![]()
ការចូលរួមចំណែកថែរក្សាបរិស្ថាននៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី បានធ្វើឲ្យពលរដ្ឋនៅតំបន់នេះដែលភាគច្រើនជាជនជាតិដើមភាគតិចព្នង អាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ និងរួមគ្នាការពារជីវចម្រុះនៅក្នុងតំបន់។ ពលរដ្ឋនៅក្នុងតំបន់អភិរក្សនេះបានរៀបចំតំបន់ការពារព្រៃឈើ និងសត្វព្រៃមួយនេះឲ្យក្លាយជា តំបន់អេកូទេសចរណ៍ដើម្បីទាក់ទាញទេសចរមកលំហែកម្សាន្ត និងមើលសត្វព្រៃកម្រ។
ភាពសម្បូរបែបនៃជីវចម្រុះដែនជម្រកសត្វព្រៃកែវសីមា បានផ្ដល់ប្រយោជន៍ដល់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ជាង ២០សហគមន៍ អាចទទួលបានចំណូលប្រចាំថ្ងៃ តាមរយៈការថែរក្សា និងការពារបរិស្ថាននៅក្នុងតំបន់នេះ។
ក្រុមពលរដ្ឋបង្កើតតំបន់អេកូទេសចរណ៍ ដែលអាចឲ្យភ្ញៀវទេសចរណ៍សម្រាកនៅតំបន់នោះបាន ហើយពលរដ្ឋខ្លះទៀតក៏ទទួលបានកម្រៃពីការនាំភ្ញៀវទេសចរដែលចង់ដើរកម្សាន្តមើលព្រៃព្រឹក្សា និងសត្វព្រៃកម្រក្នុងដែនជម្រកសត្វកែវសីមា។
បុរសជនជាតិដើមភាគតិចព្នង ឈ្មោះ ធឿន ស្រូវ ដែលមានមាឌមាំ សម្បុរខ្មៅស្រអែម លោកជាអ្នកនាំភ្ញៀវទេសចរណ៍ចូលព្រៃមើលសត្វ។ បុរសវ័យជាងជិត៥០ឆ្នាំរូបនេះ រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយលោកក៏ជាប្រជាសហគមន៍ម្នាក់ ក្នុងចំណោមប្រជាសហគមន៍ផ្សេងទៀត ដែលបានចូលរួមការពារដែនជម្រកសត្វព្រៃកែវសីមា។
ជនជាតិព្នងរូបនេះ ត្រូវក្រោកនាំភ្ញៀវចូលព្រៃនៅម៉ោង៥ទៀបភ្លឺ ទើបអាចមើលឃើញសត្វកម្រនៅក្នុងតំបន់នោះ៖ «ភ្ញៀវមកម្តងៗជាអ្នកបរទេសហ្នឹងគេឲ្យពួកខ្ញុំជូនទៅមើល ចេញតាំងពីម៉ោង៥ ដល់ម៉ោង៨ព្រឹក បាយព្រឹកនៅក្នុងហ្នឹង(នៅក្នុងព្រៃ)»។
ការងារនេះផ្ដល់កម្រៃឲ្យលោកក្នុងមួយខែប្រមាណ២០ម៉ឺនរៀល ក្រៅពីនេះលោកក៏ទទួលបានប្រាក់៥ម៉ឺនរៀលបន្ថែមពីលើប្រាក់កម្រៃនៅពេលជូនភ្ញៀវទេសចូលព្រៃឡើងភ្នំម្តងៗ។ លោក ធឿន ស្រូវ ថា ភ្ញៀវទេសចរណ៍ទៅតំបន់នេះភាគច្រើនគឺជាជនជាតិបរទេស លោកមិនចេះភាសាអង់គ្លេសទេ ដូច្នេះត្រូវមានអ្នកប្រែភាសាម្នាក់ទៀតទៅអមជាមួយលោក៖ «តាមពិតគេចង់មើល បានគេអូសសប្បាយរីករាយពេលឃើញសត្វម្តងៗ ចិត្តយើងក៏សប្បាយរីករាយណាស់ដែរ»។
អង្គការអភិរក្សសត្វព្រៃ ហៅកាត់ថា WCS បានសហការជាមួយក្រសួងបរិស្ថាន និងប្រជាសហគមន៍ ដើម្បីរួមគ្នាថែរក្សា និងការពារដែនជម្រកសត្វព្រៃកែវសីមានេះអស់រយៈពេលជិត២០ឆ្នាំមកហើយ។
