Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​នៅតែ​ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា

$
0
0

បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ នៅតែ​ជា​បញ្ហា​ចម្បង​មួយ​នៅ​ប្រទេស​កម្ពុជា។

អង្គការ ភ្លែន​អន្តរជាតិ រកឃើញ​ថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ ជាពិសេស កុមារ​ក្រោម ៥​ឆ្នាំ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ នៅតែ​ជា​បញ្ហា​ចម្បង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ស្ទឹងត្រែង។

អង្គការ ភ្លែ​ន​អន្តរជាតិ (Plan International) នៅ​ថ្ងៃ​ទី​២៨ មករា ទើបនឹង​បើក​ដំណើរការ​គម្រោង​លើកកម្ពស់​សុខភាព​របស់​ខ្លួន​មួយ សម្រាប់​ស្ត្រី និង​កុមារ នៅ​ភូមិ​ដាច់ស្រយាល ក្នុង​ខេត្ត​ស្ទឹងត្រែង។ គម្រោង​នេះ មាន​ឈ្មោះថា "​គម្រោង​មួយ​ពាន់​ថ្ងៃ (.០០០)​ដំបូង សម្រាប់​បង្កើន​សន្តិសុខ​ស្បៀង និង​ភាព​បន្សាំ ដើម្បី​លើកកម្ពស់​សុខភាព​មាតា ទារក និង​កុមារ នៅ​ក្នុង​ភូមិ​ចំនួន ៥១ នៃ​ខេត្ត​ស្ទឹងត្រែង។

ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អង្គការ​ភ្លែន​អន្តរជាតិ សរសេរ​ថា គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​អត្រា​កង្វះ​អាហារូបត្ថម្ភ​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ តាមរយៈ​ការ​ធានា​ឱ្យ​មាន​សន្តិសុខ​ស្បៀង​សមស្រប​នៅ​ក្នុង​គ្រួសារ។

ព័ត៌មាន​របស់​អង្គការ ភ្លែន អន្តរជាតិ (Plan International) បង្ហាញ​ថា អង្គការ​នេះ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចំនួន​៧១ ក្នុង​ពិភពលោក ហើយ​បាន​ចាប់ផ្ដើម​ការងារ​របស់​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០០២ ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​កុមារ ជាពិសេស ក្រុម​កុមារ​ដែល​គេ​មិនសូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ ដោយសារ ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ពី​ភាព​ក្រីក្រ ការ​រំលោភបំពាន និង​ពី​ការ​កេងប្រវ័ញ្ច​ផ្សេងៗ​។ អង្គការ ភ្លែន អន្តរជាតិ ឱ្យ​ដឹង​ថា គម្រោង​ការងារ​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ បាន​ផ្ដល់​ប្រយោជន៍​ដល់​កុមារ​ជាង ៦​សែន​នាក់ ដោយ​ប្រាស្រ័យ​ជាមួយ​គ្រួសារ​ចំនួន ៨​ម៉ឺន​គ្រួសារ នៅ​ក្នុង​សហគមន៍​ចំនួន ៥៨០​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ព្រះវិហារ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​ជម្លោះ​ដី

$
0
0

ពលរដ្ឋ​រាប់​រយ​គ្រួសារ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ចាក​ចេញពី​លំនៅឋាន​ជា​បណ្ដើរ ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ចាប់ខ្លួន​រឿង​ជម្លោះដីធ្លី។ អ្នកភូមិ​ថា គិត​ត្រឹម​ថ្ងៃ២៩ ខែ​មករា ពលរដ្ឋ ១២នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ហើយ​​មាន​ពលរដ្ឋ​ម្នាក់​បាត់​ខ្លួន។ ចំណែក​តំណាង​អយ្យការ​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​ចាប់ខ្លួន​នោះ ជា​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ ការ​កាប់​រុករាន​ព្រៃ​ការពារ​ធម្មជាតិ​ខុសច្បាប់។

ពលរដ្ឋ​ជាច្រើន​គ្រួសារ តំណាង​ឱ្យ​ពលរដ្ឋ ៣៣០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព របស់​ឧកញ៉ា អាន ម៉ារឌី បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ ដែល​កំពុង​ទទួលរង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដើម្បី​យក​ដី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន។ អ្នកភូមិ​ថា ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដុត​ផ្ទះ​ពលរដ្ឋ​អស់ ៣ខ្នង និង​ចាប់​ខ្លួន​ពលរដ្ឋ​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​តុលាការ។

តំណាង​ពលរដ្ឋ លោក ឡយ លីហួរ ឱ្យ​ដឹង​នៅ​ថ្ងៃទី២៩ មករា​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​បង្ខំចិត្ត ចាក​ចេញពី​ផ្ទះសម្បែង ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ខ្លួន​។ លើស​ពី​នេះ មាន​មន្ត្រី​យោធា​ខ្លះ​ប្រើ​កាំភ្លើង​បាញ់រះ​ពេញ​ព្រៃ​គំរាមកំហែង​ពលរដ្ឋ ឱ្យ​ចាក​ចេញពី​ភូមិ បំណង​យក​ដី​ពួកគេ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​មេត្រីភាព​។ លោក​ថា ក្រុម​ពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​អាជ្ញាធរ​ជាតិ និង​ថ្នាក់ដឹកនាំ​រដ្ឋ ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត។ «»

លោក ឡូយ លីហួរ បន្ថែម​ថា ពលរដ្ឋ ៣៣០​គ្រួសារ បាន​នាំគ្នា​មក​តាំងទី​លំនៅ នា​តំបន់​នោះ​ជា​បន្តបន្ទាប់ តាំង​ពីមុន​ឆ្នាំ​២០១៣ និង​បាន​កាប់​រុករាន​ព្រៃ​រេចរឹល ដើម្បី​ធ្វើ​ចម្ការ និង​ដាំ​ដំណាំ​ស្វាយ សណ្ដែក និង​ស្រូវ​ជាដើម។

ពលរដ្ឋ​ម្នាក់ទៀត ដែល​ត្រូវ​អាជ្ញាធរ​ដុត​ផ្ទះ​ឈ្មោះ ភឹម ម៉ៅ វ័យ ៥២​ឆ្នាំ រៀបរាប់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដុត​ផ្ទះ​លោកស្រី​អស់ ៣​ខ្នង បង្ក​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន ហើយ​មក​ទល់​ពេល​នេះ​គ្រួសារ​លោកស្រី កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព។ ចំណែក​កូនៗ​របស់​លោក​ស្រី ៥នាក់ នឹង​ប្រឈម​បោះបង់​ការសិក្សា ព្រោះ​លោកស្រី គ្មាន​លទ្ធភាព​ជួយ​ឱ្យ​ពួកគេ​ទៅ​រៀន​បាន​ទៀត​នោះ​ទេ។ លោកស្រី​ថា សូម្បីតែ​ផលដំណាំ ចេក និង​ស្វាយ​ជាដើម ក៏​អាជ្ញាធរ​កាប់​បំផ្លាញ​ដែរ។ លោកស្រី​បន្ថែម​ថា ប្តី​លោកស្រី និង​កូនប្រុស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្លងកាត់​រនាំង​ក្រុមហ៊ុន​មេត្រីភាព​កាលពី​ថ្ងៃទី២០ មករា កន្លង​ទៅ។ ក្រោយ​ពី​ចាប់ខ្លួន​រួច អាជ្ញាធរ​យក​ស្វៃកាំភ្លើង​វាយ​ធ្វើបាប។ ចំណែក​ប្តី​លោកស្រី បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ មិន​ទាន់​ទទួល​ដំណឹង​នៅឡើយ​ទេ។ «»

ក្រុមហ៊ុន​មេត្រីភាព របស់​ឧកញ៉ា អាន ម៉ារ៉ាឌី ទទួល​សិទ្ធិ​វិនិយោគ ពី​របប​ក្រុងភ្នំពេញ​លើ​ផ្ទៃដី​ចំនួន​ជាង ៨ ពាន់​ហិកតារ ( .៥២៥ ) កាលពី​ឆ្នាំ២០១២ ដោយ​វិនិយោគ​ដាំ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ ឋិត​នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជាប់​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ​។ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ចោទ​ថា ក្រុមហ៊ុន​នេះ​បាន​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ តាំងពី​ឆ្នាំ២០១១ ដោយ​កាប់​ឈើ​មូល​ធំៗ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក រាប់ពាន់​ដើម។ ពួកគេ​ថា មក​ទល់​ពេល​នេះ​ព្រៃ​នៅ​តំបន់​នោះ នៅ​សល់​តែ​ដើមឈើ​តូចៗ គ្មាន​តម្លៃ​លើ​ទីផ្សារ​អាច​ប្រើប្រាស់​បាន។ រីឯ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​ដាំ​កៅស៊ូ​នៅឡើយ​ទេ។ លើស​ពី​នេះ ក្រុមហ៊ុន​នេះ បាន​ជួល​ក្រុម​ទាហាន​វារៈ ២៦១ នៅ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ការពារ​អាជីវកម្ម​ឱ្យ​ខ្លួន ហើយ​ក្រុម​ប្រដាប់​អាវុធ​នេះ​តែងតែ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​មេត្រីភាព ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​ថា យ៉ាងណា​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី២៩ មករា នេះ។

អភិបាលស្រុក​ជាំក្សាន្ត លោក ជា គឹមសេង បដិសេធ​ថា លោក​មិន​បាន​បញ្ជា​ឱ្យ​កងកម្លាំង​ទៅ​ដុត​ផ្ទះ​ពលរដ្ឋ និង​ចាប់ខ្លួន​អ្នកភូមិ​នោះ​ទេ។ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ថ្មីៗ​នេះ មាន​ព្រះរាជអាជ្ញា ដឹកនាំ​កងកម្លាំង​ចុះទៅ​តំបន់​នោះ តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ថា ព្រះរាជអាជ្ញា​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ។ លោក​ថា ជម្លោះដីធ្លី​នៅ​តំបន់​នោះ អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​ដោះស្រាយ​តាម​នីតិវិធី​រដ្ឋបាល​ផ្លូវច្បាប់ មានការ​សម្របសម្រួល និង​ហាមឃាត់​កុំ​ឱ្យ​ពលរដ្ឋ​កាប់​រុករាន​ព្រៃ​បន្ត​ទៀត ហើយ​អាជ្ញាធរ​បាន​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្បាន់​ថា តើ​ពលរដ្ឋ​អាស្រ័យ​ផល​លើ​ដី​នៅ​តំបន់​នោះ​ពិតមែន ឬក៏​កាប់​ទន្ទ្រាន​ដី​ព្រៃ? «»

ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​អាស៊ីសេរី​ថា ករណី​នេះ​គឺជា​បទល្មើស​ជាក់ស្ដែង ដោយសារ​ពលរដ្ឋ​ទាំងនោះ បាន​ប្រព្រឹត្ត​បទល្មើស​រាល់ថ្ងៃ ដោយ​កាប់​រុករាន និង​ដុត​ព្រៃ​យក​ដី​ធ្វើ​ចម្ការ មិន​ឈប់ឈរ​បើ​នោះ​ទេ។ លោក​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន គឺ​អាជ្ញាធរ​បាន​ពន្យល់​ណែនាំ និង​ជំរុញ​ឱ្យ​ពួកគេ​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​នីតិវិធី​រដ្ឋបាល ក៏ប៉ុន្តែ​ពលរដ្ឋ​មិន​ស្ដាប់​។ លោក​ថា ក្រុម​ពលរដ្ឋ​ទាំងនោះ បាន​សម្រុក​កាប់​រុករាន​ដី​ព្រៃ​ជា​រៀងរាល់​ថ្ងៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព អស់​ប្រហែល​ជាង ១​ពាន់​ហិកតារ។ ចំណែក​ឈើ​ធំៗ ពួកគេ​អារ​ច្រៀក​ធ្វើ​គ្រឿងផ្ទះ។ «»

ព្រះរាជអាជ្ញា​រូប​នេះ បន្ថែម​ថា លោក​បាន​ចាត់​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​មនុស្ស​មួយ​ចំនួន ដែល​បំផុស​ប្រជាជន​ឱ្យ​កាប់ និង​ដុត​រុករាន​ព្រៃ​ការពារ​ធម្មជាតិ​ខុសច្បាប់​។ លោក​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនោះ គឺជា​ការអនុវត្ត​ច្បាប់​បរិស្ថាន ហើយ​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ។ តែ​យ៉ាងណា លោក​មិនបាន​បញ្ជាក់​លម្អិត​ថា សមត្ថកិច្ច​ចាប់ខ្លួន​ពលរដ្ឋ​បាន​ប៉ុន្មាន​នាក់​នោះ​ទេ។ «»

តែ​យ៉ាងណា ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​បុរស​ដែល​អាជ្ញាធរ​ចាប់ខ្លួន លោកស្រី ឃុត រ៉ា វ័យ ៣០​ឆ្នាំ ឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ទើបតែ​រៀបការ​បាន​ប្រហែល ២​សប្ដាហ៍ នៅ​ខេត្ត​តាកែវ រួច​ធ្វើដំណើរ​មកលេង ឪពុកម្ដាយ ត្រូវ​បាន​ក្រុម​ទាហាន​ចាប់ខ្លួន និង​ប្រើ​អំពើ​ហិង្សា​កាលពី​សប្ដាហ៍​មុន ហើយ​មក​ទល់​ពេល​នេះ ប្ដី​លោកស្រី​ឈ្មោះ អឿ ឈៀន កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​យ៉ាង​អយុត្តិធម៌។ «»

ជុំវិញ​ការ​លើកឡើង របស់​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ព្រះវិហារ តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី លោក ឡយ លី​ហួរ អះអាង​ថា ប្រសិនបើ​តំណាង​អយ្យការ និង អាជ្ញាធរ​អះអាង​ថា ដី​ដែល​ពួកគេ​កាន់កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ជា​ដី​ព្រៃ​អភិរក្ស ម្ដេច​មិន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់។ លោក​ថា​អ្នកភូមិ បាន​ចំណាយ​កម្លាំង និង​ធនធាន កាប់​រាន​ព្រៃ​រេចរឹល​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ ២០១៣ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត ដោយមាន​គ្រួសារ​ខ្លះ​មាន​ដី ចាប់ពី ១​ហិកតារ ដល់ ១០ ហិកតារ បែរជា​អាជ្ញាធរ​ទើបតែ​មក​អនុវត្ត និង​បណ្ដេញ​ពួកគេ​ចេញ​នៅ​អំឡុង​ឆ្នាំ​២០១៨។ លោក​ថា មាន​ពលរដ្ឋ​ខ្លះ​មក​រស់នៅ​តំបន់​នោះ មុន​ពេល​ដែល​ក្រុមហ៊ុន​មិនទាន់​មក​វិនិយោគ។ «»

មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ចាត់​ទុក​ការ​ដោះស្រាយ​ជម្លោះដីធ្លី ដោយ​ដុត​ផ្ទះ​ពលរដ្ឋ និង​ចាប់ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់ គឺជា​ការ​ប្រើ​អំណាច និង​ហិង្សា ពុំ​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​តាមច្បាប់​ផ្អែក​តាម​ប្រទេស​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​យោធា ត្រូវ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ចៀសវាង​ប្រើ​ហិង្សា និង​អំណាច​ប្រដាប់​អាវុធ​មក​ដោះស្រាយ​បញ្ហា។ «»

ទោះ​យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ឡោ ចាន់ ចាត់​ទុក​ការ​ដុត​ផ្ទះ​ពលរដ្ឋ និង​ការ​ចាប់ខ្លួន​ពលរដ្ឋ ដោយ​គ្មាន​ដីកា​ពី​តុលាការ ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ផ្ទុយ​ពី​អនុសាសន៍​ថ្នាក់ដឹកនាំ​រដ្ឋ ដែល​ណែនាំ​ឱ្យ​អាជ្ញាធរ​អនុវត្ត​បទបញ្ជា ០០១ ។ លោក​ថា អាជ្ញាធរ​កំពុង​ពង្រីក​បញ្ហា​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ កាន់តែ​ធំ​ឡើង រហូត​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រត់​ចេញពី​ផ្ទះសម្បែង។ លោក​មើល​ឃើញ​ថា ស្ថានភាព​ពលរដ្ឋ​រស់នៅ​តំបន់​នោះ មានការ​ត្រួតត្រា ពី​ក្រុម​កងទ័ព វារៈ ២៦១ កាង​ការពារ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាចរអា និង​ខ្លះ​នាំគ្នា​ទៅ​ភ្នំពេញ ដើម្បី​តវ៉ា​រក​យុត្តិធម៌។ «»

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ លោក ឡយ លីហួរ បន្ថែម​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​មន្ត្រី​យោធា និង​សមត្ថកិច្ច​ទាំងនោះ​ចាប់ខ្លួន​សរុប ១៣​នាក់ និង​មាន ១​នាក់ បាត់​ខ្លួន​នៅ​មិនទាន់​ទទួល​ដំណឹង​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​កាត់​ដេរ ដួល​សន្លប់​ជាង ១០០នាក់ ​នៅ​រោងចក្រ QMI ខេត្ត​កណ្ដាល

$
0
0

កម្មការិនី​ផ្នែក​ដេរ​ខោរ​អាវ ជាង ១០០​នាក់ ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​រោងចក្រ​ QMI ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ពុធ​នេះ។ តំណាង​សហជីព​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ដួល​សន្លប់​នោះ ដោយ​សារ​តែ​មាន​សុខភាព​ខ្សោយ និង​មាន​ផ្ទុះ​ចរន្ត​អគ្គិសនី​ក្នុង​អគារ​រោងចក្រ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មការិនី​ជាច្រើន​នាក់​ដែល​ដួល​សន្លប់ ក្នុង​រោង​ចក្រ​ QMI នៅ​ថ្ងៃ​ទី៣០ មករា លោកស្រី ឃឹម សុភី រៀបរាប់​ថា នៅ​ពេល​ចូល​ធ្វើការ​ពេល​ព្រឹក មាន​កម្មការិនី​ម្នាក់​ក្នុង​ក្រុម​ដេរ វាយ​ឡេវ​អាវ​ មិន​ប្រយ័ត្ន​ ក៏​ត្រូវ​ចំ​ដៃ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ច្រើន ​បណ្ដាល​ឲ្យ​កម្មករ​ផ្សេងទៀត​នៅ​ក្បែរ​នោះ ឃើញ​ហូរ​ឈាម​ដូច្នោះ ចាប់​ផ្ដើម​មាន​អាការៈ​តក់ស្លុត ហើយ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់។ អ្នកស្រី​បន្ត​ថា ក៏​មាន​កម្មករ​នៅ​អគារ​ផ្សេង​ទៀត​ដួល​សន្លប់​ដែរ ដោយសារ​មាន​ផ្ទុះ​ចរន្ត​អគ្គិសនី​ក្នុង​រោង​ចក្រ៖ «ពេល​ពួក​ខ្ញុំ​ចេញ​ទៅ​ហូប​បាយ ហើយ​ចូល​មក​វិញ ប្រហែល​ជា​១ម៉ោង ឬ​កន្លះ​ម៉ោង​ទៀត ផ្ទុះ​ខ្សែភ្លើង​ហើយ នាំ​គ្នា​រត់ចេញ​មួយ​សារ។ គេ​ថា​អត់​អី ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ចូល​១​ម៉ោង​ក៏​សន្លប់​តៗ​គ្នា។ គេ​ដឹក​យក​មក​ពេទ្យ។ ដឹក​យក​មក​ពេទ្យ​ ទើប​តែ​ដឹងខ្លួន​មិញ​ដែរ​ហ្នឹង។ ពេទ្យ​ទើប​ដាក់​សេរ៉ូម​ឲ្យ​។ អត់​អី​ទេ​បង! បាន​ធូរ​ហើយ»

មន្ត្រី​សហជីព​ប្រចាំ​​ខេត្ត​កណ្ដាល នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា លោក ជួប ចាន់ធី ដែល​ចុះ​តាម​ដាន​ករណី​នេះ ប្រាប់​អាស៊ី​សេរី​ថា កម្មការិនី​ចំនួន ១១៨នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ទេព​មង្គល ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ ហើយ​កម្មការិនី ១១នាក់​ទៀត​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទេព​ប្រសិទ្ធិ នៅ​ក្បែរ​ផ្សារ​ថ្នល់​ទទឹង៖ «បើ​ការ​រក​ឃើញ​របស់​ពួក​ខាង​ក្រសួង គាត់​ថា​មក​ពី​ការ​ធ្វេស​ប្រហែល​របស់​កម្មករ ហើយ​ពាក់ព័ន្ធ​នឹង​ផ្ទុះ​ខ្សែ​ភ្លើង​ហ្នឹង ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​ អ្នក​កាច់​កុងតាក់។ ខាង​ក្រសួង​ការងារ​ និង​ជីម៉ាក់ (GMAC) គេ​អត់​មាន​និយាយ​អី​ទេ គាត់​គ្រាន់តែ​សុំ​ឲ្យ​សហជីព ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន និង​សហជីព​ដទៃ​ទៀត ជួយ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​កើតឡើង​ថ្ងៃ​ហ្នឹង​អញ្ចឹង»

គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ លោក ជួប​ ចាន់​ធី ឲ្យដឹង​ថា ចំនួន​កម្មការិនី​ដែល​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេព​មង្គល មាន​ចំនួន ៣៨​នាក់ និង​ម្នាក់​នៅ​មន្ទីរពេទ្យ​ទេព​ប្រសិទ្ធិ។ ចំណែក​កម្មការិនី ៩០នាក់ វិល​ត្រលប់​ទៅ​សម្រាក​នៅ​ផ្ទះ​ ហើយ​ថៅកែ​រោងចក្រ​សម្រេច​ឲ្យ​ពួកគេ​អាច​វិល​ចូល​ធ្វើ​ការ​វិញ នៅ​ដើមខែ​កុម្ភៈ។

