Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលករ​ខ្មែរ​ដែល​សម្រុក​ចូល​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ​ត្រូវ​អាជ្ញាធរ​ព្រំដែន​ច្រក​ដូង​ទារ​លុយ

$
0
0

តំណាង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក ស៊ុន សីហា បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៧ មេសា​មក ពលករ​ខ្មែរ នាំគ្នា​ចេញពី​ស្រុកកំណើត​រៀងៗ​ខ្លួន សម្រុកចូល​ទឹកដី​ថៃ​វិញ​រាប់ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ ក្រោយពី​ពិធី​ចូល​ឆ្នាំ​ថ្មី​បាន​បញ្ចប់​ភ្លាមៗ កាលពី​ថ្ងៃ​ទី​១៦ មេសា មក តាម​ច្រក​ព្រំដែន​ដូង ឬ​ច្រក​បានឡែម ក្នុង​ខែត្រ​បាត់ដំបង និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខែត្រ​បន្ទាយមានជ័យ។

លោក សីហា បញ្ជាក់​ថា ការ​វិល​ត្រលប់​មក​ថៃ​វិញ​នេះ មន្ត្រី​នគរបាល​ច្រក​ដូង តម្រូវ​ឱ្យ​ពលករ​ទិញ​សំបុត្រ​ចូល​ម្នាក់​តម្លៃ ១​ពាន់​រៀល​ទេ ប៉ុន្តែ​ពេល​ដូរ​ចូល​ទឹកដី​ខ្មែរ​មាន​មនុស្ស​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ពេល​ដើរចូល​ទឹកដី​ថៃ តម្រូវ​ឱ្យ​បង់លុយ​ម្នាក់​៦០​បាត ឬ​ស្មើ​៦​ពាន់​រៀល​ទៀត​។ លោក​បន្ថែម​ថា បុគ្គល​ដែល​តម្រូវ​ឱ្យ​ពលករ​បង់លុយ​នោះ​និយាយ​ភាសា​ខ្មែរ និង​ស្លៀក​ស៊ីវិល៖ «មកដល់​ច្រក​ដូង​ហ្នឹង គឺ​ទិញ​ពី​មន្ត្រី​អន្តោប្រវេសន៍​ខ្មែរ មក​ដល់​ទឹកដី​ថៃ មាន​មន្ត្រី​ខ្មែរ​ផង ថៃ​មក​ប្រាប់​ពលករ​ឱ្យ​បង់លុយ​ម្នាក់​៦០​បាត មិន​ដឹង​ជា​ថ្លៃ​អ្វី ហើយ​មិន​ឱ្យ​ពលករ​ប្រើ​ទូរ​សព្ទ​ដៃ ឬ​ថតរូប​អ្វី​នោះ​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ច្រក​ដូង ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ ជុំវិញ​ការ​ចោទប្រកាន់​នេះ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​១៨ មេសា។

កាល​ពី​មុន​ចូល​ឆ្នាំថ្មី ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​រាប់ពាន់​នាក់ ដណ្ដើម​គ្នា​សម្រុក​ឆ្លងដែន​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង​ក្នុង​ខេត្ត​បាត់ដំបង និង​ច្រក​ព្រំដែន​អន្តរជាតិ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រឡប់​ទៅ​ឱ្យ​ទាន់​លេង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ប៉ុន្តែ​ពេលនោះ ពលករ​ត្អូញត្អែរ​ថា ប៉ូលិស​ខ្មែរ​យក​លុយ​ពួកគាត់​ម្នាក់​១០០​បាត ឬ​ស្មើ​១​ម៉ឺន​រៀល និង​ប៉ូលិស​ថៃ​ប្រចាំ​ច្រកព្រំដែន យក​លុយ​ក្រៅផ្លូវការ​ពី​ពួកគាត់​ម្នាក់ ២០០​បាត ឬ​ស្មើ​២​ម៉ឺន​រៀល​ទៀត ដើម្បី​ជា​ថ្នូរ​បើក​ឱ្យ​ឆ្លងដែន​ទៅលេង​ស្រុកកំណើត ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ បាន​ប្រកាស​មិន​អនុញ្ញាតិ​ឱ្យ​យក​លុយ​ក្រៅផ្លូវការ​បែប​នេះ​ក្ដី។

ពល​ការិនី​ម្នាក់​មាន​ស្រុកកំណើត​នៅ​ខែត្រ​បាត់ដំបង អ្នកស្រី អ៊ួ វាសនា បញ្ជាក់​ថា អ្នកស្រី វិល​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ភ្លាមៗ កាល​ថ្ងៃ​ទី​១៨ មេសា ក្រោយពី​បាន​ជួបជុំ​ក្រុម​គ្រួសារ បងប្អូន នៅ​ឯ​ស្រុកកំណើត ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី មិន​អាច​បង្អង់​យូរ​នៅ​ស្រុកកំណើត​ទេ ត្រូវ​ទៅ​ធ្វើ​ការ​វិញ ដោយសារតែ​កត្តា​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ហើយ​នៅ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តើ​មរតក​អ្វី​ខ្លះ ដែល​សាលាក្ដី​ខ្មែរក្រហម បាន​បន្សល់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ?

$
0
0

សាលាក្ដី​ខ្មែរក្រហម ​ ត្រូវ​បាន​​បង្កើត​ឡើង ២៧ឆ្នាំ ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។ គោល​បំណង​នៃ​ការ​បង្កើត​សាលាក្ដី​កូន​កាត់​នេះ គឺ​ដើម្បី​ផ្ដន្ទាទោស អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​ជន​ទាំង​ឡាយ ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋ​កម្ម​ កាល​សម័យ​នោះ។

រហូត​មកដល់ពេលនេះ សាលាក្ដី​កូន​កាត់​នេះ បើក​ដំណើរ​ការ​កាត់​ក្តី អស់​រយៈ​ពេល​ ១៣ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០លាន​ដុល្លារ។

សាលាក្ដី​ខ្មែរ​ក្រហម ឬ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បន្សល់ទុក​នូវ​មរតក​វិជ្ជមាន និង អវិជ្ជមាន។ ចំណុចវិជ្ជមាន ដែល​លេច​ធ្លោ​ជាង​គេ គឺ​ការ​ផ្ដល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ប្រទេស អាច​ចូល​រួម​ នៅ​ក្នុង​ដំណើរការ​ក្តី​នេះ ដោយសារ​តែ​សាលាក្ដី​ខ្មែរ​ក្រហម មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​កន្លែង​បទ​ឧក្រិដ្ឋកម្ម​កើត​ឡើង។ ជាង​នេះ​ទៅទៀត ដំណើរ​ការ​កាត់​ក្តី ត្រូវ​ធ្វើ​ឡើង​ភាគ​ច្រើន​ជា​ភាសា​ខ្មែរ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ និង​សារ​ព័ត៌មាន​ក្នុង​ស្រុក។

មិន​តែប៉ុណ្ណោះ ការ​បំពេញការងារ​របស់​បុគ្គលិក​ជាតិ​ មាន​ទាំង​មន្ត្រី​រដ្ឋបាល មេធាវី មន្ត្រី​ច្បាប់ ព្រះរាជអាជ្ញា និង ចៅក្រម​ជា​ដើម ជាមួយ​នឹង​ភាគី​អន្តរជាតិ ដែល​មាន​បទពិសោធន៍​កម្រិត​អន្តរជាតិ ធ្វើឲ្យ​មន្ត្រី​ខ្មែរ មាន​ឱកាស​កសាង​សមត្ថភាព​របស់​ខ្លួន ក្នុង​វិស័យ​នេះ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​លោក នេត្រ ភក្ត្រា ចាត់​ទុក​ចំណុច​នេះ​ថា ជា​ចំណុច​ល្អ មាន​ប្រយោជន៍​ដល់​ភាគី​កម្ពុជា​នៃ​សាលាក្ដី៖ «យើង​ផ្ដោត​ទៅលើ​កេរដំណែល​ល្អៗ របស់​តុលាការ​នៅ​ក្នុង​ការ​ពង្រឹង​ នូវ​សមត្ថភាព​របស់​មន្ត្រី​ ដែល​បំពេញការងារ​នៅ​តុលាការ​ ផ្ដល់​នូវ​បទពិសោធន៍​ទៅ​ដល់​មន្ត្រី​នៅ​តុលាការ​ថ្នាក់​ជាតិ ទាំង​ការ​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល និង​បទពិសោធន៍​សរសេរ​សាលក្រម និង​ការ​ស៊ើបអង្កេត​ជា​ដើម។ មួយវិញទៀត គឺ​ការ​ចូល​រួម​ក្នុង​ការ​ចូល​រួម​ស្វែង​រក​ការពិត​ និង​យុត្តិធម៌ និង ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា អំពី​របប​ឃោរឃៅ​ខ្មែរ​ក្រហម ដើម្បី​ធ្វើ​ម៉េច កុំ​ឲ្យ​របប​នេះ​កើត​ឡើង​ជា​ថ្មី​នៅ​កម្ពុជា​ទៀត»

បន្ថែម​ទៅ​លើ​នេះ អតីត​មន្ត្រី​សម្របសម្រួល​កម្មវិធី នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​លោក ឡុង បញ្ញាវុធ ដែល​ធ្លាប់​ឃ្លាំមើល​ដំណើរការ​ក្ដី​នៅ​សាលាក្ដី​ខ្មែរក្រហម យល់​ឃើញ​ថា ចំណុច​វិជ្ជមាន​របស់​សាលាក្ដី​នេះ គឺ​ការ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស គំរូ​រដ្ឋបាល​តុលាការ ជា​សារ​រម្លឹក​ដល់​មេដឹកនាំ​បច្ចុប្បន្ន សិទ្ធិ​ជន​ជាប់​ចោទ និង​ផល​ប្រយោជន៍​សាកល។ លោក​កត់​សម្គាល់​បន្ថែម​ថា ឥទ្ធិពល​នៃ​ការ​បង្កើត​សាលាក្ដី​ខ្មែរ​ក្រហម​នេះ ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ អំពី​ប្រវត្តិសាស្ត្រ​ពិត នៃ​របប​ខ្មែរ​ក្រហម នៅ​តាម​សាលា​រៀន៖ «ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ តាំង​ពី​ឆ្នាំ១៩៩២ ដល់​ឆ្នាំ២០០៨ មិន​ត្រូវ​បាន​គេ​បង្រៀន នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា​ទេ។ ប៉ុន្តែ តាម​រយៈ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ កម្មវិធី​បង្រៀន​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា»

ទោះ​ជា​យ៉ាង​នេះ​ក្តី សាលាក្ដី​នេះ ក៏​បន្សល់​ទុក​នៅ​កេរ​មរតក​មិន​ល្អ​ជា​ច្រើន​ដែរ។ ទោះបីជា​ ក្នុង​ដំណើរ​ការ​រក​យុត្តិធម៌​ព្រហ្មទណ្ឌ សាលាក្ដី​ខ្មែរ​ក្រហម មាន​តួនាទី​កំណត់​ថា តើ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​ណា​ខ្លះ ជា "មេ​ដឹក​នាំ​ជាន់​ខ្ពស់" ហើយ​នរណា​ដែល​ជា "អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត "ក្នុង​ឧក្រិដ្ឋកម្ម​នា​ពេល​នោះ រហូត​មក​ដល់​ពេល​នេះ មាន​តែ​មនុស្ស​បី​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​តុលាការ​នេះ ជំនុំជម្រះ​ក្តី និង​ផ្ដន្ទាទោស។

ជា​និច្ច​កាល លោក ហ៊ុន សែន តែង​តែ​ថ្លែង​សារ​នយោបាយ ដែល​ជ្រៀតជ្រែក​ដល់​កិច្ចការ​តុលាការ ព្រោះ​លោក​គំរាម​បិទ​សាលាក្ដី បើ​ហ៊ាន​កាត់​ក្ដី​អតីត​មេ​ខ្មែរ​ក្រហម ច្រើន​លើស​ពី​សំណុំរឿង​ ០០១ និង ០០២ បច្ចុប្បន្ន។ ជា​លទ្ធផល​សំណុំរឿង ០០៣ និង ០០៤ ជួប​ឧបសគ្គ​ជា​​ច្រើន ដោយសារ​តែ​ខ្វះ​ការ​សហការ​ពី​ភាគី​ជាតិ។ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ជា​បន្ត​បន្ទាប់​បាន​លា​ឈប់​ពី​សាលាក្ដី ដោយសារ​តែ​បញ្ហា​ជ្រៀត​ជ្រែក​ខាង​នយោបាយ​នេះ។

ថ្មីៗ នេះ​ទៀត​សោត រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខាង បាន​ថ្លែង​សា​ជាថ្មី បញ្ជាក់​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​គំរាម​តុលាការ​នេះ​ តាំងពី​ដើម​រៀង​មក។ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ លោក ស ខេង ចេញ​មុខ​អារ​កាត់​ជំនួស​សាលាក្ដី​ខ្មែរក្រហម ថា​ក្រោយ​កាត់​ក្តី​លោក នួន ជា និង ខៀវ សំផន គឺ​បិទ​សំណុំ​រឿង៖ «មុខ​សញ្ញា​ដែល​ត្រូវ​នាំ​មក​កាត់​ទោស​អត់​មាន​ទៀត​ទេ ពី​ព្រោះ​ថា ការ​កំណត់​ជា​គោល​នយោបាយ និង​គោល​ការណ៍​របស់​យើង​ គឺ​ថា អ្នកដឹកនាំ​ជាន់ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ មុខ​សញ្ញា​ពីរ​ហ្នឹង។ ឥឡូវ​នេះ​យើង​បាន​ដំណើរ​ការ​ចប់​សព្វគ្រប់ ហើយ​មិន​មាន​អី​ទៀត​ទេ»

តាម​ពិត ដំណើរ​ការ​ក្តី​ មិន​ទាន់​ចប់​សព្វគ្រប់​ ដូច​លោក ស ខេង អះអាង​នោះ​ទេ។ តាំង​ពី​ដំបូង​ទី​ឯ​ណោះ ភាគី​អន្តរជាតិ ទាមទារ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម លើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ផ្សេង​ទៀត ដោយ​ផ្ដើម​នីតិវិធី​ក្នុង​សំណុំរឿង ០០៣ និង ០០៤។ ប៉ុន្តែ ដោយសារ​តែ​ជំហរ​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ ទើប​ធ្វើឲ្យ​ដំណើរ​ការ​ក្តី​ ក្នុង​សំណុំ​ទាំង​ពីរ​នេះ ជួប​ឧបសគ្គ​យ៉ាង​ខ្លាំង។

ជំហរ​រដ្ឋាភិបាល​ក្នុង​ការ​ថ្លែង​សារ ដែល​ជ្រៀត​ជ្រែក​ដល់​កិច្ចការ​តុលាការ​នេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ ដោយសារ​តែ​មន្ត្រី​តុលាការ​ នៃ​​អង្គ​ជំនុំជម្រះ​នីមួយៗ ភាគច្រើន​​ជាមន្រ្តី​ជាតិ និង​ជា​មនុស្ស​របស់​របប​លោក​ ហ៊ុន សែន។ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា សញ្ញាណ​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ទន់​ខ្សោយ នៃ​នីតិរដ្ឋ ដោយសារ​តែ​អំណាច​ទាំង​បី បែង​ចែក​គ្នា​មិន​ដាច់ ដោយសារ​សម្ពាធ​រដ្ឋាភិបាល៖ «តាម​ពី​កាល​ណា​មាន​ករណី ទៅ​ដល់​តុលាការ​ហើយ គឺ​អ្នក​នយោបាយ​ក្នុង​នីតិប្រតិបត្តិ ក្នុង​ជួរ​រដ្ឋាភិបាល គួរ​នៅ​ស្ងៀម​ស្ងាត់​ កុំ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ព្រោះ​វា​ប៉ះ​ពាល់​ដល់​ឯករាជ្យ​ភាព​តុលាការ»

ភាព​មិន​ចេះ​នៅ​ស្ងៀម​ស្ងាត់​របស់​រដ្ឋាភិបាល​នេះ បន្ត​ដល់​រាលដាល​ដល់​ការរារាំង មិន​ឲ្យ​មន្ត្រី​នៃ​របប​នេះ ចូល​ខ្លួន​ទៅ​បំភ្លឺ​ តាម​ការ​កោះ​ហៅ​របស់​តុលាការ​ថែម​ទៀត​ផង។ កាល​ពី​ខែ​តុលា ឆ្នាំ២០០៩ ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ បាន​កោះ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ ៦នាក់ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ។ អ្នក​ទាំង​នោះ រួម​មាន លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក ស៊ីម កា សមាជិក​ព្រឹទ្ធ​សភា និង​លោក អ៊ុក ប៊ុនឈឿន ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា។

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​នៅ​ពេល​នោះ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​កោះ​អញ្ជើញ​នេះ ដោយ​មាន​ប្រសាសន៍​ថា ជំហរ​រាជ​រដ្ឋាភិបាល គឺ​មិន​ព្រម​ជា​ដាច់ខាត លើក​លែង​តែ​អ្នក​ទាំង​នោះ​ស្ម័គ្រ​ចិត្ត​ទៅ​ផ្ដល់​សក្ខីកម្ម​ក្នុង​តុលាការ​ខ្មែរ​ក្រហម។ លោក​ថែម​ទាំង​ព្រមាន​ ឲ្យ​មន្ត្រី​បរទេស​នៃ​តុលាការ​ខ្មែរ​ក្រហម​ណា​ ​ដែល​មិន​ពេញ​ចិត្ត​នឹង​ជំហរ​នេះ ឲ្យ​វេច​បង្វេច​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ថែម​ទៀត​ផង។

ការ​​បំពាន​ដីកា​កោះ​របស់​តុលាការ​នេះ ដែល​បើ​តាម​ច្បាប់​ត្រូវ​មាន​ទោស​ ប៉ុន្តែ សាលាក្ដី​ខ្មែរក្រហម ​ មិន​ហ៊ាន​ចាត់​វិធានការ​អ្វី ​ទៅលើ​មន្ត្រី​ទាំង​នោះ​ដែរ ដោយសារ​តែ​លោក ហ៊ុន សែន កាង​ការពារ។

លោក ឡុង បញ្ញាវុធ សម្ដែង​ការ​សោក​ស្ដាយ ដែល​សាលាក្ដី​នេះ ខក​ខាន​ក្នុង​ការ​រក្សា​សុចរិត​ភាព​នៃ​ភាព​ឥត​លម្អៀង​របស់​ខ្លួន៖ «សូម្បី​តែ​សាលាក្ដី​ខ្លួន​ឯង​ក៏ដោយ មិនបាន​ធ្វើ​ជា​ភាព​គំរូ​នូវ​ក្នុង​ការ​ធានា​បាន​ នូវ​ភាព​ឯករាជ្យ និង​សុចរិត​ភាព ក្នុង​ដំណើរការ​ចោទ​ប្រកាន់ ដំណើរការ​ស៊ើបអង្កេត​ និង ដំណើរការ​ជំនុំជម្រះ»

ដំណើរការ​ជំនុំជម្រះ​ក្តី​នេះ មាន​អង្គហេតុ​ច្រើន ដែល​តុលាការ​នេះ មិន​អាច​យក​មក​ជំនុំជម្រះ​ឲ្យ​អស់​ទេ ដោយសារ​តែ​យុត្តាធិការ​ពេល​វេលា។ តុលាការ​នេះ មាន​សមត្ថកិច្ច​ពិនិត្យ​មើល​តែ​បទឧក្រិដ្ឋ ដែល​កើត​មាន​នៅ​ចន្លោះ​ឆ្នាំ១៩៧៥ និង ១៩៧៩ ប៉ុណ្ណោះ។ ប្រការ​នេះ ធ្វើ​ឲ្យ​លោក នួន ជា ចាត់ទុកថា ជា​ការ​មិន​ផ្ដល់​យុត្តិធម៌ ផ្នែក​ប្រវត្តិសាស្ត្រ​ទេ។ លោក នួន ជា ប្រៀបធៀប​អ្វី​ដែល​កើត​ឡើង ដូច​ជា​សត្វ​ក្រពើ​មួយ​ទាំង​មូល។ ប៉ុន្តែ តុលាការ​​យក​តែ​ក្បាល និង​កន្ទុយ​មក​និយាយ។ លោក​ទាមទារ​ឲ្យ​ពិនិត្យ​មើល​តួខ្លួន​ក្រពើ​ទាំងមូល ដោយ​ពិនិត្យ​មើល​អង្គហេតុ ដែល​កើត​ឡើង ដូច​ជា ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក មុន​ឆ្នាំ១៩៧៥ ផង។

ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក ខៀវ សំផន ឯ​ណោះ ក៏​មិន​ពេញចិត្ត​ទៅ​នឹង​ការ​មិន​បញ្ចូល​អង្គហេតុ​ជា​ច្រើន ទៅ​ក្នុង​ការ​កាត់​ក្ដី​នេះ​ដែរ។ ម្យ៉ាង​វិញទៀត សហ​មេធាវី​ជាតិ​ការពារ​ក្តី​លោក ខៀវ សំផន គឺ​លោក គង់ សំអុន ថា រឿង​ក្ដី​នៅ​សាលាក្ដី​ខ្មែរក្រហម រង​ឥទ្ធិពល​នយោបាយ​ច្រើន ដែល​ពិបាក​រក​ចៅក្រម មក​សម្រេច​ក្ដី​ដោយ​ឈរ​លើ​សច្ច​យុត្តិធម៌​ពិត​ប្រាកដ​បាន​ណាស់។ លោក​បន្ថែម​ថា តុលាការ​កាត់​ក្ដី​បែប​សង្ខេប​ច្រើន ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ជន​ជាប់​ចោទ ជា​ពិសេស​ការ​ខកខាន ​ក្នុង​ការ​ប្រឹង​ប្រែង​រក​ភស្តុតាង​សម្រាល​បន្ទុក​ជនជាប់ចោទ៖ «ពី​ព្រោះ​កាល​ណា យើង​ស្វែង​រក​យុត្តិធម៌ គឺ​ត្រូវ​រក​ភស្តុតាង​ដាក់​បន្ទុក និង​ដោះ​បន្ទុក។ ប៉ុន្តែ និន្នាការ​របស់​យើង​នេះ គឺ​ភាគ​ច្រើន គឺ​ទំនោរ​ជា​ទូទៅ គឺ​យើង​រក​តែ​ដាក់​បន្ទុក​ទេ»

