Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​​មួយ​រូបដំបូង​គេ​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​

$
0
0

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ គឹម ខឿន​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ មេសា​ថា អ្នកស្រី​ សុខ រ័ត្ន​សុវណ្ណបញ្ចៈសីលា ប្រធាន​គណបក្ស​នគរធិបតេយ្យ​ និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង ដើម្បី​ភាព​ស្រប​ច្បាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ  ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ពី​បទ​សង្ស័យ​ថា ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គូលែន​ភ្នំ​ទេព៖ «ការ​ចាប់​ខ្លួន​ទី​មួយ​ផ្អែក​តាម​ដីកា​របស់​តុលាការ​ចោទ​ប្រកាន់​អំពី​ការ​ញុះញង់​ទន្ទ្រាន​យក​ដី​សហគមន៍ ដើម្បី​បង្កើត​ឱ​មាន​អំពើ​ហិង្សា»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ព្រះ​វិហារ​ លោក អ៊ុន ចាន់ដា បាន​ទេ​ លោក​មិន​លើក​ទូរស័ព្ទ។

លោក​ស្រី​ សុខ រ័ត្នសុវណ្ណ​បញ្ចៈ​សីលា ជា​ស្ត្រី​ដំបូង​គេ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន ៣០រូប ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា កាល​ពី​ថ្ងៃ​ទី៦ កញ្ញា​ ​តែងតាំង​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ តាម​ការ​ស្នើសុំ​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កងឈ្លប នៃ​អង្គការ​ខ្មែរក្រហម​មួយ​ចំនួន​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ការ​ធ្វើ​ទារុណកម្ម​ និង​កាប់​សម្លាប់​មនុស្ស

$
0
0

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​កង​ឈ្លប គឺ​ស្មើ​នឹង​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​របស់​អង្គការ​ខ្មែរក្រហម។ ពួក​ឈ្លប គឺ​ជា​ភ្នែក ច្រមុះ​ ឬ​ជា​ភ្នែក​ពិសេស ​ក្នុង​ចំណោម​អ្វី​ដែល​គេ​ហៅ​ថា ​អង្គការ​ភ្នែក​ម្ចាស់។

យុវជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ឈ្លប​ ត្រូវ​បាន​បំពាក់បំប៉ន​​​ទាំងគោលជំហរ និង​ទស្សនៈ ស្មារតី ឬ​លាង​ខួរ​ក្បាល​ឱ្យ​គោរព​តែ​មាគ៌ា​អង្គការ​បដិវត្ត​ន៍ជា​ដាច់ខាត។

ពួក​គេ​ទទួល​បញ្ជា​ឱ្យ​ដើរ​ស៊ើបការណ៍​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ថ្នាក់​មូលដ្ឋាន និង​រាយការណ៍​ជូន​ថ្នាក់​លើ​ដោយ​ ​គ្មាន​ការ​យោគយល់ ទោះ​ជា​សាច់​ញាតិ​របស់​ខ្លួន​ក៏​ដោយ​ចុះ។ ប៉ុន្តែ ​ក្រុម​អតីត កង​ឈ្លប​នេះ មិន​ត្រូវ​បាន​គេ​ចោទប្រកាន់​​ ឬ​កាត់​ទោស ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នោះ​ឡើយ។​

តើ​កង​ឈ្លប​ខ្មែរ​ក្រហម បាន​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ខ្លះ ក្នុង​ការ​ធ្វើទារុណកម្ម និង​កាប់​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ នោះ?

ការ​សិក្សាស្រាវជ្រាវ អំពី​បុត្រ​សម្ព័ន្ធ​ នៃ​កម្មាភិបាល​ខ្មែរ​ក្រហម ​និង​អ្នក​ឆ្លង​កាត់​របប​ដ៏​ជូរ​ចត់​នេះ បង្ហាញ​ថា ​កងឈ្លប គឺ​ជា​ក្រុម​​សំខាន់​មួយ​ក្នុង​អង្គការ​ចាត់​តាំង​ដាច់​ខាត​របស់​ខ្មែរ​ក្រហម ដែល​ជំរុញ​ឲ្យ​មានការ​ធ្វើ​ទារុណ​កម្ម​មនុស្ស​យ៉ាង​អមនុស្សធម៌​រហូត​ដល់​មាន​ការ​សម្លាប់​យ៉ាង​អយុត្តិធម៌​។

អ្នក​សិក្សា​ស្រាវ​ជ្រាវ អំពី​របប​ខ្មែរក្រហម ​ និង​ជា​អ្នកនិពន្ធ សៀវភៅ​«នៅ​ក្រោយ​ទី​ងងឹត» លោក កែវ ដួង មាន​ប្រសាសន៍​ថា ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ស្រាវជ្រាវ​សៀវភៅ ដែល​និយាយ​អំពី​ប្រវត្តិ​ខ្លះៗ​នៃ​កម្មាភិបាល​ខ្មែរក្រហម ដែល​ក្នុង​នោះ មាន​ទាំង កង​ឈ្លប​ខ្មែរ​ក្រហម​ផង​នោះ ធ្វើ​ឲ្យ​លោក ដឹង​ច្រើន​អំពី​របប​អាវ​ខ្មៅ ជា​ពិសេស ការ​ស្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​របប​នេះ។

លោក​ថា​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​គេ​ពង្រឹង​ខ្លាំង មែន​ទែន លើ បញ្ហា​សន្តិសុខ ​ដោយ គេ​បង្កើត​មន្ទីរ​សន្តិសុខ​ជា​ច្រើន ក្នុង​មូលដ្ឋាន​នីមួយៗ​ ដែល​មាន​ប្រមាណ២០០ ឬ​ច្រើន​ជាង​នេះ​ នៅ​តាម​តំបន់​នីមួយៗ ទូទាំង​ប្រទេស។

ក្រុម​សន្តិសុខ​នេះ មាន​ចែក​ជា​ដំណាក់​កាល​សំខាន់ៗ ដូច​ជា នៅ​ថ្នាក់​មជ្ឈិម ថ្នាក់​ភូមិភាគ ​ថ្នាក់​តំបន់ និង​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់​ក្រោម​បំផុត ដែល​មាន​ក្រុម​កង​ឈ្លប​នេះ​ឯង ។

កង​ឈ្លប​មួយ​ចំនួន ក្រុម​ខ្មែរក្រហម​ចាប់​ផ្ដើម​ជ្រើសរើស តាំង​ពី​នៅ​ក្នុង​អំឡុង​កម្ពុជា​កើត​សង្គ្រាម​ស៊ីវិល ចន្លោះ​ពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥​ និង​មាន​ជ្រើសរើស​ជា​បន្ត​បន្ទាប់​មក​ទៀត ទៅតាម​តម្រូវការ។

លោក កែវ ដួង ឲ្យ​ដឹង​ថា ក្នុង​ការ​ជ្រើសរើស កងឈ្លប គឺ​ពួក​គេ​បាន​កំណត់​នូវ​លក្ខខ័ណ្ឌ​មួយ​ចំនួន ដូចជា​អ្នក​ទាំងនោះ ភាគ​ច្រើន​ជា​កូន​របស់​អ្នក​មូលដ្ឋាន​ផ្ទាល់​ រួម​មាន​វ័យ​កណ្ដាល និង​ក្រុម​យុវវ័យ ហើយ​ខ្លះ​មិន​ទាន់​ពេញ​វ័យ​នៅ​ឡើយ​ក៏​មាន៖ «អ៊ីចឹង​គេ​មើល​ទៅ​លើ​ប្រវត្តិ ជា​អ្នក​មូលដ្ឋាន អ្នក​ក្រីក្រ មិនសូវ មាន​ចំណេះ​ដឹង មួយ​ទៀត​គេ​មើល​ទៅ​លើ​ពាក្យ​ថា ដាច់ខាត ឬ​មិន​ដាច់ខាត ឈ្មោះ​ត្រង់​ជាមួយ​នឹង​អង្គការ​ប៉ុណ្ណា? នៅ​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើង​កាន់​អំណាច​ពេញលេញ កង​ឈ្លប គេ​រើស​ចេញ​ពី​កង​កុមារ​ធំៗ ដែល​មាន​អាយុ​ចាប់​ពី​១៤ ទៅ ១៥ឆ្នាំ​ឡើង​ទៅ និង​មាន​ចរិត​ច្រងេងច្រងាង កាច​សាហាវ​នោះ នឹង​ចូល​ក្នុង​លក្ខខ័ណ្ឌ ដែល​គេ​ត្រូវ​ជ្រើសរើស​ហើយ»

លោក​បន្ត​ថា អ្នក​ដែល​ចូល​ក្នុង​កងឈ្លប ត្រូវ​អង្គការ​ប្រមូល​ផ្តុំ ​យក​មក​បំពាក់បំប៉ន​ស្មារតី ឱ្យ​ចេះ​កំណត់​រកមុខ​សញ្ញា​អ្នកណា​ប្រឆាំង​នឹង​អង្គការ គឺ​អ្នក​នោះ​ជា​ខ្មាំង​របស់​អង្គការ ត្រូវ​តែ​កម្ទេច​ចោល។ គេ​បង្រៀន​ឱ្យ​ធ្វើ​ចិត្ត​ដាច់ ហើយ​ស្មោះ​ត្រង់​នឹង​អង្គការ ដោយ​គ្មាន​ការ​យោគយល់​អ្វី​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​សាច់​ញាតិ ឬ​ឪពុក​ម្ដាយ​ក៏​ដោយ៖ «កង​ឈ្លប គឺ​មាន​នាទី​ការពារ​ស៊ើប​អង្កេត តាម​ដាន តាម​ចាប់​អ្នក​ក្បត់​អង្គការ ជា​ពិសេស ការពារ​កុំ​ឲ្យ​មាន​ខ្មាំង​ប្រឆាំង​ជាមួយ​អង្គការ»

អ្នក​ស្រាវជ្រាវ​រូប​នេះ អះអាង​ថា លោក​បាន​ជួប​សម្ភាសន៍​ជាមួយ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​កង​ឈ្លប​មួយ​ចំនួន ពួក​គាត់​បង្ហាញ​ថា ដើម្បី​ចង់​ដឹង​ថា កង​ឈ្លប​ណា​មួយ​ចិត្ត​ដាច់ ឬ​មិន​ដាច់ ស្មោះ​ត្រង់​នឹង​អង្គការ ឬ​យ៉ាង​ណា​នោះ ពួក​គេ​បាន​ធ្វើ​ពិសោធន៍​ដោយ​ឲ្យ​ឈ្លប​ណា​ម្នាក់ ចុះ​ទៅ​អនុវត្ត​ផ្ទាល់ ហើយ​ធ្វើ​លើ​បង​ប្អូន​ខ្លួន​ឯង​តែ​ម្តង៖ «អង្គការ​ចាត់​តាំង​ចង់​ដឹង​ថា ឈ្លប​ក្មេង នឹង​ចិត្ត​ដាច់ ឬ​មិន​ដាច់ គេ​ឲ្យ​ឈ្លប​ម្នាក់ ទៅ​ចាប់​បង​របស់​គាត់ ដែល​គេ​សង្ស័យ​ថា ក្បត់​អង្គការ ហើយ​បញ្ជូន​ទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​ស្រុក»

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​ក្រហម របស់​អ្វីៗ គ្រប់​យ៉ាង​ទាំង​អស់ សុទ្ធតែ​ជា​របស់​អង្គការ ​ជា​របស់​រួម ឬ​របស់​សមូហភាព ពោល​គឺ​គ្មាន​អ្វី​ជា​របស់​ឯកជន​ផ្ទាល់​ខ្លួន​ទេ ក្នុង​នោះ​រាប់​ទាំង​ ស្រូវ អង្ករ​ ពោត សណ្ដែក ដំឡូង អំពៅ ផ្លែឈើ ថ្នាំជក់ ត្រី សាច់ សត្វ គោ ​ក្របី និង​របស់​របរ​ផ្សេងៗ ទៀត។ អ្នក​ដែល​ប៉ះពាល់​របស់​អស់​ទាំង​នេះ ទោះ​ជា​គ្រាន់​តែ​សម្រាប់​បរិភោគ​តិច​តួច​មួយ​ចម្អែត​ក្រពះ​ក៏​ដោយ បើ​គ្មាន​ការ​យល់​ព្រម​ពី​អង្គការ​ទេ គឺ​អ្នក​នោះ​ត្រូវ​ចោទ​ជា​ខ្មាំង ក្បត់​អង្គការ ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អង្គការ​ ជាដើម​ ហើយ​ត្រូវ​យក​ទៅ​ធ្វើ​ការ​កែប្រែ​អប់រំ ដាក់​ពិន័យ​ឱ្យ​ធ្វើការ​ធ្ងន់​លើស​ធម្មតា ហើយ​បើ​កម្រិត​ធ្ងន់​អាច​ត្រូវ​សម្លាប់​ចោល​ក៏​មាន។ ពលរដ្ឋ​ណា​មួយ​ដែល​ត្រូវ​បាន​ឈ្លប​ឃើញ​ថា ក្បត់​សមូហភាព​ហើយ គឺ​កម្រ​នឹង​មាន​វាសនា​ល្អ ឬ​រួច​ទោស​នោះ​ទេ។

មេធាវី​ការ​ពារ​ក្តី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ខ្មែរ​ក្រហម លោក​ហុង គឹម សួន  ក៏​បាន​ឆ្លង​កាត់ បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​រឿង​កង​ឈ្លប​ក្នុង​របប​ខ្មែរក្រហម​ដែរ។ លោក​ថា កង​ឈ្លប​ធ្វើ​ការ​បម្រើ​អង្គការ​ចាត់​តាំង​ខ្មែរក្រហម ដោយ​ប្រកាន់​ជំហរ​ដាច់ខាត ហើយ​ជា​ទូទៅ ពួក​កង​ឈ្លប​មិន​មាន​កាន់​កាំភ្លើង​ទេ ប៉ុន្តែ​គេ​ប្រើ​ដំបង កាំបិត ពូថៅ ជាដើម។ លោក​បញ្ជាក់​ថា ពួក​ឈ្លប​ទាំង​នោះ​ដែល​នៅ​តាម​ភូមិ និង​សហករណ៍​មាន​អំណាច ឬ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់៖ «រាល់ថ្ងៃ រាល់​យប់​ពួក​គេ​អ្នក​តាមដាន​ប្រជាជន​ក្នុង​ភូមិ ក្នុង​សហករណ៍ គេ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ គឺ​គេ​ដើរ​ឈ្លប​ស្ដាប់ គឺ​គេ​ចាត់​ទុក​អ្នក​ជា​ខ្មាំង ហើយ​ពួក​ហ្នឹង​ជា​ជន​ដៃ​ដល់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លាំង គឺ​ពួក​ហ្នឹង​ឯង»

តាម​ការ​ជាក់​ស្ដែង អង្គការ​ថ្នាក់​លើ​ខ្មែរ​ក្រហម ចាប់​ពី​ថ្នាក់​ភូមិ​ឡើង​ទៅ ពឹង​ផ្អែក​ស្ទើរ​តែ​ស្រុង​លើ​កង​ឈ្លប​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​សហគមន៍ ដើម្បី​ត្រួតត្រា និង​សម្រេច​ផែន​ការ​សន្តិសុខ​របស់​ខ្លួន។ តាម​រយៈ​នេះ ខ្មែរក្រហម​បាន​បង្ក​ភាព​ភ័យខ្លាច និង​ស្ថានភាព​មិន​ទុក​ចិត្ត​គ្នា​រវាង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាមួយគ្នា។ ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្លួន​ឯង ខ្មែរ​ក្រហម​បាន​បង្កើត​ពាក្យ​ស្លោក​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច ដូច​ជា ពាក្យ​ថា «អង្គការ​ភ្នែក​ម្នាស់» និង «ជញ្ជាំង​មាន​ត្រចៀក»

អង្គការ​ភ្នែក​ម្នាស់៖

ផ្លែ​ម្នាស់​ពិត​ជា​មាន​ភ្នែក​ច្រើន​មែន ហើយ​ការ​ប្រើ​ន័យ​ប្រៀបធៀប​នេះ បង្កើត​បាន​ការ​មិន​ជឿត​ទុក​ចិត្ត​គ្នា​ក្នុង​សហគមន៍ នៅ​ពេល​មនុស្ស​រស់​នៅ​ក្នុង​ក្រុម ឬ​ក្នុង​ភូមិ​ជាមួយ​គ្នា​ចាប់​ផ្ដើម​សង្ស័យ​គ្នា ថា​អ្នក​នេះ ឬ​អ្នក​នោះ​អាច​ជា​មនុស្ស​ចាំ​លប​មើល​សកម្មភាព​របស់​យើង ឬ​ចាំ​ឈ្លប​យក​ការណ៍​ពី​យើង​នៅ​ពេល​និយាយ​អ្វី​ខុស ឬ​និយាយ​ប្រឆាំង​អង្គការ។ បញ្ហា​នេះ ក៏​បាន​បង្ក​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ​ជា​ច្រើន​ផង​ដែរ។

ជញ្ជាំង​មាន​ត្រចៀក៖

"ជញ្ជាំង​មាន​ត្រចៀក" ក៏​ជា​ពាក្យ​ស្លោក​ដ៏​ព្រឺព្រួច​មួយ​ទៀត​របស់​ខ្មែរ​ក្រហម ប្រើប្រាស់​ដើម្បី​បំភិតបំភ័យ​សតិ​ស្មារតី​របស់​ប្រជាជន​ដែរ។

ខ្មែរក្រហម​ឃោសនា​ប្រាប់​ប្រជាជន​ថា អង្គការ​ដឹង​ទាំង​អស់​នូវ​អ្វីៗ ដែល​អ្នក​និយាយ ពី​ព្រោះ «ជញ្ជាំង​មាន​ត្រចៀក» ដែល​សំដៅ​ដល់​ទីណា​ក៏​មាន​មនុស្ស​ចាំ​លប​ស្ដាប់​ការ​និយាយ​ស្ដី​របស់​ប្រជាជន​ដែរ។ ពាក្យ​ឃោសនា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជា​ច្រើន នៅ​ពេល​នោះ ភ័យខ្លាច មិន​ហ៊ាន​ហា​មាត់​និយាយ​ស្ដី​អ្វី​ផ្ទុយ​ពី​មាគ៌ា​បដិវត្តន៍​របស់​ខ្មែរ​ក្រហម​ឡើយ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ព្រោះ​ខ្លាច​ជញ្ជាំង​មាន​ត្រចៀក។

អ្នក​ស្រាវជ្រាវ​អំពី​របប​ខ្មែរ​ក្រហម លោក កែវ ដួង បាន​ឲ្យ​ដឹង​ថា ​កង​ឈ្លប​ណា​ដែល​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ តាម​មាគ៌ា​អង្គការ​បក្ស​ដាក់​ឲ្យ​នោះ នៅ​តាម​តំបន់​ខ្លះ មិន​បាន​ឡើង​តំណែង រី​ឯ​នៅ​តំបន់​ខ្លះ​ទៀត​ ពួក​គេ​ក៏​ត្រូវ​មាន​ទោស​ដែរ ក៏​ប៉ុន្តែ​ទោស​នោះ​ធ្ងន់ ឬ​ស្រាល អាស្រ័យ​ទៅ​លើ​សាច់​រឿង និង​តាម​តំបន់​នីមួយៗ ដោយ​គេ​បាន​កំណត់​រៀងៗ ខ្លួន៖ «កន្លង​មក​តាម​ការ​សម្ភាសន៍ ឈ្លប នឹង​ដូច​អត់​ដែល​មាន​ទោស​រហូតដល់​ជាប់គុក ឬ​សម្លាប់​ទេ ប៉ុន្តែ​អាច​មាន​នៅ​កន្លែង​ផ្សេង​ទៀត ដូច​ជា នៅ​មន្ទីរ​សន្តិសុខ ស២១ ជា​ដើម»

ទោះ​ជា​យ៉ាង​ណា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ហៅ​កាត់​ថា សាលា​ក្តី​ខ្មែរ​ក្រហម ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០៦ ដែល​មាន​ការ​ចូលរួម​ពី​ភាគី​សហប្រជាជាតិ​នោះ កំណត់​គោលដៅ​នាំ​ខ្លួន​មក​កាត់​ទោស​តែ​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

មន្ត្រី​នាំ​ពាក្យ នៃ​សាលា​ក្តី​ខ្មែរក្រហម លោក នេត ភក្តា្រ បាន​បញ្ជាក់​ថា ​អតីត​កង​ឈ្លប​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​ កំណត់​ឲ្យ​​ស្ថិត​នៅ​ខាង​ក្រៅ​ដែន​យុត្តាធិការ​ នៃ​តុលាការ​កូន​កាត់​មួយ​នេះ៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បាន​មក​សាលា​ក្តី​ខ្មែរ​ក្រហម បាន​លើក​ឡើង​ថា ពួក​គាត់​អត់​ដែល​ស្គាល់​ លោក​ ​នួន​ជា​ ខៀវ សំផន ឬ​ក៏ ឌុច ទេ ប៉ុន្តែ​គាត់​ស្គាល់​ជន​ដៃ​ដល់ ដែល​ប៉ះពាល់ ធ្វើបាប និង​សម្លាប់​ពួក​គាត់ ក្នុង​សម័យ​ខ្មែរ​ក្រហម ​ហេតុ​អី​បាន​ជា​មិន​យក​មក​ជំនុំជម្រះ? ដោយសារ​តែ​ពួក​គាត់​មិន​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​យុត្តាធិការ​តុលាការ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​កំណត់​លើ​រឿង​នេះ គឺ​ជា​ចៅក្រម តាម​រយៈ​ការស៊ើប​អង្កេត​ និង​មាន​ភស្តុតាង​ត្រឹម​ត្រូវ»

