Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​មេ​ភូមិ​នៅ​ខែត្រ​តាកែវ​រំពឹង​ឈ្នះ​ក្ដី​នៅ​សាលាឧទ្ធរណ៍

$
0
0

បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់​នៅ​ភូមិ​អូរក្រឡង់ដួល ឃុំ​អង្គកែវ ស្រុក​ទ្រាំង ខែត្រ​តាកែវ ហើយ​ធ្លាប់​ចោទ​ប្រពន្ធ និង​កូន​របស់​មេភូមិ​អូរក្រឡង់ដួល ថា បាន​ព្រួត​គ្នា​វាយ​គាត់​ដោយ​បុក​មួយ​ដង​ចប​បាក់ធ្មេញ​ខាង​លើ​មួយ​ជួរ និង​របួស​ជើង​ធ្ងន់ធ្ងរ​រំពឹង​ឈ្នះ​ក្ដី​នៅ​សាលាឧទ្ធរណ៍​ទាំង​ករណី​ព្រហ្មទណ្ឌ និង​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​មេភូមិ។

ការ​រំពឹង​នេះ គឺ​ក្រោយ​ពេល​ដែល​លោក​បាន​ចាញ់​ក្ដី​នៅ​សាលា​ដំបូង​ខែត្រ​តាកែវ។ ពលរដ្ឋ​ដែល​បាន​ចោទ​ប្រពន្ធ និង​កូន​របស់​លោក​មេ​ភូមិ​អូរក្រឡង់ដួល ថា​បាន​បុក​មួយ​ដង​ចប​បាក់ធ្មេញ​១​ជួរ​លើ​កាល​ពី​ឆ្នាំ​២០១៣ គឺ​លោក អ៊ូច សេម មាន​អាយុ ៦៨​ឆ្នាំ។ លោក​អះអាង​ថា មូលហេតុ​ដំបូង​ដែល​នាំ​ឲ្យ​កើត​ហិង្សា​វាយ​លោក​បាក់​ធ្មេញ ដោយសារ​តែ​មាន​ការ​ដណ្ដើម​ដី​គ្នា​មួយ​កន្លែង​ជា​ដី​ប្រភេទ​ក្នុង​អូរ ស្ថិត​ក្នុង​ភូមិ​អូរក្រឡង់ដួល ឃុំ​អង្គកែវ ស្រុក​ទ្រាំង។

លោក អ៊ូច សេម រំលឹក​ថា នៅ​ពេល​មាន​ទំនាស់​ដីធ្លី​នោះ អាជ្ញាធរ​ឃុំ​ដោះស្រាយ​ទំនាស់​នេះ មិន​បាន​សម្រេច​ទេ​ដោយ​បញ្ជូន​ទៅ​ថ្នាក់​ស្រុក។ នៅ​ពេល​ក្រុម​មន្ត្រី​នៅ​សាលា​ស្រុក​ទ្រាំង ចុះ​ដោះស្រាយ​វាស់វែង​ដី​ទំនាស់​គ្នា​កើត​ឡើង​រវាង​លោក​មេ​ភូមិ​ជាមួយ​រូប​លោក​កាន់​តែ​តានតឹង។ ក្រោយ​មក​លោក​ប្រាប់​ថា ដី​ដែល​លោក​ធ្លាប់​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក ត្រូវ​បាន​លោក​មេ​ភូមិ ហាមឃាត់​ឈប់​ឲ្យ​ធ្វើ​ស្រែ និង​បាន​ច្រូត​យក​ស្រូវ​របស់​លោក​នៅ​ពេល​ដែល​ស្រូវ​នោះ​ទុំ។

​លោក អ៊ូច សេម៖ «វាយ​ក្នុង​ឆ្នាំ​២០១៣ ខែ​៨។ កូន​បក្ស​ពួកគេ ហើយ​និង​កូន​ប្រាំ​នាក់​ទាំង​អស់… គេ​វ៉ៃ​ដល់​ចាប់​ជាប់ (ដង​ចប) គេ​បុក បុក​បាក់ធ្មេញ។ រើ​ចុះ​រើ​ឡើង​វា​ត្រូវ​ជើង... បាក់​អស់​មួយ​ជួរ​លើ​នេះ»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ក្រោយ​កើត​ហិង្សា​នោះ​មក លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​ខែត្រ​តាកែវ ហើយ​ក្រោយ​ជំនុំជម្រះ​លោក​ចាញ់​ក្ដី ដោយសារ​គ្មាន​លទ្ធភាព​ជួល​មេធាវី​ការពារ​ក្ដី។ បច្ចុប្បន្ន​លោក​កំពុង​រង់ចាំ​ការ​កោះ​ហៅ​ពី​សាលាឧទ្ធរណ៍ ករណី​ហិង្សា និង​ជម្លោះ​ដីធ្លី​ជាមួយ​មេ​ភូមិ​អូរក្រឡង់ដួល។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី​មេ​ភូមិ​អូរក្រឡង់ដួល លោក សៀង គឹមហ៊ី ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល។

​ចំណែក​មេ​ឃុំ​អង្គកែវ នៃ​ស្រុក​ទ្រាំង លោក ជិន ជឹម ឲ្យ​អាស៊ីសេរី ដឹង​ថា ករណី​ហិង្សា​វាយ​បាក់​ធ្មេញ​នេះ មិន​មែន​បាក់​ធ្មេញ​ពី​កំណើត​នោះ​ទេ គឺ​បាក់​ធ្មេញ​ដាក់​បន្ថែម​របស់​លោក អ៊ូច សែម តែប៉ុណ្ណោះ។ ចំពោះ​ករណី​ដី​មាន​ទំនាស់​វិញ លោក​មេ​ឃុំ​ថា កាល​ពី​សម័យ​ទិញ​ដី​នោះ លោក អ៊ូច សែម និង​មេ​ឃុំ​ចាស់ មិន​បាន​ចុះ​ទៅ​វាស់វែង​ទំហំ​ដី​ពិត​ប្រាកដ​ទេ ដោយ​នាំគ្នា​ចុះ​ហត្ថលេខា​តែ​លើ​ក្រដាស៖ «គាត់ (អ៊ូច សែម) ទិញ​គេ ទិញ​គេ​អា​លើ ដល់​អា​ក្បាល​ដី កាល​ពី​មេ​ឃុំ (ចាស់) គាត់​ស៊ីញ៉េ ឲ្យ​អត់​ទៅ​វាស់​ទេ​ណា ហើយ​ដល់​គាត់​ទិញ​អ៊ីចឹង គាត់​ដាក់​ចំនួន​ដូច​ថា ៦០​អា ដល់​ពេល​គាត់​ខ្លះ គាត់​មក​ទារ​គេ​អា​ក្បាលដី​គាត់​ខ្វះ​ហ្នឹង»

​សាលក្រម​សាលាដំបូង​ខែត្រ​តាកែវ ចេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ចៅក្រម​បាន​សម្រេច​ច្រានចោល​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ និង​បណ្ដឹង​រដ្ឋប្បវេណី​របស់​លោក អ៊ូច សែម ដែល​បាន​ចោទ​ប្រកាន់​មេ​ភូមិ ឈ្មោះ សៀង គឹមហ៊ី ថា បាន​ប្រើ​ហិង្សា​លើ​រូប​លោក។ ដោយ​ឡែក​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ​អាមេរិក ក៏​ត្រូវ​បាន​តុលាការ​ច្រានចោល​ដែរ​ដោយ​អះអាង​ថា ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ លោក អ៊ូច សែម បាន​សម្រេច​ប្ដឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍។

​អនុ​ប្រធាន​ផ្នែក​ដោះស្រាយ​ទំនាស់​ដីធ្លី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សួស វណ្ណៈ យល់​ថា ការ​សម្រេច​ក្ដី​នៅ​សាលាដំបូង​ខេត្ត​តាកែវ មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ លោក អ៊ូច សែម ទេ។ លោក សួស វណ្ណៈ មើល​ឃើញ​ថា ចៅក្រម​មិន​បាន​ស៊ើប​អង្កេត​ត្រឹមត្រូវ​នោះ​ទេ ដោយ​សម្រេច​ក្ដី ទាំង​មាន​ភាព​លំអៀង​ទៅ​រក​ភាគី​ជា​មេ​ភូមិ។ ទោះ​យ៉ាង​ណា សមាគម​អាដហុក បាន​ត្រៀម​ជួយ​រក​មេធាវី​ដើម្បី​រៀបចំ​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍៖ «ការ​សម្រេច​សេចក្ដី​របស់​តុលាការ (សាលាដំបូង​ខេត្ត​តាកែវ) ធ្វើ​ឡើង​ដោយ​មិន​ឈរ​ទៅ​លើ យុត្តិធម៌ គ្មាន​ភាព​យុត្តិធម៌ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ត្រឹមត្រូវ​ទេ ដោយ​លំអៀង​ទៅ​រក​ភាគី​មាន​ប្រយោជន៍»

​ភាគី​រងគ្រោះ​បាក់​ធ្មេញ​ក្នុង​ហេតុការណ៍​ហិង្សា​នោះ គឺ​លោក អ៊ូច សែម អះអាង​ថា លោក​មាន​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​លោក​មិន​យល់​ថា ហេតុអ្វី​លោក​នៅ​តែ​ចាញ់​ក្ដី។ លោក​រំពឹង​ថា លោក​នឹង​បាន​ទទួល​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រសួង​វប្បធម៌​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ករណី​បំផ្លាញ​ព្រះវិហារ​បុរាណ​នៅ​ខេត្ត​កំពង់ធំ

$
0
0

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឱ្យ​ដឹង​ថា ខាង​ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ករណី​បំផ្លិចបំផ្លាញ​ព្រះវិហារ​បុរាណ​មួយ ស្ថិត​នៅ​ក្នុង​វត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ព្រះវិហារ​ចំណាស់​ក្នុង​វត្ត​មួយ​នេះ​ត្រូវ​បាន​គេ​វាយកម្ទេច​ទាំង​ស្រុង កាល​ពី​ចុង​ខែ​សីហា កន្លង​មក ហើយ​រង​ការ​រិះគន់​ជា​ច្រើន​ពី​មតិ​សាធារណៈ និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ផង។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សោកស្ដាយ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​វិហារ​ចំណាស់​មួយ​ស្ថិត​នៅ​ក្នុង​វត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រៅ​ពី​ការ​សោកស្ដាយ ក្រសួង​នឹង​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​សារ​មួយ​ផ្ញើ​ដល់​បណ្ដា​វត្ត​អារាម​នានា ជៀសវាង​ធ្វើ​ឱ្យ​មាន​ករណី​បែប​នេះ​កើត​ឡើង​បន្ត​ទៀត។