លើស​ពី​នេះ​ទៅ​ទៀត បញ្ហា​អំពើ​ពុករលួយ បាន​ញាំញី​សាលាក្ដី​ខ្មែរ​ក្រហម​នេះ ដោយសារ​តែ​អតីត​ប្រធាន​រដ្ឋបាល នៃ​ភាគី​ជាតិ​ គឺ​លោក ស៊ាន វិសុទ្ធ រង​ការ​ចោទប្រកាន់ ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ ដោយ​យក​លុយ​ពី​​បុគ្គលិក​ប្រចាំ​ខែ ជា​ថ្នូរ​នឹង​ការ​បាន​បន្ត​ការងារ​នៅ​សាលាក្ដី​ខ្មែរក្រហម។ លោក ស៊ាន វិសុទ្ធ បាន​ប្រកែក​ចំពោះ​បញ្ហា​នេះ។

ការិយាលយ័​ត្រួត​ពិនិត្យ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក បាន​ពិនិត្យ​មើល​បញ្ហា​នេះ បន្ទាប់​ពី​មាន​បណ្ដឹង​ពី​បុគ្គលិក​ខ្មែរ។ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បាន​បង្កក​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ខ្មែរ ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ចំនួន​ ជាង ៧០ម៉ឺន​ដុល្លារ​អស់​មួយ​រយៈ​កាល​ពី​ពេល​នោះ មុន​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​នេះ។ ក្រោយ​មក​មន្ត្រី​ផ្នែក​បុគ្គលិក ខាង​ភាគី​ជាតិ​ជា​ច្រើន រួម​ទាំង​ប្រធាន​បុគ្គលិក​ផង ត្រូវ​បាន​ដកចេញ​ពី​ការងារ។

លោក ស៊ាន វិសុទ្ធ បាន​សម្រាក​ពី​ការងារ​ ដោយ​ហេតុផល​ព្យាបាល​ជំងឺ តាំង​ពី​ពេល​នោះ​មក។ លោក​សម្រាក​ពី​ការងារ ដោយ​ហេតុផល​នេះ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ២០០៨ មក​ម្ល៉េះ ដោយ​ទុក​តំណែង​ប្រធាន​រដ្ឋបាល​​នេះ ឲ្យ​នៅ​ទំនេរ​ជាង ១០ឆ្នាំ​មក​ហើយ។

ជុំវិញ​ការ​ចូលរួម​របស់​ជនរងគ្រោះ ដែល​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ឯ​ណោះ​វិញ ទោះ​បី​ច្បាប់​ចែង​ថា ​ជន​រង​គ្រោះ​ គឺ​ជា​ភាគី​សំខាន់​មួយ ក្នុង​នីតិវិធី​តុលាការ​យ៉ាង​ណា​ក្តី ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ជន​រង​គ្រោះ នៅ​មាន​ភាព​ឆក​ល្វែង​ច្រើន។ មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​លោក ហុង គឹមសួន លើក​ឡើង​ថា ក្រុម​មេធាវី​របស់​លោក មិន​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ជា​ច្រើន​ឆ្នាំ មក​ហើយ។ ការ​គ្មាន​ថវិកា​ឧបត្ថម្ភ​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ប្រយោជន៍​របស់​កូន​ក្តី។ ជាង​នេះ​ទៅ​ទៀត ទម្រង់​សំណង​ផ្លូវ​ចិត្ត និង​សំណង​បែប​សមូហភាព ពិបាក​ឲ្យ​ជនរងគ្រោះ​ទទួលយក​បាន​ណាស់ ព្រោះ​តុលាការ​ថា​ផ្ដល់​សំណង​ទាំង​នេះ ក៏​មិន​ទាន់​ឃើញ​ការ​សង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ឲ្យ​បាន​នៅកន្លែង​ផ្សេង ក្រៅ​តែ​ពី​នៅ​គុក​ទួល​ស្លែង​នោះ​ដែរ៖ «ធ្វើ​តែមួយ​ហ្នឹង​ ដល់​ហើយ​ដើម​បណ្ដឹង​ថា ធ្វើ​នៅ​ទីនោះ បាន​ផល​តែ​ទៅ​គណៈកម្មការ​នៅ​ទី​នោះ​ទៅ​វិញ តាម​ការ​យល់​ឃើញ​របស់​ពួក​គាត់»

រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរ​ក្រហម​បើក​ដំណើរ​ការ​កាត់​ក្ដី​អស់​រយៈ​ពេល​ជាង ១៣ឆ្នាំ​ហើយ និង ចំណាយ​ថវិកា​អស់​ជាង ៣០០លាន​ដុល្លារ ដែល​ស្ទើរ​តែ​ទាំង​អស់​ បាន​ពី​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ម្ចាស់​ជំនួយ នៃ​សហគមន៍​អន្តរជាតិ។ ជា​លទ្ធផល សាលា​ក្ដី​នេះ បាន​កាត់​ទោស​ឲ្យ​អតីត មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំ​រឿង ០០១ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ វិញ ក៏​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែរ។

ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ពីរ​ផ្សេង​ទៀត គឺ​សំណុំ​រឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ​លោក មាស មុត និង​សំណុំ​រឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ​លោក អោ អាន និង យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ២០១៦។ នីតិវិធី​បន្ត​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​នេះ​ នៅ​មិន​ទាន់​បិទ​បញ្ចប់​ជា​ស្ថាបពរ​ នៅ​ឡើយ​ទេ។ ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស ដោយសារ​តែ​ជំហរ​របស់​រដ្ឋាភិបាល ​មិន​ចង់​ឲ្យ​មាន​ការ​កាត់​ក្តី​បន្ថែម។

អ្នកវិភាគ​គោល​នយោបាយ និង​ជា​សាស្ត្រាចារ្យ​ផង​ថា សាលាក្ដី​នេះ គួរ​តែ​នាំ​ខ្លួន​មនុស្ស​មក​កាត់​ទោស​បន្ថែម​ទៀត។ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ការទូត និង​ពិភពលោក នៃ​សាកលវិទ្យាល័យ អុកស៊ីដិនថល (Occidental College) នៅ​ទីក្រុង ឡូស អែនជីឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក លោក​បណ្ឌិត អៀ សុផល ថា គ្មាន​ទេ​យុត្តិធម៌ ក្នុង​ការ​កាត់​ក្ដី​អតីត​មេ​ខ្មែរក្រហម នៅ​ពេល​ដែល​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម កំពុង​កាន់​អំណាច​បែប​នេះ​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា ស្រមោល​យុត្តិធម៌​ ឬ Justice Façade លោក អាឡិចសែនឌើរ ហិនថុន (Alexander Hinton) ថា ការ​ទទួល​យក​បាន​ប៉ុន​ណា ចំពោះ​យុត្តិធម៌ ដែល​សាលាក្ដី​ខ្មែរក្រហម​ផ្តល់​ឲ្យ​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ជា​អ្នក​វិនិច្ឆ័យ។ លោក​យល់​ស្រប​តាម​ប្រសាសន៍​របស់​អតីត​ប្រធាន​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម គឺ​លោក រាជ សម្បត្តិ ដែល​លើក​ឡើង​ថា បើ​មិន​បាន​យុត្តិធម៌​ពេញលេញ ដូច​ការ​ចង់​បាន​ក៏​ដោយ ក៏​គ្រាន់​បើ​ជាង​អត់​មាន​យុត្តិធម៌​សោះ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​អាជ្ញាធរ​ឱ្យ​ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

$
0
0

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​មាន​ការ​​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ ដោយ​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ ក្រសួង​យុត្តិធម៌​ថា អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ ក៏​ប៉ុន្តែ​ដំណាក់​កាល​ដំបូង​នេះ អាជ្ញាធរ​ផ្ដោត​អាទិភាព​លើ​សំណុំ​រឿង​ជន​ជាប់​ឃុំ​ជា​ស្ត្រី។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ស្ថាន​ភាព​ចង្អៀត​ណែន​តាម​បណ្ដា​ពន្ធនាគារ​ទូទាំង​ប្រទេស នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។ លោក​បន្ត​ថា ​បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​តុលាការ​រាជធានី​ខេត្ត​ ពន្លឿន​នីតិវិធី​ជន​ជាប់​ឃុំ​ក្តី​ ក៏​ដំណោះ​ស្រាយ​នេះ​នៅ​មាន​ភាព​យឺត​យ៉ាវ​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​កំណើន​អ្នក​ជាប់​ឃុំ​បាន​នោះ​ឡើយ៖ «ទោះបី​ជា​គណៈកម្មការ​ថ្នាក់​ជាតិ​ហ្នឹង​ខំ​ធ្វើ​ម៉េច​ឱ្យ​តុលាការ​រាជធានី​ខេត្ត​ពន្លឿន​នីតិវិធី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​នៅ​តែ​មើល​ឃើញ​ថា ដំណើរ​ការ​នៅ​តែ​មា​ន​ការ​យឺតយ៉ាវ​នៅឡើយ។ អ៊ីចឹង​ភាព​យឺតយ៉ាវ​ហ្នឹង​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ទទួល​ស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​ពន្ធនាគារ និង​ពង្រីក​បន្ទប់​ឃុំ​ឃាំង​បន្ថែម ក៏​ប៉ុន្តែ​លោក​ថា នេះ​មិន​មែន​ជា​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​។ លោក​ថា ដំណោះស្រាយ​ល្អ​បំផុត​នោះ គឺ​តុលាការ​គ្រប់​ជាន់ថ្នាក់ ត្រូវ​តែ​ពន្លឿន​នីតិវិធី ដោយ​ចាត់​អាទិភាព​ទៅតាម​ភាព​ធ្ងន់​ស្រាល​នៃ​សំណុំ​រឿង​នីមួយៗ។

ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ បាន​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ ចាប់​ពី​ឆ្នាំ២០១៧ មក បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់។ ចំនួន​អ្នក​ជាប់​ឃុំ​​ដោយសារ​បទល្មើស​គ្រឿង​ញៀន​បាន​កើន​ឡើង​យ៉ាង​គំហុក​ បូក​រួម​ទាំង​ភាព​យឺត​នៃ​ការ​អនុវត្ត​នីតិវិធី​លើ​រឿង​ក្តី​នីមួយៗ​ផង ធ្វើ​ឱ្យ​ស្ថាន​ភាព​ចង្អៀត​ណែន ​​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។

អគ្គនាយករង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ថ្លែង​ថា ចំនួន​អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើ​ង​ដល់​ជាង ៣ម៉ឺន ១ពាន់​នាក់ ក្នុង​នោះ​អ្នក​ត្រូវ​បាន​កាត់​ទោស​រួច​មាន​ប្រមាណ ៣០% ហើយ​ក្រៅ​ពី​នេះ​សុទ្ធ​សឹង​ជា​អ្នក​រង់​ចាំ​នីតិវិធី​តុលាការ។ លោក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជាប់​ឃុំ​ជាង ៥០% មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន។ លោក​បន្ត​ថា ដំណោះ​ស្រាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ការ​ពង្រីក​បន្ថែម​បន្ទប់​ឃុំ​ឃាំង និង​កន្លែង​សម្រាក​សម្រាប់​ជន​ជាប់​ឃុំ ចំណែក​ការ​ដោះ​ស្រាយ​យ៉ាង​ណា​ទៀត​នោះ គឺ​ស្ថិត​នៅ​លើ​តុលាការ៖ «ចំនួន​សំណុំ​រឿង​ដូច​ជា​មាន​ច្រើន​ដែរ ទាំង​រឿង​រដ្ឋប្បវេណី ទាំង​រឿង​ព្រហ្មទណ្ឌ​ ហើយ​លទ្ធភាព​នៃ​ការ​សម្រួល​នីតិវិធី ការ​កាត់​ក្តី ជំនុំជម្រះ​អី​ហ្នឹង ក៏​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​ហ្នឹង​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា ដំណើរ​ការ​ហ្នឹង​វា​រាង​យឺត​ទៅ ដល់​ពេល​អ្នក​ថ្មី​ចូល​មក​ថែម​ទៀត អត្រា​អ្នក​ដែល​អត់​ទាន់​កាត់​ទោស​ហើយ​ហ្នឹង វា​កាន់​តែ​កើន។ អា​ហ្នឹង​វា​អាស្រ័យ​ទៅ​លើ​ខាង​ស្ថាប័ន​តុលាការ មិន​មែន​ខាង​ខ្ញុំ​ទេ»

មន្ត្រី​ជំនាញ​រូប​នេះ ​ឱ្យ​ដឹង​បន្ថែម​ថា ស្ថានភាព​ចង្អៀត​ណែន​នេះ ក៏​បង្ក​ការ​លំបាក​សម្រាប់​មន្ត្រី​ពន្ធនាគារ​ផង​ដែរ ដោយ​ចំនួន​អនុរក្ស​ពន្ធនាគារ មិន​សមាមាត្រ​នឹង​ចំនួន​អ្នក​ជាប់​ឃុំ។ តួ​យ៉ាង​ដូច​ជា​នៅ​ពន្ធនាគារ​ព្រៃស​ជា​ដើម​ ដែល​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ត្រូវ​មើល​ការ​ខុស​ត្រូវ​អ្នក​ជាប់​ឃុំ​ជាង ៣០នាក់ ខុស​ពី​ស្តង់ដារ​​កំណត់ ដែល​អនុរក្ស​ពន្ធនាគារ​ម្នាក់​ត្រូវ​មើល​ការ​ខុស​ត្រូវ​អ្នក​ជាប់​ឃុំ​តែ ៦នាក់​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែង​ថា ជា​ដំណោះស្រាយ​បន្ទាន់ អាជ្ញាធរ​ផ្ដោត​អាទិភាព​ទៅ​លើ​ការ​ពន្លឿន​សំណុំ​រឿង​ជន​ជាប់​ឃុំ​ជា​ស្ត្រី និង​អនីតិជន​ជាមុន​សិន ដោយ​ផ្អែក​លើ​គោល​ការណ៍​មនុស្ស​ធម៌។ ចំពោះ​សំណុំ​រឿង​ទូទៅ​វិញ លោក​ថា អាជ្ញាធរ​នៅ​ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​ដោះស្រាយ ព្រោះ​ត្រូវ​រៀប​ចំ​យន្ត​ការ​ជា​ច្រើន៖ «ការ​បង្កើត (សាលា) ឧទ្ធរណ៍​តំបន់​ដើម្បី​ដោះ​ស្រាយ​ភាព​កក​ស្ទះ​នៃ​សំណុំ​រឿង​នៅ​តាម​តុលាការ ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​តុលាការ ការ​បង្កើន​ធនធាន​មនុស្ស​បន្ថែម​ទៀត​នៅ​តាម​តុលាការ និង​ការ​អនុវត្ត​ទោស​មួយ​ចំនួន​មិន​មែន​ពន្ធនាគារ ដូច​ជា ទោស​សហគមន៍ ជា​ដើម រួម​ទាំង​ការ​កសាង​ពន្ធនាគារ​បន្ថែម​ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ ក៏​អាច​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​នេះ​បាន​ដែរ។ អ៊ីចឹង​ជា​ទិសដៅ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត យើង​ត្រូវ​រៀប​ចំ​យន្ត​ការ​ធំៗ ទាំង​អស់​នេះ ហើយ​យើង​មិន​អាច​កំណត់​ថា ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​ច្បាស់​លាស់​នោះ​ទេ ពី​ព្រោះ​ជា​យន្តការ​ដែល​យើង​កំពុង​តែ​ធ្វើ​ ហើយ​ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត»

ទោះ​ជា​យ៉ាង​ណា អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក អំ សំអាត មើល​ឃើញ​ថា ដំណោះស្រាយ​ដែល​អាច​ធ្វើ​បាន​នោះ គឺ​តុលាការ​គួរ​តែ​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ​បាន​នៅ​ក្រៅ​ឃុំ ចំពោះ​ករណី​មិន​ចាំបាច់​មួយ​ចំនួន។ ទន្ទឹម​នឹង​នេះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់​ស្កាត់​ការ​ហូរ​ចូល​នៃ​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ ដោយ​សារ​បញ្ហា​គ្រឿង​ញៀន គឺ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មាន​កំណើន​អ្នក​ជាប់​ឃុំ​យ៉ាង​គំហុក​នៅ​តាម​ពន្ធនាគារ​នីមួយៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជ​អ្នក​ប្រជាធិបតេយ្យ​និង​បាតុកម្ម​ភ្លើង​ទៀន​នៅ​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១៩​មេសា

$
0
0

សមាជ​អ្នក​ប្រជាធិបតេយ្យ​ដែល​រៀបចំ ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង សហការ​ជាមួយ​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស (Democracy Asia and HRs Forum) នៅ​ថ្ងៃ​ដំបូង​នេះ ធ្វើឡើង​នៅ​ក្នុង​អគារ​សាលាក្រុង ទីក្រុង​ក្វាងជូ (Qwangju)

វាគ្មិន​ចូលរួម​ថ្លែង​ក្នុង​សមាជ​នេះ មាន​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស និង​តំណាង​ចលនា​ស្ត្រី​ប្រចាំ​ទីក្រុង​ក្វាងជូ តំណាង​សង្គម​ស៊ីវិល​ប្រចាំ​ប្រទេស​កូរ៉េ។ ភាគី​ពី​កម្ពុជា​វិញ រួមមាន លោក សម រង្សី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះជាតិ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា និង​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ព្រមទាំង​អ្នកចូលរួម​ស្ដាប់ សុទ្ធ​សឹង​ជា​មន្ត្រី និង​សកម្ម​ជ​នគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ជិត ៨០​នាក់។

ដោយឡែក​អតីត​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប គឺ​លោក អ៊ូ ច័ន្ទរ័ត្ន និង លោក ជីវ កត្តា ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ពី​របប​ក្រុងភ្នំពេញ ហើយ​បាន​មកដល់​ប្រទេស​កូរ៉េ​ទៅ​ហើយ​នោះ​មិន​បាន​ចូលរួម​ទេ បន្ទាប់ពី​លោក ស្រី មូរ សុខហួរ ប្រកាស​មិន​ស្វាគមន៍​មក។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស លោក ឆេ យ៉ុង វ៉ាន់ ថ្លែង​បើកឆាក​ស្វាគមន៍ លោក សម រង្សី និង​អ្នកចូលរួម​ទាំងអស់​ថា ទីក្រុង​ក្វាងជូ គឺជា​ទីក្រុង​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រយុទ្ធ​តស៊ូ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង។ លោក​ថា ការ​តស៊ូ​ដើម្បី​សេរីភាព​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ពោល​ប្រជាជន​កូរ៉េ បាន​លះបង់​ញើស​ឈាម​របស់​ខ្លួន។ លោក​ថ្លែងប្រាប់​ទៅ​អ្នកចូលរួម​ថា ទោះជា​មានការ​ពិបាក ក៏​មិន​ត្រូវ​បោះបង់ ការ​តស៊ូ​សម្រាប់​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ដែរ ពីព្រោះ​របស់​នេះ មិន​អាច​ទទួល​បាន ដោយ​ងាយៗ​នោះ​ទេ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្សី បាន​ថ្លែងអំណរគុណ​ដល់ លោក ឆេ យ៉ុង វ៉ាន់ ហើយ​ស្នើ​ឱ្យ​ប្រទេស​កូរ៉េ បន្ត​គាំទ្រ​ចលនា​តស៊ូ​ខ្មែរ នៅ​ប្រទេស​កូរ៉េ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ទៀត។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល តំណាង​ឱ្យ​សង្គម​ស៊ីវិល​ពី​ប្រទេស​កម្ពុជា​វិញ មានប្រសាសន៍ថា បើ​ទោះ​ជា​ប្រជាធិបតេយ្យ​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្តី ក៏​លោក​នៅតែ​សង្ឃឹមថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា អាច​ត្រូវ​ស្តារ​ឡើងវិញ​បាន ដោយសារតែ​ពលរដ្ឋ​ខ្មែរ មាន​ចំណេះដឹង​ច្រើន ពី​សិទ្ធិ​របស់​ខ្លួន ហើយ​យុវជន និង​អ្នកនយោបាយ​នៅ​ក្រៅ​ស្រុក បាន​ចូលរួម​យ៉ាងសកម្ម ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ។

ប្រតិភូ​តំណាង​ចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន​នេះ មាន​មក​ពី​ប្រទេស​ធំៗ​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន និង ជប៉ុន​ជាដើម។