ជុំ​វិញ​កម្មករ​ដួល​សន្លប់​ក្នុង​រោងចក្រ​បែបនេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់ថា ឲ្យ​​តែ​គ្រោះថ្នាក់​កើតឡើង​នៅ​កន្លែង​ការងារ រួម​មាន​ទាំង​ការ​ខ្សោយ​សុខភាព និង​អាការៈ​ដួល​សន្លប់​ផង គឺ​សុទ្ធតែ​ត្រូវ​តែ​ចាត់​ទុក​ថា ជា​គ្រោះថ្នាក់​ការងារ ហើយ​នេះ​ជា​ការ​ទទួលខុស​របស់​ក្រុមហ៊ុន​ដែល​បាន​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​បេឡា​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស៖ «ករណី​នៅ​ក្នុង​រោងចក្រ ឃ្យូ.អឹម.អាយ (QMI)ហ្នឹង ខ្ញុំ​គិត​ថា វា​ការ​គ្រោះ​ថ្នាក់ ឬ​ឧបទ្ទវហេតុ​មួយ​ដែល​កើត​ឡើង វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខាង​ក្រុមហ៊ុន​ហើយ។ អ៊ីចឹង! បើ​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ខុសត្រូវ បេឡា​ជាតិ​គឺជា​អ្នក​ទទួល​ខុសត្រូវ​បន្ត​នៅ​ក្នុង​ការ​ពេល​ដែល​ខ្លួន​ទទួល​ខុស​បន្ត​ពី​និយោជក​ហ្នឹង​ហើយ»

តាម​ច្បាប់​ការងារ​កម្ពុជា ឆ្នាំ១៩៩៧ ត្រង់​ជំពូក​ទី៩ មាត្រា ២៤៨ ចែង​អំពី​គ្រោះថ្នាក់​ការងារ ដោយ​កំណត់​ថា ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ ក្នុង​ករណី​ដែល​គ្រោះថ្នាក់​នោះ កើត​ឡើង​ដោយ​ធ្វើការ ឬ​ក្នុង​ពេល​ធ្វើការ ទោះ​ដោយ​ហេតុ​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​មាន​កំហុស​មក​ពី​កម្មករ​និយោជិក ឬ​ក៏​គ្មាន​ក៏​ដោយ។ ច្បាប់​ការងារ​នេះ បញ្ចូល​គ្រោះថ្នាក់​ការងារ មិន​ត្រឹមតែ​គ្រោះថ្នាក់ ដែល​កើត​នៅ​កន្លែង​ធ្វើការ​នោះ​ទេ គឺ​រាប់​ទាំង​គ្រោះថ្នាក់ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ផង​ដែរ។ ក្នុង​ករណី​គ្រោះថ្នាក់​ការងារ​នេះ ច្បាប់​ចែង​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ទទួល​ការ​ជួសជុល​សំណង ដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​គាត់​ជា​សះ​ស្បើយ បើ​និយោជិក​នោះ មិន​អាច​ធ្វើការ​បាន សិទ្ធិ​ទទួល​បាន​សំណង​សម្រាប់​ថ្លៃ​ព្យាបាល ហើយ​បូក​បន្ថែម​នឹង​ប្រាក់​បំណាច់​សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​ជា​អចិន្ត្រៃយ៍​ទៀត បើ​និយោជិក ជា​ជន​រងគ្រោះ ត្រូវ​បាត់បង់​សមត្ថភាព​ធ្វើការ​ជា​អចិន្ត្រៃយ៍ ដោយ​សារ​តែ​គ្រោះថ្នាក់​ការងារ​នោះ និង​ក្នុង​ករណី​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​មាន​ជួយ​សោហ៊ុយ​សម្រាប់​បូជា​សព ហើយ​សិទ្ធិ​វន្ត​របស់​គាត់ ដូច​ជា​ប្ដី ប្រពន្ធ ឬ​កូន ឬ​ក៏​ម្ដាយ ឪពុក ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​ជា​ដើម។

លោក អាត់​ ធន់ ស្នើសុំ​ឲ្យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​លើ​សុខុមាល​ភាព​របស់​កម្មករ ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ ​ដំឡើង​ប្រាក់​ឈ្នួល ឲ្យ​បាន​សមរម្យ​លើស​សព្វ​ថ្ងៃ និង​ត្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​ខុសត្រូវ​បង់​លុយ​អាហារ​ថ្ងៃត្រង់​ឲ្យ​កម្មករ និង​ជួល​ក្រុមហ៊ុន​ណា​មួយ ឬ​អ្នក​ធ្វើ​ម្ហូប​ដែល​មាន​គុណភាព និង​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​អាហារ​ល្អ ដើម្បី​ធានា​សុខភាព​កម្មករ។ លោក​អះអាង​ថា ថៅកែ​រោងចក្រ ពិត​ជា​មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​បាន​ ដោយ​មិន​ពិបាក​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឧត្ដមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ករណី មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី

$
0
0

អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​លោក សៅ សុខា សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ស្រាវជ្រាវ​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី​នៅ​ស្រុក​ព្រៃនប់ ដោយ​លោក​អះអាង​ថា ករណី​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ មិន​អាច​ទទួល​យក​បាន។ រីឯ​មន្ត្រី​សិទ្ធិមនុស្ស យល់​របប​ក្រុង​ភ្នំពេញ​គួរ​តែ​ស្រាវ ជ្រាវ​ឡើង​វិញ​ទាំង​អស់ ដូច​ជា ដើម​ហេតុ​នៃ​ជម្លោះ​ដីធ្លី រហូត​ដល់​មាន​ករណី​បាញ់​ប្រហារ និង​ករណី​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី​ឲ្យ​រង​របួស ធ្ងន់ធ្ងរ​ជា​ដើម ទើប​មាន​យុត្តិធម៌​ពេញលេញ និង​កុំ​ឲ្យ​ហេតុការណ៍​ហិង្សា​នេះ កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត។

ឧត្ដមសេនីយ៍​ សៅ ​សុខា ដែល​មាន​តួនាទី​ច្រើន​ស្អេកស្កះ ទាំង​ក្នុង​ក្របខ័ណ្ឌ​អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង​នោះ ឲ្យ​អាស៊ី​សេរី​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច ដែល​លោក​ទើប​បង្កើត​នោះ កំពុង​ចុះ​ស្រាវជ្រាវ​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ព្រះ​សីហនុ​ប្រើ​ហិង្សា លើ​អ្នក​តវ៉ា​ដីធ្លី ដែល​កំពុង​ល្បី​ក្នុង បណ្ដាញ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ​លោក សុំ​មិន​អត្ថាធិប្បាយ​ច្រើន ឡើយ ព្រោះ​មិន​ទាន់​ទទួល​បាន​របាយការណ៍​សរុប​នៅ​ឡើយ។

លោក សៅ សុខា បញ្ជាក់​ថា តាម​រូបភាព​វីដេអូ ដែល​បង្ហាញ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ យក​ជើង​ទៅ​ជាន់​អ្នក​តវ៉ា​ដីធ្លី​ផ្ទប់​ទៅ​នឹង​ដី ខណៈ​ដៃ​ជាប់​ចំណង​ហើយ​នោះ គឺ​ជា​ទង្វើ​មិន​ត្រឹមត្រូវ និង​ជា​ការ​អនុវត្ត​ហួស​តួនាទី។ ដូច្នេះ​លោក​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​អស់ មាន​ភារកិច្ច​អនុវត្ត​តួនាទី ប៉ុន្តែ​ក៏​ត្រូវ​មាន​ភារកិច្ច​គោរព​ច្បាប់​ដែរ ដោយ​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ឡើយ៖ «ទី១ បើ​រក​ឃើញ​ថា អា​ហ្នឹង​វា​ខុស វា​ជា​បទ​ល្មើស អា​ហ្នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។ ទី២ បើ​ការ​រក​ឃើញ​ហើយ​វា​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​វិន័យ​កងទ័ព​ព្រោះ​កងទ័ព​មាន​ក្រឹត្យវិន័យ មាន​ច្បាប់​លក្ខន្តិកៈ អា​ហ្នឹង​យើង​អនុវត្ត​ក្របខ័ណ្ឌ​វិន័យ។ ទី៣ ប្រសិន​បើ​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ការ​បំពារបំពាន​ផ្នែក​សីលធម៌​ទេ គឺ​យើង​យក​ការ​អប់រំ។ដូច្នេះ​កិច្ចការ​នេះ គេ​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ព័ត៌មាន​លម្អិត​ទាំង​អស់ មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ។ក្រុម​ប្រឹក្សា​វិន័យ នឹង​ប្រជុំ និង​សម្រេច​ថា តើ​រូបភាព​នៃ​សកម្មភាព​នោះ វា​ខុស​នូវ​ក្របខ័ណ្ឌ​ច្បាប់ ឬ​ក៏​វិន័យ ឬ​មួយ​ក៏​សីលធម៌។ បើ​ក្របខ័ណ្ឌ​ច្បាប់ គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​មុខ​តុលាការ»

ទោះ​យ៉ាង​ណា​ក្តី លោក សៅ សុខា បញ្ជាក់​ថា លោក​ត្រួត​ពិនិត្យ​ស្រាវជ្រាវ និង​មាន​វិធានការ​តែ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ប៉ុណ្ណោះ ដូច្នេះ លោក​មិន​ប៉ះពាល់​ដល់​អង្គភាព​ផ្សេង​នោះ​ទេ។ លោក​បន្ថែម​ថា ទង្វើ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​នោះ គឺ​ជា​កំហុស​បុគ្គល មិនមែន​ជា​កំហុស​ស្ថាប័ន​នោះ​ទេ ព្រោះ​ស្ថាប័ន មិន​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ចុះ​ទៅ​វាយ​ដំ ឬ​សម្លាប់​ប្រជាជន​នោះ​ទេ៖ «និយាយ​ដោយ​ខ្លី គឺ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​កម្លាំង​ដែល​នៅ​ក្រោម​ឱវាទ ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ហើយ​ចំពោះ​សំណួរ​ថា ទាក់ទង​អ្នក​នេះ​ទាក់ទង​នោះ គឺ​ខ្ញុំ​អត់​មាន​ភារកិច្ច​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​អ្នក​ណា​ផ្សេង​ទៀត​ទេ ព្រោះ​រឿង​នេះ សំខាន់​ជា​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ។ អ៊ីចឹង​នៅ​ពេល​អនុវត្ត គឺ​មាន​ការ​អប់រំ​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ទៅ​ធ្វើ​ទៅ​គឺ​បងប្អូន​វា​មាន ការ​ខុស​ឆ្គង វា​មាន​ការ​រំលោភ វា​មាន​ការ​បំពាន។ អ៊ីចឹង​នៅ​ក្នុង​នឹង វា​មិន​មែន​ជា​បទ​បញ្ជា​ឲ្យ​ទៅ​សម្លាប់​ប្រជាជន​ឯណា គឺ​អ្នក​ដែល​ទៅ​អនុវត្ត​នោះ គាត់​ក្ដាប់​មិន​ជាប់​ភារកិច្ច ឬ​ក៏​មាន​ភាព​ក្រេវក្រោធ​អី គឺ​ផ្ទាល់​ខ្លួន​គាត់»

កាលពីថ្ងៃទី២៤ ខែ​មករា មន្ត្រីនគរបាលចំនួន១០០នាក់ មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ១០០នាក់ និងមន្ត្រីយោធាចំនួន១០០នាក់ បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើង​លើ​មេឃ​ និង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ ដែល​បង្ហាញ​ពី​ការប្រើប្រាស់​កងកម្លាំង​ច្រើន​លើស​លុប ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​​​ដែល​បាន​សម្រេច​ផ្ដល់​ដី​ទំនាស់​ជាង ៧០ហិកតា ដែល​មាន​ពល រដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​នោះ ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន៩គ្រួសារផ្សេងទៀត ដែលគេ សង្ស័យ​ថា ឈរ​ឈ្មោះ​ឲ្យ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ ក្នុង​ហេតុការណ៍ បណ្ដាល​ឲ្យ​កម្មករ​សំណង់​ម្នាក់​អាយុ ២៨ឆ្នាំ​ ឈ្មោះ ​ពៅ សារ័ត្ន ​បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ចំ​ស្មា​ពី​ផ្នែក​ខាង​ក្រោយ បៀម​គ្រាប់​ជាប់​នឹង​ឆ្អឹង​ខ្នង។ ចំណែក​ពលរដ្ឋ ៤នាក់​ទៀត ត្រូវ​បាន កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ខ្លួន និង​ចង​ស្លាប​សេក ហើយ​យក​កាំភ្លើង​វាយ​ដុំ និង​យក​ជើង​ជាន់​ផ្ទប់​នឹង​ដី​ថែម​ទៀត ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​ដោះ​លែង​វិញ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ដោយ​មាន​កិច្ចសន្យា​ឈប់​តវ៉ា និង​បង់​លុយ​ម្នាក់ ១រយដុល្លារ ព្រម​ទាំង​ចិញ្ចៀន​មួយ​វង្ស។

ប្រតិបត្តិការ​នេះ ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ និង​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ សហការ​ជាមួយ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ  លោក សៀង សុខ។ ទំនាស់​ដីធ្លី​នេះ ស្ថិតនៅ​នៅ​នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់។

អាស៊ី​សេរី​បាន​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ទេ ដោយ លោក​ពុំ​លើក​ទូរស័ព្ទ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ លោក ជួន ណារិន្ទ ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ សុំ​មិន​ឆ្លើយ​តប។

ម្ដាយ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង គឺ​អ្នកស្រី អន​ អៀន មាន​ប្រសាសន៍​ថា កូន​របស់​អ្នកស្រី​ មិន​អាច​កម្រើក​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​បាន​ទេ​មក​ដល់​ពេល​នេះ។ អ្នកស្រី​បារម្ភ យ៉ាង​ខ្លាំង ខ្លាច​កូន​ធ្លាក់​ខ្លួន​ពិការ។ អ្នកស្រី​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា អភិបាល​ខេត្ត​ព្រះសីហនុ បាន​ទៅ​សួរ​សុខ​ទុក្ខ​កូន​របស់​អ្នកស្រី​ដែរ និង​ជូន​លុយ​ជាង ១ពាន់ (.២៥០)ដុល្លារ។ លោក​យន្ត មីន មិន​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​អ្វី​ផ្សេង​ឡើយ ដោយ​គ្រាន់​តែ​បង្ហាញ​ការ​សោក​ស្ដាយ​ប៉ុណ្ណោះ។ អ្នកស្រី បន្ត​ថា គ្រួសារ​អ្នកស្រី មិន​ចង់​ប្ដឹង​ផ្ដល់​វែង​ឆ្ងាយ​នោះ​ទេ ប៉ុន្តែ​ចង់​អំពាវនាវ​ឲ្យ​អាជ្ញាធរ ជួយ​ទទួល​ខុស​ត្រូវ​ព្យាបាល​របួស​កូន​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ៖ «ខ្ញុំ​បារម្ភ​ណាស់ ព្រោះ​ខ្ញុំ​អត់​មាន​ប្ដី​ផង ខ្ញុំ​ក្រ ខ្ញុំ​ភ័យ​ខ្លាច​កូន​ពិការ​មែន​នេះ​ឯង។ អារម្មណ៍​ថា បើ​កូន​ម៉េចៗ ឲ្យ​គ្រាន់​តែ​បាន​ដើរ​បាន​អី រក​ស៊ី​ជិត​ខាង​ខ្លះ​ទៅ តែ​បើ​កូន​ពិការ​ទៀត ខ្ញុំ​ស្រេច​ហើយ។ ខ្លួន​ខ្ញុំ​នេះ​ក៏​រោគ​ច្រើន​ជំពូក​ដែរ លើស​ឈាម​ផង ខ្លាញ់​រុំ​បេះដូង​ផង»

សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក យន្ត មីន និយាយ​ថា លោក​មិន​ទទួល​ខុស​ត្រូវ​ទេ ព្រោះ អ្នក​ណា​បាញ់ គឺ​អ្នក​នោះ ត្រូវ​ទទួល​ខុស​ត្រូវ។

ក្រោយ​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ និង​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន បាន​បន្ត​បោះ​តង់​ដេក​លើ​ដី​ដែល​ពួក​គាត់ ធ្លាប់​រស់​នៅ​ដដែល ព្រោះ​គាត់​គ្មាន​ដី និង​ផ្ទះ​សម្បែង​សម្រាប់​រស់នៅ​កន្លែង​ផ្សេង។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំពោះ​បទបញ្ជា​ឲ្យ​ស្រាវជ្រាវ និង​មាន​វិធានការ​ចំពោះ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ប៉ុន្តែ​លោក​ក៏​ចង់​ឃើញ​មាន​ការ​ស្រាវជ្រាវ និង​មាន​វិធានការ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ដែរ ព្រោះ​ករណី​នោះ ក៏​មាន​ទាំង​មន្ត្រី​នគរបាល និង​មន្ត្រី​យោធា៖ «ទី១ ដើម្បី​រក្សា​នូវ​កិត្តិយស ដើម្បី​រក្សា​នូវ​តម្លៃ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។ ទី២ គឺ​ដើម្បី​បញ្ឈប់​នូវ​ទង្វើ​ទាំង​អស់​នេះ កុំ​ឲ្យ​កើត​មាន​តទៅ​ទៀត ហើយ​ទី៣ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដែរ ទាក់ទង​នឹង​មិន​ថា​តែ​ការ​ប្រើប្រាស់​ហិង្សា​ទេ ​គឺ​ទាក់ទង​នឹង​ការ​បាញ់​ឲ្យ​របួស​ហ្នឹង​ទៀត ដើម្បី​ទី១ បទ​ល្មើស​ណា ដើម្បី​ដាក់​ត្រឹម​វិន័យ​រដ្ឋបាល​នៃ​កង​កម្លាំង ហើយ​បើ​សិន​ជា​បទ​ល្មើស​នៃ​ការ​បាញ់​ឲ្យ​របួស​នោះ វា​មិនមែន​ជា​ការ​ដាក់​វិន័យ​ទេ ព្រោះ​វា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ»

លោក អំ សំអាត បន្ថែម​ថា បញ្ហា​ដី​ធ្លី គឺ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា ដូច្នេះ​អាជ្ញាធរ គួរ​តែ​ជជែក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ជា​មួយ​អ្នក​តវ៉ា​ដី​ធ្លី ដែល​បាន​បោះ​តង់ មិន​ព្រម​ចាក​ចេញ​ទាំង​នោះ៖ «ទោះ​បី​ជា​យើង​គិត​ថា វា​មាន​សាល​ដីកា​ពី​តុលាការ​ក៏​ដោយ ក៏​យើង​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា ទាំង​អស់​នេះ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​ទាំង​អស់​គ្នា​ថា តើ​មាន​ដំណោះ​ស្រាយ​ណា​មួយ ដែល​យើង​មាន​ផ្លូវ​ក្នុង​ការ​ដោះ​ស្រាយ»

ករណី​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​លើស​លុប បាញ់​ពលរដ្ឋ​តវ៉ា​ដីធ្លី​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ រិះគន់​ថា ជា​ទង្វើ​កាត់​ក្ដី​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត។ ពួក​គេ​យល់​ថា ហេតុការណ៍​អាជ្ញាធរ​ប្រើប្រាស់​អាវុធ និង​ប្រើ​អំពើ​ហិង្សា លើ​អ្នក​តវ៉ា ឬ​ពលរដ្ឋ អាច​កើត​មាន​បន្ត​ទៀត ប្រសិន​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​ជាតិ ធ្វើ​ឲ្យ​តែ​ល្អ​មើល គ្មាន​ឆន្ទៈ​ពិត​ប្រាកដ និង​បណ្ដោយ​ឲ្យ​ជន​ល្មើស​ចេះ​តែ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ដដែល។ លើស​ពី​នេះ ប្រជា​ពលរដ្ឋ​កាន់​តែ​ឈឺ​ចាប់ និង​បាត់បង់​ជំនឿ​ទៅ​លើ​អនុវត្តន៍​ច្បាប់​ថែម​ទៀត ហើយ​គណបក្ស​កាន់​អំណាច ក៏​កាន់​តែ​បាត់បង់​ប្រជាប្រិយភាព​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​របប​លោក ហ៊ុន សែន៖ ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ការពារ​របាយការណ៍​ស្ដីពី​ការ​គោរព​សិទ្ធិមនុស្ស នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប

$
0
0

ប្រតិភូ​នៃ​របប​ឯក​បក្ស ក្រុង​ភ្នំពេញ​អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន ដើម្បី​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​៣ របស់​ខ្លួន​ នា​ថ្ងៃ​ទី៣០ មករា នៅ​ក្រុង ហ្សឺណែវ​ ប្រទេស​ស្វីស ថា កម្ពុជា​គោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​សង្កេត ​ឃើញ​ថា ក្នុង​ចំណោម​អនុ​សាសន៍​ទាំង ១៦៣ចំណុច​ដែល​របប​នេះ​យល់​ព្រម​ទទួល​យក​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិកាលពីលើកទី២នោះ​គឺ​របប​នេះ​អនុវត្ត​បាន​តែ​តិច​តួច​នៅ​ឡើយ​ទេ។

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចោទ​ប្រកាន់ ក្រុង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​របាយការណ៍​មិន​ពិត​ស្ដីពី ការ​រំលោភ​សិទ្ធិមនុស្ស​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ​នោះ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ពន្យល់​ថា អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​ទាក់ទង​នឹង​សិទ្ធិមនុស្ស គ្មាន​ចេត​នា​អាក្រក់​ណា​មួយ សរសេរ​របាយការណ៍​អាក្រក់​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​រក​ឃើញ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​ធ្វើ​ឡើង​ដោយ​របប​លោក ហ៊ុន សែន ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ទៀត​ថា ការ​វាយ​តម្លៃ​ទៅ​លើ របាយការណ៍​ណា​មួយ​ក៏​មិន​មែន​អាស្រ័យ​ទៅ​លើ​ភាគី​រដ្ឋាភិបាល​កម្ពុជា ឬ​ភាគី​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ គឺ​ជា​ការ​វាយ​តម្លៃ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ដែល​បាន​សិក្សា និង​ពិនិត្យ​ផ្ទាល់​ពី​ការ​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​នេះ៖ «របាយការណ៍​យើង​ក៏​មិន​មែន​លើក​តែ​ភាព​អវិជ្ជមាន​ទាំង​ស្រុង​ទេ យើង​មាន​លើក​ជា​ចំណុច​នៃ​ការ​ធ្វើ​ឡើង​បាន​អនុវត្ត​តាម​អនុសាសន៍​ហ្នឹង​ដែរ ប៉ុន្តែ​មិន​ច្រើន​ទេ ក្នុង​ហ្នឹង​យើង​សរសេរ​អ្វី​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​រឿង​នៅ​កម្ពុជា​យើង​មិន​បាន​សរសេរ​ការពារ​កម្ពុជា​ដូច​រដ្ឋាភិបាល​សរសេរ​របាយការណ៍​ការពារ​ខ្លួន​ទេ​អ៊ីចឹង​ទេ ខុស​គ្នា​ត្រង់​ហ្នឹង។ យើង​ធ្វើ​ការ​ងារ​ការ​ពារ​ប្រយោជន៍​រួម​របស់​សង្គម»

ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​បន្ទាប់​ពី​អ្នក​នំា​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចោទ​ប្រកាន់​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ធ្វើ​របាយការណ៍​អាក្រក់​អំពី​ការ​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស នៅ​កម្ពុជា។

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ​ជិន​ ម៉ា​លីន និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែរ​នោះ បញ្ជាក់​ថា ប្រតិភូ​នៃ​របប​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ការពារ​អំពី​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​របស់​លោក ចំពោះ​ការ​អនុវត្ត​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ឆ្លើយ​តប​ត ទៅ​នឹង​របាយ​​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​របាយការណ៍​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស OHCHR ប្រចាំ​កម្ពុជា ដែល​សរសេរ​ពី​ភាព​អវិជ្ជមាន​ជា​ច្រើន អំពី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

គណៈ​ប្រតិភូ​សិទ្ធិមនុស្ស​នៃ​របប​ក្រុង​ភ្នំពេញ​ដែល​នឹង​ទៅ​ថ្លែង​ការពារ អំពី​ពី​ការ​គោរព​សិទ្ធិ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ​កែវ ​រ៉េមី និង តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

តំណាងក្រសួង​ដែល​ទៅ​ចូល​កិច្ច​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៅ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ (Genava) ប្រទេស​ស្វីស នោះ មាន​តំណាង​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា។

លោក ជិន ម៉ាលីន ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​មុន​ពេល​ចេញ​ដំណើរ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នេះ​ថា វា​ជា​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​នាម​រដ្ឋ​ជា​សមាជិក​ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​អនុវត្ត​ការ​គោរព ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ក្នុង​រយៈ​ពេល៥ឆ្នាំម្តង។ ហើយឆ្នាំ២០១៩នេះជាលើក​ទី៣ដែល​កម្ពុជា​ត្រូវ ទៅ​អនុវត្ត​កាតព្វកិច្ច ការ​ប្ដេជ្ញា​ចិត្ត និង​បញ្ហា​​ប្រឈម​ទាក់ទង និង​ការ​គោរព​សិទ្ធិមនុស្ស៖ «យើង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ ដើម្បី​ធ្វើ​ការ​ពន្យល់​ទៅ​អង្គការ​សហប្រជាជាតិ​ថា អ្វី​ទៅ​ជា​កម្ពុជា​ក្លែងក្លាយ​នៅ​លើ​សារព័ត៌មាន​បរទេស ហើយ​អ្វី​ជា​កម្ពុជា​ពិត​ប្រាកដ ដែល​ប្រជា​ពលរដ្ឋ​កំពុង​រីករាយ​ទៅ​នឹង​សុខ​សន្តិភាព និង​មាន​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ។ អ៊ីចឹង​នេះ​មិន​មាន​អី​ទាក់ទង​ការ​ធ្វើ​ឲ្យ​គេ​ជឿ ឬ​មិន​ជឿ​ទេ គឺ​សំខាន់​យើង​បាន​បំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុង​នាម​រដ្ឋ​សមាជិក​របស់​អង្គការ​សហប្រជាជាតិ»

លោក ជិន​ ម៉ា​លីន ឲ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៤​របប​ក្រុង​ភ្នំពេញ​ទទួល​បាន​អនុ​សាសន៍​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាចំនួន២០៥ចំណុច​ ប៉ុន្តែ​របប​នេះ​​ទទួល​យក​តែ​១៦៣ ចំណុច​ទេ ​​ ដោយ​សារ​ចំណុច​មួយ​ចំនួន​ទៀត​មិន​សម​ស្រប​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ឲ្យ​ដឹង​ដែរ​ថា ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ កែវ​ រ៉េមី ​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថាន​ភាព​កម្ពុជា​ លើ​គ្រប់​វិស័យ​និង​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​នានា ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកនាំពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៩ មករា​ថា មុន​នឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចេញ​ទៅ​​​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ អង្គការ​សហប្រជាជាតិ​បាន​អញ្ជើញ​ក្រុម​សង្គម​ស៊ីវិល និង​ទទួល​យក​របាយការណ៍​របស់​ពួក​គេ ទៅ​ពិនិត្យ​ក្នុង​សម័យ​ប្រជុំ​មួយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៨កន្លងទៅ។ លោក​បន្ត​ថា របាយការណ៍ របស់​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា អនុសាសន៍​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចំនួន ១៦៣ ដែល​រដ្ឋាភិបាល​ទទួល​យក​នោះ គឺ​អនុវត្ត​បាន​តិចតួច​នៅ​ឡើយទេ៖ «យើង​ឃើញ​ថា តិចតួច​ណាស់ ដែល​កម្ពុជា​អនុវត្ត​អនុសាសន៍។ របាយការណ៍​របស់​សង្គម​ស៊ីវិល​ក្នុង​នោះ​យើង​ពិនិត្យ​មើល​សិទ្ធិ​សេរី​ជា​មូលដ្ឋាន​មានន័យ​ថា សិទ្ធិ​ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ និង​ខាង​សមាគម ហើយ​ឃើញ​ថា សិទ្ធិ​នេះ​មាន​ការ​រឹតត្បិត​ជា​ខ្លាំង»

លោក ស៊ឹង សែនករុណា ឲ្យ​ដឹង​ទៀត​ថា សង្គម​ស៊ីវិល​លើក​ឡើង​ពី​ជ្រុង​នីមួយៗ ដែល​ខ្លួន​បាន​ធ្វើ​ការ​ទាក់ទង​វិស័យ​សិទ្ធិមនុស្ស​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ UN ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ​ឡើង​វិញ។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឃើញ​ប្រទេស​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​និង យក​របាយការណ៍​របស់​សង្គម​ស៊ីវិល​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​វាស់វែង​ទៅ​នឹង​ទិដ្ឋភាព​​ជាក់​ស្ដែង​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា៖ «អ្វី​ដែល​យើង​លើក​ឡើង​ទាំង​អស់​នេះ ហើយ​ខាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​គេ​មាន​របាយការណ៍​មួយ ដែល​តំណាង​អំពី​ប្រទេស​កម្ពុជា​ក៏​គេ​បាន​លើក​ឡើង ហើយ​ខ្ញុំ​ជឿជាក់​ថា របាយការណ៍​ខាង​សង្គម​ស៊ីវិល​ក៏​មិន​ខុស​គ្នា​ពី​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ដែរ​ពី​​ព្រោះ​ជា​ទូទៅ​យើង​សង្កេត​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​ការ​តស៊ូ​មតិ​ផ្សេងៗ​ ហ្នឹង​ក៏​មិន​ខុស​គ្នា​ដែរ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ មករា​ឲ្យ​ដឹង​ថា កម្ពុជាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤ត្រូវពិនិត្យ​ដោយ​ការងារ​ក្រុម​ប្រឹក្សា សិទ្ធិមនុស្ស​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៣ ដោយ​លើក​ទី១ ធ្វើ​នៅ​ក្នុង​ឆ្នាំ២០០៩ លើក​ទី២ ឆ្នាំ២០១៥ និង​លើក​ទី៣ នៅ​ឆ្នាំ២០១៩ នេះ។

យន្តការ​របស់​អង្គការសហប្រជាជាតិ​នេះ គឺ​ពិនិត្យ​មើល​របាយការណ៍​របស់​ប្រទេស​ចំនួន១៩៣ ដែល​ជា រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ។ កម្ពុជា​គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ចំនួន១៤ដែល​ក្រុម​ការងារ​របស់​យន្តការ​ពិនិត្យ​របាយការណ៍​សកល​តាម​កាល​កំណត់ ឬ (UN-UPR) របស់​ក្រុម ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​មាន​សមាជិក ៤៧រូប ត្រូវ​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស។ ការ​ពិនិត្យ​របាយការណ៍​កម្ពុជា​លើក​នេះ​នឹង​ធ្វើ​នៅ​ម៉ោង៨:៣០ យប់ ដល់​ម៉ោង ១២កណ្ដាល​អាធ្រាត្រ នៅ​ថ្ងៃ​ទី​ពុធ ទី​៣០ ខែ​មករា​ម៉ោង​នៅ​កម្ពុជា ហើយ​ក៏​នឹង​មាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​វេបខាស់​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​ លីកាដូ (Licadho)​ លោក អំ សំអាត​បាន​លើក​ឡើង​ដែរ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ក្នុង​រយៈ​ពេល​ជាង មួយ​ឆ្នាំ​ចុងក្រោយ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​លំបាក​ក្នុង​ការ​ពន្យល់​ទៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​កិច្ចប្រជុំ ។ លោក​លើក​ឡើង​ជា​ឧទាហរណ៍​ថា ការពិបាក​ឆ្លើយ​នោះ​បណ្ដាល​មក​ពី​កត្តា​ចម្បង​មួយ​ចំនួន​ដូចជា៖ការ​វិវត្ត​ចុងក្រោយ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម៖ «លើក​នេះ ខ្ញុំ​គិត​ថា វា​កាន់តែ​ពិបាក​ទៀត ក្នុង​ការ​ឆ្លើយ។ នឹង​មាន​សំណួរ​ជាច្រើន​ទៀត។ វា​មិនមែន​ប្រឈម​តែ UPR ទេ នៅ​ខាង​សហគមន៍​អឺរ៉ុប​ទាក់ទង​នឹង EBA គេ​មាន​លក្ខខណ្ឌ​របស់​គេ ទាក់ទង​នឹង​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែល​នេះ​ជា​បញ្ហា​បន្ថែម​ទៀត»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ការ ពិនិត្យ​នេះ​ផ្អែក​លើ៖​របាយការណ៍​ជាតិ ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ព័ត៌មាន​ដែល​មាន​ក្នុង​របាយការណ៍​របស់​អ្នក​ជំនាញ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ឯករាជ្យ ដែល​គេ​ស្គាល់​ថា ជា​នីតិវិធី​ពិសេស ស្ថាប័ន​សន្ធិសញ្ញា​សិទ្ធិមនុស្ស និង​អង្គការ​ដទៃ​ទៀត​របស់​អង្គការ​សហប្រជាជាតិ និង​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ រួម​មាន​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស អង្គការ​តំបន់ និង​ក្រុម​សង្គម​ស៊ីវិល។

សម័យ​ប្រជុំ​របស់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ស្ដីពី​យន្តការ​ពិនិត្យ​ជា​សកល​ តាម​កាល​កំណត់ (UPR) ជុំ​ទី៣ស្តីពីការគោរពសិទ្ធិមនុស្សនៅ​កម្ពុជា​ធ្វើ​ឡើង ខណៈ​របប​ក្រុង​ភ្នំពេញ​រង​ការ​ចោទ​ប្រកាន់​ថា កំពុង​ដើរ​ខុស​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ មនុស្ស គិតចាប់ពីចុងឆ្នាំ២០១៧ មក ហើយ​ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន​រួម​ទាំង​សហរដ្ឋអាមេរិក​ផង បាន​ត្រៀម​សំណួរ​ជា​ច្រើន ដើម្បី​សួរ​ឱ្យ​ភាគី​កម្ពុជា​ឆ្លើយ​ជុំវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។

សំណួរ សំខាន់ៗ ដែល​សហរដ្ឋ​អាមេរិក​នឹង​លើក​យក​មក​សួរ​តំណាង​កម្ពុជា រួមមាន​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​​ សង្គ្រោះ​ជាតិ​ លោក កឹម សុខា។ អាមេរិក​នឹង​សួរ​ថា តើ​របប​លោក ហ៊ុន សែន ចាត់​វិធាន​ការ​យ៉ាងណា​ខ្លះ​ហើយ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​ឱ្យ​មាន​គណបក្សប្រឆាំង​ពិតប្រាកដ​ដំណើរ​ការ​ វិញ​នៅ​កម្ពុជា?និង​សំណួរ​មួយ​ទៀត​សួរ​ថា តើ​របប​នេះ ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ដល់​ការ​ផ្សះផ្សា​ជាតិខ្មែរ? បន្ថែម​លើ​សំណួរ​ទាំង​នេះ​សហរដ្ឋ​អាមេរិក​ក៏​នឹង ចោទ​សួរ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ បញ្ហា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​កម្មករ និង​ការ​លុបបំបាត់​អំពើ​ពុក​រលួយ​ជា​ដើម។

ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាំង​អស់​នេះ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ នៅ​រង់ចាំ​មើល​ថា តើ​ខាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​របប​លោក ហ៊ុន សែន នឹង​ឆ្លើយ​ដោះ​សារ​បែប​ណា​នៅ​ថ្ងៃ​ទី៣០ មករា​នេះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​គ្រោង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ទី៣១ មករា

$
0
0

សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​​ទី៣១ មករា ក្រោយ​​សវនាការ​នៅ​ថ្ងៃ​ទី៣០ មករា។ ​ក្រុម​គ្រួសារ​របស់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​រូប​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

សវនាការ​មុន​អង្គ​សេចក្តី​​នេះ ធ្វើ​ឡើង​ជា​អសាធារណៈ ហើយ​​មាន​តែ​​លោក រ៉ាត់ រត្នមុនី ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ចូល​រួម​ ដោយ​មេធាវី​របស់​លោក​អវត្តមាន។

អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​លោក ទូច ថារិទ្ធិ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​ការ​សួរ​ដេញ​ដោល​​ ចៅក្រម​​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ រ៉ាត់ រត្នមុនី ​ទៅ​ថ្ងៃ​ទី៣១ មករា​វិញ។ លោក​មិន​បាន​ដឹង​ពី​​មូល​ហេតុ​ដែល​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ាត់ រត្នមុនី​ អវត្តមាន​​ក្នុង​សវនា​ការ​នេះ​ឡើយ«ខាង​មេធាវី​តំណាង​ដោយ​អាណត្តិ​​របស់​គាត់​ហ្នឹង​អត់​​ចូល​មក​ហើយ អា​ហ្នឹង​ខាង​ខ្ញុំ​ម៉េច​ដឹង។ នីតិវិធី​ក្នុង​សំណុំ​រឿង​ក្ដី​ហ្នឹង ​ប្រសិនបើ​មាន​មេធាវី តុលាការ​គេ​កោះ​ហៅ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​ ចេញ​ដីកា​កោះ​ហៅ​ទៅ​​តាម​នីតិវិធី​ហើយ​។ បើ​អត់​មាន អា​ហ្នឹង​​គេ​អត់​ហៅ​ទេ»

ក៏ប៉ុន្តែ មេធាវី​ សំ ទិត្យសីហា អះអាង​ថា ​សាលាឧទ្ធរណ៍​​​មិន​បាន​ជូន​ដំណឹង​ដល់​រូប​លោក​ និង​សហការី​មួយ​រូប​ទៀត ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ រ៉ាត់ រត្នមុនី ​នោះ​ឡើយ ដូច្នេះ​ទើប​ពួក​លោក​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​នេះ​។ លោក​ថា​នេះ​ជា​ការ​អនុវត្ត​ខុស​​នីតិវិធី និង​​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​កូន​ក្តី​របស់​លោក៖ «ការ​ចូល​រួម​របស់​មេធា​វី​ គឺ​សំ​ខាន់​ណាស់​ ជា​ពិសេស​​ជន​ជាប់​ចោទ​ក្នុង​រឿង​​ព្រហ្មទណ្ឌ។ ហើយ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ទៀត​ គឺ​ទាក់​ទង​ទៅ​នឹង​​សវនាការ​មុន​​អង្គ​សេចក្ដី​ គឺ​យើង​ចាំបាច់​ត្រូវ​មាន​មេធាវី​ ដើម្បី​ឱ្យ​ជួយ​ដំណើរ​ការ​នីតិវិធី​ហ្នឹង ដើម្បី​ជួយ​​ឱ្យ​កូន​ក្ដី​គាត់​ទទួល​ផល​ប្រយោជន៍​ ឬ​ក៏​យើង​រក​អំណះអំណាង​មួយ​ចំនួន​ដើម្បី​​ដាក់​ជូន​ទៅ​តុលាការ​​ ដើម្បី​ឱ្យ​តុលាការ​ពិចារណា​ទៅ​លើ​ការ​សម្រេច​ឱ្យ​កូន​ក្ដី​ហ្នឹង​ គាត់​អាច​បាន​នៅ​ក្រៅ​ឃុំ​។​ ប្រសិនបើ​​ខ្ញុំ​បាន​ទទួល​ដំណឹង​ គឺ​ខ្ញុំ​ត្រូវ​តែ​ចូល​រួម​ដើម្បី​ការពារ​ផល​ប្រ​យោជន៍​ ​និង​សិទ្ធិ​របស់​កូន​ក្ដី​ដែរ​ ប៉ុន្តែ​នេះ​គាត់​មិនបាន​ជូន​​ដំណឹង​ទេ ​​សូម្បី​​តាម​រយៈ​ទូរស័ព្ទ​ ឬ​តាម​រយៈ​លិខិត​ ក៏​អត់​បាន​ជូន​ដែរ»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៨ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​លោក សេង រិទ្ធី បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​​របស់​​លោក រ៉ាត់ រត្នមុនី ដោយ​សំអាង​ថា ដើម្បី​រំលត់​ក្ដី​​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​គាប​សង្កត់​សាក្សី ឬ​​ជន​រងគ្រោះ បង្ការ​បទល្មើស​កុំ​ឱ្យ​កើត​ជាថ្មី និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី។ ក៏​ប៉ុន្តែ​មេធាវី​ និង​គ្រួសារ​លោក រ៉ាត់ រត្នមុនី ​ជឿជាក់​ថា សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ គ្មាន​លទ្ធភាព​ទៅ​​គាប​សង្កត់​សាក្សី ឬ​ជន​រងគ្រោះ ឬ​ក៏​អាច​​ធ្វើ​អ្វី​ដែល​​ប៉ះពាល់​ដល់​ដំណើរការ​រឿង​ក្តីនេះ​ឡើយ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នកស្រី​នឹង​ទៅ​ចូល​រួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​របស់​សាលាឧទ្ធរណ៍​ ហើយ​​សង្ឃឹម​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​អ្នកស្រី។ អ្នក​ស្រី​​នៅ​តែ​ជឿជាក់​ថា ស្វាមី​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «សូម​ឱ្យ​តុលាការ​ហ្នឹង បន្ត​ការ​ស៊ើប​អង្កេត​​ ឬក៏​នីតិវិធី​របស់​គាត់​ហ្នឹង​បន្ត​ទៀត​ទៅ ប៉ុន្តែ​សូម​អនុញ្ញាត​ឱ្យ​ប្ដី​​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ ពី​ព្រោះ​ប្ដី​ខ្ញុំ​ ​គាត់​មិន​​មាន​កំហុស​។ ​គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ គាត់​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​ឱ្យ​កាសែត​រុស្ស៊ី។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្ដី​​ខ្ញុំ​ និង​អនុញ្ញាត​ឱ្យ​ប្ដី​​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​​ ដើម្បី​​​បន្ត​ការងារ​សង្គម​របស់​គាត់​​ ធ្វើ​ការ​ងារ​​រក​ប្រាក់​ចំណូល​ដើម្បី​គ្រួសារ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី បាន​ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ជាង ១ ខែ​ទៅ​ហើយ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ”។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​យល់​ថា ភាពយន្ត​ឯកសារ​នេះ​ ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា ហើយ​​បាន​ចោទ​លោក​ រ៉ាត់ រត្នមុនី ថា បាន​ផ្ដល់​លុយ​ឱ្យ​ប្រភព ដើម្បី​និយាយ​ប្រឌិត​សាច់​រឿង។

ទោះ​ជា​យ៉ាង​ណា តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​ថា នាង​មិន​ទទួល​បាន​លុយ​កាក់​ពី​លោក​ រ៉ាត់ រត្នមុនី នោះ​ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀប​រាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​ផ្ទាល់​ខ្លួន​​របស់​នាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

$
0
0

ដំណើរការ​ត្រួតពិនិត្យ​មើល​កាតព្វកិច្ច និង​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ៣០ មករា បាន​បិទ​បញ្ចប់​ទៅ ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ដដែល​ចំពោះ​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។ ពួកគេ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ពង្រីក និង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ ដូច​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា និង​កតិកា​សញ្ញា​នានា​របស់​អន្តរជាតិ។

ដំណើរការ​ត្រួតពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​រៀងរាល់ ៥ ឆ្នាំ​ម្ដង ឬ​ហៅ​កាត់​ថា UPR លើក​ទី​បី របស់​កម្ពុជា នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ពុធ ទី៣០ ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ជាពិសេស​រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង កាណាដា និង​អូស្ត្រាលី ជាដើម បាន​ផ្ដល់​អនុសាសន៍​ត្រង់ៗ​ជាច្រើន​ចំណុច ឱ្យ​កម្ពុជា​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស ដែល​កំពុង​ធ្លាក់​ចុះ​ដុនដាប​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ។ សិទ្ធិ​សំខាន់ៗ ដែល​ត្រូវ​បាន​លើកឡើង​រួមមាន ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ សិទ្ធិ​ដីធ្លី អំពើ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល និង​ការអប់រំ ព្រមទាំង​សិទ្ធិ​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជាដើម។

សហរដ្ឋអាមេរិក ជំរុញ​ឱ្យ​កម្ពុជា​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​សមាជិក​បក្ស​ប្រឆាំង ទាំងអស់ និង​ដោះលែង​ជាបន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ នូវ​រាល់​បុគ្គល​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ និង​ឃុំខ្លួន​តាម​ទំនើង រួម​ទាំង​លោក កឹម សុខា ផង។ អាមេរិក ក៏​ចង់​ឃើញ​កម្ពុជា លុបចោល​រាល់​ការ​រឹតត្បិត​ដោយ​ខុសច្បាប់​ចំពោះ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​លុបចោល​នូវ​ប្រកាស​អន្តរក្រសួង​អំពី​ការ​ឃ្លាំមើល​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​អនឡាញ ឬ​អ៊ីនធឺណិត។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក ចង់​ឃើញ​នូវ​ការ​កែ​លម្អ​ដំណើរការ​ចុះបញ្ជី​សហជីព និង​អង្គការ​នានា។ សហរដ្ឋអាមេរិក​លើក​ឡើង​ថា ខ្លួន​នៅតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ដោយ​អាមេរិក​សង្កត់​ធ្ងន់ៗ​ថា ការ​បង្ក្រាប​របស់​របប​ក្រុងភ្នំពេញ មក​លើ​គណបក្ស​នយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​ដោយ​ខុសច្បាប់ ទៅលើ​សិទ្ធិ​កម្មករ​ក្នុង​ការ​ជួបជុំ ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី បាន​បណ្ដាល​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ គ្មាន​ភាព​សេរី គ្មាន​ភាព​ត្រឹមត្រូវ គ្មាន​យុត្តិធម៌ និង​ពុំ​មាន​លក្ខណៈ​ប្រកបដោយ​ប្រជាធិបតេយ្យ​នោះ​ទេ។

