Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

របប​ក្រុងភ្នំពេញ​មិនទាន់​បង្ហាញ​ពី​ដំណើរការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ សំណង់​និង​សេវាកម្ម

$
0
0

ក្រុម​សហជីព​លើក​ឡើង​ថា របប​ក្រុងភ្នំពេញ នៅ​មិនទាន់​បង្ហាញ​ពី​ដំណើរការ​ជជែក​ពិភាក្សា ការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​វិស័យ​សំណង់ និង​សេវាកម្ម​នៅឡើយ​ទេ រហូត​មក​ដល់​ពេលនេះ។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន កាលពី​ចុង​ឆ្នាំ​២០១៨​កន្លងទៅ ប្រកាស ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ការងារ រួមគ្នា​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​សំណង់ និង​សេវាកម្ម​ជាដើម។

ក្រុម​សហជីព​ដែល​ធ្វើការ​ខាង​វិស័យ​សំណង់ និង​សេវាកម្ម សង្ស័យ​ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មាន ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​ការងារ​ជាដើម មិន​ទាន់​បាន​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន នៅឡើយ​អំពី​ផែនការ​កំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​សំណង់ និង​កម្មករ​សេវាកម្ម ជាដើម។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ (BWTUC) លោក យ៉ាន់ ធី លើកឡើង ថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ ឬក៏​ការ​អញ្ជើញ​ពី​ខាង​រដ្ឋាភិបាល ដើម្បី​ចូលរួម​ជជែក​លើ​បញ្ហា​កំណត់​ប្រាក់​ឈ្នួល​នៅឡើយ​ទេ ក្រោយពី​ការប្រកាស​របស់ លោក ហ៊ុន សែន។ លោក ក៏​មិនទាន់​ដឹង​ថា ខាង​ក្រសួង​ការងារ កំពុង​រៀបចំ​ដំណើរការ​នេះ យ៉ាង សម្ងាត់ ឬក៏​មិន​ទាន់​បាន​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន នោះ​ដែរ។ ទោះ​យ៉ាង​ណា​ក្តី លោក​អះអាង​ថា ប្រសិនបើ​ខាង​ក្រសួង​ការងារ ឬ​ក្រសួង​ដែនដី ពិតជា​បាន​ចាប់ផ្ដើម​ដំណើរការ ជជែក​ពី​រឿង​កំណត់​ប្រាក់​ឈ្នួល​នោះ គឺ​ត្រូវតែ​មាន​ការចូលរួម​ពី​ខាង​តំណាង​កម្មករ និង​ភាគី និយោជក ឬ​ក្រុមហ៊ុន​ដែរ៖ «ខ្ញុំ​គិត​ថា វា​ចាំបាច់​ត្រូវតែ​កំណត់​ប្រាក់​ឈ្នួល និង​មួយទៀត​ទាក់ទង​នឹង​សុខភាព​សុវត្ថិភាព​ដែល​ត្រូវ​យក​ចិត្ត​ដាក់។ វិស័យ​សំណង់​រីកចម្រើន​ខ្លាំង តែ​ការ​យកចិត្តទុកដាក់​លើ​កម្មករ នៅ​មាន​កម្រិត​នៅឡើយ។ ពួកគាត់​ធ្វើការ​ប្រឈម​ខ្ពស់ ដូចជា​ឆក់​ខ្សែភ្លើង និង​ធ្លាក់​ពីលើ​អាគារ​ខ្ពស់ រហូតដល់​ស្លាប់​ជាដើម។ ដូច្នេះ​ត្រូវតែ​ដោះស្រាយ​កំណត់​ប្រាក់​ឈ្នួល​ជាបន្ទាន់»

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ថា ៩​ខែ ឆ្នាំ​២០១៨ វិស័យ​សំណង់ បាន​ផ្ដល់​ការងារ​គិត​ជា​មធ្យម​ពី ២០​ម៉ឺន នាក់ ទៅ ២២​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ។ សម្រាប់​ក្រុងភ្នំពេញ មាន​កម្មករ​សំណង់ បំពេញ​ការងារ​ជា​មធ្យម​ចន្លោះ ៩​ម៉ឺន ទៅ​១០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ។

ដោយឡែក​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើង​ថា ខាង កញ្ញា ក៏​មិនទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​អំពី​ដំណើរការ ជជែក​ពិភាក្សា​រឿង​កំណត់​ប្រាក់​ឈ្នួល សម្រាប់​កម្មករ​ផ្នែក​សេវាកម្ម​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែរ។ កញ្ញា​សង្ស័យ​ថា ខាង​ក្រសួង ការងារ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត មិនទាន់​បាន​ធ្វើ​អ្វី​ឡើយ។ កញ្ញា​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ជំរុញ ឱ្យ​មានការ​កំណត់​ប្រាក់​ឈ្នួល​នេះ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​កុំ​ឱ្យ​កម្មករ​ផ្នែក​សេវាកម្ម បន្ត​ប្រឈម​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខ្លាំង​ពី​ខាង​ក្រុមហ៊ុន៖ «បើ​យើង​នៅតែ​បណ្ដោយ​ឱ្យ​អត់​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ទៀត​នោះ វា​ធ្វើ​ឱ្យ​ថៅកែ​ផ្ដល់​ប្រាក់​ឈ្នួល ស្រេច​តែ​ចិត្ត​គាត់ ដូច្នេះ​អត់​បាន​គិត​គួរ​ពី​ជីវភាព​និង​ការ​ចំណាយ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ហើយ​ក្រុមហ៊ុន​ខ្លះ ចំណូល​ច្រើន​ហើយ តែ​ឱ្យ​ប្រាក់ខែ​បុគ្គលិក​ទាប​អ៊ីចឹង ដូច្នេះ​វា​កើត​ទៅជា​រូបភាព​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​រលើ​បុគ្គលិក»

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ឆ្នាំ​២០១៧​បង្ហាញ​ថា កម្ពុជា​មាន​កម្លាំង​ពលកម្ម​ចំនួន ប្រមាណ ៩​លាន ៣​សែន​នាក់ ក្នុង​នោះ​វិស័យ​សេវាកម្ម​ដែល​រួមមាន​វិស័យ​សណ្ឋាគារ និង​ទេសចរណ៍​ផង​នោះ មាន​ចំនួន​ជាង ៤៦​ភាគរយ វិស័យ​ឧស្សាហកម្ម​មាន​ជាង ២៧​ភាគរយ និង​កសិកម្ម​មាន​ជាង ២៦​ភាគរយ។

កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ ក្នុង​ជំនួប​ស្វែងរក​គាំទ្រ​ពី​កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ លោក ហ៊ុន សែន បាន​ប្រកាស​ជំរុញ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង​កម្មករ​និយោជិក តំណាង​និយោជក និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ពិភាក្សា​ឱ្យ​បាន​ហ្មត់ចត់​លើ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​ផ្សេងទៀត ដូចជា​វិស័យ​សំណង់ សេវាកម្ម អ្នកបម្រើ ការ​តាម​ផ្ទះ និង​វិស័យ​កសិកម្ម​ជាដើម៖ «សំណង់​នៅ ធ្វើការ​តាម​ភោជនីយដ្ឋាន តាម​សណ្ឋាគារ​ក៏​នៅ​ធ្វើការ​តាម​ផ្ទះ​ក៏​នៅ ប៉ុន្តែ​ធ្វើការ​តាម​ផ្ទះ ត្រូវ​ប្រយ័ត្នប្រយែង ប្រយ័ត្ន​ទី​ចុង​បំផុត គាត់​អត់​មាន​ការងារ​ធ្វើ ប៉ុន្តែ​ខ្ញុំ​នៅតែ​ទទូច​ស្នើសុំ​ឱ្យ​មានការ​កំណត់​ទាំងអស់ ដើម្បី​ធានា​ថា ប្រទេស​របស់​យើង​អ្នកធ្វើការ យើង​ត្រូវ​ដឹង យើង​ត្រូវ​ដឹង​ពី​ចំណូល ហើយ​ជៀសវាង​ការ​កេង​ប្រវ័ញ្ច​នៃ​កម្លាំង​ពលកម្ម»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​អ្នកនាំពាក្យ​ក្រសួង រៀបចំ​ដែន លោក សេង ឡូត ជាច្រើនលើក ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​។ ចំណែក​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

ក្រុម​សហជីព​ឯករាជ្យ និង​កម្មករ ប្ដេជ្ញា​ថា នឹង​បន្ត​ធ្វើ​ការ​តស៊ូ​មតិ​ជំរុញ និង​ធ្វើ​យុទ្ធនាការ​ដើម្បី​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ យកចិត្តទុកដាក់​ដោះស្រាយ​នូវ​អ្វី​ដែល​ពួកគេ​ទាមទារ និង​អ្វី​ដែល​លោក ហ៊ុន សែន បាន​សន្យា​កន្លងមក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក គង់ គាំ អះអាង​ថា វត្តមាន​របស់​លោក​នៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​ជូន​លោក កឹម សុខា

$
0
0

លោក គង់ គាំ អតីត​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ក្រុងភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​មករា ក្នុង​នាម​ជា​សាក្សី ដើម្បី​រក​យុត្តិធម៌​ជូន លោក កឹម សុខា។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​វត្តមាន​លោក គង់ គាំ ទេ​ដោយ​យល់​ថា នេះ​ជា​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ។

លោក គង់ គាំ អះអាង​ថា លោក​បាន​ស្បថ​តាម​សំណើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ក្រុងភ្នំពេញ លោក គី ឬទ្ធី ដោយ​ដឹង​អី​និយាយ​ហ្នឹង មិន​បំភ្លៃ​បំផ្លើស ឬ​មួរ​បង្កាច់​លោក កឹម សុខា។

លោក គង់ គាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ថា ចៅក្រម​ស៊ើបសួរ បាន​សួរ​ពី​ជីវិត​នយោបាយ​របស់​លោក។ លោក​បន្ត​ថា លោក​បាន​ឆ្លើយតប​នឹង​ចៅក្រម​ស៊ើប​ដែល​បាន​សួរ ទាក់ទង​សំណុំរឿង​លោក កឹម សុខា ដោយ​ឱ្យ​បញ្ជាក់ ប្រាប់​ពី​របៀប​នៃ​ការ​រួបរួម​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើត បាន​មក​ជា​គណបក្ស​សង្គ្រោះជាតិ​។ ចៅក្រម​ដដែល​សួរ​លោក​ទៀត​ថា ក្នុង​ពេល​លោក​ជាទី​ប្រឹក្សា​គណបក្ស​នេះ បាន​ដឹង និង​រួមចំណែក​អ្វីខ្លះ​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា៖ «ការ​បំភ្លឺ​របស់ខ្ញុំ​គ្រាន់តែ​ជា​ជំនួយ​ដើម្បី​ប្រភព​ជាច្រើន​ដល់​តុលាការ​ពិចារណា​ផ្ដល់​យុត្តិធម៌​ដល់​ជន​ត្រូវ​ចោទ (លោក កឹម សុខា​) ប៉ុន្តែ​អ្វីៗ​អាស្រ័យ​លើ​លោក កឹម សុខា ខ្លួនឯង»

លោក គង់ គាំ ក៏​ទទួលស្គាល់​ថា លោក​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​មែន ប៉ុន្តែ​លោក​មិនបាន​ដឹង​រឿងរ៉ាវ​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ដូច​លោក សម រង្ស៊ី ទេ។ លោក​បន្ត​ថា វត្តមាន​របស់​លោក​នៅ​តុលាការ​ក្នុង​ពេលនេះ​មិនមែន​ជា​អ្នក​ដាក់​បន្ទុក ឬ​ដោះបន្ទុក​ឱ្យ​លោក កឹម សុខា ទេ ប៉ុន្តែ​លោក​ទៅ​ឆ្លើយបំភ្លឺ​នេះ​ដើម្បី​ឱ្យ​លោក កឹម សុខា ទទួល​បាន​យុត្តិធម៌៖ «ដូចដែល​សម រង្ស៊ី លើកឡើង​ថ្មីៗ​ចុងក្រោយ​នេះ​គាត់​ថា ​ចូល​មក​បំភ្លឺ​នេះ មិនសូវ​ដឹង រឿង អី​ច្រើន​ទេ មានតែ​សម រង្ស៊ី ទេ ដឹង​រឿង​គ្រប់យ៉ាង ប៉ុន្តែ​អ្នកដឹង​តិច​ក៏​ត្រូវ​មាន​ព័ត៌មាន អ្វី​ជូន​ចៅក្រម​បាន ហើយ​អ្នកដឹង​ច្រើន​ក៏​មាន​ព័ត៌មាន​អី​ជូន​ចៅក្រម​បាន ដើម្បី​គោលដៅ​តែមួយគត់​រក​យុត្តិធម៌​ឱ្យ​អ្នក​ត្រូវ​ចោទ»

លោក គង់ គាំ មិនមែន​មនុស្ស​ទីមួយ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ក្រុងភ្នំពេញ​កោះហៅ​មក​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជាសាក្សី​នោះ​ទេ កន្លងមក​ចៅក្រម​បាន​កោះហៅ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក កឹម សុខា ដូចជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា លោក ផែង ហេង ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​មិនទាន់​ដឹង​ថា ចម្លើយ​របស់​លោក គង់ គាំ ជា​ការ​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​ឱ្យ​លោក កឹម សុខា នោះ​ទេ ព្រោះ​នៅ​ពេល​នេះ មិនទាន់​ឃើញ​ចម្លើយ​លោក គង់ គាំ ឆ្លើយ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ។ មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា តាម​នីតិវិធី​ក្រោយពេល​ចៅក្រម​ស៊ើប សួរ​ចប់​សព្វគ្រប់​រួចហើយ ចៅក្រម​នឹង​ចេញ​ដីកា​សន្និដ្ឋាន​ចុងក្រោយ​មួយ​បញ្ជាក់​ថា នឹង​លើកលែង​ការចោទប្រកាន់ ឬ​ត្រូវ​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា​ចៅក្រម​នឹង​បន្ត​ស៊ើបអង្កេត​ដល់ពេល​ណា​នោះ​ទេ៖ «ខ្ញុំ​មិន​មានអី​អត្ថាធិប្បាយ​ទេ ព្រោះ​គាត់​ហៅ​អ្នក​ណាៗ​ជា​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​គ្រាន់តែ​ដឹង ថា​ការ​កោះ​ហៅ​ឯកឧត្ដម គង់ គាំ ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បំពេញ​កិច្ច​របស់​តំណាង​អយ្យការ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ឆ្មក់​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ តុលាការ​ចោទប្រកាន់​លោក​ពី​បទ ក្បត់ជាតិ។ កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ពី​ពន្ធនាគារ មក​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​រហូត​មក​ដល់​ពេល​នេះ។ ការ​ចោទ​ប្រកាន់​លោក កឹម សុខា គឺ​តុលាការ សំអាង​លើ​វីដេអូ​ឃ្លិប​មួយ​មាន​រយៈពេល​ជាង ១៣​នាទី ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ ឃោសនា​នៃ​របប​ក្រុងភ្នំពេញ ពី​សកម្មភាព​របស់​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ ក្នុង​វីដេអូ​ឃ្លិប​នោះ​លោក កឹម សុខា និយាយ​ថា បាន​តស៊ូ ២០​ឆ្នាំ​ហើយ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់។

ប៉ុន្តែ​លោក​មេធាវី ផែង ហេង និយាយ​ថា ការ​កាត់​ច្បិច​យក​សម្តី​លោក កឹម សុខា តែ​បន្តិច​បន្តួច​មក​ចោទប្រកាន់​បែបនេះ​ធ្វើ​ឱ្យ​មាន​ច្រឡំ​ទៅ​នឹង​អត្ថន័យ​នៃ​ខ្លឹមសារ​សន្ទរកថា​របស់ លោក កឹម សុខា ដែល​មាន​រយៈ​ជាង​ពីរ​ម៉ោង។

លោក​បន្ត​ទៀត​ថា ទោះ​តុលាការ​បាន​ចោទ​ប្រកាន់​ថា លោក កឹម សុខា មាន​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិនទាន់​ឃើញ​ចៅក្រម​កោះហៅ​បរទេស​ណាមួយ​មក​បំភ្លឺ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​នៅតែ​មាន​សង្ឃឹមថា តុលាការ​នឹង​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ចោល ព្រោះ​លោក​បាន​សិក្សា​ឯកសារ​នៅ​ក្នុង​សំណុំរឿង​ពិនិត្យ​ឃើញ​ថា គ្មាន​អង្គហេតុ ឬ​ធាតុ​ផ្សំ​ណាមួយ​សម្រាប់​ធ្វើ​ការចោទប្រកាន់​លើ​លោក កឹម សុខា នោះ​ទេ។ លើស​ពី​នេះ សហគមន៍​អន្តរជាតិ រួម​ទាំង​សមាជិកសភា​អឺរ៉ុប​ទាំងមូល​ដែល​បាន​ឃើញ​ឃ្លិប​វីដេអូ​ទាំងមូល​ដែល​លោក កឹម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី​នោះ បាន​និយាយ​បញ្ជាក់​ថា ពួកគេ​គ្មាន​ឃើញ​ចំណុច​ណាមួយ​ជា​សកម្មភាព​ក្បត់ជាតិ ឬ​ជា​ការ​ឃុបឃិត​ជាមួយ​បរទេស​របស់​លោក កឹម សុខា ដូច​របប​ក្រុងភ្នំពេញ​ចោទប្រកាន់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ប៉ាវ ស៊ីណា ស្នើ​តុលាការ​ពន្យារពេល​ចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ពី​ឆ្នាំ​២០១២

$
0
0

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដី​កោះហៅ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា រួម​នឹង​មន្ត្រី​របស់​លោក ៦​នាក់​ទៀត ឱ្យ​ចូលខ្លួន​បំភ្លឺ នៅ​ថ្ងៃ​ទី​២៥ មករា ដើម្បី​ដោះសា​ចំពោះ​បទ​ចោទ​ប្រកាន់ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ នៅ​រោងចក្រ​អូសេអង់ ហ្គាមិន (Ocean Garment Co. Ltd) ក្នុង​សង្កាត់​ចោមចៅ កាលពី​៧​ឆ្នាំមុន។ ប៉ុន្តែ​ការ​កោះហៅ​នេះ ត្រូវ​បាន លោក ប៉ាវ ស៊ីណា ស្នើសុំ​តុលាការ​ពន្យារ​ពេល។

ការ​សុំ​លើក​ពេល​ចូលខ្លួន​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ពី​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា គឺ​ក្រោម​ហេតុផល​ថា លោក​ត្រូវការ​ពេល​វេលា រក​មេធាវី និង​ជួបជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​សហជីព​ដែល​រង​ការចោទប្រកាន់​ជាមួយ​លោក ឱ្យ​បាន​គ្រប់គ្នា​សិន មុន​ឈាន​ទៅ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ។

លោក ប៉ាវ ស៊ីណា សម្ដែង​ការ​ភ្ញាក់ផ្អើល​ថា ចំពោះ​ដីកា​កោះហៅ​នេះ ព្រោះ​លោក​មិនបាន​ដឹងខ្លួន​ថា ថៅកែ​រោងចក្រ ដាក់ពាក្យ​ប្ដឹង​លោក​និង​ក្រុម​សហជីព ទៅ​តុលាការ នៅ​ឆ្នាំ​២០១២​នោះ​ទេ។ លោក ប៉ាវ ស៊ីណា បន្ត​ថា ចាប់តាំង​ពី​ឆ្នាំ​២០១២​នោះ លោក​មិន​ដែល​បាន​ទទួល​ដីកា​កោះហៅ​ពី​តុលាការ​ក្រុងភ្នំពេញ ម្ដងណា​ឡើយ ទើបតែ​មក​ដល់​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៩ លោក និង​មន្ត្រី​សហជីព ៦​នាក់​ទៀត ទទួល​បាន​ដីកា​កោះហៅ​ពី​តុលាការ​ក្រុងភ្នំពេញ ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ មករា​។​

