Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត​នៃ​សង្កាត់​កោះរ៉ុង​ខ្វះ​កន្លែង​ស្នាក់នៅ

$
0
0

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សង់​ទីស្នាក់ការ ឬ​ទីកន្លែង​ស្នាក់នៅ​ជូន​គ្រូបង្រៀន​ដែល​មក​ពី​តំបន់​ឆ្ងាយ ហើយ​ត្រូវ​មក​បង្រៀន​កុមារ​តូចៗ​នៅ​សាលា​នេះ។

ក្រុម​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​ផលវិបាក​ខ្វះ​ជម្រក​ស្នាក់នៅ​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ត្រូវ​ស្ថាប័ន​អប់រំ​បញ្ជូន​ពី​តំបន់​ផ្សេងៗ​មក​ប្រចាំ​ការ​បង្រៀន​សិស្ស​នៅ​លើ​កោះរ៉ុង​រួច​មក។

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត លោក ថាន់ ហ៊ុល បាន​អំពាវនាវ​តាម​រយៈ​អាស៊ីសេរី ស្នើ​ដល់​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សង់​ទី​ជម្រក​ជូន​គ្រូបង្រៀន​ប្រចាំ​ការ​នៅ​លើ​កោះរ៉ុង ដើម្បី​អាច​បន្ត​ការ​បង្រៀន​កុមារ​តូចៗ​នៅ​លើ​កោះ​មួយ​នេះ​ស្រប​តាម​ក្រសួង​អប់រំ ព្រោះ​ទីកន្លែង​ធ្លាប់​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ភូមិ​សុខសាន្ត ត្រូវ​បាន​គេ​រុះរើ​ចេញ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន។

គ្រូបង្រៀន​រូប​នេះ​ឲ្យ​ដឹង​ថា មាន​គ្រូបង្រៀន​ចំនួន ៤​នាក់​បាន​មក​ប្រចាំ​ការ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង នេះ៖ «គ្រូបង្រៀន​ពួក​ខ្ញុំ​នៅ​សាលាបឋមសិក្សា​សុខសាន្ត​នេះ គឺ​ខ្វះ​ផ្ទះ​សម្រាប់​ផ្តល់​ជូន​គ្រូ​ស្នាក់នៅ ព្រោះ​កន្លង​មក​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​ទីស្នាក់ការ​ភូមិ តែ​ពេល​នេះ​ត្រូវ​រុះរើ​ចេញ»

លិខិត​ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ផ្ញើ​ជូន​លោក សេង ហ៊ួលាង ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះរ៉ុង លោក ខាន់ ពិសិដ្ឋ នាយក​សាលា​បឋម​សិក្សា​សុខសាន្ត បាន​ស្នើ​ដល់​ស្ថាប័ន​ក្រសួង​អប់រំ និង​ផ្នែក​ពាក់ព័ន្ធ ជួយ​សង់​អគារ​ស្នាក់នៅ​ជូន​បុគ្គលិក​អប់រំ ឬ​ជូន​គ្រូបង្រៀន​នៅ​មូលដ្ឋាន​ភូមិ​សុខសាន្ត ចំនួន ១​ខ្នង​មាន ៣​បន្ទប់​ឲ្យ​បាន​ឆាប់។

លោក​បន្ត​ថា កន្លង​ទៅ ក្រុម​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​នេះ​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ទីស្នាក់ការ​ភូមិ​សុខសាន្ត ប៉ុន្តែ​បច្ចុប្បន្ន​នេះ ទីស្នាក់ការ​នេះ​ត្រូវ​បាន​រុះរើ​ចេញ នាំ​ឲ្យ​គ្រូបង្រៀន​គ្មាន​ជម្រក។ លើស​ពី​នេះ ក្នុង​ឆ្នាំ​សិក្សា​២០១៦ – ២០១៧ នេះ មាន​ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​ត្រូវ​បាន​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ បញ្ជូន​ឲ្យ​ចុះ​មក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នេះ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាលា​នេះ​គ្មាន​លទ្ធភាព​សង់​ជម្រក​ជូន ដើម្បី​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ​ទេ។

ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះរ៉ុង លោក សេង ហ៊ួលាង ទទួល​ស្គាល់​ថា គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត ក្រុង​ព្រះសីហនុ ដែល​មក​ប្រចាំ​ការ​បង្រៀន​ជា​អចិន្ត្រៃយ៍​នៅ​លើ​កោះរ៉ុង នេះ មិន​មាន​ជម្រក​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ​ពិត​មែន។ លោក​បាន​បញ្ជូន​សំណើ​សុំ​អគារ​សម្រាប់​គ្រូបង្រៀន​ស្នាក់នៅ ១​ខ្នង​មាន ៣​បន្ទប់​របស់​នាយក​សាលា​បឋម​សិក្សា​សុខសាន្ត ដាក់​ជូន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​អប់រំ និង​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

អាណាព្យាបាល​កុមារ​តូចៗ​នៅ​ភូមិ​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រូបង្រៀន​ដែល​មក​បង្រៀន​សិស្ស​ជា​អចិន្ត្រៃយ៍​នៅ​លើ​កោះ​នេះ ពិត​ជា​ខ្វះ​ជម្រក​សម្រាប់​ស្នាក់នៅ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ការ​ត្អូញត្អែរ​ពិត​មែន។ អាណាព្យាបាល​សិស្ស​ឲ្យ​ដឹង​ថា កន្លង​ទៅ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ផ្នែក​របស់​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​បន្តិចបន្តួច​ពី​អាណាព្យាបាល​សិស្ស ដែល​មាន​លំនៅឋាន​នៅ​ជិត​របង​សាលា​បឋម​សិក្សា​សុខសាន្ត សម្រាប់​ទ្រទ្រង់​ជីវភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សកលវិទ្យាល័យ​មួយ​រង​ការ​ចោទ​ថា​មិន​ឲ្យ​និស្សិត​ចូល​ក្នុង​​​ពិធី​​ចែក​​សញ្ញាប័ត្រ​ព្រោះ​ខ្លាច​ស្កាត់​ជួប​លោក ហ៊ុន សែន

$
0
0

និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ចោទ​សាលា​នេះ​ថា​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ព្រោះ​ខ្លាច​និស្សិត​ពួកគេ​ស្កាត់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នោះ។ និស្សិត​ដែល​មិន​បាន​ចូលរួម​ចាត់​ទុក​ការ​ហាមប្រាម​របស់​សាកលវិទ្យាល័យ ថា​ជា​ការ​រើសអើង និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ។

និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ឈ្មោះ ឃឹម ប្រខួច ដែល​កើត​ទុក្ខ​មិន​សុខចិត្ត​ដោយសារ​តែ​រូបគេ និង​ប្អូនប្រុស​បង្កើត​មួយ​រូប​ទៀត​ឈ្មោះ ឃឹម ប្រុសលាភ បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ដូច​គ្នា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ថា រូបគេ​សោកស្ដាយ​ដែល​សាកលវិទ្យាល័យ​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​កម្មវិធី​ចែក​សញ្ញាប័ត្រ​ដូច​និស្សិត​ដទៃ​ទៀត។

និស្សិត ឃឹម ប្រខួច រំលឹក​ថា កាល​ពី​ឆ្នាំ​២០១៦ រូបគេ​និង​ម្ដាយ​ធ្លាប់​ព្យាយាម​ស្កាត់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ច្រើន​លើក​ដើម្បី​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​ក្នុង​ករណី​ដែល​រូបគេ​ទទួល​រង​ការ​វាយដំ​របួស​ធ្ងន់ធ្ងរ​ដោយ​កូន​ចៅ​អ្នក​ជំពាក់​លុយ​ម្ដាយ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​រូបគេ ហើយ​ប្ដឹងផ្ដល់​ទៅ​តុលាការ រួច​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ទៅ​វិញ។

យុវជន ឃឹម ប្រខួច ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ពេល​ព្យាយាម​ស្កាត់​ជួប​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ក្នុង​ពេល​កន្លង​ទៅ រូបគេ​និង​ម្ដាយ​ត្រូវ​បាន​កង​ការពារ​របស់​លោក ហ៊ុន សែន ចាប់​ឃាត់​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន ឡើយ ហើយ​ថែម​ទាំង​ចោទ​ប្រកាន់​ពួកគេ​ថា ប៉ុនប៉ង​ធ្វើឃាត​លោក ហ៊ុន សែន ទៀត​ផង។ លើស​ពី​នេះ រូបគេ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន ហើយ​ថែម​ទាំង​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​ដែល​បញ្ជាក់​ថា ទី​ណា​មាន​វត្តមាន​លោក ហ៊ុន សែន ពួកគេ​មិន​អាច​មាន​មុខ​ឡើយ។

​យុវជន ឃឹម ប្រខួច អះអាង​ថា ព្រោះ​តែ​មូលហេតុ​នេះ​ហើយ​ទើប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប មិន​អនុញ្ញាត​ឲ្យ​រូប​គេ និង​ប្អូនប្រុស​ចូល​រួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ។ បើ​ទោះ​ជា​សាកលវិទ្យាល័យ​សន្យា​ថា នឹង​ផ្ដល់​សញ្ញាប័ត្រ​ឲ្យ​ពួកគេ​នៅ​ក្រោយ​ពេល​ពិធី​ចែក​សញ្ញាប័ត្រ​ក្ដី ប៉ុន្តែ​និស្សិត​រូប​នេះ​ថា គេ​ពិបាក​ទទួល​យក​បាន និង​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​សាកល​វិទ្យាល័យ​ថា ជា​ការ​រើសអើង​ហួសហេតុ៖ «ខ្ញុំ​ចង់​ទាមទារ​ឲ្យ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ឲ្យ​សញ្ញាប័ត្រ​ខ្ញុំ​ឲ្យ​ឆាប់ៗ​ពីរ​នាក់​បង​ប្អូន ហើយ​ខ្ញុំ​ក៏​សំណូមពរ​ថា ឲ្យ​មាន​ច្បាប់​យុត្តិធម៌​ឡើង​ចំពោះ​ប្រទេស​ខ្មែរ បើ​ថា​ខុស​ដឹង​ខុស ត្រូវ​ដឹង​ត្រូវ ពីព្រោះ​ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្បូរ​ដោយ​ភាព​ឈឺ​ចាប់​ជា​ច្រើន​ខែ​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​មិន​ទទួល​បាន​ភាព​យុត្តិធម៌»

ម្ដាយ​របស់​យុវជន ឃឹម ប្រខួច អ្នកស្រី ឃឹម ពៅ ថ្លែង​ថា អ្នកស្រី​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​មិន​បាន​ឃើញ​កូន​ទាំង​២ ទៅ​ចូលរួម​ទទួល​សញ្ញាប័ត្រ​នឹង​គេ។ អ្នកស្រី​ថា អ្នកស្រី​បាន​ប្រឹងប្រែង​រក​ប្រាក់​បង់​ថ្លៃ​សាលា​ឲ្យ​កូន តែ​ទីបំផុត​ដោយសារ​តែ​រឿង​អ្នកស្រី​ស្វែង​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​បែរ​ជា​សាលា​មិន​អនុញ្ញាត​ឲ្យ​កូន​អ្នកស្រី​ចូល​រួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ទៅ​វិញ៖ «​ពេល​ខ្ញុំ​ទៅ​រក​សម្ដេច​នាយករដ្ឋមន្ត្រី​នៅ​វត្ត​ក្រពើហារ ម្ដង​រក​យុត្តិធម៌​ត្រូវ​គេ​ឃាត់​ខ្លួន ហើយ​ពេល​ទៅ​វិទ្យាស្ថាន​អប់រំ កាល​ពី​ឆ្នាំ​២០១៦ ត្រូវ​គេ​ឃាត់​ខ្លួន​ទៀត ប៉ុន្តែ​ឃាត់​ខ្លួន​លើក​ហ្នឹង​ឃាត់​ខ្លួន​ធ្ងន់ គេ​ឃាត់​ខ្លួន​ខ្ញុំ ២​នាក់​ម៉ែ​កូន​ឲ្យ​ផ្ដិត​មេដៃ ហើយ​ប្រាប់​ខ្ញុំ​ថា ឈប់​ឲ្យ​មីង​ឯង និង​កូន​មីង​ឯង​ទៅ​កម្មវិធី​ណាៗ​ដែល​មាន​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប លោក ជា សុភាព បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក ជា សុភាព ថា សាលា​មិន​បាន​ហាម​ឃាត់​និស្សិត​ណា​ម្នាក់​ចូល​រួម​ទទួល​សញ្ញាប័ត្រ​ឡើយ។ លោក​អះអាង​ថា យុវជន ឃឹម ប្រខួច មិន​បាន​មក​ចុះឈ្មោះ និង​ជួល​អាវ​ដើម្បី​ចូលរួម​នោះ​ទេ។

លោក ជា សុភាព ថ្លែង​ដែរ​ថា ក្នុង​កម្មវិធី​ចែក​សញ្ញាប័ត្រ​កាល​ពី​ឆ្នាំ​២០១៦ យុវជន ឃឹម ប្រខួច បាន​ទៅ​ចូលរួម​ដែរ ហើយ​ព្យាយាម​ស្កាត់​ជួប​លោក ហ៊ុន សែន តែ​ត្រូវ​ក្រុម​រៀបចំ​ការពារ​សុវត្ថិភាព​លោក ហ៊ុន សែន ឃាត់។ ទោះ​ជា​​យ៉ាង​ណា​លោក​ថា នេះ​មិន​មែន​ជា​មូលហេតុ​ដែល​សាកលវិទ្យាល័យ​លោក​ហាម​មិន​ឲ្យ​យុវជន ឃឹម ប្រខួច ចូល​ទទួល​សញ្ញាប័ត្រ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំពោះ​សញ្ញាប័ត្រ​វិញ​លោក​ថា យុវជន ឃឹម ប្រខួច មក​ទទួល​ពី​សាលា​ពេល​ណា​ក៏​បាន៖ «ជា​ធម្មតា​ចែក​សញ្ញាប័ត្រ​និស្សិត​ទាំង​អស់​ត្រូវ​មក​ជួល​អាវ​នៅ​សាលា មាន​ស៊ីង (Sign) សម្រាប់​ចូល​ថ្ងៃ​ចែក​សញ្ញាប័ត្រ តែ​ឆ្នាំ​នេះ​ប្រហែលជា​គាត់​អត់​មក​ជួល​មក​អី​អ៊ីចឹង​ក៏​អត់​មាន​ឈ្មោះ»

កន្លង​ទៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ព្យាយាម​ស្កាត់​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ជួយ​នៅ​ពេល​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ដែល​ពួកគេ​យល់​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌។ អ្នក​ខ្លះ​ស្កាត់​ជួប​បាន​សម្រេច​តែ​អ្នក​ខ្លះ​ទៀត ក៏​ត្រូវ​បាន​កង​ការពារ​ហាមឃាត់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា បើ​សិន​ជា​សាលា​ហាមឃាត់​និស្សិត​ខ្លួន​មិន​ឲ្យ​ចូល​ទទួល​សញ្ញាប័ត្រ​មែន​វា​បង្ហាញ​ពី​ការ​រើសអើង និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​និស្សិត។ លោក​ថា សាលា​គួរ​ដើរ​តួនាទី​ជា​ស្ថាប័ន​ឯករាជ្យ និង​ផ្ដល់​ឱកាស ឬ​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ឲ្យ​បាន​ស្មើៗ​គ្នា។ លើស​ពី​នេះ​លោក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ប្រទេស ដូច្នេះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្វែង​រក​អន្តរាគមន៍​ពី​លោក ពេល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក ហើយ​ពលរដ្ឋ​មិន​គួរ​ត្រូវ​បាន​គេ​ហាមឃាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​ត្អូញត្អែរ​ពី​បញ្ហា​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​គំនរ​សំរាម​តាម​ដង​ផ្លូវ

$
0
0

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​គំនរ​សំរាម​ពាសពេញ​ផ្លូវ ដែល​គេ​យក​មក​បោះ​ចោល​ក្រៅ​ធុង​សំរាម​ច្រើន​ថ្ងៃ​ហើយ។ ពលរដ្ឋ​ខ្លះ​បោះ​ចោល​សំរាម​ចូល​ក្នុង​ទឹក​ទន្លេ។ ពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​ក្បែរៗ​នឹង​គំនរ​សំរាម​ទាំងនោះ បារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ដែល​អាច​បង្ក​ដោយ​គំនរ​សំរាម​ទាំងនោះ។

ពលរដ្ឋ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង អំពាវនាវ​នៅ​ថ្ងៃ​ទី​២០ មេសា ឲ្យ​អាជ្ញាធរ​ក្រុង​អន្តរាគមន៍​បន្ទាន់ ដើម្បី​ប្រមូល​សំរាម​ដែល​គេ​គរ​ចោល​ក្រៅ​ធុង​សំរាម​ច្រើន​ស្អេកស្កះ និង​លើ​ផ្លូវ​សាធារណៈ។ គំនរ​សំរាម​ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់​នោះ គឺ​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ក្រុង​ស្ទឹងត្រែង គឺ​នៅ​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ខែត្រ​ស្ទឹងត្រែង និង​ក្បែរ​ព្រះរាជ​ដំណាក់​ស្ដេច។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង លោក ទេព ភារម្យ ឲ្យ​ដឹង​ថា នៅ​ក្បែរ​លំនៅឋាន​របស់​ពួក​គេ​មាន​ធុង​សំរាម​មួយ​កន្លែង ដែល​អាជ្ញាធរ​កសាង ក៏ប៉ុន្តែ​ធុង​សំរាម​ទាំងនោះ​ពុំ​អាច​បំពេញ​តម្រូវការ​គ្រប់គ្រាន់ ខណៈ​ពលរដ្ឋ​ខ្លះ​បោះ​ចោល​សំរាម​លើ​ផ្លូវ​សាធារណៈ។ លោក​បន្ត​ថា រថយន្ត​ប្រមូល​សំរាម​ច្រើន​ថ្ងៃ​ទើប​មក​ប្រមូល​ម្តង នាំ​ឲ្យ​សំរាម​គរ​កាន់​តែ​ច្រើន​ឡើង ជះ​ក្លិន​មិន​ល្អ​ដល់​អ្នក​ដំណើរ និង​ពលរដ្ឋ។