ដោយឡែក ចក្រភព​អង់គ្លេស​វិញ បាន​ជំរុញ​ឱ្យ​កម្ពុជា លុប​ចោលការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ លុបចោល​ការ​ហាម​ប្រាម​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង ១១៨ រូប និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា។ ចក្រភព​អង់គ្លេស​នៅតែ​បារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ការ​ពង្រួម​លំហ​ប្រជាធិបតេយ្យ តាមរយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់ខ្លួន​លោក កឹម សុខា ដាក់គុក និង​ការបោះឆ្នោត​ដែល​ខ្វះ​ភាព​ស្របច្បាប់។ អង់គ្លេស ចង់​ឱ្យ​កម្ពុជា​ស្ដារ​ឡើងវិញ​ចំពោះ​ចំណាត់​ការ​បិទ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លុបចោល​បញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចាត់ទុកជា​បទឧក្រិដ្ឋ​ចំពោះ​ការ​បរិហារកេរ្តិ៍ ជាដើម។

ប្រទេស​កាណាដា​ឯណោះ​វិញ ក្រៅ​តែ​សម្ដែង​ពី​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​នយោបាយ​ប្រឆាំង ប្រទេស​នេះ​យល់ថា ទំនោរ​នៃ​ការ​រឹតត្បិត​នេះ រឹតតែ​អាក្រក់​ឡើងៗ ដោយសារ​ការ​បោះឆ្នោតជាតិ​កាលពី​ឆ្នាំ២០១៨ មិនបាន​ធ្វើឡើង​តាម​បែប​ប្រជាធិបតេយ្យ។ កាណាដា ស្នើ​ឱ្យ​កម្ពុជា​ត្រូវតែ​ពង្រឹង​ដំណើរការ​ចូលរួម​តាម​បែប​ប្រជាធិបតេយ្យ ដោយ​ធានា​ឯករាជ្យភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ បង្កើត​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព និង​អំណោយផល ដល់​សង្គម​ស៊ីវិល និង​សហជីព និង​ដោយ​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពេញលេញ​របស់​គណបក្សប្រឆាំង​នៅ​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធិ​សភា និង​រដ្ឋសភា​ជាតិ​នា​ពេល​ខាងមុខ។ កាណាដា ក៏​ចង់​ឃើញ​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​មានការ​ប្រគល់​តំណែង​ឱ្យ​សមាជិក​ជាប់ឆ្នោត​របស់​គណបក្ស​នេះ​ទាំងអស់​ឡើងវិញ។ កាណាដា ស្នើ​ឱ្យ​កម្ពុជា ដាក់​ចេញ​នូវ​វិធានការណ៍​ជាក់លាក់​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​អំពើ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៃ​ពលរដ្ឋ​កម្ពុជា ចេញពី​ដីធ្លី​របស់​ពួកគេ។ កាណាដា ក៏​ស្នើ​ឱ្យ​កម្ពុជា កែប្រែ​មាត្រា ៤៥ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អាច​អាពាហ៍ពិពាហ៍​ជាមួយគ្នា​បាន។

សម្រាប់​អូស្ត្រាលី ប្រទេស​នេះ​ផ្ដល់​អនុសាសន៍​ឱ្យ​កម្ពុជា​លុបចោល​ច្បាប់​ធ្វើ​វិសោធនកម្ម​លើ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៧ ។ អូស្ត្រាលី​ចង់​ឃើញ​មានការ​សើរើ​មើល​ឡើងវិញ​លើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សហជីព ដើម្បី​ធានា​ថា​ច្បាប់​ទាំង​បី​នេះ ស្រប​ជាមួយ​នឹង​កាតព្វកិច្ច​កម្ពុជា​ស្ដីពី​ការ​គោរព​តាម​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ អូស្ត្រាលី​ក៏​ចង់​ឱ្យ​កម្ពុជា​បង្កើត​ឱ្យ​មាន​ឡើង​នូវ​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ឯករាជ្យ​មួយ ដែល​ស្របតាម​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

បារាំង​ឯណោះ​វិញ ក៏បាន​ស្នើ​ឱ្យ​កម្ពុជា​ចាត់​វិធានការណ៍​ចាំបាច់​ដើម្បី​អនុញ្ញាត​ឱ្យ​សមាជិក​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ជីវិត​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ចាត់​វិធានការណ៍​បង្កើត​ឡើងវិញ​នូវ​បរិយាកាស​មួយ ដែល​គោរព​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល ជាពិសេស ដោយ​ពិនិត្យមើល​ឡើងវិញ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

ចំពោះ​ប្រទេស​បែលហ្សិក​វិញ ប្រទេស​នេះ​ព្រួយបារម្ភ​ខ្លាំង រឿង​ការ​ពង្រួម​លំហ​សង្គម​ស៊ីវិល និង​កង្វះ​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ប្រទេស​នេះ​ចង់​ឃើញ​កម្ពុជា កែប្រែ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​តុលាការ លក្ខន្តិកៈ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា និង​ការរៀបចំ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម ដើម្បី​ធានា និង​ការពារ​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌។

សម្រាប់​ប្រទេស​ជប៉ុន​វិញ ប្រទេស​នេះ ចង់​ឱ្យ​ឃើញ​មានការ​លើកកម្ពស់​កិច្ច​សន្ទនា ក្នុង​ចំណោម​តួអង្គ​នយោបាយ​ពាក់ព័ន្ធ ការ​លើក​កម្ពស់​សិទ្ធិ និង​សេរីភាព​ពលរដ្ឋ និង​ដំណើរការ​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មានការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​សម្រាប់​ការអភិវឌ្ឍន៍។ ក្នុង​ដំណើរការ​នេះ ជប៉ុន លើកឡើង​ថា កម្ពុជា​ត្រូវ​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​មួយ ដែល​សិទ្ធិ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​បាន​គោរព ហើយ​ថា សកម្មភាព​របស់​ពួកគេ​មិន​ត្រូវ​បាន​រឹតត្បិត​ឡើយ។ ជប៉ុន ក៏​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​បន្ថែម​ទៀត ដោយ​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ដែល​ទទួល​បាន​ទំនុក​ចិត្ត និង​ប្រើប្រាស់​បាន​ដោយ​ពលរដ្ឋ។

ក្រៅពី​ការ​ជំរុញ និង​ការ​បារម្ភ​របស់​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត​ឯណោះ​វិញ រួមមាន​ដូចជា​ចិន វៀតណាម រុស្ស៊ី ជាដើម ហាក់​ផ្ដោត​ខ្លាំង​តែ​ទៅលើ​បញ្ហា​សុខាភិបាល ការអប់រំ និង​ការ​រក្សា​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​វិញ។ ក្រោយ​បិទ​បញ្ចប់​ដំណើរការ​ត្រួតពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​លើក​ទី៣ របស់​កម្ពុជា​នេះ សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​អនុម័ត​នូវ​របាយការណ៍​ផ្លូវការ​មួយ​ចំពោះ​រាល់​កង្វល់ និង​អនុសាសន៍​នានា ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋ​សមាជិក​ទាំងនេះ នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ខាងមុខនេះ ដើម្បី​បន្ត​ធ្វើ​ការ​តាមដាន​ចំពោះ​ការអនុវត្ត​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ ខាងមុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​យុវជន​ថា ពួកគេ​នឹង​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដោយ​ខ្លួនឯង​បើ​អាជ្ញាធរ​នៅ​តែ​មិន​អើពើ​រឿង​នេះ

$
0
0

ក្រុម​យុវជន​គ្រោង​លើកគ្នា​ទៅ​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​ឯកជន នៅ​ពេល​ខាងមុខ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​បន្ត​ព្រងើយកន្តើយ​ចំពោះ​ករណី​នេះ។ ការព្រមាន​របស់​ក្រុម​យុវជន​នេះ ធ្វើឡើង​ក្រោយពេល​អាជ្ញាធរ​ខកខាន​មិនបាន​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន និង​បញ្ជា​របស់​លោក ហ៊ុន សែន ទាក់ទង​នឹង​ការ​លុប​ឆ្នេរ​ខុសច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា ក្រុម​យុវជន និង​ពលរដ្ឋ​ទូទៅ មាន​សិទ្ធិ និង​ករណីយកិច្ច​ស្របតាម​ច្បាប់​ក្នុង​ការ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ក្រុម​យុវជន​សម្ដែង​ការ​ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងឡាយ ចំពោះ​ការ​អូសបន្លាយ​មិន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ឯកជន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង ត្រង់​ភូមិសាស្ត្រ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​មិនបាន​ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​បាន​ចាក់​លុប​រួច​នោះ ចេញ​វិញ​ដែរ ដែល​បញ្ហា​នេះ​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ថា អាច​នឹង​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​អាជ្ញាធរ និង​ក្រុមហ៊ុន។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស ថ្លែង​ថា កញ្ញា និង​យុវជន​ដទៃ​ទៀត នឹង​ចុះ​ធ្វើ​សកម្មភាព​នេះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​កញ្ញា​រំពឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នឹង​មិន​ហាមឃាត់ ឬ​រារាំង​សកម្មភាព​របស់​ក្រុម​យុវជន​ឡើយ។ កញ្ញា​ថ្លែង​ថា ប្រសិនបើ​អាជ្ញាធរ​រារាំង​សកម្មភាព​របស់​ក្រុម​យុវជន​នោះ មានន័យថា អាជ្ញាធរ​ការពារ​ទង្វើ​មិន​ស្របច្បាប់​របស់​ក្រុមហ៊ុន ដ្បិត​ករណី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង​នេះ ធ្វើឡើង​ដោយ​ខុសច្បាប់៖ «កន្លងមក គឺ​គាត់​លើក​ហេតុផល​ថា មន្ត្រី​ជំនាញ​កំពុងតែ​ត្រួតពិនិត្យ អ៊ីចឹង​រយៈពេល​រហូត​មកដល់ពេលនេះ វា​ជាង ៦ ខែ​ហើយ អ៊ីចឹង​សូម​ឱ្យ​គាត់​ពិនិត្យមើល​រឿង​ហ្នឹង​ម្តង​ទៀត។ បើ​រយៈពេល​ត្រឹម ១​ខែ​ទៀត គាត់​នៅតែ​មិន​មាន​វិធានការ​ជាក់លាក់​ណាមួយ ឬក៏​ប្រើ​ហេតុផល​ដដែលៗ​ដើម្បី​គេចវេះ ឬក៏​ព្យាយាម​មិន​អនុវត្ត​តាមច្បាប់ នោះ​ពួក​ខ្ញុំ​នឹង​ចុះទៅ​ម្តង​ទៀត»

លុប​ដី​ឆ្នេរ​ព្រែកត្រែង ៦២២
ដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស Photo: RFA

ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ម្ចាស់​ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប​តំបន់​បឹងកក់​កណ្ដាល​ក្រុងភ្នំពេញ​ដ៏​ចម្រូងចម្រាស កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។

អាស៊ីសេរី​មិនទាន់​អា​ចរក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​អ្នកស្រី ជឹង សុភាព ដើម្បី​សាកសួរ​ពី​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទោះជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ ធ្លាប់​បាន​អះអាង​ថា ការ​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ គឺជា​រឿង​ខុសច្បាប់។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ លោក ថោង ខុន បាន​ថ្លែង​ថា ក្រុមហ៊ុន​អភិវឌ្ឍ​នៅ​ឆ្នេរ​ព្រែកត្រែង​នោះ បាន​រំលោភបំពាន​ច្បាប់ ហើយ​អាជ្ញាធរ​កំពុងតែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​លើ​ករណី​នេះ។

ក្រោយពេល​មាន​ប្រតិកម្ម​ច្រើន​ពី​សាធារណជន មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ លោក ជា សុផារ៉ា កាយ​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​នោះ​ចេញ​វិញ ដើម្បី​រក្សា​ឆ្នេរ​ធម្មជាតិ​ឱ្យ​បាន​ដូចដើម​។ ក៏ប៉ុន្តែ​បទបញ្ជា​នេះ ហាក់​មាន​ឥទ្ធិពល​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​អាជ្ញាធរ​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​ភ្លាមៗ​ក្រោយ​មាន​បទបញ្ជា ប៉ុន្តែ​បន្ទាប់ពី​នោះ​មក ករណី​នេះ​បាន​ស្ងប់ស្ងាត់​បាត់​ឈឹង​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​វិញ ព្រោះ​លោក​អះអាង​ថា លោក ជា សុផារ៉ា បាន​ប្រគល់​កិច្ចការ​នេះ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជា​អ្នក​ដោះស្រាយ​ហើយ៖ «សួរ​ទៅ​គេ​តិច​ទៅ​ណា​។ សួរ​គេ​អ្នក​នៅ​មើល​ទីតាំង​ហ្នឹង​ទៅ ព្រោះ​គាត់​បាន​ប្រគល់​ឱ្យ​ខេត្ត​ចាត់ចែង​ហើយ កាលពី​ថ្ងៃ​ចុះទៅ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន ជាច្រើន​ដង តាំងពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃទី៣០ មករា ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១១ មករា ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យមើល​ករណី​នេះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នៅតែ​ប្រកាន់​ជំហរ​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​ជាមុន​សិន។ លោក​ក៏បាន​ផ្ដាំ​ទៅ​យុវជន​វិញ​ដែរ​ថា កុំ​ឱ្យ​ធ្វើ​សកម្មភាព​ណា​ដែល​អាច​បង្ក​ភាព​អានាធិបតេយ្យ​នៅ​តំបន់​នោះ៖ «សូម​ឱ្យ​គាត់​ធ្វើ​អ្វីៗ​ទៅ​តាម​គោលការណ៍​ច្បាប់ ដើម្បី​ចៀសវាង​ភាព​អានាធិបតេយ្យ។ ប្រសិនបើ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុវត្ត អាហ្នឹង​សម​នឹង​គាត់​ធ្វើ ប៉ុន្តែ​ឥលូវ​អាជ្ញាធរ និង​រដ្ឋបាល​មូលដ្ឋាន ក៏​ដូច​មន្ត្រី​ជំនាញ​ដែរ គេ​បាន​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​ទូទៅ និង​ពួកគាត់​ហើយ​តើ ថា​នឹង​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ គ្រាន់តែ​ថាបើ​បាន​តាម​ពេលវេលា​ភ្លាមៗ​ហ្នឹង វា​មិន​ទាន់​បាន​។ ប៉ុន្តែ​ជា​គោលការណ៍​រួម គឺ​យើង​នៅតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​គាត់​ធ្វើ​(​កាយ​ដី​)​អ៊ីចឹង»

ថ្វីត្បិតតែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ជំហរ​បែបនេះ​មែន ក៏ប៉ុន្តែ​ក្រុម​យុវជន​មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ឡើយ។

កញ្ញា ផេង ស្រីស អះអាង​ថា ក្រុម​យុវជន​នឹង​យក​ច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ ព្រមទាំង​ចំណារ​របស់ ហ៊ុន សែន ជា​មូលដ្ឋាន​ក្នុង​ការ​ចុះ​ធ្វើ​សកម្មភាព​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​នោះ។ កញ្ញា​អះអាង​ថា ការ​ចាក់ដី​លុប​ឆ្នេរ​កើតមាន​ជាច្រើន​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ទៀត ដូច្នេះ​ប្រសិនបើ​ករណី​ឆ្នេរ​ព្រែកត្រែង​នេះ មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ វា​នឹង​ផ្ដល់​ជា​គំរូ​អាក្រក់ និង​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត​ឱ្យ​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​បន្ត​ទៅ​ទៀត៖ «ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ក្នុង​សង្គម ជាក់ស្ដែង​ការ​ចាក់​ដី​លុប​ឆ្នេរ ដែល​សម្ដេច​ផ្ដល់​បទបញ្ជា​មក​ឱ្យ​កាយ​ដី​ចេញ​វិញ ទីបំផុត​ក៏​នៅតែ​ក្រុមហ៊ុន ឬក៏​អ្នក​មានអំណាច​មិន​អនុវត្ត​តាម។ យើង​ជា​ប្រជាពលរដ្ឋ ជា​យុវជន យើង​ឃើញ​សកម្មភាព​ដែល​ធ្វើ​បំពាន​ច្បាប់ ខុស​នឹង​ច្បាប់​ហើយ យើង​ឈរ​ឱប​ដៃ​មើល អ៊ីចឹង​មានន័យថា យើង​បណ្ដោយ​ឱ្យ​បក្ខពួក​ក្រុម​អ្នក​មាន​អំណាច ក្រុមហ៊ុន ឬក៏​អ្នកធំ​មួយ​ចំនួន​ហ្នឹង បន្ត​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ ហើយ​និង​បម្រើ​តែ​ផលប្រយោជន៍​បក្ខពួក​ខ្លួន​អ៊ីចឹង​ទៅ»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការរំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺជា​ទង្វើ​ល្មើស​នឹង​ច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​តឹងរ៉ឹង​លើ​ជន​ប្រព្រឹត្ត។ លោក​ថ្លែង​ទៀត​ថា ករណី​ឆ្នេរ​ព្រែកត្រែង​នេះ បង្ហាញ​ថា អាជ្ញាធរ​មិន​ទាន់​បាន​អនុវត្ត​នូវ​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ និង​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅឡើយ​ទេ។ លោក​អះអាង​ថា ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ មាន​សិទ្ធិ និង​ករណីយកិច្ច​ក្នុង​ការ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ជាតិ ហើយ​សកម្មភាព​ដែល​ក្រុម​យុវជន​គ្រោង​ធ្វើ​នៅ​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​រឿង​ស្របច្បាប់៖ «បើ​បញ្ហា​ហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អ៊ីចឹង ក្រុម​យុវជន​ក៏ដោយ ប្រជាពលរដ្ឋ​ក៏ដោយ​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ ឬក៏​ធ្វើ​យ៉ាងណា​ដោយ​សន្តិវិធី ដើម្បី​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​អនុវត្ត​ច្បាប់ ហើយ​រក្សា​ភាព​ដើម​នៃ​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ហ្នឹង​ឡើងវិញ​ផង​ដែរ។ ការ​ឈឺឆ្អាល ប្រជាពលរដ្ឋ​ចូលរួម គឺជា​ការ​ល្អ អា​ហ្នឹង​វា​គួរតែ​មាន​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​ចូលរួម​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥ លាន​រៀល ទៅ ១៥០ លាន​រៀល​។​

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ស្នើ​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់ ឱ្យ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​គ្រប់គ្រង ការពារ និង​អភិរក្ស​ទ្រព្យសម្បត្តិ​សាធារណៈ​ទាំងអស់​នេះ​ប្រកបដោយ​ចិរភាព។ ទោះជា​យ៉ាង​ជា​ណា សកម្មជន​បរិស្ថាន​មិន​មាន​ជំនឿ​លើ​យន្តការ​នេះ​ឡើយ ដោយសារតែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខ្វះ​ការអនុវត្ត​ជាក់ស្ដែង ជាពិសេស​ភាព​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​នៅ​ពេល​មាន​បទល្មើស​កើតឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាជិក​សភា​អាមេរិក ​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​របប​លោក ហ៊ុន សែន សា​ជា​ថ្មី

$
0
0

សមាជិកសភា​អាមេរិក បាន​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន សាជាថ្មី ដោយ​ប្ដូរ​ចំណង​ជើង​សេចក្ដី​ស្នើ​ច្បាប់​នោះ ពី​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨ ឬ H.R. 5754 មក​ជា​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R 526 វិញ ដោយ​រក្សា​ទុក​ខ្លឹមសារ​ដើម​ទាំង​ស្រុង។

សមាជិកសភា​មកពីខាង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​សាធារណរដ្ឋ និង ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida) លោក ថិត យ៉ូហូ (Ted YOHO) ឲ្យ​អាស៊ី​សេរី​ដឹង​តាម​សារ​អេឡិចត្រូនិច កាល​ពី​ថ្ងៃទី ២៩ ខែ មករា ថា​លោក​រីករាយ ក្នុង​ការ​ដាក់​សេចក្ដី​ស្នើ​ច្បាប់​នេះ សា​ជា​ថ្មី ដើម្បីឲ្យ​សភា​អាណត្តិ​ថ្មី​នេះ អនុម័ត។ លោក​បន្ត​ថា ច្បាប់​នេះ​មាន​សារសំខាន់​ ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​របប​លោក ហ៊ុន សែន ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​ច្បាប់​នេះ សហរដ្ឋ​អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នេះ។ បន្ថែម​លើ​ការ​បង្ក​ទ្រព្យ​សម្បត្តិ​ជន​ទាំង​នេះ លោក ថិត​​ យ៉ូហូ ថា​ច្បាប់​នេះ​នឹង​ពង្រឹង​ច្បាប់​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទាំង​នោះ មក​កាន់​ទឹក​ដី​អាមេរិក​។

នាយក​ផ្នែក​ទំនាក់ទំនង នៃ​ការិយាល័យ​តំណាងរាស្ត្រ​របស់​លោក ថិត យ៉ូហូ គឺលោក Brian Kanavey បាន​ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា​ដែរ​ថា តាម​ពិត​ច្បាប់​ H.R 526 នេះ​ត្រូវ​បាន​ស្នើ​ឡើង​ តាំងពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩ មកម្ល៉េះ។ ប៉ុន្តែ ការ​ជូន​ដំណឹង​អំពី​ការ​ទទួល​ចុះបញ្ជី​ច្បាប់​នេះ តាម​នីតិវិធី​ផ្លូវការ​របស់​ស្មៀន​រដ្ឋសភា ត្រូវការ​ពេលវេលា​សម​ស្រប​មួយ ទម្រាំ​អាច​ប្រកាស​ជា​ផ្លូវ​ការ​បាន ទើប​ដំណឹង​នេះ ដឹង​ជា​ផ្លូវការ​នៅ​ក្រោយ​ថ្ងៃ​ទី១៥ ខែ​មករា។

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​នេះ សភា​អាមេរិក​​អនុម័តជាឯកច្ឆន្ទ​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​អាណត្តិ​មុន កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែ ព្រឹទ្ធសភា​អាមេរិក​នៅ​ពេល​នោះ មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​អនុម័ត​ច្បាប់​នេះ ឲ្យ​ទាន់​មុន​ដាច់​ឆ្នាំ​នោះ។

