![]()
ការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថាជាការបោះឆ្នោត «ក្លែងក្លាយ»។ ពួកគេថា ថ្ងៃ២៩ កក្កដានេះ មិនគួរចាត់ទុកជាថ្ងៃបោះឆ្នោតឡើយ ក៏ប៉ុន្តែគឺជា «ទិវាបញ្ចុះសព នៃមរណភាពប្រជាធិបតេយ្យ» នៅកម្ពុជា ព្រោះការបោះឆ្នោតនេះ ធ្វើឡើងគ្រាន់តែដើម្បីបង្គ្រប់កិច្ច មិនស្របតាមដំណើរការប្រជាធិបតេយ្យ ខណៈដែលលទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានគេដឹងទុកជាមុនរួចទៅហើយថា បុរសខ្លាំងខាងប្រើអំពើហិង្សា គឺលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក គឺគណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្ត «ឈ្នះ» និងដឹកនាំប្រទេស ដោយសារតែគ្មានគូប្រកួតប្រជែងពិតប្រាកដ។
តទៅនេះជាបទវិភាគរបស់លោក មាន ឫទ្ធិ ដែលលោកនឹងពិនិត្យមើលហេតុផលចម្បងៗ មួយចំនួន ដែលធ្វើឲ្យការបោះឆ្នោតថ្ងៃទី២៩ កក្កដានេះ គ្រាន់តែជាការបោះឆ្នោត «ក្លែងក្លាយ»។
ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនៃរដ្ឋសភាអាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដានេះ គឺជាវិញ្ញាសារដ៏ធំមួយសម្រាប់ជីវិតនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តក្តោបក្តាប់អំណាចរបស់លោក ដែលលោកបានខិតខំថែរក្សាអស់រយៈពេលជាង ៣៣ឆ្នាំមកហើយ។ ការបោះឆ្នោតនេះក៏ជាវិញ្ញាសារមួយកំណត់ជោគវាសនាអនាគតនៃសេនារីយ៉ូ ដែលលោកបានខិតខំគូសវាសកែច្នៃលៃលករកពេល ដើម្បីធានាផ្ចុងផ្តើមរៀបចំទុកដាក់អនាគតនាយករដ្ឋមន្ត្រីបន្តវេនពីរូបលោក ដែលនោះគឺទំនងជាគ្មាននរណាក្រៅពីកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នោះឡើយ។
ប្រសិនបើលោកប្រឡងមិនជាប់វិញ្ញាសារនេះទេ គ្មានឡើយសុបិនដែលលោកចង់ឃើញកូនប្រុសរបស់លោករូបនេះ ឡើងបន្តវេនក្រោយពីរូបលោកប្រកាសចូលនិវត្តន៍នៅរយៈពេល ១០ឆ្នាំខាងមុខទៀតនេះ។ នេះប្រសិនបើលោកមានសំណាងអាចរក្សាអំណាចបានរហូតដល់ទៅ ១០ឆ្នាំខាងមុខទៀត។
ប្រាកដណាស់ ពេលវេលា ១០ឆ្នាំ គឺយូរសែនយូរសម្រាប់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លានការផ្លាស់ប្តូរ និងចង់បានមេដឹកនាំថ្មីមកគ្រប់គ្រងនាវាកម្ពុជា។ ក៏ប៉ុន្តែ ពេលវេលា១០ឆ្នាំ នាពេលនេះ វាហាក់ដូចជាខ្លីណាស់សម្រាប់លោក ហ៊ុន សែន ព្រោះថា ពីមួយវិនាទីទៅមួយវិនាទី ប្រសិនបើលោកដើរខុសផ្លូវតែបន្តិច គ្មានឡើយត្រកូលហ៊ុនដើម្បីបន្តវេនពីលោក ដែលមានន័យម៉្យាងទៀតថា គ្មានឡើយលោក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ហ៊ុន សែន នោះ។ ក៏មិនប្រាកដដែរថា លោកអាចបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីទៅបានដោយសន្តិវិធី ដោយគ្មានការគុំគួន ឬចងអាឃាតពីក្រុមមនុស្សដទៃទៀត ដែលលោកធ្លាប់បានធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត ក្នុងអំឡុងពេលដែលលោកកាន់អំណាច។ ថាមិនត្រូវ ជោគវាសនាអនាគតចុងក្រោយនៃជីវិតនយោបាយរបស់លោក អាចនឹងត្រូវបញ្ចប់ នៅក្នុងរង្វង់ក្រចកសេះ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ខណៈទ្រព្យសម្បត្តិមហាសាល និងក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក អាចនឹងត្រូវតុលាការរឹបអូស បង្កក ឬត្រូវតុលាការប្រជាជនថ្កោលទោសជាដើម។
ខុសពីលើកណាៗ ទាំងអស់ វិញ្ញាសារឆ្នាំ២០១៨នេះ មិនមែនជាវិញ្ញាសារមួយដែលតម្រូវឲ្យលោកត្រូវរត់ទៅពឹងវៀតណាមឲ្យចូលមកឈ្លានពានប្រទេសកំណើតខ្លួនឯង ដើម្បីផ្តួលរំលំរបបខ្មែរក្រហមនោះឡើយ ឬក៏វិញ្ញាសារដែលតម្រូវឲ្យលោក ត្រូវគំរាមពុះជ្រៀកទឹកដីកម្ពុជាធ្វើជាតំបន់អបគមន៍នោះទេ។ ហើយរឹតតែមិនមែនទៅទៀត ដែលថា ជាវិញ្ញាសារដែលតម្រូវឲ្យលោកត្រូវដឹកនាំកម្លាំងធ្វើរដ្ឋប្រហារយោធាដ៏បង្ហូរឈាមនៅកណ្តាលក្រុងភ្នំពេញនោះ ក៏ទេដែរ ពីព្រោះថា វិញ្ញាសារអស់ទាំងនេះ លោកបានហែលឆ្លងកាត់អស់ហើយ។ ក៏ប៉ុន្តែ វិញ្ញាសារនៅពេលនេះ គឺជាវិញ្ញាសារដែលមានលក្ខណៈគ្រាន់តែជាឆាកល្ខោន សម្តែងឡើងក្នុងបំណងធ្វើយ៉ាងណាបោកប្រាស់ក្រសែភ្នែក មតិជាតិ និងអន្តរជាតិថា នេះគឺជាការបោះឆ្នោតពិតប្រាកដមួយ ធ្វើឡើងប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ខណៈដែលតាមការពិត លទ្ធផលត្រូវបានលោក និងក្រុមបក្ខពួករបស់លោក រៀបចំទុកមុនរួចជាស្រេចទៅហើយ។ គ្មានឡើយពាក្យថាចាញ់ ឬជម្រើសដ៏តូច សូម្បីតែប៉ុនសរសៃសក់មួយ ដែលបើកផ្លូវឲ្យគណបក្សដទៃ អាចយកប្រៀបទៅលើគណបក្ស ប្រជាជនកម្ពុជា របស់លោកបាន។
អ្វីដែលពិបាកបំផុតសម្រាប់រូបលោកនៅពេលនេះ គឺថា វិញ្ញាសាររបស់លោកលើកនេះ អ្វីៗទាំងអស់ ត្រូវបានពិភពលោកដឹងឮគ្រប់ៗ គ្នាអស់ទៅហើយថា ការបោះឆ្នោតនេះ គឺជាឆាកល្ខាន ហើយលោកកំពុងតែត្រូវការតួអង្គដ៏សំខាន់ ដែលនោះគឺជាប្រជាពលរដ្ឋខ្មែរ គ្រប់រូបឲ្យទៅចូលរួមលេងសម្តែងជាមួយបក្ខពួករបស់លោក ខណៈដែលពួកគេជិតមួយចំហៀងប្រទេស បានប្រកាសរួចទៅហើយថា នឹងមិនចូលរួមលែងល្បែងបែបឆ្ពឹនភ្នែកមួយនេះឡើយ តាមរយៈការធ្វើពហិការការបោះឆ្នោតនេះ ដោយមិនទៅបោះឆ្នោត។
តើមូលហេតុអ្វីបានជាការបោះឆ្នោតលើកនេះ គ្រាន់តែជាការបោះឆ្នោត «ក្លែងក្លាយ» និងជាឆាកល្ខោន ធ្វើឡើងដើម្បីតែបង្គ្រប់កិច្ច?