លោក ប៉ាវ ស៊ីណា ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១២ នៅ​រោងចក្រ អូសេអង់ (Ocean) មាន​កម្មករ​រាប់រយ​នាក់ ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​ថៅកែ​ផ្ដល់​ប្រាក់ខែ​ឱ្យ​ពួកគេ និង​ទទួល​ពួកគេ​ចូល​ធ្វើការ​វិញ។ លុះ​ក្រោយមក វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ហើយ​មក​ដល់​ឆ្នាំ​២០១៤ ថៅកែ​រោងចក្រ​ក៏​សម្រេច​បិទទ្វារ​លែង​ដំណើរការ។ លោក ប៉ាវ ស៊ីណា ស្នើសុំ​តុលាការ ពិនិត្យ​សំណុំ​រឿង​នេះ​ឡើងវិញ និង​ទម្លាក់​ចោល​បទ​ចោទ​ទាំងឡាយ​ណា​ដែល​ប្រឆាំង​ក្រុម​សហជីព​លោក ព្រោះថា​ក្រុមការងារ​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ ៖«ខ្ញុំ​គិត​ថា សំណុំរឿង​អូសេអង់​នេះ គឺ​ខ្ញុំ​មិនដែល​បាន​ទទួល​ដីកាកោះ​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ហើយ​ខ្ញុំ​អត់​ដែល​ដឹង​គេ​ប្ដឹង​ទេ។ ណាមួយ សហជីព​យើងខ្ញុំ​នៅ​ធ្វើការ​ក្នុងនាម​ជា​ដៃគូ ក៏​គេ​មិនដែល​និយាយ​អំពី​ការ​ប្ដឹង​ផ្ដល់​ពួក​យើង​ក៏​អត់​មាន​ទេ។ ខ្ញុំ​គិត​ថា​រឿង​ទាំងអស់​នេះ មិន​គួរ​​ត្រូវ​បាន​មក​កាត់ទោស កំបាំងមុខ​ពួក​ខ្ញុំ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា វា​មិនមែន​ជា​រឿង​មួយ ដំណើរការ​ពន្លឿន​នីតិវិធី​នេះ វា​មិនមែន​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ទេ វា​កាន់តែ​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​មកដល់​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្រុមការងារ​ខ្ញុំ​ផ្ទាល់ ដែល​មិនបាន​ប្រព្រឹត្ត​បែរជា​ត្រូវ​បាន​កាត់ទោស​គ្រប់​តែ​សំណុំរឿង​អ៊ីចឹង»។​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ តុលាការ​ក្រុង​ភ្នំពេញ ប្រកាស​សាលក្រម​កំបាំងមុខ កាត់ទោស លោក ប៉ាវ ស៊ីណា និង​មនុស្ស​៦​នាក់​ផ្សេងទៀត ឱ្យ​ជាប់ពន្ធនាគារ ម្នាក់​៨​ខែ ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ជេរប្រមាថ​ជា​សាធារណ ប្រព្រឹត្ត​នៅ ក្រុមហ៊ុន អូសេអង់ ស្ថិតនៅ​ភូមិ​ផ្លូវ​ថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ និង​១៤ ខែ​សីហា ឆ្នាំ​២០១២។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា តាមច្បាប់​សហជីព បើសិនជា​មេដឹកនាំ​សហជីព​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស គឺ​មិន​អាច​មាន​សិទ្ធិ​ធ្វើជា​ប្រធាន​សហជីព​បានទេ។ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ថ្វិ​ត្បិត​តែ​តុលាការ​កាត់ទោស​ក្រុម​សហជីព​ហើយ​ព្យួរទោស​នោះ​ក៏ដោយ ក៏​សាលក្រម​នោះ នៅតែ​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគេ​ដែរ៖ «ហើយ​ការ​កោះហៅ​ច្រើន​ជាប់ៗ​គ្នា ក៏​វា​រំខាន​ទៅដល់​ការងារ​របស់​ពួកគាត់​។ គាត់​អត់​បាន​ធ្វើ​អ្វី ហើយ​ទៅ​បំពេញ​នីតិវិធី​តាម​តុលាការ​មួយៗ​នោះ​។ ហ្នឹង​វា​ជា​រឿង​មួយ ប៉ុន្តែ ខ្ញុំ​នៅតែ​ទទូច​ថា សុំ​ឱ្យ​មានការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ចំពោះ​មេដឹកនាំ​សហជីព​ទាំងអស់​ហ្នឹង​ទៅ ដើម្បី​ឱ្យ​គាត់​មាន​សេរីភាព​ពេញលេញ នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​គាត់​ជា​អ្នកដឹកនាំ​សហជីព​នោះ»

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​រំពឹង​ថា តុលាការ​ក្រុង​ភ្នំពេញ នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ ចំពោះ លោក ប៉ាវ ស៊ីណា និង​មនុស្ស ៦​នាក់​ទៀត ដូច​ទៅ​នឹង​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ក្រុង​ភ្នំពេញ។ កាល​ពី​ពេល​កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការងារ ពិនិត្យ​មើល និង​សម្របសម្រួល​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​តុលាការ ដើម្បី​បិទ​បញ្ចប់​សំណុំរឿង​ទាំងឡាយ​ណា ដែល​ទាក់ទង​នឹង​មេ​សហជីព​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​​បរិស្ថាន​ស្នើសុំ​លោក ហ៊ុន សែន កុំ​និយាយ​ឱ្យ​រួច​តែ​​ពី​មាត់​ រឿង​ដាក់​ទោស​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹ​ង​បទ​ល្មើស​ធនធាន​ធម្មជាតិ

$
0
0

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន អនុវត្ត​ឱ្យ​បាន​នូវ​បញ្ជា​របស់​លោក​ផ្ទាល់​អំពី​ការ​​ដាក់​ទោស​ទណ្ឌ​មន្ត្រី​យោធា​ណា​​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ ពួក​គេ​អះអាង​ថា ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជា​ច្រើន​រូប​នៃ​របប​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី ឬ​កាង​ឱ្យ​ក្រុមហ៊ុន​ឈើ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​ ហ៊ុន សែន​ បាន​បញ្ជា​ផ្ទាល់​មាត់​ជា​ថ្មី​ម្ដង​ទៀត ឱ្យ​កងទ័ព​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ហើយ​ព្រមាន​ថា បើ​កងទ័ព​មាន​ជាប់​ព័ន្ធ​នឹង​បទ​ល្មើស​ទាំង​នេះ ពួក​គេ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវ​ច្បាប់។

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ថ្លែង​ថា បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន រឿង​ឱ្យ​កង​ទ័ព​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នេះ អាច​នឹង​ក្លាយ​​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​មន្ត្រី​យោធា​ខិល​ខូច​មួយ​ចំនួន​ ក្នុង​ការ​រកស៊ី​ជាមួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ។

លោក​ជឿជាក់​ថា បទ​បញ្ជា​ថ្មី​នេះ​ក៏​ដូច​បទបញ្ជា​លើក​មុនៗ ដែរ គឺ​លោក​ ហ៊ុន សែន លើក​ឡើង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ ហើយ​រឿង​នេះ​នឹង​មិន​អាច​អនុវត្ត​បាន​នោះ​ឡើយ ដោយសារ​ក្រុម​នាយ​ទាហាន​គ្រាក់ៗ មួយ​ចំនួន​នៃ​របប​បច្ចុប្បន្ន ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​​របរ ឬ​ជួយ​​កាង​ឱ្យ​​ក្រុម​ឈ្មួញ​​ឈើ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់។ លោក​ថា​​ តួយ៉ាង​ដូច​ជា​មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ជាដើម កំពុង​តែ​យក​តួនាទី​ និង​ទាហាន​នៃ​អង្គភាព​មួយ​នេះ ទៅ​កាង​ឱ្យ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​អានាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ជា​ដើម៖ «ខ្ញុំ​ជឿ​ថា ពេល​ដែល​ទាហាន​ ឬ​ប៉េអឹម​ជាដើម​ ចូល​រួម​ដើម្បី​ក្រោម​លេស​ថា ការពារ​ ចង់​មិន​ចង់ គឺ​ត្រូវ​បម្រើ​ផល​ប្រយោជន៍​របស់​មេ។ ខ្ញុំ​មិនមែន​ចង់​និយាយ​ថា សមាជិក​ទាហាន ឬ​ប៉េអឹម​ទាំង​អស់​ពាក់ព័ន្ធ​នោះ​ទេ។ ភាគច្រើន​គេ​មនុស្ស​​ចេះ​ស្រឡាញ់​ជាតិ ចេះ​ស្រឡាញ់​ព្រៃឈើ​ ហើយ​អាណិត​ដល់​ធន​ធាន​ធម្មជាតិ ប៉ុន្តែ​សំខាន់​ គឺ​មេ​ធំៗ ហ្នឹង គ្រាន់តែ​ពាក់អាវ​ទាហាន ប៉ុន្តែ​ជាក់ស្ដែង​មិន​មែន​ជា​អ្នក​ទាហាន​ពិត​ប្រាកដ​នោះ​ទេ គ្រាន់តែ​ជា​អ្នក​រក​ស៊ី​ខុស​ច្បាប់​ហ្នឹង»

សកម្មជន​រូប​នេះ​ថ្លែង​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ពិត​ជា​ចង់​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​មែន លោក​ត្រូវ​តែ​ហ៊ាន​ផ្ដន្ទាទោស​នាយទាហាន ឬ​មន្ត្រី​យោធា​រូប​ណា ដែល​មាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទាំងនេះ មិន​មែន​និយាយ​តែមាត់​ដូច​លើក​មុនៗ នោះ​ឡើយ បើ​ពុំ​ដូច្នេះ​ទេ​ពលរដ្ឋ​នឹង​កាន់​តែ​បាត់​ជំនឿ​លើ​រូប​លោក។

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី២០ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក ដែល​បច្ចុប្បន្ន​មាន​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ែនណែត ជា​មេបញ្ជាការ​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កង​ទ័ព​ត្រូវ​ចូល​រួម​ថែរក្សា​ការពារ​ព្រៃឈើ ជល​ផល និង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ បន្ថែម​លើ​ការ​ការពារ​ជាតិ និង​របប​របស់​លោក។ លោក​ក៏បាន​ព្រមាន​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​យោធា​ទាំង​ឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កាប់​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ៖ «កងទ័ព​ទាំង​អស់​ត្រូវ​ចូល​រួម​រក្សា​ព្រៃឈើ មិន​ត្រូវ​ក្លាយ​ទៅ​ជា​អ្នក​កាប់​ឈើ ឬ​ជា​អ្នក​ការពារ​ឈ្មួញ​កាប់​ឈើ​នោះ​ទេ។ ចូលរួម​រក្សា​ធនធាន​ជលផល​ក៏​កម្រ​​របស់​យើង។ ត្រូវ​ចូល​រួម​រក្សា​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រូវ​ដាក់​ទោស​ទណ្ឌ​អ្នក​ណា​ក៏​ដោយ​ សក្ដិ​ប៉ុន​ណា​ក៏​ដោយ​ដែល​ធ្វើ​ការ​ឃុបឃិត​ ឬក៏​បំពាន​ទៅលើ​បទបញ្ជា​ទាំងនេះ»

សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ប្រតិកម្ម​ថា លោក​ ហ៊ុន សែន ហាក់​ដូច​ជា​លោក​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃឈើ និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ទើប​លោក​លើក​ឡើង​បែបនេះ។ លោក​អះអាង​ថា បទល្មើស​កាប់​ព្រៃ​ឈើ​នៅ​ភូមិ​​ភាគ​ឦសាន និង​ការ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន ​សុទ្ធសឹងតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ឈរ​ជើង​នៅ​តំបន់​នោះ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​យោធា និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចេញ​មុខ​ជា​ចំហ​ក្នុង​ការ​ពារ​ក្រុមហ៊ុន​រកស៊ី​ឈើ ដែល​មាន​ម្ចាស់​ស្និទ្ធ​នឹង​មេ​ដឹក​នាំ​បច្ចុប្បន្ន​ ដូច​ជា លោក​ គិត ម៉េង និង​លោក ទ្រី ភាព ជាដើម៖ «យើង​ធ្លាប់​ប៉ះ​កន្លង​មក គឺ​សុទ្ធតែ​ជា​ទាហាន ប៉េអឹម និង​មន្ត្រី​បរិស្ថាន​ផ្ទាល់​តែ​ម្ដង ជា​អ្នក​កាង​ឈើ​ឱ្យ​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា។ ជាក់ស្ដែង​នៅ​តំបន់​ភ្នំ​ព្រិច មាន​សុទ្ធ​តែ​មន្ត្រី​ទាំងអស់​ដែល​ជា​អ្នក​កាង​ឈើ ដឹក​ចេញ​ពី​ខេត្ត​ក្រចេះ​តាម​ច្រក​ត្រពាំង​ស្រែ ដោយ​មាន​ឧកញ៉ា គង់ ក្រឹង ដែល​ជា​ទាហាន​ការពារ​ព្រំដែន​ ជា​អ្នក​កាង​ឈើ​ឱ្យ​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ផ្ទាល់​តែ​ម្ដង»

អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ ហៅ​កាត់​ថា EIA បាន​រក​ឃើញ​ថា តំបន់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​​​នៅ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា រួម​មាន ឧទ្យានជាតិ​រីរៈ​ជ័យ​នៃ​​ខេត្ត​រតនគិរី​​​ តំបន់​សេសាន​ក្រោម​ពីរ​នៃ​​ខេត្ត​ស្ទឹង​ត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​នៃ​ខេត្ត​មណ្ឌល​គិរី កំពុង​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់​ទ្រាយ​​​ធំ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​​ និង​ក្រុម​ឈ្មួញ​វៀតណាម​ ដោយ​មាន​ការ​បើកដៃ​ពី​អាជ្ញាធរ​នៃ​របប​លោក​ ហ៊ុន សែន​។ របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ទៀត ថា ចាប់​ពី​ខែ​តុលា​ឆ្នាំ២០១៧ ដល់​ខែ​មីនា ឆ្នាំ២០១៨ ​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ចំនួន​ជាង ១លាន ១សែន ម៉ែត្រគីប គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។ EIA រក​ឃើញ​ថា ​ឈើ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដោយ​ត្រូវ​​បង់​លុយ​ឱ្យ​អាជ្ញាធរ​ព្រំដែន ​និង​ក្រុម​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

លោក ហេង ស្រស់ ជឿជាក់​ថា បទបញ្ជា​របស់​លោក​ ហ៊ុន សែន រឿង​ទប់​ស្កាត់​ការ​កាប់​ព្រៃ​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​នេះ លែង​មាន​ប្រសិទ្ធភាព​តទៅទៀត​ហើយ ដោយសារ​តែ​គ្មាន​ការ​អនុវត្ត​ជាក់​ស្ដែង។ លោក​បន្ត​ថា ប្រសាសន៍​របស់​លោក​ ហ៊ុន សែន លើក​នេះ​ ក៏​ដូច​លើក​មុន​ដែរ គឺ​គ្រាន់​តែ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ និង​ប្រជាប្រិយភាព​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ។ លោក​ចង់​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​ឱ្យ​បាន​ចំពោះ​ការ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​នេះ បើ​ពុំ​ដូច្នេះ​ទេ បទ​បញ្ជា​របស់​លោក​នៅ​ពេល​នេះ នឹង​ក្លាយ​ទៅជា​ឱកាស​សម្រាប់​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទៅ​វិញ៖ «ក្នុង​ការដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គាត់​ប្រកាស​ស្រែក​ថា កងទ័ព​ទាំងអស់​ចូល​រួម​ក្នុង​ការ​ការពារ​ វា​ច្បាស់​ជា​ទីបំផុត​តែ​ម្ដង មន្ត្រី​មួយ​ចំនួន​អាច​ឆ្លៀត​ឱកាស​​ដើម្បី​យក​ពាក្យ​សម្ដី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហ្នឹង ទៅ​ចែក​ចាយ​ដល់​ទាហាន​តូចៗ ដើម្បី​គំរាម​ទៅដល់​ក្រុម​អ្នក​ដែល​គេ​រកស៊ី អ្នក​ដែល​គេ​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ ដើម្បី​ទាម​ទារ​យក​លុយ​កាក់​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួន​ឯង»

របប​ក្រុង​ភ្នំពេញ​តែង​តែ​បង្ហាញ​ថា ខ្លួន​គិត​គូរ​ពី​រឿង​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ តាម​រយៈ​ការ​បង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ក្នុង​វិស័យ​មួយ​នេះ។ លោក​ ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​​ ក៏​ធ្លាប់​​​ប្រកាស​ជា​សាធារណៈ​ដែរ​ថា លោក​ហ៊ាន​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​លោក​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ទេ​នោះ ហើយ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើស​ច្បាប់​ព្រៃ​ឈើ​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា ការ​ប្ដេជ្ញា​ចិត្ត និង​យន្តការ​ទាំងឡាយ​​ដែល​របប​នេះ​បាន​ដាក់​ចេញ ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ដោយ​បទ​ល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នៅ​តែ​កើត​មាន ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​បន្ត។ មូលហេតុ​សំខាន់ គឺ​ដោយសារ​អំពើពុករលួយ ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោយ​ ​កង្វះ​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន​ជំនាញ​ ជាពិសេស គេ​សង្កេត​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​តែ​ម្ដង មិន​ទទួល​ខុស​ត្រូវ ចំពោះ​សំដី​ខ្លួន​ឯង​ម្ដង​ហើយ​ម្តង​ទៀត។

ក្រៅពី​នេះ របប​លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​វិនាស​កម្ម​ព្រៃឈើ​ផង​ដែរ ជាឧទាហរណ៍​របប​នេះ​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល និង​ដែន​ជម្រក​សត្វព្រៃ​​រនាម​ដូន​សំ ដែល​មាន​ផ្ទៃដី​សរុប​ជាង ១១ម៉ឺន​ហិកតារ កាលពី​ឆ្នាំ២០១៨ កន្លង​ទៅ ក្រោម​ហេតុ​ផល​ថា តំបន់​ទាំង​ពីរ​បាត់​បង់​មុខងារ​ និង​សក្ដានុពល​ជា​តំបន់​អភិរក្ស​អស់​ទៅ​ហើយ។ ក៏​ប៉ុន្តែ ​សកម្មជន​បរិស្ថាន​អះអាង​ថា តំបន់​អភិរក្ស​ទាំង​ពីរ​នេះ រង​ការ​​ខូច​ខាត​ដោយសារតែ​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុង​ភ្នំពេញ​ ហើយ​គឺ​អាជ្ញាធរ​របប​នេះ​ឯង​ដែល​បាន​ជួយ​ការពារ​ក្រុមហ៊ុន​ឱ្យ​កាប់​ឈើ​នៅ​តំបន់​ទាំង​ពីរ​នេះ​រហូត​ទាល់​តែ​អស់​គ្មាន​សល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាញ់​បង្ក្រាប និង​ចាប់​ខ្លួន​ពលរដ្ឋ ៦នាក់ ពេល​អាជ្ញាធរ​ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​លើ​ដី​មាន​វិវាទ

$
0
0

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ​នៅ​ថ្ងៃ​ទី​២៤ មករា បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន ​៦នាក់ ដែល​តវ៉ា​ ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល លើ​ដី​វិវាទ​មួយ​កន្លែង ជាមួយ​ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី ដែល​រង​ការ​បង្ក្រាប ដោយ​សមត្ថកិច្ច​ចម្រុះ ហៅ​ការ​បាញ់​បង្ក្រាប​ពលរដ្ឋ​ ជា​អំពើ​ឃោរឃៅ​មិន​អាច​ទទួល​យក​បាន។ លោក ពិសិដ្ឋ នារី មាន​ផ្ទះ និង​ដី​នៅ​តំបន់​មាន​ជម្លោះ​បាន​រៀប​រាប់​ថា កង​កម្លាំង​ចម្រុះ នៅ​ខេត្ត​ព្រះសីហនុ ប្រដាប់​ដោយ​អាវុធ និង​ខែល បាន​តាម​វាយ​បំបែក​ពលរដ្ឋ​ តវ៉ា​តាំង​ពី​ម៉ោង​ប្រមាណ​៩ ព្រឹក និង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន​៦នាក់ ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច។ ពលរដ្ឋ​រូប​នេះ បន្ត​ថា ពេល​នេះ អ្នក​ភូមិ​ម្នាក់ៗ កំពុង​ព្រួយ​បារម្ភ​ពី សុវត្ថិភាព អ្នកខ្លះ​រត់​ចោល​ផ្ទះ អ្នក​ខ្លះ​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ រង់ចាំ​ប្រមូល​សម្ភារៈ​ខ្លះ ព្រោះ​ភ័យ​ខ្លាច អាជ្ញាធរ​យក​គ្រឿង​ចក្រ​មក​ឈូស​កម្ទេច៖ «ខ្ញុំ​នៅ​ក្នុង​ទិដ្ឋភាព​ផ្ទាល់។ ការ​បាញ់​សាហាវ​ណាស់​បង។ បាញ់​ឥឡូវ​ត្រូវ​២នាក់ ឥឡូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ហើយ ហើយ​៤នាក់​ទៀត ចាប់​ខ្លួន​ទៅ​ស្នងការ​ខេត្ត​ព្រះសីហនុ​ដែរ។ អា​ហ្នឹង ព្រោះ​តំបន់​ដែល​គេ (កងកម្លាំង​ចម្រុះ) បាន​វាយ​បែក​ព្រឹកមិញ​នៅ​ចន្លោះ​វត្ត​អូរត្រេះ ភូមិ​៦ សង្កាត់​៤ ក្រុង​­​­ខេត្ត​ព្រះសីហនុ​ហ្នឹង ឆ្លង​ពី​ស្ពាន​វត្ត​អូរត្រេះ​ហ្នឹង​ទៅ​វា​ចូល​ទៅ​ដល់​ភូមិ​គគីរ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ហើយ​អ៊ីចឹង​ឆ្លង​ពី​ហ្នឹង​ប្រជាជន​ដាក់​បារ៉ាស់ ហាមឃាត់ ដុត​កង់​ឡាន ផង​អ៊ីចឹង​ណា​បង។ ដល់​ឥឡូវ​ពេល​អាជ្ញាធរ​វាយ​បែក​ហើយ អាជ្ញាធរ​ចែក​ជា២ផ្លូវទៀត។ ១ផ្លូវ​ទៅ​កាន់​ពយ​ម៉ាចូវ ១ផ្លូវ​ទៅតាម​អង់តែន០១២។ អ៊ីចឹង កំពុង​តែ​តវ៉ា​ប្រតាយ​ប្រតប់​គ្នា ខ្លាំង​ដែរ ហើយ​ខ្ញុំ(ពេលនេះ) ក៏​មិន​បាន​ទៅ​ចូលរួម​ដែរ (ព្រោះ) ផ្ទះ​ខ្ញុំ​នៅ​ខាង​ក្រោម​នេះ​ដែរ​ណា​បង។ (នៅ) មើលថែ​ផ្ទះ​ខ្លួន​ឯង ក្រែង​លោ​ថា មាន​ហេតុការណ៍ អ្វី​បន្ត​ទៅ​ទៀត នៅ ផ្ទះ​អាច​ជញ្ជូន​ឥវ៉ាន់​ អ៊ីចឹង​ទៅ​ណា​បង»