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា​ក្រសួង​មិន​ជឿ​ឡើយ​ថា​ព្រះចៅ​អធិការ​វត្ត​កំពង់ធំ មិន​ដឹង​ថា​ព្រះវិហារ​ចំណាស់​ក្នុង​វត្ត​មួយ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ទេ។ លោក​បន្ត​ថា ព្រះអង្គ​មាន​ការ​យល់​ច្រឡំ​មួយ​ដ៏​ធំធេង ហើយ​សកម្មភាព​បំផ្លាញ​ព្រះវិហារ​នោះ ធ្វើ​ឡើង​នៅ​ពេល​យប់​ថែម​ទៀត​ផង៖ «យើង​នឹង​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​កិច្ច​ការងារ​របស់​យើង​នៅ​ក្រសួង អម​ដោយ​អ្នក​ច្បាប់ ឬ​មេធាវី ដើម្បី​យើង​អនុវត្ត​កិច្ច​ការងារ​នេះ»

​លោក​បន្ថែម​ថា ចរន្ត​ដែល​ចង់​បំផ្លិចបំផ្លាញ​ព្រះវិហារ​ចំណាស់ គឺ​មិន​មែន​កើត​ឡើង​តែ​នៅ​ខេត្ត​កំពង់ធំ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត ដោយ​ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ណា​មួយ​ក្រោម​ហេតុផល​ថា វិហារ​ទាំង​នោះ​ចាស់​ទ្រុឌទ្រោម និង​ត្រូវ​កសាង​ថ្មី​ឡើង​វិញ។ ជាក់ស្តែង ព្រះវិហារ​ចំណាស់​មួយ​នៅ​វត្ត​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ដែល​មាន​អាយុកាល​ជាង ១០០​ឆ្នាំ ក៏​មាន​ការ​ប៉ុនប៉ង​ចង់​កម្ទេច​ចោល​ដើម្បី​ធ្វើ​ព្រះវិហារ​ថ្មី​ដែរ ប៉ុន្តែ​ក្រសួង​បាន​អន្តរាគមន៍​ទាន់​ពេល​វេលា ស្របតាម​សំណូមពរ​ចំណុះជើងវត្ត​មួយ​ចំនួន និង​ព្រះចៅ​អធិការ​វត្ត​ផង ដើម្បី​អភិរក្ស និង​ជួសជុល​ព្រះវិហារ​ចំណាស់​ឡើង​នោះ ព្រមទាំង​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ទៀត​ផង។

ក្រោយ​ពេល​វិហារ​ចំណាស់​ក្នុង​វត្ត​កំពង់ធំ ត្រូវ​បាន​គេ​កម្ទេច​ចោល​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា មាន​ប្រតិកម្ម​ពី​មហាជន​ជា​ច្រើន និង​មាន​ប្រតិកម្ម​ពី​រដ្ឋមន្ត្រី​មួយ​ចំនួន​ផង។

​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបភាព​ព្រះវិហារ ដែល​ត្រូវ​បាន​គេ​កម្ទេច​មួយ​ចំនួន និង​បាន​សរសេរ​បញ្ជាក់​ថា វត្ត​ឥន្ទ្រីយ៍សំវរៈ ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៦៣៣ ហើយ​ព្រះវិហារ​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៤៨ និង​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ​២០០៧។ ព្រះវិហារ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ប៉ុន្តែ​ពេល​នេះ​ព្រះ​ចៅអធិការ​វត្ត​សម្រេច​ឱ្យ​វាយចោល​គ្មាន​ស្ដាយស្រណោះ។ គំនូរ​នៅ​លើ​ជញ្ជាំង​ក្រៅ​ពី​បង្ហាញ​ពី​សកម្មភាព​របស់​ព្រះសម្មាសម្ពុទ្ធ​កាល​ទ្រង់​នៅ​មាន​ព្រះជន្ម គឺ​មាន​គំនូរ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ជួបជុំ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ចូល​បញ្ចេញមតិ​ចំពោះ​ការ​បង្ហោះ​រូបភាព និង​ការ​បញ្ចេញ​យោបល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ទៅ​ហាមឃាត់​ពេល​ល្ងាច ព្រះអង្គ​ថា អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់​រាប​ដល់​ដី គឺ​លោក​ប្រឹង​វាយ​កម្ទេច​ចោល​ទាំង​យប់​តែម្ដង។ អ្នកស្រី​ហាក់​ងឿង​ឆ្ងល់​ថា អ្នក​ដែល​គួរ​ថែរក្សា​បែរជា​ខំ​ប្រឹង​បំផ្លាញ​ទៅ​វិញ​។ លោកស្រី ថែមទាំង​ដាក់​ជា​សំណួរ​ថា តើ​បាន​អ្វី​ចំណេញ​ពី​ការបំផ្លាញ​បេតិកភណ្ឌ​ជាតិ​មួយ​នេះ ក្រៅ​ពី​ការ​ឈឺ​ចាប់​សម្រាប់​វប្បធម៌​របស់​ខ្លួន។

អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះចៅ​អធិការ​វត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ និង​ជា​ព្រះ​មេគណ​ខេត្ត​កំពង់ធំ ព្រះតេជព្រះគុណ សៀង សុខ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​ថា លោក​ទើបតែ​ដឹង​រឿង​នេះ ក្រោយ​ពេល​ហេតុការណ៍​បាន​កើត​ឡើង​រួច​ទៅ​ហើយ ដោយ​ព្រះចៅ​អធិការ​វត្ត​រុះរើ​ព្រះវិហារ គឺ​មិន​បាន​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ។ លោក​សោកស្ដាយ​ចំពោះ​ព្រះវិហារ​ដែល​បាត់បង់ ប៉ុន្តែ​អ្វីៗ វា​ហួស​ពេល​ទៅ​ហើយ ម្យ៉ាង​រឿង​នេះ​កើត​ឡើង​ដោយ​ការ​ឆក​ល្វែង និង​ជា​មេរៀន​សម្រាប់​កន្លែង​ដទៃ​ទៀត​ផង​ដែរ៖ «ថ្មីៗ​នេះ យើង​បាន​ដឹង​ថា កន្លែង​ហ្នឹង​បាន​ចុះ​បញ្ជី ហើយ​ខ្ញុំ​សួរ​ទៅ​លោក លោក​ថា អត់​ដឹង​សោះ ហើយ​ខេត្ត​ក៏​អត់​បាន​ដឹង​ទៀត ការ​ចុះ​បញ្ជី​អភិរក្ស​ថែរក្សា​ហ្នឹង»

​ក្រមព្រហ្មទណ្ឌ​មាត្រា ៥១០ ចែង​ថា អំពើ​ដែល​ធ្វើ​ឡើង​ដោយ​ចេតនា ក្នុង​ការ​បំផ្លាញ​បណ្ដាល​ឱ្យ​ទ្រុឌទ្រោម និង​ខូចខាត​ដល់​បូជនីយដ្ឋាន​បូជា​ចំពោះ​ព្រះពុទ្ធ​សាសនា ឬ​បូជនីយវត្ថុ​ក្នុង​សាសនា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ដល់ ១០​លាន​រៀល។

មន្ត្រី​សម្របសម្រួល​ស្ដីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ យល់​ថា ព្រះវិហារ​នោះ ជា​សម្បត្តិ​របស់​ដូនតា និង​ជា​សម្បត្តិ​របស់​ខ្មែរ​ជំនាន់​ក្រោយ។ លោក​ថា ប្រសិនបើ​ករណី​នេះ​មិន​បាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ជួសជុល​ជា​មុន​នោះ​ទេ ហើយ​បែរ​សម្រេច​បំផ្លាញ​ព្រះវិហារ​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​គាំទ្រ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​តុលាការ​បន្ត​នីតិវិធី​ទៅ​លើ​ជន​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អូរ​ហ៊ុច

$
0
0

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ណែនាំ​ឲ្យ​ដាក់​វិធានការ​អប់រំ​ចំពោះ​យោធា​ណា​ដែល​ពាក់ព័ន្ធ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​ការងារ​ក្រោម​ឥទ្ធិពល​ករណី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុច ខេត្ត​មណ្ឌលគិរី ជាពិសេស​ឲ្យ​រក្សា​មុខ​តំណែង​មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌលគិរី នៅ​ដដែល។ មន្ត្រី​សង្គម​​ស៊ីវិល​ឃ្លាំមើល​បញ្ហា​នេះ​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា មាន​ភាព​មិន​ប្រក្រតី។

​មន្ត្រី​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​រឿង​ក្តី​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​អូរ​ហ៊ុច នៃ​កងវរសេនាតូច​នគរបាល​ព្រំដែន​គោក​លេខ​៦២១ ឋិត​នៅ​ភូមិសាស្ត្រ​ឃុំ​​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ​តាម​​ច្បាប់​កំណត់។

ការ​ស្នើ​សុំ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​អគ្គបញ្ជាការ​កង​យោធពលខេមរភូមិន្ទ លោក ប៊ុល សារឿន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ បាន​ធ្វើ​លិខិត​ជម្រាប​ទៅ​មេបញ្ជាការ​កងទ័ព​ជើង​គោក លោក មាស សុភា ឲ្យ​មាន​វិធានការ​អប់រំ​ដល់​យោធា និង​មេបញ្ជាការ​យោធា​ខេត្ត​មណ្ឌលគិរី លោក ឃិន ម៉េងស្រេង ដែល​មាន​កំហុស​ធ្វេសប្រហែស​ក្នុង​ភារកិច្ច​ក្រោម​ឥទ្ធិពល​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​អូរ​ហ៊ុច។ លិខិត​នេះ​ធ្វើ​ឡើង​តាម​ចំណារ​សម្រេច​របស់​ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បញ្ជាក់​នៅ​ថ្ងៃ​​ទី​២ ខែ​កញ្ញា ថា កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​កើត​​មាន​ឡើង គឺ​ពលរដ្ឋ​វៀតណាម ដែល​ឆ្លង​ចូល​មក​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដី​ខ្មែរ និង​កត្តា​ពុករលួយ​របស់​មន្ត្រី​នៅ​តំបន់​នោះ។

លោក​បន្ត​ថា តុលាការ​ត្រូវ​តែ​ប្រកាន់​ជំហរ​ឯករាជ្យ ស៊ើប​អង្កេត​​រឿង​ក្ដី​នេះ​ចៀសវាង​មាន​បទ​អន្តរាគមន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​សម្រេច​ក្ដី​របស់​ស្ថាប័ន​តុលាការ៖ «ការ​ដាក់​ទណ្ឌកម្ម​ទៅ​អ្នក​ដែល​បើក​ដៃ​ អ្នក​ដែល​អនុញ្ញាត ឬ​អ្នក​ដែល​សម្រេច​ឲ្យ​មាន​ការ​កាប់​​បំផ្លាញ​ព្រៃឈើ ចាំបាច់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ បាន​បង្ក្រាប​ទីតាំង​កាប់ និង​ដឹក​ជញ្ជូន​ឈើ​មូល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហ៊ុច។ ក្នុង​នោះ​សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​វៀតណាម ៧​នាក់ និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​នៅ​ទីតាំង​ជាក់ស្ដែង។

