Quantcast
Viewing all 11174 articles
Browse latest View live

អ្នក​ធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរក្រហម និង​មន្រ្តី​សិទ្ធិមនុស្ស​​មើល​ឃើញ​ថា លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស ត្រង់​ចំណុច​មួយ​ចំនួន ដូច​របប​ខ្មែរក្រហម

Image may be NSFW.
Clik here to view.

ពលរដ្ឋ​ខ្មែរ តែង​តែ​សង្ឃឹម​ថា ក្រោយ​​របប​ខ្មែរក្រហម​ដួល​រលំ ពួក​គាត់​អាច​រស់នៅ​ក្នុង​របប​ថ្មី​មួយ​បាន​សុខ​ស្រួល ជាពិសេស​មាន​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ។ ក៏​ប៉ុន្តែ​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរក្រហម និង​មន្រ្តី​សិទ្ធិមនុស្ស​អន្តរជាតិ​មើល​ឃើញ​ថា នៅ​ពេល​នេះ លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស មាន​ចំណុច​មួយ​ចំនួន មិន​ខុស​ពី​របប​កុម្មុយនិស្ត​ខ្មែរក្រហម​ឡើយ។

ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​គម្រប់​ខួប ៤៣​ឆ្នាំ ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច និង​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ២​លាន​នាក់។

សូម​ចុច​ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ជុំវិញ​រឿង​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សាលាឧទ្ធរណ៍​បន្ត​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី

Image may be NSFW.
Clik here to view.

សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២ របស់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង​ពីររូប គឺ លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និង​លោក អ៊ួន ឈិន ជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ មេសា​នេះ។ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នករាយការណ៍​អាស៊ីសេរី និង​សង្គម​ស៊ីវិល យល់ថា ការ​បន្ដ​ឃុំខ្លួន​លោក​ទាំងពីរ ដោយ​ទាំង​រក​មិន​ឃើញ​ភស្តុតាង​នេះ ជា​ការ​រំលោភ​សេរីភាព។

លោក​មេធាវី កែវ វន្នី បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាន​សម្រេច​បន្ត​ឃុំខ្លួន លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា និង លោក អ៊ួន ឈិន ដោយ​លើក​យក​លេស​ថា ខ្លាច​អ្នក​ទាំងពីរ​រត់​ចេញទៅ​ក្រៅ​ប្រទេស ដែល​នាំ​ឲ្យ​ពិបាក​ដល់​នីតិវិធី​របស់​តុលាការ។

លោក​មេធាវី កែវ វន្នី បន្ដ​ថា ក្នុង​សវនាការ​សាលាឧទ្ធរណ៍​ចៅក្រម​ប្រឹក្សា​បាន​ប្រាប់​ទៅ​អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​ថា បទល្មើស​របស់​អ្នក​ទាំងពីរ​ជា​បទល្មើស​ដែល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ធ្ងន់ធ្ងរ។ លោក កែវ វន្នី ប្រាប់​ថា ក្នុង​សវនាការ​ក្រុម​ចៅក្រម​បាន​លើក​ពី​ក្ដី​បារម្ភ​រថា ដោយសារ​លោក យាង សុធារិន្ទ ជា​ខ្មែរ​ក្រោម កើត​នៅ​កម្ពុជា​ក្រោម ទើប​ចៅក្រម​បារម្ភ​ថា ប្រសិនបើ​មានការ​ដោះលែង ខ្លាច​លោក យាង សុធា​រិន្ទ រត់គេច​ទៅ​ប្រទេស​វៀតណាម។ «»

កាលពី​ថ្ងៃ​ទី​១៦ មីនា ក្នុង​សវនាការ​តុលាការ​កំពូល លើ​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​១ លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន បាន​ឆ្លើយ​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​យ៉ាង​ច្បាស់​ថា លោក​ទាំងពីរ​មិន​ដែល​បាន​ផ្ញើ​ព័ត៌មាន​សំងាត់​របស់​ជាតិ​ណាមួយ ទៅ​ឱ្យ​រដ្ឋ​បរទេស​ទេ គឺ​លោក​បាន​ឈប់​ធ្វើការ​តាំងពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី រង​សម្ពាធ បង្ខំ​ចិត្ត​ឱ្យ​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​មក​ម្ល៉េះ។

កាលណោះ ក្នុង​សវនាការ​តុលាការ​កំពូល ដែល​តុលាការ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ទាំងពីរ​បំភ្លឺ លោក យាង សុធារិន្ទ ទាមទារ​ឱ្យ​ដោះលែង​រូបលោក ព្រោះ​លោក​បាន​ផ្ដល់​លេខ​កូដ​សំងាត់​ទូរស័ព្ទ​ដៃ ហ្វេសប៊ុក និង​អ៊ីម៉ែល ឱ្យ​សមត្ថកិច្ច​អស់ហើយ ប៉ុន្តែ រក​មិន​ឃើញ​ភស្តុតាង​ថា លោក​បាន​លួច​បញ្ជូន​ព័ត៌មាន​សំងាត់​ឱ្យ​រដ្ឋ​បរទេស​ដូច​ការចោទប្រកាន់​ទេ។ លោក យាង សុធារិន្ទ ក៏​បាន​ប្រគល់​លិខិតឆ្លងដែន ឲ្យ​តុលាការ​ថែមទៀត ជៀសវាង​ការ​សង្ស័យ​ថា លោក​មាន​ចេតនា​លួច​រត់ចេញ​ក្រៅ​ប្រទេស។ ចំណែក​លោក អ៊ួន ឈិន អះអាង​ថា បន្ទប់​ជួល​នៅ​ក្នុង​ផ្ទះសំណាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក ធ្វើ​ឡើង​ដើម្បី​បើក​ជា​បន្ទប់​ច្រៀង​សិល្បៈ​លក្ខណៈ​គ្រួសារ ក្រោយពី​លោក​បាន​លាឈប់​ពី​វិទ្យុ​អាស៊ីសេរី។

លោក​មេធាវី កែវ វន្នី យល់​ថា ការ​បន្ដ​ឃុំខ្លួន ដោយ​សំអាង​ថា កូនក្ដី​លោក​ទាំងពីរ​បាន​ប្រព្រឹត្តិ​បទល្មើស​ប៉ះពាល់​ដល់​ជាតិ​ធ្ងន់ធ្ងរ គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​កូនក្ដី​លោក ខណៈ​ដែល​តុលាការ​រក​មិន​ឃើញ​ភស្តុតាង​ណា​បញ្ជាក់​ថា កូនក្ដី​របស់​លោក បាន​ផ្ញើ​ព័ត៌មាន​សំងាត់​របស់​ជាតិ​ឲ្យ​រដ្ឋ​បរទេស​ដូច​ការចោទប្រកាន់​ឡើយ។

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​ជាច្រើន ដូចជា​កុំព្យូទ័រ ម៉ូតូ​ជាច្រើន​គ្រឿង កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧។ គិត​មក​ដល់​ពេល​នេះ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំខ្លួន ជាង​៥​ខែ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​អតីត​អ្នករាយការណ៍​អាស៊ីសេរី ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់​ទុក​អ្នក​ទាំងពីរ​ជា​អ្នក​ទោស​នយោបាយ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ហេតុផល​របស់​សាលាឧទ្ធរណ៍​ក្នុង​ការ​បន្ត​ឃុំខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​បន្ត​ទៀត​នេះ គឺ​មិន​ខុស​ពី​ការ​បន្ត​ឃុំខ្លួន​សកម្មជន​ផ្សេងៗ​កន្លងមក​ទេ គឺ​តុលាការ​បាន​ប្រើប្រាស់ ហេតុផល​មិន​សម​ទំនង ក្នុង​ការ​បន្ត​ឃុំខ្លួន ទាំង​គ្មាន​រក​ឃើញ​ភស្តុតាង។ សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំងពីរ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​ឡើងវិញ។ «»

លោក​មេធាវី កែវ វន្នី ឲ្យ​ដឹង​ថា លោក​នឹង​ប្ដឹង​សាទុក្ខ​រឿង​នេះ ទៅ​តុលាការ​កំពូល​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្នើសុំ​ឲ្យ​កូនក្ដី​លោក​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​​ក្រសួង​មហាផ្ទៃ​ថា ការ​តាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស​​នាំ​ឲ្យ​បែកបាក់​ជាតិ

Image may be NSFW.
Clik here to view.

មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ អះអាង​ថា ចំណាត់​ការ​តាម​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ​រួម​ទាំង​លោក សម រង្ស៊ី គឺជា​ការ​បំបែកបំបាក់​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ នេះ ហាក់​ជា​ការ​ចំអក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​បាន​ព្រមាន​មិន​ដាច់​ពី​មាត់ ពី​ការ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​នេះ ជា​ច្រើន​លើក​ច្រើន​សា។ អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន អាច​នឹង​កំពុង​ព្យាយាម​ទប់​ស្ថានការណ៍ និង​កម្ដៅ​នយោបាយ មិន​ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ជាងនេះ​ទៀត ដើម្បី​ទុក​ច្រក​រក​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ខៀវ សុភ័គ ថា ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ធ្វើ​យុទ្ធនាការ​ការទូត​យ៉ាងសកម្ម​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​ថា គឺជា​ការ​យក​សាំង​មក​ចាក់​លើ​ភ្លើង ដើម្បី​ឲ្យ​បែកបាក់​ជាត​៖ «ហ្នឹងហើយ​ចាក់​សម្ដី​ពូ​ឲ្យ​អស់​អាស៊ីសេរី ហើយ​កុំ​កាត់​កុំ​កង​អី។ ជា​សំណួរ​ឌឺ យក​សាំង​ចាក់​លើ​ភ្លើង ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​បែកបាក់ ហើយ​យើង​អង្គុយ​មើល យើង​រស់នៅ​ប្រទេស​សេរី អ៊ីចឹង​ហើយ។ យើង​ល្អ សប្បាយ​ចិត្ត ស្រុក​យើង​កើត​សង្គ្រាម​ដូច​ស៊ីរី»

ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ បែប​នេះ ធ្វើ​ឡើង​ក្រោយពេល​អាស៊ីសេរី ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ជុំវិញ​ថា​តើ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​របស់​លោក មានបាន​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ណាមួយ តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន​លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ ដែល​បាន​មាន​វត្ត​មាននៅ​ទឹកដី​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ​ឬទេ ដូច​តាម​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មិន​ដាច់​ពី​មាត់ ជាច្រើនលើក​ច្រើន​សា​នោះ​ដែរ​ឬទេ។ ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ បែប​នេះ ហាក់​ជា​សារ​ទះ​កំភ្លៀង​មួយ​យ៉ាង​ចាស់ដៃ ទៅ​ចៅហ្វាយនាយ​របស់​លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ធ្លាប់​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ថា​ជា​ក្រុម​ភេរវករ ឬ​ក្រុម​ក្បត់ជាតិ ដែល​មិន​អាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត ហើយ​ត្រូវតែ​តាម​ចាប់ខ្លួន​ឲ្យ​បាន បើ​ហ៊ាន​ធ្វើ​សកម្មភាព​ណាមួយ​នៅ​ក្នុង​ទឹកដី​អាស៊ី​នោះ។

លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ «អ្នកខ្លះ​គឺ​អា​អ្នក​រត់​ចោលស្រុក​ហ្នឹង សម្ពាធ​សម្ពាធ​សម្ពាធ​! អញ្ជើញ​មក សម្ពាធ វា​ត្រូវ​ក្បាល ហ៊ុន សែន ហើយ។ សម្ពាធ​តិច​ប៉ះ​ខ្លួនឯង ហើយ​ខ្ញុំ​សុំ​ផ្តាំ​ណាស់ កុំ​មក​អាស៊ី​ឲ្យ​សោះ​។ សុំ​កុំ​មក​ក្បែរ​អាស៊ី​! បើ​អ្នកឯង​តាំង​ខ្លួន​ធ្វើជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់តែ​រួច។ ទាល់តែ​បាន​! ឥឡូវ​គេ​កំពុង​ប្រកាស​ខ្លួន​គេ​ជា​ភេរវករ​ហើយ​។ មិនមែន​គ្រាន់តែ​ជា​អង្គការ​ក្រៅច្បាប់​ទេ ជា​ភេរវករ​តែម្ដង។ ជា​អង្គការ​ភេរវកម្ម»

លោក ហ៊ុន សែន គូស​បញ្ជាក់​ដែរ​ថា កម្ពុជា​អាច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​បណ្ដា​ប្រទេស​ប្រទេស​នៅ​អាស៊ី ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​គ្រប់ពេលវេលា បើ​ហ៊ាន​ឈាន​ជើង​ជាន់​ទឹកដី​អាស៊ី។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ព្យាយាម​បដិសេធ​មិន​ឆ្លើយតប​ជុំវិញ​សំណួរ​អំពី​ចំណាត់​ការ​តាម​ចាប់ខ្លួន​នេះ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ហាក់​នៅ​ស្ងៀមស្ងាត់​មិន​ហ៊ាន​ធ្វើ​សកម្មភាព​តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដោយ​គ្រាន់តែ​ព្រមាន​ជា​ការ​កម្លា​បែបនេះ ទំនងជា​ការ​ព្យាយាម​ទប់​ស្ថានការណ៍ និង​កម្ដៅ​នយោបាយ មិន​ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ជាង​នេះ​ទៀត ដើម្បី​ទុក​ច្រក​រក​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ជាពិសេស​ក្រោយពី​មាន​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន ជាមួយ​នឹង​លោក ហ៊ុន សែន រួចមក ដែល​កាល​ណោះ​ជប៉ុន នៅតែ​បាន​ទទូច​ឲ្យ​របប​លោក ហ៊ុន សែន ពិចារណា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នា​ពេល​ខាងមុខនេះ។ លោក​បណ្ឌិត មាស នី លើកឡើង​ថា ទាំង​ជប៉ុន និង​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​សុទ្ធតែ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស មិន​ចង់​ធ្វើ​អ្វីមួយ​ឲ្យ​មិន​សម​ហេតុផល​ឡើយ ដែល​នាំ​ឲ្យ​បាត់បង់​ភាព​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ក្នុង​ការ​ធ្វើជា​អ្នក​សម្របសម្រួល​ឡើយ៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង ជួនកាល​វា​អាច​មាន​អ្វីមួយ​ដែល​គណបក្ស​កាន់អំណាច​កំពុង​ពិចារណា ដោយសារតែ​ការ​ជួប​គ្នា​ចុងក្រោយ​ជាមួយ​មន្ត្រី​ការទូត​ជប៉ុន។ ខ្ញុំ​សង្ឃឹម​ថា អ្នកនយោបាយ​នឹង​ចាប់ផ្ដើម​ទប់ខ្លួន​រៀងខ្លួន ដើម្បី​រក​មធ្យោបាយ​រក​ច្រកចេញ​ណាមួយ​ក្នុង​ពេល​មិនយូរប៉ុន្មាន​ខាងមុខ»

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ថា​តើ​របប​ក្រុងភ្នំពេញ មាន​បាន​ធ្វើការ​ស្នើសុំ​ជា​ផ្លូវការ​ណាមួយ​ដែរ​ឬទេ អំពី​ការ​ធ្វើ​បត្យាប័ន​ណាមួយ​នោះ ក៏ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ឡើយ។

បើ​ទោះ​បី​ជា​មានការ​ព្រមាន​របស់​លោក ហ៊ុន សែន អំពី​ការ​តាម​ចាប់ខ្លួន​នេះ ក៏ដោយ របប​លោក ហ៊ុន សែន ជាទូទៅ​តែងតែ​ស្ងប់ស្ងាត់​មិន​ធ្វើ​ចំណាត់ការ​នេះ​ឡើយ ជាក់ស្ដែង​រួម​ទាំង​ជាមួយ​ប្រទេស​បារាំង ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយគ្នា​នោះ។ ផ្ទុយ​ពី​ការ​លើកឡើង​បែប​កម្លា​របស់​លោក ហ៊ុន សែន នេះ របប​របស់​លោក កន្លងទៅ ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ឡើយ ដោយ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​ព្រំដែន​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​លោក សម រង្ស៊ី ចូល​ស្រុក​ឡើយ បើទោះបីជា​កាលណោះ លោក សម រង្ស៊ី ចង់​ជម្នះ​មក​ទទួលទោស​ទណ្ឌ​នៅ​កម្ពុជា​ក៏ដោយ។

នៅ​ពេល​មាន​វត្តមាននៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា ចលនា​ងើប​បះបោរ​នឹង​កើតមានឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខនេះ​ទេ។ លោក​ក៏បាន​អំពាវនាវ​ទៅកាន់​ពិភពលោក កុំ​ឲ្យ​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម និង​ទទួលស្គាល់​ការបោះឆ្នោត​ខាងមុខនេះ​ឲ្យ​សោះ ដោយ​លោក​អះអាង​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ប្រសិនបើ​ពុំ​មាន​វត្តមាន​បក្ស​សង្គ្រោះជាតិ។ លោក ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ការពារជាតិ​បដិសេធ​អាវុធ​ថៃ​ចាប់​បាន​នោះ​ដឹក​ចេញ​ពី​កម្ពុជា

Image may be NSFW.
Clik here to view.

