Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​កាង​ក្រុមហ៊ុន​ឈូស​ឆាយ​កម្ទេច​ផ្ទះ​និង​ដី​ពលរដ្ឋ ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា

$
0
0

កម្លាំង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រាប់​សិប​នាក់ នៅតែ​បន្ត​ឈរជើង​ការពារ​សកម្មភាព​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​លើ​ដី​វិវាទ​មួយ​កន្លែង ជាមួយ​ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅ​ស្រុក​ព្រៃនប់ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​កាល​ពី ថ្ងៃ​ម្សិលមិញ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ គ្រាប់កាំភ្លើង និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ។ សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ និង​តុលាការ​ថា អនុវត្ត​វិធានការ​រំលោភច្បាប់​និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ប្រដាប់​ដោយ​កាំភ្លើង​បាន​ពង្រាយ​គ្នា​ច្រូងច្រាង​ឈរ​ការពារ​គ្រឿងចក្រ ឬ​ហៅថា អេស្ការវ៉ាទ័រ ចំនួន ៤​គ្រឿង របស់​ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល ដំណាំ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​២៥ ខែ​មករា នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ ចំណែក​ពលរដ្ឋ​វិញ បាន​ត្រឹម​តែ​ឈរ​មើល​ទាំង​តក់ស្លុត​ចំពោះ​សកម្មភាព​ឈូស​ឆាយ​កម្ទេច​ផ្ទះ ព្រោះ​ពួកគាត់​មិន​ហ៊ាន​តវ៉ា​ប្រឈមមុខ​ទៀត​ទេ ក្រោយ​ការ​បាញ់​បង្ក្រាប និង ចាប់ខ្លួន​ពលរដ្ឋ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករ​។

តំណាង​ពលរដ្ឋ​ម្នាក់ រៀបរាប់​ថា អ្នកភូមិ បាន​បាក់​ស្បាត់​មិន​ហ៊ាន​តវ៉ា​ពុះកញ្ជ្រោល​ទៀត​ឡើយ។ ពួកគាត់​ខ្លះ បាន​ត្រឹម​ឈរ​មើល​ផ្ទះ និង​ដីធ្លី​ទាំង​ទឹកភ្នែក​ស្រែកយំ ព្រោះ​គ្មាន​ដី និង​ផ្ទះ​សម្រាប់​រស់នៅ បន្ត​ទៀត។ ពលរដ្ឋ​ខ្លះ​ទៀត បាន​សំពះ​សុំ​អង្វរ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​នោះ ដើម្បី ជញ្ជូន​ឥវ៉ាន់​ចេញពី​ក្នុង​ផ្ទះ​សិន។ ទោះបីជា​ពលរដ្ឋ​ខ្លះ បាន​ជញ្ជូន​ភួយ ម៉ុង កន្ទេល និង​ចាន ឆ្នាំង​ចេញ​ពី​ផ្ទះ​ក្តី ក៏​ពួកគាត់​មិន​ដឹង​ថា ត្រូវ​ទៅ​ទីណា​ដែរ គឺ​គ្រាន់តែ​ជញ្ជូន​ទុក​នៅ​តាម​ព្រៃ និង​តាម​ផ្លូវ​សិន៖ «ពលរដ្ឋ បាក់​ស្បាត់​ហើយ ព្រោះ​គេ​ធ្វើ​នេះ មាន​កម្លាំង​សមត្ថកិច្ច​មាន​កាំភ្លើង​និង​ខ្នោះ»

ពលរដ្ឋ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​មិនបាន​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ បែរជា​ការពារ​ក្រុមហ៊ុន ឯកជន ហើយ​វាយ​ធ្វើបាប​និង​ដណ្ដើម​ដីធ្លី​ស្រស់ៗ​ពី​ប្រជាពលរដ្ឋ​ទៅវិញ​។ ពលរដ្ឋ​ចាត់​ទុក​សកម្មភាព​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ គឺ​ឃោរឃៅ​បំផុត​ដែល​មិន​អនុវត្ត​តាមច្បាប់​ដោយ​យុត្តិធម៌​នោះ​ទេ ព្រោះ​ការ​ចុះ​អនុវត្ត​សាលដីកា​នេះ មិនបាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ជាមុន​នោះ​ទេ។ ពលរដ្ឋ​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ឡើងវិញ ដូចជា​ផ្ដល់​សំណង់​សមរម្យ និង​ចែក​ដីធ្លី​ជូន​ពួកគាត់​ជាដើម៖ «ផ្ទះ​ពលរដ្ឋ​ដែល​ធំៗ​អី​នោះ គេ​កាត់​រំលំ​ចោល​អស់ហើយ និង​ដេញ​ពលរដ្ឋ។ នៅ​លើ​នេះ មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ។ ពលរដ្ឋ​អត់​ទាន់​ដកចេញ​ទៅ​ណា នៅ​ឃ្លាំមើល។ ពលរដ្ឋ​ចង់បាន​ដំណោះស្រាយ ព្រោះ​នៅ​ទីនេះ​យូរហើយ»

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន និង​ស្នងការ​ខេត្ត​ព្រះសីហនុ​ជាច្រើន​ដង ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។ រីឯ​អភិបាលខេត្ត​ព្រៃ សីហនុ លោក យន្ត មីន ប្រាប់​ថា ជាប់រវល់​ប្រជុំ និង​បាន​បិទ​ទូរស័ព្ទ​វិញ៖ «ខ្ញុំ​រវល់​ប្រជុំ​បាទ»

មន្ត្រី​អង្គការ​លីកាដូ (Licadho) មន្ត្រី​អង្គការ​អាដហុក (Adhoc) និង​មន្ត្រី​អង្គការសហប្រជាជាតិ បាន​ចុះ​ឃ្លាំមើល​ការ​បន្ត​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល នៅ​លើ​ទីតាំង​មាន​ជម្លោះ​រវាង​ពលរដ្ឋ និង​លោក​ឧកញ៉ា ស៊ីវ គង់ទ្រីវ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៦​នាក់ ដែល​តវ៉ា​ដុត​កង​ឡាន​ប្រឆាំង​នឹង​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល។ ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​ត្រូវ​មួយ​គ្រាប់កាំភ្លើង​ចំ​ស្មា មុខ​ខាងឆ្វេង និង​បៀម​គ្រាប់​នៅ​ជាប់​ឆ្អឹង​កង​ខាង​ក្រោយខ្នង ហើយ​បាន​បញ្ជូន ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​លោក​សង្ឃ ក្នុង​ក្រុងភ្នំពេញ។ ចំណែក ពលរដ្ឋ ដែល​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​អស់ហើយ កាលពី​យប់​ថ្ងៃ កើតហេតុ​ដោយមាន​កិច្ចសន្យា ឈប់​តវ៉ា។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​គ្រាប់កាំភ្លើង​នោះ ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​យក​គ្រាប់​ចេញ​ហើយ នៅ​រសៀល​ថ្ងៃ ទី​២៥ ខែ​មករា និង​កំពុង​បន្ត​តាមដាន​សុខភាព​របស់​គាត់​បន្ត​ទៀត។ អង្គការ​ជាតិ និង​អន្តរជាតិ យល់ ថា ករណី​បង្ក្រាប​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី​នេះ មាន​ភាព​សាហាវ​ដែល​រំលោភបំពាន​ច្បាប់ និង​រំលោភ​សិទ្ធិ មនុស្ស​ធ្ងន់ធ្ងរ។ លោក អំ សំអាត បន្ត​ថា ទោះបី​ការ​បង្ក្រាប​នោះ ជា​ការ​អនុវត្ត​សាលដីកា​ក្តី ប៉ុន្តែ អាជ្ញាធរ ក៏​មិន​ត្រូវ​ប្រើប្រាស់​កាំភ្លើង ឬ​ប្រើ​អំពើ​ហិង្សា​តបត​លើ​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ដែរ៖ «មិន​អាច​ចាប់​បង្ខំ​អនុវត្ត ហើយ​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​រហូត​ដល់​មាន​ការ​ផ្ទះ​អាវុធ​ធ្វើ​ឱ្យ​រង​របួស ឬក៏​បាត់បង់​អាយុ​ជីវិត​មនុស្ស​នោះ​ទេ។ នៅ​ក្នុង​ករណី​នេះ ត្រូវតែ​មាន​ការស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ និង​អព្យាក្រឹត្យ​មួយ​ដើម្បី​រក​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​មនុស្ស​រង​របួស។ ជា​ការ​ពិត ទោះបី​ជា​មាន​អំពើ​ហិង្សា យ៉ាងណាក៏ដោយ ការ​បង្ក្រាប ឬ​ការ​ការពារ​ខ្លួន​ធម្មានុរូប​នោះ វា​ត្រូវតែ​មាន​កម្លាំង​សម​មាត្រ​គ្នា មិន​អាច​បាញ់​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​របួស​បានទេ»

ពលរដ្ឋ​ដែល​ត្រូវ​គ្រាប់កាំភ្លើង​រង​របួស​នោះ​មានឈ្មោះ ពៅ សារ៉ន អាយុ​២៨ ភេទ​ប្រុស។ សង្គម ស៊ីវិល បារម្ភ​ពីរ​បួស​យុវជន​នោះ អាច​ក្លាយ​ជា​ពិការភាព ទោះបីជា​យក​គ្រាប់​ចេញ​ហើយ​ក្ដី។

លោក អំ សំអាត ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិនិត្យមើល​ភាព ជាក់ស្ដែង​អំពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ក្រោយ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ព្រោះ​ពួកគាត់​គ្មាន​ដីធ្លី និង​ផ្ទះសម្បែង​សម្រាប់​រស់នៅ​នោះ​ទេ៖ «អ៊ីចឹង​បើ​គាត់​មិន​មាន​ដីធ្លី​អ៊ីចឹង គឺ​អាជ្ញាធរ​គួរតែ​ពិនិត្យ​ពិចារណា​ទៅលើ​បញ្ហា​ដំណោះស្រាយ​ណាមួយ​ដើម្បី​ឱ្យ​ទទួល​បាន​ផលប្រយោជន៍​ទាំងសងខាង​ហើយ​បញ្ចៀស​នូវ​អំពើ​ហិង្សា​ដែល​កើតឡើង​នឹង​ទៅ»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី ប្រាប់​ថា មិន​បាន​ដឹង​ច្បាស់​ថា ដី​មាន​ទំនាស់​មាន​ទំហំ​ជាក់ស្ដែង​ប៉ុន្មាន​ហិកតារ ឬ​ពលរដ្ឋ​ប៉ុន្មាន​នាក់​កំពុង​រស់នៅ​ទេ ប៉ុន្តែ​គ្រាន់តែ​លឺ​ថា មុន​ឆ្នាំ​២០០២ តំបន់​ដី​ទំនាស់ ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ពលរដ្ឋ យក​ដី ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ លោក​ថា នៅ​ឆ្នាំ​២០០២ រដ្ឋ​សម្រេច​ដាក់​ដី​នេះ ជា​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ហើយ​មាន​ពលរដ្ឋ​ខ្លះ បាន​កាប់​រាន​ទន្ទ្រាន​រស់​នៅ និង​មាន​ខ្លះ ទិញ​ត​គ្នា ដោយ​គ្មាន​អាជ្ញាធរ​ណា​រារាំង​ឡើយ។ លុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្រាប់តែ​លេច​លឺ ថា ដី​នោះ​ជា​របស់​ឈ្មួញ​ទៅវិញ។

ប្រជាពលរដ្ឋ អះអាង​ថា ពួកគាត់​មួយ​ចំនួន នៅតែ​បន្ត​ក្រាញននៀល​ទាមទារ​ដំណោះស្រាយ​ដីធ្លី ដដែល ព្រោះ​ពួកគាត់​គ្មាន​ជម្រើស​ផ្សេង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ផលិត​អំបិល​ត្អូញត្អែរ​រឿង​ខ្វះ​កម្លាំង​ពលកម្ម

$
0
0

កសិករ​អំបិល​នៅ​ខេត្ត​កំពត ចាប់ផ្ដើម​ប្រមូល​ផល​អំបិល​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ ចាប់ពី​ខែ​មករា​នេះ រហូតដល់​ខែ​ឧសភា ខាងមុខ។ អាកាសធាតុ​នៅ​ឆ្នាំនេះ មាន​អំណោយផល​ល្អ​ជាង​ឆ្នាំមុន ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​ពេល​នេះ គឺ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការផលិត​អំបិល​អាច​នឹង​មិនបាន​ច្រើន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ឡើយ។ អ្នក​ជំនាញ​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ជួយ​រក​ដំណោះស្រាយ​ជូន​អ្នក​ផលិត​អំបិល ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​មុខរបរ​ប្រពៃណី​នេះ​បាន​តទៅទៀត​។

អ្នក​ផលិត​អំបិល​មួយ​នាក់​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត លោក ពៅ សុន ថ្លែង​ថា លោក​ទំនងជា​មិន​អាច​ផលិត​អំបិល​បាន​ច្រើន​ឡើយ​នៅ​ឆ្នាំនេះ ដោយសារតែ​មិន​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ខណៈ​ស្រែអំបិល​របស់​លោក​មាន​ចំនួន​ជាង ២០ហិកតារ។ លោក​បន្ត​ថា ថ្លៃ​ពលកម្ម​បាន​កើន​ឡើង​មួយ​ទ្វេ​ជា​ពីរ ក៏ប៉ុន្តែ​នៅតែ​មិន​អាច​រក​កម្មករ​មក​ធ្វើការ​នៅ​ស្រែអំបិល​បាន​គ្រប់គ្រាន់​ដដែល ដោយសារ​មនុស្ស​ភាគច្រើន​នាំគ្នា​ទៅ​ធ្វើ​នៅ​តាម​រោងចក្រ​វិញ ព្រោះ​មិនសូវ​នឿយហត់​ខ្លាំង ដូច​ធ្វើការ​នៅ​ស្រែអំបិល។ «»

លោក​បន្ត​ថា ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​បែបនេះ មាន​កសិករ​ខ្លះ​បាន​ទុក​ស្រែអំបិល​ចោល លែង​ផលិត និង​ងាក​ទៅ​ប្រកប​របរ​ផ្សេង​ជំនួស​វិញ។ ម្យ៉ាងវិញទៀត ដោយសារតែ​ថ្លៃដើម​ផលិត​ខ្ពស់ ហើយ​អំបិល​ដែល​ផលិត​បាន​មានតម្លៃ​ទាប កសិករ​មួយ​ចំនួន​ក៏បាន​សម្រេចចិត្ត​លក់​ស្រែអំបិល​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ។ កសិករ​រូប​នេះ ចង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ជា​បច្ចេកទេស​ថ្មីៗ​ដល់​ក្រុម​អ្នក​ផលិត​អំបិល ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កំពុង​កើត​មាន។ «»

កាលពី​ឆ្នាំមុន កសិករ​ផលិត​អំបិល​បាន​ប្រមាណ ២ ទៅ ៣ ពាន់​តោន ដោយសារ​មាន​ភ្លៀង​កក់ខែ​ជាប់​ជាប្រចាំ ជាហេតុ​ធ្វើ​ឱ្យ​មាន​កង្វះខាត​អំបិល​សម្រាប់​តម្រូវការ​ក្នុងស្រុក។ របប​ក្រុងភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប នាំចូល​អំបិល ៣​ម៉ឺន​តោន ពី​ក្រៅ​ប្រទេស ដើម្បី​បំពេញ​តម្រូវការ​នៅ​ចុង​រដូវវស្សា​កន្លង​ទៅ​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សុន សេងហួត ថ្លែង​ថា ក្រសួង​កំពុង​រិះរក​បច្ចេកទេស​ថ្មីៗ​សម្រាប់​ផ្ដល់​ជូន​កសិករ និង​រក​មធ្យោបាយ​ជួយ​ឱ្យ​ថ្លៃដើម​ផលិត​អំបិល​កាន់តែ​ទាប​ជាង​មុន ដើម្បី​ឱ្យ​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន។ លោក​បន្ថែម​ថា ប្រទេស​មួយ​ចំនួន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផលិត​អំបិល​ឱ្យ​បាន​ច្រើន​តាម​តម្រូវការ ក៏ប៉ុន្តែ​បច្ចេកវិទ្យា​ទាំងនោះ មិនទាន់​អាច​យក​មក​ប្រើ​ប្រាស់​នៅ​កម្ពុជា​បាន​នៅឡើយ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន។ «»

មន្ត្រី​ជំនាញ​រូប​នេះ​បន្ថែម​ថា ផ្ទៃដី​ស្រែអំបិល​បច្ចុប្បន្ន​អាច​ឱ្យ​កសិករ​ផលិត​មួយ​ឆ្នាំ រក្សាទុក​សម្រាប់​ការប្រើប្រាស់​រហូត​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ដូច្នេះ​ក្រសួង​កំពុង​គិតគូរ​អំពី​ការសាងសង់​កន្លែង​ស្តុក​អំបិល​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​រក្សាទុក​អំបិល​ឱ្យ​បាន​យូរ​ឆ្នាំ។

កសិករ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប នៅ​ផលិត​អំបិល​តាម​លក្ខណៈ​ប្រពៃណី​នៅឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ហើយ​អំបិល​ដែល​ផលិត​បាន​ក៏​មាន​ចែក​ជា ៣​កម្រិត​ផង​ដែរ ដោយ​អំបិល​លេខ​១ មាន​ពណ៌​សក្បុស លេខ ២ ស​កម្រិត​មធ្យម និង​លេខ ៣ សរាង​ក្រ​ម៉ៅ ដោយសារ​មាន​លាយ​ដី​ខ្លះ​ៗ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា អំបិល​គឺជា​គ្រឿងទេស​ដ៏​ចាំបាច់ និង​ជា​វត្ថុធាតុដើម​សំខាន់​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម ដូចនេះ​លោក​ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង​ក្រុម​កសិករ​ផលិត​អំបិល​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា​ជាង​នេះ។ លោក​បន្ត​ថា ការ​ហាមឃាត់​មិន​ឱ្យ​កសិករ​លក់​ស្រែអំបិល​របស់​ខ្លួន មិនមែន​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ដើម្បី​ថែរក្សា​មុខរបរ​ប្រពៃណី​នៃ​ការផលិត​អំបិល​ឡើយ ផ្ទុយទៅវិញ​រដ្ឋ​ត្រូវ​ចេញមុខ​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ផលិត​អំបិល​តែម្ដង។ «»

កម្ពុជា​មាន​តម្រូវការ​អំបិល​ប្រមាណ ១​ម៉ឺន​តោន ក្នុង​មួយ​ខែ សម្រាប់​ការប្រើប្រាស់​ជា​គ្រឿងផ្សំ​នៃ​ម្ហូបអាហារ និង​ក្នុង​វិស័យ​ឧស្សាហកម្ម។ បច្ចុប្បន្ន កម្ពុជា​មាន​មណ្ឌល​ផលិត​អំបិល​ចំនួន៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិតករ​ជិត ២០០​ក្រុម ខណៈ​ដី​ស្រែអំបិល​មាន​ចំនួន​ជាង ៤ ពាន់​ហិកតារ។ ដីស្រែ​អំបិល​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​មានការ​លក់ដូរ​ធ្វើ​អាជីវកម្ម​ក្នុង​ទិសដៅ​ផ្សេង ក្រៅពី​ការ​ធ្វើ​អំបិល​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ផល​ត្រី​កើន​ឡើង​ក្រោយ​សហគមន៍​នេសាទ​ខេត្ត​បាត់ដំបង​រួមគ្នា​អភិរក្ស​បឹង​នៅ​ឯកភ្នំ

$
0
0

ប្រជាពលរដ្ឋ​មួយ​ក្រុម រួមគ្នា​ចងក្រង​សហគមន៍​នេសាទ ដើម្បី​អភិរក្ស​ត្រី ដោយ​បាន​ជ្រើស​យក​បឹង​មួយ​កន្លែង នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ធ្វើ​ការ​អភិរក្ស។ អ្នកភូមិ​បាន​ចំណាយ​ពេល​ជាង ១០​ឆ្នាំ ធ្វើ​ឱ្យ​សហគមន៍​របស់​ពួកគាត់ ទទួល​បាន​ជោគជ័យ ហើយ​មានឈ្មោះ​ល្បី​ជាងគេ​ក្នុង​ខេត្ត​បាត់ដំបង ដោយសារ​កំណើន​ត្រី​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ ធនធាន​មច្ឆា​ជាតិ​សំបូរ​ជាង​ឆ្នាំ​មុនៗ។

តើ​សហគមន៍​មួយ​នេះ​មាន​របៀប​ធ្វើការ​យ៉ាងណា​ទើប​ពួកគាត់​ទទួលជោគជ័យ​ដូច្នេះ?