ចំណែក​ មេធាវី​ការពារ​ក្តី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក្នុង​សំណុំរឿង​ខ្មែរក្រហម លោក ហុង គឹមសួន ក៏​បាន​បញ្ជាក់​ដែរ​ថា ទោះ​បី​ជន​រង​គ្រោះ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចង់​ប្ដឹង​អតីត កងឈ្លប សេនា​ជន ឬ​ក៏​យោធា ស្រុក ជាដើម នោះ គឺ​សាលាក្ដី​ខ្មែរ​ក្រហម ​ មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ច្បាប់​ស្ដីពី​សាលា​ក្ដី​ខ្មែរ​ក្រហម​ពុំ​បាន​គ្រប​ដណ្ដប់​ចំណុច​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​ថា នៅ​ក្នុង​ការ​បង្ហាញ​អង្គហេតុ​លើ​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ ពួក​គាត់​បាន​លើក​ចំ​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​តួនាទី​ជា​ឈ្លប ឬ​ប្រធាន​កង​ឈ្លប ដែល​បាន​ធ្វើ​បាប​ពួក​គាត់​ធ្ងន់ធ្ងរ៖ «ពួក​គាត់​គ្រាន់​តែ​រៀបរាប់​ឈ្មោះ​ពួក​អស់​ហ្នឹង ដែល​បាន​ចាប់​សាច់​ញាតិ ឬ​រូប​គាត់​ផ្ទាល់ ទៅ​សម្លាប់ ឬ​ធ្វើ​ទារុណកម្ម​ជា​ដើម ប៉ុន្តែ​មិន​សុំ​ឲ្យ​ចោទ​ប្រកាន់ ឬ​កាត់​ពួក​ទាំង​អស់​នោះ​ទេ»

អ្នក​សិក្សា​ស្រាវជ្រាវ អំពី​របប​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ សៀវភៅ«នៅ​ក្រោយ​ទី​ងងឹត» លោក កែវ ដួង មាន ប្រសាសន៍​ថា ក្នុងចំណោម អតីត​កម្មាភិបាល និង​កងឈ្លប ខ្មែរក្រហម ជិត​១០​នាក់ ដែល លោក បាន​ជួប សម្ភាសន៍ គឺ​ពួកគាត់ មិនសូវ បង្ហាញ រឿង​ពិត​របស់​ខ្លួន​ផ្ទាល់​ទេ ប៉ុន្តែ​ពួក​គាត់​រៀបរាប់​អំពី​រឿងរ៉ាវ​​សកម្មភាព​ឈ្លប​​ដទៃ​ក្រៅ​ពី​ខ្លួន​គាត់​ថា ​កងឈ្លប​ ពិត​ជា​បាន​ធ្វើការ​ពាក់ព័ន្ធនឹង​ការ​​ចាប់​ចង​មនុស្ស យក​ទៅ​ដាក់​ទារុណ​កម្ម​ធ្ងន់ធ្ងរ និង​យក​ទៅ​សម្លាប់​ចោល តាម​បញ្ជា​របស់​អង្គការ​ថ្នាក់លើ។

ពួក​គាត់​ប្រាប់​ថា មិន​មាន​វិប្បដិសារី ចំពោះ​ការ​ដែល​ខ្លួន​បាន​ធ្វើ​មិន​ល្អ​ទៅ​លើ​សាច់​ញាតិ ឬ​ពលរដ្ឋ​ក្នុង​​ភូមិ​ជាមួយ​គ្នា​នោះ​ទេ ព្រោះថា​ជា​ការ​ធ្វើ​តាម​បទ​បញ្ជា​របស់​អង្គការ។ ជា​មួយ​គ្នា​នោះ ពេល​ខ្លះ​ពួក​គាត់ ក៏​ប្រថុយ​ធ្វើ​អំពើ​ល្អ​បាន​ខ្លះ​ដែរ ដូច​ជា ជួយ​លាក់​បាំង​សកម្មភាព​ពលរដ្ឋ​ខ្លះ ដែល​អង្គការ​ថ្នាក់​លើ​ចាត់​ទុក​ជា​អំពើ​ក្បត់ និង​ជា​ខ្មាំង​ប្រឆាំង​នឹង​អង្គការ ឬ​មិន​អនុវត្ត​ទាំង​ស្រុង​តាម​បញ្ជា​របស់​អង្គការ​ជា​ដើម។ ពួក​គេ​អះអាង​ថា មធ្យោបាយ​ទាំង​នេះ​ធ្វើ​ឡើង​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង ប៉ុន្តែ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​បាន​មួយ​ចំនួន​ដែរ។

នៅ​ដើម​ខែ​មករា ឆ្នាំ១៩៧៩ កងទ័ព​វៀតណាម​ជាង ១២ម៉ឺន​នាក់ បាន​បើក​ការ​វាយ​លុក​ឈ្លានពាន​ចូល​ប្រទេស​កម្ពុជា បណ្ដេញ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ចេញ​ពី​អំណាច។

គិត​មក​ត្រឹម​ដើម​ខែ​មករា ឆ្នាំ២០១៩ នេះ គឺ​ជា​ខួប​គម្រប់ ៤០ឆ្នាំ​គត់​នៃ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស​ខកចិត្ត​ដែល​អ្នកទោស​ស្ត្រី​មាន​តិចតួច​ក្នុង​គម្រោង​ដោះលែង​ក្រោយ​ចូលឆ្នាំ

$
0
0

អង្គការ​សិទ្ធិមនុស្ស សំដែង​ការ​ខកចិត្ត ដោយសារតែ អ្នកទោស​ជា​ស្ត្រី មាន​ចំនួន​តិចតួច ដែល​នឹង​ត្រូវ​ដោះលែង​នៅ​ពេល​ខាងមុខ។ ក្រសួង​យុត្តិធម៌​បាន​ស្នើ​ទៅ​របប លោក ហ៊ុន សែន ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស អ្នកទោស​ចំនួន​១៣៤​នាក់​នៅ​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៦ មេសា​ថា ទោះបី​រដ្ឋាភិបាល ចង់​ឱ្យ​កាត់បន្ថយ​ចំនួន​អ្នក​ស្ត្រី​ក៏ដោយ ប៉ុន្តែ​ក្រសួងយុត្តិធម៌​បាន​ស្នើ​ឱ្យ​មានការ​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​ឱ្យ​ស្ត្រី​តិច​បំផុត៖ «ក្នុង​រយៈពេល​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកទោស​ដែល​ជា​ស្ត្រី​ហើយ​បើ​យើង​មើល​ទៅលើ​ការ​ស្នើសុំ​ហាក់​ដូចជា​ចំនួន​ស្ត្រី​មាន​តិច​បំផុត​ទាក់ទិន​នឹង​ការ​ស្នើសុំ​លើកលែងទោស​នេះ​បាទ»

លោក​បញ្ជាក់ថា ក្នុងចំណោម​អ្នកទោស ១៣៤​នាក់ មាន​អ្នកទោស​ចំនួន ៥៧ នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ៦​ខែ​ក្នុង​នោះ​មាន​ស្ត្រី ៦​នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ៩​ខែ មាន​ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​១២​ខែ មាន​ចំនួន​៤០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៧​នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​មួយ​ជីវិត មក​នៅ​ត្រឹម​ទទួលទោស​២០​ឆ្នាំ មាន​ស្ត្រី​២​នាក់ និង លើកលែងទោស​តែម្ដង​មាន​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​តែ​ម្នាក់​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មិនទាន់​បញ្ជាក់អំពី​មូលហេតុ​ដែល​អ្នកទោស​ស្ត្រី​មាន​ចំនួន​តិចតួច​នោះ​ទេ។ លោក​គ្រាន់តែ​បញ្ជាក់​ថា អ្នកទោស​ដែល​គ្រោង​នឹង​បន្ធូរ​បន្ថយ​ទោស និង​ដោះលែង​នា​ពេល​ខាងមុខ​មាន​អ្នកទោស​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​និង​បទមជ្ឈិម តែ​មិន​មាន​អ្នកទោស​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ទេ៖ «ជាទូទៅ​ពាក់ព័ន្ធ​បទល្មើស ឧក្រិដ្ឋ និង​មជ្ឈិម ជាទូទៅ។ ក៏ប៉ុន្តែ​មិន​មែន​ជា​បទល្មើស​គ្រឿងញៀន​ធំដុំ ឬក៏​ឧក្រិដ្ឋកម្ម​សាហាវ​ឃោរឃៅ ឬ​ព្រៃផ្សៃ​នោះ​ទេ។ គឺជា​បទឧក្រិដ្ឋ និង​មជ្ឈិម​ជាទូទៅ​ធម្មតា​ដូចជា​លួច​ឆក់​ប្លន់​បន្តិចបន្តួច​តែ​ប៉ុណ្ណឹង។ ជាទូទៅ​គឺ​អ៊ីចឹង»

ជា​រៀងរាល់​ឆ្នាំ​ដល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ម្តងៗ​ព្រះមហាក្សត្រ​តែងតែ​ចេញ​ព្រះ​ព្រះរាជ្យក្រឹត្យ​លើកលែងទោស នឹង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ដើម្បី​ឱ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅមុន​បុណ្យចូលឆ្នាំ។ តែ​សម្រាប់​ឆ្នាំនេះ​អ្នកទោស​មិនទាន់​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ្យក្រឹត្យ​លើកលែងទោស​ឱ្យ​បាន​មុន​ចូលឆ្នាំ​នោះ​ទេ។

លោក ជិន ម៉ាលីន បញ្ជាក់​ថា ប្រហែលជា​ក្រោយពេល​ចូលឆ្នាំ​អ្នកទោស​អាច​នឹង​ត្រូវ​បាន​ដោះលែង និង​បន្ធូរ​បន្ថយ​ទោស។

ក្រមព្រហ្មទណ្ឌ​ចែង​ថា ការ​បន្ធូរបន្ថយ​ទោស និង​ការ​លើកលែង​ទោស ដល់​ទណ្ឌិត​គឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ធំៗ ២ គឺ ចាំបាច់​ត្រូវ​មាន​ការ​កែប្រែ​ឥរិយាបថ​ក្នុង​ពេល​ជាប់ឃុំ និង​ការអនុវត្ត​ទោស ជាប់​ពន្ធនាគារ ឱ្យ​បាន​ចំនួន​ពីរ​ភាគបី (/)​សិន សម្រាប់​ការ​លើកលែងទោស និង​ការអនុវត្ត​ទោស ឱ្យ​បាន​មួយ​ភាគ​បី (/)​សិន។

ប៉ុន្តែ មាត្រា ៧៧ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ ចែងថា ចំពោះ​ទណ្ឌិត មិនទាន់​អនុវត្ត​ទោស បាន​ពីរ​ភាគបី (/) ឬ​ទោះ​មិនបាន​ទាន់​កែប្រែ​ឥរិយា​មារយាទ ក៏​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​បាន​ដែរ។ តែ​ត្រូវ​មាន​សំណើ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ថ្វាយ​ព្រះមហាក្សត្រ នោះ​ការ​ដោះលែង នឹង​អាច​ធ្វើ​ទៅ​បាន គ្រប់ពេលវេលា ដោយ​មិន​ចាំបាច់​រង់ចាំ ដល់ពេល​មានបុណ្យ​ជាតិ​ធំៗ ក៏បាន។ លោក អំ សំអាត បញ្ជាក់​ថា ក្រសួងយុត្តិធម៌​គួរតែ​មាន​ការ​លើកទឹកចិត្ត និង​ស្នើសុំ​ឱ្យ​មាន​ការលើកលែង​អ្នកទោស​ដល់​ស្ត្រី​ឱ្យ​បាន​ច្រើន​នៅ​ពេល​ដែល​ពួកគេ​បាន​អនុវត្ត​ទោស​បាន​ចំនួន​២/៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ប្រវត្តិសាស្ត្រ៖ ខ្មែរ​ក្រហម​មាន​គម្រោង​កម្ទេច​ជនជាតិ​ចាម​ឱ្យ​អស់​ពី​កម្ពុជា​​ក្នុង​សម័យ​នោះ

$
0
0

ជនជាតិ​ចាម ដែល​ជា​ជនជាតិ​ភាគតិច​​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ ជា​ជាតិសាសន៍​មួយ​ដែល​ខ្មែរ​ក្រហម​ប៉ុនប៉ង​សម្លាប់​រង្គាល​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។ ទោះបីជា​ជនជាតិ​ភាគតិច​មួយ​នេះ ប្រឈម​នឹង​ការ​បោសសម្អាត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​ក្ដី ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម បាន​រក​ឃើញ​ថា ទោះបីជា​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ដោយ​ការ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ក្ដី ប៉ុន្តែ​ពួកគេ​ឥត​ហ៊ាន​ងើប​ឈរ​ឡើង តទល់​ប្រឆាំង​នឹង​ខ្មែរ​ក្រហម​វិញ​ទេ

តើ​មូលហេតុ​អ្វី បាន​ជា​ខ្មែរ​ក្រហម ចង់​កម្ទេច​ជនជាតិ​ចាម​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ?

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពលរដ្ឋ​ទូទៅ​ត្រូវ​បាន​ខ្មែរក្រហម​បោសសម្អាត ឬ​សម្លាប់​ភា្លម ចំពោះ​អ្នក​ដែល​ប្រឆាំង​អង្គការ ក៏ប៉ុន្តែ​ជនជាតិ​ចាម​ទោះបីជា​ប្រឈម​នឹង​សេចក្ដី​ស្លាប់​បែបនេះ​ក្ដី នៅ​តាម​តំបន់​មួយ​ចំនួន ពួកគាត់​ហ៊ាន​តតាំង​ប្រឆាំង​និង​អង្គការ​ចាត់តាំង ដើម្បី​បុព្វហេតុ​សាសនា​និង​ទាមទារ​សិទ្ធិ​សេរីភាព​សេរីភាព​មក​វិញ។

អ្នកស្រាវជ្រាវ​ប្រវត្តិ​សាសន៍​ខ្មែរក្រហម លោក អ៊ីសា ឧស្មាន ដែល​ជា​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ដែរ​នោះ។ លោក មានប្រសាសន៍ថា នៅ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម​បាន​ដក​សិទ្ធិ​សេរីភាព​មនុស្ស​គ្រប់រូប ប៉ុន្តែ​សម្រាប់​ជន​ជា​ចាម​វិញ ខ្មែរក្រហម បាន​ដៅ​ជា​ក្រុម​មនុស្ស​ខុស​ពី​គេ ដោយសារតែ​ពួកគាត់​កាន់​សា​សាសនា​ឥស្លាម ខ្មែរក្រហម​បាន​រឹតត្បិត​កាន់តែ​ខ្លាំង បង្ខំ​ឱ្យ​ហូប​សាច់​ជ្រូក បង្ខំ​ឱ្យ​បញ្ឈប់​ប្រតិបត្តិ​សាសនា និង​បញ្ហា​ផ្សេងៗ​ទៀត​៖ «ខ្មែរក្រហម​ចង់​ឱ្យ​ប្រជាជន​ទាំងអស់​ឱ្យ​ដូចគ្នា​ទាំងអស់ កាលណា​ចង់​ឱ្យ​ដូចគ្នា អ្នក​ដែល​ប៉ះពាល់​ខ្លាំង​ជា​គេង គឺ​អ្នក​ដែល​ខុសគេ ឧទាហរណ៍ ខ្មែរក្រហម​មិន​អាច​បង្ខំ​ឱ្យ​ជនជាតិ​ខ្មែរ​ឱ្យ​ឈប់​ហូប​សាច់​ជ្រូក​បានទេ មិន​អាច​បង្ខំ​ឱ្យ​ឈប់​និយាយ​ខ្មែរ​បានទេ សម្រាប់​ជនជាតិ​ចាម​ខ្មែរក្រហម​បង្ខំ​ឱ្យ​ទៅ​រស់នៅ​លាយឡំ​ជាមួយ​សហគមន៍​ខ្មែរ ដែល​បាត់​អត្តសញ្ញាណ​របស់​ពួកគេ បាត់​សាសនា​របស់​ពួកគេ បង្ខំ​ឱ្យ​ហូប​សាច់​ជ្រូក រហូតដល់​ខ្មែរក្រហម​បញ្ជា​ឱ្យ​បំបាត់​ពូជសាសន៍​ចាម​តែម្ដង ហើយ​បញ្ជា​នេះ​នៅ​ឆ្នាំ​១៩៧៧»

នៅមុន​របប​ខ្មែរក្រហម ជនជាតិ​ខ្មែរ និង​ជាតិ​សាសន៍​ដទៃ ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព ប្រណិប័តន៍​ទំនៀមទម្លាប់ និង​សាសនា ដែល​ជា​វប្បធម៌​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ ជា​យូរលង់​ណាស់​មក​ហើយ​។ ប៉ុន្តែ​ភ្លាមៗ​បន្ទាប់ពី​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាត់ទុក​សាសនា​ទាំងអស់​ជា​សត្រូវ​របស់​បដិវត្តន៍។

ជនជាតិ​ចាម ដែល​ធ្លាប់​ជួយ​ខ្មែរក្រហម​ក្នុងអំឡុងពេល​តស៊ូ​ប្រឆាំង​របប​សាធារណរដ្ឋ​ខ្មែរ ក៏​ខ្មែរក្រហម​មិនបាន​ចាត់​ទុក​ពួកគេ​ជា​ជនជាតិ​ពិសេស​អ្វី​នោះ​ទេ​។ ចំពោះ​ខ្មែរក្រហម សាសនា​គឺជា​កម្អែល​នៃ​សង្គមចាស់ ដែល​ធ្វើ​ឱ្យ​ខាតបង់​ពេលវេលា និង​ធនធាន​ឥតប្រយោជន៍​។ លើស​ពីនេះ​ទៀត ខ្មែរក្រហម​យល់ថា សាសនា​គឺជា​ឧបសគ្គ​គំរាម​ដល់​មនោគមវិជ្ជា​កុម្មុយនិស្ត និង​បដិវត្តន៍​ផ្លាស់ប្ដូរ​សង្គម​របស់​ពួកគេ​ដែល​ត្រូវតែ​បំបាត់ចោល។

ចំពោះ​ខ្មែរក្រហម​ដែល​ប្រើ​អំណាច​ផ្ដាច់ការ រាល់​ការជំទាស់​ទៅ​នឹង​បទបញ្ជា​គឺ​ស្មើនឹង​ប្រឆាំង ហើយ​រាល់​ការ​ប្រឆាំង​ត្រូវតែ​បង្ក្រាប​។ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​សាសន៍​របស់​ខ្លួន​ឱ្យ​បន្ត​នៅ​គង់វង្ស ជនជាតិ​ចាម នៅ​ស្រុក​ក្រូចឆ្មារ ខែត្រ​កំពង់ចាម ដែល​បច្ចុប្បន្ន​ជា​ខែត្រ​ត្បូងឃ្មុំ បាន​ងើប​បះបោរ​តវ៉ា​ប្រឆាំង​តប​នឹង ខ្មែរក្រហម យ៉ាងហោចណាស់​បី​ដង នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​។​

លោក អ៊ីសា អូស្មាន អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា "​ការបះបោរ​របស់​ជន​ជាតិ​ចាម​" មាន​ប្រសាសន៍​ថា នៅ​ពេល​នោះ ជនជាតិ​ចាម នៅ​ភូមិ​ស្វាយ​ឃ្លាំង និង​ភូមិ​កោះ​ផល ក្នុងស្រុក​ក្រូចឆ្មារ បាន​ដឹងខ្លួន​ច្បាស់​ថា ពួកគាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ ក្រៅពី​ប្រឆាំង​តប​នឹង​គោលនយោបាយ​ផ្ដាច់ការ​របស់​ខ្មែរក្រហម។ ដូច្នេះ​មានតែ​ការ​តស៊ូ​តតាំង​ទេ ដែល​ជា​ជ្រើស​ល្អ​នៅពេល​នោះ ដើម្បី​សេរីភាព​សាសនា ទោះបី​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ក្ដី​៖ «​ព្រោះ​គេ​ចាប់​ម្ដង​ម្នាក់ៗ​។ អ៊ីចឹង​មុននឹង​គាត់​ស្លាប់ គាត់​ហ៊ាន ជា​ជាង​ដេកចាំ​តែ​គេ​ចាប់​យក​ទៅ​សម្លាប់​។ ម្នាក់ៗ​ហ៊ាន​តតាំង​ជាមួយ​ខ្មែរក្រហម​។ គាត់​ហាម​មិន​ឱ្យ​ខ្មែរ​ចូល​មក​ក្នុង​ភូមិ​របស់​គាត់​។ ពួកគាត់​ចង់​រស់​នៅ​មាន​សេរីភាព​ក្នុង​សហគមន៍​របស់​គាត់»