ខ្លឹមសារទាំង​ស្រុង​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ គឺ​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង ​មន្ត្រី​របប​លោក និង​ជន​ឯ​ទៀត ដែល​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទណ្ឌកម្ម​ទាំង​នោះ ​រួមមាន​ពីរ​ធំៗ គឺ​ទី​មួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឲ្យ​មន្ត្រី និង អ្នក​ពាក់ព័ន្ធ​ទាំង​នោះ ចូល​ទឹកដី​អាមេរិក និង​ពីរ បង្កក​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង អ្នក​ពាក់ព័ន្ធ​ទាំង​នោះ។

លោក ថិត យ៉ូហូ បញ្ជាក់​បន្ថែម​ថា ច្បាប់​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​តស៊ូ និង ទាមទារ​ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។ ដូច្នេះ​ហើយ​ទើប​សមាជិក​សភា​អាមេរិក ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដើម្បី​បន្ថយ​​អំណាច​ផ្ដាច់​ការ​សព្វ​ថ្ងៃ។

ស្រប​ពេល​ដែល​ខាង​សភា​អាមេរិក កំពុង​រក​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​បាន​ឆាប់ សមាជិកព្រឹទ្ធសភា​អាមេរិក​ឯ​ណោះ ក៏​កំពុង​ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដែរ។

សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក​ ថិត គ្រូស (Ted CRUZ) និង​សមាជិក​ព្រឹទ្ធសភា មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris COONS) កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​​ដាក់​​សេចក្ដី​​ស្នើ​ច្បាប់​មួយ​ ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ ដើម្បី​ឲ្យ​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ លើ​ការ​​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​​របប​​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើង​វិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​​ផ្ដល់​​ការ​​អនុគ្រោះ​ពន្ធ ដែល​​ផ្ដល់​​ដល់​​កម្ពុជា ដោយសារ​​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​​​ប្រជាធិបតេយ្យ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​នេះ​ម្នាក់ គឺ​លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា កម្ពុជា​មិន​ស្លាប់​ទេ ទោះ​មាន​ទណ្ឌកម្ម​អ្វី​ក៏ដោយ។ លោក​ថា ទណ្ឌកម្ម​ណា​មួយ​មក​លើ​កម្ពុជា​ គ្មាន​ប្រយោជន៍​ទេ ព្រោះ​អាមេរិក​បាន​តែ​ថា។ ម្យ៉ាង​ទៀត​លោក​អះអាង​ថា កម្ពុជា​ធ្លាប់​ភ្លក្ស​រស​ជាតិ​ទណ្ឌកម្ម​ជុំ​ទិស​គ្រប់គ្រាន់​ហើយ ទាំង​ទណ្ឌកម្ម​ការ​ទូត និង​សេដ្ឋកិច្ច និង​ពេល​នេះ កម្ពុជា​អាច​ស៊ូទ្រាំ​នឹង​ទណ្ឌកម្ម​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ​បាន ដោយ​មិន​ត្រូវ​ឱន​ក្បាល​ចំពោះ​បរទេស​នោះ​ឡើយ។

លោក ហ៊ុន សែន ធ្លាប់​ចោទ​គណបក្ស​ សង្គ្រោះ​ជាតិ ថា ជា​មេ​នាំ​ភ្លើង ក្នុង​រឿង​ដាក់ទណ្ឌកម្ម​លើ​របប​លោក។ ប៉ុន្តែ ប្រធាន​ស្តីទី​គណបក្ស សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​នាំ​កម្ពុជា​ទៅ​រក​គ្រោះថ្នាក់​នេះ។ ថ្លែង​នៅមុខ​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ នៅ​អាមេរិក កាល​ពី​ពេល​ថ្មីៗ នេះ លោក សម រង្ស៊ី ថា​ លោក​ ហ៊ុន សែន ជា​មនុស្ស​ឧត្បាត៖ «ហ៊ុន សែន ចាប់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ រង​គ្រោះ​ជំនួស​គាត់ ដោយ​សារ​គាត់​ មនុស្ស​ដែល​នាំ​មក​នូវ​គ្រោះថ្នាក់​សម្រាប់​អ្នក​ដទៃ គេ​ហៅ​ថា​មនុស្ស​ចង្រៃ។ បើ​បង​ប្អូន​រង​​គ្រោះ​ឈឺ​ចាប់​ ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​នេះ គឺ​ដោយសារ ហ៊ុន សែន។ ហ៊ុន សែន​ ឯង​ធ្វើ​បាប​អ្នក​ប្រជាធិបតេយ្យ។ ហ៊ុន សែន ឯង​គាប​សង្កត់​គេ​ ចាប់​ កឹម សុខា ដាក់គុក ឃុំឃាំង​ កឹម សុខា​ ក្នុង​ផ្ទះ ដូច្នេះ​តាម​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ ទាមទារ​មក ប្រាំ​ចំណុច។ អា​ហ្នឹង​មិនមែន​ សម រង្ស៊ី អ្នក​និយាយ​ទេ គឺ​សហគមន៍​អន្តរជាតិ​គេ​និយាយ»

ទាំង​អ្នកវិភាគ អ្នកឃ្លាំមើល​កិច្ចការ​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​យល់ឃើញ​ថា ដំណោះស្រាយ​ដែល​សមស្រប ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ គឺ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ទាំង​នេះ ហើយ​បើ​មាន​ទណ្ឌកម្ម​មែន លោក ហ៊ុន សែន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ នៃ​ការ​ដឹកនាំ​ប្រទេស​នេះ ឲ្យ​រង​ទណ្ឌកម្ម​ដែល​អាច​ចៀសវាង​បាន​​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ថា ក្រុម​ទាហាន​កងពល​លេខ ៩ បើក​កន្លែង​អារ​ឈើ​ខ្នាត​ធំ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា

$
0
0

សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា រស់នៅ​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​ក្រសួងបរិស្ថាន​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខ្នាត​ធំ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​យោធា​កងពល​លេខ​៩ ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ។ សហគមន៍​ថា អាជីវកម្ម​ឈើ​នៅ​ទីនោះ ពួកគេ​ប្រទះឃើញ ក្រុម​ឈ្មួញ​ដឹក​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា។

សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា រស់នៅ​ភូមិ​ចំនួន ៤ នៃ​ឃុំ​ទឹក​ក្រហម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​មករា ថា ការ​ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា​នៅតែ​កើតមាន​ច្រើន ហើយ​ការ​បង្ក្រាប​មាន​តិច​តូច​នៅឡើយ។ ពួកគេ​សង្កេត​ឃើញ​ថា ដើមឈើ​ធំៗ និង​ឈើ​ដុត​យក​ជ័រទឹក ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា កំពុង​ទទួលរង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​រៀងរាល់ថ្ងៃ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ខ្លះ ជា​ឈ្មួញ​ជួញដូរ​ឈើ​ខុសច្បាប់​ទៀត​ផង។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា រស់នៅ​ភូមិ​រុងរឿង​ពីរ ឃុំ​ទឹក​ក្រហម ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា រ៉ៃ​អារ​ឈើ​ខ្នាត​ធំ​មួយ​កន្លែង ឋិត​នៅ​ភូមិ​រុងរឿង​ពីរ ក្បែរ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​គគ្រឹក​គ្រេង ហើយ​ឈើ​ទាំងនោះ ត្រូវ​គេ​ដឹកជញ្ជូន​ពី​ព្រៃ​ព្រះ​រកា ឋិត​នៅ​ចំណុច​ត្រពាំង​ព្រះ​រកា។ លោក​ថា មន្ត្រី​យោធា​កងពលតូច​លេខ ៩ ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ បាន​បើក​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​ជា​យូរ​មក​ហើយ ដោយ​យក​លេស​ថា អភិវឌ្ឍន៍​គ្រួសារ​កងពលតូច​លេខ​៩៖ «រ៉ៃ​កន្លែង​ច្រៀក​ឈើ ចេញពី​ព្រៃធំ រ៉ៃ​របស់​ពួក​ទាហាន​កង លេខ​៩។ ដើម​ច្បោះ​បាត់បង់ ក្បែរ​ម៉ឺន​ដើម មួយ​ម្ចាស់​រាប់​រយ​ដើម»

បុរស​ដដែល​រិះគន់​ថា ប៉ូលិស ប៉េអិម និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​តំបន់​នោះ តែងតែ​ឈរ​តាម​ដង​ផ្លូវ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ គឺ​ចាំតែ​យក​លុយ​ពី​អ្នក​ដឹក​ឈើ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ លោក​បារម្ភ​ថា ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ ដែល​មាន​ទម្លាប់​ដុត​យក​ជ័រទឹក ចិញ្ចឹមជីវិត​ត្អូញត្អែរ​បាត់បង់​ប្រាក់ចំណូល​ជា​បន្តបន្ទាប់ ដោយសារតែ​បាត់បង់​ព្រៃឈើ៖ «បរិស្ថាន​ទៅ​រាល់ថ្ងៃ មិន​ចាប់​ទេ វា​បង់លុយ​តាម​គោយន្ត​។ ពលរដ្ឋ​អស់​កន្លែង​រកស៊ី បន្ថយ​ប្រាក់ចំណូល​ពលរដ្ឋ»

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​របុញ ឃុំ​ទឹក​ក្រហម លោក ខិណ ខន ប្រាប់​អាស៊ីសេរី​ថា ក្រុម​ឈ្មួញ​បាន​ដើរ​ទិញ​ដើម​ច្បោះ​អ្នកស្រុក ធ្វើ​អាជីវកម្ម​កាន់តែ​ច្រើន​ឡើង និង​មាន​ឈ្មួញ​ខ្លះ​ទៀត​គំរាម​ពលរដ្ឋ​ឱ្យ​លក់​ដើម​ច្បោះ​ឱ្យ​ខ្លួន។ លោក​ថា ពលរដ្ឋ​ខ្លះ​បាន​បង្ខំចិត្ត​លក់​ដើម​ច្បោះ​ឱ្យ​ឈ្មួញ ព្រោះ​ពួកគេ​គ្មាន​សមត្ថភាព​ការពារ៖ «ពួក​ឈ្មួញ​កំពុង​ធ្វើ​សស្រាក់សស្រាំ​ណាស់ ទាំង​យប់ និង​ថ្ងៃ គេ​ប្រើ​គ្រប់​រូបភាព​ដើម្បី​ទិញ​ច្បោះ​ឱ្យ​បាន»

ព្រៃ​ព្រះរកា ដែល​មាន​ទំហំ​ជាង ៩.៦០០​ហិកតារ នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។

អាស៊ីសេរី​បាន​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក អ៊ា សុខា តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី៣០ មករា។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ័ត្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ទាក់ទង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​មន្ត្រី​ដែល​ប្រចាំការ​នៅ​តំបន់​នោះ ឱ្យ​ចុះ​ពិនិត្យ​ករណី​នេះ ថា​តើ មានការ​កាប់​បំផ្លាញ​ឈើ ក្នុង​ព្រៃ​ព្រះ​រកា ឬ​យ៉ាងណា​? តែ​ប្រសិនជា​កើតមាន​មែន ក្រសួង​នឹង​ស៊ើបអង្កេត​បន្ថែម​ទៀត ដោយ​ប្រមូល​ភស្តុតាង ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៖ «សូម​អរគុណ​បងប្អូន​ពលរដ្ឋ​ដែល​បាន​ផ្ដល់​ព័ត៌មាន​ជា​បន្តបន្ទាប់ ពី​បញ្ហា​នេះ ហើយ កន្លង​ទៅ​នេះ​នៅ​ពេល​ដែរ​យើង​ទទួល​បាន​ព័ត៌មាន យើង​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​យើង​ចុះទៅ​របស់​យើង ក៏ដូចជា​អ្នក​ទ​ទូល​ខុសត្រូវ​តាម​ខេត្ត​ចុះ​ពិនិត្យ និង​ចាត់វិធានការ​ជាក់ស្ដែង។ អ្វី​ដែល​ក្រសួងបរិស្ថាន​យើង​ប្រឹងប្រែង និង​ប្ដេជ្ញា​ចិត្ត​គឺ​ទប់ស្កាត់​ឱ្យ​បាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​ខុសច្បាប់»

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក អាង ជាតិឡោម យល់ថា មន្ត្រី​យោធា​មាន​ភារកិច្ច​ការពារ​ជាតិ ក៏ប៉ុន្តែ​បែរ​ជាយក​អំណាច​បង្កើត​មុខ​របប​អារឈើ​ទ្រង់ទ្រាយ​ធំ​បែបនេះ ដែល​លោក​ចាត់ទុកថា មិនបាន​បម្រើ​ជាតិ និង ពលរដ្ឋ​ស្មោះត្រង់​នោះ​ទេ ផ្ទុយទៅវិញ​ធ្វើ​ឱ្យ​ព្រៃឈើ​រលាយ​ហិនហោច​។ លោក​បារម្ភ​ថា មន្ត្រី​តូចតាច​ថ្នាក់ក្រោម ហាក់​ខ្លាចរអា​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ព្រៃឈើ​នោះ​ទេ ព្រោះ​បទ​ពិសោធន៍​កន្លងទៅ មន្ត្រី​ជំនាញ​ខ្លះ បាន​អនុវត្ត​ច្បាប់​ព្រៃឈើ ប៉ះចំ​អ្នក​មាន​អំណាច ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​តំណែង​និង​តួនាទី៖ «រដ្ឋបាល​ព្រៃឈើ មេព្រៃ និង​បរិស្ថាន សុទ្ធតែ​ជា​មន្ត្រី​ដែល​មាន​ការ​ទទួលខុសត្រូវ​រឿង​ការពារ​ព្រៃឈើ តែ​យើង​មិន​បាន​ទទួល​ខុសត្រូវ បណ្ដោយ​ឱ្យ​ជនល្មើស​រកស៊ី​ដឹក​ឈើ​តាម​អំពើ​ចិត្ត។ ទោះជា​ឃើញ​មិន​ហាមឃាត់​តាម​តួនាទី។ មានការ​ចោទប្រកាន់​ខ្លះ​ថា មន្ត្រី​ទាំងនោះ​ពាក់ព័ន្ធ​បទល្មើស​ហ្នឹង​ដែរ​នៅ​ក្នុង​តំបន់​ដែល​គាត់​ទទួលខុសត្រូវ»

មន្ត្រី​សង្គម​ស៊ីវិល​រួប​នេះ យល់ថា ប្រសិនបើ​មាន​មន្ត្រី​យោធា​ប្រើ​អំណាច ធ្វើ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ គឺជា​ទង្វើ​ល្មើសច្បាប់ ដែល​ជា​ដើមចម​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​របប​ចិញ្ចឹមជីវិត​អ្នកស្រុក​។ លោក​ថា ការទិញ​ដើម​ច្បោះ​ពលរដ្ឋ​ជា​ទង្វើ​ខុសច្បាប់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"របប​ក្រុងភ្នំពេញ និង​បក្ស​ប្រឆាំង​គួរ​ចរចា​គ្នា​ទើប​អាច​បញ្ចៀស​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ខ្មែរ"

$
0
0

អ្នកវិភាគ​នយោបាយ ផ្ដល់​យោបល់​ឱ្យ​ភាគី​របប​ក្រុងភ្នំពេញ និង​គណបក្ស​សង្គ្រោះជាតិ រិះរក​វិធី​សម្របសម្រួល និង​សម្បទាន​ឱ្យ​គ្នា ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម ឬ​ការ​ប៉ះ​ទង្គិច​គ្នា រវាង​ខ្មែរ និង​ខ្មែរ នៅ​ឆ្នាំ​២០១៩។ ការ​លើកឡើង​នេះ បន្ទាប់ពី​មេ​យោធា​របប​ក្រុងភ្នំពេញ ប្រកាស​កម្ទេច លោក សម រង្ស៊ី បើ​ហ៊ាន​ចូល​ស្រុក នៅ​ខណៈ​ដែល​គណបក្សប្រឆាំង ប្ដេជ្ញា​កៀរគរ​អ្នក​គាំទ្រ​ជូន​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​ឱ្យ​ទាល់តែ​បាន នៅ​ឆ្នាំ​២០១៩។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ បើ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ស្រុក​ពិតមែន ជា​ប្រការ​គ្រោះថ្នាក់​ខ្លាំង និង​ប្រឈម​វិធានការ​ផ្សេងៗ ពី​របប​ក្រុងភ្នំពេញ។ ប៉ុន្តែ បើ​លោក សម រង្ស៊ី មាន​យុទ្ធសាស្ត្រ​ល្អ ហ៊ាន​ប្រថុយ​ចូល​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឧបសគ្គ​រារាំង ជា​រឿង​ជោគជ័យ​បំផុត សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន៖ «លើកទឹកចិត្ត​ថា បើ​សិន​លោក សម រង្ស៊ី មក​បាន​ខ្ញុំ ក៏​ត្រេកអរ​ដែរ ពីព្រោះ​ក្នុង​ស្ថានភាព​បែបនេះ។ ប៉ុន្តែ​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​នៅ​លើ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិល​ត្រលប់​មក​កម្ពុជា។ ធ្វើ​យ៉ាងណា ឱ្យ​មាន​ការចរចា ឬក៏​ការ​ស្រុះស្រួល​គ្នា​ទៅ កុំ​ឱ្យ​មានការ​ឃុំខ្លួន ឬក៏​ការ​ឃុំខ្លួន​អ្វី​ជាដើម ព្រោះ​ការ​ធ្វើ​បែបនេះ វា​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា កាន់តែ​ដុនដាប ជាពិសេស​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

ទោះ មេដឹកនាំ​របប​ឯក​បក្ស​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ច្រើនដង ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ឈប់​ឆ្លងឆ្លើយ ជាមួយ​គណបក្សប្រឆាំង ប៉ុន្តែ ប៉ុន្មាន​ថ្ងៃនេះ មេ​យោធា ជាច្រើន បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ស្និត​របប​ក្រុងភ្នំពេញ ឆ្លើយតប​នឹង​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី និង​ប្ដេជ្ញា​ថា កម្ទេច លោក សម រង្ស៊ី បើ​ហ៊ាន​វិល​ត្រលប់​មក​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣០ មករា ក៏​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ដដែល ចុះផ្សាយ​ថា មិន​អនុញ្ញាត​ឱ្យ លោក សម រង្ស៊ី បាន​ស្រែក​ដូរ មិន​ដូរ​នៅ​កម្ពុជា​ដាច់ខាត។ លោក ទៀ បាញ់ ហៅ​សកម្មភាព​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ជា​ការ​បង្ក​អសន្តិសុខ។

មុន​ពេល​មាន​ប្រតិកម្ម​ពី​មេ​យោធា លោក សម រង្ស៊ី បាន​អំពាវនាវ​ជាថ្មី កុំ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់ការ ដែល​អះអាង​ថា ជា លោក ហ៊ុន សែន។ លោក ទៀ បាញ់ ថា លោក​អន់ចិត្ត ព្រោះ​មាន​អ្នក​ខ្លះ នៅ​តែ​ជឿ​សំដី លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៣០ មករា ថា បើ លោក សម រង្ស៊ី ត្រឡប់​មក​ខ្មែរ​លើក​នេះ​មែន អាច​មាន​វាសនា​ខុស​ពី លើក​មុន គឺ លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដូច​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ លោក សម រង្ស៊ី អាច​ត្រូវ​គេ​វាយ​បែក​ក្បាល ដូច មេដឹកនាំ​ជាន់ខ្ពស់​មួយ​រួម ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ គឺ លោក ខៀវ សំផន កាល​ឆ្នាំ​១៩៩១។ លោក សម រង្ស៊ី អាច​ត្រូវ​បាន​សម្លាប់ ដូច សមាជិក​ព្រឹទ្ធសភា ប្រទេស​ហ្វីលីពីន ឈ្មោះ អាគីណូ (Aquino) ដែល​ប្រឆាំង​ប្រធានាធិបតី​ផ្ដាច់ការ ឈ្មោះ ម៉ារកុស (Marcos) ត្រូវ​គេ​បាញ់សម្លាប់ ពេល​ចុះ​ពី​យន្តហោះ ត្រឡប់​ចូល​ប្រទេស​វិញ នៅ​ឆ្នាំ​១៩៨៣។ បណ្ឌិត ឡៅ ម៉ុងហៃ ថា លោក សម រង្ស៊ី ធ្លាប់​រង​ការប៉ុនប៉ង​សម្លាប់​ម្ដង កាលពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ១៩៩៧ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ មុខ​មន្ទីរ​រដ្ឋសភា​ចាស់ និង​ជា​ទិសដៅ​សម្រាប់​កម្ចាត់​កម្ទេច នៅ​ពេល​ថ្មីៗ​នេះ។

ទោះ​ដឹង​ស្ថានភាព​បែបនេះ​ក្ដី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាស​ថា នឹង​ដាក់​ជីវិត​ជា​ទុន ដើម្បី​វិល​ទៅ​សង្គ្រោះ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩។ ចំណែក​អនុប្រធាន​គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ប្រកាស​ប្ដូរផ្ដាច់​ដូរ​គ្នា ថាបើ​នរណា មិន​ហ៊ាន​ចូល​ទៅ​កម្ពុជា ជាមួយ លោក សម រង្ស៊ី នៅ​ឱ្យ​ស្ងៀម ទុក​ឱ្យ​អ្នក​ដែល​ហ៊ាន​ចូល​តតាំង៖ «អ្នកណា​ខ្លាច​នៅ​ម្ដុំ អត់​បញ្ហា​ខ្ញុំ​ប្រាប់​ថា អ្នក​ដែល​ខ្លាច​សូម​កុំ​មាត់ កុំ​បំភ័យ​គ្នាឯង។ ខ្ញុំ​ណែនាំ​ហើយ ទុក​ឱ្យ​អ្នក​ហ៊ាន​ធ្វើ​។ បាទ​! អាហ្នឹង គឺ​អ៊ីចឹង​ហើយ ខ្ញុំ​ចាប់ផ្ដើម​រៀបចំ​មេដឹកនាំ​ខេត្ត ដែល​ដាច់ខាត មេដឹកនាំ​ស្រុក ដែល​ដាច់ខាត មេដឹកនាំ​ឃុំ ដែល​ដាច់ខាត ចងក្រង។ អ៊ីចឹង សូម​ឱ្យ​បងប្អូន​នៅ​ទីនេះ (​រដ្ឋ​កាលីហ្វ័រញ៉ា) ចូលរួម​សហការ​ធ្វើ​សកម្មភាព​បន្ត​ទៀត។ ចរន្ត​វា​ចេញ​ហើយ បងប្អូន​។ អ្នក​ក្នុងស្រុក ថា តោះ​ត្រៀម​ខ្លួន​ទទួល សម រង្ស៊ី​។ យើង​អ្នក​ក្រៅ​ស្រុក តោះ​ត្រៀមខ្លួន​អម​ដំណើរ សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ»

