អ្នកឃ្លាំមើលខាងកិច្ចការបរទេសបានវាយតម្លៃថា ទំនាក់ទំនងរវាងកម្ពុជា និងមហាអំណាចអាមេរិក កំពុងមានភាពរង្គោះរង្គើនេះ អាចដោយសារបញ្ហានយោបាយផ្ទៃក្នុង និងបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិជាដើម។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលកម្ពុជា ចាត់ទុកស្ថានការណ៍នយោបាយចុងក្រោយនេះគឺជាដំណើរការអនុវត្តន៍ច្បាប់តែប៉ុណ្ណោះ។
អ្នកសិក្សាស្រាវជ្រាវខាងផ្នែកកិច្ចការបរទេស លោក ឡុង គឹមឃន បានវិភាគថា វិបត្តិទំនាក់ទំនងកិច្ចការបរទេសរវាងកម្ពុជា និងអាមេរិក អាចជាការបង្ហាញសាច់ដុំរបស់កម្ពុជា ដើម្បីស្វែងរកការចរចាជាមួយប្រទេសលោកខាងលិច ឬសហគមន៍ អឺរ៉ុបដែលចង់លុបប្រព័ន្ធអនុគ្រោះពន្ធដល់ផលិតផលសំលៀកបំពាក់ដែលមានតម្លៃរាប់ពាន់លានដុល្លារ ខណៈកម្ពុជា បានឈានចូលដល់លំដាប់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
លោក ឡុង គឹមឃន បន្តថា បញ្ហាមួយទៀត គឺបញ្ហានយោបាយផ្ទៃក្នុង ខណៈរដ្ឋាភិបាលកម្ពុជា មានមន្ទិលសង្ស័យច្រើនទៅលើអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានមួយចំនួនថា ជាចារកម្មរបស់សហរដ្ឋអាមេរិក៖ «ចង់ ឬមិនចង់ យើងត្រូវទទួលស្គាល់ការពិតថា ប្រទេសមួយនិងមួយ ជាពិសេសរវាងប្រទេសធំ និងប្រទេសតូច គឺគេតែងមានភ្នាក់ងារចារកម្ម ឬភ្នាក់ងារសម្ងាត់របស់គេគ្រប់តែប្រទេសហ្នឹង គ្មានប្រទេសណាមួយដែលអត់ទេ។ ប៉ុន្តែអ្វីដែលសំខាន់តើយើងក្នុងនាមជាម្ចាស់ប្រទេស ហ្នឹងឯងអាចគ្រប់គ្រងនយោបាយសន្តិសុខជាតិរបស់ខ្លួនបានល្អប៉ុណ្ណានោះ»។
បញ្ហាទំនាក់ទំនងកិច្ចការបរទេសរវាងកម្ពុជា និងអាមេរិក ហាក់មានភាពមិនចុះសម្រុងគ្នាច្រើនរវាងប្រទេសទាំងពីរក្រោយពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បដិសេធលុបបំណុលដែលកម្ពុជា កំពុងជំពាក់ទាំងការទាំងដើមចំនួនជាង ៥០០លានដុល្លារកាលពីឆ្នាំ២០១៦។
បន្ទាប់មករដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក។ ក្រោយមកទៀត លោក ហ៊ុន សែន ពិចារណាឲ្យចៅប្រុសរបស់គាត់បោះបង់សញ្ជាតិអាមេរិកាំងចោល ដោយខ្លាចពីកាតព្វកិច្ចចូលបម្រើកងទ័ពនៅពេលអនាគត។ លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជា បានឈានទៅបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់អាមេរិក បិទស្ថាប័នវិទ្យុជិត ២០ស្ថានីយ ដែលផ្សាយបន្តព័ត៌មានវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ថែមទៀត។
ភាពចម្រូងចម្រាសនេះបានរញ្ជួយដល់សភាសហរដ្ឋអាមេរិក។ ប្រធានគណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក លោក អេដ រ៉យ (Ed Royce) កាលពីសប្ដាហ៍មុនបានហៅរបបដឹកនាំរបស់លោក ហ៊ុន សែន ថា ជារបបព្រៃផ្សៃដែលកំពុងសំដៅរកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យដែលនៅសេសសល់តិចតួច និងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យលើកស្ទួយតម្លៃប្រជាធិបតេយ្យនៅកម្ពុជា។ លោក អេដ រ៉យ អំពាវនាវឲ្យសហរដ្ឋអាមេរិក គាំទ្រប្រជាពលរដ្ឋខ្មែរ ហើយប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលកំពុងនាំប្រទេសធ្លាក់ទៅរបបផ្ដាច់ការ។