ខ្មែរ​ក្រហម​មាន​គោលនយោបាយ​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជនជាតិ​ចាម គឺ​បំបាត់​សាសនា ដែល​កើតមាន​ការបះបោរ​នេះ ដូចជា​នៅ​ឆ្នាំ​១៩៧៣ បះបោរ​នៅ​ភូមិ​ទ្រា ស្រុក​ក្រូចឆ្មារ និង​នៅ​ឆ្នាំ​១៩៧៥ មានការ​បះបោរ​ពីរ​កន្លែង​ទៀត គឺ​នៅ​ភូមិ​កោះ​ផល និង​នៅ​ភូមិ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ គឺ​ប្រមាណ​២​អាទិត្យ​បន្ទាប់​ពី​គ្នា។ ជនជាតិ​ចាម​រស់នៅ​ចងក្រង​ជា​សហគមន៍ បង្កើត​ជា​ភូមិ និង​រៀបចំ​រចនាសម្ព័ន្ធ​ភូមិ​នីមួយៗ តាម​បែប​សាសនា មាន​ហាកឹម តួន និង​ភូឈូយ ជាដើម​។ ហើយ​ជនជាតិ​ចាម ដែល​ងើប​បះបោរ​នោះ មាននៅ​ភូម​ស្វាយ​ឃ្លាំង ភូមិ​ទ្រា នៅ​ភូមិ​កោះ​ផល​ក្នុងស្រុក​ក្រូចឆ្មារ​។ ការ​បះបោរ​នៅ​ភូមិ​កោះផល ត្រូវ​បាន​ខ្មែរក្រហម​បង្ក្រាប​ក្លាយ​ទៅជា​ភូមិ​កោះ​ផេះ ដោយសារតែ​ខ្មែរក្រហម​បាន​បាញ់សម្លាប់​បង្ក្រាប​ងើប​តតាំង​បះបោរ ដាវ​កាំបិត តតាំង​ជាមួយ​កាំភ្លើង​របស់​ក្រុម​កម្មាភិបាល​ខ្មែរក្រហម។ អ្នក​ដែល​រង​របួស​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់ចោល ហើយ​អ្នក​ដែល​នៅ​រស់​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់នៅ​តំបន់​ផ្សេងៗ លាយឡំ​ជាមួយ​ជនជាតិ​ខ្មែរ។

អ្នក​រស់រាន​ជីវិត​ពី​ការ​បង្ក្រាប​នៅ​ភូមិ​កោះ​ផល គឺ​លោក សុះ ស្លេះ ឱ្យ​អាស៊ីសេរី​ដឹង កន្លងមក​ថា លោក​នៅចាំ​ថា ស្ថានការណ៍​តានតឹង​ប្រឈមមុខ​ដាក់គ្នា​រវាង​ខ្មែរក្រហម និង​អ្នកភូមិ បាន​កើតឡើង​នៅ​ពេល​ខ្មែរក្រហម​ប៉ុនប៉ង​ដកហូត​គម្ពីរ​កូអាន ពី​អ្នកភូមិ​កោះ​ផល ដែល​ហេតុការណ៍​នោះ បាន​បង្ខំ​ឱ្យ​អ្នកភូមិ​ធ្វើ​សកម្មភាព​រារាំង​មិន​ឱ្យ​ខ្មែរក្រហម​ចូល​មក​ក្នុង​ភូមិ​។ បន្ទាប់មក​ការ​បាញ់​បង្ក្រាប​ទៅលើ​អ្នកភូមិ នៅ​ពេល​នោះ​ក៏​មាន​ការ​ផ្ទុះឡើង​បះបោរ​តបត​ទៅ​នឹង​ខ្មែរក្រហម​វិញ​៖ «ខ្មែរក្រហម​បាន​ទៅ​ប្រជុំ​ក្នុង​ព្រះវិហារ ចង់​ដក​គម្ពីរ​កូអាន ប៉ុន្តែ​អ្នកភូមិ​កោះ​ផល មិន​ព្រម​ឱ្យ​។ គម្ពីរ​កូអាន សំខាន់​ណាស់ ប្រគល់​ទៅ​ហ្នឹង​បាត់​ឈឹង​ហើយ​។ ពេល​ប្រជុំ​នោះ គេ​ប្រាប់​ថា ពេល​ត្រូវ​ទះដៃ ទះដៃ​។ ចាម​គេ​មិន​ទះដៃ​ក្នុង​ព្រះវិហារ ទេ វា​បាប​។ ខ្មែរ​ប្រាប់​ថា កុំ​ជឿ​បាប​ជឿ​អី ជឿ​លើ​អង្គការ។ ពេល​វ៉ៃ​ហ្នឹង​ប្រហែល​កន្លះ​ខែ ភូមិ​កោះ​ផល នៅ​កណ្តាល​ទន្លេ បាញ់​មក​ហ្នឹង ស្លាប់​ច្រើន​ណាស់ ខ្ញុំ​ដើរកាត់​ខ្លោច»

ឯកសារ​ស្រាវជ្រាវ​របស់​លោក អ៊ីសា អូស្មាន បាន​រកឃើញ​ថា ស្ថិតិ​ជនជាតិ​ចាម​រស់នៅ​ប្រទេស​កម្ពុជា នៅមុន​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ប្រមាណ​ជា ៦​សែន​នាក់ ហើយ​នៅ​ក្រោយ​ពី​របប​នេះ ដួល​រលំ​ជនជាតិ​ចាម​នៅ​រស់រាន​មានជីវិត​ប្រមាណ​ជា ២​សែន​នាក់ ពោល​គឺ​ជនជាតិ​ចាម​បាត់​ខ្លួន​និង​ខ្មែរក្រហម​សម្លាប់​នៅ​ក្នុង​របប​នេះ​ប្រមាណ ៤​សែន​នាក់។ ឯកសារ​នេះ បាន​បញ្ជាក់ ថា ខ្មែរក្រហម​មានបំណង​លុប​បំបាត់​ចោល​ពូជសាសន៍​ចាម តាម​វិធី ៣​យ៉ាង គឺ​ទី​១ បំបាត់​តាមរយៈ​សម្លាប់​អ្នក​ចេះដឹង​ខាង​សាសនា​ឥស្លាម ទី​២ ការ​ហាម​ប្រាម​មិន​ឱ្យ​ជនជាតិ​ចាម គោរព​ប្រតិបត្តិ​សាសនា និង​ទី​៣ ប៉ុនប៉ង​លុបបំបាត់​អត្តសញ្ញាណ​ជនជាតិ​ចាម តាមរយៈ​ជម្លៀស​ជនជាតិ​ចាម ឱ្យ​ទៅ​នៅ​លាយឡំ​ជាមួយ​ជនជាតិ​ខ្មែរ និង​បង្ខំ​ឱ្យ​បរិភោគ​សាច់​ជ្រូក​ជាដើម។

អ្នក​ចូលរួម​បះបោរ​នៅ​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​វិញ ក៏​ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​កន្លងមក​ដែរ​ថា ជនជាតិ​ចាម​ងើប​ប្រឆាំង​តតាំង​និង​ខ្មែរក្រហម នៅ​ពេល​នោះ មូលហេតុ​ចម្បង​គឺ​ខ្មែរក្រហម​បំផ្លាញ​វប្បធម៌​សាសនា​ឥស្លាម ដែល​ជា​សាសនា​របស់​ព្រះ​អល់ឡោះ ដែល​ឥសា្លម​សាសនិក​ទាំងអស់​មិន​អាច​បោះបង់​បាន ទោះបីជា​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ដើម្បី​បុព្វហេតុ​សាសនា​៖ «រឿង​ផ្ទុះ​បះបោរ​នោះ ពេលយប់​នោះ គេ​រៀន​អក្ខរកម្ម ពេល​រៀន​ទៅ ខ្មែរក្រហម​មិន​ឱ្យ​រៀន​ទេ ហើយ​គេ​មក​ចាប់​មនុស្ស​២០​នាក់ ដូច្នេះ​យើង​នាំគ្នា​បះបោរ​តែម្ដង រឿង​ហ៊ាន​ងើប​បះបោរ​នេះ គឺ​ដោយសារតែ​យើង​គិត​ថា បើ​យើង​មិន​រើ​ក៏​ងាប់ បើ​យើង​រើ​តបត ក៏​ត្រូវ​ស្លាប់ ហើយក៏​អាច​រស់​ខ្លះ​ដែរ ដូច្នេះ​ហើយ​ទើប​យើង​អាច​ងើប​បះបោរ»

លោក អ៊ីសា អូស្មាន ដែល​លោក​ធ្លាប់​បាន​ផ្ដល់​សក្ខីកម្ម​លើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម​កាលពី​ឆ្នាំ​២០១៦​ដែរ​នោះ លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​សាលាក្ដី​ខ្មែរក្រហម ហៅ​មេដឹកនាំ​បច្ចុប្បន្ន លោក ហ៊ុន សែន និង លោក ហេង សំរិន ដែល​ជា​កម្មាភិបាល​ខ្មែរក្រហម ហើយ​លោក​បាន​រក​ឃើញ​ឯកសារ លោក ហ៊ុន សែន និង លោក ហេង សំរិន ជាប់​ទាក់ទង និង​ការ​សម្លាប់​ជនជាតិ​ចាម​នៅ​ក្នុង​របប​ខ្មែរក្រហម​៖ «អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​សំអាង​លើ​សាក្សី និង​ឯកសារ​ភស្តុតាង ឈ្មោះ​ដែល​លោក​រៀបរាប់​មិញ​នេះ គឺជា​ថ្នាក់ដឹកនាំ​នៅ​តំបន់២១ ជា​ថ្នាក់ដឹកនាំ​នៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​ឯកសារ​មនុស្ស​ទាំង​៤​នាក់​នោះ មាន​សម្ដេច ហ៊ុន សែន ហេង ផង​ហ្នឹង​ថា​សម្លាប់​ចាម​នោះ ខ្ញុំ​មិនទាន់​ទទួល​ព័ត៌មាន​នេះ នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនេះ នៅ​រស់​រាន​នៅឡើយ​ទេ តុលាការ​អាច​ហៅ​មនុស្ស​ទាំងនេះ​មក​សួរ​បាន»

ក៏ប៉ុន្តែ​ការ​ផ្ដល់​សក្ខីកម្ម​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម លោក និល ណុន បាន​ព្រមាន​លោក អ៊ីសា អូស្មាន ទៅវិញ នៅ​ពេល​លោក បាន​ទាមទារ​ឱ្យ​សាលាក្ដី​កោះហៅ លោក ហ៊ុន សែន និង លោក ហេង សំរិន មក​ផ្ដល់​សក្ខីកម្ម​បន្ថែម ថា​តើ លោក ហ៊ុន សែន និង លោក ហេង សំរិន ពិត​ជាប់​ទាក់ទង​និង​ការ​សម្លាប់​ជនជាតិ​ចាម ដែរ ឬ​យ៉ាងណា​នោះ​?«អ្នក​ជំនាញ​លោក​ត្រឹម​ឆ្លើយ​ត្រឹមតែ​ជំនាញ​របស់​លោក​បាន​ហើយ រឿង​កោះហៅ​ឬ​មិន​កោះហៅ​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ជំនុំជម្រះ កុំ​ប្រូប្រាច​ច្រើនពេក លោក​នឹង​ប្រឈម​កាន់តែ​ខ្លាំង​ដោយ​ខ្លួនឯង»

លោក អ៊ីសា អូស្មាន ឱ្យ​ដឹង​ថា ឯកសារ​ដែល​លោក​រក​ឃើញ​គឺ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ៤​នាក់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនជាតិ​ចាម ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន សែន និង លោក ហេង សំរិន ដែរ​៖ «អ្នកស្រាវជ្រាវ​បាន​រក​ឃើញ ឈ្មោះ ហ៊ុន សែន ហ៊ុន សំរិន អ៊ុក ប៊ុនឈឿន សោ ភឹម ជាប់​ពាក់ព័ន្ធ​ការ​សម្លាប់​ជនជាតិ​ចាម ពិសេស​នៅ​ក្នុង​ការបះបោរ ហើយ​ការស្រាវជ្រាវ​របស់ខ្ញុំ ការ​សម្លាប់​ចាម​នេះ គឺ​មានតែ​ថ្នាក់​តំបន់ ថ្នាក់​មជ្ឈិម ដែល​អាច​សម្លាប់​ចាម​បាន ព្រោះ​ថ្នាក់​មូលដ្ឋាន​អត់​មាន​កាំភ្លើង​ក្នុង​ការ​បង្ក្រាប​ទេ»

សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​មាន​ភាព​ចម្រូងចម្រាស់​ទៅលើ​ការ​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន ផង​កាលពី​ឆ្នាំ​២០១៦​។ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​មិន​ឱ្យ​មន្ត្រី​នៃ​របប​លោក ទៅ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នេះ​ជាដាច់ខាត លោក សុខ ចិត្ត ឱ្យ​សាលាក្ដី​នេះ បរាជ័យ តែ​មិន​ឱ្យ​មន្ត្រី​របស់​លោក​ទៅ​ឆ្លើយ​បំភ្លឺ​ឬ​ផ្ដល់​សក្ខីកម្ម​ទេ រួម​ទាំង​ខ្លួន​លោក​ផង។

ច្បាប់​ស្តីពី​ការ​បង្កើត​សាលា​ក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​មាត្រា​៧ បាន​ចែងថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មានអំណាច​វិនិច្ឆ័យ​ទោស ទៅលើ​ជនសង្ស័យ​ទាំងឡាយ​ណា​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ការ​បំផ្លាញ​សម្បត្តិ​វប្បធម៌ យោង​តាម​អនុសញ្ញា​ក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្ដីពី​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​ជម្លោះ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

មេដឹកនាំ​ខ្មែរក្រហម ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចោទប្រកាន់​បន្ថែម​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​វៀតណាម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន ៤​នាក់​រួមមាន នួន ជា អតីត​ប្រធាន​សភា​តំណាង​ប្រជាជន អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស អៀង ធីរិទ្ធ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​តែ​នឹក​ឃើញ​ទុក្ខ​លំបាក​វេទនា និង​ការ​អត់​ឃ្លាន

$
0
0

ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​តែ​នឹក​ឃើញ​អំពី​ទុក្ខ​លំបាក​វេទនា និង​ភាព​​អត់​ឃ្លាន និង​ការ​សម្លាប់​រង្គាល។

ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០១៩ នេះ គឺ​ជា​ខួប ៤៤ឆ្នាំ នៃ​ការ​ចងចាំ​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់​ជិត ២លាន​នាក់ ដោយសារ​ការ​សម្លាប់ ការ​ធ្វើ​ការ​ធ្ងន់​បាក់​កម្លាំង ភាព​អត់​ឃ្លាន និង​ជំងឺ​ផ្សេងៗ គ្មាន​ថ្នាំ​ព្យាបាល។

ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ឯ​នាយ​សមុទ្រ​ខ្លះ ដែល​មាន​អាយុ​ចន្លោះ​ពី ៦០ឆ្នាំ ដល់​ជាង ៧០ឆ្នាំ នៅ​តែ​ចងចាំ​មិន​ភ្លេច ពី​សោកនាដកម្ម និង​បទ​ពិសោធន៍​របស់​ពួក​គាត់ ដែល​ជួប​ប្រទះ​ផ្ទាល់ ក្នុង​ពេល​រស់​នៅ​ក្នុង​របប​មួយ​នេះ​រយៈ​ពេល​ជិត ៤ឆ្នាំ។

សូម​ចុច​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​អ្នកស្រី ម៉ៅ សុធានី ពី​រដ្ឋធានី​វ៉ាស៊ីនតុន ដែល​ដក​ស្រង់​បទ​ពិសោធន៍​នៃ​ជីវិត​រស់​នៅ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ក្នុង​របប​ខ្មែរក្រហម...

ពន្ធនាគារ​បន្ត​អនុញ្ញាត​ឱ្យ​ឧកញ៉ា​ គិត​ធាង​ សម្រាក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ​

$
0
0

ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) អនុញ្ញាត​ឱ្យ​ជន​ចោទ​ករណី​ជួញដូរ​គ្រឿងញៀន​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ខណៈ​ជន​ជាប់​ចោទ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​វិញ។ សង្គម​ស៊ីវិល​ សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​ពិសេស​នេះ​ព្រោះ​អ្នកទោស​ ធម្មតា ឬ​អ្នក​ទោស​មនសិការ​មិន​ងាយ​ទទួល​បាន​សិទ្ធិ​ពិសេស​ដើម្បី​ដេក​ព្យាបាល​ជំងឺ​ក្រៅ​គុក​បែបនេះ​ទេ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា ជន​ត្រូវ​ចោទ​ឧកញ៉ា គិត ធាង មិនទាន់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) នៅឡើយ​ទេ​ដោយ សារ​តែ​លោក​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ ឬ​ហៅ​ថា​ពេទ្យ​រុស្ស៊ី។ ប៉ុន្តែ​ជនជាប់ចោទ​មួយ​រូប​ទៀត​ឈ្មោះ​កញ្ញា យិន ឃុនម៉ី​ ហៅ យិន ម៉ាណា ដែល​ជា​កូនស្រី​អ្នក​មាន​ឥទ្ធិពល​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​បើក​រថយន្ត​ទំនើប​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​នោះ​ត្រូវ​បាន​បញ្ជូន​ ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​វិញ​ហើយ តាំង​ពី​ថ្ងៃ​ទី១០ ខែ​មេសា​បន្ទាប់ពី​ជា​ស្បើយ​ពី​ជំងឺ។

លោក នុត សាវនា មិន​ដឹង​ថា ស្ថានភាព​ជំងឺ​របស់​លោក​ឧកញ៉ា គិត ធាង ស្ថិត​ក្នុង​កម្រិត​ណា និង​ត្រូវការ​ពេល​ព្យាបាល​យូរប៉ុណ្ណា​នោះ​ទេ​ខណៈ​កន្លងមក​ លោក​ប្រាប់​ថា​ លោក​គិត​ ធាង​ និង​កញ្ញា​យិន ម៉ា​ណា មាន​អាការៈ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​ដូចគ្នា៖ «បាទ! គាត់ (គិត ធាង) ​នៅ​ឡើយ។ យក​ល្អ​សួរ​ទៅ​ខាង​មន្ទីរពេទ្យ​គេ​ដឹង​ច្បាស់ ព្រោះ​នៅ​លើ​ដៃ​ពេទ្យ។ អាស្រ័យ​លើ​ពេទ្យ ខ្ញុំ​មិន​អាច​ដឹង​ថា​ម៉េច​បាន​ធ្ងន់ធ្ងរ ឬ​មិន​ធ្ងន់ធ្ងរ។ យើង​មើល​នឹង​ភ្នែក​ម៉េច​កើត»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក​ ងី ម៉េង បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ខណៈ​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​លោក ហេន រ៉ាម៉ានី​មិន​ទទួល​ទូរស័ព្ទ។

ឧកញ៉ា គិត ធាង ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី តាំង​ពី​ថ្ងៃ​ទី១ ខែ​មេសា ដោយសារ​មាន​ជំងឺ​សួត និង​ស្ទះ​ដង្ហើម។ សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​បុគ្គលិក​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ថា អាការៈ​ជំងឺ​លោក ​គិត​ ធាង​ បាន​ធូរ​ស្រាល​ហើយ ដោយ​មិន​ចាំបាច់​ចាក់ថ្នាំ ឬ​ឱ្យ​ថ្នាំលេប​នោះ​ទេ។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ទៀត​ថា លោក គិត ធាង ដេក​ព្យាបាល​នៅ​បន្ទប់​ពិសេស​មួយ ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ចេញ​ចូល​ឡើយ សូម្បី​អនុរក្ស​ពន្ធនាគារ​ ក្រៅ​តែ​ពី​គ្រួសារ ឬ​ប្រពន្ធ​របស់​លោក។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន​ ជ័យ​ មាន​ប្រសាសន៍​ថា​ករណី​អ្នក​ទោស​ ដែល​មាន​លុយ​ មាន​អំណាច ​ទទួល​បាន​សិទ្ធិ​ពិសេស​អាច​ដេក​សម្រាក​ព្យាបាល​ក្រៅ​ពន្ធនាគារ​ ខុស​គ្នា​ឆ្ងាយ​ពី​ក្រុម​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​ដែល​មាន​គ្រួសារ​ជីវភាព​ក្រីក្រ​ គឺ​កើត​មាន​តាំង​ពី​យូរ​មក​ហើយ។ លោក​បន្ត​ថា ករណី​នេះ ធ្វើ​ឱ្យ​សាធារណជន​សង្ស័យ​ថា កើត​ឡើង​សារ​តែ​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​អំពើ​ពុក​រលួយ ហើយ​បណ្ដាល​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព​ពាក់ កណ្ដាល​ ឬ​អំពើ​និទ្ទណ្ឌភាព​សម័យ​ថ្មី៖ «ការ​អនុវត្ត​ច្បាប់​វា​មិន​ទាំង​អស់​ទេ ប៉ុន្តែ​មាន​ករណី​ខ្លះ​វា​នៅ​តែ​មាន​ការ​យល់​ឃើញ​ថា​ មាន​លុយ​អាច​ប្រើ​ខ្មោច​ឱ្យ​កិន​ម្សៅ។ អ៊ីចឹង​ទៅ! ទម្រង់​ខ្លះ​សម្រាប់​យុត្តិធម៌​ ឬ​ក៏​ការ​មាន​ប្រៀប​របស់​អ្នក​មាន​លុយ​មាន​ឥទ្ធិពល​នៅ​ពេល​ពួក​គេ​ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ក្តី​ ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​ងាយ​ទទួល​បាន​ឱកាស​ភាព​ងាយ​ស្រួល​ ឬ​ក៏​ភាព​ចន្លោះ​នៃ​ច្បាប់​ធ្វើ​ឱ្យ​ពួក​គេ​មាន​រូបភាព​ជាក់​គុក​តែ​ឈ្មោះ​ ឬ​ក៏​ប្រភេទ​ឃុំ​ខ្លួន​នៅ​ពេទ្យ​អី​ជា​ដើម»