មានហេតុផលចម្បងៗចំនួន ១២ យ៉ាង ដែលថាការបោះឆ្នោតនេះ គឺជាការបោះឆ្នោតក្លែងក្លាយ និងធ្វើឡើងដើម្បីគ្រាន់តែជាការបង្គ្រប់កិច្ច។
ហេតុផលទី ១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត តែងប្រើប្រាស់នូវសារនយោបាយដែលមានលក្ខណៈជាការគំរាមកំហែងគ្រប់បែបយ៉ាង។ នរណាៗ ក៏ដឹងដែរថា សារទាំងអស់នេះ គឺជាកម្មសិទ្ធិបញ្ញាផ្ដាច់មុខរបស់លោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោក ក្នុងនោះរួមមាន សារអំពីសង្គ្រាម សារសំពងក្បាលនឹងគល់ឫស្សី សារវាយបំបាក់ធ្មេញ ឬក៏កម្ចាត់មនុស្ស ១០០ ទៅ ២០០នាក់ ព្រមទាំងសារដែលថាឲ្យត្រៀមក្ដារមឈូសជាដើម។
ហេតុផលទី២៖ ភាពលម្អៀង និងមិនអព្យាក្រឹត្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបង្ហាញឲ្យឃើញតាមរយៈសមាជិកក្បាលម៉ាស៊ីនដឹកនាំទាំង ៩រូបរបស់ស្ថាប័នមួយនេះ ដែលសុទ្ធតែជាក្រុមមន្ត្រីដែលមានទំនោរទៅរកគណបក្ស ប្រជាជនកម្ពុជា ខណៈដែលស្ថាប័ននេះ ពុំមានតំណាងមកពីអង្គការសង្គមស៊ីវិល ឬគណបក្សប្រឆាំង ដើម្បីធានាពីឯករាជភាព និងអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះនោះឡើយ។
ហេតុផលទី ៣៖ ការបង្កើតច្បាប់ដែលមានលក្ខណៈជាការរឹតត្បិត និងគាបសង្កត់។ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជា បានចំណាយរយៈពេលពេញមួយអាណត្តិ៥ឆ្នាំ តាក់តែង និងបង្កើតច្បាប់ថ្មីៗជាច្រើន ក្នុងគោលបំណងដើម្បីបង្កើនការគ្រប់គ្រងរបស់រដ្ឋាភិបាល និងរឹតត្បិតលំហប្រជាធិបតេយ្យ សេរីភាព របស់គណបក្សប្រឆាំង សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សហជីពឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយ និងសំឡេងប្រឆាំងដទៃទៀត។ ច្បាប់ដ៏ប្រទាញប្រទង់ទាំងនេះ រួមមាន៖
ក) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ច្បាប់ទាំងនេះ តម្រូវឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងអស់ ត្រូវតែទទួលយកលទ្ធផលបោះឆ្នោតស្ថាពរ ព្រោះបើមិនដូច្នោះទេ អាសនៈរបស់គណបក្សជាប់ឆ្នោតដែលចង់តវ៉ានឹងលទ្ធផលបោះឆ្នោត អាចនឹងត្រូវដកហូតយកមកបែងចែកឲ្យគណបក្សនយោបាយដទៃទៀត។ មាត្រានេះ រារាំងគណបក្សនយោបាយ មិនឲ្យមានឱកាសធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ប្រើប្រាស់សិទ្ធិធ្វើពហិការ ឬធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោតណាមួយនោះឡើយ។ បន្ថែមពីនេះ ក៏មានមាត្រាចែងថា គណបក្សនយោបាយដែលត្រូវ តុលាការកំពូលរម្លាយចោល អាសនៈរបស់គណបក្សនោះ នឹងត្រូវយកទៅបែងចែកឲ្យគណបក្សដទៃ បើទោះគណបក្សដទៃមិនត្រូវបានពលរដ្ឋបោះឆ្នោតផ្ដល់សំឡេងគាំទ្រឲ្យមានអាសនៈ ជាប់ក្នុងរដ្ឋសភាក៏ដោយ។ មាត្រាថ្មីនៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា បុគ្គលដែលជាប់ពិរុទ្ធភាព មិនអាចធ្វើជាប្រធានគណបក្សនយោបាយបានឡើយ ព្រោះបើមិនដូច្នោះទេ គណបក្សរបស់ខ្លួននឹងរងនូវការរម្លាយចោល។
