Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អ្នក​លក់​វត្ថុ​បុរាណ​នៅ​អង់គ្លេស​ប្រគល់​គ្រឿងអលង្ការ​សម័យ​អង្គរ​ឲ្យ​កម្ពុជា​វិញ

$
0
0

ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​មួយ​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស​ស្ម័គ្រចិត្ត​ប្រគល់​គ្រឿង​អលង្ការ​មាស សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម​ដែល​មាន​អាយុកាល​ក្នុង​សម័យ​អង្គរ​ឲ្យ​កម្ពុជា​វិញ។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាត់​ទុក​ការ​ប្រគល់​ឲ្យ​នេះ ថា ជា​ការ​រួមចំណែក​ក្នុង​ការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ។

គ្រឿងអលង្ការ​មាស​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​កម្ពុជា​វិញ​មាន​ចំនួន​១០ រួមមាន​គ្រឿង​សំអាង​ពាក់ នៅ​លើ​ក្បាល លើ​ដើមដៃ​ទាំង​សង្ខាង លើ​ត្រចៀក ក្រោម​ទ្រូង និង​ខ្សែ​ក្រវ៉ាត់​មាស​ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២១ មេសា ឲ្យ​ដឹង ថា កាលពី​ថ្ងៃ​ទី​២០ មេសា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ឈ្មោះ Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់​ឈុត​គ្រឿងអលង្ការ​មាស​សម័យ​អង្គ​រទាំង​នេះ​ឲ្យ​កម្ពុជា​វិញ តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុងឡុងដ៍ និង​មន្ត្រី​ជំនាញ​សិល្បៈ​វប្បធម៌​បរទេស​មួយ​ចំនួន​ទៀត។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រំលឹក​សាវតារ​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ទទួល​ព័ត៌មាន​ថា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បាន​ប្រកាស​ដាក់​តាំង​លក់​វត្ថុ​បុរាណ​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​នៅ​ទីស្នាក់ការ​របស់​ខ្លួន នៅ​ទីក្រុង​ឡុងដ៍ ចាប់ពី​ថ្ងៃ​ទី​៣ ដល់ ២៥ វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ក្នុង​នោះ​មាន​ឈុត​គ្រឿង អលង្ការ​រូបចម្លាក់​ថ្ម ដែល​វត្ថុ​បុរាណ​នេះ​ធ្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ Khmer Gold: Gifts for the Gods

ក្រសួង​វប្បធម៌​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក្រសួង​បាន​ជូនដំណឹង​ដល់​ក្រសួង​ការបរទេស​កម្ពុជា​ដើម្បី​សុំ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ប្រគល់​គ្រឿងអលង្ការ​ទាំងអស់​នោះ​មក កម្ពុជា​វិញ ដោយ​កម្ពុជា​បាន​ផ្ដល់​សក្ខីកម្ម​យ៉ាង​ច្បាស់​ថា វត្ថុ​បុរាណ​ទាំងនេះ​ជា​កម្មសិទ្ធិ​តែមួយ គត់​របស់​កម្ពុជា​តាម​រយៈ​ក្បូរ​ក្បាច់រចនា​ដែល​មានតែ​ក្នុង​រចនាបថ​សិល្បៈ​ខ្មែរ​មួយ​គត់ ហើយ​ដែល​ត្រូវ​បាន​យកចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​តាមរយៈ​សេចក្ដី​ប្រកាស ព័ត៌មាន​ដោយ​ចាត់​ទុក​ទង្វើ​របស់​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ថា​មិន​ត្រឹមតែ​បង្ហាញ​ពី​ការចូលរួម​លើក​តម្លៃ​ដល់​វប្បធម៌​នៃ​ជាតិ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​រងគ្រោះ​ពី​សោកនាដកម្ម និង​ទារុណកម្ម នៃ​អំពើ​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម។

ទោះជា​យ៉ាងណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា មិន​ច្បាស់​ទេ​ថា តើ​គ្រឿងអលង្ការ​ទាំងនោះ​ត្រូវ​បាន​គេ​លួច​នាំ​ចេញពី​កម្ពុជា​តាំង ពេលណា​នោះ​ទេ។ លោក​ថា នៅ​ពេល​គ្រឿងអលង្ការ​បញ្ជូន​មកដល់​កម្ពុជា​វិញ គេ​នឹង​យក​វា ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ៖ «ដូច​ដឹង​ស្រាប់​ហើយ​ថា​កម្ពុជា​យើង បាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​វិនាស ការបាត់បង់​វា​ច្រើនដង​ពេក ហេតុដូច្នេះ​ពេលនេះ​យើង​អត់​ដឹង​ថា របស់​ទាំងអស់​នេះ​វា​បាត់ តាំងពី​កាល​មក​ដែរ កាល​ពេល​យើង​ទៅ​ជួប​គ្នា​និយាយ​ពី​បញ្ហា​ហ្នឹង គេ​មិនបាន​បញ្ជាក់​ប្រាប់ យើង​ថា​គេ​ទទួលយក​តាំងពី​ដំណាក់​កាលណា​ដែរ គ្រាន់តែ​ថា​បាន​ទទួល​តាមរយៈ​ការទិញ ត​គ្នា​តាមរបៀប​ផ្លូវច្បាប់​ប៉ុណ្ណឹង»

ចប់​តាំងពី​ឆ្នាំ​២០១៣​មក មាន​រូប​បដិមា​ចំនួន​៦​ហើយ​ដែល​កម្ពុជា​នាំ​យក​មកវិញ បន្ទាប់ពី​មានការ​ចរចា​គ្នា និង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់។ រូប​បដិមា​ទាំងនោះ រួមមាន​រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មកពី​សារមន្ទីរ​ស៊ុតប៊ីស៍ (Sotheby) ក្រុង​ញូវយ៉ក។ រូប​បដិមា​ភីម មកពី​សារមន្ទីរ​ន័រតុន ស៊ីមុន (Norton Simon) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប​បដិមា​ពលរាម មកពី​សារមន្ទីរ គ្រីសធី (Christie) ក្រុង​ញូវយ៉ក។ រូប​បដិមា ២​ទៀត ជា​រូប​ទ្វារបាល ឬ​ឆ្មាំទ្វារ​លុតជង្គង់ ធ្វើ​អំពី​ថ្ម​ភក់ មកពី​សារមន្ទីរ ម៉េត្រូប៉ូលីថេន (Metropolitan ) ក្រុង​ញូវយ៉ក និង​បដិមា​ហនុមាន ពី​សារមន្ទីរ​វិចិត្រសិល្បៈ ក្លីវវឺឡែន (Cleveland) និង​ព្រះ​កេស​ព្រះ​ហរិហរៈ មកពី​សារមន្ទីរ​សិល្បៈ​អាស៊ីហ្គីម៉េ ប្រទេស​បារាំង។

អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មានការ​នាំចេញ និង​ការ​នាំចូល​វត្ថុ​បុរាណ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំងឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។ ប្រទេស​ជា​ហត្ថលេខី​ដែល​ទទួលស្គាល់​អនុសញ្ញា​នេះ សរុប​ចំនួន ១២៨​ប្រទេស។ ក្នុង​នោះ​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី នៅ​ឆ្នាំ​១៩៧២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ជំនាញ​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​ប្រើ​ជី​ធម្មជាតិ

$
0
0

ក្រុម​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​ប្រើ​ជីធម្មជាតិ ឬ​ជីសរីរាង្គ ជៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព។ យ៉ាងណា​ក៏​ដោយ​ចុះ កសិករ​លើក​ឡើង​ថា ពួកគេ​អាច​ដាំ​បន្ថែ​មិន​ប្រើ​ជីគីមី​បាន ប៉ុន្តែ​ក្រសួង​មាន​សមត្ថកិច្ច​គួរ​ជួយ​រក​ទីផ្សារ​ឲ្យ​បន្លែ​របស់​ពួកគេ​ផង។

ការ​លើក​កម្ពស់​ពី​សុវត្ថិភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​កម្ពុជា ត្រូវ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម លើក​មក​ជជែក​គ្នា នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ថ្ងៃ​ទី​២១ ខែ​មេសា ដើម្បី​ជំរុញ​ការ ដាំ​ដុះ​តាម​គោល​ការអនុវត្ត​កសិកម្ម​ល្អ ឬ​ហៅថា​(GAP)។ ការ​ជំរុញ​នេះ ស្រប​ពេល​ដែល​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ការ​អភិវឌ្ឍ(អ៊ីកូ) កាល​ពី​ពេល​ថ្មីៗ​នេះ រក​ឃើញ​ថា ៩៥​ភាគរយ​នៃ​អ្នក​បរិភោគ​បន្ថែ មានការ​ព្រួយបារម្ភ​អំពី​កម្រិត​ជាតិគីមី​នៅ​កន្លែង។

ប្រធាន​អង្គការ​ជីវិត​ថ្លៃថ្នូរ លោក មិន ស សង្កេត​ឃើញ​ថា នៅ​ពេល​នេះ​ពលរដ្ឋ​ចាប់​ផ្ដើម​បារម្ភ​ពី​បន្លែ​ដែល​មាន​គីមី។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​ដឹង​ថា អង្គការ​របស់​លោក បាន​បណ្ដុះបណ្ដាល​កសិករ​ប្រាំ​ខេត្ត ដើម្បី​ដាំ​បន្លែ​ដោយ​ប្រើ​ជីសរីរាង្គ ឬ​ជីធម្មជាតិ ដែល​ក្នុង​មួយ​ខែៗ ទទួល​បាន​ទិន្នផល​ជាង​មួយ​តោន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ប៉ុន្តែ​លោក​ថា ចំនួន​នេះ​តិចតួច​ណាស់​បើ​ធៀប​តម្រូវការ​ទីផ្សារ៖ «ភាគច្រើន​អតិថិជន​ច្រើនតែ​សួរ​ថា បន្លែ​នឹង​ដាក់​គីមី​អត់ កន្លែង​នឹង​មួយ​ធ្វើ​ឲ្យ​ពួកគាត់​អ្នក​ដាំ​បន្លែ​យល់​ដឹង»

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ បង្ហាញ​ថា បរិមាណ​បន្លែ​ដែល​ផ្គត់ផ្គង់​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ចំនួន​ជិត​១​លាន (,៩៣​លាន)តោន ក្នុង​នោះ​បរិមាណ​បន្លែ​ក្នុងស្រុក​៤៤% ចំណែក​បន្លែ​នាំចូល​ពី​ក្រៅ​ប្រទេស​៥៦%។ ការសិក្សា​ដោយឡែក​មួយ​បង្ហាញ​ដែរ​ថា បរិមាណ​បន្លែ​របស់​ប្រទេសជិតខាង​ដែល​នាំ​ចូល​មក​ក្រុងភ្នំពេញ ប្រមាណ​២០០​តោន ទៅ​៣០០​តោន ក្នុង​មួយថ្ងៃ។

តំណាង​ក្រុម​កសិករ​ដាំ​បន្លែ​មិន​ប្រើ​ជីគីមី មកពី​ខេត្ត​កំពង់ឆ្នាំង លោក ស្រី ហឹម ផល្លី ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ ជីវិត​ថ្លៃថ្នូរ ដែល​ពីមុន​ធ្លាប់​ប្រើ​ជីគីមី បែរ​មក​ប្រើ​ជីសរីរាង្គ​វិញ ឲ្យ​អាស៊ីសេរី​ដឹង​ថា បន្លែ​ប្រើ​ជីសរីរាង្គ​ល្អ​ទាំង​គុណភាព​បន្លែ និង​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​បរិភោគ។ ប៉ុន្តែ លោកស្រី លើក​ឡើង​ថា​កសិករ ជួប​លំបាក​ព្រោះ ការ​ដាំដុះ​បន្លែ​នេះ ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន បន្លែ​ពិបាក​ថែទាំ​នៅ​ពេល​រង​ការ​វាយ​ប្រហារ​ពី​សត្វល្អិត កសិករ​ពិបាក​រក​ទីផ្សារ និង ការ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ជាដើម៖ «ពេល​ដែល​យើង​ផលិត​បាន​ច្រើន លើស​ពី​តម្រូវការ យើង​យក​ទៅ​លក់​នៅ​ទីផ្សារ​ឯកជន​គេ​ទម្លាក់​តម្លៃ»

តាម​ការ​បញ្ជាក់ របស់​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម គ្រប់​បន្លែ​សុទ្ធតែ​ជីជាតិ​អាច​ទ្រ​ទ្រ​រាងកាយ​ដូច​របស់​មនុស្ស​ដូចគ្នា ប៉ុន្តែ បន្លែ​ដែល​ប្រើប្រាស់​ជី​គីមី​មិន​ត្រឹមត្រូវ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម លោក បណ្ឌិត ហ៊ាន វណ្ណហ៊ន ឲ្យ​ដឹង​ថា ក្រសួង​បាន​ជំរុញ​កសិករ ផលិត​បន្លែ​គ្រប់មុខ​ដោយ​មានការ​ចងក្រង​សហគមន៍ ក្នុង​ការផលិត​បន្លែ ហើយ​ថែមទាំង​កែច្នៃ​បន្លែ​នៅ​រដូវ​សំបូរ​បន្លែ។ លោក​យល់ថា នៅ​ពេល​កសិករ​ខ្មែរ​ផលិត​បន្លែ​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់ នោះ​បន្លែ​នាំចូល​ពី​ក្រៅ​ក៏​មិន​អាច​នាំចូល​បាន​ទៀត​ទេ៖ «យើង​បាន​រៀបចំ​ចងក្រង​ជា​សហគមន៍​ជំរុញ​គាត់ បង្រៀន​គាត់​ឲ្យ​ចេះ​ផលិត​បន្លែ»

យ៉ាងណា​ក៏ដោយ​ចុះ អ្វី​ដែល​កសិករ​ជួបប្រទះ គឺ​កសិករ​ប្រមូល​ផល ប៉ុន្តែ​បន្លែ​របស់​ពួកគេ​បែរ​ចុះថោក។ ចំណុច​នេះ មន្ត្រី​ជំនាញ​កសិកម្ម លោក បណ្ឌិត ហ៊ាន វណ្ណហ៊ន ថា ព្រោះ​បន្លែ​របស់​កសិកម្ម​មិនបាន​ហូរ​ចូល​ទីផ្សារ ដែល​លោក​ទាមទារ​ឲ្យ​កសិករ​ផលិត​បន្លែ​ណា​ទីផ្សារ​ត្រូវការ។

ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​ប្រជាកសិករ និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​យល់ថា ទាល់តែ​រដ្ឋាភិបាល​ចេញមុខ​បង្កើត​គោលដៅ​ជាក់លាក់ និង​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​កសិករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ​ខេត្ត​ស្ទឹងត្រែង​មួយ​ចំនួន​បារម្ភ​មិន​បាន​ទទួល​ព័ត៌មាន​បោះឆ្នោត

$
0
0

ប្រជាពលរដ្ឋ​ជាង​៩០​គ្រួសារ រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន​ខេត្ត​ស្ទឹងត្រែង ដែល​បដិសេធ​មិន​ព្រម​ចាក​ចេញពី​ភូមិកំណើត ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បារម្ភ​ខ្លាច ពួកគាត់​មិនបាន​ទទួល​ព័ត៌មាន​បោះឆ្នោត​ដោយសារតែ រដ្ឋាភិបាល​ឃុំ​ស្រែគរ បាន​ផ្លាស់ប្ដូរ​ទៅ​នៅ​កន្លែង​ថ្មី តាម​គម្រោង​ជម្លៀស​ពលរដ្ឋ​ទៅ​តាំង​លំនៅឋាន​ថ្មី។

តំណាង​ប្រជាពលរដ្ឋ​ជាង ៩០​គ្រួសារ​រស់នៅ​ឃុំ​ស្រែគរ អះអាង​ថា ពួកគេ​ពុំ​ទាន់​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​នៅ​ឡើយ ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុងតែ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ទៅដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​គម្រោង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ ហើយ​មក​រស់នៅ​ទីតាំង​ថ្មី។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ខាន បញ្ជាក់​នៅ​ថ្ងៃទី២១ មេសា ថា រហូត​មក​ទល់​ពេល​នេះ​អ្នកភូមិ​មិនបាន​ពី​ប្រក្រតីទិន​ការចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​នៅឡើយ ដោយសារតែ​រដ្ឋបាល​ឃុំ​បាន​ប្ដូរ​ចេញពី​ភូមិ​ចាស់​នេះ​ច្រើន​ខែ​ហើយ។ លោក​បន្ត​ថា អ្នកភូមិ​ដែល​បន្ត​រស់នៅ​ភូមិ​ចាស់​មានបំណង​ចង់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ខាងមុខនេះ ហេតុនេះ​អ្នកភូមិ​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចាត់វិធានការ​ចុះ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ដល់​ពួកគាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទាក់ទិន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា៖ «ដាក់​នៅ​ឆ្ងាយ​នឹង​ទៅ ឲ្យ​តែ​យើង​មាន​សិទ្ធិ​បោះឆ្នោត»។ ​

ស្រដៀង​គ្នា​នេះ​ដែរ​អ្នកភូមិ​ស្រែគរ​ម្នាក់ទៀត គឺ​អ្នកស្រី វ៉ាន់ ម៉ៃ កត់​សម្គាល់​ថា ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទាក់ទិន​ការចូលរួម​បោះឆ្នោត ហេតុនេះ ប្រសិនបើ​អាជ្ញាធរ​ពុំបាន​ចែក​ខិត្តប័ណ្ណ​នេះ​ដល់​ពួកគាត់​ទេ​នឹង​អាច​ធ្វើ​ឲ្យ អ្នកភូមិ​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ សម្រាប់​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ៖ «អត់​ចោល​ទេ​សន្លឹកឆ្នោត​ទៅ​បោះ​នៅ​ឆ្ងាយ​ក៏​ទៅ​ដែរ»

គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គជប បាន​រៀបចំ​ឲ្យ​គណៈកម្មការ​ឃុំ​/​សង្កាត់​រៀបចំ​ការបោះឆ្នោត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ជូន​ពលរដ្ឋ ចាប់ពី​ថ្ងៃទី១៧ ខែ​មេសា ដល់​ថ្ងៃទី១៦ ខែ​ឧសភា ដើម្បី​ប្រជាពលរដ្ឋ​មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅ​ថ្ងៃ​បោះឆ្នោត។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ខេត្ត​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ ដោយសារ​លោក​កំពុង​ព្យាបាល​ជំងឺ។ ចំណែក​មេឃុំ​ស្រែគរលោក សៀក មេគង្គ ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ទទួល​ប័ណ្ណ​ព័ត៌មាន​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រួចហើយ និង​កំពុង​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​គោលដៅ​មួយ​ចំនួន លើកលែង​ពលរដ្ឋ ៩០​គ្រួសារ ដែល​អាជ្ញាធរ​មូលដ្ឋាន​ពុំ​ទាន់​បាន​ទៅដល់។ លោក​ថា តាម​គោលការណ៍​នឹង​ត្រូវ​ចែក​គ្រប់គ្នា ហេតុនេះ​ប្រជាពលរដ្ឋ​ត្រូវ​រង់ចាំ​ក្រុមការងារ​រហូតដល់​ថ្ងៃ​ផុត​កំណត់ ចែក​ប័ណ្ណ​ព័ត៌មាន​នេះ៖ «ប៉ុន្តែ​ក្នុង​បី​ក្រុម​ហ្នឹង​យើង​ពុំ​ទាន់​បាន​ចុះ​ដល់​ទេ»

ទោះជា​យ៉ាង​នេះ​ក្ដី​ប្រធាន​ស្ដីទី គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង លោក សាត ស៊ិន កត់​សំគាល់​ថា កន្លងទៅ​នេះ ការចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​តាមរយៈ​មន្ត្រី​មូលដ្ឋាន មានការ​រើសអើង​ប្រជាពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ការចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​គួរ​ធ្វើឡើង​តាមរយៈ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ទើប​អាច​ជឿ​ទុក​ចិត្ត​បាន៖ «ការចែក​ប័ណ្ណ​ព័ត៌មាន​ធ្វើតាម​មន្ត្រី​គជប​សុទ្ធ អាហ្នឹង​បាន​អាច​បាន ប្រសិនបើ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​ការចែក​ប័ណ្ណ​ព័ត៌មាន មិន​ប្រក្រតី​នៅឡើយ»

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦​មាន​ចំនួន ១​ពាន់ ៣​រយ​៥​នាក់ រហូត​មក​ទល់​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​ទើបតែ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​បាន​ជាង ២០០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពលរដ្ឋ​អាច​ច្រឡំ​លើ​នីតិវិធី​គ.ជ.ប​ដែល​ឲ្យ​ស៊ីញ៉េ​លើ​សន្លឹក​ឆ្នោត

$
0
0

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ថា​អ្នក​បោះ​ឆ្នោត​អាច​ច្រឡំ​ចុះ​ហត្ថលេខា​ ឬ​ស៊ីញ៉េ​លើ​សន្លឹក​ឆ្នោត ដែល​នឹង​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ខូច ឬ​សន្លឹក​ឆ្នោត​មិន​បាន​ការ។ តាម​នីតិវិធី គ..ប តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ស៊ីញ៉េ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពេល​បោះឆ្នោត។ សង្គម​ស៊ីវិល យល់​ស្រប​ចំពោះ​ការ​បារម្ភ​នេះ ហើយ​ថា គ..ប មិន​គួរ​ប្រើ​នីតិ​វិធី​ស្មុគស្មាញ​ពេក​ទេ។

មួយថ្ងៃ​​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ..ប ចាប់ផ្ដើម​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល ៣​ថ្ងៃ ដល់​មន្ត្រី និង​គ្រូ​បង្គោល​របស់​ខ្លួន អំពី​នីតិវិធី បទ​បញ្ជា និង​គោលការណ៍​ច្បាប់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី នៅ​ថ្ងៃទី២១ ខែ​មេសា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ថា​អ្នក​បោះ​ឆ្នោត​អាច​ច្រឡំ​ទៅ​ស៊ីញ៉េ​សន្លឹក​ឆ្នោត​ នៅ​ពេល​ដែល គ ជ ប ណែនាំ​អោយ​ស៊ីញ៉េ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត។

អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ឆ្នាំង លោក ដួង ចន្ដ្រា ថ្លែង​ថា សន្លឹក​ឆ្នោត​ដ៏​មាន​តម្លៃ​របស់​ពលរដ្ឋ អាច​នឹង​មិន​យក​ជា​ការ​បាន​បើ​ពួកគេ​ច្រឡំ​ស៊ីញ៉េ ឬ​ធ្វើ​ឲ្យ​មាន​ស្នាម​ប្រឡាក់​នៅ​លើ​សន្លឹក​ឆ្នោត​នោះ។ លោក​ស្នើ​ឲ្យ គ..ប កែប្រែ​នីតិវិធី​ត្រង់​ចំណុច​នេះ ដោយ​គ្រាន់​តែ​ឲ្យ​មន្ត្រី​តាម​ការិយាល័យ​យក​ប៉ិច​គូស​លើ​ឈ្មោះ ដែល​បាន​បោះ​ហើយ​ជា​ការ​ស្រេច៖ «បើ​គាត់​ស៊ីញ៉េ​បែប​នេះ​មែន វា​នឹង​ប៉ះពាល់​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត ព្រោះ​កន្លង​ទៅ​សន្លឹក​ឆ្នោត​ដែល​មាន​ចុះហត្ថលេខា​ក្ដី ផ្ដិតមេដៃ​ក្ដី ឬ​សរសេរ​ជា​គំនូស​អក្សរ​ក្ដី គឺ​គេ​មិន​អាច​ទទួល​យក​ទេ ទុក​សន្លឹក​ឆ្នោត​នោះ​ជា​មោឃៈ។ អីចឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ដ​ច្រឡំ​ដល់​ពលរដ្ឋ​យើង​មួយ​ចំនួន​ដែល​ចំណេះដឹង​របស់​គាត់​នៅ​មាន​កម្រិត ធ្វើ​ឲ្យ​គាត់​ច្រឡំ​ថា​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ នឹង​ឲ្យ​ចុះ​ហត្ថលេខា​លើ​សន្លឹក​ឆ្នោត»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ដើម្បី​ឆ្លើយតប​នឹង​ក្ដី​បារម្ភ​នេះ​បាន​ទេ​នៅ​ថ្ងៃទី២១ ខែ​មេសា។ ប៉ុន្តែ​អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា បញ្ជាក់​ថា នីតិវិធី​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ចំណុច​ពិសេស​ខុស​ពី​អាណត្តិ​មុន ដែល​បញ្ជី​ឈ្មោះ​មាន​រូបថត និង​មាន​ចន្លោះ​សម្រាប់​ឲ្យ​អ្នក​បោះឆ្នោត​ចុះ​ហត្ថលេខា ដើម្បី​បង្ការ​ការ​បោះឆ្នោត​ស្ទួន៖ «ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ។ អ៊ីចឹង​យើង​ថា​ឯកសារ​មាន​តែ​មួយ​គត់ ដែល​កំណត់​នៅ​ក្នុង​មាត្រា​៤៦ នេះ។ ប៉ុន្តែ​នៅ​ក្នុង​ជំពូក​អន្តរ​បញ្ញត្តិ​មាត្រា​១៦៩ ចែង​ថា ប្រជាពលរដ្ឋ​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គាត់​អាច​បោះឆ្នោត​បាន​ដោយ​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ពីរ គឺ​ទី​មួយ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨។ មាន​ន័យ​ថា ផុត ២​ឆ្នាំ​ហ្នឹង​ទៅ គឺ​ឆ្នាំ​២០១៧ និង ២០១៨ សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត មាន​តែ​ឯកសារ​តែ​មួយ​គត់​សម្រាប់​ការ​បោះឆ្នោត គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ>>

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា ឲ្យ​តែ​មាន​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រឹមត្រូវ ចំពោះ​នីតិវិធី​នៅ​ដំណាក់​កាល​បោះ​ឆ្នោត មាន​តែ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ និង​ការ​ផ្ទៀងផ្ទាត់​រូប​ថត ជា​មួយ​បុគ្គល​ដែល​ត្រូវ​បោះឆ្នោត​នោះ​ជា​ការ​ស្រេច។ លោក​ថា គ..ប មិន​គួរ​បង្កើត​នីតិ​វិធី​ស្មុគស្មាញ​ពេក​ដែល​ធ្វើ​អ្នក​បោះ​ឆ្នោត​លំបាក ឬ​ភ័ន្តច្រឡំ​នោះ​ទេ៖ «វា​ជា​ការ​ប្រសើរ​មួយ​ហើយ បើ​សិន​ជា​អាច​ធ្វើ​បាន ប៉ុន្តែ​វា​បង្កើត​ភាព​ស្មុគស្មាញ​សម្រាប់​ប្រជា​ពលរដ្ឋ​វិញ​ទេ ព្រោះ​អ្នក​ខ្លះ​អត់​ចេះ​ស៊ីញ៉េ​ហើយ​គាត់​ស៊ីញ៉េ​គាត់​ធ្វើ​ង៉េមង៉ាម​ៗ ហើយ​ដូច​ខ្ញុំ​ជម្រាប​ពី​ខាង​ដើម​ថា វា​មិនមែន​ទាល់​តែ​ស៊ីញ៉េ​បាន​អាច​លប់​បំបាត់​ការ​បោះឆ្នោត​ស្ទួន​វា​មិនមែន​ទេ ព្រោះ​បោះ​ឆ្នោត​ពីរ​ទាល់​តែ​មាន​ឈ្មោះ​ហ្នឹង​ពីរ​ដង ព្រោះ​ស៊ីញ៉េ​ជំនួស​ជំនួស​បាន​ដែរ»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៤ ខែ​មិថុនា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​ប្រមាណ​២រយ​នាក់​នឹង​ធ្វើ​ខួប​៥ឆ្នាំ​នៃ​ឃាតកម្ម​​លោក​ឈុត វុទ្ធី នៅ​មុខ​វាំង