​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វណ្ណដា ទទួល​ស្គាល់​ថា រឿង​ក្ដី​នេះ​ចៅក្រម​សាលាដំបូង​ខេត្ត​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម ៧​នាក់ នៅ​ពន្ធនាគារ​ខេត្ត​ពី​បទ​ដឹក​ជញ្ជូន និង​ប្រមូល​ផល​អនុផល​ព្រៃឈើ​គ្មាន​ការ​អនុញ្ញាត។ លោក​បន្ត​ថា ក្រសួង​យុត្តិធម៌ កាល​ពី​ខែ​កក្កដា បាន​បញ្ជា​ឲ្យ​បង្វែរ​សមត្ថកិច្ច​រឿង​ក្ដី​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​ចាត់​ការ​បន្ត ខណៈ​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កំពុង​ស៊ើប​អង្កេត​ករណី​ជន​ពាក់ព័ន្ធ​ឃុបឃិត​ក្នុង​បទ​ល្មើស​ព្រៃឈើ​នេះ៖ «សំណុំ​រឿង​ហ្នឹង​បញ្ជូន​មក​ហើយ​យើង​ចាត់​ការ​យើង​ឃុំ​មនុស្ស ហើយ​កំពុង​ស៊ើបសួរ​បន្ត ប៉ុន្តែ​ត្រូវ​​បាន​ផ្ទេរ​សមត្ថកិច្ច»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។

របាយការណ៍​របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ឲ្យ​ដឹង​ថា លទ្ធផល​បង្ក្រាប និង​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុច អ្នក​ដែល​មាន​កំហុស​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​ភារកិច្ច​មាន​គ្នា​ចំនួន ១៣​នាក់ និង​អ្នក​មាន​កំហុស​ឋិត​ក្រោម​ឥទ្ធិពល ១៩​នាក់​ផ្សេង​ទៀត។ អ្នក​មាន​កំហុស​ទាំង ២២​នាក់ ឋិត​ក្នុង​អង្គភាព​យោធា កងរាជអាវុធហត្ថ នគរបាល មន្ទីរ​បរិស្ថាន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អយ្យការ​សាលាដំបូង​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ការ​សិក្សា​បង្ហាញ​ថា​កុមារ​ប្រកប​របរ​តាម​ចិញ្ចើម​ផ្លូវ​ខ្លះ​គ្មាន​សង្ឃឹម​បាន​សិក្សា​ខ្ពង់ខ្ពស់

$
0
0

គម្រោង​ស្រាវជ្រាវ​សន្តិភាព​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​កុមារ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ចំនួន ៦៨​នាក់ គឺ​មាន​កុមារ​ជិត ៣០​នាក់ មិន​បាន​រៀន​សូត្រ និង​បោះបង់​ការ​សិក្សា​របស់​ពួកគេ​វិញ។ ការ​សិក្សា​នេះ​ក៏​បង្ហាញ​ថា កុមារ​កំពុង​បន្ត​ការ​សិក្សា គឺ​ពួកគេ​ខ្លះ​គ្មាន​សង្ឃឹម​នឹង​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ឡើយ។

ជីវភាព​ទីទ័លក្រ​ខ្លាំង​ដែល​ពុំ​អាច​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ប្រចាំ​ថ្ងៃ​គឺ​ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត ដែល​គេ​រក​ឃើញ​ថា នាំ​ឱ្យ​កុមារ​កម្ពុជា​ខ្លះ ត្រូវ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ។ ក្នុង​ចំណោម​កុមារ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ​ចំនួន ៦៨​នាក់ ដែល​ព្រម​ផ្ដល់​បទសម្ភាសន៍​ឱ្យ​គម្រោង​ស្រាវជ្រាវ​សន្តិភាព បាន​ឱ្យ​ដឹង​ថា កុមារ​ទាំង​នេះ​មាន​ចំនួន ៥០% បាន​ធ្វើ​ការងារ​ណា​ក៏ដោយ ឱ្យ​តែ​បាន​លុយ ដូចជា​អ្នក​លក់​ផ្កា ជូត​កញ្ចក់​ឡាន លក់​ចំណី​សត្វ និង​រើស​សំរាម ដោយសារ​តែ​ឪពុក​ម្ដាយ​ពួកគេ​ភាគ​ច្រើន គឺ​ជា​បុគ្គលិក​អនាម័យ កម្មករ​សំណង់ និង​សន្តិសុខ​ក្នុង​ក្រុមហ៊ុន​ឯកជន។ បើ​និយាយ​អំពី​កម្រិត​សិក្សា​របស់​កុមារ​ទាំង​ចំនួន ៦៨​នាក់​នេះ​វិញ គឺ​មាន ២២,០៥% មិន​បាន​ចូល​រៀន និង​ជាង ១៤% បាន​បោះបង់​ការ​សិក្សា ហើយ​នៅ​សល់​ចំនួន ៥៣​នាក់ កំពុង​បន្ត​ការ​សិក្សា​ចាប់​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​៩។ ប៉ុន្តែ​ពួកគេ​ខ្លះ​ប្រាប់​ថា នឹង​គ្មាន​សង្ឃឹម​អាច​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ឡើយ។

​លទ្ធ​ស្រាវជ្រាវ​ដដែល​នេះ​បន្ថែម​ថា កត្តា​ជីវភាព​ប្រាក់​ចំណូល​រក​បាន​ប្រចាំថ្ងៃ​ចាយ​មិន​គ្រប់គ្រាន់ កុមារ​ខ្លះ​រស់​នៅ​ជាមួយ​ជីដូន និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​បងប្អូន​ច្រើន​ត្រូវ​រក​ស៊ី​ចិញ្ចឹម និង​ឪពុក​ម្ដាយ​ជំពាក់​បំណុល​គេ និង​ថែម​ទាំង​ឧស្សាហ៍​មាន​ជំងឺ គឺ​ជា​បញ្ហា​នាំ​ឱ្យ​កុមារ​ទាំង​នោះ ត្រូវ​ឆ្លៀត​ពេល​បាន​តិចតួច​ទៅ​សិក្សា និង​ត្រូវ​ចេញ​មក​លក់​ដូរ​ជូត​កញ្ចក់​ឡាន ឬ​ដើរ​សុំទាន​គេ ដើម្បី​ជួយ​រក​ចំណូល​សម្រាប់​ហូប​ចុក​ប្រចាំ​ថ្ងៃ បង់​ថ្លែង​បន្ទប់​ជួល និង​សេវា​ប្រើប្រាស់​ទឹក​ភ្លើង​ជាដើម។

នាយិកា​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ កញ្ញា ស្រី សុធាវី ថ្លែង​បន្ទាប់​ពី​កម្មវិធី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់​គម្រោង​ស្រាវជ្រាវ​សន្តិភាព​នេះ នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ខាង​អង្គការ​របស់​កញ្ញា​មិន​មាន​កញ្ចក់​ថវិកា​ដើម្បី​ជួយ​កុមារ​ទាំង​នេះ​ទេ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​មក​នេះ នឹង​ដាក់​ជូន​ទៅ​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ដើម្បី​ចេញ​វិធានការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​កុមារ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ​ទាំង​នេះ៖ «»។

​នាយិកា​រូប​នេះ​បន្ត​ថា កម្មវិធី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​ការ​ប្រឈម​របស់​កុមារ​ប្រកប​របរ​តាម​ដង​ផ្លូវ ក៏​បាន​អញ្ជើញ​តំណាង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​នីតិសម្បទា និង​តំណាង​គណបក្ស​កាន់​អំណាច​ចូល​រួម​ដែរ ប៉ុន្តែ​ពួកគេ​បដិសេធ​ដោយ​លើក​ហេតុផល​ថា​រវល់។

​ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ថ្លែង​ថា មាន​តែ​ការ​កំណត់​ជា​គោលនយោបាយ​ថ្នាក់​ជាតិ​ដើម្បី​ស្ដារ​នីតិសម្បទា និង​ចំណេះ​ដឹង​ទៅ​ដល់​កុមារ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ក្រីក្រ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន។ លោក​ថា គណបក្ស​ប្រឆាំង​របស់​លោក​បាន​កំណត់​គោលនយោបាយ​មួយ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ៖ «»។

​កុមារ​លក់​ពោត​ស្ងោរ​ម្នាក់​នៅ​ម្ដុំ​មុខ​វាំង និយាយ​ថា រូបគេ​ត្រូវ​ម្ដាយ​បង្ខំ​ឱ្យ​មក​លក់ ទើប​ធ្វើ​ឱ្យ​គេ​មិន​សូវ​មាន​ពេល​ចេញ​ទៅ​រៀន​សូត្រ​ដូច​ក្មេង​ដទៃ​ទៀត។ កុមារ​នេះ​បន្ត​ថា នៅ​ថ្ងៃ​អនាគត គឺ​មាន​បំណង​រៀន​ឱ្យ​ចប់​វិទ្យាល័យ និង​ចង់​ក្លាយ​ជា​បុគ្គលិក​ក្រុមហ៊ុន៖ «»។

​លទ្ធ​ស្រាវជ្រាវ​ពី​គម្រោង​សន្តិភាព​ឱ្យ​ដឹង​ទៀត​ថា កុមារ​លក់​តាម​ផ្លូវ​ចំនួន ៦៨​នាក់ គឺ​មាន ៦​នាក់ ត្រូវ​បាន​គេ​លួងលោម​ឱ្យ​ប្រើ​ប្រាស់​គ្រឿងញៀន ដើម្បី​ដោះដូរ​នឹង​ប្រាក់​ដែល​កុមារ​ទាំង​នោះ​រក​បាន។ ក្រៅ​ពី​នេះ កុមារ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​គ្មាន​ពេល​សម្រាក ធ្លាប់​ត្រូវ​គេ​គំរាមកំហែង​ទារ​ប្រាក់ ធ្លាប់​ឡាន ម៉ូតូ​ប៉ះទង្គិច ធ្លាប់​អាជ្ញាធរ​ដេញ​មិន​ឱ្យ​លក់​ដោយសារ​ខូច​សណ្ដាប់ធ្នាប់ ការ​បៀតបៀន​រាងកាយ ការ​ជួញដូរ​កុមារ និង​ការ​បើ​ហិង្សា​ផ្លូវ​ចិត្ត និង​រាងកាយ​ផង​ដែរ។

​ទន្ទឹម​នឹង​នេះ កុមារ​ចំនួន​ជាង ៦៤% នៃ​កុមារ​បាន​សម្ភាសន៍ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​កង្វះ​អាហារូបត្ថម្ភ ចំណី​អាហារ​មិន​គ្រប់គ្រាន់ និង​មិន​ទៀងទាត់ និង​ការ​ហូប​ចុក​គ្មាន​អនាម័យ។ កុមារ​ខ្លះ​ទៀត​និយាយ​ថា ក្នុង​មួយ​ថ្ងៃ ពួកគេ​បាន​បរិភោគ​អាហារ​បាន​ពីរ​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"អង្គទូត​មួយ​ចំនួន​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា"

$
0
0

មេដឹកនាំ​​គណបក្ស​ប្រឆាំង​អះអាង​ថា បណ្ដា​អង្គទូត​មួយ​ចំនួន​ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​តែ​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​មាន​ការ​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​យល់​ឃើញ​ថា បរិយាកាស​នយោបាយ​នៅ​ពេល​នេះ គឺ​ពុំ​មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ។

បណ្ដា​ស្ថានទូត​មួយ​ចំនួន​អះអាង​ថា នឹង​បន្ត​ឃ្លាំមើល និង​តាមដាន​ដោយ​យក​ចិត្ត​ដាក់​បន្ត​ទៀត​ចំពោះ​ការវិវត្តន៍​នយោបាយ​នៅ​កម្ពុជា ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ។

