Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សហគមន៍​នៅ​ក្រចេះ​បារម្ភ​រឿង​ជនជាតិ​វៀតណាម​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ

$
0
0

សហគមន៍​រស់​នៅ​ឃុំ​សំបុក ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ បារម្ភ​បទល្មើស​នេសាទ កើត​មាន​នៅ​រដូវ​បិទ​នេសាទ។ សហគមន៍​ថា ជនជាតិ​វៀតណាម បាន​ប្រើ​ឧបករណ៍​ឆក់​ទំនើប​ទាំង​យប់​ថ្ងៃ​នៅ​តំបន់​ត្រី​ពង​កូន ពុំ​ឃើញ​អាជ្ញាធរ​ណា​ចេញ​មុខ​ទប់ស្កាត់​ទេ បើ​ទោះ​បី​ជា​សហគមន៍​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ក្ដី។

សហគមន៍​ព្រែកកាំពីរ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ពី​មនុស្ស​មួយ​ក្រុម​នៅ​មូលដ្ឋាន ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម តែង​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​តំបន់​ត្រី​ពង​កូន និង​អន្លង់​អភិរក្ស​ផ្សោត អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សំបុក​ត្រី​មេ​ពូជ និង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ផ្សោត។

សហគមន៍​រស់​នៅ​ឃុំ​សំបុក លោក ឈ្នៀង លន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ថា មនុស្ស​មួយ​ក្រុម​មាន​លំនៅ​ក្នុង​មូលដ្ឋាន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម បាន​ចាប់​យក​របរ​នេសាទ​ខុស​ច្បាប់​ចិញ្ចឹម​ជីវិត បាន​លួច​នេសាទ​នៅ​រដូវ​បិទ​នេសាទ ដោយ​មិន​ខ្លាច​រអា​សមត្ថកិច្ច​នោះ​ទេ រី​ឯ​កិច្ច​សហការ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​នៅ​ខ្សោយ​នៅ​ឡើយ។ លោក​បារម្ភ​ថា បទល្មើស​ឆក់​ត្រជាក់​ដែល​ជនល្មើស​ប្រើ​ក្នុង​បំណង​ចាប់​ត្រី ក៏ប៉ុន្តែ​តំបន់​ទាំង​នោះ គឺ​ជា​តំបន់​ឆ្លងកាត់​យ៉ាង​សំខាន់​របស់​សត្វ​ផ្សោត អាច​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​ផ្សោត។

លោក​កត់សម្គាល់​ថា ក្រុម​ជនល្មើស​មុខ​ដដែលៗ ដែល​អ្នក​ភូមិ​ស្គាល់​ជា​សាធារណៈ​នៅ​មូលដ្ឋាន បើសិនជា​សមត្ថកិច្ច​ជំនាញ​មាន​ឆន្ទៈ​ស្វែង​រក​អនុវត្ត​ច្បាប់ និង​អប់រំ​ឲ្យ​បញ្ឈប់​គ្មាន​អ្វី​ពិបាក​ទេ៖ «វា​មាន​ជនជាតិ​វៀតណាម នៅ​មាត់​កាំពីរ ពួក​ហ្នឹង​ក៏​ខ្លាំង​ដែរ ដើរ​ឆក់​ត្រី​ពេញ​ហ្នឹង នៅ​ឃុំ​វឌ្ឍនៈ មួយ នៅ​ឃុំ​សំបុក ដូច​មិន​ឃើញ​មាន​អ្នក​ទប់ស្កាត់​សោះ អត់​មាន​សោះ​តែម្ដង បើ​ថា​នៅ​តែ​អ៊ីចឹង ពីរ​ឆ្នាំ និង​បី​ឆ្នាំ​ទៀត ចង់​អស់​ផ្សោត»

តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រី​មេ​ពូជ​ព្រែក​កាំពីរ ឋិត​នៅ​ដង​ទន្លេ​មេគង្គ​នៃ​ស្រុក​សំបូរ ខែត្រ​ក្រចេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កំណត់​ជា​តំបន់​អភិរក្ស និង​បែង​ចែក​ជា​តំបន់​ស្នូល កាល​ពី​ឆ្នាំ​២០១២។ តំបន់​នោះ​សំបូរ ដោយ​ជម្រក​ត្រី​ពង​កូន និង​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី​ផ្សោត ដែល​មាន​ក្រសួង​កសិកម្ម  និង​មន្ត្រី​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ស្នូល មាន​តួនាទី​ធានា​កិច្ច​គាំពារ​បរិស្ថាន និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ។ ក្រៅ​ពី​នេះ ក៏​មាន​ឆ្មាំ​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ប្រចាំការ​នៅ​ទី​នោះ ដែល​មាន​ការ​គាំទ្រ​ថវិកា​អភិរក្ស​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​អនុ​ប្រធាន​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​នៅ​តែ​កើត​មាន ក៏ប៉ុន្តែ​ឆ្មាំ​អភិរក្ស​របស់​រដ្ឋបាល​ជលផល តែងតែ​ចុះ​បង្ក្រាប​ជា​ហូរហែ និង​ចាប់​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​ច្រើន​ករណី។ លោក​ថា ជនសង្ស័យ​ហាក់​មាន​បណ្ដាញ​ដឹង​មុន ខណៈ​ដែល​មាន​ក្រុម​ល្បាត​ចុះ​ទៅ​បង្ក្រាប ជនសង្ស័យ​តែង​រត់​គេច​ខ្លួន​បាត់។ បញ្ហា​នេះ​លោក​អំពាវនាវ​ពលរដ្ឋ អាជ្ញាធរ​ដែនដី នគរបាល និង​សហគមន៍​នេសាទ​ត្រូវ​រួម​គ្នា​ផ្ដល់​ដំណឹង​មក​មន្ត្រី​ជំនាញ ពី​បទល្មើស​នេសាទ​នៅ​មូលដ្ឋាន ដើម្បី​រួម​គ្នា​អភិរក្ស​ត្រី និង​ផ្សោត​នៅ​ទន្លេ​មេគង្គ​ឲ្យ​គង់វង្ស៖ «វេទិកា​សាធារណៈ ក៏​ដូចជា​ពេល​ប្រជុំ​បណ្ដាញ​សហគមន៍ និង​ប្រជាពលរដ្ឋ តែ​សំណូមពរ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ជាពិសេស​គឺ​សហគមន៍​នេសាទ​ដើម្បី​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ដែល​ពួកគាត់​ពិនិត្យ​ជាក់ស្ដែង​ឃើញ​សកម្មភាព​ល្មើស​ដូចជា មាន​ការ​ដាក់​មង​ក្នុង​អន្លង់​អភិរក្ស ឬ​មាន​ការ​លួច​ឆក់​ត្រី»

មេ​ឃុំ​សំបុក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែងតាំង​ថ្មី លោក ទុយ សុវណ្ណា ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ពុំ​មាន​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​សម្រាប់​ទ្រទ្រង់​ដំណើរការ​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ​នៅ​នោះ​ទេ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ឃុំ មាន​ផែនការ​បណ្ដុះបណ្ដាល​សហគមន៍​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ជលផល ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ឃុំ​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ណា​ដែល​ពាក់ព័ន្ធ​នេសាទ​ខុស​ច្បាប់​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ នឹង​ឈាន​ដាក់​ទណ្ឌកម្ម​ច្បាប់​ប្រសិន​មិន​រាងចាល៖ «ពលរដ្ឋ​ឲ្យ​ដំណឹង​មក យើង​ហៅ​ពួក​ប្រព្រឹត្ត​បទល្មើស​ប្រហែល ១០​នាក់​ហៅ​មក​ធ្វើ​កិច្ចសន្យា»

រដូវ​បិទ​នេសាទ​ចាប់ផ្ដើម​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា។ ក្នុង​ចន្លោះ​ពេល​នេះ គេ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នេសាទ​នៅ​តំបន់​ស្នូល ឬ​តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រី​មេ​ពូជ​នោះ​ទេ  តែ​គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ដូចជា មង មិន​លើស​ពី ២០០​ម៉ែត្រ សន្ទូច លប ដាក់ឡុក​ជាដើម ដែល​មិន​ឋិត​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ  ឬ​ហៅ​ថា តំបន់​ស្នូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ជា សុផារ៉ា សន្យា​ដោះស្រាយ​បញ្ហា​ដី​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករស​ចំនួន​៣ខេត្ត

$
0
0

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ទទួល​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​នៅ​ទីស្ដីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា។