$
0
0

អង្គការ-សមាគម​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​នឹង​ចូលរួម​ប្រារព្ធ​ខួប ៥ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី។ យុទ្ធនាការ​ដែល​បើក​សិទ្ធិ​ឲ្យ​អ្នក​ចូល​រួម មើល​វីដេអូ នៅ​លើ​ទូរស័ព្ទ​ដៃ​អំពី " ខ្ញុំ​ជា ឈុត វុទ្ធី " នេះ នឹង​រៀបចំ​ឡើង​នៅ​ខាង​មុខ ​ព្រះបរមរាជវាំង​ពេល​ល្ងាច។ ការ​ជួបជុំ​នេះ គឺ​ដើម្បី​រំលឹក​ដល់​ការ​បាញ់​សម្លាប់ អ្នក​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា។

អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា យុទ្ធនាការ​ក្រោម​ប្រធាន​បទ " យុត្តិធម៌​នៅ​ជើង​មេឃ " សម្រាប់​លោក ឈុត វុទ្ធី នេះ​គឺ​ជា​ការ​ប្រារព្ធ​ឡើង​ដើម្បី​ទាមទារ​យុត្តិធម៌ ចំពោះ​បុព្វហេតុ​នៃ​កា​ការពារ​ធនធានធម្មជាតិ ដែល​អ្នក​ការពារ​បរិស្ថាន​រូប​នេះ បាន​បូជា​ស្ទើរ​មួយ​ជីវិត​របស់​លោក​ទៅ​ហើយ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែ មេសា ថា អ្នក​ចូលរួម​ខួប៥ឆ្នាំ​នៃ​អំពើ​ឃាតកម្ម នៅ​ថ្ងៃ​ទី ២៦ ខាង​មុខ​នេះ​ក្រៅ​ពី​អង្គការ-សមាគម​ហើយ គឺ​នៅ​មាន​ក្រុម​យុវជន​មក​ពី​បណ្ដាញ​ព្រៃ​ឡង់ ក្រុម​និស្សិត និង​សហគមន៍​ផ្សេង​ទៀត​ដែរ។ លោក​បន្ត​ថា យុទ្ធនាការ​នេះ​ក្រៅ​ពី ទទូច​ឲ្យ​មាន​យុត្តិធម៌​ហើយ ក៏​ចង់​ផ្ញើ​សារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​ដែរ​ថា សំណុំរឿង​ដែល​បាន​បិទ​បញ្ចប់​ក្រោម​ការ​ស៊ើបអង្កេត​កន្លង​ទៅ ជា​ករណី​មិន​អាច​ទទួល​យក​បាន​ទេ៖ «រយៈពេល៥ឆ្នាំ​សំណុំរឿង​បាន​ស្ងាត់​ទៅ​វិញ​ហើយ​យុត្តិធម៌ ដែល​គ្រួសារ​របស់​សកម្មជន​ការពារ​ព្រៃឈើ​ចង់​បាន​ជាពិសេស​ពលរដ្ឋ​ខ្មែរ​ពេល​ដែល​ឮ​ឈ្មោះ ឈុត វុទ្ធី នេះ​គឺ​គាត់​មាន​សង្ឃឹម​តិចតួច និង​អ្នក​ខ្លះ​អត់​សង្ឃឹម​តែម្ដង»

លោក ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ២០១២។ របាយការណ៍​ស៊ើបអង្កេត​របស់​នគរបាល​យុត្តិធម៌ កាល​ពី៥ឆ្នាំ​មុន​បាន​បិទ​បញ្ចប់​ទៅ​ត្រឹម​លោក ឈុត វុទ្ធី មាន​ជម្លោះ​ដោយ​ពាក្យ​សំដី​រួច​បាញ់​ត​គ្នា​ជា​មួយ​មន្ត្រី​កងរាជអាវុធហត្ថ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ អ៊ិន រតនា និង​ឈ្មោះ រ៉ាន់ បូរ័ត្ន បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន Timber Green ក្នុង​ខេត្ត​កោះកុង។

អាស៊ី​សេរី ពុំ​អាច​ទាក់ទង​សាច់ញាតិ​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ដើម្បី​បញ្ជាក់​បន្ថែម​អំពី​គម្រោង​រៀបចំ​ពិធី​ខួប៥ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី ២២ មេសា។ ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ​ប្រពន្ធ​អ្នក​ការពារ​បរិស្ថាន​រូប​នេះ តែង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​វាលស្បូវ​មិន​ដែល​លោះ​ឡើយ។

អភិបាល​រង និង​ជា​​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា បដិសេធ​ថា មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​ការ​ស្នើ​សុំ ដើម្បី​ប្រារព្ធ​ពិធី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ប្រាកដ​ថា​សាលាក្រុង​អនុញ្ញាត ឬ​មិន​អនុញ្ញាត លុះ​ត្រា​ឃើញ​លិខិត​ស្នើ​សុំ​រៀបចំ​កម្មវិធី​ជា​មុន​សិន៖ «យើង​មាន​ច្បាប់​ហើយ​គាត់​ធ្វើ​ដោយ​មិន​ស្នើសុំ​ធ្វើ​សម្រេច​ចិត្ត​ម៉េច​កើត? ។យើង​ចាំ​មើល​ការ​ស្នើសុំ​សិន ធ្វើ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

បើ​ទោះ​ជា​បែប​ណា លោក ទឹម ម៉ាឡៃ បញ្ជាក់​ថា​យុទ្ធនាការ​នេះ មិន​ចាំបាច់​ទាមទារ​លិខិត​ស្នាម​អ្វី​ឡើយ ព្រោះ​ការ​រៀបចំ​នេះ​ធ្វើ​ឡើង គ្រាន់​តែ​ជា​ការ​សំដែង​មតិ​ប៉ុណ្ណោះ។

ក្រោយ​ឃាតកម្ម​កើត​ឡើង មាន​ជន​សង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​រឿង​ក្ដី​នេះ ត្រូវ​តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់។ បុគ្គលិក​របស់​ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន ដែល​ពាក់ព័ន្ធ​ករណី​នេះ ត្រូវ​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​អនុវត្ត​ទោស​បាន ១ភាគ៣ នៃ​ទោស​បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស កាល​ពី​ខែ តុលា ឆ្នាំ២០១២ ដាក់​ពន្ធនាគារ ២ឆ្នាំ រី​ឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

អង្គការ​លីកាដូ (Licadho) បាន​ចេញ​របាយការណ៍​ភ្លាមៗ នៅ​ពេល​តុលាការ​ខេត្ត​កោះកុង​អនុវត្ត​សាលក្រម​នេះ​រួច។ ស្ថាប័ន​លើក​កម្ពស់​ផ្នែក​សិទ្ធិមនុស្ស​នេះ យល់​ឃើញ​ថា ការ​ធ្វើ​ត្រាប់​តាម​ឡើង​វិញ ពី​សកម្មភាព​របស់​ឈ្មោះ រ៉ាន់ បូរ័ត្ន គឺ​ក្លែងក្លាយ និង​មិន​អាច​ជឿ​ទុក​ចិត្តបាន​ថែម​ទៀត​ផង។

របាយការណ៍​ដដែល​នេះ ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា ជា​ធម្មតា​គ្មាន​មធ្យោបាយ​ណា​ដែល​កាំភ្លើង​ដ៏​វែង​របស់​ឈ្មោះ អ៊ិន រតនា អាច​បែរ ១៨០ ដឺក្រេ ហើយ​បណ្ដាល​ឲ្យ​បាញ់​ត្រូវ​កន្លែង​ពីរ​ផ្សេងគ្នា​ ដោយ​មួយ​នៅ​ទ្រូង ឯ​មួយ​ទៀត​នៅ​ចំ​ត្រង់​ពោះ​លោក អ៊ិន រតនា នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ជា​ថ្មី​ពី​ការ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស

$
0
0

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា នៅ​ក្រោយ​ពេល​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ នឹង​កើតមាន​ជាក់​ជាមិនខាន។ ការ​បារម្ភ​នេះ ក្រោយពេល​ពួកគាត់ ប្រទះឃើញ​គោយន្ត​ច្នៃ​រាប់​សិប​គ្រឿង​សម្រុកចូល​ទៅ​ក្នុង​ព្រៃ ហើយ​ភាគច្រើន​ជា​មុខសញ្ញា​ធ្លាប់​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ថែមទៀត​ផង។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​សកម្មភាព​ល្បាត​ព្រៃ​នៅ​តំបន់​ព្រៃ​អភិរក្ស​ឡើងវិញ ក្រោយពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រួច។

បន្ថែម​ពី​នេះ ត្រូវ​ស៊ើបអង្កេត​ក្រុម​គោយន្ត​ច្នៃ​រាប់​សិប​គ្រឿង ដែល​ពួកគាត់​បាន​ប្រទះឃើញ សម្រុកចូល​ព្រៃ​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចុងក្រោយ និង​ថ្ងៃ​បន្តបន្ទាប់​ជៀសវាង​បណ្ដោយ​ឱ្យ​ពួកគេ​មានលទ្ធភាព​កាប់​នឹង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​បន្ត​ទៀត។

បណ្តាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ លោក ហឿន សុភាព មានប្រសាសន៍​នៅ​ថ្ងៃ​ទី២២ មេសា លោក​បាន​ប្រទះឃើញ​ក្រុម​គោយន្ត​ច្នៃ​ធ្វើដំណើរ​ចូល​ព្រៃ​កាលពី​ថ្ងៃទី១៦ មេសា ពី​ចំណុច​ភូមិ​ក្បាល​ខ្លា ឆ្ពោះ​ទៅ​ព្រៃ​ជម្រក​សត្វ។ ក្រៅ​ពី​នេះ បណ្ដាញ​ការពារ​ព្រៃ​ឡង់​រាយការណ៍​ប្រាប់​លោក​ថា​សកម្មភាព​គោយន្ត​ច្នៃ សម្រុកចូល​ព្រៃ​គឺ មាននៅ​ច្រក​៩៩ ផ្លូវ​ព្រះអាទិត្យ និង​នៅ​ចំណុច​ភូមិ​ស្រែ​វាល ឃុំ​ដងកាំបិត ដោយ​មួយ​ច្រកៗ មាន​គោយន្ត​មិន​ក្រោម​ពី ១០​គ្រឿង​ឡើយ ប៉ុន្តែ​លោក​មិន​ដឹង​ថា​ពួកគេ​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​ចំណុច​ណា​ទេ។ លោក​អះអាង ថា ម្ចាស់​គោយន្ត​ទាំងនោះ​គឺ ចូល​ព្រៃ​ដើម្បី​កាប់​នឹង​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ពីព្រោះ​ពួកគេ ភាគច្រើន​ជា​មុខសញ្ញា​ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​នោះ៖ «បានជា​ខ្ញុំ​អះអាង​ព្រោះ​ខ្ញុំ​ស្គាល់​ពីមុខ​សញ្ញា​គោយន្ត​ដែល​ដឹក​ឈើ​គឺ​ខុសគ្នា​ទៅ​គោយន្ត​ដែល​ដឹក​ជ័រទឹក​ឬ​ដឹក​អី​ផ្សេងៗ»

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ​) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន៤ រួមមាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​ថា គោ​យន្ត​ដែល​សម្រុកចូល​ព្រៃ​តាម​អ្វី​ដែល​សហគមន៍​អះអាង គឺ មិន​ប្រា​កថា​ចូល​ទៅ​ដើម្បី​កាប់ និង​ដឹកជញ្ជូន​ឈើ​នោះ​ទេ ពីព្រោះ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​មាន​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​តែង​ចេញចូល​ទៅកាន់​ដីចម្ការ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ប្រសិនបើ​សហគមន៍​ច្បាស់​ថា​ក្រុម​គោយន្ត​ទាំងនោះ​ជា​មុខសញ្ញា ពួកគាត់​អាច​ផ្ដល់​ព័ត៌មាន​មកកាន់​មន្ត្រី​ជំនាញ ដើម្បី​សហការ​គ្នា​ចាត់វិធានការ​តែម្ដង​៖ «ចំពោះ​មុខ​សញ្ញា​ហ្នឹង​ប្រសិនបើ​គាត់​ដឹង​ច្បាស់ គាត់​អាច​បាញ់​តាម​តេឡេក្រាម (Telegram) ឬ វ័តអាប់ (Whatsapp) អីចឹង​មក គឺ​ខ្ញុំ​សហការ គ្នា​ជួយ។ ប៉ុន្តែ បើ​មាន​ដឹង​កន្លែង​ស្តុក​ទុក​កន្លែង​អីហ្នឹង គឺ​ប្រាប់​ចំៗ មក​ពួក​ខ្ញុំ​សហការ​គ្នា​ចុះ​ចាប់​តែម្ដង»

មន្ត្រី​ជំនាញ​ដដែល អះអាង​ថា​ពួកគាត់​បាន​ចូល​បំពេញការងារ​ជា​ធម្មតា មិន​តែ​ប៉ុណ្ណោះ​កម្លាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចាត់វិធានការ​បង្ក្រាប សកម្មភាព​បទល្មើស​នៅ​ក្រោយ​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដូចជា​ដក​ហូត​រណា​យន្ត​ចំនួន ១២គ្រឿង គោយន្ត ២​គ្រឿង អប់រំ​ផ្សព្វផ្សាយ និង​ធ្វើ​កិច្ចសន្យា​ដល់​ពលរដ្ឋ​ជាង ៥០​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ទាំង ៤ ខេត្ត លោក សេង សុខហេង អះអាង​ថា នៅ​ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ បទល្មើស​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ទាំង​៤ ខេត្ត គឺ ពិតជា​កើតមាន​ប្រាកដ​មែន។ ការ​កើត​មាន​បទល្មើស ព្រោះ​ជា​ឱកាស​សម្រាប់​ជនល្មើស​នៅ​ពេល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​សម្រាក ហើយ​មាន​ខ្លះ​មិនទាន់​ចូល​ធ្វើ​ការងារ​ពេញលេញ ម្យ៉ាងទៀត​ក៏​ជា​ឱកាស​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​ចំនួន​ឆ្លៀត​ប្រព្រឹត្ត​អំពើពុករលួយ​ផង៖ «ហើយ​អ្វី​ដែល​យើង​ទទួល​បាន​ព័ត៌មាន​ហ្នឹង គឺ​ពួកគាត់​ដែល​ចូល​ទៅ​ភាគច្រើន​ជា​អ្នក​ខាងក្រៅ ។ គាត់​ស្គាល់​ណាស់​គោយន្ត​ដែល​ចូល​ទៅ​គឺ​គោយន្ត​សម្រាប់​ដឹក​ឈើ​តែម្ដង»

