទ​បុត្រ

ជា​រឿង​ហួស​ហេតុ​ដែល​អាជ្ញាធរ​ យក​អ្នកសារព័ត៌មាន​ ធ្វើ​ជា​មុខ​សញ្ញា​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ គំរាម​កំហែង ​ដោយសារ​ ការ​បំពេញ​ការងារ​របស់​គាត់​។​ លោក ​ហួត​ វុទ្ធី​ ឬ ​ហៅ ​ជុន​ ច័ន្ទ​បុត្រ​ មិន​បាន​ប្រព្រឹត្ត​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ណា​មួយ​ទេ​។​ គាត់​ក៏​មិន​បាន​បន្លំ​ខ្លួន​ ឬ ក៏​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​ របស់​អាស៊ី​សេរី​ ដែល​មាន​មនុស្ស​ស្គាល់​ជា​ទូ​ទៅ​។ ចំណាត់​ការ​ក្នុង​ពេល​ថ្មី​ៗ​ មក​លើ​រូប​គាត់​បែប​នេះ ​គឺ​មាន​ចេតនា​បំភិត​បំភ័យ​គាត់​ និង ​បុគ្គលិក​អាស៊ី​សេរី​ឯ​ទៀត​ ក្នុង​ពេល​ប្រកួត​ប្រជែង​ ដ៏​ស្រួច​ស្រាវ​ក្នុង​រដូវ​កាល​បោះ​ឆ្នោត​។ យើង​ខ្ញុំ​នៅ​អាស៊ី​សេរី ​ចាត់​ទុក​ កា​គំរាម​កំហែង​បែប​នេះ ជា​ករណី​ធ្ងន់ធ្ងរ​។ ​ទោះជាយ៉ាង​នេះ​ក្តី​ វា​ក៏​មិន​អាច​រំខាន​ ឬ​ រារាំង​អ្នកសារព័ត៌មាន ​និង​ បុគ្គលិក​អាស៊ីសេរី​ ដែល​ក្លាហាន​ មោះ​មុត​ ក្នុង​ការ​បំពេញ ​ភារ​កិច្ច​យក​ព័ត៌មាន​ពិត​ ឥត​លាក់​លៀម ​និង​ មិន​លម្អៀង​ ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​ការ​ព័ត៌​មាន​ពិត​៕

It is beyond reason that authorities would target, harass, and threaten a journalist for doing his job. Vuthy Huot, also known as Chun Chanboth, has not committed any crime. Nor did he misrepresent or conceal his identity as a well-known broadcaster with Radio Free Asia. These recent actions are meant to intimidate him and RFA’s staff during a highly contested election season. We at RFA take these threats seriously. They will not distract or prevent RFA’s brave and courageous journalists and staff from continuing to bring the people of Cambodia the honest, objective, and unbiased news they deserve.

ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​ករណី​អាជ្ញាធរ​ឈូស​ឆាយ​កាំ​ជណ្ដើរ​ផ្ទះ

$
0
0

ប្រជាពលរដ្ឋ​មក​ពី ៣​សហគមន៍ រួម​មាន​សហគមន៍​ទួលសង្កែ​អេ (A) សហគមន៍​ទួលសង្កែ​ប៊ី (B) និង​សហគមន៍​ផ្លូវ​រទេះភ្លើង បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ករណី​អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​ឈូស​ផ្លូវ ហើយ​ប៉ះពាល់​ដល់​ជណ្ដើរ​ផ្ទះ​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​មិន​បាន​យក​ញត្តិ​នោះ​ទៅ​ដាក់​ផ្ទាល់​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ​ទេ ព្រោះ​តំណាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី បាន​ចេញ​មក​ទទួល​ញត្តិ​នៅ​ម្ដុំ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី។

តំណាង​ពលរដ្ឋ​ម្នាក់ លោក ស៊ឹម វីរៈ និយាយ​ថា ពលរដ្ឋ​ចាប់​ផ្ដើម​អស់​ជំនឿ​លើ​អភិបាល​ក្រុង​ភ្នំពេញ។ លោក​ចង់​ឲ្យ​អភិបាល​រាជធានី​គោរព​ការ​សន្យា​ជាមួយ​ពលរដ្ឋ។