លោក ឈុន ប៊ុនឃាន មក​ពី​រដ្ឋ Minnesota សហរដ្ឋអាមេរិក និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​នៅ​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា លោក​មាន​ការ​ឈឺចាប់ ដែល​របប​លោក ហ៊ុន សែន បាន​រឹប​យក​តំណែង​ក្រុមប្រឹក្សា​សង្កាត់​របស់​លោក ដូច្នេះ​ការចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ​នេះ វា​មាន​សារសំខាន់​សម្រាប់​លោក«មិន​មែន​តែ​ខ្ញុំ​ទេ! ក្រុមប្រឹក្សា ៥.០០៧​នាក់​ទូទាំង​ប្រទេស ដែល​គេ​ទាញ​យក រិប​អូស​យក​កៅអី (អាសនៈ) នេះ គឺ​អយុត្តិធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ត្រូវ​កើតឱ​មាន​នៅ​ប្រទេស​កម្ពុជា​ទេ ហើយ​យើង​មិន​ចង់​ឱ្យ​កើត​មាន​បន្ត​ទៀត។ ដូច្នេះ​ហើយ​យើង​ខំ​តស៊ូ​មតិ​នេះ ដើម្បី​ស្វែង​រក​សិទ្ធិ​របស់​យើង​ពិត​ប្រាកដ។ មិន​អាច​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​បែប​នេះ រស់​នៅ​យូរ​អង្វែង​បាន​ទេ។ យើង​ជឿ​ថា យើង​ត្រូវ​តែ​ឈ្នះ​បើ​យើង​តស៊ូ​ទាំងអស់​គ្នា ឱប​ក្រសោប​គ្នា​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​របស់​យើង យើង​នឹង​ទទួល​បាន​ជោគជ័យ»

មក​ពី​អឺរ៉ុប​វិញ ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បណ្ដាញ​សាកល ប្រចាំ​ប្រទេស​អាល្លឺម៉ង់ លោកស្រី ភូ ធីតា មាន​ប្រសាសន៍ថា លោកស្រី​រំភើប ដែល​បាន​ឃើញ​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េ មាន​ទឹកចិត្ត​មុតមាំ និង​សកម្ម​ក្នុង​ការ​ជួយ ឱ្យ​កម្ពុជា​មាន​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ«ចាស៎ សម្រាប់​ខ្ញុំ​ការ​មក​ចូលរួម​មហា​បាតុកម្ម​ភ្លើង​ទៀន​លើក​ទី២ នៅ​ប្រទេស​កូរ៉េ ត្រូវ​ចំណាយ​ពេលវេលា​ឆ្ងាយ ដែល​ត្រូវ​ជិះ​យន្តហោះ​ដល់ ១៦​ម៉ោង តែ​សម្រាប់​ខ្ញុំ​អត់​ឆ្ងាយ​ទេ គឺ​ដោយសារ​អ្វី? ខ្ញុំ​ចង់​ជួយ​គាំទ្រ​ដល់​ប្អូនៗ​យុវជន​នៅ​កូរ៉េ ដែល​មាន​ឆន្ទៈ​ដ៏​ខ្លាំង​ក្លា ហើយ​ខ្ញុំ​ក៏​ចង់​ចូលរួម​ជាមួយ​ប្អូនៗ ដើម្បី​ស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជូន​ប្រទេស​យើង ព្រោះ​សព្វ​ថ្ងៃ​នេះ ស្រុក​ខ្មែរ​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ក្រោយ​លោក ហ៊ុន សែន សម្លាប់​ចោល​ហើយ។ លោក​ប្រធាន​សម រង្ស៊ី នឹង​វិល​ទៅ​កម្ពុជា​វិញ ខ្ញុំ​ក៏​នឹង​ចូលរួម​ជាមួយ​លោក​ដែរ»

ប្រតិភូ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ប្រទេស​អូទ្រីស​ឯណោះ​វិញ គឺ​លោក កែ ស-វឌ្ឍនា មាន​ប្រសាសន៍​ថា លោក​មក​ចូលរួម​សមាជ​នេះ តាម​ការ​អញ្ជើញ​របស់​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដើម្បី​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា«ការ​រស់​រៀន​មាន​ជីវិត​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សង្គម​យើង គឺ​ថា យើង​ត្រូវ​ការ​កម្លាំង​រួបរួម ដើម្បី​យក​កម្លាំង​នេះ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​ឱ្យ​បាន​ផល​ជា​វិជ្ជមាន។ យើង​ឃើញ​ស្រាប់​ហើយ ការ​តស៊ូ​ទាំងឡាយ ដែល​ចេញ​ពី​ការ​តស៊ូ​គ្រប់​បែប​យ៉ាង បាន​ធ្វើ​ឱ្យ​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់ រហូត​ដល់​លោក ហ៊ុន សែន ភ័យ​ខ្លាច ក៏​គាត់​ត្រូវ​រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​មួយ ដែល​គាត់​មិន​ដឹង​ថា នេះ​ធ្វើ​ឱ្យ​សភាពការណ៍​​នៅ​កម្ពុជា កាន់​តែ​តានតឹង​បន្ថែម​ទៀត​បាទ»

ចំណែក​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​បាន​ភៀសខ្លួន ទៅ​ជ្រោក​កោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ បន្ទាប់ពី​ជាប់ពន្ធនាគារ ១៨​ខែ ដោយសារ​រិះគន់​លោក ហ៊ុន សែន​នោះ មាន​ប្រសាសន៍​ថា សមាជ​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន​នេះ គឺ​ជា​ការ​តស៊ូ​មួយ​ផ្នែក​ទៀត ដើម្បី​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ​ផ្នែក​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ក្រៅពី​កោតសរសើរ​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​លោក គឹម សុខ ក៏​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ពួកគេ​ត្រូវតែ​រួបរួម​គ្នា ទើប​អាច​យកឈ្នះ​របប​ផ្ដាច់ការ​បាន។

សមាជ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន មាន​រយៈពេល​បី​ថ្ងៃ​។ សម្រាប់​ថ្ងៃ​ទី​២ ថ្ងៃ​គឺ​សៅរ៍​ទី​២០ មេសា គេ​រំពឹង​ថា នឹង​មាន​ពលករ​រាប់​ពាន់​នាក់​ចូលរួម ក្នុង​មហា​បាតុកម្ម​ភ្លើង​ទៀន នៅ​ពេល​ល្ងាច​នៅ​ខាងមុខ​សាលាក្រុង​ក្វាងជូ។

មហា​បាតុកម្ម​ភ្លើង​ទៀន រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ គឺជា​ការ​យក​លំនាំ​តាម​ប្រជាជន​កូរ៉េ​រាប់​សែន​នាក់ ដែល​បាន​ធ្វើ​មហា​បាតុកម្ម​ភ្លើង​ទៀន កាលពី​ចុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ក្នុង​បុព្វហេតុ ទាមទារ​ទម្លាក់​អតីត​ប្រធានាធិបតី​កូរ៉េ គឺ​លោកស្រី ផាក គុនហេ ពី​អំណាច​ដោយសារ​អំពើពុករលួយ និង​រំលោភ​អំណាច។ បាតុកម្ម​ពេលនោះ បាន​ជោគជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី​៦​នាក់​បន្ថែម​ទៀត​ដែល​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី​ចំនួន​៨​នាក់ ក្រោយ​មាន​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ក្នុង​វិបត្តិ​ដីធ្លី​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ស្ថិត​ក្នុង​ស្រុក​ព្រៃនប់។ ការ​តវ៉ា​ឈាន​ទៅ​ដល់​ការ​បិទ​ផ្លូវជាតិ​លេខ​៤​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៦០០​ខ្នង និង​បណ្ដេញ​ពួកគាត់​ចេញ​ដើម្បី​យក​ដី​នោះ​ឱ្យ​ពលរដ្ឋ​ផ្សេងទៀត។ ពលរដ្ឋ មាន​ទំនាស់​ដីធ្លី និង​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ដីធ្លី​ដោយ​តម្លាភាព និង​ដោះលែង​ពលរដ្ឋ​ទាំងនោះ​វិញ ដើម្បី​កុំ​ឱ្យ​ពួកគាត់​រងគ្រោះ​បាត់បង់​ផ្ទះសម្បែង​ហើយ​ថែមទាំង​ត្រូវ​ជាប់ទោស​ទៀត។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថ សមត្ថកិច្ច​កំពុង​សួរនាំ​អ្នក​តវ៉ា​ដីធ្លី​ទាំង​៦​នាក់​បន្ថែម​ទៀត នៅក្នុង​ស្នងការ​នគរបាល​ខេត្ត។ លោក​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ​ដោយ សារ​ពួកគេ​បាន​ដឹកនាំ​តវ៉ា​បិទ​ផ្លូវ និង​ចូលរួម​ប្រើ​ហិង្សា​ទៅលើ​មន្ត្រី​នគរបាល និង​ប្រជា​ការពារ​ខណៈ​ដែល​ចុះទៅ​អន្តរាគមន៍​ឱ្យ​ពួកគេ​បើកផ្លូវ​ឡើងវិញ បន្ទាប់ពី​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី បាន​យក​ដុំ​ថ្ម​និង​មែក​ឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល ១​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា៖ «យើង​កំពុង​រើ​ដុំ​ថ្ម​ដែល​ពួកគាត់​ដាក់​បិទ​ផ្លូវ​នោះ ស្រាប់តែ​មានការ​ហ៊ោ​កញ្ជ្រៀវ​គឺ​មាន​ក្រុម​យុវជន​មួយ​ចំនួន​បាន​យក​ដុំ​ថ្ម​គប់​លើ​សមត្ថកិច្ច​បង្ក​ឱ្យ​របួស​ស្នាម ៦​នាក់ និង​ខូច​ខាត់​រថយន្ត​៣​គ្រឿង។ សមត្ថកិច្ច​មិន​បាន​ទៅ​ប្រឆាំង ឬ​តបត​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​ទៅ​រំដោះ​ផ្លូវ​សាធារណៈ ព្រោះ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរ​ជាត​ត្រូវ​ការ​ចេញ​ចូល។ ព្រឹក​មិញ​នេះ​យើង​ឃាត់ ៦​នាក់​សុទ្ធតែ​ប្រុស​ហើយ​យើង​យក​មក​សួរនាំ​។​អ្វី​ដែល​មិន​ពាក់ព័ន្ធ គឺ​យើង​នឹង​ពិចារណា​អប់រំ​ណែនាំ​ឱ្យ​ទៅ​វិញ។ ចំពោះ​អ្វី​ដែល​ពាក់ព័ន្ធ​គឺ​យើង​អនុវត្ត​តាម​ផ្លូវច្បាប់»

លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​ពីរ​នាក់​ដែរ​ដូច្នេះ​សរុប​ទាំងអស់ ៨​នាក់​ហើយ ពាក់ព័ន្ធ​ការ​តវ៉ា​បិទ​ផ្លូវ និង​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច។ លោក​អះអាង​ថា កម្លាំង​សមត្ថកិច្ច​មិន​បាន​ប្រើ​អំពើ​ហិង្សា ឬ​តបត​ជាមួយ​ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យ​រង​បួស​នោះ​ទេ៖ «ការ​ឃាត់​ខ្លួន​ព្រឹក​មិញ​នេះ មិនមែន​ឃាត់ខ្លួន​ក្នុងនាម​ការ​ទាមទារ​តវ៉ា​ឬមួយ​ស្អីៗ​ផ្សេងៗ​ទេ គឺ​ឃាត់ខ្លួន​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ដែល​បំពេញ​តួនាទី​ជា​អ្នក​ដោះស្រាយ​ចរាចរណ៍​តាម​ដង​ផ្លូវ។ អ្វី​ដែល​ពាក់ព័ន្ធ​រឿង​ផ្សេងៗ​ទៀត​នោះ​ខាង​អាជ្ញាធរ​ខេត្ត​កំពុងតែ​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​រូប​លោកស្រី សេង សុភី រៀបរាប់​ថា មូលហេតុ​ដែល​ពលរដ្ឋ​រាប់​សិប​នាក់​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ ដោយសារតែ​អាជ្ញាធរ​ស្រុក​ព្រៃនប់​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​អស់ ៦០០​ខ្នង​តាំងពី​ម៉ោង​៤​ព្រឹក ថ្ងៃ​ទី​១៨​មេសា ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ដោយ​គ្មាន​ជូនដំណឹង​អ្វី​ទាំងអស់។

តំណាង​ពលរដ្ឋ​រូប​នេះ បន្ត​ទៀត​ថា អាជ្ញាធរ ក៏បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​បណ្ដាល​ឱ្យ​រង​របួស​ដែរ ហើយ​ការ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី​នេះ​គឺជា​គំរាម​កំហែង​កុំ​ឱ្យ​ពលរដ្ឋ​តវ៉ា​ដីធ្លី​ទៀត៖ «អាជ្ញាធរ​បាន​ប្រតាយប្រតប់​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ប្រជាពលរដ្ឋ ក៏​រង​របួស​ដូចគ្នា។ ដោយឡែក​មួយទៀត​បងស្រី​ដែល​នៅ​ភូមិ​ជាមួយ​ខ្ញុំ​នេះ​គឺ​គេ​ចាប់​គាត់ តាំងពី​ម្សិលមិញ​អត់​ទាន់​បាន​ដោះលែង​គាត់​ទេ​ដោយ​គេ​ឱ្យ​គាត់​ផ្តិត​មេដៃ​ថា ឈប់​តវ៉ា​ពាក់ព័ន្ធ​ជាមួយ​ដី​នេះ​ទៀត។ គាត់​អត់​ព្រម​សរសេរ​អត់​ព្រម​ផ្តិត​មេដៃ​ដោយ​គាត់​ថា គាត់​រស់នៅ​លើ​ដី​នោះ បាន​យក​លុយ​ទៅ​ទិញ​ដី​នោះ​ហើយ​មាន​ផ្ទះ​មាន​សម្បែង​និង​ដាំ​ដំណាំ។ ហេតុ​អី​បាន​ឱ្យ​ចេញ​ដោយ​គ្មាន​ក្រដាស​ស្នាម​គ្មាន​បង្ហាញ​ប្លង់​កម្មសិទ្ធិ​ថា ជា​របស់​អ្នក​ណាមួយ​ឱ្យ​ពិតប្រាកដ។ ខាង​ខ្ញុំ​អត់​សុខចិត្ត​ហើយ​តវ៉ា​ទើប​គេ​ចាប់ខ្លួន»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា អាជ្ញាធរ​បាន​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៦០០​ខ្នង នៅ​ចំណុច​ចំណោត​អូរត្រាវ ក្នុង​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់ទុកថា ជា​ខ្ទម និង​សំណង់​ក្រុម​អនាធិបតេយ្យ​ដែល​ប្រជាជន​មកពី​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​លួច​សាងសង់​ដោយ​ខុសច្បាប់​នៅ​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ។ អាជ្ញាធរ​អះអាង​ថា គេ​បាន​ចុះទៅ​អប់រំ​ណែនាំ​ជាច្រើនលើក​ប៉ុន្តែ​ប្រជាជន​ទាំងនោះ​មិន​ស្ដាប់​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ​។​

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​លើកឡើង​ថា ពលរដ្ឋ​ទាំងអស់​មាន​ជាង​៨០០​គ្រួសារ​ហើយ​អ្នកខ្លះ បាន​រស់នៅ​តំបន់​នោះ​ជាង ១​ឆ្នាំ និង​ខ្លះ​ទៀត​ទើបតែ​ជាង ៣​ខែ​កន្លង​មក​នេះ។ លោកស្រី​បន្ត​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ទិញ​ដី​ត​ពី​ពលរដ្ឋ​ផ្សេងទៀត​ដោយ​គ្មាន​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​នោះ​ទេ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​ចេះតែ​ចូល​ទៅ​រស់នៅ​ដោយ​លឺ​តៗ​គ្នា​ថា ដី​តំបន់​នោះ​ជា​ដី​របស់​រដ្ឋ​សម្រាប់​សម្បទាន​ជូន​ពលរដ្ឋ​ក្រីក្រ៖ «សូម​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​បាន​ដី​នៅ​ធ្វើ​ផ្ទះ​នឹង​គេ​ទៅ​មិន​ថា​តិច​ឬ​ច្រើន ព្រោះ​អី​ពួក​ខ្ញុំ​ពិតជា​អត់។ ពួក​ខ្ញុំ​ខំ​ធ្វើ​ការ​សន្សំ​លុយ​បាន ១​ពាន់ ២​ពាន់ (ដុល្លារ) មក​ធ្វើ​ផ្ទះ​នៅ ដោយ​សង្ឃឹមថា អត់​មានការ​រុះរើ​ព្រោះ​លឺ​ថា​ជា​ដី​សម្បទាន»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​បិតត្រាំង​លោក មៀច ចាន់ អភិបាលស្រុក​ព្រៃនប់​លោក សរ កក្កដា និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឱ សារឿន ជាច្រើនលើក​ប៉ុន្តែ​ពួក​លោក មិន​ទទួល​ទូរស័ព្ទ​ខណៈ​ទូរស័ព្ទ​របស់​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន មិន​អាច​ទាក់ទង​បាន។មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី ដែល​បាន​ចុះ​ស៊ើបអង្កេត​ករណី​ដីធ្លី​នេះ​មានប្រសាសន៍ថា ថ្វីត្បិតតែ​អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ក្រោម​ហេតុផល ថា​សាងសង់​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ក្តី ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​បាន​បង្ហាញ​ថា​ម្ចាស់​កម្មសិទ្ធិ​នោះ​ជា​នរណា​ហើយ​ទំហំ​ដី​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​ការអនុវត្ត​វិធានការ​របស់​អាជ្ញាធរ​នោះ​គឺ នៅ​លើ​ផ្ទៃដី​មាន​ទំហំ​ធំធេង។ អ្នកស្រី​ទទួល​ស្គាល់​ថា​ប្រជាជន​ភាគច្រើន ទើប​ចូល​ទៅ​រស់នៅ​លើ​ដី​នោះ​តាមរយៈ​ការ​លក់​ទិញ​គ្នាឯង​ក្នុង​តម្លៃ​ថោកៗ​និង​ជឿ​តាម​ការ​បំផុស​បំផុល​ថា ដី​តំបន់ សម្រាប់​ចែក​ឱ្យ​ពលរដ្ឋ​ក្រីក្រ។ អាជ្ញាធរ​ក៏បាន​ណែ​នាំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ដែរ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​គ្មាន​ជម្រើស​ក្នុង​ការ​ចាកចេញ​នោះ​ទេ ដោយសារតែ​ជីវភាព​ក្រីក្រ។ អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​ខិតខំ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី និង​តម្លាភាព ព្រមទាំង​យោគយល់​ដោះលែង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង ៨​នាក់​នោះ ដើម្បី​កុំ​ឱ្យ​ពួកគាត់​បាត់បង់​ផ្ទះ​ហើយ​ជាប់គុក​ថែមទៀត៖ «ប្រជាពលរដ្ឋ​គាត់​ចាញ់បោក​គេ ២​ដង​ហើយ។ ទី​១​គាត់​ចាញ់បោក​គេ​ដែល​ទៅ​បំផុស​បំផុល​ឱ្យ​គាត់​មក​កាប់​ដី​កន្លែង​នោះ​ហើយ​រងគ្រោះ​ម្ដងទៀត​នៅ​ពេល​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ទៅ​រុះរើ​ផ្ទះ​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​លុយ​កាក់។ អ្នកខ្លះ​ទិញ​គេ​អ្នកខ្លះ​អត់​ទិញ តែ​ចំណាយ​លុយ​សាងសង់។ អ្នកខ្លះ​គេ​រុះរើ​ផ្ទះ​អស់ហើយ​បន្ទាប់​មក​ប្តី​ត្រូវ​គេ​ចាប់ខ្លួន​ទៀត។ យើង​មិន​ដឹង​ថា​ជួយ គាត់​របៀប​ម៉េច​ទេ គ្រាន់តែ​ថា បើ​អាច​ធ្វើ​ការយោគយល់​អធ្យាស្រ័យ​បាន​គួរតែ​ដោះលែង​ពួកគាត់​ដែរ ក្រោយពី​ការអប់រំ​ណែនាំ​រួច​ព្រោះ​អី​យើ​ង​មិន​ប្រាកដ​ថា ពួកគាត់​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែរ​ព្រោះ​ព្រឹក​មិញ​ពេល​ជ្រួលច្របល់​នោះ​ក៏​មាន​មនុស្ស​ច្រើន​ដែរ»

ម៉្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើត​ឡើងជា​ច្រើន​កន្លែង ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​ខេត្ត​មួយ​នេះ​កំពុង​តែ​មាន​ហាងឆេង​ខ្លាំង​ដោយសារ​កំណើន​វិនិយោគ​ជនជាតិ​ចិន។ កន្លែង​ខ្លះ អាជ្ញាធរ​បាន​ចាប់​ម្ចាស់​ដី​ដាក់គុក ហើយ​កន្លែង​ខ្លះ​អាជ្ញាធរ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ និង​យក​ដី​ពី​ប្រជាពលរដ្ឋ​ស្រស់ៗ​ដើម្បី​យក​ឱ្យ​អ្នកមាន​លុយ​និង​អ្នក​មានអំណាច។ កាល​ពី​ដើម​ឆ្នាំ​២០១៩​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ៣​រយ​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើងលើ​មេឃ​និង​ទៅកាន់​ក្រុម​អ្នក​តវ៉ា​ដីធ្លី​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃ ដើម្បី​យក​ដី​ទំនាស់​ជាង ៧០​ហិកតារ​ដែល​មាន​ពល​រដ្ឋ​ជាច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​នោះ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ​ផ្សេងទៀត​ដែល​គេ​សង្ស័យ​ថា ឈរ​ឈ្មោះ​ឱ្យ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។

ទោះ​យ៉ាង​ណា​ក្តី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​ចំណោត​អូរ​ត្រាវ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​អះអាង​ថា ពួកគាត់​នឹង​បន្ត​តវ៉ា​ទៀត​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី និង​ដោះលែង​ពលរដ្ឋ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​៨​នាក់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​ត្អូញត្អែរ​ថា សមត្ថកិច្ច​ខ្មែរ​ និង​ថៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ យក​លុយ​ពី​ពួកគាត់​ ដើម្បី​​​ឱ្យ​បាន​ឆ្លងដែន ទៅ​ធ្វើ​ការងារ​នៅ​ថៃ​ឲ្យ​ឆាប់​រហ័ស