លោក​ទទួល​ស្គាល់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ កន្លង​មក ប៉ុន្តែ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ។ លោក​យល់ថា​ដើម្បី​ឱ្យ​កិច្ចការពារ​ព្រៃឈើ ពិសេស​ព្រៃ​អភិរក្ស​មាន​ប្រសិទ្ធភាព គឺ ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការលើកលែង ហើយ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដូចជា មន្ត្រី​ឧកញ៉ា អាជ្ញាធរ និង ក្រុម​អ្នកមាន​ប្រាក់ ដែល​ជា​ឈ្មួញ​ធំៗ នៅ​ពី​ក្រោយខ្នង​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ឈើ​ទាំងឡាយ។ បើ​ពុំ​ដូច្នេះ វាសនា​ព្រៃឈើ ត្រូវ​ប្រឈម​ក្ដី​វិនាស​មិនខាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហជីព​គ្រោង​ហែ​ក្បួន​ជាង​៣​ពាន់​នាក់​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

$
0
0

សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ ដែល​មាន​ផ្នែក​កាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គ្រោង​ហែ​ក្បួន​ជាង​៣​ពាន់​នាក់ ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ ឧសភា។ ក្រុម​ការងារ​នេះ កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​សាលា​រាជធានី​ជុំវិញ​ការ​ជូន​ដំណឹង​នៃ​ការ​ជួបជុំ​ហែ​ក្បួន​នេះ។

សហព័ន្ធ​សហជីព ​និង​សមាគម​ក្នុង​វិស័យ​ការងារ​ប្រកាន់​ជំហរ​ថា នឹង​ហែ​ក្បួន​ជាង​៣​ពាន់​នាក់ ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ មេសា ថា ក្រៅ​អំពី​ការ​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ វា​ក៏​ជា​ឱកាស​រំលឹក​និង​គោរព​ដល់​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​លះបង់​តស៊ូ​មតិ​ក្នុង​វិស័យ​ការងារ​ហើយ​បាន​លាចាក​លោក​ទៅ។ លោក អាត់ ធន់ បញ្ជាក់​ថា ក្រុម​ការងារ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួបជុំ ​និង​ហែ​ក្បួន​មាន​ឧបសគ្គ​ច្រើន​លោក​សង្ឃឹម​ថា សាលា​រាជធានី​នឹង​យល់​ពី​បញ្ហា​នេះ៖ «យើង​មាន​ដំណឹង​ធ្វើ​នេះ​គឺ​យើង​គ្រោង​ការ​ហែ​ទៅ​រដ្ឋសភា​ហ្នឹង ទោះ​បី​ថា​ឲ្យ​មិន​ឲ្យ​វា​ជា​រឿង​របស់​សាលា​ក្រុង។ យើង​យោង​ទៅ​លើ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​គឺ​យើង​មាន​សិទ្ធិ លើកលែង​តែ​វា​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សន្តិសុខ​ជាតិ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​បាន»

លោក​ថា ក្រុម​ការងារ​បាន​ដាក់​សេចក្ដី​ជូន​ដំណឹង​តាំង​ពី​ថ្ងៃ​ទី​១០ មេសា ទៅ​សាលា​រាជធានី​ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឆ្លើយ​នៅ​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង លោក ម៉េត មាសភក្ដី ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ មេសា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ

ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ខួប​លើក​ទី​១៣១ ឆ្នាំ​២០១៧ រៀបចំ​ឡើង​ក្រោម​ប្រធានបទ បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព។ ក្នុង​ពិធី​នេះ សហព័ន្ធ​មក​ពី​កាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នឹង​ជួបជុំ​គ្នា​ជាង​៣​ពាន់​នាក់ នៅ​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ីឌីស៊ី (CDC) នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១ ឧសភា ថ្លែង​សារ​អំពី​ទុក្ខ​លំបាក​របស់​កម្មករ បន្ទាប់​មក​ហែ​ក្បួន លើក​បដា តាម​ដង​វិថី​មាត់​ទន្លេ​រួច​ឆ្ពោះ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ឲ្យ​ដោះស្រាយ​បញ្ហា​នានា។

លោក អាត់ ធន់ ចង់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​អំពី​ការ​រំលោភ ឬ​ការ​អនុវត្ត​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ និង​សហជីព ស្នើ​ឲ្យ​រដ្ឋសភា​ពិនិត្យ​មើល​ច្បាប់​និង​បទដ្ឋាន​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​ប្រយោជន៍​កម្មករ រក​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​ពួកគេ រួម​ទាំង​ពង្រឹង​សន្តិសុខ​សង្គម និង​ការ​រៀបចំ​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ធំៗ​ពីរ​ត្រៀមខ្លួន​សម្រាប់​ឃោសនា​បោះឆ្នោត

$
0
0

គណបក្ស​មាន​សំឡេង​នៅ​រដ្ឋសភា​ទាំងពីរ អះអាង​ថា បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​យុទ្ធនា​ការ​រក​សំឡេងឆ្នោត​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ទៀត។ បក្ស​ប្រឆាំង​ប្រកាស​ចំណាយ​លុយ​យ៉ាងតិច ​១,៧​លាន​ដុល្លារ ក្នុង​យុទ្ធ​ការបោះឆ្នោត​ឃុំ-សង្កាត់ ប៉ុន្តែ​បក្ស​កាន់អំណាច​មិនទាន់​បង្ហាញ​ខ្ទង់​ចំណាយ​នៅ​ឡើយ​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ទ្រព្យធន និង​អះអាង​មាន​សមាជិក​ជាង​ ២​លាននាក់ អះអាង​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាងមុខ មិន​មានការ​ដង្ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ណាមួយ គឺ​នឹង​មានតែ​ដង្ហែ​ក្បួន​តាម​ឃុំ សង្កាត់ និង​ការ​ចុះ​ពន្យល់​ពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​តែ​ម្ដង ត្បិត​អី​គណបក្ស​នេះ គោរព​តាមច្បាប់​បោះឆ្នោត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ការ​ធ្វើ​យុទ្ធនាការ​រយៈពេល​១៤​ថ្ងៃ​ផ្ដោត​សំខាន់​លើ​ការ​ចុះ​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន​របស់​មន្ត្រី​គណបក្ស។ លោក​បន្ត​ថា ថ្ងៃ​សំខាន់​នៃ​យុទ្ធនាការ​នេះ​គឺ​ថ្ងៃ​ចាប់​ផ្តើម គណបក្ស​ឃោសនា​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​រំលឹក​សម្លាប់​រង្គាល​ពល​រដ្ឋ​នៃ​របប​ខ្មែរក្រហម ចំណែក ថ្ងៃ​បញ្ចប់​ក៏​គណបក្ស ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដែរ​។ «»

លោក សុខ ឥសាន ឲ្យ​ដឹង​ដែរ​ថា គណបក្ស​ត្រៀមខ្លួន​ចូលរួម​វេទិកា​សាធារណៈ ជជែក​ដោយ​មាន​ការរៀបចំ​ពី​អង្គការ​អន្តរជាតិ​ណាមួយ។ លោក សុខ ឥសាន មិនទាន់​ដឹងឲ្យ​ថា គណបក្ស​នឹង​ត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន​នោះ​ទេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​នោះ។

គណបក្ស​កាន់អំណាច​ដាក់​ចេញ​ពាក្យស្លោក​ចំនួន​៣៥ សម្រាប់​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ដែល​សំដៅ​ដល់​ការ​អភិវឌ្ឍ ការ​រំលឹក​គុណ​នៃ​ជ័យជំនៈ​ថ្ងៃ​៧​មករា សន្តិភាព កិច្ចការពារ​ធនធាន​ធម្មជាតិ​ជាដើម។

ចំណែក អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ដែរ​ថា យ៉ាងហោចណាស់​គណបក្ស​ត្រូវ​ចំណាយ​លុយ​ជាង​១,៧​លាន​ដុល្លារ ក្នុង​យុទ្ធ​នាការបោះឆ្នោត​ឃុំ សង្កាត់ ទូទាំង​ប្រទេស។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា គណបក្ស​មាន​ផែនការ​ធំៗ​ពីរ គឺ ផ្សព្វផ្សាយ​គោល​នយោបាយ​អាទិភាព​ទាំង​ប្រាំ​ចំណុច និង​បណ្ដុះបណ្ដាល​ភ្នាក់​ងារ​គណបក្ស​ជាង​បួន​ម៉ឺន​នាក់ ឲ្យ​យល់ដឹង​ពី​កិច្ចការ​បោះឆ្នោត និង​ការ​ឃ្លាំមើល​ក្នុង​ពេល​បោះឆ្នោត។«»

លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា យុទ្ធនាការ​របស់​គណ​បក្ស មាន​ទាំង​ការ​ហែ​ក្បួន ការឃោសនា​ដោយ​ចាក់​ផ្សាយ​សំឡេង និង​ការ​ចុះ​ដល់​មូលដ្ឋាន។ ប៉ុន្តែ លោក​មិនទាន់​ឲ្យ​ដឹង​ថា កា​រហែ​ក្បួន​ទ្រង់ទ្រាយ​បែប​ណា​នៅឡើយ​ទេ។

ច្បាប់បោះឆ្នោត​ថ្មី តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា រហូតដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

គណបក្ស​មាន​សំឡេងឆ្នោត​ទាំងពីរ​នេះ តែងតែ​អួតអាង​ថា នឹង​ឈ្នះ​ឆ្នោត​ដែល​គ្រប់គ្រង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ច្រើន​លើស​លប់រៀងៗ​ខ្លួន។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា នឹង​ឈ្នះ​ឆ្នោត​ឃុំ​សង្កាត់។ ដោយឡែក លោក​នាយក​រដ្ឋមន្ត្រី ព្រមាន​នឹង​មាន​សង្គ្រាម​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


“ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​នឹង​ជោគជ័យ​បើ​ក្រសួង​ពិនិត្យ​ស្រូវ​គ្រប់​ឃ្លាំង​មិន​ឲ្យ​មាន​ជាតិ​ថ្នាំ​សម្លាប់​ស្មៅ”

$
0
0

អ្នក​ជំនាញ​ផ្នែក​កសិកម្ម យល់ថា ចំណាត់​ការ​ថ្មី​របស់​ក្រសួង ត្រួតពិនិត្យ​ស្រូវ​អង្ករ​រក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ Tricyclazole គឺជា​មធ្យោបាយ​ដែល​នឹង​ជួយ​អោយ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ឆ្នាំ​២០១៧​នឹង​ជោគជ័យ។

វិធានការ ដើម្បី​ទប់ស្កាត់​ការ​នាំ​អង្ករ​ដែល​មាន​សារធាតុ​ផ្សិត Tricyclazole ដែល​សហភាព​អឺរ៉ុប​ហាមឃាត់ ក្រសួង​សេដ្ឋកិច្ច នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ ឬ​ស្កេន (Scan) គ្រប់​ឃ្លាំង​ស្រូវ​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា។

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន វណ្ណហន ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​លើក​កម្ពស់​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ថ្ងៃ​ទី​២១ ខែ​មេសា ថា ចាប់ពី​ខែ​មេសា ដល់​ខែ​កក្កដា ក្រសួងកសិកម្ម​នឹង​ចាប់ផ្ដើម​ពិនិត្យ​ស្រូវ នៅ​គ្រប់​ឃ្លាំង​ស្ដុក​ស្រូវ​ទាំងអស់ ហើយ​ឃ្លាំង​ស្រូវ​ណា​ដែល​មាន​ស្រូវ​ស្ដុក​សារធាតុ Tricyclazole លើសពី ០,០១​មី​លី​ក្រាម ក្នុង​អង្ករ​មួយ​គីឡូក្រាម ឃ្លាំង​នោះ​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ទេ។ លោក​ថា ការ​ពិនិត្យ​នឹង​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​កសិកម្ម (ឡាបូ) បើសិន​ជា​មាន​ឃ្លាំង​ណា​ផ្ទុក​សារធាតុ​Tricyclazole លើស​កម្រិត​ដែល​សហភាព​អឺរ៉ុប​ហាមឃាត់ នោះ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​អឺរ៉ុប​បិទ​ការនាំចេញ​អង្ករ​កម្ពុជា​ទាំងស្រុង សម្រាប់​ចូល​ទីផ្សារ​អឺរ៉ុប​៖ «»

សហភាព​អឺរ៉ុប កាល​ពី​ដើម​ឆ្នាំ​២០១៧ បាន​ប្រកាស​ថា ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៧ តទៅ​សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ការ​នាំចូល​អង្ករ​ពី​គ្រប់​ប្រទេស​អាស៊ាន ដែល​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ Tricyclazole លើស​កម្រិត។

នាយក​ប្រតិបត្តិ​អង្គការ​សេដាក លោក សម វិទូ ថា ប្រសិនបើ​ក្រសួងកសិកម្ម​អាច​ត្រួតពិនិត្យ​គុណភាព​ស្រូវ និង​បញ្ចូល​ចូល​មន្ទីរ​ពិសោធន៍​បាន​គ្រប់​ឃ្លាំង​ទាំងអស់ ការនាំចេញ​អង្គរ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​នឹង​ជោគជ័យ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ក្រសួងកសិកម្ម​ធ្វើ​មិន​ជោគជ័យ​ករណី​ពិនិត្យ​ស្រូវ​តាម​ឃ្លាំង អង្ករ​កម្ពុជា​ដែល​បញ្ជូន​ទៅកាន់​ទីផ្សារ​អឺរ៉ុប នឹង​ត្រូវ​អឺរ៉ុប​បញ្ជូន​មក​កម្ពុជា​វិញ ដូច​ករណី​ទំនិញ​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​បញ្ជូន​មកវិញ កាលពី​លើក​មុន៖ «»