ប្រជា​សហគមន៍​នេសាទ នៅ​ស្រុក​ឯក​ភ្នំ លើកឡើង​ថា បញ្ហា​សំខាន់​ដំបូង គឺ​ពួកគាត់​យល់​អំពី​សារៈសំខាន់ នៃ​ធនធាន​មច្ឆា​ជាតិ ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ អាច​រក​ប្រាក់​ចំណូល ពី​របរ​ធ្វើ​នេសាទ​ត្រី ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។ ម្ល៉ោះហើយ បានជា​ពួកគាត់​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត និង​ពេលវេលា ដោយ​មិន​គិត​ការ​នឿយ​ហាត់ ថែរក្សា​បឹង​អភិរក្ស​នេះ។

ប្រធាន​សហគមន៍​នេសាទ​ស្ដីក្រោម​រហាល​សួង លោក ភី ហឿន រៀបរាប់​ឱ្យ​ដឹង​ថា ពួកគាត់​ឃើញ​ចំនួន​ត្រី នៅ​តំបន់​បឹង​ទន្លេសាប ចេះតែ​ថយ​ចុះ​ជា​រៀងរាល់​ឆ្នាំ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ត្រី របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឯក​ភ្នំ ដែល​ធ្វើ​ឱ្យ​ពួកគាត់ មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​បាន។ លោក​បន្ត​ថា ដោយ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ពូជ​ត្រី អស់ពី​តំបន់​បឹង​ទន្លេសាប​ផង និង​ខ្លាច​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ ដល់​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ផង ទើប​ពួកគាត់​បាន​ប្រមូល​គ្នា​ចងក្រង ធ្វើជា​សហគមន៍​នេសាទ នៅ​ឆ្នាំ​២០០៣ ដោយ​ជ្រើស​យក​បឹងរាំង​ពេន៣ត ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ធ្វើជា​ចំណុច​គោលដៅ ព្រោះ​មាន​ទីតាំង នៅ​ជាប់​ព្រៃ​លិចទឹក ដែល​ងាយស្រួល ក្នុង​ការ​ទាក់ទាញ​ត្រី​គ្រប់​ប្រភេទ អាច​មក​រស់នៅ​ទីនោះ​បាន។ លោក​ថា បឹង​នេះ​ដំបូង​ឡើយ​មាន​ផ្ទៃ​ទឹក មិន​ដល់​កន្លះ​ហិកតារ​នោះ​ទេ ហើយ​ទឹក​ក៏​រាក់​ទៀត ដូច្នេះ​មិនសូវ​មាន​ត្រី​រស់នៅ​នោះ​ទេ។ ក្រោយមក​ពួកគាត់​ក៏បាន​ផ្សព្វផ្សាយ​រក​ជំនួយ ទៅ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ យក​មក​ស្ដារ​បឹង​នេះ​បន្តិច​ម្ដងៗ​។ រហូត​មក​ទល់​សព្វថ្ងៃ​នេះ បឹង​នេះ​មាន​ផ្ទៃ​ទឹក​ជិត ២​ហិកតារ និង​មាន​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ៖ «យើង​ស្ដារ​បឹង​ជម្រៅ​ប៉ុណ្ណា​ត្រី​ក៏​កើន​ឡើង​ទៅ​តាម​ទំហំ​នោះ​ដែរ ហើយ​ទឹក​ខែវស្សា​ឡើង​វា​លិច​ទទួល​ទឹក​បាន​ធម្មតា តូច​ក៏​ប៉ុណ្ណឹង​ធំ​ក៏​ប៉ុណ្ណឹង ដោយសារ​នៅ​ទីនោះ​វា​ជា​ព្រៃ​លិច​ទឹក ដូច្នេះ​ទឹក​ក្នុង​ដែន​អភិរក្ស​អំឡុង​ខែ​នេះ​ទឹក​ល្អ មិន​មាន​ធ្វើ​ឱ្យ​ត្រី​ពុល​អី​អត់​ទេ»

ប្រធាន​សហគមន៍​រូប​នេះ បន្ថែម​ទៀត​ថា ពួកគាត់​មាន​សមាជិក​ជាង​១០​នាក់ ដោយមាន​ផែនការ​ច្បាស់ ហើយ​មនុស្ស​យាម​ការពារ​បឹង​អភិរក្ស ទាំង​រដូវប្រាំង​នឹង​រដូវវស្សា។ ហើយ​ចាប់ពី​ឆ្នាំ​២០១០​មក ចំនួន​ត្រី​ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ដំបូង​ឡើយ​បឹង​នេះ មាន​ត្រី​ប្រមាណ​១០០​គីឡូក្រាម ក្នុង​មួយ​ឆ្នាំ បាន​កើន​ឡើង​ដល់​ជាង ៥​តោន ក្នុង​មួយ​ឆ្នាំ ហើយ​ភាគច្រើន​ជា​ប្រភេទ​ត្រី​មេ​ពូជ ជាច្រើន​ប្រភេទ ដូចជា​ត្រី​អណ្ដែង ត្រី​រ៉ស់ ឆ្ពិន ឆ្ដោរ ក្រាញ់ និង​ត្រី​សណ្ដាយ​ជាដើម ក៏បាន​កើត​ចំនួន​ជា​បន្តបន្ទាប់៖ «ត្រី​ដែល​កើន​ឡើង​ឆ្នាំនេះ​យើង​មើល​ទៅ​ឃើញ​មាន​ត្រី​ដៀប ត្រី​ឆ្ដោរ​ច្រើនជាង​រាល់​ឆ្នាំ ហើយ​បន្ទាប់​មក​ទៀត​មាន​ត្រី​ឆ្លាត​ក៏​កើន​ឡើង​ដែរ និង​ត្រី​ឆ្ពិន ដែល​កន្លង​មក មិន​ដែល​មាន​ឆ្នាំនេះ​កើន​ជាង​រាល់​ឆ្នាំ​ដែរ»

ចំណែក​តំណាង​សហគមន៍​ម្នាក់ទៀត លោក ច្រិច ធឿន ថ្លែង​ឱ្យ​ដឹង​ថា ទម្រាំ​បាន​ជោគជ័យ​នេះ ពួកគាត់​បាន​ប្រឹក្សា ផ្លាស់ប្ដូរ​យោបល់​គ្នា​ជាប្រចាំ ដើម្បី​ការពារ​ត្រី នៅ​ក្នុង​ដែន​អភិរក្ស​ឱ្យ​បាន​គង់វង្ស ព្រោះ​ដំបូង​ឡើយ ប្រជាពលរដ្ឋ​មិន​មាន​ការ​យល់ដឹង អំពី​អត្ថប្រយោជន៍​តំបន់​អភិរក្ស​នោះ​ទេ ហើយ​ពួកគាត់​បាន​នាំគ្នា លួច​ធ្វើ​នេសាទ​នៅ​តំបន់​អភិរក្ស​ជា​ញឹកញាប់ ធ្វើ​ឱ្យ​ពួកគាត់​មានការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​អភិរក្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១០​មក ពួកគាត់​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដោយ​បាន​អប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​សារសំខាន់​ពី​ការ​អភិរក្ស​នេះ ហើយ​ក្រោយមក​អ្នកភូមិ ក៏បាន​ចូលរួម​ការពារ​បឹង​អភិរក្ស​ជាមួយ​សហគមន៍​រហូត​មក៖ «ខ្ញុំ​ចេះតែ​ជួយ​ហាម​ថាបើ​បងប្អូន​លះបង់​មិន​បានទេ សូម​ទៅ​នេសាទ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​អភិរក្ស បើ​កន្លែង​នេះ​អត់​បានទេ ព្រោះ​បើ​ចាប់​បាន​អត់​មាន​ស្គាល់​គ្នា​គេ​គ្នាឯង​ទេ គឺ​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​តុលាការ​ហើយ។ ត្រី​ឆ្ដោរ​មាន​ដល់​ទម្ងន់ ៧​កន្លែង​មួយ​ក្បាល​ក៏​មាន ព្រោះ​ខ្ញុំ​ឃើញ​វា​លោត​ម្ដងម្កាល​ពេល​វា​ផ្អើល​មនុស្ស ហើយ​អា​មួយ​ក្បាល​ទម្ងន់ ៥​គីឡូ​និង​៦​គីឡូក្រាម​ក៏​មាន​ដែរ»

ក្រៅពី​អភិរក្ស​ត្រី សហគមន៍​មួយ​នេះ ក៏បាន​អភិរក្ស​ព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​ជាច្រើន​ហិកតារ​ដែរ ដើម្បី​ជា​ជម្រក​ដល់​សត្វ​ស្លាប និង​ធនធាន​មច្ឆា​ជាតិ បាន​រស់នៅ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ព្រែកហ្លួង លោក ហួម កុសល មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សព្វថ្ងៃ​នេះ​បឹង​នេះ មាន​ត្រី​កើន​ឡើង​ដល់​ទៅ​ជាង ១០​តោន និង​ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ ទៅលេង​កម្សាន្ត​ប្រចាំ​ទៀត​ផង ព្រោះ​នៅ​លើ​ផ្ទៃ​បឹង​មាន​ត្រី​តូច​ធំ លោត​លើទឹក​យ៉ាង​ច្រើន​កកកុញ ជាពិសេស​ចន្លោះ​ពី​ខែ​ធ្នូ រហូតដល់​រដូវ​ទឹក​ឡើង។ លោក​អះអាង​ថា ការ​ជោគជ័យ​នេះ ដោយសារ​ការ​សាមគ្គី​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ៖ «ព្រោះ​អី​ខ្ញុំ​ក៏​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​ខ្ញុំ​ស្រលាញ់​ធនធានធម្មជាតិ ដូច្នេះ​ខ្ញុំ​មាន​កិច្ចសហការ​ល្អ ហើយ​រាល់​ការដែល​សហគមន៍​ត្រូវការ​ទាំង​ការ​ប្រឈម និង​ការ​ដោះស្រាយ​គឺ​តែងតែ​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ចូលរួម។ បើ​និយាយ​ទៅ ក្នុង​ឃុំ​ខ្ញុំ​មិន​មាន​បញ្ហា​បទល្មើស​នេសាទ​ទេ បើ​មាន​ជា​លក្ខណៈ​តូចតាច​ដូច​ដាក់​ស្បៃ មុង​និង​ឆក់​អី​មាន​ខ្លះ ព្រោះ​ក្នុង​សហគមន៍​មាន​គ្នា​ជាង ១០​នាក់ ហើយ​គាត់​អត់​មាន​ថវិកា ហើយ​គាត់​មានតែ​ទឹកចិត្ត​ដូច្នេះ​ហើយ​មាន​កន្លែង​ខ្លះ​ចន្លោះ»

លោក​បន្ថែម​ទៀត​ថា ទៅ​ថ្ងៃ​អនាគារ​សហគមន៍​គ្រោង​ពង្រីក​ផ្ទៃដី​បឹង​អភិរក្ស ឱ្យ​បាន ៥០​ហិកតារ និង​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក ឱ្យ​បាន​ប្រមាណ ១​ពាន់​ហិកតារ​ក្នុង​ពេល​ឆាប់ៗ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា សហគមន៍​មួយ​នេះ ទទួល​បាន​ជោគជ័យ​ជាងគេ ក្នុង​ចំណោម​សហគមន៍​ជាច្រើន​ទៀត នៅ​ក្នុង​ខេត្ត​បាត់ដំបង។ លោក​ថា ការ​ជោគជ័យ​នេះ​ដោយសារ​ការ​លះបង់​ខ្ពស់ របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ព្រោះ​ពួកគាត់​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ដោយ​មិន​មាន​ប្រាក់ខែ​នោះ​ទេ។ លោក​បន្ត​ថា កន្លែង​ផ្សេងទៀត ដែល​មិន​បាន​ជោគជ័យ ដោយសារ​ខ្វះ​ការ​សាមគ្គី នៅ​ក្នុង​សហគមន៍ ដោយសារ​មកពី​បញ្ហា​ជីវភាព​ផង និង​ការ​មិន​យល់​ពី​ប្រយោជន៍​រួម នៅ​ក្នុង​សហគមន៍​ផង ជាពិសេស​ខ្វះ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា អស់លោក​ដែល​ជា​អាជ្ញាធរ ជា​សមត្ថកិច្ច​ជំនាញ អស់លោក​មាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំណែក​សហគមន៍​គាត់​មិន​មាន​ទេ គាត់​មានតែ​ឆន្ទៈ​ទេ ដូច្នេះ​សូម​ឱ្យ​អស់លោក​ធ្វើការ​ពិនិត្យ​ឡើងវិញ​ដែល​ជា​មន្ត្រី​ជា​អ្នក​បម្រើ​រាស្ត្រ​នោះ​សូម​ឱ្យ​អស់លោក​ចេះ​ខ្មាសអៀន​សហគមន៍​ផង ព្រោះ​គាត់​មាន​ឆន្ទៈ តែ​អស់លោក​មានមុខ​តំណែង​មិន​ធ្វើ​ការងារ»

សហគមន៍​នេសាទ​ស្ដី​ក្រោមរហាលសួង មាន​ទីតាំង​ក្បែរ​ដងស្ទឹងសង្កែ ប៉ែក​ខាងក្រោម ស្ថិត​ក្នុង​ភូមិ​កាច់​រទេះ ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ និង​មាន​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​បាត់ដំបង។

ប្រធាន​សហគមន៍​លោក ភី ហឿត អះអាង​ថា ត្រី​តំបន់​អភិរក្ស​ទាំងនោះ ជា​ត្រី​មេពូជ នៅ​រដូវ​ទឹក​ឡើង ដែល​មាន​ទឹក​លិច​បឹង និង​ទីវាល​នៅ​តំបន់​នោះ ហើយ​ត្រី​មួយ​ចំនួន​ធំ ក៏បាន​ចេញពី​បឹង​ទៅ​បន្ត​ពូជ​នៅ​តំបន់​ផ្សេង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ អាច​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​បាន។ លោក​បន្ត​ថា បើ​ទោះ​ជា​សហគមន៍​មួយ​នេះ មាន​កំណើន​ត្រី​ច្រើន​ក៏ដោយ ក៏​សហគមន៍​មិនទាន់​គ្រប់គ្រាន់ ក្នុង​ការ​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ គឺ​សហគមន៍ ត្រូវការ​ពង្រីក​អភិរក្ស​បឹងរាំង​ពេន៣ត​នេះ ឱ្យ​បាន​ធំ​ថែមទៀត ដើម្បី​ឱ្យ​មាន​គម្រប​បឹង​កាន់តែ​ធំ ដែល​អាច​អភិរក្ស​ត្រី បាន​ច្រើនជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​មេ​យោធា​របប​ភ្នំពេញ​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី ក្រោយ​អំពាវនាវ​ជាថ្មី​កុំ​ឱ្យ​កងទ័ព​ស្ដាប់​បញ្ជា លោក ហ៊ុន សែន

$
0
0

ក្រុម​មេ​យោធា​របប​ក្រុងភ្នំពេញ និង​មេបញ្ជាការ​ស្និត​ជាមួយ លោក ហ៊ុន សែន នាំគ្នា​ប្រកាស​ថ្កោលទោស​ជាថ្មី និង​ប្ដេជ្ញា​ឱ្យ​កងកម្លាំង​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង បើ​សិន​ហ៊ាន​ចូល​ទឹកដី​កម្ពុជា។ អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង ភ័យខ្លាច​វត្តមាន លោក សម រង្ស៊ី ដឹកនាំ​ចលនា​ពលរដ្ឋ កងទ័ព​ផ្នែក​ខ្លះ និង​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច​ខ្លះ ប្រឆាំង​អំណាច​ផ្ដាច់ការ លោក ហ៊ុន សែន។

ក្រុម​មេ​យោធា​បាន​ប្រើប្រាស់​បណ្ដាញ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ដោយ​ប្រកាស​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បញ្ជា​ឱ្យ​កងទ័ព​ចាប់ខ្លួន លោក សម រង្សី។ មេបញ្ជាការ​យោធា​ទាំងនោះ មាន​ដូចជា មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក លោក ព្រហ្ម ផេង មេកង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ដែល​មាន​ឈ្មោះ​អាស្រូវ ជា​យោធា​មាន​បាតដៃ​ប្រឡាក់​ឈាម មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆត្រ​យោង ៩១១ លោក ចាប ភក្ដី មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន មេបញ្ជាការ​កងរាជអាវុធហត្ថ ឬ​ប៉េអឹម លោក សៅ សុខា និង​ក្រុម​មេបញ្ជាការ​ភូមិភាគ អគ្គនាយក​ទីចាត់ការ​បុគ្គលិក ទីចាត់ការ​បំភ័ន្ត​អក្ខរៈ​ជាដើម។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៦ មករា ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ប្រឆាំង​ការ​អំពាវនាវ របស់ លោក សម រង្ស៊ី និង​ព្រមាន​បង្ក្រាប​ជនរួមជាតិ​ណា ដែល​គាំទ្រ​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី ដោយ​ចាត់ទុកថា គឺ​ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ប្រទេស​កម្ពុជា។

ប្រតិកម្ម​នេះ ដោយសារតែ លោក សម រង្ស៊ី កាលពី​ថ្ងៃទី២៥ មករា បាន​អំពាវនាវ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន ដែល​លោក សម រង្ស៊ី ហៅថា ជា​នាយករដ្ឋមន្ត្រី​ខុសច្បាប់ និង​ជា​ចោរប្លន់​អំណាច​ពី​ប្រជារាស្ត្រ។ លោក សម រង្ស៊ី បន្ត​ហៅ លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ និង​ប្រាប់​កងកម្លាំងប្រដាប់អាវុធ​ថា បើ​ទោះ លោក ហ៊ុន សែន បាន​ណែនាំ​កងកម្លាំងប្រដាប់អាវុធ ឱ្យ​ចាប់​រូបលោក នៅ​ពេល​លោក​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ក្នុង​ឆ្នាំ២០១៩ ហើយ​ឱ្យ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ ដែល​នឹង​ងើបឈរ​ឡើង​ដើម្បី​ទាមទារ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដោយ​សន្តិវិធី តាម​បែបបទ​ប្រជាធិបតេយ្យ បែប​ណា​ក៏ដោយ គឺ​មិន​ត្រូវ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន ឡើយ។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ប្រើ​អាវុធ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ តាម​បញ្ជា​ជន​ផ្ដាច់ការ ដែល​លោក សម រង្ស៊ី បញ្ជាក់​ចំ​ថា គឺ លោក ហ៊ុន សែន។ លោក សម រង្ស៊ី ស្នើសុំ​កងកម្លាំង កុំ​ការពារ​របប​សព្វថ្ងៃ ព្រោះ​លោក​អះអាង​ថា មិនមែន​ជា​រដ្ឋាភិបាល​របស់​ពលរដ្ឋ​ខ្មែរ​ទេ តែ​ជា​របប​ផ្ដាច់ការ​ខុសច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ដែល​សកលលោក មិន​ទទួលស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ​នោះ​ទេ ហើយ​ព្រឹត្តិការណ៍​ខុសច្បាប់​នោះ បាន​បង្កើត​រដ្ឋសភា​ក្លែងក្លាយ និង​នាយករដ្ឋមន្ត្រី​ក្លែងក្លាយ ឈ្មោះ ហ៊ុន សែន។

លោក សម រង្ស៊ី អំពាវនាវ​ទៀត​ថា សូម​កងកម្លាំងប្រដាប់អាវុធ កុំ​ការពារ​របប​ក្បត់ជាតិ​សព្វថ្ងៃ តែ​សូម​បែរ​មក​ការពារ​ប្រជារាស្ត្រ​វិញ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែមួយគត់ និង​សូម​កងកម្លាំង​ប្រដាប់អាវុធ កុំ​ឈរ​ខាង​របប​ផ្ដាច់ការ​ក្បត់ជាតិ​សព្វថ្ងៃ តែ​សូម​បែរ​មក​ឈរ​ខាង​ប្រជារាស្ត្រ ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌ ហើយ​ទាមទារ​ឱ្យ​មាន​អ្នកដឹកនាំ​ថ្មី ដែល​ជា​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហាជាតិ ប្រកប​ដោយ​ទសពិធរាជធម៌។

មេដឹកនាំ​របប​ឯកបក្ស​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ មករា បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ដីកា​ពី​តុលាការ​កំពូល​ឱ្យ​ចាប់ខ្លួន ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រួចហើយ និង​ដាក់​បញ្ជា​បន្ថែម​ឱ្យ​កងទ័ព​វាយកម្ទេច​ជន​ក្បត់ជាតិ ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ ដែល​មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ សំដៅ​ដល់ លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា ការ​ស្ទុះស្ទា​របស់​មេ​យោធា​ស្និត របប​លោក ហ៊ុន សែន ចេញមុខ​ព្រមាន​លោក សម រង្ស៊ី ម្នាក់​ម្ដងនេះ ដោយសារ លោក ហ៊ុន សែន ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា ទឹកចិត្ត​ពលរដ្ឋ​ទាំង​នៅ​កម្ពុជា និង​ក្រៅ​ស្រុក​កំពុង​ពុះ​កញ្ជ្រោល ចង់​ឱ្យ​មានការ​ផ្លាស់ប្ដូរ លោក ហ៊ុន សែន។ លោក គឹម សុខ ថា លោក ហ៊ុន សែន បារម្ភ​ខ្លាំង​បំផុត គឺ​វត្តមាន​លោក សម រង្ស៊ី ដឹកនាំ​ពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​កម្ពុជា ប្រឆាំង​របប​ផ្ដាច់ការ​សព្វថ្ងៃ ព្រោះ​មិនមែន​តែ​ពលរដ្ឋ​ក្នុង និង​ក្រៅ​ប្រទេស​ទេ ដែល​កំពុង​មាន​ទឹកចិត្ត ពុះ​កញ្ជ្រោល រង់ចាំ​លោក សម រង្ស៊ី ទៅ​ដឹកនាំ ការ​ផ្លាស់ប្ដូរ សូម្បីតែ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រីរាជការ ផ្នែក​ខ្លះ​នៃ​កងទ័ព និង​ប៉េអិម ក៏​កំពុង​រង់ចាំ​ឱកាស ដើម្បី​ផ្លាស់ប្ដូរ លោក ហ៊ុន សែន ចេញ​ដែរ៖ «លោក ហ៊ុន សែន ទប់​បាន​ឬ ក៏​អត់ ក្នុង​កាលៈទេសៈ​នេះ វា​មិន​ស្ថិត​នៅ​លើ​ភាគី លោក ហ៊ុន សែន តែឯង​ទេ។ ថា​តើ​កម្លាំង​ដែល​លោក ហ៊ុន សែន ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​នោះ កម្លាំង​ប្រភេទ​ណា? មានការ​ឯកភាព​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន ឬ​អត់?... នេះ​មិន​រាប់​កម្លាំង​ប៉ូលិស និង​ប៉េអិម មួយ​ចំនួន​ផង​... មាន​ន័យថា កម្លាំង​របស់ លោក ហ៊ុន សែន គឺ​ដាក់​ពង្រាយ តែ​កម្លាំង​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​កូនប្រុស​គាត់​តែមួយ​ប៉ុណ្ណឹង​ទេ។ ប្រសិនបើ​មានការ​ខ្ទាស់​ពី​ផ្ទៃក្នុង ផ្នែក​ណា​ធំ​មួយ​ដែល​មាន​ឥទ្ធិពល មាន​ការ​ខ្ទាស់​ពី​កម្លាំង​កងទ័ព​ជាតិ​ដែល​មាន​តួនាទី​សំខាន់ៗ ហើយ​មានការ​ខ្ទាស់​ពី​កម្លាំង​ប៉ូលិស ប៉េអិម​ខ្លះ​នោះ នឹង​មាន​ការពិបាក​នៅ​ក្នុង​ការ​បន្ត​យុទ្ធនាការ ការ​ការពារ​អំណាច​របស់​គាត់​ហើយ។ ចំណុច​ទី​២ ក៏​វា​ស្ថិត​នៅ​លើ ថា​តើ​យុទ្ធសាស្ត្រ​លោក សម រង្ស៊ី ខ្លាំង​កម្រិត​ណា? ហើយ​តើ​គាត់​ហ៊ាន​បង្ហាញ​វត្តមាន ដឹកនាំ​ដោយ​ផ្ទាល់ នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​អត់?»