$
0
0

ពលករ​ខ្មែរ​ត្អូញត្អែរ​ថា សមត្ថកិច្ច​ខ្មែរ​ និង​ថៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ បាន​បង្ខំ​យក​លុយ​ពី​ពួកគាត់​ម្នាក់​ពី​ ៤​ ទៅ​ ៦ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​បាន​ឆ្លងដែន ទៅ​ធ្វើ​ការងារ​នៅ​ថៃ​ឲ្យ​ឆាប់​រហ័ស​ ក្នុង​ពលករ​ខ្មែរ​រាប់ពាន់​នាក់ កំពុង​សម្រុក​ចូល​ថៃ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​បន្ទាយមានជ័យ​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដើម្បី​បាន​ប្រាក់​ពី​ពលករ​ដោយ​ខុស​ច្បាប់។​

ពលករ ​លោក​ ជឹង វណ្ណា​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៩​មេសា​ថា លោក​នៅ​លេង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​​ឯ​ស្រុក​កំណើត​បាន​៦ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​ក៏​ប្រញាប់​ត្រឡប់​ទៅ​ធ្វើ​ការ​​​នៅ​លើ​ទូក​នេសាទ​របស់​ថៃ​នៅ​ខេត្ត​សមុទ្រ​សាខន (Samut Sakhon) វិញ​ភ្លាម​ ព្រោះ​ប្រសិន​បើ​នៅ​យូរ​នាំ​ឱ្យ​​ខាត​ការងារ​និង​គ្មាន​បាត់​បង់​ប្រាក់​ចំណូល​ ព្រោះ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ។ ពលករ​រូប​នេះ​អះអាង​ទៀត​ថា ទម្រាំ​តែ​ឆ្លង​ផុត​ច្រក​ព្រំដែន​ត្រូវ​ចំណាយ​ពេល​អស់​​​មួយ​ថ្ងៃ និង​ត្រូវ​ស្នាក់​នៅ​ព្រំដែន​ខាង​ដី​ថៃ​មួយ​យប់​ ដោយសារ​ពលករ​សម្រុក​ឆ្លងដែន​ច្រើន​​រាប់​ពាន់​នាក់​ រហូត​ដល់​អស់​រថយន្ត​ឈ្នួល​ធ្វើ​ឱ្យ​មិន​អាច​បន្ត​ដំណើរ​ទៅ​ទី​ក្រុង​បាងកក​បាន​ទេ។ លោក​បន្ត​ថា ប៉ូលិស​អន្តោប្រវេសន្ត​ខ្មែរ​​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​យក​ប្រាក់​ពី​លោក​​ចំនួន ១០០បាត ឬ​ស្មើ ១២.៧០០រៀល ដើម្បី​ជា​ថ្នូរ​ប្រថាប់ត្រា​លើ​លិខិត​ឆ្លង​ដែន។ លោក​ថា ពេល​ទៅ​ដល់​ដី​ថៃ ត្រូវ​តម្រង់​ជួរ​រង់ចាំ​ឱ្យ​ប៉ូលិស​ថៃ​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លងដែន​អស់​ជាង ៤ម៉ោង​ទៀត ហើយ​ទម្រាំ​រួច​រាល់ គឺ​ម៉ោង ៦ល្ងាច៖ «ខាង​ខ្មែរ គឺ​ជា​ទម្លាប់​គេ ហើយ​ត្រូវ​បង់​លុយ​ឱ្យ​ប៉ូលិស ១០០បាត គឺ​ពេល​យើង​ប្រថាប់ត្រា​ចូល​ថៃ គឺ​អស់ ១០០បាត គឺ​យើង​តែ​ឱ្យ​គេ ព្រោះ​ពេល​គេ​ប្រថាប់​ត្រា​លិខិត​ឆ្លងដែន​ហើយ គេ​មិន​ទាន់​ឱ្យ​យើង​វិញ​ទេ គឺ​ទារ​លុយ​ពី​យើង ១០០បាត​សិន​ បាន​គេ​ហុច​លិខិត​ឆ្លង​ដែន។ ខ្ញុំ​អន់​ចិត្ត​ណាស់ ព្រោះ​អី​អ្នក​ធ្វើ​ការ​មាន​ប្រាក់​រដ្ឋ​ហើយ​យក​លុយ​ពី​ខ្ញុំ​ទៀត»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្រុង​ប៉ោយប៉ែត លោក ឆាំ បារាំង ដែល​បាន​ទៅ​ពិនិត្យ​នៅ​ព្រំដែន​ប៉ោយប៉ែត​ ថ្លែង​ថា ចាប់​តាំង​ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​មក គឺ​នៅ​ច្រក​ព្រំដែន​មួយ​នេះ​ មាន​ពលករ​ខ្មែរ​ឆ្លងដែន​យ៉ាង​ណែនណាន់​តាន់តាប់​តាំង​ពី​ព្រឹក​ដល់​យប់។ លោក​បន្ត​ថា ការ​ឆ្លង​ដែន​នេះ​ពលករ​មាន​ជម្រើស ២យ៉ាង គឺ​ឆ្លងដែន​ដោយ​ឆាប់ ត្រូវ​បង់​ប្រាក់​ប៉ូលិស​ខ្មែរ ២៥.០០០រៀល​ក្នុង​ម្នាក់ ហើយ​ខាង​ប៉ូលិស​ថៃ​ពី ៤ម៉ឺន​ទៅ ៦ម៉ឺន ៥ពាន់​រៀល ក្នុង​ម្នាក់ និង​ជម្រើស​ទី២ គឺ​ឆ្លងដែន​តាម​ធម្មតា ត្រូវ​រង់ចាំ​យូរ​តាម​លេខ​រៀង​ដោយ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ តែ​ត្រូវ​រង់ចាំ​រយៈ​ពេល​ជា​ច្រើន​ម៉ោង៖ «ពលករ​នៅ​ហៀ​កន្លែង​​ប៉ូលិស​ខ្មែរ​នៅ​ច្រក​ព្រំដែន​ ខាង​ថៃ​កន្លែង​គេ​ធំ​ផង​នៅ​មាន​មនុស្ស​រាប់​រយ​នាក់។ ខាង​ខ្មែរ​អ្នក​ខ្លះ​ចេញ​ទៅ​មិន​កើត​នៅ​ដេក​ផ្ទះ​សំណាក់​ខ្លះ​នៅ​ចិញ្ចើម​ផ្លូវ​ខ្លះ។ អ្នក​ខ្លះ​បើ​គ្រាន់​តែ​សរសេរ​អស់​តែ ៤០បាត​ទេ ដូច​អ្នក​ដែល​ចូល​បាន​មុខ​គេ​រង់ចាំ​តាំង​ពី​យប់។ អ្នក​ខ្លះ​អង្គុយ​ផ្ដុំ​គ្នា​រាប់​លុយ​ក៏​មាន ហើយ​ខ្ញុំ​ឈរ​ថត​ពួក​គាត់ តែ​ខាង​ថៃ​គេ​មក​ដេញ​ខ្ញុំ​មិន​ឱ្យ​ថត ហើយ​គេ​យក​ទូរស័ព្ទ​ពី​ខ្ញុំ​លុប​រូប​ថត​អស់ នៅ​ទី​នោះ​មាន​ខ្មែរ​ធ្វើ​ការ​ឱ្យ​ថៃ​ជិត ១០នាក់។ ពួក​គេ​ជា​អ្នក​ដើរ​យក​លុយ​ពី​ពលករ​ខ្មែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​នាយរង​ប៉ូលិស​អន្តោប្រវេសន្ត​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក នឹម វុត្ថា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ចាប់​ពី​រួច​បុណ្យ​ចូលឆ្នាំ​ខ្មែរ​មក គឺ​មាន​ពលករ​ឆ្លងដែន​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន ដែល​លោក​ប្រចាំ​ការ​យ៉ាង​ច្រើន​កុះករ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ប៉ូលិស​ខ្មែរ​មិន​បាន​យក​លុយ​ពី​ពលករ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «បាន​ដឹង​ថា​ច្រើន​ ក៏​ប៉ុន្តែ​ការ​ដំណើរ​ជូន​ពលរដ្ឋ គឺ​បាន​ទាន់​ពេល ជា​ពិសេស គឺ​ខ្ញុំ​បាន​ជួយ​ផ្នែក​ស្ត្រី និង​ផ្នែក​ចាស់​ជរា គឺ​ជួយ​សម្រួល​ប្រថាប់​ត្រា​ជូន​ពួក​គាត់​មុន។ ខាង​ខ្ញុំ​ប្រមូល​កម្លាំង​ទៅ​ទាំង​អស់ ដើម្បី​ជួយ​សម្រួល​ពលករ​បាន​ឆ្លងដែន​ឆាប់»

កន្លង​មន្ត្រី​ប៉ូលិស​ទទួល​ស្គាល់​ថា ពួក​គេ​បាន​យក​លុយ​ពី​ពលករ​ខ្មែរ ប៉ុន្តែ​មិនមែន​ជា​លុយ​ពុករលួយ​នោះ​ទេ។ លុយ​នោះ​ជា​លុយ​ទឹកតែ​តែប៉ុណ្ណោះ ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ថា លុយ​ទឹក​តែ​នេះ ជា​លុយ​ពុក​រលួយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មន្ត្រី​ប៉ូលិស​តាម​ច្រក​ព្រំដែន​មិន​ត្រឹម​តែ​យក​លុយ​ក្រៅ​ផ្លូវ​ការ​ពី​ពលករ​ប៉ុណ្ណោះ​ទេ គឺ​បាន​ហាម​ឃាត់​ពលករ​មិន​ពួក​គេ​ថត​រូប​នៅ​ពេល​ឆ្លងដែន​នោះ​ទៀត​ផង។ លោក​ចាត់​ទុក​ការ​យក​លុយ​ក្រៅ​ផ្លូវ​ការ​នេះ​ថា ជា​ក្រុម​សមត្ថកិច្ច​ឱកាស​និយម​ក្នុង​ការ​កេង​ចំណេញ​ប្រាក់​ពី​ពលករ និង​ការ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ខុស​ច្បាប់៖ «ការ​និយាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ ដែល​ថា ការ​អនុវត្ត​តាម​ច្បាប់​ ហាក់​ដូច​មន្ត្រី​ដែល​គិត​គូរ​ពី​លុយ​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន​ លែង​គិត​អំពី​ច្បាប់​ហើយ។រឿង​នេះ​ខ្ញុំ​គិត​ថា គួរ​តែ​ដក​មន្ត្រី​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​ទាំង​នោះ​ចេញ​ឱ្យ​អស់​ទៅ​ ហើយ​រក​អ្នក​ណា ដែល​ឈាម​ថ្មី​របស់​ពលរដ្ឋ​ ស្រលាញ់​ពលរដ្ឋ​ខ្មែរ​ចេះ​ជួយ​ចេះ​ដឹង​អំពី​ទុក្ខ​ធុរៈ​របស់​ពលរដ្ឋ​ខ្មែរ​គួរ​តែ​ដាក់​គាត់​ជំនួស​វិញ​ ព្រោះ​តួនាទី​របស់​គាត់​ការពារ​បំពេញ​បន្ថែម​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ប្រសើរ​ឡើង​ អ៊ីចឹង​តើ​មន្ត្រី​ទាំង​នោះ​បាន​បំពេញ ឬ​បាន​បន្ថែម​ធ្វើ​បាប​ដល់​ពលរដ្ឋ»

លោក​បន្ត​ថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ចាត់​វិធាន​ទៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នេះ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ និង​មិន​ត្រូវ​លើក​លែង​ឱ្យ​រួច​ខ្លួន​ជា​ដាច់​ខាត ព្រោះ​មន្ត្រី​ទាំង​នេះ​គាប​សង្កត់​ធ្វើ​បាប​ដើម្បី​យក​​លុយ​ពី​ពលករ​ខ្មែរ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ ឱម យ៉ិនទៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័ក្រ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៩ មេសា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ថ្មីៗ នេះ លោក ខៀវ សុភ័ក្រ ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប៉ូលិស​មិន​មាន​ទោស​ទេ ព្រោះ​រឿង​នេះ​ជា​កំហុស​របស់​ពលករ ដោយសារ​ពួក​គាត់​ចង់​បាន​ឆ្លង​ដែន​ឆាប់​រហ័ស។

ប៉ុន្តែ​លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ បញ្ហា​នេះ​គ្រាន់​តែ​ការ​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ព្រោះ​សមត្ថកិច្ច​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​មន្ត្រី​រាជការ ដែល​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​របស់​រដ្ឋ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ ហើយ​សមត្ថកិច្ច​​ត្រូវ​សម្រួល​ធ្វើ​យ៉ាង​ឱ្យ​ពលករ​ឆ្លងដែន​បាន​ឆាប់​រហ័ស​ទៀត​ផង គឺ​មិន​មែន​ឆ្លៀត​ឱកាស​មាន​ពលករ​ឆ្លងដែន​ច្រើន ហើយ​នាំ​យក​លុយ​ពី​ពលករ ដោយ​យក​លេស​រត់​ការ​ឱ្យ​ឆាប់​រហ័ស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​មាន​ផ្ទុះ​ជា​លើក​ដំបូង​ជំងឺ​ផ្តាសាយ​បក្សី H5N6

$
0
0

កម្ពុជា​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី ហាស់ប្រាំ អ៊ិនប្រាំមួយ (H5N6) ជា​លើក​ដំបូង ក្នុង​ចំណោម​បសុបក្សី នៅ​ខេត្ត​តាកែវ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សុខភាព​សត្វ​ពិភពលោក (World Organization for Animal Health-OIE) ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​មេសា​​ថា ក្រសួង​កសិកម្ម​បាន​រក​ឃើញ​វីរ៉ុស H5N6 នៅ​លើ​បសុបក្សី ដែល​ដាក់​លក់​នៅ​ទីផ្សារ ក្នុង​ស្រុក​ដូនកែវ ខេត្ត​តាកែវ។ សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​រក​ឃើញ​ប្រភេទ​វីរុស H5N6 នេះ កាល​ពី​ខែ​មុន ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា សត្វ​ដែល​ឆ្លង​មេរោគ​ប្រភេទ​នេះ​ គឺ​ជា​សត្វ​មាន់ ទា ឬ​ក៏​ប្រភេទ​សត្វ​ស្លាប​ណា​នោះ​ទេ។

មន្ត្រី​ជំនាញ​បសុពេទ្យ​ កំពុង​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ នៅ​តំបន់​ដែល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N6 ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គ្មាន​មនុស្ស​ណា​ឆ្លង​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​ជំនាញ​ពេទ្យ​សត្វ ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

សារព័ត៌មាន​ចិន ស៊ីនហួរ ឲ្យ​ដឹង​ថា នៅ​ប្រទេស​វៀតណាម​ឯណោះ​វិញ មន្ត្រី​ជំនាញ​ពេទ្យ​សត្វ បាន​ដុត​សម្លាប់​សត្វ​មាន់ រាប់​ពាន់​ក្បាល បន្ទាប់​ពី​បាន​រក​ឃើញ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 នេះ នៅ​ខេត្ត កួង ណាម (Quang Nam) កាល​ពី​ដើម​ខែ​មុន និង​នៅ​ខេត្ត កួង និញ (Quang Ninh) កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០១៩ កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​ពលករ​ខ្មែរ​នៅ​កូរ៉េ​មិន​ខ្វល់​នឹង​សារ​គំរាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន

$
0
0

យុវជន​ជា​ពលករ​ខ្មែរ​នៅ​កូរ៉េ ដែល​គ្រោង​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​នៅ​ថ្ងៃ​នេះ មិន​ខ្វល់​នឹង​សារ​គំរាម​ធ្វើទុក្ខបុកម្នេញ របស់​របប​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​ការ​តាំង​ចិត្ត ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ធ្វើ​ឱ្យ​ពួកគាត់​មិន​រាថយ​ឡើយ។

យុវជន លាង ហា និង ប្អូនប្រុស ដែល​ជា​ពលករ​ចំណាកស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ បាន​ថ្លែង​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី ថ្ងៃទី១៩ ខែ មេសា​ម្សិលមិញ ដោយ​បង្ហាញ​ជំហរ​មិន​ចុះ​ញ៉ម ទៅ​នឹង​សារ​គំរាមកំហែង​របស់​មន្ត្រី​បក្ស​កាន់អំណាច និង​របប​លោក ហ៊ុន សែន ដែល​ព្យាយាម​បំភិតបំភ័យ កុំ​ឱ្យ​ពួកគាត់​ទៅ​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​នេះ។

ជំហរ​មិន​ចុះ​ញ៉ម​នេះ​ដោយសារតែ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច បាន​គំរាមកំហែង ថា នឹង​មិន​បន្ត​វីសា ឬ​ទិដ្ឋាការ ឱ្យ​ពលករ​ទាំងឡាយ​ណា ដែល​ហ៊ាន​ទៅ​ចូលរួម បាតុកម្ម​ភ្លើង​ទៀន ប្រឆាំង​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ​នោះ។

ឆ្លើយ​តប​ទៅ​នឹង​សារ​គំរាម​នេះ យុវជន លាង ហា មិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​លោក​ថា ក្រោម​ការដឹកនាំ​បែប​ផ្ដាច់ការ នៃ​របប​លោក ហ៊ុន សែន មន្ត្រី​របប​នេះ អាច​និយាយ​បំពាន​តាម​អំពើ​ចិត្ត។ ប៉ុន្តែ លោក​ថា ទាំង​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច និង​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ គឺ​គ្រាន់តែ​ចាំ​ទម្ទេញ ថា​តាម​មេ ដោយ​មិន​ចេះ​ធ្វើ​អ្វី​ក្រៅ​ពី​នេះ​នោះ​ឡើយ៖ «បើ​និយាយ​ទៅ​ដូច​អ្នកនាំពាក្យ ដូច​តា សុខ ឥសាន ផៃ ស៊ីផាន អី បើ​និយាយ​ទៅ របៀប​ថា​សេក​របស់ ហ៊ុន សែន គាត់​ចេះតែ​និយាយ​ទៅ​។ បើ​គាត់​មិន​ច្រៀង បើ​មិន​និយាយ​តាម​ហ្នឹង​ទេ គឺ​ពិបាក​រក​ចំណី​ហូប​ណាស់។ បើ​និយាយ​ទៅ គាត់​អត់​មាន​ធ្វើ​អ្វី​បាន​។ គាត់​មានតែ​ប៉ុណ្ណឹង​! គាត់​មានតែ​ការ​គំរាមកំហែង ការ​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ គាត់​ចេះតែ​ប៉ុណ្ណឹង»

តប​ទៅ​នឹង​សារ​ព្រមាន មួយទៀត​របស់​លោក សុខ ឥសាន ដែល​ថា​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ នឹង​មិន​ជួយ​អ្នក​ទាំង​នោះ​ឡើយ បើ​មាន​បញ្ហា​អ្វីមួយ​នោះ លោក លាង ហា រឹតតែ​មិន​ភ្ញាក់​ផ្អើល​ទៅទៀត ដែល​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដែល​គួរតែ​បំពេញ​តួនាទី ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ តែ​បែរជា​ធ្វើ​ផ្ទុយ​ពី​នេះ​ទៅវិញ​នោះ៖ «តាមតែ​ខ្ញុំ​គិត ស្ថានទូត​នៅ​កូរ៉េ​នេះ មិនមែន​ជា​ស្ថានទូត​បម្រើ​ប្រជាពលរដ្ឋ​យើង​ទូទៅ​ទេ គឺ​ស្ថានទូត​បម្រើ​បក្ស​។ ទោះបី​គាត់​គំរាមកំហែង ថា​មិន​ព្រម​ផ្ដល់​វីសា​ដល់​ពួក​ខ្ញុំ​ក៏ដោយ ប៉ុន្តែ ខ្ញុំ​ដូច​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿង​នេះ​អ្វី​បន្តិច​នោះ​ទេ»

មុន​បាតុកម្ម​ភ្លើង​ទៀន​នេះ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ក៏បាន​ថ្លែង​សារ​គំរាមកំហែង​ដែរ​។ លោក ផៃ ស៊ីផាន ដំបូង​ឡើយ ប្រកាស​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ អាច​ចាប់​មេខ្លោង​រៀបចំ​ពិធី​ទទួល​លោក សម រង្ស៊ី ដែល​លោក ផៃ ស៊ីផាន ហៅថា​ជា​ទណ្ឌិត​។ មួយស្របក់​ក្រោយមក សារ​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ លុបចោល ហើយ​ជំនួស​មកវិញ នូវ​សារ​ថ្មី​មួយ​ទៀត។

