Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ខ្មែរ​កម្ពុជា​ក្រោម​មិន​មាន​សិទ្ធិ​ពេញលេញ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន

$
0
0

ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង ​កំពុងត្រៀម​ខ្លួន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដូច​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​ដោយសារ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​កុម្មុយនីស្ដ វៀតណាមនោះ ពួក​គាត់​មិន​មាន​សិទ្ធិ​ពេញលេញប្រារព្ធពិធីចូលឆ្នាំថ្មី​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​នេះ​ទេ។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បើក​ឱកាស​ឲ្យ​សិស្សានុសិស្ស កម្មករ​រោងចក្រ និង​មន្ត្រី​រាជការ​វៀតណាម ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​នោះ បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ដូច​នឹង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម និង​ចិន បាន​ឈប់​សម្រាក​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម​ដែរ។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ឈប់​សម្រាក​នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​របស់​ខ្លួន​នោះ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គោរព​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ​ចំពោះគ្រប់​ជន​ជាតិ​ទាំង​អស់ ដែល​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន ចូលរួម​ប្រជុំ​មហាសន្និបាត​របស់​អង្គការ យូ​អ៊ិន​ភី​អូ (UNPO) នៅ​ប្រទេស​បែលហ្សិក (Belgium) ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រទេស​អូស្ត្រាលី (Austria) អាមេរិក សមាជិក​ព្រឹទ្ធសភា​ប្រទេស​បារាំង និង​សភា​អ៊ឺរ៉ុប ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ដ​វៀតណាម​គោរព​ពលរដ្ឋ​ជនជាតិ​ដើម ដែល​រស់​នៅ​លើ​ដែន​ដី​កំណើន​របស់​ខ្លួន​នៅ​វៀតណាម​ខាង​ត្បូង និង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​ពេញលេញ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឡើយ ដោយសារ​បញ្ហា​មួយ​ចំនួន ដូចជា យុវជន​ភាគ​ច្រើន​បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ខែត្​រផ្សេងៗ និង​ធ្វើ​ការ​នៅ​ព្រៃ​នគរ​ជា​ដើម ខាង​ថៅកែ​មិន​អនុញ្ញាត​ឲ្យ​ឈប់​សំរាក និង​ទី​កន្លែង​សម្រាប់​ធ្វើ​ពិធី​ចូល​ឆ្នាំ ចំពោះ​អ្នក​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត ដែល​ចង់​ឆ្លៀត​ពេល​ជួបជុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ៖

ទីវត្ត​អារាម​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឮ​សំឡេង​កង​រំពង​អំពី​ការ​សូត្រ​ធម៌ ការ​លេង​ល្បែង​ប្រជាប្រិយ្យ ហើយ​ពុទ្ធសាសនិក​ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃណី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ហើយ​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​ដើរ​លេង​កំសាន្ត និង​រៀបចំ​ពិធី​តាម​ពុទ្ធសាសនា​តាម​ទំនៀម​ទំលាប់​ប្រពៃណី​រៀងៗ ខ្លួន។ ការ​ជូបជុំ​គ្នា​មិន​ថា ក្មេង​ចាស់​ទេ ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​មួយ​ឆ្នាំ​មាន​ម្ដង​សម្រាប់​ជួបជុំ​ក្រុម​គ្រួសារ​មក​ពី​ទី​ជិត​ឆ្ងាយ។ លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ គ្មាន​វាសនា​ឈប់​សំរាក​ជួបជុំ​បង​ប្អូន​ក្រុម​គ្រួសារ និង​រៀបចំ​ពិធី​ផ្សេងៗ នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ឡើយ ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម វៀតណាម​ភាគ​ខាង​ត្បូង ក៏​មាន​ប្រពៃណី វប្បធម៌ ទំនៀម​ទម្លាប់ ភាសា អក្សរសាស្ត្រ និង​កាន់​ពុទ្ធសាសនា ដូចជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ក្ដី។

លោក ប្រាក់ សេរីវុឌ្ឍ អះអាង​ថា វៀតណាម ប្រើ​នយោបាយ​ត្រជាក់ ដើម្បី​បន្សុទ្ធ​ខ្មែរ​ក្រោម​ឲ្យ​ភ្លេច​ដើម​កំណើត និង​ប្រពៃណី​របស់​ខ្លួន​បន្តិច​ម្ដងៗ ពិសេស គឺ​អាជា្ញធរ​វៀតណាម រឹត​បន្តឹង​មិន​ឲ្យ​ក្មេងៗ រៀន​អក្សរសាស្រ្ត​ខ្មែរ ហើយ​នៅ​តាម​វត្ត​អារាម​ខ្លះ វៀតណាម​ក៏​ឲ្យ​អាចារ្យ​វត្ត​ឈប់​បង្រៀន​អក្សរសាស្រ្ត​ខ្មែរ​ដែរ។

មាត្រា​១១ នៃ​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជនជាតិ​ដើម​ភាគ​តិច ចំណុច​ទី​១ ចែង​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន ដោយ​ផ្ដល់​ការ​អប់រំ​ជា​ភាសា​របស់​ខ្លួន​ផ្ទាល់ ក្នុង​លក្ខណៈ​សមស្រប និង​វិធីសាស្រ្ត​តាម​វប្បធម៌ នៃ​ការ​បង្រៀន និង​រៀនសូត្រ​របស់​ពួក​គេ។

រីឯ​ចំណុច​ទី​២ នៃ​មាត្រា​ដដែល​នេះ បញ្ជាក់​ថា បុគ្គល​ជនជាតិ​ដើម​ភាគ​តិច​គ្រប់​រួប ពិសេស​កុមារ​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​គ្រប់​កំរិត និង​គ្រប់​រួបភាព​នៃ​ការ​អប់រំ​របស់​រដ្ឋ ដោយ​គ្មាន​ការ​រើសអើង​ឡើយ។

ដែន​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​អាណានិគម​បារាំង គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ​១៨៥៩។ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ បារាំង បាន​កាត់​ទឹក​ដី​នេះ​ទៅ​ឲ្យ​ស្ដេច​វៀតណាម បាវ ដាយ (Bao Dai) គ្រប់គ្រង ដើម្បី​ជា​ថ្នូរ​យក​កម្លាំង​របស់​ស្ដេច បាវ ដាយ ទៅ​ទប់ទល់​នឹង​កម្លាំង​កុម្មុយនីស្ត​របស់​លោក ហូ ជីមិញ (Ho Chi Minh)។ ការ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​នេះ បារាំង មិន​បាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​បាន​ដឹង​ឡើយ។ តាំង​ពី​ពេល​នោះ​មក ពលរដ្ឋ​ខ្មែរក្រោម ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក បាន​ក្លាយជា​ជនជាតិ​ភាគតិច ​រស់នៅ​លើ​ដែន​ដី​កំណើត​របស់​ខ្លួន ​ក្រោម​ការ​គ្រប់គ្រង និង​ត្រួតត្រា​របស់​​រដ្ឋាភិបាល​វៀតណាម

ភិក្ខុ​សុវណ្ណជោតោ យ៉ាន តូន គង់​នៅ​វត្ត​សូរិយា រង្ស៊ី ទីក្រុង Philadelphia ដែល​ព្រះអង្គ​ធ្លាប់​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ផង​នោះ មាន​ថេរដីកា​ថា រដ្ឋាភិបាល​វៀតណាម​បាន​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ប្រកប​របរ​កសិកម្ម ដូចជា​ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​កសិករ​ដូច​វៀតណាម ទី​បំផុត​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន ក៏​ធ្វើ​ចំណាក​ស្រុក ហើយ​គ្រួសារ​មួយ​ចំនួន​ខ្វះខាត​ជំពាក់​បំណុល​គេ​ច្រើន ក៏​លក់​ដី​ស្រែ។ នៅ​ទី​បំផុត​ពលរដ្ឋ​ខ្មែរ​ក្រោម​គ្មាន​ដី វៀតណាម​ទិញ​យក ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​ក្លាយ​ជា​អ្នក​ស៊ី​ឈ្នួល​វៀតណាម​វិញ និង​ភូមិឋាន​បាត់​រចនា​ដើម​ដែល​សំគាល់​ថា ជា​ភូមិ​របស់​ខ្មែរ ដោយសារ​តែ​ការ​រស់​នៅ​លាយឡំ និង​វៀតណាម។ ព្រះតេជគុណ​បន្ថែម​ថា នៅ​ពេល​បុណ្យទាន អាជ្ញាធរ​វៀតណាម មិន​សូវ​លើក​ទឹក​ចិត្ត ឬ​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​ទៅ​លេង​ល្បែង​ប្រជាប្រិយ​ក្នុង​វត្ត​ទេ ប៉ុន្តែ​វៀតណាម​ពង្វក់​យុវជន​ខ្មែរ​បើក​កម្មវី​រាំរែក​សប្បាយ ដែល​បទ​ចំរៀង​លាយឡំ និង​បទ​ចំរៀង​របស់​វៀតណាម​ជាដើម។

មាត្រា​១២ នៃ​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិស្ដីពី​ជនជាតិ​ដើម​ភាគ​តិច ចែង​ថា ជនជាតិ​ដើម​ភាគ​តិច មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ​នូវ​ប្រពៃណី និង​ទំនៀម​ទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន។ សិទ្ធិ​នេះ រួមមាន​ទាំង​សិទ្ធិ​ក្នុង​ការ​ថែ​រក្សា​ការពារ និង​អភិវឌ្ឍន៍​អ្វីៗ ដែល​បង្ហាញ​អត្តសញ្ញាណ វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណវិទ្យា និង​តំបន់​ប្រវត្តិសាស្រ្ត​បុរាណវត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា និង​សិល្បៈ ទស្សនីយភាព និង​ការ​សម្ដែង​សិល្បៈ និង​អក្សរសាស្រ្ត។

រដ្ឋ​ទាំងឡាយ ត្រូវ​ផ្ដល់​ឲ្យ​មាន​ដំណោះស្រាយ​តាម​រយៈ​យន្តការ​មាន​ប្រសិទ្ធិភាព ដែល​រួមមាន​ទាំង​បដិទាន ដោយ​បាន​រៀបចំ​បង្កើត​ឡើង​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច ចំពោះ​កម្មសិទ្ធិ​វប្បធម៌​បញ្ញា សាសនា និង​ជំនឿ​របស់​ពួក​គេ ដែល​ត្រូវ​បាន​ដកហូត​ដោយ​គ្មាន​ការ​យល់​ព្រម​ដោយ​សេរី និង​ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន ឬ​ដែល​រំលោភ​លើ​ច្បាប់ ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ពួក​គេ។

ភិក្ខុ​សុវណ្ណជោតោ យ៉ាន តូន សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ប្រពៃណី​ខ្មែរ​នៅ​ពេល​អនាគត ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម មិន​បើក​សិទ្ធិ ឬ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​ទេ ព្រោះ​ថា នៅ​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​វិញ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រយៈ​ពេល ១៥​ថ្ងៃ។

ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៀត រៀបការ​ជាមួយ​ជនជាតិ​វៀតណាម មាន​ទាំង​ប្រុស​ទាំង​ស្រី នៅ​ពេល​ពួក​គាត់​បាន​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​បាន​បង្កើត​នូវ​ចំណង​អាពាហ៍ពិពាហ៍ ហើយ​អ្នក​ខ្លះ​ក៏​មិន​ចេះ​និយាយ​ភាសា​ដើម​កំណើត​របស់​ខ្លួន​ក៏​មាន។ ពិសេស នៅ​ពេល​បុណ្យ​ទាន​ក្មេងៗ មិន​សូវ​យល់​ដឹង​អំពី​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្លួន​ឲ្យ​បាន​ស៊ី​ជម្រៅ​នោះ​ទេ ហើយ​មេគណ​ខែត្រ និង​អ្នក​មាន​តួនាទី​មួយ​ចំនួន​ត្រូវ​បាន​វៀតណាម​គាប​សង្កត់ អ្នក​ខ្លះ​បាន​ធ្វើ​ការ​ឲ្យ​អាជ្ញាធរ​វៀតណាម​ថែម​ទៀត។

វត្តអារាម​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​បច្ចុប្បន្ន​មាន​ជាង ៥០០​វត្ត ហើយ​គ្មាន​ស្ថិតិ​ណា​មួយ​បង្ហាញ​ថា ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​នៅ​វៀតណាម​ភូមិភាគ​ខាង​ត្បូង​ថា មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ឡើយ។ ប៉ុន្តែ​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម​ចំណង​ជើង​ថា អំណាច​គ្មាន​ខ្មែរ​ក្រោម​សរសរ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ជាង ១​លាន​នាក់។ សៀវភៅ​ដដែល​នេះ បាន​ស្រង់​ស្ថិតិ​ពី​សៀវភៅ​ដំណោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច បញ្ជាក់​ថា នៅ​សតវត្ស​ទី​២១ នេះ ខ្មែរ​ក្រោម​មាន​ជាំង ៤​លាន​នាក់។ រីឯ​ខាង​សហព័ន្ធ​ខ្មែរ​ក្រោម​វិញ អះអាង​ថា ខ្មែរក្រោម​ទាំង​អស់​មាន​ជាង ៨​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពិធីផ្ទេរតំណែងទេវតា​ និងប្រពៃណី​ទំនៀម​ទម្លាប់នៃការ​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី

$
0
0

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០១៨​នេះ មាន​រយៈ​ពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​សៅរិ៍ ទី​១៤​ ដល់​ថ្ងៃចន្ទទី​១៦ ខែ​មេសា។

ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹងចូលមក​បន្ត​វេន​ថែរក្សា​លោក​ក្នុង​រយៈពេល​មួយ​ឆ្នាំ​បន្ត​ទៀត​នេះមាន «ព្រះនាម ​មហោធរៈទេវី » ជាបុត្រីទី៧​ របស់ កបិល​មហាព្រហ្ម។

ព្រះនាង បាន​យាង​ចុះ​មក​ដល់​នៅ​វេលា​ម៉ោង : ១២ ព្រឹក ថ្ងៃ​សៅរិ៍ ​ទី​១៤​រោច ​ខែចេត្រ​​​ឆ្នាំ​ថ្មី គឺ​ឆ្នាំ «​» ​សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្តសករាជ២០១៨ មហាសករាជ ១៩៤០ និង​ចុល្លសករាជ​១៣៨០។

តើគេនឹងរៀបចំពិធីផ្ទេរតំណែងទេវតា​ និងរៀបចំ​គ្រឿង​រណ្ដាប់​អ្វី​ខ្លះ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឲ្យ​ត្រឹមត្រូវតាម​ក្បួន​តម្រា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរយើង ដើម្បី​ទទួល​បាន​សេរី​សួស្ដី​បវរ​មហា​ប្រសើរ​នោះ?

សូម​ស្តាប់​សេចក្តី​រាយការណ៍​ពិស្តារ របស់​លោក សេក បណ្ឌិត ជុំវិញ​រឿង​នេះ​ដែល​មាន​សេចក្ដី​ដូចតទៅ...

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ជាប់​ទាក់ទង​ជា​សំខាន់​នឹង​បុត្រី​កបិល​មហាព្រហ្ម​ទាំង៧​អង្គ ដែល​យាង​មក​ប្ដូរ​វេន​គ្នា​រក្សា​លោកយើងនេះ ទៅ​តាម​ជំនឿ​របស់​ខ្មែរ​តាំង​ពី​បុរាណ​កាល រហូត​ដល់​សព្វថ្ងៃនេះ។

តាម​ក្បួន​តម្រា​មហា​សង្ក្រាន្ត​ឆ្នាំថ្មី​ ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្ត​សករាជ​២០១៨ មហាសករាជ ១៩៤០ និងចុល្លសករាជ​១៣៨០នេះ គឺ​ត្រូវ​វេន​ទេព​ធីតា​ព្រះនាម​«មហោធរៈទេវី » ដែល​ជា​បុត្រី​ទី​៧​ ​យាង​មក​ទទួល​តំណែង​បន្តវេន​ពី​ទេព​ធីតា​ឆ្នាំ​ចាស់​ឆ្នាំរកា គឺ​ព្រះទេពធីតា​ព្រះនាម«កិមិរា​ទេវី»ដែល​ជា​បុត្រីច្បង​ទី៦​របស់​កបិល​មហាព្រហ្ម។

តាម្រាពីបុរាណបានបង្ហាញ​នូវ​លក្ខណៈ​សម្គាល់​ទេព​ធីតា​ព្រះនាម «មហោធរៈទេវី » ​គឺ​ទ្រង់​អម្ពរ​ពណ៌​ខៀវ លម្អ​ដោយ​ផ្កា​ត្រកៀត អភរណៈ​ និលរតន៍ ភក្សាហាទ្រង់ សោយ សាច់ ទ្រាយ ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រហស្ត​ឆ្វេង​ទ្រង់ ​ត្រីសូល៍ ទ្រង់​គង់​រំពៃ​លើ​ខ្នង​ស្តេច​ក្ងោក (មយូរា) ដែល​ជា​ពាហនៈ។

ទេព​ធីតា​ព្រះនាម​ «មហោធរៈទេវី » បាន​នាំ​អស់​ទេវ​បុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវ ធម្មមាលី នា​ទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស​ នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ​ចំនួន ៧​ជុំ តាម​ផ្លូវ​ព្រះ​អាទិត្យ ចរ​ចំនួន ​៦០​នាទី ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​តាម​ទំនាម​ត​រៀង​មក។

ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​ទេវតា​ លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ អតីត​ទីប្រឹក្សា​ជុំនុំ​ព្រះ​ត្រៃបិដក ​មាន​ប្រសាសន៍​ថា ពីធី​នេះ​ បុរាណ​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ និង​មាន​របៀប​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​ តាម​ទីវត្ត​អារាម និង​តាម​ផ្ទះ​សម្បែង​តាម​ភូមិឋាន​នានា របស់​អ្នក​ភូមិ​ ក្រោម​ទិដ្ឋភាព​សប្បាយ​រីករាយ​ដោយ​ម្នាក់ៗ ស្លៀក​ពាក់​ល្អ​ស្អាត ជា​បៀប​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ដោយ​មាន​លោក​អាចារ្យ ចាស់​ព្រឹទ្ធាចារ្យ ជា​អ្នក​ដឹក​នាំ​ធ្វើ​ពិធី​នេះ៖ «គឺ​យើង​ធ្វើ​តាម​ដំណើរ​រឿង​របស់​ទេវកថា តាម​ដំណើរ​រឿង​កបិល​មហា​ព្រហ្ម និង​បុត្រី​ទាំង ៧​អង្គ ដែល​ជា​ទេវតា បាន​ដាក់​វេន​គ្នា មក​រក្សា​លោក​យើង​នេះ ជំនួស​ព្រះ​បិតា។ ការ​ផ្ទេរ​តំណែង​នោះ មាន​រៀបចំ​ពិធី​ប្រកាស​ហេតុ​ ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់ មាន​សេចក្តី​របាយការណ៍​ផ្សេងៗ និង​មាន​ផែនការ​ថ្មី ការ​សេសសល់​គម្រោង​ចាស់ ​ដែល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​អនុវត្ត​បន្ត​នោះ​ជាដើម»