ក្រសួង​ការពារជាតិ បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ថៃ​ដែល​បាន​ផ្សាយ​ថា អាវុធ​ជាច្រើន​ដែល​អាជ្ញាធរ​ថៃ​ចាប់​បាន កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​ត្រាត ដឹក​ចេញពី​កម្ពុជា​នោះ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន​ថា សារព័ត៌មាន​មួយ​ចំនួន​និង​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា អាវុធ​ទាំងនោះ ដឹក​ចេញពី​ម្តុំ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ គឺ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ព្រោះ​ថា​កម្ពុជា មិន​មាន​ការ​ប្រើ​អាវុធ​ប្រភេទ​នោះ​ទេ។

កាលពី​យប់​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ស្រុក ខ្លងយ៉ៃ ខេត្ត​ត្រាត ជិត​ព្រំដែន​ខេត្ត​កោះកុង បាន​ឃាត់​ម្ចាស់​រថយន្ត​តូយ៉ូតា​មួយ​​គ្រឿង ដែល​ដឹក​អាវុធ​ប្រភេទ កាំភ្លើង TEPY ប្រភេទ​កាំភ្លើង M16 ជាច្រើន​ដើម និង​កាណុង​ព្រមទាំង​ឧបករណ៍​កៃកាំភ្លើង ជាដើម ចេញ​ពី​កំពង់ផែ ចាឡាឡៃ (Chalalai) យក​ទៅ​ប្រគល់​ជូន​អតិថិជន។ ក៏​ប៉ុន្តែ​ជនសង្ស័យ ឈ្មោះ ចាយុទ្ធ ប្រាសស៊ឺត្រិត (Chayut Prasertrit) អាយុ ៥៣​ឆ្នាំ មិន​បាន​ប្រាប់​ពី​ប្រភព​អ្នកលក់ និង​អ្នក​ទិញ​អាវុធ​នោះ​នៅឡើយ​ទេ។

រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ថៃ ក៏​នៅតែ​មិនទាន់​វែកមុខ​ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​អាវុធ​ខុសច្បាប់​នេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ស្ទឹងត្រែង​ត្រូវ​គេ​ទន្ទ្រាន​ពេញ​ទំហឹង​បន្ទាប់​អស់​ព្រៃឈើ

Image may be NSFW.
Clik here to view.

ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ឋិត​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​លក់​យ៉ាង​ពេញ​ទំហឹង ក្រោយ​ពី​កាប់​យក​ឈើ​ធ្វើ​អាជីវកម្ម​អស់ទាំង​ស្រុង។ សហគមន៍​ថា គ្រឿងចក្រ ៥​គ្រឿង បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​ព្រៃ​សហគមន៍​នោះ ដើម្បី​បម្លែង​ជា​ដី​កម្មសិទ្ធិ​ជាង ១​ខែ​មក​ហើយ នៅ​ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ សម្ដែង​ក្តី​កង្វល់​ជា​ថ្មី​ទៀត ពី​អនាគត​ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​អាជីវកម្ម ជា​ប្រព័ន្ធ ដោយ​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ចំណាកស្រុក។

សហគមន៍​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច មិន​បាន​បំពេញ​តួនាទី​ការពារ​ព្រៃឈើ​នោះ​ទេ បែរ​ជា​ចាំ​យក​លុយ ពី​អ្នក​កាប់​ឈើ និង​ដឹកឈើ​តាម​ផ្លូវ។

ជនជាតិ​ដើម​ភាគតិច​កួយ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩ មេសារ ថា គ្រឿងចក្រ ៥​គ្រឿង បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​អស់ ៣០​ហិកតារ​ថ្មី​ទៀត នៅ​ចំណុច​អូរ​តាលាស់ និង​មាន​កម្មករ​ចំណាកស្រុក​ច្រើន​ក្រុម​បាន​បោះតង់​ស្នាក់នៅ ដណ្ដើម​គ្នា​កាប់​ព្រៃ​យក​ដី​លក់​កាន់​តែ​ខ្លាំង​ឡើង នៅ​បរិវេណ​ដី​ព្រៃ​សហគមន៍ ដែល​ពុំ​មាន​អាជ្ញាធរ​ណា​ចេញមុខ​ទប់ស្កាត់​នោះ​ទេ។

លោក​ថា មក​ទល់​ពេលនេះ​ព្រៃ​សហគមន៍​នោះ ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​ជា​កម្មសិទ្ធិ អស់​ប្រមាណ​ជាង ៣​ពាន់​ហិកតារ ហើយ​កំពុង​សម្រុក​កាប់​កាន់​តែខ្លាំង​ឡើង​នៅ​គ្រា​ដែល គណបក្សប្រឆាំង​ត្រូវ​រំសាយ​ចោល៖ «ឥឡូវ​គេ​កំពុង​ដណ្ដើម​ដី​គ្នា​ហើយ ជន​ចំណាកស្រុក​ខ្លះ​មកពី​ស្វាយរៀង និង​ខ្លះ​ទៀត​មកពី​កំពង់ចាម មក​ដណ្ដើម​គ្នា​ដូច​ឆ្កែ​ទាញព្រ័ត្រ។ ខាង​អាជ្ញាធរ​គាត់​ឈឺឆ្អាល​បន្តិច​ដែរ គឺ​ល្ងាច​ឡើង​គាត់​បើកឡាន​មក​យក​លុយៗ»

លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ ឲ្យ​ពលរដ្ឋ​កក់ក្ដៅ​ឡើយ ថែមទាំង​យក​តួនាទី​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ដដែលៗ ដែល​នាំ​ឲ្យ​ព្រៃ​អភិរក្ស​មួយ​នេះ​នៅតែ​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ នឹង​ត្រូវ​រលាយ​ទាំងស្រុង​នៅ​ពេល​ឆាប់ៗ​នេះ។

លោក​ស្ដីបន្ទោស ប្រធាន​សហគមន៍ និង​គណៈកម្មការ​សហគមន៍​នៅតែ​ធូរ​លុង​នៅឡើយ ក្នុង​ការ​ចុះ​ល្បាត និង អភិរក្ស​ព្រៃ​សហគមន៍ ដែល​បាន​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស៖ «ខ្ញុំ​បារម្ភ​ខ្លាំង​មែនទែន ខាង​ការពារ​ធនធានធម្មជាតិ​អត់​បាន មន្ត្រី​ខិលខូចៗ រួម​គំនិត​ជាមួយ​បទល្មើស​បាន​លុយ​ចែក​គ្នា​។ ពួក​មន្ត្រី​អស់ហ្នឹង​មិន​ធ្វើ​ដើម្បី​ជាតិ​ទេ មន្ត្រី​អស់ហ្នឹង​ជាន់ក​រាស្ត្រ ផ្ដាំផ្ញើ​ទៅ​សម្ដេច ហ៊ុន សែន ផង។ គ្មាន​ព្រៃ​ជ្រក​ម្លប់​ទេ ឥឡូវ​ដើរ​ជ្រក​ក្រោម​ដើម​ចន្ទី និង ក្រោម​ដើម​ចេក​អី​ទេ»

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (.៤៤៦,១៦​ហិកតារ​) ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងកសិកម្ម នៅ​ដើម​ឆ្នាំ​២០១៧។

មេឃុំ​ស្តីទី នៃ​ឃុំ​សំអាង លោក គាំ សារាំ ទទួលស្គាល់​ថា បទល្មើស​ព្រៃឈើ​នៅតែ​ជា​ក្តី​បារម្ភ តែ​អាជ្ញាធរ​ឃុំ​ពុំ​មាន​វិធានការ​ឲ្យ​ប្រសើរ​ណាមួយ ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ ហើយ​មន្ត្រី​ជំនាញ​តែងតែ​ចុះ​បង្ក្រាប​បទល្មើស​ច្រើន​ករណី​នេះ​ជា​ហូរហែ។ លោក​ថា អាជ្ញាធរ​ឃុំ​នឹង​មិន​ចុះហត្ថលេខា លើ​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ដែល​ឋិត​ក្នុង​ព្រៃ​អភិរក្ស​នោះ​ដាច់ខាត៖ «យើង​មិន​ដឹង​មនុស្ស​ដែល តែ​យើង​នៅតែ​ទប់ស្កាត់​រហូត ជូន​កាល​វា​លួច​កាប់។ ខ្ញុំ​តែងតែ​សហការ​បង្ក្រាប​រហូត​ទេ ដូចជា​កម្លាំង​ប្រដាប់អាវុធ និង​ពង្រឹង​សហគមន៍»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​អង្កេត​រឿង​នេះ ធ្លាប់​លើកឡើង​ថា លោក​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ចុះ​ចាប់​ជនល្មើស ឲ្យ​មក​ទទួលខុសត្រូវ និង​ដាក់​ទោស​ទណ្ឌ​តាមច្បាប់​ដែរ។ រីឯ​ជនល្មើស និង​អ្នកមាន​ឥទ្ធិពល​នៅ​តែ​មាន​ឱកាស​កាប់​ឈើ និង​ទន្ទ្រានព្រៃ​អភិរក្ស​យក​ដី​ជា​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រោះថ្នាក់​ចរាចរណ៍​បុណ្យ​ចូល​ឆ្នាំ ២០១៨​នេះ ថយ​ចុះ​ជាង​ឆ្នាំ​២០១៧

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​ថា រយៈពេល ១៨​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ មេសា គឺ​មុន និង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ មាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១៨​ករណី​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ១១៨​នាក់ និង​របួស​ចំនួន ៣៤៣​នាក់។

ចំនួន​នេះ​បាន​កើន​ឡើង​ចំនួន ៥៥​ករណី លើស​ពី​ថ្ងៃ​ធម្មតា ដែល​ជា​ថ្ងៃ​មិន​មាន​ពិធី​បុណ្យ ដោយ​គិត​ក្នុង​រយៈ​ពេល ១៨​ថ្ងៃ​ដូច​គ្នា​កាល​ពី​ខែ​មីនា​កន្លង​ទៅ គឺ​អ្នក​ស្លាប់​បាន​កើន​ឡើង ២០​នាក់ និង​របួស​ធ្ងន់​ស្រាល កើន​ជាង ១​រយ​នាក់។

ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរចចរណ៍​នេះ​ដែរ កាល​ពី​ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ឆ្នាំ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៥៥​ករណី ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ និង​របួស​ស្រាល និង​ធ្ងន់ ៨១​នាក់។ ចំនួន​នេះ​បាន​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៧។

កាល​ពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​មាន​ចំនួន ៩៥​ករណី មនុស្ស​ស្លាប់ ៤៣​នាក់ និង​រង​របួស​ស្រាល​ធ្ងន់​ប្រមាណ ១៨០​នាក់។

របាយការណ៍​​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មេសា​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ​ រួម​មាន បើកបរ​លើស​ល្បឿន​កំណត់​ មិន​គោរព​សិទ្ធិ​គ្នា ជែង​គ្នា បើកបរ​ទាំង​ភាព​ស្រវឹង​ មិន​ប្រកាន់​ស្តាំ  និង​បើកបរ​ទាំង​ងងុយ​ដេក​ជា​ដើម។

របាយការណ៍​​ដដែល បាន​បង្ហាញ​ថា​ រយៈ​ពេល ១​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៧​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៣.៥៣១​ករណី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១.៧៨០​នាក់​ និងរបួស​ចំនួន​ ៥.៥៣៩​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របប​លោក ហ៊ុន សែន ស្រូត​ដំឡើង​​តំណែង​កូន​ចៅ និង​មន្រ្តី​បក្ស ហើយ​បំពាក់​មេដាយ​អតីត​យុទ្ធជន ពេល​កៀក​បោះ​ឆ្នោត

Image may be NSFW.
Clik here to view.

ក្នុងរយៈពេលពីរថ្ងៃ​ជាប់ៗ គ្នា គឺ​ពី​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែ​មេសា មាន​ការ​តម្លើង​តំណែង ផ្តល់​គោរមងារ​កិត្តិយស ដល់​កូន​ចៅ និង​មន្រ្តី​បក្ស​កាន់​អំណាច​ជា​បន្ត​បន្តាប់ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ លោក ប៊ិន ឈិន ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ជំនួស​លោក សុខ អាន ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី​ បាន​ទទួល​គោរមងារ​កិត្តិយស​ជា “កិត្តិនីតិកោសល​បណ្ឌិត”។ លោក គាត ឈន់ ជា​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស និង​ជា​រអតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ដែល​សព្វថ្ងៃ​មាន​ងារ​ជា​កិត្តិសេដ្ឋា​បណ្ឌិត​ស្រាប់​ទៅ​ហើយ​នោះ ឥឡូវ​ត្រូវ​បាន​តម្លើង​ថ្នាក់​គោរមងារ​កិត្តិយស ទៅ​ជា “កិត្តិ​បរិរក្ស​បណ្ឌិត”។ អ្នកស្រី ម៉ែន សំអន ដែល​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ទទួល​គោរមងារ​ជា “កត្តិ​សង្កហបណ្ឌិត”។ ចំណែក​លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ៍កម្ម និង​សិប្បកម្ម ទទួល​បាន​ងារ​ជា “កិត្តិ​សេដ្ឋា​បណ្ឌិត” ស្រប​ពេល​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ទទួល​ងារ​​ជា​“អគ្គ​បណ្ឌិត​សភា​ចារ្យ”។

កូន​ប្រុស​ច្បង​របស់​លោក សុខ អាន ដែល​ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។​ ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ប្រសិន​បើ​ការ​តែង​តាំង​លោក សុខ ពុទ្ធិវុធ នា​ពេល​នេះ សមស្រប​ទៅ​តាម​សមត្ថភាព​ពិតប្រាកដ​របស់​លោក​មែន​នោះ នោះ​ការតែងតាំង​នេះ នឹង​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​ថ្លែង​ថា ការ​តែង​តាំង​នេះ​នឹង​ក្លាយ​ជា​ការ​ពង្រីក​បណ្ដាញ​សែស្រឡាយ​ប្រព័ន្ធ​គ្រួសារ​និយម ប្រសិនបើ​ធ្វើឡើង​ដោយ​មិន​ត្រូវ​តាម​ជំនាញ សមត្ថភាព និង​លក្ខខណ្ឌ​ប្រកួតប្រជែង​ពិតប្រាកដ​នោះ។

ចំណែក​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ឯ​ណោះ​វិញ បើ​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចុះ​ផ្សាយ​ថា កំពុង​បំពេញ​តួនាទី ក្នុង​ការ​ចុះ​បំពាក់​មេដាយ​ការពារ​ជាតិ ជូន​អតីត​យុទ្ធជន​រាប់​រយ​នាក់​ នៅ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​១៩ មេសា បើ​ទោះ​បី​ការងារ​ពាក់ព័ន្ធ​នឹង​អតីត​យុទ្ធជន​បែប​នេះ គួរ​តែ​ជា​ភារកិច្ច​របស់​មន្រ្តី​ខាង​ផ្នែក​កងទ័ព។ លោក ហ៊ុន ម៉ានី ក្លាយ​ជា​តំណាង​រាស្រ្ត កាល​ពី​ក្រោយ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទោះ​បី​លោក​មិន​ជាប់​ឆ្នោត​យ៉ាង​ក៏​ដោយ ព្រោះ​កាល​ណោះ​លោក​ឈរ​លេខ​រៀង​ទី​បួន ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តែ​បី​អាសនៈ​ប៉ុណ្ណោះ នៅ​ខេត្ត​កំពុង​ស្ពឺ។ ប៉ុន្តែ មន្រ្តី​ជាប់​ឆ្នោត​ក្នុង​ជួរ​គណៈបក្ស​កាន់​អំណាច ត្រូវ​លា​ឈប់​ពី​តំណែង ដើម្បី​ទុក​កៅអី​នេះ ឲ្យ​លោក ហ៊ុន ម៉ានី បាន​កាន់​តំណែង​ជា​តំណាង​រាស្រ្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​សង្គម​ស្នើឱ្យ​អាជ្ញាធរ​​​អនុវត្ត​ច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​​ជនជាតិ​ចិន​ ដែល​បង្ក​បញ្ហា​នៅ​កម្ពុជា​

Image may be NSFW.
Clik here to view.