អ្នក​សម្រប​សម្រួល​សមាគម​​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី ដែល​បាន​ចុះ​ទៅ​ឃ្លាំ​មើល​ករណី​នេះ រៀបរាប់​ថា ខាង​មន្ត្រី​តុលាការ​ខេត្ត ប្រាប់​អ្នកស្រី ថា នេះ​ជា​​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​លើ​ដី​មាន​ជម្លោះ។ អ្នកស្រី បន្ត​ថា នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ កងកម្លាំង​ចម្រុះ​រាប់​រយ​នាក់ បាន​រៀប​ចំ​ក្បួន​ដើម្បី​បង្ក្រាប ប៉ុន្តែ​រង​ការ​តបត​ពី​ពលរដ្ឋ​ ដោយ​ពលរដ្ឋ​បាន​គប់​ដុំ​ថ្ម ដុត​កង់​ឡាន គប់​ដប​សាំង ដើម្បី​ប្រឆាំង​ការ​ចុះ​បង្ក្រាប​នោះ។ សមត្ថកិច្ច​បាន​សម្រុក​ចូល​ចាប់​ពលរដ្ឋ ២ដង ប៉ុន្តែ​បរាជ័យ លុះ​ដល់​ម៉ោង​ប្រមាណ​ជាង ១០​ព្រឹក ដោយ​មាន​ការ​ណែនាំ​ផ្ដល់​យោបល់​ពី​ភាគី​ឧកញ៉ា លោក ស៊ីវ គង់ទ្រីវ ឆ្ការ​ដៃ​ឆ្ការ​ជើង សមត្ថកិច្ច​បាន​បំបែក​ជា​ពីរ​ផ្លូវ​ និង​បាញ់​ជាច្រើន​គ្រាប់ មុន​ចាប់​បាន​ពលរដ្ឋ ៦នាក់។

ក្រៅពី​កងកម្លាំង​ចម្រុះ​រាប់​រយ​នាក់ អាជ្ញាធរ​បាន​បញ្ជូន​គ្រឿង​ចក្រ​ ឬ​ហៅថា អេស្ការវ៉ាទ័រ ចំនួន ៤គ្រឿង ឡាន​បាញ់​ទឹក​មួយ​គ្រឿង ទៅ​តំបន់​ដី​មាន​ជម្លោះ ក្នុង​ពេល​អនុវត្ត​សាលដីកា​តុលាការ​កំពូល​នោះ។ អ្នកស្រី ជាប សុធារី សង្កេត​ឃើញ​ថា ២នាក់ រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឯ ៤នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត។ អ្នក​រង​របួស​ទាំង ២នាក់ ម្នាក់​រង​របួស​ធ្ងន់ ត្រូវ​មួយ​គ្រាប់​កាំភ្លើង​បៀម​នៅ​ត្រង់​សួត ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ និង​បញ្ជូន​បន្ត​ជា​បន្ទាន់ មក​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ ឯ​ម្នាក់​ទៀត រង​របួស​ស្រាល ឃើញ​មាន​ស្នាម​ជាំ វាយ​ដំ​លើ​ខ្លួន៖ «ពេល​ដែល​ចូល​បាន គឺ​បាញ់​កាំភ្លើង​ខ្លាំង​មែន​ទេ ដូច​នៅ​ក្នុង​សមរភូមិ​អ៊ីចឹង... ចាប់ ៦នាក់ហ្នឹង គឺ​២នាក់ មានរបួស។ ក្នុង ២នាក់​មានរបួស​ ម្នាក់​របួស​ធ្ងន់ គឺ​ត្រូវ​ស្មា ហើយ​ថា​គ្រាប់​កាំភ្លើង​ហ្នឹង ធ្លាយ​ចូល​ទៅ​ដល់​សួត។ គេ​យក​មក​មន្ទីរពេទ្យ (ខេត្ត) ខ្ញុំ​ខំ​មក​មន្ទីរ​ពេទ្យ ខាង​មន្ទីរពេទ្យ​ហ្នឹង គាត់​ប្រាប់​ថា គេ​បាន​បញ្ជូន​យក​ទៅ​ភ្នំពេញ​ហើយ ដោយសារ​តែ​របួស​ធ្ងន់ គ្រាប់​ហ្នឹង វា​ទៅ​បៀម​ក្នុង​សួត។ នៅ​ពេល​ដល់​មន្ទីរពេទ្យ (ខេត្ត) ហ្នឹង គ្រូពេទ្យ​ហ្នឹង​និយាយ​ថា អ្នក​រង​របួស​ហ្នឹង ជា​កម្មករ​សំណង់ ហើយ​គាត់​ឃើញ​គេ​តវ៉ា​រឿង​ហ្នឹង គាត់​គេ​ប្រើ​ដូច​ថា អា​ថៅកែ​ធ្វើ​សំណង់​ប្រើ​មក​ធ្វើ​អ្វី​ទេ ហើយ​គាត់​មក មក​ទិញ​ហ្នឹង ឃើញ​គេ​អ៊ីចឹង ក៏​ឈរ​មើល​ទៅ ដល់​ពេល​គេ​បាញ់​មក​ត្រូវ​បណ្ដោយ។ ម្នាក់​ទៀត​ហ្នឹង ត្រូវ​របួស​មុខ ត្រូវ​អ្វី​ហ្នឹង អ្នក​នៅ​មន្ទីរពេទ្យ​ហ្នឹង ដែល​គេ​យក​គាត់​មក​មន្ទីរ​ពេទ្យ​ហ្នឹង​ថា វាយ មិន​មែន​ត្រូវ​គ្រាប់​កាំភ្លើង​ទេ គឺ​ត្រូវ​គេ​វាយ»

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ប្រាប់​ថា មិន​បាន​ដឹង​ច្បាស់​ថា ដី​មាន​ទំនាស់​មាន​ទំហំ​ជាក់​ស្ដែង​ប៉ុន្មាន​ហិកតារ ឬ ពលរដ្ឋ​ប៉ុន្មាន​នាក់​កំពុង​រស់​នៅ​ទេ ប៉ុន្តែ​គ្រាន់​តែ​លឺ​ថា មុន​ឆ្នាំ២០០២ តំបន់​ដី​ទំនាស់​ ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ពលរដ្ឋ យក​ដី ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ លោក​ថា នៅ​ឆ្នាំ២០០២ រដ្ឋ​សម្រេច​ដាក់​ដី​នេះ ជា​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ហើយ​មាន​ពលរដ្ឋ​ខ្លះ បាន​កាប់​រាន​ទន្ទ្រាន​រស់នៅ​ និង​មាន​ខ្លះ ទិញ​ត​គ្នា ​ដោយ​គ្មាន​អាជ្ញាធរ​ណា រារាំង​ឡើយ។ លុះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្រាប់​តែ​លេច​លឺ ថា​ ដី​នោះ​ជា​របស់​ឈ្មួញ​ទៅ​វិញ​។

កាល​ពី​ថ្ងៃ​ទី១៧ មករា ក្រុម​កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​​ចុះ​ទៅ​វាស់​វែង​ដី​មាន​ជម្លោះ ​ឲ្យ​ ភរិយា​ឧកញ៉ា​ ស៊ីវ គង់ទ្រីវ គឺ អ្នកស្រី លោកស្រី ហុង សួន ម្ដង​រួច​មក​ហើយ ប៉ុន្តែ មិន​បាន​សម្រេច ព្រោះ​ក្រុម​អ្នក​ភូមិ​គគីរ​ រាប់​រយ​នាក់ បាន​នាំ​គ្នា​ពង្រាយ​កង់​ឡាន​ ដុត​តវ៉ា​មិន​ឲ្យ​វាស់​វែង។ មន្ត្រី​សមាគម​ អាដហុក អ្នកស្រី ជាប សុធារី ប្រាប់​ថា ខាង​មន្ត្រី​តុលាការ​ខេត្ត​ព្រះសីហនុ ប្រាប់​អ្នកស្រី​​ថា ភាគី​ទាំង​ពីរ​ធ្លាប់​សម្របសម្រួល​គ្នា​២​សារ​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឱ សារឿន ជា​ច្រើន​ដង ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។ អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង ពី​ភាគី​ខាង ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ភរិយា លោកស្រី ហុង សួន​ ទេ មក​លើ​ម៉ោង​ផ្សាយ​នេះ។

ពលរដ្ឋ​ភូមិ​គគីរ​ម្នាក់​ទៀត អ្នកស្រី លឹម សារ៉េត អះអាង​​ថា ពួកគេ​រស់នៅ​ភូមិ​គគីរ​ច្រើន​ឆ្នាំ​ហើយ មិន​ដែល​ស្គាល់​​ឈ្មោះ ឧកញ៉ា ស៊ីវ គង់ទ្រីវ ​ទេ ហើយ​សកម្មភាព​ពលរដ្ឋ​តវ៉ា​ដុត​កង់​ឡាន និង​គប់​ដុំ​ថ្ម គឺ​ ដើម្បី ការពារ​ កុំ​ឲ្យ​កងកម្លាំង​ចម្រុះ រុល​គ្រឿង​ចក្រ​មក​ឈូស​កម្ទេច​ផ្ទះ​ពួកគេ មិន​មាន​ចេតនា​ប្រឆាំង​ឬ​វាយ​សម្លាប់​សមត្ថកិច្ច ដូច​ការ​បាញ់​រះ​មក​លើ​ពលរដ្ឋ​ទេ។ ពលរដ្ឋ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កងកម្លាំង​ចម្រុះ​បាញ់​រះ និង​ចាប់​ខ្លួន​ពលរដ្ឋ​តវ៉ា បង្ខំ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត រត់​ភៀស​ខ្លួន ឡើង​ភ្នំ​អូរត្រេះ ខណៈ​​សមត្ថកិច្ច​ បាន​ឈូស​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​របស់​ពលរដ្ឋ មួយ​ចំនួន​ធំ​នៅ​តំបន់​បឹង​ព្រលិត​ ផ្នែក​ខាងលើ​វត្ត​អូរត្រេះ ក្នុង​ភូមិ​គគីរ៖ «ចាស! ពួក​ប្រជាពលរដ្ឋ​រត់​ហើយ គ្រាន់​តែ​គេ (កង​កម្លាំង​ចម្រុះ) បាញ់​ហ្នឹង នៅ​អង្កាល់​ទៀត ប្រែន ចែក​ផ្លូវ​គ្នា។ ប៉ុន្តែ​ពួក​ខាង​គាត់ (កង​កម្លាំង​ចម្រុះ) ហ្នឹង ចូល​ឈូស​ឆាយ​បាន​ហើយ។ ពួក​ខាង​គាត់​ហ្នឹង ចូល​ឈូស​ឆាយ កំពុង​តែ​ឈូស​ឆាយ នៅ​តំបន់​បឹង​ព្រលិត ខាង​លើ​វត្ត​អូរត្រេះ​ហ្នឹង​ណា ចាស។ ចាស! កំពុង​តែ​ឈូស​ផ្ទះ​ប្រជាពលរដ្ឋ​ហ្នឹង ចាស! ឥឡូវ​ថា ឈូស​ទាំង​យប់​ឈូស​ទាំង​ថ្ងៃ គាត់​ដាក់​កម្លាំង​មក​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់ ព័ទ្ធជុំវិញ​ពួក​ប្រជា​ពលរដ្ឋ​អស់​ហើយ។ ចាស! ពួក​ប្រជាពលរដ្ឋ​រត់​មក​នៅ​លើ​ភ្នំ មក​នៅ​ផ្ដុំ​គ្នា​លើ​ភ្នំ​ទាំង​អស់ ហើយ​អា​កន្លែង​បឹង​ព្រលិត​ហ្នឹង ពួក​ប្រជាពលរដ្ឋ​កំពុង​តែ​យំ​ស្រែក អត់​មាន​ផ្ទះ​ អត់​មាន​សម្បែង​នៅ​ទេ ពួក​គាត់​នោះ កំពុង​តែ​រត់​ហើយ»

ពលរដ្ឋ​រង​ការ​បាញ់​បង្ក្រាប​ករណី​ជម្លោះ​ដីធ្លី​​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ហៅ​ទង្វើ​បាញ់​រះ​បង្ក្រាប​ពលរដ្ឋ​បែប​នេះ​ថា ជា​ទង្វើ​ឃោរឃៅ មិន​​សមជា​មន្ត្រី​បម្រើ​ពលរដ្ឋ។ ពួកគេ​អំពាវនាវ ឲ្យ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​នេះ ហើយ​ផ្ដល់​ឱកាស​ ឲ្យ​ពលរដ្ឋ​មាន​តំណាង​ត្រឹមត្រូវ ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី៕

ជម្លោះដី​ខេត្ត​ព្រះសីហនុ ១ ជម្លោះដី​ខេត្ត​ព្រះសីហនុ ៣ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាញ់​បង្ក្រាប និង​ចាប់​ខ្លួន​ពលរដ្ឋ ៦នាក់ ពេល​អាជ្ញាធរ​ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​លើ​ដី​មាន​វិវាទសមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាញ់​បង្ក្រាប និង​ចាប់​ខ្លួន​ពលរដ្ឋ ៦នាក់ ពេល​អាជ្ញាធរ​ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​លើ​ដី​មាន​វិវាទ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ១៤គ្រួសារ​ត្អូញ​ថា ឈ្មួញ​ឈូស​ឆាយ​ផល​ដំណាំ​ពួក​គេ​ទាំង​ស្រុង តែ​អាជ្ញាធរ​គេចវេះ

$
0
0

ជនជាតិ​ដើម​ភាគ​តិច​ព្នង ១៤គ្រួសារ រស់​នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌលគិរី ត្អូញត្អែរ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​យក​ចិត្ត​ទុក​ដាក់ ដោះ​ស្រាយ​បណ្ដឹង​របស់​ពួក​គេ​នោះ​ទេ និង​តែង​គេចវេះ មិន​ទទួល​ខុស​ត្រូវ។ អ្នក​ភូមិ​ថា ថ្មីៗ នេះ អ្នក​មាន​អំណាច​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គេ​អស់​ទាំង​ស្រុង ដើម្បី​យក​ដី​ប្រមាណ ១០ហិកតារ​ធ្វើ​ជា​សម្បត្តិ​បុគ្គល។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ មករា​ថា ដី​ចម្ការ​របស់​ពួក​គេ ១០ហិកតារ មាន​ដំណាំ​កាហ្វេ​ជាង ១ពាន់​ដើម ដើម​ប៊័រ​ជាង ២០០ដើម ដំឡូង​មី​ជាង ១ហិកតារ និង​ដំណាំ​ផ្សេងៗ ទៀត ត្រូវ​បាន​ឈ្មួញ ដែល​ពួក​គេ​មិន​ស្គាល់​អត្តសញ្ញាណ​យក​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​អស់​ទាំង​ស្រុង កាល​ពី​ថ្ងៃ​ពុធ ទី២៣ មករា។ អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ ទៅ​អាជ្ញាធរ​ភូមិ​ឃុំ រហូត​ដល់​អាជ្ញាធរ​ខេត្ត តែ​គ្មាន​ប្រសិទ្ធភាព។

នៅ​ពី​ថ្ងៃ​ទី២៣ មករា  ពលរដ្ឋ​ជាង ២០នាក់ បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ ១គ្រឿង ដែល​កំពុង​ឈូស​ឆាយ​ផល​ដំណាំ ឋិត​នៅ​ចំណុច អូរ​ត្រត ភូមិ​ពូ​ឆប ឃុំ​ដាក់ដាំ។ អ្នក​ភូមិ​ចាត់​ទុក​ការ​ឈូស​ឆាយ​នោះ គឺ​ជា​ការ​រំលោភបំពាន​ខុស​ច្បាប់​ ព្រោះ​ពួក​គេ​បាន​កាន់​កាប់​ដី​ទាំង​នោះ ជា​ទ្រព្យ​សមូហភាព ជនជាតិ​ដើម​ភាគ​តិច​ជាង ៣០ឆ្នាំ​មក​ហើយ។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ធ្យើង ព្យើក អះអាង​ថា ដី​កសិកម្ម​របស់​ពលរដ្ឋ ១៤គ្រួសារ មាន​ទំហំ ១០ហិកតារ ពួក​គាត់​តែង​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត លក្ខណៈ​ប្រពៃណី​ជាង ៣០ ឆ្នាំ​មក​ហើយ និង​បាន​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព​ជា​យូរ​មក​ហើយ​ដែរ តែ​គ្មាន​លទ្ធផល។ លោក​ថា ពួក​គេ​សម្រេច​ចិត្ត​ឃាត់​គ្រឿង​ចក្រ​ទុក ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ ដោយ​យុត្តិធម៌​ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ រាល់​ការ​បាត់បង់​ផល​ដំណាំ។ លោក​ព្រមាន​ថា សហគមន៍​នឹង​លើក​គ្នា​តវ៉ា​នៅ​រាជធានី​ភ្នំពេញ បើ​អាជ្ញាធរ​ខេត្ត​មិន​ព្រម​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ៖ «ការ​ឈូស​ឆាយ​របស់​គេ អ្នក​ដាំ​បង្គោល​ដាំ អ្នក​ឈូសៗ និង​អ្នក​កាយៗ។ ពេល​ថ្ងៃ​ក៏​ឈូស យប់​ក៏​ឈូស ខ្ទេចខ្ទី​អស់​ហើយ។ អាជ្ញាធរ​ដូច​មិន​អើពើ​ដោះ​ស្រាយ»

បុរស​ដដែល​បន្ថែម​ថា អាជ្ញាធរ​ឃុំ​មិន​បាន​សិក្សា​ពី​សាវតារ​ដី​ទាំង​នោះ ឲ្យ​ច្បាស់លាស់​នោះ​ទេ  បែរ​ជា​និយាយ​ថា ដី​ដែល​ឈ្មួញ​ឈូស​ឆាយ​ទាំង​នោះ មាន​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី ដែល​ចុះ​ហត្ថលេខា​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ។ លោក​ថា បុរស​ម្នាក់​ដែល​ជា​មេការ​ដឹក​នាំ​ឈូស​ឆាយ បាន​បង្ហាញ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី ត្រួត​ស៊ី​គ្នា​នឹង​ដី​ដែល​ពួក​គាត់​បាន​កាន់កាប់​ជា​សមូហភាព​សហគមន៍ តាំង​ពី​ឆ្នាំ១៩៨៤៖ «សូម​ឲ្យ​អាជ្ញាធរ​រក​សាវតារ​ថា ដី​ហ្នឹង​ឆ្នាំ​ណា? ពី​ណា​អ្នក​ធ្វើ កុំ​ឲ្យ​យក​ប្លង់​ធ្វើ​អំណះអំណាង មក​កាន់កាប់​ចម្ការ​ពួក​ខ្ញុំ​អត់​ល្អ​ទេ។ »

អាស៊ី​សេរី​នៅ​មិន​ទាន់​ទាក់ទង​សុំ​ប្រតិកម្ម​រឿង​នេះ ពី​មេការ​គ្រប់គ្រង​គ្រឿងចក្រ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទប្រកាន់​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី២៤ ខែ​មករា។

ចំណែក​មេ​ឃុំ​ដាក់ដាំ លោក ចាស់ ណា ទទួល​ស្គាល់​ថា មាន​ការ​ឈូស​ឆាយ​ផល​ដំណាំ​អ្នក​ភូមិ​ពិត​មែន ហើយ​លោក​បាន​ចាត់​ឲ្យ​មេ​ប៉ុស្តិ៍​នគរបាល​ឃាត់ និង​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ទាំង​នោះ​ដែរ  ក៏​ប៉ុន្តែ​ឈ្មួញ​តែងតែ​លួច​ឈូស​ឆាយ​នៅ​ពេល​យប់។ លោក​បន្ថែម​ថា បុរស​ដែល​ជា​មេការ ឈូស​ឆាយ មាន​ឯកសារ ឬ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី តាំង​ពី​ឆ្នាំ២០០៦។ លើស​ពី​នេះ ថ្មីៗ នេះ អាជ្ញាធរ​ស្រុក​បាន​ចុះ​ពិនិត្យ​វិវាទ​ដីធ្លី​ទាំង​នោះ​ដែរ និង​កំពុង​សម្របសម្រួល​ដោះស្រាយ«មេ​ប៉ុស្តិ៍​រដ្ឋបាល​គេ​ចុះ​ហាម​ដែរ។ ខ្ញុំ​ក៏​ហាម​តាម​ទូរស័ព្ទ​ច្រើន​ដង​ដែរ ការ​ឈូស​ឆាយ​ហ្នឹង ដោយសារ​យើង​ជាប់​រវល់​ការងារ​ផ្សេងៗ»