ឧកញ៉ា គិត ធាង ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី១១ មីនា និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យ​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី១២ មីនា នៅ​ពន្ធនាគារ​ស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​ ពន្ធនាគារ​ ប៉េ​ហ្ស៊ី (PJ)។ ចៅក្រម​ស៊ើបសួរ​ចោទ​ប្រកាន់​លោក​ពី​បទ​ចាត់ចែង សម្រួល​ឱ្យ​មាន​ការ​ប្រើប្រាស់​សារជាតិ​ញៀន​ខុស​ច្បាប់ និង​បទ​សម​គំនិត តាម​មាត្រា៤២ និង៤៤​ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន និង​មាត្រា២៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​ច្បាប់​អ្នក​ទោស​គ្រប់​រូប​មាន​សិទ្ធិ​ដូចគ្នា​ក្នុង​ទទួល​បាន​សេវា​ព្យាបាល នៅ​តាម​មន្ទីរ​ពេទ្យ​ធំៗ របស់​រដ្ឋ ប្រសិន​បើ​ពួក​គេ​មាន​ជំងឺ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​តាម​ការ​សង្កេត​របស់​លោក គឺ​អ្នក​ទោស​ដែល​ក្រីក្រ គឺ​កម្រ​ទទួល​បាន​សិទ្ធិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​បំផុត មាន​តែ​ក្រុម​អ្នក​ទោស ដែល​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ៖ «បើ​សិន​ជា​អ្នក​ទោស​វា​ត្រូវតែ​មាន​ភាព​ស្មើភាព​គ្នា។ គាត់​ឈឺ​គាត់​អី ត្រូវ​តែ​ព្យាបាល​ ហើយ​ការ​ចំណាយ​ គឺ​ជា​បន្ទុក​របស់​រដ្ឋ ​ឬ​ក៏​ការ​កម្លាំង​ការពារ​នៅ​លើ​រដ្ឋ។ បើ​សិន​ជា​សុខភាព​អ្នក​ទោស​ណា​មួយ​ តម្រូវ​ឱ្យ​គាត់​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ គឺ​ត្រូវ​តែ​បញ្ជូន​ទៅ។ ប៉ុន្តែ​កន្លង​មក ​អ្នក​ដែល​មាន​លុយ​មាន​កាក់​ ឬ​ឧកញ៉ា​ អាច​មាន​លទ្ធភាព​ទៅ​ព្យាបាល​ ចំណែក​អ្នក​ក្រីក្រ ទាល់​តែ​ធ្ងន់ធ្ងរ​បាន​បញ្ជូន​ទៅ។ ជូន​កាល​អាច​នឹង​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ក៏​មាន​ ដោយសារ​វា​ធ្ងន់ធ្ងរ»

លោក​អំ​ សំអាត​ ទទួលស្គាល់​ថា​ការ​បញ្ជូន​អ្នកទោស​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ធំៗ​របស់​រដ្ឋ​នេះ​គឺ​ដោយសារតែ​ខាង​ពន្ធនាគារ​ខ្វះ​គ្រួ​ពេទ្យ​ជំនាញ​និង​សម្ភារៈ​ឧបករណ៍​ប៉ុន្តែ​ការ​បញ្ជូន​ចេញ​ព្យាបាល​នៅ​ពន្ធនាគារ​នេះ​គួរតែ​ធ្វើឡើង​ដោយ​យុត្តិធម៌​និង​តម្លាភាព៖ «អ្នក​ជំងឺ​ខ្លះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ ហើយ​ទទួល​ថ្នាំ​ ហើយ​អាច​បញ្ជូន​ត្រឡប់​ទៅ​វិញ​ ដោយ​មិន​បាន​សម្រាក​ព្យាបាល​ទេ​ ដោយហេតុ​ផល​ថា ​ខ្វះ​កម្លាំង​ការពារ​ និង​ខ្វះ​ថវិកា​អី​ជា​ដើម។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មានទ្រព្យ​ធន គឺ​អាច​បន្ត​ស្នាក់​នៅ​ ដើម្បី​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន។ អ៊ីចឹង​យើង​សង្កេត​ឃើញ​ថា​ លុះ​ត្រា​តែ​ស្ថានភាព​ជំងឺ​របស់​អ្នក​ទោស​ក្រីក្រ​ធ្ងន់ធ្ងរ​បំផុត ​ទើប​អាច​ស្នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន។ ប៉ុន្តែ​មិន​មាន​រយៈ​ពេល​យូរ​ដូច​អ្នក​ដែល​មាន​លុយ​មាន​កាក់​នោះ​ទេ»

កន្លង​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​រង​ការ​ចោទ​ថា បាន​ជួល​បន្ទប់​ទំនើបៗ ឱ្យ​ជន​ជាប់​ចោទ​មាន​ប្រាក់​ស្នាក់​នៅ។ ក្រៅពី​លោក​ គិត ​ធាង​ អ្នក​ទោស​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​វីអាយភី (VIP) របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មាន​ដូច​ជា ឧកញ៉ា ថោង សារ៉ាត់ ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​ឧក​ញ៉ា អ៊ឹង ម៉េងជឺ លោក ឈូក បណ្ឌិត អតីត​ទណ្ឌិត និង​ជា​អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​ក្រុម​កម្មករ ឧកញ៉ា សុខ ប៊ុន ក្នុង​សំណុំរឿង​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជា​ដើម។

សង្គម​ស៊ីវិល​បារម្ភ​ថា ប្រសិនបើ​គ្មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ទេ គឺ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ជា​ពិសេស ជន​ជាប់​ចោទ ដែល​ជា​អ្នក​មាន​លុយ​មាន​អំណាច លែង​ខ្លាច និង​គោរព​ច្បាប់​ត​ទៅ​ទៀត​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​ស្វាយរៀង​រិះគន់​តម្លៃ​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង​៥​ពាន់​រៀល​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​នេះ

$
0
0

ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង និង​ភ្ញៀវ​ទេសចរ រិះគន់​ការ​យក​តម្លៃ​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង ៥​ពាន់​រៀល ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត ដែល​ប្រារព្ធ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី១៦ មេសា នៅ​ទី​រួម​ខេត្ត​ស្វាយរៀង។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អ្នកស្រី ញ៉ែម ស្រីឡូត ត្អូញ​ថា គ្រួសារ​លោកស្រី​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត នៅ​ក្រុង​ស្វាយរៀង​កាលពី​ថ្ងៃ​ទី១៤ មេសា បាន​បង្ខំចិត្ត​បង់​ប្រាក់​ផ្ញើ​ម៉ូតូ ១​គ្រឿង ៥​ពាន់​រៀល​។ លោកស្រី​ថា ពលរដ្ឋ និង​យុវជន​ខ្លះ រអ៊ូរទាំ ពី​សេវា​ផ្ញើ​ម៉ូតូ ហក់​ឡើង​ខ្ពស់​បែបនេះ ហើយ​ពួកគេ​បាន​បង្ខំចិត្ត​បង់​ប្រាក់​ឱ្យ​គេ ព្រោះតែ​គ្មាន​ជម្រើស​។ លោកស្រី​បន្ទោស​ថា គឺ​អាជ្ញាធរ​ខេត្ត​បណ្ដោយ​ឱ្យ​កើតមាន​បាតុភាព​នេះ បង្ក​ឱ្យ​ពលរដ្ឋ ភ្ញៀវ​ទេសចរ និង​យុវជន​មិន​សប្បាយចិត្ត។ លោកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជាតិ រក​មធ្យោបាយ​ទប់ស្កាត់ កុំ​ឱ្យ​វប្បធម៌​អាក្រក់​នេះ​កើត​មាន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ក្រោយៗ​ទៀត​៖ «ផ្ញើ​ម៉ូតូ​ដល់ពេល​សួរ​តម្លៃ​គេ​ថា ៥​ពាន់ ហ្នឹង​កន្លែង​មីង​ផ្ញើ​កន្លែង​ផ្សេង​មិន​ដឹង​គេ​យក​ប៉ុន្មាន​ទេ? ប៉ុន្តែ​ក្មេងៗ​ស្រុកភូមិ​ទៅលេង វា​ថា ៥​ពាន់​ដែរ វា​មិន​សមរម្យ វា​ថ្លៃ​ហ្នឹង​។ ថ្លៃ​ហួសហេតុ កោ​គ្នា​ហួសហេតុ​។ គ្រាន់តែ​ផ្ញើ​នៅផ្ទះ​ឯង​សោះ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​ទូរស័ព្ទ​ចូល មាន​អ្នក​ផ្សេង​ទទួល​ជំនួស​លោក នៅ​ថ្ងៃទី១៧ មេសា។

រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​មូលមតិ​គ្នា ប្រារព្ធ​ព្រឹត្តិការណ៍​សង្ក្រាន្ត រយៈពេល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ។ របាយការណ៍​អាជ្ញាធរ​ខេត្ត​នេះ​អះអាង​ថា ភ្ញៀវ​​ទេសចរ និង​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត នៅ​ថ្ងៃ​ទី១៤ មេសា មាន​ជិត ១០​ម៉ឺន​នាក់ (៨៥.០០០) ហើយ​ថ្ងៃ​ទី ១៥ មេសា កើតឡើង​ដល់​ជាង ១៦​ម៉ឺន​នាក់ (១៦.០០០)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ក្រុម​យុវជន​ក្ដាប់​ព័ត៌មាន​មិន​ជុំ​រឿង​ដី​ឆ្នេរ​ព្រែកត្រែង

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា ក្រុម​យុវជន និង​សកម្មជន​បរិស្ថាន ក្ដាប់​ព័ត៌មាន​មិន​ជុំ រឿង​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប កាល​ពី​ពេល​កន្លង​ទៅ។ អាជ្ញាធរ​បញ្ជាក់​ថា ដី​ឆ្នេរ​ព្រែកត្រែង​នោះ ជា​ដី​ចាស់​សល់​ពីមុន មិនមែន​ដី​ដែល​ក្រុមហ៊ុន​យាយ​ភូ​បាន​ចាក់​លុប​នោះ​ឡើយ។ សកម្មជន​បរិស្ថាន ច្រានចោល​ការ​លើកឡើង​របស់​អាជ្ញាធរ និង​ថា​អាជ្ញាធរ​ព្យាយាម​មិន​ដោះស្រាយ​រឿង​នេះ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧ មេសា​ថា អាជ្ញាធរ​ខេត្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចាក់​ដី​លុប​សមុទ្រ យក​ធ្វើជា​កម្មសិទិ្ធ​ឯកជន​នោះ​ឡើយ​។ លោក​ថា ដី​ឆ្នេរ​ព្រែកត្រែង​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​កាល​ពី​ពេល​កន្លង​ទៅ​នោះ អាជ្ញាធរ​បាន​ចុះទៅ​កាយ​ដី និង​សម្អាត​ឆ្នេរ រួចរាល់​អស់ហើយ​។ លោក​អះអាង​ថា ដី​ដែល​កំពុង​មាន​បច្ចុប្បន្ន​នេះ គឺជា​ដី​ចាស់​យូរ​ឆ្នាំ​មក​ហើយ មិនមែន​ជា​ដី​ថ្មី​ដែល​ទើប​ចាក់​លុប​នោះ​ទេ។

អ្នកនាំពាក្យ​រូប​នេះ​ថ្លែង​ទៀត​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បើកចំហ​ទទួលយក​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ដូច្នេះ​លោក​ស្នើ​ឱ្យ​សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន ទាក់ទង​មក​ខាង​អាជ្ញាធរ​ជាមុន ដើម្បី​បាន​ដឹង​ព័ត៌មាន​ច្បាស់ មុននឹង​ចុះ​ធ្វើ​សកម្មភាព​ណាមួយ​នៅ​លើ​ទីតាំង​ដី​ឆ្នេរ​នោះ៖ «អាជ្ញាធរ​បាន​ចុះទៅ​ធ្វើ​ហើយ កាយ​ចេញ​អស់ហើយ មិន​មាន​ទេ​ដី​ចាក់​ថ្មី ហើយ​សកម្មភាព​នៅ​ការដ្ឋាន​ហ្នឹង​ក៏​អត់​មាន​អ្វី​បន្ត​ដែរ​។ វា​អាច​ជា​ដី​ចាស់​ពី​ដើម កាលពី​៤-១០ ឆ្នាំមុន​អី​ទេ ហើយ​ដី​វា​ទៅជា​ឆ្នេរ​ហើយ»

កាលពី​សប្ដាហ៍​មុន យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​១០ នាក់ បាន​ចុះទៅ​ធ្វើ​សកម្មភាព​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ចេញ ដោយ​ប្រើ​ចប ប៉ែល និង​បង្គី រួច​ផ្សព្វផ្សាយ​សកម្មភាព​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ គោលបំណង គឺ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ​ឡើងវិញ ក្រោយពី​ពួកគេ​ខកចិត្ត​ដែល​អាជ្ញាធរ​ពុំ​អើពើ​នឹង​រឿង​ល្មើសច្បាប់​នេះ អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស បដិសេធ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ និង​ថា​អាជ្ញាធរ​ខេត្ត ព្យាយាម​ដោះ​សារ​យករួចខ្លួន​ចំពោះ​ករណី​នេះ​។ កញ្ញា​អះអាង​ថា ដី​នៅ​លើ​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​ដី​ថ្មី​ដែល​ទើប​ត្រូវ​បាន​ចាក់​បំពេញ​កាលពី​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ មិនមែន​ជា​ដី​យូរ​ឆ្នាំ​នោះ​ឡើយ​។ កញ្ញា​បន្ត​ថា លក្ខណៈ​សម្គាល់ គឺ​ដី​នោះ​ជា​ប្រភេទ​ដីក្រហម ខុស​ផ្ទុយ​ពី​ដី​ឆ្នេរ​ធម្មជាតិ​ដែល​មាន​ខ្សាច់​សក្បុស។ កញ្ញា​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​លើក​ឡើង​បំភ័ន្ត​សាធារណជន​បែបនេះ​៖ «ក្នុងនាម​គាត់​ជា​ថ្នាក់ដឹកនាំ​ខេត្ត មិន​គួរណា​និយាយ​កុហក​បោកប្រាស់​បែប​ហ្នឹង​ទេ​។ ដី​ហ្នឹង គឺជា​ដីក្រហម ដី​ដែល​ចាក់​ថ្ម​ចាក់​អីហ្នឹង ហើយ​គឺជា​ដី​ថ្មីៗ​មែន អ៊ីចឹង​គាត់​ចុះ​ទៅ​ពិនិត្យ​ខ្លួន​គាត់​ម្តង​ទៀត​ទៅ កុំ​ឱ្យ​ថា​ពួក​ខ្ញុំ​ជា​យុវជន​ហ្នឹង គ្រាន់តែ​និយាយ​នាំ​រឿង នាំ​បញ្ហា​ដែល​មិន​ពិតទៅ​ផ្សាយ​អ៊ីចឹង​។ អ៊ីចឹង​សូម​ចុះទៅ​មើល​ខ្លួនឯង ហើយ​ខ្ញុំ​សុទ្ធ​តែ​មាន​ភស្តុតាង​របស់ខ្ញុំ​ហើយ»

កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ក្នុង​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​កាយ​ដី​ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ឱ្យ​បាន​ដូចដើម​។ ភ្លាមៗ​នោះ លោក ជា សុផារ៉ា ក៏បាន​ចុះទៅ​ដល់​ទី​តាំង​ដី​ឆ្នេរ​ព្រែកត្រែង និង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ចាក់ដី​តទៅទៀត ក៏ប៉ុន្តែ​ជាច្រើន​ខែ​មកនេះ មិន​ឃើញ​ក្រុមហ៊ុន និង​អាជ្ញាធរ ចុះទៅ​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​យាយ​ភូ ដែល​រង​ការ​ចោទ​ថា បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ថ្វីដ្បិត​តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា បាន​យក​ច្បាប់​ជាធំ​ក្តី ក៏​ករណី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង​នេះ គ្មាន​ជនណាម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ឱ្យ​មក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ។

សកម្មជន​បរិស្ថាន​កញ្ញា ផេង ស្រីស ថ្លែង​ថា កញ្ញា​គ្មាន​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នោះ​ឡើយ ព្រោះ​ករណី​នេះ​មើល​ឃើញនឹងភ្នែក ហើយ​ថែមទាំង​មាន​បទបញ្ជា​ពី​លោក ហ៊ុន សែន ទៀត ក៏​អាជ្ញាធរ​នៅតែ​មិន​ចាត់ការ​ដដែល​។ កញ្ញា​ស្នើ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ពិចារណា​ដកហូត​តួនាទី​មន្ត្រី​ពាក់ព័ន្ធ ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ក្នុង​ករណី​ដី​ឆ្នេរ​ព្រែកត្រែង​នេះ៖ «តើ​កន្លង​មក​នេះ មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​យាយ​ភូ​ដែរ ឬ​អត់ ក្រៅ​តែពី​ការ​អះអាង​ថា​នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​សម្អាត ឬក៏​ដោះស្រាយ​ចំពោះ​បញ្ហា​ចាក់​ដី​លុប​ឆ្នេរ​ហ្នឹង​? ហើយ​ទាក់ទង​នឹង​ការ​សម្អាត​ឆ្នេរ ឬក៏​កាយ​ដី​ហ្នឹង ក៏​អត់​មាន​ទៀត អ៊ីចឹង​មានន័យថា ក្នុងនាម​គាត់​ជា​មន្ត្រី ជា​អាជ្ញាធរ គាត់​គ្រាន់តែ​ជា​អ្នក​ដែល​ចេះតែ​និយាយ ប៉ុន្តែ​គ្មាន​ការអនុវត្ត គ្មាន​ការ​គោរព​តួនាទី​របស់​គាត់​។ ច្បាប់​ក៏​អត់​មានតម្លៃ​សម្រាប់​ពួកគាត់​ដែរ»

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ទៅ ១៥០​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ខ្មែរ​ដែល​រង​ការ​ឈឺ​ចាប់​ពី​របប​ខ្មែរក្រហម​រំលឹក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ មេសា ១៩៧៥

$
0
0

ថ្ងៃ​ពុធ ទី​១៧ មេសា នេះ គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​វិលត្រឡប់​ចូល​មក​រាជធានី​ភ្នំពេញ​វិញ បន្ទាប់ពី​ទៅ​ស្រុកកំណើត ឬ​ធ្វើដំណើរ​ទៅ​កម្សាន្ត​តាម​តំបន់​ផ្សេងៗ ក្នុង​អំឡុង​ពេល​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ខ្មែរ អស់​រយៈពេល ៣​ថ្ងៃ​កន្លង​មក​នេះ។ ប្រសិនបើ​យើង​រំលឹក​ពី​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​១៧ មេសា ដូចគ្នា កាលពី​៤៤​ឆ្នាំមុន គឺ​នៅ​ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​កង​ទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​២​លាន់​នាក់ ចេញពី​ទីក្រុង​ភ្នំពេញ​ឱ្យ​ទៅ រស់នៅ​តាម​ជនបទ។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​អ្នក​ដែល​រស់​រួច​ផុត​ពី​របប​ខ្មែរក្រហម នៅចាំ​បាន​ថា ថ្ងៃ១៧ មេសា កាលពី ៤៤​ឆ្នាំ​មុន ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​ភាព​ច្របូកច្របល់​ខ្លាំង​មិន​ធ្លាប់​មាន​ហើយក៏​ជា​ថ្ងៃ​ដំបូង នៃ​ការ​ចាប់ផ្ដើម​នូវ​ភាព​​មហន្តរាយ​នៃ​ប្រទេស​កម្ពុជា​ដែរ។

ភាព​វឹកវរ​ចលាចល នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​ធ្លាប់​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​នៅ​ពេល​ដែល​គេ​ឃើញ​កងទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម​ស្លៀកពាក់​ខ្មៅ បាន​សម្រុកចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ច្រក។