អាជ្ញាធរខ្មែរ និងចិន នៅថ្ងៃព្រហស្បតិ៍ទី១៩ មេសានេះ បានប្តេជ្ញាបង្ក្រាបបទល្មើសប្រព្រឹត្តដោយជន​ជាតិ​​​ចិន​​​នៅលើទឹកដីកម្ពុជា។ អ្នក​ឃ្លាំមើល​សង្គម​ថ្លែង​ថា កម្ពុជាអាចបង្ក្រាបជនល្មើសជាជនជាតិចិន លុះត្រា​តែ​​អាជ្ញា​ធរ​ខ្មែរអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។

មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​​ក្រោយ​ជំនួប អគ្គស្នងការ​​នគរ​បាល​ជាតិ​កម្ពុជា លោក នេត សាវឿន និង​ក្រុម​​មន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ថា អគ្គនាយក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន លោក លាវ ជិនរ៉ុង (LIAO JINRONG) បាន​​ប្រកាសថា ចិន​ត្រៀម​ខ្លួន​ជានិច្ចដើម្បី​​សហការ​ជាមួយ​កង​កម្លាំង​​​កម្ពុជា​ក្នុង​ការ​ចាប់បញ្ជូន​​​​ជន​ជាតិ​ចិន​ទាំង​ឡាយ​​ណា ​​​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើ​ស​នៅ​កម្ពុជា​​ទៅ​ប្រទេសកំណើត​​វិញ​ ហើយ​ភាគី​ចិន​នឹងប្រឹង​ប្រែង​សហ​ការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​បន្តទៀត​ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់នៃ​​ប្រទេស​​ទាំង​ពីរ​។

លោក​បន្ត​ថា ខាង​មន្ត្រី​ចិន​ក៏​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​ដោយ​គ្មាន​ការ​យោគយល់​ចំពោះ​ជន​ជាតិ​ចិន​​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​លើ​ទឹក​ដី​កម្ពុជា និង​បាន​ណែនាំ​ដល់អ្នក​វិនិយោគ​ចិន​ដែល​កំពុង​រក​ស៊ី​នៅ​កម្ពុជា ត្រូវ​តែ​គោរព​ច្បាប់​​ ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​កម្ពុជា​ជា​ដាច់​ខាត​។

ការ​បញ្ជាក់​ពី​ជំហរជា​​ថ្មី​​ទៀត​របស់​រដ្ឋាភិបាល​ចិន​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​នៅកម្ពុជា​នេះ ធ្វើឡើង​បន្ទាប់​​ពី​មួយ​រយៈពេល​ចុង​ក្រោយ​នេះ វត្ត​មាន​ដ៏​ច្រើន​នៃ​ជាតិ​ចិន​លើ​ទឹក​ដី​កម្ពុជា​ បាន​ធ្វើ​ឱ្យពលរដ្ឋ​ខ្មែរ​ជា​ច្រើន​​លើក​ឡើង​ពី​ក្តីព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​ និង​ការ​ក្តោប​ក្តាប់​សេដ្ឋកិច្ច​នៅ​តាម​តំបន់​សំខាន់ៗ​​មួយ​ចំនួន​ ដូច​ជា នៅ​ខេត្ត​ព្រះសីហនុ សៀម​រាប និង​ក្រុង​ភ្នំពេញ​ជាដើម​។ លើសពី​នេះ អំពើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា និង​ការ​ចាប់​ជម្រិត​តាម​ប្រព័ន្ធអ៊ិនធើណិត​បង្ក​ឡើង​ដោយ​ក្រុម​ជន​ជាតិ​ចិនទាំង​នោះ បាន​ក្លាយ​​ជា​ក្តី​កង្វល់ដល់​​ពលរដ្ឋ​ខ្មែរ និង​ជា​ប្រធាន​បទ​នៃ​ការ​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ជាតិ​ និង​អន្តរ​ជាតិ។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី​ ថ្លែងថា កិច្ច​សហការគ្នា​រវាង​សមត្ថកិច្ច​កម្ពុជា និង​ចិន​ ក្នុង​​ការ​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ក៏​ប៉ុន្តែ​លោក​ថា អាជ្ញាធ​កម្ពុជា​ក៏​ត្រូវ​មាន​កាតព្វកិច្ច​មួយ​ខ្លួន​ឯងដែរ​ គឺ​ការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន មិន​ចាំបាច់​ទាល់​​​តែ​មាន​ការ​គាំទ្រ​ពីបរទេស​ឡើយ​។ លោក​ថា​ដើម្បី​អាច​ដោះស្រាយ​រឿង​នេះ​បាន លុះត្រា​តែ​អាជ្ញាធរ​នៃ​របបក្រុង​ភ្នំពេញ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឺង​ទៅលើ​ជន​អន្តោប្រវេសន៍​។

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន​ ជ័យ វិញ កត់​សម្គាល់​ថា រដ្ឋាភិបាល​ចិន​ បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ អំពី​ការ​គាំ​ទ្រ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​កម្ពុជា​លើ​ជន​ជាតិ​របស់​ខ្លួន​​​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នៅ​កម្ពុជា ក៏​ប៉ុន្តែ​បទល្មើស​ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​នេះ នៅ​តែ​កើត​មានឡើង​​ដដែល​ជា​ដដែលដូច្នេះ​លោក​ហាក់​មិន​សូវ​មាន​ជំនឿ​ថា កិច្ចសហការ​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​ណាស់។ លោក​យល់ឃើញ​ថា ការ​ប្រកាស​របស់​ចិន​នេះ អាច​គ្រាន់​តែ​ជា​សារ​មួយ​ដើម្បី​បង្ហាញ​ពី​ចេតនា​ល្អ​ក្នុង​​ទំនាក់​ទំនងអន្តរជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​ដែល​សំខាន់​គឺ​សមត្ថកិច្ចកម្ពុជា​ខ្លួន​ឯង​ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​ជន​ល្មើស​ បើ​ពុំ​ដូច្នោះ​ទេ កម្ពុជា​នឹង​ជាប់​ឈ្មោះ​ជា​ប្រទេស​ប្រមូល​ផ្តុំ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន។

នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​មន្ត្រី​រដ្ឋាភិបាលចិន​ប្រកាស​ពី​ជំហរ​​មិន​គាំទ្រ​ជន​ជាតិ​របស់​ខ្លួន​ ដែល​បាន​មក​រស់​ និង​​ប្រព្រឹត្ត​​បទល្មើសផ្សេងៗនៅ​លើ​ទឹក​ដីកម្ពុជា។ កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​ឯកអគ្គរដ្ឋ​ទូត​​ចិន​ប្រចាំ​កម្ពុជា លោក​ ស្យុង បូ (Xiong Bo) បាន​អះអាង​ថា រដ្ឋាភិបាល​ចិន​មិន​គាំទ្រ​​សកម្មភាព​ល្មើស​ច្បាប់​​បែប​នេះ​ឡើយ ហើយ​​​ចិន​ក៏​ប្រឆាំង​ដាច់​ខាត ចំពោះ​ជន​ជាតិរបស់​ខ្លួន​ណា ​ដែល​ជួល​ផ្ទះ ឬ​គ្រឹះស្ថាន​នៅ​កម្ពុជា​​​ ដើម្បី​ប្រព្រឹត្ត​បទល្មើស​​ឧក្រិដ្ឋ​​​ចាប់​ជម្រិ​ត​​តាម​ប្រព័ន្ធ​អ៊ិនធើណិត​ផង​ដែរ។

គិត​ចាប់តាំង​ពី​ឆ្នាំ​២០១២ ​មក យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់ ចំនួន .០០០​នាក់​ហើយ ដែល​​ត្រូវ​បាន​អាជ្ញា​ធរ​កម្ពុជា ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ ក្រោយពី​រក​ឃើញ​ថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​​បទល្មើស​ជំរិត​​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សុំ​ឲ្យ​ក្រសួង​អប់រំ ជួយ​អន្តរាគមន៍​ដល់​សាលា​មួយ ដែល​ថ្នាក់​មួយ​មាន​សិស្ស​តែ​ម្នាក់​គត់​

Image may be NSFW.
Clik here to view.

សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ស្នើសុំ​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ​នៅ​ក្នុង​អនុ​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​តាកែវ ដែល​កំពុង​ប្រឈម​នឹង​ការ​គ្មាន​សិស្សចូល​រៀន។ សំណើសុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​១៩ មេសា​ដោយ​រៀបរាប់​ថា បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​គ្រូប​ង្រៀន។ សំណើសុំ​នោះ​ត្រូវ​បាន​មន្ត្រី​ក្រសួង​អប់រំ​ទទួល​យក​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​សន្យា​ណា​មួយ​នៅ​ឡើយ​ទេ

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា បញ្ហា​ដែលកំពុង​កើត​ឡើង​ក្នុង​អនុវិ​ទ្យា​ល័យ​ខ្លា​គ្រហឹម ក្នុង​ខេត្ត​តាកែវនោះ គឺ​ថ្នាក់​ទី​៧ មាន​សិស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​កំពុង​រៀន​នៅ​ទី​នោះ​ ដែល​បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ទឹក​ចិត្ត​គ្រូ​បង្រៀន​នៅ​សាលា​នោះ។

អ្នក​ស្រី​បន្ត​ថា លើសពី​នេះ លោក​គ្រូ​អ្នក​គ្រូ​ត្រូវ​បង្រៀន​ច្រើន​មុខ​វិជ្ជា និង​បង្រៀន​លើស​ម៉ោង ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង​នោះ​ឡើយ​ ចំណែក​ឯ​មុខ​វិជ្ជា​ភាសា​អង់គ្លេស​វិញ គឺ​គ្មាន​គ្រូ​បង្រៀន​តែ​ម្តង។

អ្នក​ស្រី​អះអាង​ទៀត​ថា បញ្ហា​នេះ​ខាង​ក្រុម​គ្រូ​បង្រៀន​បាន​ស្នើ​ទៅ​ការិយាល័យ​អប់រំ​ស្រុក​ត្រាំកក់ និង​មន្ទីរ​អប់រំ​ខេត្ត​តាកែវ​ជា​ច្រើន​ដង​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ​ទេ។ អ្នក​ស្រី​ទទូច​ឱ្យ​ក្រសួ​ង​អប់រំ​​ចុះ​ពិនិត្យ​ករណី​ជា​បន្ទាន់ ដើម្បី​រក​ដំណោះ​ស្រាយ កុំ​ឱ្យ​ខាត​បង់​ធន​ធាន​គ្រូ​បង្រៀន​ និង​ខាត​បង់​ថវិកា​ជាតិ​ និង​សំខាន់​ជាង​នេះ​ទៀត​ គឺ​ដើម្បី​កុំ​ឱ្យ​អនុវិទ្យាល័​យនោះ​ត្រូវ​បិទទ្វារ។

អាស៊ីសេរី​បាន​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោក​ រស់ សាលីន ដើម្បី​សាកសួរ​អំពី​វិធាន​ការ​របស់​ក្រសួង​ជុំ​វិញ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

គ្រូ​បង្រៀន​ម្នាក់​នៃអនុវិទ្យាល័យ​ខ្លា​គ្រហឹម លោក ង៉ែត នាង អះអាង​ប្រាប់​អាស៊ី​សេរី​ថា សិស្ស​ថ្នាក់​ទី៧ នៃ​អនុវិទ្យាល័យ​របស់​លោក​ ពិត​ជា​មាន​តែ​ម្នាក់ពិត​​មែន។ លោក​ថា ​កាល​ពី​ដើម​ឆ្នាំសិក្សា សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​​ចូល​រៀន​មាន​ចំនួន​ ៦​នាក់​ ក៏​ប៉ុន្តែ​ពួក​គេ​បាន​ឈប់​រៀន​ជា​បន្ត​បន្ទាប់​ នៅ​សល់​តែ​​សិស្ស​ម្នាក់​ប៉ុណ្ណោះ​។ លោក​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ទឹក​ចិត្ត​របស់​ក្រុម​គ្រូ​បង្រៀន​ជា​ខ្លាំង ដោយ​ពួក​គាត់​មាន​អារម្មណ៍​ធុញ​ទ្រាន់ បាក់​ទឹក​ចិត្ត និង​ស្រងេះ​ស្រងោច ព្រោះ​មាន​តែ​ពីរ​នាក់​គ្រូ​ និង​សិស្ស​ក្នុង​ថ្នាក់​រៀន​នោះ

គ្រូ​បង្រៀន​រូប​នេះ​បន្ត​ថា សព្វថ្ងៃ​មាន​គ្រូ​បង្រៀន​ចំនួន ៥នាក់ ដែល​ទទួ​ល​ខុស​ត្រូវ​បង្រៀន​សិស្ស​ម្នាក់​នោះ​គ្រប់​​មុខ​វិជ្ជា។ លោក​អះអាង​ថា ចាប់​តាំង​ពីបង្កើត​ឡើង អនុវិទ្យាល័យ​ខ្លា​គ្រហឹម​នេះ មាន​សិស្ស​ចូល​រៀនថ្នាក់​ទី​៧ ជិត​មួយ​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ក៏​​ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​​ឆ្នាំ​នេះ បញ្ជី​ឈ្មោះ​​សិស្ស​ដែល​ការិយាល័យ​អប់​រំ​ស្រុក​បញ្ជូន​មក​ឱ្យ​សាលា​មាន​សិស្ស​តែ​ជាង ១០​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះចូល​រៀន​មាន​ចំនួន​ ៦នាក់​ និង​ថយចុះ​សល់​តែ​ម្នាក់​គត់​នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា បញ្ហា​នេះ​អាច​បណ្តាល​មក​ពីនៅ​តំបន់​នោះ​មាន​អនុវិទ្យាល័យ​ច្រើន​ ហើយ​អនុវិទ្យាល័យ​ខ្លា​គ្រហឹម​នៅ​ដាច់​ពី​គេ និ​ង​មិន​មាន​ការ​រៀបចំ​ត្រឹម​ត្រូវ។

អនុវិទ្យាល័យ​ខ្លា​គ្រហឹម​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ២០០២ ដោយ​ផ្តាច់​ចេញ​ពី​វិទ្យាល័យ សុខ អាន ១ ឧសភា។ សាលា​នេះ​មាន​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​អប់រំ​សរុប ១០​នាក់។ នៅ​ឆ្នាំ​នេះ សិស្ស​ថ្នាក់​ទី​៩ មាន​ចំនួន​ជិត ៤០នាក់ ថ្នាក់​ទី៨ ជាង ៣០នាក់ និង​ថ្នាក់​ទី៧ មាន​តែ​ម្នាក់​គត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន មិន​បាន​សួរ​នាយករដ្ឋ​មន្រ្តី​វៀតណាម រឿង​លោក សម រង្ស៊ី ឡើយ

Image may be NSFW.
Clik here to view.

