Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍

$
0
0

សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​បន្ត​គោរព​ច្បាប់ និង​បើកបរ​មាន​ក្រមសីលធម៌​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ការ​អំពាវនាវ​នេះ បន្ទាប់​ពិនិត្យ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា នៃ​ខេត្ត​ទាំង​ពីរ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៧ មាន​ការ​ថយ​ចុះ ហើយ​ពុំសូវ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​នៅ​តែ​តក់ស្លុត និង​ព្រួយ​បារម្ភ​ចំពោះ​ករណី​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​មាន​យាន​ជំនិះ​ស្អេកស្កះ​ធ្វើ​ចរាចរ​លើ​ផ្លូវ​ក្នុង​អំឡុង​ពេល​បុណ្យទាន​ម្ដងៗ។ ប៉ុន្តែ​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​ថា អ្នក​ប្រើប្រាស់​ផ្លូវ​កាន់​តែ​យល់​ដឹង​ច្បាស់​ពី​ច្បាប់ ទើប​ការ​ធ្វើ​ចរាចរណ៍​នៅ​ខេត្ត​ទាំង​ពីរ​មាន​ភាព​ប្រសើរ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៧ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បី​លើក​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បួន​នាក់​របួស។ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ មាន​គ្រោះ​ថ្នាក់​បី​ករណី​ដូច​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ប៉ុន្តែ​ក្នុង​នោះ​មាន​មនុស្ស​របួស​ធ្ងន់​ស្រាល​ចំនួន ៩​នាក់។

លោក​បន្ថែម​ថា ការ​បើកបរ​ដោយ​គោរព​ច្បាប់ និង​មាន​សីលធម៌​គឺ​ជា​រឿង​ចាំបាច់​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោក​ថា នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ផ្សាយ​តាម​វិទ្យុ ស្រប​ពេល​ដែល​សមត្ថកិច្ច​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ការ​បើកបរ​លើស​ល្បឿន។

លោក ឡុច សុវណ្ណារ៉ា៖ «មាន​តែ​ការងារ​រឹត​បន្ដឹង​មួយ​មិន​ទទួល​បាន​ជោគជ័យ​ទេ សំខាន់​ឲ្យ​គាត់​មាន​ការ​យល់​ដឹង ហើយ​គាត់​ចូល​រួម។ មើល​ទៅ​រយៈ​ពេល​បី​ថ្ងៃ​នេះ​មាន​ស្លាប់​តែ​ម្នាក់​ទេ អ៊ីចឹង​បាន​ថា បី​ថ្ងៃ​ស្លាប់​ម្នាក់ វា​ដូច​នៅ​ថា ប្រជាជន​នៅ​ក្នុង​ខេត្ត​យើង​បាន​គោរព​ច្បាប់​ហើយ ការ​ស្លាប់​នេះ​ដោយសារ​គាត់​បើកបរ​លើស​ល្បឿន​ហើយ​ក្នុង​ស្ថានភាព​ស្រវឹង​ផង។ អ៊ីចឹង​ដូច​ជា​ពុំ​មាន​ការ​អី​ប្រែប្រួល​ទេ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន ឃើញ​ថា​ស្មើ​គ្នា រួច​អ្នក​ស្លាប់​ក៏​ស្មើ​គ្នា​ដែរ ប៉ុន្តែ​អ្នក​របួស​ឆ្នាំ​នេះ​បាន​ថយ​ចុះ»

ចំណែក​នៅ​ខេត្ត​ពោធិ៍សាត់ រយៈ​ពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧​ករណី បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ធ្ងន់​ស្រាល ១៨​នាក់។ តួលេខ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ពោល​គឺ​គ្រោះ​ថ្នាក់​មាន ៩​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល ២០​នាក់។ ករណី​គ្រោះ​ថ្នាក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន ឬ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​សំឡេង​ថា ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​ពោធិ៍សាត់ ​បច្ចុប្បន្ន​មិន​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ឬ​បារម្ភ​ខ្លាំង​នោះ​ទេ ព្រោះ​សមត្ថកិច្ច​បាន​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​មូលដ្ឋាន និង​តាម​រយៈ​វិទ្យុ ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​ភាគ​ច្រើន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាគម​ម្រេច​កំពត​គ្រោង​ប្រមូល​ផល​ម្រេច​ឲ្យ​បាន​១០០​តោន​នៅ​ឆ្នាំ​២០១៧

$
0
0

សមាគម​លើក​កម្ពស់​ម្រេច​កំពត គ្រោង​ប្រមូល​ផល​ម្រេច​របស់​ខ្លួន​ឲ្យ​បាន​ប្រមាណ ១០០​តោន​នៅ​ឆ្នាំ​២០១៧ នេះ។ ការ​រំពឹង​ទុក​នេះ ដោយសារ​តែ​កត្តា​អំណោយ​ផល​នៃ​អាកាសធាតុ។ ខាង​ក្រសួង​កសិកម្ម និង​អ្នក​ជំនួញ បញ្ជាក់​ថា មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ​ទាក់ទង​នឹង​ម្រេច​កំពត ក៏ប៉ុន្តែ​ម្រេច​នៅ​តំបន់​ដទៃ ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​បញ្ហា​គុណភាព និង​ទីផ្សារ។

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ថា ទិន្នផល​ម្រេច​កំពត​នៅ​ឆ្នាំ​នេះ នឹង​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុនៗ ដោយសារ​តែ​អាកាសធាតុ​អំណោយ​ផល​ល្អ មាន​ភ្លៀង​កក់​ខែ​ជា​ប្រចាំ ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតករ​ទាំងអស់​មិន​មាន​ក្តី​បារម្ភ​អំពី​បញ្ហា​គ្រោះ​រាំង​ស្ងួត​ឡើយ។ លើស​ពី​នេះ ម្រេច​កំពត​នៅ​ឆ្នាំ​នេះ​មាន​អតិថិជន​បញ្ជា​ទិញ​ច្រើន ធ្វើ​ឲ្យ​ផលិតករ​មិន​បារម្ភ​ពី​បញ្ហា​ទីផ្សារ​ឡើយ ហើយ​ម្យ៉ាង​ដោយសារ​តែ​ម្រេច​កំពត ត្រូវ​បាន​ចុះ​បញ្ជី​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (Geographical Identification) ទាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ៖ «សម្រាប់​ឆ្នាំ​២០១៧ នេះ យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ ដោយសារ​អាកាសធាតុ​ឆ្នាំ​នេះ​មាន​ភ្លៀង​កក់​ខែ​ច្រើន។ ជាច្រើន​ឆ្នាំ​ហើយ ទើប​ជួប​ម្តង​ទេ ដូច្នេះ​យើង​អត់​ភ័យ​ព្រួយ​រឿង​ទឹក​ទេ។ យើង​សង្ឃឹម​ថា ម្រេច​ឆ្នាំ​នេះ​វា​មាន​គ្រាប់​ល្អ។ យើង​សង្ឃឹម​ថា​យើង​នឹង​លក់​ផលិតផល​យើង​អស់ អត់​មាន​ឲ្យ​សល់​ទេ ដោយសារ​យើង​ឃើញ​មាន​ការ​បញ្ជា​ទិញ​ច្រើន»

លោក ងួន ឡាយ បញ្ជាក់​ថា ផ្ទៃដី​ដាំ​ដុះ​ម្រេច​កំពត​នៅ​ឆ្នាំ​២០១៧ នេះ មាន​ចំនួន ២១០​ហិកតារ ហើយ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ១០០​ហិកតារ។ បច្ចុប្បន្ន កសិករ និង​ផលិតករ កំពុង​ប្រមូល​ផល​ម្រេច​របស់​ខ្លួន​បាន​ប្រហែល ៥០ ទៅ ៦០​ភាគរយ​ហើយ ហើយ​តាម​ការ​រំពឹង​ទុក ទិន្នផល​នៅ​ឆ្នាំ​នេះ​នឹង​កើន​ដល់ ១០០​តោន។

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ម្រេច​កំពត​ដែល​ផលិត​តាម​ស្តង់ដារ និង​លក់​ចេញ​ទៅ​ផ្សារ​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ៥៣​តោន។ ប្រហែល​ជា ៧០​ភាគរយ​នៃ​ចំនួន​ម្រេច​នេះ ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រហែល ៣០​ភាគរយ​ទៀត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ខាន់ សំបាន បញ្ជាក់​ថា ក្រសួង​មិន​មាន​ការ​បារម្ភ​អ្វី​ឡើយ​ចំពោះ​ទីផ្សារ​ម្រេច​កំពត ព្រោះ​ម្រេច​កំពត​មាន​លក្ខណៈ​ពិសេស និង​មាន​ឈ្មោះ​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ក៏ប៉ុន្តែ​ក្រសួង​កំពុង​ខ្នះខ្នែង​ជួយ​កសិករ​ដាំ​ម្រេច​នៅ​តំបន់​ដទៃ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្លូវ​ច្បាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ម្រេច​ទាំងនោះ​កើន​ឡើង៖ «ក្រសួង​កសិកម្ម ពិសេស​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​ជួយ​បង្កើន និង​ជំរុញ​ម្រេច​នៅ​តំបន់​ផ្សេងៗ​ឲ្យ​កើត​ទៅ​ជា​សហគមន៍ ឬ​សមាគម​ម្រេច ដើម្បី​ងាយ​ស្រួល​ផ្តល់​បច្ចេកទេស​ដល់​គាត់។ យើង​ជួយ​ជ្រោមជ្រែង​បញ្ហា​ហ្នឹង ព្រោះ​ចង់​ឲ្យ​ម្រេច​ទូទាំង​ប្រទេស​យើង​មាន​តម្លៃ​សមរម្យ ព្រោះ​ឥឡូវ​នេះ​ដោយសារ​ម្រេច​ក្រៅ​ពី​ម្រេច​កំពត ហ្នឹង តម្លៃ​ទាប​ជាង​ម្រេច​កំពត​ឆ្ងាយ​ណាស់»

អ្នក​ជំនួញ​ម្រេច​កំពត លោក​វេជ្ជបណ្ឌិត ហៃ លីអៀង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ខុនហ្វីរ៉ែល (Confirel) ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​នឹង​នាំ​ចេញ​ម្រេច​កំពត​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ១៥​តោន​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។ លោក​ថា ម្រេច​កំពត​មាន​សក្ដានុពល​ខ្ពស់ និង​បាន​បើក​ទីផ្សារ​ឲ្យ​អន្តរជាតិ​ស្គាល់​ម្រេច​របស់​កម្ពុជា ដូចនេះ​រដ្ឋាភិបាល​គួរ​តែ​រិះរក​វិធីសាស្ត្រ​យ៉ាង​ណា​ឲ្យ​ម្រេច​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស មាន​ទីផ្សារ​ប្រសើរ​ជាង​នេះ ជំនួស​ឲ្យ​ការ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​វៀតណាម ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​នាំ​ចេញ​ម្រេច​នៅ​លើ​ទីផ្សារ​ពិភពលោក៖ «ម្រេច​កំពត​បាន​បើក​ទីផ្សារ​មួយ​ឲ្យ​គេ​ស្គាល់​ម្រេច​ខ្មែរ​យើង ដូច្នេះ​យើង​ត្រូវ​តែ​មាន​គម្រោង​ដើម្បី​ភ្ជាប់​ម្រេច​ផ្សេង​ទៀត​ជាមួយ​ម្រេច​កំពត ដូចជា​ម្រេច​មេមត់ ម្រេច​រតនគិរី ម្រេច​ព្រះវិហារ ជាដើម ពីព្រោះ​ឥឡូវ​គេ​ស្គាល់​ម្រេច​កំពត គេ​ដឹង​ថា​ម្រេច​ហ្នឹង​ចេញ​ពី​ខ្មែរ ប៉ុន្តែ​គេ​អត់​ដឹង​ថា​ស្រុក​យើង​ហ្នឹង​មាន​កន្លែង​ផ្សេង​ទៀត​ដាំ​ម្រេច​ច្រើន​ជាង​ម្រេច​កំពត​ហ្នឹង​ទៅ​ទៀត។ គ្រាន់​តែ​យើង​និយាយ​ពី​ម្រេច​មេមត់ មាន​ប្រហែល ៥ ទៅ ៦​ពាន់​តោន​បាត់​ទៅ​ហើយ ប៉ុន្តែ​ភាគច្រើន​គេ​អត់​បាន​ដឹង។ អ៊ីចឹង​ត្រឡប់​មក​វិញ​វា​ហួស​សមត្ថភាព​អ្នក​ដាំ វា​ជា​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បង្កើត​បណ្ដាញ​អស់​ទាំង​ហ្នឹង»

ម្រេច​កំពត​ចែក​ជា ៤​ប្រភេទ គឺ​ម្រេច​ស ម្រេច​ក្រហម ម្រេច​ខ្មៅ និង​ម្រេច​បៃតង ឬ​ម្រេច​ខ្ចី។ នៅ​ក្នុង​រដូវ​ប្រមូល​ផល​នេះ ម្រេច​កំពត​នៅ​រក្សា​តម្លៃ​ដដែល​ដូច​កាល​ពី​ឆ្នាំ​២០១៦ ដែរ ដោយ​ម្រេច​ស​មាន​តម្លៃ ២៨​ដុល្លារ ម្រេច​ក្រហម ២៥​ដុល្លារ ម្រេច​ខ្មៅ ១៥​ដុល្លារ និង​ម្រេច​បៃតង​មាន​តម្លៃ ៣​ដុល្លារ​ក្នុង ១​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន រំពឹង​ថា​នឹង​បាន​ជំនួយ​បន្ថែម​ពេល​ចូលរួម​សន្និសីទ​វិថី​សូត្រ​នៅ​ចិន

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​សន្និសីទ​កំពូល «ខ្សែ​ក្រវាត់​មួយ វិថី​មួយ» ឬ​ហៅ​ថា «វិថី​សូត្រ» ដែល​នឹង​រៀបចំ​ដោយ​ប្រទេស​ចិន នា​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៧ នេះ នៅ​ទីក្រុង​ប៉េកាំង

លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក កម្ពុជា នឹង​ទទួល​បាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បន្ថែម​ទៀត​ពី​ប្រទេស​ចិន។ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​រួមមាន ការ​សាងសង់​ស្ពាន​ចំនួន​ពីរ​ឆ្លង​កាត់​ទន្លេ​មេគង្គ។ ស្ពាន​ទី​មួយ​តភ្ជាប់​ពី​តំបន់​អរិយក្សត្រ ទៅ​តំបន់​ក្តីតាកុយ និង​ស្ពាន​មួយ​ទៀត តភ្ជាប់​ពី​តំបន់​ជ្រោយចង្វារ ទៅ​កាន់​តំបន់​ស្វាយជ្រុំ។ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ ប្រទេស​ចិន បាន​ធ្វើ​ការ​សិក្សា​លទ្ធភាព​អំពី​គម្រោង​សាងសង់​ស្ពាន​ទាំង​ពីរ​នេះ​រួច​រាល់​ហើយ។

ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ រ៉យទ័រ (Reuters) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ថា ប្រទេស​ចិន នឹង​រៀបចំ​ព្រឹត្តិការណ៍​ការទូត​ដ៏​ធំ​បំផុត​មួយ​ស្ដីពី​គម្រោង​វិថី​សូត្រ​ថ្មី​នេះ ដែល​ជា​ការ​ជួប​ប្រជុំ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jing Ping) បាន​ផ្ចុងផ្ដើម​ឲ្យ​មាន​ឡើង​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​កម្មវិធី «ខ្សែ​ក្រវាត់​មួយ វិថី​មួយ» នេះ​ឡើង ដើម្បី​កសាង​វិថី​សូត្រ​ថ្មី​មួយ​តភ្ជាប់​តំបន់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប ដោយ​មាន​ទឹកប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា រួម​មាន ផ្លូវ​រថភ្លើង កំពង់ផែ និង​បណ្ដាញ​អគ្គិសនី។

ប្រទេស​ចិន បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៤០​ប៊ី​លាន​ដុល្លារ​អាមេរិក ដល់​មូលនិធិ​វិថី​សូត្រ​នេះ។ កម្មវិធី​ផ្ដួចផ្ដើម​នេះ គឺ​ជា​កម្លាំង​ចលករ​មួយ​នៅ​ពី​ក្រោយ​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន ក្រោម​ទឹកប្រាក់​វិនិយោគ​ចំនួន ៥០​ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​កម្ពុជា ក៏​ជា​សមាជិក​ស្ថាបនិក​មួយ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង​រង​ការ​រិះគន់​រឿង​មើល​រំលង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ភាព​ក្រីក្រ​នៅ​កម្ពុជា

$
0
0

ជនជាតិ​ខ្មែរ-​អាមេរិកាំង មួយ​រូប ដែល​ជា​មន្ត្រី​ជាប់​ឆ្នោត​នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួកគាត់​ចោទ​ថា លោក​មាន​ឈាមជ័រ​ជា​ខ្មែរ​ដែរ តែ​មិន​ចេះ​ជួយ​ឈឺឆ្អាល​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានភាព​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា។ តំណាង​រដ្ឋាភិបាល​ចាត់​ទុក​ការ​រិះគន់​បែប​នេះ​ថា មក​ពី​ចាញ់​ឃោសនា​អកុសល​ដែល​ខុស​ពី​ការពិត​នៅ​កម្ពុជា សព្វថ្ងៃ។

មិន​ខុស​ពី​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​២០១៤ ទេ លើក​នេះ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់ គឺ​លោក ម៉ុម រ៉ាឌី ដែល​ជា​តំណាងរាស្ត្រ​នៅ​សង្កាត់​ទី​១៨ នៃ​ខណ្ឌ​មីតដលសិច (Middlesex) ក្នុង​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត បាន​លើក​សរសើរ និង​ពេញចិត្ត​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​មីនា៖ «សុំ​ជម្រាប​ត្រង់ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ឥឡូវ​ហ្នឹង ដែល​ខ្ញុំ​បើក​បាន​ពីរ​ថ្ងៃ​ជាប់។ អស់​រយៈពេល​ពីរ​ថ្ងៃ​ហ្នឹង ខ្ញុំ​បាន​ដើរ​ប្រាំ​ខេត្ត ប៉ុន្តែ​គ្រាន់​តែ​បើក (ឡាន) ទេ! ខ្ញុំ​មើល​ឃើញ​រីកចម្រើន​មែន​ទែន។ ផ្លូវ​ល្អ សន្តិសុខ​ក៏​មាន​ទៀត។ ខ្ញុំ​ថា​អស្ចារ្យ​មែន! ខ្ញុំ​សប្បាយចិត្ត​ណាស់! ខ្ញុំ​ជឿ​ថា មាន​ការ​រីក​ចម្រើន»

ប៉ុន្តែ​ការ​អួត​សរសើរ​ស្ថានភាព​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​ធ្វើ​ដំណើរ​មួយ​ត្រួស​តាម​រថយន្ត ដូច្នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ដូច​គ្នា បង្ហាញ​ការ​ហួស​ចិត្ត និង​សោកស្ដាយ​ដែល​លោក ម៉ុម រ៉ាឌី មិន​បាន​យក​តួនាទី​ជា​តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង ដើម្បី​ពាំនាំ​នូវ​ក្ដី​កង្វល់​របស់​សហគមន៍​ខ្មែរ-​អាមេរិកាំង នៅ​ក្រៅ​ប្រទេស​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ។

អតីត​ក្រុមប្រឹក្សា​ក្រុង​ឡូវែល លោក នួន វាសនា លើក​ឡើង​ថា លោក ម៉ុម រ៉ាឌី មិន​មែន​មិន​ដឹង​ពី​ទុក្ខ កង្វល់​ទាំង​នេះ​នោះ​ទេ៖ «ប្អូន រ៉ាឌី ក៏​ប្អូន​បាន​ដឹង​ដែរ​នូវ​កង្វល់​ខ្វល់ខ្វាយ​ទាំង​នោះ។ ការ​ខ្វាយខ្វល់​ពី​រឿង​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​រឿង​ព្រៃឈើ ដែល​កាប់​ខ្ទេចខ្ទី​ហ្នឹង ហើយ​ការ​វាយ​ដំ​សកម្មជន ធ្វើ​បាប​សកម្មជន​សិទ្ធិមនុស្ស​មួយ​ចំនួន ព្រមទាំង​វាយដំ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ហ្នឹង។ ការ​ខ្វាយខ្វល់​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ជា​ឱកាស​ប្អូន រ៉ាឌី ហ្នឹង ជួប​អ្នក​មុខ​អ្នក​ការ​នៅ​ក្រសួង​ការបរទេស​ហ្នឹង សួរ​នាំ​នូវ​កិច្ចការ​ហ្នឹង»

លោក នួន វាសនា ឆ្ងល់​មិន​ដឹង​ថា លោក ម៉ុម រ៉ាឌី យក​អ្វី​ជា​សម្អាង​ដែល​ហ៊ាន​អះអាង​ថា ស្រុក​ខ្មែរ​មាន​សន្តិសុខ និង​អភិវឌ្ឍ​អស្ចារ្យ៖ «បញ្ហា​រឹប​អូស​ដីធ្លី ខ្មែរ​ក្រ សង្គម​ខ្វះ​ស្ថិរភាព...»

ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​របស់​លោក ម៉ុម រ៉ាឌី នេះ​បាន​រាលដាល​ដល់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។ ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី និង​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ហុង លីម  ចាត់​ទុក​លោក ម៉ុម រ៉ាឌី ថា​ជា​តំណាងរាស្ត្រ​ដែល​ជាប់​ខ្សែ​ខាង​គណបក្ស​ប្រជាជន និង​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​អស់សង្ឃឹម ព្រោះ​ធ្វើ​ក្បត់​តួនាទី​ក្នុង​នាម​ជា​អ្នកតំណាង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​ខ្លួន៖ «»។

តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក ម៉ុម រ៉ាឌី បាន​អះអាង​ថា ការ​លើក​សរសើរ​រដ្ឋាភិបាល​កម្ពុជា នេះ គឺ​ផ្អែក​លើ​ការ​មើល​ឃើញ​ផ្ទាល់​ភ្នែក​របស់​គាត់ និង​ថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍  (William A. Heidt) ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អន្តរ​វប្បធម៌ អំពី​បទពិសោធន៍​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ម៉ុម រ៉ាឌី បញ្ជាក់​ថា ជំនួប​លើក​នេះ គឺ​ជួយ​ឲ្យ​គាត់​លើក​ពី​បញ្ហា​ចង់​ជួយ​ពង្រឹង​វិស័យ​កីឡា​បាល់បោះ (Basketball) នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា លោក​មិន​បម្រើ​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​នៅ​កម្ពុជា នោះ​ទេ៖ «»។
ពាក់ព័ន្ធ​នឹង​ការ​មិន​ឈឺ​ឆ្អាល​រឿង​សិទ្ធិមនុស្ស និង​អ្នក​ជាប់​ឃុំ លោក ម៉ុម រ៉ាឌី លើក​ឡើង​ថា លោក​មាន​ពេល​វេលា​គ្រប់គ្រាន់​នឹង​ធ្វើ​រឿង​នេះ​ទេ និង​ក្ដាប់​បញ្ហា​ស្រុក​ខ្មែរ​មិន​ជុំ​ទេ។ ម្យ៉ាង​ទៀត​កិច្ចការ​នេះ​ស្ថិត​ក្រៅ​ដែន​សមត្ថកិច្ច​នៃ​ការងារ​របស់​គាត់ និង​គ្មាន​នរណា​ទាក់ទង​គាត់​ឲ្យ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ផង៖ «»។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​មិន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ទាំង​នោះ ថា​ជា​ការ​​ត្រឹមត្រូវ និង​ចេះ​ច្បាប់៖ «»។

លោក សុខ ឥសាន យល់​ថា ការ​រិះគន់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គឺ​មិន​មែន​មាន​ចេតនា​សំដៅ​លើ​លោក ម៉ុម រ៉ាឌី ទេ ប៉ុន្តែ​ចង់​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា ឯ​ណោះ​ទេ។ លោក សុខ ឥសាន អះអាង​ថា ទាល់​តែ​អ្នក​ក្រៅ​ស្រុក​មក​លេង​ស្រុក​ខ្មែរ​ផ្ទាល់ ដូច​លោក ម៉ុម រ៉ាឌី ទើប​ដឹង​ការពិត​អំពី​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «»។

កាល​ពី​ឆ្នាំ​២០១៥ អភិបាល​ក្រុង​ឡូវែល ដែល​ជា​​ជនជាតិ​អាមេរិកាំង លោក រ៉ដនី អ៊ីលៀត (Rodney Elliot) ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា និង​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ព្រមទាំង​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ រួម​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ផង​ដែរ។

លោក រ៉ដនី ថែម​ទាំង​បាន​សរសេរ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​លោក​ចាត់​ទុក​ថា ពួកគាត់​ជាប់​ឃុំឃាំង​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក រ៉ដនី ទទួល​រង​ការ​ស្ដីបន្ទោស​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ផង​ដែរ ដែល​ហ៊ាន​សរសេរ​លិខិត​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​នេះ។ ថ្មីៗ​នេះ លោក​ក៏​បាន​ទៅ​លេង​ប្រទេស​កម្ពុជា ៩​ថ្ងៃ និង​បាន​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​តាម​ជនបទ។

លោក​នៅ​ប្រកាន់​ជំហរ​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​តែ​មាន​ភាព​ក្រីក្រ​ក្នុង​ជីវភាព៖ «ទ្រព្យធន​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​អ្នក​មាន និង​មន្ត្រី​បក្ស​កាន់​អំណាច​មួយ​ក្ដាប់​តូច។ រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​សេវា​សាធារណៈ​ដែល​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​បាន​សមស្រប និង​មិន​បាន​ជួយ​គិតគូរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​រក​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ»

ពលរដ្ឋ​ខ្មែរ​ក្រុង​ឡូវែល គ្រោង​កោះ​ហៅ​លោក ម៉ុម រ៉ាឌី ដើម្បី​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក កៃ ខេមរា ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​ទីក្រុង​ឡូវែល បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡូវែល និង​រូប​លោក​ចង់​ដឹង​អំពី​គោលបំណង​ពិត​ដែល​លោក ម៉ុម រ៉ាឌី ទៅ​ស្រុក​ខ្មែរ៖ «»។

លោក ម៉ុម រ៉ាឌី ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដំបូង​គេ​ដែល​ជាប់​ឆ្នោត​អាណត្តិ​ទី​២ ជា​សមាជិក​សភា​តំណាង​ពលរដ្ឋ​ក្នុង​សង្កាត់​ទី​១៨ នៅ​រដ្ឋ​ម៉ាសាឈូសេត។ សង្កាត់​ទី​១៨ មាន​ប្រជាជន​ជិត ៤​ម៉ឺន​នាក់ (៣៩.៦២៧) ក្នុង​នោះ​មាន​ខ្មែរ​ជិត​បួន​ពាន់​នាក់ (៣.៦៨៨​នាក់) ជា​សង្កាត់​មួយ​ក្នុង​ចំណោម​សង្កាត់ ៣៧ ក្នុង​ខណ្ឌ​មីតដលសិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សាយ​ជា​សាធារណៈ​ពី​ការ​លក់​ម៉ោង​ឲ្យ​បក្ស​នយោបាយ

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​មាន​ទូរទស្សន៍ និង​វិទ្យុ ដែល​ចង់​លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ការ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​នេះ គឺ​ត្រូវ​គោរព​តាម​គោលការណ៍​ស្មើ​ភាព​គ្នា។

..ប តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់ ត្រូវ​ផ្តល់​ព័ត៌មាន​ពី​ចំនួន​ម៉ោង​មាន​សម្រាប់​លក់ ឬ​ជួល​ក្នុង​រយៈពេល ១​ថ្ងៃ ឬ ១៤​ថ្ងៃ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ការ​លក់ ឬ​ជួល​នេះ គឺ​មាន​រយៈពេល ២​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ មិថុនា។ ប៉ុន្តែ​ប្រសិន​បើ​ម្ចាស់​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ព្រម​លក់​ម៉ោង​ផ្សាយ ឬ​ក៏​ជួល​ផ្តាច់​មុខ​ឲ្យ​គណបក្ស​ណា​មួយ គ..ប ក៏​មិន​អាច​លូក​ដៃ​ក្នុង​កិច្ចការ​នោះ​បាន​ដែរ ដោយសារ​នេះ​ជា​ការងារ​អាជីវកម្ម​ឯកជន​ប៉ុណ្ណោះ។