អតីត​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ លោក សាង ស៊ុន្នី មាន​វ័យ​៦០ ឆ្នាំ រៀបរាប់​ព្រឹត្តិការណ៍​កាលនោះ ថា ដំបូង​ឡើយ អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ភាគច្រើន​បាន​ចេញ​ពី​ផ្ទះ​មក​ទទួល​ស្វាគមន៍​កងទ័ព​ខ្មែរក្រហម ដែល​ដើរ​ជា​ជួរៗ នៅ​តាម​ផ្លូវ​ដោយ​ក្ដី​រីករាយ​និង​ក្តី​សង្ឃឹមថា សង្គ្រាម​រវាង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កងទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម ដែល​ដុត​កាប់​ចិញ្ច្រាំ​កម្ពុជា រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ បាន​បញ្ចប់​ហើយ ហើយ​ស្រុកទេស​ក៏​នឹង​បាន​សេចក្ដី​សុខ​សាន្តត្រាណ​បរិបូរណ៍​ចាប់​ពី​ពេល​នោះ​ដែរ។ លោក​បន្ត​ថា ភាព​ញញឹម និង​ក្ដី​សង្ឃឹម​មិន​បាន​យូរ​ប៉ុន្មាន​ផង កងទ័ព​ខ្មែរក្រហម ដែល​ដំបូង​មាន​ភាព​រីករាយ​រាក់ទាក់​ជាមួយ​ពលរដ្ឋ​ស៊ីវិល​ខ្លះ​នោះ បាន​ប្រែ​ក្លាយ​ជា​មាន​ទឹក​មុខមាំ នឹង​ចាប់ផ្ដើម​បញ្ជា​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ជាបន្ទាន់ ដោយ​យក​លេស​ថា ជា​ការ​ជម្លៀស​ចេញ​ឱ្យ​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​៖ «គេ​ដេញ​ហើយ​យើង​ត្រូវតែ​ចេញ ហើយ​ការដែល​គេ​និយាយ​ថា អាមេរិក​ទម្លាក់​គ្រាប់បែក​អី​នោះ យើង​វាយតម្លៃ​ស្ថានការណ៍​នោះ​ថា មិន​ងាយ​អាមេរិក​ទម្លាក់​គ្រាប់បែក​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​ខ្លាច​ងាប់​ដោយ​សារ​បើ​យើង​មិន​ចេញ គេ​បាញ់ ដូច្នេះ​ត្រូវតែ​ចេញ​ទាំងអស់។ អ្នកខ្លះ​ធ្វើ​ឃាត​កម្ម អ្នកខ្លះ​កើតកូន​តាម​ផ្លូវ ដូច​ម្ដាយ​ខ្ញុំ​គឺ​កើតកូន​តាម​ផ្លូវ​ហើយ​ឆ្លង​ស្ទឹង ដាក់​បណ្ដែត​កូន​លើទឹក​។ កាលនោះ បើ​អ្នកណា​ដែល​បែក​គ្នា គឺ​មិន​អាច​រត់​រក​បងប្អូន​បានទេ គេ​ថា​ឱ្យ​តាម​ផ្លូវ​ជ្រោយចង្វារ​គឺ ជ្រោយចង្វា​ហើយ»

លោក សាង ស៊ុន្នី បន្ត​ទៀត​ថា ពលរដ្ឋ​ខ្លះ នៅ​ពេល​នោះ​មិន​បាន​ត្រៀម​សម្រាប់​ការ​ចាកចេញ​ទេ ព្រោះ​កងទ័ព​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ ប៉ុល ពត ប្រកាស​ថា ៣​ថ្ងៃ​ក្រោយ​មក​នឹង​អាច​វិល​ចូល ទីក្រុង​ភ្នំពេញ​វិញ។ ប៉ុន្តែ​ទីបំផុត​ទៅ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ មិន​មាន​ឱកាស​បាន​វិលត្រឡប់​មកវិញ​ឡើយ៖ «យើង​នឹកស្មាន​មិន​ដល់​គឺ​វិនាសកម្ម​នោះ មហា​ខ្លោច​ផ្សារ យើង​បែក​បង​បែក​ប្អូន​អស់ហើយ ។​កាលនោះ​គេ​ថា ឱ្យ​ចេញ​តែ​៣ ទៅ ៤​ថ្ងៃ ដូច្នេះ​យក​ខោអាវ​តែ​៣​ឬ​៤​ដើម្បី​ស្លៀក យក​ភួយ​ម៉ុង និង​អង្ក​មួយ​កញ្ចប់ និង​ប្រមែ​ប្រមូល​ថវិកា​ទាំងអស់​ទៅ។ តែ​គេ​មិន​ឱ្យ​យើង​ចាយ​លុយ​ឯណា យើង​ក៏​អត់​អី​ប្រើ អត់​អី​ស៊ី ហើយ​រស់​នៅ​តាម​ដំបូង​អ៊ីចឹង​ទៅ»

អតីត​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ទៀត គឺ លោក ហែល វី ឱ្យ​ដឹង​ដែរ​ថា ទោះជា​រឿងរ៉ាវ​ទាំងនេះ​បាន​កន្លង​ផុត​ទៅ ៤៤​ឆ្នាំ​ហើយ​ក្ដី លោក​នៅតែ​នឹកឃើញ​អំពី​ការឈឺចាប់​ទាំងនោះ​។ រូបភាព​ដែល លោក​បាន​ឃើញ​ថា គឺ​ពលរដ្ឋ​ជាច្រើន ត្រូវ​បាន​ដេក​ស្លាប់​ជា​ហូរហែ​តាម​ដង​ផ្លូវ​ដោយសារ​ខ្វះ​អាហារ​ហូបចុក ខ្វះ​ថ្នាំ​ព្យាបាល ហើយ​ពលរដ្ឋ​ខ្លះ ស្លាប់​អស់​មួយ​គ្រួសារ​ក៏​មាន​។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល នៅ​មាន​ជីវិត គឺ​តស៊ូ​រស់​រង​ទុក្ខ​វេទនា ឈឺចាប់​ខ្លោច​ផ្សារ រស់នៅ​ក្រោម​ឈាម និង​ទឹកភ្នែក៖ «បើ​និយាយ​ពី​វេទនា​នោះ គឺ​មហា​វេទនា ឬ​ហួស​ពី​វេទនា​ហើយ ព្រោះ​ពូជ​ខ្ញុំ​ងាប់​អស់ នៅ​សល់តែ​ខ្ញុំ​មួយ​ដែល​ត្រឡប់មកវិញ។ នៅ​តាម​ផ្លូវ​យើង​ឃើញ​សាកសព ការ​សម្លាប់ ការ​គំរាមកំហែង ហើយ​យើង​សួរ​គេ​ថា ទៅ​ណា គេ​ថា ទៅ​មុខ​ទៀត​ជួប​អង្គការ​ហើយ គេ​នឹង​ដោះស្រាយ។ ខ្ញុំ​ត្រូវ​ជម្លៀស​ពី​ភ្នំពេញ​ទៅតាម​ទន្លេបាទី ទៅ​រស់នៅ​ក្នុង សហករណ៍​មួយ ក្នុង​ខេត្ត​ពោធិ៍សាត់។ ទីនោះ​វេទនា​ណាស់ គ្មាន​អី​ហូប​គ្រប់គ្រាន់​! តែ​ធ្វើ​ម៉េច​បើ​មេដឹកនាំ​យើង​អត់​ព្រម​ទៅ​សេរី​អី​ផង ចង់​ទៅ​តែ​កុម្មុយនិស្ត ហើយ​ឥឡូវនេះ​ចង់​ទៅ​ទៀតហើយ»

ក្រោយ​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​ទីក្រុង ពួក​ខ្មែរក្រហម បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស រស់នៅ​តាម​ជនបទ​ចុងកាត់មាត់ញក និង​តាម​ព្រៃភ្នំ ក្នុង​ស្ថានភាព​លំបាក​អត់ឃ្លាន ការ​ធ្វើ​ទារុណកម្ម ធ្វើការ​ហួសកម្លាំង និង​ឈឺ​ថ្កាត់​គ្មាន​ថ្នាំ​ព្យាបាល​ត្រឹមត្រូវ និង​អំពើ​ឃោរឃៅ​ផ្សេងៗ​ទៀត បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ជិត ២​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប ជិត ៨​លាន​នាក់ ក្នុង​អំឡុងពេល​ជិត ៤​ឆ្នាំ​ក្រោម​របប​ខ្មែរក្រហម​នេះ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១២ អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​លំដាប់​ទី​ពីរ​មួយ​រូប គឺ​ជនជាប់ចោទ នួន ជា បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​ថា ការ​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ គឺ​ខ្លាច​ការ​ទម្លាក់​បែក​ពី​សហរដ្ឋអាមេរិក​លើ​ទីក្រុង​ផង និង​បញ្ហា​ខ្វះ​ស្បៀងអាហារ​ផង ព្រោះ​ពេលនោះ​ប្រទេស​កម្ពុជា មិន​មាន​ជំនួយ​បរទេស​ទេ។ ហេតុផល​នេះ ពលរដ្ឋ​ត្រូវ​ចូលរួម​បង្ក​បង្កើន​ផល​ដោះស្រាយ​ជីវភាព​ខ្លួនឯង៖ «ខ្ញុំ​គិត​ថា ខ្ញុំ​គួរតែ​ត្រូវ​បាន​ផ្ដល់​ឱកាស​ពន្យល់​ទៅ​ប្រជាជន​កម្ពុជា​ថា ការ​ជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ គឺ​ពិតជា​ត្រឹមត្រូវ និង​ជា​ការ​ចាំបាច់​ទៅ​តាម​ច្បាប់​អន្តរជាតិ»

ទោះបីជា​មេដឹកនាំ​ខ្មែរក្រហម នៅតែ​ចាត់ទុកថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​មហា​ជោគជ័យ និង​គេច​ពី​ការទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ក្តី ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រង​ការ​ឈឺ​ចាប់ពី​របប​ខ្មែរក្រហម បាន​ឆ្លាក់​ទុក​ក្នុង​ចិត្ត​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​ប្រែ​ត្រឡប់​សង្គម​កម្ពុជា​ទាំងមូល ឱ្យ​ធ្លាក់​ក្នុង​មហា​វិនាសកម្ម​ធំធេង ទាំង​សម្ភារៈ និង​ការ​បាត់​បង់ជីវិត។

បន្ទាប់ពី​រំឭក​ព្រឹត្តិការណ៍​ឈឺចាប់​កាលពី​អតីត​កាលនោះ ប្រជាពលរដ្ឋ និង​អ្នកវិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ អំពាវនាវ​ឱ្យ​អ្នកនយោបាយ និង​អ្នក​ដឹក​ប្រទេស កុំ​ធ្វើ​រឿង​ដដែលៗ កុំ​ចាត់​ទុក​គ្នា​ជាស​ត្រូវ ឈប់​រើសអើង​គ្នា លាប​ពណ៌​គ្នា និង​ឈប់​សាង​ភាព​ឈឺ​ឱ្យ​ចាប់​គ្នា ជាពិសេស​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​អាយុ​ជីវិត​មនុស្ស។ ពួកគេ ចង់​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ ត្រូវរ៉ូវ​គ្នា ធ្វើការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ជា​ជាតិ​មួយ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍ អន្តរជាតិ​សម្រាប់​ប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ។

បច្ចុប្បន្ន មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​៣​រូប គឺ​ជនជាប់ចោទ នួន ជា ខៀវ សំផន និង កាំង ហ្កេចអៀវ ហៅ​ឌុច ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​ស្លាប់​​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៥ថ្ងៃ ក្នុង​អំឡុង​​​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ​កើន​ជាង​ឆ្នាំ​មុន ​១២​នាក់

$
0
0

របាយការណ៍​របស់​ការិយាល័យ​នគរបាល​ផ្លូវ​គោក ​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៧ មេសា បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃ​ទី១៧ មេសា ឆ្នាំ២០១៩ នេះ មាន​ចំនួន ៧នាក់។ តួលេខ​អ្នក​ស្លាប់​នេះ បាន​ថយ​ចុះ​ចំនួន ៨នាក់ បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ទី១៧ ខែ​មេសា​ដូច​គ្នា កាល​ឆ្នាំ២០១៨ គឺ​មាន​អ្នក​ស្លាប់​ដល់​ទៅ ១៥នាក់។

ប៉ុន្តែ​​របាយការណ៍​ដដែល​បង្ហាញ​ថា អ្នក​ស្លាប់​រយៈ​ពេល ៥ថ្ងៃ នៃ​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៧ មេសា​នេះ​វិញ មាន​ចំនួន ៥៩នាក់ ដែល​កើន​ឡើង ១២នាក់ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០១៨ មាន​ចំនួន​អ្នក​ស្លាប់ ៤៧នាក់។

ចំណែក​អ្នក​រង​របួស​ធ្ងន់​ស្រាល ចំនួន ៩៥នាក់ គឺ​កើន​ឡើង​ជាង​ឆ្នាំ២០១៨។ ឆ្នាំ២០១៩ អ្នក​រង​របួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង​ដល់ ២៣៨នាក់ ឯ​ឆ្នាំ​២០១៨ មាន​ចំនួន ១៤៣នាក់។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​រយៈ ៥ថ្ងៃ​ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ គឺ​បណ្ដាល​មក​ពី​ការ​បើក​ហួស​ល្បឿន នៅ​តែ​ជា​មូលហេតុ​នាំ​មុខ​គេ គឺ​មាន ៥៤ករណី មិន​គោរព​សិទ្ធិ ១៩ករណី មិន​ប្រកាន់​ស្ដាំ ១៨ករណី បត់​គ្រោះ​ថ្នាក់ ១៧ករណី ស្រវឹង​ស្រា ៨ករណី កត្តា​យានយន្ត ៤ករណី និង​បើក​បរ​ដោយ​ងងុយ​ដេក ១ករណី។

ភូមិសាស្ត្រ ដែល​មាន​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​ជាង​គេ គឺ​នៅ​ភ្នំពេញ មាន​គ្រោះថ្នាក់​ចរាចរណ៍ ២០ដង បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ ៦នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​និង​អ្នក​លក់​ដូរ​មើល​ឃើញ​ខុស​គ្នា​ពី​​ចំនួន​ភ្ញៀវ​ទេសចរ​ទៅលេង​ខេត្ត​ព្រះសីហនុ

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍ ទៅលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ កើន​ឡើង​ជាង ២០​ភាគរយ បើ​ធៀប​នឹង​ចូលឆ្នាំ​ខ្មែរ កាល​ពី​ឆ្នាំ​២០១៨។ តែ​អាជីវករ​លក់​ម្ហូប​នៅ​មាត់​ឆ្នេរ​អូ​ឈើទាល និង​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវ​បរទេស មិន​កើន​ឡើង​ទេ តែ​សម្បូរ​ជនជាតិ​ចិន។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ មេសា ចំនួន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត បុណ្យ​ចូល​ឆ្នាំ​ថ្មី សរុប​មាន​ចំនួន​ជិត ២​សែន (១៩១.៤៨៦) នាក់។ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ជាតិ ចំនួន​ជាង ១​សែន ៦​ម៉ឺន (១៦៤.៩០២)​នាក់។ ឯ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ មាន​ចំនួន ជាង​២​ម៉ឺន (២២ ៥០០)​នាក់ ហើយ​ជនជាតិ​ចិន​ច្រើន​ជាងគេ​។ លោក ឃាង ភារម្យ អះអាង​ថា ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន គឺ ជា​អ្នក​ទេសចរណ៍ និង​វិនិយោគិន​។ ឯ​ភ្ញៀវ​ជាតិ​ភាគច្រើន មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នាក់នៅ​២​យប់ ខណៈ​តម្លៃ​ផ្ទះសំណាក់ និង​បន្ទប់​សណ្ឋាគារ បាន​ឡើងថ្លៃ​បន្តិចបន្តួច តែ​ពលរដ្ឋ​អាច​ទទួល​យក​បាន។

ទោះ​យ៉ាងណា លោក​ថា អាជ្ញាធរ​ខេត្ត​មិនទាន់​ធ្វើ​របាយការណ៍ ប្រៀបធៀប នឹង​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត​ចូល​ឆ្នាំថ្មី​២០១៩ និង​កាលពី​ចូលឆ្នាំ​២០១៨ ទេ ដោយសារ មិនទាន់​ផុត​កំឡុង​បុណ្យចូលឆ្នាំ ហើយ​ភ្ញៀវ​ទេសចរណ៍​ខ្លះ នៅតែ​បន្ត​មកលេង​កម្សាន្ត ខេត្ត​ព្រះសីហនុ៖ «អត់​ទាន់​មាន​ជា​តួលេខ ពាក់ព័ន្ធ​ជាមួយ​នឹង​ទេសចរណ៍​បរទេស​ទេ។ យើង​គ្រាន់​តែ​មាន​តួលេខ​ដុល​ហ្នឹង​គេ គឺ​ចម្រុះ​បាន។ វា​មាន​២​ម៉ឺន ៥​ពាន់ ភ្ញៀវ​អន្តរជាតិ»

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ដ មីន ប្រាប់​អាស៊ីសេរី ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កើន​ឡើង ២៦​ភាគរយ ដោយសារ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​កត្តា​ជីវភាព​ពលរដ្ឋ​រីកចម្រើន​ជាង​មុន៖ «ដោយសារ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ ធូរធារ​ជាង​មុន តាមមើលទៅ​ទី​១ យើង​ប្រកូក​ប្រកាស​ឱ្យ​ទូលំទូលាយ​។ ទី​២ ជីវភាព​បងប្អូន គាត់​ធូរធារ​ជាង​មុន ហើយ​គួបផ្សំ​នឹង​ស្រុក​យើង​មាន​សន្តិភាព»

ប៉ុន្តែ​អាជីវករ និង​សង្គម​ស៊ីវិល នៅ​ខេត្ត​ព្រះសីហនុ កត់សម្គាល់​ថា មិន​កើន​ឡើង​ទេ គឺ​កើន​ឡើង​តែ​ជនជាតិ​ចិន​ប៉ុណ្ណោះ។

អាជីវករ​លក់​ម្ហូបអាហារ នៅ​ហាង​យីហោ ៨៨៨ មាត់​ឆ្នេរ​អូរ​ឈើទាល លោក គឹម សុខ ប្រាប់​ថា ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ខ្មែរ ថយ​ចុះ​ជាង​ថ្ងៃ​ធម្មតា​ទៅទៀត សម្បូរ​តែ​ជនជាតិ​ចិន។ លោក​ថា ភ្ញៀវ​ខ្មែរ ដែល​ទៅ​កម្សាន្ត​ចូលឆ្នាំ ប្រាប់​ថា ពួកគេ​នៅតែ​ពិបាក​រក​ផ្ទះសំណាក់​ស្នាក់​នៅ ដោយសារ​មានតម្លៃ​ថ្លៃ ដូច្នេះ​គេ​បង្វែរ​ទិសដៅ កន្លែង​ផ្សេង​វិញ៖ «ភ្ញៀវ​ខ្មែរ​មិន​សូវ​មាន​ទេ ចូលឆ្នាំ តិច​មែន​តែម្ដង គឺ​បាត់បង់​ច្រើន​មែនទែន ចាញ់​ថ្ងៃ​ធម្មតា​ទេ​។ ភ្ញៀវ​ចិន ជាពិសេស វា​កើន ទោះបីជា​ភ្ញៀវ​ខ្មែរ​អត់​មក គឺ​មាន​ជនជាតិ​ចិន​ច្រើន។ គឺ​ការ​លក់​អ្វី គឺ​បាន​ច្រើនជាង​ភ្ញៀវ​ខ្មែរ»

កាលពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក សេង មុន្នី អះអាង​ថា តួលេខ​នៃ​ចំនួន​អ្នក​ទេសចរ នៅ​ខេត្ត​ព្រះសីហនុ​កើន​ជាង​ចូលឆ្នាំ​ខ្មែរ កាល​ឆ្នាំ​២០១៧ ៥ ភាគរយ។ តែ ក្រុម​យុវជន និង​អាជីវករ​នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា មិន​កើន​ជាង​ឆ្នាំ​២០១៧​ទេ មានតែ​ថយ​ចុះ​ជាង​មុន​យ៉ាង​គំហុក ដោយសារ​កំណើន​ជនជាតិ​ចិន ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធុញទ្រាន់ ទៅ​កម្សាន្ត​ខេត្ត​នេះ និង​តម្លៃ​ផ្ទះសំណាក់​ឡើងថ្លៃ​យ៉ាង​គំហុក​។ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជាន់ខ្ពស់​របប​ឯក​បក្ស ពន្យល់​ថា កំណើន​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ធ្លាក់​ចុះ កាលណោះ ដោយសារ​ខេត្ត​ដទៃ​ទាក់​ទាញ​យក ហើយ​ពលរដ្ឋ មាន​ជម្រើស​ច្រើន ទៅ​កម្សាន្ត​ចូលឆ្នាំ ពិសេស ខេត្ត​សៀមរាប ព្រៃវែង និង ខេត្ត​កំពត ជាដើម។

នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ កាលពីដើម​ខែ​មេសា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ឱ្យ​ច្រើន ខណៈ​អាជ្ញាធរ​រៀបចំ​ព្រឹត្តិការណ៍ សង្ក្រាន្ត​សមុទ្រ និង​ការ​ប្រគំ​តន្ត្រី ល្បែង​កម្សាន្ត​ជាច្រើន​ដើម្បី​ទាក់ទាញ។