ជុំវិញ​ការ​បង្ហើ​សារ​ព្រមាន ដែល​គ្រាន់តែ​​ជា​ការ​កម្លា​នេះ​ដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​កុហក​មួយ​ករណី​ទៀត ព្រោះ​លោក​មិន​បាន​សួរ​នាំ​នាយករដ្ឋមន្រ្តី​វៀតណាម​លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) រហូត​ដល់​ទៅ​ពីរ​លើក ជុំវិញ​ព័ត៌មាន ដែល​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន អះអាង​ថា បាន​ទទួល​ពី​ទំព័រ​ហ្វេសប៊ុក​ជន​អនាមិក ហើយ​យក​មក​ចុះ​ផ្សាយ​បន្ត​យ៉ាង​គគ្រឹក ដោយ​ចោទ​ថា លោក សម រង្ស៊ី បាន​លួច​ចរចា​ស្ងាត់ៗ ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​វៀតណាម រឿង​ព្រំដែន កាល​ពី​ជិត ១៥​ឆ្នាំ​មុន។ មន្រ្តី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា រឿង​នេះ​គឺ​រឿង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់។ ដូច្នេះ​លោក​មិន​បាន​ដឹង​ទេ៖ «អាហ្នឹង​ជា​នយោបាយ​របស់​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ។ ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​អី​ទេ។ យើង​មិន​បាន​ដឹង​ថា តើ​គាត់​បាន​ជួប​គ្នា​ហើយ គាត់​បាន​និយាយ​គ្នា ឬ​មួយ​យ៉ាង​ម៉េច ខ្ញុំ​មិន​បាន​ដឹង​រឿង​ហ្នឹង​ណា៎»

ក្រោយ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ដែល​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ហៅ​ថា ជា​រោងច​ក្រផលិត​ព័ត៌មាន​ក្លែងក្លាយ បាន​ចុះ​ផ្សាយ​អត្ថបទ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ជន​អនាមិក​ខាង​លើ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា នៅ​ឯ​ខេត្ត​កំពង់​ចាម បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ត​តាំង​រឿង​នេះ ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម ដើម្បី​ឲ្យ​ដឹង​ស​ខ្មៅ៖ «ខ្ញុំ​នឹង​សួរ​មេ​ដឹក​នាំ​វៀតណាម​លើ​រឿង​នេះ កាល​ហ្នឹង​និយាយ​គ្នា​ពី​អី។ ខ្ញុំ​នឹង​សួរ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ថា តើ​ពេល​ហ្នឹង​គេ​និយាយ​ពី​អី? មើ​មិត្ត​វៀតណាម​ស្មោះត្រង់​ជាមួយ​ខ្ញុំ ជាមួយ​កម្ពុជា​ពិត​ប្រាកដ តើ​ពេល​ដែល​លោក​ហ្នឹង គាត់​ទៅ​ទស្សនកិច្ច​នៅ​ហាណូយ នៅ​តៃនិញ និយាយ​ពីអី​ខ្លះ ប្រសិនបើ​វៀតណាម​ស្មោះត្រង់​ជាមួយ​ខ្ញុំ»

ពីរថ្ងៃក្រោយមក លោកបានទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្រ្តាលី នៅ​ថ្ងៃ​ទី​១៧-១៨ ខែ​មីនា ដែល​មាន​វត្ត​មាន​នាយករដ្ឋមន្រ្តី​វៀតណាម​ដែរ។ បន្ទាប់​មក​ទៀត នៅ​ចុង​ខែ​មីនា គឺ​ពី​ថ្ងៃ​ទី​៣០ ដល់ ៣១ មីនា លោក​បាន​ទៅ​ជួប​នាយករដ្ឋមន្រ្តី​វៀតណាម​ម្តង​ទៀត ពេល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​៦ នៅ​ទីក្រុង​ហាណូយ។ ប៉ុន្តែ លោក​មិន​បាន​សួរ​នាយករដ្ឋ​មន្រ្តី​វៀតណាម រឿង​លោក សម រង្ស៊ី នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"អ្នក​នយោបាយ​​បក្ស​ជាប់​ឆ្នោត​ហាក់​មិន​បម្រើ​​ពលរដ្ឋ​​តាម​គោល​នយោបាយ​បក្ស​ដែល​​សន្យា"

Image may be NSFW.
Clik here to view.

ប្រជា​ពលរដ្ឋ​ភាគ​ច្រើន បាន​ចូលរួម​ដំណើរការ​បោះ​ឆ្នោត​ជាង ២០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​កម្ពុជា​បាន​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ដែល​មាន​អាណត្តិ ៥​ឆ្នាំ បោះ​ឆ្នោត​ម្ដង។ ឥឡូវ​នេះ​កម្ពុជា កំពុង​តែ​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ នៅ​ខែ​កក្កដា​ខាង​មុខ​ដ៏​ខ្លី។ ក៏​ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា អ្នក​នយោបាយ​មក​ពី​គណបក្ស​ជាប់​ឆ្នោត ហាក់​មិន​បាន​បម្រើ​ប្រជា​ពលរដ្ឋ​ទៅ​តាម​គោល​នយោបាយ​បក្ស ដែល​បាន​សន្យា​នៅ​មុន​ពេល​បោះ​ឆ្នោត​ឡើយ។

សូម​ចុច​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា អំពី​ព័ត៌មាន​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​បរិស្ថាន បារម្ភ​ពី​បញ្ហា​ភព​ផែន​ដី បង្ក​ឡើង​ពី​ការ​កាប់​ព្រៃ​ឈើ ប្រើប្រាស់​ថង់​ប្លាស្ទីក និង​ការ​បំពុល​ផ្សេងៗ

Image may be NSFW.
Clik here to view.

អ្នកជំនាញផ្នែក​បរិស្ថាន ព្រួយបារម្ភ​អំពី​វិបត្តិ​របស់​ភព​ផែន​ដី ដែល​បង្ក​ឡើង​ដោយសារ​តែ​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ កង្វះ​សមត្ថភាព​គ្រប់គ្រង​កាក​សំណល់ កំណើន​ប្រើប្រាស់​ថង់​ប្លាស្ទិក ព្រមទាំង​ការ​បំពុល​ទឹក និង​បរិយាកាស​តាម​រូបភាព​ផ្សេងៗ ជា​ដើម។ ការ​ព្រួយបារម្ភ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក ស្តីពី​ភព​ផែន​ដី​លើក​ទី​៤៨ (World Earth Day) ដែល​ត្រូវ​នឹង​​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បីរំឭក​នឹក​គុណ​របស់​ភព​ផែន​ដី។

ទិវា​ភព​ផែន​ដី​ថ្ងៃ​ទី២២ ខែ​មេសា គឺ​មាន​គោលដៅ​សំខាន់​ដូច​គ្នា​នឹង​ទិវា​បរិស្ថាន​ពិភព​លោក ថ្ងៃ​ទី​៥ ខែ​មិថុនា​ដែរ គឺ​សំដៅ​ទប់​ស្កាត់ ការពារ និង​ថែរក្សា​បរិយាកាស​ធម្មជាតិ​របស់​ភព​ផែនដី​ពី​ការ​បំពុល​និង​បំផ្លាញ​តាម​រូបភាព​ផ្សេងៗ ដើម្បី​ទុក​ជា​ជម្រក​សុខសាន្ត​សម្រាប់​មនុស្ស​និងសត្វ​ផង​ទាំង​ឡាយ។

ប្រធាន​កម្មវិធី​បរិស្ថាន និង​កសិកម្ម នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក ហ៊ុក ម៉េង ហ៊ន មាន​ប្រសាសន៍​ថា ទិវា​ភព​ផែន​ដី​នៅ​ឆ្នាំ​នេះ គឺ​នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​ស្តីពី​ការ​បញ្ចប់ ជាតិ​បំពុល​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក។ លោក ហ៊ុក ម៉េងហ៊ន មើល​ឃើញ​ថា ភព​ផែន​ដី​នៃ​ប្រទេស​កម្ពុជា កំពុង​តែ​ជួប​នៅ​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា ការ​ប្រែប្រួល​អាកាស​ធាតុ ការ​កើន​ឡើង​កម្តៅ ផែនដី ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​របប​លោក ហ៊ុន សែន និង​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់​រូប។ លោក​បញ្ជាក់​ថា បញ្ហា​ទាំង​អស់​នេះ វា​បង្ក​ឡើង​ដោយសកម្មភាព​នានា របស់​មនុស្ស៖ «ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​ភព​ផែន​ដី​យើង​នេះ មាន​ការ​ប្រែប្រួល ដែល​មាន​ន័យ​ថា តំបន់​មួយ​ចំនួន​ប្រឈម​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ ការ​ហូរ​ច្រោះ ទាំង​ការ​បំពុល​ជា​ដើម។ ការ​បំពុល​បរិស្ថាន គឺ​មាន​ទាំង​សមុទ្រ ដី ហើយ​នឹង​ក្នុង​ទឹក ដូចជា រឿង​ថង់​ប្លាស្ទិក​ជាដើម។ យើង​ត្រូវ​តែ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង ដើម្បី​លុប​បំបាត់​ការ​បំពុល​បរិស្ថាន ហើយ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ដើម្បី​ឲ្យ​បរិស្ថាន​កម្ពុជា និង​ពិភពលោក​ទាំង​មូល​មាន​ភាព​ល្អ​ប្រសើរ»

លោក ហ៊ុក ម៉េងហ៊ន ជំរុញ​ឲ្យ​រដ្ឋាភិបាល ​បង្កើត និង​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្លាស្ទិក ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្លាស្ទិក ការ​ប្រើ​ថង់​ប្លាស្ទិក និង​ត្រូវ​កែច្នៃ​ថង់​ប្លាស្ទិក​ដែល​ប្រើ​រួច​ឡើង​វិញ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​ចំពោះ​បរិស្ថាន ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ វិស័យ​ទេសចរណ៍ និង​សុខភាព​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន«ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​ក្រសួង​បរិស្ថាន បន្ត​រៀបចំ​ទិវា​នេះ ជា​រៀង​រាល់​ឆ្នាំ ហើយ​និង​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ឲ្យ​កាន់​តែ​មាន​រូបភាព​ទូលំទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​របៀប​ទុក​ដាក់​កាក​សំណល់ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។ ទន្ទឹម​គ្នា​នេះ អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល មាន​ផែនការ​យុទ្ធសាស្ត្រ និង​បេសកម្ម​របស់​ខ្លួន ក្នុង​ការ​អនុវត្ត និង​ការ​ចូលរួម​ចំណែក​ចំណុច​ចំនួន ៣​សំខាន់ៗ។ ទី១ គឺ​ចូលរួម​បង្កើត​គោល​នយោបាយ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន។ ទី២ ចូលរួម​តាម​ដាន និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោបាយ និង​ទី៣ ពង្រីក​ការ​ផ្សព្វផ្សាយ​ដល់​សារធារណជន​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង»

ថង់​ប្លាស្ទិក ជ័រ​ស្នោ កំប៉ុង​ជ័រ កំពុង​ក្លាយ​ជា​មធ្យោបាយ​មួយ​ប្រើប្រាស់​សម្រាប់​ខ្ចប់​ចំណី​អាហារ ឬ​របស់​ផ្សេងៗ បន្ទាប់​មក​ក៏​ក្លាយ​ជា​សំរាម​បាន​បន្សល់​ទុក​ស្ទើរ​គ្រប់​ទី​កន្លែង។ សម្ភារៈ​ជ័រ​នោះ​បង្ក​ការ​ខូច​ខាត​សោភណភាព​ទី​សាធារណៈ​នៅ​លើ​ដី តែ​បើ​វា​កប់​ក្នុង​ដី ឬ​ប្រឡាយ វា​មិន​ងាយ​​រលាយ​ឡើយ និង​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ទឹក​ហូរ។ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ដុត គឺ​ឧស្ម័ន​ហុយ​ចេញ​ពី​​ការ​ដុត​នោះ ធ្វើ​ឲ្យ​ស្រទាប់​អូហ្សូន​ធ្លុះធ្លាយ​នាំ​ឲ្យ​ផែនដី​ឡើង​កម្ដៅ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​បរិស្ថាន​ និង​អ្នកស្រាវ​ជ្រាវ ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​អំពី​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​កន្លង​មក បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ថង់​ផ្លាស្ទិក​មិន​តិច​ជាង ១០​លាន​ថង់​ទេ​ក្នុង​មួយ​ថ្ងៃៗ។ ចំនួន​នេះ គឺ​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន។ ការ​ប្រើ​ប្រាស់​ថង់​បា្លស្ទិក​អាច​បង្ក​ហានិភ័យ​ផ្នែក​បរិស្ថាន និង​ធ្វើ​ឲ្យ​ខូច​ដល់​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ក៏ដូច​ជា​សត្វ។ ជា​រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​នេះ។

ស្ថាបនិក​សាលាដូង និង​ជា​សកម្មជន​បរិស្ថាន លោក អ៊ុក វណ្ណដេ ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​សំរាម​នោះ និយាយ​ថា ដើម្បី​បញ្ចៀស​មហន្តរាយ​នៃ​ភព​ផែន​ដី​នោះ គឺ​ពលរដ្ឋ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើ​រដ្ឋាភិបាល​នោះ​ទេ ពោល​គឺ​ប្រជា​ពលរដ្ឋ​អ្នក​ប្រើប្រាស់ រដ្ឋាភិបាល និង​វិស័យ​ឯកជន​ចាំបាច់​ត្រូវ តែ​មាន​ចំណេះ​ដឹង និង​ធ្វើ​ការ​រួម​គ្នា៖ «បើ​និយាយ​ពី​ការ​ចូលរួម​របស់​ប្រជាជន ឬ​រដ្ឋាភិបាល​នោះ គឺ​ត្រូវ​ការ​ចំណេះ​ដឹង ព្រោះ​ការ​ចូលរួម​ណា ដែល​ខ្វះ​ចំណេះ​ដឹង គឺ​នាំ​តែ​ខាត​ពេល​វេលា​នោះ​ទេ។ ជា​មតិ​យោបល់​ខ្ញុំ គឺ​សព្វថ្ងៃ​នេះ ខ្ញុំ​បាន​ប្រើប្រាស់​សំរាម​ជា​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​ផ្ទះ ជា​សាលា​រៀន ក្លាយ​ជា​តំបន់​លេង​របស់​ក្មេង និង​ក្លាយ​ជា​រឿង​កសិកម្ម​ចិញ្ចឹម​មាន់​ជា​ដើម។ យើង​ត្រូវ​បង្រៀន​កុមារ​តូចៗ ឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍​របស់​សំរាម។ សំរាម​នេះ វា​មាន​ប្រយោជន៍​មែនទែន បើ​ប្រៀបធៀប​នឹង​មនុស្ស​មួយ​ចំនួន ដែល​បោះ​សំរាម​ចោល។ សំរាម​អាច​កែ​ឆ្នៃ​បាន​ច្រើន ប៉ុន្តែ​មនុស្ស​យើង​ខ្វះ​ចំណេះ​ដឹង​ក្នុង​ការ​កែ​ឆ្នៃ​សំរាម ឬ​ខ្វះ​សម្ភារៈ​ទំនើបៗ កែ​ឆ្នៃ​សំរាម​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍។ ទី​នេះ គឺ​ប្រទេស​កម្ពុជា ដែល​ប្រជា​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ខ្លាំង​អំពី​បញ្ហា​ភព​ផែន​ដី។ ដូច្នេះ​គាត់​ថា រឿង​នេះ គឺ​ជា​រឿង​ធម្មតា»

ដើម្បី​ចូលរួម​ទិវា​ភព​ផែន​ដី​នេះ​ដែរ លោក អ៊ុក វណ្ណដេ បាន​ចំណាយ​ពេល​ជិះ​កង់​ចម្ងាយ​ជាង ១​ពាន់ ២​រយ​គីឡូម៉ែត្រ ឆ្លង​កាត់ ៧​ខេត្ត ដើម្បី​ផ្សព្វផ្សាយ និង​ជួយ​អប់រំ​ពលរដ្ឋ​តាម​ភូមិ​ស្រុក​នានា ឲ្យ​យល់​ដឹង​ពី​របៀប​ទុក​ដាក់​សំរាម និង​កែ​ឆ្នៃ​សំរាម ដូច​ជា សំបក​ដប និង​ប្លាស្ទិក​ផ្សេងៗ ឲ្យ​ក្លាយ​ជា​របស់​មាន​ប្រយោជន៍​សម្រាប់​ប្រើប្រាស់ និង​ចូលរួម​ការពារ​បរិស្ថាន និង​ភព​ផែន​ដី៖ «សម្រាប់​ឥឡូវ​នេះ យើង​នៅ​អាច​ទប់ទល់​បាន។ ប៉ុន្តែ​បើ​ប្រាំ​ឆ្នាំ​ទៀត យើង​សង្កេត​មើល​របៀប​ចាត់ចែង​របស់​រដ្ឋាភិបាល ឬ​គាត់​គ្មាន​កំណែ​ទម្រង់​ពិសេស​ណា​មួយ ហើយ​កំណែ​ទម្រង់​មាន​តែ​នៅ​លើ​ក្រដាស ហើយ​អត់​មាន​ការ​អនុវត្ត​នោះ គឺ​រយៈ​ពេល ៥​ឆ្នាំ​ក្រោយ វា​គឺ​ជា​រឿង​លំបាក​របស់​ប្រទេស​កម្ពុជា​ទាំង​មូល ដោយសារ​តែ​ប្រទេស​មាន​ការ​កាប់​ព្រៃ​ឈើ និង​ចោល​សំរាម​ផ្តេសផ្តាស់។ ហើយ​បើ​ប្រជា​ពលរដ្ឋ​អត់​ចូលរួម​ទៀត គឺ​រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ»