លោក​បន្ត​ថា នៅ​ពេល​ពួក​គាត់​បរិភោគ​អាហារ​ម្តងៗ ក្លិន​ស្អុយ​ភាយ​តាម​ខ្យល់​ចេញ​ពី​គំនរ​សំរាម បណ្ដាល​ឲ្យ​ក្អួត​ចង្អោរ។ លោក​បារម្ភ​ប៉ះពាល់​សុខភាព​កូនៗ និង​ក្មួយ​របស់​លោក​ដែល​រស់នៅ​ក្បែរ​នោះ៖ «នេះ​ក្លិន​ស្អុយ​មែនទែន​កៀន​ផ្ទះ ប្រាប់​គេ​ដែរ ប៉ុន្តែ​គេ​មិន​មក​យក​ផង។ ប្រាប់​អ្នក​មក​យក​សំរាម ៤ ទៅ ៥​ថ្ងៃ​មក​យក​ម្តង​ទៅ នេះ​យូរៗ​មក​ម្តង ស្អុយ​ជះ​ក្លិន​ពេញ​ផ្ទះ​អស់​អា​លីង។ ក្មួយ​ខ្ញុំ​ក៏​នៅ​ហ្នឹង កូន​ខ្ញុំ​ក៏​នៅ​ហ្នឹង ម៉ាក់​ខ្ញុំ​ក៏​នៅ​ហ្នឹង​ដូច​គ្នា»

កន្លង​ទៅ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង មាន​ផែនការ​បណ្តុះបណ្តាល​អប់រំ​ពលរដ្ឋ​ពី​ការ​ទុក​ដាក់​សំរាម និង​បង្កើត​យុទ្ធនាការ​ដើរ​រើស​សំរាម​មួយ​ខែ​ម្តង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន តាម​រយៈ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​បង្កើត​ធុង​សំរាម​ធំៗ​ច្រើន​ទីតាំង និង​មាន​កម្មករ​ប្រមូល​សំរាម​ជា​ប្រចាំ​ផង។

ឆ្លើយតប​រឿង​នេះ អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​នឹង​មាន​វិធានការ​អន្តរាគមន៍​រឿង​នេះ ដោយ​ដក​ហូត​ធុង​សំរាម​ចេញ​ពី​ទីកន្លែង​នោះ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​តាម​ផ្ទះ​នីមួយៗ ដើម្បី​ឲ្យ​រថយន្ត​ប្រមូល​ជា​ប្រចាំ។ លោក​ព្រមាន​ថា នឹង​ផាក​ពិន័យ​ផ្អែក​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​ឆាប់ៗ​នេះ ប្រសិន​បើ​ពលរដ្ឋ​នៅ​តែ​បោះ​ចោល​សំរាម​ខ្វះ​សណ្ដាប់ធ្នាប់៖ «ពួក​គាត់​វេច​ខ្ចប់​ទុក​តាម​ផ្ទះ ដើម្បី​ឡាន​គេ​ដើរ​យក។ ខ្ញុំ​ដូរ​កម្មវិធី​ឈប់​ប្រើ​ធុង​សំរាម​ហើយ។ ខ្ញុំ​មាន​ផែនការ​អស់​ហើយ និង​រៀបចំ​អស់​ហើយ»

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​ជំរុញ​ឲ្យ​មន្ត្រី​រាជការ សាធារណជន និង​ពលរដ្ឋ​មូលដ្ឋាន​នេះ ឲ្យ​រួម​គ្នា​សម្អាត​បរិស្ថាន​តាម​លំនៅឋាន​រៀងៗ​ខ្លួន និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​បង្ហូរ​កាក​សំណល់ ឬ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ។

តួលេខ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង បញ្ចេញ​កាក​សំណល់​មួយ​ថ្ងៃ​ចាប់​ពី ២៩​តោន ដល់ ៣១​តោន និង​ចាប់​ពី ៨៥០​តោន​ដល់ ៩០០​តោន​ក្នុង​មួយ​ខែ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ទម្លាប់​បោះ​ចោល​សំរាម​ពាសវាលពាសកាល​របស់​ពលរដ្ឋ និង​អាជីវករ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​ក្លាយ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព​សាធារណៈ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន។ លោក​មើល​ឃើញ​ថា កន្លង​ទៅ អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​យក​ចិត្ត​ទុក​ដាក់​បង្កើត​យុទ្ធនាការ​ដើរ​រើស​សំរាម​ជា​ប្រចាំ និង​បង្កើត​ធុង​ដាក់​សំរាម​ច្រើន​ទីតាំង ក៏ប៉ុន្តែ​អាជីវករ និង​ពលរដ្ឋ​មួយ​ចំនួន នៅ​តែ​បន្សល់​កាក​សំណល់​សំរាម​ពាសវាលពាសកាល និង​បោះ​ចោល​សំរាម​ក្រៅ​ធុង​សំរាម។ បញ្ហា​នេះ បង្ហាញ​ពី​ឥរិយាបថ​មិន​ល្អ​របស់​អាជីវករ និង​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រក​វិធានការ​អប់រំ និង​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​ផង៖ «ពាក់ព័ន្ធ​រឿង​ហ្នឹង យើង​ឃើញ​ថា អាជ្ញាធរ​ក្រុង​ក៏​គាត់​ប្រឹងប្រែង​ដែរ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ហ្នឹង។ យើង​ឃើញ​ជាក់ស្តែង ជា​រឿយៗ​គាត់​បាន​នាំ​កម្លាំង​ដូចជា​សិស្ស​សាលា និង​មន្ត្រី​រាជការ​មួយ​ចំនួន ដូចជា​ប៉ូលិស​ទាហាន និង​ខាង​អាវុធហត្ថ ឃើញ​ឧស្សាហ៍​ដើរ​សម្អាត​ណាស់ ហើយ​ទន្ទឹម យើង​ចង់​ឲ្យ​គាត់​ចាត់​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត»

លោក ហូ សំអុល លើក​ឡើង​ថា ពលរដ្ឋ​ទាំងអស់​គ្នា​មាន​តួនាទី​សំខាន់​ចូលរួម​បំបាត់​កាក​សំណល់ និង​សំរាម​នៅ​គ្រប់​ទីកន្លែង។ លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​នាំ​គ្នា​កែប្រែ​ទម្លាប់​វេច​ខ្ចប់ ឬ​ដាក់​សំរាម​ក្នុង​ធុង ដើម្បី​ទីក្រុង​ស្អាត​មាន​អនាម័យ​ល្អ។ លោក​បន្ថែម​ថា ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​មាត់​ទន្លេ​បាន​បោះ​ចោល​សំរាម​ចូល​តាម​ទឹក​ទន្លេ ជាពិសេស​គឺ​ថង់​ប្លាស្ទិក ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន និង​គុណភាព​ទឹក។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន ពន្យល់​ថា សំរាម ឬ​ថង់​ប្លាស្ទិក​នៅ​ពេល​ចូល​ក្នុង​ទន្លេ វា​ប៉ះពាល់​ដល់​សុវត្ថិភាព​ជីវចម្រុះ សុខភាព​សាធារណៈ ការ​នេសាទ និង​ទេសចរណ៍។ នៅ​ពេល​ប្លាស្ទិក​សំយោគ​នឹង​ពន្លឺ​ព្រះអាទិត្យ វា​បំបែក​ខ្លួន​តូចៗ​ដែល​ផ្ទុក​សារធាតុ​ពុល។ ត្រី ឬ​បក្សី​ទឹក ស៊ី​ប្លាស្ទិក​ដែល​មាន​សារធាតុ​ពុល ហើយ​មនុស្ស​បរិភោគ​អាហារ​ទន្លេ។

អ្នក​ជំនាញ​បញ្ជាក់​ថា ប្លាស្ទិក​នេះ​ប៉ះពាល់​សុខភាព​មនុស្ស ដែល​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​មហារីក ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​ខ្លួន និង​ជំងឺ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ​ផង។ ទន្ទឹម​នឹង​នេះ ក្លិន​ស្អុយ​បណ្ដាល​មក​ពី​គំនរ​សំរាម បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម រលាក​សួត និង​ជំងឺ​គ្រុន​ពោះវៀន ជាដើម។ ចំពោះ​អ្នក​ដែល​ប្រឈម​ខ្លាំង គឺ​កុមារ និង​អ្នក​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន រិះគន់​អ្នក​អត្ថាធិប្បាយ​ច្បោលៗ​ហ៊ាន​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អ្នក​អត្ថាធិប្បាយ​ដែល​ហ៊ាន​និយាយ​រិះគន់​ច្បោលៗ​ពី​គោល​នយោបាយ និង​សកម្មភាព​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន ហៅ​ការ​អត្ថាធិប្បាយ​ច្បោលៗ​ថា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​យល់​ថា អ្នក​អត្ថាធិប្បាយ​រិះគន់​ច្បោលៗ​ដោយសារ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​តម្លាភាព។

ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ ហើយ​មេ​ដឹកនាំ​គណបក្ស​ធំ​ចំនួន​ពីរ​នៅ​កម្ពុជា ក៏​ចាប់​ផ្ដើម​បង្កើន​ការ​បង្អួត​គោល​នយោបាយ​រៀងៗ​ខ្លួន។

ថ្លែង​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្អួត​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ។ លោក ហ៊ុន សែន លើក​ឡើង​ថា គោល​នយោបាយ​ដែល​រដ្ឋាភិបាល​លោក​ដាក់​ចេញ មិន​មែន​ជា​ការ​លេង​សើច​ទេ។ លោក​ចាត់​ទុក​ការ​ធ្វើ​អត្ថាធិប្បាយ​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក ថា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស​អៀន និង​ស្នើ​ឲ្យ​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា នេះ កុំ​ឲ្យ​អត្ថាធិប្បាយ​ច្បោលៗ និង​និយាយ​ខុស​ការពិត​ដោយ​បំពាន៖ «ខ្លួន​ម្នាក់​ចេះ​ដឹង​គ្រប់​វិស័យ​ទាំងអស់ រាប់​ទាំង​មិន​ទាន់​ស្គាល់​ថា តើ​ក្រសួង​គេ​មាន​ច្បាប់ និង​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ស្ថាប័ន​ហ្នឹង មិន​ទាន់​ស្គាល់​មុខងារ​នៃ​ស្ថាប័ន​នោះ ប៉ុន្តែ​គេ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន»

ក្រៅ​ពី​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ លោក​នាយក​រដ្ឋមន្ត្រី​យល់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក៏​ដើរ​បាន​ល្អ​តាម​គោល​នយោបាយ​ដែរ។ បើ​ទោះ​បី​ជា​គោល​នយោបាយ​លើ​វិស័យ​សុខាភិបាល រង​ការ​រិះគន់​ជា​បន្តបន្ទាប់​តាំង​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​វេជ្ជបណ្ឌិត ក៏​លោក​នាយក​រដ្ឋមន្ត្រី​យល់​ថា វិស័យ​នេះ​មាន​សកម្មភាព​ល្អ​ដូច​គោល​នយោបាយ​សុខាភិបាល​ដែរ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ និង​សង្គម បណ្ឌិត មាស នី មើល​ឃើញ​ថា អ្នក​អត្ថាធិប្បាយ​ខ្លះ​ច្បោលៗ​ដូច​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ដែរ។ ក៏ប៉ុន្ដែ​លោក មាស នី ថា​ពេល​ខ្លះ​ការ​អត្ថាធិប្បាយ​រិះគន់​ច្បោលៗ ដោយសារ​តែ​រដ្ឋាភិបាល​មិន​សូវ​បាន​បង្ហាញ​តម្លាភាព​គ្រប់គ្រាន់។

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​មាន​សមត្ថភាព​បង្ហាញ​ពី​ទិន្នន័យ​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព អ្នក​អត្ថាធិប្បាយ ឬ​អ្នក​វិភាគ ងាយ​នឹង​ផ្ដល់​អនុសាសន៍​ល្អៗ តែ​បើ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​តម្លាភាព​ត្រឹមត្រូវ ការ​វិភាគ​បាន​ត្រឹម​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ៖ «អ្នក​រិះគន់​ពេល​ខ្លះ យើង​មាន​ការ​ពិបាក​ណាស់ ដោយសារ​រដ្ឋាភិបាល​យើង​ហ្នឹង​មិន​បាន​ផ្ដល់​តម្លាភាព​សម្រាប់​សង្គម​ជាតិ​របស់​ខ្លួន​ឯង។ ចឹង ពេល​ខ្លះ​ការ​វិភាគ​បាន​ត្រឹម​តែ​ការ​ប៉ាន់​ប្រមាណ​ទៀត ហើយ​ពេល​ខ្លះ ទិន្នន័យ​ហ្នឹង​ទៀត មិន​ហ៊ាន​យក​ទៅ​និយាយ​ទៀត ដោយសារ​ខ្លាច​អី? ខ្លាច​កាលណា​និយាយ​ទៅ​ខុស គេ​ចោទ​ប្រកាន់​ថា​យើង​បំផ្លើស​ព័ត៌មាន​ទៅ អាច​ជា​ជាប់​គុក អាច​ទៅ​ស្លាប់​អ៊ីចឹង​ទៅ»

បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ចាត់​ទុក​សកម្មភាព និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ថា​ល្អ និង​ដើរ​យ៉ាង​រលូន ប៉ុន្តែ​លោក មាស នី យល់​ថា ដើម្បី​ឲ្យ​សង្គម​មួយ​រីក​ចម្រើន លុះត្រា​តែ​រដ្ឋាភិបាល​ចេះ​រៀបចំ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ និង​ចេះ​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន។ លោក​ថា សង្គម​ស៊ីវិល​ក៏​គួរ​ទទួល​យក​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែរ មិន​មែន​តែ​រដ្ឋាភិបាល​ទេ៖ «បើ​សិន​ជា​យើង​នៅ​រស់​ក្នុង​សង្គម​មួយ​ដែល​រិះគន់​គ្នា​អត់​បាន កាលណា​រិះគន់​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​អី​ទៅ អា​ហ្នឹង​វា​ធ្វើ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ យើង​មិន​ចង់​ប្រើ​ពាក្យ​ថា ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ ក៏ប៉ុន្ដែ​យើង​ជួយ​ទាញ​កន្លុះ ហ្នឹង​ឲ្យ​វា​បាន​ឆេះ​ទៅ សង្គម​យើង​វា​ដើរ​ទៅ​មុខ ទាន់​គេ​ទាន់​ឯង​ហើយ ព្រោះ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ទោះ​បី​យើង​ខំ​ប្រឹង​ប៉ិន​ណេះ​ក៏ដោយ ប៉ុន្តែ​យើង​នៅ​តែ​ជា​ប្រទេស​មួយ​ក្រីក្រ​ក្រោយ​គេ នៅ​ក្នុង​តំបន់​ប្រទេស​ទាំង​១០ អា​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​យើង​ផង»

កន្លង​ទៅ អ្នក​វិភាគ​យល់​ថា គោល​នយោបាយ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ គឺ​ល្អ​ចាប់​តាំង​ពី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ត្រីកោណ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ដំណាក់កាល​ទី​៣ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ការ​អនុវត្ត​តាម​គោល​នយោបាយ​ទាំងនេះ​នៅ​មិន​ទាន់​ល្អ​ទាំងស្រុង​នោះ​ទេ ទាមទារ​ឲ្យ​មាន​ស្ថាប័ន​មួយ​ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​រង​ការ​រិះគន់​ខ្លាំង គឺ​គោល​នយោបាយ​ក្នុង​វិស័យ​សុខាភិបាល។ កាល​នៅ​មាន​ជីវិត លោក​បណ្ឌិត កែម ឡី ធ្លាប់​លើក​ឡើង​ថា វិស័យ​សុខាភិបាល​មិន​គួរ​ត្រឹម​តែ​កែ​ទម្រង់​ទេ វិស័យ​មួយ​នេះ​គួរ​តែ​ធ្វើ​បដិវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុទ្ធនាការ "ខ្ញុំ​ជា​អ្នក​ទាំង​៥" ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

$
0
0

អង្គការ​សង្គម​ស៊ីវិល​ជាង ៥០ បាន​បើក​យុទ្ធនាការ​ប្រមូល​រូបថត​ចំនួន ៣៦៥​សន្លឹក ដែល​មាន​ឈ្មោះ​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ ដើម្បី​ចូល​រួម​រំលឹក​រយៈពេល​គម្រប់ ១​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប។ យុទ្ធនាការ​នេះ​បន្ទាប់​ពី​តុលាការ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​អ្នក​ទាំង​៥ ពី​បទ​សូក​ប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា I AM THE FIVE ឬ​ហៅ​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ពិចារណា​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៥​រូប ដែល​កំពុង​ឋិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដោយ​ពុំ​មាន​ចំណាត់ការ​កាត់​សេចក្ដី​រយៈពេល ១​ឆ្នាំ​មក​ហើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អង្គការ​ជាតិ អន្តរជាតិ​ជាង ៥០ បាន​ចូលរួម​ជា​សមាជិក​ក្នុង​យុទ្ធនាការ​ប្រមូល​រូបថត​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ Freethe5KH នេះ មាន​បំណង​សំខាន់​គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ដែល​មាន​សិទ្ធិ និង​មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​ដោះលែង​អ្នក​ទាំង ៥ ដែល​រង​ភាព​អយុត្តិធម៌​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ដែល​ឥត​ទោស​កំហុស៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​ខ្ញុំ​យល់​ថា មាន​ប្រសិទ្ធភាព ពីព្រោះ​សាធារណជន​ជា​ច្រើន​មាន​ការ​គាំទ្រ​គាត់​មិន​អោប​ដៃ​ឈរ​មើល​យុទ្ធនាការ​នេះ​ទេ ព្រោះ​គាត់​យល់​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ធ្វើការ​មនុស្ស​ធម៌»

គិត​ទៅ​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា អ្នក​ទាំង ៥​រូប គឺ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី រួម​នឹង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​រយៈពេល ១​ឆ្នាំ​គត់។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ និង​ឃាត់​ខ្លួន​សាកសួរ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី។

ការ​ប្រមូល​រូបថត​របស់​អ្នក​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ "ខ្ញុំ​ជា​អ្នក​ទាំង​៥" នេះ ធ្វើ​ឡើង​រំលឹក​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អំពាវនាវ​រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥។ ក្រុម​ការងារ​នេះ​អះអាង​ថា ពួកគេ​ប្រមូល​រូបថត​ពី​ពលរដ្ឋ​នៅ​តាម​សហគមន៍ ​និង​សង្គម​ស៊ីវិល បាន​លើស​ពី ៣៦៥​សន្លឹក​ដែល​សំដៅ​តំណាង​រយៈពេល​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន។ នៅ​ពេល​រៀបចំ​រួច​រាល់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ពួកគេ​អាច​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្មី​ទៀត​ដែល​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ចំពោះ​ការ​ឃុំ​ខ្លួន​នេះ​គឺ​ស្រប​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ ដែល​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។ រី​ឯ​ការ​បើក​សវនាការ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​កាលវិភាគ​របស់​តុលាការ៖ «ការ​សម្របសម្រួល​ណា​ផ្សេង​ពី​នេះ ដែល​រំលោភ​ទៅ​លើ​ដំណើរការ​នីតិវិធី​គឺ​មិន​អាច​ទៅ​រួច​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​តាមដាន​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​នោះ គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​បំពាន​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម។