ស្ថានីយ​ទាំងនេះ​ក៏​ត្រូវ​ប្រកាស​ជា​សាធារណៈ​អំពី​តម្លៃ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​គ្រប់​គណបក្ស​នយោបាយ ហើយ​ត្រូវ​ជូន​ដំណឹង​អំពី​ការ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ យ៉ាង​តិច ១៥​ថ្ងៃ មុន​ថ្ងៃ​ចាប់​ផ្ដើម​ឃោសនា​បោះឆ្នោត។ ជាង​នេះ​ទៀត គ..ប តម្រូវ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ ត្រូវ​ផ្តល់​ព័ត៌មាន​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ គ..ប អំពី​ការ​លក់​ម៉ោង ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​បឹងកក់​៧​គ្រួសារ​ដាក់​ញត្តិ​តាម​ក្រសួង​ដើម្បី​ទាមទារ​ដំណោះស្រាយ​ដីធ្លី

$
0
0

ក្រុម​អ្នក​ភូមិ​បឹងកក់ ៧​គ្រួសារ យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។ ពួក​គាត់​ខក​ចិត្ត ពេល​ដែល​មន្ត្រី​ដែនដី​មិន​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។

ក្រុម​អ្នក​ភូមិ​បឹងកក់​ប្រមាណ ៣០​នាក់ ដែល​អះអាង​ថា​តំណាង​ឲ្យ ៧​គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដីធ្លី​ពី​អាជ្ញាធរ ក្រេវក្រោធ​ជា​ខ្លាំង​ពេល​មន្ត្រី​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី មិន​ទទួល​ញត្តិ ហើយ​ត្រូវ​កម្លាំង​សន្តិសុខ​ទាញ​ទ្វារ​បិទ​រារាំង​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ក្រសួង។

«សំឡេង»

អ្នក​ភូមិ​១ ក្នុង​តំបន់​បឹងកក់ គឺ​លោក ដួង ឈើត ថ្លែង​ថា ពួក​លោក​ដែល​មក​រក​ដំណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី ព្រោះ​តែ​ពួក​លោក​មិន​អាច​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដែល​ផ្ដល់​ដី​ឲ្យ​មិន​ដល់ ១០% នៃ​ដី​ធ្លាប់​មាន៖ «យើង​ឲ្យ​គោរព​តាម​អនុក្រឹត្យ​ណា។ អនុក្រឹត្យ គឺ​ផ្ទះ​នៅ​កន្លែង​ណា ទំហំ​ប៉ុនណា គឺ​បាន​ដដែល​វិញ។ ចំណែក​ខ្ញុំ​បើ​ថា​មិន​បាន​ដល់​ថ្នាក់​ហ្នឹង ខ្ញុំ​ទាមទារ​តែ ៥៣% នៃ​ទំហំ​ដី​ដែល​របស់​ខ្ញុំ​មាន ហើយ​ទីតាំង ខ្ញុំ​មិន​ទៅ​ទាមទារ​ចាស់​របស់​ខ្ញុំ​ទេ កុំ​បង្ក​ភាព​លំបាក​ដល់​ការ​អភិវឌ្ឍ​របស់​គេ។ ពួក​ខ្ញុំ​សម្រួល​ដល់​ថ្នាក់​ហ្នឹង ហើយ​ហេតុ​បាន​ជា​សាលា​ក្រុង​អត់​មាន​ឆន្ទៈ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ? ទំហំ​ដី​ខ្ញុំ ៩៧០​ការ៉េ គេ​ឲ្យ​ខ្ញុំ ១៤៤​ការ៉េ»

លិខិត​ថត​ចម្លង​ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ជម្រាប​លោក​ថា ដើម្បី​បញ្ចប់​ករណី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ប្រគល់​ដី​ជូន​លោក​ចំនួន ២​ឡូ​ទំហំ ១៤៤​ម៉ែត្រ​ក្រឡា។ ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ លី ចាន់ណារី រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ប្រគល់​ដី​ជូន​ចំនួន ៤​ឡូ​ទំហំ ២៨៨​ម៉ែត្រ​ក្រឡា។ រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​រយៈពេល ១​ខែ​ឲ្យ​ទទួល​យក​ដី​នេះ ហើយ​បើ​ហួស​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឈប់​ពិនិត្យ​ដោះស្រាយ ឬ​ឈប់​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​ផល​ប្រយោជន៍​អ្នក​បឹងកក់​ទៀត​ឡើយ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ផ្សេង​ទេ៖ «»

ក្នុង​អនុក្រឹត្យ​ថត​ចម្លង​ស្ដីពី​ការ​កែ​សម្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹងកក់ នៅ​ឆ្នាំ​២០១១ សម្រេច​ផ្ដល់​ជូន​ពលរដ្ឋ​ទំហំ ១២,៤៤​ហិកតារ ហើយ​ដី​ទំហំ ១១៤,៤១​ហិកតារ​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku Inc) សម្រាប់​អភិវឌ្ឍ។

អ្នក​បឹងកក់​សម្រេច​រំសាយ​ការ​តវ៉ា​របស់​ខ្លួន​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ដដែល បន្ទាប់​ពី​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ។ អ្នក​បឹងកក់​មួយ​រូប​ទៀត គឺ​លោកស្រី ហុង សុខខេង ថ្លែង​ថា មន្ត្រី​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ សន្យា​ថា​នឹង​ជូន​ដំណឹង​តប​វិញ​នៅ​ពេល​ក្រោយ៖ «»

ទំនាស់​ដី​បឹងកក់ ចាប់​ផ្ដើម​មាន​ការ​តវ៉ា​តាំង​ពី​ឆ្នាំ​២០១០ គឺ​ពេល​ដែល​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) បូម​ខ្សាច់​បំពេញ​បឹងកក់ ហើយ​លុប​ផ្ទះ​អ្នក​ភូមិ។ អ្នក​ភូមិ​បឹងកក់​បាត់​ទាំង​ផ្ទះ និង​ដី​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​នេះ។ ក្នុង​អនុក្រឹត្យ​ថត​ចម្លង​ស្ដីពី​ការ​កែ​សម្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹងកក់ នៅ​ឆ្នាំ​២០១១ សម្រេច​ផ្ដល់​ដី​ទំហំ ១១៤,៤១​ហិកតារ​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku Inc) សម្រាប់​អភិវឌ្ឍ ហើយ​ផ្ដល់​ដី​ជូន​ពលរដ្ឋ​ទំហំ ១២,៤៤​ហិកតារ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ ៧​គ្រួសារ​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​ឃុំ​ត្រមូង​ទទួល​បាន​ប្លង់​ដី​ក្រោយ​មាន​ជម្លោះ​ជិត​១០​ឆ្នាំ

$
0
0

ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មួយ​ចំនួន​ធំ រីករាយ​ក្រោយ​ពេល​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រេច​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួក​គាត់។ ទោះ​យ៉ាង​នេះ​ក្តី ប្រជា​សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ប្លង់​ជូន​ពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ទទួល​បាន​បន្ថែម​ទៀត។ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា នេះ​ជា​កិច្ចការ​ដែល​នៅ​សេសសល់ នឹង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​នៅ​ពេល​បន្តបន្ទាប់។

អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ​ដែល​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ នៅ​ឃុំ​ត្រមូង ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី និង​ចង់​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទទួល​បាន​ជោគជ័យ។

ភាព​ជោគជ័យ​ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​មួយ​ចំនួន​ចេញ​ពី​ក្រុមហ៊ុន ហើយ​ប្រគល់​ជូន​ពលរដ្ឋ និង​ចែក​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​ជាង ៤០០​គ្រួសារ​កាល​ពី​ថ្ងៃ​ទី​១២ មេសា។

ប្រជាពលរដ្ឋ​តាំង​ចិត្ត​ថា នឹង​បន្ត​រស់នៅ​លើ​ដី​ដែល​ទាមទារ​បាន​ត​កូន​ត​ចៅ ព្រម​ទាំង​អរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។

ពលរដ្ឋ​នៅ​ភូមិ​ខ្នងក្រពើកើត មួយ​រូប លោកស្រី ឈឺន រតនា ត្រេកអរ​ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​ដែល​មាន​ជម្លោះ ហើយ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ដល់​ពួក​គាត់។ លោកស្រី​បញ្ជាក់​ថា ភាព​រីករាយ​នេះ​នៅ​មិន​ទាន់​ពេញលេញ​ទេ ដោយសារ​ក្នុង​ចំណោម​ពួក​គាត់​ដែល​ធ្លាប់​តវ៉ា គឺ​មាន​មួយ​ចំនួន​តូច រាជ​រដ្ឋាភិបាល​មិន​ទាន់​សម្រេច​ផ្តល់​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា​បើ​ពួក​គាត់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្នា​អាស្រ័យ​ផល និង​អ្នក​ចំណី​ខ្នល់​ហ្នឹង ខ្ញុំ​គិត​ថា​ប្រជាប្រិយភាព​របស់​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ នឹង​កាន់​តែ​កើន​ឡើង»

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ដោយ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ជួយ​អន្តរាគមន៍​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ចំនួន​ជាង ៦០០​គ្រួសារ (៦៣៥​នាក់) នៅ​លើ​ដី​របស់​រដ្ឋ​ជាង ៥០​ហិកតារ ដែល​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ហើយ​សម្រេច​កាត់​ជូន​ពលរដ្ឋ​ទាំងនោះ។ បន្ថែម​ពី​នេះ រាជ​រដ្ឋាភិបាល​យល់ព្រម​ផ្តល់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ មន្ត្រី​រាជការ បុគ្គលិក​ក្រុមហ៊ុន និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ជិត ៥០០​គ្រួសារ (៤៦៦​នាក់) ដែល​មក​រស់នៅ​មុន​ពេល​រដ្ឋ​ធ្វើ​អវិនិយោគ និង​ពុំ​ដែល​ទទួល​បាន​សំណង​ពី​មុន​មក។ ចំណែក​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត​ដែល​មក​រស់នៅ​ក្រោយ​អវិនិយោគ រដ្ឋ​សម្រេច​ផ្តល់​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​រូប​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ពី​រាជ​រដ្ឋាភិបាល លោកស្រី ជី លីហ៊ាង អះអាង​ថា បាន​រស់នៅ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បែងចែក​ថា គ្រួសារ​គាត់​រស់នៅ​ក្រោយ​អវិនិយោគ​ទៅ​វិញ។ លោកស្រី​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ៖ «ដាក់​ខ្ញុំ​ក្រោយ​អវិនិយោគ ប្រជាជន​ទាំងអស់​គេ​បាន ប៉ុន្តែ​ខ្ញុំ ១៣​គ្រួសារ​អត់​បាន។ ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ដែរ​លោក​ពូ! ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​រាជ​រដ្ឋាភិបាល នឹង​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ទាំងអស់​គ្នា»

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ មេសា ថា ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត គឺ​ជួយ​ដោះស្រាយ​នូវ​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន។ អាជ្ញាធរ​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ​ក្នុង​ចំណោម​ពួក​គាត់​ជាង ៤០០​គ្រួសារ។ ចំណែក​ពលរដ្ឋ​ដែល​នៅ​សេសសល់ អាជ្ញាធរ​នឹង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​បន្ត​ទៀត៖ «គាត់​ត្រូវ​ជ្រើសរើស គាត់​មាន​ដី​ពីរ​កន្លែង អ៊ីចឹង​មិន​អាច​ជូន​គាត់​ទាំង​ពីរ​កន្លែង​បាន​ទេ»

វិបត្តិ​ដីធ្លី​នេះ កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ក្រោយ​ពេល​អតីត​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​រដ្ឋ​មួយ​នេះ បាន​ធ្វើ​អវិនិយោគ ឬ​កែប្រែ​ពី​ក្រុមហ៊ុន​របស់​រដ្ឋ​ទៅ​ជា​ក្រុមហ៊ុន​ឯកជន ហើយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​នៅ​កន្លង​មក ត្រូវ​ទៅ​រស់នៅ​តំបន់​ផ្សេង។

ការ​ទាមទារ​របស់​ប្រជាជន គឺ​មាន​ស្ទើរ​គ្រប់​រូបភាព​ដូចជា ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​សាធារណៈ ការ​លើក​គ្នា​មក​បោះ​តង់​សម្រាន្ត​នៅ​មុខ​សាលា​ស្រុក។ ការ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ព្រម​ទាំង​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ជាតិ​ធំៗ​នៅ​រាជធានី​ភ្នំពេញ និង​ស្កាត់​ជួប​លោក​នាយក​រដ្ឋមន្ត្រី ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ពលរដ្ឋ​ទាំងនេះ​គឺ​ស័ក្តិសម​នឹង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ពីព្រោះ​ពួក​គាត់​បាន​រស់នៅ​តាំង​ពី​តំបន់​នោះ​នៅ​មិន​ទាន់​មាន​សន្តិសុខ។ បន្ថែម​ពី​នេះ ពលរដ្ឋ​នាំ​គ្នា​តស៊ូ​មតិ​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​ត្រូវ​រស់នៅ​ដោយ​ភាព​មិន​ស្ងប់​ចិត្ត​រហូត​មក។ ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជា​សហគមន៍ គឺ​បង្ហាញ​ពី​ផល​វិជ្ជមាន​ទាំង​ពលរដ្ឋ ទាំង​អាជ្ញាធរ ទាំង​អង្គការ​សង្គម​ស៊ីវិល។ បន្ថែម​ពី​នេះ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ ពិសេស​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​លោក ជា សុផារ៉ា ដែល​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​សង្ឃឹម​​ទទួល​បាន​យុត្តិធម៌​ក្រោយ​ការ​បោះឆ្នោត

$
0
0

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មន្ត្រី និង​សកម្មជន​បក្ស​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស សង្ឃឹម​ថា ពួកគាត់​នឹង​ទទួល​បាន​យុត្តិធម៌​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨។ រី​ឯ​បក្ស​កាន់​អំណាច​តប​ថា ករណី​មន្ត្រី​បក្ស​ប្រឆាំង​ជាប់​ឃុំ គឺ​ដោយសារ​ពួកគេ​ធ្វើ​ខុស​នឹង​ច្បាប់ ហើយ​សូម​កុំ​សង្ឃឹម​រឿង​ឈ្នះ​ឆ្នោត​ច្រើន​ពេក។