ក្រៅពី​ការ​រំខាន​របស់​ជនជាតិ​ចិន និង​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ​ឡើងថ្លៃ សារព័ត៌មាន​ក្នុងស្រុក (​កាសែត​កោះសន្តិភាព​) ចុះផ្សាយ​ថា នៅ​ថ្ងៃ​ចូលឆ្នាំ​ទី​២ ភ្ញៀវ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ខកចិត្ត ដោយសារ​ពេល​ទៅ​ដល់​ឆ្នេរ​អូរឈើទាល សណ្ឋាន​ភាព​ទឹកសមុទ្រ ល្អក់​ឡើង​ពណ៌​ខ្មៅ និង​ធុំ​ក្លិន​ស្អុយ ធ្វើ​ឱ្យ​ខក​ការ​រំពឹង​ទុក ដូចនេះ​ពលរដ្ឋ​នាំគ្នា​វិលត្រឡប់​ទៅវិញ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួល​ព័ត៌មាន និង​បាន​បញ្ជា​ឱ្យ​ខាង​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​មើល​ហើយ តែ​មិនទាន់​ប្រាកដ​ថា ស្ថានភាព​ទឹកសមុទ្រ​ខ្មៅ ឬ​យ៉ាងណា​ទេ ព្រោះ​អ្នក​ជំនាញ​ខ្លះ ទៅលេង​ស្រុកកំណើត​អស់ហើយ ត្រូវ​រង់ចាំ​ដល់​ពួកគាត់​ត្រលប់​មកវិញ​សិន។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេត​ឃើញ​ថា ស្ថានភាព​ពលរដ្ឋ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ មិន​កើន​ឡើង​ទេ បើ​ធៀប​នឹង​ពេល​ចូលឆ្នាំ​កាល​ពី​២០១៨ ព្រោះ តាម​ដង​ផ្លូវ ស្រលះ​ល្អ មិន​ស្ទះ​ចរាចរណ៍ ដូច​ពេល​មិនទាន់​សម្បូរ​ជនជាតិ​ចិន​ទេ។ អ្នកស្រី​ថា អ្នក​ទៅ​កម្សាន្ត​ចូលឆ្នាំ ជា​អ្នក​មាន​ផ្ទះ​ខ្លួនឯង ឬ មាន​បងប្អូន សាច់ញាតិ​នៅ​ខេត្ត​ព្រះសីហនុ តែ​បើ​អ្នក​ទេសចរណ៍ ទៅ​ពី​ចម្ងាយ​មិន​សូវ​មាន​ទេ ព្រោះ​ពួកគេ នៅតែ​រអ៊ូ ថា ពិបាក​រក​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ស្នាក់នៅ៖ «ចូលឆ្នាំ​គឺ​អត់​សូវ​មាន​ភ្ញៀវ​ទេ។ ដូច​រៀង​ស្ងាត់​ដែរ។ ថា​ដូច​ខ្ញុំ និយាយ​អ៊ីចឹង ស្ងាត់ ខេត្ត​ព្រះសីហនុ ខែ​បុណ្យទាន មិន​ស្ទះផ្លូវ​ទេ​។ មានតែ​អ្នក​មាន​ផ្ទះ ឬ​មាន​បងប្អូន​នៅ​ខេត្ត​ព្រះសីហនុ​ទើប​មកលេង»

របាយការណ៍​ក្រសួងទេសចរណ៍ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ មេសា បង្ហាញ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង និង​ក្រៅ​ប្រទេស ដែល​ចូលរួម​លេង​កម្សាន្ត​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ចំនួន ជាង ៤​លាន (.៧២៦.៦០២) នាក់ កើន​ឡើង​ជាង​ឆ្នាំមុន ជាង ៦៧ (៦៧.០២%) ភាគរយ ដោយ​រាប់​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​កន្លែង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​តាម​ខេត្ត​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របាយការណ៍៖ គ្រោះ​អគ្គិភ័យ​សរុប​ទូទាំង​ប្រទេស មាន​១៤​លើក អំឡុង​ពេល​ចូលឆ្នាំ

$
0
0

ទាក់ទង​នឹង​គ្រោះ​អគ្គិភ័យ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ឆ្នាំ​ខ្មែរ ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦ មេសា របាយការណ៍​នៃ​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ជាតិ ឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​សរុប​ទូទាំង​ប្រទេស មាន​១៤​លើក បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល ឆេះ​ផ្ទះ​អស់​៨​ខ្នង ឃ្លាំង​កែច្នៃ​ឈើ ១​ខ្នង តូប​ដេរ​ខោអាវ​១​តូប និង​ឆេះ​ដើម​ប្រេងខ្យល់ អស់ ៣​ហិកតារ។

របាយការណ៍​ដដែល​បង្ហាញ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ ដោយសារ ឆ្លង​ចរន្តអគ្គិសនី ផ្ទុះ​ហ្គាស ប្រើប្រាស់​ភ្លើង​មិនបាន​ត្រឹមត្រូវ ម្ចាស់ផ្ទះ​ដុត​ផ្ទះ​មុន​ចងក​សម្លាប់​ខ្លួន រួម​នឹង​ករណី​មួយ​ចំនួន​ទៀត​មិន​ដឹង​មូលហេតុ។

ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ករណី​អគ្គីភ័យ​នៅ​ទូទាំង​ប្រទេស មាន​១៤៨​លើក បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១០​នាក់ របួស​២៤​នាក់ និង​ឆេះ​ផ្ទះ​អស់​១១៦​ខ្នង ដែល​ភាគច្រើន​កើតឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​គណបក្ស​អះអាង​ថា​ អ្នក​ស្រី​ សុខរ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ពិត​ជា​បាន​ញុះញង់​ប្រជាពលរដ្ឋ​ឱ រំលោភ​យក​ដី​ប្រាកដ​មែន

$
0
0

ប្រធាន​គណបក្ស នគរ​ប្រជាធិបតេយ្យ​ លោក​ ចាន់ យ៉េត​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ មេសា​នេះ​ថា​ សមាជិក​បក្ស អ្នក​ស្រី​ សុខ​រ័ត្ន សុវណ្ណបញ្ចៈសីលា​​បាន​ញុះញង់​អោយ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យានជាតិ​គូលែន​ភ្នំ​ទេព​នៅ​ក្នុង​ខែត្រ​ព្រះវិហារ​តាម​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី១៦ មេសា​ថា អ្នក​ស្រី​ សុខ រ័ត្ន​សុវណ្ណបញ្ចៈសីលា​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង ដើម្បី​ភាព​ស្រប​ច្បាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ពី​បទ​សង្ស័យ​ថា ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គូលែន​ភ្នំ​ទេព។

លោក​ចាន់ យ៉េត បញ្ជាក់​ថា​ អ្នក​ស្រី​ សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ត្រូវ​បាន​សមាជ​របស់​គណបក្ស​បណ្ដេញ​ចេញ កាល​ពី​ថ្ងៃ​ទី២០ កញ្ញា ២០១៨ ដោយ​សារ​តែ​សកម្មភាព​របស់​អ្នកស្រី​បាន​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​របស់​គណបក្ស។ លោក​អះអាង​ថា នៅ​ថ្ងៃ​កើត​ហេតុ​នៅ​អ្នក​ស្រី​បាន​ចុះ​ទៅ​ដោយ​គ្មាន​លិខិត​បញ្ជាក់​បេសកកម្ម​ពី​រដ្ឋាភិបាល​ក្នុង​នាម​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់៖ «គាត់​ធ្វើ​ខុស​នីតិវិធី។ អា​ហ្នឹង​គេ​ហៅ​ថា ញុះញង់។ បើ​សិន​ជា​រដ្ឋាភិបាល​ចង់​ចោទ​ប្រកាន់​គាត់​ គឺ​បាន ដោយសារ​គាត់​មិនមែន​ជា​ប្រធាន​បក្ស​ត​ទៅ​ទៀត​ កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០១៨ ម្លេះ»

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​អ្នក​ស្រី​ សុខ រ័ត្ន​សុវណ្ណបញ្ចៈសីលា​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៧ មេសា។

អ្នកស្រី​ សុខ រ័ត្នសុវណ្ណ​បញ្ចៈ​សីលា ជា​ស្ត្រី​ដំបូង​គេ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន ៣០រូប ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា កាល​ពី​ថ្ងៃ​ទី៦ កញ្ញា​ ​តែង​តាំង​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ តាម​ការ​ស្នើសុំ​ពី​របប​ក្រុង​ភ្នំពេញ។

អ្នកស្រី​ សុខ រ័ត្នសុវណ្ណ​បញ្ចៈ​សីលា​នៅ​មុន​ការ​បោះឆ្នោត​ ត្រូវ​បាន​គណបក្ស​តែងតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ក្រោយ​មក​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស នគរ​ប្រជាធិបតេយ្យ​វិញ ហើយ​អ្នក​ស្រី​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ប្រធាន​គណបក្ស​តាំង​ពី​ពេល​នោះ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តើ​មេរៀន​អ្វី​ខ្លះ​ ​ដែល​កម្ពុជា​ ​គួរ​រៀន​សូត្រ ដើម្បី​ចៀសវាង​កុំ​ឲ្យ​របប​ខ្មែរ​ក្រហម​ ​កើត​មាន​ឡើង​សា​ជា​ថ្មី​ក្នុង​សង្គម​ខ្មែរ?

$
0
0

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​ខ្មែរ​ក្រហម​ ត្រូវ​បាន​បញ្ចប់​ជាង​ ៤ទសវត្ស​ទៅ​ហើយ​។ ​របប​នេះ​ ​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម​ធំធេង​ដល់​ប្រជាជាតិ​ខ្មែរ​ និង​កេរ​ដំណែល​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ខ្មែរ​ណា​ម្នាក់​អាច​បំភ្លេច​ចោល​បាន​នោះ​ឡើយ។ ​តើ​មេរៀន​សំខាន់ៗ អ្វី​ខ្លះ ដែល​កម្ពុជា​គួរ​រៀន​សូត្រ ដើម្បី​ចៀសវាង​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់​មក​កើត​មាន​ឡើង​សា​ជា​ថ្មី​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​ ​និង​នា​ពេល​អនាគត​នោះ?

អ្នក​ដែល​បាន​ហែល​ឆ្លងកាត់​របប​ខ្មែរ​ក្រហម​ យល់ឃើញ​ផ្សេងៗ គ្នា​ជុំវិញ​រឿងរ៉ាវ​ និង​ហេតុផល​ផ្សេងៗ ដែល​បាន​ជំរុញ​ឲ្យ​របប​នេះ​ ​អាច​ឡើង​មក​កាន់​អំណាច​បាន កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥។ ក៏​ប៉ុន្តែ អ្វី​ដែល​ពួក​គេ​យល់ស្រប​គ្នា​នោះ​គឺ គ្មាន​ខ្មែរ​ណា​ម្នាក់​ចង់​ឃើញ​របប​ដូចគ្នា​នេះ​វិល​ត្រឡប់​មក​គ្រប់គ្រង​ ​និង​លង​បន្លាច​កម្ពុជា​សា​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ។

លោក​ ​កែវ​ ឌួង ​អ្នកនិពន្ធ​កម្មវិធី​តាម​ទូរស័ព្ទ​ដៃ​ ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា ​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​ ​នៅ​​​ថ្ងៃ​ទី១៦ ​មេសា​ថា មេរៀន​សំខាន់ៗ ចំនួន៤ ​ដែល​លោក​យល់​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​ ​និង​អ្នក​នយោបាយ​ ​គួរ​រៀន​សូត្រ​ពី​របប​នេះ​ ​និង​គួរ​ជៀសវាង​។ ​មេរៀន​ទាំងនោះ រួម​មាន ការ​អនុវត្ត​គោល​នយោបាយ​ដោយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​ អវត្តមាន​ប្រព័ន្ធ​ច្បាប់​តាម​រយៈ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​អំពើ​ជ្រុល​និយម​ និង​ការ​យក​អ្នក​មិន​ចេះ​ទៅ​គ្រប់គ្រង​អ្នក​ចេះ៖ «ទី​មួយ​ ​យើង​ឃើញ​ថា​ ​ទោះ​បី​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មាន​គោលដៅ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ​ប៉ុន្តែ​ដោយសារ​ការ​អនុវត្ត​នូវ​គោល​នយោបាយ​របស់​ខ្លួន អត់​បាន​គិត​ពី​ផល​ប៉ះពាល់​នេះ ជា​ចំណុច​មួយ​សំខាន់ ដែល​យើង​គួរ​រៀន​សូត្រ។ ចំណុច​ទី​ពីរ គឺ​អវត្តមាន​នូវ​នីតិរដ្ឋ​ ​ឬ​ក៏​ផ្លូវ​ច្បាប់​។ ​ការ​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ គឺជា​ផល​ប៉ះ​ពាល់​មួយ​សំខាន់​ណាស់ យើង​ឃើញ​សូម្បី​តែ​នៅ​ហ្វីលីពីន ដែល​ចោទ​ប្រកាន់​អ្នក ដែល​ជក់​គ្រឿងញៀន​ ឬ​ជួញដូរ​គ្រឿងញៀន​ផង​ក៏​ត្រូវ​បាន​គេ​សម្លាប់។ នេះ​ក៏​គឺ​ជា​ការ​សម្លាប់​ក្រៅ​ច្បាប់ ដែល​ជា​រឿង​មិន​ល្អ​ទៅ​ហើយៗ ទម្រាំ​តែ​ប្រទេស​កម្ពុជា​ទាំងមូល​ទៅ​ទៀត។ មាន​ផ្សេងៗ ទៀត​ ​យើង​ឃើញ​ការ​ប្រើ​ប្រជាជន​នៅ​តាម​ថ្នាក់​ក្រោម ដូច​ជា​យក​អ្នក​អត់​ចេះ​ទៅ​គ្រប់គ្រង​អ្នក​ចេះ​ទៅ​វិញ គំនិត​ជ្រុល​និយម​ជា​ដើម​ហ្នឹង​ ​គឺ​ជា​កត្តា​ចម្បង​ដែល​នាំឲ្យ​មាន​ផល​ប៉ះ​ពាល់ ដែល​យើង​គួរ​រៀន​សូត្រ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ»

លោក​ ​កែវ​ ​ឌួង​ បន្ត​ថា​ ​ក្រៅពី​នោះ​ តាម​រយៈ​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ការ​ដាក់​បញ្ចូល​នូវ​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ ​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ​ក៏​ចូល​រួម​ចំណែក​ និង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​ ​អាច​សិក្សា​ស្វែង​យល់​បាន​ច្រើន​បន្ថែម​ទៀត​ពី​របប​នេះ។

អ្នក​ដែល​បាន​ហែល​ឆ្លង​របប​ខ្មែរ​ក្រហម​ម្នាក់​ទៀត​ ​បណ្ឌិត​ លី ​សុខ​ឃាង​ នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា យល់​ឃើញ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​អំពី​បរិបទ​ខ្មែរ​ក្រហម នឹង​ផ្ដល់​សារ​ដាស់​តឿន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ថា រាល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ទម្រង់​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អ្នក​ប្រព្រឹត្តិ៖ «អ្វី​ដែល​យើង​ទាញ​ផលប្រយោជន៍​ចេញ​អំពី​ប្រវត្តិសាស្ត្រ​របស់​យើង​ ​គឺ​ថា​យើង​ប្រើប្រាស់​ការអប់រំ។ ការ​អប់រំ​ហ្នឹង​ហើយ​ដែល​យើង​បាន​បង្កើត​នូវ​លំហ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ដើម្បី​ជជែក​ទៅលើ​ហេតុការណ៍​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់។ លំហ​ហ្នឹង​ហើយ​ដែល​យើង​បង្កើត​ឲ្យ​មាន​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ជំនាន់​ខ្មែរ​ក្រហម។ វា​ហាក់​ដូច​ជា​សារ​មួយ​ប្រាប់​មនុស្ស​ជំនាន់​ក្រោយ​ថា បើ​សិន​ជា​ធ្វើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ទម្រង់​បែប​ណា​មួយ​ ការ​ទទួល​ខុស​ត្រូវ​នឹង​កើត​មាន​នៅ​ក្នុង​សង្គម ឬ​ក្នុង​បរិបទ​មនុស្សជាតិ»

រីឯ​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ ​បណ្ឌិត​ ​មាស​ នី ​យល់​ថា​ ​មេរៀន​ចំនួន​ ៣ ​ដែល​ខ្មែរ​គួរ​រៀន​សូត្រ និង​ជៀស​វៀង​មិន​ត្រូវ​អនុវត្ត​តាម​របប​ខ្មែរ​ក្រហម​នោះ គឺ​ថ្នាក់ដឹកនាំ​រដ្ឋ​មិន​ត្រូវ​យក​ពលរដ្ឋ​ខ្លួន​ឯង​ធ្វើ​ជា​សត្រូវ​ ​មិន​ត្រូវ​បំផ្លាញ​ចោល​ធនធាន​មនុស្ស​ខ្លួន​ឯង និង​មិន​ត្រូវ​លើក​ទ័ព​ទៅ​វាយ​ប្រទេស​ជិត​ខាង​ដោយ​ខ្វះ​ការ​ពិចារណា​ជា​មុន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​បរទេស។ បណ្ឌិត មាស នី បន្ត​ថា បញ្ហា​សំខាន់​មួយ​ទៀត ដែល​មិន​ថា មេ​ដឹក​នាំ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ​ចាំបាច់​ត្រូវ​រៀន​សូត្រ​នោះ គឺ​មិន​ត្រូវ​ចំណាយ​ពេល​បង្ក​ទំនាស់​រវាង​ខ្មែរ និង​ខ្មែរ​គ្នា​ឯង​នោះ​ទេ ជា​ពិសេស​តាម​រយៈ​ការ​បង្កើត​ជម្លោះ​បែងចែក​វណ្ណៈ និង​គម្លាត​ខ្លាំង​រវាង​អ្នក​មាន និង​អ្នក​ក្រ​នោះ​ទេ៖ «របៀប​ ​ឬ​យុទ្ធសាស្ត្រ​ដែល​ខ្មែរ​ក្រហម​ធ្វើ​ពេល​នោះ គឺ​ទី​មួយ​ការ​បង្កើត​នូវ​វប្បធម៌​មួយ​ ​គឺ​វប្បធម៌​បង្ក​ជម្លោះ​រវាង​ខ្មែរ​គ្នាឯង​ ​ធ្វើ​ឲ្យ​មើល​មុខ​គ្នា​មិន​ចំ​ រវាង​អ្នក​មាន​ ​និង​អ្នក​ក្រ​រវាង​បញ្ញវន្ត ​នឹង​អ្នក​ដែល​មិន​មាន​ការ​អប់រំ។ រឿង​សំខាន់​មួយ​ទៀត​នោះ គឺ​ការបែងចែក​រវាង​ប្រជាជន​ថ្មី​ ​និង​ប្រជាជន​ចាស់។ ខ្ញុំ​គិត​ថា​ រឿងរ៉ាវ​មួយ​ចំនួន​នៃ​វប្បធម៌​ដែល​ធ្វើ​ឲ្យ​បង្វិល​ខ្មែរ​ឲ្យ​មក​ឈ្លោះ​ ​ឬ​មក​បង្ក​ជម្លោះ​រវាង​គ្នា​ឯង​ ​គឺ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ​គឺ​នៅ​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​ហ្នឹង​ឯង។ នេះ​ជា​រឿង ដែល​កូន​ខ្មែរ​គួរ​ចងចាំ»

បណ្ឌិត​ ​មាស​ នី ​ពន្យល់​បន្ត​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​ខ្មែរ​គ្នាឯង​ជា​ជាង​ការ​ធ្វើ​ឲ្យ​មាន​ក​ឯកភាព​ជាតិ​ ​គឺ​ជា​ចំណុច​ខ្សោយ​មួយ​របស់​របប​ខ្មែរ​ក្រហម​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​របប​នេះ​ ងាយ​នឹង​ទទួល​នូវ​ការ​បរាជ័យ​យ៉ាង​ឆាប់​រហ័ស។ លោក​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ឥទ្ធិពល​របស់​យុទ្ធសាស្ត្រ​នេះ​ ​មិន​បាន​បិទ​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នេះ​ឡើយ​ តែ​បាន​អូស​បន្លាយ​ ​ពង្រីក​ឥទ្ធិពល និង​ផ្ដល់​ផល​វិបាក​ ធ្វើ​ឲ្យ​ខ្មែរ​កាន់​តែ​បែក​បាក់​គ្នា​រឹត​តែ​ខ្លាំង​ឡើង​ ​ជា​បក្ស​ជា​ពួក​ខ្មែរ​ច្រើន​ក្រុម​បន្ថែម​ទៀត។ លោក​ព្រមាន​ក្រុម​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​ចេះ​រៀន​សូត្រ​ដក​ស្រង់​បទ​ពិសោធន៍​ពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ​ដោយ​មិន​ត្រូវ​ឈ្លោះ​គ្នា​ឥត​ឈប់ឈរ​នោះ​ឡើយ៖ «​នេះ​ហើយ​ ​គឺ​មិន​ខុសគ្នា​អី​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​យើង​សព្វ​ថ្ងៃ​ ​គឺ​ថា​ ​កើតឡើង​មក​មួយ​ ​បើ​មាន​បី​នាក់​ ​គឺ​ឈ្លោះ​គ្នា​ទាំង​បី។ នេះ​ជា​កេរ​ដំណែល​មួយ​ដែល​ខ្ញុំ​គិត​ថា​ ​យុវជន​ជំនាន់​ក្រោយ​គួរតែ​នាំគ្នា​រៀន​សូត្រ ​ហើយ​ទាំង​អ្នក​នយោបាយ​ផង​ដែរ​ ​បើសិនជា​យើង​ចង់​ឲ្យ​ខ្មែរ​ខ្លាំង​នៅ​ក្នុង​ពេល​អនាគត​ ​គឺ​ចៀសវាង​ធ្វើ​ម៉េច​ ​កុំ​ប្រើ​យុទ្ធសាស្ត្រ​ ដើម្បី​បំបែកបំបាក់​ខ្មែរ​គ្នាឯង​នៅ​ខាងក្នុង​ ​ឬ​បង្ក​ឲ្យ​មាន​ទៅ​ជា​ជម្លោះ​ផ្ទៃក្នុង​ ​ចៀស​ជាង​ការ​បង្កើត​ឲ្យ​មាន​នូវ​ការ​សាមគ្គីភាព​ ​ទើប​យើង​មាន​តម្លៃ។ តែ​បើ​យើង​នៅ​តែ​បន្ត​ឈ្លោះ​គ្នា​ឯង​នោះ​ ​យើង​កុំ​សង្ឃឹម​ថា ប្រទេស​ជិត​ខាង​គេ​ឲ្យ​តម្លៃ​នោះ»