ការ​អះអាង​ដូច​នេះ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពេល​បាន​ជួប​នឹង​មន្ត្រី​អង្គទូត​ប្រមាណ ១០​ស្ថាប័ន កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា តំណាង​អង្គទូត​ចំនួន ១០​ប្រទេស ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក បង្ហាញ​កង្វល់​ចំពោះ​ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៀត ពួក​គេ​សន្យា​ថា នឹង​បន្ត​ឃ្លាំមើល​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​បញ្ហា​នេះ។ ​ការ​បង្កើត​ឲ្យ​មាន​​ច្បាប់ និង​ដាក់​ការ​គាបសង្កត់​មក​លើ​បក្ស​ប្រឆាំង មន្ត្រី​អង្គទូត​ទាំង​នេះ​ចាត់​ទុក​ថា គឺ​ជា​ស្ថានការណ៍​នយោបាយ​ដែល​មាន​ការ​ប្រែប្រួល​ដ៏​តានតឹង​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​របស់​កម្ពុជា។

បើ​ទោះ​ជា​បែប​ណា បញ្ហា​នេះ​មិន​ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ទេ។ លោក សុខ ឥសាន បន្ត​ថា ប្រជាពលរដ្ឋ​អាច​នៅ​ប្រកប​ការងារ​ជា​ធម្មតា ហើយ​អង្គការ-​សមាគម និង​បណ្ដាញ​សារព័ត៌មាន​នៅ​កម្ពុជា ដែល​កំពុង​រីក​ដូច​ផ្សិត កំពុង​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ​នៅ​ឡើយ។ ក្រៅ​ពី​នេះ នៅ​មាន​គណបក្ស​នយោបាយ និង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​​ដ៏​ឆាប់​នេះ​ថែម​ទៀត​ផង៖ «ខ្ញុំ​យល់​ថា សភាពការណ៍​នៅ​កម្ពុជា បច្ចុប្បន្ន​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​លក្ខណៈ​​ល្អក់កករ​ខ្លាំង ហើយ​នាំ​ឲ្យ​រំខាន​ដល់​សភាពការណ៍​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ខាង​មុខ​ទេ»

ការ​បក​ស្រាយ​ខុស​គ្នា​រវាង​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា នេះ​ហើយ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​នៅ​តែ​បន្ត​ឈ្លោះ​គ្នា​មិន​ចេះ​ចប់ ​ហើយ​បញ្ហា​នេះ​អាច​នឹង​បង្កើត​ទៅ​ជា​ហិង្សា​ផ្នែក​នយោបាយ​នៅ​ថ្នាក់​ក្រោម​ជាតិ​ថែម​ទៀត។

លោក សូ ចន្ថា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ឲ្យ​ដឹង​ថា ថ្វី​បើ​នៅ​ពេល​នេះ​រដ្ឋាភិបាល​ព្យាយាម​បង្ហាញ​ពី​លំនឹង​នយោបាយ​ថា ពុំ​មាន​ការ​ប្រែប្រួល និង​កំពុង​ដំណើរ​ការ​ជា​ប្រក្រតី​ក្ដី ប៉ុន្តែ​​ការ​គាប​សង្កត់​ដោយ​ប្រយោល​តាម​រយៈ​យន្តការ​ច្បាប់ គឺ​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ៖ «កាលៈទេសៈ​នៅ​កម្ពុជា បច្ចុប្បន្ន​យើង​ឃើញ​ថា វា​ហាក់​ដូច​ជា​មិន​មែន​ជា​ការ​ប្រកួតប្រជែង​នោះ​ទេ តែ​វា​ជា​ការ​ស្វែង​រក​នៅ​កំហុស ឬ​ជា​ការ​ចោទ​ប្រកាន់​នានា ដើម្បី​ទប់ស្កាត់​សំឡេង​ជំទាស់​ជាមួយ​រដ្ឋាភិបាល មិន​អាច​ធ្វើ​ការងារ​បាន​ដោយ​សេរី»

អ្នក​វិភាគ​នយោបាយ​បង្ហាញ​ថា តាម​រយៈ​ទឡ្ហីករណ៍​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​កំពុង​តែ​បើក​យុទ្ធនាការ ដូច​ជា​បិទទ្វារ​ការិយាល័យ​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) ដោយ​បង្ខំ ព្រមទាំង​បណ្ដេញ​បុគ្គលិក​បរទេស​នៃ​អង្គការ​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​ក្រសួង​ព័ត៌មាន​បញ្ឈប់​មិន​ឲ្យ​ផ្សាយ គណបក្ស​ប្រឆាំង​ក៏​ត្រូវ​រង​ការ​គំរាមកំហែង និង​ការ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​បដិវត្តន៍​ពណ៌​ដែល​រៀន​រូបមន្ត​នៅ​តៃវ៉ាន់ ជាដើម ដែល​បញ្ហា​ទាំង​នេះ​គឺ​ជា​សញ្ញា​ដ៏​គ្រោះថ្នាក់​សម្រាប់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

$
0
0

សំណុំរឿង​ស៊ើបអង្កេត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បើក​ការ​ស្រាវជ្រាវ​នោះ ពេល​នេះ​ក្រសួង​ប្រគល់​ភារកិច្ច​នេះ​ទាំង​ស្រុង​ឲ្យ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ របស់​លោក នេត សាវឿន ជា​អ្នក​ស្រាវជ្រាវ​វិញ​ម្ដង។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា អគ្គស្នងការ​នគរបាល​ជាតិ កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​នឹង​ព័ត៌មាន​ដែល​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ចោទ​ប្រកាន់​ពី​ប្រភព​លុយ​គណបក្ស និង​ចោទ​គណបក្ស​នេះ​ថា មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​ទោះ​បី​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ មិន​ទាន់​រក​ឃើញ​តម្រុយ​អ្វី​ជុំវិញ​ការ​ចោទប្រកាន់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច លោក សុខ ឥសាន សំណូមពរ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​ការពិត និង​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រឆាំង​ថា ជា​ការ​ផ្សាយ​ដ៏​មាន​សារសំខាន់។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា ប្រសិនបើ​ក្រុម​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​របស់​លោក នេត សាវឿន រក​ឃើញ​ពី​កំហុស​របស់​គណបក្ស​នេះ ក្រសួង​នឹង​ប្ដឹង​ទៅ​តុលាការ ដែល​អាច​ឈាន​ដល់​រំលាយ​គណបក្ស​នេះ​ចោល។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ផ្ដល់​របាយការណ៍​ដែល​សមត្ថកិច្ច​ចង់​បាន។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​បង្ហាញ​​តម្រុយ​នៃ​ការ​រក​ឃើញ​យ៉ាង​ណា​នៅ​ឡើយ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា ក្រុម​សវនករ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ កំពុង​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​នឹង​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​ថា នៅ​ពេល​រក​ឃើញ​យ៉ាង​ណា​នោះ ក្រសួង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៖ «មិន​អាច​ធ្វើ​អ្វី​កើត​ទេ ក្រសួង​មហាផ្ទៃ គ្រាន់តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ប៉ុណ្ណឹង​ទេ បើ​មាន​មែន»

​ការ​បង្ហាញ​ពី​ចំណាត់​ការ​របស់​ស្ថាប័ន​រដ្ឋ​មក​លើ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់​ពី​សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ដោយ​យោង​តាម​ប្រភព​ពី​ហ្វេសប៊ុក ឈ្មោះ “កូន​ខ្មែរ” ឬ "ចៅ​ចាក់​ស្មុគ" ដែល​ជា​ប្រភេទ​ហ្វេសប៊ុក មិន​ហ៊ាន​បង្ហាញ​ម្ចាស់​គណនេយ្យ​ពិត​ប្រាកដ​មក​ចុះ​ផ្សាយ​ពី​ភាព​មិន​ស្របច្បាប់​នៃ​នៃ​ប្រភព​ហិរញ្ញប្បទាន​របស់​បក្ស​ប្រឆាំង និង​ការ​ចោទ​ប្រកាន់​ថា បក្ស​ប្រឆាំង​រៀបចំ​ផែន​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដោយ​គណបក្ស​នេះ​មាន​ទំនាក់ទំនង​សម្ងាត់​ជាមួយ​ក្រុម​ជ្រុល​និយម​តៃវ៉ាន់ ដែល​ទំនាក់ទំនង​នេះ ត​ភ្ជាប់​ដោយ​កូនស្រី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា។

ទាក់ទង​ការ​ស៊ើបអង្កេត​របស់​អគ្គ​ស្នងការ​នគរបាល​ជិត​នៅ​ពេល​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​ថា ក្រៅ​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​គណបក្ស​តែង​ផ្ដល់​ឲ្យ​ទៅ​ក្រសួង​មហាផ្ទៃ​នោះ នៅ​ពេល​នេះ​គណបក្ស​មិន​ទាន់​ឃើញ​ក្រុម​សមត្ថកិច្ច​មក​ទាមទារ​ឯកសារ​អ្វី​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​ថា គណបក្ស​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​ឯកសារ៖ «បាទ! ក្នុង​ករណី​ចាំបាច់​ត្រូវ​ការ​ឯកសារ​អី គឺ​គណបក្ស​ឲ្យ​អត់​មាន​បញ្ហា​ទេ»

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​លើក​ហេតុផល​ផ្សេងៗ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដែក​របស់​ខ្លួន​បិទ​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) និង​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ទទួល​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ព្រមទាំង​ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
​ចំណាត់​ការ​ទាំង​នេះ ធ្វើ​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស បង្ហាញ​ការ​ព្រួយ​បារម្ភ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​សេរីភាព​សារព័ត៌មាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន

$
0
0

កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន ៨​នាក់​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន។

ទីប្រឹក្សា​របស់​លោក កឹម សុខា និង​ជា​នាយ​ខុទ្ទកាល័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា មាន​ប្រសាសន៍​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គរក្ស​ចំនួន ៨​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក កឹម សុខា ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​ស្ថានការណ៍​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ។ លោក​ថា មេធាវី​របស់​គណបក្ស​នឹង​ពិនិត្យ​មើល​ចំពោះ​បញ្ហា​នេះ។

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​ប៉ុន្មាន​នាទី រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ទុក​ឲ្យ​ករណី​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដើម្បី​អោយ​តុលាការ​ចាត់ការ​តាម​ច្បាប់។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​អះអាង​ថា ករណី​ចាប់​ខ្លួន​នេះ មន្ត្រី​នគរបាល​ផ្អែក​ហេតុផល​ថា​ជា​ករណី​ជាក់ស្ដែង​ទៅ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