ខ) ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ ច្បាប់ទាំងនេះ មានគោលដៅគ្រប់គ្រងរាល់ការសុំចុះបញ្ជី ការបង្កើតសហជីព ឬសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ការទទួលហិរញ្ញប្បទាន ឬប្រភពថវិកាពីរដ្ឋបរទេស ដែលផ្ដល់ដល់សហជីព សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ។
គ) ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ៖ ច្បាប់ទាំងនេះ ផ្ដល់សិទ្ធិ និងអំណាចច្រើនលើសលប់ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការចាត់ចែង និងគ្រប់គ្រងប្រព័ន្ធយុត្តិធម៌របស់រដ្ឋ ដែលធ្វើឲ្យបាត់បង់ភាពឯករាជ្យរបស់ស្ថាប័នរដ្ឋមួយនេះ។
ឃ) ការធ្វើវិសោធនកម្មលើក្រមព្រហ្មទណ្ឌ ដោយបន្ថែមប្រការស្តីពីទោសទណ្ឌនៃការប្រមាថព្រះមហាក្សត្រ៖ ការបន្ថែមប្រការនេះ បង្កើតឡើងក្នុងគោលដៅបំបិទមាត់ក្រុមអ្នករិះគន់រដ្ឋាភិបាល និងសំឡេងប្រឆាំង។
ង) ការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញ រួមមានបទប្បញ្ញត្តិ តម្រូវឲ្យគណបក្សនយោបាយតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ដោយប្រយោល ឬដោយផ្ទាល់ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរឡើយ។ បន្ថែមពីលើនេះ ក៏មានបទប្បញ្ញត្តិប្រឆាំងនឹងការជ្រៀតជ្រែករបស់រដ្ឋបរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា និងការដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ របស់បុគ្គលឬអ្នកនយោបាយណាមួយ ដែលបានរំលោភបទប្បញ្ញត្តិនេះ។
ហេតុផលទី ៤៖ អ្នកសង្កេតការណ៍ការបោះឆ្នោតភាគច្រើន មកពីប្រទេសដែលមិនមានការគោរពលទ្ធិប្រជាធិបតេយ្យ ឬជាក្រុមប្រទេសប្លុកកុម្មុយនិស្ត ដែលមិនធ្លាប់រៀបចំការបោះឆ្នោតពិតប្រាកដ៖ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន សម្រេចច្បាស់ហើយថា នឹងមិនចូលរួមតាមដានដំណើរការនៃការបោះឆ្នោតនេះទេ។ ក្នុងចំណោមអ្នកសង្កេតការណ៍ជាង ៥ម៉ឺននាក់ដែលគ.ជ.ប បានប្រកាសជាបណ្តោះអាសន្ននាពេលកន្លងមកនេះ អ្នកសង្កេតការណ៍អន្តរជាតិ ១៧ស្ថាប័ន មកពីប្រទេសកុម្មុយនិស្តចិន ប្រទេសសិង្ហបុរី ប្រទេសរូម៉ានី ប្រទេសរុស្សី ជាដើម។ល។
ហេតុផលទី ៥៖ ការទិញសន្លឹកឆ្នោត និងនយោបាយប្រជាភិថុតិ៖ លោក ហ៊ុន សែន បានចំណាយពេល ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក យ៉ាងហោចណាស់ពេញ ១ ឆ្នាំ នៅមុនពេលថ្ងៃបោះឆ្នោតជាតិមកដល់ ដោយលោកបានចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរជិត ៧០ម៉ឺននាក់ ហើយចែកថវិកាដល់ពួកគេក្នុងម្នាក់ៗ ៥ដុល្លារ។ ថវិកាជាតិមិនតិចជាង ៣,៥ លានដុល្លារអាមេរិកទេ ត្រូវបានលោក ហ៊ុន សែន