ភ្លាមៗក្រោយមក រដ្ឋាភិបាលទីក្រុងភ្នំពេញ បានចេញលិខិតចំហមួយវាយប្រហារធ្ងន់ៗទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន (Washington) ដោយចោទប្រកាន់ថា កំពុងធ្វើនយោបាយស្មោកគ្រោក និងព្រៃផ្សៃក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្នុងលិខិតចំហនេះបន្តថា កម្ពុជាបញ្ជាក់ថា ពលរដ្ឋខ្មែរយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យនេះ ហើយសហរដ្ឋអាមេរិក មិនចាំបាច់មកបង្គាប់បញ្ជាពួកគេថា ត្រូវធ្វើអ្វីនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវខាងកិច្ចការបរទេស លោក ឡុង គឹមឃន ព្រមានថា ប្រសិនបើវិបត្តិទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅបន្តកើតមានទៀតនោះ កម្ពុជានឹងជួបហានិភ័យខាងផ្នែកពាណិជ្ជកម្មរបស់ខ្លួនធ្ងន់ធ្ងរ៖ «ឥឡូវបើស្រាប់តែគេបិទទីផ្សាររបស់គេមិនអោយយើងនាំចូលសំលៀកបំពាក់តែម្ដង កុំថាឡើយលុបចោលនូវកូតាក្នុងការនាំចេញសំលៀកបំពាក់ដោយមិនបង់ពន្ធ។ បើគេបិទទីផ្សារហ្នឹងចោលយើងប៉ះពាល់ធ្ងន់ ហើយយើងដំណាំកសិកម្មមួយចំនួនមិនអាចបង្វែរនាំទៅចិន បានទេ ពីព្រោះមែនទែនទៅ កសិកម្មនៅចិន ឯណោះគេសល់ផលិតផលកសិផលសម្បើមលើសលប់ ហើយចិន រកតែកន្លែងលក់ចេញមិនបានផង។ នៅជប៉ុន ក៏ដូចគ្នា ហើយយើងក៏មិនអាចនាំផលិតផលកសិកម្មយើងទៅលក់នៅថៃ ឬនៅវៀតណាម អីទេ ពីព្រោះផលិតផលកសិកម្មគេវាច្រើនសម្បើមលើសលប់ដល់ថ្នាក់យកចាក់គរក្នុងស្រុកខ្មែរនេះឯង»។
ការនាំចេញលំលៀកបំពាក់ទៅលក់នៅសហរដ្ឋអាមេរិក ជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដ៏ធំ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានកម្មករជាង ១,១លាននាក់ ហើយមានរោងចក្រជាង ១.៦០០ កំពុងដំណើរការក្នុងប្រទេស។
ចាប់តាំងពីឆ្នាំ២០១៣ មក កម្ពុជាបាននាំចេញសំលៀកបំពាក់ដែលមានតម្លៃជាង ៧ពាន់លានដុល្លារ ទៅលក់នៅទីផ្សារអាមេរិក ដោយសារមានការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់។ ប៉ុន្តែកម្ពុជា ក៏កំពុងស្វែងរកការអនុគ្រោះពន្ធនាំផលិតផលស្បែកជើងទៅលក់ក្នុងប្រទេសលោកខាងលិចនេះទៀត។
ប៉ុន្តែលោក កាំង ម៉ូនីកា ដែលជាអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរបានប្រាប់សមាគមពិព័រណ៍ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្ពុជា កាលពីខែកក្កដា ថា ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងរដ្ឋាភិបាលកម្ពុជា បានព្យាយាមស្នើសុំសហរដ្ឋអាមេរិក អនុគ្រោះពន្ធនាំចេញផលិតផលស្បែកជើងទៅលក់នៅសហរដ្ឋអាមេរិក ខណៈអាមេរិក នឹងធ្វើការផ្ទៀងផ្ទាត់ប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនឡើងវិញ។ លោកបន្តថា ចាប់តាំងពីឆ្នាំ១៩៧៤ មក សហរដ្ឋអាមេរិកផ្ដល់ការអនុគ្រោះពន្ធខាងផ្នែកសំលៀកបំពាក់ប៉ុណ្ណោះ ដល់បណ្ដាប្រទេសក្រីក្រមួយចំនួនក្នុងពិភពលោក រួមទាំងកម្ពុជា ហើយសហរដ្ឋអាមេរិក នឹងពិចារណាក្នុងការផ្ដល់ការអនុគ្រោះពន្ធលើផលិតផលស្បែកជើងថែមទៀត។ លោកបន្តថា រដ្ឋាភិបាលក្រុងភ្នំពេញ បានស្នើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ពិចារណាក្នុងការអនុគ្រោះពន្ធផលិតផលស្បែកជើងដល់កម្ពុជាដែរ។