រី​ឯ​អភិបាល​ស្រុក​អូរ​រាំង លោក នង ទុនណ្ណារី  ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ស្រុក និង​ឃុំ កំពុង​ចុះ​ទៅ​មើល​ទិដ្ឋភាព​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​រឿង​នេះ  និង​បាន​កោះ​ហៅ ភាគី​ពាក់ព័ន្ធ​មក​សម្របសម្រួល។ តែ​ទោះ​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​លម្អិត ពី​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​យ៉ាង​ណា​នោះ​ទេ? ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ឈូស​ឆាយ​នោះ ជា​ការ​ច្រឡំ​ព្រំប្រទល់​ដី«យើង​កំពុង​ចុះ​ទៅ​មើល​ថា តើ​ការ​ច្រឡំ​ព្រំប្រទល់​យ៉ាង​ម៉េច? យើង​បាន​ហៅ​ភាគី​ពាក់ព័ន្ធ​សម្របសម្រួល។ គ្មាន​ដំណាំ​អី​ច្រើន​ទេ យើង​នៅ​ឆ្ងាយ​ពិបាក​ប្រាប់​ដែរ​ទាល់​ទៅ​មើល​ជាក់​ស្ដែង»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី  ដែល​ចុះ​អង្កេត​រឿង​នេះ លោក អ៊ាង ម៉េងលី រក​ឃើញ​ថា​ ​ដំណាំ ស្វាយ ខ្នុរ កាហ្វេ ដំឡូងមី និង​ផ្លែ​ប៊័រ ជាដើម ត្រូវ​បាន​គេ​ឈូស​ឆាយ​កម្ទេច​ចោល​រួច​កាយ​ដី​លប់​ចោល ដើម្បី​បំបាត់​ភស្តុតាង ហើយ​មក​ទល់​ពេល​នេះ ដី​មាន​ជម្លោះ​ទាំង​នោះ​បាន​ក្លាយ​ជា​វាល។ លោក​ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ អំឡុង​ពេល​ដែល​ភាគី​ម្ខាង​ដាក់​ពាក្យ​បណ្ដឹង គឺ​ជា​ទង្វើ​ល្មើស​ច្បាប់ ដែល​លោក​ចាត់​ទុក​ថា ជា​ការ​រំលោភបំពាន​ទាំង​ស្រុង​លើ​ទ្រព្យ​សម្បត្តិ និង​ផល​ដំណាំ​សហគមន៍។ លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​ពិនិត្យ និង​ដោះ​ស្រាយ​រឿង​នេះ​ជូន​ពលរដ្ឋ​ដោយ​យុត្តិធម៌«ខ្ញុំ​យល់​ថា ករណី​វិវាទ​នេះ អាជ្ញាធរ​គួរ​តែ​ទប់​ស្កាត់​ភាគី​អ្នក​មាន​គ្រឿងចក្រ រង់ចាំ​ដោះ​ស្រាយ​រវាង​ភាគី​អ្នក​រង​គ្រោះ​សិន។ បើ​រក​ឃើញ​ថា បុគ្គល​ណា​ខុស​ច្បាប់ ត្រូវ​អនុវត្ត​តាម​ច្បាប់ ប្រសើរ​ជាង​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ផង យក​គ្រឿងចក្រ​ឈូស​ឆាយ​ដំណាំ មាន​ន័យ​ថា ជា​ការ​រំលោភ​បំពាន​ដំណាំ និង​ដី​សហគមន៍»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ពន្យល់​ថា ខ្លឹមសារ​ច្បាប់​ភូមិបាល មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី លើ​ដី​សមូហភាព​សហគមន៍ ឲ្យ​ទៅ​បុគ្គល​ណា​មួយ​នោះ​ទេ។

ច្បាប់​ភូមិបាល​មាត្រា ២៦​ ចែងថា សហគមន៍​គ្មាន​សិទ្ធិ​ចាត់ចែង ដី​សមូហភាព​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ទៅ​ឲ្យ​បុគ្គល​ណា​មួយ​ឡើយ ហើយ​ការ​ប្រើប្រាស់​ដី​សមូហភាព គឺ​ឋិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ និង​យន្តការ​នៃ​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​ស្រប​តាម​ទំនៀម​ទម្លាប់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៕

ជម្លោះដី​នៅ​ដាក់ដាំ ១



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​នៅ​ខេត្ត​បាត់ដំបង ​រិះគន់​ក្រសួង​យុត្តិធម៌​​ថា លើក​លែង​សម្រាល​ទោស​អ្នក​ជាប់​ឃុំ​មិន​​មាន​តម្លាភាព

$
0
0

សាច់ញាតិ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ជាប់​ពន្ធនាគារ​ខេត្ត​បាត់ដំបង​រិះគន់ ក្រសួង​យុត្តិធម៌​​ក្នុង​រឿង​សម្រាល​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​ពន្ធនាការ​ខេត្ត​បាត់ដំបង​ជាង ២០០​នាក់​ កាល​ពី​ថ្ងៃ​ទី​២៣​ មករា​ថា ជា​រៀង​អយុត្តិធម៌​ដល់​អ្នក​ទោស ​ដែល​ធ្វើ​អំពើ​ល្អ​ ជួយ​ការងារ​សង្គម។ ការ​រិះគន់​នេះ​ ដោយសារ​តែ​ក្រសួង​មិន​បាន​ដោះលែង​ព្រះអង្គ​ ហន សុផាន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ជាប់​ឃុំ​ដោយសារ​ការ​បង្ហោះ កាំភ្លើង​ជ័រ​រិះគន់​ក្នុង​ហ្វេសប៊ុក (Face book) ជិត ២ឆ្នាំ​ហើយ​។

ម្ដាយ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ ព្រះ​អង្គ ហន សុផាន្នី អ្នក​ស្រី ឈាន ម៉ាប់ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៤ មករា​ថា អ្នក​ស្រី​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ដែល​ក្រសួង​យុត្តិធម៌​ និង​សមត្ថកិច្ច​ពាក់​ពាន់​វាយ​តម្លៃ​លើក​លែងទោស​ដល់​ទណ្ឌិត​ខុស​ ព្រោះ​​មិន​បាន​ដោះលែង​ព្រះ​អង្គ​ ហន សុផាន្នី​ ឲ្យ​មាន​សេរីភាព។ អ្នក​ស្រី​បន្ថែម​ទៀត​ថា ព្រះ​អង្គ ហន សុផាន្នី គួរតែ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ព្រោះ​ព្រះអង្គ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ព្រះអង្គ​ជា​មនុស្ស​ស្លូតត្រង់​តែង​ជួយ​ការងារ​សង្គម​ជា​ប្រចាំ គឺ​មិន​មែន​ជា​ឧក្រិដ្ឋជន ឬ​មនុស្ស​កាច​សាហាវ​នៅ​ក្នុង​សង្គម​នោះ​ទេ៖ «រឿង​នេះ​វា​មិន​យុត្តិធម៌​ទេ​ យក​មនុស្ស​ទៅ​ឃុំ​ទុក​ដោយ​គ្មាន​រឿង​ចាប់​កំហុស​មិន​ដោះ​មិន​លែង​ ចំណែក​អ្នក​ផ្សេង​គេ​ដោះលែង​បាន។ ខ្ញុំ​តូច​ចិត្ត​ណាស់​ ដោយសារ​តែ​យើង​មិន​អាច​តវ៉ា​អី​​និយាយ​ជា​មួយ​គេ​បាន​ ហើយ​ចេះ​តែ​បាត់​ស្ងាត់​ទៅ ចង់​និយាយ​ថា​គ្មាន​អ្នក​ណា​តវ៉ា​គេ​ផ្អាប់​រឿង​ទុក​ចោល​មិន​ដោះលែង​កូន​ខ្ញុំ»

អាស៊ី​សេរី​មិន​អាច​ទាក់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤​មករា​ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​ប្រធាន​ពន្ធនាការ​ខេត្ត​បាត់ដំបង​វិញ​ គឺ​លោក សំអុល ធារិទ្ធ​ មិន​មាន​ប្រតិកម្ម​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ ប៉ុន្តែ​លោក​បាន​ប្រដៅ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ថា​ មិន​ចេះ​ធ្វើ​ការ​ងារ​ទៅ​វិញ៖ «ទេ​អា​នឹង​ត្រូវ​ដឹង​ព្រោះ​ប្រទេស​យើង​មាន​ច្បាប់ ហើយ​ចេះ​តែ​សួរ​ផ្ដេសផ្ដាស​មិច ចេះ​តែ​សួរ​តាម​ទូរស័ព្ទ​សួរ​អី​មិច​ បង​ឯង​មើល​ច្បាប់​ស្រុក​ខ្មែរ​មើល? កន្លែង​ណា​អ្នក​នាំ​ពាក្យ​កន្លែង​ណា​អ្នក​ផ្ដល់​ព័ត៌មាន​ទៅ​មើល​ផង​មើល»

ទោះ​ជា​យ៉ាង​ណា​ក្ដី អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតន មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ការ​សម្រាលទោស និង​លើកលែង​ទោស​ដល់​អ្នក​ទោស​នេះ ធ្វើ​ឡើង​ដោយ​មាន​គណៈកម្មការ​វាយ​តម្លៃ​ត្រឹមត្រូវ៖‍ «បាទ​វា​មាន​ព្រះរាជអាជ្ញា​ជា​មួយ​គ្រប់គ្រង​ពន្ធនាគារ ​ដែល​គាត់​អ្នក​ធ្វើ​ការ​គ្រប់គ្រង​កែ​សម្រួល​បង្ហាញ​ ការ​ដែល​គាត់​ជាប់​គុក​ម៉ាន​ជាប់​ទោស​យ៉ាង​មិច​ គាត់​បាន​ហាត់​ពត់​ខ្លួន​រៀន​សូត្រ​យ៉ាង​មិច​អី​គេ​មាន​នីតិវិធី​គេ​វាយ​តម្លៃ»

កាល​ពី​ថ្ងៃ​ទី​២៣​មករា ​ក្រសួង​យុត្តិធម៌​បាន​​សម្រាលទោស និង​លើកលែង​ទោស​ដល់​អ្នក​ទោស​ចំនួន​២២៧​នាក់​ ក្នុង​នោះ​មិន​មានព្រះអង្គ ហន សុផាន្នី នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​ សាលាដំបូង​ខេត្ត​បាត់ដំបង​ ជម្រះ​ក្ដី​ដោយ​ផ្ដន្ទាទោស​ព្រះ​តេជ​ព្រះ​គុណ ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី គង់​នៅ​វត្ត​ដំរី​ស ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧​ ហើយ​​មន្ត្រី​តុលាការ​ខេត្ត​​​នេះ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ពី​បទ​ដឹក​ជញ្ជូន និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ ប៉ុន្តែ​កន្លង​មក ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​​ថេរ​ដីកា​​ថា តុលាការ​ចាប់​ព្រះសង្ឃ​ដោយ​ពុំ​បាន​ស៊ើបអង្កេត​ច្បាស់លាស់ ពីព្រោះ​កាំភ្លើង​ដែល​ព្រះអង្គ ហន សុផាន្នី បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (FaceBook) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ នោះ ជា​កាំភ្លើង​ជ័រ​សម្រាប់​ក្មេង​លេង ពុំ​មែន​ជា​អាវុធ ​ដែល​​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េង​លី​ លើក​ឡើង​ថា សំណុំ​រឿង​នេះ​មិន​មែន​ជា​សំណុំ​រឿង​មាន​លក្ខណៈ​ជា​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ​ តែ​ពាក់ព័ន្ធ​រឿង​នយោបាយ ដូច្នេះ​ក្រសួង​យុត្តិធម៌​គួរ​លើកលែង​ទោស​ឲ្យ​ព្រះអង្គ​មាន​សេរីភាព ដើម្បី​បាន​ទៅ​ជួប​ជុំ​គ្នា​គ្រួសារ។ លោក​បន្ថែម​ទៀត​ថា​ ការ​លើកលែង​នេះ​ ដោយសារ​ក្រសួង​ធ្វើ​ឡើង​ចំពោះ​អ្នក​ទោស​ដែល​អនុវត្ត​ទោស​ពន្ធនាគារ ២ភាគ​បី​នៃ​ទោស​ ដោយ​មិន​គិត​ថា ​ជន​នោះ​មាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ឬ​ជា​បទ​ល្មើស​​ផ្សេងៗ ទៀត​ឡើង​​ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ ហន សុផាន្នី មិន​មាន​ការ​លើក​លែង​ទោស​នោះ៖«ហើយ​ណា​មួយ​ខ្ញុំ​យល់​ថា​ព្រះអង្គ​ដែល​ជា​សមាជិក​សង្ឃ​ឯករាជ​ជា​មុខ​សញ្ញា​មួយ​ព្រោះ​គេ​ធ្វើ​ការ​កត់សំគាល់​ថា​ច្រើន​តែ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​និង​រដ្ឋអំណាច​ ដូច្នេះ​ដែល​មិន​មាន​ការ​លើកលែង​ទោស​ យើង​ក៏​មាន​ការ​សោកស្ដាយ​ដែរ​ក្រសួង​ពិចារណា​មិន​បាន​ដិតដល់​ ដូច្នេះ​អ្នក​ដែល​ធ្វើ​ការ​ស្នើ​ឈ្មោះ​ឡើង​គប្បី​ពិចារណា​ទៅ​លើ​បទល្មើស​វិញ»

ទោះ​ជា​យ៉ាង​ណា ​អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតន អះអាង​​ថា ការ​សម្រាល​ទោស និង​លើកលែង​ទោស នេះ​ធ្វើឡើង​ចំពោះ​អ្នកទោស​ស្រាលៗ​ដែល​ជិត​រួច​ទោស​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កងទ័ព​ជួយ​បង់​ពន្ធ​រដ្ឋ ស្រប​ពេល​អន្តរជាតិ​គ្រោង​ដក​ការ​អនុគ្រោះ​ពន្ធ

$
0
0

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កងទ័ព​ជួយ​បង់​ពន្ធ​រដ្ឋ ស្រប​ពេល​អន្តរជាតិ​គ្រោង​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ លោក ហ៊ុន សែន ក្នុង​ឯកសណ្ឋាន​កងទ័ព​ពាក់​ផ្កាយ​៥ ចាត់​ទុក​ការ​បង់​ពន្ធ​ពី​មន្ត្រី​យោធា មាន​សារ​សំខាន់ ដូច​គ្នា​ពី​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​ទូទៅ​ដែរ៖ «ហើយ​ខ្លួន​យើង​ម្នាក់ៗ ក៏​ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ដូច​គ្នា។ ត្រូវ​ពង្រឹង​នូវ​វប្បធម៌​បង់​ពន្ធដារ ដើម្បី​យើង​មាន​សមត្ថភាព​ចិញ្ចឹម​កងទ័ព ចិញ្ចឹម​មន្ត្រី​រាជការ ហើយ​មាន​ប្រាក់​ដើម្បី​វិនិយោគ​ដោយ​ផ្ទាល់​របស់​យើង»

លោក ហ៊ុន សែន លើក​ឡើង​ពី​ទម្លាប់​រួច​ពន្ធ ដែល​កើត​មាន​ជា​ទម្លាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក ដូច​ជា ការ​ស្នើសុំ​ពី​ឧត្ដមសេនីយ៍​យោធា និង​ប៉ូលិស ដើម្បី​រួច​ពន្ធ​រថយន្ត​ជា​ដើម។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា បើ​មន្ត្រី​យោធា​ខិត​ខំ​ជួយ​បង់​ពន្ធ​រដ្ឋ នោះ​របប​លោក​នឹង​មាន​ថវិកា​ ក្នុង​ការ​បន្ត​បើក​ប្រាក់​ខែ​ ឲ្យ​កងទ័ព និង​មន្ត្រី​រាជការ​ស៊ីវិល រៀងរាល់​ពីរ​ដង​ក្នុង ១​ខែ និង​អាច​មាន​ប្រាក់​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍ​មួយ​ចំនួន ដែល​មិន​ចាំបាច់​ពឹង​​ជំនួយ​​បរទេស។

សារ​អំពាវនាវ ដើម្បី​បង្កើន​ចំណូល​ថវិកា​ជាតិ និង​កាត់​បន្ថយ​ការ​ពឹង​ពាក់​ជំនួយ​បរទេស​នេះ ធ្វើ​ឡើង​ក្រោយ​ឱសានវាទ នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ណាស់​ទៅ​ហើយ។ សារ​នេះ ស្រប​គ្នា​ទៅ​នឹង​ជំហរ​របស់​របប​លោក ហ៊ុន សែន ដែល​អះអាង​ថា កំពុង​ខិតខំ​កែ​ទម្រង់​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​អន្តរជាតិ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​គោល​នយោបាយ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា នៅតែ​មាន​ភាព​រីក​រាល​ដាល​ខ្លាំង ហើយ​កម្ពុជា​នៅ​តែ​ពឹង​ពាក់​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​ទាន់​អាច​រស់ ដោយ​ខ្វះ​ជំនួយ​បរទេស​នៅ​ឡើយ ព្រោះ​ស្ថានភាព​ក្រីក្រ​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ នៅ​មាន​កម្រិត​ខ្ពស់។ អ្នក​វិភាគ​ថា វិធី​រក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ឲ្យ​មាន​លំនឹង និង​លូតលាស់ គឺ​មាន​តែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហគមន៍​ឡ​ពាង ដាក់​បណ្ដឹង​បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី

$
0
0

ពលរដ្ឋ​ ៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង នាំ​គ្នា​ដាក់​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១៤ ដោយ​សរសេរ​ថា​ដីធ្លី ដែល​មាន​ជម្លោះ ស្ថិត​ក្នុង​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។ អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ​ដែល​តាម​ដាន​ជម្លោះ​ដីធ្លី​នេះ យល់​ថា ​ពលរដ្ឋ​គួរ​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ឲ្យ​តុលាការ​បើក​ការ​ស៊ើបអង្កេត​ និង​ពិនិត្យ​មើល​ថា តើ​របាយការណ៍​នោះ​មាន​ភាព​មិន​ប្រក្រតី​អ្វី​ខ្លះ។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ប្រាប់​អាស៊ី​សេរី​ថា របាយការណ៍​គណៈកម្មការ​ចម្រុះ​របស់​ខេត្ត​កំពង់ឆ្នាំង សរសេរ​គ្មាន​ការ​ពិត បោក​ប្រាស់​រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ក្រសួង​ពាក់​ព័ន្ធ​ ក្រោយ​ពី​ពូក​គាត់​ទទួល​បាន​របាយការណ៍​នោះ កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១៧។

លើស​ពី​នេះ លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ពលរដ្ឋ​មក​តាំង​ទីលំនៅ ក្នុង​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ នៃ​ឃុំ​តាជេស តាំង​ពីឆ្នាំ១៩៨០ ស្រាប់តែ​នៅ​ក្នុង​របាយការណ៍ សរសេរ​ថា ដីធ្លី​ដែល​អ្នក​ភូមិ​រស់​នៅ គឺ​ជា​ដី​អសន្តិសុខ ហើយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី​ របស់​អ្នកស្រី​ ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី តាំង​ពី​ឆ្នាំ​១៩៩៧។

ចំណែក​សំណង​សម្រាប់​ពលរដ្ឋ​ដែល​ចុះ​ក្នុង​របាយការណ៍​វិញ សរសេរ​ថា ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ប្រាក់​ពី​ក្រុមហ៊ុន មួយ​គ្រួសារ ​៧​ម៉ឺន​ដុល្លារ (ប្រាំ​ពីរ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក) ប៉ុន្តែ លោកស្រី អ៊ុំ សុភី ថា​ ពួក​គាត់​មិន​ដែល​បាន​ទទួល​សំណង​ទេ ចាប់​តាំង​ពី​មាន​ជម្លោះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ក្នុង​ពេល​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា អភិបាល​ស្រុក​ លោក ឈឹម វុទ្ធី គេច​ខ្លួន​មិន​ព្រម​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ដោយ​ផ្ទេរ​ទៅ​ឲ្យ​ផ្នែក​រដ្ឋបាល​ទទួល​ជំនួស ប្រាប់​នឹង​ចាត់ការ​រឿង​នេះ​នៅ​ពេល​ក្រោយ៖«អ្វី​ដែល​ជា​ការ​ពិត​មាន​នៅ​ក្នុង​នេះ ប្រជាពលរដ្ឋ​ គឹ​មាន​ដី​នៅ​ក្នុង​នេះ ដាក់​ក្នុង​របាយការណ៍​ថា ពួក​ខ្ញុំ​អត់​មាន​ដី​ទេ គ្មាន​អ្វី​ជា​ភស្តុតាង​ច្បាប់​លាស់។ ខ្ញុំ​មាន​អត្តសញ្ញាណ​ប័ណ្ណ និង​សៀវភៅ​គ្រួសារ​ប៉ុណ្ណោះ​ ដែល​បញ្ជាក់​ការ​រស់​នៅ។ តែ​ធាតុ​ពិត ពួក​ខ្ញុំ​មានការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ ដែល​គាត់​ចែក​ដី​កន្លែង​ហ្នឹង​ឲ្យ»