ថ្លែង​នៅ​ពី​មុខ​ផ្លូវ​ចូល​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​បាន​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន និង​មន្ត្រី​បក្ស​ប្រមាណ ១៦​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា អ្នកស្រី មូរ សុខហួរ បាន​ពាំនាំ​សម្ដី​របស់​សកម្មជន និង​មន្ត្រី​របស់​ខ្លួន​ដែល​អ្នក​ខ្លះ​ជាប់​ឃុំឃាំង​ជាង ២​ឆ្នាំ​រួច​ទៅ​ហើយ​នោះ​ថា ពួកគេ​នៅ​តែ​មាន​ស្មារតី​រឹងមាំ និង​អាច​ស៊ូទ្រាំ​ជាប់​ក្នុង​គុក​បាន ប៉ុន្តែ​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស និង​មន្ត្រី​ទាំង​អស់​ចេះ​សាមគ្គី​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​ជោគជ័យ ឬ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​តាម​រយៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨«គាត់​និយាយ​ថា កុំ​យក​រឿង​របស់​គាត់​ទៅ​ដោះដូរ​ក្នុង​រឿង​នយោបាយ គឺ​គាត់​សង្ឃឹម​ទៅ​លើ​អ្នក​បោះឆ្នោត ហើយ​គាត់​ផ្តល់​សាជាថ្មី​ម្តង​ទៀត។ សូម​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ដែល​មាន​ឈ្មោះ​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោត​កុំ​បី​ខាន ប្រសិន​បើ​ចង់​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ពួក​គាត់»

​ទោះ​យ៉ាង​ណា​ក្តី អ្នកស្រី មូរ សុខហួរ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​កាន់​អំណាច​ជានិច្ច ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ផ្សេងៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ភ្លើង​ខៀវ​ណា​មួយ​ពី​បក្ស​កាន់​អំណាច​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ដែល​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ និយាយ​ថា កុំ​យក​ខ្លួន​ពួកគាត់​ធ្វើ​ជា​ថ្នូរ​នយោបាយ​នោះ មាន​ន័យ​ថា ពួកគាត់​យល់​ថា ករណី​របស់​ពួកគាត់​គឺ​ជា​រឿង​ផ្លូវ​ច្បាប់ មិន​មែន​ជា​រឿង​នយោបាយ ដូច្នេះ​មិន​អាច​អោយ​គណបក្ស​ទាំង​ពីរ​អង្គុយ​ចរចា​ដោះស្រាយ​សំណុំ​រឿង​នេះ​បាន​ទេ។

​ទន្ទឹម​គ្នា​នេះ លោក សុខ ឥសាន ចំអក​ថា មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង កំពុង​តែ​សង្ឃឹម និង​ចម្លង​វប្បធម៌​ពី​លោក សម រង្ស៊ី ដែល​ទន្ទេញ​រត់​មាត់​ថា នឹង​ឈ្នះ​ឆ្នោត ហើយ​មាន​ការ​ផ្លាស់ប្ដូរ​តាំង​ពី​ជាង ២០​ឆ្នាំ​មុន​មក ប៉ុន្តែ​ទីបំផុត​ទៅ​មិន​អាច​ទៅ​រួច​ឡើយ«មាន​ក្រឡា​អី​ឈ្នះ ពី​មុន​មក​សមាគម​អ្នក​ប្រជាធិបតេយ្យ ម៉ម សូណង់ដូ គាត់​ជួយ​បោះ​ជាង ១​លាន​នាក់ គណបក្ស​របស់​លោក សួន សេរីរដ្ឋា នៅ​អាមេរិក ជួយ​បោះ​មួយ​គំនរ ហើយ​ឥឡូវ​នេះ គេ​ចេញ​អស់​ទៅ​ហើយ​នោះ រហូត​ដល់​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡាក់ សុភាព ទៅ​បង្កើត​បក្ស​ថ្មី។ សួរ​ថា តើ​កម្លាំង​នៅ​ប្រមូល​ផ្តុំ​ទេ? កម្លាំង​ប្រមូល​ផ្តុំ​បាន​ត្រឹម​ត្រែ ៥៥​កៅអី ចុះ​ឥឡូវ​គេ​ចេញ​អស់​ហើយ? ខ្ញុំ​យល់​ថា បាន ១០​កៅអី​គ្រាន់​បើ​ហើយ​លើក​នេះ»

ជន​ជាប់​ឃុំ​ទាំង ១៦​នាក់ របស់​គណបក្ស​ប្រឆាំង​នោះ​រួម​មាន អតីត​សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ សមាជិក​រដ្ឋ​សភា លោក អ៊ុំ សំអាន អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា និន្នាការ​នៃ​ការ​ផ្លាស់ប្ដូរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ភាគរយ​ច្រើន ដោយសារ​ពលរដ្ឋ​ចង់​ឲ្យ​កម្ពុជា មាន​ដំណើរ​កា​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ច្រើន​ជាង​នេះ ដូច្នេះ​ប្រសិនបើ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ គឺ​គណបក្ស​ប្រឆាំង​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​ច្រើន«មិន​មាន​ការ​គំរាមកំហែង មិន​មាន​ការ​ទិញ​សន្លឹក​ឆ្នោត មិន​មាន​ការ​បង្ខិតបង្ខំ​ដោយ​រូបភាព​នានា ចឹង​ពលរដ្ឋ​អាច​សម្រេច​ជោគវាសនា​របស់​ខ្លួន​តាម​អ្វី​ដែល​ពួក​គាត់​ចង់​បាន។ ចំពោះ​តុលាការ​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន មាន​ន័យ​ថា តំណាង​របស់​ពួក​គាត់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្រប​តាម​ឆន្ទៈ នៅ​ពេល​នោះ​ហើយ តុលាការ​នឹង​មិន​ឋិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ ឬ​ក្រោម​គណបក្ស​ណា​មួយ​ទេ»

ការ​ឃុំឃាំង​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​មាន​ចេតនា​នយោបាយ ហើយ​កន្លង​ទៅ​តែង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមត្ថកិច្ច​កម្ពុជា​មិន​ទាន់​ទទួល​ដំណឹង​ករណី​អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​២៥​នាក់

$
0
0

សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ និង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា មិន​ទាន់​ដឹង​ពី​ករណី​ពលរដ្ឋ​ខ្មែរ​ចំនួន ២៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ឡើយ​ទេ។ សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នឹង​បន្ត​ស្រាវជ្រាវ​ករណី​នេះ ហើយ​រង់ចាំ​ទទួល​ពលករ​ទាំង ២៥​នាក់​នៅ​ច្រក​ទ្វារ​ខ្មែរ-ថៃ ពេល​ដែល​សមត្ថកិច្ច​ថៃ បញ្ជូន​មក​វិញ។

ប្រធាន​ស្ដីទី​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ និង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា ភាគី​ថៃ មិន​បាន​ឲ្យ​ដំណឹង​ណា​មួយ​លើ​ករណី​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង ២៥​នាក់​នោះ​ទេ។ ប៉ុន្តែ​កាល​ពី​ពីរ​ថ្ងៃ​មុន មាន​ករណី​តម្រួត​ថៃ ឃាត់​ខ្លួន​ពលករ​ខ្មែរ​ចំនួន ៦០​នាក់ ដោយ​ចោទ​ថា​ពួក​គេ​ចូល​ដី​ថៃ ដោយ​ខុស​ច្បាប់ ក្នុង​បំណង​រក​ការងារ​ធ្វើ។

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត ថា​ពលករ​ទាំង ៦០​នាក់​ដែល​ជឿ​មេ​ខ្យល់​ឆ្លង​ដែន​ដោយ​មិន​បាន​បំពេញ​ឯកសារ​ស្រប​ច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ទទួល​យក​ពី​សមត្ថកិច្ច​ថៃ ហើយ​បំពេញ​បែបបទ​ជូន​ពួក​គេ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ថៃ វិញ​អស់​ហើយ។ ចំពោះ​ពលករ​ចំនួន ២៥​នាក់​ថ្មី​នេះ លោក​ពុំ​ទាន់​មាន​តម្រុយ​អ្វី​សោះ«ដ្បិត​ថា​អាជ្ញាធរ​ខេត្ត​ស្រះកែវ ចាប់ ប៉ុន្តែ​មិន​ដឹង​ថា​ចាប់​នៅ​ចំណុច​ណា? ព្រោះ​ខេត្ត​ធំ បើ​ថា​ទៅ​ខុស​ច្បាប់ មាន​តែ​ទៅ​តាម​ច្រក​របៀង បើ​ច្រក​ត្រង់​មិន​អាច​ខុស​ច្បាប់​ទេ។ ពាក់ព័ន្ធ​បញ្ហា​នេះ អាជ្ញាធរ​ថៃ នៅ​ក្រោយ​ចូល​ឆ្នាំ​ហើយ គាត់​រឹត​បន្តឹង​ការ​ចូល​ទៅ​រក​កិច្ចការ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយសារ​គាត់​ដឹង​ថា​ពលករ​ខ្មែរ​យើង​ឆ្នាំ​នេះ​មក​ចូល​ឆ្នាំ​ខ្មែរ​ច្រើន ដល់​អ៊ីចឹង​ចូល​ឆ្នាំ​ហើយ គាត់​ត្រូវ​ទៅ​រក​ការងារ​ធ្វើ​វិញ»

សារព័ត៌មាន​ប៉ាតាយ៉ា មែល (Pattaya Mail) របស់​ថៃ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ថា ពលករ​ខ្មែរ ២៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្រះកែវ ចាប់​ខ្លួន ខណៈ​ពួក​គេ​ត្រឡប់​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់ បន្ទាប់​ពី​ចេញ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។ គេហទំព័រ​ដដែល​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម ២៥​នាក់​ថា គាត់​ព្យាយាម​ចូល​ប្រទេស​ថៃ តាម​ច្រក​បានឡែម ខេត្ត​ចាន់បូរី ប៉ុន្តែ​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​មិន​ឲ្យ​ចូល។ ក្រោយ​មក គាត់​សម្រេច​ចិត្ត​ចំណាយ​លុយ ៨០០​បាត ដើម្បី​ពឹង​មេ​ខ្យល់​ឲ្យ​នាំ​គាត់​ចូល​ទឹកដី​ថៃ តាម​ច្រក​របៀង ទើប​មាន​ការ​ចាប់​ខ្លួន​បែប​នេះ។

ចំណែក​ប្រធាន​ស្ដីទី​នៃ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ របស់​ថៃ លោក លឹម តិច ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​សំឡេង​ថា សមត្ថកិច្ច​ខ្មែរ​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​ទាំង ២៥​នាក់ ដោយសារ​មិន​ដឹង​ចាប់​ខ្លួន​នៅ​ចំណុច​ណា​នៃ​ខេត្ត​ស្រះកែវ ប៉ុន្តែ​កម្ពុជា រង់ចាំ​ធ្វើ​ការ​ជាមួយ​ភាគី​ថៃ ជានិច្ច បើ​មាន​ការ​ចាប់​ខ្លួន​មែន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថា​លោក​បាន​ដឹង​ករណី​ចាប់​ខ្លួន​ពលករ​ទាំង ២៥​នាក់​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ស្រាវជ្រាវ​លម្អិត។ លោក​ថា ការ​ចាប់​ខ្លួន ឬ​បញ្ជូន​ពលករ​មក​ស្រុក​វិញ មិន​មែន​ជា​រឿង​ថ្មី​ឡើយ ប៉ុន្តែ​លោក​ថ្លែង​បែប​ងឿងឆ្ងល់​ថា តើ​រដ្ឋាភិបាល​កម្ពុជា ចេះ​ខ្មាស​អៀន​ប្រទេស​ជិត​ខាង​ដែរ​ឬ​ទេ ចំពោះ​បញ្ហា​ពលករ​ខ្មែរ​នេះ«ម្ដង​នេះ​ខាង​តម្រួត​ថៃ ផ្ដាំ​ទៅ​រដ្ឋាភិបាល​កម្ពុជា ផង សូម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​មាន​អ្នក​ចូល​ទឹកដី​គេ​ខុស​ច្បាប់​បន្ត​ទៀត។ អ៊ីចឹង​វា​ជា​សារ​មួយ​ចំពោះ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព​គ្រប់គ្រាន់។ យើង​មិន​គួរ​ណា​បណ្ដែតបណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ អ្នក​ដែល​អាច​ឲ្យ​ចូល​ទៅ​មាន​ខាង​ព្រំដែន និង​ខាង​ច្រក​របៀង​អី​ហ្នឹង ចេះ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​ចូល​ទាំង​បំពាន​ច្បាប់​ក៏​អនុញ្ញាត​ដែរ»

សមត្ថកិច្ច​ច្រក​ទ្វារ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​ភ្លាម ពលករ​ខ្មែរ​រាប់​រយ​នាក់​ក្នុង ១​ថ្ងៃៗ សម្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ វិញ។ ប៉ុន្តែ​សមត្ថកិច្ច​ថៃ ក៏​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​ស្រុក​វិញ​រាល់​ថ្ងៃ​ដែរ ដោយ​តម្រួត​ថៃ ដឹក​មក​ដាក់​ចោល​នៅ​ព្រំដែន​ក្នុង​ទឹកដី​ខ្មែរ​មាន​ចន្លោះ​ពី ១៦​ឡាន​ទៅ ១៩​ឡាន ឬ​ស្មើ​នឹង​ពលករ​ចន្លោះ​ពី ៧៧០ ទៅ ១.១០០​នាក់​ក្នុង ១​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ស្រុក​មោងឬស្សី​ខេត្ត​បាត់ដំបង​សោកស្ដាយ​ដែល​ទាហាន​អាមេរិក​ផ្ដាច់​ជំនួយ​មណ្ឌល​សុខភាព

$
0
0

ប្រជាពលរដ្ឋ​នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​ សោកស្ដាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ទាហាន​ជើង​ទឹក​របស់​អាមេរិក ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​​សំណង់​អគារ​​មណ្ឌល​សុខភាព​កកោះ ដើម្បី​សម្រួល​​​ដល់​​ការ​ព្យាបាល​ជំងឺ​របស់​ពួកគាត់។ កន្លង​ទៅ​ទាហាន​ជើងទឹក​របស់​អាមេរិក បាន​សាងសង់​បង្គន់​ថ្មី​មួយ​​កន្លែង​នៅ​ក្នុង​មណ្ឌល​សុខភាព​នេះ។ ពលរដ្ឋ និង​ប្រធាន​មណ្ឌល​សុខភាព​កកោះ ចង់​បាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​មណ្ឌល​សុខភាព​នេះ​បន្ត​ទៀត។

​​​​​​​​​​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​មោងឬស្សី ភាគ​ច្រើន​លើក​ឡើង​ថា មណ្ឌលសុខភាព​កកោះ ជា​ទីកន្លែង​សំខាន់​សម្រាប់​ព្យាបាល​ជំងឺ​របស់​ពួកគាត់ ជា​ពិសេស​ស្ត្រី​សម្រាល​កូន និង​ជំងឺ​កុមារ។