បន្ថែម​ពីលើ​ការយល់ឃើញ​ និង​អនុសាសន៍​របស់​បណ្ឌិត​ ​មាស​ នី ​ពី​ខាងលើ​នេះ​ ​បណ្ឌិត​ ​អៀ ​សុផល​ ​អ្នក​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​ ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ ​ដែល​ខ្មែរ​គួរ​រៀន​សូត្រ​ពី​បទពិសោធន៍​ពី​របប​ខ្មែរ​ក្រហម​នេះ​។ ​ក្នុង​វិស័យ​កិច្ចការ​បរទេស​ លោក​ថា​ ​មេរៀន​ដែល​ត្រូវ​រៀន​នោះ​ ​គឺ​មិន​ត្រូវ​ដាក់​កម្រិត​ ​ចំពោះ​ការ​រាប់អាន ​ឬ​មិន​ធ្វើ​ទំនាក់ទំនង​ជាមួយ​បរទេស​ណា​មួយ​នោះ​ឡើយ​ ​ព្រោះ​ថា​ ប្រសិន​បើ​ធ្វើ​ដូច្នេះ​ ​ការ​ចាប់​យក​ប្រទេស​ចិន​តែ​មួយ​ ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ។ ក្នុង​វិស័យ​ការពារ​ជាតិ​វិញ​ ​លោក​ថា​ ​កម្ពុជា​មិន​ត្រូវ​ជ្រុល​ផុង​ខ្លួន​ ​លើក​ទ័ព​ទៅ​វាយប្រហារ​ប្រទេស​ជិតខាង​នោះ​ឡើយ​ ​ព្រោះ​ទីបំផុត​ទៅ​ ​នឹង​រង​ការ​លើក​ទ័ព​ឈ្លានពាន​ពី​ប្រទេស​នោះ​វិញ​ ​ជាក់​ស្ដែង ​គឺ​ករណី​ជាមួយ​ប្រទេស​វៀតណាម​តែ​ម្តង។ ​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច​ លោក​ពន្យល់​ថា​ ​ការ​រឹតត្បិត​ជំនួញ​ជាមួយ​ពិភពលោក​ ​ការលុបចោល​ប្រាក់កាស​ចាយវាយ និង​ទ្រព្យ​សម្បត្តិ​ឯកជន ​គឺជា​ទស្សន​អាក្រក់​បំផុត​នៃ​របៀបរបប​គ្រប់គ្រង​ប្រទេស ​ដែល​ត្រូវ​ចៀសវាង។ ចំណុច​ចុង​ក្រោយ​ ​លោក​ថា​ ​ការ​បំផុស​ឲ្យ​មាន​មនោសញ្ចេតនា​ស្រលាញ់​អតីតកាល​រុងរឿង​ហួសហេតុ​របស់​ចក្រភព​ខ្មែរ​ ​អាច​ជា​គំនិត​យល់​ខុស​ ​នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​ ​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ឯង ​ធ្វើ​ឲ្យ​ដូច​សម័យ​កាល​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ លីកាដូ​ កំពុង​តាម​ដាន​​ករណី​​អតីត​​មន្ត្រី​ក្រុមប្រឹក្សា​​បក្ស​​ប្រឆាំង ដែល​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​គប់​ដប​ស្រា

$
0
0

អង្គការ​សិទ្ធិ​លីកាដូ (Licadho) ស៊ើបអង្កេត​ករណី​ជនសង្ស័យ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សមាជិក​ក្រុមប្រឹក្សា​ពី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ បណ្ដាល​ឱ្យ​របួស។ ការ​ស៊ើបអង្កេត​ដោយសារតែ​អង្គការ ​លីកាដូ ទទួល​បាន​ពាក្យ​បណ្តឹង​ពី​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​ជា​ជនរងគ្រោះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (Licadho) លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​លីកាដូ​កំពុងតែ​ស្រាវជ្រាវ​ករណី​ជនសង្ស័យ​ប្រើ​ដប​ស្រា​បៀរ​វាយប្រហារ​លើ​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​ស្វែងយល់​ពី​មូលហេតុ និង​តាម​ដាន​​ការ​អនុវត្ត​សំណុំរឿង​របស់​សមត្ថកិច្ច ថា​តើ​ស៊ើបអង្កេត ឬ​ធ្វើការ​ងារ​នេះ​ដល់​ណា​ហើយ? លោក​ឱ្យ​ដឹង​ទៀត​ថា អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជន​មិន​ស្គាល់​មុខ​គប់​ដប​ស្រា បណ្ដាល​ឱ្យ​របួស​នៅតែ​ភាព​ខ្លាច​ព្រោះ​មាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ឆ្វែល​ជុំវិញ​ផ្ទះ​លោកស្រី​ជា​ញឹកញាប់៖ «តើ​សមត្ថកិច្ច​ចាត់វិធានការ​ដល់​ណា​ហើយ​ទាក់ទង​ការប្រើប្រាស់​អំពើ​ហិង្សា​នេះ ហើយ​មួយទៀត​គាត់​(​លោកស្រី ស ចាន់ឌី) ក៏​មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​ដែរ គាត់​ថា មនុស្ស​ចម្លែក​នៅមុខ​ផ្ទះ​និង​តាម​ដាន​សកម្មភាព​គាត់​ជាដើម»

លោក អំ សំអាត បន្តថា លោកស្រី ស ចាន់​ឌី បាន​ដាក់​ពាក្យ​បណ្តឹង​កាលពីដើម​ខែ​មេសា គឺ​ក្រោយពេល​លោកស្រី​ត្រូវ​គេ​គប់​ដប​ស្រា និង​បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន។

អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ លោកស្រី ស ចាន់ឌី ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​យក​ដប​ស្រា​បៀរ​គប់​ទៅលើ​លោកស្រី​បណ្ដាល​រងរបួស​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា។ លោកស្រី ស ចាន់ឌី ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​ពេល​លោកស្រី​កំពុង​ឈរ​នៅមុខ​ផ្ទះ​មាន​យុវជន​ពី​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ម៉ាក​ហុងដា​គ្លីក (Honda Click) ពណ៌​ស យក​ដប​ស្រា​ចំនួន​បី​ដប​គប់​ចំ​ដៃ​និង​ឆ្អឹងជំនី​បណ្ដាល​ឱ្យ​លោកស្រី រង​បួស​ជាំ​ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ លោកស្រី ស ចាន់ឌី ដើម្បី​បញ្ជាក់​បន្ថែម​ពី​រឿង​នេះ​បាន​​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទាក់ទង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នេះ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​អាស៊ីសេរី​ថា ក្រោយ​សមត្ថកិច្ច​ទទួល​ពាក្យ​បណ្តឹង ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជន​បង្ក​មក​ទទួលទោស៖ «តាម​ដែល​ខ្ញុំ​ដឹង​គឺ​ក្រុម​ក្មេង​ជា​គប់​ឥឡូវ​យើង​កំពុង​ស្រាវជ្រាវ​ករណី​ហ្នឹង»

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​ជា​អតីត​ប្រធាន ក្រុមការងារ​របស់​លោក​ស្រី ស ចាន់ឌី ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រៅពី​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​លីកាដូ លោក ស្រី សចាន់ឌី ក៏បាន​ប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​ផ្សេងទៀត និង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដើម្បី​អាច​ទទួល​បាន​ការ​អន្តរាគមន៍​ឬ​ការ​ឃ្លាំមើល​ករណី​នេះ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​រូប​នេះ​មិនសូវ​មាន​ជំនឿ​ថា ​សមត្ថ​កិច្ច​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ក្រុងភ្នំពេញ​អាច​ការពារ ​ឬ​វែកមុខ​ជន​ប្រព្រឹត្ត​​​លើ​ករណី​នេះ​ឃើញ​ឡើយ៖ «សង្ឃឹមថា​អង្គការ​ក៏ដូចជា​អាជ្ញាធរ​រដ្ឋ​ត្រូវតែ​មាន​យន្តការ​ឃ្លាំមើល​និង​អន្តរាគមន៍​ទាក់ទង​បញ្ហា​រំលោភ​បំពាន​​លើ​ករណី​ហិង្សា​នេះ»

នៅ​រយៈ​ចុងក្រោយ​សកម្មជន និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជន​មិន​ស្គាល់​បង្ក​របួស​ស្នាម​ជា​បន្ត​ត​បន្ទាប់ លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​តាម​កម្ទេច​គណ​បក្ស​ប្រឆាំង​បន្ថែម​ទៀត។

លោក អំ សំអាត ឱ្យ​ដឹង​ទៀត​ថា នៅ​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ អង្គការ​លីកាដូ​ទទួល​បាន​ពាក្យ​បណ្ដឹង​បាន ១០​ពី​អតីតមន្ត្រី​គណបក្សប្រឆាំង​និង​អ្នក​ធ្វើការងារ​សង្គម​ពី​ការព្រមាន​និង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ​អន្តរជាតិ​រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ

$
0
0

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) នៅថ្ងៃព្រហស្បតិ៍​ ទី១៨ មេសា នេះ​ បានចេញផ្សាយ​​លទ្ធផល​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ដោយ​បង្ហាញ​ថា សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ។​ ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​មើលឃើញថា សន្ទស្សន៍​នេះ​ឆ្លុះ​បញ្ចាំង​ការ​ពិតអំពី​សេរីភាពសារព័ត៌មាន​នៅកម្ពុជា។

កម្ពុជា​បាន​រអិល​ធ្លាក់​ចំណាត់​ថ្នាក់​មួយ​លេខ​ទៀត គឺ​ពី​លេខ ១៤២ ទៅ​លេខ១៤៣ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៩ របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ (Reporters Without Border)។ ចំណាត់​ថ្នាក់​នេះ​មានន័យ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោមប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ (Reporters Without Border) អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ចាត់​ប្រព័ន្ធផ្សព្វផ្សាយនៅមុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ធ្វើឱ្យ​​ស្ថានីយ៍​វិទ្យុ​ប្រមាណ៣០ និង​កាសែត​ភាសា​អង់គ្លេស ខេមបូឌា ដេលី (Cambodia Daily) ត្រូវ​បិទ​ទ្វារ។ ចំណែក​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​គេ គឺ​កាសែត ភ្នំពេញ​ប៉ុស្តិ៍ វិញ ត្រូវ​បាន​អ្នក​ជំនួញ​ម៉ាឡេស៊ី ដែល​ជិត​ស្និទ្ធ​នឹងរបប​ក្រុង​ភ្នំពេញ​ទិញ​យក​ នៅ​ខែ​កក្កដា ឆ្នាំ២០១៨ ហើយ​ម្ចាស់​ថ្មី​បាន​​ដាក់​ចេញ​នូវ​គោល​ការណ៍​តែង​និពន្ធ​បែប​គាំទ្ររបប​ក្រុង​ភ្នំពេញ ដែល​ធ្វើ​ឱ្យអ្នក​កាសែត​ជា​ច្រើនរូប​នៃ​ស្ថាប័ន​នេះ ​សម្រេ​ច​ចិត្ត​លា​ឈប់លើស​ពី​នេះ​ទៅ​ទៀត អ្នក​សារព័ត៌មាន​រូប​ណា​ ដែល​ធ្វើ​រឿង​ស៊ើប​អង្កេត​ ហើយ​ដែល​របប​ក្រុង​ភ្នំពេញ​មិន​ពេញ​ចិត្ត​នោះ ពួក​គេ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ តួ​យ៉ាង​ ដូច​ជា​ លោក រ៉ាត់ រត្នមុនី ដែល​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី ជាដើម។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​អះអាង​ថា ជា​លទ្ធផល​នៃ​ការ​បោស​សម្អាត​សារ​ព័ត៌មាន​ឯករាជ្យ​នេះ ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​អាច​ទទួល​បាន​ព័ត៌មាន​ដែល​ផ្តល់​ឱ្យ​តែ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ មួយ​ចំនួន​ ដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ប្រព័ន្ធ​ផ្សព្វផ្សាយទាំង​នោះ​មាន​ជា​អាទិ៍​ សារព័ត៌មាន​ ហ្វេ្រស ញូស៍ (Fresh News) ដែល​ជួយ​ផ្សាយ​រឿង​ប្រជាភិថុតិ​ឱ្យ​របប​លោក ហ៊ុន សែន ជា​ដើម

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​នេះ។ លោក​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​ភាព​ទូលំទូលាយ ដោយ​សារ​មាន​សារព័ត៌មាន​រាប់​រយ​ស្ថាប័ន កំពុង​ដំណើរ​ការ ហើយ​ម្យ៉ាងវិញ​ទៀត រដ្ឋាភិបាល​កម្ពុជា​មិនត្រួតពិនិត្យ​ខ្លឹមសារ​ព័ត៌មាន​ នៅ​មុន​ការ​ចេញ​ផ្សាយ​នោះឡើយ​។ លោក​បន្ថែម​ទៀត​ថា រាល់​ចំណាត់​ការ​ទាំង​ឡាយ​ទៅលើ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ កាល​ពី​ពេល​កន្លងទៅ សុទ្ធ​សឹង​តែ​ជា​ការ​អនុវត្ត​ច្បាប់៖«ទាំង​កាសែត វិទ្យុ និង​ទូរទស្សន៍ គឺផ្សាយ​ចេញ​ដោយ​សិទ្ធិ​សេរីភាព​មួយ​សេរី។ ពាក្យ​ថាមួយសេរីហ្នឹងគឺថាផ្សាយ​តាម​ចិត្ត ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ខ្លឹម​សារ​ទេ។ ការ​អត់​ត្រួតពិនិត្យ​ខ្លឹមសារជាមុន​នេះហើយ វា​សបញ្ជាក់​ឱ្យ​ឃើញថា សិទ្ធិសេរីភាពនៃ​ការ​ផ្សាយរបស់​យើង​ រួម​ទាំង​អាស៊ីសេរីផង គឺ​ថា​វា​ទូលំទូលាយ​ណាស់ ហើយ​រាជរដ្ឋាភិបាល​មិន​ដែល​មាន​ការតិះទៀន ឬមួយ​ក៏​ការ​វាយ​ប្រហារ ការ​គំរាម​កំហែង​ណាមួយ​ទៅលើប្រព័ន្ធផ្សព្វផ្សាយ​ទេ»

ផ្ទុយ​ពីនេះ នាយក​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ថា ស្ថានភាព​សេរីភាព​សារ​ព័ត៌មាននៅ​កម្ពុជា មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ គិត​ត្រឹម​ខែ​មេសា ឆ្នាំ២០១៩ នេះ។ លោក​ថា ចំនួន​សា្ថប័ន​ព័ត៌មាន​ច្រើន​មិន​មែន​បង្ហាញ​ថា កម្ពុជា​មាន​សេរីភាពសារព័ត៌មាន​ពេញ​លេញ​នោះទេ ព្រោះ​ស្ថាប័នទាំង​នោះ​មិន​ទាន់​អាច​ផលិតព័ត៌មាន​ដែល​មាន​គុណភាព​ និង​ឯករាជ្យ​ដាច់​ចេញ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

លោកបន្ត​ថា ការ​មិន​ត្រួត​ពិនិត្យ​មុន​ពេល​ផ្សាយ ក៏​​មិនមែន​ជា​កត្តា​កំណត់​ថា កម្ពុជា​មាន​សេរីភាព​សារ​ព័ត៌មាន​ទូលំទូលាយ​នោះដែរ។ អ្នក​ជំនាញ​រូប​នេះ​បកស្រាយ​ថា រដ្ឋាភិបាល​មិន​បាន​ដាក់​ការ​ត្រួត​ពិនិត្យ​មែន ក៏​ប៉ុន្តែ​ការ​ធ្វើ​ទុក​បុក​ម្នេញ ការ​រើសអើង និង​ការ​គំរាម​កំហែង​ជា​ហូរហែ​មក​នោះ បាន​ធ្វើ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ និង​អ្នក​សារ​ព័ត៌មាន​ភាគ​ច្រើន រឹតត្បិត​ការ​តែង​និពន្ធ​របស់​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ«ដោយ​សារភាព​ភ័យ​ខ្លាច គឺ​ពួក​គេ​បាន​កំណត់ ឬ​មួយរឹតត្បិត​ដោយ​ខ្លួន​ពួក​គេ ចំពោះ​ប្រធាន​បទ​រឿង​មួយ​ចំនួន​ ដែល​ត្រូវ​សរសេរ​ហ្នឹង។ បើ​រឿង​ហ្នឹង​វា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រីធំៗ ឬ​អ្នក​មាន​អំណាច មានន័យថា ពួក​គេ​នឹង​មិន​សូវ​មាន​សុវត្ថិភាព​ទេ។ នេះ​ហើយ​គឺ​ជា​ចំណុច​សំខាន់​នៃ​ការរឹតត្បិត​ទៅ​ដល់​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ ដោយ​សារ​តែ​យើង​មិន​មាន​យន្តការ​គ្រប់​គ្រាន់​ ដើម្បីផ្តល់​កិច្ច​គាំពារ​ដល់​អ្នក​សារព័ត៌មាន​ដែល​វិជ្ជាជីវៈ ដែល​ឯករាជ្យ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​បំពេញ​កិច្ច​ការងារ​របស់​ពួក​គេ​បាន​ដោយ​ត្រឹម​ត្រូវ​ហ្នឹងឯង»

​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​យ៉ាង​គំហុក​ គឺ​ពី​លេខ១៣២ នៃ​សន្ទស្សន៍​ឆ្នាំ២០១៧ ទៅ​លេខ១៤២ នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៨ របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន ដែល​បាន​​វាយ​តម្លៃ​​ប្រទេស​ចំនួន​១៨០ នៅ​លើពិភព​លោក។

អ្នក​ឃ្លាំ​មើល​ជាតិ និង​អន្តរជាតិ​ យល់​ឃើញ​ស្រប​គ្នា​ថា ការ​ដាំ​ក្បាល​ចុះនៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ផ្តើម​ឡើង​នៅ​​ចុង​ឆ្នាំ២០១៧ កន្លង​ទៅ​ ពោល​គឺ​នៅ​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​គណបក្ស​ សង្គ្រោះ​ជាតិទទួល​បាន​សំឡេង​គាំទ្រ​ពីពលរដ្ឋ​ចំនួន៤៦ភាគ​រយ។ លទ្ធផល​បោះឆ្នោត​ដ៏​ប្រកៀក​ប្រកិត​គ្នា​​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង​ដល់​អំណាច​របស់​លោក ហ៊ុន សែន ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ ជាង ៣០ឆ្នាំ​មក​ហើយ ហេតុ​ដូច្នេះ ទើប​លោក​បាន​ប្រើ​ប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដូច​ជា ការ​ប្រើ​អំពើ​ហិង្សា ការ​បំភិត​បំភ័យ និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ ក្នុង​គោល​ដៅ​បំបិទ​សំឡេង​រិះគន់ ដើម្បី​ធានា​ថា លោក​នឹង​ឈ្នះ​ឆ្នោត កាន់កាប់​អំណាច​ផ្តាច់​មុខ​តែ​ម្នាក់​ឯង​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ពលរដ្ឋ ២នាក់​ករណី​តវ៉ា​បិទផ្លូវ​ជាតិ​លេខ៤ ប្រឆាំង​ការ​ចុះ​អនុវត្ត​សាល​ដីកា​រុះរើ​ផ្ទះ​ពួកគាត់​