លោក គឹម សុខ អះអាង​ថា នៅ​ពេល លោក សម រង្ស៊ី ដឹកនាំ​ពលរដ្ឋ​ចូល​កម្ពុជា​វិញ លោក ហ៊ុន សែន នឹង​មិន​ប្រើប្រាស់​កងកម្លាំង​នគរបាល ដូច​ការ ប្រកាស​ទេ តែ​នឹង​ពង្រាយ​កង​យោធា ដាក់​តាម​ដង​ផ្លូវ​ព្រោះ ដើម្បី​សំញែង បំបាក់​ទឹកចិត្ត​ពលរដ្ឋ ដែល​ចង់​ប្រឆាំង​អំណាច​ផ្ដាច់ការ ត​ជំនាន់​ពី​ឪពុក ទៅ​កូន​ដែរ។ ម្យ៉ាងទៀត លោក ហ៊ុន សែន មិន​ទុកចិត្ត​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចរន្ត​ចង់​ផ្លាស់ប្ដូរ លោក​ចេញពី​តំណែង ក្រោយ​លោក​បង្ហាញ​ចេតនា ចង់​បន្ត​តំណែង​ទុក​ឱ្យ​កូនប្រុស លោក​បន្ត​វេន។

លោក គឹម សុខ បន្ត​ថា នៅ​ពេល​មាន​វត្តមាន​លោក សម រង្ស៊ី ចូល​ដឹកនាំ​ពលរដ្ឋ សកម្មជន​បក្ស​ប្រឆាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពេល​នោះ​ប្រទេស​លោក​សេរី អាច​នឹង​ប្រកាស​គាំទ្រ​ចលនា​ពលរដ្ឋ ដូច​ទង្វើ​មេ​បក្ស​ប្រឆាំង​នៅ​ប្រទេស វេណេហ្ស៊ុយអេឡា (Venezuela) ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភរិយា​អតីត​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​រក​មេធាវី​ឱ្យ​ការពារ​ក្ដី​ស្វាមី​ដែល​កំពុង​ជាប់​ឃុំ

$
0
0

ភរិយា​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ សម្រេច​ពឹង​មេធាវី​ដើម្បី​ការពារ​ក្តី​ឱ្យ​ស្វាមី​របស់​ខ្លួន។ លោកស្រី សំ សារ៉ាត់ ឱ្យ​ដឹង​ថ្ងៃ​ទី​២៦ ខែ​មករា ថា លោកស្រី​បាន​ធ្វើ​ដំណើរ​ឡើង​មក​ភ្នំពេញ​ដើម្បី​ជួប​លោក​មេធាវី សំ សុគង់ សុំ​ឱ្យ​លោក​ជួយ​ការពារ​ក្ដី​ឱ្យ​ស្វាមី​លោកស្រី។

ការ​ស្វះ​ស្វែងរក​មេធាវី​ពី​សំណាក់​ក្រុម​គ្រួសារ​អតីត​មន្ត្រី​បក្ស និង​សាច់ញាតិ​សកម្មជន​សិទ្ធិ​ការងារ​ដែល​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ​ឃុំខ្លួន​នោះ ត្រូវ​បាន​ពួកគេ​រំពឹង​ថា មេធាវី​នឹង​អាច​ការពារ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្ដឹង​ជំទាស់​ការចោទប្រកាន់​លើ​អ្នក​ទាំងពីរ និង​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ភរិយា​របស់​លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោកស្រី​ពឹង​ពាក់​លោក​មេធាវី សំ សុគង់ ព្រោះ​លោកស្រី​យល់ថា លោក សំ សុគង់ ជា​មេធាវី​ដែល​អាច​ជួយ​ការពារ​យុត្តិធម៌​ដល់​ស្វាមី​លោកស្រី​បាន។ លោកស្រី​នៅតែ​អះអាង​ថា ស្វាមី​លោកស្រី​ជា​មនុស្ស ស្អាតស្អំ ដូច្នេះ​លោកស្រី​រំពឹង​ថា ស្វាមី​ខ្លួន​នឹង​ទទួល​បាន​យុត្តិធម៌៖ «ខ្ញុំ​ជឿជាក់​ច្រើន បើ​បាន​លោក​មេធាវី សំ សុគង់ គាត់​ជួយ​ការពារ​ក្តី​បាន​ល្អ​គាត់​នឹង​ជួយ​រក​ដំណោះស្រាយ​បាន​ច្រើន»

ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា ភរិយា​លោក ឆាយ រដ្ឋ គ្រោង​ពឹង​ពាក់​លោក​ឱ្យ​ជួយ​ការពារ​ក្តី ប៉ុន្តែ​លោក​មិន​ទាន់​បាន​ជួប​ភរិយា​លោក ឆាយ រដ្ឋ ដើម្បី​ចុះ​ហត្ថលេខា​ធ្វើ​មេធាវី​ការពារ​ក្ដី​ជា​ផ្លូវការ​នៅឡើយ​ទេ។ លោក​មេធាវី សំ សុ គង់ ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​លោក​ទទួល​បាន​ការ​ការពារ​ក្តី​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជា​ផ្លូវការ លោក​នឹង​ជួប​លោក ឆាយ រដ្ឋ នៅ​ពន្ធនាគារ​បន្ទាប់​មក​នឹង​ស្នើសុំ​ថតចម្លង​សំណុំ​រឿង​នេះ​ពី​តុលាការ ហើយ​លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​លោក ឆាយ រដ្ឋ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «យើង​នឹង​រៀបចំ​ឯកសារ​ការពារ​គាត់ ចង់​ដឹង​ថា​តើ​ការចោទប្រកាន់​ហ្នឹង​ពាក់ព័ន្ធ​នឹង​អង្គហេតុ​អី? មាន​ភស្តុ​តា​អី​ខ្លះ? ខ្ញុំ​ធ្លាប់​ជួយ​ការពារ​ម្ដង​ទៀតហើយ»

ក្រៅពី​ភរិយា​លោក ឆាយ រដ្ឋ កំពុង​ស្វះ​ស្វែងរក​មេធាវី​ការពារ​ក្ដី បុគ្គលិក​ក្រៅ​ម៉ោង ឬ​សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក ទេព សុផា ក៏​ទទួល​បានការ​ជួយ​ផ្តល់​មេធាវី​ការពារ​ក្ដី ពី​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ​របស់​លោក អាត់ ធន់ ដែរ។ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​​​​​​​បន្ថែម​ពី​មេធាវី​ការពារ​ក្ដី​លោក ទេព សុផា បាន​នៅ​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា។

តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៣ មករា ដោយ​ចោទប្រកាន់​អ្នក​ទាំងពីរ​ថា បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី ដាក់​សញ្ញា​សម្គាល់​ក្នុង​គោលបំណង​កាន់កាប់​ជា​កម្មសិទ្ធិ និង​រារាំង​បង្ក​គ្រោះថ្នាក់​របួស​ស្នាម​ដល់​មន្ត្រី​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការ​ចុះ​អនុវត្ត​មុខ​នាទី និង​ភារកិច្ច​របស់​ខ្លួន​តាម​មាត្រា​៦១ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

កាលពី​ទី​២១ មករា អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ស្រ៊ុន ស្រ៊ន ជា​អ្នកបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក ឆាយ រដ្ឋ ក្នុង​ពេល​ដែល​អតីត​ចៅ​សង្កាត់​រង​ទី​២ គណបក្សប្រឆាំង​ដើរមក​ពី​ដី​របស់​ខ្លួន​ទៅ​មើល​កន្លែង​កើត​ហេតុ ក្នុង​ពេល​នោះ​ដែល​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​លោក ទេព សុផា ម្នាក់ទៀត​ដែល​ជា​សកម្មជន​សិទ្ធិ​ការងារ​នៃ​សហជីព​របស់​លោក អាត់ ធន់។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់​ថា នៅ​ពេល​នេះ​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កំពុង​ចុះ​អង្កេត​ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅតែ​យល់ថា តុលាការ​គួរ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​បុគ្គល​ទាំងពីរ ព្រោះ​លោកស្រី​មើល​ឃើញ​ថា ពួកគេ​ទាំងពីរ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"លោក ហ៊ុន សែន កំពុង​ប្រជាភិថុតិ​ពី​ការ​លុប​ស្ថាប័ន​ថ្នាក់​ក្រោម ខណៈ​ខំ​បង្កើន​ស្រុក​ខណ្ឌ"

$
0
0

ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ត្រៀម​ជើង​ព្រួល ទប់ទល់​ស្ថានការណ៍​អាក្រក់ ដែល​អាច​កើតមាន​ជាយថាហេតុ ក្នុង​ករណី​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​របប​នេះ លោក ហ៊ុន សែន បន្ត​អះអាង​ថា លោក​នឹង​កែទម្រង់​រដ្ឋបាល កាត់បន្ថយ​មន្ត្រី​នៅ​តាម​ច្រក​ទ្វា​ព្រំដែន និង​បន្ថយ​ចំនួន​ការិយាល័យ ដូចជា​បង្រួម​ការិយាល័យ​ក្រសួង នៅ​ថ្នាក់​ស្រុក ជាដើម​នោះ មន្ត្រី​បក្ស​ប្រឆាំង ថា មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ កំពុង​ធ្វើ​ប្រជាភិថុតិ ដើម្បី​យក​ប្រជាប្រិយភាព​នយោបាយ ក្នុង​ស្ថានភាព​ដែល​របប​ឯក​បក្ស​មួយ​នេះ កំពុង​ពុះ​បំបែក​ដែនដី​រដ្ឋបាល បង្កើត​ស្រុក​ខណ្ឌ​បន្ថែម ចែក​តំណែង​គ្នា ជា​បន្តបន្ទាប់​ដដែល។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ កូតា​គណបក្សប្រឆាំង និង​ជា​គ្រូបង្រៀន​កម្រិត​មធ្យមសិក្សា ដែល​រង​ការ​ផ្លាស់ ទៅ​ធ្វើ​ការ​នៅ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ លោក ថៃ ធីម សង្កេត​ឃើញ​ថា ក្រៅពី​ការ​បង្កើត​ច្បាប់​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ ឬ​ចាប់ចង មន្ត្រី​បក្ស​ប្រឆាំង ការ​ប្រកាស​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ គ្មាន​ប្រសិទ្ធភាព​ទេ។ លោក ថៃ ធីម ប្រាប់​ថា ចាប់តាំង​ពី​ក្រសួង​អប់រំ​បាន​ផ្លាស់ប្ដូរ​លោក​ទៅ​បម្រើ​ការងារ​នៅ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ​មក លោក​សង្កេត​ឃើញ​ថា ការិយាល័យ​របស់​រដ្ឋ​ជាច្រើន ពុំ​មាន​បុគ្គលិក​ធ្វើការ​ទេ៖ «បាទ​! វា​គ្រាន់តែ​ជា​ប្រជាភិថុតិ​មួយ​តែប៉ុណ្ណោះ​។ ខ្ញុំ​គ្មាន​ជំនឿ​លើ​សំដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មកដល់​ថ្ងៃនេះ ក្រៅពី​អ្វី​ដែល​គាត់​ចង់​ចាប់ចង​គណបក្ស​ប្រឆាំង គាត់​មិនដែល​ធ្វើ​អ្វី​បាន​ទេ។ តែ​បើ​រឿង​ចាប់ចង កែប្រែ​ច្បាប់ ចាប់ចង​គណបក្សប្រឆាំង អាហ្នឹង​ធ្វើ​លឿន​ណាស់​បាទ​... ខ្ញុំ​(ត្រូវ​គេ​ផ្លាស់) ទៅ​នៅ​ការិយាល័យ​អប់រំ ក្រុង​ស្ទឹងសែន ហើយ​ខ្ញុំ​មើល​ឃើញ​ការិយាល័យ​ផ្សេងៗ ក្រៅពី​ការិយាល័យ​អប់រំ វា​មិន​មាន​ដំណើរការ​ទេ បិទ​ទ្វា​ចោល ហើយ​ការិយាល័យ​ខ្លះ ដាក់​ឱ្យ​គោ​ដេក មន្ត្រី​មិន​នៅ​កន្លែង»

មេដឹកនាំ​របប​ឯកបក្ស​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា បាន​អះអាង ថា​ធ្វើ​កំណែទម្រង់​ស្ថាប័នរដ្ឋ ដោយ​លុបចោល​ការិយាល័យ​ថ្នាក់​ស្រុក របស់​ក្រសួង​មួយ​ចំនួន និង​បង្រួម​ក្រសួង​ខ្លះ​បញ្ចូល​គ្នា ដោយ​លោក​អះអាង​ថា ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក ហ៊ុន សែន ថា ក្រៅពី​លុប​ការិយាល័យ​ក្រសួង​មួយ​ចំនួន​នៅ​តាម​ស្រុក ក្រសួង​មួយ​ចំនួន​ក៏​ត្រូវ​ដាក់បញ្ចូល​គ្នា​ដែរ ដូចជា ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក អភិវឌ្ឍន៍​ជនបទ ក្រសួង​ឧស្សាហកម្ម ក្រសួង​រ៉ែ និង​ថាមពល ហើយ​ក្រសួង​សង្គមកិច្ច និង​វប្បធម៌ ជាដើម៖ «អភិបាល​ខេត្ត​នានា​ស្ដាប់​ឱ្យ​ហើយ នៅ​ពេល​ខាងមុខ ជាពិសេស​គឺ​នៅ​ថ្នាក់​ស្រុក ក្រសួង​នានា​ក៏​អ៊ីចឹង នៅ​ពេល នៅ​ក្នុង​រចនាសម្ព័ន្ធ​ក្រសួង​នីមួយៗ ក្រៅពី​ក្រសួង​មាន​អគ្គនាយក មាន​នាយកដ្ឋាន មាន​ការិយាល័យ ហើយ​មាន​មន្ទីរ នៅ​តាម​ខេត្ត និង​មាន​ការិយាល័យ​នៅ​តាម​ស្រុក នៅ​ពេល​ខាងមុខ​នឹង​លុបចោល​ការិយាល័យ​អង្គភាព​មួយ​ចំនួន​នៅ​ថ្នាក់​ស្រុក លុបចោល​តែម្ដង»

ថ្វីបើ លោក ហ៊ុន សែន ប្រកាស​ចង់​បង្រួម​ក្រសួង និង​លុបចោល​ការិយាល័យ​នៅ​ថ្នាក់​ស្រុក​ខ្លះ ប៉ុន្តែ​ថ្មីៗ​នេះ លោក ហ៊ុន សែន ទើប​ចេញ​អនុក្រឹត្យ​ឱ្យ​បំបែក​ដែនដី​រដ្ឋបាល​មួយ​ចំនួន ដើម្បី​បង្កើត​ជា​ស្រុក ខណ្ឌ​ចំនួន​៦ បន្ថែម​ទៀត និង​បាន​បន្ថែម​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពី​សភា​ឯក​បក្ស អនុម័ត​វិសោធនកម្ម ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី និង​វិសោធនកម្ម​ច្បាប់ ដើម្បី​បង្កើន​ចំនួន​អាសនៈ​ក្រុមប្រឹក្សា។

លោក ហ៊ុន សែន នៅ​មុន​ព្រឹត្តិការណ៍​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ធ្លាប់​បាន​ប្រកាស​ថា នឹង​ដក​តួនាទី ពី​រដ្ឋមន្ត្រី​មួយ​ចំនួន ដែល​អសកម្ម​ចំពោះ​ការងារ​ចេញពី​តួនាទី។ ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ឆ្នាំ​២០១៨​រួច លោក​មិន​បាន​ដក​តំណែង ឬ​ផ្លាស់ប្ដូរ​តួនាទី​រដ្ឋមន្ត្រី​ណាមួយ​ចេញ​ទេ។ ចំណែក កាលពី​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​ពេញ​អង្គ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥ ក៏បាន​ប្រកាស​ថា ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ដែរ ប៉ុន្តែ​អ្នក​តាមដាន​សង្គម សង្កេត​ឃើញ​ថា គ្មាន​ប្រសិទ្ធភាព​ដូចគ្នា។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា ក្រោយ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន របប​ក្រុងភ្នំពេញ បាន​លុបចោល​ស្ថាប័ន​ភ្នាក់ងារ​នាវាចរណ៍ ឬ​ហៅថា កាំសាប ភ្លាមៗ។ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ លោក​មិនទាន់​ទទួល​ព័ត៌មាន​ថា ក្រសួង​ណាខ្លះ ត្រូវ​បង្រួម​បញ្ចូល​គ្នា ហើយ​ការិយាល័យ​ថ្នាក់​ស្រុក ណាខ្លះ នឹង​ត្រូវ​លុបចោល​ទេ «ខ្ញុំ​មិនទាន់​ទទួល​ព័ត៌មាន ថា​តើ​ក្រសួង​ណា ត្រូវ​ច្របាច់​បញ្ចូល​ទៅ​ក្រសួង​ណា​ទេ មិនទាន់​ដឹង​ទាល់តែសោះ បាទ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់​ថា ជា​រឿង​ល្អ ប្រសិនបើ រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​កំណែទម្រង់​បង្រួម​រដ្ឋបាល​ក្រសួង​ពិតមែន។ លោក ផ្ដល់​យោបល់​ថា ក្រោយ​ពេល​បង្រួម​ក្រសួង​រួច ត្រូវ​បែងចែក​តួនាទី ភារកិច្ច ពិសេស​ទំនួល​ខុសត្រូវ​របស់​ក្រសួង​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យ​ក្រសួង ដែល​បង្រួម​រួច ចេះតែ​រុញ​ការ​ទទួលខុសត្រូវ​ដាក់​គ្នា និង​ទុក​បញ្ហា​ចោល​បន្ត​ទៀត។

ចំណែក​ការិយាល័យ​នៅ​ថ្នាក់​ស្រុក​វិញ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា រដ្ឋាភិបាល​បាន​ធ្វើ​វិមជ្ឈការ​រួចហើយ ដូច្នេះ​គួរ​ពង្រឹង​តួនាទី​ឃុំ សង្កាត់ ផ្ដល់​ទាំង​ធនធាន​មនុស្ស ថវិកា ការអប់រំ​បន្ថែម ដល់​មន្ត្រី​ឃុំ​សង្កាត់ ដើម្បី​ឱ្យ​មន្ត្រី​ទាំងនោះ អាច​ដើរ​តួនាទី​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន ដោយ​មិនបាច់​ត្រូវ​ការ​ការិយាល័យ​ថ្នាក់​ស្រុក​ទេ។ ប៉ុន្តែ​ទោះ​បែប​ណា លោក យង់ គឹមអេង មើល​ឃើញ​ថា បើ​មេដឹកនាំ គ្រាន់តែ​ប្រកាស គ្មាន​អនុវត្ត​ដូច​លើក​មុនៗ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រង់ចាំ​មើល នៅតែ​ខកចិត្ត៖ «កាលណា​រាជរដ្ឋាភិបាល​ប្រជាពលរដ្ឋ ជាទូទៅ ចាំ​តាមដាន​មើល។ ជាទូទៅ កាលណា​គេ​តាមដាន​មើល បើ​ឃើញ​ថា រាជរដ្ឋាភិបាល​នោះ​សម្រេច​អនុវត្ត​តាម​សេចក្ដីប្រកាស ឬក៏​មានការ​ចាត់​វិធានការ​តាម​ការ​លើកឡើង អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ មាន​ទំនុក​ចិត្ត​ទៅលើ​រាជរដ្ឋាភិបាល។ តែ​បើ​ការប្រកាស​ណាមួយ មិនបាន​អនុវត្ត អាហ្នឹង​អាច​ពួកគាត់​មិន​សូវ​មាន​ទំនុក​ចិត្ត ខកចិត្ត បញ្ហា​នៅ​ហ្នឹង​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា មានការ​លើកឡើង​ពី​ក្រសួង​ខ្លះ ដែល​គាត់​មានការ​លំបាក​ពី​ការអនុវត្ត​ការងារ អ៊ីចឹង​ខ្ញុំ​គិត​ថា អាច​មាន​ការអនុវត្ត អាច​កើតមានឡើង»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ កូតា​គណបក្ស​ប្រឆាំង លោក ថៃ ធីម អះអាង​ថា របប​ក្រុងភ្នំពេញ​មិន​អាច​អនុវត្ត​កំណែទម្រង់​បង្រួម​ក្រសួង និង​លុប​ការិយាល័យ​ថ្នាក់​ស្រុក​ចោល​បានទេ គឺ​មានតែ​បង្កើត និង​ពុះ​ច្រៀក​ស្ថាប័ន​បន្ថែម សម្រាប់​ដាក់​មនុស្ស​របស់​បក្ស ព្រោះ​ទាំង​កូនចៅ​របស់​មន្ត្រី​ក្នុង​បក្ស​សុទ្ធតែ​ធំៗ ត្រូវការ​ការងារ​ធ្វើ និង​គណបក្ស​កាន់អំណាច​ប្រើ​គោលនយោបាយ​ទាញ​មនុស្ស ពី​បក្ស​ប្រឆាំង​ចូល​បន្ថែម​ទៀត ដើម្បី​រក្សា​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ខេត្ត​រតនគិរី​បារម្ភ​ពី​ការស្រាវជ្រាវ​រ៉ែ​មាស​ប៉ះពាល់​បរិស្ថាន​និង​សង្គម

$
0
0

នៅ​ឯ​ខេត្ត​ភាគ​ឦសាន​ឯណោះ អ្នកស្រុក​ខ្វល់ខ្វាយ​ខ្លាំង​ពី​រឿង​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង ជីវភាព​រស់នៅ​របស់​ពួកគាត់ ពាក់ព័ន្ធ​នឹង​ការរុករក​រ៉ែ​មាស​នៅ​តំបន់​នោះ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅតែ​ប្រកាស​ជំហរ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ក្រុមហ៊ុន អង្គរហ្គោល ( Angkor Gold ) ស្រាវជ្រាវ​រក​រ៉ែ​មាស នៅ​តំបន់​ពួកគាត់​រស់នៅ។ ការ​លើកឡើង​នេះ ក្រោយពី​តំណាង​ក្រុមហ៊ុន កាល​ពី​ពេល​ថ្មីៗ​នេះ នៅតែ​ព្យាយាម​ពន្យល់ តំណាង​សហគមន៍ ពី​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ និង​ធានា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាជន​ក្នុង​គម្រោង​សិក្សា​រ៉ែ​នេះ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ មករា ថា អាជ្ញាធរ​ស្រុក បាន​ថ្លែងប្រាប់​តំណាង​ពលរដ្ឋ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​មាស នឹង​សិក្សា​ផល​ប៉ះពាល់​សង្គម និង បរិស្ថាន​ផ្អែក​តាម​អាជ្ញាប័ណ្ណ ដែល​ក្រសួង​អនុញ្ញាត បើ​ទោះ​បី​ជា​សហគមន៍​បដិសេធ​ក្ដី។ លោក​ថា អ្នកភូមិ​បាន​មូលមតិ​គ្នា​រួចហើយ ដោយ​ជំទាស់​មិន​ឱ្យ​ក្រុមហ៊ុន អង្គរហ្គោល សិក្សា​ស្រាវជ្រាវ​នោះ​ទេ។

តំណាង​សហគមន៍​រស់នៅ​ភូមិ​គងធំ ឃុំ​ប៉ាតេ លោក រចំ ហេងវី បារម្ភ​ថា ទីតាំង​ដែល​ក្រុមហ៊ុន​គ្រោង​សិក្សា និង​វាយតម្លៃ​ផល​ប៉ះពាល់ ឋិត​នៅ​ចំណុច​ស្នូល នៃ​តំបន់​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ។ តំបន់​នោះ មាន​ព្រៃ​អារក្ស ព្រៃ​បម្រុង​ទុក ដីស្រែ​ចម្ការ និង​ព្រៃ​សហគមន៍​ជាដើម ហើយ​ប្រសិនបើ​ក្រុមហ៊ុន​នេះ ចូល​ទៅ​ស្រាវជ្រាវ គឺ​ចៀស​មិន​ផុត ពី​បាត់បង់​ព្រៃឈើ ដីធ្លី និង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ផ្សេងៗ​ជាដើម​នោះ​ឡើយ៖ «បាទ​អ្នកភូមិ​មិន​ចង់​ឲ្យ​មាន​វត្តមាន​ក្រុមហ៊ុន​តែម្ដង គាត់​បដិសេធ ព្រោះ​ជនជាតិ​ដើម​ភាគតិច ធ្វើស្រែ​ចម្ការ​មិន​ពឹង​ទឹក​សុទ្ធ​អី​ណា។ គាត់​ពឹង​ទឹកអូរ​ធម្មជាតិ តែ​ដល់​ពេល​ធ្វើ​រ៉ែ​បង្ហូរ​ចូល​អាង ធ្វើ​ឲ្យ​ពលរដ្ឋ​កើត​ជំងឺ​មហារីក តើន​ណា​ទទួលខុសត្រូវ?»