អាស៊ី​សេរី​ ព្យាយាម​ទាក់ទង​អភិបាល​ស្រុក​កំពង់​ត្រឡាច លោក ឈឹម វុទ្ធី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំ​វិញ​បណ្ដឹង​របស់​ពលរដ្ឋ​នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សំ ច័ន្ទគា ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​គណៈកម្មការ​ចម្រុះ ប្រាប់​ថា គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន កាល​ពី​ឆ្នាំ​២០១៤ បើក​ការ​ស៊ើប​អង្កេត​លើ​ជម្លោះ​ដីធ្លី​ក្នុង​រយៈ​ពេល​ខ្លី ហើយ​ក៏​រំសាយ​វិញ ទៅ​ការ​តាម​ការ​បញ្ជា​ពី​ភាគី​ក្រុម​ហ៊ុន​ ខេ.ឌី.ស៊ី។ បន្ទាប់​មក ភាគី​ក្រុមហ៊ុន​ ក៏​សម្រេច​សម្របសម្រួល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ដោយ​ខ្លួន​ឯង​ ដោយ​គ្មាន​ការ​ចូល​ពី​សង្គម​ស៊ីវិល។ មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា ​ពលរដ្ឋ​គួរ​ដាក់​ពាក្យ​បណ្ដឹង​ ទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ស្នើសុំ​តុលាការ​បើក​ស៊ើប​ការ​អង្កេត​ និង​រក​ភាព​មិន​ប្រក្រតី​ក្នុង​របាយការណ៍៖ «ខ្ញុំ​ថា​បើ​គាត់​ចង់​បាន​យុត្តិធម៌ គួរ​តែ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ទៅ។ តុលាការ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ ថា​តើ​របាយការណ៍​របស់​គណៈកម្មការ​ឬក៏​អ្នក​ដែល​សរសេរ​របាយការណ៍​ហ្នឹង រួម​ទាំង​ប្រធាន​គណៈកម្មការ​ហ្នឹង សរសេរ​ភូត​កុហក​មែនដែរ​ឬទេ»

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​ ១៣​ឆ្នាំ​មក​ហើយ។ ភាគី​ក្រុមហ៊ុន​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេល​ខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន។ កាលពី​ឆ្នាំ​២០១៣ របប​លោក ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​មាន​ជម្លោះ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ថែម​ទៀត ខណៈ​ពលរដ្ឋ​នៃ​ឃុំ​តាជេស នៅ​មិន​ទាន់​ទទួល​បាន​ដោះស្រាយ​នៅឡើយ។

សហគមន៍​ឡ​ពាង​ដែល​មាន ​៥២​គ្រួសារ ស្នើ​សុំ​មេដឹកនាំ​របប​ក្រុង ភ្នំពេញ​​ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គាត់​ នូវ​ដំណោះស្រាយ ឬ​សំណង​ដែល​អាច​ទទួល​យក​បាន គឺ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលស្គាល់​ដីធ្លី​របស់​គាត់ ហើយ​ប្រសិនបើ​ក្រុមហ៊ុន​ចង់​បាន​ដី​ពលរដ្ឋ​យក​ទៅ​អភិវឌ្ឍន៍ ត្រូវ​ទិញ​ពី​ពលរដ្ឋ​ទៅតាម​តម្លៃ​ទីផ្សារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកវិភាគ៖ កូន​ប្រសា​លោក ហ៊ុន សែន គ្រោង​ប្ដឹង​តវ៉ា​អន្តរជាតិ​រឿង​អឺរ៉ុប​យក​ពន្ធ​អង្ករ​កម្ពុជា គឺ​ដើម្បី​បម្រើ​មហិច្ឆតា​ប្រយោជន៍​ពាណិជ្ជកម្ម និង​នយោបាយ​បក្ស​ពួក​ខ្លួន

$
0
0

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា​ ​ការ​ត្រៀម​ដាក់​បណ្ដឹង​តវ៉ា​ទៅ​អន្តរជាតិ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​របស់​កូន​ប្រសា​លោក​ ហ៊ុន ​សែន ​គឺ​លោក សុខ​ ​ពុទ្ធិវុធ ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នោះ​ ​គឺ​គ្រាន់​ជា​រឿង​ទាល់ច្រក​ ​និង​ដើម្បី​បម្រើ​មហិច្ឆតា​ផលប្រយោជន៍​របស់​បក្សពួក​លោក​ ហ៊ុន ​សែន ​និង​ឈ្មួញ​ស្រូវ​អង្ករ​តែ​ប៉ុណ្ណោះ។

 

អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ​ ​និយាយ​ថា​ ​ការ​ត្រៀម​ប្ដឹង​តវ៉ា​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ដឹកនាំ​ដោយ​កូន​ប្រសា​លោក​ ហ៊ុន ​សែន ​នេះ​ ​គ្រាន់តែ​ជា​លេស​សាកល្បង​ ក្នុង​នាទី​ទាល់ច្រក​ចុងក្រោយ​ដើម្បី​ការពារ​ប្រយោជន៍​ពាណិជ្ជកម្ម​ ​និង​នយោបាយ​របស់​បក្ខ​ខ្លួន​តែ​ប៉ុណ្ណោះ៖ «ជា​ធម្មតា​អ្នក​ដែល​ទាល់ច្រក​បំផុត​គឺ​ក្រុម​កូន​លោក​ ហ៊ុន សែន ​ប្រយោជន៍ ទាំង​ប្រយោជន៍​ជំនួញ​ ​ស្រូវ​អង្ករ​របស់​ពួក​គេ​ ​ទាំង​ប្រយោជន៍​រកស៊ី​ឃុបឃិត​ជាមួយ​ឈ្មួញ​ស្រូវ​អង្ករ​ ​ហើយ​នឹង​មីក្រូ​ហិរញ្ញវត្ថុ​ធនាគារ​ជាដើម។ ទាំង​ប្រយោជន៍​នយោបាយ​មុខ​មាត់​សម្រាប់​ក្រុម​គ្រួសារ​គាត់​ដែល​កំពុងតែ​កាន់អំណាច​។ ​ជា​ធម្មតា​គឺ​អ៊ីចឹង​។ ដូច្នេះ​ ​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់ច្រក​ ​និង​បំពេញ​ប្រយោជន៍​របស់​គាត់​ហ្នឹង​ ​មាន​តែ​សាកល្បង​ចុងក្រោយ»

ការ​លើក​ឡើង​របស់​លោក គឹម សុខ នេះ ធ្វើ​ឡើង​ក្រោយពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​របស់​លោក សុខ ពុទ្ធិវុធ កាល​ពី​ថ្ងៃ​ទី២២ មក​រា ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ក្រោយ​សហភាព​អឺរ៉ុប​ សម្រេច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​ រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១ ក្នុង​អត្រា​ជិត​ ២០០ដុល្លារ​អាមេរិក​សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ​ដំបូង​។ ​យុទ្ធសាស្ត្រ​ដែល​ស្ថាប័ន​នេះ​ដាក់​ចេញ រួម​មាន ការ​ព្យាយាម​ទៅ​តវ៉ា​អន្តរជាតិ និង​ការ​ពង្រឹង​ការប្រកួតប្រជែង ដែល​ស្ថាប័ន​នេះ​អះអាង​ថា ធ្វើឡើង​តាមរយៈ​ការកាត់បន្ថយ​ចំណាយ​ថ្លៃ​ដើម​ និង​ពង្រីក​ទីផ្សារ​បន្ថែម​។

សហព័ន្ធ​នេះ​ ​បញ្ជាក់​ថា កម្ពុជា​នៅតែ​អាច​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិន​គិត​ពន្ធ ​សម្រាប់​ប្រភេទ​អង្ករ​ផ្សេង​ទៀត ខុស​ពី​ប្រភេទ​អង្ករ​សម្រិត​ចំនួន​បួន​ប្រភេទ​តាម​លេខ​កូដ ​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ។ អង្ករ​កម្ពុជា​ដែល​មិន​ចាំបាច់​បង់​ពន្ធ​នោះ​ ​រួមមាន​ ​អង្ករ​សម្រូប​ ​អង្ករ​បាក់​ ​និង​ប្រភេទ​អង្ករ​ផ្សេងទៀត។ សហភាព​នេះ​ថា​ ​ខ្លួន​នឹង​ជំរុញ​ការ​ប្រកួតប្រជែង​ ​និង​ព្យាយាម​ជំរុញ​ម៉ាក​សញ្ញា​អង្ករ​ប្រណីត​កម្ពុជា​ ​ប្រភេទ​អង្ករ​ម្លិះ​ជា​ដើម។ យ៉ាងណា​ក៏ដោយ​ សហព័ន្ធ​នេះ​ ទទួលស្គាល់​ថា​ ​ការសម្រេច​ដាក់​ពន្ធ​នេះ​ ​ជា​ជំហាន​ថយក្រោយ​រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​ ​ហើយ​ថា​ ​ការសម្រេច​នេះ​ ​មាន​លក្ខណៈ​ឆាប់​ពេក ​នៅ​ពេល​ដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ត្រូវការ​ពេល​បន្ថែម​ទៀត​ ​ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួតប្រជែង​ដោយ​មិន​អាស្រ័យ​លើ​ការ​អនុគ្រោះ​ពន្ធ។

 

មិន​មែន​មាន​តែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នេះ​ទេ​ ​ដែល​ត្រៀម​រៀបចំ​ការ​ប្ដឹង​ផ្ដល់​តវ៉ា ​រឿង​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​ស្រូវ​អង្ករ​កម្ពុជា​នេះ​។ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ប្រកាស​ភ្លាមៗ ថា ខ្លួន​នឹង​តវ៉ា​រឿង​នេះ​ទៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។ លោក​ ​សុខ​ ​សុភ័ក្ត្រ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​អាស៊ី​សេរី​ ​ជុំវិញ​ដំណើរ​វិវត្ត​នៃ​ការរៀបចំ​បណ្ដឹង​ទាស់​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ទៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក៖ «ខ្ញុំ​អត់​ដឹង​ដែរ​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ខាង​ជំនាញ​ការ​ខាង​ច្បាប់​គេ​ធ្វើការ»

កន្លង​មក​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ ធ្លាប់​ចោទ​សហរដ្ឋ​អាមេរិក​ដោយ​មិន​ចំ​ឈ្មោះ​ថា ជា​អ្នកធ្វើ​ខ្ទាស់​អង្គភាព​ដោះស្រាយ​វិវាទ​នៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ដោយសារតែ​មាន​ករណី​ជម្លោះ​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋ​អាមេរិក និង​ចិន។

 

អាស៊ី​សេរី​ ​មិន​អាច​ទាក់ទង​លោក​ ​សៀង​ ​ថៃ​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​រឿង​ប្ដឹង​ផ្ដល់​នេះ​បាន​ទេ ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី២៤ មករា។

នៅ​មុន​ពេល​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី ២២ ​នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ កាលពី​ថ្ងៃ​ទី១៧ - ១៨ ​នៅ​ខេត្ត​ឈៀងម៉ៃ ​ប្រទេស​ថៃ​ ប្រមុខ​ការទូត​កម្ពុជា​លោក​ ​ប្រាក់​ ​សុខុន ​បាន​ចោទ​សហភាព​អឺរ៉ុប​ថា​បាន​ប្រើប្រាស់​ស្តង់ដារ​ពីរ ​ដោយ​សម្រេច​យក​វិធី​ណា​ដែល​សមស្រប​ និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង។ ​លោក​បាន​គូស​បញ្ជាក់​ជាថ្មី​ម្ដង​ទៀត​ ​ដោយ​បន្ទរ​តាម​សារ​របស់​លោក​ ហ៊ុន ​សែន ​ដែល​ថា​ ​កម្ពុជា​ ​នឹង​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ​ ​ដើម្បី​ជំនួយ​ជាដាច់ខាត ​ដោយសារតែ​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​ភាព​លំបាក​ពី​អតីតកាល​រួចហើយ​។ ​លោក​ ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ដាក់​វិធានការណ៍​ការពារ​ចំពោះ​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​កាលពី​ថ្ងៃ​ទី១៦ មករា។

ដោយឡែក​ ​អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នៃ​របប​លោក​ ហ៊ុន ​សែន ​លោក​ ​ផៃ​ ស៊ី​ផាន ​បញ្ជាក់​ថា​ ​ទីផ្សារ​ដែល​កម្ពុជា​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​នៅតែ​ដំណើរការ​ដដែល​។ ​លោក​បន្ត​ថា​ ​ការ​ដាក់​បន្ទុក​មក​លើ​កម្ពុជា​ ​ក្នុង​ការចូលរួម​បង់​ពន្ធ ​គឺ​កម្ពុជា​ ​នៅតែ​អាច​ធ្វើ​បាន​ ​ដោយ​កម្ពុជា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​បង់​ពន្ធ​នេះ​ ​ប៉ុន្តែ​កម្ពុជា​នឹង​តវ៉ា​លើ​ការ​បង់​ពន្ធ​នេះ​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម៖ «ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ​គឺ​យើង​ការពារ​នូវ​ផលប្រយោជន៍​របស់​កសិករ​ ​ក៏​ដូច​ជា​ពាណិជ្ជករ​ដែល​បំពេញ​កាតព្វកិច្ច​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​នេះ​ឯង​ ​ហើយ​រាជ​រដ្ឋាភិបាល​បាន​រៀបចំ​គណៈកម្មការ​ក្នុង​ការ​ទៅ​ជជែក ​ដែល​តំណាង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​នេះ​ឯង។ អា​ហ្នុង​ ក្រសួង​ពាណិជ្ជកម្ម​សុទ្ធសាធ ​ពីព្រោះ​យើង​ដើម្បី​ការពារ​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ដែល​មាន​គោលការណ៍​ជាមួយ​នឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ គ្រាន់តែ​យើង​តវ៉ា ​ដើម្បី​ផល​ប្រយោជន៍​របស់​យើង»

លោក​ថា​ ​កម្ពុជា​មិន​មែន​ជា​អ្នក​ខាត​នោះ​ទេ​ ​តែ​កម្ពុជា​គ្រាន់តែ​បាត់បង់​ឧត្ដមភាព​ប្រជែង​ តាមរយៈ​តម្លៃ​ដោយសារតែ​មាន​កំណើន​នៃ​ការ​បង់​ពន្ធ​តែ​ប៉ុណ្ណោះ​ ​ហើយ​ថា ​កម្ពុជា​នៅតែ​មាន​សមត្ថភាព​អាច​បង់​ពន្ធ​បាន។

យ៉ាងណា​ក៏ដោយ​ ​អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ ​មាន​ជំនឿ​ថា​ ​កូន​ប្រសា​លោក​ ហ៊ុន ​សែន ​និង​ របប​លោក​ ហ៊ុន ​សែន ​នឹង​មិន​អាច​ទៅ​តវ៉ា​ឈ្នះ​គណៈកម្មការ​អឺរ៉ុប​ ​ដែល​បាន​សម្រេច​គិត​ពន្ធ​អង្ករ​កម្ពុជា​នោះ​ទេ​ ​ព្រោះ​លោក​ថា ​សហភាព​អឺរ៉ុប​ដឹង​ច្បាស់​ណាស់​ថា​ ​អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ការ​មិន​យក​ពន្ធ​លើ​អង្ករ​ពី​អឺរ៉ុប​នេះ​ ​គឺ​មិន​មែន​ជា​ប្រជាកសិករ​ក្រីក្រ​នោះ​ទេ ​តែ​គឺជា​ក្រុម​បក្ខពួក​ កូន​ប្រសា​របស់​លោក​ ហ៊ុន ​សែន ​ជាពិសេស​គឺ​លោក​ ​សុខ​ ​ពុទ្ធិ​វុធ ​ដែល​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​បក្ខពួក​ បាន​ឆ្លៀត​កេងប្រវ័ញ្ច ​និង​យក​ចំណេញ​ពី​លើ​ខ្នង​ពលរដ្ឋ​ខ្មែរ​ តាមរយៈ​ការទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ថោកៗ ហើយ​យក​ទៅ​កែច្នៃ​ជា​អង្ករ​នាំចេញ​ទៅ​លក់​ឲ្យ​អឺរ៉ុប​ ​ចំណេញ​កប់​ក្ដោង​ ​ដោយ​មិន​បាច់​បង់​ពន្ធ។

គម្រោង​ប្ដឹង​ផ្ដល់​គណៈកម្មការ​អឺរ៉ុប​ទៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ឬ​ទៅ​អន្តរជាតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​ ​និង​របស់​កូន​ប្រសា​លោក​ ហ៊ុន ​សែន ​ជុំវិញ​រឿង​គិត​ពន្ធ​អង្ករ​នេះ​ ​គឺ​ជា​វិធានការណ៍​មួយ​ផ្ទុយ​ស្រឡះ​ និង​ជា​ការ​ទះ​កំផ្លៀង​ទៅ​លោក​ ហ៊ុន ​សែន ​ដែល​ធ្លាប់​បាន​អួត​អាង​ក្តែងៗ ជំរុញ​ឲ្យ​អឺរ៉ុប​ និង​ក្រុម​ប្រទេស​លោក​ខាង​លិច​ យក​ពន្ធ​លើ​កម្ពុជា​ឲ្យ​កាន់​តែ​ឆាប់ កាន់​តែ​ល្អ​ និង​ថា ​មិន​ខ្ចី​ឱន​ក្បាល​យក​អធិបតេយ្យ​ទៅ​ដោះដូរ​នឹង​ជំនួយ​ ​នោះ​ឡើយ ឬ​ការ​ធ្វើ​ដូច្នេះ​ជា​បច្ច័យ​ល្អ​សម្រាប់​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង និង​មាន​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច ឬ​ក៏​ថា កម្ពុជា​ជា​ខ្លា​សេដ្ឋកិច្ច​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ខ្លួន​បុគ្គល​មិន​បញ្ជាក់​ឈ្មោះ ដែល​គេ​ដឹង​ថា ជា​លោក សម​ រង្ស៊ី

$
0
0

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ប្រាប់​​ឲ្យ​កងកម្លាំង​អនុវត្ត​ច្បាប់​ដោយ​ចាប់​ខ្លួន​អ្នក ដែល​មាន​ដីកា​តាម​ចាប់​ខ្លួន​ចេញ​ដោយ​តុលាការ។

លោក ហ៊ុន សែន ​មិន​បាន​បញ្ចេញ​ចំ​ឈ្មោះ​ថា​ជា​នរណា​ម្នាក់​ពិត​ប្រាកដ​ឡើយ ប៉ុន្តែ​ទំនង​សំដៅ​ទៅ​ប្រធាន​ស្ដី​ទី​គណបក្ស​ សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​កំពុង​រៀបចំ​គម្រោង​វិលត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ នៅ​ក្នុង​ខែ​មីនា​ខាង​មុខ។ លោក ថា​កងកម្លាំង​មាន​សិទ្ធិ​ចាប់​ខ្លួន​ជន​នោះ​ដោយ​មិន​បាច់​សួរ​យោបល់​លោក​ឡើយ៖ «ហើយ​មិន​ចាំបាច់​មាន​បទ​បញ្ជា​ទេ។ ដីកា​គេ​តាម​អោយ​ចាប់​ខ្លួន​អាណា​ចាប់​អា​ហ្នុង​ទៅ! មិន​ចាំ​បាច់​ថា​វា​នៅ​ឯណា​មក​ឯ​ណា​អី​ទេ ហ្នឹង​និយាយ​គ្នា កុំ​ចាំបាច់​សួរ​លោក ហ៊ុន សែន អី​ទៀត។ ចុះ​សួរ​ធ្វើ​អី​ទៀត? បើ​ដីកា​តុលាការ​គេ​ឲ្យ​តាម​ចាប់​ក្បាល​អា​ណា​នោះ​ចាប់​អា​ហ្នុង​ទៅ​កុំ​ខ្វល់ ទៅ​សួរ​ធ្វើអ្វី​ទៀត។ អ៊ីចឹង​បាន​ខ្ញុំ​និយាយ​ថា ធ្វើ​តែ​តាម​ច្បាប់​ទៅ»

នេះ​ជា​ការ​ព្រមាន​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​នៃ​របប​លោក ហ៊ុន សែន លើក​ឡើង​ដែរ​ថា អាជ្ញាធរ​របប​លោក នឹង​ចាត់​វិធានការ ឬ​ចាប់​ខ្លួន​លោក សម រង្ស៊ី ទៅ​តាម​ការ​បង្គាប់​របស់​តុលាការ នៅ​ពេល​លោក​មក​ដល់​កម្ពុជា។ លើស​ពី​នេះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នក​ទៅ​ទទួល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ប្រសិន​បើ​ពួក​គេ​អះអាង​ថា ជា​អ្នកគាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ។