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី ២នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ដីធ្លី​ជា​ច្រើន​នាក់​ទៀត​ ដោយសារ​ពួកគេ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤​ ស្ថិត​ស្រុក​ព្រៃនប់ ​ដើម្បី​ស្នើសុំ​​​របប​ក្រុង​ភ្នំពេញ​ ឱ្យ​ជួយ​ផ្ដល់​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​អនុវត្ត​សាល​ដីកា​ដោយ​កម្ទេច​ផ្ទះ​អស់ ៦០០ខ្នង​ និង​បណ្ដេញ​ពួក​គាត់​ចេញ​ ដើម្បី​យក​ដី​នោះ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត។ អាជ្ញាធរ​ចោទ​អ្នក​តវ៉ា​ដីធ្លី​ទាំង​នោះ​ថា ជា​ក្រុម​អនាធិបតេយ្យ​មក​ពី​តំបន់​ផ្សេងៗ ហើយ​នាំគ្នា​សង​ខ្ទម​រស់នៅ​លើ​ដី​ដែល​មាន​ម្ចាស់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី ២នាក់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា ជា​មេ​ក្លោង​ដឹក​នាំ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០នាក់​មក​ពី ៣០០គ្រួសារ​នាំ​គ្នា​សែង​ដើម​ឈើ​ធំៗ ដាក់​បិទ​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ៤ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ ឃុំ​បិត​តាំង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ខែ​មេសា ​ដើម្បី​តវ៉ា​ប្រឆាំង​ចំពោះ​ការអនុវត្ត​ដីកា​របស់​តុលាការ​ ដែល​ពួក​គេ​ហៅ​ថា​ជា​សាល​ដីកា​គ្មាន​ភាព​យុត្តិធម៌​នោះ​ទេ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា អ្នក​តវ៉ា​ដី​ធ្លី​ទាំង ២នាក់​ ដែល​ឃាត់​ខ្លួន​នោះ​ទី១ ឈ្មោះ​ ខ្លូត​ តុសិតា ភេទ​ស្រី​ អាយុ៣៩​ រង​ការ​ចោទ​ថា ​គប់​ដុំ​ថ្ម និង​ប្រើ​ដំបង​វាយ​លើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បណ្ដាល​ឱ្យ​រង​របួស​ជា​ច្រើន​នាក់ និង​ទី២ ឈ្មោះ​ កែវ​ សាង​ ភេទប្រុស​អាយុ ៥៣ឆ្នាំ​ រង​ការ​ចោទ​ថា ជា​មេ​ដឹក​ នាំ​តវ៉ា​បិទ​ផ្លូវ។ ជា​មួយ​គ្នា​នេះ​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក៏​បាន​ជូន​ដំណឹង​ថា អាជ្ញាធរ​បាន​រុះរើ​ខ្ទម​ និង​សំណង់​អនាធិបតេយ្យ​ចំនួន ៦០០ខ្នង ដែល​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា ជា​ផ្ទះ​របស់​ខ្លួន។

អ្នក​តវ៉ា​ដីធ្លី​ទាំង​នោះ​អះអាង​ថា ដោយសារ​តែ​អាជ្ញាធរ​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ពួកគាត់​តាំងពី​ព្រឹកព្រលឹម​ដោយ​មិនបាន​ជូនដំណឹង​នេះ​ហើយ​ទើប​បណ្ដាល​ឱ្យ​ពួកគាត់​កើត​ទុក្ខ​មិន​សុខ ហើយ​រួម​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤ តែ​ម្តង។

វីដេអូ​ខ្លី​បប្រមាណ៣នាទី​ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​ថា ប្រជាពលរដ្ឋ​ ទាំង​នេះ​ស្រែក​យំ​ផង និង​លើក​ដៃ​សំពះ​ផង អំពាវនាវ​សុំ​ឱ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ប្រគល់​ដី​ជូន​ពួក​គាត់​វិញ ដោយ​ពួក​គាត់​អះអាង​ថា បាន​ចូល​មក​រស់​នៅ​ លើ​ដី​ទំនាស់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ចំណាយ​លុយ​ទិញ​ត​ពី​ពល​រដ្ឋ​ផ្សេងៗ ទៀត៖ «ខំ​ចង់​ការ​គេ​មក​ទិញ​ដី ទិញ​ទឹក​នៅ​ឥឡូវ​អស់​ហើយ។ គេ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​អស់​រលីង ចាន​ឆ្នាំ​ ខោ​អាវ​ ខ្ទេចខ្ទី»

ការ​តវ៉ា​បិទ​ផ្លូវ​នេះ​បាន​បណ្ដាល​ឱ្យ​ស្ទះ​ផ្លូវ​អស់​មួយ​សន្ទុះ​ធំ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ពង្រាយ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​បំបែក​ក្រុម​អ្នក​តវ៉ា​ដីធ្លី​ទាំង​នោះ​រហូត​ទាល់​តែ​បញ្ឈប់​សកម្មភាព​តវ៉ា ហើយ​អ្នក​ដំណើរ​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើង​វិញ។

មេឃុំ​បិតត្រាំង​លោក​ មៀច​ ចាន់​ ប្រាប់​អាស៊ី​សេរី​ថា​អាជ្ញាធរ​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ពិត​ជា​បាន​ចុះ​រុះរើ​ផ្ទះ​ខ្ទម​តូចៗ របស់​ពលរដ្ឋ​ទាំង​នោះ​មែន នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មេសា ដើម្បី​អនុវត្ត​សាល​ដីកា​តុលាការ​ ដែល​សម្រេច​ប្រគល់​ដី​ឱ្យ​ពលរដ្ឋ​មួយ​គ្រួសារ​ទៀត​ឈ្មោះ ជុំ សាវុឌ្ឈ។ មេឃុំ​រូប​នេះ​ចោទ​ប្រជា​ ពលរដ្ឋ​ទាំង​នេះ​ថា ជា​ក្រុម​អនាធិបតេយ្យ ដែល​មក​ពី​តំបន់​ផ្សេងៗ ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ ទៀត ហើយ​នាំគ្នា​សង​ខ្ទម​តូចៗ រស់នៅ​លើ​ដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​រួច​ហើយ ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ២០១៩ នេះ។ លោក​មិន​បាន​ដឹង​អំពី​ករណី​ពលរដ្ឋ​ខ្លះ​ទិញ​ដី​នេះ​ត​ពី​ប្រជាពលរដ្ឋ​ ផ្សេង​ទៀត​នោះ​ទេ៖ «គេ​អនុវត្ត​សាល​ដីកា​ព្រឹក​មិញ​នេះ គឺ​ជា​ដី​របស់​គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ ហើយ​មាន​ម្ចាស់​គេ​ថែម​ទាំង​នៅ​ទីនេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន មក​រំលោភ​បំពាន​យក​អ៊ីចឹង​ទៅ​ណា។ ដល់​អ៊ីចឹង​ទៅ​ទើប​គេ​អនុវត្ត​គោល​ការណ៍។ កន្លង​មក​នៅ​ថ្ងៃ​ទី៦ ខែ៣ នេះ​ ខ្ញុំ​ក៏​បាន​ចុះ​អប់រំ​ណែនាំ និង​បិទ ស..ណ របស់​សាលាខេត្ត ជូន​ដំណឹង​បង​ប្អូន​ថា ​កុំ​ធ្វើ​អ៊ីចឹង ​ព្រោះ​ដី​នេះ​មាន​ម្ចាស់​ហើយ កុំ​មក​ចាប់​យក​ដី​គេ​អ៊ីចឹង មិន​កើត​ទេ។ ម្យ៉ាង​កុំ​ឱ្យ​គេ​អនុវត្ត​ផ្លូវ​ច្បាប់​ទៅ​ នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​ ហើយ​ខាត​បង់​ថវិកា​ទេ។ យើង​ចុះ​អប់រំ​គាត់​ដែរ​ តែ​គាត់​អត់​ស្ដាប់»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា លោកស្រី​មិនទាន់​បាន​ចុះ​ស៊ើបអង្កេត​ករណី​ពលរដ្ឋ​តវ៉ា​ដីធ្លី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​ដឹង​ថា ដី​តំបន់​នោះ​ភាគ​ច្រើន គឺ​មិន​មែន​ជា​ដី​ទំនេរ​អត់​មាន​ម្ចាស់​នោះ​ទេ។ អ្នកស្រី​បន្ថែម​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត ក៏​ធ្លាប់​ចុះ​ណែនាំ​ពលរដ្ឋ​កុំ​ឱ្យ​តាំង​លំនៅ​លើ​ដី​នោះ​ដែរ ប៉ុន្តែ​ពលរដ្ឋ​ចំណូល​ថ្មី​ទាំង​នោះ​នៅ​តែ​បន្ត​កាន់កាប់​ដដែល ដោយ​អះអាង​ថា បាន​ទិញ​ដី​ត​ពី​គេ​ដែរ ប៉ុន្តែ​មិន​មាន​ឯកសារ​នោះ​ទេ។ទោះ​យ៉ាង​ណា​ក្ដី អ្នកស្រី​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​ទំនាស់​ដី​នេះ៖ «ថ្ងៃស្អែក​ខ្ញុំ​ចង់​ចុះ​ទៅ​មើល​ដែរ។ ទី១ យើង​ត្រូវ​ស្រាវជ្រាវ​មើល​សិន​ បើ​សិន​ជា​ការ​រស់​នៅ​របស់​គាត់​មាន​ឯកសារ​មាន​លិខិត​ស្នាម​អី​ជាក់លាក់​ច្បាស់លាស់ គឺ​យើង​ក៏​នឹង​ជួយ​ការពារ​សិទ្ធិ​គាត់​ដែរ។ ប៉ុន្តែ​បើ​សិន​ជា​គាត់​ទើប​តែ​នឹង​ចូល​ទៅ​រស់នៅ​ឥឡូវ​នេះ​ទេ អ៊ីចឹង​ការ​កាន់កាប់​របស់​គាត់ គឺ​យើង​ពិបាក​ដែរ។ យើង​ក៏​មិន​ចង់​ឱ្យ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទាំង​នេះ​ដែរ​ ព្រោះ​ជូន​កាល​គាត់​ចាញ់​បោក​មេ​ខ្យល់​ដែរ»

ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​កើត​ឡើង​ជា​ច្រើន​កន្លែង​ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​ខេត្ត​មួយ​នេះ​កំពុងតែ​មាន​ហាងឆេង​ខ្លាំង​ដោយសារ​កំណើន​វិនិយោគ​ជនជាតិ​ចិន។ កាលពីដើម​ឆ្នាំ​ ២០១៩ កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ៣រយ​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើង​លើ​មេឃ និង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ដីធ្លី ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ផ្ដល់​ដី​ទំនាស់​ជាង ៧០ហិកតារ ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​នោះ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៩គ្រួសារ​ផ្សេង​ទៀត ដែល​គេ​សង្ស័យ​ថា ឈរ​ឈ្មោះ​ឱ្យ​ឧកញ៉ា​ ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ធ្លាក់​ខ្លួន​ពិការ​ដល់​សព្វថ្ងៃ។ ចំណែក​ពលរដ្ឋ ៤នាក់​ទៀត ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ខ្លួន និង​ចង​ស្លាប​សេក ហើយ​យក​កាំភ្លើង​វាយ​ដុំ និង​យក​ជើង​ជាន់​ផ្ទប់​នឹង​ដី​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ។

សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខិតខំ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ទាំង​នេះ​ដោយ​តម្លាភាព និង​យុត្តិធម៌​ជា​ពិសេស​ជៀសវាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី​ដូច​កន្លង​មក​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​បន្ត​ប្ដេជ្ញា​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ទោះ​អត្រា​នៃ​ការ​កើត​ជំងឺ​នេះ​ថយ​ចុះ​ក្ដី

$
0
0

កម្ពុជា​ប្រកាស​ប្ដេជ្ញា​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រុនចាញ់​ពិភពលោក នៅ​ថ្ងៃ​ទី២៥ ខែ​មេសា ខាង​មុខ។

សារលិខិត​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កាសែត​ក្នុងស្រុក​ដកស្រង់​សំដី នៅ​ថ្ងៃទី១៨ ខែ​មេសា​នេះ ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​កើត​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា ត្រូវ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​ទៅ​នឹង​លទ្ធផល​នេះ​ទេ ប៉ុន្តែ​ប្ដេជ្ញា​ជំរុញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នេះ ឱ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ជាង​មុន តាមរយៈ​ការ​ផ្ដល់​លទ្ធភាព​និង​លើកទឹកចិត្ត ឱ្យ​មាន​ចលនា​កៀរគរ​ប្រមូល​ប្រភព​ធនធាន ដើម្បី​លុបបំបាត់​សត្វ​មូស​ដែក​គោល​ញី​ដែល​បន្ត​មាននៅ​ក្នុង​ព្រៃ និង​តំបន់​ជុំវិញ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ។

កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​ភូមិ​អូយ៉េស ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង។

របាយការណ៍​ប្រចាំ​ឆ្នាំ ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បង្ហាញ​ថា អត្រា​ជំងឺគ្រុនចាញ់​ប្រទេស​កម្ពុជា មក​ទល់​ឆ្នាំ​២០១៨ បាន​ថយ​ចុះ ៨៥% និង​ករណី​ស្លាប់​បាន​កាត់​បន្ថយ ៩៩%។ ក្នុង​អំឡុង​ឆ្នាំ​២០១៨ គឺ​គ្មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ ហើយ​ករណី​ទាំងនោះ​ជាង ៧០% គឺជា​ប្រភេទ​ជំងឺ​ស្រាល។

របាយការណ៍​បន្ត​ថា មុន​ឆ្នាំ​២០១១ អ្នក​កើត​ជំងឺគ្រុនចាញ់​មាន​ជាង ១៧​ម៉ឺន​ករណី និង​​ស្លាប់​​ចន្លោះ​​ពី​​ជាង ​៥០០​នាក់ ដល់​ជិត​ ៩០០​រយ​​នាក់​​ក្នុង​​មួយ​ឆ្នាំៗ។ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១១ អ្នក​កើត​ជំងឺគ្រុនចាញ់ បាន​ចុះថយ​មក​ត្រឹម​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន​ជាង ៩០​នាក់​។ ហើយ​កាលពី​ឆ្នាំ​២០១២ អ្នក​កើត​ជំងឺគ្រុនចាញ់ មាន​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ និង​មាន​​អ្នក​​ស្លាប់ ៤៤​នាក់។

អ្នក​កើត​ជំងឺគ្រុនចាញ់​ភាគច្រើន​ គឺ​មាន​អាយុ ចន្លោះ​ពី ​១៥​ឆ្នាំ ទៅ ​៤៩​ឆ្នាំ ហើយ​អត្រា​ខ្ពស់​នៃ​អ្នក​កើត គឺ​នៅ​ខេត្ត​ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគីរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ​ថា របប​ភ្នំពេញ​កំពុង​ប្រជាភិថុតិ​រឿង​​បត្យាប័ន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង

$
0
0

អ្នកវិភាគ​ឯករាជ្យ​បាន​ហៅ​ការ​លើកឡើង​ថា របប​ក្រុងភ្នំពេញ ដែល​គំរាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​កូរ៉េខាងត្បូង​គ្រាន់តែ​ជា​ការ​បោកប្រាស់​តែប៉ុណ្ណោះ ពី​កូរ៉េខាងត្បូង​នឹង​មិន​សហការ​នឹង​របប​ឯក​បក្ស​នេះ​ទេ។ ទោះបី​របប​លោក ហ៊ុន សែន គំរាម​ធ្វើបាប​មន្ត្រី​បក្ស​ប្រឆាំង​ក៏ដោយ ក៏​អ្នក​និយម​ប្រជាធិបតេយ្យ​ជាច្រើន និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ ដើម្បី​រៀបចំ​បាតុកម្ម​ភ្លើង​ទៀន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ចុង​សប្ដាហ៍​នេះ។

អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ ប្រដូច​រឿង​ធ្វើ​បត្យាប័ន​មន្ត្រី​ជាន់ខ្ពស់​ប្រឆាំង​ដែល ចូលរួម​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ដូច៖ «ជា​របៀប​ដេក​ផ្សំ ដួល​រមួល​ផ្សំ​គ្រេច»«មិន​ធ្វើ​ដូច​យើង​អ៊ីចឹង​ទេ ប្រទេស​យើង​អត់​មាន​នីតិរដ្ឋ​ដូចជា​ប្រទេស​សេរី​។​មានតែ​នីតិរដ្ឋ​ជា​របៀប​ប្រទេស​កុម្មុយនិស្ត ស្រេច​តែ​នីតិប្រតិបត្តិ​បញ្ជូន​ក៏​បញ្ជូន​ទៅ​អាហ្នឹង។ ប៉ុន្តែ​តាមពិត​ត្រូវ​ឆ្លងកាត់​តាម​តុលាការ»

មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា របប​លោក​មាន​លទ្ធផល​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន។

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាល​ថ្ងៃ​ទី​១៨ មេសា ផ្សេង​វិញ​ថា កម្ពុជា​គ្មាន​បំណង​សុំ​ធ្វើ​បត្យាប័ន​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ដីកាចាប់ខ្លួន​ក្នុង ខណៈ​ពេល​ដែល​ពួកគេ​បាន​ចូលរួម​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​បើ​ទោះ​បី​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ធ្វើ បត្យាប័ន​ជាមួយគ្នា​ក្ដី៖ «មិន​មាន​គំនិត​ព្យាបាទ​ក្រុម​អស់ហ្នឹង​ទេ បើក​សិទ្ធិ​សេរីភាព​ទូលាយ​ឱ្យ​គាត់​ធ្វើ​តើ​លទ្ធផល​ដែល​គាត់​ធ្វើ​វា​បាន​ប៉ុន្មាន​ចាំ​យើង​មើល​ទាំងអស់​គ្នា។ គាត់​ធ្វើ​ថ្ងៃ​ទី​២០ ហើយ​ល្ងាច​ថ្ងៃ​ទៅ ២០​ជាង​យើង​ដឹង​ហើយ ថា​តើ​មាន​លទ្ធផល​យ៉ាងម៉េច​អ្វី​ទៅ​ដែល​ហៅថា​មហា​បាតុកម្ម​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ប៉ុន្មាន​ម៉ឺន សែន​នាក់​ទៅ ក្នុង​មួយ​កន្លែង​តែ ២ ឬ ៣​នាក់​ទេ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ក្នុង​ដីកាចាប់ខ្លួន​ខ្លួន​ពី​របប​ក្រុងភ្នំពេញ​គ្រោង​នឹង​ជួប​ប្រជុំគ្នា​ជាមួយ​ក្រុម​បាតុករ​មក​ពី​បណ្ដា​ប្រទេស​មួយចំនួន​ផ្សេងទៀត​ដើម្បី​ចូលរួម​​នៅ​ប្រទេស​កូរ៉េខាងត្បូង។

កាល​ពី​ពេល​ដើមខែ​មេសា ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក កូយ សៅ បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប ដែល​មាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​អនុប្រធាន​គណបក្ស​ចំនួន​ពីរ​រូប គឺ​លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខ​ហួរ និង​អតីត​តំណាងរាស្ត្រ​មួយ​ចំនួន​ដូចជា លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក តុ វ៉ាន់ចាន់ ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា និង​នៅ​ទីកន្លែង​ផ្សេងទៀត ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេស​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស អ៊ីចឹង​ទាំង​នយោបាយ​ការបរទេស​ក្តី ទាំង​នយោបាយ​ការទូត​ក្តី ប្រទេស​កូរ៉េ​មិន​ធ្វើតាម​ការ​ស្នើសុំ​ពី​ប្រទេស​ផ្ដាច់ការ​ទេ ថ្វី​ត្បិត​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ក៏ដោយ៖ «ប្រទេស​កូរ៉េ​គេ គោរព​សិទ្ធិ​សេរីភាព​របស់​មនុស្ស គេ​គោរព​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ។ អ៊ីចឹង​បើ​របប​លោក ហ៊ុន សែន​ចង់​ធ្វើ​បត្យាប័ន​ស្អី​ហ្នឹង​គឺ​វា​អត់​មានន័យ​ទេ។ អ៊ីចឹង​បាន​ន័យ​ថា​អ្វី​ដែល​លោក សុខ ឥសាន និយាយ​ហ្នឹង​គឺ​ដើម្បី​រក្សា​មុខមាត់​ដើម្បី​កុំ​ឱ្យ​គេ​ដឹង​ថា ខ្លួនឯង​ទៅ​ស្នើសុំ​ហ្នឹង គេ​មិន​ធ្វើតាម​វា​អន់​ឯ​លោក ផៃ ស៊ីផាន ដែល​និយាយ​ផ្ទុយ​ពី​លោក សុខ ឥសាន ហ្នឹង​គឺជា​ភាសា​មួយ​ដែល​គំរាម​គេ​ស្មាន​តែ​គេ​មិន​ដឹង គេ​មិន​ស្គាល់ វា​គ្រាន់តែ​ជា​ការ​គំរាម​ដើម្បី​បំភិតបំភ័យ​តែ​ប៉ុណ្នឹង»

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​នឹង​កូរ៉េខាងត្បូង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០។ កិច្ចព្រមព្រៀង​នឹង​នេះ អនុញ្ញាត​ឱ្យ​ប្រ​ទស​ទាំង​ពីរ​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅវិញទៅមក​ដើម្បី​បន្ត​ដំណើរការ​ក្តី​នៅ​តុលាការ​ករណី​បទឧក្រិដ្ឋ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​អនុញ្ញាត​ឱ្យ​ចាប់​បញ្ជូន​អ្នក​ទោស​នយោបាយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីតមន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូប​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ត្រូវ​អ្នក​នៅ​កូរ៉េ​ប្រកាស​មិន​ស្វាគមន៍

$
0
0

ក្នុង​ខណៈ​ដែល​អ្នកចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ​កំពុងតែ​មកដល់​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ជា​បន្តបន្ទាប់ អ្នក​ចូលរួម​ពីរ​រូប​ចំណោម​នេះ ត្រូវ​បាន​អ្នកចូលរួម​ដទៃ​ទៀត រួម​ជាមួយ​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង ប្រកាស​ថា មិន​ស្វាគមន៍​ឡើយ​។ អ្នក​ទាំងពីរ​ដែល​គេ​មិន​ស្វាគមន៍​នោះ គឺ​លោក អ៊ូ ច័ន្ទរ័ត្ន និង​លោក ជីវ កាតា។ លោក​ទាំងពីរ​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ឆ្លើយតប​តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​អំពី​រឿង​នេះ​របស់ លោក ជុន ច័ន្ទបុត្រ ពី​ក្រុង​សេអ៊ូល៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live