![]()
មេឃុំជាប់ឆ្នោតល្បីៗរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម រួមមានលោក ស៊ាង ចែត ជាដើម កំពុងត្រូវបានគណបក្សកាន់អំណាច និងអាជ្ញាធរលួងលោមទិញទឹកចិត្ត បង្ខំឲ្យទៅបោះឆ្នោត និងគំរាមចាប់ខ្លួន ដោយមិនដឹងមូលហេតុ។ អ្នកវិភាគ យល់ថា គណបក្សកាន់អំណាច កំពុងព្យាយាមធ្វើនយោបាយដាក់អន្ទាក់មេឃុំជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ នៅតាមតំបន់ឲ្យចុះចូលជាមួយខ្លួន ដើម្បីទាក់ទាញពលរដ្ឋឲ្យចេញទៅបោះឆ្នោតបានច្រើន ហើយករណីនេះ មិនចម្លែកឡើយ ព្រោះគណបក្សកាន់អំណាច តែងតែធ្វើនយោបាយចាស់គំរឹល គឺដើរទិញទឹកចិត្ត និងសម្លុតគំរាមជាដើម។
មេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម អះអាងថា ពួកគាត់នៅតែមានជំហរ រឹងមាំ និងមិនព្រមលក់ឧត្ដមគតិរបស់ខ្លួនដាច់ខាត់ ទោះបីជាគណបក្សប្រជាជនកម្ពុជា ព្យាយាមលួងលោមផង ទិញផង និងសម្លុតផង ដើម្បីឲ្យពួកគាត់ចុះចូលក៏ដោយ ហើយពួកគាត់ ក៏មិនទៅបោះ ឆ្នោតដែរ។
អតីតមេឃុំស្រក មកពីគណបក្ស សម រង្ស៊ី លោក ស៊ាង ចែត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ឲ្យដឹងថា រយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ គណបក្សកាន់អំណាច និងអាជ្ញាធរ បានចុះទៅជួប លោកជាបន្តបន្ទាប់។ លោក ស៊ាង ចែត រៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកក្កដា មានមន្ត្រីគណបក្ស ប្រជាជនកម្ពុជាម្នាក់ឈ្មោះ ចិត្រា និងក្រុមប្រឹក្សាឃុំស្រក បានចុះទៅជួបលោកដើម្បីសុំរាប់អាន សុំថតរូប និងសុំសួរនាំអំពីបទពិសោធន៍។ ពួកគេ ក៍បានសាកសួរ ពីការងារជាមេឃុំកន្លងមកថា តើហេតុអ្វីដែលជាពលរដ្ឋពេញចិត្តលោក ប៉ុន្តែមិនសូវពេញចិត្តមេឃុំ និងអាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជា? លោក ស៊ាង ចែត ឲ្យដឹងថាទៀតថា បន្ទាប់មក នៅថ្ងៃទី២០ ខែកក្កដា មន្ត្រីបក្សប្រជាជនកម្ពុជា ដឹកនាំដោយឈ្មោះ ចិត្រា ក៏បានដឹកនាំមន្ត្រីគណបក្សកាន់អំណាចចុះទៅជួបលោកម្ដងទៀត។ ក្រោយមកនៅថ្ងៃទី២១ ខែកក្កដា ពួកគេ ក៏បានចូលទៅផ្ទះលោកជាលើកទី៣ ប៉ុន្តែអត់បានជួបលោកព្រោះលោក រវល់ទៅចម្ការ ប៉ុន្តែពួកគេបានជួបចៅៗ និងប្រពន្ធរបស់លោកដោយបានជូននំប៉័ង និងថតរូប។ កាលពីថ្ងៃទី២៤ ខែកក្កដា ឈ្មោះ ចិត្រា ក៏ទាក់ទងសុំជួបលោកជាលើកទី៤ ប៉ុន្តែ លោកបដិសេធដោយសារជាប់រវល់មើលថែចៅដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ពេលនោះឈ្មោះ ចិត្រា ក៏បានបញ្ជាឲ្យក្រុមកងារនៅខេត្តសៀមរាប ចុះទៅជួបលោកក្នុងមន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខ និងជូនលុយកាក់ខ្លះ។ លោក ស៊ាង ចែត អះអាងថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា ពិតជាបានចូលទៅសួរសុខទុក្ខចៅរបស់លោកក្នុងមន្ទីរពេទ្យមែន ប៉ុន្តែលោកបានដើរចេញទៅក្រៅ មិនឲ្យជួបនោះទេ។ ក្រុមការងារគណបក្សកាន់អំណាច ក៏បានជូនលុយចំនួន ៣រយដុល្លារទៅគ្រួសាររបស់លោក និងសុំថតរូបទុកទៀត។