នៅ​ក្នុង​ល្បែង​ភ្នាល់​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បញ្ជាក់​ថា ​ប្រសិន​បើ​មាន​ការ​ដោះ​លែង​លោក កឹម សុខា នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ២០១៨ ដល់​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០១៩ មែន​នោះ​លោក ហ៊ុន សែន សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះ​លែង​វិញ​ទេ​នោះ លោក សម រង្ស៊ី ចុះ​ចាញ់ ហើយ​ចូល​ឲ្យ​គេ​ចាប់​ខ្លួន​ភ្លាម​បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាករ​ទឹក​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​នៅ​ភ្នំពេញ​និង​តាខ្មៅ​ត្រៀម​ទឹក​ទុក​រយៈពេល​ខ្លី

$
0
0

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ត្រៀម​ទឹក​ទុក​ពីព្រោះ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី នៅ​តំបន់​មួយ​ចំនួន ចាប់ពី​យប់​ថ្ងៃ​ទី​២៥ មករា​ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ខាងមុខនេះ។

ការ​ផ្អាក​ទឹក​បណ្ដោះអាសន្ន​នេះ ដោយសារ​តែ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ដំឡើង​នាឡិកាទឹក​ថ្មី និង​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ។ តំបន់​ដែល​ត្រូវ​ផ្អាក​ផ្គត់ផ្គង់​ទឹក​មុនគេ​នោះ គឺ​នៅ​សង្កាត់​ទឹកថ្លា ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក នៅ​ថ្ងៃទី​២៥ មករា ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង​១២​យប់។ នៅ​ក្នុង​សង្កាត់​សំរោងក្រោម ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ថ្ងៃ​ទី​៣០ មករា ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ១២​យប់។ នៅ​ក្នុង​សង្កាត់​ព្រែកហូរ និង​សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ នៅ​ថ្ងៃ​ទី​៣១ មករា ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង​១២​យប់ និង​ចុងក្រោយ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ១២​យប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

នគរបាល​ខេត្ត​កណ្ដាល​ឃាត់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​និង​ខ្មែរ​ម្នាក់​ប្រើ​ល្បិច​លួច​លុយ​ពី​អាជីវក​ខ្មែរ

$
0
0

សអាជ្ញាធរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បី​នាក់ ក្នុង​ចំណោម​បួន​នាក់ ក្នុង​នោះ​មាន​ចិន​ពីរ​នាក់ ដែល​បាន​ប្រើ​ល្បិច​លួច​លុយ​ពី​ជនជាតិ​ខ្មែរ ដែល​ជា​អាជីវករ​ដូរ​លុយ។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ដែល​ជា​ជនជាតិ​ចិន បាន​រត់​គេច​ខ្លួន​បាត់ នៅ​ពេល​ដែល​សមត្ថកិច្ច​តាម​ចាប់​ខ្លួន។

គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី២៤ ខែ​មករា បាន​ដកស្រង់​សម្ដី​របស់​អាជីវករ​ប្តូរ​ប្រាក់ ដែល​ជនសង្ស័យ​បាន​បោក​យក​លុយ​រៀបរាប់​ថា ជនសង្ស័យ​ដែល​មាន​គ្នា​បួន​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន បី​នាក់ និង​ខ្មែរ​ម្នាក់​បាន យក​ប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ ដើម្បី​មក​ប្ដូរ​ជា​លុយ​ខ្មែរ។

បន្ទាប់ពី​អាជីវករ​ប្ដូរ​ប្រាក់ បាន​យក​លុយ​ចំនួន សែសិប​លាន​រៀល ប្រគល់​អោយ​ដល់​ជនសង្ស័យ​ដើម្បី​រាប់ រហូត​គ្រប់​ចំនួន​ហើយ ជនសង្ស័យ​បាន​សុំ​យក​លុយ ចំនួន​មួយ​ម៉ឺន​ដុល្លារ​របស់​ខ្លួន ទៅ​រាប់​ឡើង​វិញ។

ពេល​ដែល​ជនសង្ស័យ​បាន​លុយ មួយ​ម៉ឺន​ដុល្លារ​ទៅវិញ ជនសង្ស័យ​បាន​យក​លុយ​នោះ​ដាក់​ចូល​ទៅ​ក្នុង​ថង់​ខ្មៅ​មួយ និង​បាន​យក​ថង់​ខ្មៅ​មួយ​ផ្សេងទៀត​ដែល​មាន​លុយ​ចំនួន​ប្រាំពីរ​រយ​ដុល្លារ ប្រគល់​ទៅ​អោយ​អាជីវករ​ប្តូរ​ប្រាក់​វិញ រួច​ហើយក៏​បើក​រថយន្ត​ចេញទៅ​បាត់​ទៅ។

បន្ទាប់ពី​អាជីវករ​ប្ដូរ​ប្រាក់​បាន​ដឹង​ថា ជន​សង្ស័យ​បោកប្រាស់ យក​ប្រាក់​របស់​ខ្លួន​ហើយ អាជីវករ​បាន​បើក​រថយន្ត​ដេញ​តាម និង​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ រហូត​ចាប់​បាន​ជនសង្ស័យ​បាន​ចំនួន​បី​នាក់ ចំណែក​ម្នាក់ទៀត​បាន​រត់​គេច​ខ្លួន​បាត់ រួម​ទាំង​វត្ថុ​តាង ដែល​មាន​លុយ​សែសិប​លាន​រៀល ប្រាក់​ដុល្លារ​ជាង​ប្រាំ​ពាន់​ដុល្លារ និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយឡែនដឺ ឆ្នាំ​២០០៣។

សមត្ថកិច្ច​បាន​បញ្ជូន ជនសង្ស័យ​ទាំង​បី​នាក់ រួម​ទាំង​វត្ថុ​តាង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់។

នេះ​ជា​ការ​បង្ក​អសន្តិសុខ​ថ្មី​មួយទៀត ដែល​បង្ក​ដោយ​ជនជាតិ​ចិន បន្ទាប់ពី​កើតមាន​ករណី​អសន្តិសុខ​ជាច្រើន​ផ្សេងទៀត​ដែល​បង្ក​ដោយ​ជនជាតិ​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ករណី​បង្ក​អសន្តិសុខ​សង្គម បង្ក​ដោយ​ជនជាតិ​ចិន ដែល​គេ​តែង​សង្កេតឃើញ​ច្រើន​កើតមាន​នោះ​មាន​ដូចជា អំពើ​ចោរកម្ម ការ​ចាប់​ជំរិត កេង​ចំណេញ​ផ្លូវ​ភេទ​ពី​ស្ត្រី​វ័យក្មេង ការ​ប្រើ​អំពើ​ហិង្សា ជួញដូរ​គ្រឿងញៀន ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ចែកចាយ​រូបភាព​អាសអាភាស​របស់​កុមារ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សុំ​អ្នក​វិនិយោគ​ឲ្យ​ទុក​ចិត្ត​ក្នុង​ការ​រកស៊ី​នៅ​កម្ពុជា ទោះ​​ត្រូវ​ប្រឈម​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

$
0
0

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ស្នើសុំ​ឱ្យ​អ្នក​វិនិយោគ​ទុន​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​បន្ត​រកស៊ី​នៅ​កម្ពុជា បើ​ទោះ​ជា​មាន​បញ្ហា​ប្រឈម​អ្វី​ក៏​ដោយ។ លោក​អះអាង​ថា របប​របស់​លោក​កំពុង​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​ក្នុង​វិស័យ​ពាក់ព័ន្ធ ដើម្បី​​ធានា​ថា អ្នក​វិនិយោគ​នឹង​នៅ​តែ​ទទួល​ផល​ចំណេញ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា។ អ្នក​វិភាគ​ថា របប​នេះ​ត្រូវ​ដោះស្រាយ​​វិបត្តិ​នយោបាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ។

លោក ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​អង្គភាព​មួយ​ទៀត គឺ​ភ្នាក់ងារ​កម្ពុជា​នាវា​ចរ​ ហៅ​កាត់​ថា កាំសាប (CAMSAB) ដែល​ចំណុះ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សាធារណការ ដោយ​លោក​អះអាង​ថា ដើម្បី​កាត់​បន្ថយ​ភាព​សាំញ៉ាំ​នៃ​ការ​នាំចេញ​នាំចូល។ លោក​រំពឹង​ថា តាម​រយៈ​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ ការ​ដក​ចេញ​នូវ​វត្តមាន​មន្ត្រី​កាំ​កុងត្រូល​តាម​ច្រក​ទ្វារ​ព្រំដែន និង​ការ​​លុប​ចោល​អង្គភាព​កាំសាប​​នេះ អ្នក​វិនិយោគ​នឹង​មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​ចិត្ត​ទាក់ទង​នឹង​ការ​បន្ត​​មុខ​ជំនួញ​របស់​ខ្លួន​នៅ​កម្ពុជា៖ «»

លោក​អះអាង​ទៀត​ថា ការ​ដក​វត្តមាន​កាំកុងត្រូល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ធ្វើ​ឱ្យ​របប​របស់​លោក​ត្រូវ​បាត់បង់​ថវិកា ៣០លាន​ដុល្លារ​អាមេរិក ក៏​ប៉ុន្តែ​វិស័យ​ឯកជន​នឹង​ចំណេញ​បាន ៤០លាន​ដុល្លារ​វិញ ព្រោះ​ពួក​គេ​នឹង​​មិន​ត្រូវ​ចំណាយ​ផ្លូវ​ការ​ ៣០លាន​ដុល្លារ និង​មិន​ផ្លូវ​ការ​ប្រហែល ១០លាន​ដុល្លារ​ទៀត​នោះ​ឡើយ។ ដោយ​ឡែក​ ការ​លុប​ចោល​ស្ថាប័ន​កាំសាប​វិញ របប​របស់​លោក​​នឹង​ត្រូវ​បាត់​ចំណូល​ប្រមាណ ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា វិធានការ​នេះ​ គឺ​ដើម្បី​ការ​រស់​រាន​ និង​ភាព​ប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ និង​ការ​សម្រួល​ពាណិជ្ជកម្ម។

លោក​ ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ចំណាត់​ការ​ទាំង​នេះ គឺ​ជា​ការ​កែទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ដែល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី “ទំនិញ​គ្រប់​មុខ​លើក​លែង​គ្រឿង​សព្វាវុធ ឬEBA” ពី​សហភាព​អឺរ៉ុប ហើយ​ក៏​ដើម្បី​ធានា​ថា អ្នក​វិនិយោគ​នឹង​នៅ​តែ​បាន​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​​បណ្ឌិត មាស នី គាំទ្រ​ចំពោះ​កំណែទម្រង់​ទៅ​រក​ភាព​វិជ្ជមាន​ ក៏​ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​ក៏​​ត្រូវ​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ល្អ​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​ពេញ​លេញ​ក្នុង​ការ​បន្ត​​រកស៊ី​នៅ​កម្ពុជា។ លោក​ក៏​សុំ​ឱ្យ​មេ​ដឹក​នាំ​បច្ចុប្បន្ន​​ពិចារណា​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​លុប​ចោល​អង្គភាព​ជំនាញ​ណាមួយ​ ព្រោះ​វា​អាច​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេងទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​អង្គភាព និង​ទីប្រឹក្សា​អម​ស្ថាប័ន​ដ៏​ច្រើន​​ស្អេកស្កះ៖ «»

ចំណែក​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច លោក ង៉ែត​ ជូ វិញ ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​រក​ដំណោះស្រាយ​យ៉ាងណា ដើម្បី​ឱ្យ​កម្ពុជា​នៅតែ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅទៀត ព្រោះ​កម្ពុជា​នៅ​​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៖ «»

ក្រោយ​ពេល​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ នេះ តំណាង​វិស័យ​ឯកជន ដឹក​នាំ​ដោយ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង និង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ព្រម​ទាំង​សហជីព​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ជាដើម​ បាន​នាំ​គ្នា​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ស្នង​ការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី ​សេស៊ីលីយ៉ា ​ម៉ាស្ត្រុម (Cecilia Malmstrom) ដើម្បី​សុំ​កុំ​ឱ្យ​សហភាព​អឺរ៉ុប​កុំ​ឱ្យ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ តំណាង​វិស័យ​ឯកជន​ទាំងនេះ​អះអាង​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​វិស័យ​ការងារ និង​ការ​នាំ​ចេញ​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅតែ​ជា​កង្វល់​នៅ​ឡើយ​ ហើយ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នឹង​ចៀស​មិន​ផុត​ឡើយ​ បើ​របប​ក្រុង​ភ្នំពេញ​មិន​ព្រម​ស្ដារ​ស្ថានការណ៍​នយោបាយ និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក​ឱ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​វៀតណាម​ចូល​ទៅ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​បណ្ដើរៗ ក្រោម​លេស​ថា ទៅ​យាម​បែ​ចិញ្ចឹម​ត្រី

$
0
0

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​សង្កេត​ឃើញ​ថា យន្តការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ផ្លាស់​ទី​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​រាប់​ពាន់​គ្រួសារ​ឲ្យ​មក​រស់នៅ​លើ​គោក​នោះ កំពុង​តែ​រអាក់រអួល​នៅ​ឡើយ និង​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ បាន​វិល​ទៅ​រស់​នៅ​លើ​ទឹក​វិញ​ដោយ​យក​លេស​ថា យាម​បែ​ចិញ្ចឹម​ត្រី។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពង់ឆ្នាំង​ លោក សំ ច័ន្ទគា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ ​មករា​ថា វិធានការ​ជម្លៀស​ជនជាតិ​វៀតណាម​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​នៅ​ឡើយ​ទេ និង​មាន​ចំណុច​ខ្លះ​ឋិត​ក្នុង​ភាព​មិន​ច្បាស់លាស់។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពី​លោក​ចុះ​ស្រាវជ្រាវ​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​រក​ឃើញ​ថា ជនជាតិ​វៀតណាម​ រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​ក្នុង​ក្រុង​កំពង់ឆ្នាំង​ប្រមាណ ៣០ភាគ​រយ បាន​វិល​ទៅ​រស់​នៅ​លើ​ទឹក​វិញ ដោយ​យក​លេស​ថា ចាំ​យាម​បែ​ចិញ្ចឹម​ត្រី​ក្រោម​ផ្ទះ៖ «»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ច្បាស់លាស់​ទេ មុន​ពេល​ផ្លាស់​ប្ដូរ​ទីតាំង​ថ្មី​នោះ។ លោក​ថា ទីតាំង​ថ្មី​ដែល​ពលរដ្ឋ​វៀតណាម ​កំពុង​រស់នៅ​លើ​គោក​ដែល​អាជ្ញាធរ​ខេត្ត​ផ្ដល់​ឲ្យ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់ គ្មាន​អគ្គិសនី ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ និង​កុមារ​ជា​ច្រើន ត្រូវ​ផ្អាក​ការ​សិក្សា​ជាដើម។ ទន្ទឹម​នឹង​នេះ​ ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ ​បាន​បន្ត​រស់នៅ​តាម​បណ្ដោយ​ ​មាត់​ទន្លេ​ជា​បណ្ដោះអាសន្ន ​និង​​ខ្លះ​ទៀត វិល​ទៅ​រស់នៅ​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​វិញ៖ «»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ មករា។ ចំណែក​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ ទទួល​បន្ទុក​ជម្លៀស​ជនជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេ​សាប ​គឺ​លោក​ ស៊ុន ​សុវណ្ណា​រិន ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ ​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​ទោះ​យ៉ាង​នេះ​ក្ដី លោក​ ស៊ុន ​សុវណ្ណា​រិន ​បាន​ប្រាប់​អាស៊ី​សេរី​ កាល​ពី​ដើម​ខែ​មករា​ថា អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ប្រព័ន្ធ​ទឹក​ភ្លើង​ និង​មណ្ឌល​សុខភាព​ជាដើម ​នៅ​ទីតាំង​ថ្មី​ ​ដែល​បាន​ជម្លៀស​ពលរដ្ឋ​ទាំង​នោះ​ឡើង​គោក​វិញ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​សម្រេច​ពន្យារ​ពេល​រុះរើ​ផ្ទះ​ជនជាតិ​វៀតណាម ចំនួន​ ៧៥០ខ្នង សម្រាប់​ផ្ទះ​ណា​ដែល​មាន​បែ​បណ្ដែត​ទឹក​ក្នុង​ផ្ទះ​ រហូត​ដល់​ខែ​កក្កដា ឆ្នាំ២០១៩ ខាង​មុខ​នេះ ព្រោះ​ខ្លាច​ប៉ះពាល់​របប​ចិញ្ចឹម​ត្រី និង​ទុក​ពេល​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ឡើង​គោក។ លោក​ថា ផ្ទះ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង សរុប​ចំនួន​ជិត ៤ពាន់​គ្រួសារ​ ក្នុង​នោះ​មាន​ផ្ទះ​បណ្ដែត​ទឹក​របស់​ជន​អន្តោប្រវេសន៍​វៀតណាម​ជិត​ ២ពាន់​គ្រួសារ៖ «»។

ចំណែក​ក្រុម​យុវជន ​ដែល​ឃ្លាំមើល​រឿង​នេះ រាយការណ៍​ថា ផ្ទះ​បណ្ដែត​ទឹក​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​មិន​ទាន់​បន្លាស់​ទី​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប​នោះ​ទេ​ ​ព្រោះ​ពួកគេ​មាន​ខ្នង​បង្អែក​ជា​អាជ្ញាធរ​ និង​សមត្ថកិច្ច​មាន​អំណាច​ខ្លះ​កាង​ការពារ​។ លើស​ពី​នេះ​ ជនជាតិ​វៀតណាម​ភាគ​ច្រើន​មាន​មុខ​របប​នេសាទ​ត្រី​ខុស​ច្បាប់ និង​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​ទៀត​ចិញ្ចឹម​ត្រី​ក្នុង​បែ​ក្រោម​ផ្ទៃ​បណ្ដែត​ទឹក​។​

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ លោក​ ​មួង ​សូនី ​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​លើ​ប្រសិទ្ធភាព​ការពារ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ ព្រោះ​អាជ្ញាធរ​ហាក់​គ្មាន​ភាព​ច្បាស់លាស់​អនុវត្ត​កិច្ច​ការងារ​នេះ។ លោក​ថា បើ​អាជ្ញាធរ​មាន​ឆន្ទៈ​អនុវត្ត​វិធានការ​នេះ មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​បែ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នោះ​ទេ ​គួរតែ​រុះរើ​ចេញ​ឲ្យ​អស់​ ស្មើភាព​គ្នា និង​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ពេញលេញ។ លោក​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​ ​គឺ​ជា​ដើមហេតុ​ធ្វើឲ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេ​សាប​កាន់​តែ​ច្រើន​ឡើង​ ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី និង​មាន​ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន​ ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៖ «»។

ទោះ​យ៉ាង​ណា ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ លោក​ លោក​ ស៊ុន ​សុវណ្ណា​រិន ​អះអាង​ថា​ ជន​បរទេស​ណា ​ដែល​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​ ​គឺ​អាជ្ញាធរ​នឹង​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ។ លោក​ថា ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​អាច​តាំង​លំនៅ​លើ​គោក​បាន​ តែ​ជន​អន្តោប្រវេសន៍​ណា​មាន​លិខិតស្នាម​ត្រឹមត្រូវ។

តួលេខ​អាជ្ញាធរ​ខែ​ត្រ​បង្ហាញ​ថា នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ផ្ទះ​បណ្ដែត​ទឹក​ ជិត​ ៤ពាន់​គ្រួសារ​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ ជិត​ ២ពាន់​គ្រួសារ។ បច្ចុប្បន្ន​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់​នៅ​ជាង ១ម៉ឺន​នាក់ (១០.០៨៧) ហើយ​កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាង​គេ គឺ​នៅ​ផ្សារ​ក្រោម ​សង្កាត់​កំពង់ឆ្នាំង តំបន់​ឆ្នុក​ទ្រូ ​ស្ថិត​ក្នុង​ឃុំ​ឆ្នុក​ទ្រូ ​ស្រុក​បរិបូណ៌ ហើយ​ក្រៅ​ពី​នោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលករ​ខ្មែរ​នៅ​ថៃ​ប្រមាណ​ ៤​សែន​នាក់​នឹង​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ​មក​កម្ពុជា ទោះ​មាន​ការ​ព្រមាន

$
0
0

ក្រុម​យុវជន និង​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ធ្វើការ​នៅ​ប្រទេស​ថៃ ប្ដេជ្ញា​ថា នឹង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗ។ ពួកគេ​អះអាង​​ថា ពួកគេ​មិន​ខ្លាច​ការ​រួម​ដំណើរ​​ជាមួយ​នឹង​ក្បួន​វិល​ចូល​ស្រុក​វិញ ​នៃ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ។

តំណាង​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា ក្រុម​យុវជន និង​ពលករ​នៅ​ក្រៅ​ប្រទេស មិន​ខ្លាចរអា​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​គំរាម​ថា​នឹង​ចាប់ខ្លួន និង​តាម​ធ្វើទុក្ខបុកម្នេញ អ្នករួម​ដំណើរ​ជាមួយ​នឹង​ក្បួន​វិល​ចូល​ស្រុក​វិញ​នោះ​ទេ។