ជុំវិញ​ការងារ​ទាមទារ​ដោះលែង​អ្នក​ទាំង ៥​រូប​នេះ សង្គម​ស៊ីវិល​និង​សហគមន៍​ដីធ្លី​បាន​ធ្វើ​យុទ្ធនាការ​មួយ​ចំនួន​ដូចជា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ការ​ធ្វើ​បដា​រាប់​ថ្ងៃ​អ្នក​ជាប់​ឃុំ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម ដើម្បី​តស៊ូ​មតិ​ទាមទារ​ដោះលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្នងការ​ខេត្ត​ព្រៃវែង​ថា​មិន​បាន​បញ្ជា​ឲ្យ​ចាប់​ពលរដ្ឋ​ដែល​គប់​ឡាន​ពន្លត់​អគ្គីភ័យ

$
0
0

ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​ខេត្ត​ព្រៃវែង បាន​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​ផ្ទុះ​កំហឹង​យក​ដុំ​ថ្ម​គប់​ឡាន​ពន្លត់​អគ្គីភ័យ និង​ឡាន​ប៉ូលិស ដោយសារ​មិន​អាច​ជួយ​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ ៤​ខ្នង នៅ​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ​កន្លង​ទៅ។ រីឯ​ស្នងការ​ខេត្ត​ព្រៃវែង តប​ថា ពុំ​មាន​អាជ្ញាធរ​ណា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ​ក្នុង​រឿង​ឆេះ​ផ្ទះ​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​សាមគ្គី និង​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ​បាន​តាម​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​លេច​មុខ​ជាង​គេ​ក្នុង​ហេតុការណ៍​ផ្ទុះ​កំហឹង យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​ពន្លត់​អគ្គីភ័យ និង​ឡាន​របស់​ប៉ូលិស កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា កន្លង​ទៅ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​មួយ គឺ​អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ ៤​ខ្នង ដោយសារ​ឡាន​ពន្លត់​អគ្គីភ័យ​បាន​ទៅ​ដល់​យឺត ហើយ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង រួច​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ឡាន​ពន្លត់​អគ្គីភ័យ និង​ឡាន​ប៉ូលិស ប៉ុន្តែ​មិន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ។ ក្រោយ​មក​ទៀត ក៏​ស្រាប់​តែ​អាជ្ញាធរ​បាន​តាម​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បុរស​រូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ៖ «ដំបូង​គ្រាន់​តែ​គាត់​ស្រែក​ទេ។ អ្នក​ខ្លះ​ថា​មក​ធ្វើ​អី គេ​ពន្លត់​រួច​ឆេះ​រួច​ហើយ។ ខ្លះ​ទៀត​ថា​ដូរ​លេខ​៤ ចេញ​ទៅ​អី​អ៊ីចឹង ហើយ​ក៏​ឈាន​ទៅ​ដល់​គប់​ដុំ​ថ្ម​លើ​ឡាន​បាញ់​ទឹក ហើយ​ពេល​នោះ​ក៏​មាន​ការ​សម្រួល​គ្នា ប៉ុន្តែ​ពេល​ល្ងាច​ក៏​មាន​ការ​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​បុគ្គល​ដែល​ប្រើ​ដុំ​ថ្ម​គប់​លើ​រថយន្ត​ពន្លត់​អគ្គីភ័យ​នោះ​ទៅ»

មេ​ឃុំ​ព្រៃព្នៅ លោក សួរ ទ្រី អះអាង​ថា ពលរដ្ឋ​ពិត​ជា​ផ្ទុះ​កំហឹង ហើយ​បាន​គប់​ឡាន​ពន្លត់​អគ្គីភ័យ ៣​ដុំ​ឥដ្ឋ និង​ឡាន​ប៉ូលិស ២​ដុំ​ឥដ្ឋ​ពិត​មែន។ ទោះ​យ៉ាង​ណា លោក​ពុំ​បាន​ដឹង​រឿង​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី។

ម្ចាស់​ផ្ទះ​រងគ្រោះ គឺ​លោកស្រី ស្រីម ឲ្យ​ដឹង​ថា ផ្ទះ​របស់​ពួក​គាត់​បាន​ឆេះ​រយៈពេល ៣០​នាទី​ទៅ​ហើយ ទើប​ឡាន​បាញ់​ទឹក​មក​ដល់។ រីឯ​ករណី​ថា​មាន​ពលរដ្ឋ​ផ្ទុះ​កំហឹង និង​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពលរដ្ឋ​នោះ គឺ​លោកស្រី​ពុំ​បាន​ដឹង​ឡើយ ព្រោះ​មាន​អារម្មណ៍​តក់ស្លុត​ពេក។ លោកស្រី​បន្ត​ថា ផ្ទះ​ដែល​ឆេះ​ទាំង ៤​ខ្នង​នោះ គឺ​មាន​ផ្ទះ​កូន​លោកស្រី ៣​ខ្នង និង​ផ្ទះ​ក្មួយ ១​ខ្នង ដែល​ពួក​គេ​ខំ​ប្រឹង​កសាង​ឡើង​តាម​រយៈ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោកស្រី​បន្ត​ថា ពេល​នេះ​គ្រួសារ​លោកស្រី​គ្មាន​សល់​អ្វី​ទីពឹង​ទៀត​ឡើយ៖ «សូម​គាត់ (អាជ្ញាធរ) ជួយ​ថវិកា​ខ្លះ​មក ខ្ញុំ​មិន​ដឹង​ទីពឹង​អី​ទេ។ ខោ​អាវ​សល់​តែ​មួយ​ចង្កេះ ហើយ​ឆេះ​ខ្លោច​ខ្លួន​ទៀត»

ទាក់ទង​ករណី​នេះ ស្នងការ​ខេត្ត​ព្រៃវែង លោក ស្រេង ជា មាន​ប្រសាសន៍​ថា ឡាន​ពន្លត់​អគ្គីភ័យ​បាន​ទៅ​ដល់​ក្នុង​រយៈពេល ២០​នាទី​ស្រប​តាម​រយៈពេល និង​ចម្ងាយ​ផ្លូវ។ ហេតុការណ៍​កាលណោះ លោក ស្រេង ជា បាន​បញ្ជា​ឡាន​ពន្លត់​អគ្គីភ័យ​ចេញ​ពី​ស្រុក​ពារាំង មួយ​គ្រឿង ស្រុក​ស្វាយអន្ទរ មួយ​គ្រឿង និង​ទី​រួម​ខេត្ត​មួយ​គ្រឿង។ លោក​ថា អាជ្ញាធរ​បាន​ខិតខំ​ជួយ​យ៉ាង​ខ្លាំង ទើប​អាច​ជួយ​សង្គ្រោះ​ផ្ទះ​ដែល​នៅ​ជិតៗ​នោះ ហើយ​ឆេះ​ត្រឹម​តែ ៤​ខ្នង។ ទន្ទឹម​គ្នា​នេះ លោក​មិន​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ពលរដ្ឋ​ណា​ម្នាក់​ឡើយ៖ «ខ្ញុំ​អត់​មាន​បញ្ជា​តាម​ចាប់​ផង។ ម្យ៉ាង​ទៀត បើ​សិន​ជា​ករណី​ស៊ើប​អង្កេត ទាល់​តែ​ខ្ញុំ​ធ្វើ​សំណុំ​រឿង​ទៅ​ព្រះរាជអាជ្ញា បើ​ខ្ញុំ​អត់​ធ្វើ​សំណុំ​រឿង​ទៅ​ព្រះរាជអាជ្ញា​ផង តើ​មាន​ពីណា​តាម​ចាប់»

យ៉ាង​ណា​ក៏ដោយ​ចុះ ពលរដ្ឋ​នៅ​មិន​ទាន់​ជឿ​សម្ដី​របស់​ស្នងការ​ខេត្ត​នៅ​ឡើយ​ទេ ព្រោះ​ក្រោយ​កើត​ហេតុ កម្លាំង​ប៉ូលិស​ជាច្រើន​នាក់ តែងតែ​ចុះ​ស្វែងរក​មុខ​ជន​សង្ស័យ​ម្នាក់​ដែល​រស់នៅ​ភូមិ​សាមគ្គី ជាប់​ភូមិ​កើត​ហេតុ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ បុរស​រូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ ក៏​បាន​រិះគន់​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​បម្រើ​សេវាកម្ម​របស់​អាជ្ញាធរ​ដែរ ទើប​បណ្ដាល​ឲ្យ​ផ្ទះ ៤​ខ្នង​ត្រូវ​ឆេះ​ខ្ទេចខ្ទី។

ចំពោះ​អាជ្ញាធរ​វិញ នៅ​តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​និង​វៀតណាម​សហការ​គ្នា​បង្ក្រាប​និង​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន

$
0
0

អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ច​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ដោយ​ណែនាំ​ឲ្យ​មន្ត្រី និង​ភ្នាក់ងារ​នៅ​តាម​ព្រំដែន ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា និង​រួម​ដៃ​គ្នា​ស៊ើប​អង្កេត​ការ​ជួញដូរ​គ្រឿង​ញៀន។

គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ឲ្យ​ដឹង​ថា ភាគី​កម្ពុជា និង​វៀតណាម នឹង​រៀបចំ​កិច្ច​ប្រជុំ​ប្ដូរ​វេន​គ្នា​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ជាពិសេស​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត​រវាង​ការិយាល័យ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​តាម​ព្រំដែន។

រដ្ឋាភិបាល​វៀតណាម ក៏​បាន​យល់ព្រម​ជួយ​កសាង​មជ្ឈមណ្ឌល​ជាតិ​ស្ដារ​នីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា។

បន្ថែម​ពី​លើ​នេះ វៀតណាម នឹង​ជួយ​កម្ពុជា បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​កម្ពុជា លើ​ការងារ​អនុវត្ត​ច្បាប់ និង​ការងារ​ព្យាបាល ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ដើម្បី​សាកសួរ​បន្ថែម​អំពី​បទល្មើស​គ្រឿង​ញៀន​ដែល​ឆ្លង​កាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ទេ​នៅ​ថ្ងៃ​ទី​២០ មេសា។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក កែ គឹមយ៉ាន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ មេសា។

សារព័ត៌មាន​វៀតណាម ញូវ (Vietnam News) ផ្សាយ​ថា លោក កែ គឹមយ៉ាន បាន​ឲ្យ​ភាគី​វៀតណាម ដឹង​ថា ការ​ជួញដូរ​គ្រឿង​ញៀន និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​វិវឌ្ឍន៍​ស្មុគស្មាញ។

នៅ​ប្រទេស​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​១ មករា ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧ អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន​ជាង ៣​ពាន់​ករណី (.០១៧​ករណី) ដោយ​ឃាត់​មនុស្ស​ចំនួន​ជិត ៧​ពាន់​នាក់ (.៩៥៥​នាក់) ហើយ​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ៤០​គីឡូក្រាម និង​កញ្ឆា​ក្រៀម​ជិត ១២​គីឡូក្រាម ត្រូវ​បាន​រឹបអូស។

សារព័ត៌មាន​វៀតណាម ញូវ រាយការណ៍​ថា ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៃ​ប្រទេស​វៀតណាម លោក វ៉ូ ឌឹក ដាម (Vũ Đức Đam) ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម គឺ​មាន​សារសំខាន់​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​គ្រឿង​ញៀន​នៅ​ប្រទេស​ទាំង​ពីរ ហើយ​នឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់។

ភាគី​វៀតណាម លើក​ឡើង​ពី​ការ​រីក​ដុះដាល​ចំណង​ទាក់ទង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ដោយសារ​ការ​បំពេញ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូលៗ​ជា​ប្រចាំ។

ទស្សនកិច្ច​របស់​លោក កែ គឹមយ៉ាន នៅ​រដ្ឋធានី​ហាណូយ លើក​នេះ ត្រូវ​បាន​លោក វ៉ូ ឌឹក ដាម រំពឹង​ថា នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ។

ឆ្នាំ​២០១៧ ជា​ខួប​ទី​៥០ នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ប្រទេស​កម្ពុជា គឺ​មិន​ត្រឹម​ជា​ទីផ្សារ​មួយ​ប៉ុណ្ណេះ​ទេ ប៉ុន្តែ​ជា​ច្រក​ឆ្លង​កាត់​ការ​ជួញដូរ​គ្រឿង​ញៀន​ផង​ដែរ។

របាយការណ៍​របស់​ការិយាល័យ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម នៃ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ក្លាយ​ជា​ផ្លូវ​ឆ្លង​កាត់​សំខាន់​នៃ​ការ​ជួញដូរ​គ្រឿង​ញៀន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​តំបន់​ត្រីកោណ​មាស​នៃ​ប្រទេស​ថៃ ឡាវ និង​មីយ៉ាន់ម៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ភូមិ​១​តំបន់​បឹងកក់​ចោទ​អភិបាល​ក្រុង​ថា​មិន​គោរព​ការ​សម្រេច​របស់​ប្រធាន​រដ្ឋសភា

$
0
0

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ បញ្ជាក់​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មិន​បាន​គោរព​តាម​សេចក្ដី​សម្រេច​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដើម្បី​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ដោយ​យុត្តិធម៌​ឡើយ។ ការ​លើក​ឡើង​នេះ ខណៈ​ពួក​គាត់​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ក្រោយ​ពី​ក្រសួង​ដែនដី​ឈប់​ទទួល​ញត្តិ​ពួក​គាត់។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដែល​សេសសល់​ចំនួន ៧​គ្រួសារ​មក​ពី​ភូមិ​១ ស្ថិត​ក្នុង​តំបន់​បឹងកក់ និង​ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មក​ពី​តំបន់​ផ្សេង​ទៀត​ប្រហែល ៣០​នាក់ នៅ​ថ្ងៃ​ទី​២០ មេសា បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ម្ដង​ទៀត ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គួរ​សិក្សា​អំពី​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ពួក​គាត់​ចោទ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ហាក់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​លោក ហេង សំរិន បង្គាប់​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ដោយ​តម្លាភាព​ឡើយ។

តំណាង​ពលរដ្ឋ​ក្នុង​ភូមិ​១ លោកស្រី ហុង សុខឃេង ថ្លែង​ថា លោក ប៉ា សុជាតិវង្ស ហាក់​មាន​តួនាទី​ធំ​ជាង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទៅ​ទៀត ព្រោះ​កន្លង​មក លិខិត​ដែល​លោក ហេង សំរិន ផ្ញើ​ទៅ​ដើម្បី​ឲ្យ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​អ្នក​ភូមិ​១ ក្នុង​តំបន់​បឹងកក់​ដោយ​តម្លាភាព តែ​បែរ​ជា​លោក ប៉ា សុជាតិវង្ស មិន​បាន​ផ្ដល់​តម្លៃ​ដល់​លិខិត​នោះ​ឡើយ៖ «លិខិត​មួយ​របស់​លោក ហេង សំរិន ឲ្យ​លោក ប៉ា សុជាតិវង្ស ដោះស្រាយ​ឲ្យ​ខ្ញុំ ៥៣% គាត់​អត់​ធ្វើ​តាម។ ឯកឧត្តម ជា សុផារ៉ា ចេញ​លិខិត​ចំនួន​ពីរ គាត់​ក៏​អត់​ធ្វើ​តាម។ អ៊ីចឹង​ខ្ញុំ​ដើរ​ដាក់​ញត្តិ​នេះ​ដើម្បី​មន្ត្រី​ថ្នាក់​លើ​មើល​ឡើង​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម»

ពលរដ្ឋ​ទាំង ៧​គ្រួសារ​ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា គឺ​ទាមទារ​ដី​ទំហំ​តែ ៥​ពាន់​ម៉ែត្រ​ការ៉េ​មក​វិញ ដែល​ស្មើ​នឹង ៥៣% នៃ​ផ្ទៃដី​ពួក​គាត់​សរុប​ប្រហែល ១​ម៉ឺន​ម៉ែត្រ​ការ៉េ ដែល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) បាន​បូម​ខ្សាច់​ពន្លិច​ដី និង​ផ្ទះ​សម្បែង​ពួក​គាត់​ដោយ​គ្មាន​សំណង​កាល​ពី​ឆ្នាំ​២០១០។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មេត មាសភក្ដី បកស្រាយ​ថា ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់​ទាំងអស់​មាន​ជិត ៤​ពាន់​គ្រួសារ ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ដោះស្រាយ​ជិត​អស់​ហើយ និង​នៅ​សល់​មិន​ដល់ ២០​គ្រួសារ​ទៀត​ទេ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ក្នុង​ភូមិ​១ ដែរ។ លោក​បន្ត​ថា ថ្វីត្បិតតែ​ខាង​សាលា​រាជធានី​ភ្នំពេញ សម្រួល​ផ្ដល់​ជូន​ពលរដ្ឋ​ទាំង ៧​គ្រួសារ​នេះ ដោយ​ខ្លះ​ទទួល ២​ឡូត៍ រហូត​ទៅ​ដល់ ៤​ឡូត៍ ដែល​ជា​ទំហំ​ផ្ទៃដី​ធំ​ជាង​អ្នក​ដែល​ព្រម​ទទួល​សំណង​ផ្ទៃដី​ត្រឹម​តែ ១​ឡូត៍​កាល​ពី​ពេល​កន្លង​មក ក៏​ពួក​គាត់​នៅ​តែ​មិន​ព្រម​ទទួល​យក​ទៀត។ ជាង​នេះ​ទៅ​ទៀត លោក មេត មាសភក្ដី បញ្ជាក់​ថា ការ​កាន់​កាប់​ផ្ទៃដី​របស់​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ក្នុង​តំបន់​បឹងកក់​នេះ ក៏​មិន​ទាន់​ស្រប​តាម​ច្បាប់​ដែរ៖ «ដី​របស់​គាត់​ហ្នឹង ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ ការ​ដែល​គាត់​ទិញ​បន្ត ឬ​បាន​ដោយ​របៀប​ណា​កន្លង​មក អា​នេះ​ជា​ការ​កាន់​កាប់​របស់​ពួក​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ក្នុង​ភូមិ​១ ម្នាក់​ទៀត គឺ​លោកស្រី លី ចាន់ណារី ថ្លែង​ថា ដំបូង​ឡើយ ពលរដ្ឋ​ក្នុង​ភូមិ​១ ដែល​មាន​បញ្ហា​ដីធ្លី​មាន​ចំនួន ១៣​គ្រួសារ ប៉ុន្តែ​មាន ៦​គ្រួសារ​ទទួល​បាន​ដី​ពី​សាលា​ក្រុង ៥៣% រីឯ​ក្រុម​លោកស្រី​ទាំង ៧​គ្រួសារ​ដែល​សេសសល់​នេះ ទទួល​បាន​មិន​ដល់ ១០% ឡើយ៖ «ដី​ខ្ញុំ​មាន ៣.២៥០​ម៉ែត្រ​ការ៉េ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​បាន​តែ ២៨៨​ម៉ែត្រ​ការ៉េ»