បន្ទាប់ពី​ការ​ប្រើប្រាស់​ប្លាស្ទិក​រាយប៉ាយ និង​ការ​បំពុល​ផ្សេងៗ ដូចជា រោងចក្រ​ឧស្សាហកម្ម និង​យានយន្ត​ជា​ដើម ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​ទៅ​ជា​វាល​រហោឋាន ក៏​ជា​ប្រភព​ដ៏​ចម្បង​ដែរ ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ប្រែប្រួល និង​ញ៉ាំង​ឲ្យ​ភព​ផែនដី​កាន់​តែ​មាន​កម្ដៅ​កើន​ឡើង។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​សកម្មជន​បរិស្ថាន​ដ៏​ល្បី លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ព្រៃ​ឈើ គឺ​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​ផែន​ដី និង​អាកាសធាតុ ដោយ​ស្រូប​យក​ឧស្ម័ន​ពុល​កាបូនិក​មិន​ឱ្យ​មាន​បរិមាណ​ច្រើន​ហួស​កម្រិត​ទៅ​ក្នុង​បរិយាកាស។ ប៉ុន្តែ លោក​សម្តែង​ការ​សោក​ស្តាយ​ដោយសារ​តែ​រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ៖ «យើង​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​ជំនន់ ហើយ​មាន​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​ធ្ងន់ធ្ងរ​ច្រើន​យ៉ាង​ផ្សេងៗ ទៀត ឬ​ច្រើន​ជាង​កាល​ពី ១០​ទៅ ២០​ឆ្នាំ​មុន ដោយសារ​យើង​បាត់បង់​ព្រៃ​ឈើ បាត់បង់​ធនធាន​ធម្មជាតិ និង​ការ​រុក​រក​រ៉ែ។ ទន្ទឹម​គ្នា​នេះ យើង​ឃើញ​ហើយ​ទឹក​ស្ទឹង​មួយ​ចំនួន ត្រូវ​បាន​រីង​គោក ក៏​ដូច​ជា​ទឹក​ទន្លេ​មួយ​ចំនួន បាន​ស្រក ដែល​នាំ​ឲ្យ​ខ្វះ​ខាត​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់ ស្រោចស្រព​ផល​ដំណាំ​នៅ​ស្រែ​ចម្ការ​របស់​ពួក​គាត់»

លោក អ៊ូច ឡេង ហ៊ាន​អះអាង​ថា គម្រប​ព្រៃ​ឈើ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​នៅ​សេសសល់​ចន្លោះ ២០​ភាគ​រយ​ប៉ុណ្ណោះ។ លោក​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ជា​ពិសេស សហគម​អ៊ឺរ៉ុប ចិន និង​ជប៉ុន​ជាដើម ត្រូវ​តែ​បញ្ឈប់​ការ​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម ដែល​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា។

ទិវា​ភព​ផែនដី (World Earth Day) គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក គឺ​លោក ហ្កេយឡដ នែលសុន (Gaylord Nelson) នៃ​រដ្ឋWisconson នៅ​ថ្ងៃ​ទី ​២២ ខែ​មេសា ឆ្នាំ​១៩៧០ ដោយ​មាន​មហាជន​អាមេរិក​ប្រមាណ ២០​លាន​នាក់ ចូល​រួម​ដើរ​ក្បួន​នៅ​តាម​ទីក្រុង​នៃ​រដ្ឋ​នានា បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​វិបត្តិ​បរិស្ថាន និង​ទាមទារ​ឱ្យ​ដោះស្រាយ​នូវ​បញ្ហា​ជា​មូលដ្ឋាន រួម​មាន​ការ​បំពុល​ទឹក និង​ខ្យល់​អាកាស​ជាដើម។ បន្ទាប់​មក ​នៅ​ក្នុង​ឆ្នាំ​១៩៧១ អង្គការ​សហ​ប្រជាជាតិ​បាន​ផ្ដើម​ប្រារព្ធ​ទិវា​ភព​ផែនដី​ជា​លើក​ដំបូង ហើយ​នៅ​ឆ្នាំ​១៩៧២ កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហ​ប្រជាជាតិ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នានា ដើម្បី​ត្រួត​ពិនិត្យ និង​អនុវត្ត​គោលការណ៍​ដោះស្រាយ​បញ្ហា​បរិស្ថាន​ថ្នាក់​ជាតិ និង​អន្តរជាតិ តាម​រយៈ​រូបភាព និង​សកម្មភាព​ផ្សេងៗ។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន លើក​ឡើង​ថា ការ​បញ្ជ្រាប​ឲ្យ​មនុស្ស​យល់​ដឹង អំពី​ផល​ប៉ះពាល់​នៃ​ជាតិ​ប្លាស្ទិក និង​ចេះ​ស្រលាញ់​ធម្មជាតិ គឺ​ជា​រឿង​សំខាន់​បំផុត។ បើ​មនុស្ស​ទាំង​អស់​ព្រម​បោះ​ចោល​គ្រឿង​ប្លាស្ទិក​ទៅ​ប្រើ​ប្រាស់​ស្លឹក​រុក្ខជាតិ ឬ​ក្រដាស​វេច​ខ្ចប់​សម្ភារៈ​នោះ គឺ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ្នក​ស្រែ​ចម្ការ​ដែល​ដាំ​ឈូក ដាំ​ចេក ទទួល​បាន​ចំណូល​ពី​ការ​លក់​ស្លឹក​វា ហើយ​បរិស្ថាន​ក៏​មិន​កខ្វក់​ដោយសារ​ប្លាស្ទិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទណ្ឌិត ២២៨​នាក់ ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​បុណ្យ​ពិសាខ​បូជា

Image may be NSFW.
Clik here to view.

ក្រសួង​យុត្តិធម៌​នឹង​ពិនិត្យ​សំណើ​សុំ​បន្ធូរបន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​ចំនួន ២២៨​នាក់ នៅ​ដើម​សប្តាហ៍​ក្រោយ​សម្រាប់​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា។ ទណ្ឌិត​សរុប ២២៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៨​នាក់ កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​ក្រុង​ចំនួន ១៨ និង​មណ្ឌល​អប់រំ​កែ​ប្រែ​ចំនួន​៤ បាន​ស្នើសុំ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស។

កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មីៗ នេះ ក្រសួង​យុត្តិធម៌​បាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ៥០​នាក់ ក្នុង​ចំណោម​ទណ្ឌិត​ដែល​បាន​ស្នើសុំ​ចំនួន ៣២១​នាក់។ ក៏​ប៉ុន្តែ​ទណ្ឌិត​ទាំង ៥០​នាក់ មិន​មាន​ក្រុម​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដូចជា អ្នកស្រី ទេព វន្នី ឡើយ។

មន្រ្តី​សង្គម​ស៊ីវិល​បាន​រិះគន់​របប​លោក ហ៊ុន សែន ជា​ពិសេស​ករណី​មិន​ដោះ​លែង​អ្នកស្រី ទេព វន្នី ដែល​ជាប់​ពន្ធគានារ​អស់​រយៈ​ពេល​ពីរ​ភាគ​បី​នៃ​ទោស​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី ដែល​មាន​រយៈ​ពីរ​ឆ្នាំ​កន្លះ។

ជា​គោលការណ៍​ច្បាប់ ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ត្រូវ​អនុវត្ត​ទោស​ឱ្យ​បាន ១​ភាគ ៣ សិន។ ចំណែក​ឯ​ទណ្ឌិត​សុំ​លើក​លែង​ទោស ត្រូវ​អនុវត្ត​ទោស ២​ភាគ ៣ ហើយ​ទណ្ឌិត​អាច​ស្នើសុំ​បាន​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ពិធី​បុណ្យ​ពិសាខ​បូជា និង​ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​បាន​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧​នាក់ ក្នុង​នោះ ស្រី ២០​នាក់ ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន ៧២​នាក់ ពិធី​បុណ្យ​ពិសាខ​បូជា​ចំនួន ៣៥​នាក់ និង​ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប​សំពះ​ព្រះ​ខែ និង​អក​អំបុក ចំនួន ៥០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​គិរីសាគរ ទទូច​ឲ្យ​តុលាការ​កោះកុង ពន្លឿន​សំណុំ​រឿង​ក្រុមហ៊ុន​ចិន​បំផ្លាញ​ផ្ទះ និង​ផល​ដំណាំ

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​គំរាម​គំហែង និង​ទទូច​ឲ្យ​តុលាការ​ខេត្ត​កោះកុង ពន្លឿន​សំណុំរឿង​ពួក​គាត់​ឲ្យ​បាន​ឆាប់ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​រុះរើ​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជា​ច្រើន​ហិកតារ នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា អាជ្ញាធរ និង​តុលាការ គួរ​តែ​ការពារ និង​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ពោល​គឺ​មិន​ត្រូវ​ឲ្យ​ពួក​គាត់​រង​គ្រោះ​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ។

ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ភ្ញីមាស និង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​ខេត្ត​កោះកុង ដែល​តែង​គំរាម​គំហែង ពួក​គាត់​ពី​រឿង​ចាប់​ដាក់​គុក និង​មាន​ចំណាត់ការ​យឺតយ៉ាវ ស្របពេល​ដែល​ពួក​គាត់​កំពុង​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន (Union) បាន​បំផ្លាញ​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​ពួក​គាត់។

តំណាង​ពលរដ្ឋ​ម្នាក់​គឺ​លោក សែម ធី រៀបរាប់​ថា តុលាការ បាន​ពន្យារ​ពេល​កាត់​ក្តី​លើ​ពាក្យ​បណ្តឹង របស់​ប្រជា​ពលរដ្ឋ​រហូត​មក ដោយ​ទើប​តែ​កោះហៅ​ប្រជា​ពលរដ្ឋ​រង​គ្រោះ ទៅ​បំភ្លឺ​ចាប់​ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា​ខាង​មុខ​នេះ។ លោក​បន្ត​ថា ខណៈ​ដែល​តុលាការ​កោះ​ហៅ​ពួក​គាត់​នោះ គឺ​ខាង​អាជ្ញាធរ​មូលដ្ឋាន តែងតែ​គំរាម​កំហែង​ពួក​គាត់​ជា​បន្ត​បន្ទាប់​ថា ប្រយ័ត្ន​ជាប់​គុក។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ប្រជា​ពលរដ្ឋ​ចំនួន ១៤​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ចិន យូញៀន ទៅ​តុលាការ​ខេត្ត​កោះកុង ដោយសារ​តែ​អាជ្ញាធរ​ស្រុក និង​ខេត្ត​មិន​បាន​ជួយ​ដោះស្រាយ​អ្វី​ទាំង​អស់ ខណៈ​ដែល​ក្រុមហ៊ុន មិន​បាន​ទទួល​ខុសត្រូវ​ផ្ដល់​សំណង ក្រោយ​បណ្ដេញ​ពួក​គាត់​ចេញ​ដោយ​ហិង្សា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា តំណាង​ក្រុមហ៊ុន​ចិន យូញៀន លោក គឹម ឡេង អាយុ ៣៦​ឆ្នាំ បាន​ដឹក​នាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត មាន​អាវុធ​គ្រប់​ដៃ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រមាណ​ ៦០​​នាក់ ចូល​រុះរើ និង​ដុត​ផ្ទះ​របស់​ពួក​គាត់​ចំនួន ៩​គ្រួសារ នៅ​ចំណុច​ថ្ម​ពាន ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន ក៏​បាន​ពង្រាយ​គ្នា​ដើរ​កាប់​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ថែម​ទៀត ដោយ​ក្រុមហ៊ុន​ចោទ​ថា ពល រដ្ឋ​ទាំង​នោះ បាន​ដាំ​ដំណាំ​ប៉ះពាល់​លើ​ដី​របស់​ក្រុមហ៊ុន។ ដំណាំ​ដែល​កាប់​បំផ្លាញ​នោះ រួមមាន​ដំឡូង​មី ស្វាយ​ចន្ទី ចេក ខ្នុរ ម្នាស់ និង​ដើម​ធូរេន​ជាដើម។

លោក សែម ធី ទទូច​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​ក្តី​លើ​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ដោយ​យុត្តិធម៌ ព្រោះ​ពេល​នេះ ប្រជា​ពលរដ្ឋ កំពុង​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង។ ក្នុង​ពាក្យ​បណ្ដឹង​នោះ គឺ​ពលរដ្ឋ​ទាមទារ​សំណង​ទៅ​តាម​ទំហំ​ដី និង​ការ​ខូច​ខាត​ផ្ទះ​សម្បែង និង​ផលដំណាំ ដោយ​ក្នុង​ម្នាក់ៗ ចន្លោះ​ចាប់​ពី​មួយ​ពាន់ ១.០០០​ដុល្លារ​ទៅ​ជាង​ពីរ​ម៉ឺន ២០.០០០​ដុល្លារ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ទៅ​លើ​អ្នក​ប្រព្រឹត្ត​បទល្មើស​តាម​ផ្លូវ​ច្បាប់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន។ រីឯ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត​កោះកុង តែងតែ​បដិសេធ​មិន​ឆ្លើយតប​ជាមួយ​អាស៊ី​សេរី​តាម​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​សមាគម អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន មាន​ប្រសាសន៍​ថា បើ​តាម​អង្គហេតុ គឺ​ពលរដ្ឋ​មាន​អាទិភាព​ក្នុង​ការ​ឈ្នះ​ក្ដី។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក​សង្កេត​ឃើញ​ជា​រឿយៗ ថា អាជ្ញាធរ​ហាក់​ដូច​ជា​គ្មាន​សិទ្ធិ​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ជាពិសេស​អាជ្ញាធរ​ខ្លះ ថែម​ទាំង​មិន​ជួយ​ការពារ​ប្រជាជន មាន​តែ​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ទៅ​វិញ។ រីឯ​តុលាការ តែងតែ​មាន​ចាត់ការ​យឺតយ៉ាវ​មិន​មែន​តែ​សំណុំរឿង​ពលរដ្ឋ ១៤​គ្រួសារ​នេះ​ទេ។ លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​តុលាការ គួរ​តែ​បំពេញ​តួនាទី​ជួយ​ការពារ​និង​រក​យុត្តិធម៌​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ ដើម្បី​ជៀសវាង​ការ​រិះគន់ និង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់បង់​សន្លឹក​ឆ្នោត​កាន់​តែ​ខ្លាំង។

ប្រជាពលរដ្ឋ​រៀបរាប់​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បណ្តាល​ឲ្យ​ពួក​គាត់​​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង ដូចជា​ជីវភាព​ខ្វះខាត គ្មាន​ទីជម្រក និង​គ្មាន​ដីស្រែ​ចម្ការ​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹមជីវិត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យបី​នាក់​​រក​អន្តរាគមន៍​ពី​សមាគម​ អាដហុក ​ឲ្យ​ជួយ​ករណី​​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ម​ពួក​ប្រមាណ ​៣នាក់ ​នាំ​គ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ឲ្យ​ជួយ​ផ្លូវ​ច្បាប់ ករណី​ប៉ូលិស​នៅ​អធិការ​នគរបាល​ស្រុក​នេះ​​មួយ​ក្រុម ​បាន​ព្រួត​វាយ​​​ធ្វើ​ទារុណកម្ម​មក​លើ​ខ្លួន​​ បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង ​កាល​ពី​យប់​ថ្ងៃ​ទី​៩​មេសា។ មន្ត្រី​ប៉ូលិស​ស្រុក​ថ្មពួក អះអាង​ថា​ប៉ូលិស​មិន​បាន​ព្រួត​វាយ​ដូច​ការ​ចោទ​ប្រកាន់​ទេ តែ​ជា​ការ​ការពារ​ខ្លួន​ក្នុង​ពេល​អនុវត្ត​ការងារ​ប៉ុណ្ណោះ។