ពលរដ្ឋ​ម្នាក់​​រស់​នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឬស្សី​ លោកស្រី មាន រុំចង់ ​ឲ្យ​អាស៊ីសេរី ដឹង ពេល​ចេញ​ពី​ពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព​កកោះ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា លោកស្រី​បាន​មណ្ឌល​សុខភាព​នេះ​គ្រាន់​ព្យាបាល​ជំងឺ​ប្រចាំ​ថ្ងៃ ពីព្រោះ​នៅ​ជិត​ផ្ទះ​ហើយ​ព្យាបាល​អស់​ថវិកា​តិច។

ស្ត្រី​ពពោះ​វ័យ ២៣​ឆ្នាំ​រូប​នេះ​ អះអាង​ថា លោកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​​ទាហាន​ជើង​ទឹក​អាមេរិក ជួយ​សង់​បង្គន់​អនាម័យ​ក្នុង​មណ្ឌល​សុខភាព​នេះ«ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ព្រោះ​ផ្ទះ​ខ្ញុំ​នៅ ហើយ​អត់​មាន​ថវិកា​ទៅ​មើល​ជំងឺ​ឆ្ងាយ​ទេ។ បើ​សិន​ជា​មាន​គេ​មក​ជួយ​សង់​អគារ​ពេទ្យ​នៅ​ជិត​នេះ យើង​អាច​ស្រួល​បាន​ច្រើន​បើ​ថា គេ​អត់​បាន​ជួយ​ត្រូវ​ព្យាបាល​ឆ្ងាយ​ជួប​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង»

នៅ​ក្នុង​មណ្ឌលសុខភាព​មួយ​នេះ​ នៅ​ពេល​ព្រឹក​ឃើញ​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​​ចេញ​ចូល​មិន​ដាច់ ដោយ​អ្នក​ខ្លះ​មក​ពិនិត្យ​ផ្ទៃពោះ​ និង​ខ្លះ​ទៀត​ឲ្យ​គ្រូពេទ្យ​​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់​ពួកគាត់។

ក្រុម​ពលរដ្ឋ​ដែល​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​កកោះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ថ្លែង​ថា ពួកគាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ដើម្បី​ព្យាបាល​ជំងឺ​នៅ​ក្នុង​មណ្ឌល​សុខភាព​មួយ​នេះ។

អ្នក​ភូមិ​សម្ដែង​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ពេល​ដែល​ដឹង​ថា ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក ផ្ដាច់​ជំនួយ​សាងសង់​អគារ​នៅ​មណ្ឌល​សុខភាព​នេះ«ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ទី​ជិត​ឆ្ងាយ​មក​ព្យាបាល​មណ្ឌល​សុខភាព​នេះ ដូចជា​ខ្ញុំ​ជាដើម មក​ព្យាបាល​តែ​មណ្ឌល​សុខភាព​នេះ​ទេ។ ខ្ញុំ​ចង់​ឲ្យ​គេ​ជួយ​បន្ត​ទៀត។ ខ្ញុំ​សោកស្ដាយ​ខ្លាំង​ពេល​គេ​ឈប់​ជួយ ព្រោះ​ពួក​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត។ ខ្ញុំ​មាន​ភាព​កក់ក្ដៅ​បាន​នៅ​ជិត​មន្ទីរពេទ្យ ព្រោះ​យើង​ឈឺថ្កាត់​អី​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​ទាន់​ពេល»

​​​​​​​​​​​​​​​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក មួយ​ក្រុម​បាន​សង់​បង្គន់​អនាម័យ​មួយ​ខ្នង​ឲ្យ​មណ្ឌល​សុខភាព​កកោះ មាន ៣​បន្ទប់ និង​មាន​បន្ទប់​លាងដៃ​មួយ​ទទឹង ៣​ម៉ែត្រ និង​បណ្ដោយ​ជាង ៧​ម៉ែត្រ។ បង្គន់​មួយ​នេះ​ចំណាយ​ពេល​សាងសង់​ជាង ២​ខែ អស់​​ថវិកា​ជាង ២​ម៉ឺន ៩​ពាន់​ដុល្លារ​អាមេរិក (២៩.៣៨២)។

ប្រធាន​មណ្ឌល​សុខភាព​កកោះ អ្នកស្រី វាន់ គឹមអ៊ន មាន​ប្រសាសន៍​ថា​ ចាប់​ពី​មាន​បង្គន់​ថ្មី​មក​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​បុគ្គលិក​ពេទ្យ​មាន​បង្គន់​ប្រើ​ងាយស្រួល​ជាង​មុន។ អ្នកស្រី​ចង់​បាន​អគារ​ថ្មី​មួយ​ខ្នង​ទៀត និង​អណ្ដូង​ទឹក​ស្អាត​មួយ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ប្រើ​ការ និង​បុគ្គលិក​ស្នាក់​នៅ​ព្យាបាល​អ្នក​ជំងឺ«អ៊ីចឹង​ទេ បើ​សិន​ជា​អាមេរិក​ឈប់​ជួយ បាន​ន័យ​ថា​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហើយ ព្រោះ​គោល​បំណង​ខ្ញុំ​ចង់​ជួយ​សង់​អគារ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ព្យាបាល​ជំងឺ​កាន់​តែ​ច្រើន ជាពិសេស​គឺ​ស្ត្រី និង​កុមារ»

អ្នកស្រី វាន់ គឹមអ៊ន បាន​ដាក់​សំណើ​ទៅ​ទាហាន​ជើង​ទឹក​របស់​អាមេរិក រួច​ហើយ ដើម្បី​ឲ្យ​ជួយ​សង់​អគារ និង​អណ្ដូង​ទឹក​ស្អាត ក៏ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ។​​

កាល​ពី​ពេល​ថ្មីៗ​នេះ ទាហាន​ជើង​ទឹក​របស់​អាមេរិក បាន​ផ្ដាច់​ជំនួយ​នៅ​ក្នុង​មណ្ឌល​សុខភាព​នេះ និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា។ ការ​សម្រេច​ចិត្ត​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​ចល័ត​អាមេរិក​ឈ្មោះ «ឃ្មុំ​សមុទ្ទ» នេះ ប្រហែល​ដោយសារ​រដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ចិន កាន់​តែ​ស្និទ្ធស្នាល។ ជាក់ស្ដែង​កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ទើប​តែ​បាន​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា «នាគ​មាស» ដែល​មាន​រយៈពេល​ដល់​ទៅ ៩​ថ្ងៃ។

មណ្ឌល​សុខភាព​ឃុំ​កកោះ មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ជា​តំបន់​ដាច់​ស្រយាល​ស្ថិត​ក្នុង​ស្រុក​មោងឬស្សី និង​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។

របាយការណ៍​ប្រធាន​មណ្ឌលសុខភាព​កកោះ បង្ហាញ​ថា នៅ​ក្នុង​ឃុំ​នេះ មាន ៨​ភូមិ និង​​ពលរដ្ឋ​រស់​នៅ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៨៦៩) គឺ​ស្មើ​នឹង​ជាង ៣​ពាន់​គ្រួសារ (៣.១៥៩)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ថា​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក​ជា​ពាក្យ​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា

$
0
0

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពន្យល់​ថា ពាក្យ​ផ្លាស់ប្ដូរ​ដែល​លោក​ប្រើ​ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ត​ទៅ ជា​ពាក្យ​សម្រាប់​ជួយ​ស្ដារ​សេដ្ឋកិច្ច រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ និង​សម្រាប់​ជួយ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ពេញលេញ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ភូតភរ​ម្ដង​ទៀត។

លោក សម រង្ស៊ី ពន្យល់​អត្ថន័យ​នៃ​ពាក្យ​ផ្លាស់ប្ដូរ​តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​លោក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) កាល​ពី​ថ្ងៃ​ទី​១៨ មេសា ថា​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​រុងរឿង ពោល​គឺ​ផ្លាស់ប្ដូរ​ពលរដ្ឋ​ពី​ជំពាក់​បំណុល​គេ ទៅ​ជា​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ អាច​រស់​បាន​ដោយ​មិន​ចាំបាច់​ខ្ចី​ប្រាក់​គេ។ កសិករ​ផ្លាស់ប្ដូរ​ពី​គ្មាន​ទីផ្សារ​លក់​កសិផល ឬ​បង្ខំ​ចិត្ត​លក់​ដោយ​ខាត​ដើម ទៅ​ជា​មាន​ទីផ្សារ​លក់​ក្នុង​តម្លៃ​សមរម្យ និង​ផ្លាស់ប្ដូរ​ពី​យុវជន​គ្មាន​ការងារ​ធ្វើ ទៅ​ជា​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ជាដើម៖ «ការ​ផ្លាស់ប្ដូរ គឺ​មាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ហើយ​ផ្លាស់ប្ដូរ​ពី​សភាពការណ៍​ថ្មី​ទៅ​សភាពការណ៍​ដែល​យើង​ចង់​បាន»

ក្រៅ​ពី​នេះ លោក សម រង្ស៊ី ចាត់​ទុក​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក គឺ​ជា​ការ​ប្ដូរ​ប្រាក់​ខែ​កម្មករ​ពី​តិច​ទៅ​ច្រើន​ជាង​មុន។ បុណ្យ​ស័ក្ដិ​មន្ត្រី​រាជការ​លែង​ឡើង​ដោយសារ​សែស្រឡាយ ទៅ​ជា​ការ​ឡើង​តាម​រយៈ​សមត្ថភាព ឬ​ជន​រងគ្រោះ​ដោយ​តុលាការ​ពុក​រលួយ ផ្លាស់ប្ដូរ​ដោយ​ទទួល​បាន​យុត្តិធម៌។ ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី មិន​បាន​ប្រាប់​ពលរដ្ឋ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្ដូរ​នេះ​ទេ។

ពាក្យ «ផ្លាស់ប្ដូរ» ត្រូវ​បាន​បក្ស​ប្រឆាំង​តែង​ប្រើ​ជា​ញឹកញាប់ ពិសេស​តាំង​ពី​មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣។ កាល​ពី​ពេល​ទៅ​ជួប​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ប្រទេស​នូវែលហ្សេឡង់ និង​ប្រទេស​អូស្ត្រាលី លោក កឹម សុខា ប្រកាស​ថា ការ​ផ្លាស់ប្ដូរ​របស់​គណបក្ស​ប្រឆាំង​ចង់​បាន គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដោយ​ភាព​វិជ្ជមាន និង​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក សម រង្ស៊ី ទេ។ លោក ផៃ ស៊ីផាន ចាត់​ទុក​សម្ដី​របស់​លោក សម រង្ស៊ី ដែល​ថ្លែង​នៅ​លើ​ហ្វេសប៊ុក ថា​ជា​ការ​ភូតភរ​ពលរដ្ឋ​ម្ដង​ទៀត។ លោក​បន្ត​ថា លោក សម រង្ស៊ី ធ្លាប់​ប្រើ​ពាក្យ​ផ្លាស់ប្ដូរ​ក្នុង​ចេតនា​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​ចង់​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​រដ្ឋាភិបាល៖ «អ្វី​ដែល​ភាគច្រើន​ដែល​គាត់​លើក​ឡើង​ក្នុង​ហ្វេសប៊ុក គឺ​គាត់​ភរ​ម្ដង​ទៀត... បន្ទាប់​ពី​បោះឆ្នោត​នៅ​ពេល​ថ្មីៗ​នេះ យើង​ដឹង​ហើយ គាត់​មិន​ទទួល​នូវ​លទ្ធផល​បោះឆ្នោត​ដោយ​អត្តនោម័តិ។ គាត់​មិន​គោរព​ច្បាប់ គាត់​ទាមទារ​ទៅ​ញុះញង់​ឲ្យ​មហាជន​ហ្នឹង​ប្រឆាំង​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ដែល​ជាប់​ឆ្នោត»

ការ​ថ្នាំងថ្នាក់​នឹង​គ្នា​ខ្លាំង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ប្រើ​ពាក្យ​ផ្លាស់ប្ដូរ​នេះ គឺ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ពាក្យ​ស្លោក​ផ្លាស់ប្ដូរ​មេ​ឃុំ ពី​មេ​ឃុំ​បម្រើ​បក្ស ទៅ​ជា​មេ​ឃុំ​បម្រើ​រាស្ត្រ​វិញ។

សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ធម្មទូត​នៅ​កម្ពុជា ព្រះតេជព្រះគុណ យស ហ៊ុត មាន​ថេរ​ដីកា​ថា ការ​ផ្លាស់ប្ដូរ គឺ​ជា​ប្រែប្រួល​គ្មាន​ឈប់។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា អ្វីៗ​ទាំងអស់​សុទ្ធតែ​ផ្លាស់ប្ដូរ។ ព្រះអង្គ យស ហ៊ុត ពន្យល់​ក្នុង​ន័យ​ព្រះធម៌​ថា មាន​តែ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​តែ​ប៉ុណ្ណោះ ដើម្បី​អាច​ផ្លាស់ប្ដូរ​ពី​ភាព​ល្ងង់​ខ្លៅ​ទៅ​ជា​អ្នក​ចេះ​ដឹង ផ្លាស់ប្ដូរ​ពី​អំពើ​មិន​ល្អ ទៅ​ជា​ការ​ប្រព្រឹត្ត​ល្អ ជាដើម៖ «ផ្លាស់ប្ដូរ​គ្មាន​ឈប់​ណា! ទាំង​កាយ​ទាំង​ចិត្ត​របស់​យើង អត់​មាន​អី​នៅ​ដដែល នៅ​នឹង​ជា​ស្ថាពរ អត់​មាន​សោះ​តែ​ម៉ង​ក្នុង​លោក​នេះ​ទាំងមូល ចម្រើន​ពរ»

ទោះ​ជា​បែប​នេះ​ក្ដី កន្លង​មក ពាក្យ​ផ្លាស់ប្ដូរ​ដែល​លោក សម រង្ស៊ី ប្រើ ត្រូវ​បាន​រដ្ឋាភិបាល​សង្ស័យ​ថា​ជា​ការ​សាកល្បង​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ក៏​រង​ការ​ចោទ​ថា ជា​ការ​ប៉ុនប៉ង​ផ្លាស់ប្ដូរ​តាម​រយៈ​បដិវត្តន៍​ពណ៌​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​និង​អ្នក​ច្បាប់​នៅ​តែ​ចាត់​ទុក​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​មធ្យោបាយ​បញ្ចេញ​មតិ