បន្ទាប់​ពី​ដាក់​ញត្តិ​បាន​សម្រេច​នៅ​រដ្ឋសភា ក្រុម​ពលរដ្ឋ​ប្រហែល ៣០​នាក់ បាន​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បន្ត​ទៅ​ដាក់​នៅ​ក្រសួង​ដែនដី ប៉ុន្តែ​ក្រសួង​ដែនដី មិន​បាន​បើក​ទ្វារ​របង ដើម្បី​ទទួល​ញត្តិ​របស់​ពួក​គាត់​ទេ។ ការ​មិន​បើក​ទ្វារ​ទទួល​ញត្តិ​នេះ ត្រូវ​បាន​ពលរដ្ឋ​ស្រែក​ឌឺដង និង​បាន​សែន​ចេក ព្រម​ទាំង​ដុត​អាវ និង​ក្រមា​នៅ​ក្បែរ​របង​ក្រសួង​ដែនដី ដើម្បី​ដាក់​បណ្ដាសា​ឲ្យ​រលាយ​ចំពោះ​ស្ថាប័ន​ណា​ដែល​ធ្វើ​បាប​ពួក​គាត់។ ក្រុម​ពលរដ្ឋ​ទាំងនេះ ក៏​ព្រមាន​ថា ក្នុង​មួយ​សប្ដាហ៍​ម្ដង នឹង​លើក​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ.ជ.ប បង្រៀន​មន្ត្រី​របស់​ខ្លួន​អំពី​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ចាប់​ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ៣​ថ្ងៃ ដល់​មន្ត្រី និង​គ្រូ​បង្គោល​របស់​ខ្លួន អំពី​នីតិវិធី បទបញ្ជា និង​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី។ មន្ត្រី គ..ប ចាត់​ទុក​ថា នីតិវិធី​ថ្មី​ធានា​ភាព​ត្រឹមត្រូវ​ច្រើន។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​អាណត្តិ​ទី​៤ មាន​ភាព​ប្រសើរ ហើយ​អាច​នឹង​ធានា​ភាព​ត្រឹមត្រូវ ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ រហូត​ដល់​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។

គ្រូ​បង្គោល​នៅ គ..ប លោក ហេង គុច ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ចាប់​អារម្មណ៍​ថា គោលការណ៍​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៤ នេះ មាន​ភាព​ត្រឹមត្រូវ​ច្រើន ព្រោះ​អ្នក​បោះឆ្នោត​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ដូចជា​ក្រយៅ​ដៃ រូបថត ហើយ​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​គ្រប់គ្រង​បាន៖ «បញ្ជី​បោះឆ្នោត​ហ្នឹង​មួយ​ហើយ ហើយ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដែល​បញ្ជាក់​អត្តសញ្ញាណ​ទៅ​បោះឆ្នោត​ហ្នឹង ហើយ​នៅ​លើ​បញ្ជី​បោះឆ្នោត​ហ្នឹង គឺ​មាន​រូបថត​សាមី​ខ្លួន​អ្នក​បោះឆ្នោត​ហ្នឹង​ទៀត ពី​មុន​យើង​អត់​ដែល​មាន​ទេ។ ឥឡូវ​យើង​មាន​រូបថត​អ្នក​បោះឆ្នោត​នៅ​លើ​បញ្ជី​បោះឆ្នោត​ហ្នឹង ហើយ​និង​មាន​កន្លែង​ទំនេរ​សម្រាប់​អ្នក​បោះឆ្នោត​ហ្នឹង​ចុះ​ហត្ថលេខា​ទៀត ឃើញ​ប្លែក​ពី​មុន​ច្រើន។ កន្លែង​ហ្នឹង​ហើយ​ដែល​ធានា​បាន​ច្រើន»

អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា បញ្ជាក់​បន្ថែម​ថា នីតិវិធី​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ចំណុច​ពិសេស​ខុស​ពី​អាណត្តិ​មុន ដែល​បញ្ជី​ឈ្មោះ​មាន​រូបថត និង​មាន​ចន្លោះ​សម្រាប់​ឲ្យ​អ្នក​បោះឆ្នោត​ចុះ​ហត្ថលេខា ដើម្បី​បង្ការ​ការ​បោះឆ្នោត​ស្ទួន៖ «គឺ​ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ។ អ៊ីចឹង​យើង​ថា​ឯកសារ​មាន​តែ​មួយ​គត់ ដែល​កំណត់​នៅ​ក្នុង​មាត្រា​៤៦ នេះ។ ប៉ុន្តែ​នៅ​ក្នុង​ជំពូក​អន្តរ​បញ្ញត្តិ​មាត្រា​១៦៩ ចែង​ថា ប្រជាពលរដ្ឋ​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គាត់​អាច​បោះឆ្នោត​បាន​ដោយ​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ពីរ គឺ​ទី​មួយ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ​ឆ្នាំ​២០១៨។ មាន​ន័យ​ថា ផុត ២​ឆ្នាំ​ហ្នឹង​ទៅ គឺ​ឆ្នាំ​២០១៧ និង ២០១៨ សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត មាន​តែ​ឯកសារ​តែ​មួយ​គត់​សម្រាប់​ការ​បោះឆ្នោត គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​អ្នក​បោះឆ្នោត​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អាច​សុំ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។ លោក​គូស​បញ្ជាក់​ទៀត​ថា ដើម្បី​កុំ​ឲ្យ​ច្រឡំ​ការិយាល័យ​បោះឆ្នោត ច្បាប់​ថ្មី​អនុញ្ញាត​ឲ្យ គ..ប បង្កើត​ការិយាល័យ​ថ្មី​នៅ​ក្នុង​ភូមិ​ដដែល ប្រសិន​បើ​ចំនួន​អ្នក​បោះឆ្នោត​លើស​ពី ៧៥០​នាក់៖ «ធៀប​ជាមួយ​ច្បាប់​ចាស់ គឺ​គេ​ឲ្យ​អ្នក​ចំនួន​ដែល​លើស​នោះ​ទៅ​ការិយាល័យ​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំអ៊ីចឹង​វា​ធ្វើ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​នៅ​ក្នុង​ការិយាល័យ​មួយ​ដែល​នៅ​ក្នុង​ភូមិ​មួយ បែរ​ជា​ត្រូវ​តែ​ផ្ទេរ​ទៅ​បោះឆ្នោត​នៅ​ភូមិ​ផ្សេង ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​អំពី​ការ​រក​ការិយាល័យ​បោះឆ្នោត​អត់​ឃើញអ៊ីចឹង​សម្រាប់​ការ​បោះឆ្នោត​របស់​យើង ច្បាប់​ថ្មី​នេះ គឺ​កំណត់​ថា ការិយាល័យ​បោះឆ្នោត គឺ​នៅ​ក្នុង​ភូមិ។ អ៊ីចឹង​បើ​សិន​ជា​ចំនួន​លើស​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​នៅ​ក្នុង​ភូមិ​មួយ​ហ្នឹង គឺ​ត្រូវ​អាច​បំបែក ឬ​ក៏​អាច​ផ្ទេរ​ទៅ​ការិយាល័យ​មួយ​ទៀត​នៅ​ក្នុង​ភូមិ​ដដែល ឬ​អាច​បង្កើត​ការិយាល័យ​ថ្មី​មួយ​ទៀត ប្រសិន​បើ​ចាំបាច់ ដែល​ធានា​ថា​អ្នក​បោះឆ្នោត​មិន​ច្រឡំ​ការិយាល័យ​ទេ»

អគ្គលេខាធិការ​រង គ..ប មួយ​រូប​ទៀត លោក ម៉ុក ដារ៉ា មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល​នេះ គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​គ្រូ​បង្គោល គ..ប ដែល​នឹង​ត្រូវ​ចុះ​ទៅ​បង្រៀន​ដល់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ផ្សេង​ទៀត​នៅ​តាម​លេខាធិការដ្ឋាន​រាជធានី-ខេត្ត មន្ត្រី​គណៈកម្មការ​ឃុំ-សង្កាត់ និង​មន្ត្រី​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​បន្ត​ទៀត។

លោក សោម សូរីដា ថ្លែង​ថា នៅ​ពេល​នេះ គ..ប នៅ​មិន​ទាន់​ជ្រើសរើស​មន្ត្រី​សម្រាប់​ការិយាល័យ​បោះឆ្នោត​នៅ​ឡើយ​ទេ។ លោក​ឲ្យ​ដឹង​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នឹង​ជ្រើសរើស​មន្ត្រី​សម្រាប់​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ខាង​មុខ។ ការ​ហ្វឹកហ្វឺន​នៅ​ពេល​នេះ គឺ​ផ្ដោត​សំខាន់​លើ​គោលការណ៍​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ថ្មី ត្រង់​ជំពូក​ទី​៩ ពាក់ព័ន្ធ​ការ​គ្រប់គ្រង​ការ​បោះឆ្នោត​ជំពូក​ទី​១០ ដល់​ជំពូក​ទី​១២ ពាក់ព័ន្ធ​ការ​បោះឆ្នោត រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​កំពត​កោះ​ហៅ​ពលរដ្ឋ​ម្នាក់​ចូល​បំភ្លឺ​រឿង​រង​ការ​វាយ​ដំ​ពី​ឈ្មួញ​ដី​និង​បក្ខពួក

$
0
0

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២០ មេសា កោះ​ហៅ​ពលរដ្ឋ​ម្នាក់​ដែល​ជា​ដើម​បណ្ដឹង​មក​សាកសួរ​ពី​ដំណើរ​រឿង​ហិង្សា​ដោយ​ចេតនា។ នេះ​ជា​ការ​កោះ​ហៅ​លើក​ទី​ពីរ​ក្នុង​ខែ​មេសា បន្ទាប់​ពី​ថ្ងៃ​ទី​៥ កន្លង​ទៅ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត ទើប​តែ​បាន​កោះ​ហៅ​ពលរដ្ឋ​ម្នាក់​នេះ​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ជុំវិញ​បណ្ដឹង​បរិហារ​កេរ្តិ៍​ប្ដឹង​ដោយ​ចុង​ចោទ​ក្នុង​សំណុំ​រឿង​ហិង្សា​របស់​គាត់។

ពលរដ្ឋ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​រឿង​ហិង្សា​ដោយ​ចេតនា​នេះ គឺ​លោក ហេង មិត្ត រស់នៅ​ភូមិ​ចក្រីទីង ឃុំ​ព្រៃថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត។ លោក ហេង មិត្ត បញ្ជាក់​ប្រាប់​អាស៊ីសេរី​ក្រោយ​ចេញ​ពី​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០ មេសា ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត លោក តុប ឈុនសុង បាន​សាកសួរ​លោក​បន្ថែម​អំពី​បណ្ដឹង​របស់​លោក ដែល​ប្ដឹង​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ និង​ចង​បង្ខាំង​រូប​លោក។

លោក​សំណូមពរ​ឲ្យ​តុលាការ ពន្លឿន​សំណុំ​រឿង​នេះ ដោយ​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក៖ «សូម​អំពាវនាវ​ឲ្យ​តុលាការ​ចាប់​ជន​ល្មើស រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ហើយ​ធ្វើ​តាម​ច្បាប់ និង​សង​ជំងឺ​ចិត្ត ២០០​លាន​រៀល និង​សុំ​ឲ្យ​តុលាការ​ពន្លឿន​សំណុំ​រឿង​នេះ»

លោក ហេង មិត្ត អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ រូប​លោក​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ដី​ដែល​លោក​ធ្លាប់​កាន់​កាប់​ចំនួន ៤​ហិកតារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុម​បក្ខពួក​របស់​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី ដែល​មាន​គ្នា ៥ ទៅ ៦​នាក់ ព្រួត​គ្នា​វាយ​ដំ និង​ចង​បង្ខាំង​លោក​ជាច្រើន​ម៉ោង។ លោក​អះអាង​ថា មូលហេតុ​នៃ​អំពើ​ហិង្សា​នេះ ដោយសារ​បក្ខពួក​របស់​បុគ្គល ហ៊ាង គុន្ធី ចោទ​លោក​ថា​បាន​ទៅ​រស់នៅ និង​ដាំ​ដុះ​នៅ​លើ​ដី​របស់​ពួក​គេ។

ក្រោយ​ហេតុការណ៍​នេះ លោក ហេង មិត្ត បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក​មួយ​ចំនួន​ទៀត ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក។

លោក​បញ្ជាក់​ថា តុលាការ​ខេត្ត​កំពត បាន​កោះ​ហៅ​រូប​លោក​ទៅ​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​នេះ​ជាច្រើន​លើក ក៏ប៉ុន្តែ​ស្រាប់​តែ​ដើម​ខែ​មេសា នេះ ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​កំពត លោក ឯក ឆេងហួត បាន​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បរិហារ​កេរ្តិ៍ តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ ហ៊ាង គុន្ធី ទៅ​វិញ។

ករណី​បរិហារ​កេរ្តិ៍​ប្ដឹង​ដោយ​ចុង​ចោទ​លោក ហេង មិត្ត នេះ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​ការ​បំបាក់​ស្មារតី​របស់​ពលរដ្ឋ។ លោក ហេង មិត្ត បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត តម្កល់​សំណុំ​រឿង​នេះ​ទុក​ឥត​ចាត់ការ ព្រោះ​ការ​ចោទ​លោក​ថា បាន​បរិហារ​កេរ្តិ៍​នេះ មិន​មែន​ជា​ការពិត​នោះ​ទេ តែ​ការពិត គឺ​លោក​រង​ការ​គំរាម​កំហែង និង​វាយ​ដំ​ពី​ពួក​គេ​ទៅ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​តុលាការ​ខេត្ត​កំពត មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បញ្ជាក់​ថា អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត កំពុង​ដំណើរការ​នីតិវិធី​បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ ដោយ​មិន​មាន​ការ​តម្កល់​នោះ​ទេ។ ប្រភព​ដដែល​បន្ត​ថា ករណី​នេះ អាច​បញ្ចប់​ទៅ​បាន លុះត្រា​តែ​ភាគី​ដើម​បណ្ដឹង​សម្រេច​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ដើម​បណ្ដឹង​ឈ្មោះ ហ៊ាង គុន្ធី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ទេ មក​ទល់​នឹង​ថ្ងៃ​ទី​២០ មេសា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​អំពី​រឿង​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ ថ្លែង​ថា ការ​វាយ​ដំ និង​ចាប់​ចង​ពលរដ្ឋ​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​គួរ​តែ​តុលាការ​ពន្លឿន​ករណី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ លោក​ថា ការ​យឺតយ៉ាវ​វែក​មុខ​ចាប់​ជន​បង្ក និង​បក្ខពួក​យក​មក​ផ្ដន្ទាទោស​បែប​នេះ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។

លោក ហេង ភារៈ បញ្ជាក់​ថា សមាគម​អាដហុក​បន្ត​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ​ក្នុង​ករណី​នេះ ទាំង​ក្នុង​បណ្ដឹង​រឿង​ហិង្សា និង​បណ្ដឹង​បរិហារ​កេរ្តិ៍៖ «ដោយសារ​តែ​ចំណាត់ការ​រឿង​ព្រហ្មទណ្ឌ​ហ្នឹង​សម្រាប់​ជន​រងគ្រោះ​មាន​ភាព​យឺតយ៉ាវ អ៊ីចឹង​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្តិ និង​បក្ខពួក​មិន​មាន​ការ​ខ្លាចរអា​ច្បាប់​ទេ។ ជា​បន្តបន្ទាប់ យើង​តែង​ទទួល​ការ​រាយការណ៍​ពី​ពលរដ្ឋ​អំពី​ការ​វាយ​ដំ ដុត​ព្រៃ ដុត​ខ្ទម ដុត​ផ្ទះ ឬ​ក៏​មាន​ករណី​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់​នៅ​តែ​បន្ត។ នេះ​ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ និង​សន្តិសុខ​នៅ​តំបន់​កើត​ហេតុ​ហ្នឹង ដោយសារ​តែ​ចំណាត់ការ​របស់​តុលាការ​មាន​ភាព​យឺតយ៉ាវ»

បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ចោទ​ថា​ជា​អ្នក​តែង​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ពួក​គាត់។ អ្នក​ភូមិ​ក៏​អះអាង​ដែរ​ថា ពួក​គេ​នេះ​ហើយ​គឺ​ជា​ឈ្មួញ​ដី​នៅ​ពី​ក្រោយ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្បាល​ដី​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជំនាញ ចុះ​ដោះស្រាយ​បញ្ហា​នេះ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក

$
0
0

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ នេះ រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន សរុប​ជិត ៣​ពាន់​លាន ឬ ៣​ប៊ីលាន​ដុល្លារ​អាមេរិក។ បំណុល​ទាំង​នេះ​មិន​ទាន់​រាប់បញ្ចូល​ពី​បំណុល​ចាស់​ដែល​បន្សល់ទុក​ដោយ​រដ្ឋាភិបាល​ជំនាន់​មុន​ជំពាក់​ប្រទេស​ចិន មុន​ឆ្នាំ​១៩៩៣ នៅ​ឡើយ​ទេ។