ចំណែក​ប្រពៃណី​ទំនៀម​ទម្លាប់​ នៃ​ការ​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​វិញ ចាស់​ទុំ​ពី​បុរាណ​ក៏​បាន​ទុក​ជា​គំរូ ឬ​របៀរបប​យ៉ាង​ច្បាស់លាស់​សម្រាប់​កូន​ចៅ​គោរព​តាម​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​ដែរ។

តាម​ទំនៀម ពលរដ្ឋ​ខ្មែរ​តែង​រៀបចំ​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​ទទួល​បាន​សិរី​សួស្ដី​ក្នុង​ឆ្នាំ​ថ្មី។ ចាស់​ទុំ​មួយ​ចំនួន ដែល​បាន​សិក្សា​ពី​វប្បធម៌ ជំនឿ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ពិធី​ទទួល​ទេវតា​មិន​មែន​ចេះតែ​រៀបចំ​ទៅ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ពោល​គឺ​វា​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវទៅ​តាម​លំអាន​នៃ​តម្រា​មហាសង្ក្រាន្ត​ខ្មែរ ដែល​ត្រូវ​បាន​កត់​ចំណាំ​ទុក​ជា​ច្រើន​ជំនាន់​មក​ហើយ។

ក្បួន​តម្រាចូល​ឆ្នាំ​ថ្មី​ ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពិធី​ទ្វា​ទសមាស ភាគ​ទី​១ បាន​បង្ហាញ​ថា រណ្ដាប់​ទទួល​ទេវតា​មាន​រាន​ទេវតា​ ៧​ថ្នាក់​មួយ សម្រាប់​តាំង​គ្រឿង​ដង្វាយ និង​មាន​ភ្លេង​ពិណពាទ្យ ១​វង់ សម្រាប់​លេង​ទទួល​ទេវតា។ គេ​ត្រូវ​ក្រាល​សំពត់​ដែល​មាន​ពណ៌​ស ឬ​ពណ៌​ទៅ​តាម​ថ្ងៃ​ខែ​ឆ្នាំ និង​ឈ្មោះ​ទេវតា ដោយ​ក្រាល​នៅ​លើ​រាន ឬ​តុ​ស្រស់​ស្អាត​មួយ ឬ​គេ​ហៅ​ថា រាន​ទេវតា។

រីឯ​រណ្ដាប់​ ឬ​ដង្វាយ​ទទួល​ទេវតា​វិញ មាន​បាយ​សី​ធំ ១​គូ ស្លាធម៌ ១​គូ ទឹក​អប់ ១​គូ ទៀន ៥ ធូប ៥ លាជ ៥​កែវ ផ្កា ៥​កែវ ​ឬ​ថូ​ ស្លា​បារី​ ដាក់​លើជើង​ពាន ១​គូ ចេកនួន ឬ​ចេក​ណាំវ៉ា ដាក់​លើ​ជើង​ពាន ១​គូ​ ដូងឡៅ​មួយ​គូ​ និង​មាន​ផ្លែ​ឈើ​ប្រណិត ១១​មុខ​ផ្សេង​ទៀត ទឹក​ស្អាត​ពីរ​កែវ ឬ​មួយ​ផ្តិល​ធំ និង​ពែ​ព្រះ​ភូមិ​១ ពែ​ព្រះ​កេតុ​១។

ចាស់​ទុំ​បុរាណ​ក៏​បាន​អនុញ្ញាត​ឲ្យ​រៀប​រណ្ដាប់​ទទួល​ទេវតា​ ដោយ​សង្ខប​ទៅ​តាម​ធន​ធាន​ដែល​យើង​មាន​ជាក់​ស្តែង​ក៏​បាន​ដែរ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ មាន​ប្រសាសន៍​ថា ពលរដ្ឋ​សាមញ្ញ ​អាច​ធ្វើ​ត្រឹម​បាយសី ៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន​ទៀន​៥ ធូប​៥ ស្លាធម៌​ កូន​ចេក ​១​គូ ទឹក​មួយ​ផ្តិល​ធំ។ ចំពោះ​ផ្លែ​ឈើ​អាច​រៀប​ត្រឹម ៧​មុខ ទៅ​តាម​ធនធាន​ដែល​ខ្លួន​មាន​ឲ្យ​សម​ល្មម​ ប្រកប​ដោយ​ចិត្ត​បរិសុទ្ធ​ជ្រះ​ថ្លា ​ក្នុង​ការ​បូជា​ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នោះ ​ក៏​ទទួល​បាន​នូវ​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ​ដែរ៖ «ទេវតា​មាន​អាហារ​សម្រាប់​ពួក​ទេវតា​នោះ​ហើយ មិន​ចាំ​តែ​មក​សោយ​ដង្វាយ​អាហារ ដែល​មនុស្ស​លោក​ថ្វាយ​នោះ​ទេ។ ប៉ុន្តែ​ដើម្បី​ឲ្យ​គាប់​គួរ​នោះ គឺ​ថា​យើង​បរិភោគ​អី​ដែល​គិត​ថា វា​ប្រណិតៗ ល្អ​ហ្នឹង គឺ​យើង​យក​ផ្លែ​ឈើ​នោះ​ទៅ​បូជា​ថ្វាយ​ទេវតា ធ្វើ​ទៅ​តាម​សទ្ធា​ ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នោះ​ជា​ការ​ប្រសើរ​ហើយ»

អ្នក​ជំនាញ​ខាងវប្បធម៌​ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ លោក​អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការ​រៀបចំ​បាយសី ផ្លែឈើ និង​ផ្កាភ្ញី ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ពេល​ទេពធីតា​ចុះ​នោះ គឺ​ធ្វើ​ឡើង​តាម​បែប​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធ​សាសនា ព្រោះ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា ពិត​ជា​មាន​ទេវតា​ចុះ​មក​ផ្លាស់ប្ដូរ​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង ដើម្បី​ថែរក្សា​សត្វ​លោក និង​ទេវតា​ឱ្យ​មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​​ក្នុង​ឆ្នាំ​ថ្មី។

នៅ​ពេល​ជិត​ដល់​ម៉ោង​ទេវតា​យាង​ចុះ សមាជិក​ក្រុម​គ្រួសារ​ តែងតែ​មក​ជួបជុំ​គ្នា​នៅ​មុខ​រាន​ទេវតា​ដោយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​​​ ធ្វើ​បទ​នមស្សការ​ព្រះរតនត្រ័យ សមាទាន​សីល ​​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត ​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​សៅហ្មង​ទាំង​ពួង តម្កល់​ចិត្ត​​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ទី​ពឹង​នៃ​ស្រែ​បុណ្យ​របស់​យើង រហូត​ដល់​ពិធី​ទទួល​ទេវតាបានបញ្ចប់​ដោយ​បរិបូរណ៍។

ព្រះមហា​ធម្មាលង្ការោ ចាន់ សុជន ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​កណ្តាល​ ហៅ​វត្ត​ខា្ចស់ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ថេរដីកា​ពន្យល់​ថា ការ​សម្អាត​ចិត្ត មុន​ចូល​ថ្វាយ​បង្គំ​ព្រះរតនត្រ័យ​ទទួល​ទេវតា​ឆ្នាំ​ថ្មី គឺ​លះ​បង់​គំនិត ដែល​ធ្លាប់​ចង់​សាង​អំពើ​បាប ហិង្សា គំនុំ កុំកួន ព្យាបាទ​គ្នា​ តាំង​ពី​ឆ្នាំ​ចាស់​នោះ​ឲ្យ​អស់​ ហើយ​តាំង​ចិត្ត​ប្រព្រឹត្តិ​ល្អ​ចាប់​ពី​ឆ្នាំ​ថ្មី​នេះ​តទៅ៖ «ការ​សម្អាត​ចិត្ត​នៅ​ពេល​នេះ​គឺ​ចម្រើន​ទៅ​ដោយ​សេចក្តី​ល្អ​ផ្សេងៗ ឆ្នាំ​ថ្មី គឺ​អ្វីៗ ថ្មី​ទាំង​អស់។ មាន​ន័យ​ថា ការ​គិត​អាក្រក់​ទាំង​ឡាយ​កន្លង​មក​ហ្នឹង សូម​ឲ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ហ្នឹង​ទៅ ហើយ​ក្នុង​ឆ្នាំ​ថ្មី​សូម​ឲ្យ​ការ​គិត​នោះ​ថ្មីៗ គោល​ដៅ​សំខាន់​ការ​សម្អាត​ចិត្ត​នេះ​សំដៅ​សាងមេត្តា​ធម៌​ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង​ជា​រៀង​រហូត​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ត​ទៅ»

លោក​ អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ពន្យល់​ដែរ​ថា អត្ថន័យ​រៀបចំ​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី ​តាំង​ពី​បុរាណកាល​មក​ដោយ​ពលរដ្ឋ​ខ្មែរ​គោរព​ស្រលាញ់​សាសនា​បែប​ព្រហ្មញ្ញ​ ដែល​មាន​ជំនឿ​លើ​ក្បួន​ហោរាសាស្ត្រ និង​ការ​ផ្លាស់ប្ដូរ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី នាំ​ឱ្យ​ពួកគេ​មាន​លាភ​ជ័យ និង​សុខ​ទុក្ខ​តាម​ជំនឿ​ឆ្នាំ​នីមួយៗ។

អ្នក​ជំនាញ​ហោរាសាស្ត្រ​បញ្ជាក់​ថា ប្រសិនបើ​បុគ្គល​ណា​តាំង​ចិត្ត​ធ្វើ​តែ​អំពើ​ល្អ និង​រក្សា​សីល ព្រម​ទាំង​ប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា នោះ​ទេវតា​ឆ្នាំ​ថ្មី​នឹង​តាម​ថែរក្សា​ឱ្យ​ជួប​តែ​សេចក្ដី​សុខ សុភមង្គល​គ្រប់​វេលា។

រដូវ​កាល​ចូល​ឆ្នាំថ្មី ​ជា​ឱកាស​មួយ ​ជម្រះ​ នូវ​ឧបទ្រព​ចង្រៃ​នៅ​ឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​យក​នូវ​អ្វី​ដែល​ថ្មី ពី​ទេវតា​ឆ្នាំ​​ថ្មី ដោយ​ក្តី​សោមនស្ស​រីករាយ​​ក្សេ​មក្សាន្ត​​ និង​សុភមង្គល។

ក្រៅ​តែ​ពី​ពិធី​ទទួល​ទេវតា ចាស់​បុរាណ ក៏​បាន​ដឹក​នាំ​កូន​ចៅ ឲ្យ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ​ ទៀត​ដែរ ដូចជា ការ​ធ្វើ​បុណ្យ​ដាក់​ទាន​ និង​ការ​គោរព​ដឹង​គុណ អ្នក​មាន​គុណ មាន​មាតា បិតា ជីដូន ជីតា បុព្វការី​ជន​ទាំង​ឡាយ ទាំង​អ្នក​ចែក​ឋាន ទៅហើយក្តី និងអ្នកនៅរមានជីវិតនៅឡើយក្តី។

ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្តសករាជ ២០១៨​នេះ ខ្ញុំបាទ សេក បណ្ឌិត​​ ពី​ឯ​នាយ​សមុទ្រ​​ រួម​នឹង​សហការី​នៃ​​អាស៊ីសេរី ទាំង​អស់ ក៏​សូម​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​នឹង​លោក​អ្នក​នាង​ពី​ចម្ងាយ និងសូម​ជូនពរ​ឲ្យ​អ្នក​នាង​ប្រាថ្នា​អ្វី​សូម​ឲ្យ​បាន​ដូច​សេចក្តី​បំណង សូម​ឲ្យ​មាន​សេចក្តី​រីករាយ សុភមង្គល ​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់​ ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ ទៀត។ ប្រសិន​បើ​ធ្វើ​ដំណើរ​​​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទី​ណា ក៏​សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​លោក​អ្នក​នាង​មាន​សុវត្ថិភាព​ល្អ​តាម​ផ្លូវ និង​មាន​សេចក្ដី​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​នេះ​តរៀង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សរុប​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​រកា ដែល​ញាំញី​ដោយ​វិបត្តិ​នយោបាយ ដោះស្រាយ​មិន​ចេញ

$
0
0

កាល​ពី​ឆ្នាំ​រកា ស្ថានភាព​​នយោបាយ​ខ្មែរ ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ មាន​សភាព​ធ្ងន់ធ្ងរ រហូត​ផ្អើល​សហគមន៍​អន្តរជាតិ នាំ​គ្នា​ថ្កោលទោស​របប​លោក ហ៊ុន សែន ជុំ​ទិស។ មន្រ្តី​បក្ស​ប្រឆាំង ប្រឹងប្រែង​ស្វះស្វែង​រក​ការ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នេះ ប៉ុន្តែ មន្រ្តី​បក្ស​កាន់​អំណាច​ប្រកែក​មិន​ព្រម​ចរចា ដោយ​អះអាង​ថា ស្រុក​ខ្មែរ​បាន​សុខ បើ​អស់​អ្នក​ប្រឆាំង។

ឆ្នាំរកា គឺ​ជា​ឆ្នាំ​ប្រវត្តិសាស្រ្ត​មួយ ដែល​រឿង​មិន​គួរ​កើត​ឡើង បាន​កើត​ឡើង​ពេញ​បន្ទុក។ រឿងរ៉ាវ​ដែល​កើត​ឡើង​ទាំង​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង ទៅ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​មុខ​មាត់​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ធ្វើ​ច្បាប់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​ប្រឆាំង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ការ​យក​កៅអី​ស្រប​ច្បាប់ របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទៅ​ចែក​គ្នា ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ ការ​បណ្តេញ​អង្គការ​សង្គម​ស៊ីវិល និង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​ឯកបក្ស​ជា​ដើម។

គ្រាន់​តែ​ចូល​ឆ្នាំ​រកា​បាន​មួយ​ខែ គឺ​នៅ​ខែ​ឧសភា អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​មួយ​ ដោយ​ក្រុម​ស៊ើប​អង្កេត​ រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុក​រលួយ​ នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​ រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃ​ឈើ ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុស​ច្បាប់​ ចេញ​ទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែ​ក្លាយ​ឈើ​ខុស​ច្បាប់​ទាំងនោះ ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ។ ​

មួ​យ​ខែ​ក្រោយ​មក នៅខែ​មិថុនា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ត្រូវ​បាន​រៀបចំ​ឡើង។ ការ​បោះ​ឆ្នោត​លើក​នេះ គឺ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្តដែរ​ ដែល​លោក​ ហ៊ុន សែន ចេញ​ឃោសនា​ដោយ​ផ្ទាល់ និង​ជួល​ទូរទស្សន៍​ក្នុង​ស្រុក​ យ៉ាង​ហោច​ណាស់ ៨ ប៉ុស្តិ៍ ដើម្បី​ឲ្យផ្សព្វ​ផ្សាយ​បន្ត​ផ្ទាល់​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លើក​នេះ។ នេះ​ក៏​ជា​ការ​បោះឆ្នោត​លើក​ទីមួយ ដែល​មាន​ការ​រឹតត្បិត ​ក្នុង​ការ​ដង្ហែក្បួន​ឃោសនា។ ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ មាន​រហូត​ដល់​ជាង ៧​លាន​នាក់ ឬ​ស្មើ​នឹង​ជាង ៩០% នៃ​ចំនួន​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះ ជាតិ​ជាប់​ឆ្នោត ដើម្បី​គ្រប់គ្រង​ឃុំ​សង្កាត់​ជិត ៥០០ (៤៨៩) ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង​ប្រាំពាន់ (,០០៧) នាក់ ដែល​មាន​សំឡេង​ឆ្នោត​គាំទ្រជាង បី​លាន​នាក់ ឬ​ស្មើ​នឹង​ជិត ៤៤% (៤៣,៨៣%) នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។

ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ភ្លាម បន្ទប់​ស្ថានការណ៍​ ដែល​ជា​ក្រុម​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ ​បាន​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​នេះ មិន​ទាន់​អាច​ចាត់​ទុក​ថា ​សេរី និង​យុត្តិធម៌​ពេញលេញ​បាន​នៅ​ឡើយ​ទេ ដូចជា​បរិយាកាស​គាប​សង្កត់​ មុន​ការ​បោះ​ឆ្នោត និង​ខ្វះ​តម្លាភាព និង​តុល្យភាព​ផ្នែក​ថវិកា​សម្រាប់​ឃោសនា បើ​ទោះ​ជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការងារ​របស់ គ..ប យ៉ាង​ណា​ក្តី។ បួន​ថ្ងៃ​ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ក្រុម​នេះ ហើយ​បាន​ជំរុញ​ឲ្យ​មើល​ពី​ភាព​ស្រប​ច្បាប់ និង​បាន​ចោទ​ក្រុម​នេះ​ ថា​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រឆាំង។ ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ក្រសួង​មហាផ្ទៃ បាន​ចេញ​បញ្ជា​បញ្ចប់​សកម្មភាព​បន្ទប់​ស្ថានការណ៍ ពីព្រោះ​ក្រសួង​អះអាងថា ​មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ដែល​បាន​បំពាន​​ច្បាប់​ស្ដីពី​អង្គការ​សមាគម។

ក្រោយ​ពីបិទ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោតមិន​បាន​ប៉ុន្មាន​ផង រដ្ឋាភិបាល​សម្រេច​បញ្ឈប់​សកម្មភាព​ របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI របស់សហរដ្ឋ​អាមេរិក និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ខែ​សីហា ដោយ​ចោទ​ថា អង្គការ​នេះ រៀបចំ​យុទ្ធ​សាស្រ្ត​ជួយ​បក្សប្រឆាំង ដើម្បី​ផ្តួល​រំលំបក្សកាន់អំណាច។ ប៉ុន្តែ​អង្គការ NDI បដិសេធ​ថា ខ្លួន​មិន​បាន​លម្អៀងទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

អស់ពីបិទ​អង្គការ​ NDI របប​លោក ហ៊ុន សែន ​បាន​បង្គាប់​ឲ្យ​សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​សារព័ត៌មាន​ឯករាជ្យ បង់​ពន្ធ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​របប​នេះ​ អះអាងថា ស្ថាប័ន​សារព័ត៌មាន​នេះ ជំពាក់​ជាង ១០​ឆ្នាំ​មក​ហើយ។ ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់​ទុក​អំណាច​ពន្ធខ្ពស់​កប់​ពពក​បែប​នេះ គឺ​ជា​អំណាច​ ដែល​មាន​ចេតនា​បំផ្លាញ។ អ្នក​ស្រី​ត្រូវ​បង្ខំចិត្ត បិទ​ការិយាល័យ​កាសែត​នេះ​ទាំង​ស្រុង នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា។

ចំណែក​វិទ្យុ​អាស៊ី​សេរី​វិញ ក៏ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ ដោយសារ​មិន​អាច​ស៊ូទ្រាំ​ នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល ក្រោយ​បញ្ហា​ធ្វើ​ទុក្ខ​បុក​ម្នេញ ក្នុង​រឿង​ពន្ធដារ​នេះ និង​បញ្ហា​បញ្ជិកា ក្រោយ​បើក​ដំណើរ​ការ​នៅ​កម្ពុជាជិត​ ២០ ឆ្នាំ​រួម​មក។ ក្រោយ​បិទ​វិទ្យុ​អាស៊ី​សេរី បុគ្គលិក​អាស៊ីសេរី​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​បញ្ចប់​កិច្ចសន្យា​ការងារ។ ប៉ុន្តែ របប​លោក ហ៊ុន សែន នៅ​តែ​រក​លេស​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង​ សុធារិន ហៅ យាង សុជាមេត្តា ដោយ​ចាប់​ពួក​លោក និង​ដាក់​ពន្ធនាគារ​រហូត​ដល់​បច្ចុប្បន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផលិត​ព័ត៌មាន ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ បញ្ជូន​ទៅ​សហរដ្ឋអាមេរិក។