សារ​ចុងក្រោយ​របស់​លោក ផៃ ស៊ីផាន នៅតែ​មានន័យ​គំរាមកំហែង​ដដែល តែ​មានការ​បញ្ជោរ​បញ្ចើចបញ្ចើ​ចៅហ្វាយនាយ​របស់​ខ្លួន​ផង។ លោក​ឆ្លៀត​បញ្ជោរ​មេ​របស់​លោក​គឺ​លោក ហ៊ុន សែន ដោយ​លោក​អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​បែប​“​ទន់ភ្លន់ មានគុណ​ធម៌ និង​សីលធម៌​ខ្ពស់​”​។ លោក ផៃ ស៊ីផាន បន្ថែម​ទៀត ថា​“​មិន​មាន​តម្លៃ​នៃ​ការចាំបាច់​ណាមួយ ក្នុង​កិច្ច​ចាត់វិធានការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ ព្រោះ​ដើម្បី​មុខមាត់ និង​កិត្តិយស​ជាតិ​។ រឿង​មុខមាត់​និង កិត្តិយស​ជាតិ​នេះ លោក​បន្ថែម​ថា ការ​ចាត់វិធានការ​អ្នក​តវ៉ា​នៅ​ក្រៅ​ប្រទេស វា​នាំ​ឱ្យ​មាន​អរិភាព ឬ រូបភាព​ប្រទូសរ៉ាយ​រវាង​ខ្មែរ និង​ខ្មែរ នៅ​លើ​ទឹកដី​បរទេស ដែល​លោក​អះអាង​បន្ថែម​ថា លោក ហ៊ុន សែន មិន​ចង់​ឃើញ​ដូច្នេះ​នោះ​ទេ។

ទោះបីជា​លោក ផៃ ស៊ីផាន អះអាង​ថា លោក ហ៊ុន សែន មិន​ចង់​ឃើញ​ដូច្នេះ​ក្តី ក៏​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ រង​ភាព​អាម៉ាស់​យ៉ាង​ច្រើន ដោយសារតែ​ចំណាត់​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​របប​លោក ហ៊ុន សែន បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ឃុំ រម្លាយ​គណបក្សប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ជាដើម។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​យក​មុខ​ប្រទេស​កម្ពុជា​ទៅ​លក់ ដោយសារតែ​លោក​បាន​ថ្លែង​សារ​គំរាម តាម​វាយ​បាតុករ​ខ្មែរ​អូស្ត្រាលី​ដល់​ផ្ទះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី កាលពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៨។

ទោះជា​មាន​សារ​គំរាម​ជា​ហូរហែ ពី​របប​លោក ហ៊ុន សែន ក៏​ក្រុម​បាតុករ​ភ្លើង​ទៀន នៅតែ​បន្ត​នាំគ្នា ធ្វើដំណើរ​តាម​មធ្យោបាយ​រៀងខ្លួន មកកាន់​ទីក្រុង ក្វាងជូ (Gwangju) ប្រទេស​កូរ៉េខាងត្បូង។

លោក លាង ហា និង ប្អូនប្រុស ធ្វើដំណើរ​តាម​រថយន្តក្រុង​ជិត ៦​ម៉ោង ពី​ខេត្ត ខ្យងគីដូ (Gyeonggi-do) ក្បែរ​ទីក្រុង​សេអ៊ូល ទៅកាន់​ទីក្រុង​ក្វាងជូ (Gwangju) ដែល​មាន​ចម្ងាយ​ពី​គ្នា​ជិត ២៦០​គីឡូម៉ែត្រ (២៥៨ គីឡូម៉ែត្រ)។ លោក​ទាំងពីរ​នាក់​បង​ប្អូន ទៅ​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន ដែល​រៀបចំ​នៅ​ទីក្រុង​ក្រុង​ក្វាងជូនេះ។

បាតុកម្ម​ភ្លើង​ទៀន​នេះ គឺ​ធ្វើ​នៅ​ថ្ងៃ សៅរ៍ ទី​២០ ខែ មេសា នេះ នៅ​ពេល​ល្ងាច​នៅ​ខាងមុខ​សាលាក្រុង​ក្វាងជូ។ គេ​រំពឹង​ថា នឹង​មាន​ពលករ​រាប់ពាន់​នាក់​ចូលរួម​។ គោលបំណង នៃ​ការ​ជួប​ជុំគ្នា​ជា​ប្រវត្តិសាស្ត្រ ជា​លើក​ទីពីរ​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា និង​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា។

អ្នក​គ្រោង​ចូលរួម ក្នុង​បាតុកម្ម​ភ្លើង​ទៀន​នេះ ភាគច្រើន​លើសលប់ គឺ​យុវជន ដែល​ជា​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ និង​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ និង​អ្នក​និយម​ប្រជាធិបតេយ្យ ពី​ប្រទេស​ធំៗ​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក អូស្រា្តលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន និង​ជប៉ុន ជាដើម។

មហា​បាតុកម្ម​ភ្លើង​ទៀន រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ គឺជា​ការ​យក​លំនាំ​តាម​ប្រជាជន​កូរ៉េ​រាប់​សែន​នាក់ ដែល​បាន​ធ្វើ​មហា​បាតុកម្ម​ភ្លើង​ទៀន កាលពី​ចុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ក្នុង​បុព្វហេតុ ទាមទារ​ទម្លាក់​អតីត​ប្រធានាធិបតី​កូរ៉េ គឺ​លោកស្រី ផាក គុនហេ ពី​អំណាច​ដោយសារ​អំពើពុករលួយ និង​រំលោភ​អំណាច។

យុវជន​ដែល​ជា​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ច្រើន​កុះករ បាន​នាំគ្នា​ធ្វើបាតុកម្ម​ភ្លើង​ទៀន​ដូចគ្នា​នេះ​ម្តង​ដែរ កាលពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​ប្រឆាំង​នឹង​ការបោះឆ្នោត ដែល​ផាត់​ចោល​គណបក្សប្រឆាំង​នោះ។

សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស បាន​អះអាង​រួចហើយ​ថា បាតុកម្ម​ភ្លើង​ទៀន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រុង​ក្វាងជូ នៃ​ប្រទេស​កូរ៉េខាងត្បូង​នេះ មិន​មាន​អ្វី​ប្រែប្រួល​ទេ។ តំណាង​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន នៅតែ​បង្ហាញ​ឆន្ទៈ​មោះមុត​របស់​លោក ក្នុង​ការ​រៀបចំ​បាតុកម្ម​នេះ ដោយ​មិន​ចុះ​ញ៉ម នឹង​ការ​ប្រើ​ពាក្យ​គំរាម ពី​មន្ត្រី​របប​ក្រុងភ្នំពេញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ សមាគម ចំនួន២១ គ្រោង​ជួប​ជុំ​​កម្មករ​​​ជាង ​១ពាន់​នាក់​នៅរាជធានី​ភ្នំពេញ ដើម្បី​រម្លឹក​ទិវា​ពលកម្ម​អន្តរជាតិ​ ​​​​ថ្ងៃ​ទី១ ឧសភា

$
0
0

អង្គការ សមាគម ចំនួន២១ គ្រោង​ជួប​ជុំ​គ្នា​ ជាង​១ពាន់​នាក់ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​នៅ​មុខ​វត្ត​បទុមវតី ខណៈ​សហព័ន្ធ​សហជីព​កម្ពុជា ស្នើ​​សុំ​ជួបជុំ​កម្មករ​ជាង ​៤៥០​​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​​

អង្គការ​ សមាគម និង​សហជីព​គ្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ពីរ​កន្លែង​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ។ មន្ត្រី​នៃ​អង្គការ និង​សហជីព​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​​ការងារ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ ប្រាប់​ថា ក្រុម​អង្គការ​ សមាគម និង​សហជីព ចំនួន​២១​ ដែល​គ្រប់​ដណ្ដប់​គ្រប់​វិស័យ ទាំង​វិស័យ​ទេសចរណ៍ សំណង់ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជាដើម នឹង​ដាក់​លិខិត​ ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខាង​មុខ ដើម្បី​ស្នើសុំ​ជួបជុំ​កម្មករ​ចំនួន ១.២០០នាក់ ប្រារព្ធ​ទិវា​សិទ្ធិ​ការងារ ឬ​ពលកម្ម​អន្តរជាតិ។

លោក ឃុន ថារ៉ូ សង្ឃឹម​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​តាម​ការ​ស្នើ​សុំ។ ដោយ​ឡែក គម្រោង​​​កម្មវិធី​របស់​សម្ព័ន្ធ​អង្គការ សមាគម​ និង​សហជីព​ទាំង២១ នឹង​មិន​ហែ​ក្បួន​ទៅ​ទីតាំង​ណា​ទេ ប៉ុន្តែ​ក្រោយ​ជួបជុំ​គ្នា​ សម្ដែង​មតិ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី​រួចរាល់ ពួក​គេ​នឹង​ដាក់​ញត្តិ​ទៅ​ក្នុង​បណ្ដាញ​សង្គម ដើម្បី​ស្វែង​រក​ការ​គាំទ្រ មុន​នឹង​​យក​ទៅ​ដាក់ នៅ​​តាម​ស្ថាប័ន​រដ្ឋ៖ «ទោះ​បី​មិន​មាន​ការ​អនុញ្ញាត​ទៅ​តាម​ការ​ស្នើ​សុំ​ក៏​ដោយ ក៏​យើង​នៅ​តែ​បន្ត​ការ​រៀបចំ​អ៊ីចឹង។ ប៉ុន្តែ​ត្រង់​ថា នៅ​ក្នុង​លក្ខខណ្ឌ​ណា ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង ផ្ដល់​ទី​កន្លែង​ណា​មួយ ដែល​សមរម្យ​សម្រាប់​យើង​ជួប​ជុំ​គ្នា​ អា​ហ្នឹង​វា​រឹត​តែ​ប្រសើរ។ ប៉ុន្តែ​គ្រាន់​យើង​គិត​ថា ទី​តាំង​សុំ​ហ្នឹង គឺ​ក្រុម​គណៈកម្មការ​គិត​ថា វា​ជា​ទី​កន្លែង​សមរម្យ​ហើយ»

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្ពុជា លោក ម៉ៃ សុភក្ត្រា ប្រាប់​ថា ​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួច​រាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១៩ មេសា។ ប៉ុន្តែ​ អាជ្ញាធរ​មិន​ទាន់​សម្រេច​បែប​ណា​ទេ។ សហជីព​រូប​នេះ​បន្ត​ថា ការ​សម្រេច​ជ្រើស​យក​ទី​តាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ​ដោយសារ​កន្លង​មក​ អាជ្ញាធរ​ធ្លាប់​បដិសេធ​ទីតាំង​ផ្សេង។ លោក​បន្ត​ថា អ្នក​ចូល​រួម​នៅ​សួន​ប្រជាធិបតេយ្យ​ថ្មី គឺ​ជា​កម្មករ មក​ពី​សហព័ន្ធ​សហជីព​កម្ពុជា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សមាគម​និស្សិត​បញ្ញវន្ត​កម្ពុជា​ និង​ពលរដ្ឋ ហើយ​ក្រោយ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​រួច សហព័ន្ធ​នឹង​ហែ​ញត្តិ ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​រដ្ឋាភិបាល រដ្ឋសភា និង​ក្រសួង​ការងារ៖ «ក្នុង​នាម​សហព័ន្ធ​សហជីព​កម្ពុជា​ ក៏​សូម​អញ្ជើញ​ដល់​អង្គការ​ សមាគម ឬ​ក៏​សហជីព ដែល​តែង​តែ​ស្វែង​រក​​នូវ​ដំណោះ​ស្រាយ ឬ​ក៏​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ សូម​អញ្ជើញ​ចូល​​រួម​​នៅ​សួន​ប្រជាធិបតេយ្យ ជាមួយ​សហព័ន្ធ​សហជីព​កម្ពុជា នៅ​ថ្ងៃ ១ ឧសភា វេលា​ម៉ោង ៩ព្រឹក»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ ករណី​សំណើ​ទាំង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បាន​ទេ នៅ​ថ្ងៃ​ទី១៩ មេសា​ ដោយសារ​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ២០១៣ មក អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹតត្បិត​ អង្គការ សមាគម សហជីព និង​កម្មករ ខ្លាំង មិន​ឲ្យ​មាន​ការ​ហែ​ក្បួន និង​ហាមប្រាម មិន​ឲ្យ​ពួក​គេ​ថ្លែង​សារ​ណា​មួយ ប៉ះពាល់​ដល់​​រឿង​នយោបាយ​ឡើយ។ បន្ថែម​ពី​លើ​ការ​ហាម​ប្រាម និង​រឹតត្បិត​សេរីភាព​ស្ទើរ​គ្រប់​បែប​យ៉ាង អាជ្ញាធរ​ក៏​​បាន​ដាក់​បារ៉ាស់ និង​​កង​កម្លាំង​ប្រដាប់​ ដោយ​អាវុធ​វែង កាំភ្លើង ដំបង និង​ខែល គ្រប់​ដៃ ដើម្បី​ឃ្លាំ​មើល និង​ហាម​ឃាត់ កុំ​ឲ្យ​ក្រុម​អង្គការ សមាគម សហជីព ធ្វើ​សកម្មភាព​ ឬ​ថ្លែង​សារ​នយោបាយ លើស​ការ​កំណត់​របស់​អាជ្ញាធរ។

ក្រៅ​ពី​ទីតាំង​មុខ​វត្ត​បទុមវតី និង​សួន​ប្រជាធិបតេយ្យ​ថ្មី ក្រុម​សហជីព​ធំៗ ចំនួន៨ ផ្សេង​ទៀត ដែល​ដឹក​នាំ​ដោយ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ កាល​ពី​ថ្ងៃ​ទី៧ មេសា ក៏​បាន​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ហែ​ក្បួន​កម្មករ​ជាង ២ពាន់​នាក់ ពី​ម្ដុំ​សួន​ច្បារ​ក្បែរ​វត្ត​ភ្នំ ទៅ​រដ្ឋសភា ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ ឆ្នាំ​នេះ​ដែរ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ដូច​គ្នា។

សង្គម​ស៊ីវិល លោក ឃុន ថារ៉ូ យល់​ថា រដ្ឋាភិបាល​គួរ​បើក​សេរីភាព​​ពេញ​ទី​ឲ្យ​អង្គការ សមាគម​ សហជីព បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​យក​ហេតុ​ផល​នេះ​ទៅ​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប កុំ​ឱ្យ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​ទីលាន​ខាង​មុខ​សាលា​ក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េ​ចាប់​ផ្ដើម​​ជា​បណ្ដើរៗ ​ចាប់​តាំង​ពី​ម៉ោង​ជាង ៤ ម៉ោង​នៅ​ប្រទេស​កូរ៉េ

$
0
0

ដូច​បាន​គ្រោង​ទុក បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​ទីលាន​ខាង​មុខ​សាលា​ក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េ​ចាប់​ផ្ដើម​ហើយ គឺ​ចាប់​តាំង​ពី​ម៉ោង​ជាង ៤ ម៉ោង​នៅ​ប្រទេស​កូរ៉េ។

បាតុកម្ម​ភ្លើង​ទៀន​រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ដឹក​នាំ​ដោយ​លោក សម រង្សី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ នេះ គឺ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ និង​ចាប់​ឃុំ​ខ្លួន​មេ​ដឹក​នាំ​គណបក្ស គឺ​លោក កឹម សុខា។

មក​ដល់​ម៉ោង ៥ល្ងាច​នេះ អ្នក​ចូលរួម​ក្នុង​បាតុកម្ម​ភ្លើង​ទៀន ជា​ច្រើន​នាក់​កំពុង​មក​ជា​បន្តបន្ទាប់ ហើយ​សុទ្ធ​សឹង​តែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា ជុំវិញ​ពិភព​លោក ដូច​ជា សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន ជប៉ុន ហើយ​បាតុករ​ច្រើន​លើស​លុប​ជាង​គេ​នោះ គឺ​ពលករ​ខ្មែរ ដែល​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​តែ​ម្ដង។

បាតុកម្ម​ភ្លើង​ទៀន​របស់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ដែល​យក​គំរូ​តាម​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​អ្នក​ប្រជាធិបតេយ្យ​ប្រទេស​កូរ៉េ​នេះ គឺ​ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​តស៊ូ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឡើង​វិញ។

 

នៅ​ខណៈ​នេះ អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក ជុន ច័ន្ទបុត្រ និង​លោក ជី វិតា កំពុង​មាន​វត្តមាន​នៅ​ទីលាន​បាតុកម្ម​ភ្លើង​ទៀន​ខាង​មុខ​សាលាក្រុង​ក្វាងជូ ដើម្បី​រាយការណ៍​ព័ត៌មាន​ជូន​លោក​អ្នក​នាង។ ដើម្បី​ដឹង​លំអិត​ពី​ស្ថានភាព​បាតុកម្ម​នេះ ហើយ​ថា តើ​អ្នក​ចូលរួម​ចង់​បញ្ចេញ​សារ​អ្វី​ខ្លះ សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​លោក ជុន ច័ន្ទបុត្រ និង​លោក ជី វិតា ពី​ទីក្រុង​ក្វាងជូ នៅ​ក្នុង​ការ​ផ្សាយ​របស់​អាស៊ី​សេរី​នៅ​ក្នុង​រាត្រី​នេះ ចាប់​ពី​ម៉ោង ៧:៣០នាទី ដល់​ម៉ោង ៨:៣០នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា...

អ្នក​ចូលរួម​រាប់​ពាន់​នាក់​​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​ជាមួយ​បក្ស​ប្រឆាំង​នៅកូរ៉េ

$
0
0

ដូច​បាន​គ្រោង​ទុក បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​ទីលាន​ខាង​មុខ​សាលា​ក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េ​ចាប់​ផ្ដើម​ហើយ គឺ​ចាប់​តាំង​ពី​ម៉ោង​ជាង ៤ ម៉ោង​នៅ​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​ទី២០ មេសានេះ។

បាតុកម្ម​ភ្លើង​ទៀន​រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ដឹក​នាំ​ដោយ​លោក សម រង្សី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ នេះ គឺ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ និង​ចាប់​ឃុំ​ខ្លួន​មេ​ដឹក​នាំ​គណបក្ស គឺ​លោក កឹម សុខា។

មកល្ងាច​នេះ អ្នក​ចូលរួម​ក្នុង​បាតុកម្ម​ភ្លើង​ទៀន រាប់​ពាន់​នាក់​មក​ជា​បន្តបន្ទាប់ ហើយ​សុទ្ធ​សឹង​តែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា ជុំវិញ​ពិភព​លោក ដូច​ជា សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន ជប៉ុន ហើយ​បាតុករ​ច្រើន​លើស​លុប​ជាង​គេ​នោះ គឺ​ពលករ​ខ្មែរ ដែល​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​តែ​ម្ដង។

បាតុកម្ម​ភ្លើង​ទៀន​របស់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ដែល​យក​គំរូ​តាម​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​អ្នក​ប្រជាធិបតេយ្យ​ប្រទេស​កូរ៉េ​នេះ គឺ​ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​តស៊ូ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឡើង​វិញ។

នៅ​ខណៈ​នេះ អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក ជុន ច័ន្ទបុត្រ និង​លោក ជី វិតា កំពុង​មាន​វត្តមាន​នៅ​ទីលាន​បាតុកម្ម​ភ្លើង​ទៀន​ខាង​មុខ​សាលាក្រុង​ក្វាងជូ ដើម្បី​រាយការណ៍​ព័ត៌មាន​ជូន​លោក​អ្នក​នាង។ ដើម្បី​ដឹង​លំអិត​ពី​ស្ថានភាព​បាតុកម្ម​នេះ ហើយ​ថា តើ​អ្នក​ចូលរួម​ចង់​បញ្ចេញ​សារ​អ្វី​ខ្លះ?