រដ្ឋាភិបាល​បញ្ជាក់​ទៀត​ថា តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កម្ពុជា ដែល​ហៅ​ខ្លី​ថា ស៊ីប៊ីអិន (Cambodian Broadcasting Network) មាន​ប្រភព​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ភស្តុតាង​ដទៃ​ទៀត អាជ្ញាធរ​ចោទ​ថា​លោក កឹម សុខា មាន​ផែនការ​សម្ងាត់​ឃុបឃិត​ជាមួយ​បរទេស​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋាភិបាល​ចាត់​ទុក​ការ​ឃុបឃិត​នេះ​ថា​ជា​អំពើ​ក្បត់​ជាតិ​ដែល​ជា​បទល្មើស​មាន​ចែង​ក្នុង​មាត្រា​៤៤៣ ក្នុង​ក្រម​ព្រហ្មទណ្ឌ។

សូម​រង់ចាំ​ស្ដាប់សេចក្ដី​រាយការណ៍​ពិស្ដារ...!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភ​ច្បាប់ ក្នុង ខណៈ​លោក​ជា​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ។ សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ធ្វើ​អន្តរាគមន៍​ដោះលែង និង​បញ្ឈប់​ការ​គំរាមកំហែង​គាប​សង្កត់​តាម​គ្រប់​រូបភាព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​លើ​គណបក្ស និង​ថ្នាក់​ដឹកនាំ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់​តទៅទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង

$
0
0

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​យ៉ាង​ខ្លី​បន្ទាប់​ពី​កង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស ៨​នាក់​ទៀត​ដល់​ផ្ទះ​របស់​លោក កឹម សុខា នៅ​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន។

ទីប្រឹក្សា​របស់​លោក កឹម សុខា និង​ជា​នាយ​ខុទ្ទកាល័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា មាន​ប្រសាសន៍​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គរក្ស​ចំនួន ៨​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក កឹម សុខា ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​ស្ថានការណ៍​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ។ លោក​ថា មេធាវី​របស់​គណបក្ស​នឹង​ពិនិត្យ​មើល​ចំពោះ​បញ្ហា​នេះ។

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​ប៉ុន្មាន​នាទី រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ទុក​ឲ្យ​ករណី​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដើម្បី​អោយ​តុលាការ​ចាត់ការ​តាម​ច្បាប់។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​អះអាង​ថា ករណី​ចាប់​ខ្លួន​នេះ មន្ត្រី​នគរបាល​ផ្អែក​ហេតុផល​ថា​ជា​ករណី​ជាក់ស្ដែង​ទៅ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

រដ្ឋាភិបាល​បញ្ជាក់​ទៀត​ថា តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កម្ពុជា ដែល​ហៅ​ខ្លី​ថា ស៊ីប៊ីអិន (Cambodian Broadcasting Network) មាន​ប្រភព​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ភស្តុតាង​ដទៃ​ទៀត អាជ្ញាធរ​ចោទ​ថា​លោក កឹម សុខា មាន​ផែនការ​សម្ងាត់​ឃុបឃិត​ជាមួយ​បរទេស​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋាភិបាល​ចាត់​ទុក​ការ​ឃុបឃិត​នេះ​ថា​ជា​អំពើ​ក្បត់​ជាតិ​ដែល​ជា​បទល្មើស​មាន​ចែង​ក្នុង​មាត្រា​៤៤៣ ក្នុង​ក្រម​ព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ជុំវិញ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម

$
0
0

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​យុវជន បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​ឲ្យ​ជួយ​សង្គ្រោះ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​រដ្ឋាភិបាល​ព្រមាន​បិទ និង​ការ​បិទ​អាជីវកម្ម​លើ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) អាស៊ីសេរី (RFA) និង​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)។ យុទ្ធនាការ​នេះ គឺ​ពួក​គេ​នាំ​គ្នា​ថត​រូប និង​កាន់​ក្រដាស​ដែល​សរសេរ​ថា សង្គ្រោះ ដេលី ឬ Save the Daily និង​ជួយ​សង្គ្រោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ជាដើម។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​លោក ស ម៉ូរី អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល បណ្ដាញ​យុវជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​យុទ្ធនាការ​ជួយ​សេរីភាព​សារព័ត៌មាន

$
0
0

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម ឲ្យ​ជួយ​សង្គ្រោះ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​រដ្ឋាភិបាល​ព្រមាន​បិទ និង​ការ​បិទ​អាជីវកម្ម​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) អាស៊ីសេរី (RFA) និង​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)។ យុទ្ធនាការ​នេះ គឺ​ពួក​គេ​នាំ​គ្នា​ថត​រូប និង​កាន់​ក្រដាស​ដែល​សរសេរ​ថា សង្គ្រោះ​សេរីភាព​ដេលី ឬ Save the Daily និង​ជួយ​សង្គ្រោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ជាដើម។

ការ​ធ្វើ​យុទ្ធនាការ​នេះ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ដែល​សង្គម​ស៊ីវិល បណ្ដាញ​យុវជន និង​ស្ថាប័ន​សារព័ត៌មាន យល់​ថា ពេល​នេះ​កំពុង​មាន​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ថ្លែង​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា គោល​បំណង​ដែល​ពួក​គាត់​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​បែប​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព ការ​គាំទ្រ​ដល់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ប្រឈម​នឹង​ការ​បិទ​ទ្វារ។ ក្រៅ​ពី​នោះ ក៏​ជា​ការ​គាំទ្រ​ស្ថាប័ន​សារព័ត៌មាន​ដទៃ​ទៀត​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ លោក​ថា នេះ​ក៏​ជា​សារ​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​ថា ប្រជាពលរដ្ឋ​ត្រូវ​ការ​សារព័ត៌មាន​ឯករាជ្យ«យើង​នឹង​ទាមទារ ទោះ​បី​ជា​កាសែត​ដេលី ត្រូវ​បាន​បិទ​ការិយាល័យ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៤ ក៏ដោយ ក៏ប៉ុន្តែ​យើង​នៅ​តែ​បន្ត​យុទ្ធនាការ​របស់​យើង​ដើម្បី​បង្ហាញ​ការ​គាំទ្រ។ យើង​ធ្វើ​នេះ​មិន​ត្រឹម​តែ​គាំទ្រ​ដេលី​ទេ យើង​ក៏​ធ្វើ​ការ​គាំទ្រ​ដល់ អាស៊ីសេរី វីអូអេ និង​វីអូឌី។ ថ្ងៃ​ក្រោយ គេ​នឹង​បន្ត​ទៅ​លើ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​និយាយ​រិះគន់​ចំណុច​របស់​រាជ​រដ្ឋាភិបាល»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង លោក​ក៏​ជា​ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បិទ​ស្ថានីយ​ផ្សាយ​ព័ត៌មាន​បន្ត​ដែរ​នោះ ក៏​បាន​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​សម្រាប់​វិទ្យុ​ខ្លួន​ឯង និង​ស្ថាប័ន​សារព័ត៌មាន​ដទៃ​ទៀត​ដែរ។ លោក​ថា នេះ​ជា​ការ​បង្ហាញ​នូវ​សាមគ្គី នៅ​គ្រា​ដែល​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង«ទី​១ បង្ហាញ​ការ​សាមគ្គី ទី​២ បង្ហាញ​ការ​គាំទ្រ​ដល់​ដំណើរការ​របស់​ស្ថាប័ន​នេះ ទី​៣ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​សម្ពាធ ឬ​ការ​បិទ​របស់​រដ្ឋាភិបាល»

ថ្វីត្បិតតែ​មាន​យុទ្ធនាការ​បែប​នេះ​ក្ដី ស្ថាប័ន​ដែល​មាន​តួនាទី​ការពារ​អ្នក​កាសែត​ក្នុង​ស្រុក មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​២ កញ្ញា បាន​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា ជៀសវាង​ការ​គេចវេះ​កាតព្វកិច្ច​បង់​ពន្ធ បង្កើត​បរិយាកាស​អាជីវកម្ម​មិន​ស្មើ​ភាព​គ្នា។ សេចក្ដី​ថ្លែងការណ៍​នេះ បន្ត​ថា ការ​គេចវេះ​មិន​បង់​ពន្ធ ក៏​មិន​គប្បី​ផ្សារភ្ជាប់​ទៅ​នឹង​បញ្ហា​នយោបាយ ឬ​លើស​ពី​នេះ​ទេ ដរាប​ណា​អាជីវកម្ម​នោះ​ពិត​ជា​បាន​បង្កប់​សារជាតិ​បម្រើ​ឲ្យ​នយោបាយ​ទុច្ចរិត​ពិត​មែន។

ទាក់ទង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ទុក​ពេល​ត្រឹម​ថ្ងៃ​ទី​៤ កញ្ញា ដើម្បី​ឲ្យ​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី ជា​ជនជាតិ​អាមេរិក បង់​ពន្ធ​ចំនួន ៦​លាន ៣​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​ថា​ជំពាក់​ពន្ធ​តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំងអស់ ព្រម​ទាំង​បណ្ដេញ​ស្ថាប័ន​នេះ​ចេញ​ពី​កម្ពុជា។ ប៉ុន្តែ​ម្ចាស់​កាសែត​នេះ អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) យល់​ថា​ជា​ចេតនា​នយោបាយ​ចង់​បិទ​ស្ថាប័ន​អ្នកស្រី ជាជាង​បញ្ហា​ពន្ធ។

ក្រៅ​ពី​នេះ ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ប្រមាណ ៣០ ដែល​យក​ព័ត៌មាន​របស់​វិទ្យុ​ចំនួន​ពីរ​ទទួល​ជំនួយ​ពី​អាមេរិក គឺ​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក(VOA) ព្រម​ទាំង​វិទ្យុ​ក្នុង​ស្រុក​សំឡេង​ប្រជាធិបតេយ្យ (VOD) ក៏​ត្រូវ​បាន​បិទ​ទ្វារ​ជា​បន្តបន្ទាប់ ដោយ​ហេតុផល​ថា​មិន​បាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​ព្រមាន​ចាត់​វិធានការ​លើ​ម្ចាស់​វិទ្យុ​មួយ​ចំនួន​ទៅ​តុលាការ ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​កិច្ចសន្យា។

កាល​ពី​ថ្ងៃ​ទី​១ កញ្ញា បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ឬ​ហៅ​កាត់​ថា អានហ្វ្រែល (ANFREL) និង​បណ្ដុំ​អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាង ១០ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ព្រួយ​បារម្ភ​អំពី​ដំណើរការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ បណ្ដាញ​នេះ​យល់​ឃើញ​ថា រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​គាប​សង្កត់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ពុំ​មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​វា​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានភាព​ប្រទេស​កម្ពុជា កាន់​តែ​ដើរ​ថយ​ក្រោយ​ថែម​ទៀត។

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​បណ្ដាញ​អង្គការ​នេះ បាន​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​ដែល​រដ្ឋាភិបាល​បញ្ជា​ឲ្យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​ភ្នំពេញ បញ្ឈប់​សកម្មភាព​ការងារ និង​បញ្ជូន​សមាជិក​បរទេស​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ និង​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​ឯករាជ្យ ក៏​ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម និង​ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ចាត់​វិធានការ​ក្ដៅ​លើ​អ្នក​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