​​​ពលរដ្ឋ​ស្រុក​ថ្មពួក​ដែល​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​នោះ​ ​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​ស្រុក​នេះ​ថា​ជា​អំពើ​សាហាវ​ព្រៃផ្សៃ​វាយ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ស្លូតត្រង់។

ជនរងគ្រោះ​រស់​នៅ​ភូមិ​ផ្សារ​ថ្មី​ ឃុំ​គំរូ ស្រុក​ថ្មពួក លោក ស្មន់ សុជឿត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មេសា​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​៩ មេសា មានមន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​ថ្មពួក​ប្រហែល ​៥នាក់​បាន​ចាប់​រូប​គេ​វាយ​ខ្នោះ ​រួច​យក​ជើង​សង្កាត់​ផ្ដួល​ទៅ​នឹង​ដី ហើយ​​យក​ស្រោម​កាំភ្លើង​ខ្លី​វាយ​ទៅលើ​ផ្ទៃ​មុខ​ និង​ទាត់​ធាក់​ជា​ច្រើន​ជើង​ បណ្ដាល​ឲ្យ​ខ្លួន​​បែក​មាត់​ និង​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន។ បុរស​វ័យ ​២៨​ឆ្នាំ​រូប​នេះ អះអាង​ទៀត​ថា ប៉ូលិស​វាយ​មក​លើ​ខ្លួន នៅ​ពេល​​ដែល​លោក​ចូល​ទៅ​សួរ​រក​បងប្រុស​ម្នាក់​ ដែល​ប៉ូលិស​ចាប់​ទៅ​វាយ​បែក​ក្បាល​នៅ​ក្នុង​អធិការ​នគរបាល​ស្រុក​នេះ​ ហើយ​ប៉ូលិស​ក៏​បាន​ព្រួត​គ្នា​មក​វាយ​លើ​រូប​គេ​តែម្ដង៖ «មុន​ដំបូង​ខ្ញុំ​បាត់​បង​ខ្ញុំ​ ហើយ​ចូល​ទៅ​សួរ​ប៉ូលិស​ ព្រោះ​គាត់​អត់​មាន​រឿង​អី​ទេ​ថា​ហេតុ​អី​បាន​ជា​ប៉ូលិស​ត្រូ​វាយ​គាត់​? ប៉ូលិស​ជា​អ្នក​ច្បាប់​ផង? ស្រាប់​តែ​គេ​ស្រែ​ថា​អញ​កំពុង​តែ​រក​មុខ​អា​អ្ហែង​​ផង​ ចាប់​វា​ដាក់ខ្នោះ​ ខ្ញុំ​ថា​ខ្ញុំ​មាន​ខុស​អី​ទេ​កុំ​ចាប់​ខ្ញុំ? ប៉ូលិស​មិន​ស្ដាប់​ខ្ញុំ​ទេ ហើយ​យក​កាំភ្លើង​ភ្ជង់​ខ្ញុំ​តែម្ដង​ តែ​ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ​ គាត់​ថា​អញ​គុំ​អ្ហែង​យូរ​ណាស់​ហើយ​អ្ហែង លឺ​ថា​ខ្លាំង​ណាស់​នៅ​ថៃ​។គាត់​វាយ​បោច​សក់​ខ្ញុំ​ហើយ​ថត​វីដេអូ​សើច​ចំអក​ខ្ញុំ​ទៀត»

ជន​រង​គ្រោះ​រូប​នេះ​បាន​ទៅ​សុំ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ចាត់វិធានការ​​​លើ​ជន​ប្រព្រឹត្ត​​តាម​ផ្លូវ​ច្បាប់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​សេនាធិការ​នគរបាល​ស្រុក​ថ្មពួក​ លោក ឈួត ថា អះអាង​ថា មន្ត្រី​ប៉ូលិស​មិន​បាន​ព្រួត​គ្នា​វាយ​ធ្វើ​បាប​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​អះអាង​ថា អំពើ​ហិង្សា​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ ដោយសារ​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​បង្ក​អុកឡុក​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង នៅ​ស្រុក​ថ្មពួក ហើយ​លោក​ក៏​បាន​នាំ​មន្ត្រី​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​តាម​ពាក្យ​បណ្ដឹង​របស់​ម្ចាស់​ហាង៖ «មាន​ពី​ណា​ទៅ​វាយ​មនុស្ស​អត់​កំហុស​នោះ? យើង​ដឹង​ច្បាប់​ហើយ​តើ​បើ​យើង​ទៅ​វាយ​មនុស្ស​អត់​មាន​មូលហេតុ​ គេ​នឹង​ប្ដឹង​យើង​វិញ​បាន​តើ។ តែ​វា​មាន​រឿង គឺ​ម៉ូតូ​វា ៣ គ្នា ៦​នាក់​ ហើយ​សមត្ថកិច្ច​មាន​គ្នា​តែ ៤​នាក់​ទេ ហើយ​ចុះ​ចាប់​ជិត​ម៉ោង ១២​យប់​ណោះ ដែល​ខ្ញុំ​តាម​ប្រមាញ់ ហើយ​ឪពុក​ម្ដាយ​គាត់​អត់​យល់ គាត់​ថា ខ្ញុំ​ទៅ​វាយ​មនុស្ស​អត់​កំហុស»

ប៉ុន្តែ​ជនរងគ្រោះ​លោក ស្មន់ សុជឿត អះអាង​ថា សមត្ថកិច្ច​ចាប់​មនុស្ស​ច្រឡំ​ ដែល​គេ​បាន​រត់​គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ​ ចំណែក​រូប​លោក​នឹង​បងប្រុស​មិន​បាន​ធ្វើ​ខុស​ដូច​ការ​អះអាង​របស់​ប៉ូលិស​នោះ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគារ មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ហើយ ប៉ុន្តែ​លោក​ថា ​មិន​ទាន់​បាន​សាកសួរ​ទៅ​ខាង​សមត្ថកិច្ច​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក ​ស៊ុំ ច័ន្ទគា អះអាង​​ថា រឿង​នេះ​​ជនរងគ្រោះ​ទំនង​ត្រូវ​បាន​​​សមត្ថកិច្ច​​ប្រើ​អំពើ​ហិង្សា​ធ្វើ​ទារុណកម្ម​ជា​ជាង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ខ្លួន៖ «ព្រោះ​ដោយសារ​សមត្ថកិច្ច​ពួកគាត់​ជា​អ្នក​អនុវត្ត​ច្បាប់​ ហើយ​នីតិវិធី​គ្រប់​គ្រាន់​រាល់​បទ​ល្មើស​អត់​អោយ​កើត​ឡើង ដែល​ជន​ត្រូវ​ចាប់​ត្រូវ​ចង ត្រូវ​ឃាត់​ខ្លួន​ផង ដូច្នេះ​បែរ​ថា មក​តដៃ​អីចឹង​ថា​តើ​ភាគី ដែល​សមត្ថកិច្ច​ចាប់​នោះ​គាត់​ប្រើប្រាស់​អាវុធ​របៀបណា? ហើយ​បើ​សិន​ជា​ដៃ​ដូច​គ្នា​សមត្ថកិច្ច​មាន​កាំភ្លើង ហើយ​ភ្ជង់​រួច​ទៅ​វាយ គឺ​ជា​ការ​តដៃ​ដែរ​ឬទេ

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ កត់សំគាល់​ទៀត​ថា នេះ​ជា​លើក​ទី​២ ហើយ ដែល​ប៉ូលិស​ស្រុក​ថ្ម​ពួក​វាយ​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​នោះ។ កាល​ពី​ខែ​មករា លោក​អធិការ​នគរបាល​ស្រុក​មួយ​​នេះ បាន​វាយ​បុរស​ម្នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​ឲ្យ​របួស​ធ្ងន់​​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​យុវជន​រូប​នោះ មិន​ហាន​ប្ដឹង​ព្រោះ​ខ្លាច​អំណាច ហើយ​បាន​ស្រុះស្រួល​គ្នា​បញ្ចប់​រឿង​ទៅ​វិញ។ លោក ស៊ុំ ច័ន្ទគារ បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ដាក់​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ កាល​ពី​ថ្ងៃ​ទី​១៩ មេសា។ចំណែក​ជនរងគ្រោះ​បាន​ទៅ​ជួប​លោក ស៊ុំ ច័ន្ទគា ដើម្បី​ផ្ដល់​ព័ត៌មាន​បន្ថែម​ដាក់​បន្ទុក​ទៅ​លើ​មន្ត្រី​ប៉ូលិស​ទាំង​អស់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលករ​ខ្មែរ​រាប់​រយ​នាក់ ​សម្រុក​ចេញ​ទៅ​ធ្វើ​ការ​​ប្រទេស​ថៃ ​តាម​ច្រក​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ

Image may be NSFW.
Clik here to view.

ក្រោយបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួម​ភ្លាម​ ពលករ​ខ្មែរ​ជា​ច្រើន​រាយ​នាក់​បាន​នាំគ្នា​សម្រុក​ឆ្លងដែន ​ដើម្បី​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​។ មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា​ ពលករ​ភាគ​ច្រើន​ទៅ​តាម​រយៈ​មេខ្យល់​ នាំ​​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ហើយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​អូរជ្រៅ​​លោក​ ចក់ ចាន់​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​មេសា​ថា ​ពលករ​ជា​ច្រើន​នាក់​ ដោយ​អ្នក​ខ្លះ​ធ្វើ​ដំណើរ​តាម​ឡាន​ឈ្នួល​ចំណុះ​៦នាក់​និង​ខ្លះ​ទៀត​ឡាន​ចំណុះ​២០​នាក់​ត្រូវ​បាន​មេខ្យល់​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ព្រំដែន​ ដើម្បី​​ឆ្លងដែន​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​ ខុស​ច្បាប់​ ជា​ពិសេស​ច្រក​របៀង​ព្រំដែន​ស្រុក​អូរជ្រៅ និង​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ៖ «ហើយ​បើ​ទៅ​ដល់​ព្រំដែន​ម៉ាឡេស៊ី ដូច​ជា​នៅ​ខេត្ត​ស៊ុងខ្លា និង​ខេត្ត​ប៉ាតានី​ជា​ដើម​ ម្នាក់ ១ម៉ឺន​បាត​ក៏​មាន​ដែរ​ ហើយ​ភាគ​ច្រើន​អ្នក​មក​ខេត្ត​ឆ្ងាយ​ៗ ដូច​ខេត្ត​តាកែវ ​និង​ខេត្ត​ព្រៃវែង ​កំពង់ចាម​ជា​ដើម។ ចំពោះ​អ្នក​នៅ​ជាប់​ព្រំដែន​មិន​សូវ​មាន​ទៅ​ទេ​ ភាគ​ច្រើន​គេ​រក​ស៊ី​តាម​ព្រំដែន​ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​​ពេល​ល្ងាច។ ពី​ម្សិលមិញ​គ្រាន់​តែ​ខ្ញុំ​ឈរ​មួយ​ភ្លែត​ប្រហែល ១០​ឡាន ហើយ​គ្រាន់​តែ​គេ​ដឹក​កាត់​មុខ ដឹក​ត​កន្ទុយ​គ្នា ចុះ​ទម្រាំ​មួយ​ថ្ងៃ​ពេញ​មិន​ដឹង​ប៉ុន្មាន​ទៅ»

ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា​ ទម្រាំ​បាន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ពលករ​ខ្លះ​ដេក​តាម​គុម្ពោត​ព្រៃ​​រកេតរកូត​នៅ​ច្រក​ព្រំដែន​ប្រមាណ​ពី ៣ ទៅ ៥​ថ្ងៃ​ក៏​មាន ហើយ​ពលករ​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​ពី ២.០០០​ទៅ ២.៥០០​បាត ឬ​ស្មើ​ជាង ៣០​ម៉ឺន​រៀល​ក្នុង​ម្នាក់​ក្នុង​ការ​ឆ្លង​ដែន​នេះ។

មន្ត្រី​ទាហាន​ប្រចាំ​ការ​នៅ​ច្រក​របៀង​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ លោក រ័ត្ន វាសនា មាន​ប្រសាសន៍​ថា នៅ​ព្រំដែន​ដែល​លោក​ប្រចាំ​ការ​មិន​សូវ​មាន​ពលករ​ឆ្លង​ដែន​ដូច​នៅ​ច្រក​ផ្សេង​នោះ​ទេ ព្រោះ​ខាង​ភាគី​ថៃ​បាន​ដាក់​ទាហាន​ឈុត​ខ្មៅ​ការពារ​តឹងរ៉ឹង ហើយ​មិន​អនុញ្ញាត​ឲ្យ​ពលករ​ខុស​ច្បាប់​ឆ្លង​ដែន​ច្រក​មួយ​នេះ​បាន​នោះ​ឡើយ។ លោក​ រ័ន្ន វាសនា អះអាង​ទៀត​ថា ចាប់​តាំង​ពី​រួច​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ គឺ​មាន​ពលករ​​​ស្របច្បាប់​ ដែល​កាន់​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ធ្វើ​ការងារ​ស៊ីជម្ពូ​ឆ្លងដែន​ប្រមាណ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​ បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រក​មួយ​នេះ៖ «បាទ​តិចៗ ហើយ​តែ​អ្នក​ដែល​មាន​លិខិត​ឆ្លងដែន​ទេ។ បើ​កន្លែង​ផ្សេងៗ គេ​ទៅ​បាន​តិចៗ អីចឹង កន្លែង​នេះ​គេ​បិទ​អត់​អោយ​ចេញ​ ទាល់​តែ​មាន​ប័ណ្ណ​ការងារ​បាន​គេ​អោយ​ទៅ​ ដែល​អ្នក​ខ្លះ​គាត់​ទៅ​ផ្លូវ​ឡែម ហើយ​អត់​បាន​វ៉ៃ​ចេញ ដល់​ពេល​ចូល​វិញ​គាត់​មក​តាម​ច្រក​របៀង។ ការ​ដែល​តឹងរ៉ឹង​នេះ ដោយសារ​គេ​ដូរ​ពី​ប៉ូលិស​មក​ដាក់​ទាហាន​ឈុត​ខ្មៅ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា អះអាង​ថា​ ពលករ​​សម្រុក​ឆ្លងដែន​ស្ទើរ​គ្រប់​ច្រក​របៀង​ព្រំដែន​ក្នុង​​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង។ លោក​បន្ថែម​ទៀត​ថា ពលករ​ឆ្លង​ដែន​តាម​ច្រក​របៀង​ភាគ​ច្រើន ជា​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ ហើយ​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ ប៉ុន្តែ​ដោយសារ​ពួក​គេ​គ្មាន​ការងារ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ទើប​ពួកគេ​សម្រេច​ចិត្ត​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន៖ «ប្រឈម​មុខ​ទី​១ ពួក​គាត់​ត្រូវ​បាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម។ ទី​២ ការ​យក​ទៅ​ធ្វើ​ការ​ឲ្យ​ទៅ​ប្រព្រឹត្ត​ល្មើស​នៅ​ប្រទេស​គេ ដូច​ជា ទៅ​កាប់​ឈើ​ក្រញូង​ទៅ​កាប់​អីចឹង ប្រាប់​ថា ទៅ​កាប់​ដើម​អាកាស​ស្យា ហើយ​ទៅ​កាប់​ដើម​ក្រញូង​នឹង​ត្រូវ​បាន​គេ​ដេញ​បាញ់​ចង់​ងាប់ ហើយ​អ្នក​ក៏​មាន​ជីវិត​រស់​មក​វិញ ហើយ​ខ្លះ​ទៅ​ត្រូវ​រង​គ្រោះ​ស្លាប់ និង​ខ្លះ​ត្រូវ​គេ​ចាប់​ដាក់គុក»

ប្រជា​ពលរដ្ឋ និង​លោក ស៊ុំ ច័ន្ទគារ អះអាង​ទៀត​ថា ចំណុច​ដែល​ពលករ​ឆ្លង​ដែន គឺ​មាន​នៅ​ច្រក​ណង​ចាន់ អូរបីជាន់​ក្នុង​ស្រុក​អូរជ្រៅ ច្រក​បឹង​ត្រកួន និង​ច្រក​មួយ​ចំនួន​ទៀត នៅ​ស្រុក​ស្វាយ​ចេក។

បច្ចុប្បន្ន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ ១​លាន​នាក់ ហើយ​ក្នុង​ចំណោម​នោះ​មួយ​ចំនួន​ធំ ពួក​គេ​ឆ្លង​ដែន​តាម​ច្រក​របៀង​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ នៅ​ទីក្រុង​ប៉ារីស ស្ដីពី​លទ្ធផល​យុទ្ធនាការ​អន្តរជាតិ​របស់​លោក សម រង្ស៊ី

Image may be NSFW.
Clik here to view.