មិន​ត្រឹម​តែ​វិទ្យុ​អាស៊ី​សេរី និង​កាសែត ឌឹ ខែមបូឌា ដេលី ប៉ុណ្ណោះ​ទេ ដែល​រង​ការ​ធ្វើ​ទុក្ខ​ម្នេញ តាម​របាយការណ៍​របស់​អង្គការ លីកាដូ គិត​ត្រឹម​ចុង​ខែ​សីហា ឆ្នាំ​២០១៧ របប​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ៍ និង​ប៉ុស្តិ៍​វិទ្យុ FM ក្នុង​ស្រុក ចំនួន ៣២ នៅ​ទូទាំង ២០​ខេត្ត​ក្រុង។ ដោយ​សារ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឲ្យ​កម្មវិធីផ្សាយ​បន្ត​​របស់​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​ដទៃ​ទៀត ខាន​បាន​ផ្សាយ​តាម​វិទ្យុ FM ដើម្បី​ឲ្យ​បាន​ឮ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។

ក្រោយ​វិទ្យុ​អាស៊ី​សេរី​បិទ​ការិយាល័យ និង​អតីត​បុគ្គលិក ត្រូវ​ជាប់​ពន្ធនាគារ លោក ហ៊ុន សែន និង​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​នេះ ដោយ​ប្រឹង​បន្សាប​ព័ត៌មាន ដែល​ផ្សាយ​ចេញ​ពី​វិទ្យុ​អាស៊ី​សេរី និង​ព្យាយាម​លាប​ពណ៌​ស្ថាប័ន​វិទ្យុ​នេះ ដោយ​ចោទ​ប្រកាន់​ថា អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​លោក ជុន ច័ន្ទបុត្រ ជា​ភ្នាក់ងារ​ចារកិច្ច​របស់​លោក ហ៊ុន សែន ជា​ដើម។ ទោះ​បី​អាស៊ី​សេរី បាន​ព្យាយាម​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​សុំ​សម្ភាស និង​សុំ​ឲ្យ​ពួក​លោក​បំភ្លឺ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ ប៉ុន្តែ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មិន​ព្រម​ផ្ដល់​បទសម្ភាសន៍​ទេ តែ​បែរ​ជា​ជ្រើស​រើស​យក​វិធី​មិន​សុចរិត​បំភ័ន្ត​មតិ ដើម្បី​បង្កើន​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​បែប​នេះ​ទៅវិញ។

ក្រោយ​បណ្តេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​សម្រេច​របប​លោក ហ៊ុន សែន ឈាន​មួយ​ជំហាន​ទៀត ទៅ​បំបិទ​សំឡេង​ប្រឆាំង​ទាំង​ស្រុង​តែ​ម្តង តាម​រយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្ថាបពរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។ អំណាច​នៃ​សាលដីកា​តុលាការ​កំពូល ដែល​បិទ​ផ្លូវ​តវ៉ា​នេះ បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​តំណាងរាស្រ្ត និង​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​រូប និង​យក​អាសនៈ​ស្រប​ច្បាប់​ទាំង ៥៥​អាសនៈ របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឲ្យ​គណបក្ស​តូចៗ ដទៃ​ទៀត ដែល​មិន​បាន​ជាប់​ឆ្នោត និង​ចែក​ជាមួយ​គណបក្ស​កាន់​អំណាច​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ទាំង ៥.០០៧ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​បក្ស​ផ្សេងៗ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជាង​បី​លាន​នាក់។

មុន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក កឹម សុខា និង​អង្គរក្ស​របស់​លោក​ចំនួន ៨​នាក់ នៅ​ម៉ោង​ជាង ១២​រំលង​អាធ្រាត្រ និង​ដោយ​កម្រោល​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា។ អង្គរក្ស​ទាំង​នោះ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​ជាប់​ចោទ​ពី​បទ​ “ក្បត់​ជាតិ” ដោយសារ​តែ​វីដេអូ​ឃ្លីប ដែល​លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អូស្រ្តាលី កាល​ពី​ចុង​ឆ្នាំ​២០១៣។ លោក កឹម សុខា ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន បន្ត​ឃុំ​ខ្លួន​បន្ថែម ៦​ខែ​ទៀត បើ​ទោះ​បី​ជា​លោក​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ ដែល​ទាមទារ​ឲ្យ​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ពី​គ្រូពេទ្យ​ខាង​ក្រៅ​ក៏​ដោយ។

ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា ជាមួយ​អន្តរជាតិ​ ជាពិសេស​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ឆ្នាំ​រកា​កន្លង​ទៅ​នេះ។ ទណ្ឌកម្ម​អន្តរជាតិ​លើ​របប​លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដាក់​ជា​ហូរហែ។ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះ​ឆ្នោត និង​ពន្លឿន​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា បន្ថែម​ទៀត។ មុន​កាត់​ផ្តាច់​ជំនួយ​ទៅ​របប​លោក ហ៊ុន សែន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ មិន​ឲ្យ​ជាន់​ដី​សហរដ្ឋ​អាមេរិក។ ពេល​នេះ សហរដ្ឋ​អាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹប​អូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក សុទ្ធតែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​របប​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នេះ​ឯង។

ពីរ​ខែ​ជិត​ដាច់​ឆ្នាំ​រកា ពោល​គឺ​ក្នុង​ខែ​កុម្ភៈ រដ្ឋាភិបាល​អាមេរិក​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ទៅ​របប​លោក ហ៊ុន សែន។ ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត រួម​មាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាម​រយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​ពេល​កន្លង​មក។ ការផ្ដាច់​ជំនួយ​ទៅ​ដល់​ផ្នែក​សំខាន់ៗ​ទាំង​អស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មក​ពី​ស្ថាប័ន​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​សម្រេច​ផ្ដាច់​ជំនួយ​ដល់​របប​ក្រុង​ភ្នំពេញ ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​ទាំង ៥៨ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ និង​តំណាងរាស្ត្រ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

ក្នុង​អំឡុង​ខែ​មីនា ពលរដ្ឋ​នៅ​ឯ​នាយ​សមុទ្រ ជាពិសេស​ពលរដ្ឋ​​ខ្មែរ-​អូស្រ្តាលី នាំ​គ្នា​ធ្វើ​បាតុកម្ម ដុត​រូប​ទីងមោង​លោក ហ៊ុន សែន យ៉ាង​កក្រើក​ ដើម្បី​បង្ហាញ​អំពី​​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ដឹក​នាំ​បែប​ផ្តាច់ការ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​បែប​នេះ។ ម្យ៉ាង​ទៀត ពួក​គាត់​នាំគ្នា​តវ៉ា​ ដុត​រូប​ទីងមោង​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​ជា​ការ​​បង្ហាញ អំពី​ការ​មិន​ខ្លាច​រអា ចំពោះ​ការណ៍​ដែល​លោក ហ៊ុន សែន ហ៊ាន​ថ្លែង​សារ​​គំរាម​កំហែង តាម​វាយ​ដល់​ផ្ទះ បើ​នរណា​ហ៊ាន​ដុត​រូប​ទីងមោង​លោក។

ចំណែក​ឯសមាជិក​សភា​អូស្រ្តាលី​ជា​ច្រើន​រូប ក៏​បាន​ថ្លែងសារ​ថ្កោល​ទោស​ចំណាត់ការ​របស់​លោក​ ហ៊ុន សែន ដែរ។ សមាជិក​សភា​ពី​ខាង​គណបក្ស​ពលករ​មួយ​រូប គឺ​លោក ម៉ាក ប៉ាត់លើរ (Mark Butler) ថែម​ទាំង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី រិះរក​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ដូច​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

នៅ​ក្នុង​ខែ​មីនា​ដដែល ប្រទេស ៤៥ មាន​ប្រទេស​​បារាំង កាណាដា សហរដ្ឋ​អាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ថ្កោលទោស​របប​លោក ហ៊ុន សែន។ ប្រទេស​ទាំង ៤៥​នេះ បាន​ទាមទារ​ពីរ​ចំណុច​ធំៗ។ ទី​មួយ គឺ​ទាមទារ​ឲ្យ​ផ្តល់​នីតិសម្បទា​ ជូន​​មន្រ្តីជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ឡើង​វិញ រួមមាន​សមាជិក​សភា និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ទី​ពីរ ទាមទារ​ឲ្យ​លុប​ចោល​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្ស​នយោបាយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។ ប្រទេស​ទាំង​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ​ចាត់​វិធានការ​ចាំបាច់​នានា ឲ្យ​បាន​ប្រញាប់ មុន​នឹង​អ្វីៗ ត្រូវ​ហួស​ពេល​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

អរិភាព​រវាង​លោក ហ៊ុន សែន នឹង​សហរដ្ឋ​អាមេរិក ក៏​ចាប់​ផ្តើម​កើន​ឡើង​ខ្លាំង នៅ​ពាក់​កណ្តាល​ខែ​មីនា ជិត​ដាច់​ឆ្នាំ​រកា​នោះ​ ដោយសារ​តែ​លោក ហ៊ុន សែន ហ៊ាន​ចោទ​ប្រកាន់ ជា​សាធារណៈ​ដោយ​គ្មាន​ភ័ស្តុតាង​ទៅ​លើ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​ដើម។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឲ្យ​មន្រ្តី​ទូត​អាមេរិក​ប្រតិកម្ម​តប​វិញ​ខ្លាំងៗ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) ចាត់​ទុក​សម្ដី​ចោទ​ប្រកាន់ ដោយ​គ្មាន​ភ័ស្តុតាង ​របស់​មេ​ដឹក​នាំ​ខ្មែរ​រូប​នេះ​ថា ជា​រឿង​មិន​គួរ​គប្បី និង​ជា​ការ​ប្រមាថ​មួយ​ ដល់​សហរដ្ឋ​អាមេរិក។

នៅ​ដើម​ខែ​មេសា​នេះ ពោល​គឺ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ដាច់​ឆ្នាំ​រកា ចូល​ឆ្នាំ ច លោក ហ៊ុន សែន ធ្វើ​រឿង​មួយ​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៀត នៅ​ពេល​ដែល​លោក​ប្រកាស​បដិសេធ​ដាច់​អហង្ការ ចំពោះ​ចេតនា​របស់​មន្រ្តី​បក្ស​ប្រឆាំង និង​ប្រទេស​ជប៉ុន ដែល​ចង់​ឲ្យ​មាន​ការ​ចរចា ឬ​ផ្សះផ្សារ​ជាតិ​រវាង​អ្នក​នយោបាយ​ខ្មែរ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ។ លោក ហ៊ុន សែន ថែម​ទាំង​ព្យាយាម​លាក់​បាំង​ព័ត៌មាន មិន​ចង់​ឲ្យ​សាធារណៈ​ជន​ដឹង អំពី​ជំហរ​រដ្ឋាភិបាល​ជប៉ុន ដែល​ព្រួយបារម្ភ ​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ទេ ទោះ​ប្រទេស​ជប៉ុន​លើក​យក​បញ្ហា​ព្រួយ​បារម្ភ អំពី​បញ្ហា​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ មក​ជជែក​ជាមួយ​របប​លោក ហ៊ុន សែន ក៏​ដោយ ក៏​លោក ហ៊ុន សែន លាក់​ព័ត៌មាន​នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា អំពី​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន គ្មាន​និយាយ​អ្វី​សូម្បី​តែ​មួយ​ម៉ាត់ អំពី​ជំហរ​ជប៉ុន ដែល​បាន​លើក​ឡើង​ក្នុង​ជំនួប​នោះ ដែល​ជប៉ុន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី។ លោក ហ៊ុន សែន រហូត​ហ៊ាន​ចេញ​មុខ​ប្រកាស​ផ្ទុយ​ពី​ការ​ពិត ជំនួស​ប្រទេស​ជប៉ុន តាំង​ពី​នៅ​មុន​ជំនួប​នោះ​ថា ជប៉ុន​មិន​ខ្វល់​រឿង​នយោបាយ​ខ្មែរ ថែម​ទៀត​ផង។

ការ​មិន​ចង់​រក​ដំណោះស្រាយ​ផ្សះផ្សារ​ជាតិ​នេះ វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន តែងតែ​អះអាង​ថា លោក​ស្រលាញ់​សន្តិភាព។ តាម​រយៈនៃ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី ថ្នាំ ច ២០១៨ ពី​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ បាន​បង្កប់នូវ​ភាព​ជា​សត្រូវ និង​ការ​ចង​អាឃាត​នឹង​គ្នា ជាមួយ​​ក្រុម​អ្នក​នយោបាយ នៃ​បក្ស​ម្ខាង​ទៀត ដែល​លោក ហ៊ុន សែន បាន​លាប​ពណ៌​ឲ្យ​ថា ជា​ក្រុម​បដិវត្ត​ពណ៌ ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ជា​ដើម។ លោក ហ៊ុន សែន សម្តែង​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្តេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​បាន​សម្រេច។ លោក​ហៅ​ចំណាត់ការ ដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជុំ​ទិស​នេះ​ថា ជា​ជោគជ័យ ក្នុង​ការ​អនុវត្ត​វិធានការណ៍​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​​ទប់​ស្កាត់​អ្វី​ដែល​លោក​ហៅ​ថា ជា​ឧបាយកល​បដវិត្ត​ពណ៌​របស់​គណបក្ស​ប្រឆាំង។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន ចាត់​ទុក​ឆ្នាំ​រកា​កន្លង​ទៅ​នេះ​ថា ជា​ឆ្នាំ​​ដែល​បដិវត្ត​ពណ៌ ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ នៅ​កម្ពុជា​ទៅ​វិញ។

ប៉ុន្តែ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ថ្លែង​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​រកា ចូល​ឆ្នាំ ច ពី​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ថា សុខ​សន្តិភាព និង​ស្ថេរភាព​សង្គម​អាច​កើត​មាន​ទៅ​បាន ទាល់​តែ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ស្រប​តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ទោះ​បី​ជា​ឆ្នាំ​រកា ញាំញី​ដោយ​​វិបត្តិ​នយោបាយ ដោះស្រាយ​មិន​ទាន់​ចេញ​យ៉ាង​ណា​ក្តី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅ​ឡើយ​នោះ នៅ​តែ​មិន​យក​ទោស​ពៃ​រ៍អ្នក​សាង​អំពើ​បាប​មក​លើ​រូប​លោក​ឡើយ ហើយ​លោក​ថែម​ទាំង​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ កុំ​ឲ្យ​អស់​សង្ឃឹម។ ថ្លែង​នៅ​ក្នុង​សារ​លិខិត​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​ច​នេះ លោក កឹម សុខា ប្រាប់​ពលរដ្ឋ​ខ្មែរ​ កុំ​បោះបង់​ចោល​ការ​តស៊ូ​ព្យាយាម​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ឲ្យ​សោះ។ លោក កឹម សុខា បញ្ជាក់​ថា អ្វីៗ តែងតែ​មាន​ការ​ផ្លាស់​ប្តូរ​មិន​អាច​ប្រកែក​បាន ដោយ​លោក​សម្អាង​ថា សូម្បី​តែ​ទេវតា​ឆ្នាំ​ចាស់ ក៏​ត្រូវ​ផ្លាស់​ប្តូរ​ជំនួស​ដោយ​ទេវតា​ឆ្នាំ​ថ្មី​ដែរ។ លោក​អហោសិកម្ម ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ឡាយ​មក​លើ​រូប​លោក។ លោក​ផ្តាំ​ទៅ​អ្នក​នយោបាយ​ខ្មែរ ឲ្យ​បោះ​បង់​ចោល​នូវ​ការ​ចង​អាឃាត និង​ឈប់​យក​ប្រជា​ពលរដ្ឋ​ខ្លួន​ធ្វើ​ជា​សត្រូវ។ ជា​ចុង​ក្រោយ លោក កឹម សុខា បញ្ជាក់​ថា ពេល​វេលា​វិល​ត្រឡប់​ទៅ​រក​ការ​ផ្សះផ្សារ​ជាតិ មិន​ចេះ​ហួស​ពេល​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ព្រមាន​អំពី​គ្រោះថ្នាក់ នៃ​អំពើ​ហិង្សា និង​អស្ថេរភាព​សង្គម បើ​ការ​បោះ​ឆ្នោត​គ្មាន​បក្ស​ប្រឆាំង​ចូលរួម

$
0
0

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ព្រមាន​របប​លោក ហ៊ុន សែន ​អំពី​គ្រោះថ្នាក់ នៃ​អំពើ​ហិង្សា និង​អស្ថេរភាព​សង្គម ប្រសិន​បើ​នៅ​តែ​ផាត់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ការ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ។ អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​ព្រមាន​អំពី​ហានិភ័យ ដែល​អាច​កើត​មាន​ជា​យថាហេតុ​នេះ​ដែរ បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ។

លោក សម រង្ស៊ី មើលឃើញ នូវ​ភាព​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង នៃ​ស្ថានការ​ណ៍​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បែប​នេះ ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​តវ៉ា​របស់​មហាជន។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​ក្លិប​អ្នក​សារព័ត៌មាន​បរទេស នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា លោក សម រង្ស៊ី បញ្ជាក់​ថា លោក​តែងតែ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង រក្សា​ការ​អត់​ធ្មត់ និង​តស៊ូដោយ​អហិង្សា រង់​ចាំ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​តាម​រយៈ​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង។ ប៉ុន្តែ លោក​មិន​សង្ឃឹម​ថា លោក​នឹង​អាច​ហាមឃាត់​ប្រជា​ពលរដ្ឋ មិន​ឲ្យ​ក្រោក​តវ៉ា​បាន​ទេ ប្រសិនបើ​លោក ហ៊ុន សែន នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានការណ៍​អាក្រក់​នេះ នៅ​តែ​កើត​មាន និង​មានៈ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នោះ៖ «ប្រសិនបើ​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ ចូលរួម​ប្រកួត​ក្នុងការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច ទើប​អាច​បញ្ចុះបញ្ចូល​ពលរដ្ឋ​របស់​ខ្ញុំ ឲ្យ​ពួក​គាត់​នៅ​បន្ត​ការ​អត់​ធ្មត់ ឲ្យ​ពួក​គាត់​នៅ​បន្ត​ទ្រាំ​មិន​ប្រើ​អំពើ​ហិង្សា​តទៅ​ទៀត​បាន​នោះ? តើ​ឲ្យ​ពួក​យើង​រង់​ចាំ​អ្វី​ទៀត រង់ចាំ​ដល់​ណា​ទៀត? យើង​បាន​បន្ត​រង់ចាំ​រាល់​អាណត្តិ។ យើង​កើន​សំឡេង​គាំទ្រ​ជា​និច្ច។ ឥឡូវ​យើង​កាន់តែ​ខិត​ជិត ទៅ​រក​ការឈ្នះឆ្នោត​ ដើម្បី​គ្រប់គ្រង​ប្រទេស​ទៅ​ហើយ ស្រាប់​តែ​លោក ហ៊ុន សែន ប្រាប់​ថា នឹង​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​ទៀត​ទេ។ ដូច្នេះ យើង​មិន​អាច​ស្មាន​ទុក​បាន​ទេ​ថា នឹង​មាន​អ្វី​កើត​ឡើង​នោះ។ វា​អាច​ផ្ទុះ​ទៅជា​អំពើ​ហិង្សា»