បើ​ទោះ អ្នកវិភាគ​លើកទឹកចិត្ត​ឱ្យ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​មែន ប៉ុន្តែ​មិន​ចង់​ឃើញ​បាតុភាព​ប៉ះទង្គិច រវាង​ពលរដ្ឋ និង​កងកម្លាំង​យោធា​ទេ។ កញ្ញា លី ស្រីស្រស់ ថា កូនសោ ដោះស្រាយ​វិបត្តិ​នយោបាយ​ពេលនេះ ស្ថិត​ក្នុង​ដៃ មេដឹកនាំ​របប​ក្រុងភ្នំពេញ ព្រោះ​ដើមចម​នៃ​វិបត្តិ​នេះ បណ្ដាលមកពី​របប​ក្រុងភ្នំពេញ កម្ទេច​លទ្ធិប្រជាធិបតេយ្យ។ តែ​យ៉ាងណា អ្នកវិភាគ​រូប​នេះ យល់ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ស្រវា​អំណាច​ទុក​ឱ្យ​កូន ត​ជំនាន់ នឹង​ជៀស​មិន​ផុត ពី​ការ​ប៉ះទង្គិច​គ្នា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា ក្រុមហ៊ុន​មួយ​ជួល​ពលរដ្ឋ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ការពារ​ភ្នំ​សំកុស​ខេត្ត​បាត់ដំបង

$
0
0

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត អះអាង​ថា ក្រុមហ៊ុន​រតនសម្បត្តិ​នៅ​ខេត្ត​បាត់ដំបង ជួល​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​រាប់​រយ​នាក់ ទៅ​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ការពារ ក្នុង​ភ្នំ​សំកុស​យ៉ាង​អនាធិបតេយ្យ ដើម្បី​បាន​ឈើ​យក​ទៅ​លក់​ក្នុង​មួយថ្ងៃ ដល់​ទៅ​រាប់រយ​ម៉ែត្រ​គីប ដោយ​មិន​មាន​អាជ្ញាធរ​ណា​ហ៊ាន​ទប់ស្កាត់​នោះ​ទេ។ អ្នកភូមិ​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​តំបន់​នេះ ប្រឈម​នឹង​ហិនហោច​យ៉ាង​យូរ ២​ឆ្នាំ​ទៀត ព្រោះ​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង ដោយ​មិន​មានការ​ថមថយ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ការពារ​ភ្នំ​សំកុស ស្រុក​សំឡូត​ម្នាក់​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០​ មករា​ថា ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ​រតនសម្បត្តិ យក​លេស​ធ្វើ​សម្បទាន​ដី​ពី​របប​លោក ហ៊ុន សែន ក្នុងស្រុក​សំឡូត ប៉ុន្តែ​បែរជា​រកស៊ី​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ភ្នំ​សំកុស នៅ​ក្បែរ​នោះ​ទៅវិញ។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​ជួល​កម្មករ​ខ្មែរ និង​វៀតណាម​ប្រមាណ​ ២០០​នាក់ ឱ្យ​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​មួយ​នេះ ​យ៉ាង​គគ្រឹកគគ្រេង រហូត​ផ្អើល​សត្វ​ព្រៃ រយៈពេល​ជាង​១​ឆ្នាំ​ហើយ គឺ​ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក។ លោក​ថា អាជ្ញាធរ​ក្នុង​មូលដ្ឋាន​សុទ្ធតែ​បាន​ដឹង​រឿង​នេះ ប៉ុន្តែ​ស្ងប់ស្ងៀម ធ្វើ​មិន​ដឹង​មិនលឺ ហើយ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត៖ «ហើយ​មួយ​ផ្នែក​ទៀត ដើម្បី​រូបភាព​បន្លំ​ធ្វើ​អារ​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ដែរ តែ​សំខាន់​យក​ពី​ដែន​សំកុស​ក្នុងស្រុក​សំឡូត​នឹង គេ​ហៅ ឆ្នាំង​ប្រាំស្ទឹងតាសម្បត្តិ កំពុង​សម្រុក​កាប់​ហើយ។ និយាយ​ដី​គេ​រុក​ពេញ​ភ្នំ ហើយ​យក​គ្រឿងចក្រ​ឈូស​ចូល​ពេញ​ទឹក​ពេញ​ដី អូស​ឈើ​យក​មក ហើយ​ឈើ​ធំៗ​ណាស់»

ចំណែក​កម្មករ​ស៊ីឈ្នួល​កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន​នេះ​ម្នាក់ ឈ្មោះ ជឿន អះអាង​ថា កម្មករ​ខ្មែរ​និង​វៀតណាម​បែង​ចែក​ជា​ក្រុម​ប្រមាណ ១០​នាក់​ក្នុង​១​ក្រុម ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ដោយ​គិត​ប្រាក់​ឈ្នួល ៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គីប។ លោក​បន្ត​ទៀត​ថា ឈើ​ដែល​កាប់​នោះ​ខាង​ក្រុមហ៊ុន​ឱ្យ​ជ្រើស​មុខកាត់​ចាប់ពី ៧​តឹក​ឡើង​ទៅ ហើយ​ឈើ​ខុស​ខ្នាត​ឱ្យ​អារ​រលំ​ចោល​ពេញ​ព្រៃ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​។​លោក​ថា បន្ទាប់ពី​កម្មករ​អារ​ឈើ​រួចហើយ មាន​ឡាន​របស់​ក្រុមហ៊ុន​ដឹក​ឈើ​យក​ទៅ​ទុក​ក្នុង​សិប្បកម្ម​កែច្នៃ​របស់​ខ្លួន​នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត៖ «ខ្ញុំ​ស្ដាយ​ព្រៃ​ណាស់ ព្រោះ​ឈើ​ដែល​ត្រូវ​កាត់ចោល​គរ​ពេញ​ព្រៃ ហើយ​បើ​សិន​ទុក​ឱ្យ​ពលរដ្ឋ​យក​ទៅ​ធ្វើ​ផ្ទះ​ក៏​មិន​អស់​ឈើ​ដែរ។គេ​ទិញ​សាំង​ឱ្យ​យើង​ឡើង​ទៅ​អារ​ឈើ ហើយ​ពេល​អស់​សាំង​ចុះ​មក​វិញ​បាន​យើង​ទូទាត់​លុយ​ជាមួយ​គេ យើង​មិនបាន​នៅ​វាស់​ឈើ​នៅ​លើ​ទេ គេ​មក​ទៅ​វាស់​ម៉ែត្រ​គីប​នៅ​ក្រោម ខ្ញុំ​ទៅ​ធ្វើ​មួយ​រយៈ​ដល់​ខ្ញុំ​ឃើញ​មិនល្អ​ខ្ញុំ​ឈប់​ទៅទៀត»

លោក​បន្ត​ទៀត​ថា ប្រមាណ​ពី ៣​ថ្ងៃ ទៅ​មួយ​សប្ដាហ៍ ទើប​ក្រុមហ៊ុន​បើកប្រាក់​ឱ្យ​ម្ដង ដោយមាន​ជនជាតិ​វៀតណាម​ជា​អ្នក​យក​ប្រាក់​បើក​ឱ្យ​កម្មករ​នៅ​កន្លែង​ផ្សេង​ស្ថិត​ក្នុង​ឃុំ​ស៊ុង។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​នេះ ដើម្បី​ឆ្លើយតប​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ នៅ​ថ្ងៃ​ទី​៣០ មករា។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត លោក ឆាយ ណារ៉េត ឆ្លើយ​ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ ហើយក៏​បិទ​ទូរស័ព្ទ​វិញ៖ «បាទ​!​មកពី​ខាង​ណា​នេះ មានការ​អី​ដែរ អរ​ខ្ញុំ​អត់​បាន​ដឹង​ផង»

ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ប្រចាំការ​យាម​ការពារ​នៅ ច្រក​ចូល​ព្រៃ​ការពារ​ភ្នំ​សំកុស ឈ្មោះ ប្រុញ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា មិន​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ការពារ​នោះ​ទេ។ ទោះជា​យ៉ាងណា​លោក​ថា ក្រុមហ៊ុន​ រតនសម្បត្តិ​ កាប់​ឈើ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន ដើម្បី​យក​ទៅ​កែច្នៃ​ក្នុង​សិប្បកម្ម​របស់​ខ្លួន គឺ​មិនមែន​ជា​ការ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «បាទ​!​ខ្ញុំ​អត់​មាន​សិទ្ធិ​អី​ត្រូវ​រាយការណ៍​ទេ ទាល់តែ​សួរ​ទៅ​មេ​ខ្ញុំ​នៅ​ខេត្ត។ តាម​ការពិត​ខ្ញុំ​ឃើញ​ដូច​នៅ​ខាង​ខេត្ត​មណ្ឌលគិរី​អី យក​រូបភាព​ចាស់​យក​បង្ហោះ​វា​មិន​ត្រូវ​ទេ»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ អាច​ជា​ការ​ព្រឹត្តិការណ៍​អំពើពុករលួយ​ជា​ប្រព័ន្ធ ព្រោះ​ចំនួន​ឈើ​ដ៏​ច្រើន​បែបនេះ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង​មិន​អាច​ធ្វើ​មិន​ដឹង​មិន​លឺ​បានទេ ព្រោះ​ជា​បទល្មើស​ឧក្រិដ្ឋ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ សហគមន៍​ការពារ​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ដឹង​រឿង​នេះ មាន​សិទ្ធិ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ឱ្យ​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​ជន​ប្រព្រឹត្ត​បាន៖ «ហើយ​បើ​ជាប់​ទៅ​សូក​លុយ​មានទោស​ពី ៧​ឆ្នាំទៅ ១៥​ឆ្នាំ ដូច្នេះ​រឿង​កក្រើក​ធំៗ វា​មិនមែន​ជា​រឿង​ធម្មតា​ទេ វា​សុទ្ធតែ​ពាក់ព័ន្ធ​រឿង​បទឧក្រិដ្ឋ​ហើយ ដោយសារ​ឥឡូវ​នឹង​ពលរដ្ឋ​គាត់​មិនសូវ​យល់ ហើយ​ក្រោយ​ពី​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​នៅ​បាត់ដំបង​ហើយ​ពេល​ណាមួយ​ខ្ញុំ​នឹង​ទៅ​បង្រៀន​សហគមន៍​នៅ​ទីនោះ ឬក៏​កន្លះ​ខែ​ទៀត​ខ្ញុំ​ក៏​អាច​ដាក់​បណ្ដឹង​ជា​ផ្លូវការ​ពី​ភ្នំពេញ​បាន​ដែរ»

ប្រជាពលរដ្ឋ​ទាំង​២​រូប ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ឈើ​ដែល​កាប់​ក្នុង​ព្រៃ​នេះ ដឹក​តាម​រថយន្ត​ប្រមាណ​ពី​១០​ទៅ ១៥​គ្រឿង ឬ​ស្នើ​ជាង ១០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ក្នុង​នោះ​ឈើ​អារ​ច្រៀក​ក្នុង​សិប្បកម្ម​ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ទៅ​ចែកចាយ​ក្នុង​ខេត្ត​បាត់ដំបង និង​ទៅ​ប្រទេស​វៀតណាម​បន្ត​ទៀត។ពលរដ្ឋ​លើកឡើង​ថា ព្រៃ​ការពារ​ភ្នំ​សំកុស ជា​ព្រៃ​ដែល​សំបូរ​ឈើ​ចុងក្រោយ​នៅ​តំបន់​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ដែល​មាន​ផ្ទៃដី​ជាង​មួយ​ម៉ឺន​ហិកតារ​(១០.០០០) ជា​ជម្រក​សត្វព្រៃ​ដ៏​សំខាន់​នៅ​ជាប់​ព្រំដែន​ថៃ។ ពួកគាត់​ប៉ាន់ប្រមាណ​ថា ព្រៃ​នេះ​ប្រហែល ២​ឆ្នាំ​ទៀត​នឹង​ហិនហោច​អស់ ព្រោះ​បច្ចុប្បន្ន​បាន​កាប់​បំផ្លាញ​អស់​ជាង ៣០​ភាគរយ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ខក​ចិត្ត ដែល​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី

$
0
0

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ មករា បាន​សម្រេច​តម្កល់​សាលក្រម​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី បណ្ដោះអាសន្ន​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ទុក​ជា​បាន​ការ​​ដដែល។ គ្រួសារ​លោក រ៉ាត់ រត្នមុនី សម្ដែង​ការ​ខកចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ ហើយ​ពួក​គាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ជា​ថ្មី​ទៀត នៅ​ពេល​ឆាប់ៗ ខាងមុខ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ចាត់​ទុក​ថា ការ​បន្ត​ឃុំខ្លួន​ស្វាមី​អ្នក​ស្រី​ ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ ដោយ​សារ​ស្វាមី​អ្នក​ស្រី​​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ អ្នក​ស្រី​បន្ថែម​​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ ធ្វើ​ឱ្យ​អ្នក​ស្រី​បាត់​ជំនឿ​ទាំង​ស្រុង​លើ​ប្រព័ន្ធ​តុលាការ៖ «»

សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ រ៉ាត់ រត្នមុនី​ កាល​ពី​ថ្ងៃទី ៣០ មករា កន្លងទៅ ដោយ​គ្មាន​វត្តមាន​​មេធាវី​ជន​ត្រូវ​ចោទ​នោះ​ឡើយ​។ មេធាវី​បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ថា សាលាឧទ្ធរណ៍​មិន​បាន​ជូន​ដំណឹង​ស្ដីពី​ការ​បើកសវនាការ​នេះ​ឡើយ ដូច្នេះ​ទើប​លោក​មិនបាន​ចូល​រួម។

តុលាការ​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី​ ក្រោម​ហេតុ​ផល​ថា ​ដើម្បី​​រំលត់​ក្តី​​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​គាប​សង្កត់​សាក្សី ឬ​​ជន​រងគ្រោះ បង្ការ​បទល្មើស​កុំ​ឱ្យ​កើត​ជាថ្មី និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី។ ក៏​ប៉ុន្តែ​អំណះអំណាង​របស់​តុលាការ​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​មេធាវី និង​គ្រួសារ​លោក រ៉ាត់ រត្នមុនី។

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណ សម្ដែង​ការ​សោក​ស្ដាយ​ដែល​សាលា​ឧទ្ធរណ៍​ជ្រើស​រើស​យក​ការ​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី​ ​ដោយ​មិន​ផ្ដល់​ឱកាស​ឱ្យ​រូប​គាត់​បាន​នៅ​ក្រៅ​ឃុំ ខណៈ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​បាន​ធានា​អះអាង​គ្រប់​បែបយ៉ាង​ចំពោះ​​តុលាការ ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​។ លោក​ក៏​បាន​រិះគន់​សាលាឧទ្ធរណ៍​ផង​ដែរ ដែល​បាន​បើក​សវនាការ​មុន​អង្គ​សេចក្ដី​ ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​មេធាវី​លោក រ៉ាត់ រត្នមុនី ដែល​ជា​ការ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ជន​ត្រូវ​ចោទ៖ «»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​លោក​មាន​ទោស​។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ថា បាន​ផ្ដល់​លុយ​ឱ្យ​​ប្រភព​ដើម្បី​និយាយ​កុហក​ ក្នុង​ភាព​យន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ”។ អាជ្ញាធរ​យល់​ថា ភាពយន្ត​ឯកសារ​នេះ​ ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ក៏​ប៉ុន្តែ​តួ​អង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​ថា នាង​មិន​ទទួល​បាន​លុយ​កាក់​ពី​លោក​ រ៉ាត់ រត្នមុនី នោះ​ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀប​រាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​ផ្ទាល់​ខ្លួន​​របស់​នាង។

មន្ត្រី​សិទ្ធិមនុស្ស និង​គ្រួសារ​លោក រ៉ាត់ រត្នមុនី បាន​រិះគន់​​អាជ្ញាធរ​ដែល​ខក​ខាន​មិន​បាន​កោះហៅ​​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ឱ្យ​មក​ស្រាយ​បំភ្លឺ​ករណី​នេះ ហើយ​បែរ​ជា​មាន​ចំណាត់​ការ​លើ​លោក​ រ៉ាត់ រត្នមុនី តែម្នាក់ ខណៈ​លោក​គ្រាន់​តែ​ជា​អ្នក​បកប្រែ និង​សម្របសម្រួល​ឱ្យ​សារព័ត៌មាន​ RT របស់​រុស្សី ក្នុង​ការ​ថត​ភាព​យន្ត​ឯកសារ​នេះ។

អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នក​ស្រី​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ថា តើ​គួរ​តែ​​ប្ដឹង​សាទុក្ខ​ករណី​នេះ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ឬមួយ​ក៏​យ៉ាងណា។ ក៏​ប៉ុន្តែ អ្នក​ស្រី​អះអាង​ថា អ្នក​ស្រី និង​សកម្មជន​មួយ​ចំនួន នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​អ្នក​ស្រី បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​បន្ត​ទៅ​ទៀត​បែប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បាន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ការិយាល័យ​សិទ្ធិមនុស្ស​របស់ អ.ស.ប នៅ​ទីក្រុង​ហ្សឺណែវ

$
0
0

សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ តវ៉ា​នៅ​មុខ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា ស្រប​ពេល​ដែល​មន្ត្រី​របប​លោក ហ៊ុន សែន ចូល​ខ្លួន​ទៅ​ការពារ​របាយការណ៍ ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក សំ សុគង់ នឹង​ចូលខ្លួន​អម​កូនក្ដី​​គឺ​លោក គង់ ម៉ាស់ ទៅ​ឆ្លើយ​បំភ្លឺ​ពី​បទ​ញុះញង់

$
0
0

មេធាវី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក គង់ ម៉ាស់ គឺ​លោក មេធាវី សំ សុគង់ អះអាង​ថា លោក​នឹង​ចូលខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អម​កូនក្ដី​របស់​លោក ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១ កុម្ភៈ នេះ។

តុលាការ​រាជធានី​ភ្នំពេញ បាន​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង នៅ​ខែត្រ​ព្រៃវែង លោក គង់ ម៉ាស់ នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​ចោទ​ប្រមាថ និង​ប​ញុះញង់ ឱ្យ​ប្រព្រឹត្តិ​បទល្មើស​ជាអាទិ៍។ លោក​មេធាវី សំ សុគង់ បញ្ជាក់​ថា លោក នឹង​អង្គុយ​ស្ដាប់​កូនក្ដី​របស់​លោក ឆ្លើយ​ប្រាប់​ចៅក្រម​ស៊ើបសួរ ដើម្បី​កុំ​ឱ្យ​លោក គង់ ម៉ាស់ តក់ស្លុត​នៅ​ក្នុង​ការ​សួរ​ដេញដោល​នេះ៖ «យើង​មិន​ទៅ​អម​ការ​សួរ​ចម្លើយ​លោក គង់ ម៉ាស់ គាត់​អាច​មាន​អារម្មណ៍​ភ័យខ្លាច បើ​យើង​ទៅ​អម​គាត់​យើង​អាច​បន្ទុក​តាម​ផ្លូវ​ច្បាប់​ផ្សេង»

សមត្ថកិច្ច​បាន​ឃាត់ខ្លួន លោក គង់ ម៉ាស់ កាលពី​ថ្ងៃ​ទី​១៩​មករា ក្រោយ​ពី​លោក បាន​សរសេរ​សារ​សម្ដែង​មតិ​រិះគន់​របប​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​សរសេរ​សារ​ចុងក្រោយ​លោក​សរសេរ​អំពី សហគមន៍​អឺរ៉ុប នឹង​យកពន្ធ​អង្ករ​ខ្មែរ​ជាដើម​។

លោក សំ សុគង់ អះអាង​ថា ការចោទប្រកាន់​កូន​ក្តី​លោក​បែបនេះ គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​កូន​ក្តី​របស់​លោក គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលករ​ចំណាកស្រុក​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ប្រទេស​ថៃ

$
0
0

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ទេសន្តរប្រវេសក៍ (International Organization for Migration-IOM) បាន​បង្ហាញ​ថា ពលរដ្ឋ​ចំណាកស្រុក​រាប់​លាន​នាក់ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ នៅតែ​បន្ត​រងគ្រោះ ដោយសារ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម ជា​ដដែល។

ការ​លើក​ឡើង​នេះ ក្រោយ​អាជ្ញាធរ​ថៃ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ខ្លះៗ នៃ​អំពើ​ទាសភាព​លើ​ទូក​នេសាទ ដើម្បី​ដក​បម្រាម​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្ទ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​ឡើងវិញ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ IOM រក​ឃើញ​ថា ជន​ចំណាកស្រុក​ប្រមាណ ៥​លាន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ផ្នែក​វិស័យ​សំណង់ កសិកម្ម និង​រោងចក្រ នៅតែ​បន្ត​រងគ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​ពលកម្ម និង​រំលោភ​សិទ្ធិ​មនុស្ស​ដដែល។ ការ​រំលោភបំពាន​ទាំងនោះ រួមមាន ថៅកែ​រោងចក្រ​ខ្លះ នៅតែ​មិន​ព្រម​ផ្ដល់​អោយ​ប្រាក់ខែ​អប្បបរមា ឬ​ប្រាក់ខែ​ទាប​បំផុត បង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង​មិនបាន​ប្រាក់​កម្រៃ​បន្ថែម បញ្ហា​សុវត្ថិភាព​នៅ​កន្លែងធ្វើការ និង​ស្ថានភាព​រស់នៅ​ដ៏​លំបាក របស់​ពលករ​ជាដើម។