​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា  ជំពាក់​បំណុល​ប្រទេស​ចិន ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​ចិន សរុប ២.៨១៨,៣៧ លាន​ដុល្លារ​អាមេរិក។ តួលេខ​ដដែល​ឲ្យ​ដឹង​ទៀត​ថា សរុប​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋ​ទូទាត់​បំណុល​សង​ទៅ​ប្រទេស​ចិន វិញ បាន​សរុប​ចំនួន​ជិត ២៦០​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​ម្ចាស់បំណុល​ចិន រដ្ឋ​ក៏​កំពុង​ជាប់​ជំពាក់​បំណុល​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ធំៗ​ដទៃ​ទៀត​ជា​ច្រើន​ផង​ដែរ។ សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ រដ្ឋ​ជំពាក់​រួម​មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចំនួន​ជិត ១.១៣០​លាន​ដុល្លារ​អាមេរិក (១.១២៨,៩១) ធនាគារ​ពិភពលោក (WB) ចំនួន​ជាង ៥១៨​លាន​ដុល្លារ​អាមេរិក (៥១៨,១៤) មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ចំនួន​ជាង ៥១​លាន​ដុល្លារ​អាមេរិក (៥១,២៨) មូលនិធិ​អូប៉ិច​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (OFID) ចំនួន​ជាង ៣៣​លាន​ដុល្លារ​អាមេរិក (៣៣,៤៦) និង​មូលនិធិ​អភិវឌ្ឍន៍​ន័រឌឹក (NDF) ចំនួន​ជាង ៩​លាន​ដុល្លារ​អាមេរិក (៩,២៤)។

ក្រៅ​ពី​ចិន កម្ពុជា​ក៏​ជំពាក់​ប្រាក់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​លំដាប់​ទី​ពីរ​សរុប​ជា​ប្រាក់ ២៨០​លាន​ដុល្លារ​អាមេរិក។  ប្រទេស​ជប៉ុន ឈរ​ក្នុង​លំដាប់​ទី​បី​ដែល​កម្ពុជា ជំពាក់​សរុប​ចំនួន​ជាង ២០៨​លាន​ដុល្លារ​អាមេរិក (២០៨,៣៦) ប្រទេស​បារាំង សរុប​ចំនួន​ជាង ៥៨​លាន​ដុល្លារ​អាមេរិក (៥៨,៤០) និង​ប្រទេស​ឥណ្ឌា សរុប​ចំនួន​ជាង ៤២​លាន​ដុល្លារ​អាមេរិក (៤២,២៣)។

ក្រៅ​ពី​ប្រទេស​ធំៗ​ដែល​បាន​រៀបរាប់​ពី​ខាង​លើ​នេះ កម្ពុជា​ក៏​បាន​ជំពាក់​បំណុល​ប្រទេស​ជិត​ខាង​ភូមិ​ផង​របង​របស់​ខ្លួន​ផង​ដែរ។ រដ្ឋ​ជំពាក់​ប្រទេស​ថៃ ជាង ៥៤​លាន​ដុល្លារ​អាមេរិក (៥៤,៣២) និង​ប្រទេស​វៀតណាម សរុប​ចំនួន​ជាង ២៥​លាន​ដុល្លារ​អាមេរិក (២៥,៦២)។

ជា​រួម បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋ​ជំពាក់​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ម្ចាស់​បំណុល គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ មាន​សរុប​ចំនួន​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៦​ប៊ី​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ​រួម​បញ្ចូល​ទាំង​បំណុល​ចាស់​សរុប​ជា ៦៣៥​លាន​ដុល្លារ​អាមេរិក (៦៣៥,១៩) ដែល​ក្នុង​បំណុល​នេះ កម្ពុជា​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក កាល​ពី​សម័យ​សង្គ្រាម​សរុប​ទាំង​ដើម​ទាំង​ចុង​ចំនួន ៥០៥​លាន​ដុល្លារ​អាមេរិក ផង​ដែរ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​និយមន័យ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ថា សំដៅ​ដល់​បំណុល​ក្រៅ​ប្រទេស​របស់​រដ្ឋ​ដែល​កើត​ឡើង​ស្រប​តាម​ច្បាប់​អនុញ្ញាត ដោយ​មិន​គិត​បញ្ចូល​បំណុល​ដែល​ពុំ​មាន​ការធានា​ពី​រដ្ឋ។ ក្នុង​បរិការណ៍​កម្ពុជា បច្ចុប្បន្ន​បំណុល​នេះ​មាន​តែ​ការខ្ចី​ឥណទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ទ្វេ​ភាគី និង​ពហុភាគី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ដោយ​ឡែក​បំណុល​ចាស់ គឺ​សំដៅ​ដល់​បំណុល​ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​ជំនាន់​មុន​ជា​បំណុល​ដែល​បាន​កើត​ឡើង​មុន​ឆ្នាំ​១៩៩៣។ ភាគ​ច្រើន​នៃ​បំណុល​ទាំង​នេះ ត្រូវ​បាន​ចរចា​ដោះស្រាយ​ជាមួយ​ដៃគូ​រួច​រាល់​ហើយ ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ទូទាត់​សង​រួចរាល់​ជា​ស្ថាពរ និង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ទូទាត់​តាម​កម្មវិធី​សង​ក្នុង​កិច្ច​ព្រមព្រៀង។

គិត​ចាប់ពី​ឆ្នាំ​២០១៤ មក កម្ពុជា​ទូទាត់​សង​បំណុល​បរទេស​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំៗ​សរុប​មិន​តិច​ជាង ១៥០​លាន​ដុល្លារ​អាមេរិក។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា យោង​តាម​ការ​ព្យាករ រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចី​បំណុល​បន្ថែម​ពី​បរទេស​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ នេះ និង​ឲ្យ​បាន​ជាង ១.០៧៧,៤៣​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៨។ របាយការណ៍​ក៏​បាន​ព្យាករ​ផង​ដែរ​ថា នៅ​ត្រឹម​ឆ្នាំ​២០២១ បំណុល​ដែល​រដ្ឋ​នឹង​ជំពាក់​បរទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​សរុប​នឹង​កើន​ឡើង​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ឬ​ជាង ១០​ប៊ី​លាន​ដុល្លារ​អាមេរិក។

យ៉ាង​ណា​ក៏ដោយ របាយការណ៍​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​អត្រា​ការ​ប្រាក់​ដែល​ប្រទេស​ម្ចាស់​បំណុល​ទាំង​នោះ តម្រូវ​ឲ្យ​កម្ពុជា ចេញ​សង​ជាមួយ​នឹង​កម្ចី​ដើម​នោះ​ឡើយ។ គិត​ត្រឹម​យប់​ថ្ងៃ​ទី​២០ ខែ​មេសា នេះ អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច ឬ​អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​កម្ពុជា ដើម្បី​ស្នើ​សុំ​សេចក្ដី​ពន្យល់​លម្អិត និង​វិភាគ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ។

​បើ​ទោះ​ជា​ចំនួន​បំណុល​សរុប​ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​បរទេស​ចេះ​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឥត​ឈប់ឈរ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដដែល​អះអាង​តាម​រយៈ​ការ​សន្និដ្ឋាន​របស់​ខ្លួន​ថា "ដោយ​ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ" ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា បច្ចុប្បន្ន​មាន "ចិរភាព" និង​មាន "ហានិភ័យ​កម្រិត​ទាប"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំបន់​ទេសចរណ៍​បឹង​យក្សឡោម​ខេត្ត​រតនគិរី​រង​ការ​រិះគន់​ដោយសារ​បញ្ហា​សំរាម

$
0
0

មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី ចាត់​ទុក​ការ​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ទេសចរ និង​ប៉ះពាល់​ផ្នែក​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​នេះ។ សហគមន៍​អ្នក​អភិរក្ស​តំបន់​ទេសចរណ៍​បឹង​យក្សឡោម ចាត់​ទុក​ការ​មិន​ចូលរួម​វេច​ខ្ចប់​សំរាម​របស់​​ភ្ញៀវទេសចរ និង​ក្រុម​អាជីវករ រួម​ទាំង​ចំណុច​អសកម្ម​របស់​ផ្នែក​អនាម័យ​នៃ​តំបន់​រមណីយដ្ឋាន​​គឺ​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​មាន​បញ្ហា​សំរាម​កើត​ឡើង។

មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី ចាត់​ទុក​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ខណៈ​អ្នក​ទេសចរ​រាប់​ម៉ឺន​នាក់​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថា ជា​ចំណុច​អវិជ្ជមាន​ត្រូវ​នាំ​គ្នា​លុបបំបាត់​ឲ្យ​បាន។

ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា តួលេខ​របស់​សហគមន៍​អភិរក្ស​បឹង​យក្សឡោម ​ឲ្យ​ដឹង​ថា មាន​អ្នក​ទេសចរ​ជិត ២​ម៉ឺន​នាក់​បាន​មក​កម្សាន្ត​នៅ​បឹង​យក្សឡោម គ្រា​ដែល​សំរាម​បាន​​បន្សល់​ចោល​តាម​ធុង​សំរាម​កន្លែង​លក់​នំ​ចំណី​កន្លែង​អង្គុយ​កម្សាន្ត ផែ​មុជ​ទឹក និង​តាម​ផ្លូវ​ធ្វើ​ដំណើរ​​គ្រប់​កន្លែង​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ថា​នេះ​ជា​ចំណុច​អសកម្ម​ដែល​ត្រូវ​នាំ​គ្នា​លុបបំបាត់​ឲ្យ​បាន​ដើម្បី​ថែរក្សា​បរិស្ថាន​ល្អ​អនាម័យ​ស្អាត​នៅ​ក្នុង​តំបន់​ទេសចរណ៍។ លោក​ទទួល​ស្គាល់​ថា អាជីវករ​លក់​ដូរ ភ្ញៀវទេសចរ និង​ក្រុម​អភិរក្ស​រមណីយដ្ឋាន​សុទ្ធតែ​​មាន​ចំណុច​ខ្វះខាត​ទាក់ទិន​ការ​វេច​ខ្ចប់​សំរាម និង​ធ្វើ​អនាម័យ​មិន​ទាន់​ពេល​វេលា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ៖ «ឆ្នាំ​ក្រោយ​យើង​ប្រជុំ​ដាក់​ផែនការ​តឹងរ៉ឹង​ជាង​នេះ​ទៀត។ គាត់​ក៏​បាន​សុំ​មក​ដែរ គាត់​ថា ធ្វើ​ម៉េច​អ្នក​​បោះចោល​ច្រើន អ្នក​ប្រមូល​តិច។ ភ្ញៀវ​ក៏​បាន​សំណូមពរ​ដែរ ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​វិធានការ»

​បឹង​យក្សឡោម គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​សុទ្ធសាធ​អភិរក្ស​ដោយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ច្រើន​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​នេះ គណៈកម្មការ​សហគមន៍​បាន​អភិវឌ្ឍ​ឲ្យ​មាន​តូប​លក់​នំចំណី វត្ថុ​​អនុស្សាវរីយ៍ គ្រឿង​ភេសជ្ជៈ​នៅ​ក្រៅ​បរិវេណ​បឹង និង​ក្នុង​បរិវេណ​បឹង​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ទិញ​អាហារ​នំ​ចំណី​ទាំង​នោះ​បរិភោគ​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភ័ក្ដិ នៅ​គ្រា​ដែល​ពួកគេ​មក​លេង​នៅ​មាត់​បឹង​នេះ។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​ក្រុង​បាន​ចុះ​វាយ​តម្លៃ​ថា ការ​បន្សល់​កាកសំណល់ និង​សំរាម​នៅ​បរិវេណ​បឹង​យក្សឡោម ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន។

ម្ចាស់​តូប​លក់​គ្រឿង​បរិភោគ​នៅ​បឹង​យក្សឡោម គឺ​លោក ទុំ ប៊ុនថន បន្ទោស​ទៅ​លើ​ក្រុម​អនាម័យ​សហគមន៍​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​សម្អាត​សំរាម កាកសំណល់​ដែល​ភ្ញៀវ​បោះ​ចោល​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន។ លោក​ថា អាជីវករ​លក់ដូរ​សំអាត​នៅ​ជុំវិញ​បរិវេណ​តូប​លក់ដូរ​របស់​ខ្លួន និង​បាន​បង់​ប្រាក់​ប្រចាំខែ​សម្រាប់​សេវាកម្ម​អនាម័យ​ដល់​សហគមន៍​រួច​ហើយ៖ «គណៈកម្មការ​បឹង​ហ្នឹង​ឲ្យ​គេ​បន្ថែម​អ្នក​អនាម័យ​ឲ្យ​ច្រើន​មក ព្រោះ​អ្នក​លក់​បង់​មួយ​កន្លែងៗ​មិន​តិច​ទេ អា​ក្រោម​មួយ​ថ្ងៃ​ពីរ​ម៉ឺន ហើយ​កញ្ចុះ ២​ម៉ឺន ៥​ពាន់​ទៀត»

ចំណែក​ប្រធាន​សហគមន៍​បឹង​យក្សឡោម លោក វេន ច្រឹ ទទួល​ស្គាល់​ថា ជា​កង្វះខាត​មួយ​ផ្នែក​របស់​ក្រុម​អនាម័យ​សហគមន៍ ក៏​ប៉ុន្តែ​លោក​កត់សំគាល់​ថា បញ្ហា​សំរាម​នេះ​លុះ​ត្រា​មាន​ការ​ចូលរួម​វេច​ខ្ចប់​ដាក់​ធុង​សំរាម​ពី​សំណាក់​អ្នក​ទេសចរ និង​ក្រុម​អាជីវករ​ទើប​អាច​ធ្វើ​ឲ្យ​ប្រសើរ​បាន​នូវ​កិច្ច​ការពារ​បរិស្ថាន​នៅ​តាម​តំបន់​រមណីយដ្ឋាន។

លោក​ថា ចំណុច​អសកម្ម​ឆ្នាំ​នេះ គឺ​ជា​បទពិសោធន៍​សម្រាប់​​សហគមន៍​រៀបចំ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ​ទៀត៖ «រឿង​សំរាម​មិន​មែន​រឿង​បុគ្គល​ម្នាក់​ទេ គឺ​ជា​រឿង​យើង​ទាំង​អស់​គ្នា ហើយ​តាម​ផែ តាម​កន្លែង​ផ្សេងៗ​​យើង​ដាក់​ធុង​សំរាម​ដាក់​ស្លាក​សញ្ញា​ផ្សេងៗ ហើយ​តាម​សារ​អេឡិចត្រូនិក គេ​បាន​ផ្សព្វផ្សាយ​ច្រើន​​ហើយ»

តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រយៈ​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ មាន​អ្នក​ទេសចរ​ជាង ៧​ម៉ឺន​នាក់ បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល៖ ការ​អន្តរាគមន៍​ដោះលែង​រថយន្ត​ដឹក​ឈើ​នៅ​ត្បូងឃ្មុំ​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​ព្រៃឈើ​លើក​ឡើង​ថា ការ​អន្តរាគមន៍​ដោះលែង​រថយន្ត​ដឹក​ឈើ​ប្រណិត​ចំនួន ២​គ្រឿង ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​បាន​កាល​ពី​ចុង​ខែ​មីនា គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ពួកគេ​ទទួល​បាន​ព័ត៌មាន​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​ប្រភេទ​លេខ​១ ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​និង​យក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​គយ​ចល័ត គឺ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​តុលាការ និង​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ ត្រូវ​ស៊ើបអង្កេត​ករណី​សង្ស័យ​ថា មាន​កិច្ច​អន្តរាគមន៍​ដោះលែង​រថយន្ត​ដឹក​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ការ​ស្នើ​នេះ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ព្រម​ទាំង​ការ​នាំ​ឈើ​ចេញ​ដោយ​ខុសច្បាប់​បន្ត​ទៀត។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ ដែល​តាម​ដាន​ករណី​នេះ លោក សេង សុខហេង មាន​ប្រសាសន៍​ថា កិច្ច​អន្តរាគមន៍​ដោះលែង​បទល្មើស គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថា បញ្ហា​នេះ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បទល្មើស​មិន​ថយ​ចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ថែម​ទៀត​ផង។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​អះអាង​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​ចំនួន ២​គ្រឿង ដែល​គេ​សង្ស័យ​ថា ជាប់​ទាក់ទិន​នឹង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ត្រូវ​បាន​គេ​ដោះលែង​វិញ​កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ៖ «អ៊ីចឹង​យើង​ឃើញ​ពី​គម្លាត​នៃ​ការអនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្ក​ជា​ក្តី​បារម្ភ​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​ទៀត។ ប្រសិនបើ​រាជរដ្ឋាភិបាល​ចេះតែ​បណ្ដោយ​ឱ្យ​កើត​ឡើង​វប្បធម៌​និទ្ទណ្ឌភាព​ជា​បន្តបន្ទាប់»

កាល​ពី​ចុង​ខែ​មីនា រថយន្ត​ដឹក​ឈើ​ប្រណីត​ប្រភេទ​លេខ​១ ចំនួន ២​គ្រឿង​ផ្ទុក​ឈើ​សរុប​ជាង ៣០​ម៉ែត្រ​គូប​របស់​ក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​គយ​ចល័ត​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​បាន​ដោយ​សង្ស័យ​ថា បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ឈើ​ចំនួន​ជាង ៣០​ម៉ែត្រ​គូប​ដែល​ចេញ​ដោយ​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង របស់​ក្រុមហ៊ុន​មួយ​នេះ​បញ្ជាក់​ថា ឈើ​មួយ​រថយន្ត​ត្រូវ​ដឹក​ទៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​រថយន្ត​មួយ​ទៀត​ត្រូវ​ដឹក​ទៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មិន​បាន​បញ្ជាក់​ថា ដឹក​ទៅ​ប្រទេស​វៀតណាម​ទេ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា លោក​មិន​ដឹង​ថា មាន​ករណី​អន្តរាគមន៍​ដើម្បី​ដោះលែង​រថយន្ត​ទាំង​នោះ ឬ​មិន​មាន​ទេ ពីព្រោះ​ក្រោយ​ពេល​បង្ក្រាប​នីតិវិធី​ស៊ើប​អង្កេត​យ៉ាង​ណា​គឺ​ជា​តួនាទី​របស់​មន្ត្រី​ជំនាញ។

នាយការិយាល័យ​កិច្ចការ​សេដ្ឋកិច្ច និង​សង្គម​នៅ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ីម ចិត្រា មិន​ទាន់​ហ៊ាន​និយាយ​បែប​ណា​ទេ ពីព្រោះ​ព័ត៌មាន​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ៖ «ខ្ញុំ​មិន​ទាន់​អាច​ឆ្លើយ​បាន ព្រោះ​ព័ត៌មាន​ហ្នឹង​វា​មិន​ទាន់​ច្បាស់»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ លោក គឹម ឈុននី បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក សេង សុខហេង បញ្ជាក់​ថា រូបភាព​អន្តរាគមន៍​ដោះលែង​បទល្មើស ឬ​វត្ថុតាង​ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បង្ក្រាប​បាន មិន​មែន​ទើប​តែ​កើត​ឡើង​ពេល​នេះ​ទេ។ ជាង​នេះ​ទៀត លោក​បាន​ដឹង​មុន​រួច​ទៅ​ហើយ​ថា ឈើ​ទាំង​នេះ​នឹង​ត្រូវ​ដោះលែង ឬ​មាន​កិច្ច​អន្តរាគមន៍​ជាក់​ជា​មិន​ខាន ពីព្រោះ​លោក​សង្កេត​ឃើញ​ថា ស្ទើរ​តែ​រាល់​បទល្មើស​ឈើ​ធំៗ ដែល​មាន​ខ្នង​ក្រាស់ៗ ឬ​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ឧកញ៉ា​ក្នុង​ជួរ​រដ្ឋាភិបាល​គឺ​ចាប់​គ្រាន់​តែ​ល្អ​មើល​ប៉ុណ្ណោះ។