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​លោក ជុន ច័ន្ទបុត្រ និង​លោក ជី វិតា ពី​ទីក្រុង​ក្វាងជូ ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទូត​អាមេរិក​និង​ចិន​នៅ​ភ្នំពេញ​បន្ត​វាយប្រហារ​គ្នា​ពី​ការ​កេង​ចំណេញ​សេដ្ឋកិច្ច​លើ​កម្ពុជា

$
0
0

ស្ថានទូត​សហរដ្ឋអាមេរិក និង​ចិន ប្រចាំ​កម្ពុជា បន្ត​វាយប្រហារ​គ្នា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​កេង​ចំណេញ​សេដ្ឋកិច្ច​លើ​កម្ពុជា​។ អ្នកឃ្លាំមើល​សង្គម និង​សហជីព យល់​ស្រដៀង​គ្នា​ថា ចិន​បាន​កេង​ចំណេញ​ពី​កម្ពុជា​ច្រើន។

ស្ថានទូត​ចិន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ មេសា​នេះ បង្ហោះ​សារ ឱ្យ​កម្ពុជា​ប្រុងប្រយ័ត្ន ព្រោះ​សហរដ្ឋអាមេរិក កំពុង​បង្កើត​បញ្ហា​ម្ដង​ទៀត លើ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម។ ស្ថានទូត​ចិន​អះអាង​ថា ទំនាក់ទំនង​រក​ស៊ី​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ភាគី​ចិន ជា​រឿង​ធម្មតា នៅ​ក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម ព្រោះ​សកម្មភាព​ពាណិជ្ជកម្ម តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី។

កាល​ពី​ថ្ងៃ​ទី​១៩ មេសា ស្ថានទូត​សហរដ្ឋអាមេរិក បង្ហោះ​សារ ក្នុង​ន័យ​ថា ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា បាន​ផ្ដល់​ផល​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន ហើយ​ប្រហែល ៨៧​ភាគរយ នៃ​ទំនិញ​ដោះដូរ​គ្នា គឺជា​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន។ ទំនិញ​នាំចូល​ផ្នែក​វាយនភណ្ឌ​ទាំងនោះ មិន​បាន​ជួយ​បន្ថែម​ការងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឬ​គ្មាន​បាន​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​ទេ។

ស្ថានទូត​សហរដ្ឋអាមេរិក ហៅ​ការ​ធ្វើ​បែបនេះ​របស់​កម្ពុជា ថា​គ្រាន់តែ​ចង់​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​តុល្យភាព និង​ចម្រុះ​របស់​កម្ពុជា ហើយ​បែរ​ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន។

ស្ថានទូត​ចិន​បកស្រាយ​ថា ការ​នាំ​ចូល​នូវ​វត្ថុធាតុដើម​វាយនភណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភណ្ឌ យ៉ាង​ច្រើន​ពី​ប្រទេស​ចិន គឺ​សម្រាប់​បម្រើ​វិស័យ​កាត់ដេរ ខណៈ​កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្រេច ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង។ ការ​ធ្វើ​បែបនេះ ស្ថានទូត​ចិន អះអាង​ថា បាន​ជួយ​ដល់​កម្មករ​ខ្មែរ ក្នុង​វិស័យ​ឧស្សាហកម្ម​ច្រើន​គ្នា​ណាស់។ ក្រៅ​ពី​នេះ​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយគ្នា ចិន អះអាង​ថា បាន​ជួយ​កសាង​កម្ពុជា​ច្រើន​ទៀត​ផង ទាំង​ផ្នែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​វារីអគ្គិសនី។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ជំហរ​របស់​របប​ក្រុងភ្នំពេញ ក្នុង​រឿង​នេះ ពី​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​២០ មេសា ដោយសារ​ទូរស័ព្ទ​ទៅ​ច្រើនដង តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា ការ​នាំ​ចូល​វាយនភណ្ឌ និង​គ្រឿង​វាយនភណ្ឌ​កន្លង​មក កម្ពុជា​មិនបាន​ចំណេញ​អ្វី​ច្រើន​ពី​ចិន​ទេ ហើយ​អ្នកបញ្ជា​ទិញ​តែង​រអ៊ូ​ថា ការ​ជួយ​កម្ពុជា តែ​ផល​បាន​ទៅ​ចិន​ច្រើនជាង ដោយសារ​ប្រាក់ចំណេញ​ពី​ការនាំចេញ ផលិតផល កាត់ដេរ បាន​ធ្លាក់​លើ​ចិន​៦០​ភាគរយ ឯ​កម្ពុជា​ទទួល​បាន​ប្រហែល​៤០​ភាគរយ ឬ ស្មើនឹង​ជាង​២​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ៖ «ការ​នាំ​ចេញពី​កម្ពុជា ទៅ​អឺរ៉ុប ទៅ​អាមេរិក​ហ្នឹង​គឺថា វត្ថុធាតុ​ដើម សឹង​ថា ៧០ ៨០ ភាគរយ​ទៅ​ហើយ​នាំចូល​ពី​ស្រុក​ចិន។ ពេលខ្លះ យើង​ក៏​បាន​លឺ​ដែរ​ថា ពេល​ជួយ​ដល់​កម្ពុជា​ហ្នឹង ដូច​ជួយ​ដល់​សេដ្ឋកិច្ច​ចិន»

លោក អាត់ ធន់ បន្ត​ថា ដោយសារ​កម្ពុជា នាំចូល​វត្ថុធាតុដើម​ទាំងស្រុង ហើយ​កម្មករ​ខ្មែរ ចាំតែ កាត់ និង​ដេរ ទើប​ធ្វើ​ឱ្យ​ផល​ចំណេញ​ជាច្រើន​ធ្លាក់​លើ​ចិន ជា​អ្នក​ផលិត​វត្ថុធាតុដើម។ លោក​ថា ប្រសិនបើ​កម្ពុជា ចង់​ចំណេញ​ច្រើនជាង​នេះ គួរ​បង្វែរ​ស្វែង​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ប្រទេស​ផ្សេង​ខ្លះ និង​គួរ​បង្កើត​រោងចក្រ​ផលិត​វត្ថុធាតុដើម​ខ្លះ ព្រោះ​កម្ពុជា​មាន​លទ្ធភាព។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ពិតជា​ងាក​ចេញពី​យុទ្ធសាស្ត្រ​ចម្រុះ ហើយ​ចាប់​យក​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ ឬ​ស្ទើរ​ទាំងស្រុង ដោយសារ​កត្តា​នយោបាយ ព្រោះ​ប្រទេស​លោក​សេរី ដែល​រកស៊ី​ជាមួយ​កម្ពុជា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​នយោបាយ​ជាង​សព្វថ្ងៃ៖ «កាលណា បើ​ចាប់ដៃ​ជាមួយ​បស្ចិមប្រទេស​ទៅ វា​ប៉ះពាល់​ដល់​ស្ថិរភាព​នូវ​អំណាច​របស់​ខ្លួន ជាពិសេស​គឺ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស»

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា រយៈពេល​១១​ខែ ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​វាយនភណ្ឌ​ទៅ​ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក តែ​នាំ​វត្ថុធាតុដើម​ចូល​វិញ​ជាង ជិត ៣​ពាន់ (,៧០០)​លាន​ដុល្លារ​អាមេរិក។

ចំណែក​ការ​នាំ​ចេញ​សរុប ទៅ​សហរដ្ឋអាមេរិក ពេញ​មួយ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ជាង ៣​ពាន់​លាន (,៣១ប៊ី​លាន) ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​តវ៉ា​ដីធ្លី​៨​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​រឿង​តវ៉ា​បិទ​ផ្លូវ

$
0
0

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សម្រេច​បញ្ជូន​អ្នក​តវ៉ា​ដីធ្លី ៨​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ​៤ បណ្ដាល​ឱ្យ​ផ្ទះ​អំពើ​ហិង្សា​នោះ​ទៅ​តុលាការ ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។ អ្នក​មាន​ជម្លោះដីធ្លី និង​សង្គម​ស៊ីវិល ស្នើសុំ​ឱ្យ​អាជ្ញាធរ​យោគយល់​ដោះលែង​ពលរដ្ឋ​ទាំង​៨​នាក់​នោះ​វិញ កុំ​ឱ្យ​ពួកគេ​បាត់បង់​ផ្ទះសម្បែង​ហើយ​ថែមទាំង​ត្រូវ​ជាប់គុក​ទៀត។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែងប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​មិន​អាច​ដោះ លែង​ពលរដ្ឋ​ទាំង​៨​នាក់​នោះ​បាន​ទេ ហើយ​អាជ្ញាធរ​នឹង​បញ្ជូន​ពលរដ្ឋ​ទាំង​៨​នាក់​នោះ ទៅ​តុលាការ ក្រោយ​ឃាត់ខ្លួន​អស់​រយៈពេល ៤៨​ម៉ោង។ លោក​អះអាង​ថា ការ​ឃាត់​នេះ មិនមែន​ដោយសារតែ​ពលរដ្ឋ​ទាំងនេះ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​រឿង​ដីធ្លី​នោះ​ទេ ប៉ុន្តែ​ដោយសារ ពួកគេ​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៤​បណ្ដាល​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​ធ្វើ​ដំណើរ ហើយ​ហ៊ាន​ប្រើ​អំពើ​ហិង្សា​លើ​កម្លាំង​សមត្ថកិច្ច​ដែល​បំពេញ​តួនាទី​សម្រួល​ចរាចរណ៍​ថែម​ទៀត«ខ្ញុំ​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​ច្បាប់​គឺជា​អ្នកការពារ​ជន​ស្លូតត្រង់​និង​អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​ហើយ សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង និង​ប្រព្រឹត្ត​ខុស​ពី​ផ្លូវច្បាប់ គឺ​ច្បាប់​អ្នក​កំណត់។ អ៊ីចឹងទេ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ឱ្យ​បាន​ល្អ»

កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ពលរដ្ឋ​ជាង​១​រយ​នាក់ នាំគ្នា យក​ដើមឈើ និង​ដុំ​ថ្ម​ដាក់​បិទ​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​ព្រៃនប់ ដើម្បី​តវ៉ា​សុំ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី ក្រោយពី​អាជ្ញាធរ​ចុះ​រុះរើ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៦០០ ខ្នង​និង​បណ្ដេញ​ពួកគាត់​ចេញ។ សកម្មភាព​តវ៉ា​នេះ បាន​បណ្ដាល​ឱ្យ​ស្ទុះ​ចរាចរណ៍ និង​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ខណៈ​ដែល​សមត្ថកិច្ច​ព្យាយាម​បញ្ឈប់ សកម្មភាព​តវ៉ា​បិទ​ផ្លូវ​របស់​ពលរដ្ឋ។

អ្នកមាន​ជម្លោះដីធ្លី​មួយ​រូប​គឺ​អ្នកស្រី សេង សភី ស្នើសុំ​ឱ្យ​អាជ្ញាធរ​យោគយល់​ដោះលែង​ពលរដ្ឋ​ទាំង ៨​នាក់​នោះ​វិញ ព្រោះ​ពលរដ្ឋ​ទាំងនេះ សុទ្ធ​តែ​ជា​អ្នក​ក្រីក្រ។ ម្យ៉ាងទៀត ការ​តវ៉ា​បិទ​ផ្លូវ ក៏​ដោយសារតែ អាជ្ញាធរ​រុះរើ​ផ្ទះ​ពលរដ្ឋ​ខ្ទេចខ្ទី​គ្មាន​សល់​ហើយ​សមត្ថកិច្ច​ក៏​បង្ក​ហិង្សា​ដាក់​ពលរដ្ឋ​ដែរ«សូម​អាជ្ញាធរ​ជួយ​ដោះលែង​ពលរដ្ឋ​ដែល​បាន​ចាប់​នោះ​ទៅ ព្រោះ​អី​ពួកគាត់​ពិតជា​អត់​មែន ហើយ​គិត​មិន​បាន​ច្រើន»

រីឯ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន ប្រសាសន៍​ថា សមាគម​របស់​អ្នកស្រី នឹង​ពិចារណា​ផ្ដល់​មេធាវី​ជូន​ពលរដ្ឋ ប៉ុន្តែ​អ្នកស្រី​នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​យោគយល់ និង​អធ្យាស្រ័យ​ចំ​ពោះ​ពលរដ្ឋ​ទាំងនោះ ព្រោះ​ពួកគេ​ផ្ទុះ​កំហឹង ដោយសារ​បាត់បង់​ផ្ទះ​សម្បែង គ្មាន​ទីលំនៅ​តទៅទៀត«ការ​ប្រឈម​ដាក់គ្នា វា​មាន​ទៅ​មាន​មក​អ៊ីចឹង​ហើយ ហើយ​អ្នក​ដែល​គប់​នោះ​មិន​ប្រាកដ​ថា អ្នក​៦​នាក់​នោះ​ទេ ។​ខ្ញុំ​បាន​ស្ដាប់​ប្រសាសន៍​លោក ជួន ណារិន្ទ ដែរ ប៉ុន្តែ​តាមពិត​ការ​គប់​ដុំ​ថ្ម​នោះ​មិនមែន​ពេល​បិទ​ផ្លូវ​ទេ គឺ​នៅ​ពេល​ពលរដ្ឋ​សម្រុកចូល​ទៅ​ក្នុង ហើ​អាជ្ញាធរ​និង​ប្រជា​ការពារ រារាំង និង​បាន​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ដែល​ធ្វើ​ជ្រួលច្របល់។ ពលរដ្ឋ នាំគ្នា​រំដោះ​អ្នក​ដែល​គេ​ចាប់​នោះ និង​ដកថយ។ បន្ទាប់​មក ពលរដ្ឋ​បបួលគ្នា​សម្រុកចូល​ទៅ​ក្នុង​ម្តង​ទៀត ហើយ​សមត្ថកិច្ច​នៅតែ​រារាំង​មិន​ឱ្យ​ចូល ដូច្នេះ​ហើយ​មាន​អ្នក​ផ្សេង ទៀត​គប់​ដុំ​ថ្ម ប៉ុន្តែ​មិនមែន​គប់​ស្រោច​អី​ទេ»

អ្នកស្រី ជៀប សុធារី សម្ដែង​ការ​ព្រួយបារម្ភ​ថា ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ អាច​នឹង​កើតឡើង​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត ដោយសារតែ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ របស់​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​កាន់តែ​ឡើង​ខ្ពស់។ អ្នកស្រី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខិតខំ​ដោះ ស្រាយ​វិបត្តិ​ដីធ្លី​នេះ​ដោយ​ប្រុងប្រយ័ត្ន​និង​អនុវត្ត​តាមច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ជៀសវាង​កុំ​ឱ្យ​កើត​មាន​ប្រើ​អំពើ​ហិង្សា និង​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ ព្រោះ​ករណី​នេះ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា ទូត​អាមេរិក​ផ្សាយ​ព័ត៌មាន​មិន​ពិត​ករណី​ពាណិជ្ជកម្ម​កម្ពុជា​ចិន

$
0
0

ក្រោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បង្ហោះ​សារ​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​មេសា ដោយ​លើកឡើង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន បាន​ផ្ដល់​ផល​ចំណេញ​ខ្លាំង​ទៅ​ឱ្យ​ខាង​ភាគី​ប្រទេស​ចិន​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ដាក់​ផ្លែផ្កា​ឱ្យ​អាមេរិក​ថា ជា​អ្នក​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត។ លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​នៅ​ក្នុង​សារ​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារ​ប្រទេស​ម្ចាស់​ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង។ លោក​និយាយ​ក្នុង​ន័យ​ឌឺដង​ឱ្យ​អាមេរិក​ថា មាន​តែ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ តែ​អាមេរិក​ភ្លេច​បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ផង​ដែរ នោះ​គឺ​ទំហំ​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​តើ​មាន​ប៉ុន្មាន? លោក ខៀវ កាញារីទ្ធ បន្ត​ទៀត​ថា កម្ពុជា​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​ភាព​អគតិ​របស់​ខ្លួន​ទៅវិញ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​លើកឡើង​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ សារ​របស់​ស្ថានទូត​បន្ត​ទៀត​ថា ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ។ សារ​របស់​ស្ថានទូត​អាមេរិក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ ឆ្ពោះ​ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​ការ​ពឹងផ្អែក​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក អេរិន ឆ្វាតជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ីសេរី​ថា ស្ថានទូត​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ នៅ​ពេល​នេះ ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក ខៀវ កាញារីទ្ធ នោះ។

ផ្អែក​តាម​ទិន្នន័យ​ក្រាហ្វិក​ដែល​ស្ថានទូត​អាមេរិក​បង្ហោះ​នេះ គឺ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា​នាំចូល​ពី​អាមេរិក​ក្នុង​បរិមាណ​តិច តែ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​អាមេរិក​ក្នុង​បរិមាណ​ច្រើន គឺ​ក្នុង​តម្លៃ​សរុប​ដល់​ទៅ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។ រីឯ​ជាមួយ​ចិន​វិញ កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្នុង​តម្លៃ​សរុប​ប្រមាណ​តែ​ជាង ៧៥០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០១៧។

កន្លងមក​ក្រុម​អ្នកវិភាគ និង​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ ធ្លាប់​ព្រមាន​ជា​ចំហ​រថា ការពឹងផ្អែក​ហួសហេតុ​ពេក​តែ​ទៅលើ​មហាអំណាច​ចិន​តែមួយ អាច​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​ជាមួយ​ចិន ដែល​អាច​ធ្វើ​ឱ្យ​ចិន​ដាក់​អាណានិគម​សម័យថ្មី​នៅ​កម្ពុជា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​សង្គម​ថា កម្ពុជា​មាន​សន្តិភាព​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច

$
0
0

អ្នកឃ្លាំមើល​សង្គម​ថ្លែង​ថា កម្ពុជា​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ទាំង​បញ្ហា​ក្នុងស្រុក និង​ការ​ប្រឈម​ពី​ខាងក្រៅ ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​នោះ​ឡើយ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា សហគមន៍​អន្តរ​ជាតិនិយម​ប្រជាធិបតេយ្យ​នៅតែ​ថ្កោលទោស​របប​ដឹកនាំ​បច្ចុប្បន្ន​ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កើតមាន​តាំងតែ​ពី​ចុង​ឆ្នាំ​២០១៧ រហូត​មក។ លោក​បន្ត​ថា គិត​មក​ទល់​ពេល​នេះ ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​នាំ​ទៅ​រក​ការ​ស្តារ​ឡើងវិញ​នូវ​ស្ថានភាព​អាក្រក់​ទាំងឡាយ ព្រមទាំង​ការ​បញ្ចៀស​នូវ​វិបត្តិ​ផ្សេងៗ ដូចជា​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​នោះ នៅ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​ថា កម្ពុជា​នៅ​មាន​បញ្ហា​ក្នុង​ស្រុក​ជាច្រើន​ផ្សេងទៀត ដែល​មិន​ទាន់​បាន​ដោះស្រាយ ដូច្នេះ​រឿង​ទាំងនេះ​កំពុង​រុញច្រាន​កម្ពុជា​ទៅ​រក​វិបត្តិ​សង្គម​នៅ​ពេល​ខាងមុខ៖ «ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី មិនឆ្លើយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​កើត​មាន​នៅ​កម្ពុជា​យើង​ទេ។ ហើយ​បើ​កម្ពុជា​យើង​មិន​ស្វះ​ស្វែង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ហ្នឹង​ឱ្យ​ល្អ​ប្រសើរ​ទេ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុន​ហ្នឹង​ គេ​ខ្លាច​រអា។ គេ​គិត​ថា​វា​ពុំ​មាន​សុវត្ថិភាព​ក្នុង​ការ​ដែល​គេ​មក​បណ្តាក់​ទុន​នៅកម្ពុជា​យើង​ទេ។ ទោះបីគេ​មិន​ដក​ EBA ឥលូវ​ហ្នឹង​ក៏​ដោយ ក៏​វា​មាន​ផល​ប៉ះពាល់​ បើយើង​មិន​ជម្រះ ឬមួយ​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ នៅ​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២០ មេសា ថា របប​របស់​លោក​នឹង​បន្ត​រួមដៃ​គ្នា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការ​កសាង​ជាតិ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​បំផុត។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ បាន​អួតអាង​ថា លោក​បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព​ពេញលេញ និង​ការ​រីកចម្រើន​ពិតប្រាកដ ហើយ​លោក​ក៏បាន​អរគុណ​ពលរដ្ឋ​ដែល​គាំទ្រ​ឥត​ងាករេ​ចំពោះ​ការដឹកនាំ​របស់​លោក​ផង​ដែរ។ លោក​បន្ថែម​ថា ពេល​នេះ​កម្ពុជា​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​ឡើយ។

ទោះជា​យ៉ាងណា លោក រ៉ុង ឈុន មើល​ឃើញ​ថា កម្ពុជា​មិនទាន់​មាន​សុខ​សន្តិភាព​ពេញលេញ​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ លោក​ថា សន្តិភាព​មាន​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​កន្លះ​ប្រទេស​វិញ ឆន្ទៈ​របស់​ពួកគាត់​ត្រូវ​បាន​រំលោភបំពាន និង​ជាន់​ឈ្លី ដោយ​ក្រុម​អ្នក​កាន់​អំណាច៖ «រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់​មេបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ហើយ​និរទេស​អ្នក​នយោបាយ ដក​សិទ្ធិ​អ្នក​នយោបាយ​មិន​ឱ្យ​ធ្វើ​នយោបាយ នេះ​មិន​មែន​មាន័យ​ថា មាន​សន្តិភាពពេញ​លេញ​ទេ មានន័យ​ថា សន្តិភាព​តែមួយផ្នែក​ ឬមួយ​ក្រុម​ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ មិន​ទាន់ទទួល​បាន​សន្តិភាព​ពេញលេញ​នោះទេ»

ចំណែក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក វិញ យល់ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ ឆ្លុះបញ្ចាំង​ការពិត​តែមួយ​ជ្រុង​តូច​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​មាន​បញ្ហា​ក្នុងស្រុក​ជាច្រើន ដូចជា គ្រឿងញៀន ចោរកម្ម អសន្តិសុខ ការ​បំផ្លាញ​បរិស្ថាន ព្រៃឈើ និង​ធនធានធម្មជាតិ បូករួម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ជាដើម។ ចំណែក​បញ្ហា​ខាងក្រៅ​វិញ លោក​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​ហានិភ័យ​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ទីផ្សារ​សហរដ្ឋអាមេរិក​។ លោក​ជឿជាក់​ថា បញ្ហា​ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ព្រួយបារម្ភ និង​ចង់​ឃើញ​របប​លោក ហ៊ុន សែន ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​សន្តិភាពពេញលេញ លុះ​ត្រា​តែ​សន្តិភាព​ហ្នឹង​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត តែ​បច្ចុប្បន្ន​នេះ​យើង​មើល​ទៅ​សិទ្ធិសេរីភាពនៃ​ការ​បញ្ចេញ​មតិ​ គឺ​នៅ​រួម​តូច​មែន​ទែន​។ យើង​មើល​ មាន​ការ​ព្រាត់​ប្រាស អ្នក​នយោបាយ​ខ្លះ​គាត់​និរទេស​ទៅ​ក្រៅប្រទេស ហើយ​ចំណែក​អ្នក​ហ៊ាន​បញ្ចេញមតិ​ក្នុង​ស្រុក​ត្រូវ​បាន​ការ​បំភិតបំភ័យ​ គំរាម​កំហែង អ៊ីចឹង​ទាំង​អស់​ហ្នឹង​ហើយ​ដែល​មិន​អាច​ឆ្លុះ​បញ្ចាំង​ថា សន្តិភាព​ពេញ​លេញ​នៅប្រទេស​កម្ពុជា​បាន​ទេ»