ឆ្លើយតប​ចំពោះ​រឿង​នេះ អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង អំពាវនាវ​នៅ​រសៀល​ថ្ងៃ​ទី​២៧ មេសា ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​លើ​សាលា​ក្រុង៖ «ខ្ញុំ​ឃើញ​ព្រឹក​មិញ ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី។ ចឹង​គាត់​នាំ​គ្នា​មក​នៅ​ឡើយ ហើយ​ឯកឧត្តម​អភិបាល​ក៏​បាន​ជួប​គាត់​ហើយ​ថា យើង​នឹង​ដោះស្រាយ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ឲ្យ​គាត់ ដោយ​បែងចែក​អ្នក​ធំ អ្នក​តូច​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​លំនៅឋាន។ នេះ​ជា​ចំណុច​សំខាន់​ណាស់ សូម​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ផង ដើម្បី​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ការ​នឹងនរ​ក្នុង​ចិត្ត ឲ្យ​យល់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន ដែល​លោក​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ សូម្បី​រស់នៅ​ក្នុង​តំបន់​មិន​រៀបរយ​ទទួល​បាន​សិទ្ធិ​លំនៅឋាន និង​ទទួល​បាន​នូវ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ដល់​ពួក​គាត់»

ប្រជាពលរដ្ឋ​ទុក​ពេល​ឲ្យ​អាជ្ញាធរ​មួយ​សប្ដាហ៍ ដើម្បី​ដោះស្រាយ។ ពលរដ្ឋ​ថា ប្រសិន​បើ​សប្ដាហ៍​ក្រោយ អាជ្ញាធរ​រាជធានី​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ទេ ពួក​គេ​នឹង​នាំ​គ្នា​ត្រៀម​តង់ មុង ភួយ ហើយ​ដេក​រង់ចាំ​ដំណោះស្រាយ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ថ្នាក់​ចុះ​បួន​លេខ​នៅ​ឆ្នាំ​២០១៧

$
0
0

អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters without Borders) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់​ចុះ​បួន​លេខ គឺ​ពី​លេខ​រៀង​១២៨ នៅ​ឆ្នាំ​២០១៦ មក​លេខ​រៀង​១៣២ នៅ​ឆ្នាំ​២០១៧។

របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​ដដែល​នេះ​អះអាង​ថា ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ម្យ៉ាង​ទៀត​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បង្កើន​ភាព​ជា​សត្រូវ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ អ្នក​កាសែត​ដែល​រាយការណ៍​ព័ត៌មាន​អំពី​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ច្រើន​តែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ។ មិន​តែ​ប៉ុណ្ណោះ ច្បាប់​បរិហារ​កេរ្តិ៍ ត្រូវ​គេ​ប្រើ​យ៉ាង​ញឹកញាប់ ដើម្បី​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន។

របាយការណ៍​របស់​អ្នក​កាសែត​គ្មាន​ព្រំដែន ក៏​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​អំពី​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ហើយ​បន្ត​ថា សារព័ត៌មាន​ដូចជា​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) និង ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រួម​ទាំង​សារព័ត៌មាន​មួយ​ចំនួន​ទៀត រង​ការ​រិះគន់​ខ្លាំងៗ​ពី​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​រង​ការ​គំរាម​កំហែង​ពី​ជន​អនាមិក។ ប្រទេស​ន័រវេសន៍ (Norway) ជាប់​លំដាប់​លេខ​១ ស្រប​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង ជាប់​លេខ​ចុង​ប៉ូច​គេ គឺ​លេខ​រៀង​១៨០។

ចំណែក​ឯ​របាយការណ៍​របស់​អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ឆ្នាំ​២០១៦ បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ថា “Not Free” ឬ​គ្មាន​សេរីភាព។ អង្គការ​នេះ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន អាច​រក្សា​អំណាច​បាន​ជាង ៣០​ឆ្នាំ​មក​នេះ ក៏​ដោយសារ​តែ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​របស់​រដ្ឋ និង​ឯកជន​ស្ទើរ​តែ​ទាំងស្រុង។ អង្គការ​នេះ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​២០១៦ ថា ប្រទេស​កម្ពុជា មាន​កាសែត និង​ទស្សនាវដី្ត​ប្រហែល ២០ ស្ថានីយ​ទូរទស្សន៍ ១៨ និង​ស្ថានីយ​វិទ្យុ​ប្រហែល ១៧៥ កំពុង​ដំណើរការ។ ប៉ុន្តែ​បណ្ដាញ​ព័ត៌មាន​ទាំងនេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​រង​ឥទ្ធិពល​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live