$
0
0

សង្គម​ស៊ីវិល និង​អ្នក​ច្បាប់ នៅ​តែ​ចាត់​ទុក​ការ​ជួប​ប្រជុំ​សម្ដែង​មតិ ជា​ធាតុ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។ មិន​ខុស​គ្នា​នេះ​ដែរ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក៏​ត្រូវ​ចាត់​ទុក​ថា ជា​មធ្យោបាយ​សន្តិវិធី​សម្រាប់​ពលរដ្ឋ និង​សង្គម​ស៊ីវិល ដែល​កន្លង​ទៅ​ពុំ​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អគ្គលេខាធិការ​រង គ..ប និង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី អ្នកស្រី ទេព វន្នី។

មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ព្រមាន​ថា អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​គោលដៅ​ទុច្ចរិត​ណា​មួយ​ដែល​ល្មើស​នឹង​ច្បាប់។

ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់ លើក​ឡើង​ថា ពុំ​មាន​ច្បាប់​ណា​មួយ​ដែល​ហាមប្រាម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ពី​ការ​ជួប​ប្រជុំ​តវ៉ា​ដោយ​សន្តិវិធី​ឡើយ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មាន​ធានា​ដោយ​ច្បាប់។ លោក​ថា ការ​ជួប​ប្រជុំ​តវ៉ា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​ក្រុម​សហគមន៍ និង​សង្គម​ស៊ីវិល ធ្វើ​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក មន្ត្រី គ..ប សកម្មជន​ដីធ្លី និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ៖ «យើង​មើល​នៅ​តាម​ប្រទេស​គេ​ផ្សេងៗ ជួនកាល​តែ​មនុស្ស ២​នាក់ ក៏​គេ​អាច​ទៅ​តវ៉ា​បាន ដោយ​ការ​មិន​ពេញ​ចិត្ត។ នេះ​ជា​សេរីភាព​របស់​ពលរដ្ឋ លើកលែង​តែ​អ្នក​ហ្នឹង​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល ទៅ​ធ្វើ​អី​ដែល​ធ្វើ​ឲ្យ​វឹកវរ​លេច​ជា​បទល្មើស បាន​ខុស​ច្បាប់ ប៉ុន្តែ​បើ​គាត់​អនុវត្ត​ស្រប​តាម​ផ្លូវ​ច្បាប់ វា​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ»

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ សុំ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​គោលដៅ​ទុច្ចរិត​ណា​មួយ​ដែល​ល្មើស​នឹង​ច្បាប់។ លើស​ពី​នេះ លោក គឹម សន្តិភាព ប្រតិកម្ម​នឹង​អ្នក​បឹងកក់​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​បាន​ចាប់​យក​ពាក្យ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ថា ជា​ភាសា​ខុស​ច្បាប់ ដោយ​សំអាង​ថា​ពុំ​មាន​អំណាច​ណា​មួយ​មក​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​ជន​ណា​ឡើយ គឺ​មាន​តែ​អំណាច​តុលាការ​ទេ​ដែល​អាច​សម្រេច​ថា​ដោះលែង ជន​ណា​ត្រូវ​មាន​ទោស ជាប់​ឃុំ។ លោក​ថា ចំណុច​នេះ​អាច​ជា​ទង្វើ​ខុស​ច្បាប់។

មេធាវី និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​មើល​ឃើញ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​តស៊ូ​មតិ​ដោយ​សន្តិវិធី ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ លោក​ថា ទាំង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ជាពិសេស​រដ្ឋធម្មនុញ្ញ បាន​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ និង​សម្ដែង​មតិ។ ម្យ៉ាង​ទៀត លោក​ថា​ប្រសិន​បើ​គោលដៅ​របស់​ការ​តវ៉ា​គ្រាន់​តែ​ជា​ការ​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​សេរីភាព​សម្រាប់​អ្នក​ជាប់​ឃុំ អាជ្ញាធរ​គួរ​តែ​ប្រឹងប្រែង​រក​យុត្តិធម៌​សម្រាប់​ពួក​គេ ដែល​មិន​គួរ​ភ្ជាប់​អ្នក​តវ៉ា​ទៅ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ៖ «តុលាការ​ធ្វើ​ការ​ផ្នែក​ផ្លូវ​ច្បាប់​របស់​លោក ធ្វើ​ចុះ! ប៉ុន្តែ​នេះ​ជា​ការ​សម្ដែង​មតិ កុំ​ថា​ឡើយ​តែ​ក្រុម​ពួក​គាត់ ទោះ​មនុស្ស​មួយ​ប្រទេស​ក៏ដោយ តែ​គេ​ធ្វើ​ការ​សម្ដែង​មតិ គេ​និយាយ ឬ​គេ​ថ្លែងការណ៍​ពី​ការ​អាណិត ការ​ស្រឡាញ់ ការ​សុំ​អង្វរ​ក លន់តួ​ឲ្យ​ដោះលែង នេះ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​ប្រមែប្រមូល​គ្នា​ធ្វើ​បដិវត្តន៍​ដែល​អ្នក​ខ្លះ​ចេះ​តែ​យក​មក​ចោទ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ពលរដ្ឋ​ទៅ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​ជន​ទុច្ចរិត។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ សូម​លោក​មើល​ទៅ​លើ​សេរីភាព​របស់​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់»

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ សន្មត​ឡើង​គឺ​ជា​ការ​ពាក់​អាវ​ពណ៌​ខ្មៅ​ព្រមៗ​គ្នា​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដើម្បី​បង្ហាញ​ថា ពួក​គេ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី គឺ​ជា​អំពើ​អយុត្តិធម៌។ យុទ្ធនាការ​នេះ ចាប់​ផ្ដើម​ដំបូង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ គឺ​នៅ​ក្រោយ​ពេល​ដែល​មន្ត្រី​អាដហុក ៤​នាក់ មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន ក្នុង​បទ​ចោទ​ប្រកាន់​ថា បាន​សម​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ នៅ​ក្រោយ​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ត្រូវ​ចាប់​ឃុំ​ខ្លួន យុទ្ធនាការ​នេះ​ក៏​បាន​ទាមទារ​សេរីភាព​សម្រាប់​ពួក​គេ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​យុវជន​គ្រោង​បោះពុម្ព​ពាក្យ​ទូន្មាន​របស់​បណ្ឌិត កែម ឡី ៤០០​ផ្ទាំង​ទៀត​ជូន​ពលរដ្ឋ

$
0
0

ក្រុម​យុវជន កែម ឡី និយម គ្រោង​បោះពុម្ព​បដា​ពាក្យ​ទូន្មាន​របស់​បណ្ឌិត កែម ឡី ចំនួន ៤០០​ផ្ទាំង​បន្ថែម​ទៀត។ ការ​បោះពុម្ព​លើក​នេះ ក្រោយ​ពេល​បដា​ចំនួន ៥០០​ផ្ទាំង​ដែល​ត្រូវ​បាន​បោះពុម្ព​លើក​ទី​១ នោះ ត្រូវ​បាន​ពួក​គេ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួច​រាល់​អស់​ហើយ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ មេសា ថា បដា​រូបថត​អម​ដោយ​ពាក្យ​បណ្ដាំ​របស់​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​បោះពុម្ព​លើក​ទី​១ នោះ ត្រូវ​បាន​ក្រុម​របស់​លោក​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស។

លោក​បញ្ជាក់​ថា ការ​បោះពុម្ព​បន្ថែម​ទៀត​នេះ ដោយសារ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត​បាន​ទាក់ទង​មក​ក្រុម​របស់​លោក ដើម្បី​ស្នើសុំ​បដា​ទាំងនេះ​យក​ទៅ​ដាក់​តាំង​នៅ​គេហដ្ឋាន​របស់​ពួក​គេ៖ «ប្រជាពលរដ្ឋ​ចង់​បាន​ច្រើន​មែន​ទែន គ្រប់​ខេត្ត-ក្រុង គឺ​គាត់​ចង់​ឲ្យ​មាន​ការ​លើក​ពាក្យ​បណ្ដាំ​ទាំងអស់​ហ្នឹង​ដាក់​តាម​ផ្ទះ​របស់​ពួក​គាត់ ប៉ុន្តែ​ជា​រឿង​លំបាក​លំបិន​របស់​ពួក​យើង គឺ​ថា​អាជ្ញាធរ​តែង​មក​រាំង​ខ្ទប់​រឿង​នេះ។ គាត់​មិន​គាំទ្រ​ឲ្យ​ធ្វើ​ពាក្យ​បណ្ដាំ​ទាំងអស់​ហ្នឹង។ មាន​ន័យ​ថា សកម្មភាព​គាំទ្រ​បណ្ឌិត កែម ឡី គឺ​គាត់​អត់​ចង់​ឲ្យ​មាន​តែ​ម្តង។ ខ្ញុំ​អត់​ដឹង​ថា​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​ដាក់​ហ្នឹង មាន​ឆន្ទៈ ឬ​ទឹក​ចិត្ត​របស់​គាត់ ហ៊ាន​ពុះពារ​តស៊ូ​មតិ​ដាក់​បដា​ហ្នឹង​ប៉ុនណា

លោក មួង សូនី បញ្ជាក់​ថា ទាំង​ការ​បោះពុម្ព ៥០០​ផ្ទាំង​កាល​ពី​លើក​មុន និង ៤០០​ផ្ទាំង​លើក​នេះ នឹង​ត្រូវ​ចំណាយ​អស់​ថវិកា​ប្រមាណ ១.៥០០​ដុល្លារ​អាមេរិក ដែល​ថវិកា​ទាំងនេះ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ខ្មែរ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង។

បដា​ពាក្យ​បណ្ដាំ​របស់​បណ្ឌិត កែម ឡី នេះ មាន​ពីរ​ប្រភេទ គឺ​បដា​ធំ​ទំហំ ២​គុណ​នឹង ៣​ម៉ែត្រ និង​បដា​តូច​ទំហំ ១​ម៉ែត្រ​គុណ​នឹង​កន្លះ​ម៉ែត្រ ហើយ​ក្រៅ​ពី​ផ្ទាំង​បដា​បែប​នេះ ក៏​មាន​ការ​ឆ្លាក់​នៅ​លើ​ថ្មម៉ាប​ផង​ដែរ។

ពាក្យ​បណ្ដាំ​របស់​បណ្ឌិត កែម ឡី មាន​ដូចជា៖

  • ជូត​ទឹក​ភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅ​មុខ

  • ចូរ​យើង​នាំ​គ្នា​និយាយ​ការពិត ជា​ជាង​ការ​និយាយ​ការពារ

  • ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ មិន​មែន​ជា​ជម្រើស​ល្អ​ទេ

  • អ្នក​មាន​អំណាច​មាន​លុយ​ច្រើន​ពី​ការ​កេង​ប្រវ័ញ្ច​ធនធាន​សង្គម​ពី​ពលរដ្ឋ​ខ្លួន​ឯង​នោះ អ្នក​អាច​មាន​សុវត្ថិភាព​តែ​ពេល​នៅ​រស់​ទេ តែ​ពេល​ស្លាប់​ទៅ សូម្បី​តែ​ទី​តម្កល់​សាកសព ក៏​អាច​នឹង​មិន​មាន​សុវត្ថិភាព​ដែរ

  • និង​ពាក្យ​បណ្ដាំ​ជាច្រើន​ផ្សេង​ទៀត។

 

លោក មួង សូនី បញ្ជាក់​ទៀត​ថា បដា និង​ចម្លាក់​ថ្មម៉ាប​អំពី​ពាក្យ​បណ្ដាំ​បណ្ឌិត កែម ឡី នេះ នឹង​ត្រូវ​បាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ទាក់ទង​ស្នើសុំ​តាម​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។

បច្ចុប្បន្ន សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កំពុង​រៀបចំ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ ដើម្បី​ស្នើសុំ​ដាក់​បដា​ពាក្យ​បណ្ដាំ​ទាំងនេះ​តាម​ទី​សាធារណៈ ហើយ​ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​កុំ​រឹតត្បិត​កិច្ច​ការងារ​នេះ៖ «ខ្ញុំ​មាន​គម្រោង​មួយ​ទៀត គឺ​ដាក់​ពាក្យ​បណ្ដាំ​របស់​គាត់​នៅ​តាម​ទី​សាធារណៈ​ទាំង ២៤​ខេត្ត-ក្រុង​តែ​ម្តង ពីព្រោះ​ខ្ញុំ​ដើរ​តាម​តំបន់​នៃ​ប្រទេស​កម្ពុជា យើង ខ្ញុំ​សោកស្ដាយ ហើយ​ខ្ញុំ​មិន​ដឹង​ថា​អាជ្ញាធរ ឬ​ក៏​រាជ​រដ្ឋាភិបាល​មាន​ការ​អៀន​ខ្មាស ឬ​អត់​ទេ គឺ​ខ្ញុំ​ឃើញ​តែ​ផ្លាក​ស្រាបៀ»

ឆ្លើយតប​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា អាជ្ញាធរ​នឹង​ពិនិត្យ​សម្រេច​តាម​ការ​ជាក់ស្តែង បើ​សិន​ជា​ទទួល​បាន​សំណើ​ពី​ក្រុម​យុវជន។ លោក​ថា ក្រសួង​មហាផ្ទៃ មិន​មាន​គោលការណ៍​ហាមឃាត់​ការ​ដាក់​បដា​ពាក្យ​បណ្ដាំ​បណ្ឌិត កែម ឡី នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​ថា​រាល់​កិច្ចការ និង​សកម្មភាព​ទាំងអស់ ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់៖ «ពាក្យ​របស់ កែម ឡី ក៏​ជា​ពាក្យ​មួយ​ដែល​គួរ​ចងចាំ​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង មិន​មែន​មាន​តែ​បណ្ឌិត កែម ឡី តែ​ម្នាក់​ទេ ដែល​លេចធ្លោ​ជាង​គេ​នោះ​ទេ គឺ​មាន​បណ្ឌិត​ច្រើន​ណាស់​តាំង​ពី​ដើម​មក ដែល​មាន​ដំបូន្មាន​នៅ​ស្ថិតស្ថេរ។ ពាក្យ​របស់​លោក​នៅ​មិន​ទាន់​ត្រូវ​បាន​យុវជន​យក​ចិត្ត​ទុក​ដាក់​ទេ គួរ​តែ​យើង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ស្មើៗ​គ្នា»