$
0
0

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជនល្មើស​ដែល​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ឬ​ដី​សហគមន៍ ខណៈ​សហគមន៍​ព្រៃឈើ​ខ្លះ​មិន​ទាន់​រៀបចំ​គណៈកម្មការ​ត្រឹមត្រូវ ហើយ​ការ​រុក​រាន​ដី​ព្រៃ​នៅ​តែ​បន្ត។ តំណាង​សហគមន៍​ព្រៃឈើ គាំទ្រ​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ពន្លឿន​នីតិវិធី​បង្កើត​សហគមន៍​ព្រៃឈើ​ថ្មីៗ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ស្មុគស្មាញ។

ក្រោយ​ពី​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ និង​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង លោក សៀង រស់ បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដើម្បី​ចុះ​ល្បាត​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ នៅ​ដើម​ខែ​កញ្ញា នេះ។

លោក សៀង រស់ ថា​នឹង​យក​ផែនទី​របស់​មន្ត្រី​ជំនាញ​សុរិយោដី ទៅ​ផ្ទៀងផ្ទាត់​លើ​ដី​សហគមន៍​ជាក់ស្ដែង ព្រោះ​ដី​នៅ​ឃុំ​អញ្ចាញរូង និង​ឃុំ​ពេជចង្វារ បាន​វាស់​ជា​លក្ខណៈ​ប្រព័ន្ធ និង​វាស់​ឆ្វៀល​ផល​ប៉ះពាល់​ចេញ​រួច​ហើយ​កាល​ពី​អំឡុង​ឆ្នាំ​២០១២។ ដូច្នេះ អ្នក​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ទៅ​ធ្វើ​កម្មសិទ្ធិ ក្រោយ​សកម្មភាព​វាស់វែង​ទាំង​ពីរ​នេះ នឹង​ត្រូវ​ស្រាវជ្រាវ​ចាប់​អ្នក​ដែល​ប្រព្រឹត្ត​បញ្ជូន​ទៅ​តុលាការ៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​ចាត់​ក្រុម​មន្ត្រី​ឲ្យ​ទៅ​ជួយ​ចុះ​ល្បាត​ជាក់ស្ដែង ហើយ​បើ​ជួប​បទល្មើស​កាប់​រាន​អី​ហ្នឹង យើង​នឹង​ចាត់ការ​តាម​នីតិវិធី ហើយ​បើ​ឃើញ​មនុស្ស​ជាក់ស្ដែង​ចាប់​ទាំង​មនុស្ស​មក​ទៀត។ ថវិកា​សំណូមពរ​ទៅ​លើ​វា ១៦​សហគមន៍ តែ​ដល់​ធ្លាក់​មក​វិញ​ក្នុង​ឆ្នាំ​២០១៧ នេះ យើង​ទទួល​បាន​តែ ៦​សហគមន៍​ទេ ក្នុង​ហ្នឹង​វា​អត់​មាន​ឃុំ​ពេជចង្វារ និង​ឃុំ​អញ្ចាញរូង ទេ ព្រោះ​បើ​តាម​ខ្ញុំ​សង្កេត​មើល​ឃើញ​ថវិកា​ដែល​ធ្លាក់​មក (ដើម្បី​ធ្វើ​សកម្មភាព​បង្កើត​សហគមន៍​ព្រៃ) ភាគច្រើន​ជា​សហគមន៍​ដែល​យើង​បាន​ធ្វើ​ផែនការ​គ្រប់គ្រង​អី​ហើយ»

លោក​បញ្ជាក់​ថា ផ្ទៃដី​ដំបូង​ដែល​បាន​កំណត់​បង្កើត​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ មាន​ជិត​ពីរ​ពាន់​ហិកតារ (.៧៩៦​ហិកតារ) ប៉ុន្តែ​ក្រោយ​វាស់​ឆ្វៀល​ដី​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​នៅ​សល់​ជាង​មួយ​ពាន់​ហិកតារ (.១៣៦​ហិកតារ) ហើយ​ផ្ទៃដី​នៅ​សល់​នេះ​ឋិត​នៅ​ដាច់​ដោយ​ដុំៗ លំបាក​នឹង​កំណត់​ព្រំប្រទល់។ ម្យ៉ាង​ថវិកា​ឆ្នាំ​២០១៧ សម្រាប់​ធ្វើ​សកម្មភាព​លើ​សហគមន៍​ព្រៃឈើ​ឃុំ​អញ្ចាញរូង និង​ពេជចង្វារ ពុំ​មាន​ទៀត។

តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ លោកស្រី យិន ប៉ិច គាំទ្រ​ជំហរ​រក្សា​ផ្ទៃ​ដី​ព្រៃ​សហគមន៍​ពី​ការ​កាប់​ទន្ទ្រាន​ដោយ​ជនល្មើស ប៉ុន្តែ​លោកស្រី​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពន្លឿន​នីតិវិធី​ចេញ​ប្រកាស​ទទួល​ស្គាល់​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ ឲ្យ​បាន​ឆាប់៖ «ដោយសារ​យើង​មិន​បាន​គិត​ដល់​ថា​បញ្ជា​០០១ គេ​វាស់​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច អ៊ីចឹង​បើ​អាជ្ញាធរ​ចាត់ការ​ថា​យក​តាម​ផែនទី​ចាស់​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង យើង​នឹង​សាទរ»

ឆ្លើយតប​នឹង​ការ​ស្នើសុំ​នេះ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង លោក សៀង រស់ ថា​ផ្ទៃដី​ព្រៃ​នៅ​ឃុំ​អញ្ចាញរូង និង​ឃុំ​ពេជចង្វារ ដែល​សល់​ពី​ការ​វាស់វែង​នោះ ត្រូវ​បាន​ចាត់​ចូល​ជា​ព្រៃ​សហគមន៍​រួច​ហើយ ប៉ុន្តែ​មិន​អាច​ចេញ​ប័ណ្ណ​ប្រកាស​បាន ដោយសារ​តែ​មិន​ទាន់​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ឬ​នីតិវិធី​ចំនួន ១១​ជំហាន​ដែល​តម្រូវ​ដោយ​ក្រសួង​កសិកម្ម ដើម្បី​បាន​សិទ្ធិ​ស្រប​ច្បាប់​ជា​ព្រៃ​សហគមន៍។

ខេត្ត​កំពង់ឆ្នាំង មាន​សហគមន៍​ព្រៃឈើ​ចំនួន​៣៤ ក្នុង​នោះ​ទទួល​បាន​ប័ណ្ណ​ប្រកាស​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំនួន​១៥ ខណៈ​សហគមន៍ ១៩ ទៀត កំពុង​ដំណើរការ​នីតិវិធី​ចេញ​ប័ណ្ណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំ​មើល​ថា​វត្តមាន​វិនិយោគិន​ចិន​មិន​កើន​ប្រាក់​ចំណូល​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ

$
0
0

មន្ត្រី​អង្គការសង្គម​ស៊ីវិល និង​ប្រតិបត្តិករ​ទេសចរ​ភាគច្រើន បាន​អះអាង​ថា ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​កុះករ​នា​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន មិន​បាន​បង្កើន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​មូលដ្ឋាន​នេះ​ទេ ប៉ុន្តែ​បាន​កើន​ប្រាក់​ចំណូល​តែ​ចំពោះ​បុគ្គល​មាន​ផ្ទះ សណ្ឋាគារ និង​ដី​សម្រាប់​លក់ ឬ​ជួលឲ្យ​ជនជាតិ​ចិន តែ​ប៉ុណ្ណោះ។

ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភ្ញៀវ​ទេសចរ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មិន​អាច​គ្រប់គ្រង​កាក​សំណល់​តាម​ផ្លូវ​សាធារណៈ

$
0
0

សាធារណជន និង​ភ្ញៀវ​ទេសចរ រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​មិន​អាច​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ ឬ​​​​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ដោយ​​​ទុក​ឲ្យ​គរ​ចោល​តាម​ផ្លូវ​សាធារណៈ និង​មាន​ក្លិន​ស្អុយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​​នេះ

ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​៨​ភូមិ​នៅ​ឃុំ​បល្ល័ង្ក​ខេត្ត​សៀមរាប​ស្វែងរក​ទីផ្សារ​លក់​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក

$
0
0

ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ស្ថិត​នៅ​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។ បច្ចុប្បន្ន ឃុំ​នោះ​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ៩​ភូមិ ហើយ ៨​ភូមិ​ក្នុង​ចំណោម​នោះ គឺ​ពលរដ្ឋ​សុទ្ធតែ​មាន​ជំនាញ​ត្បាញ​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក​ព្រៃ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ភាគច្រើន​មិន​សូវ​មាន​ជីវភាព​ធូរធារ​ទេ ដោយសារ​តែ​កន្ទេល​ត្បាញ​ពី​ស្លឹក​រំចេក​នោះ​មិន​មាន​ទីផ្សារ​សម្រាប់​លក់​ចេញ​នៅ​ឡើយ។

ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ប្រឆាំង​បើ​សមាជិក​បក្ស​ចេញ​មុខ​គាំទ្រ​លោក កឹម សុខា

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង​បន្ត​ទៀត ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា ប្រសិន​បើ​រក​ឃើញ​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា​របស់​បក្ស​នេះ​ចេញ​មុខ​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​កម្លាំង​នគរបាល។ ស្រប​ពេល​នេះ​ដែរ លោក ហ៊ុន សែន ក៏​អំពាវនាវ​ស្វែង​រក​ជន​បរទេស​បន្ថែម​ទៀត​ដែរ ដែល​លោក​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​គម្រោង​ក្បត់​ជាតិ តាម​រយៈ​បដិវត្ត​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ប្រើ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​អនុវត្ត​ច្បាប់​ឲ្យ​ដល់​ទី​បញ្ចប់ ចំពោះ​វាសនា​បក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​មាន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បន្ត​ទៀត។

ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ជួប​ជាមួយ​កម្មករ​រោងចក្រ​រាប់​ពាន់​នាក់ នៅ​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា។ លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា មូលហេតុ​ដែល​លោក​លើក​ដូច្នេះ ព្រោះ​តែ​មេ​បក្ស​ប្រឆាំង​មាន​ភស្តុតាង​ដាក់​បន្ទុក​រួច​ទៅ​ហើយ អំពី​គម្រោង​ក្បត់​ជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ដោយ​កង​កម្លាំង​នគរបាល ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា នេះ​ជា​បទល្មើស​ជាក់ស្ដែង មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ដីកា ឬ​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ៖ «យប់​មិញ​នេះ​យើង​ត្រូវ​ចាប់​លោក កឹម សុខា ទាំង​យប់ អំពី​ទោស​ក្បត់​ជាតិ​តែម្ដង។ ហេតុ​អី​បាន​យើង​ត្រូវ​ចាប់? បើ​សិន​មិន​មាន​រឿង​ធ្ងន់ធ្ងរ យើង​មិន​ចាំបាច់​ចាប់​ធ្វើ​អី​ទេ។ តែ​រឿង​នេះ​វា​ធ្ងន់​ពេក​ហើយ​វា​ឈាន​បណ្ដើរៗ​ហើយ»

លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ជា​ញឹកញាប់​ថា នឹង​ចាត់វិធានការ​វ៉ៃ​ខ្នោះ​ដៃ​ជន​ណា​ក៏​ដោយ មិន​ថា​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ទេ ប្រសិន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ហើយ ត្រូវ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ការពារ​សុខ​សន្តិភាព។ ប៉ុន្តែ អ្នក​ច្បាប់​ធ្លាប់​បកស្រាយ​ថា ការ​ចោទ​ប្រកាន់​ជន​ណា​មួយ​ពី​បទល្មើស​ជាក់ស្ដែង​ទៅ​បាន លុះ​ត្រា​កំពុង​ធ្វើ​សកម្មភាព​ភ្លាមៗ ឬ​សកម្មភាព​ដេញ​ប្រផាប់​ចាប់​ប្រភីង​នៅ​នឹង​កន្លែង​តែម្ដង។

ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៣៨ ថ្មី កំណត់​ថា ការ​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ណា​មួយ​ទៅ​បាន គឺ​គណបក្ស​នយោបាយ​នោះ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ដទៃ​ទៀត​របស់​ប្រទេស​កម្ពុជា ទើប​ក្រសួង​មហាផ្ទៃ អាច​ចាត់​វិធានការ​តាម​ដំណាក់កាល គឺ​សម្រេច​សកម្មភាព​បណ្ដោះអាសន្ន បក្ស​នយោបាយ​នោះ ក្នុង​រយៈពេល​មួយ​ជា​កំណត់។ បន្ទាប់​មក ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ ក្នុង​ករណី​មាន​កំហុស​ធ្ងន់ធ្ងរ។

ជុំវិញ​ការ​ចាប់​ខ្លួន​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន ថ្លែង​ថា បទល្មើស​ជា​ច្រើន​សំណុំរឿង​ក្នុង​ពេល​កន្លង​ទៅ បូក​រួម​ទាំង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ផង គឺ​ដាក់​បន្ទុក​ឲ្យ​លោក កឹម សុខា ទទួល​ទាំង​អស់​ដោយ​ចោទ​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​កម្លាំង​នគរបាល​ព័ន្ធ​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ និង​ពុំ​មាន​ដីកា​ថែម​ទៀត នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។

បើ​ទោះ​ជា​បែប​ណា រឿងរ៉ាវ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ដោយ​យោង​លើ​អង្គហេតុ​ខ្លះៗ​តាម​រយៈ​ខ្សែ​អាត់​វីដេអូ របស់​លោក កឹម សុខា ដែល​ថ្លែង​ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ដើម​ឆ្នាំ​២០១៤។ មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​បាន​រៀន​ពី​របៀប​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​ជាមួយ​នឹង​សហរដ្ឋអាមេរិក តាំង​ពី​អាណត្តិ​ទី១។ ប៉ុន្តែ​អ្វី​ដែល​លោក​សាប​ព្រោះ​វប្បធម៌​តាម​បែប​​ប្រទេស​លោក​ខាង​លិច​នោះ ពុំ​មាន​អ្វី​ក្រៅ​ពី​គោលការណ៍​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ៖ «ប្រជាពលរដ្ឋ​លោក​បាន​ក្រោក​នេះ មិន​មែន​ទើប​តែ​ក្រោក​ថ្ងៃ​ហ្នឹង​នេះ​ទេ ដោយសារ​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​យើង​ខ្ញុំ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ជន​រួម​ជាតិ​ថា ហេតុ​ម៉េច​បាន​ជា​ដល់​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​ឡើង​កុះករ លែង​ខ្លាច​ហើយ​ហ៊ាន និង​យល់»

ក្រៅ​ពី​ការ​ចាប់​ខ្លួន​​លោក កឹម សុខា ហើយ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​ប្រទេស​បាត​ដៃ​ទី​៣ ដែល​លោក​អះអាង​ថា កំពុង​រក​មុខ​ជា​យូរ​មក​ហើយ ដែល​នាំ​ឲ្យ​កម្ពុជា ជួប​គ្រោះ​អាក្រក់​តាំង​ពី​ក្នុង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់។ ជាង​នេះ​ទៀត ការ​ចាប់​ដៃគូ​ជាមួយ​លោក កឹម សុខា លើក​នេះ​ ក៏​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​កាល​ពី​ជាង ៣០​ឆ្នាំ​មុន​នោះ​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា រក​បាន​សន្តិភាព​មក​ដោយ​លំបាក​នេះ ត្រូវ​​រលាយ​ទៅ​វិញ ព្រោះ​​តែ​សម្ពន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​លោក កឹម សុខា នេះ៖ «មិន​ត្រូវ​បរទេស​ណា​មក​ត្រូវ​លូកលាន់​កិច្ចការ​របស់​កម្ពុជា ជា​ពិសេស​អ្នក​ដែល​បាត​ដៃ​ទី​៣ ដែល​ធ្លាប់​ប្រើ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ»

បើ​ទោះ​ជា​បែប​ណា ក្នុង​ពេល​កន្លង​ទៅ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នេះ។

ស្រប​ពេល​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន និង​ព្រមាន​ពី​ជីវិត​នយោបាយ​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង លោក ហ៊ុន សែន បាន​អះអាង​ថា ទោះ​ជា​យ៉ាង​ណា​ដំណើរការ​ចុះ​ឈ្មោះ និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ នៅ​តែ​ដំណើរការ​ជា​ធម្មតា​ដូច​ការ​គ្រោង​ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បញ្ជា​ឲ្យ​លែង​ឲ្យ​ចាក់​ផ្សាយ​​បន្ត​ព័ត៌មាន​ពី​អាស៊ីសេរី​និង​វីអូអេ

$
0
0

ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​​អាទិត្យ ទី៣ កញ្ញា នេះ ចេញ​បញ្ជា​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ចំនួន​២ គឺ​វិទ្យុ​ស្ត្រី​អេហ្វអឹម (FM) ១០២ និង​វិទ្យុ​សំបុកឃ្មុំ FM១០៥ ឈប់​ចាក់​ផ្សាយ​​បន្ត​ព័ត៌មាន អាស៊ីសេរី​និង​វីអូអេ បន្ទាប់​ពី​ស្ថានីយ​ជាង​១០ ត្រូវ​បាន​ក្រសួង​ប្រកាស​ដក​អាជ្ញាប័ណ្ណ​ជា​បន្ត​បន្ទាប់។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ចុះ​ថ្ងៃ​ទី៣ កញ្ញា ថា ការ​បញ្ជា​ឲ្យ​វិទ្យុ​ទាំងពីរ​នេះ​ឈប់​ចាក់​ផ្សាយ​ព័ត៌មាន​ពី​អាស៊ីសេរី និង​វីអូអេ ក្រោម​ហេតុផល​ថា វិទ្យុ​បរទេស​ទាំង​នេះ​ ពុំ​ទាន់​បាន​ចុះ​បញ្ជី​ការិយាល័យ​តំណាង​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៅ​ឡើយ។

បទ​បញ្ជា​នេះ​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំង​ពីរ​នេះ អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ហើយ​ប្រសិន​បើ​ពុំ​អនុវត្ត​ទេ ក្រសួង​នឹង​ដក​អាជ្ញាប័ណ្ណ​បញ្ឈប់​ការ​ផ្សាយ​តែ​ម្ដង។

ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំង​ពីរ​គឺ លោក ម៉ម សូណង់ដូ និង​អ្នកស្រី ជា ស៊ុនដាណែត ឲ្យ​អាស៊ីសេរី​នៅ​ថ្ងៃទី៣ កញ្ញា ថា វិទ្យុអេហ្វអឹម ១០២ និងអេហ្វអឹម ១០៥​ នឹង​លែង​ចាក់​ផ្សាយ​បន្ត​ពី​អាស៊ីសេរី និង​វីអូអេ ក្រោយ​ទទួល​លិខិត​ពី​ក្រសួង។

ក្រសួង​ព័ត៌មាន​បាន​ដក​អាជ្ញាប័ណ្ណ បញ្ឈប់​ការ​ផ្សាយ​ទាំងស្រុង​របស់​វិទ្យុ​ក្នុង​ជាង​១០ ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​វីអូអេ និង​អាស៊ីសេរី វិទ្យុ​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ និង​កម្មវិធី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្ត​បន្ទាប់ តាំង​ពី​ថ្ងៃ​ទី​២៣ សីហា ក្រោម​ហេតុផល​ថា ការ​​ផ្សាយ​កម្មវិធី​វិទ្យុ​នេះ​ពី​ប្រភព​ខាង​ក្រៅ មិន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង។

កាល​ពី​ថ្ងៃ​ទី២៤ សីហា លោក ខៀវ កាញារីទ្ធ អះអាង​ថា រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ​អាស៊ីសេរី និង​វីអូអេ​ទេ។ លោក​ថា វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​នៅ​តែ​អាច​ជួល​ការ​ផ្សាយបន្ត​ពី​វិទ្យុ​ក្នុង​ស្រុក​បាន ចំពោះ​វិទ្យុ​ណា​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​ថា នឹង​រង់ចាំ​មើល​ទស្សនៈ និង​ជំហរ​របស់​វិទ្យុ​ទាំង​ពីរ​នេះថា​ឆ្លើយ​យ៉ាង​ម៉េច ដើម្បី​លោក​សម្រេចការ​បើក​ការិយាល័យ​របស់​វិទ្យុ​ទាំង​ពីរ​នេះ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កាសែត​ខេមបូឌាដេលី​ថា​ខ្លួន​នឹង​មិន​បង់​ពន្ធ​ដែល​កំណត់​ដោយ​ពន្ធដារ​ឡើយ

$
0
0

ស្ថាប័ន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ស្ថាប័ន​នេះ​នឹង​មិន​បង់​ពន្ធ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​កំណត់​នោះ​ទេ ហើយ​ស្ថាប័ន​នេះ​នៅ​តែ​​អះអាង​ថា ខ្លួន​មិន​បាន​ល្មើស​ច្បាប់​ស្ដីពី​សារពើពន្ធ​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាន់​របស់​កាសែត ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ទី៣ កញ្ញា បន្ត​ថា ខ្លួន​នឹង​ព្រម​បង់​ពន្ធ​តាម​ការ​កំណត់ បើ​សិន​ការ​ធ្វើសវនកម្ម​នោះ​ត្រឹមត្រូវ។ ស្ថាប័ន​នេះ​បន្ត​ថា ខ្លួន​នឹង​លែង​បោះពុម្ព​​ផ្សាយ​កាសែត​របស់​ខ្លួន​ចាប់​ពី​ទី៤ កញ្ញា ដែល​ជាសានវាទ​នៃ​ការ​ទារ​បំណុល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នូវ​ទឹក​ប្រាក់​ជាង​៦​លាន​ដុល្លារ។

ឆ្លើយ​តប​ភ្លាមៗ​នឹង​ការ​ប្រកាសព័ត៌មាន​​របស់​កាសែត​ខេមបូឌា ដេលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ទោះ​ស្ថាប័ន​នេះ​ប្រកាស​បិទ​នៅ​ថ្ងៃ​នេះ​ក្ដី ក៏​ត្រូវ​សង​បំណុល​ពន្ធ​ទាំង​នោះ​ដែរ និង​បញ្ជា​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ស្ថាប័ន​នេះ មិន​ឲ្យ​ចាកចេញ​ពី​កម្ពុជា​នោះ​ទេ។