ថ្នាំ Tricyclazole ដែល​ប្រើប្រាស់​ក្នុង​ការ​ដាំដុះ​ដំណាំ​ស្រូវ ត្រូវ​បាន​ក្រសួងកសិកម្ម​បញ្ជា​ឲ្យ​បញ្ចប់​ការ​លក់​នៅ​លើ​ទីផ្សារ​ចាប់​តាំង​ពី​ខែ​មីនា មក។ ការ​ដាក់​បម្រាម​នេះ ដោយសារ​សហភាព​អឺរ៉ុប​ព្រមាន​បញ្ឈប់​ការទិញ​អង្ករ​ពី​កម្ពុជា​ចាប់ពី​ពាក់​កណ្ដាល ខែ​កក្កដា​នេះ​ទៅ ប្រសិនបើ​អង្ករ​នាំចេញ​របស់​កម្ពុជា​នៅ​តែ​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​នេះ​ទៀត។

ទិន្នន័យ​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​បង្ហាញ​ថា ពេញ​មួយ​ឆ្នាំ​២០១៦ ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​កំណើន​តិចតួច បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ដាក់​ទិសដៅ​នាំចេញ​ឲ្យ​បាន​១​លាន​តោន​មិនបាន​សម្រេច អ្នក​ជំនាញ​វិស័យ​ស្រូវ​អង្ករ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​កសិករ និង​អ្នក​នាំចេញ​បន្ថែម​ទៀត។

ការ​នាំ​អង្ករ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន (៥៤២.១៤៤​តោន​) ឬ​កំណើន ០,៧០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ (៥៣៨.៣៩៦​តោន)

ប្រទេស​ចិន គឺជា​ទិសដៅ​នាំចេញ​ធំ​ជាង​គេ ជាង​១០​ម៉ឺន(១២៧.៤៦០) តោន។ បន្ទាប់​មក​ប្រទេស​បារាំង ជិត​៨​ម៉ឺន​តោន (៧៨.៣២៩) ប៉ូឡូញ​ជាង​៦ម៉ឺន​តោន (៦៤.០៣៥) សម្រាប់​ទិសដៅ​នៅ​ទ្វីប​អឺរ៉ុប។ ចំណែក​នៅ​អាស៊ាន​វិញ ម៉ាឡេស៊ី ជា​អតិថិជន​លំដាប់​ទី​១ ដែល​កម្ពុជា នាំចេញ​អង្ករ​ទៅ​ផ្គត់ផ្គង់​ចំនួន​ជិត ៣៩​ម៉ឺន​តោន (៣៨០.៨៧៧​តោន)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ថា នៅ​ឆ្នាំ​២០១៧​កម្ពុជា​មិន​ជួប​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​២០១៦​ឡើយ

$
0
0

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​បញ្ហា​គ្រោះ​រាំងស្ងួត​តិច​តូច​ប៉ុណ្ណោះ​ដែល​បាន​កើត​ឡើង ហើយ​បាន​ដោះស្រាយ​ទាន់​ពេល​វេលា ដោយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​កាលពី​ឆ្នាំ​២០១៦​ឡើយ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ថា អាកាសធាតុ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ ស្ថិត​ក្នុង​ចន្លោះ​បាតុភូត​អែលនីណូ (Elnino) និង​បាតុភូត​ឡានីណា (Lanina) ដែល​ជា​ស្ថានភាព​អាកាសធាតុ​មួយ​មិន​ក្ដៅ​ខ្លាំង ហើយ​អាច​ឱ្យ​ធ្លាក់ទឹក​ភ្លៀង​បង្គួរ ដូច្នោះ​អាកាសធាតុ​បែបនេះ នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​២០១៦ នោះ​ទេ។ មន្ត្រី​រូប​នេះ​បន្ត​ថា ដោយសារ​ក្នុង​ឆ្នាំ​២០១៧​នេះ ភ្លៀង​កក់ខែ ចាប់ផ្ដើម​ធ្លាក់​តាំងពី​ខែ​១​មក ដូច្នោះ​ធ្វើ​ឱ្យ​មាន​សីតុណ្ហភាព​អតិបរមា ស្ថិត​ក្នុង​ចន្លោះ​ពី​៣៤ ទៅ​៣៨​អង្សា ដែល​ខុស​ពី​ឆ្នាំ​២០១៦ ដែល​មាន​សីតុណ្ហភាព​ចាប់ពី​៤១​អង្សា៖ «»

កាលពី​ឆ្នាំ​២០១៦ បាតុភូត អែលនីណូ ដែល​ជា​អាកាសធាតុ​ក្ដៅ​ខ្លាំង បាន​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ក៏បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្ទើរ​នៅ​ទូទាំ​​ប្រទេស ខ្វះខាត​ទឹក​ប្រាស់ ឯ​ស្រូវប្រាំង​ក៏​រង​ការខូចខាត​ដែរ។

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៥ របស់​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាងគេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរការ​អភិវឌ្ឍ​សម្រាប់​ប្រទេស។ គ្រោះ​មហន្តរាយ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​សំខាន់ៗ​របស់​កម្ពុជា ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជាដើម។ លើសពីនេះ អង្គការ​សុខភាព​ពិភពលោក​ក៏​ព្យាករ​ថា នៅ​រវាង​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ការប្រែប្រួល​អាកាសធាតុ នឹង​អាច​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ស្លាប់​ក្នុង​មួយឆ្នាំៗ ប្រមាណ​២៥​ម៉ឺន​នាក់ ដោយសារ​ផល​ប៉ះពាល់​នានា​នៃ​បញ្ហា​នេះ ក្នុង​នោះ​៤​ម៉ឺន​នាក់ ស្លាប់​ដោយសារ​កម្ដៅ ជិត​៥​ម៉ឺន​នាក់ ដោយសារ​ការ​រាក​រួស ៦​ម៉ឺន​នាក់​ដោយ​រោគ​គ្រុនចាញ់ និង​ជិត​១០​ម៉ឺន​នាក់​ជា​កុមារ ដោយសារ​កង្វះ​ចំណីអាហារ។

បើទោះជាយ៉ាង​នេះ​ក្ដី លោក កែវ វី អះអាង​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​នៅ​មូលដ្ឋាន បាន​សហការ​គ្នា បង្វែរ​ទឹកភ្លៀង​ធ្លាក់​នៅ​ចុង​រដូវ ទៅ​ដាក់​នៅ​ក្នុង​អាង​ស្ដុក​ទឹក ឬ​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ ដើម្បី​បង្ការ​ទុក​ដោះស្រាយ​ចំពោះ​គ្រោះ​រាំង​ធ្ងន់ធ្ងរ​នា​ពេល​ខាងមុខ។

ប្រធាន​អង្គការ​សេដាក (CEDAC) លោក សម វិទូ បញ្ជាក់​ថា ជាទូទៅ នៅ​ក្នុង​ខេត្ត​ចេត្រ តែ​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧​នេះ ដែល​មាន​ភ្លៀង​កក់ខែ​ខុស​ពី​ឆ្នាំ​២០១៦ គឺ​អាច​ឱ្យ​ពលរដ្ឋ​អាច​ចាប់ផ្ដើម ធ្វើ​កសិកម្ម​បាន៖ «»

ជាមួយគ្នា​នេះ ក្នុង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០១៧ ភ្លៀង​កក់ខែ បាន​ធ្វើ​ឱ្យ​មាន​ករណី​ខ្យល់ព្យុះ​ចំនួន​៣០​លើក កើត​ក្នុង​ខេត្ត​ចំនួន​១០។ ក្នុងចំណោម​ទាំង​៣០​លើក​នេះ បាន​ធ្វើ​ឱ្យ​ផ្ទះ​ពលរដ្ឋ​បាក់​រំលំ​ចំនួន​១១០​ខ្នង និង​របើក​ដំបូល​ចំនួន ៣៧៩​ខ្នង សាលា​ខូចខាត​ចំនួន​៦​អាគារ ហើយ​មាន​ពលរដ្ឋ​ស្លាប់​ម្នាក់ និង​រង​របួស​៧​នាក់។ រីឯ​គ្រោះ​រន្ទះបាញ់​ក្នុង​ត្រីមាស​ទី​១​វិញ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​១២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ACU ឃាត់​ខ្លួន​មន្ត្រី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មួយ​រូប​ពី​បទ​ពុករលួយ

$
0
0

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អេស៊ីយូ (ACU) ឃាត់​ខ្លួន​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ីឌីស៊ី (CDC) ជុំវិញ​ករណី​ទាមទារ និង​ទទួល​ប្រាក់​ខុស​ច្បាប់​នៅ​ក្នុង​ពេល​បំពេញ​ការងារ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​២២ មេសា ឲ្យ​ដឹង​ថា លោក ឈឹម ពិសិដ្ឋ មាន​មុខងារ​ជា​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា។

អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​បាន​ព័ត៌មាន​ជា​បន្តបន្ទាប់​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថា ទាល់​តែ​បាន​ទទួល​ប្រាក់​បន្ថែម ពី​ការ​ផ្ដល់​សេវា​នានា ទើប​លោក ឈឹម ពិសិដ្ឋ ជួយ​សម្រួល​ យល់​ព្រម ​និង​បោះ​ត្រា​ឲ្យ។ បញ្ហា​នេះ​បាន​បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ។

តែ​ទោះ​ជា​យ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​នេះ មិន​បាន​បង្ហាញ​ថា ឈ្មោះ ឈឹម ពិសិដ្ឋ ជា​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឈ្មោះ​អ្វី ហើយ​បំពេញ​ការងារ​ក្នុង​ផ្នែក​ណា​មួយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ការ​នាំ​ចេញ​ផ្នែក​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​និង​ស្បែកជើង​ឆ្នាំ​២០១៦​មាន​ការ​កើន​ឡើង

$
0
0

ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​កើនឡើង ចំនួន ៧ភាគរយ​កាល​ពី​ឆ្នាំ២០១៦ បើ​ធៀប​នឹង​ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៥

គេហទំព័រ​ព័ត៌មាន​ចិន ស៊ិនហួរ (Xinhua) ដែល​ស្រង់ ទិន្នន័យ​ពី​របស់​អគ្គនាយកដ្ឋាន​ពន្ធគយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី ២១ មេសា ឲ្យ​ដឹង​ថា តម្លៃ​នៃ​ការនាំ​ចេញ​នោះ បាន​​កើន​រហូត​ដល់ ៧,៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ពេល​ដែល​ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ២០១៥ មាន​តែ៦, លាន​ដុល្លារ​ប៉ុណ្ណោះ

កម្ពុជា​បាន​នាំ​ចេញ ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង ទៅ​កាន់​ទីផ្សារ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និងកាណាដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក មួង សូនី ព្រមាន​ដឹកនាំ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​កំពង់ឆ្នាំង​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី

$
0
0

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ប្រកាស​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​មួយ​រូប ដើម្បី​នាំ​ជន​រងគ្រោះ​ដូច​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ខាង​មុខ។ លោក សូនី ថា​ដី​របស់​លោក និង​ពលរដ្ឋ​ប្រមាណ ២០​គ្រួសារ​ទៀត ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ ចេញ ស..ណ ដក​ហូត។

ដី​ទំហំ​ជាង ១​ហិកតារ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្បែរ​របង​វិទ្យាស្ថាន​ស្រាវជ្រាវ​គីមី​សាស្ត្រ នៃ​ក្រសួង​ការពារ​ជាតិ ឋិត​នៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កំពុង​មាន​ភាព​ចម្រូងចម្រាស​រវាង​ក្រសួង​ការពារ​ជាតិ និង​ពលរដ្ឋ​ដែល​ទិញ​ដី​ពី​មន្ត្រី​យោធា​នៅ​តំបន់​នោះ។ ដី​ដែល​កំពុង​មាន​ជម្លោះ ផ្ដើម​មាន​ការ​ទិញ​លក់​នៅ​អំឡុង​ឆ្នាំ​២០០៥ ហើយ​ទើប​មាន​បញ្ហា​នៅ​ឆ្នាំ​២០១៦។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា ការ​ចេញ​សេចក្ដី​ជូន​ដំណឹង ឬ ស..ណ ដក​ហូត​យក​ដី​ពី​ពលរដ្ឋ​ដោយ​ក្រសួង​ការពារ​ជាតិ ហាក់​មាន​ការ​ឃុបឃិត​គ្នា​ពី​អ្នក​មាន​អំណាច​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ហើយ​លោក​បារម្ភ​ថា ការ​ដក​ហូត​នោះ​មិន​យក​ទៅ​បម្រើ​ឲ្យ​វិទ្យាស្ថាន​គីមី​សាស្ត្រ តែ​អាច​មាន​ការ​លក់​ដូរ​បន្ត​ដើម្បី​ផល​ប្រយោជន៍​បុគ្គល ឬ​ក្រុម​ណា​មួយ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា រឿង​ដី​ដែល​ខ្ញុំ​មាន​ប្លង់​កម្មសិទ្ធិ​នេះ វា​ទាល់​តែ​មាន​ចំណាត់ការ​ពី​តុលាការ ទើប​វា​អាច​ទទួល​យក​បាន តាម​ផ្លូវ​ច្បាប់ ទាល់​តែ​តុលាការ​សម្រេច​ថា​ដី​ហ្នឹង​ជា​របស់​អ្នក? ប៉ុន្តែ​នេះ​ក្រសួង​មាន​សិទ្ធិ​អំណាច​រឹប​អូស​យក​តែ​ម្ដង។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​នាយក​រដ្ឋមន្ត្រី ក៏ដូចជា​អ្នក​ដឹកនាំ​ធំៗ​សូម​ពិនិត្យ​ករណី​ទាំងអស់​ហ្នឹង។ អ៊ីចឹង​បាន​ជា​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​រឿង​ដីធ្លី​ដោយសារ​អ្នក​មាន​អំណាច​ធ្វើ​តែ​អ៊ីចឹង»