លទ្ធផល​កិច្ចប្រជុំ​រវាង​ក្រសួង​ចំនួន​៤ ស្ដីពី​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ សម្រេច​ថា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ទទួល​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​៣ មាន​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ដែល​មក​រង់ចាំ​ស្តាប់​លទ្ធផល​នៅ​ទីស្ដីការ​ក្រសួង​ផ្ទាល់ ឲ្យ​ចូលរួម​សហការ​ដោយ​ប្រមូល​យក​ឯកសារ​ដែល​ពាក់ព័ន្ធ ដាក់​ទៅ​សាលា​ស្រុក​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ការ​ដោះស្រាយ៖ «»

ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ ខាង​ក្រសួង​រៀបចំ​ដែនដី សម្រេច​ប្រគល់​ទៅ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​នីមួយៗ​ជា​អ្នក​ដោះស្រាយ។ ប្រធាន​មន្ទីរ​ទាំង​បី​ខេត្ត នឹង​សម្របសម្រួល​ក្នុង​ការ​បំពេញ​ទម្រង់​បែបបទ និង​ធ្វើ​អត្តសញ្ញាណកម្ម​ប្រជាពលរដ្ឋ និង​ទីតាំង​ដែល​ពាក់ព័ន្ធ​ក្នុង​រយៈពេល ៣០​ថ្ងៃ។

ការ​បំពេញ​ទម្រង់​បែបបទ​សម្រាប់​ពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង ៣​ខេត្ត គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​សាលា​ស្រុក​រៀងៗ​ខ្លួន មាន​សាលា​ស្រុក​ឱរ៉ាល់ ក្នុង​ខេត្ត​កំពង់ស្ពឺ ស្រុក​ស្រែអំបិល ក្នុង​ខេត្ត​កោះកុង ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ឺង ដែល​បាន​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ថ្លែង​ថា ពលរដ្ឋ​មាន​សង្ឃឹម​ច្រើន​ដែល​បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ផ្ទាល់​បែប​នេះ។ ទោះ​យ៉ាង​ណា ពលរដ្ឋ​ហាក់​នៅ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ចំពោះ​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង៖ «»

លោកស្រី ផាវ ញ៉ឺង បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​ពលរដ្ឋ​ដែល​ប៉ះពាល់​ចំនួន ១៥​គ្រួសារ​មាន​ឯកសារ​គ្រប់គ្រាន់ ដោយឡែក​តែ​ពលរដ្ឋ​ចំនួន ១៤៥​គ្រួសារ​ផ្សេង​ទៀត​មិន​មាន​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់។

ក្រុម​ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​នេះ គឺ​ជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ និង​អតីត​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​២០០៦។

ទោះ​យ៉ាង​ណា ក្រុម​ពលរដ្ឋ​នឹង​ជួបជុំ​គ្នា​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា នេះ នៅ​ទី​ព្រះអង្គ​ដងកើ ដើម្បី​ធ្វើ​ការ​ថ្លែង​អំណរគុណ និង​ជូនពរ​ទៅ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង

$
0
0

ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ដែល​ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បណ្ដើរៗ ក្រោយ​ពី​ប្រជា​សហគមន៍ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ចាប់​ដៃ​គ្នា​អភិរក្ស​ព្រៃឈើ និង​ដាំ​កូន​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​តំបន់​នោះ។ ទោះ​ជា​យ៉ាង​ណា សហគមន៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ក្តី​សុបិន​ក្លាយ​ជា​ការពិត​ទាំង​ស្រុង។

រមណីយដ្ឋាន​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ឬ​ហៅ​ថា សហគមន៍​ព្រៃឈើ​ព្រៃ​ចម្ការ​កូន​គគីរ​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ក្រុង​បាវិត និង​មាន​ចម្ងាយ​ប្រមាណ​ជិត ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្វាយរៀង។