ការ​ព្រមានរបស់លោក សម រង្ស៊ី នៅពេលនេះ គឺស្រប​ពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ជួប​លោក ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន និង​បញ្ជាក់​ជំហរ ​អំពី​ការ​ព្រួយ​បារម្ភ​ របស់​រដ្ឋាភិបាល​ជប៉ុន ជុំវិញ​ស្ថានការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ ដែល​អាច​គ្មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​។ ប្រទេស​ជប៉ុន ចង់​ឃើញ​អ្នកនយោបាយ​នៃ​បក្ស​ធំៗ ទាំង​ពីរ ងាក​មក​រក​តុ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយយោបាយ​បច្ចុប្បន្ន​ឲ្យ​បាន​ឆាប់ និង​រៀបចំ​ការ​បោះឆ្នោត​មួយ​ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ ប៉ុន្តែកិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ទាត់​ចោល និង​អះអាង​ថា មិន​ត្រូវការ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុងការ​បោះ​ឆ្នោតខាង​មុខ​នេះ​ទេ។

លោក សម រង្ស៊ី លើកឡើង​បន្ថែមថា សុខ​សន្តិភាព និង​ស្ថេរភាព​សង្គម​ អាច​កើត​មាន​ទៅ​បាន ទាល់​តែ​មាន​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ស្រប​តាម​ឆន្ទៈពិតប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ អ្នក​វិភាគ​ជា​ច្រើន ក៏​បាន​ព្យាករណ៍​ថា ​នឹង​មាន​ការ​ក្រោក​តវ៉ា ដែល​នាំ​ឲ្យ​មាន​បញ្ហា​អស្តិសុខ​សង្គម​នេះ​ដែរ ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​លើក​នេះ លោក សម រង្ស៊ី រួម​នឹង​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ផ្សេង​ទៀត បាន​ជួប​សន្ទនាគ្នា​ជា​មួយ​សមាជិក​សភា និង​ព្រឹទ្ធសភា​ជប៉ុន​ទាំង​ពី​ខាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​អំពាវ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ។

ទោះ​បី​ជា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អះអាង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ នា​ខែ​កក្កដា​ខាង​មុខ នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក ទោះ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម លោក សម រង្ស៊ី នឹង​អំពាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ កុំ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត។ លោក​ថែម​ទាំង​ព្រមាន​ថា ការ​បោះ​ឆ្នោត ​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្មាន​ភាព​ប្រជាធិបតេយ្យ​ទេ។ លោក​បន្ត​ថា បើ​មាន​ការ​អំពាវនាវ ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ នោះ​ចំនួន​អ្នក​បោះ​ឆ្នោត នឹង​ថយ​ចុះ​ជា​គំហុក ដែល​រឹត​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត គ្មាន​ភាព​ស្រប​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ លោក សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា ប្រទេស​ជប៉ុន នឹង​អាច​ជួយ​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ នៅ​កម្ពុជា​បាន៕

គណបក្ស​កាន់​អំណាច​គំរាម​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រសិន​បើ​ហ៊ាន​ឈាន​ជើង​ចូល​ស្រុក​ខ្មែរ

$
0
0

ស្រប​ពេល​ពលរដ្ឋ​កំពុង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យ៉ាង​សប្បាយ​រីករាយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​បញ្ឈឺ​គណបក្ស​ប្រឆាំង​ថា អ្នក​មិន​សប្បាយ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​មាន​តែ​ពួក​ក្បត់​ជាតិ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា សារ​របស់​បក្ស​កាន់​អំណាច​នេះ គឺ​ជា​ការ​បន្ថែម​ការ​ឈឺ​ចាប់​ដល់​ក្រុម​គ្រួសារ​បក្ស​ឆាំង ដែល​កំពុង​បែក​បាក់​ប្រពន្ធ​កូន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ឱកាស នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី វាយ​ប្រហារ​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ ស្រប​ពេល​ដែល​សមាជិក​គណបក្ស​នេះ​ខ្លះ​ជាប់​គុក និង​ខ្លះ​ទៀត​កំពុង​និរទេស​ខ្លួន​នៅ​បរទេស មិន​អាច​ចូលរួម​ពិធី​ចូល​ឆ្នាំ​ថ្មី។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​ថា ប្រជាជន​កម្ពុជា​កំពុង​សប្បាយ​រីករាយ និង​ពរ​ឆ្នាំ​ថ្មី ប៉ុន្តែ​មាន​អ្នក​មិន​សប្បាយ​ចិត្ត គឺ​ពួក​ក្បត់​ជាតិ ដែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​ថា កំពុង​អស់​ផ្លូវ​ដើរ​ហើយ។ លោក សុខ ឥសាន ថែម​ទាំង​ប្រើ​សារ​នយោបាយ​បែប​ហិង្សា​ទៀត​ថា តើ​លោក សម រង្សី ចង់​ធ្វើ​អី? សូម​អញ្ជើញ​ហក់​មក​ចុះ​តាម​ស្រឡាញ់។ ប្រជាជន​កម្ពុជា​រង់ចាំ​ស្វាគមន៏​មួយ​ដៃ​មួយ​ជើង​ម្នាក់ៗ ឲ្យ​សម​តាម​បំណង​ខ្លួន។ សារ​នយោបាយ​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ហាក់​មិន​ខុស​ពី​ការ​ថ្លែង​របស់​​ប្រធាន​បក្ស​លោក គឺ​លោក ហ៊ុន សែន ដែល​កំពុង​ប្រើប្រាស់ យុទ្ធសាស្រ្ត​គំរាម​កំហែង​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មេសា បាន​ឆ្លៀត​ឱកាស​ប្រើ​លិ្បច​បភិតបំភ័យ​យុវជន ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ នៅ​ខេត្ត​សៀមរាប។

នៅ​ចំពោះ​មុខ​យុវជន​រាប់​ពាន់​នាក់ ដែល​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​សៀមរាប​អង្គរ ថ្ងៃ​សុក្រ ទី​១៣ មេសា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្រ្ត​បំភិតបំភ័យ​យុវជន​ថា ដើម្បី​ជួយ​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​ជោគ​វាសនា​ស្រដៀង​ទៅ​នឹង​ប្រទេស​ស៊ីរី ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ស៊ីវិល ពួក​គេ​ត្រូវ​បោះ​ឆ្នោត​ជូន​លោក។ ទន្ទឹម​នឹង​នេះ លោក​ក៏​មិន​ភ្លេច​ឃោសនា​នយោបាយ​រក​សម្លេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ដោយ​អួត​អាង​ពី​ស្នាដៃ​របស់​លោក ដោយ​លោក​អះអាង​ថា លោក​ជា​អ្នក​នាំ​សន្តិភាព​មក​ឲ្យ​កម្ពុជា។

នាយករដ្ឋមន្រ្តី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​រូប​នេះ លើក​ឡើង​ថា តើ​ប្រទេស​ស៊ីរី មាន​លទ្ធភាព​ជួបជុំ​សប្បាយ​រីករាយ​ដែរ​ឬ​ទេ បើ​ប្រទេស​នេះ នៅ​តែ​ហែក​ហួរ​ដោយ​សង្រ្គាម? អតីត​មេ​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ឆ្នាំ​១៩៨៥ មក តែងតែ​ដោះសារ​យក​ត្រូវ​ថា លោក​បន្ត​កាន់កាប់​តំណែង​ជា​យូរ​ឆ្នាំ​មក​នេះ ហើយ​គ្រោង​នឹង​បន្ត​កាន់​តំណែង​ទៅ​មុខ​ទៀត ដោយសារ​តែ​ចង់​រក្សា​សន្តិភាព​ឲ្យ​កម្ពជា។ លោក ហ៊ុន សែន តែងតែ​លើក​ឡើង​ពី​បដិវត្ត​ព័ណ៌​នៅ​ប្រទេស​អារ៉ាប់ ជា​ឧទាហរណ៍​ដែល​ទាមទារ​ឲ្យ​លោក​នៅ​បន្ត​តំណែង។ ទោះ​បី រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នឹង​អាច​ឈ្នះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ ដោយសារ​តែ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ការ​ប្រកួត​ប្រជែង​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​មួយ​នេះ នៅ​តែ​បន្ត​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុម​យុវជន ដោយសារ​តែ​ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ជា​ច្រើន​ពី​យុវជន។ មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ តាម​រយៈ​សារ​បែក​ធ្លាយ​មួយ​ចំនួន ជនជាតិ​ប៉ាគីស្ថាន​មួយ​រូប គឺ​លោក ចូសែហ្វ ម៉ាធ្យូ (Joseph Matthews) បាន​សន្យា​នឹង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជួយ​លោក​អោយ​បាន​ទទួល​សញ្ជាតិ​ខ្មែរថា នឹង​ជួយ​បង្រៀន​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ពលរដ្ឋ​ខ្មែរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដណ្តើម​សន្លឹក​ឆ្នោត​ជូន​លោក ហ៊ុន សែន។

 

យ៉ាង​ហោច​ណាស់​មន្រ្តី និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាង ២០​នាក់ ដែល​មាន​តំណែង​ចាប់​ពី​តំណាងរាស្រ្ត សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​សកម្មជន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្សស​ង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ទាមទារ​ឲ្យ​លោក សុខ ឥសាន កុំ​ប្រើ​ភាសា​បំបែកបំ​បាក់​ជាតិ និង​បន្ថែម​ការ​ឈឺ​ចាប់​ទៅ​លើ​គណបក្ស​ប្រឆាំង។

ក្រុមមេដឹកនាំ​នយោបាយ​ខ្មែរ​បាន​បញ្ចេញ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​មាន​ខ្លឹមសារ​ផ្ទុយ​គ្នា ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កំពុង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិទទួល​ទេវតា​ឆ្នាំ​ថ្មី។ លោក ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​សារ​ឆ្នាំថ្មីថា របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យតាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី។ ចំណែក​លោក សម រង្ស៊ី បញ្ជាក់​ថា សម្រាប់​រូប​លោក និង​អ្នក​តស៊ូ​ទាំង​អស់ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ទាំង​អស់​គ្នាធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិ​បតេ​យ្យ​ សេរីភាព និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ។ រីឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​អស់​សង្ឃឹម កុំបង់​ចោល​ការ​តស៊ូ​ព្យាយាម​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្តាស់​ប្តូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ​ឆ្លើយ​តប​លោក ហ៊ុន សែន ថា ខ្មែរ​មិន​អាច​រួបរួម​គ្នា​ទេ បើ​អ្នក​នយោបាយ​នៅ​បន្ត​ឈ្លោះ​គ្នា

$
0
0

អ្នក​វិភាគ​យល់​ថា ការ​រួបរួម​គ្នា​ពិត​ប្រាកដ​រវាង​ខ្មែរ និង​ខ្មែរ គឺ​មិន​អាច​កើត​មាន​នោះ​ឡើយ ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​បន្ត​ឈ្លោះ​គ្នា មិន​ព្រម​រក​ដំណោះស្រាយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី នៃ​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ យល់​ឃើញ​ថា ការ​រូបរួម​គ្នា​ពិត​ប្រាកដ មិន​មែន​សម្តែង​ចេញ​តាម​រយៈ​និម្មិត្តរូប នៃ​ការ​បង្កើត​បុណ្យ​ទាន ឬ​ព្រឹត្តិការណ៍​មួយ ឲ្យ​មាន​មនុស្ស​ចូលរួម​ច្រើន ហើយ​បង្ហាញ​សាធារណជន​ថា មាន​ការ​រួបរួម​ជាតិ​ប៉ុណ្ណោះ​ទេ។ លោក​បន្ត​ថា ការ​រួបរូម​គ្នា​ពិត​ប្រាកដ គឺ​អ្នក​នយោបាយ​ខ្មែរ​នៅ​បក្ស​ផ្សេង​គ្នា រួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ ទោះ​ជា​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​ក៏​ដោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា បាន​ថ្លែង​បើក «ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨» នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី នៃ​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ។ លោក ហ៊ុន សែន អះអាង​ថា លោក​ជា​អ្នក​ធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​ជប៉ុន បាន​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន រវាង​ខ្មែរ និង​ខ្មែរ។ ទន្ទឹម​នឹង​នេះ ខាង​គណបក្ស​ប្រឆាំង​ក៏​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន វិល​មក​រក​តុ​ចរចា​វិញ​ដែរ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក៏​ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន បដិសេធ។

កាល​ពី​ថ្ងៃ​ទី​១២ មេសា លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង បាន​ផ្ញើ​សារ​លិខិត​ចេញ​ពី​ពន្ធនាគារ​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​មាន​សេចក្ដីសុខ និង​អំពាវនាវ​ជា​ថ្មី​ថា សូម​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ លោក កឹម សុខា ហៅ​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ​ថា ជា​ការ​ងាក​មក​រក​គុណធម៌ ដោយសារ​ការ​ធ្លាក់​ចុះ​នូវ​គុណធម៌ ឆ្នាំ​ចាស់​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ និង​អ្នក​នយោបាយ​រង​ការ​ឈឺ​ចាប់។ លោក កឹម សុខា សន្យា​ថា ​លោក​នឹង​អហោសិកម្ម ហើយ​សន្យា​មិន​សងសឹក​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា របប​លោក នឹង​មិន​ចរចារ​ដាច់ខាត​ជាមួយ​ក្រុម​អ្នក​នយោបាយ​នៅ​គណបក្ស​ប្រឆាំង ដែល​លោក​ចាត់​ទុក​ថា ជា​ក្រុម​ជាប់​ពន្ធនាគារ និង​ក្បត់ជាតិ​ជាដើម។

លោក ហង្ស វិទូ សម្តែង​ការ​សោកស្តាយ ដែល​អ្នក​នយោបាយ​មិន​អាច​រក​ចំណុច​រួម​គ្នា ដើម្បី​ផល​ប្រ យោជន៍​ជាតិ និង​ប្រជាជន ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក ហង្ស វិទូ ឲ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត ដែល​របប​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​គ្រប់​ទី​កន្លែង​នេះ គឺ​ជា​រូបភាព​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​គាំទ្រ​គណបក្ស​កាន់​អំណាច និង​ឲ្យ​ពលរដ្ឋ​ភ្លេច​គិត​រឿង​ទុក្ខ​សោក​កន្លង​មក។

លោក ហង្ស វិទូ បញ្ជាក់​ថា ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​រូបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នោះ គឺ​អ្នក​ដឹក​នាំ​ប្រទេស ត្រូវ​ធានា​ឲ្យ​សង្គម​មាន​តម្លាភាព យុត្តិធម៌ មាន​សិទ្ធិ​សេរីភាព សម្រាប់​មនុស្ស​គ្រប់ៗ រូប។លើស​ពី​នេះ អ្នក​នយោបាយ ត្រូវ​តែ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​រួមរួម​គ្នា និង​ស្រុះស្រួល​គ្នា ទៅ​លើ​បញ្ហា​ជាតិ​ធំៗ ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រវត្តិ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

$
0
0

នា​សម័យ​បច្ចុប្បន្ន​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ និយម​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ខែ​ចែត្រ។ ក៏​ប៉ុន្តែ​កាល​​ពី​សម័យ​ដើម ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ពីរ​លើក។ លើក​ទី​មួយ គិត​តាម​ដំណើរ​ព្រះ​ច័ន្ទ និង​ការ​ផ្លាស់​ឈ្មោះ​សត្វ​ប្រចាំ​ឆ្នាំ។ ចូល​លើក​ទី​ពីរ គិត​តាម​ដំណើរ​ព្រះ​អាទិត្យ។ ដូច្នេះ​ហើយ​បាន​ជា​ការ​ចូល​ឆ្នាំ​លើក​ដំបូង ត្រូវ​នឹង​ក្នុង​ថ្ងៃ​ទី​មួយ នៃ​ខែ​ចេត្រ ឯ​ចូល​ឆ្នាំ​លើក​ទី​ពីរ​វិញ​នោះ មិន​សូវ​ទៀង​ទាត់​ទេ។ ជួន​កាល ត្រូវ​ថ្ងៃ​ទី​១៣ ជួន​កាល​ត្រូវ​ថ្ងៃ​ទី​១៤ ខែ​មេសាក៏​ប៉ុន្តែ​ជា​ទូទៅ ច្រើន​តែ​ត្រូវ​ទៅ​លើ​ថ្ងៃ​ទី​១៣ ជា​រឿយៗ ជាង

សូម​ចុច​ស្ដាប់​សំឡេង​នៃ​សេចក្តី​រាយការណ៍​របស់​លោក ជុន ច័ន្ទបុត្រ ទាក់​ទង​ទៅ​នឹង​ប្រវត្តិ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ប្ដេជ្ញា​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ឲ្យ​បាន

$
0
0

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី​១៤ មេសា ប្ដេជ្ញា​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ថា របប​លោក ហ៊ុន សែន មិន​អាច​បោះឆ្នោត​ដែល​គ្មាន​ដៃគូ ប្រហាក់ប្រហែល​ចូលរួម​ប្រកួត​បានទេ ដោយសារ​សហគមន៍ អន្តរជាតិ កំពុងតែ ឃ្លាំមើល​ការអនុវត្ត​របស់​លោក ហ៊ុន សែន បើ​មិន​ដូច្នោះ​ទេ ប្រទេស​ម្ចាស់​ជំនួយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​បិទ​ការ​លើកលែង​ពន្ធ​ផលិតផល​របស់​កម្ពុជា ជា​មិនខាន។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ទៅកាន់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​ថា របប​របស់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ មិន​ខុស​ពី របប ប៉ុល ពត នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា របប​លោក ហ៊ុន សែន មិន​អាច​នៅ​ឯកោ​ដឹកនាំ​ប្រទេស​តែឯង​បាន​ទេ ព្រោះ​ថា​កម្ពុជា​ត្រូវការ​ប្រទេស​ផ្សេងៗ​ទៀត​ជា​មិត្ត ពិសេស​កម្ពុជា នៅតែ​ពឹង​លើ​ជំនួយ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដកដង្ហើម​សេដ្ឋកិច្ច​បាន។

លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នយោបាយ ប្រជាភិថុតិ លើ​យុវជន និង​កម្មករ​រោងចក្រ ដែល​លោក ដឹកនាំ​មិនល្អ ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន បង្ខំចិត្ត​បិទទ្វារ ហើយ​លោក ហ៊ុន សែន ចេញមុខ​ផ្ដល់​លុយ​ឲ្យ​កម្មករ​ម្នាក់​បន្តិចបន្តួច​នោះ មិន​អាច​ធានា និរន្តរភាព សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​របស់​កម្មករ​បាន​យូរ​អង្វែង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​នៃ​បុណ្យ​ចូលឆ្នាំ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​១៩​នាក់