យកមកចាយវាយដើម្បីទាក់ទាញ និងទិញទឹកចិត្តក្រុមកម្មករ-កម្មការិនី ធ្វើយ៉ាងណាឲ្យពួកគេបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា របស់លោក។ លោក ហ៊ុន សែន ក៏បានដាក់ចេញនូវកញ្ចប់គោលនយោបាយ «គាំពារសង្គម» បែបទាក់ទាញប្រជាប្រិយភាពដទៃទៀតដូចជា ការដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ជនពិការ និងចាស់ជរា ព្រមទាំងការផ្ដល់សេវាដឹកជញ្ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដោយមិនគិតថ្លៃជាដើម។
ហេតុផលទី ៦៖ ការកំណត់ព្រំដែន ឬបង្កើតមណ្ឌលបោះឆ្នោតថ្មីដើម្បីកេងចំណេញនយោបាយ៖ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ក្រោយពីគណបក្ស ប្រជាជនកម្ពុជា បានចាញ់ឆ្នោត និងរបូតអាសនៈសភាអស់ជាច្រើនទៅគណបក្សប្រឆាំង ខេត្តកំពង់ចាមត្រូវបានពុះច្រៀកជាពីរ ដោយមួយចំហៀងភាគបូព៌ានៃខេត្តនេះ ដែលសុទ្ធតែជាអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា បានក្លាយជាទឹកដីខេត្តថ្មីមួយ គឺខេត្តត្បូងឃ្មុំ។ ដោយឡែកសម្រាប់ក្រុងភ្នំពេញវិញ ខណ្ឌថ្មីចំនួន ៣ រួមមាន ខណ្ឌច្បារអំពៅ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ត្រូវបានបង្កើតបន្ថែមពីលើខណ្ឌសរុបចំនួន៩ ដែលមានស្រាប់នៅក្រុងភ្នំពេញ នៅរយៈពេលតែប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក/ខណ្ឌ មកដល់ កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ។
ហេតុផលទី ៧៖ ដំណើរឈានទៅរករបបគ្រប់គ្រងតពូជ៖ នៅរយៈពេលប៉ុន្មានខែមុនការបោះឆ្នោត កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានជួបជាមួយក្រុមមេដឹកនាំថ្នាក់តំបន់ក្នុងជំនួបឯកជនមិនធ្លាប់មានពីមុនមក រួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្សូអាបេ (Shinzo Abe) និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជាដើម។ ជំនួបដ៏កម្រនេះ ទំនងជាលោក ហ៊ុន សែន ចង់បង្ហាញមុខ និងណែនាំកូនប្រុសរបស់លោករូបនេះ ឲ្យមេដឹកនាំក្នុងតំបន់ទាំងនោះ ស្គាល់ជាបណ្ដើរៗ ហើយក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់លោក យកទៅចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ របបលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះទៀតសោត ក៏គ្រោងនឹងដំឡើងឋានន្តរសក្ដិលោក ហ៊ុន ម៉ាណែត ជានាយឧត្ដមសេនីយ៍ផ្កាយមាស ៤ ស្របពេលដែលនៅមិនដល់១ខែមុនការបោះឆ្នោត លោកក៏ត្រូវបានដំឡើងតំណែងឲ្យក្លាយជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី បន្ថែមលើមុខងារបច្ចុប្បន្នរបស់លោក ដែលជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម។