ប្រធាន​អង្គការ​សម្ព័ន្ធ ការងារ​និង​សិទ្ធិមនុស្ស (ហៅ​កាត់​ថា សង់ត្រាល់) លោក មឿន តុលា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ស្ថានភាព​កម្មករ​ចំណាកស្រុក​ទាំងនោះ​មិន​ថា​តែ​ពលករ​ខ្មែរ​ទេ គឺ​នៅតែ​ជួប​បញ្ហា​លំបាក​ខ្លាំង​នៅ​កន្លែងធ្វើការ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង ជាដើម។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា មាន​ថៅកែ​រោងចក្រ​មួយ​ចំនួន ក៏បាន​ប្រឹងប្រែង​កែ​លម្អ​លក្ខខណ្ឌ​ការងារ​បាន​ខ្លះ​ៗ​ដែរ៖ «និយាយ​រួម អ្វី​ដែល​រក​ឃើញ​របស់​អង្គការ IOM គឺ​វា​ពិតជា​ត្រឹមត្រូវ​មែន។ បញ្ហា​ពលករ​ចំណាកស្រុក​ទាំង​ខ្មែរ ឡាវ​ក៏​ដោយ​នៅ​ប្រទេស​ថៃ គឺ​អត់​ទាន់​បាន​ល្អ​ប្រសើរ​ទាំងស្រុង​ទេ មាន​រោងចក្រ​មួយ​ចំនួន បាន​អនុវត្ត​ស្តង់ដារ​ការងារ​បាន​ល្អ ដែល​យើង​ដឹង។ ក៏ប៉ុន្តែ រោងចក្រ​មួយ​ចំនួន នៅ​មាន​បញ្ហា​នៅឡើយ គឺ​ធ្វើការ​លើស​ម៉ោង ទាំង​បង្ខំ និង​អត់​បើកប្រាក់​ឈ្នួល​អោយ»

របាយការណ៍ IOM បន្ត​ថា អាជ្ញាធរ​ថៃ​ផ្ដោត​ការ​យកចិត្តទុកដាក់​និង​កែ​លម្អ ទៅលើ​តែ​បញ្ហា​ទាសភាព​របស់​ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ទេ ដើម្បី​ទទួល​បាន​ការ​លើក​បម្រាម​នាំចេញ​ផលិតផល​គ្រឿង​សមុទ្រ ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ មិនបាន​យកចិត្តទុកដាក់ ដោះស្រាយ​ស្ថានភាព​លំបាក​ជាច្រើន របស់​ជន​ចំណាកស្រុក​រាប់​លាន​នាក់ ដែល​កំពុង​ធ្វើការ​ផ្នែក​វិស័យ​ផ្សេងៗ​នោះ​ឡើយ។ របាយការណ៍​សង្កត់ធ្ងន់​ថា ជនរងគ្រោះ​ដែល​រង​ការ​រំលោភបំពាន​ទាំងនោះ ច្រើន​ជា​កម្មករ​សំណង់ កម្មករ​ផ្នែក​កសិកម្ម នៅ​កន្លែង​ចិញ្ចឹម​សត្វ និង​នៅ​តាម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់។

គណៈកម្មការ​សហភាព​អឺរ៉ុប​កាលពីដើម​ខែ​មករា​ ឆ្នាំ២០១៩ កន្លង​មក​នេះ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ថៃ នាំចេញ​ផលិតផល​គ្រឿង​សមុទ្ទ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ឡើងវិញ។ ការ​សម្រេច​នេះ​ធ្វើឡើង ក្រោយ​ដែល​គណៈកម្មការ​នេះ បាន​ទទួល​ស្គាល់​នូវ​កិច្ចប្រឹងប្រែង​របស់​អាជ្ញាធរ​ថៃ ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង របស់​ពលករ​លើក​ទូក​នេសាទ ក្រោយពី​មាន​របាយការណ៍​ជាច្រើន លើកឡើង​អំពី​ការ​ជួញដូរ​កម្លាំង​ពលកម្ម និង​អំពើ​ទាសភាព​លើ​ទូក​នេសាទ នៅ​ក្នុង​ប្រទេស​ថៃ។

អង្គការ​អន្តរជាតិ​មួយ​ចំនួន រួមមាន អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​សហព័ន្ធ​កម្មករ​វិស័យ​ដឹកជញ្ជូន​អន្តរជាតិ (Fisheries at the International Transport Workers’ Federation) រិះគន់​ជា​ខ្លាំង​ថា សហភាព​អឺរ៉ុប មិន​បាន​ត្រួតពិនិត្យ​ច្បាស់លាស់ ពី​ស្ថានភាព​ពិតប្រាកដ របស់​ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​នោះ​ទេ ដោយ​គ្រាន់តែ​ពិនិត្យ​លើ​របាយការណ៍​របស់​អាជ្ញាធរ​ថៃ​ប៉ុណ្ណោះ។

ប្រធាន​ជលផល​នៃ​សហព័ន្ធ​កម្មករ​វិស័យ​ដឹកជញ្ជូន​អន្តរជាតិ លោក ហ្យុននី ហានសេន (Johnny Hansen) បាន​ប្រាប់​កាសែត ដឺហ្គាឌៀន អង់គ្លេស (The Guardian) កាលពី​ថ្ងៃទី២៤ ខែ​មករា ថា លោក​មិន​ដឹង​ថា តើ​សហភាព​អឺរ៉ុប ទទួល​បាន​ទិន្នន័យ​បែប​ណា​ពី​អាជ្ញាធរ​ថៃ ទើប​បាន​ជា​លើកលែង​ការ​ហាម​នាំចូល​ទំនិញ​ផលិតផល​គ្រឿង​សមុទ្ទ ដែល​បាន​អនុវត្ត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៥ កន្លងមក​នោះ។ លោក Hansen អះអាង​ថា សេចក្ដី​រាយការណ៍​ជាច្រើន​ដែល​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ពលករ​លើ​ទូក​នេសាទ ឱ្យ​ដឹង​ថា ពួកគេ​ភាគច្រើន រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម រំលោភ​សិទ្ធិ​មនុស្ស និង​ជំពាក់​ប្រាក់​បំណុល​ថៅកែ​យ៉ាង​ច្រើន ជា​ដដែល។

ចំណែក​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) វិញ ក៏បាន​ចេញផ្សាយ​របាយ​ការណ៍​ស្រាវជ្រាវ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ បង្ហាញ​ថា ពលករ​នេសាទ ជិត ៤០% ដែល​បាន​ជួប​សម្ភាសន៍​កាលពី​អំឡុង​ឆ្នាំ​២០១៨ អះអាង​ថា ពួកគេ​គឺជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​ថា​ការ​ត្រួតពិនិត្យ​ផ្នែក​ពលកម្ម​នេសាទ នៅ​កំពង់ផែ គឺ​ធ្វើឡើង​គ្រាន់តែ​សំញែង​ឱ្យ​ឃើញ​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ។ របាយការណ៍​ដដែល ក៏​បង្ហាញ​នូវ​ការ​ងឿងឆ្ងល់​ថា តើ​ហេតុ​ដូចម្តេច បានជា​អាជ្ញាធរ​ថៃ មិនបាន​រក​ឃើញ​ករណី​ជួញដូរ ឬ​កេង​ប្រវ័ញ្ច​ពលកម្ម​ណាមួយ របស់​ពលករ​ទូក​នេសាទ នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ ត្រួតពិនិត្យ​ស្ថានភាព​ការងារ​របស់​ពួកគេ សរុប​ជិត ៥០​ម៉ឺន​នាក់។

លោក មឿន តុលា ដែល​បាន​តាមដាន​ក្នុង​រឿង​នេះ​ដែរ ក៏បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ហេតុផល​ដែល​សហភាព​អឺរ៉ុប សម្រេច​លើក​បម្រាម​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្ទ​ពី​ប្រទេស​ថៃ នោះ គឺ​ដោយសារ​ថៃ បាន​ប្រឹងប្រែង​កែ​លម្អ​ចំណុច ៣​សំខាន់ៗ ដែល​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប គិត​ថា ស្ថានការណ៍​ទេសភាព​នៅ​លើ​ទូក​នេសាទ បាន​ប្រសើរ​ជាង​មុន៖ «រដ្ឋាភិបាល​ថៃ​ប្រឹង​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដើម្បី​កែ​លម្អ។ ទី​១ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូក​នេសាទ ចុះ​សមុទ្ទ​យ៉ាង​យូរ​២​អាទិត្យ​មិនមែន​រាប់​ឆ្នាំ​ដូច​មុន​ទេ។ ទី​២ ចុះ​ធ្វើ​អធិការកិច្ច​ទៅលើ​ទូក​នេសាទ។ ទី​៣ ថ្មីៗ​នេះ រដ្ឋាភិបាល​ថៃ ក៏​បាន​ផ្ដល់​បត្យាប័ន​អនុសញ្ញា ILO ក្នុង​កិច្ចការពារ​សិទ្ធិ​ទៅដល់​ពលករ​លើ​ទូក។ បញ្ហា​នេះ​ហើយ ជាហេតុ​នាំ​ឱ្យ​សហគមន៍​អឺរ៉ុប​ដក​បម្រាម​នេះ ឬ​ដក​កាត​លឿង​នោះ​ចេញ»

ក៏ប៉ុន្តែ​លោក មឿន តុលា អះអាង​ថា ការ​អនុវត្តន៍​ជាក់ស្ដែង​វិញ គឺ​ពលករ​នេសាទ នៅតែ​រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម នៅ​ឡើយ ដោយសារ​ពួកគេ​ភាគច្រើន​មិន​ចេះ​អក្សរ អាយុ​ក្រោម ១៨​ឆ្នាំ ហើយ​លិខិតឆ្លងដែន ឬ​លិខិត​ផ្លូវច្បាប់​មួយ​ចំនួន គឺ​ម្ចាស់​ទូក​ជា​អ្នក​ទុក​អោយ។ លោក​បន្ត​ថា នៅ​ពេល​ក្រុម​អធិការ​កិច្ច​ថៃ​ចុះ​ពិនិត្យ​លើ​ទូក​ម្តងៗ ទើប​ប្រគល់​ឱ្យ​ពលករ​វិញ៖ «រឿង​លក្ខខណ្ឌ​ការងារ គឺ​គាត់​ធ្វើការ​ច្រើន​ម៉ោង ហើយ​មិន​ជាក់​លាក់ ព្រោះ​ធម្មតា​នៅ​លើ​ទូក ពេល​បោះ​អួន ឬ​មង ចូល​ក្នុង​សមុទ្ទ​អ៊ីចឹង ពេល​ត្រូវ​លើក​ពេលណា​គេ​ត្រូវ​ដាស់​ឱ្យ​គាត់​ធ្វើការ​ទាំង​យប់។ អ៊ីចឹង​នៅ​មាន​ការ​រំលោភបំពាន​ច្រើន​ណាស់ គ្រាន់តែ​សម្លឹង​មើល​អ្វី​ដែល​រដ្ឋាភិបាល​ថៃ​ធ្វើ​កន្លងមក​គឺ​ចំណុច​ទី​៣ ប៉ុន្តែ​ឱ្យ​ថា​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង គឺ​អត់​ទេ»

ស្ថិតិ​ផ្លូវការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ស្របច្បាប់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន ១​លាន ២​សែន​នាក់ ប៉ុន្តែ​ប្រធាន​អង្គការ​សម្ព័ន្ធ ការងារ​និង​សិទ្ធិមនុស្ស លោក មឿន តុលា បញ្ជាក់​ថា តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ​លោក មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក ជិត ២​លាន​នាក់ ក្នុង​នោះ ៨០% ជា​ពលករ​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ការពារ​ជាតិ​ ទាត់ចោល​របាយការណ៍​ភ្នាក់ងារ​សម្ងាត់​អាមេរិកាំង​ រឿង​កម្ពុជា​អាច​ឈាន​ទៅ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន

$
0
0

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បដិសេធ​អំពី​លទ្ធភាព​ដែល​កម្ពុជា​ ​បើក​ផ្លូវ​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី​កម្ពុជា​ ​តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។ ​សហព័ន្ធ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ ​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២៩ មក​រា ​វាយតម្លៃ​អំពី​ស្ថានភាព​គំរាមកំហែង​នៅលើ​សាកលលោក​។​

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ឈុំ​ ​សុជាតិ​ ​ហៅ​របាយការណ៍​របស់​សហព័ន្ធ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ ថា​ជា​ឧបាយកល​ញុះញង់​របស់​សហរដ្ឋ​អាមេរិក​ ​ដើម្បី​បំផ្លាញ​សេចក្តីសុខសាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ «​និយាយ​រួម​ ការចោទប្រកាន់​ដែល​គ្មាន​មូលហេតុ​អី​ច្បាស់លាស់​ ​គាត់​ចង់​និយាយ​ផ្អែក​លើ​គំនិត​របស់​គាត់​ ​មិន​ឆ្លុះ​ពី​សត្យានុម័ត​របស់​សភាពការណ៍​ជាក់ស្តែង​ របស់​ប្រជាជន​កម្ពុជា​ ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​យើង​កំពុង​រស់​នៅក្នុង​សុខ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​ក្នុង​សហគមន៍​អាស៊ាន​។ ​ដូច្នេះ​ ​យើង​មិន​ចាំបាច់​ធ្វើ​នូវ​ទង្វើ​អី​ដែល​គាត់​លើកឡើង​នេះ​ទេ​។ ​នេះ​ជា​ទង្វើ​មួយ​ដែល​យើង​សូមថ្កោល​ទោស​ ​ច្រានចោល​ទាំងស្រុង​នូវ​អំពើ​ដែល​លើកឡើង​ដែល​គ្មាន​ហេតុផល​ គ្មាន​មនសិការ​នេះ​បាទ​។​»
ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ ​ធ្វើឡើង​ក្រោយពេល​ដែល​ការិយាល័យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង​ ​(Office of the Director of National Intelligence)នៃ​ ​ដែល​ជា​បណ្តុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន​ ១៧ ​ស្ថាប័ន​ ក្នុង​នោះ​រួមទាំង​ភ្នាក់ងារ​ ស៊ី​.​អាយ​.​អេ ​(CIA)ផង​ បាន​ចេញ​របាយការណ៍​វាយតម្លៃ​ការគំរាមកំហែង​ជា​សាកល​ប្រចាំឆ្នាំ ២០១៩ ​ដោយ​វាយតម្លៃ​ថា​ ​ការរអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅក្នុង​របប​គ្រប់គ្រង​បែប​ផ្តាច់ការនិយម ​ដែល​បណ្តាល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​អំណាច​នីតិប្បញ្ញត្តិ​របស់​ប្រទេស​នេះ​ ​បើក​ផ្លូវ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅក្នុង​ប្រទេស​នេះ​បាន​។​


លោក​ ​ឈុំ​ ​សុជាតិ​ ​បញ្ជាក់​ថា​ ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​នា​ពេល​កន្លង​មក​ តាមរយៈ​ការបញ្ជាក់​ជំហរ​ជាច្រើន​លើក​ច្រើន​សារ ​ដោយ​ផ្ទាល់​មាត់​ក្តី​ ​និង​ជាលាយលក្ខណ៍អក្សរ​ក្តី​របស់​នាយករដ្ឋមន្ត្រី​ ​និង​ក្រសួង​ការពារ​ជាតិ​ ​ជា​ការគ្រប់គ្រាន់​ហើយ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ​ឲ្យ​យល់​ពី​ជំហរ​កម្ពុជា​ជុំវិញ​បញ្ហា​នេះ​។ «​ដូចជា​គ្រប់គ្រាន់​ហើយ​។ ​កន្លង​មក​យើង​បាន​ប្រកាស​ហើយ​តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​ហើយ​។ ​វា​គ្រប់គ្រាន់​ហើយ​ ​មិន​ចាំបាច់​ធ្វើ​អី​ទៀត​ទេ​។ ​គ្រាន់តែ​ជម្រាប​ទៅ​គាត់​វិញ​ ​ផ្នែក​ចារកម្ម​ហ្នឹង​ ​សូមឲ្យ​បញ្ឈប់​ការលាប​ពណ៌​ដាក់​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ ​ព្រោះ​យើង​ស្រលាញ់​សន្តិភាព​ ​អព្យាក្រឹត្យភាព​ ​យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​។ ​ចេះតែ​លាប​ពណ៌​គេ​អញ្ចឹង​ ​បង្ក​អសន្តិសុខ​គ្រប់​កន្លែង​ ​គាត់​អាង​គាត់​មហា​អំណាច​ចឹង​ ​ធ្វើ​ចឹង​អត់​កើត​ទេ​។ ​យើង​មិន​ទទួលយកបាន​ទេ​។​»

ផ្ទុយពី​ការលើកឡើង​របស់​លោក​ ​ឈុំ​ ​សុជាតិ​ ​អ្នកវិភាគ​នយោបាយ​លោក​ ​គឺ​ម ​សុខ​ ​យល់​ថា​ ​សហរដ្ឋ​អាមេរិក​មាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​តាម​បណ្តាញ​សម្ងាត់​របស់​ខ្លួន​ត្រឹមត្រូវ​ ​មុននឹង​ឈាន​ទៅ​​វាយតម្លៃ​ដូច្នេះ​។ ​លោក​ថា ​ផ្អែក​តាម​ដំណើរ​វិវត្ត​ចុងក្រោយ​ ​លោក​ ហ៊ុន ​សែន ​មាន​ផែនការ​មិន​ត្រឹមតែ​កែ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស ​ជាពិសេស​ចិន​នៅលើ​ទឹកដី​ខ្លួន​ប៉ុណ្ណោះ​ទេ ​តែ​ថែមទាំង​មាន​គម្រោង​ចង់​រម្លាយ​រាជ​បល្ល័ង​ ​ហើយ​ដាក់​ជំនួស​មកវិញ​នូវ​ប្រព័ន្ធ​សាធារណៈ​រដ្ឋ ​ដើម្បីឲ្យ​លោក​អាចផ្ទេរ​អំណាច​ត​ដល់​កូនប្រុស​ច្បង​របស់​លោក​ទៀតផង​។ «​ការសង្ស័យ​របស់​អាមេរិក​ ​មាន​មូលដ្ឋាន​ច្បាស់លាស់​។ ​ខ្ញុំ​គិត​ថា​ ​ជា​ការស្រាវជ្រាវ​ដែល​មាន​ការស៊ើបអង្កេត​ ​និង​វិនិច្ឆ័យ​ ​ព្រមទាំង​វិភាគ​ត្រឹមត្រូវ​ ពីព្រោះ​ដំណើរ​ហ្នឹង​វា​មាន​ច្រើន​មក​ហើយ​អំពី​បំណង​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លោក​ ហ៊ុន ​សែន​ ក្តោប​អំណាច​។ ​អ្វី​ដែល​ខ្ញុំ​ដឹង​នោះ​ ​លោក​ ហ៊ុន ​សែន​ ​កំពុងតែ​បង្ខំ​ព្រះមហាក្សត្រ​ឲ្យ​លាលែង​ពី​រាជ​បល្ល័ង​។ ​គោលដៅ​របស់​គាត់​គឺ​ថា​ ​កែ​រដ្ឋធម្មនុញ្ញ​ឲ្យ​ទៅ​ជា​សាធារណៈ​រដ្ឋ ​ដើម្បីឲ្យ​គាត់​ធ្វើ​ស្តេច​សាធារណៈ​រដ្ឋ​។​ ស្តេច​សាធារណៈ​រដ្ឋ​គឺ​ប្រធានាធិបតី​ ​ដែល​មាន​តួនាទី​ទាំង​ជា​ប្រមុខរដ្ឋ​ ​និង​ជា​ប្រមុខ​រដ្ឋាភិបាល​។ ​អំណាច​នៅលើ​គាត់​ទាំងស្រុង​!​»​

លោក​ ​គឹម​ ​សុខ ​មើល​ឃើញ​ពី​ហានិភ័យ​ជាច្រើន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា​ទាំងមូល ​ប្រសិនបើ​លោក​ ហ៊ុន ​សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ​ឈាន​ទៅ​សម្រេច​មហិច្ឆិតា​បែបនេះ​មែន​។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​សហរដ្ឋ​អាមេរិក​ ​ដាក់​ការសង្ស័យ​លើ​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី​ខ្លួន​នេះ​ ​ជាពិសេស​ ក្រោយពេល​របប​ក្រុង​ភ្នំពេញ​រត់​ទៅ​ពឹង​ចិន​កាន់តែ​ខ្លាំង​ឡើង​ៗ​ ​ដើម្បី​ជួយ​កាង​អំណាច​របស់​ខ្លួន​ ក្រោយពី​បាន​រៀបចំ​ ​ព្រឹត្តិការណ៍​បោះឆ្នោត​ ​និង​រដ្ឋាភិបាល​ខុស​ច្បាប់​មួយ​ ​ដែល​រង​ការថ្កោលទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​។ ​កាលពី​ចុង​ឆ្នាំ ២០១៨ ​អនុ​ប្រធានាធិបតី​អាមេរិក​ លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) ​បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​លោក​ ហ៊ុន ​សែន ​ព្រមាន​ថា​ ​ប្រសិនបើ​មាន​ហេតុការណ៍​ដូច្នេះ​ ​កើត​មាន​ឡើង​មែន​នោះ​ ​នោះ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក​ ​នឹងប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ៕

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដោះ​ស្រាយ​រឿង​សំរាម​រាយប៉ាយ​នៅ​ក្នុង​ខេត្ត​នេះ

$
0
0

សកម្មជន​បរិស្ថាន​អះអាង​ថា ខេត្ត​ព្រះសីហនុ​កំពុង​​បាត់​បង់​សោភ័ណភាព​របស់​ខ្លួន​បន្តិច​ម្តងៗ​ ដោយសារ​តែ​ការ​បំពុល​បរិស្ថាន​ បង្ក​ឡើង​ដោយ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ។ សកម្មជន​បរិស្ថាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ដោះស្រាយបញ្ហា​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​បាន​នូវ​សក្ដានុពល​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

សកម្មជន​បរិស្ថាន​ លោក ថុន រដ្ឋា អះអាង​ថា ការ​គ្រប់គ្រង​សំរាម​​មិន​បាន​ល្អ​ បាន​ចោទ​ជា​បញ្ហា​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់​ឆ្នេរ​យ៉ាង​ខ្លាំង។