លោក រចំ ហេង​វី បន្ថែម​ថា អ្នកភូមិ​ចំនួន ៥​ភូមិ នឹង​តវ៉ា​ជំទាស់ វត្តមាន​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​មាស​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នានា នៅ​ថ្ងៃ​ខាងមុខ។ លោក​ថា បើ​ទោះ​បីជា​ក្រុមហ៊ុន និង​អាជ្ញាធរ ធានា​ដោះស្រាយ ផល​ប៉ះពាល់​បរិស្ថាន បែប​ណា​ក្តី ក៏​ពួកគាត់​គ្មាន​ជំនឿ​ចិត្ត​នោះ​ដែរ«តាម​ដែល​ខ្ញុំ​មើល គឺ​គេ​នៅតែ​សិក្សា​ដែរ គេ​ថា អាជ្ញាប័ណ្ណ​គេ​មាន​ទោះបី​យើង​មិន​ឲ្យ​ក៏​គេ​ធ្វើ​ដែរ ព្រោះ​អាជ្ញាប័ណ្ណ​គេ​មាន»

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង ក្រុមហ៊ុន​អង្គរ​ហ្គោល ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី២៦ មករា។

អភិបាលស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បដិសេធ​ផ្ដល់​បទសម្ភាសន៍ ដល់​អាស៊ីសេរី​ទេ នៅ​ថ្ងៃ​ដដែល​នេះ ព្រោះ​លោក​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ។

ចំណែក​មេឃុំ​ប៉ាតេ លោក ឆាយ ធី ប្រាប់​អាស៊ីសេរី​ថា ក្រុមហ៊ុន​ដែល​ចុះ​ស្រាវជ្រាវ​នោះ ពុំ​មែន​ជា​ក្រុមហ៊ុន​អង្គរ​ហ្គោល​ទេ គឺជា​ក្រុមហ៊ុន​ផ្សេងទៀត ដែល​លោក​ពុំ​ស្គាល់​ឈ្មោះ មាន​បេសកកម្ម​ស្រាវជ្រាវ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ចំនួន ៦​ឃុំ នៅ​ខេត្ត​រតនគិរី។ លោក​ថា ក្រុមហ៊ុន​នេះ គ្រាន់តែ​សិក្សា និង​ពិភាក្សា​ជាមួយ​សហគមន៍ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ក្រសួង​ពាក់ព័ន្ធ​តែប៉ុណ្ណោះ៖ «គេ​មក​សិក្សា គឺ​គេ​សួរនាំ​ប្រជាពលរដ្ឋ​ទេ។ ប៉ះ​អី​មិន​ប៉ះ​អី ពលរដ្ឋ​ព្រម​មិន​ព្រម គេ​យក​របាយការណ៍​ហ្នឹង​ទៅ ក្រសួង​បរិស្ថាន​។ អាហ្នឹង​ក្រុមហ៊ុន​ឯកជន សិក្សា​ផល​ប៉ះពាល់ គេ​មិន​អនុវត្ត​ទេ»

កាលពី​ចុង​ឆ្នាំ​២០១៧ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ចំនួន ៤​ភូមិ ក្នុង​ឃុំ​ប៉ាតេ ប្រមាណ​ជាង​៧០០ នាក់ បាន​លើកគ្នា​តវ៉ា នៅមុខ​សាលាឃុំ​ប៉ាតេ ដោយ​បង្ហាញ​ជំហរ ប្រឆាំង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ ដែល​ពួកគាត់​ចាត់ទុកថា ប៉ះពាល់​ធនធានធម្មជាតិ និង​សិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន របស់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ។

ក្រោយពី​ការ​តវ៉ា​រួច តំណាង​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​កោះហៅ​មក​សួរនាំ ពាក់ព័ន្ធ​ការ​ញុះញង់ ប្រមូល​ផ្តុំ​តវ៉ា​ឱ្យ​ប្រព្រឹត្ត​បទល្មើស។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា ការ​វិនិយោគ​វិស័យ​រ៉ែ បង្ក​ហានិភ័យ​ខ្ពស់ ដល់​សុវត្ថិភាព​បរិស្ថាន និង​សង្គម ព្រមទាំង​ប៉ះពាល់ ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​ជាដើម ព្រោះ​បទពិសោធន៍​កន្លងទៅ មាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​មួយ​ចំនួន នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ព្រះវិហារ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ ជួប​ការ​លំបាក​សព្វ​បែបយ៉ាង។ ហេតុនេះ​ហើយ ទើប​ធ្វើ​ឱ្យ​សហគមន៍​ខ្លាចរអា។

លោក​បញ្ជាក់​ថា បទពិសោធន៍​ដ៏​អាក្រក់​នេះ គឺជា​ហេតុផល ធ្វើ​ឱ្យ​សហគមន៍ បដិសេធ មិន​ឱ្យ​មាន​ការ​សិក្សា និង​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន៖ «រឿង​ដែរ​ពួកគេ​ការពារ​ខ្លួន វា​ជា​អ្វីមួយ​ដែរ​ហៅថា បទពិសោធន៍​អាក្រក់​ខ្លះ នៃ​ការ​វិនិយោគ​ផ្នែក​រ៉ែ​ហ្នឹង ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​កាន់តែ​ខ្ពស់។ ការ​បារម្ភ​ពី​ផល​ប៉ះពាល់ វា​ជា​សិទ្ធិ​ផ្ទាល់​របស់​សហគមន៍ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​សិទ្ធិ​ជន​ជាដើម​ភាគតិច​ដែរ»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អំពាវនាវ​ឱ្យ​ក្រសួង​សាមី ពិចារណា​ឡើងវិញ ពាក់ព័ន្ធ​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ ចូល​ក្នុង​តំបន់​ពួកគាត់​រស់នៅ ដើម្បី​ផ្ដល់​លទ្ធភាព ឱ្យ​អ្នកភូមិ​រស់​ដោយ​សុខសាន្ត ពឹង​ផ្អែកលើ​ធនធានធម្មជាតិ និង​ព្រៃឈើ ព្រោះ​ការរុករក​រ៉ែ​កន្លងទៅ បង្ក​ផល​ប៉ះពាល់​បរិស្ថាន រួមមាន ការ​បំពុល​ទឹកអូរ​ធម្មជាតិ បាត់បង់​ធនធានធម្មជាតិ និង​មាន​ពលរដ្ឋ​ខ្លះ ស្លាប់​ដោយសារ​ពុល​ទឹកអូរ ដែល​ក្រុមហ៊ុន​បង្ហូរ​សារធាតុ​គីមី​ចូល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ក្នុង​ស្ថានទូត​របស់​ខ្លួន​នា​ក្រុង​ភ្នំពេញ

$
0
0

ជនជាតិ​វៀតណាម​ជាច្រើន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​ជួបជុំគ្នា​មួយ​ក្នុង​ស្ថានទូត​របស់​ខ្លួន​ក្នុង​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ មករា កន្លងទៅ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ ថ្មី ប្រពៃណី​ជាតិ​របស់​ខ្លួន នៅ​ដើមខែ​កុម្ភៈ។

នៅ​ក្នុង​ពិធីជប់លៀង​ជួបជុំគ្នា​នោះ ឯកអគ្គរដ្ឋទូត​វៀតណាម លោក វ៊ូ ហ្គាំងមិញ (Vu Quang Minh) បាន​ប្រាប់​អ្នក​ចូលរួម​ថា ឆ្នាំ​២០១៨ ក៏​ជា​ឆ្នាំ​ដ៏​សំខាន់​ដែល​ប្រទេស​ទាំងពីរ កម្ពុជា​វៀតណាម សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រមាណ​៤.៥ ពាន់​លាន​ដុល្លារ​អាមេរិក គឺ​មាន​ចំនួន​កើន​ឡើង​១៨​ភាគរយ​ជា​រៀងរាល់​ឆ្នាំ។

កាល​ពី​ពេល​ថ្មី​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក ប្រាប់​ទៅ​លោក ប្រាក់ សុខុន ឱ្យ​បន្ត​ធ្វើ​ការងារ​ឱ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ខ្លួនឯង ជុំវិញ​រឿង​ចម្រូងចម្រាស​នៃ​ការ​បន្លាស់​ទីលំនៅ​ផ្ទះ​បណ្ដែត​ទឹក​របស់​អាណិកជន​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឱ្យ​ពួកគេ​មក​តាំងទី​លំនៅ​លើ​ដី​គោក​វិញ ឱ្យ​បាន​ដូច​តាម​អ្វី​ដែល​លោក ហ៊ុន សែន បាន​ដាក់​ចេញ​​​​​​​​​​​​​​។ មន្ត្រី​សិទ្ធិមនុស្ស​នៅ​ខេត្ត​កំពង់ឆ្នាំង​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ជម្លៀស​ចេញ​ពី​​ផ្ទះ​បណ្ដែត​ទឹក​នៅ​​​លើ​បឹង​ទន្លេសាប ជាង​ពីរ​ពាន់​គ្រួសារ ក្នុង​នោះ​មួយ​ចំនួនធំ​បាន​វិល ត្រឡប់​មក​រស់នៅ​លើ​បឹង​ទន្លេសាប​វិញ​ហើយ។ មន្ត្រី​ដដែល​អះអាង​ថា ជនជាតិ​វៀតណាម​នោះ​វិល​មកវិញ ដោយសារតែ ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ផ្ដល់​ឱ្យ​គ្មាន​ទឹក និង​ភ្លើង​ប្រើប្រាស់ ហើយ​ថែមទាំង​គ្មាន​សាលារៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើបអង្កេត​ករណី​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់

$
0
0

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ ករណី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាញ់​បង្ក្រាប​ពលរដ្ឋ ពេល​ចុះ​អនុវត្ត​សាលដីកា​តុលា​កំពូល​លើ​ដី​វិវាទ​មួយ​កន្លែង និង​អ្នក​ជំនួយ​មាន​អំណាច​ម្នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ការ​បាញ់​បង្ក្រាប​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​រង​របួស​ធ្ងន់ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​នាំ​ខ្លួន ជនសង្ស័យ​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ។

អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ស៊ើបអង្កេត​ស្វែងរក​ការពិត ករណី​អាជ្ញាធរ បាញ់​បង្ក្រាប​ដោយ​កាំភ្លើង​ពិត​លើ​ពលរដ្ឋ​មាន​វិវាទ​ធ្លី​នៅ​នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំ​ង ស្រុក​ព្រៃនប់ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​រង​របួស​ជិត​ស្លាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ប្រសិន​បើ​អាជ្ញាធរ មិន​ស៊ើបអង្កេត​រក​ការពិត​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​នោះ​ទេ នឹង​នាំ​ឱ្យ​ហេតុការណ៍​ដដែលៗ​នេះ​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត។ លោក​បន្ត​ថា ចំពោះ​ហេតុការណ៍​អាជ្ញាធរ ប្រើ​កាំភ្លើង​ពិត​បាញ់​បង្ក្រាប​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​កំពុង​ដេក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​លោក​សង្ឃ គឺ​នគរបាល​យុត្តិធម៌ និង​ព្រះរាជ​អាជ្ញា​ដែល​តំណាង​ឱ្យ​រដ្ឋ មិន​ត្រូវ​បណ្ដែតបណ្ដោយ​នោះ​ទេ ពោល​គឺ​ត្រូវតែ​ដំណើរការ​ស្វែងរក​ការពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​មាន​វិធានការ​ច្បាប់​ចំពោះ​ជន​ដៃដល់៖ «ព្រោះ​យើង​មិន​អាច​ទុក​បណ្ដោយ​ឱ្យ​ព្រឹត្តិការណ៍​នេះ ចេះតែ​កើតឡើង​បន្ត​នោះ​ទេ ព្រោះ​យើង​ឃើញ​ហើយពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៅ ហើយ​ជនរងគ្រោះ​ចេះតែ​រងគ្រោះ​ដោយសារ​បាញ់​ប្រហារ​អ៊ីចឹង​ទៅ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​មិន​ត្រូវ​បាន​ទទួល​ទោស។ កាលពី​ឆ្នាំទៅ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ក៏​មាន​ការ​បាញ់​អ៊ីចឹង​ដែរ ហើយ​ឥឡូវ​ការអនុវត្ត​នៅ​ខេត្ត​ព្រះសីហនុ ក៏​ឱ្យ​មាន​មនុស្ស​រង​របួស​ដែរ។ បើ​យុត្តិធម៌​មិន​រក​ទេ គឺ​វប្បធម៌​នៃ​ការប្រើប្រាស់​ហិង្សា​នេះ ចេះតែ​បន្ត​ទៅ​ទៀត»

កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៦​នាក់ ដែល​តវ៉ា​ដុត​កង​ឡាន​ប្រឆាំង​នឹង​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល។ ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ។ ចំណែក ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​អស់ហើយ កាល​ពី​យប់​ថ្ងៃ​កើតហេតុ ដោយ​មាន​កិច្ចសន្យា​ឈប់​តវ៉ា។

ជនរងគ្រោះ​ឈ្មោះ ពៅ សារ៉ន អាយុ​២៨ ភេទ​ប្រុស។ គ្រូពេទ្យ​បាន​វះកាត់​យក​គ្រាប់កាំភ្លើង​ចេញ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មករា និង​កំពុង​បន្ត​តាមដាន​សុខភាព​របស់​គាត់​បន្ត​ទៀត ប៉ុន្តែ​គេ​បារម្ភ​ថា ជនរងគ្រោះ​អាច​ពិការ។

មេការ​សំណង់ និង​ជា​អ្នក​មើលថែ​ជនរងគ្រោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ជនរងគ្រោះ គឺជា កម្មករ​សំណង់​របស់​គាត់​ហើយ​មិន​មាន​វិវាទ​ដីធ្លី និង​ចូលរួម​តវ៉ា​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ជិះ​ម៉ូតូ​ទៅ ទិញ​ម្ហូប​ឆ្លងកាត់​កន្លែង​តវ៉ា​នោះ ស្រាប់តែ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់ ដេក​ដួល​តែម្ដង៖ «ខ្ញុំ​ក៏​មិន​ដឹង​ហេតុការណ៍​នេះ​ដែរ ប៉ុន្តែ​គេ​នៅ​ទីនោះ​ប្រាប់​ថា ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ គឺ​វា​ជិះ​ទៅ​ទិញ​ម្ហូប​បាយ​សម្ល តែ​ទៅ​ដល់​ឃើញ មនុស្ស​ច្រើន​កំពុងតែ​រត់ ហើយក៏​បក​ម៉ូតូ​មកវិញ ស្រាប់តែ​ត្រូវ​គ្រាប់​ដួល ហើយក៏​មាន​គេ​អូស​វា ៤​ទៅ​៥​ម៉ែត្រ​ពី​ម៉ូតូ​នោះ ដើម្បី​ជួយ ប៉ុន្តែ​ជួយ​អត់​ទាន់ ក៏​គេ​រត់ចេញ​អស់​ទៅ»

ស្ត្រី​មេការ​សំណង់​បន្ត​ថា ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង់ ហើយ​មាន​ជីវភាព​ក្រីក្រ ខ្លាំង។ ក្រុម​គ្រួសារ និង​ជនរងគ្រោះ កំពុង​ព្រួយបារម្ភ​គ្មាន​លុយ​បង់ថ្លៃ​ពេទ្យ​នោះ​ទេ ព្រោះ​មកដល់ ពេលនេះ មិន​មាន​អាជ្ញាធរ និង​ភាគី​ណាមួយ​ចេញមុខ​ទទួល​ខុសត្រូវ​នោះ​ទេ។ លោកស្រី​បន្ត​ថា មានតែ​ខាង​កម្មករ​សំណង់ សប្បុរសជន​មួយ​ចំនួន និង​ខាង​អង្គការ​លីកាដូ បាន​ជួយឧបត្ថម្ភ​លុយ កាក់ និង​បាយទឹក​ខ្លះៗ៖ «អត់​ឃើញ​មាន​អាជ្ញាធរ​មក​ទាក់ទង​អី​ផង ហើយ​ឥលូវ​អត់​មាន​ថវិកា​ទៀត។ ពេទ្យ​ឱ្យ​ទៅ​បង់លុយ​ថ្លៃ​បន្ទប់​ហើយ​អត់​លុយ​ផង»

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន និង​ស្នងការ​ខេត្ត ព្រះសីហនុ លោក ជួន ណារិន្ទ ជាច្រើន​ដង ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។ រីឯ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

លោក អំ សំអាត លើកឡើង​ថា អ្នកដឹកនាំ​ការ​បង្ក្រាប​ពលរដ្ឋ​នោះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ករណី​របួស​ស្នាម​នេះ៖ «អាជ្ញាធរ​ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​ការ​ស៊ើបអង្កេត និង​ស្វែងរក​អ្នកដៃដល់​ដើម្បី​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ នេះ​ចេះ​របួស ហើយ​ចុះបើ​ប៉ះពាល់​ដល់​អាយុជីវិត​គឺ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ។ មនុស្ស​មិន​អាច​ចេះតែ​បាញ់​តាម​អំពើ ចិត្ត​នោះ​ទេ។ អ្នក​ប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ ជាពិសេស​ការដឹកនាំ​ឱ្យ​អនុវត្ត​សាលដីកា ហើយ​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នោះ ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ»

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើង​ថា ចំពោះ​ការ​កំណត់​ថា អ្នកណា ទទួលខុសត្រូវ​នោះ គឺ​ទាល់តែ​មានការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​ជាមុន​សិន។ លោក​ទទួលស្គាល់ ថា នៅ​ពេល​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង គឺ​អាជ្ញាធរ​សាធារណៈ ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត និង បង្ហាញ​ជា​សាធារណៈ​អំពី​មូលហេតុ និង​ថា​តើ​មានការ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ឬ​អត់​? មាន​ប្រើ​កម្លាំង​លើសលប់​ដែល​រំលោភច្បាប់​ដែរ​ឬទេ? ហើយ​តើ​អ្នកណា ជា​អ្នកទទួលខុសត្រូវ៖ «ស្វែងរក​ការពិត​សិន​ថា អ្នក​រងរបួស​នោះ គាត់​មានការ​ចូលរួម​ធ្វើ​សកម្មភាព​ដែល​ជា​ការ​បំពានច្បាប់​ដែរ​ឬ​អត់? ហើយ​ការ​ប្រើ​កម្លាំង​នោះ ជា​ការ​ប្រើ​កម្លាំង​លើសលប់ ឬក៏​ដើម្បី​ថែរក្សា​នូវ​ស្ថិរភាព និង​សណ្ដាប់ធ្នាប់​និង​ទប់ស្កាត់​សកម្មភាព​ដែល​ជា​បទល្មើស។ អ៊ីចឹង​គ្រាន់តែ​ការវាយតម្លៃ​ពី​រូបភាព​ខាងក្រៅ ឃើញ​មាន​អ្នករបួស ឃើញ​មាន​ការ​ប្រើ​កម្លាំង​របស់​សមត្ថកិច្ច ហើយ​ទាមទារ​ឱ្យ​អ្នកណា​ទទួលខុសត្រូវ គឺ​យើង​មិន​អាច​សន្និដ្ឋាន​បានទេ ក្នុងនាម​ជា​អ្នកច្បាប់។ លុះត្រាតែ​មានការ​ស៊ើបអង្កេត​និង​មាន​ភស្តុតាង​មូលដ្ឋាន​ជាក់លាក់​និង​ច្បាស់លាស់ ទើប​អាច​កំណត់​បាន ថា​តើ​ធាតុផ្សំ​បទល្មើស​ពិតប្រាកដ​ដែរ​ឬ​អត់ ហើយ​អ្នក​ជា​អ្នក​បង្ក និង​ការទទួលខុសត្រូវ​នោះ​ប៉ុណ្ណា»

លោក ជិន ម៉ាលីន ក៏​មិនទាន់​ដឹង​ថា តើ​អាជ្ញាធរ​សាធារណៈ បាន​បើក​ការស៊ើបអង្កេត​ហើយ​ឬ​នៅ នោះ​ទេ។ ម្យ៉ាងទៀត លោក​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌ ក៏​គ្មាន​ភារកិច្ច​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ដែរ។

ពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​ទីតាំង​ដី​កំពុង​មាន​វិវាទ​វិញ កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង នៅ​តែ​ឈរជើង​ការពារ​ដី​ទំនាស់​នោះ​ដដែល បន្ទាប់ពី​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ខ្ទេចខ្ទី​អស់។ ចំណែក ពលរដ្ឋ​វិញ គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​នាំគ្នា​ជញ្ជូន​ឥវ៉ាន់ ចាកចេញ​ពី​ដី​មាន​ទំនាស់​នោះ​អស់​មួយ​ចំនួន​ដោយ​មិន​ដឹង​ទៅ​ណា ប៉ុន្តែ​នៅសល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត បាន​បោះតង់​រស់នៅ លើ​ដី​ទំនាស់​នោះ​ដដែល ព្រោះ​ពួកគាត់​គ្មាន​ផ្ទះ និង​ដីធ្លី​សម្រាប់​រស់នៅ​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក វ៉ាន់ លី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​បន្ត​បោះតង់​រស់នៅ​លើ​ដី​ទំនាស់​នោះ គឺ​កំពុង​ជួប​ការ​លំបាក​ខ្លាំង ព្រោះ ពួកគាត់​មាន​កូន​ក្មេង និង​មនុស្ស​ចាស់​រស់នៅ​ជាមួយ។ លោក​សោកស្ដាយ​ដែល​ពលរដ្ឋ​ធ្លាប់​តែ​មាន​ផ្ទះ តែ​អាជ្ញាធរ​កម្ទេច​ចោល​ឱ្យ​ពួកគាត់​ធ្លាក់ខ្លួន​មក​រស់នៅ​ក្នុង​តង់​ទៅវិញ។ លោក​បន្ត​ថា អាជ្ញាធរ គួរតែ​រក​ដំណោះស្រាយ​សមរម្យ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ករណី​ដែល​បណ្ដេញ​ពួកគាត់​ទាំង​បង្ខំ​នេះ គឺជា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «តាម​ដែល​យើង​ឯកសារ​នៅ​ដៃ​ពលរដ្ឋ​មួយ​ចំនួន​នោះ គឺ​គាត់​ទិញ​ត​គ្នា ហើយ​មានការ​ទទួលស្គាល់​ពី​ភូមិ​-​មេឃុំ អ៊ីចឹង​ទាក់ទង​ការ​ចុះ​ទៅ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល គឺ​យើង​ត្រូវ​មាន​ការយោគយល់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គាត់​មិនបាន​យល់ដឹង​ពី​ច្បាប់​និង​ដឹង​ពី​ទំនាស់ ដោយសារ​គាត់​ដឹង​ថា ពេល​មានការ​ចុះហត្ថលេខា​ពី​អាជ្ញាធរ​ភូមិ ឃុំ​គឺ​ការទិញ​ដី​នោះ​ស្របច្បាប់ ទើប​ពួកគាត់​ហ៊ាន​ទិញ។ អាជ្ញាធរ​ក៏​គួរតែ​សិក្សា​គោលនយោបាយ​ដោះដូរ​ដី​កន្លែង​ណាមួយ​សមស្រប​ដល់​ពល​រដ្ឋ​ដែរ»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី ប្រាប់​ថា មិន​បាន​ដឹង​ច្បាស់​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​កំពុង​រស់នៅ​ទេ តែ​ដី​មាន​ទំនាស់​មាន​ទំហំ ៧១​ហិកតារ។ នៅ​ឆ្នាំ​២០០២ រដ្ឋ​សម្រេច​ដាក់​ដី​នេះ ជា​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ហើយ​មាន​ពលរដ្ឋ​ខ្លះ បាន​កាប់​រាន​ទន្ទ្រាន​រស់​នៅ និង​មាន​ខ្លះ​ទិញ​ត​គ្នា ដោយ​គ្មាន​អាជ្ញាធរ​ណា រារាំង​ឡើយ។ លុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្រាប់តែ​លេចឮ​ថា ដី​នោះ​ជា​របស់​ឈ្មួញ​ដែល​ឈ្មោះ ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន ទៅវិញ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ ថា រំលោភច្បាប់ និង សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​មិន​សមជា​អ្នកបម្រើ​ពលរដ្ឋ​នោះ​ទេ។ ពួកគេ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ដូចជា​ផ្ដល់​សំណង​សមរម្យ និង​ផ្ដល់​ដីធ្លី​សម្រាប់​ពួកគាត់​រស់នៅ ព្រោះ ពេល​នេះ ពួកគាត់​កំពុង​វេទនា គ្មាន​ជម្រើស​ផ្សេង​នោះ​ទេ។ ចំណែក​អ្នក​រង​របួស​វិញ គឺ​អាជ្ញាធរ និង ឧកញ៉ា ស៊ីវ គង់ទ្រីវ ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ស ខេង ថា ការ​ប្រកាស​​ចូលស្រុក​របស់​លោក សម រង្ស៊ី គឺជា​ល្បិច​កំដរ​នយោបាយ​ទាល់ច្រក

$
0
0

ជុំវិញ​ដំណឹង​ពី​ការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​របប​ក្រុងភ្នំពេញ លោក ស ខេង ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី បែប​នោះ គ្រាន់តែ​ជា​លើក​ការ​ទឹក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ប្រទេស និង​សហគមន៍​អន្តរជាតិ ឱ្យ​បន្ត​ជឿជាក់​លើ​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ធ្វើ​នយោបាយ​អស់​ផ្លូវ​ដើរ​ហើយ។

ចំណែក អ្នកវិភាគ​យល់ថា ប្រសិនបើ លោក សម រង្ស៊ី វិល​ចូល​ស្រុក​ដូច​ការ​គ្រោង​ទុក​មែន​នោះ នឹង​មាន​កម្លាំង​មហាជន​ចូលរួម​គាំទ្រ​លោក ហើយ​ចរន្ត​នេះ​នឹង​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន នឹង​ពិបាក​ទប់ស្កាត់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ខេង លើកឡើង​ថា ការប្រកាស​វិល​ចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ពេល​ខាងមុខ គឺ​មិន​ដូច​ទៅ​នឹង​ពេល​ដែល​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ វិល​ចូល​ស្រុក​ខ្មែរ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ​ទេ ដោយ​ហេតុថា​កាលនោះ មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ។ លោក ស ខេង ក៏​ចោទ​ជា​សំនួរ ថា តើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​របៀប​ណា នរណា​ជា​អ្នក​ជូន​មក ហើយ​អ្នកណា​ទៅ​ទទួល?

ទោះបីជា​យ៉ាងណាក៏ដោយ លោក ស ខេង នៅតែ​យល់​ថា ការ​ប្រកាស​នេះ ជា​ល្បិចកល​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លងមក ដើម្បី​រក្សា​កម្លាំង​និង​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស ឱ្យ​នៅ​មាន​ក្ដី​សង្ឃឹមថា អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ នៅតែ​ជា​មេដឹកនាំ​របស់​ពួកគេ៖ «លើក​នេះ សម រង្ស៊ី មក មក​តាម​ណា។ មក​តាម​យន្តហោះ ផ្លូវទឹក ឬក៏​ផ្លូវគោក។ ហ្នឹង​ជា​ចលនា​មួយ​ដែល​នាំ​ឱ្យ​ប្រទេស​មាន​អស្ថិរភាព។ សម រង្ស៊ី គឺ​អស់​ក្រឡា​ហើយ បើ​គាត់​មិន​សម្រេចចិត្ត​អ៊ីចឹង ហើយ​គាត់​មិន​ចូល​ចប់។ គាត់​អាច​គិត​ឃើញ​អ៊ីចឹង អន្តរជាតិ​ក៏​ចប់ ផ្ទៃក្នុង​ក៏​ចប់ ក្នុង​ពេល​ដែល​គាត់​ធ្វើតេស្ត ប្រជុំ​នៅ​អាមេរិក។ ប្រជុំ​ហើយ គាត់​ផ្សាយ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នៅ​ខាងក្នុង។ ដល់​អ៊ីចឹង អន្តរជាតិ​ក៏​អស់ ខាងក្នុង​ក៏​អស់ ពេល​ហ្នឹង​បើ​ខ្លួន​មិន​ធ្វើ​សកម្មភាព​ទេ អស់​ហើយ អាច​នឹង​នឹកឃើញ​ច្រក​ហ្នឹង។ អ៊ីចឹង បាន​ប្រថុយប្រថាន​ថា​មក»

ការ​លើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​លើក​ទី៤១ អាណត្តិ​ទី​៥ របស់​បក្ស​កាន់អំណាច នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា។

ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់ថា ទោះបីជា​លោក សម រង្ស៊ី​ប្រកាស​ហើយ បែរជា​មិន​វិល​ចូល​កម្ពុជា​វិញ​ក្ដី ក៏​នយោបាយ​របស់​លោក សម រង្ស៊ី មិន​អស់​ផ្លូវ​ដើរ ដូច​ការ​លើកឡើង​របស់​លោក ស ខេង នោះ​ទេ ពីព្រោះ​កម្លាំង​នយោបាយ​របស់​បក្ស​ប្រឆាំង​បច្ចុប្បន្ន គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅ លោក សម រង្ស៊ី និង​លោក កឹម សុខា។ លោក គឹម សុខ គិត​ថា លោក ស ខេង ហាក់​ទទួលស្គាល់​ឥទ្ធិពល​របស់​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ដែល​អាច​ជា​ចរន្ត​មួយ បង្ក​ឱ្យ​ការ​រង្គោះរង្គើ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន៖ «បើសិនជា​គាត់​មិន​ចូល វា​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ការដែល​លោក ហ៊ុន សែន មានប្រៀប​គ្រប់គ្រង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​បើ​គាត់​ចូល នោះ​ស្ថានការណ៍​វា​នឹង​ប្រែប្រួល។ បើ​គាត់​ចូល ប្រជារាស្ត្រ​ជា​ម្ចាស់​អំណាច​នឹង​ចូលរួម​ជាមួយ​គាត់ ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ខុសច្បាប់​របស់​លោក ហ៊ុន សែន នោះ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដំណើរ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ផ្លាស់ប្ដូរ​លឿន ឬក៏​ឆាប់​ជាង​ការ​រំពឹង​ទុក ក្នុង​ករណី​ដែល​លោក សម រង្ស៊ី មិន​ចូល»

ជុំវិញ​ដំណឹង​វិល​ចូល​ស្រុក​វិញ​រួម​នឹង​ការ​អំពាវនាវ​របស់​លោក លោក សម រង្ស៊ី ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ សារ​កុំ​ឱ្យ​ស្ដាប់​តាម​ការ​បញ្ជា​របស់​ជន​ផ្ដាច់ការ ក៏​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តបត​ជា​ហូរហែ​ពី​សំណាក់​ជួរ​ទ័ព​គ្រប់​តំបន់ មេទ័ព​គ្រប់​ជាន់ថ្នាក់ នៃ​របប​ក្រុងភ្នំពេញ ដោយ​ព្រមាន​កម្ចាត់​មេ​បក្ស​ប្រឆាំង​ប្រសិនបើ​វិល​ចូល​ស្រុក​វិញ​នោះ។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់ថា ប្រសិនបើ លោក សម រង្ស៊ី វិល​ចូល​ស្រុក​ដូច​ការ​គ្រោងទុក​មែន នោះ​នឹង​មាន​កម្លាំង​មហាជន​ចូលរួម​គាំទ្រ​លោក ហើយ​ចរន្ត​នេះ​នឹង​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ពិបាក​ទប់ស្កាត់ និង​គ្រប់គ្រង​ស្ថានការណ៍។ លោក គឹម សុខ ព្យាករណ៍​ថា បើ​មាន​វត្តមាន​លោក សម រង្ស៊ី ក្នុង​ប្រទេស​កម្ពុជា​ប្រាកដ​មែន នោះ​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា ទំនងជា​ដូច​ទៅ​នឹង​ប្រទេស​វេណេហ្ស៊ុយអេឡា ក្នុង​ទ្វីប​អាមេរិក​ឡាទីន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ព្រមាន​ថា អ្នក​ដែល​បន្ត​ប្រើ​ឈ្មោះ​និង​រចនាសម័្ពន្ធ​បក្ស​ប្រឆាំង​នឹង​ត្រូវ​ផ្ដន្ទាទោស

$
0
0

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ព្រមាន​ជន​ណា​ដែល​នៅតែ​បន្ត​ប្រើប្រាស់​ឈ្មោះ សញ្ញា​សម្គាល់ (Logo) និង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះជាតិ នឹង​ប្រឈម​ការ​ផ្ដន្ទាទោស ដូចជា​ការ​ផាក​ពិន័យ​ជា​ប្រាក់ និង ត្រូវ​ជាប់​ពន្ធនាគារ​ជាដើម។ ប៉ុន្តែ អតីត​សមាជិក​គ..ប យល់​ថា ការ​ព្រមាន​បែបនេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បិទ​ផ្លូវ​តវ៉ា ហើយ​ក្រសួង​មហាផ្ទៃ ក៏បាន​លុបឈ្មោះ​គណបក្ស​នេះ ចេញពី​បញ្ជី​ឈ្មោះ​រួចហើយ​ដែរ។ ដោយ​យោង​តាម​ដំណើរ​រឿង​នេះ លោក​អះអាង​ថា បុគ្គល​ណាមួយ​នៅតែ​បន្ត​ប្រើប្រាស់ គ្រប់គ្រង ឬ​ដឹកនាំ​គណបក្ស​នេះ​បន្ត​ទៀត គឺជា​ទង្វើ​ប្រព្រឹត្ត​​​ល្មើស​ទៅ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ការ​ព្រមាន​បែបនេះ​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន បាន​លើក​ឡើង​ទៀត​ថា ករណី​បុគ្គល​ណា​ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​កំហុស​ដូចដែល​លោក​លើកឡើង​នេះ​អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ ២០លាន​រៀល ឬក៏​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅដល់​មួយ​ឆ្នាំ។

ប៉ុន្តែ​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប លោក រ៉ុង ឈុន យល់ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គាំទ្រ​គណបក្ស នយោបាយ​ណាមួយ ហើយ​លោក​បាន​ចាត់​ទុក​ការព្រមាន​បែបនេះ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

លោក រ៉ុង ឈុន បន្ត​ទៀត បើ​ទោះ​ជា​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ ជាតិ​ទៅ​ហើយ​ក្តី​ប៉ុន្តែ​អ្នកគាំទ្រ​គណបក្ស​នេះ​គេ​យល់ថា​ការ​រំលាយ​នេះ​មិន​ត្រឹមត្រូវ ដូច្នេះ​ពល រដ្ឋ​នៅ​តែ​មាន​សិទ្ធិ​សេរី​ក្នុង​ការ​ទាមទារ៖ «ចំពោះ​ការព្រមាន​នេះ​គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ទោះបី​តុលាការ​កំពូល​ធ្វើ​សេចក្ដី​សម្រេច​ផ្លូវការ​ក៏ដោយ​ពួកគាត់​នៅ​តែ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទាមទារ»

ការព្រមាន​នេះ ក្រោយពេល លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោ​ជាតិ អះអាង​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​អ្នកគាំទ្រ និង​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ ជាតិ​ដែល​មាន​ជាប់​បម្រាម​នយោបាយ​បាន​ប្រកាស​ត្រៀម​កម្លាំង​ចាំ​ទទួល​លោក សម រង្ស៊ី។ ទន្ទឹម​ការ​ប្រកាស​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​ប្រកាស​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ចំពោះ​វត្ត មាន​លោក សម រង្ស៊ី និង​អ្នក​ទៅ​ទទួល​លោក សម រង្ស៊ី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​និង​ជា​អ្នក​រៀបចំ​រចនាសម្ព័ន្ធ​ក្នុង​ការ​ចាំ​ទទួល​លោក សម រង្ស៊ី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៧ មករា ថា ការព្រមាន​បែបនេះ​របស់​មន្ត្រី​ក្រសួងមហាផ្ទៃ​គឺជា​ការ​គំរាមកំហែង សកម្មជន និង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​។ ប៉ុន្តែ លោក ម៉ន ផល្លា ថា ការ​គំរាម​នេះ មិន​បាន​ធ្វើ​លោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ភ័យខ្លាច​ទេ ហើយ​ពួកគេ​នៅ​បន្ត​រៀបចំ​រចនាសម្ព័ន្ធ និង​ផែនការ​រង់ចាំ​ទទួល​លោក សម រង្ស៊ី ដដែល៖ «យើង​អត់​មានការ​ព្រួយបារម្ភ​ឬ​ស្ដាយក្រោយ ដែល​លោក​ប្រធាន​បាន​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​ថា​គាត់​នឹង​វិលត្រឡប់​ក្នុង​ឆ្នាំ​២០១៩​នេះ ដូច្នេះ​ពួក​យើង​ជា​មន្ត្រី​នៅ​តាម​មូលដ្ឋាន ជា​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​ស្វាគមន៍»

ស្របគ្នា​នេះ​ក្រុម​មេ​យោធា​របប​ក្រុងភ្នំពេញ និង​មេបញ្ជាការ​ស្និត​ជាមួយ​លោក ហ៊ុន សែន បាន​នាំគ្នា​ប្រកាស​ថា​នឹង​កម្ទេច​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​នៅ​ពេល​ឈាន​ជើង​ជាន់​ទឹកដី​កម្ពុជា។

ចំណែក​លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​មេ​យោធា​ទាំងអស់ កុំ​ឱ្យ​ស្ដាប់​តាម​ការ​បញ្ជា​របស់​ជន​ផ្ដាច់ការ លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​កងទ័ព​សម្លាប់ ជីវិត​ពលរដ្ឋ​ខ្មែរ ដូចគ្នា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប៉ូលិស​បន្ត​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ​ករណី​ចុះ​មូលដ្ឋាន

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់​រទេះ ឃ្លាំមើល​សកម្មភាព​លោក រាល់ថ្ងៃ ទោះជា​ពេល​លោក​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ​ក៏ដោយ។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់​រទេះ បដិសេធ​កា​លើកឡើង​បែប​នេះ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស នៅ​ខេត្ត​កំពង់ធំ ថា មិនទាន់​បាន​ដឹង​ពី​ករណី​នេះ​ទេ ដោយសារ​មិនទាន់​មានការ​ពឹង​ពាក់​ពី​សាមីខ្លួន តែ​ប្រសិនបើ​ករណី​នេះ ជា​ការ​ពិត សាមីខ្លួន​គួរ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ និង​ស្ថាប័ន​នានា រួម​ទាំង​សមាគម​ក្រៅ​រដ្ឋាភិបាល។

គ្រូបង្រៀន​ម្នាក់ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត កំពង់ធំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ថៃ ធីម អះអាង​ថា ជា​រៀងរាល់ថ្ងៃ តែង​មាន​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​មក​ក្រវែល និង​ឃ្លាំមើល​ដល់​មុខ​ផ្ទះ​សកម្មជន​គណបក្សប្រឆាំង​មួយ​ចំនួន រួម​ទាំង​ផ្ទះ​របស់​លោក​ផង។ លោក​បន្ត​ថា ទោះ​ប្រធាន​មន្ទីរអប់រំ​ខេត្ត បាន​ផ្លាស់​លោក ឱ្យ​ទៅ​ធ្វើ​ការ​ដល់​មន្ទីរអប់រំ​ខេត្ត ក៏​ពេលខ្លះ មាន​សមត្ថកិច្ច​បាន​ទៅ​ឃ្លាំមើល​លោក​ដល់​កន្លែងធ្វើការ​ដែរ។

លោក ថៃ ធីម ប្រាប់​ថា សមត្ថកិច្ច​បាន​ឃ្លាំមើល លោក​ជាប្រចាំ​តាំង​ពី តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ឆ្នាំ​២០១៧។ ប៉ុន្តែ​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ សមត្ថកិច្ច​មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការ​កំណត់​មុខ​សញ្ញា​លោក ដើម្បី​ឃ្លាំមើល ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់លើ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ប្រាប់​ថា កាលពី​ថ្ងៃ​ទី២ មករា នគរបាល​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​លោក ឱ្យ​គេចខ្លួន មួយ​រយៈ​សិន តែ​លោក​មិន​គេច ហើយ​ស្អែក​ឡើង​គ្រូបង្រៀន និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ ដែល​បាន​ដឹង​ផែន​ការណ៍​សមត្ថកិច្ច​ចង់​ចាប់​លោក បាន​ប្រាប់​ឱ្យ​លោក​រត់​ដូចគ្នា តែ​លោក​មិន​រត់​ទេ។ លោក​រៀបរាប់​ថា សមត្ថកិច្ច​បាន​ដកចេញ​ពីមុខ​ផ្ទះ​លោក នៅ​ថ្ងៃ​ទី​១៣ មករា ប៉ុន្តែ​ត្រលប់​មក​យាម​វិញ នៅ​ក្រោយ​ពេល មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ឱ្យ​ធ្វើ​ទុក្ខបុកម្នេញ មន្ត្រី​បក្ស​ប្រឆាំង បើ​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ៖ «នៅផ្ទះ​ជាទូទៅ​(​ប៉ូលិស​)​ម្នាក់។ ថ្ងៃ​ខ្លះ មក​ពីរ បី​នាក់ រហូតដល់​បងប្អូន អ្នក​នៅ​ជុំវិញ គេខល (ទូរស័ព្ទ​) ប្រាប់​ខ្ញុំ​ថា កុំ​ទាន់​អាល​មក ប៉ូលិស​មក​ច្រើន​ណាស់ ហើយ​ខ្ញុំ​នៅតែ​មក។ ខ្ញុំ​ឃើញ​ប៉ូលិស​គេ​នៅមុខ​ផ្ទះ ហើយ​ខ្ញុំ​ដើរចូល​ទៅ​ក្នុង​ផ្ទះ​ទៅ។ ខ្ញុំ​មិនដែល​សួរនាំ អ្វី​គេ​ទេ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ពួកគេ គឺ​ពួកគេ​តាមដាន​សកម្មភាព​របស់​ខ្ញុំ ព្រោះ​គេ​ខ្លាច​ខ្ញុំ​ទៅ​មូលដ្ឋាន​! បាទ​.... ប៉ូលិស​ហ្នឹង គឺ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​កំពង់​រទេះ បាទ!»