លោក មួង សូនី បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ធ្វើ​បដា​បណ្ឌិត កែម ឡី នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ​នូវ​ពាក្យ​ទូន្មាន​របស់​បណ្ឌិត កែម ឡី ដែល​បាន​បូជា​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ហើយ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នឹង​បោះពុម្ព​បដា​នេះ​កាន់​តែ​ច្រើន​ទៀត តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ដែល​ចង់​បាន​ពាក្យ​បណ្ដាំ​របស់​បណ្ឌិត កែម ឡី ដាក់​តាំង​នៅ​គេហដ្ឋាន​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ក្រុង​សុំ​មិន​ឆ្លើយតប​ការ​រិះគន់​រឿង​មិន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ

$
0
0

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ សុំ​មិន​ឆ្លើយតប​ចំពោះ​ការ​រិះគន់​របស់​មន្ត្រី​វាំង ករណី​មិន​បាន​តាំង​បង្ហាញ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ សម្ដេចឪ និង​សម្ដេចម៉ែ នៅ​ទី​សាធារណៈ​សំខាន់ៗ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ

ការ​មិន​ឆ្លើយតប​ក្រោយ​ពេល​ទីប្រឹក្សាព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ រិះគន់​ថា​ការ​មិន​បាន​តាំង​បង្ហាញ​ព្រះ​ឆាយាល័ក្ខណ៍ ជា​ការ​ធ្វេសប្រហែស​របស់​អភិបាល​ក្រុង​ភ្នំពេញ និង​ក្រសួង​ទេសចរណ៍។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៩ ខែ​មេសា ថា តើ​មន្ត្រី​វាំង​ផ្អែក​លើ​អ្វី​ដែល​ចោទ​ថា ជា​ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ។ លោក​ថែម​ទាំង​អះអាង​ថា សាលា​ក្រុង​បាន​ចេញ​លិខិត​ណែនាំ​ឲ្យ​មាន​ការ​រៀបចំ​តុបតែង​លំអ​ដាក់​រូប​ព្រះ​ឆាយាល័ក្ខណ៍​ថែម​ទៀត​ផង៖ «បាទ! សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។ គាត់​ថា​គាត់​ផ្អែក​លើ​អី ហើយ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិត​ណែនាំ​ដែរ»

ជុំវិញ​ការ​ថ្លែង​របស់​ភាគី​សាលា​ក្រុង​ភ្នំពេញ​ដូចនេះ ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ និយាយ​ថា ការ​រិះគន់របស់​លោក​ដើម្បី​ស្ថាបនា ដូច្នេះ​សាលា​ក្រុង​ធ្វើ​យ៉ាង​ណា​នោះ ជា​សិទ្ធិ​របស់​សាលា​ក្រុង​ភ្នំពេញ​ទេ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បទសម្ភាសន៍​ជាមួយ​អ្នកស្រី មូរ សុខហួរ ជុំវិញ​ស្ថានភាព​អ្នក​ជាប់​ឃុំ​និង​ការ​រៀបចំ​សមាជ

$
0
0

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី និង​សកម្មជន​បក្ស​ទាំង ១៦​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ លោក ជុន ច័ន្ទបុត្រ នៃ​អាស៊ីសេរី ដែល​បាន​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ពន្ធនាគារ​ព្រៃ​ស មាន​បទសម្ភាសន៍​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ជុំវិញ​ស្ថានភាព​របស់​អ្នក​ជាប់​ឃុំ​ទាំង ១៦​នាក់​របស់​គណបក្ស​ប្រឆាំង និង​អំពី​ការ​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ខាង​មុខ​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​អ្នកស្រី មូរ សុខហួរ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


"ការ​នាំ​ចេញ​អង្ករ​កម្ពុជា​អាច​នឹង​បន្ត​ថយ​ចុះ​ដោយសារ​ឧបសគ្គ​មួយ​ចំនួន"

$
0
0

ការ​នាំ​ចេញ​អង្ករ​កម្ពុជា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ កើន​ឡើង បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​រយៈពេល​ដូច​គ្នា។ ក៏ប៉ុន្តែ​នៅ​ខែ​មីនា តួលេខ​បង្ហាញ​ពី​ការ​ថយ​ចុះ ហើយ​អ្នក​នាំ​ចេញ​អង្ករ​ព្យាករ​ថា និន្នាការ​នេះ​នឹង​បន្ត​ធ្លាក់​ចុះ ដែល​ត្រូវការ​យន្តការ​ដោះស្រាយ​លើក​ស្ទួយ​ការ​នាំ​ចេញ​វិញ។

កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ចំនួន​ជិត ១៧​ម៉ឺន​តោន (១៦៦.៦៧៨) កាល​ពី​ខែ​មករា កុម្ភៈ និង​ខែ​មីនា។ ចំនួន​នេះ​កើន​ឡើង ៣​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦។

សហភាព​អឺរ៉ុប ជា​ទីផ្សារ​ធំ​ជាង​គេ ហើយ​ប្រទេស​ចិន ជា​ទីផ្សារ​ធំ​ទី​ពីរ។ កម្ពុជា នាំ​អង្ករ​ទៅ​សហភាព​អឺរ៉ុប ចំនួន ៨​ម៉ឺន ៤​ពាន់​តោន (៨៤.០៥៩) ហើយ​នាំ​ចេញ​ទៅ​ចិន ចំនួន ៦​ម៉ឺន ៧​ពាន់​តោន (៦៧.៤៨២) ក្នុង​រយៈពេល ៣​ខែ​នេះ។

ការ​នាំ​ចេញ​អង្ករ​កើន ១១​ភាគរយ នៅ​ខែ​មករា ហើយ​កើន ១៧​ភាគរយ សម្រាប់​ខែ​កុម្ភៈ ដោយ​ឡែក​ការ​នាំ​ចេញ​បាន​ថយ​ចុះ ១៦​ភាគរយ​នៅ​ខែ​មីនា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦។

សម្រាប់​ខែ​មេសា និង​ខែ​ឧសភា ខាង​មុខ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ុន ឡាក់ ប្រមើល​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះ​ទៀត ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ។

លោក​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៅ​ខែ​មីនា ដោយសារ​ការ​ដាក់​កំហិត​កំណត់​ចំនួន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា របស់​រដ្ឋាភិបាល​ចិន។

លោក​បន្ថែម​ថា ស្រូវ​ក្នុង​ស្រុក​ឡើង​ថ្លៃ ខណៈ​ថ្លៃ​ស្រូវ​នៅ​ប្រទេស​ជិត​ខាង​នៅ​ថេរ ធ្វើ​ឲ្យ​អង្ករ​កម្ពុជា ថ្លៃ​ជាង​អ្នក​ប្រកួតប្រជែង។ ទិន្នផល​ស្រូវ​ក្រអូប នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រមូល​បាន​តិច​ជាង​មុន​ដែល​រាល់​ឆ្នាំ អាច​ប្រមូល​បាន​ក្នុង​រយៈពេល​ពេញ ១​ខែ តែ​ក្នុង​រយៈពេល​នេះ​ការ​ប្រមូល​ផល​មាន​រយៈពេល​មិន​ដល់ ១​ខែ​ផង។

កត្តា​នេះ​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ឡើង​ថ្លៃ ខណៈ​ប្រទេស​ជិត​ខាង​ស្រូវ​មិន​កើន​ថ្លៃ​នោះ។

ប្រទេស​ចិន កំពុង​សិក្សា​ជា​លើក​ចុង​ក្រោយ​ដើម្បី​ជ្រើស​រើស​យក​ក្រុមហ៊ុន​កិន​អង្ករ​កម្ពុជា ដែល​មាន​គុណភាព និង​សុវត្ថិភាព​ស្តង់ដារ​សម្រាប់​នាំ​ចេញ​ទៅ​ស្រុក​ចិន។ ចិន​គ្រោង​ទិញ​អង្ករ​ពី​កម្ពុជា ចំនួន ២០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៧។

លោក ហ៊ុន ឡាក់ ថ្លែង​ថា ការ​អន្តរាគមន៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការ​ចរចា​ឡើង​វិញ​ជាមួយ​ភាគី​ចិន ដើម្បី​បើក​ទូលាយ​ដល់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នឹង​ជួយ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ងើប​ឡើង​វិញ​ខ្លះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា។

កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា នាំ​អង្ករ​ចេញ​ចំនួន​ប្រមាណ ៥៤​ម៉ឺន​តោន ហើយ​នៅ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា នឹង​នាំ​ចេញ​អង្ករ​យ៉ាង​ហោច​ណាស់ ៦០​ម៉ឺន​តោន។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម លោក ហ៊ាន វណ្ណហន ថ្លែង​ថា ការ​ពង្រឹង​គុណភាព និង​ស្វែង​រក​ទីផ្សារ​ថ្មីៗ សម្រាប់​ការ​នាំ​ចេញ​នឹង​ជួយ​ឲ្យ​កម្ពុជា សម្រេច​ទិស​ដៅ​នេះ​បាន។

សហភាព​អឺរ៉ុប ដែល​ជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​របស់​កម្ពុជា បាន​ព្រមាន​ឥត​ទទួល​ទិញ​អង្ករ​កម្ពុជា ប្រសិនបើ​អង្ករ​មាន​ថ្នាំ​កសិកម្ម​ដែល​ផ្ទុក​សារធាតុ​សកម្ម​ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) លើស​ពី ០,០១​មិល្លីក្រាម ក្នុង​អង្ករ​មួយ​គីឡូក្រាម។ ទ្រីហ្ស៊ីក្លាហ្សូល  ជា​សារធាតុគីមី​សកម្ម​ដែល​ផ្សំ​សម្រាប់​កម្ចាត់​ជំងឺ​ផ្សិត ពិសេស​ជំងឺ​ប្លាស់ (Blast) លើ​ដំណាំ​ស្រូវ និង​លើ​ដំណាំ​ដទៃ​ទៀត។ ពី​មុន​សហភាព​អឺរ៉ុប កំណត់​កម្រិត ១​មិល្លីក្រាម​ក្នុង​មួយ​គីឡូក្រាម។

​ទោះបីជា​យ៉ាង​ណា លោក ហ៊ាន វណ្ណហន មិន​ព្រួយ​បារម្ភ​ពី​ការ​ដាក់​កំហិត​នេះ ប៉ះពាល់​ដល់​ការ​នាំ​ចេញ​នោះ​ទេ តែ​លោក​យល់​ថា ការ​ណែនាំ​របស់​សហភាព​អឺរ៉ុប នឹង​ជួយ​ដាស់​តឿន​កសិករ​កម្ពុជា ប្រើប្រាស់​ថ្នាំ​កសិកម្ម​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត​ស្តង់ដារ។

​អនុ​ប្រធាន​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ុន ឡាក់ លើក​ឡើង​ថា ចំពោះ​គុណភាព​អង្ករ​របស់​កម្ពុជា គឺ​ស្របតាម​ស្តង់ដារ​សម្រាប់​ការ​នាំ​ចេញ ហើយ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​គឺ​អង្ករ​កម្ពុជា ប្រហាក់ប្រហែល​នឹង​អង្ករ​ថៃ តែ​ខ្ពស់​ជាង​អង្ករ​វៀតណាម។ ក៏ប៉ុន្តែ​ថ្លៃ​ដើម​នៃ​ការ​ផលិត​អង្ករ​នៅ​កម្ពុជា មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ ដែល​ថ្លៃ​ជាង​ចន្លោះ​ពី ៦០ ទៅ ១០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​អង្ករ ១​តោន។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ហ៊ុន ឡាក់។

ប្រធាន​អង្គការ​សេដាក លោក សម វិទូ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន ឡាក់។ លោក​បន្ថែម​ថា ថ្លៃ​ដឹក​ជញ្ជូន​ថ្លៃ​ជី​កសិកម្ម គ្រាប់​ពូជ ថ្លៃ​ភ្លើង និង​ឧបករណ៍​កែច្នៃ​ស្រូវ គឺ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង។ លោក​ថា កសិករ​កម្ពុជា ក៏​នៅ​ខ្វះខាត​ចំណេះ​ដឹង​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ស្រូវ​ឲ្យ​បាន​តាម​ស្តង់ដារ​សម្រាប់​នាំ​ចេញ។

ចំណុច​មួយ​ទៀត​នោះ បញ្ហា​កង្វះ​សាច់​ប្រាក់​សម្រាប់​ទិញ​ស្រូវ​ពី​កសិករ​ដើម្បី​ទុក​កិន​នាំ​ចេញ ក៏​រាំង​ស្ទះ​ដល់​ការ​សម្រេច​ទិស​ដៅ​នាំ​ចេញ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​មេធាវី​ទាក់ទង​នឹង​ការវិវត្តន៍​ចុង​ក្រោយ​នៃ​​បណ្ដឹង​របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា

$
0
0

មេធាវី​របស់​ភរិយា លោក មាជ សុវណ្ណារ៉ា ឲ្យ​ដឹង​ថា សំណុំរឿង​ដែល​ប្ដឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​បទ​ចោទ​មួយ​ចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​បន្ត​នីតិវិធី។

ចំណែក​ករណី​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​សមាជិក​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត ដែល​វាយ​ស្មៀន​រត់ការ​ឯកសារ​តុលាការ លោក ផល ហេយស៍ (Paul Hayes) នោះ តុលាការ​ក៏​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​តុលាការ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក​មេធាវី មូរតុន ក្លារ (Morton Sklar)  ជុំវិញ​ការវិវត្តន៍​ចុង​ក្រោយ​នៃ​បណ្តឹង​ទាំង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​៣៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​៥​ខែ

$
0
0

ក្រសួង​មហាផ្ទៃ បង្ហាញ​ថា យុទ្ធនាការ​រយៈពេល ៥​ខែ​នៃ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ទូទាំង​ប្រទេស​ពី​ខែ​ធ្នូ ដល់​ខែ​មេសា បាន​បញ្ជូន​ជន​សង្ស័យ​ចំនួន ៣៦​នាក់​ទៅ​តុលាការ។ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ ស្វាគមន៍​យុទ្ធនាការ​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រសួង​ពេល​ចប់​យុទ្ធនាការ ទម្លាក់​ការងារ​មក​ថ្នាក់​ក្រោម​ជាតិ ដែល​ធ្វើ​ឲ្យ​ការ​បង្ក្រាប​មិន​បាន​ខ្លាំង​ដូច​ក្រសួង។