លោក ស៊ាង ចែត ជាអតីតមេឃុំដ៏ល្បីមួយរូបនៅក្នុងឃុំស្រក ស្រុកកំពង់សៀម កូតាគណបក្សសម រង្ស៊ី អាណត្តិឆ្នាំ២០១២ ដល់២០១៧។ លោកត្រូវបានតុលាការអាជ្ញាធរខេត្តចាប់ដាក់ពន្ធនាគារតាំងពីខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា បានព្យាយាមសូកប៉ាន់ក្នុងការផ្ដល់លុយឲ្យគ្រួសារនាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ជាសំណុំរឿងមួយដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយ។ លោក ស៊ាង ចែត ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីគណបក្សធំទាំងពីរ បានចរចាត្រូវរ៉ូវផ្នែកនយោបាយ។
លោក ស៊ាង ចែត ឲ្យដឹងដែរថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែសុំលោកថតរូបជាមួយ ទោះលោកបដិសេធក្តី។ លោកបារម្ភថា ខ្លាចពួកគេយករូបថតនោះបង្ហោះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងលាបពណ៌លោកជាដើម។ ចំណែកអាជ្ញាធរមូលដ្ឋាននៅឃុំស្រកវិញ តែងប្រាប់ឲ្យលោកចេញទៅបោះឆ្នោត។ លោក ស៊ាង ចែក បញ្ជាក់ជំហរម៉ឺងម៉ាត់ថា លោកមិនទៅបោះឆ្នោតនោះទេ ហើយលោកក៏មិនលក់ឧត្ដមគតិនោះដែរ ទោះបីជាមានការអូស ទាញ និងប្រើមធ្យោបាយណាក៏ដោយ។ លោកនៅតែស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិ ជានិច្ច ទោះបីជាគណបក្សលោកត្រូវរំលាយចោលក្ដី។ «»
ក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលនៅខេត្តសៀមរាប និងនៅខេត្តកំពង់ចាមដែលចុះទៅជួប លោក ស៊ាង ចែត បដិសេធមិននិយាយជាមួយអាស៊ីសេរីនោះទេ ដោយប្រាប់ថា ជាប់រវល់ប្រជុំ។
លោក ស៊ាង ចែង ឲ្យដឹងថា តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះ គឺមានមន្ត្រីគណ បក្សប្រជាជនកម្ពុជាជាច្រើននាក់ តែងតែទំនាក់ទំនងដោយផ្ទាល់ និងមិនផ្ទាល់ ដើម្បីឲ្យលោកចុះ ចូលនិងសន្យាប្រគល់តួនាទីជាមេឃុំជូនលោកវិញ ប៉ុន្តែលោកតែងតែបដិសេធ។
ក្រៅពីលោក ស៊ាង ចែត នោះ មេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ នៅឃុំស្វាយទាប លោក ហេង ហ៊ន់ ក៏ត្រូវបានអាជ្ញាធរ គំរាមចាប់ខ្លួនលោកដែរ ដោយសារតែលោកបដិសេធមិនចុះចូលជា មួយគណបក្សកាន់អំណាច។ លោក ហេង ហ៊ន់ ឲ្យដឹងថា អាជ្ញាធរបានហាមលោកដើរទៅណាសូម្បីទៅហាងកាហ្វេក្តី ព្រោះខ្លាចលោកលួចប្រជុំរឿងមិនទៅបោះឆ្នោត។ លោកចាត់ទុកថា នេះ គឺទង្វើគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាពពួកគាត់ ដែលមើលទៅកម្ពុជាដូចកំពុងស្ថិតក្នុងរបប ផ្ដាច់ការ ព្រោះរំលាយគណបក្សប្រឆាំង ប្លន់យកដំណែងពួកគាត់ហើយ នៅបន្តធ្វើទុក្ខបុកម្នេញពួក គាត់ទៀត។ «»
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាមនៃគណបក្សសង្គ្រោះជាតិម្នាក់ លើកឡើងថា លោក ស៊ាង ចែត និងមេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិដទៃទៀត គឺសុទ្ធតែមានកេរ្តិ៍ឈ្មោះល្អ ដែលប្រជាពល រដ្ឋភាគច្រើនគោរពស្រលាញ់ ដូច្នេះគណបក្សប្រជាជនកម្ពុជា កំពុងប្រើវិធីសាស្ត្រលួងលោមផង និងគំរាមកំហែងផង ដើម្បីឲ្យពួកគាត់ចុះចូល ហើយបន្ទាប់មកពួកគេយកទៅផ្សព្វផ្សាយបោកប្រាស់ក្នុងបំណងឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ និងចេញទៅបោះឆ្នោតច្រើន។ ម្យ៉ាងទៀត ការចូលទៅជិតស្និតជាមួយសកម្មជន ឬអតីតមេឃុំគណបក្សប្រឆាំងបែបនេះ គឺគណបក្សកាន់អំណាច ចង់បង្កើតរូបភាពយល់ច្រឡំ និងធ្វើឲ្យគណបក្សប្រឆាំងលែងទុកចិត្តគ្នា។ «»