លោក ថៃ ធ​ម អះអាង​ថា មន្ត្រី​គណបក្សប្រឆាំង​ម្នាក់ទៀត គឺជា​គ្រូបង្រៀន ឈ្មោះ រស់ គឹមសៀង ជា​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ ក៏​រង​ការ​ឃ្លាំមើល​សកម្មភាព​រាល់​ពេល ដូច​លោក​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង ក្រៅ​ពី​នេះ ដូចជា មេឃុំ​ជាប់ឆ្នោត នៅ​ឃុំ​ក្លែង ស្រុក​សណ្ដាន់ លោក ព្រំ វុធ សមាជិក​ក្រុមប្រឹក្សាឃុំ​បារាយណ៍ ស្រុក​បារាយណ៍ លោក ស៊ុន ប៊ុនថុន ជំទប់​ទី​២ ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក លោក ថេង ធីម ជាដើម ត្រូវ​បាន​ប៉ូលិស​កោះហៅ​ទៅ​សួរនាំ ដោយសារតែ​សកម្មភាព​ជួបជុំគ្នា នៅ​តាម​មូលដ្ឋាន។

នាយ​ប៉ុស្តិ៍​នគរបាល​​រដ្ឋបាល​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន លោក សេង ចាន់ភក្ដី បដិសេធ ការ​ចោទប្រកាន់​នេះ​។ នាយ​ប៉ុស្តិ៍ លោក សេង ចាន់ភក្ដី ប្រាប់​អាស៊ីសេរី​ថា គ្មាន​សមត្ថកិច្ច​សង្កាត់​កំពង់​រទេះ​ណា​ម្នាក់ តាមដាន ឬ​ឃ្លាំមើល​មន្ត្រី​បក្ស​ប្រឆាំង​ទេ៖ «ទេ​! បង ដូច​អត់​ដែល​ទេ ខ្ញុំ​អត់​ដែល​ធ្វើ​ទេ មាន​អ្វី​ទៅ​ឃ្លាំចាំ​បង​។ អត់​ដឹង​រឿង​អ្វី​ផង​។ ខ្ញុំ​ចុះ​ធ្វើការ​ងារ​តាម​ភូមិ ជាប្រចាំ រាល់ពេល អត់​ដែល​អ្វី​ទេ អត់​ដឹង​រឿង​អ្វី​ទេ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា ប្រាប់​ថា ខាង​ការិយាល័យ​អាដហុក (Adhoc) នៅ​ខេត្ត​កំពង់ធំ ក៏​មិន​ទាន់​បាន​ទទួល​ពាក្យ​ប្ដឹង​ពី​ខាង​សាមីខ្លួន​ដែរ។ ប៉ុន្តែ​សង្គម​ស៊ីវិល​រូប​នេះ អះអាង​ថា ប្រសិនបើ​មាន​ករណី​បែប​នេះ កើតឡើង​មែន​ជា​ការ​រំលោភ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​សេរីភាព​នៃ​ការ​ដើរ​ហើរ សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​ណាស់៖ «កម្ពុជា ជា​ប្រទេស​មួយ ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ហើយ មិនមែន​ប្រទេស​កុំមុយនិស​ទេ។ អ៊ីចឹង​ទេ វា​អត់​មាន​អ្វី​ចាំបាច់ ទៅតាម​ដាន ទៅ​ឃ្លាំមើល​សកម្មភាព គ្រប់​នូវ​អំពើ​របស់​ប្រជាពលរដ្ឋ ប្រកបមុខរបរ​រក​ស៊ី ដើរហើរ ឬ​ធ្វើការ​អ្វី​ផ្សេង​ទេ​។ វា​អត់​ត្រូវ​ចាំបាច់​អ្វី មក​តាមដាន ឃ្លាំមើល​ពួកគាត់​ទេ»

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្ដេជ្ញា​ថា បើ​ទោះ​ជា រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​ណា ក៏​នៅតែ​បន្ត​សកម្មភាព​ចុះ ជួប​សកម្មជន​បក្ស​ប្រឆាំង នៅ​តាម​មូលដ្ឋាន និង​បន្ត​ការងារ​របស់​លោក​ដដែល ព្រោះ​អ្វី​ដែល​លោក​ធ្វើ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ប្រកាស​ដាក់​ជីវិត​ធ្វើ​ជា​ដើម​ទុន ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​លោក ហ៊ុន សែន ឲ្យ​បាន​ក្នុង​ឆ្នាំ​២០១៩

$
0
0

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សម្រេច​ដាក់​ជីវិត​របស់​លោក ធ្វើ​ដើម​ទុន ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន និង​ដោយ​សន្តិវិធី​ នៅ​ប្រទេស​កម្ពុជា ឲ្យ​ខាន​តែ​បាន​ក្នុង​ឆ្នាំ២០១៩។ ចំណែក​អ្នកវិភាគ​យល់​ថា បើសិនជា​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​បែប​នេះ​ទៅ​ហើយ ដើម្បី​បុព្វ​ហេតុ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មែន មេ​បក្ស​ប្រឆាំង​រូប​នេះ គួរ​ប្រញាប់​វិល​ចូល​ស្រុក​វិញ កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ ព្រោះ​មិន​គួរ​បណ្ដោយឲ្យ​លោក ហ៊ុន សែន កេង​ចំណេញ​ពេលវេលា​កាន់អំណាច​តទៅ​ទៀត​នោះ​ឡើយ។

ប្រធាន​ស្ដីទី​គណបក្ស​ សង្រ្គោះ​ជាតិ លោក សម រង្ស៊ី លើកឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​ពេល​បច្ចុប្បន្ន​នេះ ជា​ពេល​អំណោយ​ផល​សម្រាប់​ប្រទេស​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​កន្លង​មក​នេះ។ លោក សម រង្ស៊ី​ បញ្ជាក់​ថា លោក​នឹង​វិល​ចូល​ស្រុក​ខ្មែរ នៅ​ឆ្នាំ២០១៩ មិន​មាន​ជា​រឿង​ប្រថុយ​ប្រថាន​នោះ​ឡើយ ប៉ុន្តែ​ជា​ដំណើរ​វិល​ចូល​មាតុភូមិ​វិញ ប្រកប​ដោយ​ផែនការណ៍​ជាក់លាក់ ធ្វើ​យ៉ាងណា​សង្គ្រោះ​ប្រទេស​កម្ពុជា​ឲ្យ​ទាន់​ពេល​វេលា ចេញ​ពី​របប​ផ្ដាច់ការ​លោក ហ៊ុន សែន ដែល​បំផ្លាញ​ជាតិ និង​ក្បត់​ជាតិ។ ការ​ប្រកាស​ជំហរ​រហូត​ឈាន​ដល់​ដាក់​អាយុ​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក សម រង្ស៊ី បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​ជុំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា៖«មិន​មែន​ពាក់​កណ្ដាល​នគរ​ទេ បងប្អូន ជាង​ពាក់​កណ្ដាល​នគរ​ឆ្ងាយ​ណាស់ រង់ចាំ​ការ​​ប្រកាស​សារ ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដោយ​សន្តិ​វិធី​តាម​បែប​បទ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា។ ការ​ផ្លាស់​ប្ដូរ​នេះ គឺ​មកដល់​ឆ្នាំ២០១៩​ នេះ។ ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត បើ​ខ្ញុំ​ហ៊ាន​ដាក់​ជីវិត​ហើយ គឺ​ធ្វើ​ឲ្យ​ទាល់តែ​បាន ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ»

ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​នៃ​របប​លោក ហ៊ុន សែន លោក សុខ ឥសាន សរសេរ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម ជុំវិញ​ដំណើរ​វិល​ចូល​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា​ បើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​កម្ពុជា​មែន អាច​នឹង​មាន​ជន​បាត​ទី​៣ លួច​បន្លំ​​បាញ់សម្លាប់ ហើយ​ទម្លាក់​កំហុស​មក​លើ​របប​ក្រុង​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ លោក​ប្រៀបធៀប​​រឿង​​ដែល​​នឹង​​អាច​​កើត​ឡើង​​​ចំពោះ​​អតីត​​មេ​​បក្ស​​ប្រឆាំង ​នៅ​​ពេល​លោក​ត្រលប់​ចូល​កម្ពុជា​វិញ ទៅ​នឹង​ស្វា​ស៊ី​បាយ​ហើយ យក​មក​លាប​មាត់​ពពែ។ ទោះបីជា​យ៉ាង​ណា​នេះ​ក្ដី លោក សុខ ឥសាន សរសេរ​បញ្ជាក់​ថា បើ​វិល​ចូល​ប្រាកដ​មែន លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់​ខ្លួន​តាម​សាលក្រម​របស់​តុលាការ​ប៉ុណ្ណោះ។

ចំណែក អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ បញ្ចេញ​ទស្សនៈ​ថា ការ​ប្រកាស​​របស់​​លោក​ សម រង្ស៊ី​ នៅ​​ពេល​​នេះ គ្រាន់​តែ​​ជា​​ការ​​ស្ទាបស្ទង់​សន្ទុះ​គាំទ្រ​លោក នៅ​​ក្នុង​ និង​​ក្រៅ​​ប្រទេស​ ហើយ​​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សហគមន៍​អន្តរជាតិ​​ថា តើ​អាច​ឡើង​​ដល់​​កម្រិត​​ណា។ លោក គឹម សុខ យល់​ថា បើសិនជា​មេ​បក្ស​ប្រឆាំង​​ដែល​​កំពុង​​និរទេស​​​ខ្លួន​​​នៅ​​​ក្រៅ​​​ប្រទេស មាន​​​ផែនការ​​​ច្បាស់​លាស់ ក្នុង​​កាលៈទេសៈ​​អំណោយ​​ផល​​បែប​​នេះ ហើយ​​ហ៊ាន​​ដាក់​​អាយុ​​ជីវិត​​ផ្ទាល់​​ខ្លួន ដើម្បី​ឲ្យ​មាន​​​ការ​​​ផ្លាស់​​ប្ដូរ​​នៅ​​ប្រទេស​​កម្ពុជា ​លោក សម រង្ស៊ី​ គួរ​ប្រញាប់​ចូល​ប្រទេស​កម្ពុជា ដើម្បី​កុំ​ឲ្យ​របប​លោក ហ៊ុន សែន​ កេង​ចំណេញ​ពេល​វេលា​កាន់​អំណាច​បាន​ត​ទៀត។ អ្នក​វិភាគ​រូប​នេះ ជឿ​ជាក់ ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី​ នឹង​មានការ​ចូល​រួម​​​ច្រើន​កុះករ​ពី​មហាជន​ខ្មែរ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ពិត​ប្រាកដ​នៅ​កម្ពុជា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៖ «ខ្ញុំ​យល់​ឃើញ​ថា​ការ​ប្រកាស​បែប​នេះ គឺ​ជា​ការ​គួរ​ឲ្យ​អបអរសាទរ ប៉ុន្តែ​បើ​ហ៊ាន​ដាក់​ជីវិត​ទៅ​ហើយ មិន​គួរ​ពន្យារពេល​ឲ្យ​យឺត​ពេក​ទេ ចូល​​​ក្នុង​​​ប្រទស​​នៅ​​ចុង​​ខែ​​នេះ ឬ​​ដើម​​ខែ​​ក្រោយ ដើម្បី​កុំ​ស្ថានការណ៍​វិវត្ត​ទៅ​ជា​ការ​ចូល​ស្រុក​របស់​គាត់ វា​គ្រាន់តែ​ជា​ការប្រកាស​ចាំ​តែ​ពិនិត្យ​ស្ថានការណ៍​ដែល​វិវត្ដ​ក្នុង​ប្រទេស​កម្ពុជា​សិន ក៏​ពិនិត្យ​ស្ថានការណ៍​នៃ​ដំណើរ​របស់​សហគមន៍​អន្តរជាតិ​ដែល​នឹង​​អាច​​ដាក់​​សម្ពាធ​​លើ​ក្រុម​លោក ហ៊ុន សែន នៅ​ពេល​ខាង​មុខ»

លោក​ សម រង្ស៊ី ក៏​បាន​អំពាវនាវ​ទៅ​កាន់​កង​កម្លាំង​ប្រដាប់​អាវុធ​កុំ​ឲ្យ​ស្ដាប់​តាម​ការ​បញ្ជា​របស់​ជន​ផ្ដាច់ការ​លោក ហ៊ុន សែន​ ដែល​ការ​អំពាវនាវ​នេះ ទទួល​បាន​មក​វិញ​នូវ​ប្រតិកម្ម​តប​ពី​សំណាក់​ជួរ​ទ័ព​នៃ​របប​ក្រុង​ភ្នំពេញ ដោយ​ព្រមាន​កម្ចាត់​​មេ​បក្ស​ប្រឆាំង​ប្រសិន​បើ​ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន​នោះ។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់ថា ការ​ប្រកាស​វិញ​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី ហើយ​បែរ​ជា​បន្ត​នៅ​ក្រៅ​ស្រុក តាម​ការវិវឌ្ឍន៍​ស្ថានការណ៍​​ពី​មួយ​ពេល​ទៅ​មួយ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ បាត់​ជំនឿ​លើ​សំដី​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ។ លោក គឹម សុខ​ ថា នេះ​អាច​ជា​ចំណុច​មួយ​ដែល​ឲ្យ​ប្រព័ន្ធ​ផ្សាយ​របស់​លោក ហ៊ុន សែន លើកឡើង​ដើម្បី​វាយប្រហារ​បំបាក់​ទឹក​ចិត្ត​អ្នក​ស្នេហាជាតិ។ ទោះបី​ជា​យ៉ាង​ណា កាល​កំណត់​ថ្ងៃ​វិល​ចូល​ស្រុក​ខ្មែរ​របស់​លោក​ សម រង្ស៊ី នៅ​មិន​ទាន់​លេច​ចេញ​ច្បាស់​នៅ​ឡើយ​ ដោយ​ត្រឹម​តែ កំណត់​ពេល​ណា​មួយ ក្នុង​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ ត្រៀម​ថវិកា ៣០ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា

$
0
0

អនុប្រធាន​គណបក្ស​ប្រឆាំង ប្រកាស​ត្រៀម​ថវិកា​ចំនួន ៣០ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ចូល​កម្ពុជា។ អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​អះអាង​ថា លោក សម រង្ស៊ី គ្មាន​​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ទេ ព្រោះ​ការ​ប្រកាស​​វិល​ចូល​ស្រុក​ គ្រាន់​ជា​ល្បិចកល​នយោបាយ​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​ធ្លាប់​ធ្វើ​ ដូច​កាល​ពី​ពេល​កន្លងមក​តែ​ប៉ុណ្ណោះ។ អ្នក​វិភាគ​យល់​ថា ទោះ​លោក សម រង្ស៊ី វិល​ចូល ឬ​មិន​ចូល​កម្ពុជា​វិញ តែ​នេះ​ជា​ជំហាន​វិជ្ជមាន​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ។

អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ ធនធាន និង​ផែនការ​ច្បាស់លាស់​ហើយ សម្រាប់​គម្រោង​វិល​ចូល​ប្រទេស​​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង។ លោក អេង ឆៃអ៊ាង ថា សកម្មជន​គណបក្ស​ប្រឆាំង ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អង្គ​ទូត​ជា​មិត្ត​ តំណាង​សារព័ត៌មាន​ធំៗ ស្ថាប័ន​អង្គការ​សិទ្ធិ​មនុស្ស​នានា នឹង​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ។ លោក​ថា បើ​​សិន​លោក សម រង្សី ចូល​តាម​ផ្លូវ​គោក គណបក្ស​ប្រឆាំង​នឹង​រៀប​ចំ​បន្ថែម​​កម្មករ​រាប់​ម៉ឺន​នាក់ ពី​ប្រទេស​ថៃ បន្ថែម​ទៀត ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក។ ចំណែក​អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​ណា ដែល​មិន​ហ៊ាន​អម​ដំណើរ​​ទៅ​កម្ពុជា ជាមួយ​លោក សម រង្ស៊ី អាច​រួម​ចំណែក​ហិរញ្ញវត្ថុ​​ នៅ​ពី​ក្រោយ៖ «ដើម្បី​ឈ្នះ​ ឥឡូវ​នេះ យើង​យល់​ថា ឲ្យ​លោក​ សម រង្ស៊ី ចូល​ទៅ គឺ​ចូល​ទៅ​ឈ្នះ​តែ​ម្ដង បើ​ចូល​ទៅ​ចាញ់ ចប់។ អា​ហ្នឹង ជា​ចំណុច​សំខាន់ ដែល​យើង​ត្រូវ​គិត​ទាំងអស់​គ្នា។ អ៊ីចឹង​ ដើម្បី​ចូល​ទៅ​ឈ្នះ គឺ​មាន​ការ​រៀបចំ​ច្បាស់​លាស់​ណាស់។ អ៊ីចឹង​ហើយ បាន​ខ្ញុំ​សុំ​ឲ្យ​បងប្អូន កុំ​ដាក់​សំណួរ​តទៅ​ទៀត​ ថា តើ​ពេលណា ថ្ងៃ​ណា ខែ​ណា លោក សម រង្ស៊ី ចូល​ទៅ។ ខ្ញុំ​សូម​ឆ្លើយ​សំណួរ​ថា ពេល​ណា​ ដែល​មាន​ការ​រៀបចំ​ច្បាស់លាស់​ហើយ ពេលនោះ លោក សម រង្ស៊ី​ ចូល​ទៅ​ហើយ»

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ មករា។ ការ​ប្រកាស​របស់​លោក អេង ឆៃអ៊ាង ​ស្រប​ពេល មេ​យោធា​ និង​ក្រុម​មនុស្ស​ជំនិត​ របស់​លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ កំពុង​​​ព្រមាន​កម្ទេច​ លោក សម រង្ស៊ី បើ​ហ៊ាន​វិល​ចូល​កម្ពុជា​ពិត​មែន។

អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា លោក សម រង្ស៊ី​ មិន​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ទេ ព្រោះ​ការ​ប្រកាស​បែប​នេះ ជា​ល្បិចកល​នយោបាយ​ ដែល​ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លងទៅ ដើម្បី​រក្សា​កម្លាំង​ និង​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស ឱ្យ​នៅ​រក្សា​ក្ដី​​សង្ឃឹម ​ចំពោះ​ លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ៖ «សម រង្ស៊ី គឺ​អស់​ក្រឡា​ហើយ បើ​គាត់​មិន​សម្រេចចិត្ត​អ៊ីចឹង ហើយ​គាត់​មិន​ចូល​ចប់។ គាត់​អាច​គិត​ឃើញ​អ៊ីចឹង អន្តរជាតិ​ក៏​ចប់ ផ្ទៃក្នុង​ក៏​ចប់ ក្នុង​ពេល​ដែល​គាត់​ធ្វើតេស្ត ប្រជុំ​នៅ​អាមេរិក។ ប្រជុំ​ហើយ គាត់​ផ្សាយ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នៅ​ខាងក្នុង។ ដល់​អ៊ីចឹង អន្តរជាតិ​ក៏​អស់ ខាងក្នុង​ក៏​អស់ ពេល​ហ្នឹង​បើ​ខ្លួន​មិន​ធ្វើ​សកម្មភាព​ទេ អស់​ហើយ អាច​នឹង​នឹកឃើញ​ច្រក​ហ្នឹង។ អ៊ីចឹង បាន​ប្រថុយប្រថាន​ថា​មក»

លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន បាន​ភ្នាល់​គ្នា ថា បើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​បាន​ដោះលែង ​មុន​ដើម ​ខែ​មីនា​ទេ លោក សម រង្ស៊ី សុខចិត្ត​​វិល​ចូល​កម្ពុជា​ឲ្យ​​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន តែ​បើ​ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​មុន​ពេល​កំណត់​គ្នា លោក ហ៊ុន សែន ព្រម​ចុះ​ចេញ​ពី​តំណែង។

អ្នក​វិភាគ​នយោបាយ លោក ហង្ស វិទូ ជឿ​ច្រើន​ភាគរយ​ថា លោក សម រង្ស៊ី នឹង​វិល​​ចូល​កម្ពុជា​វិញ ព្រោះ​មិន​អាច​ភ្នាល់​ឈ្នះ លោក ហ៊ុន សែន​ទេ។ តែ​យ៉ាង​ណា អ្នកវិភាគ​រូប​នេះ យល់​ថា ទោះ​ លោក សម រង្ស៊ី ចូល​ឲ្យ​ចាប់​ខ្លួន ឬ​មិន​ចូល​ នៅ​តែ​ជា​សញ្ញា​វិជ្ជមាន សម្រាប់​គណបក្ស​ប្រឆាំង ព្រោះ​​ការ​វិវត្តន៍​នេះ ជា​ការ​បោះ​ជំហាន​បន្ថែម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​មុខ​ ស្រប​ពេល​របប​ក្រុង​ភ្នំពេញ កំពុង​ផុង​ខ្លួន​ជ្រៅ ក្នុង​ការ​ប្រឈម​មុខ​ ជាមួយ​សហគមន៍​​អន្តរជាតិ៖ «បើ​ទោះ​មែន ឬ​ក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ ក៏​ខ្ញុំ​គិត​ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាត់​ដើរ មួយ​ជំហាន​ណា។ ទោះបី​​ការ​ប្រកាស​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ន័យ ស្វែង​រក​ការ​គាំទ្រ ដើម្បី​បង្រួបបង្រួម​បក្ស​វិញ ឬ​ក៏ ចង់​ចូល​ស្រុក​វិញ ដើម្បី​លះបង់​ធ្វើ​អ្វី​មួយ ក៏​ខ្ញុំ​គិត​ថា ជា​ការ​ឈាន​មួយ​ជំហាន ដែល​វិជ្ជមាន​ ហើយ​ល្អជា​ការ​នៅ​ដដែល ដោយ​មិន​បាន​ឈាន​អ្វី​មួយ​ជំហាន ដែល​វា​ធ្វើ​ឲ្យ​អត់​មាន​ការ​ប្រែប្រួល ហើយ​អ្នក​ដែល​ចាំ អ្នក​ដែល​គាំទ្រ ហ្នឹង បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​ផ្ដើម​ធ្វើ​ចលនា​តែ​មួយ​ទេ ខ្ញុំ​ជឿជាក់​ថា យូរៗ​ ទៅ​នឹង​សាប​ទៅៗ។ អ៊ីចឹង ជំហាន​ដែល​លោក សម រង្ស៊ី គាត់​ដើរ​នេះ ខ្ញុំ​គិត​ថា អាច​ល្អ​ច្រើន​ជាង​មុន​ ទោះ​ក្នុង​​មួយ​ជំហាន​ណាមួយ​ក៏ដោយ ឲ្យ​តែ​គាត់​ឈាន​ ខ្ញុំ​ជឿជាក់​ថា ល្អ​ជាង​មុន»

បើ​ទោះ​បែប​ណា លោក ហង្ស វិទូ ផ្ដល់​យោបល់​ថា ប្រសិន​បើ​លោក សម រង្ស៊ី​ មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់ ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​ទេ និង​​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​ភាគី​ខ្មែរ និង​ខ្មែរ លោក សម រង្ស៊ី គួរ​បន្ត​ពង្រឹង​នយោបាយ​ការទូត​ឲ្យ​ខ្លាំង​ថែម​ទៀត ស្នើ​សុំ​ព្រះមហាក្សត្រ​​ព្រះរាជ​អន្តរាគមន៍​ និង​ធ្វើ​សម្បទាន ឲ្យ​គ្នា​​​ទៅវិញ​ទៅ​មក ជាមួយ​ លោក ហ៊ុន សែន ជាជាង​ការ​វាយ​ស្មៅ​បង្អើល​ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​តំបន់​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ខេត្ត​ប៉ៃលិន​ត្រៀម​ទៅ​ទទួល​លោក​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ដោយ​មិន​ខ្លាច​អាជ្ញាធរ​គំរាម​ចាប់​ខ្លួន

$
0
0

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តំបន់​អតីត​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ ក្នុង​ខេត្ត​ប៉ៃលិន​​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទៅ​អម​ដំណើរ​​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ឆាប់ៗ​ នេះ។ សកម្មជន​អះអាង​ថា​ បើ​ទោះ​បី​ជា​ថ្មី​ៗ​ក្រសួង​ការពារ​ជាតិ​របប​លោក​ ហ៊ុន សែន​បាន​ចេញ​សេចក្ដី​ប្រកាស​គំរាម​បង្ក្រាប​ពលរដ្ឋ​ដែល​គាំ​មេ​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​ក៏​ដោយ​​​ ក៏​ពួកគាត់​មិន​ខ្លាច​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ តំបន់​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​​នៅ​ខេត្ត​ប៉ៃលិន​ អ្នក​ស្រី វ៉ែន តារា ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ មករា​ថា​ អ្នក​ស្រី​និង​សកម្មជន​គណបក្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ បាន​​​ត្រៀម​បង្វេច​ខោអាវ​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ទៅ​ទទួល​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ អ្នក​ស្រី​អះអាង​ទៀត​ថា ពួកគាត់​រង់ចាំ​​តែ​សញ្ញា​ពី​ខាង​ក្រៅ​ប្រទេស​ប្រាប់​ទីតាំង​ច្បាស់​លាស់ ដែល​ប្រធាន​ស្ដី​ទី​គណបក្ស​ចូល​មក​កម្ពុជា ទោះ​បី​ចូល​តាម​ច្រក​ណា​ក៏​ពួកគាត់​ទៅ​ទទួល​ឲ្យ​ដល់​គោល​ដៅ​ដែរ ហើយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ថា មាន​តែ​លោក សម រង្ស៊ី ទេ ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​បាន៖ «ខ្ញុំ​កាត់​ចិត្ត​ថា ជីវិត​មួយ​ដូច​តែ​គ្នា​មិន​ដែល​ពី​ណា​អាយុ ៨០​ពីរ​ដង​ទេ កាល​មុន​តស៊ូ​គេ​ឲ្យ​ទៅ​វ៉ៃ​គ្នា​ផង ហើយ​នាំ​គ្នា​ទៅ​អត់​មាន​ប្រាក់​ខែ​ផង​សម័យ​ខ្មែរ​ក្រហម​ នៅ​តែ​ទៅ។ មក​ដល់​សម័យ​នេះ​យើង​តស៊ូ​ពាក្យ​សំដី ដើម្បី​ទាមទារ យើង​មិន​បាន​ទៅ​បាញ់​គ្នា​ឯណា ហើយ​ប្រទេស​ជិត​ខាង​គេ​នៅ​ទទួល​ស្គាល់​យើង ពេល​យើង​នៅ​មាន​ដី​បន្តិច​បន្តួច​ទេ តែ​ដី​យើង​គេ​យក​អស់​ហើយ គឺ​គេ​ធ្វើ​បាប​យើង​ហើយ។ ដូច្នេះ​សុំ​ឲ្យ​ជន​រួម​ជាតិ​យើង​ទាំង​អស់​ក្រោក​សង្គ្រោះ​ជាតិ​ឲ្យ​ទាន់​ពេល»