យុវជន​រូប​នេះ យល់ថា លោក ហ៊ុន សែន កំពុងតែ​និយាយ​លួង​ចិត្ត​ខ្លួនឯង ជុំវិញ​ការ​លើកឡើង​ថា ពលរដ្ឋ​គាំទ្រ​ការដឹកនាំ​របស់​លោក​ដោយ​ឥត​ងាករេ​នោះ។ លោក​ថា ពលរដ្ឋ​ភាគច្រើន​បាន​បាត់បង់​ទំនុក​ចិត្ត​លើ​ការដឹកនាំ​របស់​លោក​រួច​ទៅ​ហើយ ហើយក៏​បាន​រេ​ទៅ​គាំទ្រ​គណបក្សប្រឆាំង​។ លោក​បន្ត​ថា រឿង​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ តាមរយៈ​លទ្ធផល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លងទៅ ដែល​គណបក្ស​កាន់អំណាច​ធ្លាក់​សំឡេងឆ្នោត​យ៉ាង​គំហុក។ លោក​បន្ថែម​ថា ការដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គឺ​កើត​ចេញ​មកពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ មិនមែន​កើត​ចេញ​ពី​ឆន្ទៈ​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលករ​ខ្មែរ​និង​អ្នក​និយម​ប្រជាធិបតេយ្យ ប្រហែល ៨​ពាន់​នាក់​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​ទោះ​មាន​សារ​ព្រមាន​ពី​របប​លោក ហ៊ុន សែន

$
0
0

ពលករ​ខ្មែរ និង​អ្នក​និយម​ប្រជាធិបតេយ្យ ប្រហែល ៨​ពាន់​នាក់ បាន​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​របស់​បក្ស​ប្រឆាំង​នៅ​កូរ៉េ ទោះ​មាន​សារ​គំរាម​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន។

បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ខាងមុខ​សាលាក្រុង​ក្វាងជូ ប្រទេស​កូរ៉េ ធ្វើ​តាំងពី​ម៉ោង ៤ រសៀល ដល់​ម៉ោង ១០ យប់ កាលពី​យប់​ថ្ងៃ​ទី២០ ខែ មេសា​។ បាតកម្ម​នេះ រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ដឹកនាំ​ដោយ​លោក សម រង្សី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ឃុំខ្លួន​មេដឹកនាំ​គណបក្ស គឺ​លោក កឹម សុខា។

អ្នកចូលរួម​ក្នុង​បាតុកម្ម សុទ្ធសឹងតែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ មកពី​បណ្ដា​ប្រទេស​នានា ជុំវិញ​ពិភពលោក​ដូចជា សហរដ្ឋអាមេរិក អូស្រា្តលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន ជប៉ុន ហើយ​បាតុករ​ច្រើន​លើសលប់​ជាងគេ​នោះ គឺ​ពលករ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ​តែម្ដង​។

ការចូលរួម​ដ៏​ច្រើន​កុះករ​នេះ ធ្វើ​ឱ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី រភើប​ខ្លាំង និង ថា​នេះ​ជា​សញ្ញាណ​បញ្ជាក់​កាន់តែ​ច្បាប់​ថា កម្លាំង​អ្នក​និយម​ប្រជាធិបតេយ្យ នៅតែ​ខ្លាំងក្លា និង ពុះពោរ ដើម្បី​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ឆាប់ៗ​មួយ នៅ​កម្ពុជា​។ លោក សម រង្ស៊ី ថា​ទឹកចិត្ត​ពលករ​ខ្មែរ​នៅ​កូរ៉េ និង អ្នក​និយម​ប្រជាធិបតេយ្យ​ពី​គ្រប់ទិសទី ជុំវិញ​ពិភពលោក​នេះ គឺជា​ការ​លើកទឹកចិត្ត​បន្ថែម ដល់​ការ​តស៊ូ​ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា។ «»

ឃើញ​ការ​ក្រោក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​ផ្លាស់ប្ដូរ​នេះ លោក សម រង្ស៊ី ក្ដុកក្ដួល​អួល​ដើមក ព្រោះ​នឹកឃើញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ស្រុក​ខ្មែរ ដែល​កំពុង​រងគ្រោះ ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ​សព្វបែបយ៉ាង ពី​របប​លោក ហ៊ុន សែន​។ លោក សម រង្ស៊ី បន្ថែម​ថា លោក​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា មាន​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពេញលេញ ដូច​នៅ​ប្រទេស​កូរ៉េ និង ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ។ «»

ក្នុង​ឱកាស​នោះ​ដែរ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ទទួល​បាន​ពានរង្វាន់​ឆ្នើម ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សន្តិភាព​អាស៊ី ចំពោះ​វីរភាព និង ការ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បាតុកម្ម​ភ្លើង​ទៀន របស់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ដែល​យក​គំរូ​តាម​មហា​បាតុកម្ម​ភ្លើង​ទៀន របស់​អ្នក​ប្រជាធិបតេយ្យ​ប្រទេស​កូរ៉េ នេះ គឺ​ដើម្បី​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​តស៊ូ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឡើងវិញ។

នៅមុន​បាតុកម្ម​ភ្លើង​ទៀន​នេះ មន្ត្រី​របប​លោក ហ៊ុន សែន ថ្លែង​សារ​គំរាមកំហែង​សព្វបែបយ៉ាង ដើម្បី​រារាំង មិន​ឱ្យ​ពលករ​ទាំងនោះ មក​ចូលរួម​ក្នុង​បាតុកម្ម​នេះ​។ ស្រប​ពេល​ជាមួយគ្នា ក្រុម​សិល្បៈ​របស់​របប​លោក ហ៊ុន សែន ក៏​រៀបចំ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី និង រាំ​សប្បាយ និង ញ៉ាំ​អាហារ​ដោយ​ឥតគិតថ្លៃ ដែល​អាច​ជា​ការ​ទាក់ទាញ​ពលករ​ខ្មែរ ឱ្យ​ទៅ​ចូលរួម​កម្មវិធី​រាំច្រៀង ជាជាង​ចូលរួម​បាតុកម្ម​ដែរ ប៉ុន្តែ ពលករ​ជាច្រើន នៅតែ​នាំគ្នា​មក​ចូលរួម​តវ៉ា ក្នុង​ព្រឹត្តិការណ៍​ភ្លើង​ទៀន​នេះ​ដដែល។

ពលករ​ម្នាក់​ដែល​ធ្វើដំណើរ​ជិត ៣០០ គីឡូ ពី​ទីក្រុង ម៉ា​សាន (Masan) មក​ចូលរួម​បាតុកម្ម​នេះ ថា​លោកស្រី ឱ្យ​តម្លៃ​ទៅលើ​ការចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ច្រើនជាង​ត្រេកត្រអាល​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​។ លោកស្រី ថា​ការ​ប្រគុំ​តន្ត្រី អាច​ចូលរួម​ពេលណា​ក៏បាន ប៉ុន្តែ ការចូលរួម​ដើម្បី​កម្លាំង​ប្រជាធិបតេយ្យ មាន​យូរៗ​ម្តង និង​ដើម្បី​ជា​ប្រយោជន៍​ដល់​អនាគត​ខ្លួនឯង និង ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​កម្ពុជា។ «»

លោកស្រី​បន្ថែម​ថា ពេល​លោកស្រី​ឃើញ​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​កូរ៉េ ដែល​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ថ្កុំថ្កើង សម្បូរ​សប្បាយ សូម្បីតែ​កម្មករ អា​ចរក​ប្រាក់ខែ​បាន​ចិញ្ចឹម​មួយ​គ្រួសារ​បែបនេះ លោកស្រី ចង់​ឱ្យ​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាព​រីកចម្រើន​ដូច​អរិយ​ប្រទេស​ដទៃ​ទៀត​ដែរ។ «»

ពលករ​មួយ​រូប​ទៀត មកពី​ទីក្រុង អ៊ិកសាន់ (Iksan) ដែល​ធ្វើដំណើរ​បី​ម៉ោង ទើប​ដល់​ទី​ក្រុងជូ​នោះ បាន​បង្ហាញ​ឆន្ទៈ​មោះមុត មានះ​រាល់​សារ​គំរាមកំហែង​ពី​មន្ត្រី​របប​លោក ហ៊ុន សែន ដើម្បី​មក​ចូលរួម​បាតុកម្ម​នេះ។ កញ្ញា​អះអាង​ថា ក្រុម​គ្រួសារ​កញ្ញា​នៅ​ឯ​ស្រុក​ខ្មែរ​ឯណោះ ក៏​ព្រួយបារម្ភ និង មិន​ចង់​ឱ្យ​កញ្ញា​ចូលរួម​ដែរ ព្រោះ​ខ្លាច​អាជ្ញាធរ​របប​លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​។ ប៉ុន្តែ កញ្ញា​បញ្ជាក់​ថា ទទួលយក​មិនបាន​នូវ​ការដឹកនាំ​សព្វថ្ងៃ ទើប​កញ្ញា​មិន​ស្ដាប់​អ្នកផ្ទះ​។ កញ្ញា​មិន​ខ្លាច រហូត​ដល់​មិន​ហ៊ាន​តស៊ូ ដើម្បី​ផ្លាស់ប្ដូរ​វិជ្ជមាន​នោះ​ឡើយ។ «»

យុវ​ពលករ​ជាច្រើន​ផ្សេងទៀត សុទ្ធតែ​បង្ហាញ​ជំហរ​ដាច់ខាត​របស់​ខ្លួន ថា​ពួកគាត់​ត្រូវតែ​ផ្លាស់ប្ដូរ​ការភ័យខ្លាច ដោយ​មិន​ខ្លាច​ការ​ផ្លាស់ប្តូរ​នោះ​ឡើយ ដូចជា​យុវជន​ឈ្មោះ​វិចិត្រ នៅ​ទីក្រុង​ក្វាងជូ ដែល​ថ្លែង​យ៉ាង​មោះមុត​ថា ទាល់តែ​ហ៊ាន​ធ្វើ​ពលី​កម្ម ទើប​ប្ដូរ​របប​ផ្ដាច់ការ​បាន។ «»

បាតុកម្ម​ភ្លើង​ទៀន​បាន​បញ្ចប់​ទៅ​ហើយ នៅឡើយ​តែ​សមាជ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ដែល​នឹង​បន្ត​នៅ​ថ្ងៃទី២១ ខែ មេសា​នេះ​ទៀត ជា​ថ្ងៃ​បញ្ចប់​។ គោលបំណង​ធំ​នៃ​ការរៀបចំ​បាតុកម្ម​ភ្លើង​ទៀន និង សមាជ​អ្នក​ប្រជាធិបតេយ្យ​នេះ គឺ​ដើម្បី​ពង្រឹងកម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ត្រៀម​ជើង​ព្រួល​សម្រាប់​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ទៅវិញ​ក្នុង​ឆ្នាំ២០១៩​នេះ​។

ក្រោយ​បិទ​បញ្ចប់​សមាជ​នេះ នឹង​មាន​សេចក្ដី​ថ្លែងការណ៍​មួយ​លម្អិត អំពី​ផែនការ​គណបក្សប្រឆាំង ជុំវិញ​ការ​ទាមទារ​ឱ្យ​មាន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ។

លោកអ្នក​នាង នឹង​បាន​ស្ដាប់​សេចក្ដី​រាយការណ៍​លម្អិត​ជុំវិញ​រឿង​នេះ​បន្ថែម​ទៀត នៅ​ក្នុង​ការផ្សាយ​របស់​អាស៊ីសេរី នៅ​រាត្រី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​បញ្ហា​ជនជាតិ​ដើមកំណើត​នៅ​UN

$
0
0

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន​ព្រះសង្ឃ និង​យុវជន គ្រោង​ទៅ​ចូលរួម​វេទិកា​អចិន្ត្រៃយ៍ ស្ដីពី​បញ្ហា​ជនជាតិ​ដើមកំណើត របស់​អង្គការសហប្រជាជាតិ​លើ​ទី​១៨ នៅ​ឯ​បុរីញូយ៉ក (New York) ចាប់ពី​ថ្ងៃ​ច័ន្ទ ទី២២ ដល់​ថ្ងៃ​ទី៣ ឧសភា​។ ក្នុង​វេទិកា​នេះ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​លើក​យក​បញ្ហា​សំខាន់​មួយ​ចំនួនៗ ជុំវិញ​ធ្វើទុក្ខបុកម្នេញ​ខ្មែរ​កម្ពុជា ដែល​កំពុង​របស់​លើ​ទឹកដី​កំណើត​របស់​ពួកគេ ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​នឹង​ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ដូចតទៅ​៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វៀតណាម​២​នាក់ និង​ខ្មែរ​៨​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​មណ្ឌលគិរី ករណី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស

$
0
0

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្រ ឱ្យ​ដឹង​នៅ​ថ្ងៃទី ២១ មេសា​ថា សមត្ថកិច្ច​ជំនាញ បញ្ជូន​ពលរដ្ឋ​ខ្មែរ ៨​នាក់ និង​ជនជាតិ​វៀតណាម ២​នាក់ ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី ២១ មេសា​។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​បាន​ឃាត់​គោយន្ត ៥​គ្រឿង រថយន្ត​ស្លាក​លេខ​វៀតណាម ១​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឈើ​ជាង ៦០០​កំណាត់​។ លោក​ថា ឈើ​ទាំងនោះ ជនសង្ស័យ បាន​ប្រមូល​ចេញ ពី​តំបន់​ព្រៃ​របៀង ជា​ព្រៃ​អភិរក្ស​ជីវចម្រុះ នៅ​ជាប់​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ ឋិត​នៅ​ស្រុក​កោះ​ញែក។

លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំងនោះ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​របស់​កម្ពុជា៖ «រឹបអូស​វត្ថុ​តាង​បាន គោយន្ត​កន្ត្រៃ ៥​គ្រឿង រថយន្ត​ស្លាក​លេខ វៀតណាម ១​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឈើ​ជាង ៦​រយ​កំណាត់​មាន​តូច​ធំ ចេញ​តែ​រាប់​ទាំងអស់​។ ក្នុងនាម​មន្ទីរ​បរិស្ថាន​ជា​អ្នក​ចងក្រង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដឹង​តែ​ចោទប្រកាន់ គឺ​ចោទ​ប្រកាន់ ដើម្បី​ដាក់​ទៅ​តុលាការ​តែម្ដង»

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ការពារ​ព្រៃឈើ​ស្រុក​កោះ​ញែក ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ១០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ៣​នាក់ ជា​អ្នក​ទិញ​ឈើ​យ៉ាង​សកម្ម ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ក្នុងស្រុក​កោះ​ញែក​។ ឈើ​ដែល​រឹបអូស​ភាគច្រើន ជា​ប្រភេទ​ឈើ​សុក្រំ និង​កកោះ ដែល​ប្រមូល​ចេញ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ឋិត​ក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​ឧទ្យានុរក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត។

សហគមន៍​ការពារ​ព្រៃឈើ ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ជំនាញ ក្នុង​ការ​អនុវត្ត​ច្បាប់​​រឿង​នេះ ក៏ប៉ុន្តែ​ពួកគេ​បារម្ភ​ខ្លាចក្រែង តុលាការ​អាច​នឹង​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ ដោយសារ​ឥទ្ធិពល​នៃ​អំពើពុករលួយ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ត្រូវ​ដាក់ទោស​ជនជាតិ​វៀតណាម​ទាំងនោះ តាមច្បាប់​របស់​កម្ពុជា​ជា​មុន​សិន មុននឹង​ដោះលែង​ពួកគេ​ឱ្យ​ត្រឡប់​ទៅវិញ ព្រោះ​កន្លងទៅ​អាជ្ញាធរ​ខេត្ត​នេះ ធ្លាប់​បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​ប្រទេស​គេ​វិញ នៅ​គ្រា​ដែល​ឆ្លងដែន​មក​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ៖ «សំណូមពរ​ទៅ​តុលាការ សុំ​ឱ្យ​គាត់​ដាក់​ទោស​ទណ្ឌ​ជនជាតិ​វៀតណាម ល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ហ្នឹង តាមច្បាប់​ផង កុំ​ឱ្យ​តែ​ឃើញ បានតែ​មួយ​ខែ​ឬ​កន្លះ​ខែ ដោះលែង ជា​ធម្មតា​ខ្ញុំ​ឃើញ​ភាគច្រើន​យ៉ាង​យូរ ៣​ខែ ដោះលែង គេ​ធ្វើ​លេស​បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​ប្រទេស​របស់​គេ ដល់​ប្រទេស​គេ គេ​ដោះលែង»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា បើ​ទោះ​បីជា​សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បែបនេះ​ក្តី តែ​អ្នក​ដែល​កាង​បទល្មើស​ព្រៃឈើ និង​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង នៅតែ​រួចខ្លួន​ដដែល។ លោក​គិត​ថា ជំនួញ​ឈើ​ខ្នាត​ធំ​នេះ អាច​នឹង​ពាក់ព័ន្ធ​អ្នក​មាន​អំណាច​គ្រាក់ៗ​ជាច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ត្រូវ​ស៊ើបអង្កេត​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​គ្រប់​ជ្រុងជ្រោយ៖ «ព្រោះតែ​ចាប់​តែ​កូនចៅ​តូចតាច តែ​បទល្មើស​បន្ត​ទៀត នៅ​តែ​មាន​បន្ត​រហូត។ សូម​ឱ្យ​ស្រាវជ្រាវ​ចាប់​មេខ្លោង នៃ​ជំនួញ​ឈើ​ខុសច្បាប់ មក​ផ្ដន្ទាទោស ទើប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព»

ទោះ​យ៉ាងណា​សហគមន៍​ការពារ​ព្រៃឈើ និង​សកម្មជន​បរិស្ថាន បន្ថែម​ថា ការអនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ និង​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​មិនទាន់​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​នៅ​ស្រុក​កោះ​ញែក នៅ​បន្ត​បើក​ការដ្ឋាន​អារ​ច្រៀក​ឈើ ទិញ​ឈើ​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ហើយ​ឈើ​ទាំងនោះ ភាគច្រើន​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​ចំនួន​ទៀត។ ពួកគេ​អំពាវនាវ​ឱ្យ លោក សៅ សុខា និង លោក ហ៊ុន សែន អនុវត្ត​ច្បាប់ និង​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ​ដែល​ពួកគេ​រក​ឃើញ​ថា ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​ខេត្ត​ភាគ​ឦសាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​នៅ​មណ្ឌលគិរី​ប្ដេជ្ញា​តវ៉ា​រឿង​មេភូមិ​ចាស់​ដែល​ត្រូវ​គេ​ដូរ​ដោយ​គ្មាន​មូលហេតុ

$
0
0

ជនជាតិ​ដើម​ភាគតិច​ជាង ១០០​គ្រួសារ រស់នៅ​ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ព្រមាន​ថា នឹង​លើកគ្នា​តវ៉ា​ជាថ្មីទៀត ប្រសិនបើ​អាជ្ញាធរ​ឃុំ មិន​ដោះស្រាយ​ការ​សំណូមពរ​របស់​ពួកគេ ដែល​សុំ​កុំ​ឱ្យ​ផ្លាស់ប្ដូរ​មេភូមិ​នោះ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកភូមិ​ជាង ២០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ សាលាស្រុក​កោះ​ញែក និង​សាលា​ឃុំ​រយ៉ រយៈពេល ២​ថ្ងៃ​ជាប់​គ្នា បំណង​ស្នើ​ឱ្យ​អាជ្ញាធរ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ករណី​ផ្លាស់ប្ដូរ​មេភូមិ​មេមុំ។ ពួកគេ​អះអាង​ថា មេភូមិ​ថ្មី ដែល​អាជ្ញាធរ​ទើប​តែងតាំង​នោះ ធ្លាប់​មាន​រឿងអាស្រូវ លក់​ដី​ព្រៃ​ដោយ​ខុសច្បាប់ អស់​ជាច្រើន​ហិកតារ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ២០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​រយ​គ្រួសារ រស់នៅ​ភូមិ​មេមុំ ឃុំ​រយ៉ ស្រុក​កោះញែក នៅ​ថ្ងៃ​ទី២១ មេសា ប្ដេជ្ញា​ថា ពួកគេ​នឹង​បន្ត​ទាមទារ ឱ្យ​អាជ្ញាធរ​ឃុំ ពិចារណា​រឿង​នេះ​ឡើងវិញ។

តំណាង​ជនជាតិ​ដើម​ភាគតិច រស់នៅ​ភូមិ​មេមុំ លោក គឹម ដុម ឱ្យ​ដឹង​ថា ការតែងតាំង​មេភូមិ​ថ្មី ធ្វើឡើង​ដោយ​ស្ងាត់ៗ មិន​បាន​ផ្តល់​ដំណឹង​ឱ្យ​អ្នកភូមិ​ដឹង​នោះ​ទេ​។ លោក​ចោទ​ប្រកាន់​ថា មេភូមិ​ថ្មី​ដែល​អាជ្ញាធរ​ឃុំ​តែងតាំង​នោះ មាន​ជាប់​ពាក់ព័ន្ធ ការ​លក់​ដី​ព្រៃ​រាប់​សិប​ហិកតារ ដោយ​ខុសច្បាប់ នៅ​ភូមិ​រយ៉លើ ឧបសម្ពន្ធ​ភូមិ​មេមុំ។ លោក​បារម្ភ​ថា ពលរដ្ឋ​ជាង ២​រយ​គ្រួសារ​គ្រោង​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ​ឋិត​នៅ​ភូមិ​មេមុំ បំណង​អភិរក្ស​ធនធានធម្មជាតិ​បន្សល់​ចុងក្រោយ ក៏ប៉ុន្តែ​ផែនការ​នេះ អាច​នឹង​រាំងស្ទះ ប្រសិនបើ​មេភូមិ​ថ្មី គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ​ដូច​មេភូមិ​ចាស់​នោះ​ទេ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​រាប់​រយ​គ្រួសារ នឹង​លើកគ្នា​តវ៉ា​ទៀត ប្រសិនបើ​អាជ្ញាធរ​ឃុំ​មិន​ដោះស្រាយ​ការ​ទាមទារ​របស់​ពួកគេ​នោះ​ទេ៖ «ដល់​មេភូមិ​ថ្មី ពួក​ខ្ញុំ​អត់​ចូលចិត្ត​អីចឹង​។ គាត់​ដូរ​ថ្មី​យើង​អត់​ដឹង​ចរិត​គាត់​អីចឹង កន្លែង​គាត់​ដីធ្លី​អី កន្លែង​ពួកគាត់​លក់​អស់ នៅ​ដី​ពួក​ខ្ញុំ​អី​នៅ។ ដី​សហគមន៍​ពួក​ខ្ញុំ​ចង់​ធ្វើ (​អភិរក្ស​) ដល់​ដូរ​មេភូមិ​ថ្មី ខ្លាច​គេ​មិន​ឱ្យ​ធ្វើ​។ ពួក​ខ្ញុំ​តវ៉ា ខ្លាច​យក​ដីធ្លី​ពួក​ខ្ញុំ​ខំ​ថែ និង​ខំ​មើល ដី​ដែល​គ្រោង​បង្កើត​សហគមន៍»