លោក​យល់​ថា សកម្មភាព​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល ប្រជា​សហគមន៍ មាន​ក្តី​បារម្ភ​ចំពោះ​វាសនា​ព្រៃឈើ និង​បាក់​ទឹក​ចិត្ត​ចំពោះ​ការងារ​ការពារ​ព្រៃឈើ​របស់​ខ្លួន។ លោក​មិន​ដឹង​ថា រថយន្ត​ដឹក​ឈើ​ទាំង​នោះ​ត្រូវ​បាន​អន្តរាគមន៍​យក​ទៅ​ខាង​ណា​ទេ ប៉ុន្តែ​លោក​យល់​ថា ការ​ដោះលែង​វត្ថុតាង​បទល្មើស គឺ​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​តែម្ដង។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើង គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃឈើ​ផ្សេងៗ នៅ​ភាគ​ឦសាន​នៃ​ប្រទេស ប៉ុន្តែ​ក្រោយ​មក​គណៈកម្មាធិការ​នេះ​បាន​ពង្រីក​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ហើយ គណៈកម្មាធិការ​ជាតិ​នេះ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់​ទាំង​នោះ។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជនល្មើស និង​វត្ថុតាង​ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​សហការ​ជាមួយ​ភាគី​វៀតណាម ព្រម​ទាំង​ប្រទេស​ឡាវ ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព។

​យ៉ាង​នេះ​ក្តី ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បង្កើត​ឡើង ហើយ​បង្ក្រាប​បាន​ឈើ​ប្រណិត​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប ក្នុង​រយៈពេល​ប្រមាណ ៣​ខែ​ដំបូង និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ដេញ​ថ្លៃ​លក់​ថែម​ទៀត​ផង ប៉ុន្តែ​ជនល្មើស​ពាក់ព័ន្ធ​សំណុំរឿង​ទាំង​នេះ ដែល​រួម​មាន​ទាំង​ឧកញ៉ា​មួយ​ចំនួន​ផង មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ។ ចំណែក​បទល្មើស​រត់ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន​ដោយ​លួចលាក់​ដដែល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា សំណុំរឿង​មួយ​នេះ ហាក់​មាន​ភាព​លាក់លៀម ព្រោះ​ម្ដង​បង្ហាញ​ថា ឈើ​ទាំង​នោះ​ខុសច្បាប់ ហើយ​ម្ដង​បង្ហាញ​ថា ជា​ឈើ​ស្រប​ច្បាប់​ទៅ​វិញ៖ «ទោះបីជា​ឈើ​ហ្នឹង​មាន​អាជ្ញាប័ណ្ណ​វិញ​ក៏ដោយ បើ​កិរិយា​នៃ​ការ​ប្រព្រឹត្ត​ហ្នឹង​វា​បង្ហាញ​ពី​ការ​លាក់លៀម កិរិយា​នៃ​ការ​ប្រព្រឹត្ត​ហ្នឹង​បង្ហាញ​ពី​ឧបាយទុច្ចរិត​ក្នុង​ការ​គេចវេះ​ពី​ច្បាប់​ហ្នឹង ឈើ​ហ្នឹង​គឺ​ជៀស​មិន​រួច​ពី​ការ​សង្ស័យ​របស់​មហាជន​ទេ»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​កត់សម្គាល់​ថា បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្ដី បទល្មើស​ធនធាន​រ៉ែ​ក្ដី សមត្ថកិច្ច​មិន​សូវ​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ក្រុម​ជនល្មើស​ឡើយ ប៉ុន្តែ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ក្រុម​អ្នក​ការពារ​ធនធាន​ធម្មជាតិ និង​អ្នក​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ​ទៅ​វិញ​ទេ​ដែល​តែង​តែ​មាន​ទោស ឬ​ជាប់​គុក​តែម្ដង។ សកម្មភាព​ទាំង​នេះ​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ឃាត់​ឡាន​ដឹក​ថ្ម​ដែល​បង្ក​ឲ្យ​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព

$
0
0

មេ​ភូមិ និង​ពលរដ្ឋ​រស់​នៅ​ភូមិ​ភ្នំតូច នៃ​ឃុំ​ពង្រ ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត​ចំពោះ​ក្រុមហ៊ុន​វាយ​ថ្ម និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់លើ​ដែល​មិន​បាន​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ថ្ម​កាត់​ភូមិ ឬ​ធ្វើ​កុំ​ឲ្យ​ដី​នៅ​លើ​ផ្លូវ​ហុយ​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។ អាជ្ញាធរ​ថា នឹង​ជំរុញ​ឲ្យ​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​ថ្ម​ទាំង​អស់​ស្រោច​ទឹក​តាម​ផ្លូវ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់​បន្ថយ​ដី​ហុយ​​ក្នុង​ដំណាក់កាល​រង់ចាំ​ធ្វើ​ផ្លូវ​ចាក់​បេតុង​ថ្មី។

ផ្ទះ​របស់​អ្នក​ភូមិ​ភ្នំតូច ដែល​សង់​នៅ​អម​សងខាង​ផ្លូវ​លំ ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ៣​គីឡូម៉ែត្រ បាន​ប្រែ​ពណ៌​ជា​ក្រហម​នៅ​រដូវ​ប្រាំង​ដោយ​ប្រឡាក់​ធូលី​ដី​ហុយ​ចេញ​ពី​ផ្លូវ​ដែល​មាន​ឡាន​ដឹក​ថ្ម​បើក​ឆ្លង​កាត់​យ៉ាង​មមាញឹក។ រយៈពេល ៤​ឆ្នាំ ហើយ​ដែល​អ្នក​ភូមិ​បាន​ផ្លូវ​ក្រួស​ក្រហម​ជំនួស​ផ្លូវ​បុរាណ​ងាយ​ធ្វើ​ដំណើរ​ជាង​មុន ប៉ុន្តែ​ពួក​គេ​បែរ​ជា​រស់​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ និង​កើត​ជំងឺ​ទៅ​វិញ។

មេ​ភូមិ​ភ្នំតូច សម្រេច​ប្រើ​កម្លាំង​ប្រជា​ការពារ ៤​នាក់ និង​ពលរដ្ឋ​ប្រមាណ ៤០​នាក់ ដើម្បី​កាក់​ឡាន​បែន​ដឹក​ថ្ម និង​ដឹកដី​នៅ​ចំណុច​កណ្ដាល​ភូមិ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។ ក្រុម​អ្នក​ភូមិ​មាន​បំណង​ប្រាប់​តៃកុង​ឡាន កុំ​ឲ្យ​បើកបរ​ក្នុង​ភូមិ​លឿន​ពេក ដែល​បង្ក​ឲ្យ​ធូលី​ដី​ហុយ ឬ​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ។ ម្យ៉ាង​ពួកគេ​ចង់​ជួប​អាជ្ញាធរ​ថ្នាក់​លើ ឬ​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​ភ្នំ​ចំនួន​បី​កន្លែង​ដើម្បី​ដោះស្រាយ​បញ្ហា។

ថ្លែង​ទាំង​អួល​ដើមក និង​សម្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​កំពុង​កាក់​ឡាន​នៅ​កណ្ដាល​ផ្លូវ លោក​មេ​ភូមិ មាស សឿន ថា​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​ភូមិ​ភ្នំតូច​ចំនួន ១៦៤​គ្រួសារ មាន​ពលរដ្ឋ​ចំនួន ៩០​គ្រួសារ បាន​ប៉ះពាល់​ផ្ទាល់​ពី​ធូលី​ដី​ហុយ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​ស្នើ​ផ្ទាល់​មាត់ និង​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ភ្ជាប់​ស្នាម​មេដៃ​ពលរដ្ឋ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត និង​តំណាងរាស្ត្រ ប៉ុន្ដែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ៖ «ការ​បាញ់​ទឹក​បាញ់​អី​ហ្នឹង គឺ​អត់​ធ្វើ​ទៅ​តាម​កិច្ចសន្យា។ ជួនកាល​គាត់​បាញ់​មួយ​ថ្ងៃ​ពីរ ឬ​បី​ដង ជួន​កាល​អត់​ជោក​ទៀត​ផង គ្រាន់​ច្រូចៗ ឡាន​បើក​តែ​ម្ដង ឬ​ពីរ​ដង​ហុយ​ដដែល។ ដល់​អ៊ីចឹង​ហើយ​គាត់​ដែល​រស់​នៅ​តាម​អម​សងខាង​ផ្លូវ​មាន​ការ​លំបាក ហើយ​ខ្ញុំ​ក៏​បារម្ភ​ចំពោះ​សុខភាព​របស់​គាត់។ ខ្ញុំ​និយាយ​ទៅ​ចង់​ជាមួយ​ប្រជាជន​ដែល​គាត់​ត្អូញត្អែរ​នៅ​ក្នុង​ភូមិ​ភ្នំ​តូច​នេះ ហើយ​ខ្ញុំ​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច»

លោក មាស សឿន បញ្ជាក់​ថា អ្នក​ភូមិ​មិន​ចង់​បិទ​អាជីវកម្ម​កិន​ថ្ម​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ក្រុមហ៊ុន គិតគូរ​ពី​ផល​ប៉ះពាល់​ពលរដ្ឋ។ នៅ​គ្រា​ដែល​អាជ្ញាធរ ឬ​ក្រុមហ៊ុន​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ចាក់​បេតុង គួរ​តែ​ចាក់​ទឹក​បណ្ដោះអាសន្ន​នៅ​តាម​ផ្លូវ​ឲ្យ​បាន​ជោក និង​ទៀង​ទាត់​ដើម្បី​កាត់​បន្ថយ​ធូលី​ដី​ហុយ ព្រោះ​ធូលី​ដី និង​កម្ទេច​ថ្ម​ដែល​ធ្លាក់​ពី​ឡាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ។

ចំណែក​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​កំពុង​ឈរ​ឃាត់​ឡាន​នៅ​កណ្ដាល​ផ្លូវ នៃ​ភូមិ​ភ្នំ​តូច លោកស្រី លុច សុភា មាន​ប្រសាសន៍​ថា ក្មេងៗ និង​ចាស់ៗ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​​ចាប់​ផ្ដើម​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​លោកស្រី​សង្ស័យ​ថា បណ្ដាល​មក​ពី​ធូលី​ដី និង​ថ្ម​ហុយ​ចូល​ច្រមុះ ឬ​មាត់​អ្នក​ភូមិ​បណ្ដា​ល​ឲ្យ​កើត​ជំងឺ​នេះ។ ចាប់​ពី​ការដ្ឋាន​កិន​ថ្ម​ដំណើរ​ការ​បាន​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​ភូមិ៖ «ចំពោះ​សុខភាព​គ្រុន​ឈឺ ទៅ​ពេទ្យ​វា​លួស​ថ្ងៃ​តិច​ណាស់! ពិនិត្យ​នៅ​ពេទ្យ​ខ្លះ​ផ្ដាសាយ ខ្លះ​របេង​អ៊ីចឹង ក្អក​គ្មាន​ពេល​ទំនេរ​ទេ ព្រោះ​អី​នៅ​ក្នុង​ភូមិ​ភ្នំ​តូច​នេះ​ដូច​ថា វា​គាបសង្កត់​ជាង​គេ​ហើយ​រឿង​ផ្លូវ​ហ្នឹង​ហ្មង»

អាស៊ីសេរី បាន​ព្យាយាម​ជួប​សម្ភាសន៍​តំណាង​ក្រុមហ៊ុន​កិន​ថ្ម​មួយ​នៅ​លើ​ភ្នំ​អន្សោមត្មាត ក្នុង​ចំណោម​ក្រុមហ៊ុន​បី​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​លើ​ភ្នំ​ក្បែរ​គ្នា​នោះ ជុំវិញ​វិធានការ​ចាក់​ទឹក​តាម​ផ្លូវ​ដើម្បី​កាត់​បន្ថយ​ការ​ហុយ ប៉ុន្តែ​ត្រូវ​បុគ្គលិក​ប្រចាំ​ការ​បដិសេធ​ផ្ដល់​ការ​អត្ថាធិប្បាយ ដោយ​ប្រាប់​ឲ្យ​ចាំ​ជួប​មេការ​ធំ​ឈ្មោះ ឈុន អៀង។ ប៉ុន្ដែ​លោក ឃុន អៀង មិន​បាន​ទទួល​ទូរស័ព្ទ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។

ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក រស់ ថា​លោក​នឹង​ចុះ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំង​អស់​ចាក់​ទឹក​តាម​ផ្លូវ​ក្នុង​ភូមិ​ដើម្បី​កុំ​ឲ្យ​ហុយ​នៅ​ក្នុង​ដំណាក់​កាល​រង់ចាំ​គម្រោង​ធ្វើ​ផ្លូវ​ចាក់​បេតុង។

មន្ត្រី​ជំនាញ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​លុយ​ចូល​រដ្ឋ​ក្នុង​ថ្ម ១​ម៉ែត្រគូប​ចំនួន ៧​កាក់​កន្លះ ឬ​ស្មើ​ជាង​បី​ពាន់​រៀល ចំណែក​មួយ​កាក់​កន្លះ​ទៀត​ត្រូវ​បង់​សម្រាប់​ជួសជុល​ផ្លូវ ឬ​អភិវឌ្ឍន៍​មូលដ្ឋាន៖ «ឧបមា​ថា មូលដ្ឋាន​ហ្នឹង​ត្រូវ​ធ្វើ​ផ្លូវ​ត្រូវ​មាន​សំណើ​មក ហើយ​គេ​បូក​មើល តើ​លុយ​ហ្នឹង​ធ្វើ​បាន ហើយ​ស្នើ​ទៅ​ឯកឧត្ដម​រដ្ឋមន្ដ្រី សម្រេច​ហើយ​ចាប់​ផ្ដើម​ស្ថាបនា​តែម្ដង។ ឃើញ​ឃុំ​លើក​សំណើ​មក​ដែរ យើង​កំពុង​ពិនិត្យ តែ​ប្រហែល​លុយ​អត់​ទាន់​គ្រប់ អ៊ីចឹង​ឲ្យ​គាត់​ស្រោច​ទឹក​បណ្ដោះអាសន្ន​សិន»

លោក អ៊ុក រស់ បន្ថែម​ថា​ ថវិកា​ដែល​ក្រុមហ៊ុន​បង់​សម្រាប់​ទុក​អភិវឌ្ឍន៍​មូលដ្ឋាន ឬ​ធ្វើ​ផ្លូវ​នោះ គឺ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​តម្កល់​ទុក​នៅ​ធនាគារ​ជាតិ។ លោក​បង្ហើប​ថា ថវិកា​នេះ​មិន​ទាន់​គ្រប់​ចំនួន​ដែល​អាច​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​លោក​ជឿ​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ពលរដ្ឋ​ត្អូញត្អែរ​ថា ហុយ​ខ្លាំង​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៧។

ការដ្ឋាន​កិន​ថ្ម​ភ្នំ​ដំរី​រមៀល របស់​នាយកដ្ឋាន​អភិវឌ្ឍន៍ នៃ​ក្រសួង​ការពារ​ជាតិ ការដ្ឋាន​កិន​ថ្ម​លើ​ភ្នំ​អន្សោមត្មាត របស់​ក្រុមហ៊ុន ភី.អេស.ហ្វាយ (PS5) របស់​ចិន និង​ក្រុមហ៊ុន​កិន​ថ្ម​ភ្នំ​ថ្លុក​ត្របែក ឋិត​នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ កំពុង​ធ្វើ​អាជីវកម្ម។ រាល់​ថ្ងៃ​មាន​ឡាន​បែន​តូច​ធំ​ចេញ​ចូល​ទិញ​ថ្ម​ចន្លោះ​ពី ៦០ ទៅ ១០០​ឡាន​ក្នុង​១​ថ្ងៃ កាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មុខ​ផ្ទះ​អ្នក​ភូមិ​ភ្នំតូច នៃ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​​មិន​ចំ​គោលដៅ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​"

$
0
0

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បឹងល្វា ស្រុក​សន្ទុក និង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​បាក់​ច្រាំង​ទន្លេ​មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​កន្លង​មក គឺ​ជា​ប្រភព​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ការ​បាត់បង់​ព្រៃឈើ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ថែម​ទៀត​ផង។

អភិបាល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ការ​សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ គឺ​ជា​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ហើយ​អាជ្ញាធរ​ក៏​បាន​សិក្សា​ពី​ប៉ះពាល់​ជាមុន​រួច​ទៅ​ហើយ​ដែរ។

ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ព្រៃឈើ មើល​ឃើញ​ថា ប្រើប្រាស់​មិន​ចំ​គោលដៅ និង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារតែ​បាត់បង់​ព្រៃឈើ។

ជាក់ស្ដែង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​បឹងល្វា និង​ឃុំ​មានរិទ្ធ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​ពលរដ្ឋ​បាក់​ច្រាំងទន្លេ មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ភាគ​ច្រើន​លើសលប់​គឺ​បាន​ទៅ​លើ​ដៃ​អ្នកមាន​ប្រាក់ និង​មន្ត្រី​រាជការ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត តំបន់​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​តំបន់​ព្រៃស្រោង ហើយ​នាំគ្នា​ឈូស​ឆាយ​ព្រៃ​ទាំង​នោះ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ប្រមូល​យក​អនុផល​ព្រៃឈើ​នៅ​តំបន់​នោះ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មានរិទ្ធ មួយ​រូប លោក សុខ ម៉ាប់ មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​បាក់​ច្រាំង​ទន្លេ​មក​ពី​ស្រុក​ក្រូចឆ្មារ និង​ពលរដ្ឋ​ក្រីក្រ​ប្រមាណ ៥០០​គ្រួសារ​លើ​ទំហំ​ដី​ជាង ២​ពាន់​ហិកតារ កាល​ពី​ឆ្នាំ​២០១៤ គឺ​មិន​បាន​ដល់ដៃ​ពលរដ្ឋ​បាក់​ច្រាំងទន្លេ និង​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​ភាគ​ច្រើន​បាន​ទៅ​លើ​ដៃ​អ្នក​មាន​ប្រាក់ និង​ឈ្មួញ​ទៅ​វិញ៖ «ពលរដ្ឋ​ដែល​បាន​សម្បទាន​ឱ្យ​នោះ​គឺ​មិន​ឃើញ​មក​ទេ ឃើញ​តែ​ឈ្មួញ​អ្នក​មាន​ធំៗ​ទិញ​យក​ពី​ក្រុម​ដែល​គេ​ឈូស​ឆាយ​អស់​ព្រៃឈើ​ហ្នឹង»