លោក មួង សូនី រំឭក​ថា រូប​លោក និង​ពលរដ្ឋ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ដោះស្រាយ​ជុំវិញ​រឿង​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ចំនួន​ពីរ​លើក គឺ​ចាប់​តាំង​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៦ មក ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​អ្វី​សោះ។ លោក​ថា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ រូប​លោក​នឹង​បបួល​មិត្តភ័ក្ដិ និង​អ្នក​រងគ្រោះ​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិញ​ម្ដង។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់ ហើយ​សូម​ឲ្យ​ផ្ញើ​សំណួរ​តាម​សារ​អេឡិចត្រូនិក។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង ស..ណ ចុះ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ របស់​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង​ការពារ​ជាតិ បាន​សម្រេច​លើ​បញ្ហា​ដីធ្លី​នៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​នេះ​ចំនួន ៨​ចំណុច។ នៅ​ក្នុង​ចំណុច​ទី​១ ក្រសួង​បាន​សម្រេច​ដក​ហូត​ដី​ទំហំ​ជាង ១​ហិកតារ​នៅ​មុខ​វិទ្យាស្ថាន​ដែល​លោក ជ័យ សុន បែងចែក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ មក​ជា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គីមី​សាស្ត្រ​វិញ។

នៅ​ចំណុច​ទី​១ នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ និង​លោក មួង សូនី ក្លាយ​ជា​អ្នក​រងគ្រោះ ក្រោយ​ពី​ទិញ​ដី​នោះ​ដោយ​មាន​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ និង​ភូមិបាល​ស្រុក ប៉ុន្តែ​ពុំ​ទាន់​មាន​ប្លង់​រឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ

$
0
0

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) គ្រោង​ជួប​មេ​ដឹកនាំ​កំពូលៗ​របស់​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ទី​២៦ ខែ​មេសា នៅ​រាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នាយក​រដ្ឋមន្ត្រី​វៀតណាម នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី។ បន្ទាប់​មក លោក ង្វៀន ស៊ុងហ៊្វុក នឹង​ជួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន។ នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​នឹង​ចូល​ថ្វាយ​បង្គំ​ព្រះ​សង្ឃរាជ ទេព វង្ស ផង​ដែរ។

ឆ្នាំ​២០១៧ នេះ ជា​ខួប​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម។ ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ប្រទេស​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ខួប​នេះ ហើយ​វត្តមាន​របស់​លោក ង្វៀន ស៊ុងហ៊្វុក នៅ​កម្ពុជា នឹង​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ចំណង​ការទូត​ទ្វេភាគី​បន្ថែម​ទៀត។

វៀតណាម ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​កម្ពុជា។ កម្ពុជា និង​វៀតណាម រំពឹង​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​វៀតណាម កាល​ពី​ឆ្នាំ​២០១៦ មាន​តម្លៃ ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​គ្រោង​ជួប​មេ​ដឹកនាំ​កំពូលៗ​កម្ពុជា លោក ង្វៀន ស៊ុងហ៊្វុក នឹង​ចូលរួម​សម្ពោធ​ស្ពាន​តភ្ជាប់​ព្រៃធំ នៅ​ខេត្ត​កណ្ដាល និង​ឡុងប៊ិញ នៅ​ខេត្ត​អានយ៉ាង។

ភាគី​ទាំង​ពីរ​រំពឹង​ថា នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​មួយ​ចំនួន ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​អ្វី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ

$
0
0

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គឺ​មាន​ការ​យឺតយ៉ាវ ឬ​មិន​ទាន់​មាន​ដំណើរការ​ឲ្យ​បាន​រលូន​ទេ។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​តែ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​តំបន់​ឆ្នេរ​ខ្លះ ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​នោះ​ទេ។

មន្ត្រី​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម​នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​ចំពោះ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ថា​មិន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ បន្ទាប់​ពី​អាជ្ញាធរ​បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ និង​អភិវឌ្ឍ​ផ្លូវ​ជាប់​ឆ្នេរ​សមុទ្រ​បាន​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី កត់​សម្គាល់​ថា សកម្មភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នា​មូលដ្ឋាន​នេះ ហាក់​មិន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន កំពុង​បន្ត​បុក​សសរ​គ្រឹះ​សម្រាប់​ការដ្ឋាន​សំណង់​រឹងមាំ​ធំ​ស្កឹមស្កៃ​ជា​រៀង​រាល់​ថ្ងៃ មាន​ដូចជា សំណង់​នៅ​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​សុខា ជាដើម។

ចំណែក​សំណង់​រឹងមាំ​ដែល​សង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តាម​ផ្លូវ​ជាប់​ឆ្នេរ​សមុទ្រ​មាន​ទីតាំង​ទល់​មុខ​អគារ​សាលា​ខេត្ត​ព្រះសីហនុ និង​សំណង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ ជាដើម គឺ​គណៈកម្មាធិការ​ឆ្នេរ និង​រដ្ឋបាល​ខេត្ត​នេះ មិន​មាន​វិធានការ​រុះរើ​ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តី​អំពី​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ធ្វើ​យ៉ាង​ណា​ឲ្យ​សំណង់​រឹងមាំ​ផ្សេងៗ​ត្រូវ​សង់​ឲ្យ​ឃ្លាត​ពី​ឆ្នេរ​សមុទ្រ​យ៉ាង​ហោច​ចំនួន ៥០​ម៉ែត្រ​នោះ​ទេ«បើ​សិន​ជា​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ​សោភណភាព និង​បញ្ហា​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ​នេះ មិន​គួរ​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​នោះ​ទេ។ សព្វថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​សកម្មភាព​ហាមឃាត់​ការ​សាងសង់​សំណង់​តូចតាច​កំប៉ិកកំប៉ុក​របស់​ក្រុម​អាជីវករ ឬ​ប្រជាពលរដ្ឋ​តូចតាច ប៉ុន្តែ​យើង​ឃើញ​សំណង់​រឹងមាំ​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ គឺ​នៅ​តែ​មាន​សកម្មភាព​សាងសង់​ដដែល»

អ្នក​ឃ្លាំ​មើល​សង្គម អ្នកស្រី សុធារី បន្ថែម​ថា រាល់​ថ្ងៃ​នេះ​នៅ​មាន​ឆ្នេរ​សមុទ្រ​ជាច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ បាន​បន្ត​ហ៊ុមព័ទ្ធ​របង​ថ្ម​របង​ដែក​ទុក​ចោល មិន​មាន​ការ​អភិវឌ្ឍ និង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់ ឬ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាប់​ឆ្នេរ​សមុទ្រ មើល​ឃើញ​ទឹក​សមុទ្រ​ពី​ចម្ងាយ​បាន​ទេ។

អ្នកស្រី​បង្ហាញ​ទស្សនៈ​ថា ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នេះ គួរ​តែ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​សំណង់​រឹងមាំ​ដែល​កំពុង​សាងសង់ និង​បាន​សង់​រួច ប៉ះពាល់​ដល់​ដី​ចំណី​ឆ្នេរ​សមុទ្រ ឲ្យ​ស្រប​តាម​ច្បាប់ និង​ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ខេត្ត​ព្រះសីហនុ មាន​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ជាដើម ឲ្យ​ទៅ​កាង​ការពារ​សកម្មភាព​គ្រឿងចក្រ​ឈូស​កម្ទេច​តូប ឬ​ស្តង់​លក់​ដូរ​របស់​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ចុង​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អារីស្តុន ដោយ​បំផ្លាញ​តូប​លក់​ដូរ​របស់​អាជីវករ​រាប​ដល់​ដី​រាប់​សិប​តូប ដោយ​ចាត់​ទុក​សំណង់​ខុស​ច្បាប់​អនាធិបតេយ្យ។

ត្រង់​ចំណុច​នេះ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អាជីវករ​លក់​ដូរ បង្ហាញ​អារម្មណ៍​ខក​ចិត្ត និង​បន្ត​រិះគន់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ដែល​អនុវត្ត​ការងារ​មិន​ស្មើ​ភាព​រវាង​ពលរដ្ឋ​សាមញ្ញ និង​ម្ចាស់​សំណង់​រឹងមាំ​ដែល​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ។

ចំណែក​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ ឃើញ​សកម្មភាព​ការងារ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ បាន​សាងសង់​ខ្លោងទ្វារ​ចេញ​ចូល​ទៅ​តំបន់​ឆ្នេរ​សមុទ្រ​រួច​រាល់​បាន​មួយ​ចំនួន​រួច​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​ថា​ស្ថាប័ន​នេះ​ហាក់​មិន​ឃើញ​មាន​សកម្មភាព​ឲ្យ​បាន​ផុលផុស​ទៀត​ទេ។ ជាង​នេះ រាល់​សំណង់​រឹងមាំ​ដែល​សង់​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​សំណង់​រឹងមាំ​ខ្លះ​ទៀត កំពុង​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ការងារ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ គ្មាន​វិធានការ​ផ្លូវ​ច្បាប់ ឬ​ហាមឃាត់​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ហាក់​មិន​សូវ​មាន​ជំនឿ​ទៅ​លើ​ប្រសិទ្ធភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ដឹកនាំ​ដោយ​លោក ជា សុផារ៉ា និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាច​ហ៊ាន​អនុវត្ត​ច្បាប់​ទៅ​លើ​ម្ចាស់​សំណង់​រឹងមាំ​ជា​ឈ្មួញ​មាន​ទ្រព្យ ឬ​មាន​ខ្នង​បង្អែក​ទាំងនោះ​ទេ។

លោក ប៊ួន ណារិទ្ធិ បន្ត​ថា បច្ចុប្បន្ន​នេះ​មាន​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​ហ៊ុមព័ទ្ធ​របង​ថ្ម និង​របង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ និង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​នោះ​ទេ ក្នុង​នោះ​សម្រាប់​សំណង់​អគារ​រឹងមាំ​ដែល​សង់​នៅ​ជាប់​មាត់​សមុទ្រ មាន​នៅ​តាម​ឆ្នេរ​ថ្មី ឆ្នេរ​មាស ឆ្នេរ​ប៉ោកី និង​ឆ្នេរ​រីករាយ ជាដើម គឺ​សំណង់​ទាំងនោះ​បាន​បន្ត​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ។

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​លោក ជា សុផារ៉ា ជួយ​បង្ហាញ​លទ្ធផល​នៃ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ជា​សាធារណៈ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង និង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ប្រសិទ្ធភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ និង​ចូលរួម​គាំទ្រ«ឃើញ​មាន​ការ​សាងសង់​សំណង់ និង​ដាក់​ស្លាក​លក់​ដូរ​អគារ​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ យ៉ាង​គឃ្លើន​ថែម​ទៀត។ សកម្មភាព​នាំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​តំបន់​ឆ្នេរ​សមុទ្រ​យើង​នេះ»

កន្លង​ទៅ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​សេចក្ដី​សម្រេច ៥​ចំណុច​ជូន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ចុះ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ចំណុច​ទាំង ៥ នោះ មាន​ដូចជា ករណី​បឹង​ព្រែក​ទប់ ត្រូវ​រៀបចំ​ដាក់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ។ ចំណែក​ឆ្នេរ​ឯករាជ្យ ត្រូវ​អភិវឌ្ឍ និង​អភិរក្ស​សម្រាប់​សាធារណជន​លំហែ និង​កម្សាន្ត និង​រៀបចំ​កែ​សម្រួល​ឲ្យ​សាធារណជន​អាច​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​ខ្សាច់​ក្នុង​តំបន់​នោះ។ ចំពោះ​ឆ្នេរ​អូរត្រេះ ត្រូវ​សិក្សា​អំពី​វិធានការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ និង​ចាប់​ផ្ដើម​ធ្វើ​ការ​អប់រំ និង​ផ្សព្វផ្សាយ ព្រម​ទាំង​កំណត់​ពេលវេលា និង​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​អាជីវករ ឬ​អ្នក​មាន​ទីតាំង​នៅ​តំបន់​ឆ្នេរ​អូរត្រេះ ឲ្យ​រុះរើ​សំណង់​ទាំងនោះ​ចេញ ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ​សម្រាប់​បម្រើ​សេវាកម្ម​ទេសចរណ៍ និង​ការ​លំហែ ឬ​ការ​កម្សាន្ត ឲ្យ​ស័ក្ដិសម​ជា​ឆ្នេរ​គំរូ។ ករណី​ឆ្នេរ​អូរឈើទាល​នៅ​ទល់​មុខ​ដី​ក្រុមហ៊ុន សុខា អូតែល អតីត​ក្រុមហ៊ុន​អារីស្តុន ត្រូវ​ធ្វើ​សមាហរណកម្ម​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​ភ្ជាប់​ពី​ឆ្នេរ​អូរឈើទាល ទៅ​ឆ្នេរ​អូរត្រេះ និង​បើក​ចំហ​ឆ្នេរ​នេះ​សម្រាប់​សាធារណជន និង​ទេសចរ​អាច​ចេញ​ចូល​កម្សាន្ត​ដូច​ដើម​វិញ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​នោះ​ទេ។

ចំណែក​ករណី​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ និង​ការ​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​លើ​ទឹក និង​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង ស្ថិត​ក្នុង​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ត្រូវ​សិក្សា​រក​ដំណោះស្រាយ​ប្ដូរ​ទីតាំង​សំណង់​ទាំងឡាយ ដែល​បាន​បោះ​ទីតាំង​នៅ​លើ​ទឹក​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង ត្រូវ​ប្ដូរ​ឲ្យ​ទៅ​នៅ​លើ​ដី​ផ្នែក​ខាង​ក្នុង​នៃ​កោះរ៉ុង និង​ត្រូវ​គោរព​ស្នើសុំ​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល ដើម្បី​កាត់​ដី​រដ្ឋ​ដែល​នៅ​សល់​ពី​គម្រោង​វិនិយោគ​ផ្នែក​ខាង​ក្នុង​នៃ​កោះរ៉ុង សម្រាប់​ជា​ថ្នូរ​ផ្ដល់​ជូន​អ្នក​ដែល​ត្រូវ​ឲ្យ​ប្ដូរ​ទីតាំង​ទាំងនោះ​ជំនួស​វិញ។