ទេសភាព​នៅ​ទី​នេះ គឺ​មាន​ស្ពានឈើ​ចូល​ទៅ​ក្នុង​ព្រៃ​អាកាស្យា ដែល​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​ស្កឹមស្កៃ មាន​កូន​ឈើ​ប្រណិត​ជា​ច្រើន​ប្រភេទ និង​មាន​ថូ​ផ្កា​រីក​ស្រស់​តូច​ធំ​ជា​ច្រើន​ត្រូវ​គេ​ចង​ព្យួរ​ជា​ខ្សែ​ហូរហែ​ក្នុង​រមណីយដ្ឋាន។ ក្រៅ​ពី​នេះ មាន​ស្រះ​ទឹក​ធម្មជាតិ មាន​កន្លែង​អង្គុយលេង និង​ទទួល​ទាន​អាហារ​បែប​ធម្មជាតិ​ទៀត​ផង ដែល​ទើប​នឹង​បើក​ដំណើរការ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មិន​ទាន់​ល្បី​រន្ទឺ​លេចឮ​សុះសាយ​ខ្លាំង​ឡើយ។ ថ្វីត្បិតតែ​ទិដ្ឋភាព​ទាំង​នេះ​នៅ​មិន​ទាន់​ទាក់ទាញ​ខ្លាំង​ប៉ុន្មាន​ក្ដី ប៉ុន្តែ​ព្រៃ​សហគមន៍​កូន​គគីរ ដែល​គាំទ្រ​ដោយ​អង្គការ​សន្តិ​សេនា និង​អាជ្ញាធរ​ពាក់ព័ន្ធ មាន​ជំនឿ​ថា ទី​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បី​មួយ​ប្រចាំ​ខេត្ត​ស្វាយរៀង នៅ​ពេល​ខាង​មុខ។

ប្រធាន​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ គឺ​ព្រះតេជព្រះគុណ ឈឹង តុំ មាន​ថេរដីកា​ថា បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​មក​កម្សាន្ត​នៅ​ទី​នេះ​ជា​បន្តបន្ទាប់។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​សហគមន៍​មាន​កម្លាំង​ចិត្ត​ខិតខំ​ការពារ​ព្រៃឈើ និង​ដាំ​ដុះ​កូន​ឈើ​ប្រណិត​បន្ថែម​ទៀត ក្នុង​បំណង​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ផង សម្រាប់​ផ្ដល់​អនុផល​ព្រៃឈើ​ដូចជា​ផ្សិត​ដល់​ប្រជា​សហគមន៍​ផង និង​ទុក​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង៖ «»។

ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​នេះ មាន​ផ្ទៃដី ៤០៤​ហិកតារ គ្របដណ្ដប់​លើ​ភូមិ​ចំនួន​៥ ក្នុង ៤​ឃុំ-​សង្កាត់។

ប្រធាន​គម្រោង​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សន្តិ​សេនា លោក អ៊ិច សារ៉ាន មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​គាំទ្រ​បច្ចេកទេស​ជា​ច្រើន​ដល់​សហគមន៍ ដើម្បី​ឲ្យ​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ៖ «»។

​បច្ចុប្បន្ន​មនុស្សម្នា​បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ​ក៏​ងាក​ទៅ​រក​ធម្មជាតិ​វិញ ដោយ​សូម្បី​តែ​នៅ​តាម​ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​នានា​ទាំង​នៅ​ក្នុង​ទីក្រុង និង​ជនបទ​ជាដើម គេ​ខំ​ច្នៃប្រឌិត​បង្កើត​ព្រៃភ្នំ​ដង​អូរ​សិប្បនិមិត្ត​ដើម្បី​ជា​ការ​ទាក់ទាញ ខណៈ​ដែល​ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ ជាក់ស្ដែង​ហាក់​ត្រូវ​បាន​បាត់បង់​បន្តិច​ម្ដងៗ។

លោក អ៊ិច សារ៉ាន លើក​ឡើង​ដែរ​ថា  ប្រសិនបើ​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​នេះ​អាច​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ពេល​ខាង​មុខ នោះ​ប្រជាពលរដ្ឋ​លើស​ពី ៥​ភូមិ ដែល​រស់​នៅ​ព័ទ្ធជុំវិញ​ព្រៃ​សហគមន៍ នឹង​អាច​ទាញ​យក​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​ផ្គត់ផ្គង់​បន្លែ ត្រី​សាច់​ធម្មជាតិ និង​លក់​វត្ថុ​អនុស្សាវរីយ៍៖ «»។