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី តំណាង​រាស្ត្រ សមាជិក​សមាជិកា និង​អ្នក​គាំ​ចលនា​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្ដុំ​គ្នាធ្វើ​សន្និសីទ​មួយ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នៅ​ថ្ងៃ​សៅរ៍ ទី​២១ មេសា។ សន្និសីទ​នេះ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ទទួល​ព័ត៌មាន​ថ្មីៗ ស្ដីពី​យុទ្ធនាការ​អន្តរជាតិ​របស់​លោក សម រង្ស៊ី ដែល​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​កម្ពុជា។ ជា​ពិសេស គឺ​ការ​បោះ​ឆ្នោត ដែល​ចូលរួម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

សូម​សម្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ជុន ច័ន្ទបុត្រ ពី​ទីតាំង​ធ្វើ​សន្និសីទ​នៅ​ក្រុង​ប៉ារីស តាម​រយៈ​ការ​សាកសួរ​របស់​លោក មួង ណារ៉េត ពី​រដ្ឋាធានី​វ៉ាស៊ីងតោន...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ផល​ប៉ះពាល់​ នៃ​ថង់​ប្លាស្ទិក ​និង​សំរាម​ ក្នុង​សង្គមខ្មែរ

Image may be NSFW.
Clik here to view.

នៅ​​ប្រទេស​កម្ពុជា​នៅ​ពេល​ទិញ​សម្ភារៈ​ផ្សេងៗ ថង់​ប្លាស្ទិក ត្រូវ​បាន​ម្ចាស់​អាជីកម្ម​ផ្តល់​ជូន​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ។ ការ​ស្រាវជ្រាវ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថង់​ប្លាស្ទិក​បង្ក​ផល​ប៉ះពល់​ដល់​បរិស្ថាន សុខភាព​មនុស្ស​សត្វ និង​ជីវចម្រុះ​ផ្សេងៗ។ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ជា​ជំរើស​ដ៏​ល្អ​មួយ។ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង​និង​ការ​ចូលរួម​ពី​សំណាក់​ពលរដ្ឋ​គ្រប់​រូប។

អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា កម្ពុជា ត្រូវ​ហាម​ប្រាម​កុំ​ឲ្យ​ប្រើប្រាស់​ថង់​ប្លាស្ទិក និង​ត្រូវ​ដំឡើង​ពន្ធ ចំពោះ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​ដឹង​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក ក្នុង​ន័យ​ការពារ​កុំ​ឲ្យ​មាន​ផលវិបាក​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន។

គេ​សង្កេត​ឃើញ​ថា ថង់​ប្លាស្ទិក​មាន​ភាព​ងាយ​ស្រួល​ប្រើ ស្រាល មិន​ជ្រាប​ទឹក និង​មាន​តម្លៃ​ថោក ហើយ​លក់​ចេញ​ជា​គីឡូក្រាម។ ម្ល៉ោះ​ហើយ ការ​ប្រើ​ថង់​ប្លាស្ទិក ក្លាយ​ជា​ទម្លាប់​សាមញ្ញ​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា។

អ្នក​លក់​បន្លែ​ម្នាក់​នៅ​ផ្សារ​ដើមគរ លោក ឈុំ អឿន និយាយ​ថា សព្វថ្ងៃ​លោក​តែង​តែ​ប្រើ​ថង់​ប្លាស្ទិក​សម្រាប់​ដាក់​បន្លែ​ផ្លែ​ឈើ ត្រី​សាច់​ឲ្យ​ភ្ញៀវ ដែល​មក​ទិញ​បន្លែ​នៅ​កន្លែង​លោក។ លោក​ថា លោក​ទិញ​ថង់​ប្លាស្ទិក​ពី​អ្នក​លក់​ដូរ​ផ្សេង​ទៀត​ក្នុង​មួយ​គីឡូក្រាម ៦​ពាន់​រៀល​ទៅ ៧​ពាន់​រៀល ហើយ​មួយ​គីឡូក្រាម បាន​ថង់​ប្លាស្ទិក​ប្រហែល​ជិត ១០០​ថង់៖ «ពេល​ទិញ មិន​អាច​ដាក់​កញ្ជើ​បាន​ទេ មាន​តែ​ដាក់​ថង់​ប្លាស្ទិក ទើប​ប្រើ​កើត»

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ​ដែរ អ្នក​លក់​បន្លែ​ម្នាក់​ទៀត លោកស្រី ទិន ស្រីម៉ាប់ និយាយ​ថា បើ​សិន​មិន​ឲ្យ​ថង់​ប្លាស្ទិក​ទៅ​អ្នក​ទិញ​ទេ គេ​ថា​អ្នក​លក់​ចិត្ត​អាក្រក់ សូម្បី​តែ​ថង់​ក៏​មិន​ហ៊ាន​ឲ្យ។ លោកស្រី​បន្ត​ថា លោកស្រី​ចង់​ប្រើ​ថង់​ក្រដាស ឬ​ថង់​បរិស្ថាន​ដែរ ប៉ុន្តែ​ថង់​នោះ​លក់​ក្នុង​តម្លៃ​ថ្លៃ ហើយ​អតិថិជន​មិន​និយម​ប្រើ ព្រោះ​ជ្រាប​ទឹក និង​ងាយ​រហែក៖ «អ្នក​ទិញ​សូម្បីតែ​ប្រឡាក់​បន្តិច ក៏​អត់​យក​ដែរ។ អ្នក​ទិញ​រើស​យក​តែ​ថង់​ណា​ល្អ​ទេ»

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី​មិន​ដឹង​ពី​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​អ្វី​នោះ​ដែរ។

ខុស​ប្លែក​ពី​អាជីវករ​ខាង​លើ ស្ត្រី​អ្នក​ទិញ​បន្លែ​ផ្លែ​ឈើ​ម្នាក់​នៅ​ផ្សារ​ថ្មី មាន​មតិ​ថា លោកស្រី​តែង​តែ​លាង​សម្អាត​ថង់​ប្លាស្ទិក​ ដែល​នៅ​ស្អាត​ល្អ ហាល​ឲ្យ​ស្ងួត ហើយ​យក​មក​ប្រើ​ឡើង​វិញ។ លោកស្រី​បន្ថែម​ថា លោកស្រី​ដឹង​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក​ចំពោះ​សុខភាព បរិស្ថាន និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​លោកស្រី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ប្រើ​ថង់​ប្លាស្ទិក​នោះ​ទេ៖ «បើ​អត់​ប្រើ​ថង់ គឺ​ល្អ។ ប៉ុន្តែ យើង​ចៀស​មិន​ផុត​ពី​ប្រើ​ថង់​ទេ។ យើង​អត់​ដឹង​ធ្វើ​យ៉ាង​ម៉េច ជាពិសេស​គឺ​អ្នក​ដឹក​នាំ»

លោកស្រី​បន្ត​ថា ម្តងម្កាល លោកស្រី​ក៏​ទិញ​ថង់​បរិស្ថាន ឬ​ក្រណាត់​ប្រើ​ដែរ ប៉ុន្តែ​ថង់​បរិស្ថាន​នេះ គឺ​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ។

ថង់​បរិស្ថាន ឬ​ថង់​ក្រណាត់ ត្រូវ​បាន​ក្រសួង​បរិស្ថាន លក់​ចេញ​នៅ​លើ​ទីផ្សារ​តម្លៃ ១​ដុល្លារ​ក្នុង​ថង់​មួយ។ គេ​សង្កេត​ឃើញ​ថា នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ដាក់​លក់​ថង់​ក្រណាត់​ដែរ ប៉ុន្តែ​តម្លៃ ១​ដុល្លារ​ក្នុង​ថង់​មួយ ហាក់​បាន​រារាំង​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ មិន​ហ៊ាន​លើក​ដៃ​លូក​យក​លុយ​ពី​ហោប៉ៅ ដើម្បី​ទិញ​ថង់​បរិស្ថាន​ប្រើ​ឡើយ។

ការ​សិក្សា​របស់​អង្គការ​មូលនិធិ​អករា (ACRA Foundation) បង្ហាញ​ថា បរិមាណ​កាក​សំណល់ និង​សំរាម ដែល​ប្រមូល​បាន​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​មាន​ចំនួន​រាប់​រយ​តោន គឺ ៣០០​តោន​នៅ​ខេត្ត​សៀមរាប ចំនួន ៣៧០​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង ១៧.៨០០​តោន នៅ​ភ្នំពេញ។

កម្ពុជា ត្រូវ​ចំណាយ​លុយ​ប្រចាំ​ឆ្នាំ​លើ​សម្ភារៈ​សម្អាត​ប្លាស្ទិក​ប្រមាណ ៤.៥០០​ដុល្លារ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​សៀមរាប ១៥.០០០​ដុល្លារ និង​ភ្នំពេញ ៣១.០០០​ដុល្លារ។

សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ស្ពាន់ វិន និយាយ​ថា ប្លាស្ទិក​បណ្ដាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ពិសេស​ក្មេង​ត្រូវ​ផ្អាក​ការ​សិក្សា​យ៉ាង​តិច​មួយ​ថ្ងៃ នៅ​ពេល​មាន​ទឹក​លិច និង​ស្ទះ​លូ​ដោយសារ​ថង់​ប្លាស្ទិក។

ការ​សិក្សា​លើ​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ជា​មធ្យម ១០៣​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​ស្ទះ​លូ ហើយ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​លើ​ជំងឺ​ផ្សេងៗ ដែល​បណ្ដាល​មក​ពី​ការ​ស្ទះ​លូ៖ «យន្តការ​មិន​ទាន់​តឹងតែង... គួរ​មាន​ការ​ងារ​ធ្វើបន្ត​ ដើម្បីឲ្យ​មាន​ប្រសិទ្ធិភាព​ជាង​នេះ»

លោក​សាស្ត្រាចារ្យ ស្ពាន់ វិន បន្ត​ថា នៅ​កម្ពុជា ពលរដ្ឋ​មិន​សូវ​យល់​ពី​ផល​ប៉ះពាល់​ឡើយ ដោយសារ​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​មាន​កម្រិត​តិចតួច និង​មិន​ទូលំទូលាយ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​ហាក់​មិន​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទេ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន លោក ហេង ណារ៉េត មាន​ប្រសាសន៍​ថា ថង់​ប្លាស្ទិក​បណ្ដាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ក្លាយ​ជា​សំរាម​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ និង​ធ្វើ​ឲ្យ​ទីលាន​ចាក់​សំរាម​ងាយ​ពេញ​យ៉ាង​ឆាប់​រហ័ស។ លោក​បន្ត​ថា លោក​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ការ​សិក្សា​បង្ហាញ​ថា នៅ​ភ្នំពេញ​មាន​សំរាម​រហូត​ដល់ ១៧.៨០០​តោន។ ប្រការ​នេះ ត្រូវ​មាន​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក និង​មិន​ត្រូវ​បោះ​សំរាម​ចោល​ផ្ដេសផ្ដាស​នោះ​ទេ។

មាត្រា​៤៨ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ចែង​ថា បុគ្គល​ដែល​ធ្វើ​ការ​ទុក​ដាក់ វេច​ខ្ចប់ ឬ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ទីប្រជុំជន លាយឡំ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម សំណល់​វេជ្ជសាស្ត្រ ឬ​សំណល់​គ្រោះថ្នាក់ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥​សែន​រៀល​សម្រាប់​អាជីវកម្ម​សិប្បកម្ម មន្ទីរពេទ្យ និង​សម្ភព ៨​សែន​រៀល​សម្រាប់​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១​លាន​រៀល​សម្រាប់​ក្រុមហ៊ុន​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​សំណល់​រឹង​ទីប្រជុំជន។

របាយការណ៍​សង្ខេប​របស់​អង្គការ​អករា (ACRA Foundation) បង្ហាញ​ថា ថង់​ប្លាស្ទិក​ ត្រូវ​បាន​ប្រជាជន​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩០។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា កម្ពុជា ត្រូវ​បង្កើត​ច្បាប់​ ស្ដីពី​ការ​ប្រើ​ប្លាស្ទិក ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្លាស្ទិក ការ​ប្រើ​ថង់​ប្លាស្ទិក និង​ត្រូវ​កែច្នៃ​ថង់​ប្លាស្ទិក​ដែល​ប្រើ​រួច​ឡើង​វិញ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ផ្សព្វផ្សាយ ​ឲ្យ​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់ ​នៃ​ថង់​ប្លាស្ទិក​ចំពោះ​បរិស្ថាន ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ វិស័យ​ទេសចរណ៍ និង​សុខភាព​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គ​មស៊ីវិល​ស្នើសុំ​ឱ្យ​លោក​ ហ៊ុន សែន វះកាត់​មន្ត្រី​ថ្នាក់​លើ​ ដែល​មិន​បម្រើពលរដ្ឋ​ ដើម្បី​ផ្តល់​ជា​គម្រូ​ដល់​មន្ត្រី​ថ្នាក់​ក្រោម

Image may be NSFW.
Clik here to view.