ចំណែក​អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា លោក​ក៏​ត្រៀម​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ដែរ ព្រោះ​ចង់​ចូល​រួម​ស្ដារ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «ខ្ញុំ​មិន​ខ្លាច​ទេ​ខ្ញុំ​គិត​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ស្មើ​នឹង​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ស្មើនឹង​អនាគត​​របស់​កម្ពុជា​ដែរ។ បើ​សិន​ជា​ប្រទេស​មិន​មាន​ប្រជាធិបតេយ្យ​ ខ្ញុំ​គិត​ថា​ ប្រទេស​ខ្មែរ​វា​អាច​ប្រឈម​នឹង​រលាយ​បាត់​ទឹក​ដី។ ដូច្នេះ​ហើយ​បាន​ចាំ​បាច់​ត្រូវ​រួបរួម​ជា​មួយ​អ្នក​ប្រជាធិបតេយ្យ​ដោយ​អហិង្សា»

កាល​ថ្ងៃ​ទី​២៦ មករា ក្រសួងការពារជាតិ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ប្រឆាំង​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី និង​ព្រមាន​បង្ក្រាប​ពលរដ្ឋ​ណា ដែល​គាំទ្រ​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី ដោយ​យក​លេស​ថា ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​កម្ពុជា។ រីឯ​មេ​ដឹក​នាំ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ មករា ក៏​បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ដីកា​ពី​តុលាការ​កំពូល​ឱ្យ​ចាប់ខ្លួន​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រួច​ហើយ និង​ដាក់​បញ្ជា​បន្ថែម​ឲ្យ​កងទ័ព​វាយ​កម្ទេច​ជន​ក្បត់​ជាតិ ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ ដែល​មេ​ដឹក​នាំ​របប​ឯក​បក្ស​រូប​នេះ សំដៅ​ដល់​លោក សម រង្ស៊ី។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រកាស​​ជា​ថ្មី ក្នុង​ហ្វេសប៊ុក​របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី​២៧​ មករា​ថា​ លោក​នឹង​វិល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​ទាល់​តែ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ ព្រោះ​​នេះ​ជា​ឱកាស​ចុង​ក្រោយ​របស់​លោក។ ដូច្នេះ លោក​មិន​បណ្ដោយ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ដោយ​គ្មាន​ប្រយោជន៍​នោះ​ទេ៖ «មិន​មែន​ពាក់កណ្ដាល​នគរ​ទេ​បងប្អូន​ គឺ​ជាង​ពាក់​កណ្ដាល​នគរ​ឆ្ងាយ​ណាស់​រង​ចាំ​យ៉ាង​អន្ទះសា​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ ដោយសន្តិវិធី​តាម​បែប​បទ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ការ​ផ្លាស់​ប្ដូរ​នឹង​មក​ដល់​ក្នុង​ឆ្នាំ​២០១៩​នេះ​។ខ្ញុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត​គឺ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឲ្យ​ទាល់​តែ​បាន​ក្នុង​ឆ្នាំ​នេះ»

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របប​ក្រុង​ភ្នំពេញ​ លោក ស ខេង នៅ​តែ​យល់​ថា ការ​ប្រកាស​នេះ ជា​ល្បិចកល​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លងទៅ ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម។

ចំណែក​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់​ថា ទោះ​បី​ជា​លោក សម រង្ស៊ី ប្រកាស​ហើយ បែរ​ជា​មិន​វិល​ចូល​កម្ពុជា​វិញ​ក្ដី ក៏​នយោបាយ​របស់​លោក សម រង្ស៊ី មិន​អស់​ផ្លូវ​ដើរ ដូច​ការ​លើកឡើង​របស់​លោក ស ខេង នោះ​ទេ ពីព្រោះ​កម្លាំង​នយោបាយ​របស់​បក្ស​ប្រឆាំង​បច្ចុប្បន្ន គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ លោក សម រង្ស៊ី និង​លោក កឹម សុខា។ លោក គឹម សុខ បន្ថែម​ទៀត​ថា លោក ស ខេង ហាក់​ទទួលស្គាល់​ឥទ្ធិពល​របស់​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ដែល​អាច​ជា​ចរន្ត​មួយ បង្ក​ឱ្យ​ការ​រង្គោះរង្គើ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន៖ «បើ​សិន​ជា​គាត់​មិន​ចូល វា​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ការ​ដែល​លោក ហ៊ុន សែន មាន​ប្រៀប​គ្រប់គ្រង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​បើ​គាត់​ចូល​នោះ ស្ថានការណ៍​វា​នឹង​ប្រែប្រួល។ បើ​គាត់​ចូល ប្រជារាស្ត្រ​ជា​ម្ចាស់​អំណាច​នឹង​ចូលរួម​ជា​មួយ​គាត់ ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ខុសច្បាប់​របស់​លោក ហ៊ុន សែន នោះ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដំណើរ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ផ្លាស់​ប្ដូរ​លឿន ឬ​ក៏​ឆាប់​ជាង​ការ​រំពឹង​ទុក ក្នុង​ករណី​ដែល​លោក សម រង្ស៊ី មិន​ចូល»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​ អ្នក​ស្រី វ៉ែន តារា​ អះអាង​ថា ពួកគាត់​នៅ​តំបន់​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ ព្រោះ​របប​ដឹក​នាំ​បច្ចុប្បន្ន​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពលរដ្ឋ​ ជា​ពិសេស​កសិករ​ក្រីក្រ​លំបាក​វេទនា ដោយ​ជំពាក់​​ប្រាក់​ធនាគារ​គ្រប់​ទីកន្លែង ព្រោះ​គ្មាន​ទីផ្សារ​លក់​កសិករ​ រីឯ​អាជ្ញាធរ​វិញ​ធ្វើ​មិន​ដឹង​មិន​ឮ ដោយ​​បាន​ឃុបឃិត​ជា​មួយ​ក្រុម​មហាសេដ្ឋី​គំរាមកំហែង​មក​លើ​ពលរដ្ឋ​ខ្លួនឯង​ ដូច​ជា​ករណី​ការ​បាញ់​បង្ក្រាប​មក​លើ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ពលរដ្ឋ​រង​របួស​ចំនួន ២នាក់ និង​ចាប់ខ្លួន​​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ អ្នក​ស្រី​បន្ត​ថា បញ្ហា​ទាំង​នេះ​ហើយ ដែល​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្រី​ និង​គាំទ្រ​គណបក្ស​ប្រឆាំង​ក្នុង​ខេត្ត​នេះ​ឲ្យ​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​ជា​មួយ​លោក សម រង្ស៊ី ដោយ​មិន​ខ្លាច​ស្លាប់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន មេត្រីភាព ឡើង​​មក​​ភ្នំពេញ ដាក់​​ញត្តិ​​សុំ​​​ឲ្យ​ដោះ​លែង​​ពលរដ្ឋ​​កំពុង​​ជាប់​ឃុំ ១៣​នាក់​​

$
0
0

ក្រុម​ពលរដ្ឋ​​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ មេត្រី​ភាព នាំគ្នា​ឡើង​មក​​ភ្នំពេញ​ ដេក​ចាំ​ដាក់​ញត្តិ​​ជូន​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​រដ្ឋមន្ត្រី​​ក្រសួង​ដែន​ដី ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ជាង ​២០​នាក់​ និង​ទាមទារ​ឲ្យ​​ដោះ​លែង​ពលរដ្ឋ​ ១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។​​​​​

អ្នក​ភូមិ​​​ប្រាប់​ថា ​ពេល​នេះ ពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​ឡើង​មក​ដល់​រាជធានី​ភ្នំពេញ​ ហើយ​ប៉ុន្តែ​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ ដោយសារ​​វត្ត​នានា ក្នុង​ក្រុង​ភ្នំពេញ មិន​ហ៊ាន​ទទួល​ឲ្យ​ស្នាក់​នៅ ឬ​ទាល់​តែ​ទៅ​សុំ​អនុញ្ញាត​ពី​ក្រសួង​ដែនដី​​ជាមុន​សិន។

តំណាង​ពលរដ្ឋ​ម្នាក់ មក​ពី​​ខេត្ត​ឧត្តរ​មាន​ជ័យ លោក ឡយ លីហួរ ឲ្យ​ដឹង​ថា ​ការ​ប្រមូល​ផ្ដុំ​គ្នា ឡើង​មក​ភ្នំពេញ គឺ​ដោយសារ​ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កងទាហាន និង​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន ​៧នាក់ ជា​បន្ត​បន្ទាប់ បញ្ជូន​ទៅ​តុលាការ។ លោក​ថា មក​ដល់​ពេល​នេះ ពលរដ្ឋ​ខ្លះ​កំពុង​លាក់​ខ្លួន មិន​ហ៊ាន​ចេញ​ដើរ​ហើរ​ខាង​ក្រៅ​នៅ​ឡើយ​ទេ៖ «សូម​មេត្តា​ចាក់​ផ្សាយ​ដំណឹង​នេះ ឲ្យ​បាន​ឮ​ដល់​សម្ដេច​​ផង ហើយ​ក៏​សូម​ស្នើសុំ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី​ មេត្តា​យោគយល់ អាណិត អន្តរាគមន៍​ឲ្យ​ពួក​ខ្ញុំ បាន​ទៅ​រស់​នៅ​ស្រុក​​ ដែល​ពួក​ខ្ញុំ​រស់​នៅ​ផង និង​សូម​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​ខ្ញុំ​ផង។ សូម​ឲ្យ​លើក (លែង) ការ​ចោទ​ប្រកាន់​លើ​ពួក​ខ្ញុំ​ទាំង ២៥នាក់ ហើយ​និង​សុំ​ឲ្យ​ជួយ​ដោះ​លែង​ប្រជាពលរដ្ឋ​ទាំង ១៣​នាក់ ដែល​គេ​បាន​ចាប់​ទៅ​ផង»

កង​អន្តរាគមន៍​វីរ​យោធា​លេខ​២៦១ ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ ឬ​គេ​​និយម​ហៅ​ថា ក្រុម​​​កងកម្លាំង​ទាហាន​កងពល​លេខ៦ កាល​ពី​ថ្ងៃ​ទី​១៩ មករា បាន​​ឈូស​កម្ទេច​ផល​ដំណាំ ដុត​ផ្ទះ​ពលរដ្ឋ​លើ​ដី​មាន​ជម្លោះ​ជាច្រើន​ខ្នង និង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​​ម្នាក់ ឈ្មោះ ឈិន រ៉ន ហើយ​នៅ​ថ្ងៃ​ទី​២០ មករា​ ចាប់​ខ្លួន​​២​នាក់​ទៀត ឈ្មោះ គង់ ម៉ឺន និង​ ឈ្មោះ​ម៉ឺន មាស។

នៅ​ថ្ងៃ​ទី​២៦ មករា កងកម្លាំង ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​៣នាក់​បន្ថែម​ទៀត ឈ្មោះ ភាព ភ័ណ្ឌ អាយុ​២០​ឆ្នាំ ឈ្មោះ រឿង ធី អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត ​មិន​ស្គាល់​ឈ្មោះ តែ​ពលរដ្ឋ​ ​ដឹង​ត្រឹម​ថា ជា​កូន​ប្រុស​របស់​តា​ទ្រី ដែល​ជា​អ្នក​ភូមិ​រស់នៅ​លើ​ដី​មាន​ជម្លោះ​ជាមួយ​គ្នា។ លោក ឡយ លីហួរ ប្រាប់​ថា នៅ​មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន ពលរដ្ឋ​៧​នាក់​នេះ អាជ្ញាធរ​ធ្លាប់​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ពី​មុន​មក​ចំនួន​៦​នាក់​ ដូច្នេះ​សរុប​ពលរដ្ឋ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្នុង​ករណី​ដី​ទំនាស់​នេះ មាន​ចំនួន​១៣​នាក់ ខណៈ​ពលរដ្ឋ​ចំនួន​២៥​នាក់​ផ្សេង​ទៀត កំពុង​ជាប់​បណ្ដឹង។

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ខាង​ភាគី​ក្រុម​ហ៊ុន​ឯកជន​ឈ្មោះ ​មេត្រី​ភាព និង​មេបញ្ជាការ​កង​ពល​លេខ​៦ ដែល​ពលរដ្ឋ​អះអាង​ថា បាន​ចេញ​មុខ​អន្តរាគមន៍​ចាប់​ពលរដ្ឋ​ កន្លង​មក​នោះ​ទេ។ ប៉ុន្តែ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​អាស៊ី​សេរី​​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ ​ដោយសារ ​ជាប់​ពាក់ព័ន្ធ​បទល្មើស​បរិស្ថាន៖ «យល់​ថា គួរ​ចុះ​មក​មើល​ស្ថានភាព​ជាក់ស្ដែង ថា​តើ​ប្រព្រឹត្តិ​បទ​ល្មើស ឬ​មួយ​ក៏​អត់? ទាល់​តែ​ចុះ​មើល​ជាក់ស្ដែង​តែ​ម្ដង គឺ​កាប់​ដុត កាប់។ មិន​មែន​​ត្រឹម​តែ​កាប់​ទេ គឺ​រណា​យន្ត អារ​ ច្រៀក ​ដុត​បំផ្លាញ​ចោល​ហ្មង។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គាត់ (ពលរដ្ឋ​ចាប់​ខ្លួន​ទាំង ៧​នាក់) ប្រព្រឹត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ អ៊ីចឹង​ អប់រំ​គាត់ ស្រីៗ អត់មាន​ចាប់​ខ្លួន​ទេ។ អត់​មាន​ចាប់​ប្រជាពលរដ្ឋ​ទេ ស្ដាប់​ខ្ញុំ អត់​មាន​ស្ដាប់​ប្រជាពលរដ្ឋ​ទេ គឺ​ចាប់​ជន ដែល​ប្រព្រឹត្តិ​បទ​ល្មើស បំផ្លាញ​ធនធាន​បរិស្ថាន បំផ្លាញ​ហើយ បំផ្លាញ​ទៀត»

ពលរដ្ឋ​បដិសេធ​ចោល ការ​ចោទ​ប្រកាន់​នេះ។ លោក ឡយ លីហួរ រៀបរាប់​ថា ដី​មាន​ជម្លោះ​មាន​ទំហំ​៨ពាន់ ៥រយ ២៥ (៨ ៥២៥) ហិកតារ ស្ថិត​នៅ​​តំបន់​ព្រំ​ប្រទល់ ​ខេត្ត​ព្រះវិហារ ត្រង់​ស្រុក​ជាំ ក្សាន្ត និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ត​ឧត្តរ​មានជ័យ។ លោក រៀបរាប់​ថា ពលរដ្ឋ​ខ្លះ បាន​នាំគ្នា​ចូល​ទៅ​កាប់​រាន​ទន្ទ្រាន​ព្រៃ យក​ដី​រស់នៅ​ និង​ដើម្បី​ដាំដំណាំ បង្ក​បង្កើន ក្នុង​កំឡុង​ឆ្នាំ​២០១៣ ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា រារាំង​ឡើយ។ ប៉ុន្តែ​ស្រាប់​តែ​ឆ្នាំ​២០១៨ អាជ្ញាធរ​ និង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​មេត្រីភាព​បាន​ចោទ​ថា ដី​ព្រៃ​នោះ ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន​។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា ពលរដ្ឋ​នាំគ្នា​ឡើង​មក​ភ្នំពេញ ដោយសារ​ពួកគាត់ អស់​ជំនឿ​នឹង​អាជ្ញាធរ​មូលដ្ឋាន ដូច្នេះ ក្រោយ​ពេល​មន្ត្រី​ខុទ្ទកាល័យ និង​មន្ត្រី​ក្រសួង​ដែនដី ទទួល​ញត្តិ​របស់​ពលរដ្ឋ​ហើយ ត្រូវ​តែ​ចុះ​ទៅ​សិក្សា និង​ដោះស្រាយ​ជូន​ពលរដ្ឋ​ភ្លាមៗ ដើម្បី​​ចៀសវាង​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។ សង្គម​ស៊ីវិល​រក​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នេះ ក្រុមហ៊ុន​ទទួល​បាន​ការ​ជ្រោមជ្រែង​ ពី​កង​ពល​យោធា​លេខ​៦៖ «កងពលតូច​អន្តរាគមន៍​វរៈ (លេខ) ២៦១​នេះ គឺ​ឋិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ទេ។ ប៉ុន្តែ​ដោយសារ​ទាហាន​មួយ​ចំនួន គាត់​យក​តួនាទី​របស់​ពួក​គាត់ ដែល​ជា​អ្នក​បម្រើ​រាស្ត្រ ហើយ​គាត់​យក​ទៅ​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​​​ឯកជន​ផង។ វា​ទាក់​ទង នឹង​ផល​ប្រយោជន៍ បាន​គាត់​ទៅ​បម្រើ​ការងារ​ហ្នឹង អ៊ីចឹង​ហើយ បាន​គាត់ (ទាហាន​ខ្លះ នៅ​កងពល​​អន្តរាគមន៍​វរៈ ២៦១) កាង​ឲ្យ​ក្រុមហ៊ុន»

សង្គម​ស៊ីវិល​រូប​នេះ ផ្ដល់​យោបល់​ថា ក្នុង​កំឡុង​ពេល​សិក្សា​ដោះស្រាយ​ទំនាស់​ ក្រសួង​ដែនដី គួរ​ឲ្យ​ភាគី​ក្រុមហ៊ុន​ឯកជន ផ្អាក​សកម្មភាព​សិន បញ្ជា​ឲ្យ​កងពល​លេខ​៦ ដែល​ចូល​អន្តរាគមន៍​ជួយ​ក្រុម​ហ៊ុន បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​អមនុស្សធម៌​ ព្រោះ​ពលរដ្ឋ​កំពុង​ភ័យខ្លាច​ខ្លាំង និង​ត្រូវ​មាន​ការ​​ដោះលែង ពលរដ្ឋ​កំពុង​ជាប់​ពន្ធនាគារ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ មាន​អារម្មណ៍​ស្ងប់​ចិត្ត ក្នុង​ការ​ចរចា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អគ្គីភ័យ​ឆេះ​ផ្សារត្រី​ខូចខាត​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​នៅ​ក្រុង​ប៉ោយប៉ែត

$
0
0

អគ្គីភ័យ​ឆេះ​ផ្ទះ​លក់​ចាប​ហួយ​របស់​ប្រជាពលរដ្ឋ​នៅ​ផ្សារត្រី​​ក្នុង​ភូមិ​បាលិលេយ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ កាល​ពី​ម៉ោង ១រសៀល​ថ្ងៃ​ទី​២៩ មករា ហើយ​បណ្ដាល​ឲ្យ​ផ្ទះ ២ខ្នង​ខូច​ខាត​ទាំង​ស្រុង និង​ផ្ទះ ៥​ខ្នង​ទៀត ខូច​ប្រហែល ៦០​ភាគ​រយ។

អភិបាលក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ភ្លើង​ឆេះ​នេះ​បណ្ដាល​មក​ពី​ពលរដ្ឋ​ដុត​ធូប​ទុក​ចោល​នៅ​ក្នុង​ផ្ទះ ហើយ​ឆេះ​រាល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​ ដោយសារ​នៅ​តំបន់​នោះ​ ជា​ទីប្រជុំ​ជន​មាន​ផ្ទះ​ជាប់ៗ គ្នា​ច្រើន។ លោក​បន្ត​ថា លោក​បាន​ប្រមូល​រថយន្ត​ពន្លត់​អគ្គីភ័យ​ពី​ស្រុក​ជិត​ខាង​ផង និង​រថយន្ត​នៅ​ក្នុង​ក្រុង​នេះ​ផង សរុប​ជាង ១០គ្រឿង ហើយ​បាន​បញ្ជូន​ទៅ​បាញ់​ទឹក​ពន្លត់​ភ្លើង​ជាង​មួយ​ម៉ោង​ទើប​​ភ្លើង​រលត់​ទៅ​វិញ៖ «ភ្លើង​ឆេះ​អស់​តិច​ ដោយសារ​ឆេះ​នៅ​ពេល​ថ្ងៃ​ បើ​សិន​ជា​ឆេះ​នៅ​ពេល​យប់​​ ច្បាស់​ជា​ឆេះ​អស់​ច្រើន​ខ្នង​ជា​មិន​ខាន​ទេ ព្រោះ​នៅ​ទី​នោះ​ជា​ផ្សារ​លក់​ដូរ​​​ផ្លូវ​ពិបាក​ចេញ​ចូល​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រញាប់​​ទាក់ទង​ឡាន​ពន្លត់​អគ្គីភ័យ​មក​ជួយ​ភ្លាមៗ​ ព្រោះ​បើ​យឺត​ពេល​នឹង​មិន​អាច​ទប់​ស្កាត់​ស្ថានការណ៍​បាន​ទាន់​ពេល​ទេ»

គិត​ត្រឹម​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល​ អាជ្ញាធរ​កំពុង​បូក​សរុប​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ ដែល​ខូច​ខាត​មិន​ទាន់​ចប់​នៅ​ឡើយ ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​របួស​ស្រាល ដោយសារ​ចូល​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លើង៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ក្រុង​ភ្នំពេញ​ពន្យារពេល​ចាត់​ការ​បណ្ដឹង​ក្រុម​គ្រូបង្រៀន ដោយ​សារ​រឿង​មិន​ទាន់​បង់​លុយ​បណ្ដឹង

$
0
0

សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ពន្យារ​ពេល​ចាត់​ការ​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​ ដោយ​សារ​បញ្ហា​នីតិវិធី​នៃ​ការ​បង់​ប្រាក់​ពន្ធ​លើ​ពាក្យ​បណ្ដឹង។ ក្រុម​គ្រូ​បង្រៀន​សម្ដែង​ការ​ហួស​ចិត្ត​នឹង​រឿង​នេះ ដោយសារ​ពួក​គាត់​បាន​សួរ​ទៅ​ខាង​មន្ត្រី​តុលាការ​ដែល​ទទួល​ពាក្យ​បណ្ដឹង​ដែរ​ថា តើ​ពួក​គាត់​ត្រូវ​បង់​ប្រាក់​ដែរ​ឬ​ទេ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ឆ្លើយ​ថា មិន​ចាំបាច់​បង់​ប្រាក់​អ្វី​ឡើយ ស្រាប់​តែ​ពេល​នេះ​ឃើញ​មាន​ដីកា​បង្គាប់​ឱ្យ​បង់​ប្រាក់​ទៅវិញ។