មេដឹកនាំ​ការ​ប្រមូល​យុវជន និង​ពលករ​ចំណាកស្រុក​ម្នាក់ លោក លី រតនរស្មី ប្រាប់​អាស៊ីសេរី​ថា ទឹកចិត្ត​របស់​យុវជន និង​ពលករ​ចំណាកស្រុក ស្វិតស្វាញ​ណាស់​ក្នុង​រឿង​នេះ។ លោក​ប៉ាន់ស្មាន និង​រំពឹង​ទុក​ថា យ៉ាងហោចណាស់ មាន​យុវជន និង​ពលករ​ចំណាកស្រុក ប្រមាណ ៤​សែន​នាក់ នឹង​រួម ដំណើរ​ជាមួយ​លោក សម រង្ស៊ី និង​អ្នកនយោបាយ​ដទៃ​ទៀត​វិល​ចូល​ស្រុក​វិញ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៖ «យើង​បាន​រៀបចំខ្លួន​ជាស្រេច​ដើម្បី​នឹង​ដើរ​ចូល​ទៅ ជាមួយ​លោក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​បងប្អូន​ជនរួមជាតិ ក៏ដូចជា​បងប្អូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ វា​សំខាន់​បំផុត​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា គឺ​យើង​ដើរចូល​នេះ​ដើម្បី​ទាមទារ មិនមែន​ក្នុង​ន័យ​ថា​ដើរ​តាម​លោក​ប្រធាន សម រង្ស៊ី ម្នាក់​ទេ គឺ​យើង​មាន​លោក​ប្រធាន កឹម សុខា គឺជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ យើង​ទៅ​នេះ គឺ​យើង​ទាមទារ​ឱ្យ ដើម្បី​ឱ្យ​របប​លោក ហ៊ុន សែន ដែល​យើង​ហៅថា​របប​ក្រុងភ្នំពេញ​នេះ ប្រគល់​នូវ​អ្វី​ទាំងអស់​មក​គណបក្ស​សង្គ្រោះជាតិ​មកវិញ»

លោក លី រតនរស្មី អះអាង​បន្ថែម​ថា ការ​ក្រោក​ទាមទារ​របស់​ក្រុម​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រោម​របប​ក្រុងភ្នំពេញ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​គោរព​លទ្ធិប្រជាធិបតេយ្យ ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។

ចំណែក តំណាង​យុវជន និង​ពលករ​នៅ​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ឯណោះ​វិញ ក៏​គាំទ្រ​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​កម្ពុជា​វិញ​ដែរ។ លោក យឹម ស៊ីណន ​ប្រសាសន៍​ថា ថ្វីត្បិតតែ​នៅ​ឆ្ងាយ ក្រុម​លោក ចូលរួម​សាទរ​ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នេះ៖ «មិន​ត្រឹមតែ​យុវជន​នៅ​កូរ៉េ យុវជន​នៅ​ថៃ យុវជន​នៅ​ជប៉ុន និង​នៅ​ម៉ាឡេស៊ី ឬក៏​មហាជន​ទូទាំង​ពិភពលោក​ទេ ដែល​គេ​ស្រលាញ់​ដែល​គេ​ស្រលាញ់​សេរីភាព ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ គឺ​ចង់​ឃើញ​ការ​វិលត្រឡប់​ទៅវិញ​របស់​លោក សម រង្ស៊ី និង​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់។ យើង​ដឹង​ហើយ​ថា ការ​ធ្វើ​នយោបាយ​ជោគជ័យ​ទៅ​បាន ឬ​លទ្ធផល វា​អាស្រ័យ​លើ​សកម្មភាព​នៅ​ក្នុង​ប្រទេស។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា នេះ​គឺជា​ជីវិត​នយោបាយ​ចុងក្រោយ​របស់​លោក​ប្រធាន សម រង្ស៊ី ដែល​គាត់​បាន​សន្សំ ដែល​គាត់​បាន​កសាង​រយៈពេល​ជាង ម្ភៃ​ឆ្នាំ​មកនេះ គឺជា​ជីវិត​នយោបាយ​ចុងក្រោយ​របស់​គាត់។ ខ្ញុំ​សប្បាយចិត្ត ហើយ​ក្នុងនាម​ចលនា​យុវជន​សង្គ្រោះជាតិ នៅ​កូរ៉េ ក៏​មាន​ការ​គាំទ្រ​ខ្ពស់​ផង​ដែរ ដែល​បាន​ឮ​ដំណឹង និង​ការសម្រេច​របស់​គណៈ អចិន្ត្រៃយ៍ ក៏ដូចជា​ការប្រជុំ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​តម្រូវ និង​សម្រេច​ឱ្យ​គាត់​ចូល​ទៅ​កម្ពុជា​វិញ»

ទន្ទឹម​និង​នេះ លោក ស៊ីណន មាន​ប្រសាសន៍ថា លោក​កំពុងតែ​រៀបចំ​ការ​ជួបជុំ​ដ៏​ធំ​មួយ​នៃ​អ្នក​និយម​ប្រជាធិបតេយ្យ​នៅ​ទី​នៅ​ក្រុង​សេអ៊ូល និង​ក្រុង​ខ្វា​ជូ នៃ​ប្រទេស​កូរ៉េខាងត្បូង។ ការ​ជួបជុំ​ដែល​នឹង​មាន​ការចូលរួម​ពី​អ្នកនយោបាយ តំណាង​អង្គការ​សង្គម​ស៊ីវិល រួម​និង​អ្នក​តាមដាន និង​អ្នកវិភាគ​នយោបាយ​ផង​នោះ នឹង​គ្រោង​ធ្វើ​រយៈពេល​បី​ថ្ងៃ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​សមាជ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​សង្គ្រោះជាតិ។

ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ពី​គ្រប់ទិសទី​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ប្ដេជ្ញា​ថា នឹង​ត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​របស់​លោក ហ៊ុន សែន។

កាលពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​បាន​ជួប​ប្រជុំគ្នា នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​លើ​ផែនការ​នៃ ការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។ ការប្រជុំ​នេះ​បានសម្រេច​អនុវត្តន៍​នូវ​វិធានការ​មួយ​ចំនួន ដូចជា​ការរៀបចំ​បង្កើត​ក្រុមការងារ​សម្រាប់​ទទួល លោក សម រង្ស៊ី ការ​ពង្រីក​សកម្មភាព​ការទូត ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​បញ្ហា​កម្ពុជា ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ និង​ផែនការ​ថវិកា​ជាដើម។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន កាល​ថ្ងៃ​ទី២៥ ខែ​មករា បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​ថា លោក​កំពុង​រង់ចាំ ការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី យ៉ាង​អន្ទះសា ប៉ុន្តែ​លោក​រំឭក​ដល់​អ្នក​អម​ដំណើរ​ផ្សេងទៀត កុំ​ឱ្យ​ចូលរួម​ប្រសិនបើ​មិន​ចង់​ចូល​គុក​នោះ​ទេ។ លោក​ព្រមាន​ថា​លោក​នឹង​ចាត់ការ បើ​ទោះ​បី​ជា​មាន​វត្តមាន​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​អម​ដំណើរ​មក​ជាមួយ​យ៉ាង​ណា​ក្តី៖ «ប្រកាស​ទៅ ផែនការ រៀបចំ​យ៉ាងម៉េច អី​យ៉ាងម៉េច? អាណា ទៅ​ពី​ខាង​ណា​? ទៅ​ព្រលាន​យន្តហោះ​ណា​? ស្អី​កន្លែង​ណា​? ទៅ​រង់ចាំ​ត្រង់ណា​? អង្គការសហប្រជាជាតិ​អម​ដំណើរ​មក​ពេលណា​? ធ្វើ​ទៅ​! អញ្ជើញ តើ​! ហ៊ុន សែន ចាត់ការ​របៀប​ណា​? ខ្ញុំ​អត់​ចង់​តមាត់ ត​ក​អី​ទេ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​អ្នក​មក​ទីកន្លែង​ដែល​អ្នក​ត្រូវ​នៅ តាម​សាលក្រម​របស់​តុលាការ ខ្ញុំ​ចង់​ណាស់ ខ្ញុំ​ចាំ ខ្ញុំ​រង់ចាំ​អន្ទះសា យ៉ាង​អន្ទះសា។ អ្នក​ត្រូវ​ដឹង​សាលក្រម​របស់​តុលាការ ម្សិលមិញ​សម្ដេច​ក្រឡាហោម បាន​ប្រកាស​ហើយ​ថា បាន​ទទួល​ដីកាចាប់ខ្លួន​អាហ្នឹង​ហើយ ដូច្នេះ​មាន​ស្អី? ស្ដាយ​ណាស់​ដែល​ឱ្យ​អ្នកឯង​រត់​រួច ហើយ​ឥឡូវ​បាន​អ្នកឯង​មកវិញ គឺ​ស្មើនឹង​រក​អុស​ប្រទះ​ឈើ​ងាប់ ហើយ​អ្នក​ដែល​មិន​ពាក់ព័ន្ធ មិន​ចង់​ចូល​គុក កុំ​ចង់​ចូល​ប្រថុយ​ជាមួយ»

បើទោះបីជា​មានការ​ព្រមាន​ធ្ងន់ៗ​ពី​សំណាក់​មេដឹកនាំ​របប​ក្រុងភ្នំពេញ យ៉ាង​នេះ​ក្អី ក៏​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ធ្វើ​ការ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស នៅតែ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ចូលរួម​ជាមួយ​លោក សម រង្ស៊ី ដើម្បី​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ។

តំណាង​យុវជន​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស នៅតែ​ជឿជាក់​ថា ការ​លះបង់​របស់​លោក សម រង្ស៊ី ក្រុម​អ្នកនយោបាយ​ប្រឆាំង និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ នៅ​ពេល​នេះ អាច​នឹង​ប្ដូរ​បាន​មក​វិញ​នូវ​អ្វីមួយ​សម្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ប្រទេស​កម្ពុជា​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស៖ ស្ថានភាព​បច្ចុប្បន្ន ធ្វើ​ឱ្យ​កម្ពុជា​លំបាក​ពន្យល់​នៅ​អ.ស.ប​រឿង​រំលោភ​សិទ្ធិមនុស្ស

$
0
0

មន្ត្រី​សិទ្ធិមនុស្ស ថា​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​លំបាក​ក្នុង​ការ​ពន្យល់ ទៅ​អង្គការសហប្រជាជាតិ នៅ​ពេល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ពិនិត្យ​កំណត់ត្រា​សិទិ្ធ​មនុស្ស​របស់​កម្ពុជា នៅ​ចុងខែ​មករា នេះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថា ការពិបាក​ឆ្លើយ​នៅ​ចំពោះ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​លើក​នេះ គឺ​មកពី​កត្តា​ជាច្រើន ជាពិសេស​ការ​វិវត្ត​ចុងក្រោយ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​។ មិនតែប៉ុណ្ណោះ លោក អំ សំអាត ថា​អ្វី​ដែល​ជា​បន្ទុក​បន្ថែម​សម្រាប់​កម្ពុជា គឺ​ការ​រង​សម្ពាធ​ពី សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប ដែល​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​នេះ​ដែរ៖ «លើក​នេះ ខ្ញុំ​គិត​ថា វា​កាន់តែ​ពិបាក​ទៀត ក្នុង​ការ​ឆ្លើយ​។ នឹង​មាន​សំណួរ​ជាច្រើន​ទៀត។ វា​មិនមែន​ប្រឈម​តែ UPR ទេ នៅ​ខាង​សហគមន៍​អឺរ៉ុប​ទាក់ទង​នឹង EBA គេ​មាន​លក្ខខណ្ឌ​របស់​គេ ទាក់ទង​នឹង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែល​នេះ​ជា​បញ្ហា​បន្ថែម​ទៀត»

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមការងារ​របស់​យន្តការ​ពិនិត្យ​របាយការណ៍​សកល​តាម​កាលកំណត់ ឬ (UN-UPR) របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ដែល​នឹង​ពិនិត្យ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កម្ពុជា នៅ​ថ្ងៃ​ទី៣០ ខែ​មករា ខាងមុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី២៥ ខែ មករា បាន​ឱ្យ​ដឹង​ថា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​ពិនិត្យ​របាយការណ៍​នោះ។

យន្តការ​របស់​អង្គការសហប្រជាជាតិ​នេះ ពិនិត្យមើល​របាយការណ៍​របស់​ប្រទេស១៩៣ ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ រៀងរាល់​បួន​ឆ្នាំ​ម្ដង។ កម្ពុជា​គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ចំនួន ១៤ ដែល​ក្រុម​ការងារ របស់​យន្តការ​ពិនិត្យ​របាយការណ៍​សកល​តាម​កាលកំណត់ ឬ (UN-UPR) របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ដែល​មាន​សមាជិក ៤៧ រូប ត្រូវ​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស ចាប់ពី​ថ្ងៃទី២១ ខែ​មករា ដល់​ថ្ងៃទី១ ខែ​កុម្ភៈ​។ ការ​ពិនិត្យ​របាយការណ៍​កម្ពុជា​នេះ នឹង​ធ្វើ​នៅ​ម៉ោង ៨:៣០ យប់ ដល់​ម៉ោង ១២ កណ្ដាល​អាធ្រាត្រ នៅ​ថ្ងៃ​ទីពុធ ទី​៣០ ខែ មករា ម៉ោង​នៅ​កម្ពុជា។

ប្រទេស​ជាច្រើន រួម​ទាំង​សហរដ្ឋអាមេរិក​ផង បាន​ត្រៀម​សំណួរ​ជាច្រើន ដើម្បី​សួរ​ឱ្យ​ភាគី​កម្ពុជា​ឆ្លើយ​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ។ សំណួរ​សំខាន់ៗ ដែល​សហរដ្ឋអាមេរិក នឹង​លើក​យក​មក​សួរ​តំណាង​កម្ពុជា នៅ​ថ្ងៃទី៣០ ខែ មករា​នោះ រួមមាន​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា។ អាមេរិក​សួរ​ថា តើ​របប​លោក ហ៊ុន សែន ចាត់វិធានការ​យ៉ាងណា​ខ្លះ​ហើយ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​ឱ្យ​មាន​គណបក្សប្រឆាំង​ពិតប្រាកដ​ឡើងវិញ​នៅ​កម្ពុជា? និង​សួរ​ថា តើ​របប​នេះ ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដល់​ការ​ផ្សះផ្សា​ជាតិខ្មែរ?

បន្ថែម​លើ​សំណួរ​ទាំងនេះ សហរដ្ឋអាមេរិក ក៏​ចោទសួរ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាដើម។ បញ្ហា​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​កម្មករ និង​ការ​លុបបំបាត់​អំពើពុករលួយ ក៏​ជា​ផ្នែក​សំខាន់​មួយ ក្នុង​សំណួរ​របស់​អាមេរិក​ដែរ។

ថា​តើ​កម្ពុជា បាន​ត្រៀមខ្លួន​យ៉ាង​ដូចម្តេច ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំងនេះ និង​សំណួរ​ផ្សេងទៀត​របស់​ប្រទេស​ដទៃ និង​អង្គការ​សង្គម​ស៊ីវិល​ផង អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​របប​លោក ហ៊ុន សែន និង មន្ត្រី​នាំ​ពាក្យ​របប​នេះ​បាន​នៅឡើយ​ទេ។

ទោះជា​យ៉ាង​នេះ​ក្តី តំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ធ្លាប់​អះអាង​ជាប្រចាំ​រួច​ទៅ​ហើយ​ថា ចំណាត់ការ​របស់​របប​ក្រុងភ្នំពេញ​ទៅលើ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​សហជីព​កម្មករ​ជាដើម​នោះ គឺជា​ចំណាត់​ការ​ត្រឹមត្រូវ តាម​ផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​បដិវត្ត​ពណ៌។

ប៉ុន្តែ សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ព្រមទាំង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង សុទ្ធតែ​រិះគន់​របប​លោក ហ៊ុន សែន អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​ការរៀបចំ​ការបោះឆ្នោត ដោយ​ផាត់​ចោល​គណបក្សប្រឆាំង និង​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង។

អ្នកវិភាគ បាន​ព្រមាន​របប​លោក ហ៊ុន សែន អំពី​គ្រោះ​មហន្តរាយ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដែល​នឹង​កើតមាន​ជាយថាហេតុ បើ​របប​នេះ​នៅតែ​ចចេស​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ តាម​សំណូមពរ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រជាធិបតេយ្យ និង សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"លោក ហ៊ុន សែន បារម្ភ​ខ្លាំង​ខ្លាច​អស់​អំណាច​ក្រោយ​អាមេរិក​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​​ក្លែងក្លាយ​នៅ​វេណេហ្ស៊ុយអេឡា"

$
0
0

អ្នកវិភាគ​នយោបាយ​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ព្រួយ​ខ្លាច​បាត់បង់​អំណាច ដោយសារ​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ឯទៀត អាច​ប្រកាស​ជំហរ​ច្បាស់លាស់ គាំទ្រ​ក្រុម​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ចង់បាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​វេណេហ្ស៊ុយអេឡា (Venezuela )។ ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​ក្រោយពី​លោក ហ៊ុន សែន និយាយ​ពីរ​ថ្ងៃ​ជាប់​គ្នា ពី​រឿងរ៉ាវ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា ហើយ​ព្រមាន​មិន​ឱ្យ​អាមេរិក​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ និយាយ​ថា លោក ហ៊ុន សែន ក្រៅពី​បារម្ភ​ពី​ការ​រង្គោះរង្គើ​ផ្ទៃក្នុង ជាពិសេស​ក្នុង​ជួរ​កងទ័ព និង​បក្ស​ពួក​លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏ដូចជា​ការ​ងើប​បះបោរ​ឡើង​របស់​ពលរដ្ឋ លោក ហ៊ុន សែន ក៏​បារម្ភ​ខ្លាំង​ណាស់​ដែរ​ខ្លាច​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​លោក​ខាងលិច នាំគ្នា​ទៅ​ប្រកាស​គាំទ្រ​ក្រុម​គណបក្ស​ប្រឆាំង ឱ្យ​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន ដូច​អ្វី​ដែល​កំពុង​កើតមានឡើង​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា​បច្ចុប្បន្ន៖ «ដូច្នេះ​អ្វី​ដែល​លោក ហ៊ុន សែន បារម្ភ​បំផុត​ខ្លាច​អាមេរិកាំង ដែល​ជា​អ្នក​នាំមុខ​ក្នុង​ប្រជាធិបតេយ្យ សហភាព​អឺរ៉ុប ប្រកាស​គាំទ្រ​ជំហរ​របស់​ពលរដ្ឋ​ដែល​ចង់​ឱ្យ​មានការ​ផ្លាស់ប្ដូរ។ ពេល​ដែល​ប្រកាស​ជំហរ​គាំទ្រ​បែប​ហ្នឹង គឺជា​ការ​លើកទឹកចិត្ត​ពលរដ្ឋ ក៏​លើកទឹកចិត្ត​កងកម្លាំងប្រដាប់អាវុធ​ដែល​ចង់​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន ពីព្រោះ​តែ​គាត់​ធ្វើ​នូវ​រឿង​អយុត្តិធម៌​ចំពោះ​គេ ហើយក៏​លើកទឹកចិត្ត​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​ការ​បារម្ភ ឬក៏​រងគ្រោះ​នៅ​ក្នុង​គណបក្ស​ប្រជាជន។ ដូច្នេះ​កម្លាំង​ហ្នឹង វា​រួម​ផ្ដុំ​ទៅជា​កម្លាំង​ធំ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ជា​ស្មារតី​ជា​សកម្មភាព ជា​ការ​ឃ្លាំមើល។ ម៉្លោះ​ហើយ​គាត់​បារម្ភ​ត្រង់​កន្លែង​ហ្នឹង ទើប​គាត់​ថ្លែង​ជាមុន ខ្លាច​មានការ​គាំទ្រ​ច្បាស់​អំពី​ការ​ផ្លាស់ប្ដូរ​ខ្លាំង​នៅ​កម្ពុជា»

ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ នេះ ធ្វើឡើង​ខណៈ​ដែល​លោក ហ៊ុន សែន បាន​និយាយ​ពីរ​ថ្ងៃ​ជាប់​គ្នា​ពី​រឿងរ៉ាវ​ដែល​កំពុង​កើតឡើង​នៅ​វេណេហ្ស៊ុយអេឡា។ កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​ព្រមាន​វាយកម្ទេច​ជួរ​កងទ័ព​ទាំងឡាយ​ដែល​មិន​គាំទ្រ​របប​លោក ដែល​មាន​កូនប្រុស​ច្បង​លោក ហ៊ុន ម៉ាណែត ត្រៀម​បន្តវេន​ពី​លោក ហើយ​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ។