បុគ្គលិកផ្នែកទេសចរណ៍ធម្មជាតិនៃអង្គការ WCS លោក ខាង សឿង ដែលបណ្ដុះបណ្ដាលប្រជាសហគមន៍ ឲ្យដឹងថា សព្វថ្ងៃគម្រោង ដែលលោកគ្រប់គ្រងគឺមានភារកិច្ចបង្រៀនប្រជាសហគមន៍នៅក្នុងភូមិឲ្យចេះនាំផ្លូវភ្ញៀវឡើងភ្នំ បណ្ដុះបណ្ដាលអ្នកស្រាវជ្រាវសត្វតូច បង្រៀនមុខវិជ្ជាចុងភៅ អ្នកយាម និងអ្នកសម្អាត ដែលកិច្ចការទាំងនេះជាការរួមចំណែកផ្ដល់សេវាដល់ភ្ញៀវទេសចរណ៍។ លោកបន្តថា នេះ ជាគម្រោងទី១នៃផែនការអភិរក្សដែនជម្រកកែវសីមា ហើយនៅពេលនេះមានពលរដ្ឋជាង ២០០នាក់ បានចូលរួមគាំទ្រគម្រោងនេះ៖ «យើងបង្រៀនដោយសហការជាមួយដៃគូដើម្បីឲ្យគាត់ដឹងពីវិធីសាស្ត្រក្នុងការនាំភ្ញៀវ ឲ្យដឹងព្រៃ ដឹងតំបន់ដែលមានសត្វព្រៃ និងដឹងភូមិសាស្ត្រ»។
ការអនុវត្តគម្រោងភូមិអណ្តូងក្រឡឹង គឺជាភូមិមួយនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានសង់រៀនហាលអង្គុយលំហែកាយ និងរោងសម្រាប់ភ្ញៀវស្នាក់នៅ។
ថវិកាដែលទទួល បានពីភ្ញៀវតាមរយៈការផ្ដល់សេវានេះទុកសម្រាប់ការប្រើប្រាស់នៅក្នុងសហគមន៍។
មន្ត្រីជំនាញរេដបូករបស់អង្គការអភិរក្សសត្វព្រៃ WCS លោក យាង ដូណាល់ ដែលធ្វើការលើកិច្ចការពារជីវចម្រុះនៅដែនជម្រកនេះបាននិយាយថា ដោយសារមានកិច្ចសហការពីអ្នកពាក់ព័ន្ធនានា បទល្មើសព្រៃឈើនៅក្នុងតំបន់បានថយចុះ។ ប៉ុន្តែលោកថា ក៏នៅតែមានបទល្មើសព្រៃឈើកើតឡើងដែរ ដែលភាគច្រើនបង្កឡើងដោយការទន្ទ្រានយកដីធ្វើកសិកម្មពីជនចំណាកស្រុក និងការលួចកាប់ឈើខុសច្បាប់ពីជនខិលខួច៖ «ភាគច្រើនគេកើតចេញពីការកាប់រុករានយកដីធ្វើកសិកម្ម ហើយក៏មានការកាប់ឈើខុសច្បាប់ ដែលជាបញ្ហាធំដែលយើងត្រូវគិតគូរទប់ស្កាត់បទល្មើសទាំងអស់ហ្នឹង»។
ទាក់ទងការបំផ្លាញព្រៃឈើនេះ លោក ជិ រញើប ជនជាតិដើមភាគតិចព្នងដែលបានចូលរួមការពារជីវៈជម្រកដែនកែវសីមានិយាយថា ការរស់នៅរបស់ជនជាតិដើមភាគតិចមិនបានបំផ្លាញព្រៃឈើឡើយ។ ប៉ុន្តែលោកថា អ្វីដែលធ្វើឲ្យសហគមន៍ព្រួយបារម្ភនោះ គឺការបំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃពីក្រុមមនុស្សមកពីក្រៅតំបន់នេះ ឬខេត្តផ្សេង។ បញ្ហានេះបានធ្វើឲ្យពលរដ្ឋក្នុងសហគមន៍ជួបការលំបាកដែលបណ្ដាលប្រែប្រួលអាកាសធាតុខុសពីធម្មតា៖ «ពួកខ្ញុំជនជាតិដើមភាគតិចកាប់ឈើដែរ កាប់ចម្ការតាមប្រពៃណីដាំស្រូវ ដាំបន្ថែអីទេ»។
ក្នុងកិច្ចប្រជុំមួយរវាងអ្នកពាក់ព័ន្ធ និងប្រជាសហគមន៍ជាង ២០ភូមិដែលជាជនដើមភាគតិចព្នងចូលរួម។ ក្រុមការងារដាក់ផែនការថ្មី ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការពង្រឹងការយាមល្បាត និងបញ្ជ្រាបការយល់ដឹងរបស់ពលរដ្ឋឲ្យដឹងកាន់តែច្រើនទៀតពីសារប្រយោជន៍ព្រៃឈើ និងសត្វព្រៃ។