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញ​ដីកា​បង្គាប់​ឱ្យ​ក្រុម​បង្រៀន​​បង់លុយ​ចំនួន​ ៥ម៉ឺន​ ៥ពាន់​​រៀល​​ជា​មុន​​សិន​ ទើប​សំណុំ​រឿង​នេះ​អាច​ដំណើរការ​បាន​។ ថវិកា​ជាង ៥ម៉ឺន​រៀល​នេះ គឺ​ជា​ពន្ធ​លើ​កម្មវត្ថុ​បណ្ដឹង ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​រដ្ឋប្បវេណី ហើយ​ចៅក្រម​បាន​ទុក​ពេល​ ២សប្ដាហ៍​ ឱ្យ​ក្រុម​គ្រូ​បង្រៀន​ ដើម្បី​បង់​ប្រាក់​ពន្ធ​នេះ។

ក្រុម​គ្រូបង្រៀន​ចំនួន​​ ១១នាក់ បាន​នាំគ្នា​ដាក់​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ មករា​កន្លង​ទៅ ជុំ​វិញ​ករណី​ក្រសួង​អប់រំ​លុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្រប​ខណ្ឌ​ ដោយ​ក្រសួង​​លើក​ហេតុ​ផល​ថា ពួក​គាត់​បោះបង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​គ្រូបង្រៀន​ដែល​ត្រូវ​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ លោក រ៉ុង ឈុន ​ ថ្លែង​ថា មន្ត្រី​តុលាការ​​ក្រុង​ភ្នំពេញ​គួរ​តែ​​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ច្បាស់​​ពី​នីតិវិធី​នៃ​ការ​ដាក់​បណ្ដឹង​នេះ។ លោក​អះអាង​ថា លោក​បាន​បញ្ជាក់​ជាមួយ​មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង​អំពី​ការ​បង់​ប្រាក់​នេះ​ដែរ​ ក៏​ប៉ុន្តែ​មន្ត្រី​​រូប​នោះ​បាន​ប្រាប់​លោក​វិញ​ថា មិន​តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​ឡើយ ដូច្នេះ​ទើប​លោក​មិន​បាន​បង់​ប្រាក់​នៅ​ពេល​ដាក់​បណ្ដឹង​នោះ៖ «អ្នក​ដែល​ទៅ​ដាក់​បណ្ដឹង​នៅ​ក្បែរ​ខ្ញុំ​ហ្នឹង ឃើញ​គាត់​បង់​លុយ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សួរ​មន្ត្រី​ដែល​ទទួល​ពាក្យ​បណ្ដឹង​ខ្ញុំ​ហ្នឹង សួរ​ថា​ខ្ញុំ​ត្រូវ​បង់​លុយ​ដែរ​ឬ​អត់? ហើយ​បើ​បង់ តើ​បង់​ប៉ុន្មាន? គាត់​បាន​ជម្រាប​មក​វិញ​ថា អត់​មាន​បង់​អ្វី​នោះ​ទេ លោក​គ្រូ​អាច​អញ្ជើញ​ទៅវិញ​បាន។ ដល់​ពេល​នេះ ទើប​តែ​បង្គាប់​ឱ្យ​ទៅ​បង់លុយ អា​ហ្នឹង​វា​ជា​ការ​ធ្វើ​ការងារ​ដោយ​មិន​ច្បាស់លាស់​ ហើយ​ការ​ណែនាំ​មន្ត្រី​ថ្នាក់​ក្រោម​បង្គាប់​ហ្នឹង អត់​មាន​ភាព​ជាក់លាក់។ គួរ​តែ​ធ្វើ​យ៉ាង​ម៉េច ឱ្យ​វា​ប្រាកដ​ប្រជា»

មេធាវី​សមាគម អាដហុក (ADHOC) លោក សំ ទិត្យ​សីហា ថ្លែង​ថា បណ្ដឹង​រដ្ឋប្បវេណី​តម្រូវ​ឱ្យ​មានការ​បង់​ប្រាក់​ពន្ធ​លើ​កម្មវត្ថុ​បណ្ដឹង ហើយ​ការ​បង់​ប្រាក់​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដាក់​បណ្ដឹង​ ដោយ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​ពី​មន្ត្រី​រដ្ឋបាល​តុលាការ​។ លោក​ថា ការ​ខក​ខាន​មិន​បាន​ប្រាប់​ពលរដ្ឋ​អំពី​នីតិវិធី​បែប​នេះ​ គឺ​ជា​កំហុស​របស់​មន្ត្រី​តុលាការ៖ «គាត់​ត្រូវ​ប្រាប់​អ្នក​ដើម​បណ្ដឹង​ថា ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ខ្លះ ឬ​បំពេញ​កាតព្វកិច្ច​អ្វី​ខ្លះ ដើម្បី​ឱ្យ​បណ្ដឹង​ហ្នឹង​វា​អាច​ទៅ​ជា​បណ្ដឹង​ដែល​អាច​យក​ជា​ផ្លូវ​ការ ហើយ​តុលាការ​មាន​ចំណាត់​ការ​ទៅលើ​ករណី​ហ្នឹង។ ហើយ​មួយ​ទៀត​ វា​ខាត​ពេលវេលា​ ព្រោះ​រឿង​រដ្ឋប្បវេណី​សំខាន់​ណាស់​ទាក់ទង​នឹង​ផល​ប្រយោជន៍​របស់​គូភាគី​នៅ​ក្នុង​ការ​ទាម​ទារ ដូច​ជា​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ហ្នឹង​ដែរ»

អាស៊ី​សេរី​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ក្រុង​ភ្នំពេញ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ មករា ចំណែក​អ្នក​នាំ​ពាក្យ​តុលាការ​តុលាការ​ក្រុង​ភ្នំពេញ​ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

លោក រ៉ុង ឈុន​ ថ្លែង​ថា លោក​នឹង​បង់​ប្រាក់​ពន្ធ​នេះ​ ដើម្បី​ឱ្យ​តុលាការ​ដំណើរ​ការ​រឿង​ក្ដី​របស់​លោ​ក និង​គ្រូបង្រៀន​ដទៃ​ទៀត ហើយ​លោក​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោក​ទាំង​អស់​គ្នា៖ «យើង​អត់​មាន​កំហុស​អ្វី ដូច្នេះ​បើ​តុលាការ​អនុវត្ត​តាម​វិជ្ជាជីវៈ​ដោយ​ពុំ​មាន​​ពាក់​ព័ន្ធ​នឹង​នយោបាយ ពេល​នោះ​យើង​នឹង​ទទួល​បាន​យុត្តិធម៌។ យើង​នឹង​ទទួល​បាន​ទៅ​តាម​អ្វី​ដែល​យើង​បាន​ទាមទារ»

ក្រុម​គ្រូ​បង្រៀន​បាន​ប្ដឹង​សុំ​ឱ្យ​តុលាការ​បដិសេធ​ចោល​នូវ​​ប្រកាស​ស្ដីពី​ការ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ ដែល​ក្រសួង​អប់រំ​បាន​ចេញ ​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨ កន្លងទៅ និង​បាន​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដល់​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ជូន​ពួក​គាត់​ឡើងវិញ។ ពួក​គាត់​អះអាង​ថា ចំណាត់​ការ​របស់​ក្រសួង​អប់រំ​នោះ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​នីតិវិធី​រដ្ឋបាល​ ដូច​ដែល​មាន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​នោះ​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​វិញ ដោយសារ​ពួក​គាត់​ជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់ និង​មាន​សក្ដានុពល​ សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រមុខ​ការទូត​របប​ក្រុង​ភ្នំពេញ​ប្រាប់​ឱ្យ​អង្គការ​បរទេស​គោរព​ច្បាប់​កម្ពុជា

$
0
0

ប្រមុខ​ការទូត​របប​ក្រុង​ភ្នំពេញ ប្រាប់​​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ឱ្យ​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ជា​ធរមាន​។ ការ​ណែនាំ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​រវាង​ភាគី​ក្រសួង​ការបរទេស​កម្ពុជា ​ជាមួយ​នឹង​​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ នៅ​ថ្ងៃ​ទីអង្គារ ទី ២៩ មករា។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​របស់​ក្រសួង​ការបរទេស​នេះ គឺ​ជា​កិច្ច​ប្រជុំ​បិទទ្វារ ដែល​មាន​លក្ខណៈ​រឹតត្បិត​ព័ត៌មាន​ ហើយ​មន្ត្រី​ក្រសួង​នេះ​ក៏​មិន​បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ដែរ។

ប្រមុខ​ការទូត​របប​ក្រុង​ភ្នំពេញ​លោក ប្រាក់​ សុខុន បាន​ឡើង​ថ្លែង​សុន្ទរកថា យ៉ាង​ខ្លី​មួយ​ដោយ ទទួល​ស្គាល់​ថា អង្គការ​សង្គម​ស៊ីវិល​ ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស។ លោក​បន្ត​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ផ្ដល់​សេវា និង​គាំទ្រ​ដល់​វិស័យ​សំខាន់ៗ​​​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច និង​សង្គម​កិច្ច​នៅ​តាម​តំបន់​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា លោក​ក៏​បាន​ឆ្លៀត​ឱកាស​នេះ​ណែនាំ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ឱ្យ​គោរព​ច្បាប់​កម្ពុជា​ផង​ដែរ ជាពិសេស​លោក​សង្កត់​ធ្ងន់​រឿង​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ លោក​ថ្លែង​ថា របប​​របស់​លោក​បាន​ដឹង​យ៉ាង​ច្បាស់​ពី​កង្វល់​ និង​ក្ដី​បារម្ភ​របស់​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ តាម​រយៈ​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ លោក​បក​ស្រាយ​ថា ច្បាប់​នេះ​មិន​មែន​ធ្វើឡើង​ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​ណាមួយ​នោះ​ទេ។ លោក​ថា ច្បាប់​នេះ​ធ្វើ​ឡើង​​ដើម្បី​ឱ្យ​អង្គការ​ទាំង​អស់​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព សុចរិត​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

នេះ​ជា​ជំនួប​លើក​ដំបូង​រវាង​ក្រសួង​ការ​បរទេស​ជាមួយ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ ដែល​កំពុង​ប្រតិបត្តិ​ការងារ​នៅ​កម្ពុជា ចាប់​តាំង​ពី​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ និង​ដាក់​ឱ្យ​ប្រើប្រាស់​​​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល កាលពី​ខែ​សីហា ឆ្នាំ២០១៥ កន្លងទៅ។

តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ Humanity and Inclusion​ ដែល​ប្ដូរ​ឈ្មោះ​ពី​អង្គការ​ជន​ពិការ​អន្តរជាតិ អ្នកស្រី អេឌីត វ៉ាន់ វីចហ្កាដិន (Edith van Wijngaaden) ថ្លែង​ថា អ្នក​ស្រី​គាំទ្រ​ជំនួប​ជាមួយ​ក្រសួង​ការ​បរទេស​នេះ និង​ចង់​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​បែប​​នេះ​បន្ត​ទៅទៀត ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ស្រពិចស្រពិល​ទាំងឡាយ​រវាង​​របប​ក្រុង​ភ្នំពេញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស។ អ្នក​ស្រី​បន្ត​ថា អង្គការ​សង្គម​ស៊ីវិល​ចង់​ដឹង​ថា តើ​ក្រសួង​ការបរទេស​រំពឹង​អ្វី​ខ្លះ​ពី​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន។ អ្នក​ស្រី​បន្ថែម​ថា ចាប់​តាំងពី​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មក​ សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​រឹត​បន្តឹង​ជាង​មុន៖ «ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​ក្រសួង​អំពី​កាតព្វកិច្ច​របស់​ពួក​យើង អំពី​ទម្រង់​នៃ​​របាយការណ៍​​ដែល​ពួក​យើង​ត្រូវ​ប្រើ បញ្ហា​ទាក់ទង​នឹង​រឿង​ពន្ធ និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​យើង​មិន​ទាន់​យល់​ច្បាស់។ ឧទាហរណ៍​ ពេល​យើង​ផ្ញើ​របាយការណ៍​ទៅ​ក្រសួង យើង​មិន​ដឹង​ច្បាស់​ថា​ ក្រសួង​ចង់​បាន​របាយការណ៍​បែប​ណា​នោះ​ទេ។ នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ចង់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជាមួយ​គ្នា»

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក កេត សោផាន់ ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ជំនួប​នេះ​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល តម្រូវ​ឱ្យ​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ចំណែក​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​ការបរទេស​ ក្រោម​ទម្រង់​ជា​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ឬ​ហៅ​ថា MoU (Memorandum of Understanding)MoU នេះ មាន​សុពលភាព ៣ឆ្នាំ និង​អាច​បន្ត​​បាន​ទៅ​មុខ​ទៀត។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ខែ​សីហា ឆ្នាំ២០១៧ កន្លងទៅ របប​ក្រុង​ភ្នំពេញ​បាន​ប្រើប្រាស់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ដើម្បី​​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា (NDI) ដោយ​យក​លេស​ថា អង្គការ​នេះ​ធ្វើ​សកម្មភាព​​ដោយ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការបរទេស និង​មិន​បាន​ចុះ​បញ្ជី​សារពើពន្ធ​សម្រាប់​ដំណើរ​ការ​បង់​ពន្ធ។ ខាង​អង្គការ NDI បាន​បដិសេធ​ថា ពួក​គេ​​បាន​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​គ្រប់​បែប​យ៉ាង​សម្រាប់​ការ​ចុះ​បញ្ជី​នៅ​​ក្រសួង​ការ​បរទេស ហើយ​ក្រសួង​បាន​ទទួល​យក​ឯកសារ​សុំ​ចុះ​បញ្ជី​របស់​ពួក​គេ​តាំង​តែ​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ មក​ម្ល៉េះ។ NDI បាន​ចោទ​ក្រសួង​ការ​បរទេស​កម្ពុជា​ថា បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​ក្រសួង​ត្រូវ​សម្រេច​ចំពោះ​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ក្នុង​រយៈ​ពេល ៤៥​ថ្ងៃ​យ៉ាង​យូរ ប៉ុន្តែ​ជា​ច្រើន​ខែ​ក្រោយ​ការ​ដាក់​ពាក្យ​ស្នើសុំ​ ក្រសួង​​មិន​បាន​​ឆ្លើយ​តប​នឹង​សំណើ​នេះ​ឡើយ ហើយ​ក៏​សម្រេច​បិទ​អង្គការ​នេះ​តែ​ម្ដង។ ចំណាត់​ការ​លើ​អង្គការ​ NDI នេះ បាន​រង​ការ​ថ្កោល​ទោស និង​រង​ការ​រិះគន់​ថា ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដោយសារ​របប​ក្រុង​ភ្នំពេញ​ចោទ​ថា NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដួល​រំលំ​គណបក្ស​កាន់​អំណាច។

គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ចំនួន ៣៨៦ នៅ​មាន​សុពល​ភាព។ អង្គការ​ទាំង​នោះ​មក​ពី​ទ្វីប​អាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី និង​មាន​គម្រោង​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ សុខាភិបាល សង្គម​កិច្ច កសិកម្ម​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍​ បរិស្ថាន និង​ការ​បោស​សម្អាត​មីន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បរិស្ថាន​សង្ស័យ​ឈ្មួញ​សត្វ​ព្រៃ​ជា​ជីព ជា​ខ្មាន់​កាំភ្លើង​បាញ់ មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី​របួស​ធ្ងន់

$
0
0

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​​រង​របួស​ធ្ងន់​ពេល បំពេញ​បេសកកម្ម​ល្បាត​ព្រៃ នៅ​ចំណុច​អូរ​ក្បាល​កោះ​កាលឹម​ក្រោម ប៉ុស្តិ៍ ១៤  ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃ​ទី២៩ មករា។ មន្ត្រី​បរិស្ថាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​ស៊ើបអង្កេត​រក​ជន​ដៃ​ដល់ ដែល​គេ​សង្ស័យ​ថា ជា​ប្រភេទ​បទ​ល្មើស​សត្វព្រៃ​បង្ក​ឡើង​ដោយ​ព្រាន​ព្រៃ​អាជីព។

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្ត្រ  ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ មករា​ថា ខ្មាន់ កាំភ្លើង​បាន​បាញ់​រះ​មក​លើ ក្រុម​មន្ត្រី​ឧទ្យានុរក្ស សមត្ថកិច្ច និង​សហគមន៍​មាន​គ្នា ៦នាក់ អំឡុង​ពេល​ពូក​គេ​ល្បាត​ព្រៃ​កាល​ពី​យប់​ថ្ងៃ​ទី២៩ មករា ហើយ​ក្រោយ​មក​ពួក​គេ​បាន​បាញ់​តបត​គ្នា បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ឈ្មោះ ចេង ចន្ធី រង​របួស​ធ្ងន់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​គល់​ភ្លៅ​ខាង​ឆ្វេង។ លោក​ថា យប់​ថ្ងៃ​កើត​ហេតុ ក្រុម​ជន​សង្ស័យ​មាន​គ្នា​ពី ៥ ទៅ ៦នាក់ មាន​កាំ​ភ្លើង​ប្រហែល ២ ទៅ ៣ដើម​បាន​បាញ់​រះ​បន្ថែម​ទៀត លើ​ម៉ូតូ​មន្ត្រី​ឧទ្យានុរក្ស​មួយ​គ្រឿង។ ទន្ទឹម​នឹង​នេះ  មុន​ពេល​កើត​ហេតុ ក្រុម​ឧទ្យានុរក្ស​ប្រទះ​ឃើញ ជន​សង្ស័យ​ចង​អង្រឹង​ចោល​ក្នុង​ព្រៃ​អភិរក្ស ហើយ​ពួក​គេ បាន​បោះ​ទីតាំង​ឃ្លាំមើល​សកម្មភាព​ទាំង​នោះ ដើម្បី​ចាំ​ស្ទាក់​ចាប់​បទ​ល្មើស​សត្វព្រៃ និង​ព្រៃ​ឈើ។ ក្រោយ​មក​ពួក​គេ​បាន​ប្រទះ​ឃើញ​ក្រុម​ជន​សង្ស័យ​កាន់​សត្វ​ឈ្លូស និង​ជ្រូក​ព្រៃ ដែល​ទើប​តែ​ឆ្លុះ​បាន៖ «ក្រោយ​ពី​ឈប់​ម៉ូតូ​ឃើញ មាន​ជន​ម្នាក់ លី​ជ្រូក និង​ឈ្លូស​មួយ​ក្បាល ដើម្បី​មក​ដល់​កន្លែង​គេ​ស្នាក់​នៅ។ កម្លាំង​យើង​ស្ទាក់​ចាប់ ពួក​គេ​បម្រះ​រត់ ស្រែក​ហើយ​មាន​ការ​បាញ់​ពី​លើ​មក​តែ​ម្តង គឺ​បាញ់​មក​រក​កង​កម្លាំង​យើង។ យើង​ការពារ​ខ្លួន​យើង​បាញ់​តប​ត រយៈ​ពេល​មួយ​សន្ទុះ​មាន​ការ​ស្ងប់ស្ងាត់ កម្លាំង​យើង​ម្នាក់​ត្រូវ​គ្រាប់​មួយ​គ្រាប់»

លោក កែវ សុភ័ក្ត្រ បន្ថែមថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៩ មករា សមត្ថកិច្ច​នៃ​ស្នងការ​ខេត្ត​មណ្ឌលគិរី នៅ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់ ដែល​បាញ់​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ឲ្យ​រង​របួស​ធ្ងន់​នោះ​ទេ។ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ។ លោក​ថា ​ការ​ផ្ទុះ​អាវុធ​នេះ ទំនង​ជា​ប្រភេទ​បទ​ល្មើស​ជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់ ដែល​បង្ក​ឡើង​ដោយ​ព្រាន​ព្រៃ​អាជីព។

យ៉ាងណា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សង្កេត​ឃើញ​ថា កំណាត់​ឈើ​រាប់​សិប​ម៉ែត្រ​គូប​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ត្រូវ​គេ​ប្រទះ​ឃើញ ឈ្មួញ​លាក់​ក្នុង​ទន្លេ​ស្រែ​ពក ក្បែរ​តំបន់​កើត​ហេតុ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​លោក​សង្ស័យ​ថា​ ដើម​ចម​នាំ​ឲ្យ​ផ្ទុះ​អាវុធ​បែប​នេះ អាច​ជាប់​ពាក់ព័ន្ធ​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ ពុំ​មែន​ក្រុម​ឆ្លុះ​សត្វ​ព្រៃ​នៅ​ពេល​យប់​នោះ​ទេ។ លោក​ជឿ​ថា បើ​សមត្ថកិច្ច​មាន​ឆន្ទៈ​ស៊ើប​អង្កេត​រក​ជន​ល្មើស គ្មាន​អ្វី​លំបាក​ទេ ព្រោះ​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ជា​ប្រព័ន្ធ ហើយ​ចំណុច​ជួញ​ដូរ​ឈើ​នៅ​តំបន់​នោះ គឺ​ឋិត​ក្នុង​កណ្ដាប់​ដៃ​របស់​សមត្ថកិច្ច​មូលដ្ឋាន៖ «ឈើ​ហ្នឹង​ភាគ​ច្រើន​គេ​ទម្លាក់​នៅ​ទន្លេ​ស្រែ​ពក​ច្រើន​មែនទែន រាប់​រយ​ដុំ។ ខ្ញុំ​គិត​ថា​ដោយសារ​បទ​ល្មើស​ជា​ប្រព័ន្ធ បើ​គាត់​ចង់​រក​ស្រួល ចំណុច​នេះ​គេ​ធ្វើ​ឈើ។ ខ្ញុំ​គិត​ថា គាត់​ស្វែង​រក​បាន»

មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា  មន្ត្រី​ឧទ្យានុរក្ស​នៅ​ខេត្ត​មណ្ឌលគិរី សរុប​ចំនួន ១០៤​នាក់ គ្រប់គ្រង​ទំហំ​ផ្ទៃដី​អភិរក្ស​ជាង ១​លាន​ហិកតារ​នៅ​ទូទាំង​ខេត្ត។

កាល​ពី​ដើម​ឆ្នាំ ២០១៨  មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​សរុប​ចំនួន ៣​រូប ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​ ក្នុង​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង។ ក្រោយ​មក​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន ជន​សង្ស័យ​បាន ៣នាក់ គឺ​ជា​ប៉ូលិស​ការពារ​ព្រំដែន​ក្នុង​នោះ​មាន​ម្នាក់ ជា​មេ​ប៉ុស្តិ៍ ជា​ជន​ដៃ​ដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live