ហេតុផលទី ៨៖ ការបង្ក្រាបឥតស្រាកស្រាន្ត មកលើគណបក្សប្រឆាំង និងសង្គមស៊ីវិល៖ គណបក្សប្រឆាំងធំជាងគេ គឺគណបក្ស សង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រម្លាយចោលនៅមុនពេលបោះឆ្នោតមិនដល់មួយឆ្នាំ ក្រោមលេសថា គណបក្សនេះបានចូលដៃចូលជើងជាមួយក្រុមប្រទេសបស្ចិមលោក ប៉ុនប៉ងធ្វើ «បដិវត្តពណ៌» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ សមាជិក សមាជិកាជាន់ខ្ពស់គណបក្សនេះចំនួន ១១៨រូប ត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។ បន្ថែមពីលើនេះ អាសនៈរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាប់ឆ្នោតទាំង ៥៥ រូប ក្នុងរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្ស សង្គ្រោះជាតិ ជាប់ឆ្នោតសរុបចំនួន ៥.០០៧អាសនៈ នៅទូទាំងប្រទេស ត្រូវបានគណបក្សកាន់អំណាច បែងចែក និងយកទៅចែកឲ្យគណបក្សនយោបាយមិនជាប់ឆ្នោតដទៃទៀតដែលមានទំនោរទៅរករបបលោក ហ៊ុន សែន ក្រោយការរម្លាយនៃគណបក្សសង្គ្រោះជាតិ។ មន្រី្ត និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន រួមទាំងប្រធានគណបក្សនេះផងដែរ គឺលោក កឹម សុខា ត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគាររហូតមកទល់ពេលបច្ចុប្បន្ន ដោយមិនទាន់បើកសវនាការលើអង្គសេចក្តី។ ដោយឡែក អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានធ្វើឲ្យជាប់ពាក់ព័ន្ធក្នុងបណ្ដឹងក្តីក្ដាំតាមផ្លូវតុលាការមិនតិចជាង១០បណ្ដឹងឡើយ បណ្ដាលឲ្យលោកត្រូវប្រឈមជាប់ពន្ធនាគារជាច្រើនឆ្នាំ និងការបង់ពិន័យជាប្រាក់រាប់លានរៀល។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI របស់សហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញ ខណៈដែលបន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការបោះឆ្នោត មកពីជាង ៤០ស្ថាប័ន ត្រូវបានបិទមិនឲ្យដំណើរការ។ អង្គការឃ្លាំមើលបរិស្ថានឈ្មោះ មាតាធម្មជាតិ ក៏ត្រូវបង្ខំចិត្តបិទទ្វារឈប់ប្រតិបត្តិការផងដែរ។
ហេតុផលទី ៩៖ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ៖ កាសែត ឌឹ ខែមបូឌ៊ា ដេលី (The Cambodia Daily) បានប្រកាសបិទទ្វារ ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជាង ២៤ឆ្នាំ រួចមក ដោយសារតែជំពាក់ប្រាក់ពន្ធដ៏ច្រើនលើសលុបកំណត់ដោយរបបលោក ហ៊ុន សែន។ ការិយាល័យវិទ្យុអាស៊ីសេរី ប្រចាំក្រុងភ្នំពេញ ក៏ត្រូវបង្ខំចិត្តបិទទ្វារ ក្រោយដំណើរការអស់រយៈពេលជិត ២០ឆ្នាំ ក្រោមហេតុផលស្រដៀងគ្នានេះ។ កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាអង្គភាពព័ត៌មានឯករាជ្យចុងក្រោយនៅកម្ពុជា បានស្ថិតក្នុងភាពច្របូកច្របល់ ក្រោយពីមានកិច្ចព្រមព្រៀងទិញលក់ជាមួយម្ចាស់ហ៊ុនថ្មី ដែលមានទំនោរទៅរករបបលោក ហ៊ុន សែន។ ស្ថានីយវិទ្យុផ្សាយសំឡេងក្នុងស្រុកជិត ២០ស្ថានីយ ត្រូវបានរបបលោក ហ៊ុន សែន តម្រូវឲ្យបញ្ឈប់ការផ្សាយ ខណៈសារព័ត៌មានអនឡាញ និងបណ្ដាញសង្គម ក៏កំពុងប្រឈមនឹងការរឹតត្បិត និងតាមឃ្លាំមើលយ៉ាងដិតដល់ពីរបបលោក ហ៊ុន សែន នៅអំឡុងពេលបោះឆ្នោត។