ថ្មីៗ​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​រយ៉ លោក ពិល ដិត បាន​សម្រេច​ផ្លាស់ប្ដូរ​មេភូមិ​មេមុំ លោក តោន ក្រេះ ដោយ​ដាក់​ជំនួស លោក ផាន់ មឿន ជា​មេភូមិ​មេ​មុំ​ថ្មី។

អាស៊ីសេរី​មិន​អាច​ទាក់ទង មេភូមិ​មេមុំ​ថ្មី លោក ផាន់ មឿន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២១ មេសា។

មេភូមិ​មេមុំ​ចាស់ ដែល​ត្រូវ​អាជ្ញាធរ​ដកចេញ​ពី​តំណែង គឺ​លោក តោន ក្រេះ មាន​ប្រសាសន៍ថា ការ​ដក​ដំណែង​លោក​នេះ អាជ្ញាធរ​ឃុំ​មិនបាន​បង្ហាញ​មូលហេតុ​ច្បាស់លាស់​នោះ​ទេ ហើយ​លោក​ក៏​មិនបាន​ប្រព្រឹត្ត​កំហុស​ដែរ​។ លោក​សង្ស័យ​ថា មេភូមិ​ថ្មី លោក ផាន់ មឿន អាច​នឹង​សូកប៉ាន់​ប្រាក់​ជាច្រើន ដើម្បី​ធ្វើជា​មេភូមិ​៖ «ខ្ញុំ​ថា ខ្ញុំ​មិន​ខឹង​ទេ គេ​ដក​ព្រោះ​យើង​ធ្វើការ​ជាមួយគ្នា​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ កុំ​ឱ្យ​យក​អា​អ្នកលក់​ដី​ច្រើន​ទៅ​ធ្វើ​ដើមទុន ដើម្បី​សូកប៉ាន់​មេឃុំ ហើយ​មេឃុំ​ទម្លាក់​យើង​ចោល។ កាប់​ទន្ទ្រានព្រៃ​ខ្លួនឯង យក​ដើម​ទុក​ធ្វើ​មេភូមិ ពលរដ្ឋ​គេ​ខឹង​អីចឹង»

ចំណែក​មេ​ឃុំ​រយ៉ លោក ពិល ដិត បដិសេធ​ថា មេភូមិ​ថ្មី ដែល​ទើប​តែងតាំង មិន​ជាប់​ពាក់ព័ន្ធ​លក់​ដី​ព្រៃ​ខុសច្បាប់​នោះ​ទេ​។ លោក​ថា ការ​ផ្លាស់ប្ដូរ​មេភូមិ​ថ្មី ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់លើ ខណៈ​ដែល​មេភូមិ​ចាស់​អសមត្ថភាព​ធ្វើ​ការងារ និង​មិន​គោរព​វិន័យ​រដ្ឋបាល។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ គឺជា​ទង្វើ​មិន​សម​ហេតុផល និង​ប្រើ​សិទ្ធិ​ហួស​ដែល​កំណត់៖ «ច្បាស់​ជា​អត់​ហើយ អនុវត្ត​តាម​គោលការណ៍​អត់​មាន​បុគ្គល​ណា រៀបចំ​អី​ណា។ បើ​យើង​អនុវត្ត​តាម​ពួកគាត់​មិនបាច់​អនុវត្ត​ច្បាប់​ទេ មិនបាច់​ធ្វើ​ច្បាប់​ក៏បាន​ដែរ អនុវត្ត​តាម​ពលរដ្ឋ តាម​ចំណង់​ទៅ»

អាស៊ីសេរី​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ចឹង សុចិន្ថា ដើម្បី​សុំ​អធិប្បាយ​ជុំវិញ​ការ​តវ៉ា​របស់​ពលរដ្ឋ មិន​ទាន់​បាន​នៅឡើយ​ដែរ​នៅ​ថ្ងៃ អាទិត្យ ទី២១ មេសា។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​/​សង្កាត់ ចែងថា មេឃុំ​មាន​សិទ្ធិ​ផ្លាស់ប្ដូរ​មេភូមិ ដោយ​ត្រូវ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ទី​១ យោង​តាម​ពលរដ្ឋ​ប្ដឹង ទី​២ មេភូមិ​មិន​គោរព​វិន័យ​រដ្ឋបាល ទី​៣ អស់​កាយសម្បទា និង​ទី៤ មេភូមិ​មរណភាព។ លើស​ពី​នេះ មេឃុំ​មាន​សិទ្ធិ​កោះ​ប្រជុំ សមាជិក​ក្រុម​ប្រឹក្សាឃុំ អនុម័ត​តែងតាំង មេភូមិ​ថ្មី ដោយ​យក​សំឡេង​ភាគច្រើន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក អ៊ាង ម៉េងលី យល់ថា ការ​តវ៉ា​របស់​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ដោយ​មិន​ត្រូវ​រារាំង និង​ហាមឃាត់ ឬ​គំរាមកំហែង​នោះ​ទេ។ លោក​ថា ការ​ទាមទារ​របស់​ពលរដ្ឋ អាជ្ញាធរ​ខេត្ត គួរតែ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​រឿង​នេះ និង​ត្រូវ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ករណី​ផ្លាស់ប្ដូរ​មេភូមិ​ថ្មី ថា​តើ ត្រឹមត្រូវ​តាម​ក្របខ័ណ្ឌ​ច្បាប់​ឬទេ? «»

ភូមិ​មេមុំ របស់​ឃុំ​រយ៉ ស្រុក​កោះញែក មាន​ពលរដ្ឋ​រស់នៅ​ជាង ២​រយ​គ្រួសារ (២២៣) ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច ព្នង និង​ជនជាតិ​ដើម​ភាគតិច​ថ្មន។ កាល​ពី​មុន​ឆ្នាំ២០១០ ភូមិ​នេះ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង និង​ព្រៃឈើ ផ្ដល់​ម្លប់​បៃតង​ស្ទើរ​គ្រប់​តំបន់ ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើមឈើ​ធំៗ​ត្រូវ​គេ​កាប់​ចោះ​ធ្វើ​អាជីវកម្ម​អស់ទាំង​ស្រុង បន្សល់​ដើមឈើ​តូចៗ​មិនទាន់​មានតម្លៃ​អាច​ប្រើប្រាស់​បាន ហើយ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​មួយ​ផ្នែក​ធំ ត្រូវ​គេ​ឈូសឆាយ​ហ៊ុមព័ទ្ធ​ជា​សម្បត្តិ​បុគ្គល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​កូរ៉េ​ទទូច​ឱ្យ​អ្នក​ពាក់ព័ន្ធ​រួមគ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

$
0
0

សមាជ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​មកពី​ប្រទេស​នានា ​ជុំវិញ​ពិភពលោក ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េខាងត្បូង ៣ថ្ងៃ​ បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​​ ទី២១ មេសា ដោយ​បាន​ចេញ​សេចក្ដី​សម្រេច​រួម ​ទាមទារ​ឱ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​បន្ទាន់​។ អ្នកវិភាគ​ដែល​ចូលរួម និង​សង្កេតការណ៍​ឱ្យ​តម្លៃ​ថា ទាំង​សមាជ និង​មហា​បាតុកម្ម​ភ្លើង​ទៀន ជា​​ជោគជ័យ​​សម្រាប់​អ្នក​ប្រជាធិបតេយ្យ។

គណៈប្រតិភូ​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពី​ប្រទេស​នានា​ជាច្រើន​ជុំវិញ​ពិភពលោក តំណាង​ពលករ​ខ្មែរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង តំណាង​សង្គម​ស៊ីវិល​ប្រទេស​កម្ពុជា អ្នកវិភាគ​នយោបាយ និង​ព្រះសង្ឃ​ផង​នោះ បាន​មូលមតិ​​គ្នា​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ ដោយ​ប្រកាស​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ដើរ​មកដល់​ផ្លូវ​ទាល់​ហើយ ដែល​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ទាញ​ដំណើរ​វិវត្តន៍​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​ងាក​មក​លើ​ផ្លូវ​ត្រូវ​វិញ។

ដើម្បី​សម្រេច​គោលដៅ​នេះ អង្គ​សមាជ​នៃ​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​គ្នា​ជាង ​៧០​រូប នៅ​ថ្ងៃទី​២១ មេសា បាន​អនុម័ត​ដោយ​មតិ​ភាគច្រើន​លើសលប់​នូវ​ខ្លឹម​សារសំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួមមាន ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន គណបក្ស​នយោបាយ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ បញ្ញវន្ត សិស្ស​និស្សិត កម្មករ កសិករ ពលករ​ខ្មែរ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ស្ដារ​ប្រជាធិបតេយ្យេ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ឡើងវិញ ដោយ​យក​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជា​គោល។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ដែល​បាន​ចូលរួម​ក្នុង​អង្គ​សមាជ ប៉ុន្តែ​មិនបាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​ភ្លើង​ទៀន​នោះ​សង្កត់ធ្ងន់​ថា ការងារ​លើកស្ទួយ​ប្រជាធិបតេយ្យ​មិនមែន​ជា​រឿង​បាន​មក​ដោយ​មិន​ប្រឹងប្រែង​នោះ​ទេ ពោល​គឺ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើការ​រួមគ្នា​។ លោក ព្រាប កុល ដែល​ចូលរួម​សម្របសម្រួល​ក្នុង​ការ​ពិភាក្សា​ក្នុង​អង្គ​សមាជ​បិទ​ទ្វា​ដែរ​នោះ បញ្ជាក់​ថា អង្គ​សមាជ​បាន​ព្រមព្រៀងគ្នា​ជំរុញ​ឱ្យ​មាន​ការអនុវត្ត​វប្បធម៌​នយោបាយ​ថ្មី និង​ការ​បន្ត​វេន​​ដើម្បី​ភាព​រឹងមាំ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ទី​មួយ យើង​និយាយ​អំពី​បញ្ហា​ប្រជាធិបតេយ្យ ដែល​ដើរ​មក​ដល់​ផ្លូវ​ទាល់ ហើយ​ទាមទារ​ឱ្យ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ចូលរួម​កម្លាំង​គ្នា​សរុប ដើម្បី​កសាង និង​ពង្រឹង​ប្រជាធិបតេយ្យ​ខ្មែរ​ឡើង​វិញ»

នៅ​ពេល​សួរ​ទាក់ទង​នឹង​សុវត្ថិភាព​របស់​លោក លោក ព្រាប កុល ដែល​ជា​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​នៅ​កម្ពុជា ដែល​ហ៊ាន​មក​បង្ហាញមុខ​ចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ នៅ​ប្រទេស​កូរ៉េ ឱ្យ​ដឹង​ថា លោក​បារម្ភ​ខ្លះ​ដែរ ពេល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​លោក​សង្ឃឹមថា អាជ្ញាធរ​ក្រុងភ្នំពេញ​នឹង​មិន​ធ្វើទុក្ខបុកម្នេញ​អ្វី​មក​លើ​រូបលោក​ទេ ពីព្រោះ​អ្វី​ដែល​លោក​ធ្វើ គឺ​ធ្វើ​តាម​តួនាទី និង​ដើម្បី​ប្រយោជន៍​ខ្មែរ​ទាំងអស់​គ្នា៖ «ខ្ញុំ​មក​ទី​នេះ​ជួប​ជាមួយ​អ្នក​ប្រជាធិបតេយ្យ ដែល​គាត់​ជា​ជន​ជាតិ​ខ្មែរ​ដូច​ខ្ញុំ​ដែរ ខ្ញុំ​មិន​អាច​ដើរ​គេច មិន​ជួប​មិន​ជជែក​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ជា​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ទេ ហើយ​ខ្ញុំ​ធ្វើការ​ជា​មួយ​គ្រប់​គណបក្ស​នយោបាយ​សំខាន់ៗ ដែរ រួប​ទាំង​បក្ស​កាន់​អំណាច ខ្ញុំ​ក៏​មាន​ការ​ជួប​ជជែក​គ្នា​ដែរ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា ក្នុង​នាម​ជា​អ្នក​អព្យាក្រឹត ខ្ញុំ​មាន​ភាព​ក្លាហាន ដើម្បី​ធ្វើ​ការ​ជាមួយ​គ្រប់​ភាគី។ បើ​សិន​ជា​ខ្ញុំ​ខ្លាច មិន​ហ៊ាន​មក​ជួប​អ្នក​ដែល​គាត់​មាន​និន្នាការ​ប្រឆាំង ការ​ខ្លាច​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​នូវ​ភាព​អព្យាក្រឹត។ ពាក្យ​ថា​ខ្លាច គឺ​ធ្វើ​ឱ្យ​មនុស្ស​លម្អៀង។ អ៊ីចឹង ខ្ញុំ​ក្លាហាន ខ្ញុំ​ធ្វើ​ការ​ជាមួយ​ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច គឺ​ខ្ញុំ​បាន​រក្សា​ភាព​ឯករាជ្យ និង​ភាព​អព្យាក្រឹត​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​មិន​មាន​វិធានការ​ប៉ះពាល់​ដល់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​មិន​ភ្លេច​តួនាទី​ក្នុង​នាម​ជា​អ្នក​អព្យាក្រឹត ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ប្រជាធិបតេយ្យ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្រប​តាម​ច្បាប់ យើង​អាច​ធ្វើ​បាន ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ផង ក្នុង​នាម​អង្គការ​សង្គម​ដែល​ស្រឡាញ់ និង​លើក​កម្ពស់​ប្រជាធិបតេយ្យ​ផង»

ចំណែក​អតីត​អ្នក​ទោស​នយោបាយ​មនសិការ​លោក គឹម សុខ ដែល​បាន​ស្កាត់​ម​កី​ប្រទេស​ហ្វាំងឡង់ សំដែង​ការ​ពេញចិត្ត​នឹង​លទ្ធផល​នៃ​សមាជ​អ្នក​ប្រជាធិបតេយ្យ បើ​ទោះ​ជា​លោក​យល់​ថា មាន​ចំណុច​ខ្វះខាត​ខ្លះ​ក៏​ដោយ​ចុះ៖ «សមាជ​ពីរ​ថ្ងៃ​អំពី​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ បិទ​ទូរស័ព្ទ ជជែក​គ្នា​ត្រង់ៗ គឺ​ជា​ដំណើរ​ល្អ ពីព្រោះ​យើង​បាន​លើក​ចំ​ជាមួយ​គ្នា ចំពោះ​មុខ​អ្នក​នយោបាយ​កំពូលៗ ទាំង​មនុស្ស​នៅ​នៅ​ក្នុង​សង្គម​ស៊ីវិល​ផង អំពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ របស់​អ្នក​នយោបាយ ហើយ​និង​អ្នក​ចូលរួម​ចលនា​សង្គម ជា​ពិសេស អ្នក​អត្ថាធិប្បាយ​នានា ទាក់ទង​នឹង​បញ្ហា​នយោបាយ និង​សង្គម​ជាតិ​ជា​ដើម។ យើង​កែ​លម្អ​គ្នា។ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត គឺ​ថា ខ្វះ​ភាព​ក្លាហាន​នៃ​ការ​ចូលរួម​ពី​បណ្ដា​ភាគី​ផ្សេងៗ ទៀត ដូច​ជា គណបក្ស​នយោបាយ ដូច​ជា អ្នក​វិភាគ​សង្គម​អ្វី​ជា​ដើម ដែល​អាច​មក​ពី​ខ្លាច​សុវត្ថិភាព​ផង ឬ​ក៏​អាច​មក​ពី​ហេតុផល​ផ្សេងៗ ដែល​ខ្ញុំ​មិន​ប្រាកដ​ផង ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់ គឺ​ថា សមាជ​នេះ​ធ្វើ​បាន​ល្អ ទាំង​ការ​ជជែក​គ្នា ទាំង​ការ​សម្រេច ហើយ​ជជែក​ទាំង​ការ​សម្រេច​ថា តើ​យើង​សម្រេច​របៀប​ម៉េច យើង​ដើរ​របៀប​ម៉េច​ទៅ​ទៀត ដូច្នេះ​វា​ជា​ការ​ចាប់​ផ្ដើម​ល្អ​បំផុត​មួយ។ យើង​គួរ​លើក​ទឹក​ចិត្ត​ដល់​បងប្អូន​ពលករ​នៅ​កូរ៉េ ដែល​ខិតខំ​ប្រឹងប្រែង​រៀបចំ​ផ្ដួចផ្ដើម​គំនិត​ជជែក​គ្នា​ត្រង់ៗ ក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ​បែប​នេះ ហើយ​ខ្ញុំ​តែងតែ​សំណូមពរ​ថា ឱ្យ​មាន​ជា​រៀងរាល់​ឆ្នាំ»

លោក គឹម សុខ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ​ដោយសារ​រិះគន់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​ភ្លើង​ទាន​ដែរ។ លោក​ថា បាតុកម្ម​នេះ​បង្ហាញ​ថា កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​នៅតែ​ខ្លាំងក្លា៖ «បាតុកម្ម​នេះ​ធំ​ណាស់ គឺ​បង្ហាញ​អំពី​ស្មារតី​រឹង​មាំ​ណាស់​នៃ​ពលករ​នៅ​កូរ៉េ បើ​ទោះ​បី​ជា​គេ​មាន​ប្រគំ​ខន់ស៊ើត (Concert) ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍ ក៏​គេ​អត់​ចូល​រួម​ដែរ។ តាម​ព័ត៌មាន​ឃើញ​ថា ការ​ប្រគំ​ខន់ស៊ើត​នោះ មាន​មនុស្ស​តែ ២០០នាក់​ប៉ុណ្ណឹង​ទេ ចូលរួម។ ចំណែក​ឯ​បាតុកម្ម​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​លោក សម រង្ស៊ី ដឹក​នាំ ហើយ​រៀបចំ​ដោយ​យុវជន​នៅ​កូរ៉េ​នេះ ចូលរួម​ច្រើន មិន​តិច​ជាង​មួយ​ម៉ឺន​នាក់ ដែល​ខ្ញុំ​មើល​ឃើញ​នេះ គឺ​ជា​ការ​បង្ហាញ​ស្មារតី​មួយ សម្រាប់​ពលករ​នៅ​ប្រទេស​កូរ៉េ​ថា ពួក​គេ​យល់​ច្បាស់​អំពី​សេចក្ដី​ត្រូវ​ការ​ពិត​ប្រាកដ​នៃ​សេរីភាព​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ពួក​គេ​យល់​ច្បាស់​ណាស់​ថា មាន​តែ​សេរីភាព​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដូច​ដែល​ប្រព័ន្ធ​គ្រប់គ្រង​សង្គម​នៅ​កូរ៉េ​មាន​សព្វ​ថ្ងៃ​នេះ​ទេ ទើប​ពួក​គេ​មាន​សុវត្ថិភាព ពួក​គេ​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ពួក​រស់​នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ រស់​ដោយ​មាន​ការ​គោរព និង​ជីវភាព​ថ្កុំថ្កើង​រុងរឿង»

សេចក្ដី​សម្រេច​រួម​នៃ​អង្គ​សមាជ​របស់​អ្នក​ប្រជាធិបតេយ្យ នៅ​ទីក្រុង​ក្វាងជូ ដែល​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​ដោយ​តំណក់​ឈាម និង​ការ​ធ្វើ​ពលិកម្ម​របស់​ប្រជាជន​កូរ៉េខាងត្បូង ដើម្បី​ដូរ​យក​លទ្ធិប្រជាធិបតេយ្យ​ដោយ​ជោគជ័យ​នោះ ក៏​ទទូច​ឱ្យ​កង​ប្រដាប់​អាវុធ មន្ត្រី​រាជការ និង​មន្ត្រី​តុលាការ ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដោយ​គ្រាន់តែ​ពួកគេ​ប្រកាន់​ជំហរ​អព្យាក្រឹត មិន​ចូល​បម្រើ​ឱ្យ​គណបក្ស​នយោបាយ និង​ទទូច​ឱ្យ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទាន​ដែល​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២១ មេសា​នេះ រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង សហការ​ជាមួយ​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស (Democracy Asia and HRs Forum) ដោយ​មាន​ការ​គាំទ្រ​ផ្ដល់​ទីកន្លែង និង​ការពារ​សន្តិសុខ​យ៉ាង​កក់ក្ដៅ​ពី​អាជ្ញាធរ​សាលាក្រុង​ទីក្រុង​ក្វាងជូ។ មហា​បាតុកម្ម​ភ្លើង​ទៀន​រៀបចំ​ដោយ​ពលករ​ខ្មែរ​នៅ​ទីក្រុង​ក្វាជូ​នេះ គឺជា​លើក​ទី​២​ហើយ​។ លើក​ទី​១ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ ដើម្បី​សំដែង​ឆន្ទៈ​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ចាប់​មេ​គណបក្ស​ប្រឆាំង​នេះ​ដាក់គុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live