មន្ត្រីគម្រោងដែនជម្រកសត្វព្រៃកែវសីមានៃ ក្រសួងបរិស្ថាន លោក គង់ ពុទ្ធីរ៉ា ឲ្យដឹងថា ពេលនេះអ្នកពាក់ព័ន្ធមានផែនការបណ្ដុះបណ្ដាលពលរដ្ឋបន្ថែម ពីរបៀបបង្កើតតំបន់អេកូទេសចរណ៍នៅក្នុងសហគមន៍៖ «យើងអញ្ជើញគាត់មកដើម្បីបង្ហាញលទ្ធផល និងដាក់ផែនការទិសដៅការងារទៅថ្ងៃមុខ ដើម្បីអភិវឌ្ឍន៍ និងអភិរក្សសហគមន៍»។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីជាង ៣០ម៉ឺនហិចតា ពោរពេញដោយព្រៃឈើ គ្របដណ្ដប់ឃុំ៤ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាជម្រកសត្វព្រៃកម្រ និងរុក្ខជាតិជាង ៦០ប្រភេទ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការអន្តរជាមួយដែលហៅកាត់ថា IUCN ដែលជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ។ ដែនជម្រកនេះមានសត្វកម្រ ៥ប្រភេទ រួមមាន កង្កែបអូរាំង ពស់ព័ណ៍បៃតង ស្វាកន្ទុយស ទទាទ្រូងលឿង និងទោចថ្ពាល់លឿង។ ក្រៅពីនេះក៏មានសត្វព្រៃផ្សេងទៀត ដែល ជាពពួកខ្លាព្រៃ ទន្សោង ខ្ទីង ត្រយ៉ងយក្ស ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។ កត្តាពិសេសមួយទៀតពលរដ្ឋរស់នៅតំបន់នេះ ជាជនដើមភាគតិចព្នង ដែលការរស់នៅរបស់ពួកគេពឹងអាស្រ័យលើព្រៃឈើក្នុងសហគមន៍។
ដោយសារភាពសំបូរបែបនៃជីវចម្រុះ ការថែរក្សាព្រៃឈើ និងសត្វព្រៃនៅដែនជម្រកនេះ បានល្អ ទើបឌីសនី (Disney) របស់អាមេរិកសម្រេចចុះហត្ថលេខាទិញកាបូនរេដបូក នៅដែន ជម្រកសត្វព្រៃកែវសីមាកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ២,៦លានដុល្លារ កាលពីឆ្នាំ២០១៦ រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។
អ្នកជំនាញបរិស្ថានពន្យល់ថា ការព្រមព្រៀងផ្ដល់ថវិការវាងបណ្ដាប្រទេសអភិវឌ្ឍន៍ខ្លាំង ដែលការអភិវឌ្ឍនោះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានតាមរយៈផ្សែងពុល ហើយប្រទេស អភិវឌ្ឍន៍ទាំងនោះបានផ្ដល់ថវិការបស់ខ្លួនទៅកាន់ប្រទេសដែលការពារព្រៃឈើ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។
ចាប់តាំងពីមានកិច្ចព្រមព្រៀងនេះមក បទល្មើសព្រៃឈើនៅក្នុងតំបន់បានថយជារៀងរាល់ឆ្នាំ បើទោះជាបទល្មើសព្រៃនៅក្នុងប្រទេសសព្វថ្ងៃកំពុងផ្ទុះឡើងសាជាថ្មីក្តី។
កាលពីឆ្នាំ២០១៧ សហគមន៍ប្រចាំដែនជម្រកសត្វព្រៃកែវសីមាបានប្រកាសពីភាពជោគជ័យ របស់ខ្លួនក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះ ដោយបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងជាច្រើនដូចជា អន្ទាក់សត្វ រណារយន្ត និងកាំភ្លើងកែច្នៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។