$
0
0

របាយការណ៍​បឋមរ​បស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹងថា ក្នុង​ថ្ងៃទីពីរ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​ថ្ងៃទី​១៥ មេសា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ២៤​ករណី កើតមានឡើង​នៅ​ទូទាំងប្រទេស ក្នុងនោះ​បណ្តាល​ឲ្យ​ពលរដ្ឋ ១៣​នាក់​ស្លាប់ របួសធ្ងន់ ២៨​នាក់ និង​របួសស្រាល ៦​នាក់។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ កើតមានឡើង​ភាគច្រើន​នៅ​ខេត្ត​កែប កំពង់ចាម កំពង់ធំ កំពត ក្រចេះ តាកែវ ព្រះវិហារ បាត់ដំបង និង​ខេត្ត​កំពង់ស្ពឺ ដោយសារ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​បើកបរ ការ​ប្រជែង​គ្នា ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​មិន​ប្រកាន់​ស្តាំ ជាដើម។

ដោយឡែក សម្រាប់​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​ថ្ងៃទី​១៤ មេសា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៤​លើក កើតមានឡើង​នៅ​ទូទាំងប្រទេស ក្នុង​នោះ បាន​បណ្តាល​ឲ្យ ពលរដ្ឋ ៦​នាក់​ស្លាប់ រងរបួស​ធ្ងន់​១១​នាក់ និង​រងរបួស​ស្រាល ១៤​នាក់។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ កើត​មាន​នៅ​ខេត្តបន្ទាយមានជ័យ ព្រះវិហារ តាកែវ និង​ខេត្ត​ត្បូងឃ្មុំ។

តួលេខ​បឋម​សរុប សម្រាប់​រយៈពេល​ពីរ​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ មេសា​នេះ មាន​ពលរដ្ឋ​យ៉ាងហោចណាស់ ១៩​នាក់ បាន​ស្លាប់ និង ៥៩​នាក់​រងរបួស នៅ​ទូទាំង​ប្រទេស

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​តាម​ទីវត្ត​អារាម​នានា​នៅ​អូស្ត្រាលី

$
0
0

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ប្រមាណ​ពីរ​ពាន់​នាក់ ចូលរួម​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ យ៉ាង​សស្រាក់សស្រាំ នៅ​តាម​ទី​វត្ត​អារាម​នានា ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​នោះ​មាននៅ​វត្ត​ពុទ្ធរង្សី វត្ត​ខ្មែរ​មែលប៊​ន វត្ត​ធម្មរ៉ាម វត្ត​ឥសានមានជ័យ និង​វត្ត​មុន្នីរង្សី ជាដើម។

លោក ជា យូហ៊ន ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម និង​ជា​ចៅហ្វាយក្រុង គ្រីត ដង់ដឺណង់ (Great Dangdenong) នៃ​រដ្ឋ​វិចតូរីយ៉ា (Victoria) ឲ្យ​ដឹង​ថា ក្រៅពី​ការចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ តាម​បែប​ពុទ្ធសាសនា​នេះ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ក៏បាន​មក​ជួប​ជុំ​គ្នា​លេងល្បែង​ប្រជាប្រិយ រាំ​លេង​កម្សាន្ត និង​រៀបចំ​ពិធី​តាម​បែប​ប្រពៃណី​វប្បធម៌​ខ្មែរ​ដទៃ​ទៀត ដើម្បី​ឲ្យ​ក្មេងៗ និង​យុវជន​ខ្មែរ​អូស្ត្រាលី​ជំនាន់​ក្រោយ បាន​ស្គាល់ និង​យល់ដឹង ព្រមទាំង​ដើម្បី​បង្ហាញ​ឲ្យ​ជនជាតិ​អូស្ត្រាលី ឃើញ និង​ស្វែងយល់​អំពី​ប្រពៃណី ទំនៀម​ទម្លាប់ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជនជាតិ​ខ្មែរ ដែល​មាន​ជា​យូរលង់​មក​ហើយ។

លោក ជា យូហ៊ន បន្ត​ថា សមាគម​របស់​លោក បាន​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ ដោយមាន​ការ​តាំង​បង្ហាញ​ពី​សិល្បៈ​បុរាណ​ខ្មែរ ការរៀបចំ​ដាក់​តាំង​លក់​អីវ៉ាន់ និង​ម្ហូបអាហារ​ផ្សេងៗ និង​មានការ​ចូលរួម​ពី​សិល្បករ សិល្បការិនី មកពី​ប្រទេស​កម្ពុជា។ ពិធីបុណ្យ​ចូលឆ្នាំ​នេះ ក៏​មាន​ការចូលរួម​យ៉ាង​សប្បាយរីករាយ ពី​ភ្ញៀវ​ជាតិ​អូស្ត្រាលី រួមមាន​ទាំង​តំណាងរាស្ត្រ​អូស្ត្រាលី មកពី​ទាំង​គណបក្ស​ពលករ និង​គណបក្ស​សេរីនិយម សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​ក្រុង និង​តំបន់​នានា នៅ​ប្រទេស​អូស្ត្រាលី ជាដើម៖ «ឃើញ​ថា បងប្អូន​ខ្មែរ​យើង​នៅតែ​មាន​មក​ច្រើន​... គឺ​វត្ត​ខ្មែរ​មែលប៊​ន និង​វត្ត​ពុទ្ធរង្សី​នេះ។ ហើយ​អ្នកលក់​ចំណីអាហារ​ហ្នឹង ក៏​លក់ដាច់​ណាស់​ដែរ គឺថា​កន្លែង​ខ្លះ ឃើញ​បន្ត​កន្ទុយ​គ្នា​ទៀត​ហ្នឹង​ណាស់ សឹង​ធ្វើ​មិនទាន់​ដែរ។ ឃើញ​ថា បងប្អូន​ខ្មែរ​យើង​ទាំងអស់​គ្នា​ហ្នឹង គឺ​តែងតែ​មក​ជួយ​ទិញ ពី​ព្រោះ​ថា​លុយ​ដែល​លក់​ប៉ុន្មាន​ហ្នឹង គឺ​មិនមែន​បងប្អូន​យក​រៀងខ្លួន​ទេ។ លុយ​ហ្នឹង​គឺជា​លុយ​របស់​វត្ត។ ដូច្នេះ​បាន​មក​ហ្នឹង​គឺ​សម្រាប់​ការ​ផ្គត់ផ្គង់​វត្ត ដូចជា​វត្ត​ធំ​ហ្នឹង គឺ​មួយ​ឆ្នាំ​បី​ថ្ងៃ​ហ្នឹង មិន​តិច​ជាង​ប្រហែល​ជាជាង ១០ ម៉ឺន​ដុល្លារ»។

លោក ជា យូហ៊ន បញ្ជាក់​ថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី គឺជា​ពិធីបុណ្យ​ដ៏​ធំ និង​គគ្រឹកគគ្រេង​មួយ ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​នេះ មិនដែល​អាក់ខាន អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​សូម្បីតែ​ពលរដ្ឋ​អូស្ត្រាលី​ទូទៅ ក៏​យល់ដឹង និង​ជ្រាប​ច្បាស់​ផង​ដែរ​អំពី​ពេលវេលា​នៃ​ការរៀបចំ​ពិធី​ចូលឆ្នាំ​ខ្មែរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច​ប្រារព្ធ​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​របប​វាលពិឃាត

$
0
0

សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា នឹង​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៤៣ ឆ្នាំ នៃ​របប​វាលពិឃាត​ខ្មែ​ក្រហម នៅ​ថ្ងៃ​អង្គារ​ទី​១៧ ខែមេសា ដើម្បី​កាន់​មរណទុក្ខ សម្តែង​ការគោរព ព្រមទាំង​ចងចាំ ដល់​ពលរដ្ឋ​ខ្មែរ​ជិត​ពីរលាន​នាក់ ដែល​បាន​ស្លាប់​ក្នុង​របប​កុម្មុយនីស្ត ដឹកនាំ​ដោយ​ពួក​ខ្មែរក្រហម ប៉ុល ពត កាលពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨។

សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌលរំឮក​វាលពិឃាត (Killing Fields Memorial Center) ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៥ មេសា នេះ​ថា មជ្ឈមណ្ឌល​រំឮក​វាលពិឃាត ដែល​តែងតែ​រៀបចំ​រំឮក​ខួប​នៃ​របប​វាលពិឃាត តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​រំឭក​របប​វាលពិឃាត​នេះ នៅ​ទីតាំង​អនាគត​សួន​រំឭកវាលពិឃាត ដែល​នឹងត្រូវ​សាងសង់ឡើង​ក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា។

លេខាធិការ​នៃ​មជ្ឈមណ្ឌល​រំឭក​វាលពិឃាត លោក សុទ្ធ ប៉ាលីន ឲ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃទី​១៥ មេសា ថា ពិធី​នេះ​នឹងមាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ ១០០ នាក់​ចូលរួម ដោយ​មាន​ការ​និមន្ត​ព្រះសង្ឃ​គង់នៅ​តាម​វត្ត​អារាម​នានា ក្នុង​ក្រុង​ឡុងប៊ិច និង​ក្រុង​ឡូសអែនជេលេស (Los Angeles) ប្រហែល ៣០​អង្គ ចូលរួម​ធ្វើ​ពិធី​បែប​ពុទ្ធសាសនា​ផងដែរ។ លោក សុទ្ធ ប៉ាលីន បញ្ជាក់ថា គោលដៅ​សំខាន់​នៃ​ពិធី​នេះ គឺ​ដើម្បី​រំឭក​អំពី​មរណទុក្ខ​របស់​ពលរ​ដ្ឋ​ខ្មែរ​ដែល​បាន​បង់ជីវិត​ក្នុង​របប​វាលពិឃាត និង​ជាការ​ចងចាំ​មួយ​ដែល​មិនអាច​បំភ្លេចបាន សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ៖ «បាទ​! ខ្លឹមសារ​ដ៏​ធំ​បំផុត​ហ្នឹង​គឺ មិន​អាច​បំភ្លេច​បានទេ ទុក្ខសោក​នៃ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ​នៃ​របប​វាលពិឃាត​ហ្នឹង​... ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​សឹងតែ​ពាក់កណ្តាល​ប្រជាពលរដ្ឋ​ខ្មែរ​...។ យើងទាំងអស់គ្នា ម្នាក់ៗ​គឺ តែងតែមាន​ក្រុមគ្រួសារ ញាតិមិត្ត​បាន​បាត់បង់​ជីវិត​រៀងៗ​ខ្លួន ទទួល​ទុក្ខសោក​រៀងៗ​ខ្លួន​...​។ ដូច្នេះ គឺជា​ទុក្ខសោក​មួយ​ដ៏​ធំ​ណាស់​ចំពោះ​ខ្មែរ​ហ្នឹង​។ ហើយ​ដែល​សព្វថ្ងៃ​ហ្នឹង គឺ​យើង​នៅតែ​តាំងចិត្ត​ថា​ធ្វើ​អ៊ីចឹង​រហូត គឺ​មកពី​យើង​មិន​ចង់ឃើញ​ឲ្យ​មាន​សោកនាដកម្ម​របៀបនេះ​តទៅទៀត​ទេ»

ព្រឹត្តិការណ៍​រំឭក​ខួប​លើក​ទី​៤៣​ឆ្នាំ នៃ​របប​វាលពិឃាត​ឆ្នាំ​២០១៨​នេះ នឹង​ផ្តោតលើ​គម្រោង​សាងសង់​សួន​រំឭក​វាលពិឃាត the Killing Fields Memorial Garden ដែល​ត្រូវ​បាន​សហគមន៍​ខ្មែរ​នៅ​ទីនោះ ផ្តួចផ្តើម​សាងសង់​ឲ្យ​មាន​ឡើង សម្រាប់​ទុក​ធ្វើជា​ទីតាំង​នៃ​ពិធីបុណ្យ​រំឭក​ខួប​នៃ​របប​វាល​ពិឃាត និង​ជា​កន្លែង​ចងចាំ។ ការសាងសង់​សួន​នេះ ទទួលបាន​ការគាំទ្រ​ឧបត្ថម​ផ្នែក​ថវិកា​ពី​សាលាក្រុង​ឡុងប៊ិច ក្នុង​ទឹកប្រាក់​សរុប​ចំនួន ១៥​ម៉ឺន​ដុល្លារ​អាមេរិក។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច លោក ឌី អេនឌ្រូ (Dee Andrews) ឲ្យ​ដឹង​តាម​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​ថា គម្រោង​សាងសង់​សួន​នេះ នឹង​ក្លាយជា​ទីកន្លែង​មួយ ដែល​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងអស់ អាច​រំឭក​ដល់​ប្រវតិ្ត​រឿងរ៉ាវ​អតីតកាល សម្តែង​ការគោរព និង​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួកគេ កាលពី​ក្នុង​របប​វាលពិឃាត។

ពិធី​រំឭក​ខួប​នៃ​របប​វាលពិឃាត​នេះ នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃ​អង្គារ ទី​១៧ មេសា ដោយ​មាន​ពិធីសូត្រមន្ត​តាមបែប​ពុទ្ធសាសនា បន្ត​ដោយ​ពិធី​ទទួល​បាយ​ថ្ងៃត្រង់​ជុំគ្នា។ សម្រាប់​ពេល​ល្ងាច ពិធី​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៥​ល្ងាច ដោយមាន​ពិធី​បង្ហូត​ទង់ជាតិ ពិធី​ថ្លែងអំណរគុណ ពិធីសូត្រមន្ត និង​ពិធី​ដុត​ភ្លើងទៀន ជាដើម៕

"បុណ្យ​ចូលឆ្នាំ​តាម​វត្ត​មួយ​ចំនួន​ស្ងប់ស្ងាត់ ខណៈ​ពលរដ្ឋ​ជួបជុំ​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ"

$
0
0

អ្នក​ជំនាញ​ពុទ្ធសាសនា សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ គឺ​តាម​វត្ត​អារាម​មួយ​ចំនួន មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ដែល​ពលរដ្ឋ​ភាគច្រើន​ជ្រើសរើស​ការ​ជួបជុំ​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា។

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​សម័យ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ពុទ្ធសាសនា មើល​ឃើញ​ថា ហាក់​កំពុង​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ក្នុង​ន័យ​ពិធីបុណ្យ​ប្រពៃណី​នេះ គ្រាន់តែ​ជា​ពិធី​កម្សាន្ត​សប្បាយ​ទៅតាម​ការ​នឹក​ឃើញ​រៀងៗ​ខ្លួន​ច្រើន ជាង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ តាម​ប្រពៃណី​ជាតិ។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះកណ្ដាល ហៅ​វត្ត​ខ្ចាស់ ខេត្ត​បន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរដីកា​ថា ពិធី​រាំរែក ឫ​ការ​ជួបជុំ​ក្នុង​ពេល​ចូលឆ្នាំ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​តែ​យក​គ្រឿង​ស្រវឹង​ជា​ត្រីមុខ។ ព្រះតេជព្រះគុណ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន ពុំ​សូវ​ទៅ​ជួបជុំ​ធ្វើ​បុណ្យទាន និង​លេងល្បែង​ប្រជាប្រិយ រួម​ទាំង​រាំ​លែង​តាម​ចង្វាក់​ប្រពៃណី​ជាតិ នៅ​តាម​ទីវត្ត​អារាម​ណាស់ គឺ​ភាគច្រើន​ប្រជាពលរដ្ឋ តែងតែ​ជួបជុំ​ទទួលទាន​សាច់​ក្លែម និង​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ​រៀងៗ​ខ្លួន ឬ​តាម​កន្លែង​កម្សាន្ត​នានា។

ចាន់ សុជន ៦២២
ព្រះតេជព្រះគុណ ចាន់ សុជន ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល ហៅ​វត្តខ្ចាស់ ខេត្ត​បន្ទាយមានជ័យ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ Photo: RFA

ព្រះតេជព្រះគុណ លើកឡើង​ទៀត​ថា ប្រការ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​សម្គាល់​បុណ្យចូលឆ្នាំ​ខ្មែរ និង​វប្បធម៌​ខ្មែរ ហើយ​នឹង​ធ្វើ​ឲ្យ​ពិធី​កម្សាន្ត​សប្បាយ​ច្រើនតែ​ក្លាយ​ជា​ជម្លោះ​កាប់​ចាក់​គ្នា និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ក្លាយទៅជា​ថ្ងៃ​កាន់ទុក្ខ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នេះ។ «»

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ មាន​ប្រសាសន៍ថា ក្នុង​ពិធីបុណ្យ ចូលឆ្នាំ គឺ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​សង្កេត​ឃើញ​ថា ទាំង​ប្រុស ទាំង​ស្រី សេព​គ្រឿង​ស្រវឹង​ស្មើ​ដៃ​គ្នា ដែល​បណ្ដាល​ឲ្យ​បញ្ហា​ជាច្រើន​ទាំង​ខ្លួនឯង គ្រួសារ និង​សង្គម ជាតិ។ «»

ទោះបីជា​គ្រឿង​ស្រឹង​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្ដី ប៉ុន្តែ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ម្តងៗ គេ​សង្កេត​ឃើញ​ថា សកម្មភាព​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជា​ពិសេស​តាម​ទូរទស្សន៍ បាន​បង្កើន​ការ​ផ្សាយ​ពាណិជ្ជកម្ម កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទាក់ទាញ​អតិថិជន​ទាំង​ក្មេង​ទាំង​ចាស់ ដោយ​គ្មាន​ការទប់ស្កាត់​ពី​រដ្ឋាភិបាល​ឡើយ។ ការ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​នោះ គឺ​តាមរយៈ​ការ​អួត​ពី​គុណភាព និង​ផ្ដល់​រង្វាន់​ដល់​អ្នក​ផឹក​ជាដើម។

អ្នក​ជំនាញ​ខាង​ពុទ្ធសាសនា លើកឡើង​ថា ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​អោយ​ប្រជា​ពលរដ្ឋ​ងាក​មក​កម្សាន្ត​តាម​គន្លង​ប្រពៃណី​ជាតិ​វិញ​នោះ គឺ​មាន​យន្តការ​សំខាន់ៗ​មួយ​ចំនួន​ដូចជា អនុម័ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់ ហើយ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ ឬ​រដ្ឋាភិបាល ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ល្បែង​ប្រជាប្រិយ របាំ​ផ្សេងៗ និង​អប់រំ​យុវជន​ឲ្យ​ចេះ​សាមគ្គី​គ្នា និង​នាំគ្នា​ធ្វើ​ពិធី​កតញ្ញូ​កតវេទី​ចំពោះ​អ្នកមានគុណ និង​ទៅ​វត្ត​ទៅ​វ៉ា​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​២៦​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ

$
0
0

គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៣ ថ្ងៃ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ចំនួន ៥៥​ករណី ក្នុង​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ និង​របួសធ្ងន់​ស្រាល ៨១​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​ថយ​ចុះ។

កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ដូចគ្នា មាន​ចំនួន​៩៥​ករណី ដែល​មាន​មនុស្ស​ស្លាប់ ៤៣​នាក់ និង​រង​របួស​ស្រាល​ធ្ងន់​ជិត ១៨០​នាក់។

របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមាន​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ​គ្នា ប្រជែង​គ្នា បើកបរ​ទាំង​ភាព​ស្រវឹង មិន​ប្រកាន់​ស្ដាំ និង​បើកបរ​ទាំង​ងងុយដេក​ជាដើម។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដដែល បាន​បង្ហាញ​ថា រយៈពេល​១​ឆ្នាំ កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៣​ពាន់ ៥​រយ ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ជាង ១​ពាន់ ៧រយ នាក់ និង​របួស​ចំនួន​ជាង ៥​ពាន់ ៥​រយ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សរុប​ព្រឹត្តិការណ៍​បុណ្យ​ចូលឆ្នាំ​បី​ថ្ងៃ​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន

$
0
0

សមត្ថកិច្ច​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈពេល​២​ថ្ងៃ​កន្លងមក​មាន​ចំនួន​ច្រើន​កុះករ​ជាង​ឆ្នាំមុនៗ។ មូលហេតុ​ដែល​មាន​មនុស្ស​ច្រើន​នេះ ទំនង​ដោយសារ​អាជ្ញាធរ​ខេត្ត​ទាំង​២ បង្កើត​ពិធី​សង្ក្រាន្ត ស្វាគមន៍​ឆ្នាំ​ថ្មី ដើម្បី​ឲ្យ​ពលរដ្ឋ​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន។ ចំណែក​នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ​ពលរដ្ឋ​អះអាង​ថា បុណ្យ​ប្រពៃណី​ជាតិ​ឆ្នាំនេះ មាន​អ្នកដើរ​លេង​តិច​ជាង​ឆ្នាំ​កន្លង​ទៅ។

ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ខេត្ត​ប៉ៃលិន​លើកឡើង​ថា នៅ​តាម​ផ្ទះ​និង​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​នេះ​មាន​មនុស្ស​ធ្វើ​ដំណើរ​ជា​ធម្មតា ពោល​គឺ​មិន​ច្រើន​ដូច​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នោះ​ទេ។

ពលរដ្ឋ​នៅ​ក្រុងប៉ៃលិន​លោក ឃឹម ប៉ុន អះអាង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំនេះ លោក​មិនបាន​ទៅ​ដើរ​លេង​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ គឺ​គ្រាន់តែ​បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​សាច់ញាតិ​នៅ​ឯ​ស្រុក​សំឡូត​ហើយក៏​ត្រឡប់​មក​ផ្ទះ​វិញ។ អតីត​ពលរដ្ឋ​តំបន់​ផ្ដាច់​ខ្លួន​រូប​នេះ​បន្ថែម​ថា បើទោះជា​លោក​មិនបាន​ដើរ​ទៅ​ណា​ឆ្ងាយ​ក្ដី ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា នៅ​តាម​ភូមិ​មាន​ប្រជាពលរដ្ឋ​ជួបជុំគ្នា​តាម​ផ្ទះ​តិច​ជាង​ឆ្នាំ​កន្លងទៅ ដែល​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ច្រើន​កុះករ​នោះ៖ «ពេល​ល្ងាច​ឃើញ​គេ​ជួប​ជុំ​គ្នា​តាម​ផ្លូវ​ម្ដុំ​មុខ​វត្ត​ភ្នំ​យ៉ាត​ដល់​មុខ​សណ្ឋាគារ​ចាស់​ក្រៅ​ពី​នេះ​មិន​ឃើញ​មាន​មនុស្ស​លែង​ទេ​។ និយាយ​រួម​ពី​មួយ​ទៅ​មួយ​ស្ងាត់​បន្តិច​ម្ដង​ៗ ខ្ញុំ​មើល​ទៅ​ប្រហែល​មក​ពី​ជីវភាព​ពួកគាត់​លំបាក​មិន​ប្រាក់​សម្រាប់​ដើរ​លែង​»

លោក ឃឹម ប៉ុន បន្ថែម​ទៀត​ថា អាជ្ញាធរ​ខេត្ត​មួយ​នេះ​ក៏​មិនបាន​រៀបចំ​ពិធី​សង្ក្រាន្ត​ធំដុំ​អី​ដែរ គឺ​គ្រាន់​តែ​មាន​រៀបចំ​ពិធី​រាំ​លេង​នៅ​តាម​មន្ទីរ​នានា​បន្តិចបន្តួច​នៅ​ថ្ងៃ​ចូលឆ្នាំ​ដំបូង ហើយក៏​ស្ងាត់​ទៅវិញ។

ចំណែក​នៅ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ មាន​ពលរដ្ឋ​ទៅ​លែង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ច្រើន​កុះករ ជាពិសេស​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ ដូចជា​នៅ​ប្រាសាទ​បាណន់ រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ និង​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ​ជាដើម។

ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង លោក ជេត វណ្ណី មាន​ប្រសាសន៍​ថា ក្រៅ​អំពី​តំបន់​រមណីយដ្ឋាន​ទាំងនេះ​ហើយ ពលរដ្ឋ​ក៏បាន​នាំគ្នា​ទៅ​លេង​នៅ​ក្នុង​ពិធី​សង្ក្រាន្ត ដែល​រៀបចំ​នៅ​បរិវេណ​មុខ​វិទ្យាល័យ នេត យ៉ង់ ជាប់​រង្វង់​មូល​លោកតា​ដំបងក្រញូង យ៉ាង​ច្រើន​កុះករ​ដែរ។

លោក​អះអាង​ថា នៅ​ក្នុង​ពិធី​សង្ក្រាន្ត​នេះ មាន​ប្រដាល់​បុរាណ​ខ្មែរ មាន​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ ព្រមទាំង​មាន​ឡានទឹក​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ចំនួន​៣​គ្រឿង​បាន​ដាក់​ប្រចាំការ សម្រាប់​បាញ់​ទឹក​ជូន​អ្នក​ចូល​រាំ​លេង​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​ទៀត​ផង។ លោក​ស្នង​រង​រូប​នេះ​បន្ថែម​ទៀត​ថា បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ មាន​មនុស្ស​មក​លេង​ក្នុង​ខេត្ត​នេះ​យ៉ាង​ច្រើន​កុះករ ហើយ​ពុំ​មាន​ក្រុម​ក្មេង​ទំនើង​បង្ក​បញ្ហា​ក្នុង​ពិធី​រាំ​លេង​នោះ​ទេ៖ «ក្នុង​ការ​ដើរ​លែង​ទាំង​គ្រោះថ្នាក់​ចរាចរ​ទាំង​ការ​អនុវត្ត ខ្ញុំ​គិត​ថា​បងប្អូន​មក​ដើរ​លែង​កម្សាន្ត​ ខាង​ខេត្ត​បាន​រៀបចំ​សណ្ដាប់ធ្នាប់ បាន​ដាក់​កម្លាំង​ការពារ​ជូន​ពលរដ្ឋ​ឲ្យ​ពួកគាត់​បាន​ធ្វើ​ដំណើរ​បាន​ស្រួល​ ហើយ​អ្នក​ទៅ​លេង​តាម​រមណីយដ្ឋាន​គឺ មិន​មាន​ភាព​រញ៉េរញ៉ៃ​ទេ»

លោក ជេត វណ្ណី ឲ្យ​ដឹង​ទៀត​ថា រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ទី​១៤ ដល់ទី​១៥ មាន​ភ្ញៀវ ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​មួយ​នេះ ចន្លោះ ប្រមាណ​ពី១៩ ទៅ ២៣​ម៉ឺន​នាក់ ហើយ​នៅ​ថ្ងៃ​ទី​១៦ មេសា លោក​ថា ក៏​នៅ​តែ​មាន​មនុស្ស​ទៅ​លេង​ច្រើន​កុះករ​ដូច​ថ្ងៃ​ដំបូង​ដែរ។

ទោះជា​យ៉ាង​នេះ​ក្ដី ចៅសង្កាត់​ព្រែកព្រះស្ដេច ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក ខាន់ ប៊ុនផែង មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ លោក​មិន​សប្បាយចិត្ត​នោះ​ទេ ហើយក៏​មិនបាន​ទៅ​ដើរ​លេង​ដូច​គេឯង​នោះ​ដែរ ព្រោះ​លោក​ខ្វល់ខ្វាយ​រឿង ដែល​របប​លោក​ហ៊ុន សែន ប្លន់​យក​អំណាច​ពី​លោក ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​ឱកាស​បម្រើ​ម្ចាស់​ឆ្នោត ខណៈ​ដែល​ពួកគាត់​កំពុង​តែ​មាន​កង្វល់ ហើយ​ត្រូវការ​លោក​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​នោះ។

មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​អះអាង​ទៀត​ថា ពលរដ្ឋ​នៅ​តែ​មាន​កំហឹង​ចំពោះ​អ្នក​ដែល​ដក​លោក​ចេញពី​តំណែង​មិនទាន់​ឈប់​នៅឡើយ៖ «បើ​សិន​ជា​យើង​នៅ​ធ្វើ​ការ​ធម្មតា​មិន​អី​ទេ​​ដល់​គេ​ដក​ដំណែង​ដក​តួនាទី​ខ្ញុំ​អស់​រលីង​ គេ​បណ្ដេញ​​ខ្ញុំ​ចេញ​ពី​សាលា​សង្កាត់​មក​នៅ​ផ្ទះ​វិញ​ គឺ​មិន​ល្អ​ទេ។ចំណែក​ពលរដ្ឋ​វិញ​គាត់​ឈឺចាប់​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​អី​បាត់បង់​អ្នក​ដែល​ពួកគាត់​បោះឆ្នោត​ឲ្យ​ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើង»

រីឯ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ លោក ឈឿន សេរីវុធ មាន​ប្រសាសន៍​ថា បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ មាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​ខេត្ត​នេះ​ច្រើនជាង​ឆ្នាំ​មុនៗ ជាពិសេស​តំបន់​រមណីយដ្ឋាន កន្លែង​ប្រារព្ធ​ពិធី​សង្ក្រាន្ត នៅ​សួនច្បារ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត​ជាដើម។ លោក ឈឿន សេរីវុធ អះអាង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៦ មេសា ប្រជាពលរដ្ឋ​បន្ត​ទៅ​លែង​កម្សាន្ត​នៅ​ប្រាសាទ​បន្ទាយឆ្មារ និង​នៅ​អាង​ត្រពាំងថ្ម ក្នុងស្រុក​ភ្នំស្រុក យ៉ាង​ច្រើន​កុះករ៖ «អូ!ខុស​គ្នា​ច្រើន​២ថ្ងៃ​បើ​នៅ​សួន​មានជ័យ​ខុស​ច្រើន​មែនទែន​ ព្រោះ​មាន​មនុស្ស​មក​លេង​ប្រមាណ​ជាង​២ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ ចំណែក​ប្រាសាទ​បន្ទាយឆ្មារ​២ថ្ងៃ​កន្លង​មក​មិន​សូវ​មាន​មនុស្ស​ទេ​ ប៉ុន្តែ​ថ្ងៃ​ទី​១៦ មេសា មាន​មនុស្ស​មក​លង​ច្រើន​កកកុញ​តែ​ម្ដង​ ហើយ​មក​លែង​ភាគ​ច្រើន​ភ្ញៀវ ជាតិ​មក​ពី​ខេត្ត​ជិត​ខាង​ផង និង​អ្នក​នៅ​ខេត្ត​បន្ទាយមានជ័យ​ផង»

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រី​ស្រាវជ្រាវ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក យ៉ាត កម្សាន្ត កត់សំគាល់​ថា បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ មាន​ពលរដ្ឋ​ទៅ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ក៏​ពិតមែន ក៏ប៉ុន្តែ​លោក យ៉ាត កម្សាន្ត ថា អាជ្ញាធរ​ហាក់​មិនបាន​រៀបចំ​សមត្ថកិច្ច​ប្រចាំការ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ។ លោក​អះអាង​ទៀត​ថា អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាង​ឆ្នាំ​មុនៗ ព្រោះ​បើកបរ​ភាគច្រើន​ប្រជែង​គ្នា​តាម​ដង​ផ្លូវ​ដូច​គោ ហ្វូង ជាពិសេស​ក្រុម​យុវជន​បើកបរ​ម៉ូតូ​តែម្ដង។ «»

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ឲ្យ​ដឹង​ថា ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ទៅ​កម្សាន្ត ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃទី​១៤ មេសា ជាង​៦៦​ម៉ឺន​នាក់ កើន ជាង​២៩ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ជាង ៥១​ម៉ឺន​នាក់ (៥១០,០០០) ក្នុង​​​​​​​​​​​​​នោះ​ភ្ញៀវ​ជាតិ ប្រមាណ ៦៥​ម៉ឺន​នាក់​គឺ​កើន​ឡើង​៣០​ភាគរយ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ ៥០​ម៉ឺន​នាក់ ហើយ​ភ្ញៀវ​អន្តរជាតិ​ជាង ១​ម៉ឺន​៣​ពាន់ (១៣.០៣៦) កើន​ឡើង ០.០៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ១​ម៉ឺន ៣​ពាន់​នាក់​(១៣,០៣២)​នាក់។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បុណ្យចូលឆ្នាំ​ថ្ងៃ​ដំបូង មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទូទាំង​ប្រទេស សរុប​ជាង ១​លាន​នាក់ (,០៨០,០០០) គឺ​កើន​ឡើង​ប្រមាណ ២៦​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ ១​លាន​នាក់ (,០៥៦,០០០) កើន​ឡើង​ជាង ២៨​ភាគរយ ហើយ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ២​ម៉ឺន ៤​ពាន់​នាក់ (២៤,០០០) កើន​ឡើង​ជាង ២១​ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សារ​ឆ្នាំ​ថ្មី​របស់​​មេដឹកនាំ​ខ្មែរ​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​នយោបាយ​ចាក់ស្រេះ​ដោះស្រាយ​មិន​រួច

$
0
0

ក្រុម​មេ​ដឹកនាំ​នយោបាយ និង​សង្គម​ស៊ីវិល​ខ្មែរ តែង​នាំគ្នា​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ មិន​ដែល​ខកខាន​ឡើយ នៅ​រៀង​រាល់ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ​មកដល់​ម្តងៗ​។ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំច ទើបនឹង​ចូល​មក​ដល់​នេះ ខុស​ពី​រាល់​សព្វដង សារ​ជូនពរ​ឆ្នាំ​ថ្មី របស់​ក្រុម​មេដឹកនាំ​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហាក់​ផ្ដោត​ស្ទើរតែ​ទាំងស្រុង​ទៅលើ​បញ្ហា​នយោបាយ ដែល​កំពុង​ញាំញី​ក្នុង​សង្គម​ខ្មែរ ចាក់ស្រេះ​ដោះស្រាយ​មិន​រួច បន្សល់ទុក​ពី​ឆ្នាំ​ចាស់។ សារ​ទាំងនេះ បង្ហាញ​ឲ្យ​ឃើញ​ថា សង្គម​កម្ពុជា កំពុង​ប្រេះឆា បែកបាក់​ស្មារតី​សាមគ្គី​ជាតិ ជា​ធ្លុង​មួយ ដែល​អ្នកនយោបាយ ចាំបាច់​ត្រូវ​រួម​នាំគ្នា​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឲ្យ​ប្រទេសជាតិ បន្ត​ធ្លាក់​ផុង​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាងនេះទៀត នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

បើទោះបីជា​ឆ្នាំ​ចាស់ ឆ្នាំរកា ទើបនឹង​បាន​ឆ្លង​ផុត​ទៅ​ហើយ​ក៏ដោយ វិបត្តិ​វឹកវរ​ផ្នែក​នយោបាយ នៅ​មិនទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ឡើយ។ បញ្ហា​នេះ ហាក់​បន្ត​តាម​លង​បន្លាច​ក្រុម​មេដឹកនាំ​នយោបាយ​ខ្មែរ គ្រប់​ពេលវេលា ដែល​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ឈប់​និយាយ និង​គិតដល់​ឡើយ បើទោះបីជា​ពេលវេលា​នោះ ជា​ពេលវេលា​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​នាំគ្នា​អបអរ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ទទួល​ប្រសិទ្ធពរ​ជ័យ សព្វ​សាធុការពរ​ពី​ទេវតា ឆ្នាំ​ថ្មី ក៏ដោយ។

ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​ថ្មី ឆ្នាំច ពី​ខេត្ត​សៀមរាប នៅ​គ្រា​ពលរដ្ឋ​ទូទាំង​ប្រទេស​ជូនពរ​គ្នា​ទៅវិញទៅមក​ចង់បាន​សេចក្ដី​សុខ​សប្បាយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​វិញ មិន​ភ្លេច​ឡើយ​បន្ត​ព្រមាន និង​បន្លាច​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង អំពី​បញ្ហា​សង្គ្រាម ដោយ​លើក​យក​ពី​ឧទាហរណ៍​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​នៅ​ប្រទេស​ស៊ីរី​មក​និយាយ។ លោក​អះអាង​ថា គ្មាន​ការ​សប្បាយ​រីករាយ​ណាមួយ អាច​កើតមានឡើង​ក្រោម​ភ្នក់ភ្លើងសង្គ្រាម​នោះ​ឡើយ៖ «វា​ពិត​ណាស់ គ្មាន​សន្តិភាព វា​ក៏​គ្មាន​ការ​អភិវឌ្ឍ​ណាមួយ ហើយក៏​គ្មាន​ការ​ជួបជុំ​សប្បាយរីករាយ​ណាមួយ​ដែរ។ គេ​មិន​អាច​ឃើញ​នូវ​អ្វី​ដែល​ជា​ព្រឹត្តិការណ៍ នៃ​ការ​ជួបជុំ​សប្បាយរីករាយ​ក្រោម​គ្រាប់បែក ក្រោម​គ្រាប់​ផ្លោង។ សូម​ក្រឡេក​មើល​ទៅ​ប្រទេស​ស៊ីរី តើ​ប្រទេស​ស៊ីរី មាន​លទ្ធភាព​ដើម្បី​នឹង​រៀបចំ​នូវ​ការ​សប្បាយ​រីករាយ​នោះ​ទេ បើ​ប្រទេស​នេះ នៅតែ​ហែកហួរ​ដោយ​សង្គ្រាម?»