ទោះ​យ៉ាងណា​ក៏​ដោយ បុគ្គលិក​កាសែត​ខេមបូឌា ដេលី ទាំង​អស់​នៅ​ថ្ងៃ​ទី៣ កញ្ញា នៅ​បន្ត​ការងារ​របស់​ខ្លួន​ធម្មតា និង​មាន​ចេញ​ផ្សាយ​ព័ត៌មាន​នៅ​គេហទំព័រ​របស់​ខ្លួន​ដូច​សព្វ​ដង។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក សាន សែល ជាមួយ​និពន្ធ​នាយក​កាសែត ឌឹ ខេមបូឌាដេលី អ្នកស្រី ចូឌី ដឺចន (Jodie DeJonge) នៅ​ឯ​ការិយាល័យ​កាសែត​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គរក្ស​៨​រូប​របស់​លោក កឹម សុខា ត្រូវ​បាន​ដោះលែង

$
0
0

អង្គរក្ស​ទាំង​៨​រូប​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​ដោះលែង​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី៣ កញ្ញា ខណៈ​លោក កឹម សុខា កំពុង​ត្រូវ​ឃុំឃាំង​ដដែល​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៣ កញ្ញា អ្នក​ទាំង​៨​នាក់ ត្រូវ​បាន​មេធាវី​របស់​គណបក្ស​ធានា​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោក កឹម សុខា និង​អង្គរក្ស​ចំនួន ៨​នាក់​របស់​លោក ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក កឹម សុខា ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា។ ការ​ចាប់​ខ្លួន​លោក កឹម សុខា ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​គម្រោង​ក្បត់​ជាតិ​ឃុបឃិត​ជាមួយ​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា

$
0
0

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា យ៉ាង​តក់ក្រហល់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ សហគមន៍​អន្តរជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​សកម្មជន​ដើម្បី​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ល្អ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។

​ក្រោយ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​កណ្ដាល​អធ្រាត្រ​នោះ សហគមន៍​អន្តរជាតិ​បាន​ចេញ​មុខ​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ជា​បន្តបន្ទាប់ ថា​ជា​ការ​វាយ​ប្រហារ​សេរីភាព​ខាង​នយោបាយ និង​ជា​ការ​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ។

​ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិកសភា​ម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែង​នៅ​ក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉ែល នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ គឺ​ជា​ការ​បង្ក្រាប​ដល់​កម្រិត​ប្រកាស​អាសន្ន​ថ្មី​មួយ​ទៀត ដោយ​គណបក្ស​កាន់​អំណាច។

លោក​បន្ត​ថា ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​វា​ច្បាស់​ណាស់​ថា គ្មាន​អ្វី​ក្រៅ​ពី​រឿង​ប៉ុនប៉ង​កម្ចាត់​បក្ស​ប្រឆាំង​មុន​ពេល​យុទ្ធនាការ​បោះឆ្នោត​ចាប់​ផ្ដើម​នោះ​ទេ៖ "ជា​ច្រើន​ខែ​មក​នេះ យើង​សង្កេត​ឃើញ​ថា បំណង​កម្ចាត់​បក្ស​ប្រឆាំង​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ កាន់​តែ​រីក​ធំ​ឡើង​ជា​លំដាប់ ប៉ុន្តែ​ពេល​នេះ​វា​បាន​លេចចេញ​មក​ហើយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​ខ្លាច​អ្វី​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ ហេតុ​ដូច្នេះ​គាត់​នឹង​មិន​ផ្ដល់​ឱកាស​សម្រាប់​ការ​ប្រកួត​ប្រជែង​សូម្បី​តែ​បន្តិច។ ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​គាត់ ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ជា​ការ​មាក់ងាយ​នីតិរដ្ឋ។ លោក កឹម សុខា គួរ​តែ​ត្រូវ​បាន​ដោះលែង​ភ្លាមៗ និង​ដោយ​ឥត​លក្ខខណ្ឌ។ ប្រសិនបើ​សហគមន៍​អន្តរជាតិ ជាពិសេស​ម្ចាស់​ជំនួយ​ធំៗ មិន​ហើប​មាត់ និង​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ទេ​នោះ មាន​ន័យ​ថា ពួកគេ​កំពុង​ចូល​ដៃ​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅ​ជា​ប្រទេស​ផ្ដាច់ការ​យ៉ាង​ពេញ​ទំហឹង"

​ចំណែក​សមាជិកសភា​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  វិញ ថ្លែង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ប្រជាជន​កម្ពុជា ត្រូវ​ឆ្លង​កាត់​ព្យុះ​បោកបក់​ដ៏​ខ្លាំង​មួយ​ទៀត​ហើយ ជាមួយ​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ដោយ​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្ត​ថា ចលនា​ប្រឆាំង​នឹង​ប្រជាធិបតេយ្យ​បែប​នេះ គឺ​នៅ​តែ​ជា​មធ្យោបាយ​វាយ​ប្រហារ​សេរីភាព​នយោបាយ​ដោយ​របប​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន ក្នុង​គោលបំណង​កាត់​ផ្ដាច់​សេរីភាព​ខាង​នយោបាយ​ពី​ប្រជាពលរដ្ឋ​កម្ពុជា៖ "​វា​គឺ​ជា​ក្ដី​ព្រួយ​បារម្ភ​ដ៏​ធំ​របស់​សហគមន៍​អន្តរជាតិ ដែល​ថា​លោក ហ៊ុន សែន គ្មាន​បំណង​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ។ ប្រជាពលរដ្ឋ​កម្ពុជា ស៊ូទ្រាំ​រស់​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ជាង​បី​ទសវត្សរ៍​ទៅ​ហើយ ដូច្នេះ​ពួកគេ​សក្ដិសម​នឹង​ទទួល​បាន​នូវ​សិទ្ធិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ចំពោះ​ការសម្រេច​ជោគវាសនា​ជាតិ​ដោយ​ខ្លួន​ឯង។ សំឡេង​របស់​ពលរដ្ឋ​កម្ពុជា ត្រូវ​បាន​គេ​បំបិទ។ សហរដ្ឋអាមេរិក មិន​អាច​អង្គុយ​ឱប​ដៃ​មើល​ការ​ជាន់​ឈ្លី​រដ្ឋធម្មនុញ្ញ​កម្ពុជា បែប​នេះ​ឡើយ”

​លោក​អះអាង​ថា លោក​នឹង​បន្ត​ការ​តស៊ូ​មតិ​លើ​រឿង​នេះ តាម​រយៈ​ក្រសួង​ការបរទេស​អាមេរិក សេត​វិមាន និង​តាម​រយៈ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ឈប់​ការ​រំលោភ​បំពាន​ទាំង​នេះ និង​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ មិន​ឱ្យ​សិទ្ធិ​នេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ ដោយ​អាជ្ញាធរ​អះអាង​ថា វា​ជា​បទល្មើស​ជាក់ស្ដែង ដោយ​សម្អាង​ទៅ​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​យប់​ថ្ងៃ​ទី​២ ខែ​សីហា ដោយ​មាន​រូប​លោក កឹម សុខា កំពុង​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី។

ក្នុង​វីដេអូ​នោះ លោក កឹម សុខា បាន​រៀបរាប់​ពី​ការ​តស៊ូ​រយៈពេល​ជាង ២០​ឆ្នាំ​របស់​លោក​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការ​តស៊ូ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ថា ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ការ​បោះ​ឆ្នោត​នោះ គឺ​កើត​ឡើង​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នក​ប្រឆាំង ដោយ​មាន​អ្នក​ជំនាញ និង​សាស្ត្រាចារ្យ​ពី​ប្រទេស​ប្រជាធិបតេយ្យ ដូច​សហរដ្ឋអាមេរិក ជួយ​ផ្ដល់​យោបល់។ ក៏ប៉ុន្តែ​ថា តើ​សំឡេង​នោះ​ជា​សំឡេង​កាត់​ត ឬ​យ៉ាង​ណា​នោះ? អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​បញ្ជាក់​ពី​លោក កឹម សុខា បាន​នៅ​ឡើយ ព្រោះ​លោក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ជា​ជន​ក្បត់​ជាតិ ហើយ​លោក​ក៏​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​ក្រុម​បាតដៃ​ទី​បី​ផង​ដែរ៖ «»។

​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ ក៏​បាន​ព្រមាន​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​កុំ​ឱ្យ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍​ករណី​នេះ ព្រោះ​វា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។

ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នេះ ត្រូវ​បាន​លោក ប្រ៊ែដ អាដាម (Brad Adams) ដែល​ជា​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រតិកម្ម​តប​វិញ​ថា អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​​អំពើ​ក្បត់​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាមួយ​បរទេស​នោះ គឺ ហ៊ុន សែន ខ្លួន​ឯង​ទៅ​វិញ​ទេ ព្រោះ​លោក​បាន​ពឹង​ពាក់​ប្រទេស​វៀតណាម និង​ចិន ដើម្បី​កាន់​អំណាច និង​បន្ត​កាន់​អំណាច​ដល់​ពេល​បច្ចុប្បន្ន៖ "យើង​ទាំង​អស់​គ្នា សុទ្ធតែ​ដឹងឮ​គ្រប់​គ្នា​ថា លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​ពី​ដំបូង ដោយសារ​រដ្ឋាភិបាល​វៀតណាម ជា​អ្នក​លើក​បន្តុប ហើយ​យើង​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ពឹង​វៀតណាម និង ចិន ដើម្បី​បន្ត​កាន់អំណាច​តាំង​ពី​ដើម​រហូត​ដល់​សព្វថ្ងៃ​នេះ។ ដូច្នេះ ខ្ញុំ​គិត​ថា បើ​គាត់​ឆ្លាត គាត់​គួរ​រិះរក​បទ​ចោទ​ណា​ឲ្យ​វា​ទំនង​ជាង​នេះ ដើម្បី​ចោទ​លោក កឹម សុខា។ បើ​ចោទ​បែប​នេះ គឺ​មិន​ខុស​អី​ពី​ចោទ​ខ្លួន​ឯង​នោះ​ទេ"

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​ថ្កោលទោស​លោក ហ៊ុន សែន និង​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​បន្ត​ថា អស់​រយៈពេល ៣៣​ឆ្នាំ​ហើយ​ដែល​លោក ហ៊ុន សែន ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើប្រាស់​តុលាការ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​លោក ហ៊ុន សែន បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងៗ។

​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ​ដែរ មន្រ្តី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក អារ៉េនដ៍ ស្វតចិស្ស (Arend Zwartjies) បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​៣ កញ្ញា ថា ស្ថានទូត​មាន​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​គួរ​ឱ្យ​គោរព​ម្នាក់។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​មួយ​ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​ដទៃ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​ពី​រឿង​នយោបាយ។

​ចំណែក​អ្នកនាំពាក្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) វិញ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី ថា អ្នកស្រី​បាន​ទាក់ទង​ទៅ​សហការី​រួច​រាល់​ហើយ​អំពី​ករណី​នេះ ហើយ​ខាង​អ្នកស្រី​នឹង​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live