ក្រៅ​តែ​ពី​បញ្ជូន​ជន​សង្ស័យ​ចំនួន ៣៦​នាក់​ទៅ​តុលាការ ការ​បង្ក្រាប​បទល្មើស​នេសាទ​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧ មាន​ចំនួន ៧៣០​ករណី ក្នុង​នោះ​មាន​សំណុំ​រឿង​បំផ្លាញ​វត្ថុ​តាង​ជាង ៧០៦​ករណី។

របាយការណ៍​នេះ​បង្ហាញ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​ផែនការ​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ដោយ​មាន​ការ​ចូលរួម​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ​នៅ​តែ​បន្ត​រហូត ហើយ​ក៏​មិន​ទម្លាក់​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​បង្ក្រាប​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ដើម្បី​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព មិន​មែន​ផ្ដោត​លើ​ការ​បង្ក្រាប​នោះ​ទេ ប៉ុន្តែ​ត្រូវ​កែប្រែ​ច្បាប់​ទាក់ទង​ជលផល៖ «ទោះ​យ៉ាង​ណា​ក៏ដោយ ក្រសួង​មិន​ទម្លាក់​ឲ្យ​ទេ (ទម្លាក់​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​ទៅ​ថ្នាក់​ក្រោម​ជាតិ) នៅ​តែ​ដឹកនាំ លើកលែង​តែ​វា​ក្លាយ​ទៅ​ជា​ប្រក្រតី​ឡើង​វិញ»

ក្រៅ​ពី​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ ក៏​មាន​ការ​រឹប​អូស​វត្ថុ​តាង​ដែរ មាន​ដូចជា ទូក កាណូត របាំង​សាច់​អួន របាំង​ស្បៃ​មុង ចម្រឹង មង ឧបករណ៍​ឆក់​ត្រី និង​ត្រាក់ទ័រ ជាដើម។

ទាក់ទង​ការងារ​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ជលផល លោក ឯក ចំរើន សង្កេត​ឃើញ​ថា យុទ្ធនាការ​នេះ​មាន​កន្លែង​ខ្លះ​បង្ក្រាប​បាន​ជោគជ័យ ប៉ុន្តែ​ក៏​មាន​កន្លែង​ផ្សេង​ទៀត បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ដដែល។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​គាំទ្រ​យុទ្ធការ​បង្ក្រាប​បទល្មើស​នេសាទ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​សកម្មភាព​នេះ​ប្រគល់​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​អនុវត្ត​ផ្ទាល់​តែ​ម្តង គឺ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ៖ «ឲ្យ​អន្តរ​ក្រសួង អ្នក​នេសាទ និង​សង្គម​ស៊ីវិល មាន​ការ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​ខ្លាំង​បន្ត​ទៀត ព្រោះ​ថា​ធនធាន​ជលផល បើ​យើង​រួម​គ្នា​ទៅ ទើប​អាច​បង្ក្រាប​បាន»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ថ្នាក់​ជាតិ​បង្ក្រាប​បទល្មើស​ទូទាំង​ប្រទេស ជាពិសេស​បណ្ដា​ខេត្ត​នៅ​តាម​ដង​ទន្លេ។ លោក​រដ្ឋមន្ត្រី​ធ្លាប់​ព្រមាន​ដក​តំណែង​អភិបាល​ខេត្ត​នៅ​តាម​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ធំ ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប បើ​សិន​បន្ត​ឲ្យ​កើត​មាន​បទល្មើស​នេសាទ​កើត​ឡើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​អំពី​ផល​ប៉ះពាល់​តំបន់​រ៉ាំសា​ដោយសារ​ទំនប់​វារីអគ្គិសនី​ដនសាហុង

$
0
0

តំបន់​រ៉ាំសា គឺ​ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ឡាយ​ព្រះហស្តលេខា​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​មាន​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

តំបន់​រ៉ាំសា បាន​ផ្តល់​ប្រយោជន៍​ដល់​អេកូ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ខែត្រ​ស្ទឹងត្រែង និង​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​រយ​គ្រួសារ​នៅ​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នេះ តំបន់​នេះ​កំពុង​រង​ឥទ្ធិពល និង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ប្រទេស​ឡាវ។

តើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង របស់​ឡាវ ធ្វើ​ឲ្យ​ប៉ះពាល់​ដូចម្តេច​ខ្លះ​ដល់​តំបន់​ការពារ​រ៉ាំសា?

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក ម៉ែន សុធីរ ជាមួយ​អតីត​អ្នក​ឃ្លាំ​មើល​បរិស្ថាន​នៃ​អង្គការ​ទន្លេ​បី លោក មៀច មាន ជុំវិញ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា​ទេសចរ​នៅ​មិន​ទាន់​ចូលរួម​វេច​ខ្ចប់​កាកសំណល់​ឲ្យ​មាន​របៀប

$
0
0

រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា ប្រជាពលរដ្ឋ​ទូទៅ​នៅ​មិន​ទាន់​បាន​ចូលរួម​ថែរក្សា​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​អនាម័យ​នោះ​ទេ ដោយ​ពួកគេ​ភាគ​ច្រើន​នៅ​បន្ត​បោះ​ចោល​សំរាម ឬ​កាកសំណល់​សល់​ពី​អាហារ​ទទួលទាន​នៅ​តាម​ឆ្នេរ និង​តាម​ផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់។

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កត់សម្គាល់​ថា ទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ភ្ញៀវទេសចរ​ជាតិ​ដែល​ចូល​មក​កម្សាន្ត​ខេត្ត​នេះ នៅ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ គឺ​ពួកគេ​មិន​ទាន់​ចូលរួម​វេច​ខ្ចប់​កាកសំណល់​សំរាម ឬ​សំណល់​សល់​ពី​អាហារ​ទទួលទាន​រៀងៗ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា សាធារណជន​ទូទៅ ពិសេស​ភ្ញៀវទេសចរ គួរ​ភ្ញាក់​រលឹក និង​លះបង់​ទម្លាប់​មិន​ល្អ​ដែល​ធ្លាប់​បោះចោល​សំរាម ឬ​កាក​សំណល់​សល់​ពី​អាហារ​ទទួលទាន​របស់​ខ្លួន ហើយ​ងាក​ចូលរួម​វេច​ខ្ចប់​កាកសំណល់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​ចំណែក​ថែរក្សា​បរិស្ថាន​ឲ្យ​មាន​អនាម័យ។

លោក យន្ត មីន បន្ត​ថា ការងារ​សម្អាត​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ និង​តំបន់​ឆ្នេរសមុទ្រ​ឲ្យ​មាន​អនាម័យ និង​សោភណភាព ត្រូវ​ចាប់​ផ្ដើម​ពី​ពលរដ្ឋ​ទាំង​អស់​គ្នា។ លោក​ថា ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​ផ្លូវ​សាធារណៈ និង​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​នៅ​លើ​ដី​គោក និង​នៅ​ឆ្នេរ​លើ​ដី​កោះ គឺ​កន្លង​មក​រដ្ឋបាល​ក្រុង​ខេត្ត រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត តែង​បាន​ចុះ​សម្អាត​បរិស្ថាន ឬ​ដើរ​រើស​សំរាម​ជា​រៀង​រាល់​ខែ ដើម្បី​ធ្វើ​ជា​គំរូ​បំផុស​ឲ្យ​ពលរដ្ឋ​ចូលរួម ប៉ុន្តែ​តាម​ការ​កត់​សម្គាល់​មិន​សូវ​មាន​ពលរដ្ឋ​ចូលរួម​នោះ​ទេ៖ «»។

ទាក់ទិន​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ត្រូវ​រួម​គ្នា​ចូលរួម​ថែរក្សា​បរិស្ថាន​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភណភាព​ដើម្បី​លើកកម្ពស់​កិត្តិយស​ជាតិ តាម​រយៈ​ការ​រួម​គ្នា​សម្អាត​បរិស្ថាន​ទី​សាធារណៈ ឬ​តំបន់​ឆ្នេរ​ឲ្យ​មាន​អនាម័យ​ជា​ប្រចាំ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ កត់សម្គាល់​ថា ទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​កន្លង​មក គឺ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​លើ​ការងារ​ថែរក្សា​សម្អាត​បរិស្ថាន​នេះ​ទេ។ អ្នកស្រី​បន្ត​ថា ទម្លាប់​អាក្រក់​បោះ​ចោល​សំរាម ឬ​កាកសំណល់​សល់​ពី​អាហារ​ទទួល​ទាន​នេះ មាន​ទាំង​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ រហូត​ដល់​អ្នក​មាន​លុយកាក់​ស្ដុកស្ដម្ភ ឬ​ជិះ​ឡាន​មាន​តម្លៃ​ខ្ពស់ គឺ​ពួកគេ​ហាក់​មិន​ខ្វល់​ចំពោះ​ការ​វេច​ខ្ចប់​កាកសំណល់ ឬ​ការងារ​ថែរក្សា​បរិស្ថាន​នេះ​ទេ។

អ្នកស្រី សុធា​រី ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​មាន​ពិធី​បុណ្យទាន​ចូល​មក​ដល់​ម្តងៗ ឃើញ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​បោះចោល​កាកសំណល់​សំរាម ឬ​សំណល់​សល់​ពី​អាហារ​នៅ​តាម​ទី​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់​ទេ​កន្លង​មក។

ទន្ទឹម​គ្នា​នេះ អ្នកឃ្លាំមើល​សង្គម​រូប​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​មួយ​ចំនួន​ដែល​បាន​រួម​សហការ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​តំបន់​ឆ្នេរ​ដោយ​បាន​វេច​ខ្ចប់​កាកសំណល់​សល់​ពី​អាហារ​ទទួល​ទាន​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​មាន​របៀប​រៀបរយ៖ «»។

​ក្នុង​នាម​មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី សុធារី បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទូទៅ​រស់​នៅ​មូលដ្ឋាន​នេះ ពិសេស​ភ្ញៀវទេសចរ​ដែល​កន្លង​មក​ធ្លាប់​មាន​ទម្លាប់​អាក្រក់​បោះ​ចោល​សំរាម ឬ​កាកសំណល់​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ គួរ​ល្មម​លះបង់​ទម្លាប់​មិន​ល្អ​នេះ​ចោល និង​ងាក​មក​រួម​គ្នា​ថែរក្សា​បរិស្ថាន​សាធារណៈ​ឲ្យ​មាន​អនាម័យ៖ «»។

ចំណែក​អាជីវករ​លក់ដូរ​ចំណី​អាហារ​នៅ​ឆ្នេរ​អូរឈើទាល ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភ្ញៀវទេសចរ​ភាគ​ច្រើន​ដែល​អង្គុយ​ទទួល​ទាន​អាហារ​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​នៅ​តាម​តូប ឬ​តុ​អង្គុយ ពួកគេ​បាន​បោះចោល​កាកសំណល់​គ្មាន​សណ្ដាប់ធ្នាប់​ពិត​មែន ទោះ​បី​ម្ចាស់​តូប​លក់ដូរ​ដាក់​កន្ត្រក ឬ​ធុង​សំរាម​សម្រាប់​ដាក់​កាកសំណល់​បែប​ណា​ក្ដី។

អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរឈើទាល លោក គឹម សុខ ឲ្យ​ដឹង​ថា កាកសំណល់​សំរាម​ត្រូវ​បាន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​បោះ​ចោល​គ្មាន​របៀបរៀបរយ​ពិត​មែន។

ផ្ដល់​សម្ភាសន៍​ពេល​កំពុង​បោសសំអាត​កាកសំណល់​សំរាម​សល់​ពី​អាហារ​ទទួលទាន​ដែល​ភ្ញៀវទេសចរ​បោះ​ចោល​នៅ​តាម​ឆ្នេរ​អូរឈើទាល លោក គឹម សុខ បញ្ជាក់​ថា មាន​ភ្ញៀវ​ខ្លះ ទោះ​បី​ម្ចាស់​ហាង​បាន​ផ្ដល់​ជូន​ធុង​សំរាម​សម្រាប់​ដាក់​កាកសំណល់​នៅ​តាម​តុ​អង្គុយ​នីមួយៗ​ក៏ដោយ ប៉ុន្តែ​ពួកគាត់​មិន​បាន​ដាក់​កាកសំណល់​ទាំង​នោះ​ចូល​ទៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ហើយ​បាន​បោះ​ចោល​ពាសវាលពាសកាល៖ «»។

​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក គឹម សុខ ទទួល​ស្គាល់​ថា បើ​ធ្វើ​ការ​ប្រៀបធៀប​គំនិត​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម ឬ​ការ​វេច​ខ្ចប់​កាកសំណល់​សំរាម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំៗ​នេះ ទៅ​នឹង​បុណ្យ​ចូល​ឆ្នាំៗ​មុន សង្កេត​ឃើញ​ថា ឆ្នាំ​នេះ​ភ្ញៀវទេសចរ​ហាក់​មាន​ការ​យល់​ដឹង​ការងារ​សម្អាត​បរិស្ថាន ឬ​រក្សា​កាកសំណល់​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន។

ព្រម​ជាមួយ​គ្នា​នេះ អាជីវករ​ឆ្នេរ​អូរឈើទាល បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ថែម​ធុង​សំរាម​នៅ​តាម​ផ្លូវ ឬ​តាម​តំបន់​ឆ្នេរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ព្រោះ​ធុង​សំរាម​សម្រាប់​ទុកដាក់​កាកសំណល់​រាល់​ថ្ងៃ​នេះ មិន​មាន​ចំនួន​គ្រប់គ្រាន់​ទេ។ លោក គឹមសុខ ក៏​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ ឬ​អាជីវករ​នៅ​តាម​ទីតាំង​បម្រើ​សេវា​ទេសចរណ៍​នីមួយៗ ត្រូវ​ចូល​រួម​ការងារ​សម្អាត​បរិស្ថាន​ឆ្នេរ និង​ទី​សាធារណៈ ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំង​អស់​គ្នា​ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត៖ «»។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បង្ហាញ​មោទនភាព​ដែល​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំៗ​នេះ ខេត្ត​ព្រះសីហនុ ទទួល​បាន​ភ្ញៀវទេសចរ​កើន​ជាង ១០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដោយ​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​ជាង ១៤​ម៉ឺន ៣​ពាន់​នាក់ (១៤៣.៥៩៧)។

លោក តាំង សុចិត្រគ្រឹស្នា ទទួល​ស្គាល់​ថា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ កាកសំណល់​សំរាម​ត្រូវ​បាន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ និង​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន​ពិត​មែន។ លោក​ស្នើ​ដល់​សាធារណជន​ទូទៅ​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​ថែរក្សា​សុខភាព​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ និង​លើក​កិត្តិយស​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live