បន្ថែម​ពីលើ​នេះ ទំនងជា​ភ័យខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ខាងមុខនេះ​ក៏​មិន​ដឹង ក្រោយ​របប​លោក​បាន​រម្លាយ​ដៃគូ​ប្រកួតប្រជែង​នយោបាយ ដ៏​ស្វិតស្វាញ​ចោល​ពី​សង្វៀន​នយោបាយ ដើម្បី​ធានា​និរន្ត​ភាព​នៃ​ជ័យជម្នះ​គណបក្ស​របស់​លោក លោក ហ៊ុន សែន លើកឡើង​នៅ​ផ្នែក​ខាងដើម​បង្អស់​នៃ​សារ​ជូនពរ​របស់​លោក​ថា ឆ្នាំច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺជា​ឆ្នាំ ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់គ្នា​កុំបី​ខាន ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​អ្វីមួយ ដែល​លោក​ហៅថា ជា​ម្ចាស់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន។ លោក ហ៊ុន សែន ក៏បាន​លើកឡើង​នៅ​ក្នុង​សារ​នោះ​ដែរ​ថា របប​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ តាមរយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌​ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជាថ្មី​នេះ។

នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​បញ្ហា​នយោបាយ​ដដែល សម្រាប់​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី វិញ លោក​បាន​សរសេរ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទំព័រ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា លោក និង​ក្រុម​អ្នកតស៊ូ​ទាំងអស់ ក្នុង​ជួរ​គណបក្ស​សង្គ្រោះជាតិ និង​ចលនា​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់ផ្ដើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ យ៉ាង​ពិត​ប្រាកដ។ លោក​សូម​ឲ្យ​ដំណើរការ​បោះឆ្នោត​សព្វថ្ងៃ ដែល​លោក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ឲ្យ​ក្លាយទៅជា​ដំណើរការ​បោះឆ្នោត​ត្រឹមត្រូវ​វិញ ក្នុង​ពេល​មួយ​សមស្រប ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ មានឱកាស​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ បាន​យ៉ាង​ពិត​ប្រាកដ ដែល​អ្នកនយោបាយ​ទាំងអស់ ត្រូវតែ​គោរព​ដាច់ខាត។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ ដោយសារតែ​របប​លោក ហ៊ុន សែន ចោទ​លោក​ថា បាន​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ​នោះ លោក​ក៏​ថ្លែង​សារ​ជូនពរ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង នា​ឱកាស​ក្នុង​ឆ្នាំ​ថ្មី​នេះ អំពាវនាវ​ឲ្យ​អ្នកដឹកនាំ​ប្រទេស ដោះស្រាយ​បញ្ហា​ក្នុង​ឆ្នាំ​ថ្មី​នេះ ដោយ​អហិង្សា និង​មិន​ត្រូវ​យក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ​ឡើយ។ លោក​សង្កត់ធ្ងន់ៗ​ថា ប្រទេស​កម្ពុជា គឺជា​របស់​ខ្មែរ​ទាំងអស់​គ្នា ពោល​គឺ​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុម​ណា​ឡើយ។ លោក​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​គ្រប់រូប បោះបង់ចោល​នូវ​ការ​ចង​អាឃាត និង​ឈប់​យក​ប្រជាពលរដ្ឋ​ខ្លួនឯង​ធ្វើជា​សត្រូវ។ ជាមួយ​គ្នា​នេះ លោក​ចង់​ឃើញ​នូវ​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដែល​នាំមក​នូវ​សេចក្ដី​សុខ សេរីភាព និង​សុភមង្គល​ដល់​ខ្មែរ​គ្រប់​ភាគី និង​លុប​ជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការ​គុំកួន និង​អំពើ​បាបកម្ម​ក្នុង​ឆ្នាំ​ចាស់។

មិន​ខុសគ្នា​ពី​ក្រុម​មេដឹកនាំ​នយោបាយ​ខ្មែរ​ប៉ុន្មាន​ឡើយ សម្រាប់​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​វិញ​ម្ដង បញ្ហា​នយោបាយ​នៅតែ​ជា​ខ្លឹមសារ​ចម្បង​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​ពួកគេ ទោះបីជា​លោក ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​បែប​បន្លាច​ពលរដ្ឋ​ឋ​របស់​ខ្លួន​យ៉ាងណាក្ដី។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​មាន​ដំណោះស្រាយ​នយោបាយ និង​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ និង​ការ​ចេះ​ធ្វើការ​ជាមួយគ្នា​ជា​ធ្លុង​មួយ ដើម្បី​អនាគត​កម្ពុជា​ជា​រួម។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅថា ខុមហ្វ្រែល (Comfrel) បាន​សរសេរ​បួងសួង​ទេវតា​ឆ្នាំ​ថ្មី សុំ​សេចក្ដី​សុខ ដល់​អ្នកតស៊ូ​មតិ និង​ការ​គោរព សិទ្ធិមនុស្ស និង​ឲ្យ​មាន​នូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការបោះឆ្នោត​សេរី យុត្តិធម៌ បែប​ប្រកួត​ពហុបក្ស​ត្រឹមត្រូវ​ឡើងវិញ​នៅ​កម្ពុជា។ លោក​ពន្យល់​ថា ការ​ខិតខំ​ក្នុង​សកម្មភាព​តស៊ូ​មតិ មិនមែន​ជា​សកម្មភាព​ដើម្បី​បំផ្លាញ​ការបោះឆ្នោត ប៉ុន្តែ​គឺ​ដើម្បី​ស្ថានភាព​នៃ​ការបោះឆ្នោត ដោយ​សេរី យុត្តិធម៌ និង​មានការ​ប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ត្រឹមត្រូវ និង​ការ​គោរព​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ឡើងវិញ។ លោក​ថា ទាំងនេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​រក្សា​ស្ថិរភាព សន្តិភាព និង​ផ្ដល់​អាណត្តិ​ស្របច្បាប់​ដល់​អំណាច​រដ្ឋ​ទាំង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) វិញ អ្នកស្រី ចក់ សុភាព សរសេរ​ជូនពរ ដោយ​រំឭក​ដល់​អនុស្សាវរីយ​ល្អ កាលពី​ឆ្នាំ​២០១៥ ដែល​អ្នកស្រី​ថា មេដឹកនាំ​ខ្មែរ​កាលណោះ ធ្លាប់​ចាប់ដៃ​រាក់ទាក់​ចាប់ផ្ដើម​វប្បធម៌​សន្ទនា​រវាង​ខ្មែរ និង​ខ្មែរ។ អ្នកស្រី​បួងសួង​ទេវតា​ឆ្នាំ​ថ្មី ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ទទួល​បាន​នូវ​ប្រសិទ្ធពរ ហើយ​បន់ស្រន់​ឲ្យ​ដូនតា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ជួយ​នាំ​ចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ អ្នកនយោបាយ​ទាំងអស់ តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ចាប់​យក​នូវ​កិច្ច​សន្ទនា ដោយ​ប្រកាន់​នូវ​ស្មារតី​ខ្មែរ​តែមួយ ដែល​អាច​ជជែក​ដោះស្រាយ​បញ្ហា​នានា​បាន។ អ្នកស្រី​បញ្ជាក់​ថា ខ្មែរ​ប្រាកដជា​អាច​ធ្វើ​បាន បើ​ជឿជាក់​ថា គ្មាន​អ្នកណា​ស្រលាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួនឯង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បក្ស​ប្រឆាំង​សង្ឃឹម​ប្រទេស​​ហត្ថលេខីជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បើក​ឲ្យ​ខ្លួន​ចូលរួម​បោះឆ្នោត​បាន

$
0
0

មន្ត្រី​គណបក្សប្រឆាំង​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សហគមន៍​អន្តរជាតិ​នឹង​ជួយ​ស្វែងរក​ដំណោះស្រាយ បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​បាន ដើម្បី​បើកឱកាស​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច អះអាង​ថា គណបក្ស​ប្រឆាំង​បរាជ័យ​លើ​ការ​ពឹង​ពាក់​បរទេស ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​របប​លោក ហ៊ុន សែន ស្វែងរក​ដំណោះស្រាយ​នយោបាយ​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ មេសា ថា ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ជំរុញ​ទៅ​របប​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​ទៅ​រក​របប​លទ្ធិ​ប្រជាធិបតេយ្យ និង​បើក​ឲ្យ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

អ្នកស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ មាន​ប្រសាសន៍​ថា គណៈប្រតិភូ​គណបក្ស​ប្រឆាំង ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ នឹង​ជួប​ប្រធាន​ស្ដីទី​រដ្ឋសភា​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៧ មេសា ក្រោយពី​បាន​ជួប​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​១៦ មេសា ដូចជា​ជួប​សមាគម​អ្នកសារព័ត៌មាន​ឯករាជ្យ គណៈកម្មាធិការ​សិទ្ធិមនុស្ស​ឥណ្ឌូណេស៊ី​ជាដើម ដែល​បាន​ជជែក​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះជាតិ ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ អ្នកស្រី មួរ សុខ​ហួរ អះអាង​ថា ឥណ្ឌូណេស៊ី​ជា​ប្រទេស​សហប្រធាន​កិច្ច​ព្រមព្រៀង​សន្តិភាព ហើយ​អ្នកស្រី​សង្ឃឹមថា សហប្រធាន​កិច្ចព្រមព្រៀង​នេះ អាច​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ​នេះ​បាន។ «»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេហ្គ្រាម (Telegram) នៅ​ថ្ងៃ​ទី​១៦ មេសា ថា នៅ​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃទី​២៩ ខែ កក្កដា ខាងមុខនេះ ច្បាស់​ជា​អត់​មាន​វត្តមាន​​គណបក្សប្រឆាំង​ដែល​លោក​ថា បាន​ស្លាប់​ទៅ​ហើយ​នោះ​ទេ។ លោក​បន្ថែម​ថា ទោះបីជា​គ្មាន​បក្ស​ប្រឆាំង ក្នុង​ការ​បោះឆ្នោត​ក្ដី ក៏​នៅ​មាន​គណបក្ស​ជាច្រើន​ទៀត​ចូល​ប្រកួតប្រជែង​បោះឆ្នោត​ដែរ។ “ហើយ​ការបោះឆ្នោត​លើក​នេះ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចង់​បាន“។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី ប្រធាន​ចលនា​បក្ស​សង្គ្រោះជាតិ មាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​១៣ មេសា​ថា របប​របស់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ មិន​ខុស​ពី​របប ប៉ុល ពត នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា របប​លោក ហ៊ុន សែន មិន​អាច​នៅ​ឯកោ​ដឹកនាំ​ប្រទេស​តែឯង​បានទេ កម្ពុជា​ត្រូវការ ប្រទេស​ផ្សេងៗ​ទៀត​ជា​មិត្ត ពិសេស​កម្ពុជា​នៅតែ​ពឹង​លើ​ជំនួយ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដកដង្ហើម​សេដ្ឋកិច្ច​បាន។ «»

លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នយោបាយ​ប្រជាភិថុតិ លើ​យុវជន និង​កម្មករ​រោងចក្រ ដែល​លោក​ដឹកនាំ​មិនល្អ ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន បង្ខំចិត្ត​បិទទ្វារ ហើយ​លោក ហ៊ុន សែន ចេញមុខ​ផ្ដល់​លុយ​ឲ្យ​កម្មករ​ម្នាក់​បន្តិចបន្តួច​នោះ មិន​អាច​ធានា​និរន្តរភាព​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​របស់​កម្មករ​បាន​យូរ​អង្វែង​ឡើយ។

លោក សម រង្ស៊ី ប្ដេជ្ញា​ថា នៅ​ពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ខាងមុខនេះ គណបក្ស​សង្គ្រោះជាតិ​នឹង​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ថា របប​លោក ហ៊ុន សែន មិន​អាច​បោះឆ្នោត​ដែល​គ្មាន​ដៃគូ​ប្រហាក់ប្រហែល​ចូលរួម​ប្រកួត​បានទេ ដោយសារ​សហគមន៍​អន្តរជាតិ​កំពុងតែ​ឃ្លាំមើល​ការអនុវត្ត​របស់​លោក ហ៊ុន សែន បើ​មិន​ដូច្នោះ​ទេ ប្រទេស​ម្ចាស់​ជំនួយ សហភាព​អឺរ៉ុប និង​សហរដ្ឋ និង​បិទ ការ​លើកលែង​ពន្ធ​ផលិតផល​របស់​កម្ពុជា​ជាមិនខាន។

អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស បាន​សម្រេច​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​នៅ ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ត្រូវតែ​ចាត់​វិធានការ​ទណ្ឌកម្ម​ជាក់លាក់​មួយ​ចំនួន​ទៅលើ​របប​ក្រុងភ្នំពេញ ដើម្បី​ស្តា​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​បច្ចុប្បន្ន ឲ្យ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ។

សេចក្ដីសន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​កម្រាស់ ៤​ទំព័រ ផ្ញើ​ទៅ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទាំងអស់​សរសេរ​ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន នៅ​បន្ត​ដដែល​ដូច្នេះ​នោះ។ ទណ្ឌកម្ម​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការបញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​ទំនិញ​ដទៃ​ទៀត ដែល​អឺរ៉ុប​ព្រម​អនុគ្រោះ​ដល់​កម្ពុជា​នា​ពេល​កន្លងមក​នោះ​ទេ។

អ្នកស្រី មួរ សុខហួរ លើក​លើកឡើង​ថា របប​លោក ហ៊ុន សែន ត្រូវ​ការ​ភាព​ស្របច្បាប់ និង​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ បញ្ហា​នេះ ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ គណបក្ស​កាន់អំណាច​មិន​អាច​រៀបចំ​ការបោះឆ្នោត ដែល​គ្មាន​ដៃគូ​ប្រកួត គឺ​គណបក្ស​សង្រ្គោះជាតិ​ចូលរួម​បាន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​១៨​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នៅ​ថ្ងៃ​ចូលឆ្នាំ

$
0
0

សមត្ថកិច្ច​បាន​បង្ក្រាប បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទូទាំង​ប្រទេស​ចំនួន ១០​ករណី ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី១៤ ដល់​១៦ ខែ​មេសា។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​អ្នក​ជួញដូរ អ្នក​ប្រើប្រាស់ និង​អ្នក​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន សរុប​ចំនួន​១៨​នាក់។

របាយការណ៍​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ ដើម​ឆ្នាំ​២០១៨​នេះ កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​ជាង ២ពាន់ (.១៦៦) ករណី ហើយ​ឃាត់ខ្លួន​មនុស្ស ជាង ៣​ពាន់ ៤​រយ​នាក់ ក្នុង​នោះ​មាន​ជនបរទេស​៧១​នាក់។ សមត្ថកិច្ច ក៏បាន​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង ៦៤​គីឡូក្រាម កញ្ឆា​ជាង ២២​គីឡូក្រាម និង​ដើម​កញ្ឆា​ជាង ១២​ម៉ឺន​ដើម ផង​ដែរ។

របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹង​ថា ការ​ចរាចរណ៍ និង​ការ​ជួញដូរ​គ្រឿងញៀន មិន​មាន​ការ​ថយ​ចុះ​ទេ កាល​ពី​ឆ្នាំ​ពី​២០១៦ និង​ឆ្នាំ​២០១៧។

របាយការណ៍​សង្ខេប​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុង​២០១៧​កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​ជិត ៨​ពាន់ ២​រយ​ករណី (.១៧៣) ដែល​ចំនួន​នេះ គឺ​បាន​កើន​ឡើង​ជាង ៩២% (៩២,៤៨) ឬ​ប្រមាណ​ជិត ៤​ពាន់​ករណី (.៩២៧) ហើយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ គឺ​មាន​ជាង ៤​ពាន់ ២​រយ​ករណី (.២៤៦)

របាយការណ៍​ដដែល​បន្ត​ថា អាជ្ញាធរ ក៏​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ជិត ១​ម៉ឺន ៨​ពាន់​នាក់ (១៧.៧៩៥) ក្នុង​​​​​នោះ មាន​ស្រី​ជិត ១​ពាន់ ៦​រយ​នាក់ (.៥៨៤)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​រោងចក្រ​ហ្វឹសហ្គាវ័ន​ត្រៀម​ចេញ​តវ៉ា​ដាក់​ញត្តិ​១០​ស្ថាប័ន​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល

$
0
0

ក្រុម​កម្មករ​ដែល​ខក​ខានមិនបាន​ទៅលេង​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ត្រៀម​នាំគ្នា​ផ្ដិត​មេដៃ ចេញ​តវ៉ា ដាក់​ញត្តិ​ទៅ ១០​ស្ថាប័ន ដើម្បី​ទាមទារ​យក​ប្រាក់​ឈ្នួល​ចំនួន ៤​ខែ ដែល​ថៅកែ​មិន​បើក​ជូន​ពួកគាត់។ សហជីព​ទទូច​ឲ្យ​ក្រសួង​ការងារ ចេញមុខ​អន្តរាគមន៍​ទៅ​ថៅកែ​ឲ្យ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ ដើម្បី​ពួកគេ​អាច​មាន​លទ្ធភាព​ទៅលេង​ស្រុកកំណើត នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

កម្មករ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ អាប់ភើរ៉ែល (First GAWON Apparel) នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ អះអាង​ថា ពួកគាត់​មួយ​ចំនួន​ធំ​នាំគ្នា​ធ្វើ​ពិធី​ទទួល​ទេវតា នៅមុខ​រោងចក្រ ដោយសារ​ថៅកែ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់។

ក្រៅតែ​ពី​ធ្វើ​ពិធី​ទទួល​ទេវតា​នោះ ពួកគាត់​ត្រូវ​បន្ត​ដេក​យាម​នៅមុខ​រោងចក្រ​ជាប្រចាំ ខ្លាច​ថៅកែ​លួច​ដឹង​សម្ភារៈ​ចេញ​ក្រៅ។

ក្រុម​កម្មករ ប្រាប់​ថា នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ពួកគាត់​នឹង​នាំគ្នា​ផ្ដិតមេដៃ ដើម្បី​ចេញ​ដាក់​ញត្តិ​ចំនួន​១០​ស្ថាប័ន នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឲ្យ​មានការ​អន្តរាគមន៍ ទៅ​ថៅកែ​រោងចក្រ បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ចំនួន​៤ ខែ។

កម្មករ​ម្នាក់ គឺ​អ្នកស្រី សុខ សំណាង ប្រាប់​ថា អ្នកស្រី ស្ដាយ​ណាស់​ដែល​មិនបាន​ទៅលេង​ស្រុក​កំណើត ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ប៉ុន្ដែ​ទោះ​យ៉ាងណា អ្នកស្រី ប្រាប់​ថា ក្រុម​កម្មករ​នៅតែ​សង្ឃឹមថា ពួកគាត់​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល ៤​ខែ នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ដើម្បី​អាច​ឲ្យ​ពួកគាត់ មាន​លទ្ធភាព​ទៅលេង​ស្រុកកំណើត​នៅ​ក្រោយ​ចូលឆ្នាំ​ជំនួស។ «»

កម្មករ និង​សហជីព អះអាង​ថា ថៅកែ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ ជា​ជនជាតិ​កូរ៉េ​ខាងត្បូង មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​តាំងពី​ខែ​មករា ឆ្នាំ​២០១៨​មក ខណៈ​ដែល​ថៅកែ​រូប​នេះ ធ្លាប់​លេច​លឺ​ដំណឹង​ថា រត់ចោល​កម្មករ​ម្ដង​ហើយ ប៉ុន្តែ​ក្រោយ របប​ក្រុងភ្នំពេញ ប្រកាស​មាន​ប្រាក់​បុរេប្រទាន​បើក​ឲ្យ​កម្មករ​ដែល​រងគ្រោះ​ដោយសារ​ថៅកែ​រត់ចោល ថៅកែ​រោងចក្រ​នេះ គឺ​អ្នកស្រី ផាក ក្យុងហ៊ី ស្រាប់​តែ​មាន​វត្ត​មាននៅ​រោងចក្រ​ដដែល។

ក្រៅពី​នាំគ្នា​វេច​មុង​ភួយ ចានឆ្នាំង មក​ដាំបាយ​ហូប និង​បោះតង់​ស្នាក់​នៅមុខ​រោងចក្រ ទាំង​ថ្ងៃ​ទាំង​យប់ ក្រុម​កម្មករ​តែង​បាន​នាំគ្នា ទៅ​រក​កិច្ច​អន្តរាគមន៍​នៅ​តាម​ស្ថាប័នរដ្ឋ និង​ឯកជន​មួយ​ចំនួន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​ថៅកែ បើកប្រាក់​ឈ្នួល​សង​ពួកគាត់។

កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន បាន​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ហើយ ដើម្បី​ស្នើសុំ​ដោយ​ផ្ទាល់​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់។ កម្មករ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ ឲ្យ​ដឹង​ទៀត​ថា ថៅកែ​រោងចក្រ ជនជាតិ​កូរ៉េខាងត្បូង ធ្លាប់​មាន​ប្រវត្តិ​ថ្មីៗ​នេះ រត់ចោល​កម្មករ មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ម្ដង​ហើយ នៅ​រោងចក្រ​ហ្គាវ័ន្ដ ក្នុង​ក្រុង​តាខ្មៅ។ ប៉ុន្តែ​រោងចក្រ​ហ្គាវ័ន្ដ នៅ​ក្រុង​តាខ្មៅ ត្រូវ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​នាំគ្នា​លក់​ឡាយឡុង សម្ភារៈ​រោងចក្រ ក្រោយពេល​កម្មករ​ដេក​យាម​រាប់​ខែ ទាំងថ្ងៃ​ទាំងយប់ នៅ​មុខ​រោងចក្រ។ នៅ​​​​​​​​​​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ កម្មករ​ជាច្រើន​នាក់​នៅ​រោងចក្រ​ហ្គាវ័ន្ដ អះអាង​ថា ពួកគាត់ ក៏​ត្រូវ​បង្ខំចិត្ត​ទទួល​ទេវតា​នៅមុខ​រោងចក្រ​ដូចគ្នា ព្រោះតែ​ថៅកែ​មិន​ព្រម​បើកប្រាក់​ខែ​ឲ្យ ហើយ​គ្មាន​លទ្ធភាព​ទៅលេង​ស្រុកកំណើត។

សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ លោក ខឹម មករា ឲ្យ​ដឹង​ថា ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ក្រុម​កម្មករ​ជាង ៩៥​ភាគរយ នឹង​នាំគ្នា​ផ្ដិតមេដៃ ហើយ​យក​ញត្តិ​ទៅ​ដាក់​តាម​ស្ថាប័ន​ធំៗ​ចំនួន​១០ ក្នុង​នោះ មាន​ទីស្ដីការគណៈរដ្ឋមន្ត្រី ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​ការងារ សមាគម​ថៅកែ​រោងចក្រ បេឡាជាតិ​របប​សន្តិសុខ​សង្គម ស្ថានទូត​កូរ៉េ​ខាងត្បូង ជាដើម។ «»

សហជីព​ប្រាប់​ថា បើ​ទោះ​ជា​គ្មាន​ប្រាក់​បើក​ឲ្យ​កម្មករ ប៉ុន្តែ​ថៅកែ​ជា​ជនជាតិ​កូរ៉េ គឺ អ្នកស្រី ផាក់ ក្យុងហ៊ី មិន​ព្រម​រត់ចោល​កម្មករ​ដូច​កាល​គាត់​រត់ចោល​កម្មករ​រោងចក្រ​ហ្គាវ័ន្ដ នៅ​ក្រុង​តាខ្មៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​មិន​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពួកគេ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​របប​ក្រុងភ្នំពេញ ដែល​មិន​ព្រម​ចេញមុខ​ជួយ​អន្តរាគមន៍​ឲ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់ បាន​ទៅលេង​ស្រុកកំណើត ជួបជុំ​ក្រុម​គ្រួសារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានភាព​បុណ្យ​ចូលឆ្នាំ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​នៅ​សេសាន​ក្រោម​ពីរ

$
0
0

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគរ​ចាស់ ខេត្ត​ស្ទឹងត្រែង តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ជា​រៀងរាល់​ឆ្នាំ និង​គោរព​បារមី​ដើម​ពោធិ៍ធំ​មួយ ដែល​ពួកគេ​ចាត់ទុកថា ផ្ដល់​សេចក្តី​សុខ​ចម្រើន និង​បញ្ចៀស​គ្រោះភ័យ​ទាំងឡាយ​ដែល​កើតមាន បើទោះបីជា​ភូមិ​របស់​ពួកគាត់ ត្រូវ​ទឹក​ពន្លិច​ទាំងស្រុង ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ជំនឿ​នេះ បាន​កើត​មានឡើង​ច្រើន​ជំនាន់​មក​ហើយ រហូត​បច្ចុប្បន្ន​អ្នក​ភូមិ នៅតែ​ប្រកាន់ខ្ជាប់​ប្រពៃណី​សែនព្រេន ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ជា​រៀងរាល់​ឆ្នាំ មិនដែល​អាក់ខាន​ឡើយ អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី។

ជនជាតិ​ដើម​ភាគតិច​ព្នង និង​ជនជាតិ​ភាគតិច​ឡាវ រស់នៅ​ឃុំ​ស្រែគរ និង​ក្បាល​រមាស​ចាស់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​តែ​ប្រកាន់​ជំហរ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ លេង​ល្បែង​ប្រជាប្រិយ រាំ​ធុងបាស​កម្សាន្ត បើទោះបីជា​ស្ថានភាព​រស់នៅ​របស់​ពួកគាត់​ប្រឈម​បញ្ហា​លំបាក​ក្ដី។ អ្នកភូមិ​ប្រមាណ ៥០​នាក់ បាន​មក​ជួបជុំគ្នា​នៅ​ភូមិ​ក្បាល​រមាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី១៥ មេសា រៀបចំ​ទូក​ជាច្រើន​គ្រឿង ដង្ហែ​ផ្កា​ប្រាក់​ជុំវិញ​ដើម​ពោធិ៍​មួយ​ដើម ដែល​កំពុង​លិច​ទឹក។

មានកំណើត​ជា​ជនជាតិ​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស​ចាស់ លោកស្រី ស្រាង ឡាញ់ ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៦ មីនា ថា បើទោះបី​ជាដើម​ពោធិ៍​ដែល​អ្នកភូមិ​គោរព​បូជា​ច្រើន​ឆ្នាំ​មក​ហើយ ឋិត​ក្នុង​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្តី ក៏​ពួកគាត់​នៅតែ​គោរព​បូជា​សែនព្រេន ដង្ហែ​ផ្កា​ប្រាក់ ដើម្បី​សេចក្ដី​សុខ​ចម្រើន។ លោកស្រី​ថា កន្លងទៅ​អ្នកភូមិ​តម្កល់​ព្រះពុទ្ធ​ប្បដិមា​មួយ​អង្គ​ក្រោម​ដើម​ពោធិ៍​នោះ ដើម្បី​គោរព​បូជា ដោយសារ​ទឹក​ពន្លិច​ភូមិ​ពួកគាត់ បានជា​អ្នកភូមិ​រំកិល​ព្រះពុទ្ធបដិមា​នោះ​មក​កាន់​ទី​ទួល​ខ្ពស់​វិញ។ លើស​ពី​នេះ​អ្នកភូមិ​បាន​និមន្ត​ព្រះសង្ឃ​ពីរ​អង្គ មក​គង់នៅ​វត្ត​ក្បាល​រមាស​ចាស់ អំឡុង​ពិធីបុណ្យ​ចូល​ឆ្មាំ​ថ្មី ដើម្បី​សូត្រ​មន្ត​បង្សុកូល និង​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ បើទោះបីជា​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ក្ដី។ «»

ស្ត្រី​ដដែល​បន្ថែម​ថា ដើម​ពោធិ៍ធំ​មួយ ដែល​អ្នកភូមិ មាន​ជំនឿថា ពូកែ​ស័ក្ដិសិទ្ធិ និង​តែង​ពឹងពាក់​បារមី​ដើម​ពោធិ៍​នេះ ឲ្យ​ជួយ​ផ្តល់​សេចក្តី​សុខ​រំដោះទុក្ខ​ភ័យ​គ្រប់បែប​យ៉ាង។ លោកស្រី ស្រាង ឡាញ់ រៀបរាប់​រឿង​តំណាល​ពី​ចាស់ព្រឹទ្ធាចារ្យ ឲ្យ​ដឹង​ថា ដើម​ពោធិ៍ធំ​មួយ​ដើម​នេះ មាន​អ្នកតា​គង់នៅ ដែល​កូនចៅ​ក្នុង​ភូមិ​កើត​ជំងឺ ព្យាបាល​មិន​ជា ត្រូវ​បាន​អ្នកតា​ដើម​ពោធិ៍ មក​ពន្យល់​សប្តិ ឲ្យ​អ្នកភូមិ​បួងសួង និង​រៀបចំ​ដង្វាយ​នឹង​បានជា​សះស្បើយ។ ក្រោយ​មក​គ្រួសារ​ដែល​កើតមាន​បាតុភាព​នេះ បាន​រៀបចំ​ពិធី​សែនព្រេន គឺ​បានជា​សះស្បើយ​ដូច​បំណង ហើយ​ជា​រៀងរាល់​ឆ្នាំ អ្នកភូមិ​តែង ដាក់​ដង្វាយ​មាន​មាន់​ស្ងោ ជ្រូក និង​ផ្លែឈើ បាន​មក​សែន​បន់ស្រន់​សុំ​សេចក្ដី​សុខ​ចម្រើន​មិនដែល​អាក់ខាន​ឡើយ។ លើស​ពី​នេះ ក្នុង​ពិធីបុណ្យ​ចូល​ឆ្មាំ​ខ្មែរ ឆ្នាំនេះ​អ្នកភូមិ​បាន​មក​សែនព្រេន​សុំ​សេចក្តី​សុខ បញ្ចៀស​ទុក្ខ​លំបាក ដែល​កំពុង​រង​ទុក្ខវេទនា​ដោយសារ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បិទទ្វារ​ទឹក​ពន្លិច​ភូមិ។ «»

ចំណែក​នៅ​ភូមិ​ស្រែគរ ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ប្រមាណ ៥០​គ្រួសារ បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី មិន​ខុស​ពី​ភូមិ​ក្បាលរមាស​ទេ។ អ្នកភូមិ​បាន​មូលមតិ​គ្នា សាងសង់​សាលាឆាន់​ដោយ​ខ្លួនឯង និង​បាន​និមន្ត​ព្រះសង្ឃ​គង់នៅ អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ។ ពួកគាត់​អង្កេត​ឃើញ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នៅ​ឆ្នាំនេះ មាន​ភាព​ខុសប្លែក​ជាង​ឆ្នាំ​ជាង​ឆ្នាំមុនៗ ព្រោះតែ​ពលរដ្ឋ​មិន​សប្បាយចិត្ត​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដោយសារ​ទំនប់​សេ​សាន​ក្រោម​ពីរ បិទទ្វារ​ទឹក​ពន្លិច​ភូមិ និង​ការផ្តល់​សំណង​មិន​សមរម្យ​ជាដើម ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ។ «»

មេឃុំ​ជាប់​ឆ្នោត​ពី​បក្ស​ប្រឆាំង លោក សៀក មេគង្គ បន្ថែម​ថា ការ​ជម្លៀស​ចេញពី​លំនៅឋាន និង​ការ​ពន្យារ​ពេល​មិន​សាងសង់​ភូមិ​ថ្មី​ជួន​ពលរដ្ឋ គឺជា​ទុក្ខ​កង្វល់​របស់​អ្នកភូមិ​ដែល​មិន​ទទួល គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​បាន​បិទទ្វារ​ទឹកជា​ស្ថាពរ កាលពី​ចុង ឆ្នាំ២០១៧។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្ក​ប៉ះពាល់​ពលរដ្ឋ​ចំនួន ៧​ភូមិ ក្នុង​ឃុំ​ចំនួន ៤ របស់​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កំពុង​ក្លាយ​ជា​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ បច្ចុប្បន្ន​ពលរដ្ឋ​ដែល​ក្រាញននៀល​មិន​ទទួល​សំណង​នៅ​ឃុំ​ក្បាល​រមាស​ចំនួន ៥៨​គ្រួសារ និង​ភូមិ​ស្រែគរ ៥០​គ្រួសារ រួមបញ្ចូល​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រំលឹក​អ្នកនយោបាយ​កុំ​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​សាជាថ្មី

$
0
0

ក្នុង​ខួប​លើក​ទី​៤៣ ដែល​ក្រុម ប៉ុល ពត បណ្ដេញ​ពលរដ្ឋ ចេញពី​ក្រុង ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​វាល​ពិឃាដ​នោះ ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​កាត់ និង​អ្នក​ដែល​កើត​មិនទាន់​របប​នេះ រំលឹក​ទៅ​អ្នក​នយោបាយ កុំ​ឲ្យ​ទាញ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប កាប់​សម្លាប់​នេះ​សាជាថ្មី​ទៀត។

នាយករដ្ឋមន្ត្រី​ដែល​កាន់​ដំណែង​យូរ​ជាងគេ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​បំផ្លាញ​ឆន្ទៈ​ពលរដ្ឋ ជាង​៣​លាន​នាក់ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​អ្នកនយោបាយ បក្ស​ប្រឆាំង ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ បណ្ដាល​ឲ្យ​ពលរដ្ឋ​បារម្ភ​ថា បើ​របប​ក្រុងភ្នំពេញ​មិន​ព្រម​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ទេ នឹង​អាច​នាំ​ប្រទេស​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​ជាថ្មី។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប លោក ហាង នាង និយាយ​ថា លោក​ក៏​ដូច​ពលរដ្ឋ​ផ្សេងទៀត​មិន​ចង់​ឲ្យ​របប​វាល​ពិឃាដ​វិល​ត្រឡប់​មកវិញ​ទេ។ លោក​បន្ត​ថា វិបត្តិ​នយោបាយ​ដែល​រក​ច្រកចេញ​មិន​ទាន់រួច​ដូច​សព្វថ្ងៃ​នេះ ដោយសារ​លោក ហ៊ុន សែន រឹង​រុះ​មិន​ព្រម​ទទួលយក​ការ​សម្របសម្រួល​របស់​អន្តរជាតិ ហើយ​ដែល​អាច​នាំ​ឲ្យ​ប្រទេសជាតិ​រងគ្រោះ ដោយសារ​សង្គ្រាម​ដូច​នៅ​ប្រទេស​ស៊ីរី ជា​ឧទាហរណ៍៖ «អ្នក​នយោបាយ​ទាំងអស់​គ្នា​ចូល​តុ​ចរចា​ទៅ ចរចា​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ប្រទេស​ជាតិ ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ខ្ញុំ​មិន​ចង់​ឲ្យ​ថ្ងៃ​១៧ មេសា មក​លង​ខ្មែរ​ម្ដង​ទៀត​ទេ»

ពលរដ្ឋ​ម្នាក់ទៀត​លោក កឹម សុវណ្ណ ប្រាប់​ថា លោក​បារម្ភ​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ប្រទេស​កម្ពុជា​នឹង​ជួប​វិបត្ត​ធ្ងន់ធ្ងរ រហូត​ធ្លាក់​ចូល​របប​ផ្ដាច់ការ​ជាថ្មី។ ពលរដ្ឋ​រូប​នេះ​ផ្តាំ​ទៅ​អ្នក​នយោបាយ ជាពិសេស​គណបក្ស​កាន់អំណាច​ត្រូវ​ពិចារណា​ឡើងវិញ​ដើម្បី​វិល​ទៅ រក​ការ​ចរចារ​តាម​ការ​ចង់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​មជ្ឈដ្ឋាន​អន្តរជាតិ៖ «ខ្ញុំ​មិន​គិត​ដល់​ថា​ប្រទេស​យើង​មាន​វិបត្តិ​រហូត​មាន​ការ​ប្រល័យ​ពូជសាសន៍​ឡើង​វិញ ប៉ុន្តែ ទាក់ទង​រឿង​សេដ្ឋកិច្ច សិទ្ធិមនុស្ស បញ្ហា​បិទ​សេរីភាព​គឺ​កើត​មាន​បើ​គ្មាន​ការ​ចរចា»

កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ៤៣​ឆ្នាំមុន ជាថ្មី​របប​វាល​ពិឃាដ​ខ្មែរក្រហម ឡើង​គ្រប់គ្រង​ប្រទេស និង​បណ្ដេញ​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ ចេញ​ពី​ផ្ទះ​សម្បែង។ ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់ បាន​បាត់បង់​ជីវិត ដោយ​ការ​សម្លាប់ ការ​បង្អត់​អាហារ និង​ការ​ធ្វើ​ពលកម្ម ហួស​កម្លាំង។ ពលរដ្ឋ​ខ្មែរ​ជាទូទៅ​យក​ថ្ងៃនេះ ដើម្បី​រៀបចំ​ប្រារព្ធ​ខួប​កាន់​មរណទុក្ខ សម្ដែង​ការ​គោរព និង​ចងចាំ​ការ​សម្លាប់​រង្គាល​នេះ។

នៅ​ថ្ងៃ​នេះ​ដែរ ពលរដ្ឋ​មួយ​ចំនួន​ក៏បាន​បង្ហាញ​ពី​អតីតកាល​ដ៏​ជូរចត់​របស់​ខ្លួន តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នកនាំពាក្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ីន បាន​សរសេរ នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ពលរដ្ឋ​ត្រូវ​នាំគ្នា​ទប់ស្កាត់​ឲ្យ​បាន នូវ​ការ​វិល​ទៅ​រក​របប​កាប់​សម្លាប់​នេះ​សាជាថ្មី។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ភ្លេច​កេង​ចំណេញ​នយោបាយ​ដោយ​សរសេរ​អួតអាង​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថា លោក ហ៊ុន សែន ជា​អ្នក​ពន្លត់​ភ្លើង​សង្គ្រាម និង​ការពារ​សន្តិភាព​ដូច​សព្វថ្ងៃ​នេះ។

ប៉ុន្តែ លោក ហ៊ុន សែន ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​អះអាង​ថា ជា​អ្នក​រំដោះ​ប្រទេស​បាន ក្លាយ​ជា​មេដឹកនាំ​សម្លាប់ ឆន្ទៈ​រាស្ត្រ​ពាក់​កណ្ដាល​ប្រទេស​ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​ជាថ្មី។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី យល់ថា ពលរដ្ឋ​សព្វថ្ងៃ​កាន់តែ​ច្រើន​ឡើង​ចាប់ផ្ដើម​ខ្វាយខ្វល់​រឿង​នយោបាយ។ លោក​លើកឡើង​ទៀត​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ប្រទេស​កម្ពុជា​នឹង​អាច​ធ្លាក់​ចូល​គន្លង​ចាស់​ឡើងវិញ៖ «ខ្មែរ​គ្នា​ឯង​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​ដែល​ខ្មែរ​គ្នា​ឯង​ត្រូវ​តែ​មាន​មធ្យោបាយ​រក​ច្រក​ចេញ​ទាំងអស់​គ្នា ជា​ជាង​ការ​ទៅ​ពឹង​បរទេស​រៀង​ខ្លួន»

របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​កំពុង​រង​ការព្រមាន​ពី​អន្តរជាតិ ដោយ​ការ​ផ្ដាច់​ជំនួយ ផ្ដាច់​ទំនាក់ទំនង និង​ការ​វិនិយោគ បើ​មិន​ព្រម​វិល​រក​ការចរចា​ដើម្បី​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ការ​ព្រមាន​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់​លោក កឹម សុខា សកម្ម​នយោបាយ និង​អ្នកកាសែត​ដាក់គុក។

ថ្លែង​ពី​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​នេះ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កំពុង​ដើរ​តាម​គន្លង​របស់ ប៉ុល ពត ហើយ​បើ​លោក ហ៊ុន សែន នៅតែ​រឹងទទឹង​មិន​ព្រម​ចរចា​គឺ​ស្មើ​និង​ការ​អត្តឃាត​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live