​ប្រភព​ដដែល​អះអាង​ថា ប្រភេទ​ដី​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ មួយ​ផ្នែក​ធំ​គឺ​ជា​ដី​ព្រៃ​ស្រោង​ដែល​នៅ​ជាប់​តំបន់​ព្រៃឡង់ ហើយ​សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​មាន​ឈើ​មួយ​ចំនួន​ត្រូវ​បាន​កាប់​ពី​ក្នុង​តំបន់​ព្រៃឡង់។ លោក​មើល​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​មិន​ចំ​គោលដៅ គឺ​ជា​រូបភាព​ដែល​ធ្វើ​ឱ្យ​ព្រៃឈើ​កាន់​តែ​ហិនហោច និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។

​ពលរដ្ឋ​បាក់​ច្រាំងទន្លេ មក​ពី​ស្រុក​ក្រូចឆ្មារ គឺ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​បឹងល្វា មួយ​កន្លែង​ទៀត។ អាជ្ញាធរ​ឃុំ​បឹងល្វា បញ្ជាក់​ថា ពលរដ្ឋ​មក​ពី​ស្រុក​ក្រូចឆ្មារ ដោយសារ​បាក់​ច្រាំងទន្លេ គឺ​មាន​ចំនួន ២៥៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ ព្រមទាំង​ដីចម្ការ​ទំហំ ២​ហិកតារ។

​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ប៉ុណ្ណោះ បាន​មក​រស់នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​នៅ​ឃុំ​បឹងល្វា។

​មេ​ឃុំ​បឹងល្វា លោក ប៉ែន លឿ មាន​ប្រសាសន៍​ថា ប្រជាជន​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​គឺ​មាន ៧០ ទៅ ៨០​ភាគរយ ជា​ក្រុម​អ្នក​មាន​ប្រាក់ និង​មន្ត្រី​រាជការ​មក​ពី​ស្រុក​ក្រូចឆ្មារ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ និង​មក​ពី​កន្លែង​បាក់​ច្រាំង​ទន្លេ​ពិត​ប្រាកដ​មិន​ទទួល​បាន​ឡើយ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ជា​ច្រើន​បាន​លក់​ដី​សម្បទាន​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​អ្នក​មាន​ប្រាក់ ដោយ​មិន​បាន​មក​រស់​នៅ​តំបន់​ថ្មី​នោះ​ទេ៖ «មាន​ច្រើន អ្នក​មាន​លុយ​មក។ អ្នក​ក្រ​ដែល​បាក់​ច្រាំង​មែន​គឺ​អត់​មាន​ទេ»

ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក បាន​បណ្ដាល​ឱ្យ​ព្រៃឈើ​មួយ​ចំណែក​ត្រូវ​បាន​បាត់បង់​តាមរយៈ​ការ​ផ្ដល់​ដី​សម្បទាន​ប្រភេទ​នេះ។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បឹងល្វា បញ្ជាក់​ថា ព្រៃ​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​ពលរដ្ឋ​ចំណូល​ស្រុក និង​ពលរដ្ឋ​ម្ចាស់​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​មួយ​នេះ​នាំ​គ្នា​ចូល​កាប់​រុករាន​យក​ដី​ធ្វើ​ចម្ការ។

​តំបន់​ដែល​ធ្លាប់​គ្របដណ្ដប់​ដោយ​ព្រៃឈើ​ធំៗ បាន​ប្រែក្លាយ​ជា​វាល​ចម្ការ ហើយ​តំបន់​ទាំង​នោះ​បាន​ប្រែ​ជា​ក្ដៅ​ហួតហែង​នៅ​រដូវ​ប្រាំង ហើយ​តំបន់​ខ្លះ​អាកាសធាតុ​ប្រែប្រួល​មិន​ទៀង​ឡើយ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ គឺ​រាជរដ្ឋាភិបាល​ជា​អ្នក​សម្រេច។ លោក​បន្ថែម​ថា ក្រុម​អាជ្ញាធរ​ក៏​បាន​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​រាល់​តំបន់​ដែល​ផ្ដល់​ដី​សម្បទាន​ជូន​ពលរដ្ឋ ដើម្បី​ជៀសវាង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​មួយ​ដល់​បរិស្ថាន ពិសេស​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ។ លោក​បន្ថែម​ថា តំបន់​ដី​សម្បទាន​សង្គមកិច្ច​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ និង​ឃុំ​បឹងល្វា គឺ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ៖ «ជា​រួម​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​គឺ​មាន​ក្រុម​ការងារ​ចុះ​ពិនិត្យ​ច្បាស់លាស់ មិន​មែន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ»

​អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា ការ​ផ្ដល់​ដី​សម្បទាន​ជូន​ពលរដ្ឋ​គឺ​ធ្វើ​តាម​នីតិវិធី​ច្បាស់លាស់ ហើយ​ក៏​បាន​ផ្ដល់​ជូន​ពលរដ្ឋ​ទៅ​តាម​ឈ្មោះ​ដែល​ស្នើ​សុំ​រួច​អស់​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​ថា នឹង​ឱ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​លើ​ករណី​នេះ ដើម្បី​ធានា​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​បា​ន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​បាក់​ច្រាំង​ពិតប្រាកដ។ លោក​ថា ជា​គោលការណ៍ ដី​សម្បទាន​សង្គមកិច្ច​ផ្ដល់​ជូន​ពលរដ្ឋ គឺ​តម្រូវ​ឱ្យ​ពួកគាត់​រស់​នៅ​យ៉ាង​ហោច​រយៈពេល ៥​ឆ្នាំ ប្រសិនបើ​មាន​ករណី​លក់ដូរ​មុន​ពេល​នេះ​គឺ​ជា​រឿង​ខុសច្បាប់​ទាំង​ស្រុង។

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី មើល​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ទាំង​នេះ មិន​មាន​លក្ខណៈ​ប្រសើរ​ទេ ពីព្រោះ​អាជ្ញាធរ​មិន​មាន​យន្តការ​ច្បាស់លាស់ ម្យ៉ាង​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ម្ចាស់​ស្រុក​មួយ​ចំនួន និង​បណ្ដាល​ឱ្យ​បាត់បង់​ព្រៃឈើ​ថែម​ទៀត៖ «ដូច្នេះ​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ពីរ។ ទី​មួយ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​បង្កបង្កើន​ផល ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ។ ទី​ពីរ​វា​ប៉ះពាល់​ដល់​ព្រៃឈើ​ដែល​ប៉ះពាល់​ដល់​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ»

​អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា រាល់​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ដែល​បាន​កំណត់​យក​តំបន់​ព្រៃ គឺ​ជៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​នោះ​ទេ។

ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​បាត់បង់​ព្រៃ​ជម្រក​សត្វ បាត់បង់​ជីវចម្រុះ​ក្នុង​ព្រៃ សត្វព្រៃ​ត្រូវ​រង​ការ​វិនាស និង​ធ្វើ​ឱ្យ​អាកាសធាតុ​ចាប់​ផ្ដើម​ប្រែប្រួល​ដោយសារ​តែ​បាត់បង់​ព្រៃឈើ។ ប្រភព​ដដែល​យល់​ថា តំបន់​ដី​សម្បទាន​សង្គម​កិច្ច​ទាំង​នេះ គឺ​ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង មិន​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​ពលរដ្ឋ​មូលដ្ឋាន ហើយ​អាច​គ្រាន់តែ​ជា​លេស​ដើម្បី​កាប់​ឈើ និង​បាន​ដី​ដោយ​ស្រប​ច្បាប់​ទៅ​ក្រុម​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ប៉ុណ្ណោះ៖ «ប៉ុន្តែ​បើ​យើង​មើល​ជាក់ស្ដែង​នៅ​តំបន់​នោះ​គឺ​ជា​រូបភាព​វិនិយោគ​នៅ​លើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ ដែល​អាច​ធ្វើ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាត់បង់​ដីធ្លី​របស់​គាត់»

លោក សេង សុខហេង យល់​ថា ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​បរិស្ថាន រាជរដ្ឋាភិបាល​ត្រូវ​សិក្សា​អំពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច និង​សេដ្ឋកិច្ច​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្អូញត្អែរ​ចំពោះ​តម្លៃ​ម្រេច​ធ្លាក់​ថ្លៃ​ខ្លាំង

$
0
0

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ផ្សេងៗ ក្នុង​ជីវភាព​រស់​នៅ ក្រោយ​ពេល​តម្លៃ​ម្រេច​ចេះ​តែ​ធ្លាក់​ចុះ​ខ្លាំង។ ផល​ប៉ះពាល់​ទាំង​នោះ មាន​ដូចជា ពិបាក​រក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​ក្រុម​គ្រួសារ ព្រម​ទាំង​ខ្វះ​ថវិកា​សង​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ពួកគាត់​បាន​ខ្ចី​ប្រាក់​ធ្វើ​ដើមទុន​ដាំ​ម្រេច។ ប្រធាន​មន្ទីរ​កសិកម្ម យល់​ថា តម្លៃ​ម្រេច​ចុះ​ថោក គឺ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​អន្តរជាតិ​ច្រើន​ជាង។

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ នៅ​មិន​ទាន់​ដឹង​ប្រាកដ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគាត់​យល់​ថា អាច​ដោយសារ​តែ​ទីផ្សារ​នៅ​ស្រុក​ខ្មែរ​មិន​សូវ​មាន​ច្រើន ដោយ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​វៀតណាម។

​កសិករ​នៅ​ឃុំ​មេមត់ មួយ​រូប លោក ព្រៅ ចាន់ធឿន ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ ម្រេច​លក់​បាន​តម្លៃ​ខ្ពស់ គឺ​រហូត​ដល់ ៤​ម៉ឺន ទៅ​ជាង ៤​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​លក់​បាន ១.៨០០០​រៀល ទៅ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម។ កសិករ​ដែល​មាន​ផ្ទៃដី​ដាំ​ម្រេច​ជាង ២​ហិកតារ​រូប​នេះ មើល​ឃើញ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​បញ្ហា​ផ្សេងៗ ពិសេស​ពិបាក​រក​ប្រាក់​ដោះ​បំណុល​គេ​តែម្ដង។

លោក​យល់​ថា តម្លៃ​ម្រេច​ធ្លាក់​ចុះ​ពេល​នេះ អាច​ដោយសារ​មិន​សូវ​មាន​ឈ្មួញ​មក​ទិញ​ម្រេច​ពួកគាត់​ដូច​ពេល​មុន ហើយ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ឈ្មួញ​វៀតណាម៖ «មាន​តម្លៃ​ទាប ហើយ​អ្នក​ខ្លះ​ធ្វើ​ម្រេច​កើត​ហើយ ក៏​ងាប់​ម្រេច​ហ្នឹង​អស់​ទៅ​វិញ​ទៅ។ ជំពាក់​គេ​ក៏​ជំពាក់»

តម្លៃ​ម្រេច​ធ្លាក់​ចុះ​ខ្លាំង គឺ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦។ ម្រេច​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ ហើយ​ត្រូវ​ចំណាយ​ពេល​ដាំ​ប្រមាណ ១​ឆ្នាំ ទើប​អាច​ទទួល​ផល។ រុក្ខជាតិ​នេះ ប្រឈម​នឹង​ជំងឺ ហើយ​ប្រឈម​នឹង​គ្រោះធម្មជាតិ ដូចជា​រាំង​ស្ងួត​ខ្លាំង និង​ទឹក​ជន់​ខ្លាំង​ក្នុង​ចម្ការ ក៏​បណ្ដាល​ឱ្យ​ម្រេច​ងាប់​បាន​ដែរ។

កសិករ​នៅ​ឃុំ​ទ្រាក លោក ប៉ូច គីន រៀបរាប់​ថា តម្លៃ​ធ្លាក់​ចុះ​ដូច​បច្ចុប្បន្ន​គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​ទូទាត់​ការ​ចំណាយ​បាន​ទេ។ លោក​ថា នៅ​ពេល​តម្លៃ​ម្រេច​ខ្ពស់​ធ្វើ​ឱ្យ​ជីវភាព​របស់​កសិករ​បាន​ប្រសើរ ប៉ុន្តែ​នៅ​ពេល​តម្លៃ​ធ្លាក់​ចុះ ជីវភាព​រស់​នៅ​របស់​ពួកគាត់​ក៏​ត្រូវ​ជួប​បញ្ហា​ប្រឈម​ដូច​គ្នា​ដែរ។ លោក​សង្កេត​ឃើញ​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​សម្រេច​បោះបង់​មុខ​របរ​ដាំ​ម្រេច​ចោល​ទៀត​ផង៖ «ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ ព្រោះ​រាល់​ថ្ងៃ​នេះ យើង​ពឹង​ផ្អែក​លើ​ទីផ្សារ​ក្រៅ​ប្រទេស ជិតៗ​ខាង​យើង»

​ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បញ្ជាក់​ថា មូលហេតុ​ម្រេច​ចុះ​ថោក គឺ​ពាក់ព័ន្ធ​ទីផ្សារ​អន្តរជាតិ និង​ការ​ផលិត​លើស​ពី​តម្រូវការ។ លោក​មើល​ឃើញ​ថា តម្លៃ​ម្រេច​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​ហក់​ឡើង​ខ្ពស់​បាន​ទេ ប្រសិន​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ជួប​បញ្ហា។

ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ​ផ្ដល់​ជា​យុទ្ធសាស្ត្រ​ទប់ទល់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច គឺ​ប្រជាកសិករ​អាច​អនុវត្ត​ការ​ផលិត ដោយ​ប្រើ​ជី និង​ថ្នាំ​បាញ់​តាម​បែប​ធម្មជាតិ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ហើយ​បង្កើន​គុណភាព​ផលិត។ កសិករ​ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍ ងាយ​ស្រួល​រក​ទីផ្សារ និង​មាន​កម្លាំង​ជាង​ការ​លក់​ចេញ​ជា​លក្ខណៈ​ឯកជន ហើយ​ខាង​មន្ទីរ​នឹង​ជួយ​រក​ដៃគូ​ឯកជន​បន្ថែម​ទៀត៖ «ចង់​ឱ្យ​កសិករ​ទាំង​អស់​គាត់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ហើយ​ចងក្រង​ជា​ក្រុម ហើយ​ខាង​មន្ទីរ​ក៏​ដូចជា​ខាង​ដៃគូ​មន្ទីរ​ហ្នឹង​ព្យាយាម​ទំនាក់ទំនង​ខាង​ក្រុមហ៊ុន​ដែល​រកស៊ី​ម្រេច​ហ្នឹង»

​នាយក​ប្រតិបត្តិ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច​ដារមេមត់ លោក យិន សុផា មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច​ពេល​នេះ គឺ​មិន​ធ្លាប់​ជួប​ឡើយ ក្នុង​រយៈពេល​ប្រមាណ ៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ យ៉ាង​នេះ​ក្តី លោក​យល់​ថា តម្លៃ​ម្រេច​ធ្លាក់​ចុះ​គឺ​មិន​មែន​កើត​ឡើង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ពោល​គឺ​បណ្ដា​ប្រទេស​ដាំ​ម្រេច​មួយ​ចំនួន ដូចជា​ប្រទេស​សិរីលង្កា វៀតណាម ម៉ាឡេស៊ី ប្រេស៊ីល ឥណ្ឌា ជាដើម តម្លៃ​ម្រេច​គឺ​ប្រហាក់ប្រហែល​នឹង​កម្ពុជា បច្ចុប្បន្ន​ដែរ។ ដូច្នេះ​លោក​ថា ម្រេច​ធ្លាក់​ថ្លៃ អាច​ទាក់ទង​ទីផ្សារ​អន្តរជាតិ។

លោក​កត់សម្គាល់​ថា នៅ​ពេល​ម្រេច​ចុះ​ថោក កសិករ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា ដោយ​មាន​ពលរដ្ឋ​ខ្លះ​មិនសូវ​ប្រឈម​ទេ។ ចំណែក​កសិករ​ដែល​ប្រឈម​ខ្លាំង​ជា​ក្រុម​ដែល​ជំពាក់​បំណុល​គេ ដោយសារ​យក​ដើម​ទុន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ស្រុង​មក​ដាំ​ម្រេច និង​ក្រុម​កសិករ​ដែល​ជំពាក់​បំណុល​ធនាគារ ហើយ​ដំណាំ​ម្រេច​របស់​ពួកគាត់​ងាប់​មួយ​ជាន់​ទៀត៖ «ពេល​ហ្នឹង​ហើយ​ដែល​មាន​បញ្ហា​រហូត​ដល់​មាន​ការ​ប្ដឹងផ្ដល់​ពី​ធនាគារ​ហ្នឹង​មក ដើម្បី​ដោះស្រាយ​ហ្នឹង ដោយសារ​ពួកគាត់​អត់​មាន​លទ្ធភាព​សង»

​កាល​ពី​ឆ្នាំ​២០១៦ សមាជិក​សហគមន៍​ម្រេច​ដារ​មេមត់ ដែល​មាន​ចំនួន ២៩១​គ្រួសារ លក់​ម្រេច​ចេញ​មាន​ចំនួន​ប្រមាណ ២​ពាន់​តោន។ បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ម្រេច​របស់​ប្រជា​សហគមន៍​មាន​ចំនួន ៥០០​ហិកតារ ចំណែក​ផ្ទៃដី​ដាំ​ម្រេច​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ជាង ២​ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ថ្ងៃ​ទី​២៦ មេសា ជា​ថ្ងៃ​ខួប​៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

$
0
0

នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ខាង​មុខ​នេះ គឺ​ជា​ខួប ៥​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​អ្នក​ការពារ​បរិស្ថាន​ដ៏​ល្បីល្បាញ លោក ឈុត វុទ្ធី ខណៈ​ក្រុម​អ្នក​សង្កេតការណ៍​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា របាយការណ៍​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជុំវិញ​អំពើ​ឃាតកម្ម​នេះ នៅ​តែ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ភ្លាមៗ​នៅ​ក្នុង​រថយន្ត​របស់​លោក​ក្នុង​ដំណើរ​ស៊ើបអង្កេត​ពី​បទល្មើស​ព្រៃឈើ និង​បទល្មើស​វល្លិ​រមៀត នៅ​ក្នុង​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ស្ថិត​ក្នុង​ខេត្ត​កោះកុង ជាមួយ​បុគ្គលិក ២​រូប​ផ្សេង​ទៀត​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