វីដេអូ​រយៈពេល​ជាង ២ នាទី ដែល​សកម្មជន​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ មករា បង្ហាញ​ថា មាន​សំរាម​​ជា​ច្រើន​កន្លែង​ត្រូវ​បាន​គេ​គរ​ទុក​ចោល​ដោយ​មិន​មាន​ការ​ប្រមូល​ ឬ​រៀប​ចំ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ឡើយ។ លោក​បន្ត​ថា សំរាម​ទាំងនោះ​ត្រូវ​គរ​ទុក​ចោល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទម្រាំ​មាន​គេ​មក​ប្រមូល​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ក្លិន​ស្អុយ​អសោច​ភាយ​ចេញ​មក​ក្រៅ៖ «នៅ​ក្នុង​សង្កាត់​ ៤ ដែល​យើង​បាន​រាប់ មាន​គំនរ​សំរាម​ធំៗ ចំនួន ២៩ ត្រូវ​បាន​ទុក​ចោល​នៅ​រប៉ាត់រប៉ាយ​ប្រមាណ​ ២ ទៅ ៣ថ្ងៃ ឬ​ជាង​មួយ​សប្ដាហ៍​ឡើង​ទៅ ទម្រាំ​មាន​គេ​មក​ប្រមូល​វា​ចេញ​ទៅ។ ហើយ​ប្រហែល​ជា​បញ្ហា​មួយ​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុង​​ព្រះសីហនុ ជាពិសេស​ឯកឧត្ដម​ យន្ត មីន រវល់​តែ​និយាយ​ជាមួយ​វិនិយោគិន​ក្នុង​វិស័យ​ល្បែង និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិបត្តិ​សំរាម​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ»

សកម្មជន​រូប​នេះ កត់​សម្គាល់​ថា ការ​គ្រប់​គ្រង​សំរាម​​មិន​បាន​ត្រឹម​ត្រូវ​នេះ កើត​ឡើង​ក្រោយ​ពេល​មាន​ការ​រីក​ដុះ​ដាល​ខាង​វិស័យ​សំណង់ និង​ហេដ្ឋារចនាសម្ពន្ធ ព្រម​ទាំង​ការ​កើន​ឡើង​នៃ​ជន​ជាតិ​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន បាន​ទេ​នៅ​ថ្ងៃ​ទី២៧ មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន្ត ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា។

កាល​ពី​ពេល​កន្លង​ទៅ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​​ខិត​ខំ​ថែរក្សា និង​ការពារ​បរិស្ថាន​តំបន់​ឆ្នេរ​ ជាពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «សំរាម និង​ទឹក​កខ្វក់​កាន់​តែ​ច្រើន​ទៅៗ ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ ដែល​យើង​ត្រូវ​ខិតខំ​រក​មធ្យោបាយ​ទាំង​អស់ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​​សមុទ្រ​របស់​យើង​នៅ​ជា​សមុទ្រ​ដែល​ស្អាត ដែល​យើង​អាច​ចុះ​មុជទឹក​ ទេសចរ​ចុះ​មុជទឹក​នៅ​ក្នុង​សមុទ្រ​របស់​យើង​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អំពី​ភាព​រមាស់​ ឬ​ជំងឺតម្កាត់​ដែល​វា​ឆ្លង​ទៅ​តាម​ទឹក​នោះ​ឯង»

ទោះ​ជា​មាន​បទបញ្ជា​ពី​បុរស​ខ្លាំង​រូប​នេះ​ក្តី ក៏​បញ្ហា​សំរាម​ និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​​នេះ មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ ជាពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដោយ​សារ​តែ​ខ្វះ​ការ​អនុវត្ត​ជាក់ស្ដែង។

យុវជន​ ថុន រដ្ឋា ថ្លែង​ថា ការ​បំពុល​បរិស្ថាន​បែប​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​ទេសចរ ហើយ​លោក​កត់​សម្គាល់​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​ថយ​ចុះ​ខ្លាំង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លើក​លែង​តែ​ជន​ជាតិ​ចិន​ដែល​មាន​កំណើន​ខ្លាំង​នៅ​ក្នុង​ខេត្ត​នេះ។ លោក​សង្កត់​ធ្ងន់​ថា កាស៊ីណូ​ជាច្រើន​កន្លែង​បាន​រីក​ដុះដាល​ពាស​ពេញ​ខេត្ត​ព្រះសីហនុ ដូច្នេះ​របប​ក្រុង​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​គួរ​តែ​ប្រើប្រាស់​​ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធដារ​ពី​កាស៊ីណូ​ទាំងនោះ​យក​មក​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ លោក​ក៏​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​មាន​វិធានការ​លើ​មន្ត្រី​ពាក់​ព័ន្ធ​​ថ្នាក់​ខេត្ត​ ដែល​បណ្ដែត​បណ្ដោយ​មិន​រក​ដំណោះស្រាយ​រឿង​នេះ​ផង​ដែរ៖ «រដ្ឋ​ត្រូវ​តែ​បញ្ចេញ​ថវិកា​មួយ​ចំនួន​ ជាពិសេស​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បង់​ពន្ធ​ពី​កាស៊ីណូ​ហ្នឹង ដើម្បី​ឱ្យ​ជួយ​រៀប​ចំ​​រឿង​សំរាម​ហ្នឹង ហើយ​និង​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​​ឱ្យ​គាត់​យល់​ពី​ការ​ទុក​ដាក់​សំរាម​ និង​ឱ្យ​មាន​ធុង​សំរាម​នៅ​គ្រប់​កន្លែង​ និង​ផាក​ពិន័យ​ពួកគាត់​ បើ​ពួក​គាត់​មិន​រាង​ចាល​ពី​បញ្ហា​សំរាម​ហ្នឹង»

ក្រៅពី​បញ្ហា​សំរាម​ ខេត្ត​ព្រះសីហនុ​ដែល​មាន​ឆ្នេរ​សមុទ្រ​ដ៏​ទាក់ទាញ​នោះ ក៏​មាន​បញ្ហា​ចោទ​រឿង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ផង​ដែរ។ សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្នុង​ភូមិសាស្ត្រ​ឆ្នេរ​អូរ​ឈើទាល ទឹក​កខ្វក់​ជា​ច្រើន​កន្លែង ​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្ទ​ដោយ​ផ្ទាល់ មិន​មាន​ឆ្លង​កាត់​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ទឹក​កខ្វក់​ទាំងនោះ​ មាន​ផ្ទុក​ទៅ​ដោយ​ពពួក​បាក់តេរី ​ប៉ារ៉ាស៊ីត និង​មេរោគ ដែល​សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជំងឺ​ឆ្លង​ជាច្រើន​ប្រភេទ ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​​ចុះ​មុជ​ទឹក​លេង​កម្សាន្ត៕

សង្គម​ស៊ីវិល​មិន​សង្ឃឹម​ថា វៀតណាម​នឹង​ជួយ​ទិញ​អង្ករ​កម្ពុជា​តាម​សំណើ​របស់​ក្រសួង​កសិកម្ម​ទេ

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​សង្ឃឹម​ថា ប្រទេស​វៀតណាម​នឹង​ជួយ​ទិញ​អង្ក​ពី​កម្ពុជា​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន នោះ​ទេ ព្រោះ​ប្រទេស​នេះ​មាន​ជាប់​ពាក់ព័ន្ធ ការ​ប្រើ​សារធាតុ​គីមី​ក្នុង​ផលិតផល​របស់​ខ្លួន​ហួស​កម្រិត និង​ជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ផង។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​មិនទាន់​មាន​ជំនឿ​ថា វៀតណាម​នឹង​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​តម្លៃ​សមរម្យ​នោះ​ទេ ព្រោះ​ប្រជាជន​ប្រទេស​នេះ​ភាគច្រើន​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ហើយ​ផលិតផល​ភាគច្រើន​ដែល​នាំ​ចូល​មក​កម្ពុជា ផ្ទុក​សារធាតុ​គីមី​ហួស​កម្រិត​ដូចជា បន្លែ ត្រី​សាច់ ផ្លែឈើ និង​អង្ករ​ជាដើម។

ក្រសួង​កសិកម្ម​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន កាល​ពី​ថ្ងៃទី៣០ ខែ​មករា ថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម វួ យ៉ាងមិញ ( Vu Quang Minh ) បាន​ប្រជុំ​ពិភាក្សា​ពី​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា។ កិច្ចប្រជុំ​នេះ​ផ្ដោត​យ៉ាង​សំខាន់ លើ​ការពិនិត្យ និង​ការវាយតម្លៃ​ស្ថានភាព​តម្លៃ​ស្រូវ និង​រួមគ្នា​ដោះស្រាយ នូវ​យន្ត​ការ​ប្រមូល​ទិញ​ស្រូវ​-​អង្ករ​ពី​កម្ពុជា​ឱ្យ​បាន​សមស្រប​ទៅតាម​តម្លៃ​លើ​ទីផ្សារ​វៀតណាម។ លើស​ពី​នេះ ភាគី​ទាំងពីរ​នឹង​អនុវត្ត​ផលិតកម្ម​កសិកម្ម​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​រក្សា​និរន្តរភាព​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ​នឹង​សហការ​គ្នា​ដោះស្រាយ បញ្ហា​ប្រឈម​ឱ្យ​បាន​ទាន់​ពេល​វេលា និង​ប្រសិទ្ធភាព។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មិន​មាន​សង្ឃឹមថា វៀតណាម​នឹង​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​តម្លៃ​ដែល​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក​ចាត់ទុកថា ការ​ស្នើ​របស់​ក្រសួង​កសិកម្ម​បែបនេះ ជា​រូបភាព​បង្ហាញ​ពលរដ្ឋ​ថា​ខ្លួន បាន​យកចិត្តទុកដាក់​រក​ទីផ្សារ​ជូន​កសិករ តែ​ធាតុ​ពិត​ប្រជាជន​វៀតណាម​ជា​ប្រទេស​ធ្វើ​កសិកម្ម ហើយ​ភាគច្រើន​ផលិតផល​របស់​ពួកគេ គឺជា​មុខសញ្ញា​នាំ​ចូល​មក​កម្ពុជា​រួមមាន បន្លែ ត្រី សាច់ និង ផ្លែឈើ​ជាដើម៖ «ពលរដ្ឋ​វៀតណាម​កំពុង​ភ័យ​ព្រួយ​សុវត្ថិភាព​ចំណីអាហារ​មាន​ជាប់​ពាក់ព័ន្ធ​សារធាតុ​គីមី។ អ៊ីចឹង​ដោយសារតែ​វៀតណាម​ជា​ប្រទេស​កសិកម្ម​យើង​មិន​សង្ឃឹមថា វៀតណាម​នឹង​ជួយ​ទិញ​ស្រូវ​យើង ដោយសារ​គេ​ជា​ប្រទេស​ផលិត​ដែរ។ តែ​យើង​មិន​ទាន់​មាន​ជំនឿ​លើ ប្រសិទ្ធភាព និង​លទ្ធភាព ក្នុង​ចំនួន​មួយ​មិន​អាច​ទប់ទល់​ការខាតបង់​សហភាព​អឺរ៉ុប​យកពន្ធ​អង្ករ​ពី​កម្ពុជា​នោះ​ទេ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សង្កេត​ឃើញ​ថា នៅ​គ្រា​ដែល​សហភាព​អឺរ៉ុប​សម្រេច​យកពន្ធ​អង្ក​ពី​កម្ពុជា ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បង្ក​ប៉ះពាល់​ជីវភាព​កសិករ។ លោក​ថា ថ្នាក់ដឹកនាំ​រដ្ឋ ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ​រឿង​នេះ​ឱ្យ​ទាន់​ពេល​វេលា ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ ហាក់​បំផ្លាញ​ចំណូល​កសិករ​កម្ពុជា។ ហេតុនេះ​លោក​ថា ប្រមុខ​ដឹកនាំ​រដ្ឋ និង​អ្នកនយោបាយ​គួរតែ​ស្ដារ បរិយាកាស​នយោបាយ​ឡើងវិញ ទើប​មាន​សង្ឃឹម​ថា ដំណោះស្រាយ​បញ្ហា​នេះ​នឹង​មាន​ភាព​ល្អ​ប្រសើរ៖ «យើង​ឃើញ​ថា បញ្ហា​នយោបាយ​នៅ​ប្រទេស​កម្ពុជា ក៏​វា​ជាប់​ពាក់ព័ន្ធ EBA ដែរ។ អ៊ីចឹង​ហើយ​នេះ​ជា​ការ​ប្រឈម​មួយ ត្រូវតែ​មាន បើ​សិន​អាច​រក​មធ្យោបាយ​ដោះស្រាយ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើងវិញ​បញ្ហា​នយោបាយ អាច​ជួយ​ដល់​បញ្ហា​នេះ​ដែរ»

កាលពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប​បាន​សម្រេច​យកពន្ធ ចំពោះ​អង្ករ​នាំ​ចេញពី​កម្ពុជា។ សហភាព​អឺរ៉ុប​បាន​កំណត់​ពន្ធ​ប្រមាណ ២០០​ដុល្លារ សម្រាប់​អង្ករ​មួយ​តោន​នៅ​ក្នុង​ឆ្នាំ​ទី១ និង​បាន​ទម្លាក់​ពន្ធ​មក​យក​ត្រឹមតែ ១៣២​ដុល្លារ នៅ​ឆ្នាំ​ទី២ និង​នៅ​ត្រឹម ១០៩​ដុល្លារ នៅ​ឆ្នាំ​ទី៣ ធ្វើ​ឱ្យ​កម្ពុជា​ខាត​បាត់​ចំណូល​សេដ្ឋកិច្ច​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ រីឯ​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា កម្ពុជា​នឹង​តវ៉ា ចំពោះ​សេចក្ដី​សម្រេច​នេះ តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​បំណង​តម្កល់​ប្រយោជន៍​ជាតិ។

កសិករ​រស់នៅ​ខេត្ត​កំពង់ធំ លោកស្រី ស៊ុន ភាព ព្រមាន​ថា លោកស្រី​នឹង​បោះបង់​របប​ធ្វើស្រែ​ចម្ការ​ប្រសិនណាបើ​របប​ក្រុងភ្នំពេញ មិន​ដោះស្រាយ​តម្លៃ​កសិផល​ឱ្យ​បាន​សមរម្យ​នោះ​ទេ។ លោកស្រី​ថា កសិករ​ភាគច្រើន​បាន​ផុងខ្លួន​នៅ​ក្នុង​អន្ទាក់​បំណុល​ធនាគារ ពីព្រោះ​តម្លៃ​កសិផល​មិន​អាច​ទូទាត់​កម្លាំង​ពលកម្ម ជី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​បាន។ លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​តម្លៃ​អង្ករ​នៅ​ក្នុង​មួយ​គីឡូក្រាម​ចាប់ពី ៦៥០ រៀល ទៅ ៧៥០ រៀល​ថោក​ជាង​ឆ្នាំ​មុនៗ ពោល​កាលពី​ឆ្នាំ២០១៨ និង ២០១៧ ស្រូវ ១ គី​ក្រាម​អាច​លក់​ចាប់ពី ១ ពាន់ ៥០ រៀល (.០៥០) ទៅ ១ ពាន់ ១រយ​រៀល (.១០០) «ទូទាត់​អត់​បាន អត់​ទទួល​យក​បាន​។ តម្លៃ​នេះ​ខាតដើម ណាមួយ​សត្វ​ស៊ី។ ទូទាត់​ប្រើ​ថ្នាំ អត់​រួច​កម្មករ។ ខាត​ច្រើន​ណាស់ សូម​រដ្ឋាភិបាល​ដោះស្រាយ​កសិករ ជំពាក់​គេ​ច្រើន​ណាស់»

មន្ត្រី​សង្គម​ស៊ីវិល​ផ្ដល់​មតិ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​រក​មធ្យោបាយ​ឱ្យ​កសិករ​កាត់បន្ថយ​ចំណាយ​ការ​ធ្វើ​កសិកម្ម ហើយ​រដ្ឋ​ត្រូវ​ជួយ​ជំរុញ​ឱ្យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ កាត់បន្ថយ​ការប្រាក់ ដើម្បី​សម្រួលការ​លំបាក​របស់​កសិករ។ លើស​ពី​នេះ ដោះស្រាយ​ជម្លោះ​នយោបាយ ក៏​ជា​គន្លឹះ​សំខាន់ បំណង​ស្ដារ​ជីវភាព​កសិករ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចាប់​បាន​ខ្ទឹម​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​២៥​តោន​ដែល​នាំ​ចូល​ពី​ចិន

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល នៅ​តាម​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស ឱ្យ​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ឱ្យ​បាន​ច្រើន​ទៀត ទោះបី​មន្ត្រី​កាំកុងត្រូល​បាន​ដក​ចេញពី​ប្រចាំការ នៅ​តាម​ច្រក​ព្រំដែន​បែប​ណា​ក្ដី។

មន្ត្រី​ឃ្លាំមើល​សង្គម​គាំទ្រ ចំពោះ​សកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថា ការ​ដកហូត ខ្ទឹម () ស្រស់​ចំនួន ២៥​តោន ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​គីមី ពី​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ចិន តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ យក​មក​ដុត​កម្ទេច​ចោល​នេះ គឺ​ធ្វើ​បាន​ទាន់​ពេល។

លោក​បន្ត​អះអាង​ថា ផល​ប៉ះពាល់ ដែល​បណ្ដាល​មក​ពី​ការប្រើប្រាស់ ឬ​ទទួលទាន​ខ្ទឹម​ស្រស់ មាន​ផ្ទុក​សារធាតុ​គីមី​នេះ គឺ​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ឬ​អ្នក​ទទួលទាន ព្រោះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​នាំ​ឱ្យ​អ្នក​បរិភោគ​ក្អួត រាគ ញ័រ ប្រកាច់ ប្រស្រី​ភ្នែក​រួម​តូច និង​ពិបាក​ដកដង្ហើម រហូត​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង។

ទន្ទឹម​គ្នា​នេះ លោក ប៉ាន សូរស័ក្តិ ក៏បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​នៅ​ទូទាំង​ប្រទេស ជាពិសេស​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ឱ្យ​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ នៅ​លើ​ទីផ្សារ និង​នៅ​តាម​ហាង​លក់ទំនិញ​នានា​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​ឱ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ចំណីអាហារ​ជូន​អ្នកប្រើប្រាស់ នៅ​ទូទាំង​ប្រទេស ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម ស្ដីពី «ការគ្រប់គ្រង​ហានិភ័យ» ផ្អែក​លើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់៖ «គឺ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ឱ្យ​បាន​ខ្លាំងក្លា ពីព្រោះ​យើង​មិនបាន​ឈរជើង​នៅ​តាម​ព្រំដែន​ដូច​ពេល​មុន​ទៀត​ទេ។ តែ​យើង​ត្រូវ​ប្រមូល​ផ្តុំ​កម្លាំង របស់​យើង​មក​ធ្វើការ នៅ​ក្នុង​ផ្ទៃ​ប្រទេស​ឱ្យ​បាន​ខ្លាំង ដើម្បី​ទប់ទល់​នឹង​បទល្មើស ដែល​អាច​ហូរ​ចូល​មកពី​ក្រៅ​ប្រទេស​ជាយថាហេតុ ដែល​យើង​គិត​ថា កន្លងមក​យើង​ឈរជើង​នៅ​តាម​ព្រំដែន គឺ​យើង​ចាប់​បាន​ប៉ុណ្ណឹង គឺ​ជាក់ស្ដែង​នៅ​ពេល​នេះ យើង​ចាប់​បាន និង​ចូលរួម​ដុត​បំផ្លាញ​ចោល​ចំនួន ២៥​តោន»

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ឱ្យ​ដឹង​ទៀត​ថា ខ្ទឹម​ស្រស់ នាំ​ចូល​ពី​ប្រទេស​ចិន មាន​ផ្ទុក​សារធាតុ​គីមី ប្រភេទ​ថ្នាំពុល​កសិកម្ម ឌីសសាលហ្វូតុន (Disulfoton) សម្រាប់​ការពារ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ និង​គ្រាប់​ធញ្ញជាតិ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ និង​ជា​ស្ត្រី​មេផ្ទះ​ម្នាក់ ថ្លែង​គាំទ្រ​ចំពោះ​សកម្មភាព របស់​មន្ត្រី​កាំកុងត្រូល​ខេត្ត​នេះ ដែល​មាន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ និង​រក​ឃើញ​ចំណីអាហារ​ខូច​គុណភាព ដែល​មាន​ដាក់​លាយ​សារធាតុ​គីមី ជា​បន្តបន្ទាប់​មកនេះ៖ «ខ្ញុំ​ក៏ដូចជា​ប្រជាពលរដ្ឋ ឬ​ស្ត្រី​មេផ្ទះ​ផ្សេងទៀត​ដែរ គឺ​សប្បាយចិត្ត​មែនទែន ដោយសារតែ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​នៅ​តាម​ទំនិញ​នៅ​តាម​ទីផ្សារ​នានា ជាពិសេស​គ្រឿង​ឧបភោគ​បរិភោគ មាន​បន្លែ ត្រី​សាច់​ជាដើម​ជាប្រចាំ។ ព្រោះថា រាល់ថ្ងៃ​នេះ ជំងឺ​គ្រប់​ប្រភេទ​បាន​កើត​ឡើង ហើយ​ស្ត្រី​មេផ្ទះ ឬ​ប្រជាពលរដ្ឋ​យើង​ធម្មតា​គាត់​ទៅ​ទិញ​ចំណី​អាហារ​នៅ​ក្នុង​ទីផ្សារ​ហ្នឹង គឺ​អត់​ចេះ​ពិនិត្យមើល​ទំនិញ​ទាំង​នោះ​ទេ ដោយ​មិន​ដឹង​ថា ចំណីអាហារ ឬ​គ្រឿង​ទេស​ណា​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហ្នឹង គឺ​មិន​ដឹង​នោះ​ទេ»

អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រក​ឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព និង​ម្ហូបអាហារ​ពុំ​មាន​សុវត្ថិភាព ទម្ងន់​សរុប​ចំនួន ៦៦​តោន រួមមាន​៖ (​បន្លែ ផ្លែឈើ គ្រឿង​កំប៉ុង គ្រឿង​សមុទ្រ និង​សាច់​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម) យក​ទៅ​ដុត​កម្ទេច​ចោល។ នៅ​ក្នុង​នោះ​ទំនិញ​ជាង ៥​តោន ត្រូវ​បាន​រឹបអូស​ពី​មាត់ច្រក​ព្រំដែន និង​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។

ក្រសួងពាណិជ្ជកម្ម តាមរយៈ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏បាន​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ចំនួន ៣​គ្រឿង ដែល​រថយន្ត​២​គ្រឿង សម្រាប់​ត្រួតពិនិត្យ និង​វិភាគ​ផលិតផល​ម្ហូបអាហារ និង​រថយន្ត ១​គ្រឿង​ទៀត សម្រាប់​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេង នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ទូទាំង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ក្រសួង​ក៏​អះអាង​ថា និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ចំនួន​បី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បន្ថែម​ទៀត​ដូចជា​៖ ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ - ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្ដីពី​ភាព​ប្រកួតប្រជែង ដើម្បី​ជំរុញ​ឱ្យ​សកម្មភាព​ការងារ​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ដែល​អាច​ផ្ដល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live