មិន​ខុស​ពី​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត រួមមាន​ចិន និង​រុស្ស៊ី លោក ហ៊ុន សែន នៅ​ថ្ងៃទី២៥ មករា នេះ​ទៀត បាន​បង្ហាញ​ជំហរ​ជា​សាធារណៈ គាំទ្រ​មេដឹកនាំ​ក្រាញ​អំណាច​យូរ​ឆ្នាំ​ដូច​លោក​នៅ​វេណេហ្ស៊ុយអេឡា​បច្ចុប្បន្ន គឺ​លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro)។ ទំនងជា​លោក មិនបាន​មើល​រដ្ឋធម្មនុញ្ញ​វេណេហ្ស៊ុយអេឡា ហើយ​ធ្វើជា​ភ្លេច​គិត​ថា ប្រធានាធិបតី​ក្រាញ​អំណាច​ប្រទេស​នេះ ក៏បាន​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ដូច​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​កម្ពុជា​នោះ​ដែរ តាមរយៈ​ការ​រម្លាយ​ក្រុម​គណបក្សប្រឆាំង និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ដូចជា​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ហើយ​បាន​បណ្ដាល​ឱ្យ​ប្រទេស​នេះ ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ខណៈ​ប្រជាជន​ប្រទេស​នេះ​ប្រមាណ ៣​លាន​នាក់ នាំគ្នា​សម្រុក​ចាក​ចេញពី​ប្រទេស​នេះ ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ជិតខាង​នោះ លោក ហ៊ុន សែន ធ្វើជា​មិន​យល់ថា​ហេតុអ្វី​បាន​សហរដ្ឋអាមេរិក ប្រកាស​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​ជា​ប្រធានាធិបតី​ស្របច្បាប់​ប្រទេស​វេណេហ្ស៊ុយអេឡា៖ «ខ្ញុំ​អត់​យល់​ទេ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​វេណេហ្ស៊ុយអេឡា ប្រធានាធិបតី​មួយ​ជាប់ឆ្នោត​កំពុង​កាន់​តំណែង ឥឡូវ​បែរជា​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន ប្រកាស​ទទួលស្គាល់​មេ​បក្ស​ប្រឆាំង​ឱ្យ​ធ្វើ​ប្រធានាធិបតី ហើយ​ស្បថ​ចូលកាន់​តំណែង​ខ្លួនឯង។ ហ្នឹង​ប្រទេស​នេះ​បន្តិចទៀត វ៉ៃ​គ្នា​តែម្ដង ខ្ញុំ​ប៉ាន​ស្មាន​ថា នឹង​វ៉ៃ​គ្នា ព្រោះ​ប្រធានាធិបតី​កាន់​តំណែង​គាត់​នឹង​មិន​ដកថយ​ទេ។ ហេតុ​អី​ទៅ​បាន​មានរឿង​បែបនេះ​កើតឡើង មេ​បក្ស​ប្រឆាំង​ដែល​មិនបាន​ចូលរួម​ការបោះឆ្នោត បែរ​ទៅជា​គេ​ប្រកាស​ទទួលស្គាល់​ថា ជា​ប្រធានាធិបតី ហើយ​ស្បថ​ចូលកាន់​តំណែង​ខ្លួនឯង»

លោក ហ៊ុន សែន ព្រមាន​មិន​ឱ្យ​ក្រុម​ប្រទេស​លោក​ខាងលិច លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​នៅ​កម្ពុជា ដូច​អ្វី​ដែល​កើតមានឡើង​នៅ​វេណេហ្ស៊ុយអេឡា​នេះ​ឡើយ ដោយ​លោក​ថា ការណ៍​នេះ​ជា​ការ​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា ខណៈ​ដែល​លោក​មិនបាន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់​រឿង​លោក​បាន​រត់​ទៅ​ពឹង​ពាក់​ប្រទេស​កុម្មុយនិស្ត​ចិន ឱ្យ​នៅចាំ​គាំទ្រ​របប​លោក​ពី​ខាងក្រោយ ក្រោយពី​លោក​បាន​បង្កើត​របប​របស់​លោក​ទាំង​ខុសច្បាប់​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ រួចមក។

លោក គឹម សុខ រំឮក​ក្រុម​អ្នកនយោបាយ​គណបក្សប្រឆាំង​កុំ​ឱ្យ​បែកបាក់​គ្នា​ដោយសារ​រឿងរ៉ាវ​ផ្ទៃក្នុង​បន្តិចបន្តួច តែ​ត្រូវ​នាំគ្នា​ឈរ​លើ​ស្មារតី​ជាតិ​រួម និង​បង្ហាញ​ជំហរ​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ដូច​អ្វី​ដែល​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា កំពុងតែ​ធ្វើ​ស្រាប់។ លោក គឹម សុខ ថា នៅ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ ដែល​គណបក្សប្រឆាំង​នៅ​កម្ពុជា ក្នុង​ការ​ទៅ​បង្កើត​រដ្ឋាភិបាល​និរទេស ឬ​ក្រៅ​ប្រទេស​មួយ​ជាដើម ដើម្បី​ឱ្យ​ទទួល​បាន​ជំហរ​គាំទ្រ​ច្បាស់លាស់​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ដូច​នៅ​វេណេហ្ស៊ុយអេឡា តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​​ពលរដ្ឋ​​មាន​​ជម្លោះ​ដីធ្លី ៣​នាក់​​នៅ​​ព្រះវិហារ​​ជា​​ទង្វើ​​ល្មើស​ច្បាប់

$
0
0

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់​ទុក​ការ​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ៣​នាក់ នៅ​ខេត្ត​ព្រះវិហារ គឺជា​ទង្វើ​ល្មើសច្បាប់ និង​ជំរុញ​ឱ្យ​តុលាការ​ខេត្ត​នេះ​ដោះលែង​ពលរដ្ឋ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ។ ការ​លើកឡើង​នេះ ក្រោយ​ពី​អ្នកភូមិ​ពីរ​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះវិហារ​ស​ម្រេច​ឃុំខ្លួន និង​ម្នាក់ទៀត​បាត់​ខ្លួន បន្ទាប់ពី​ក្រុម​យោធា​វារៈ​លេខ២៦១ បាន​ចាប់ខ្លួន​នៅ​គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ កាលពី​សប្ដាហ៍​មុន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ​លោក ឡោ ចាន់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ មករា ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំង ៣​នាក់​នោះ គឺ​ពុំ​មាន​ដីកា​ពី​តុលាការ​នោះ​ទេ ហើយក៏​ពុំ​មែន​ជា​បទល្មើស​ជាក់ស្ដែង​ដែរ។ លោក​ថា ក្រុម​យោធា​អន្តរាគមន៍​វារៈ​លេខ ២៦១ នៅ​ខេត្ត​ឧត្តរមានជ័យ គឺជា​អ្នក​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនោះ រួច​បាន​បញ្ជូន​ឱ្យ​មន្ត្រី​បរិស្ថាន ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ កាល​សប្ដាហ៍​មុន​។ លោក​ចាត់ទុកថា ការ​ចាប់ខ្លួន​នេះ គឺជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង ខណៈ​មន្ត្រី​យោធា​ទាំងនោះ ពុំ​មែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ៖ «ការ​ចាប់ខ្លួន​នេះ គឺជា​ទង្វើ​ខុសច្បាប់ ព្រោះ​ការ​ចាប់ខ្លួន​អ្នក​ទាំង ៣​នេះ គ្មាន​ដីកា​ពី​តុលាការ និង​ពុំ​មែន​ជា​បទល្មើស​ជាក់ស្ដែង។ ការ​ចាប់ខ្លួន​ដោយ​ក្រុម​ទាហាន​វារៈ ២៦១ គឺ​គាត់​ពុំ​មែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌។ បើ​ពុំ​មែន​ជា​បទល្មើស​ជាក់ស្ដែង និង​មិនបាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ គាត់​គ្មាន​សិទ្ធិ​ចាប់​គេ​ដែរ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា ក្រុម​យោធាវីរៈ​លេខ២៦១ ដែល​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនោះ កំពុង​ឈរជើង នៅ​ខេត្ត​ឧត្តរមានជ័យ ហើយ​ពួកគេ​ជា​អ្នក​កាង​ការពារ​ឱ្យ​ក្រុមហ៊ុន​មេត្រីភាព ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋ​ជាង ៣​រយ​គ្រួសារ រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជាប់​ព្រំប្រទល់ ខេត្ត​ឧត្តរមានជ័យ៖ «នៅ​ពេល​ដែល​ក្រុម​ទាហាន​ឈ្មោះ រឹម ថេន គាត់​អ្នក​ចាប់​ហ្នឹង គឺ​គាត់​ចាប់​ហ្នឹង ប្រហែល​គាត់​ដឹងខ្លួន ក្រោយ​មក​គាត់​បាន​យក​ទៅ​ឱ្យ​មន្ត្រី​បរិស្ថាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ហើយ​មួយវិញទៀត ការ​ចាប់ខ្លួន​នេះ គាត់​មិនមែន​នៅ​ភូមិ​ហ្នឹង គាត់​គ្រាន់​មក​លេង​ឪពុក ស្រាប់តែ​ក្រុម​ទាហាន​ចាប់​ដោយ​គ្មាន​មូលហេតុ»

តំណាង​ពលរដ្ឋ​លោក ឡយ លីហួរ រៀបរាប់​ថា កាលពី​ថ្ងៃ​ទី២០ មករា កន្លងទៅ ពលរដ្ឋ ២​នាក់ ដែល​ត្រូវជា​ឪពុក និង​កូន កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ឆ្លង​កាន់​រនាំង​ក្រុមហ៊ុន មេត្រីភាព ត្រូវ​បាន​មន្ត្រី​យោធា​មួយ​ក្រុម ឃាត់ខ្លួន​ពួកគេ ដោយ​គ្មាន​មូលហេតុ រួច​បញ្ជូន​ទៅ​មន្ត្រី​បរិស្ថាន ខេត្ត​ព្រះវិហារ ដោយ​ចោទ​ថា ប្រព្រឹត្ត​បទល្មើស​បរិស្ថាន។ លោក​ចាត់​ទុក​ការ​ឃាត់ខ្លួន​នេះ គឺជា​រឿង​គំនុំ​ច្រើនជាង ការអនុវត្ត​ច្បាប់ ព្រោះ​កន្លងទៅ ពលរដ្ឋ ៣៣០​គ្រួសារ រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត កើតមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព។ ចំណែក ក្រុម​ទាហាន​វារៈ ២៦១ នៅ​ខេត្ត​ឧត្តរមានជ័យ គឺជា​អ្នក​កាង​ការពារ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ៖ «បាទ​ចាប់ខ្លួន​តែម្ដង កំពុងតែ​ដឹក​អីវ៉ាន់​លក់ដូរ ចាប់​តាម​ផ្លូវ​លើ​ថ្នល់​ចូល ពី​ភូមិ​ក្រសាំង ចូល​ទៅ​ដី​ក្រុមហ៊ុន។ សង្ស័យ​ដេញ​ពលរដ្ឋ​ចេញ តែ​ពលរដ្ឋ​មិន​ចេញ គាត់​ខឹង​យើង គាត់​សង​សឹង​ដើម្បី​គំរាម ឱ្យ​ពលរដ្ឋ​ចេញពី​ដី​ហ្នឹង។ ទាហាន​ជា​អ្នក​កាង​ដី​ហ្នឹង​ឱ្យ​ទៅ​ក្រុមហ៊ុន។ ទាហាន​ហ្នឹង​ជា​អ្នក​ចាប់​ពលរដ្ឋ»

ទោះជា​យ៉ាងណា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​អាស៊ីសេរី​ថា សំណុំ​រឿង​នេះ កំពុង​ឋិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ។ លោក​ថា ជនសង្ស័យ​មាន​សិទ្ធិ​ស្នើ​សុំ​ចៅក្រម ស៊ើបសួរ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​បាន តាមរយៈ​ខ្លួនឯង និង​ប្រធាន​ពន្ធនាគារ។ ចំពោះ​សំនួរ​របស់​អាស៊ីសេរី ដែល​សួរ​ថា មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនោះ ជា​ទង្វើ ខុសច្បាប់ ព្រះរាជអាជ្ញា​រូប​នេះ ឆ្លើយ​ថា អ្នក​ដែល​ចោទ​ថា ការ​ចាប់ខ្លួន​នេះ​ខុស​នីតិវិធី អាច​ដាក់​ពាក្យ​មក​កាន់​តុលាការ​បាន ដោយ​ត្រូវ​បង្ហាញ​ហេតុផល​ឱ្យ​ច្បាស់លាស់​ផ្អែក​តាម​នីតិវិធី​ណាមួយ។ លោក​ពន្យល់​ថា ជន​ណា​ក្តី ដែល​ប្រទះឃើញ​បទល្មើស​ហើយ មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ក៏​ខុសច្បាប់​ដែរ។ លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជាប់​ពាក់ព័ន្ធ​បទល្មើស​បរិស្ថាន និង​ការ​បង្កើត​ភូមិ​ដោយ​ខ្លួនឯង៖ «មន្ត្រី​សិទ្ធិមនុស្ស​ប្រសិនបើ​ថា គេ​និយាយ​ខុស​ឱ្យ​ដាក់​ពាក្យ​មក ព្រោះ​ខ្ញុំ​ជឿ​ថា គេ​ធ្វើ​មក​មាន​សំណុំរឿង​មួយ​ចំនួន និង​ភស្តុតាង។ សម័យ​នេះ​ហើយ អនុវត្ត​ច្បាប់​ហើយ មន្ត្រី​សិទ្ធិមនុស្ស​ណា​ក៏​ដោយ​ដាក់​មក។ អ្នកណា​តាំង​ខ្លួន​ថា ខ្លួនឯង​អធិរាជ​អី​ដាក់​មក​តតាំង​គ្នា ព្រោះ​យើង​ឋិត​ក្រោម​ច្បាប់​ទេ កុំ​ជាន់​ច្បាប់»

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ លោក ឡយ លីហួរ បន្ថែម​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​មន្ត្រី​យោធា​ទាំងនោះ​ចាប់ខ្លួន​សរុប ៣​នាក់ និង​មាន ១​បាត់​ខ្លួន មិនទាន់​ទទួល​ដំណឹង​នៅឡើយ​ទេ ហើយ​ពលរដ្ឋ ២​នាក់​ទៀត កំពុង​ជាប់​ពន្ធនាគារ នៅ​ខេត្ត​ព្រះវិហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​អនុវត្ត​ច្បាប់​សិទ្ធិ​ជនជាប់ចោទ​ជា អនីតិជន​ក្នុង​តុលាការ​មិន​ទាន់​បាន​ពេញលេញ"

$
0
0

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រក​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​សិទ្ធិ​ជនជាប់ចោទ​ជា អនីតិជន​នៅ​ក្នុង​តុលាការ​មិន​ទាន់​បាន​ពេញលេញ​នៅឡើយ​ទេ។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​ស្វាគមន៍​ការ​រក​ឃើញ​នេះ និង​អះអាង​ថា នឹង​កែ​លម្អ​ការ​អនុវត្ត​សិទ្ធិ នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាមរយៈ​ការ​បំពេញ​ការងារ​របស់​ខ្លួន​ជា​បន្ត​ទៀត។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​ស្ដីពី​សិទ្ធិ​ទទួល​បាន ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​អនីតិជន​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​នេះ បង្ហាញ​ថា ការអនុវត្ត​សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន​នៅ​តុលាការ និង​សវនាការ​នៅ​សាលាឧទ្ធរណ៍​មាន​ការ​រំលោភ​សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន។

ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ផ្ដោត​សំខាន់​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​អនីតិជន សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន ការ​ការពារ​សន្មត​ទុកជាមុន​ថា គ្មាន​ទោស និង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។

អឌ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រក​ឃើញ​ទៀត​ថា ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧ ដល់ ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​សំណុំរឿង​ជិត ៣០០​ករណី គឺ​មាន​ជនជាប់ចោទ​ជិត​៤០០​នាក់ ក្នុង​នោះ​មាន​សំណុំរឿង​ចំនួន ៩ ដែល​មាន​ជនជាប់ចោទ​ជា​អនីតិជន​ចំនួន ១៤​នាក់ មិន​ទទួល​បាន​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ពេញលេញ​ទេ។ បញ្ហា​ទាំងនោះ​មាន​ដូចជា​៖ គ្មាន​វិធានការ​ការពារ​ឯកជន​ភាព​របស់​អនីតិជន​ហើយ​ជន​ជាប់​ជា​អនីតិជន​ភាគច្រើន​ត្រូវ​ឃុំខ្លួន និង​បញ្ហា​មួយទៀត​នោះ​គឺ​ក្នុង​ចន្លោះ​ពី​ខែ​មេសា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បី​ភាគ​បួន នៃ​អនីតិជន​ស្លៀកពាក់​ឯកសណ្ឋាន​ដូចគ្នា​ទៅ​នឹង​ទណ្ឌិត​ដែល​រំលោភ​លើ​ការ​សន្មត​ទុកជាមុន​ថា គ្មាន​ទោស។

ប៉ុន្តែ​ក៏​មាន​ការ​ប្រែ​ខ្លះ​ដែរ ចន្លោះ​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់ ខែ​មីនា ឆ្នាំ​២០១៨ ជនជាប់ចោទ​ជា​អនីតិជន​ជាង ៨៣​ភាគរយ ពេល​បញ្ជូន​មក​សាលាឧទ្ធរណ៍​ស្លៀកពាក់​ឯកសណ្ឋាន​ជនជាប់ចោទ​ពណ៌​ទឹកក្រូច (មិនមែន​ឯកសណ្ឋាន​ពន្ធនាគារ​ពណ៌​ខៀវ​សម្រាប់​ទណ្ឌិត)

អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​សិទ្ធិមនុស្ស​ដដែល​យល់ថា នេះ​ជា​ការ​ផ្លាស់ប្ដូរ​គួរ​ឱ្យ​ស្វាគមន៍​ដែល​គោរព​ការ​សន្មត​ទុកជាមុន​ថា គ្មាន​ទោស។ ប៉ុន្តែ CCHR លើកឡើង​ថា បើ​ផ្អែក​តាម​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​គឺ​អនុញ្ញាត​ឱ្យ​ជនជាប់ចោទ ជា​អនីតិជន​ស្លៀក​សំលៀកបំពាក់​ផ្ទាល់ខ្លួន។ ចំណុច​ល្អ​មួយទៀត​ក្នុង​សំណុំរឿង​អនីតិជន​មួយ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ធ្វើ​ឡើងជា​អសាធារណៈ​ដែល​នេះ​បង្ហាញ​ពី​ការអនុវត្ត​សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន​របស់​អនីតិជន។

ទាក់ទង​ការ​រកឃើញ​នេះ​ដែរ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា លោក ស្វាគមន៍​ចំពោះ​ការ​ព្រួយបារម្ភ​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា របប​របស់​លោក​បាន​ប្រឹងប្រែង​ធ្វើ ការងារ​ជាច្រើន​មក​ហើយ​ដូចជា​៖ ការ​កែប្រែ​ច្បាប់​មួយ​ចំនួន ការ​ពន្យល់​ច្បាប់ និង​អនុវត្ត​ច្បាប់ ហើយ​របប​ក្រុងភ្នំពេញ​បាន​បន្ត​កំណែទម្រង់​បន្ថែម​ទៀត​លើ​ការអនុវត្ត​ការ​របស់​ខ្លួន​ទាក់ទង និង​សិទ្ធជន​ជាប់ចោទ​ជា​អនីតិជន។ «»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រម្លឹក​ថា តាមច្បាប់​របស់​កម្ពុជា និង​គោលការណ៍​សិទ្ធិមនុស្ស​ជាសកល ជនជាប់ចោទ​ជា​អនីតិជន​មាន​សិទ្ធិ​ទទួល​បាន​ការការ​ពារ​សិទ្ធិ រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន​របស់​ខ្លួន​នៅ​គ្រប់​ដំណាក់កាល​នីតិវិធី​ទាំងអស់ ការ​សួរដេញដោល​សាក្សី និង​ជនជាប់ចោទ​ត្រូវ​ធ្វើ​ឡើង​ក្នុង​សវនាការ​អសាធារណៈ ការ​ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​លើ​អនីតិជន​ត្រូវ​ធ្វើ​ឡើង​សម្រាប់​វិធានការ​ចុងក្រោយ។

ទាក់ទង​ការ​រក​ឃើញ និង​សំណើ​ទាំងនេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​របស់​ខ្លួន​បាន​ជួបពិភាក្សា​ជាមួយ​អនុប្រធាន​សាលាឧទ្ធរណ៍ ហើយ​តំណាង​សាលាឧទ្ធរណ៍​សន្យា​ថា នឹង​ពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្ត​ការងារ​របស់​ខ្លួន។

អង្គការ​សង្គម​ស៊ីវិល​ដដែល​អំពាវនាវ​ដល់​ចៅក្រម និង​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ស្តារ​នីតិសម្បទា​ជនជាប់ចោទ​ជា​អនីតិជន​ជាជាង​ការ​ផ្ដន្ទាទោស​តែ​ម្យ៉ាង ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន និង​ទាមទារ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​ចៅក្រម និង​ព្រះរាជអាជ្ញា​បន្ថែម​ទៀត​ទាក់ទង​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដល់​អនីតិជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live