បញ្ហា​នេះ​ដែរ កន្លង​ទៅ លោក នី ផល្លី តំណាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ជា សុផារ៉ា បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ដោយ​បាន​បង្ហាញ​លទ្ធផល​នៃ​សកម្មភាព​ការងារ និង​ផែនការ​កែលំអ ឬ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ជា​បន្តបន្ទាប់​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រះសីហនុ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​នេះ បាន​បើក​កិច្ច​ប្រជុំ​មាន​លទ្ធផល​ដូចជា ពន្លឿន​សកម្មភាព​ការងារ​ចុះ​ដោះស្រាយ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កោះរ៉ុង ដើម្បី​ឈាន​ដល់​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាជន​ក៏ដូចជា​ដី​វត្ត​អារាម សាលា​រៀន និង​មណ្ឌល​សុខភាព​ក្នុង​ភូមិ​ទាំង​បួន​នៅ​លើ​កោះរ៉ុង។ តាម​រយៈ​កិច្ច​ប្រជុំ​នេះ​ដែរ អង្គ​ប្រជុំ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ បន្ត​សកម្មភាព​ចុះ​កំណត់​អត្តសញ្ញាណកម្ម​ការ​វាស់វែង​ចំណែក​ដី និង​រៀបចំ​ប្លង់​គោល​សម្រាប់​ផែនការ​អភិវឌ្ឍន៍​នៅ​លើ​កោះរ៉ុង និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ចំពោះ​ការងារ​រៀបចំ​កែលំអ និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​វិញ លោក នី ផល្លី បង្ហាញ​ថា អង្គ​ប្រជុំ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​បន្ត​ពន្លឿន​ការ​ស្ថាបនា​ខ្លោងទ្វារ​ច្រក​ចូល​នៅ​តាម​ឆ្នេរ​នីមួយៗ ដើម្បី​ឈាន​ដល់​កែលំអ​តំបន់​ឆ្នេរ​ខ្សាច់​ឲ្យ​ស្រប​តាម​ស្តង់ដារ និង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។

យ៉ាង​នេះ​ក្តី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ មិន​ទាន់​មាន​ជំនឿ​ច្រើន​ទេ​ទៅ​លើ​ប្រសិទ្ធភាព​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ថា​អាច​អនុវត្ត​ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កំណត់​នោះ​ទេ ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​សំណង់​រឹងមាំ​ធំ​ស្កឹមស្កៃ សង់​នៅ​ជាប់​ឆ្នេរ​ឯករាជ្យ​កំពុង​បន្ត​សកម្មភាព​សាងសង់​រាល់​ថ្ងៃ ហើយ​សម្រាប់​សំណង់​រឹងមាំ​ដែល​សង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​នានា គឺ​អាជ្ញាធរ​មិន​ទាន់​មាន​ចំណាត់ការ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រធាន​បក្ស​ប្រឆាំង​ថា​ប្រសិន​បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត គឺ​ពុំ​កើត​មាន​សង្គ្រាម​ឡើយ

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធានា​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត នឹង​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ឡើយ។ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ការ​បំភិតបំភ័យ​ទាំងឡាយ​ទាំង​ពួង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​បក្ស​កាន់​អំណាច នៅ​តែ​យល់​ថា សន្តិភាព​របស់​កម្ពុជា ពិបាក​នឹង​ធានា​ណាស់ ប្រសិន​បើ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច។

សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ផ្ដល់​និយមន័យ​ថា មូលហេតុ​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​បាន ទាល់​តែ​មាន​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រវាង​គូបដិបក្ខ​ចាប់​ពី ២ ទៅ ៣​បក្ខ ប៉ុន្តែ​លទ្ធភាព​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ពុំ​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ​ឡើយ ព្រោះ​បក្ស​ប្រឆាំង​ពុំ​មាន​អាវុធ​នៅ​ក្នុង​ដៃ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី បង្ហាញ​ទស្សនៈ​ថា កត្តា​ដែល​នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អំពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត ប្រហែល​មិន​មែន​ដោយសារ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាច​ដោយសារ​លោក ហ៊ុន សែន ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ​អំពី​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​នៅ​ក្រោម​ឱវាទ​របស់​លោក​តែ​ម្ដង ដែល​គ្មាន​សេចក្ដី​ស្មោះ​ស្ម័គ្រ និង​ចង់​ងើប​បះបោរ​ប្រឆាំង​លោក៖ «បើ​សិន​មាន​ការ​បះបោរ​ផ្សេងៗ ខ្ញុំ​គិត​ថា​វា​ចេញ​តែ​ពី​ក្រុម​ប្រដាប់​អាវុធ​ដូច​គ្នា ជាពិសេស​កម្លាំង​ប្រដាប់​អាវុធ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ អ៊ីចឹង​យើង​មិន​ដឹង​ថា សម្ដេច​នាយក​ទទួល​បាន​ព័ត៌មាន​អី​ខ្លះ ទើប​សម្ដេច​ប្រកាស​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត»

ការ​លើក​ឡើង​ពី​អ្នក​វិភាគ​នេះ ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៣ មេសា ថា មូលហេតុ​ដែល​សហគមន៍​អន្តរជាតិ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​មាន​ការ​គោរព​ទៅ​តាម​ឆន្ទៈ​រាស្ដ្រ​តាំង​ពី​ឆ្នាំ​១៩៩៣ មក គឺ​ដើម្បី​ជំនួស​នូវ​ការ​ធ្វើ​បដិវត្ត និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​តាម​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ ដូច្នោះ​ការ​ផ្លាស់ប្ដូរ​តាម​ការ​បោះឆ្នោត មិន​មាន​សង្គ្រាម​កើត​ឡើង​ឡើយ៖ «សូម​អះអាង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ថា សង្គ្រោះ​ជាតិ​ឈ្នះ គ្មាន​សង្គ្រាម​ជា​ដាច់ខាត»

ប្រធាន​គណបក្ស​ប្រឆាំង​ដដែល​នេះ​បន្ត​ថា គោល​នយោបាយ​បក្ស​របស់​លោក ក៏​មិន​យក​ខ្មែរ​ណា​ធ្វើ​សត្រូវ ឬ​ក៏​គុំកួន​ជាមួយ​ខ្មែរ​គ្នា​ឯង​ឡើយ។ បន្ថែម​ពី​នេះ បក្ស​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្គាល់​សន្តិភាព​ពិត​ដែល​គ្មាន​ការ​គំរាម​កំហែង និង​ស្គាល់​អ្វី​ដែល​ជា​ការ​អភិវឌ្ឍ​ពិត ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។

ការ​ប្រកាស​ពី​មេ​បក្ស​ប្រឆាំង​នេះ អាច​ជា​សារ​ឆ្លើយឆ្លង​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន បាន​ប្រកាស​ព្រមាន​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ម្ដង​ទៀត​ថា ការ​មិន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក គឺ​ស្មើ​នឹង​ការ​បោះឆ្នោត​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​បន្ថែម​ថា គណបក្ស​របស់​លោក គឺ​ជា​ស្ថាបនិក​នៃ​សន្តិភាព ហើយ​សន្តិភាព​ដែល​លោក​ថា​បាន​មក​ដោយសារ​ការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់ យក​ទៅ​ប្ដូរ​នេះ គឺ​ត្រូវ​ការពារ​ឲ្យ​បាន។ លោក សុខ ឥសាន ក៏​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ពេល​នេះ ថា​មិន​មាន​អ្វី​ចម្លែក​ឡើយ ព្រោះ​ជា​ការ​ឃោសនា​នយោបាយ​ប៉ុណ្ណោះ«ក្រៅ​ពី​គណបក្ស​ប្រជាជន ពិបាក​នឹង​ធានា​សន្តិភាព​ណាស់ ពីព្រោះ​យើង​ដឹង​ហើយ​ថា នៅ​ពេល​លោក សម រង្ស៊ី នៅ​ជា​ប្រធាន​បក្ស ពេល​ណា​គាត់​ឈ្នះ​ឆ្នោត នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ទៅ​ចែក​អ្នក​ក្រ លុប​កិច្ចសន្យា​វិនិយោគ​បរទេស រឹប​អូស​យក​អ្នក​មាន​ដី​ច្រើន ទៅ​ចែក​អ្នក​ក្រ ឬ​អ្នក​គ្មាន​ដី»

កន្លង​ទៅ ក្រុម​អ្នក​តាមដាន​នយោបាយ ធ្លាប់​រិះគន់​ថា សារ​ព្រមាន​អំពី​សង្គ្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ និង​កំពុង​បំបាក់​ស្មារតី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

ម្យ៉ាង​វិញ​ទៀត សម្ដី​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​អំពី​ការ​កើត​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត បើ​សិន​បក្ស​លោក​ចាញ់​ឆ្នោត​នេះ ហាក់​ប្រាសចាក​ពី​រាជសារ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ ដោយ​មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើប្រាស់​ពាក្យ​វិជ្ជមាន​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត ជា​ជាង​ការ​ព្រមាន​បំភិតបំភ័យ​អំពី​សង្គ្រាម ប្រហែល​រដ្ឋាភិបាល​អាច​ទាញ​យក​ប្រជាប្រិយភាព​បាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​មាន​ជម្លោះ​ដីធ្លី​មិន​ទាន់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​ដូច​មុន

$
0
0

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ មិន​ទាន់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​ដូច​មុន​នៅ​ឡើយ។ ពលរដ្ឋ​បឹងកក់​លើក​មូលហេតុ​ថា ដោយសារ​ជាប់​រវល់ ខ្វះ​ថវិកា និង​ខ្លាច​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល។ រីឯ​ពលរដ្ឋ​បុរីកីឡា​វិញ ថា​ពួក​គាត់​ភាគច្រើន​កំពុង​ធ្លាក់​ខ្លួន​ឈឺ ក្រោយ​រស់នៅ​លើ​គំនរ​សំរាម​ជាច្រើន​ឆ្នាំ​គ្មាន​ដំណោះស្រាយ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អះអាង​ថា ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ពួក​គាត់​នៅ​មិន​ទាន់​សម្រេច​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ ដោយសារ​តែ​ជាប់​រវល់ ខ្វះ​ថវិកា និង​ខ្លាច​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា លោកស្រី បូវ សោភា អះអាង​ថា ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​នេះ គឺ​ពួក​គាត់​គ្រាន់​តែ​ពាក់​អាវ​ពណ៌​ខ្មៅ និង​បង្ហោះ​សារ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី និង​មន្ត្រី​អាដហុក (ADHOC) ៤​រូប មន្ត្រី គ..ប ១​រូប ព្រម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៖ «»

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្អាក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល​ទៅ​ហើយ ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

រីឯ​តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេច​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត្រឹម​ជួប​ជុំ​គ្នា​បង្ហោះ​សារ​ទាមទារ​តាម​ហ្វេសប៊ុក (facebook) នោះ ដោយសារ​ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​លើ​គំនរ​សំរាម​ក្នុង​អគារ​បុរីកីឡា​ចាស់ កំពុង​ធ្លាក់​ខ្លួន​ឈឺ ព្រោះ​បញ្ហា​បរិស្ថាន​ស្មោកគ្រោក៖ «»

ពលរដ្ឋ​បុរីកីឡា​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ដំណោះស្រាយ​ដីធ្លី កំពុង​រស់នៅ​លើ​គំនរ​សំរាម។ ពួក​គេ​ថា ក្នុង​ពេល​រដូវ​ក្តៅ​នេះ គំនរ​សំរាម​បាន​ជះ​ក្លិន​អសោច ដែល​ធ្វើ​ឲ្យ​ពិបាក​រស់នៅ និង​ប៉ះពាល់​ដល់​សុខភាព។ ពួក​គាត់​នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​សំណង​ជូន​ពួក​គាត់។

ការ​ខកខាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ព្រមាន​ថា អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សុំ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​គោលដៅ​ទុច្ចរិត​ណា​មួយ​ដែល​ល្មើស​នឹង​ច្បាប់។ លើស​ពី​នេះ លោក គឹម សន្តិភាព ប្រតិកម្ម​នឹង​អ្នក​បឹងកក់ ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​បាន​ចាប់​យក​ពាក្យ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ថា​ជា​ភាសា​ខុស​ច្បាប់ ដោយ​សំអាង​ថា ពុំ​មាន​អំណាច​ណា​មួយ​មក​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​ជន​ណា​ឡើយ គឺ​មាន​តែ​អំណាច​តុលាការ​ទេ​ដែល​អាច​សម្រេច​ថា​ដោះលែង ជន​ណា​ត្រូវ​មាន​ទោស​ជាប់​ឃុំ។ លោក​ថា ចំណុច​នេះ​អាច​ជា​ទង្វើ​ខុស​ច្បាប់។

ទោះ​យ៉ាង​ណា អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​តស៊ូ​មតិ​ដោយ​សន្តិវិធី ពុំ​មែន​ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ អ្នក​ច្បាប់​ថា ទាំង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ជាពិសេស​រដ្ឋធម្មនុញ្ញ បាន​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ និង​សម្ដែង​មតិ។ ម្យ៉ាង​ទៀត ប្រសិន​បើ​គោលដៅ​របស់​ការ​តវ៉ា​គ្រាន់​តែ​ជា​ការ​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​សេរីភាព​សម្រាប់​អ្នក​ជាប់​ឃុំ អាជ្ញាធរ​គួរ​តែ​ប្រឹងប្រែង​រក​យុត្តិធម៌​សម្រាប់​ពួក​គេ ដែល​មិន​គួរ​ភ្ជាប់​អ្នក​តវ៉ា​ទៅ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ។

សម្រាប់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ក្រុង​ភ្នំពេញ អះអាង​ថា ថ្វីត្បិតតែ​ពួក​គាត់​មិន​ទាន់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​ក្តី ក៏ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​បោះបង់​ឡើយ រហូត​ទាល់​តែ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី មន្ត្រី​អាដហុក ៤​រូប មន្ត្រី គ..ប ព្រម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​បារម្ភ​ថា​ការ​ឃោសនា​បោះឆ្នោត​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​មិន​ស្មើ​ភាព​គ្នា