កាល​ពី ៥​ឆ្នាំ​មុន របាយការណ៍​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​រក​ឃើញ​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​ប្រហារ​គ្នា​នេះ ដោយសារ​ទំនាស់​ពាក្យ​សម្ដី​រវាង​លោក ឈុត វុទ្ធី និង​កងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែល​ការពារ​ឲ្យ​ក្រុមហ៊ុន​នៅ​តំបន់​នោះ។ នៅ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ ចំណែក​ឈ្មោះ រ៉ាន់ បូរ័ត្ន ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន ក៏​បាន​បាញ់​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​វិញ ដោយ​អចេតនា។

ក្រោយ​កើតហេតុ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ តុលាការ​ខេត្ត​កោះកុង សម្រេច​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​បុគ្គលិក​ក្រុមហ៊ុន ធីមប៊ី ហ្គ្រីន ឈ្មោះ រ៉ាន់ បូរ័ត្ន ដាក់​ពន្ធនាគារ ២​ឆ្នាំ។ ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ រ៉ាន់ បូរ័ត្ន កំពុង​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ពេល​បុគ្គលិក​រូប​នេះ​អនុវត្ត​ទោស​បាន ១ ភាគ ៣ នៃ​ទោស​រួចរាល់ រី​ឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

បើ​ទោះ​ជា​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ជឿ​លើ​របាយការណ៍​នេះ​ឡើយ ដោយ​សំអាង​ហេតុ​ថា អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​បទឧក្រិដ្ឋ​នេះ មិន​មែន​ត្រឹម​តែ​មនុស្ស​ពាក់ព័ន្ធ ២ ឬ ៣​នាក់​នេះ​ប៉ុណ្ណោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​ឆាប់​បញ្ចប់​សំណុំរឿង​កុំ​ឲ្យ​ពាក់ព័ន្ធ​ទៅ​មនុស្ស​ដទៃ​ទៀត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពិរុទ្ធជន ជួប សម្លាប់ សម្រេច​ប្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

$
0
0

ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ សម្រេច​ប្ដឹង​សាលាឧទ្ធរណ៍​ដើម្បី​​ជំទាស់​​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំរឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

មេធាវី​ការពារ​ក្ដី​ឲ្យ​ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ បាន​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​យល់​ថា ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត គឺ​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ឲ្យ​គេ​មាន​ឱកាស​កែប្រែ​ខ្លួន។

មេធាវី​ការពារ​ក្ដី​ឲ្យ ជួប សម្លាប់ គឺ​លោក យុង ផានិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា តាម​សំណើ​របស់​កូន​ក្ដី។ លោក​មេធាវី​អះអាង​ថា កូន​ក្ដី​លោក​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ផ្ដល់​ស្ថាន​សម្រាល​ទោស​ដល់​រូប​គេ៖ «គាត់​ថា​តុលាការ​ដាក់​ទោស​គាត់​ធ្ងន់​ពេក រហូត​អស់​មួយ​ជីវិត គាត់​ចង់​បាន​ស្ថាន​សម្រាល​ខ្លះ​ពី​តុលាការ​ដើម្បី​ពេល​អនុវត្ត​ទោស​អស់​ទៅ​គាត់​កែប្រែ​ខ្លួន​ចូល​រស់​នៅ​ក្នុង​សង្គម​វិញ»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​តាម​ក្រម​ព្រហ្មទណ្ឌ ហើយ​សម្រេច​ផ្ដន្ទាទោស​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ជុំវិញ​ហេតុផល​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​នេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) យល់​ថា ចំពោះ​ក្របខ័ណ្ឌ​ច្បាប់ ជួប សម្លាប់ ក៏​ដូច​ជា​ជន​គ្រប់រូប​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​ចំពោះ​ការ​សម្រេច​ក្ដី​របស់​តុលាការ​ថ្នាក់​ក្រោម។

លោក​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ​គឺ​តុលាការ​គួរ​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ករណី​មួយ​ចំនួន​នៅ​មាន​ភាព​មន្ទិល​នៅ​ក្នុង​ការ​កាត់​ក្ដី​នេះ៖ «រឿង​នេះ​វា​មិនមែន​បញ្ចប់​ត្រឹម​តែ​ការ​កាត់​ទោស ជួប សម្លាប់ នេះ​ទេ ត្រូវ​រក​ជន​ពាក់ព័ន្ធ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​នេះ​យក​មក​ផ្ដន្ទាទោស​ទៀត​ទើប​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​រងគ្រោះ និង​ជា​ការ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាព​ជឿជាក់»

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ស្ថិត​ក្នុង​ហាង​ទំនិញ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន។ ក្រោយ​បាញ់​សម្លាប់ គឺ​មាន​ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ហ៊ាន​សារភាព​នៅ​ក្នុង​សវនាការ​ថា គឺ​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ក្នុង​ហេតុផល​តែ​មួយ​គត់​គឺ​រឿង​ជំពាក់​លុយ​៣​ពាន់​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បន្ថែម​ថវិកា​សម្រាប់​ជួយ​ស្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ

$
0
0

ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ថវិកា​សម្រាប់​ជួយ​ស្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​មូលដ្ឋាន។ សង្គម​ស៊ីវិល​រក​ឃើញ​ថា ថវិកា​សម្រាប់​ផ្នែក​យេនឌ័រ​នៅ​មូលដ្ឋាន​មាន​តិច ឬ​គ្មាន​តែម្ដង។ តែ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថា លុះត្រាតែ​ថ្នាក់ក្រោម​ជាតិ​ដាក់​សំណើ​ទើប​អាច​បន្ថែម​បាន។

ការ​ទាមទារ​ថវិកា​បន្ថែម ឬ​ការ​ទាមទារ​លុយ​បន្ថែម​សម្រាប់​លើក​ស្ទួយ​យេនឌ័រ ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់ក្រោម​ជាតិ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់ ហើយ​ក៏​ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​បាន​ចាប់​ផ្ដើម​បង្អួត​គោលនយោបាយ​ដើម្បី​អភិវឌ្ឍន៍​ថ្នាក់​មូលដ្ឋាន​ដែរ។

​ក្រុម​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​សង្គម​ស៊ីវិល​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ​នៅ​ថ្នាក់ក្រោម​ជាតិ។ សិក្ខាសាលា​នេះ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច បន្ថែម​ថវិកា​ពី ២,៧​ភាគរយ​នៃ​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំ​ឡើង​ទៅ យ៉ាង​ហោច​ណាស់ ៥​ភាគរយ ដល់​ថ្នាក់​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​លើក​ស្ទួយ និង​ជួយ​សង្គ្រោះ​ស្ត្រី​ដែល​រងគ្រោះ​នៅ​តាម​មូលដ្ឋាន។ សង្គម​ស៊ីវិល​យល់​ថា កញ្ចប់​ថវិកា​យេនឌ័រ ៥​ភាគរយ​នៅ​ថ្នាក់​មូលដ្ឋាន​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ពលការិនី​នៅ​មូលដ្ឋាន។

​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ថា ថវិកា​សម្រាប់​យេនឌ័រ​ដែល​ថ្នាក់​ឃុំ-​សង្កាត់​​បច្ចុប្បន្ន​មាន​តិចតួច​បំផុត ឬ​ស្ទើរ​តែ​គ្មាន​ផង។ អ្នកស្រី ធីតា ឃិះ យល់​ថា គណបក្ស​នយោបាយ​ចំនួន​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​បង្ហាញ​គោលនយោបាយ​ល្អៗ​ជា​ច្រើន​សម្រាប់​ស្ត្រី។ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​មិន​ទាន់​ល្អ​ដូច​គោលនយោបាយ​ដែល​សរសេរ​នោះ​ទេ។ ដោយសារ​គណបក្ស​ប្រជាជន​ជា​បក្ស​កំពុង​កាន់​អំណាច ដូច្នេះ​លោកស្រី​ចង់​ឃើញ​គណបក្ស​ប្រជាជន​អនុវត្ត​គោលនយោបាយ​លើក​ស្ទួយ​ស្ត្រី​ឲ្យ​បាន​ល្អ ដូច​គោលនយោបាយ​ដែល​លើក​ឡើង៖ «»។

​មិន​មែន​មាន​ត្រឹមតែ​គោលនយោបាយ​របស់​គណបក្ស​កាន់​អំណាច​ទេ ដែល​លើកស្ទួយ​ស្ត្រី។ គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​លើក​កម្ពស់​ស្ត្រី ដាក់​ចេញ​ដោយ​ក្រសួង​កិច្ចការ​នារី ក៏​ត្រូវ​បាន​ក្រសួង​មួយ​នេះ​ចែង​យ៉ាង​ល្អ​ដែរ។

នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ថា គោលនយោបាយ​នារីរតនៈ ដំណាក់កាល​ទី​៤ របស់​ក្រសួង​កិច្ចការ​នារី និង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​សុទ្ធតែ​ចែង​យ៉ាង​ល្អ​ពី​ការ​លើក​ស្ទួយ​ស្ត្រី។ ក៏ប៉ុន្ដែ​សកម្មភាព​នៃ​ការអនុវត្ត​វិញ ហាក់​ដើរ​មិន​បាន​ល្អ​ដូច​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ទេ៖ «»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អ្នក​អត្ថាធិប្បាយ​ច្បោលៗ​ដែល​ហ៊ាន​រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល។ លោក​នាយករដ្ឋមន្ត្រី​ចាត់​ទុក​ការ​ធ្វើ​អត្ថាធិប្បាយ​រិះគន់​គោល​ច្បោលៗ ពី​គោលនយោបាយ​រដ្ឋាភិបាល​របស់​លោក​ថា ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាសអៀន។

​ប្រធាន​ការិយាល័យ​តាមដាន និង​ត្រួត​ពិនិត្យ​ថវិកា​ឃុំ-​សង្កាត់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ថន ចាន់រិទ្ធិ ថា ក្រសួង​សេដ្ឋកិច្ច​មាន​សិទ្ធិ​តែ​ទម្លាក់​លុយ​ទៅ​ថ្នាក់​ក្រោម​ជាតិ តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ តែប៉ុណ្ណោះ ឯ​ការ​ត្រួត​ពិនិត្យ ការ​ចាយវាយ​ថា​គ្រប់ ឬ​មិន​គ្រប់ ក្រសួង​សេដ្ឋកិច្ច​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​ទេ។ លោក​ថា បើ​ឃុំ​សង្កាត់​ណា​ចង់​បង្កើន​ថវិកា ត្រូវ​ធ្វើ​គម្រោង​ជា​មុន ឯ​ការ​ចាយវាយ​របស់​ឃុំ-​សង្កាត់ លោក​ថា​ជា​ឯករាជភាព​ក្នុង​ការ​ចាយវាយ​របស់​ថ្នាក់​ក្រោម​ជាតិ៖ «»។

បើ​ទោះ​ជា​បែប​នេះ​ក្ដី នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ លោកស្រី ធីតា ឃឹះ ថា ការ​ទម្លាក់​ថវិកា​ផ្នែក​យេនឌ័រ ពី​ក្រសួង​ទៅ​ថ្នាក់​ក្រោម​ជាតិ ក្រៅ​ពី​នៅ​មាន​ចំនួន​តិច ប្រព័ន្ធ​នៃ​ការ​ដក​លុយ​សម្រាប់​ជួយ​ស្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ក៏​នៅ​មាន​ការពិបាក​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"លោក ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​និង​បំបាក់​ស្មារតី​ពលរដ្ឋ"

$
0
0

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​អ្នកវិភាគ​នយោបាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ និង​កំពុង​បំបាក់​ស្មារតី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ថា កម្ពុជា​នឹង​ជួប​សង្គ្រាម​ឡើង​វិញ ប្រសិនបើ​ពលរដ្ឋ​គាំទ្រ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ឬ​ឈប់​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក។

ស្រប​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គូប្រកួត​ប្រជែង​សំខាន់​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​នេះ ងាក​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯ​ណោះ​វិញ លើក​ឡើង​អំពី​សង្គ្រាម​ថា អាច​ផ្ទុះឡើង​នៅ​កម្ពុជា ប្រសិនបើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ។ លើស​ពី​នេះ លោក ហ៊ុន សែន ហាក់​ចង់​បញ្ជាក់​ន័យ​ថា មាន​តែ​គណបក្ស​របស់​លោក​មួយ​ប៉ុណ្ណោះ​ដែល​អាច​រក្សា​សន្ដិភាព​សម្រាប់​កម្ពុជា​បាន។

​បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​អ្នក​តាម​ដាន​នយោបាយ​ខ្លះ ថា​លោក​នាយករដ្ឋមន្ត្រី​កំពុង​បន្ទច់បង្អាក់ ឬ​រារាំង​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ខ្លះ​ទៀត​ថា លោក ហ៊ុន សែន មាន​ចេតនា​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច​បណ្ឌិត ចាន់ វិបុលចាន់ ចាត់​ទុក​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ថា​មិន​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ស្គាល់​អ្វី​ដែល​ជា​តម្លៃ​ពិត នៃ​ដំណើរការ​របប​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ ប៉ុន្តែ​លោក​បន្ត​ថា សារ​ព្រមាន​បែប​នេះ​ហាក់​លែង​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ទៀត​ហើយ ព្រោះ​សារ​ព្រមាន​ថា នឹង​ផ្ទុះ​សង្គ្រាម​ត្រូវ​បាន​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ ម្ល៉េះ តែ​ចុង​ក្រោយ​លទ្ធ​បោះឆ្នោត​កាល​នោះ​ស្ទើរ​តែ​របូត​ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ៖ «»។

អ្នក​ជំនាញ​ខាង​នយោបាយ​រូប​នេះ​ពន្យល់​ថា សង្គម​មួយ​ដែល​គ្មាន​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​សង្គម​ដែល​សំឡេង​ពលរដ្ឋ​មិន​មាន​ឥទ្ធិពល​លើ​មេដឹកនាំ ហើយ​អ្នក​កាន់​អំណាច​ដែល​អាច​ឡើង​គ្រប់គ្រង​ប្រទេស​បាន គឺ​ដោយសារ​ការ​ធ្វើ​បដិវត្តន៍ ឬ​កម្ទេច​ដៃគូ​ម្ខាង​ទៀត។ លើស​ពី​នេះ មេដឹកនាំ​ក្នុង​សង្គម​គ្មាន​លទ្ធិប្រជាធិបតេយ្យ គឺ​តែង​ប្រើប្រាស់​អំណាច​លុយ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដើម្បី​បម្រើ​តែ​ផលប្រយោជន៍​បក្សពួក​ខ្លួន។ លោក ចាន់ វិបុល ថា បច្ចុប្បន្ន​សង្គម​កម្ពុជា ដែល​ធ្លាប់​ឆ្លង​កាត់​របប​កុម្មុយនិស្ត​និយម និង​ផ្ដាច់ការ​និយម គឺ​ត្រូវ​ការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ​មួយ​ដែល​ឱ្យ​អំណាច​ទៅ​ដល់​ពលរដ្ឋ​ធ្វើ​ជា​ម្ចាស់​របស់​មេដឹកនាំ។

ការ​លើក​ឡើង​ពី​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កម្មវិធី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ ដែល​ទើប​ទទួល​បាន​មេដាយ​មាស​ពិភពលោក នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែ​មេសា បាន​ដាស់តឿន​ពលរដ្ឋ​មុន​ការ​បោះឆ្នោត​ម្ដង​ទៀត​ថា ការ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ស្មើ​នឹង​ការ​បោះឆ្នោត​ឱ្យ​កម្ពុជា មាន​សង្គ្រាម គ្មាន​សន្តិភាព និង​គ្មាន​ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន៖ «»។

ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ក៏​រំលឹក​ថា មុន​ពេល​មាន​លោក​មក​ដឹកនាំ​គឺ​កម្ពុជា ឆ្លង​កាត់​ការ​ផ្លាស់ប្ដូរ​ពី​ប្រទេស​មាន​សន្តិភាព​រហូត​ដល់​របប​ប្រល័យ​ពូជ​សាសន៍។

​ពាក់ព័ន្ធ​នឹង​សារ​នយោបាយ​គំរាម​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ហាក់​មិន​ចង់​ចាប់​អារម្មណ៍ ឬ​ក៏​ចង់​ឆ្លើយ​តប​អ្វី​ឡើយ ព្រោះ​ថា ជា​សារ​ព្រមាន​ដដែល​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​ថា គណបក្ស​ប្រឆាំង​នឹង​ដឹកនាំ​តាម​គោលនយោបាយ​របស់​ខ្លួន ហើយ​ក៏​មិន​ដឹកនាំ​តាម​ចុង​កាំភ្លើង​ឡើយ ព្រោះ​គណបក្ស​ពុំ​មាន​កាំភ្លើង​ក្នុង​ដៃ​នោះ​ទេ៖ «»។

ជាមួយ​គ្នា​នេះ អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​មិន​ជឿ​ថា ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ​នឹង​នាំ​ឱ្យ​មាន​សង្គ្រាម​នៅ​កម្ពុជា ដែរ ព្រោះ​ការ​ផ្លាស់ប្ដូរ​នោះ កើត​ឡើង​ពី​ការ​បោះឆ្នោត និង​ឆន្ទៈ​រាស្ត្រ​ប៉ុណ្ណោះ។ លោក​បន្ត​ថា គួរ​តែ​មាន​ការ​បង្កើត​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ ចំពោះ​អ្នក​នយោបាយ ពី​បទ​ក្បត់​ប្រជាពលរដ្ឋ ឬ​ក្បត់​ជាតិ ប្រសិន​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប៖ «»។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ទៀត​ថា ក្នុង​នាម​ជា​មេដឹកនាំ​កំពុង​ដឹកនាំ​ប្រទេស មិន​គួរ​លើក​ឡើង​អំពី​សង្គ្រាម​យក​មក​គំរាម​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ គួរ​តែ​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការ​បោះឆ្នោត តួនាទី​របស់​ម្ចាស់​ឆ្នោត ជាពិសេស​ត្រូវ​លើក​ឡើង​អំពី​ការ​ត្រៀម​ខ្លួន​របស់​អ្នក​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​មាន​ការ​ទទួល​ស្គាល់ និង​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត។ អ្នក​វិភាគ​បញ្ជាក់​ថា ការ​ប្រុងប្រៀប​បែប​នេះ គឺ​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​ប្រទេស​មួយ​ដែល​កើត​ចេញ​ពី​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live