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាមឲ្យដឹងដែរថា មួយរយៈនេះ ក៏មានហ្វេសប៊ុក (Facebook) ក្លែងក្លាយមួយចំនួន បង្កើតឡើង និងដាក់រូបភាពរបស់ពួកគាត់ និងខ្លះទៀត បានបង្កើតក្រុមឆាតមួយ (Messenger Group) ក្នុងហ្វេសប៊ុក ហើយបញ្ចូល (Add)ពួកគាត់ចូលទៅក្នុងក្រុមនោះ ដោយសរសេរសារឬ ចែករំលែករឿងអាក្រក់ៗ ឬអ្វីដែលផ្ទុយពីច្បាប់ជាដើម។ លោកបារម្ភរថា បញ្ហានេះអាចជាយុទ្ធសាស្ត្រ អាក្រក់មួយ ដើម្បីធ្វើឲ្យសកម្មជន ឬថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ ដែលងាយស្រួលគេយកធ្វើជាភស្តុតាង និងចាត់ការតាមច្បាប់ ប្រសិនបើពួកគាត់ រឹងទទឹងមិនព្រមចុះចូលជាមួយគេ។ «»
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា គណបក្សកាន់ កំពុងព្យាយាមធ្វើនយោបា យដាក់អន្ទាក់មេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅតាមតំបន់ឲ្យចុះចូលជាមួយខ្លួន ដើម្បី ទាក់ទាញពលរដ្ឋឲ្យចេញទៅបោះឆ្នោតបានច្រើន ហើយករណីនេះ មិនចម្លែកឡើយ ព្រោះគណបក្សកាន់អំណាច តែងតែធ្វើនយោបាយចាស់គំរឹល គឺទិញទឹកចិត្ត និងសម្លុតជាដើម។ «»
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដ៏ចម្រូងចម្រាស នឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ដ៏ខ្លីខាងមុខ ដោយគ្មានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមដូចអាណត្តិមុនឡើយ ដោយ សារតែគណបក្សកាន់អំណាច បានរំលាយមុនការបោះឆ្នោតមកដល់។ សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកការបោះឆ្នោតនេះ គឺជាការបោះឆ្នោតក្លែងក្លាយ និងជាការបោះឆ្នោតបែបលេងសើច ដើម្បីឲ្យរបបលោក ហ៊ុន សែន បន្តក្ដោបក្ដាប់អំណាចតទៅទៀត។
ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សប្រឆាំង កាលពីចុងឆ្នាំ២០១៧មក គឺមេឃុំ-ចៅសង្កាត់ និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន បានរត់គេចខ្លួនទៅរស់នៅក្រៅប្រទេស និងមួយចំនួនទៀតរស់នៅលាក់ខ្លួននៅក្នុងប្រទេស ដោយសារតែអាជ្ញាធររបបលោក ហ៊ុន សែន តាមធ្វើទុក្ខបុក ម្នេញគ្រប់រូបភាព ដូចជាប្រើលុយទិញ បញ្ចុះបញ្ចូល ហើយបើទិញនិងបញ្ចុះបញ្ចូលមិនបាននោះ គឺពួកគេគំរាមកំហែង ហើយបើគំរាមនៅតែមិនខ្លាចនោះ គឺដំណាក់កាលចុងក្រោយរកលេសចោទ ប្រកាន់ និងចាប់ខ្លួនតែម្ដង។ ក្រៅពីការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយនោះ របបលោក ហ៊ុន សែន ក៏បានធ្វើទុក្ខបុកម្នេញនិងគំរាមកំហែងធ្ងន់ធ្ងរអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែរ។ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកទង្វើអាជ្ញាធរជាការល្មើសច្បាប់ និងរំលោភ សិទ្ធិមនុស្ស ហើយអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។