$
0
0

អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​លើក​ឡើង​ស្រដៀង​គ្នា​ថា ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​កើត​មាន​ឡើង​ជា​ថ្មី​ទៀត​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ។ បញ្ហា​នេះ គឺ​ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មាន​ធនធាន និង​មធ្យោបាយ​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈ​គណបក្ស​ដទៃ​ទៀត​ខ្វះខាត​មធ្យោបាយ​ទាំងនេះ។

ស្រប​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត មើល​ឃើញ​ពី​បញ្ហា​សំខាន់​មួយ ដែល​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​មិន​សេរី និង​មិន​មាន​យុត្តិធម៌​ពេញលេញ។ នោះ​គឺ​ជា​ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​មធ្យោបាយ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ដោយសារ​តែ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធាន និង​មធ្យោបាយ​ផ្សព្វផ្សាយ​ច្រើន​ជាង​គណបក្ស​ដទៃ។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ មេសា ថា ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ផ្សព្វផ្សាយ អាច​នឹង​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត និង​មាន​ផល​ប៉ះពាល់​ដល់​គណបក្ស​ទាំង ១១ ផ្សេង​ទៀត ដែល​មិន​មែន​ជា​គណបក្ស​កាន់​អំណាច៖ «»

ចំណែក​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ឃើញ​ថា ការ​ឃោសនា​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍ វិទ្យុ កាសែត និង​គេហទំព័រ នឹង​មិន​អាច​ស្មើ​ភាព​គ្នា​បាន​នោះ​ទេ​រវាង​ម្ខាង​ជា​គណបក្ស​ដែល​មាន​ឥទ្ធិពល និង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ជាង​ម្ខាង​ទៀត ដែល​ខ្វះខាត​ធនធាន ឬ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន​ឯង។ លោក​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំងនោះ បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ស្វែងរក​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​បន្ថែម ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​ផ្តល់​ឲ្យ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត៖ «»

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ស្នើ​ឲ្យ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​មាន​ទូរទស្សន៍ និង​វិទ្យុ ដែល​ចង់​លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ចំនួន​ម៉ោង​មាន​សម្រាប់​លក់ ឬ​ជួល​ក្នុង​រយៈពេល ១​ថ្ងៃ ឬ ១៤​ថ្ងៃ នៃ​ការ​ឃោសនា​បោះឆ្នោត។ ការ​លក់ ឬ​ជួល​នេះ មាន​រយៈពេល​ពីរ​សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា ពោល​គឺ​រយៈពេល ២​សប្ដាហ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា បញ្ជាក់​បន្ថែម​ថា គ..ប ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ផ្តល់​ពេលវេលា ៧​នាទី​កន្លះ​ដល់​គណបក្ស​នយោបាយ​នីមួយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​ខ្លួន ហើយ​សារ​នយោបាយ​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាតិ។ ដោយឡែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​វិញ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ..ប មិន​អាច​ធ្វើ​អ្វី​ដែល​រំលោភ​លើ​សិទ្ធិ​អាជីវកម្ម​របស់​ពួក​គេ​ដែរ តែ គ..ប ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនោះ​ផ្សព្វផ្សាយ​ពី​ចំនួន​ម៉ោង និង​តម្លៃ​ជួល ហើយ​កិច្ចការ​នេះ​ត្រូវ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព៖ «»

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ស្រាវជ្រាវ និង​រក​ឃើញ​ថា ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​នៅ​កម្ពុជា គឺ​ជា​ឧកញ៉ា ឬ​ជា​អ្នក​មាន​ឥទ្ធិពល ដែល​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច។ អ្នក​ជំនាញ​វាយ​តម្លៃ​ថា នេះ​មិន​មែន​ជា​រឿង​ល្អ​ឡើយ ហើយ​វា​នឹង​ធ្វើ​ឲ្យ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។

ទាក់ទង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា វិទ្យុ ទូរទស្សន៍ ឬ​កាសែត​ដោយ​ខ្លួន​ឯង​នោះ​ទេ ក៏ប៉ុន្តែ​ម្ចាស់​ស្ថានីយ​មួយ​ចំនួន គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​នេះ ដូច្នេះ​រាល់​ការ​ផ្សព្វផ្សាយ​ទាំងឡាយ គឺ​ជា​សមានចិត្ត​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ៖ «»

ទោះ​បី​ជា​មាន​ការ​បកស្រាយ​បែប​នេះ​ក្តី ក៏ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត នៅ​តែ​យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​នៅ​តែ​មាន​ប្រៀប​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​គណបក្ស​ដទៃ ហើយ​បើ​ទោះ​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​អះអាង​ថា មិន​មាន​គោលការណ៍​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រណប​ខ្លួន ត្រូវ​តែ​ឃោសនា​ឲ្យ​ខ្លួន​ក៏ដោយ ក៏​ខ្លឹមសារ​ព័ត៌មាន​របស់​ស្ថាប័ន​ទាំងនោះ​មាន​រួច​ជា​ស្រេច​នូវ​ខ្លឹមសារ​ឃោសនា​ឲ្យ​គណបក្ស​កាន់​អំណាច។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជា​ស្តង់ដារ​អន្តរជាតិ​មួយ​អំពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ គឺ​ថា​អ្នក​សារព័ត៌មាន ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​រាយការណ៍​ដោយ​សេរី និង​ដោយ​បើក​ចំហ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការ​បោះឆ្នោត ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​តែ​មាន​យុត្តិធម៌ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​គ្រប់​បេក្ខជន និង​ក្រុម​នយោបាយ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​៩​នាក់​ស្លាប់​និង​២៥​នាក់​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​២៣​មេសា

$
0
0

នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​របាយការណ៍​នៅ​ថ្ងៃ​ទី​២៣ មេសា ថា មាន​មនុស្ស​ចំនួន ៩​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ ២៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១២​លើក​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១២​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ២៤​គ្រឿង រួម​មាន ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៨​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ៣​គ្រឿង ថ្មើរ​ជើង ១​នាក់ និង​យានយន្ត​ផ្សេងៗ ១​គ្រឿង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក គឺ​កើត​ឡើង​នៅ​ពេល​យប់ ៥​លើក ក្នុង​នោះ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៨​នាក់។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​មាន​ល្មើស​ល្បឿន ៦​លើក ស្លាប់ ២​នាក់ មិន​ប្រកាន់​ស្ដាំ ៤​លើក ស្លាប់ ៥​នាក់ ហើយ​មិន​គោរព​សិទ្ធិ ២​លើក ស្លាប់ ២​នាក់។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​នេះ គឺ​នៅ​រាជធានី​ភ្នំពេញ ៣​លើក ស្លាប់ ៦​នាក់ ខេត្ត​កណ្ដាល ២​លើក ស្លាប់​ម្នាក់ របួស ២​នាក់ ខេត្ត​បន្ទាយមានជ័យ ២​លើក ស្លាប់​ម្នាក់ របួស ៦​នាក់ ខេត្ត​កែប ១​លើក របួស​ម្នាក់ និង​ខេត្ត​កំពង់ធំ ១​លើក ស្លាប់​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ថា​ការ​ចាកចេញ​របស់​សកម្មជន​នៅ​មូលដ្ឋាន​មិន​ប៉ះពាល់​សំឡេង​គាំទ្រ

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ ថា​ការ​ចាកចេញ​របស់​ក្រុម​សកម្មជន និង​ជំទប់​ឃុំ​បក្ស​ប្រឆាំង ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​មូលដ្ឋាន នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​ទេ។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត​យល់​ថា នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ដែរ។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា កាន់​តែ​ខិត​ជិត​មក​ដល់ ព័ត៌មាន​នៃ​ការ​ចាកចេញ​របស់​សកម្មជន ឬ​ជំទប់​ឃុំ​បក្ស​ប្រឆាំង ទៅ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​នៅ​តាម​មូលដ្ឋាន កើត​មាន​ជា​ហូរហែ។ តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា នេះ​ជា​ការ​បំផ្លើស​ព័ត៌មាន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ថា​សកម្មជន​ដែល​ចាកចេញ គឺ​ជា​សកម្មជន​ដដែលៗ ហើយ​នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ទេ ហើយ​ការ​ចាកចេញ​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ​នោះ​ទេ៖ «មិន​ប៉ះពាល់​អី​ទេ... គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ឈ្នះ​ឆ្នោត​គគ្រឹកគគ្រេង​ដដែល។ ខ្ញុំ​យល់​ឃើញ​ថា អា​ហ្នឹង​វា​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដដែលៗ»

ជាទូទៅ​ឲ្យ​តែ​ការ​បោះឆ្នោត​ជិត​មក​ដល់ សកម្មជន​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន តែងតែ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រោយ​ចាកចេញ​ពី​គណបក្ស​ប្រឆាំង​ហើយ សកម្មជន ឬ​មន្ត្រី​ជាន់​ខ្ពស់​ទាំងនោះ អះអាង​ស្រដៀង​គ្នា​ថា ដោយសារ​បក្ស​ប្រឆាំង​បក្ខពួក​និយម គ្រួសារ​និយម ស៊ី​សំណូក ឬ​បក្ស​ប្រឆាំង​គ្មាន​បាន​អភិវឌ្ឍ​អ្វី ជាដើម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ចាកចេញ​របស់​សកម្មជន​បក្ស​ប្រឆាំង នឹង​ជួយ​ឲ្យ​បក្ស​កាន់​អំណាច​កើន​សំឡេង​ឆ្នោត​តាម​ឃុំ-សង្កាត់៖ «ខ្ញុំ​យល់​ថា អា​ហ្នឹង​វា​បង្កើន​នូវ​បរិមាណ​របស់​គណបក្ស​ដែល​ចូល ក៏ប៉ុន្ដែ​គណបក្ស​ប្រជាជន ដឹង​ស្រាប់​ហើយ ថា​សមាជិក​ជាង ៥​លាន​នាក់ បើ​គ្រាន់​តែ​យក​សមាជិក​ចាស់​ដែល​មាន​ស្រាប់​ជាង ៥​លាន​នាក់ មក​បោះឆ្នោត​ហ្នឹង វា​ដឹង​តែ​ឈ្នះ ហៅ​ថា​ស្វ័យ​ប្រវត្តិ​ហើយ មិន​បាច់​ខំ​ទេ»

គណបក្ស​ដែល​បាន​ដាក់​បេក្ខភាព​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​នេះ តែងតែ​អួតអាង​ថា នឹង​ឈ្នះ​ឆ្នោត ហើយ​គ្រប់គ្រង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ច្រើន​លើសលប់​រៀងៗ​ខ្លួន។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ឈ្នះ​ឆ្នោត​ឃុំ-សង្កាត់។ ឯ​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង ប្រាប់​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​ដូច​លោក សម រង្ស៊ី ដែរ។ តែ​លោក​នាយក​រដ្ឋមន្ត្រី ព្រមាន​នឹង​មាន​សង្គ្រាម បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ថា​ការ​រត់​ចេញ​របស់​សកម្មជន​នេះ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ លោក​យល់​ថា បើ​បក្ស​ប្រឆាំង​គ្មាន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ទេ បក្ស​ប្រឆាំង​អាច​បាត់បង់​ប្រជាប្រិយភាព​ខ្លះ​នៅ​តាម​មូលដ្ឋាន៖ «វា​ជះ​ឥទ្ធិពល​ដែរ កាលណា​គណបក្ស​មួយ​ដែល​មាន​សកម្មជន ឬ​មួយ​ក៏​បេក្ខជន គាត់​លាឈប់​ពី​គណបក្ស​ហ្នឹង មាន​ន័យ​ថា​គាត់​អត់​ពេញ​ចិត្ត​រឿង​អី​មួយ​ហើយ បាន​គាត់​លាឈប់​ហ្នឹង​ណា... អា​ហ្នឹង​វា​ជះ​ឥទ្ធិពល​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ...»

ទោះ​ជា​បែប​នេះ​ក្ដី លោក ម៉ៅ មុនីវណ្ណ អះអាង​ថា លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់ វា​អាស្រ័យ​លើ​ពលរដ្ឋ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា កន្លង​ទៅ សកម្មភាព​បែប​នេះ​កើត​ឡើង​ច្រើន​ហើយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​តែ​អាច​ឈ្នះ​ឆ្នោត​នៅ​មូលដ្ឋាន​បាន។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា មើល​ឃើញ​ថា ការ​ចាកចេញ​របស់​សកម្មជន​បក្ស​ប្រឆាំង មិន​មែន​ជា​រឿង​ចម្លែក​ទេ។ លោក​ថា គ្រាន់​តែ​ការ​ចាកចេញ​របស់​សកម្មជន​បក្ស​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេង​គាំទ្រ​បក្ស​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ លោក​យល់​ថា គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​ដោយ​ភ្ជាប់​ឧទាហរណ៍​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ដែល​កាលណោះ សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់៖ «យើង​អាច​ធ្វើ​ការ​វាយ​តម្លៃ​បាន​ថា ទី​១ គឺ​ចរន្ត​របស់​ពលរដ្ឋ​គាត់​ចង់​ផ្លាស់ប្ដូរ​គណបក្ស​នយោបាយ ដោយសារ​តែ​គាត់​មាន​ការ​អាក់អន់​ចិត្ត​ជាដើម​ជាមួយ​គណបក្ស​ប្រឆាំង​នោះ។ ទី​២ អាច​ជា​សេណារីយ៉ូ ឬ​អាច​ជា​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច ដើម្បី​បង្ហាញ​ពី​រូបភាព​នយោបាយ​ទៅ​សាធារណមតិ​ថា បក្ស​ប្រឆាំង​អស់​ការ​គាំទ្រ​ជាដើម»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ដែល​បាន​ដាក់​បេក្ខភាព​មេ​ឃុំ​ទូទាំង​ប្រទេស បាន​បង្កើន​ការ​ចុះ​មូលដ្ឋាន​ចាប់​តាំង​ពី​មុន​យុទ្ធនាការ​ឃោសនា​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live