ប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលកម្ពុជា មកលើស្ថាប័នមួយចំនួនរបស់អាមេរិក ក្នុងរយៈពេលចុងក្រោយនេះ អាចជាល្បិចយកលេសដេញស្ថាប័នទាំងនោះជាថ្នូរនឹងការចរចាសុំឲ្យអាមេរិក អនុគ្រោះពន្ធខាងផលិតផលស្បែកជើង។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលប្រើយុទ្ធសាស្ត្របែបនេះមែន ហើយបរាជ័យនោះ វាគឺជាគ្រោះមហន្តរាយផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា៖ «អាចជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចង់ចរចាជាមួយសហរដ្ឋអាមេរិក ដោយយកលេសថា ប្រសិនបើចង់អោយកម្ពុជា វិលទៅរកសភាពការណ៍ដូចដើមវិញ គឺអាមេរិក អាចផ្ដល់នូវការ៉ុតមួយ គឺការ៉ុតនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធខាងផ្នែកស្បែកជើងនេះឯង។ ប្រសិនបើយើងយកយុទ្ធសាស្ត្រហ្នឹងទៅប្រើជាមួយអាមេរិក ហើយអាមេរិក គេមិនអើពើវាជាបរាជ័យធ្ងន់ធ្ងរ ហើយនាំមកនូវគ្រោះថ្នាក់ដ៏ធំ»។
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ព្រមានថា កម្ពុជានឹងជួបភាពចលាចលក្នុងប្រទេសប្រសិនបើសហរដ្ឋអាមេរិក ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលសំលៀកបំពាក់ទៅលក់នៅអាមេរិក។
លោកបន្តថា ប្រសិនបើរោងចក្រទាំងឡាយនៅកម្ពុជា ត្រូវបានបិទទ្វារលែងដំណើរការ នោះកម្មករជាងមួយលាននាក់នឹងគ្មានការងារធ្វើ ពេលនោះសេដ្ឋកិច្ចរបស់ប្រទេសនឹងស្រុតចុះជាខ្លាំង ហើយបើទោះបីរដ្ឋាភិបាលយកខ្ទង់ចំណូលពីការលក់ធនធានធម្មជាតិក៏មិនអាចទប់ទល់ទៅរួចដែរ៖ «រាល់ថ្ងៃហ្នឹងយើងលក់កេរ្តិ៍ស៊ីទេ។ ប្រទេសកម្ពុជា គ្មានចំណូលអីជាដុំកំភួនទេ។ សូម្បីកម្លាំងពលកម្មរបស់យើងក៏ចេញទៅក្រៅប្រទេសអស់ដែរ។ ដូច្នេះយើងអត់មានអីដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ជាតិទេ ហើយបើយើងកេរ្តិ៍ជិតអស់ហើយ ហើយយើងនាំគ្នាទៅផ្ដាច់ទំនាក់ទំនងជាមួយអាមេរិកទៀត អាហ្នឹងវាអត់ល្អប៉ុន្មានវានឹងជួបហានិភ័យខ្លាំងណាស់»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលចោទប្រកាន់ទាំងនេះ។ លោកបន្តថា កម្ពុជាគ្មានបំណងណាមួយធ្វើខូចទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនេះទេ៖ «ហេតុដូច្នេះហើយខ្ញុំយល់ថា អាមេរិកដែលជាប្រទេសមហាអំណាចកម្ពុជា អត់មានចង់រត់ប្រណាំងសព្វាវុធអីជាមួយអាមេរិកទេ។ ហេតុដូច្នេះហើយគ្មានលក្ខណៈណាមួយដែលចោទថា អាមេរិកហ្នឹងចង់កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលសំលៀកបំពាក់ កាត់ដេរ ឬស្បែកជើងរបស់កម្ពុជា នោះទេ។ អានេះវាគ្រាន់តែជាបន្លាចស្មារតីរបស់ប្រជាជនកម្ពុជា ប៉ុណ្ណោះ»។
ប៉ុន្តែកាលពីដើមសប្ដាហ៍នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យសហរដ្ឋអាមេរិក បំពេញកាតព្វកិច្ចអនុវត្តប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងឲ្យបានយ៉ាងតិច ៩៧% ក្នុងលក្ខខណ្ឌពន្ធគយសេរី ឬកូតាសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ គិតមកត្រឹមឆ្នាំ២០១៧ នេះសហរដ្ឋអាមេរិក បានផ្ដល់នូវការអនុគ្រោះពន្ធដល់កម្ពុជា បានត្រឹមតែ ៨២,៦% ប៉ុណ្ណោះ។ ភាគីអាមេរិក បានស្នើឲ្យកម្ពុជា ពិនិត្យឡើងវិញនូវមុខទំនិញដែលខ្លួនទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក និងស្នើឲ្យក្រសួងពាណិជ្ជកម្ម ចូលរួមពិនិត្យបន្ថែមលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងសេចក្ដីព្រាងច្បាប់ស្ដីពីការដោះស្រាយវាទ។
ទោះបីជាមានការវិភាគជាច្រើនថា ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលកម្ពុជា មកលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាមេរិក និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដើម្បីដោះដូរទៅនឹងការចរចាស្វែងរកប្រព័ន្ធអនុគ្រោះពន្ធនាំចូលផលិតស្បែកជើងទៅលក់នៅទីផ្សារអាមេរិក ក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) យល់ផ្ទុយទៅវិញ។
លោកថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះ គឺជាការប្រឹងប្រែងយកឈ្នះលើការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ខណៈគណបក្សមួយនេះបានបាត់អាសនៈរបស់ខ្លួនជាច្រើនកាលពីឆ្នាំ២០១៣ និងការបាត់បង់តំណែងមេឃុំ និងចៅសង្កាត់រាប់រយអាសនៈកាលពីខែមិថុនា ឆ្នាំ២០១៧។
លោក ហ្វីល រ៉ូប៊ឺតសុន បន្តថា ការខកចិត្តរបស់លោក ហ៊ុន សែន ចំពោះលទ្ធផលឆ្នោតទាំងនេះហើយ បានជំរុញឲ្យលោកធ្វើការកែប្រែច្បាប់បោះឆ្នោតម្ដងហើយម្ដងទៀតក្នុងបំណងរំលាយគណបក្សប្រឆាំង៖ «នៅចុងឆ្នាំ២០១៧ និង២០១៨ នេះយើងឃើញកម្ពុជា កំពុងសំដៅទៅរករបបផ្ដាច់ការដែលដឹកនាំដោយគណបក្សតែមួយយ៉ាងពិតប្រាកដ។ លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសដោយគ្មានតុល្យភាពអំណាច។ យើងឃើញមានការរឹតត្បិត និងការបំភិតបំភ័យក្រុមអង្គការសង្គមស៊ីវិលតាមរយៈច្បាប់គ្រប់គ្រងអង្គការ និងសមាគមជាដើម។ លោក ហ៊ុន សែន នឹងបន្តធ្វើដូច្នេះទៀតរហូតដល់អាចបណ្ដេញអង្គការទាំងអស់នោះចេញប្រទេសបានទាំងស្រុងតែម្ដង ប្រសិនគ្មានសហគមន៍អន្តរជាតិក្រោកឈរតតាំងនឹងទង្វើទាំងនេះ»។
ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិញថ្លែងថា ទំនាក់ទំនងរវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងសហរដ្ឋអាមេរិក មិនសូវល្អជាមួយគ្នាជាយូរមកហើយ ដោយសារតែសហរដ្ឋអាមេរិក ទាមទារឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងបើកឲ្យមានលំហសេរីភាពផ្នែកនយោបាយដល់ពលរដ្ឋរបស់ខ្លួន។ លោកបន្តថា ក្រៅពីការធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះ ជាក់ស្ដែងគេក៏ឃើញមានអ្នកទោសមនសិការប្រមាណ ២០នាក់ដែលសុទ្ធសឹងតែជាសកម្មជនតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារយ៉ាងវេទនា។
លើសពីនេះ រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការយ៉ាងមានប្រសិទ្ធភាពចាត់ការទៅលើមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ឲ្យឃ្លាតឆ្ងាយពីការចូលរួមប្រឡូកនយោបាយនៅក្នុងប្រទេស ថែមទៀត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា កត្តាទាំងអស់នេះហើយដែលធ្វើឲ្យកម្ពុជា មិនមានឈ្មោះល្អក្នុងឆាកអន្តរជាតិ ហើយធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្ដាប្រទេសលោកសេរីមិនសូវមានភាពរលូនដែលនាំឲ្យប្រជាជាតិមួយនេះ ខាតបង់ផលប្រយោជន៍នៃឱកាសសេដ្ឋកិច្ចសំខាន់ៗជាច្រើន។
ស្ថានទូតសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបដិសេធចំពោះព័ត៌មានថា សហរដ្ឋអាមេរិករៀបចំគម្រោងផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ មន្ត្រីស្ថានទូតអាមេរិក បញ្ជាក់ថា កម្មវិធីរបស់សហរដ្ឋអាមេរិក នៅកម្ពុជា គឺមានគោលដៅក្នុងជួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងការផ្ដល់ឱកាសដល់ពលរដ្ឋគ្រប់ៗគ្នា។
ស្ថានទូតក៏បានចោទជាសំណួរចំពោះការបិទអង្គការអន្តរជាតិអាមេរិក នៅកម្ពុជា ថាតើកម្ពុជា មានការប្ដេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរ ឬទេ? កម្ពុជាជាអ្នកសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។