ហេតុផលទី ១០៖ យុទ្ធនាការមួលបង្កាច់ព័ត៌មាន និងការបង្កើតព័ត៌មានក្លែងក្លាយ៖ នៅមុនពេលឈានទៅរកការបោះឆ្នោត គណបក្សកាន់អំណាច បានចាប់ផ្ដើមបើកយុទ្ធនាការមួលបង្កាច់ព័ត៌មានជាហូរហែរ ដែលរួមមានទាំងការចែករម្លែកព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារមកលើក្រុមមន្ត្រីគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សមាជិកអង្គការសង្គមស៊ីវិលនានាជាដើម។ យុទ្ធនាការនេះ ប្រែក្លាយរឹតតែអាក្រក់ ដោយសារអង្គភាពព័ត៌មាន ហ្វេ្រសញ៉ូវ (Fresh News) បានក្លាយជាមធ្យោបាយ ឬ «រោងចក្រ» ចែកចាយព័ត៌មានក្លែងក្លាយ ការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជន និងព័ត៌មានឯកជនដទៃទៀត ពាក់ព័ន្ធបុគ្គលមួយចំនួន ដែលរបបលោក ហ៊ុន សែន កំណត់គោលដៅធ្វើការឃ្លាំមើលជាប្រចាំ។
ហេតុផលទី ១១៖ គណបក្ស «អំពិលអំពែក» ឬគណបក្សដែលមាននិន្នាការប្រឆាំងមិនច្បាស់លាស់៖ រួមទាំងគណបក្ស ប្រជាជនកម្ពុជា មានគណបក្សនយោបាយចំនួន ២០ ប្រកាសចូលរួម «ប្រកួតប្រជែង» នៅក្នុងការបោះឆ្នោតនេះ។ ក៏ប៉ុន្តែ គណបក្សចំនួន១៩ទៀត សុទ្ធសឹងតែជាគណបក្សដែលភាគច្រើនគេមិនសូវស្គាល់ ឬជាគណបក្សទើបបានបង្កើតថ្មី ជាគណបក្សតូចតាច ឬដែលមិនសូវមានឥទ្ធិពល ហើយដែលតែងតែមានវត្តមាន តែក្នុងរដូវកាលនៃការបោះឆ្នោត ហើយបាត់ស្រមោលទៅវិញនៅក្រោយការបោះឆ្នោតរួច។ គណបក្សទាំងនេះ ត្រូវបានគេចាត់ទុកថា ជាគណបក្ស «អំពិលអំពែក» ឬគណបក្ស «អាប» ហើយភាគច្រើន ជាគណបក្សដែលមានសម្ព័ន្ធភាពល្អជាមួយ ឬមានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីបំភ័ន្តមតិអន្តរជាតិ ថាជាការបោះឆ្នោតដែលមានការប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ។
ហេតុផលទី ១២៖ ប្រព័ន្ធនយោបាយទាំងមូលនៅកម្ពុជា គឺបង្កើតឡើងដើម្បីគាំទ្រដល់ក្បាលម៉ាស៊ីននយោបាយរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាច ដើម្បីធានាថា គ្មានឡើយឱកាសនៃការចាញ់ឆ្នោត ពោលគឺដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន តែងតែនិយាយជាច្រើនលើកជាច្រើនសារថា៖ «គណបក្ស ប្រជាជនកម្ពុជា នឹងឈ្នះ និងបន្តគ្រប់គ្រងប្រទេសកម្ពុជាជារៀងរហូត»។
តាមរយៈហេតុផលទាំង១២នេះ គេអាចដឹងយ៉ាងច្បាស់ថា លោក ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា នឹងនៅតែឈ្នះការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដានេះ ព្រោះតែគ្មានគូប្រកួតពិតប្រាកដ ហើយធ្វើឡើងដើម្បីជាការបង្គ្រប់កិច្ច បោកបញ្ឆោតមតិជាតិ និងអន្តរជាតិ ដើម្បីទទួលបានភាពស្របច្បាប់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។