មេដឹក​នាំ​របបក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មេសា ព្រមាន​ដកមន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ប្រសិន​បើ​ពួក​​គេ​មិន​បម្រើពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ព្រមាន​​នេះ​នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​អនុវត្ត​ជាក់​ស្តែង​ទេ​នោះ។

ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ពិធីប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ និង​វាយ​តម្លៃ​សមិទ្ធិផល ៥​ឆ្នាំ​នៃ​ការ​អនុវត្ត​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បុរស​ខ្លាំង​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ដាស់​តឿន​សា​ជា​ថ្មី ដល់​មន្ត្រីរាជការ​​ទាំងអស់​​​ឱ្យ​ខិត​ខំបំពេញ​ការងារ និង​បម្រើ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​​ឱ្យ​បានត្រឹម​ត្រូវ។ លោក​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​ណា​មិន​បម្រើ​ពលរដ្ឋ​ទេ​នោះ ពួក​គេ​នឹង​ត្រូវ​ដក​ចេញ​ពី​តួនាទី។ លោក​អះអាង​ថា ការ​ធ្វើ​បែប​នេះ គឹ​ដើម្បី​កុំ​ឱ្យ​ភាព​អសកម្ម​របស់​មន្ត្រី​ទាំង​នោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយ​ភាពនៃ​របបគ្រប់​គ្រង​របស់​លោក៖ «នេះ​ជា​ចំណុច​ដែល​សូម​រំលឹក​ដាស់​តឿន​សា​ជា​ថ្មី​ម្តង​ទៀត ​ក្នុង​ចំណោម​មន្ត្រី​របស់​យើង គឺ​ចាំបាច់​ណាស់​​ការ​​វះកាត់ មិន​អាច​ទុក​ឱ្យ​ជំងឺ​រ៉ាំរ៉ៃ​នេះ​បន្ត​ជា​ជំងឺ​មហារីក​បណ្តាល​ឱ្យ​ងាប់​ខ្លួននោះ​ទេ»

ការ​ដាស់តឿន​ជា​ថ្មី​ម្តង​ទៀត​របស់​មេដឹក​នាំ​របបក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ ហើយ​នេះ​ក៏​ហាក់​បង្ហាញ​ថា លោក​ ហ៊ុន សែន កំពុង​បារម្ភ​ពី​ប្រជា​ប្រិយ​​ភាព​នៃ​គណបក្ស​របស់​លោក​ផង​ដែរ​​ បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ​ គណបក្ស​ប្រជាជន​​កម្ពុជា បាន​បាត់​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​អស់​ជិត ៥០០​តំណែង និង​អាសនៈ​ក្រុម​ប្រឹក្សា​ជាង ៤​ពាន់​​អាសនៈ។ ចំនួន​អាសនៈ​បាត់​បង់​នេះ ភាគ​ច្រើន​បំផុត​បាន​ទៅ​លើ​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​លោក​ទើប​នឹង​បាន​រំលាយ​ចោល​នោះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​បាន​បញ្ជាក់​ទេ​ថា ចំណាត់​ការ​លើ​មន្ត្រី​អសកម្ម​ដែល​មិន​បម្រើ​ពលរដ្ឋ​​​នោះ គឺ​ជា​អ្វី​ឱ្យ​ពិត​ប្រាកដ​ ហើយ​ថា ​តើ​នឹង​មាន​យន្តការ​អ្វី​ខ្លះ​ដើម្បី​ធានា​ថា ការ​ប្រកាស​របស់​លោក​នៅ​ពេល​នេះ​ នឹង​មាន​ប្រសិទ្ធភាព​​នោះ។

ម​ន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សារ​របស់​មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ​នេះ​​ គឺ​ជា​ការ​​ទាក់ទាញ​សន្លឹក​ឆ្នោត​ច្រើន​ជាង ហើយ​វា​នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ បើ​គ្មាន​​យន្តការ​អនុវត្ត​ឱ្យ​បាន​ច្បាស់​លាស់​នោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា បញ្ហា​មន្ត្រី​មិន​បម្រើ​ពលរដ្ឋ​នេះ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​រឿង​ទំនាស់​ផល​ប្រយោជន៍។ លោក​ថា មាន​មន្ត្រី​មួយ​ចំនួន​បាន​យក​អំណាច​ដែល​រាស្ត្រ​ផ្តល់​ឱ្យ ទៅ​ធ្វើ​បាប​រាស្ត្រ តាម​រយៈ​វប្បធម៌​ខ្នង​បង្អែក ដែល​នាំ​ទៅ​រក​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ គឺ​បក្ខ​ពួក​ខ្លួន​ត្រូវ​រួច​ផុត​ពី​សំណាញ់​ច្បាប់ ចំណែក​អ្នក​មិន​មែន​បក្ខពួក​ខ្លួន​ត្រូវ​ជាប់​ទោស៖ «ក្រុម​អ្នកមានអំ​ណាច​ ខ្សែ​ស្រ​ឡាយ​​​របស់​ពួក​គេ ក្នុង​នោះ​មាន​ជា​សាច់​ញាតិ ​បក្ខ​ពួក​​របស់​ពួក​គេ និង​​​​អ្នក​រក​ស៊ី​សុទ្ធ​តែមាន​ខ្នង​​បង្អែក​​ជា​មន្ត្រី ឬ​ក៏​អ្នក​ដែល​មាន​ការ​សម្រេចចិត្ត​ធំៗ។ ដូច្នេះ​​ហើយ​នៅ​ពេល​ដែល​មាន​ជំ​ងឺ​ខ្នង​បង្អែក ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​ ការ​ចាត់​វិធានការ​ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​​មាន​ស្ដង់​ដា​ពីរ។ បាន​ន័យ​ថា បើ​អនុវត្ត​ទៅ ​ប៉ះ​​គ្នា​ឯង គឺ​នៅ​ស្ងៀម។ ប៉ុន្តែ​បើ​អនុវត្ត​ទៅ ប៉ះ​គ្នា​គេ គឺ​អូខេ។ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​​មាន​ស្ដង់​ដារ​​ពីរ​នេះ គឺ​ជា​​ជំងឺ​ដែល​កើត​ឡើង​​នៅ​ក្នុង​សង្គម​មួយ​ពោរ​ពេញ​ទៅ​ដោយ​ទំ​នាស់​ផល​ប្រ​យោជន៍ ចំពោះ​អ្នក​អនុវត្ត​កិច្ចការ​សាធារណៈ ជា​ពិសេស​អ្នកមាន​សិទ្ធិ​សម្រេច​ចិត្ត​ធំៗ»

អ្នកឃ្លាំមើល​សង្គម​រូប​នេះ អះអាង​ថា ជំហាន​ដំបូង​ដែល​របប​ក្រុង​ភ្នំពេញ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ចាប់​អនុវត្ត​ពីមន្ត្រី​ថ្នាក់​លើ​មុន ជាពិសេស​មន្ត្រី​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​ ដើម្បី​បង្កើត​ភាព​ជា​គម្រូ​ដល់​មន្ត្រី​ថ្នាក់​ក្រោម។ លើស​ពី​នេះ លោក​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បង្កើត​ច្បាប់​ស្តី​ពី​ទំនាស់​ផល​ប្រយោជន៍​ និង​អនុវត្ត​ច្បាប់​នេះ​ឱ្យ​បាន​តឹង​រ៉ឹង​​ដើម្បី​លុប​បំបាត់​ភាព​អសកម្ម​របស់​មន្ត្រី​ទាំង​នោះ៖ «ប្រ​សិន​បើ​​មិន​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​សម្រេច​ចិត្ត​នៅខាងលើ ​​ជា​ពិសេស​​​រឿង​ធំៗ ដូច​ជា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ រឿង​បទ​ល្មើស​ព្រៃ​ឈើ​ហ្នឹង​​ឱ្យ​បាន​ចេញ​ជា​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​នោះ​ទេ ខ្ញុំ​គិត​ថា វិធានការ​នេះនឹង​​នៅតែ​ជា​រឿង​ព្រេង​និទាន​នៅក្នុង​សង្គម​កម្ពុជា»

អ្នក​នាំពាក្យ​សមាគម ​អាដហុក​ លោក សឺង សែន ករុណា យល់​ស្រប​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​លោក​ ហ៊ុន សែន ទៅ​លើ​មន្ត្រី​អសកម្ម​ដែល​មិន​បម្រើ​ពលរដ្ឋ​នោះ ហាក់​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​​ក្លាយ​ជា​ស្តង់​ដារតែ​មួយ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​និយាយ​តែ​មួយ​មុខ គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ គឺ​ចាំបាច់​ត្រូវ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ដែល​មិន​បាន​បម្រើ​ពលរដ្ឋ​​ពិត​ប្រាកដ ឬ​ប្រើ​អំណាច​របស់​ខ្លួន​ធ្វើ​បាប​ពលរដ្ឋ៖ «ជា​រឿង​មួយ ដែល​ល្អ​ប្រសើរ ប្រសិនបើ​ជាការ​លើក​ឡើង​នៅ​ក្នុង​បទ​បញ្ជា​​ត្រូវ​បាន​អនុវត្ត ហើយ​មន្ត្រី​របស់​គាត់​មាន​ការ​ភ្ញាក់​រំឭក ឬ​ក៏​គោរព​តាម។ ប៉ុន្តែ​កន្លង​មក យើង​ឃើញ​​មាន​ការ​ប្រើ​វិធានការ​​​ច្រើន​ដែរ តែ​ការ​អនុវត្ត​ដូច​ជា​មិន​ទាន់​មាន​ការ​ប្រែប្រួល ឬ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើ​រនៅ​ឡើយ​ទេ។ វា​ហាក់​បី​ដូច​ជា​ល្អ ដាច់​​ដោយ​ឡែក​តាម​ផ្នែក មិន​មែន​លក្ខណៈ​ជា​ប្រព័ន្ធ​ការងារ​មួយ​ ដែល​ត្រូវ​បាន​គោរ​ព​តាម​ទាំង​អស់​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​នាំ ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់»

កាល​ពី​ប៉ុន្មានខែ​មុន​នេះ​ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ក្រើន​រំឭក​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ឱ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​ផង​ដែរ ដោយ​លោក​បាន​ហៅ​ប្រជា​ពលរដ្ឋ​ថា​​ ជា​ចៅហ្វាយ​នាយ។ ​លោក​បាន​ស្ដី​បន្ទោស​ ​និង​ផ្តល់​ដំបូន្មាន​ជា​ច្រើន​ដល់​មន្ត្រី​រាជការ ឲ្យ​កែប្រែ​ឥរិយាបថ​​របស់​ខ្លួន​ពី​ចៅហ្វាយ​នាយ មក​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អវិញ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី នៅ​ចុង​អាណត្តិ​នៃ​របប​គ្រប់គ្រង​បច្ចុប្បន្ន លោក​ ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន បែរ​ជា​ព្រមាន​ថា នឹង​វាយ​បង្ក្រាប​ពលរដ្ឋ​ខ្លួន​ឯង​ទៅ​វិញ ប្រសិន​បើ​ពួក​គេ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ហើយ​លោក​ខ្លួន​ឯង​ផ្ទាល់​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​ស្តាយ​ដែល​មិន​បាន​​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ នោះ»

ក្រៅ​ពី​នេះ បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តាម​ខេត្ត​ខណ្ឌ​ទូទាំង​ប្រទេស​នោះ​ បាន​កម្រើក​ឡើង​វិញគ្រប់​ទីកន្លែង​ ខណៈ​បទល្មើស​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​បន្ត​​កើត​ឡើង​ពេញ​ផ្ទៃ​ប្រទេស ​ហើយ​ពលរដ្ឋ​គ្រប់​ច្រកល្ហក​លែង​មាន​ជំនឿ​លើ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ជំនាញ។ ពួក​គាត់​សុខ​ចិត្ត​លើក​គ្នាមក​តវ៉ា​ដល់​ក្រុង​ភ្នំពេញ​ឱ្យ​លោក​ ហ៊ុន សែន​ ជួយ​ដោះ​ស្រាយ​ ដែល​ចំណុច​​នេះ ត្រូវ​បាន​​អ្នក​ជំនាញ​​ខាង​វិទ្យាសាស្ត្រ​នយោបាយ វាយ​តម្លៃ​ថា ជា​ភាព​បរាជ័យ​នៃ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​របស់​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ សុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា

Image may be NSFW.
Clik here to view.

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា​ខាង​មុខ​នេះ ដើម្បី​ឱ្យ​អ្នកស្រី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ។ លោក ចាន់ ពុទ្ធិស័ក បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២០ មេសា​ថា ល្មម​ដល់​ពេល​ដោះ​លែង​អ្នកស្រី ទេព វន្នី ហើយ ព្រោះ​ម្យ៉ាង​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​ម្យ៉ាង​ទៀត អ្នកស្រី​ក៏​បាន​ជាប់​ពន្ធនា​អស់​រយៈ​ពេល​ពីរ​ភាគ​បី នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប​រយៈ​ពីរ​ឆ្នាំ​កន្លះ​នោះ​ហើយ៖ «យើង​ឃើញ​ថា អ្នកស្រី ទេព វន្នី គាត់​គ្រាន់​តែ​សម្តែង​មតិ​ទាមទារ​យុត្តិធម៌​រឿង​ដីធ្លី ក៏​ដូចជា​យុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល​តែ​ប៉ុណ្ណោះ។ល។ និយាយ​រួម​ទៅ គាត់​គ្រាន់​តែ​អ្នក​ទោស​មនសិការ​ទេ។ អ៊ីចឹង​អ្នកស្រី ទេព វន្នី ដែល​ជា​ស្ត្រី​ទន់​ខ្សោយ គឺ​គ្រប់គ្រាន់​ហើយ ដែល​គេ​ផ្ដន្ទាទោស​ធ្វើ​បាប​គាត់​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​សម្រាប់អ្នកស្រី ទេព វន្នី មកដល់ពេលនេះ គឺ​បី​លើក​ហើយ ដែល​គាត់​ជាប់​ពន្ធនាគារ»

លោក ចាន់​ ពុទ្ធិស័ក ថ្លែង​បន្ត​ថា អ្នកស្រី ទេព វន្នី ជាប់​ពន្ធនាគារ​ដោយសារ​តែ​ការ​តស៊ូ​មតិ​រឿង​ជម្លោះ​ដីធ្លី​នៅ​​តំបន់​បឹង​កក់ ហើយ​រហូត​មក​ដល់​ពេល​នេះ លោក​ថា ជម្លោះ​ដីធ្លី​នេះ ត្រូវ​បាន​របប​លោក ហ៊ុន សែន ជួយ​ដោះ​ស្រាយ​ស្ទើរ​តែ​អស់​ទៅ​ហើយ គឺ​នៅ​សល់​តែ​ពីរ​គ្រួសារ​ទៀត​ប៉ុណ្ណោះ៖ «ហើយ​ទន្ទឹម​នឹង​ការ​ដោះស្រាយបញ្ចប់​នូវ​វិបត្តិ​ដីធ្លី នៅ​តំបន់​បឹង​កក់​ហ្នឹង ខ្ញុំ​គិត​ថា ជា​ជោគជ័យ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​បិទ​ទំព័រ​នៃ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់​ហ្នឹង»

ជា​គោល​ការណ៍​ច្បាប់ ទណ្ឌិត​ដែល​បាន​អនុវត្ត​ទោស បាន ១​ភាគ ៣ អាច​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​បាន។ ចំណែក​ឯ​ទណ្ឌិត ដែល​បាន​អនុវត្ត​ទោស ២​ភាគ ៣ អាច​សុំ​លើក​លែង​ទោស​ទាំង​ស្រុង​តែ​ម្តង។ ជា​ទូទៅ ការ​ស្នើសុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស ឬ​ការ​លើក​លែង​ទោស​ទាំង​ស្រុង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដូច​ជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ពិធី​បុណ្យ​ពិសាខ​បូជា និង​ពិធី​បុណ្យ​អំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រទីប។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ដែល​អ្នក​ស្ត្រី​ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី អាដហុក ៤​រូប និង​មន្ត្រី គ..ប ១​រូប រួម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ វែក​មុខ​រក​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់ លោក កែម ឡី។ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ អ្នកស្រី​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ប្រមាណ​ជិត ២​ឆ្នាំ ដែល​ស្មើនឹង​ពីរ​ភាគ​បី​នៃ​ទោស​ជាប់​ពន្ធនាគារ​ទាំង​មូល។

ការ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​នេះ ស្រប​ពេល​ដែល​ក្រសួង​យុត្តិធម៌ នឹង​ពិនិត្យ​សំណើសុំ​បន្ធូរបន្ថយ និង​លើក​លែង​ទោស ដល់​ទណ្ឌិត​ចំនួន ២២៨​នាក់ នៅ​ដើម​សប្តាហ៍​ក្រោយ សម្រាប់​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា។ ទណ្ឌិត​ទាំង ២២៨​នាក់ ដែល​មាន​ស្ត្រី ១៨​នាក់​ផង​នោះ កំពុង​ជាប់​ពន្ធនាគារ ក្នុង​ខេត្ត​ក្រុង​ចំនួន ១៨ និង​​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤។ ពួគ​គាត់​បាន​ស្នើសុំ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស។

កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មីៗ នេះ ក្រសួង​យុត្តិធម៌​បាន​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ​៥០​នាក់ ក្នុង​ចំណោម​ទណ្ឌិត​ចំនួន ៣២១​នាក់ ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ឬ​លើក​លែង​ទោស។ ក៏​ប៉ុន្តែ ក្នុង​ចំណោម​ទណ្ឌិត​ទាំង ៥០​នាក់​នោះ មិន​មាន​ឈ្មោះ​អ្នកស្រី ទេព វន្នី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ណា​ម្នាក់ នោះ​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​អ្នកស្រី ទេព វន្នី និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ​ថា ជា​អ្នកទោស​នយោបាយ។ មន្រ្តី​សង្គម​ស៊ីវិល​បាន​រិះគន់​របប​លោក ហ៊ុន សែន ដែល​មិន​ព្រម​ដោះ​លែង​អ្នក​ទោស​នយោបាយ ជាពិសេស​ករណី​មិន​ដោះ​លែង​អ្នកស្រី ទេព វន្នី នេះ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​បាន​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧​នាក់ ក្នុង​នោះ ស្រី ២០​នាក់ ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន ៧២​នាក់ ពិធី​បុណ្យ​ពិសាខ​បូជា​ចំនួន ៣៥​នាក់ និង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ៥០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live