ប្រជា​សហគមន៍​ចម្ការ​កូន​គគីរ លោក អ៊ិន លី លើក​ឡើង​ថា ក្រោយ​អភិរក្ស​ព្រៃ​ក្នុង​សហគមន៍​នោះ​គឺ​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ អាច​រក​បាន​ចំណូល​បាន​គួរ​សម​ពី​ការ​ដើរ​បេះ​ផ្សិត​ក្នុង​ព្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព។ លើស​ពី​នេះ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នឹង​កាន់​តែ​ត្រេកអរ​ប្រសិនបើ​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ព្រោះ​ពួកគាត់​នឹង​មាន​ឱកាស​ចិញ្ចឹម​ជ្រូក មាន់ ត្រី សាច់ និង​ដាំ​បន្លែ​ផ្លែឈើ​ឡើង​វិញ​សម្រាប់​ផ្គត់ផ្គង់​ដល់​សហគមន៍ ដើម្បី​លក់​បន្ត​ដល់​ភ្ញៀវ​ទេសចរ។ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ភាគ​ច្រើន​នៅ​តំបន់​នោះ បាត់​បង់​មុខ​របរ​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ ដោយសារ​តែ​មាន​ការ​នាំចូល​ម្ហូប​អាហារ និង​ទំនិញ​មិន​ប្រក្រតី​ជា​ច្រើន​ពី​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជា៖ «»។

​ចៅសង្កាត់​បាទី លោក ចាន់ សារ៉ុន ថ្លែង​ថា លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​យ៉ាង​ណា​នោះ​ទេ ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ព្រោះ​ថា ទើប​តែ​ដាក់​អោយ​ដំណើរការ។ លោក​អះអាង​ថា ខាង​អាជ្ញាធរ​គាំទ្រ​គម្រោង​នេះ​ជានិច្ច។

​ប្រធាន​គម្រោង​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សន្តិ​សេនា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​បន្ត​ពី​អ្វី​ដែល​អង្គការ​បាន​ជួយ និង​សហគមន៍​កំពុង​មាន​ស្រាប់ ដើម្បី​ឲ្យ​ផែនការ​អភិវឌ្ឍន៍​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ឆាប់​រហ័ស៖ «»។

​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​យល់​ឃើញ​របស់​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល និង​នាយក​រដ្ឋបាល​សាលា​ខេត្ត​ស្វាយរៀង លោក រស់ ផារិទ្ធ បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយ​លើក​ឡើង​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ក្រុម​ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រសិនបើ​ក្ដី​ប្រាថ្នា​នៃ​ការ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ក្លាយ​ជា​ការពិត​នោះ វា​នឹង​បង្កើត​ការងារ​ក្នុង​តំបន់ និង​បង្កើន​ចំណូល​ពលរដ្ឋ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​កោះ​ហៅ​ពលរដ្ឋ​៣​នាក់​ដែល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​សេសាន​ក្រោម​ពីរ

$
0
0

ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៣​នាក់ ត្រូវ​បាន​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង កោះ​ហៅ​ចូល​ស្រាយ​បំភ្លឺ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ដីកា​នេះ​ថា​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​តែង​តវ៉ា​ទាមទារ​ដីធ្លី និង​សិទ្ធិ​រស់នៅ ខណៈ​ភូមិឋាន​ពួក​គាត់​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ក្បាលរមាស​ចាស់ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ៣​នាក់​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​ស្រាយ​បំភ្លឺ​យ៉ាង​ណា​ទេ ហើយ​ពួក​គាត់​កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ផ្នែក​ច្បាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស។

តំណាង​អយ្យការ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង លោក គឹម ហុងសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ដីកា​កោះ​ហៅ​ពលរដ្ឋ​ចូល​ស្រាយ​បំភ្លឺ​នេះ ដោយ​មាន​ពាក្យ​បណ្តឹង​របស់​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ ដែល​ចោទ​ថា​អ្នក​ទាំងនោះ​ប្រឆាំង​រាជការ​សាធារណៈ។ លោក​បញ្ជាក់​ថា ដើម​បណ្តឹង គឺ​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​ខែត្រ«យើង​និយាយ​ថា កម្លាំង​សមត្ថកិច្ច​ដែល​គាត់​ប្រចាំ​ការ​នៅ​ទី​ហ្នឹង គាត់​ប្រឆាំង​រាជការ​សាធារណៈ ម៉្លេះ​ហើយ​គាត់​កសាង​សំណុំ​រឿង​ឡើង​មក យើង​គ្រាន់​តែ​កោះ​ហៅ​គាត់​មក​បំភ្លឺ​ទេ អត់​មាន​យក​នេះ​ទេ»

ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ បាន​សម្រេច​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ព្នង ៣​នាក់ រស់នៅ​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ចូល​ស្រាយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ព្នង ម្នាក់​ដែល​អយ្យការ​កោះ​ហៅ​កញ្ញា ជឿន ស្រីម៉ុម វ័យ ២១​ឆ្នាំ ហាក់​មិន​ភ័យ​ព្រួយ​ចំពោះ​ដីកា​នេះ​ទេ ហើយ​សហគមន៍​ដែល​បដិសេធ​មិន​ទទួល​សំណង​ជាង ១០០​គ្រួសារ​រស់នៅ​ភូមិ​ក្បាលរមាស និង​ឃុំ​ស្រែគរ នឹង​លើក​គ្នា​ទៅ​ស្រាយ​បំភ្លឺ​រួម​គ្នា ព្រោះ​ពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ពុំ​មែន​កើត​មាន​តែ​ចំពោះ​មនុស្ស ៣​នាក់​ទេ«អាជ្ញាធរ​ណា​ដែល​ពាក់ព័ន្ធ ពេល​និយាយ​បែរ​ជា​ចោទ​យើង​មាន​ន័យ​ថា គេ​រំលោភ​ខ្ញុំ​រួច​ហើយ គេ​ចោទ​យើង​ទៀត។ គេ​មិន​គួរ​ធ្វើ​ចឹង​ដាក់​ពលរដ្ឋ​ទេ បើ​គ្រាន់​បើ ជនល្មើស​ក្នុង​ព្រៃ​ទៅ​ទប់ស្កាត់​ទៅ»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី​ទូរស័ព្ទ​ចូល ក៏ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ជាង ២០​នាក់​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ដោយ​គ្រាន់​តែ​អប់រំ​ណែនាំ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​សារភាព​ថា ពួក​គេ​ធ្វើ​ដំណើរ​ពី​ខែត្រ​មណ្ឌលគិរី ទៅ​ភូមិ​ក្បាលរមាស ដោយសារ​បុរស​ឈ្មោះ ដាំ សំណាង កៀរគរ​សហគមន៍​របស់​ពួក​គាត់​ឲ្យ​ចូលរួម​សកម្មភាព​ជាមួយ​អ្នក​ភូមិ​ក្បាលរមាស ហើយ​ផល​ប្រយោជន៍ ពួក​គាត់​នឹង​បាន​ដីធ្លី​នៅ​តំបន់​នោះ។ លោក​ថា ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​រួច បាន​ដោះលែង​ពលរដ្ឋ​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ លើកលែង​តែ​ប្រធាន​ក្រុម សមត្ថកិច្ច​នឹង​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​ច្បាប់«សមត្ថកិច្ច​សាកសួរ​នេះ គាត់​បាន​សារភាព​ថា លោក ដាំ សំណាង ដែល​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្បាលរមាស បាន​ទៅ​កៀរគរ​គាត់ សហគមន៍​គាត់​ឲ្យ​មក​ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព ហើយ​ផល​ប្រយោជន៍​នឹង​បាន​ដីធ្លី​នៅ​ឃុំ​ស្រែគរ​ចាស់។ ឃើញ​សកម្មភាព​បែប​នេះ កុំ​ឲ្យ​មាន​សភាពការណ៍​មិន​ល្អ​នៅ​ក្នុង​មូលដ្ឋាន សមត្ថកិច្ច​ត្រូវ​ឃាត់​ខ្លួន​ពលរដ្ឋ​មក​ពី​ឆ្ងាយ​សិន សាកសួរ​ព័ត៌មាន​រួច​ហើយ នឹង​បញ្ជូន​គាត់​ត្រឡប់​ទៅ​វិញ លើកលែង​តែ​ប្រធាន​ក្រុម នឹង​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​ច្បាប់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​ថា អង្គការ​លោក​នឹង​ត្រៀម​ប្រឹក្សា​ផ្នែក​ច្បាប់​ជុំវិញ​រឿង​នេះ និង​ព្យាយាម​ស្វែងរក​មេធាវី​ឲ្យ​ជនជាតិ​ដើម​ភាគតិច។ លោក​យល់​ថា ដីកា​កោះ​នោះ​ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ដែល​លោក​ចាត់​ទុក​ថា ចំណាត់ការ​របស់​អាជ្ញាធរ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រឹត​តែ​ខឹងសម្បា ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​គោល​នយោបាយ​ផ្តល់​សំណង​របស់​រដ្ឋាភិបាល​កាន់​តែ​ស្មុគស្មាញ«មិន​គួរ​ថា​លោក​ព្រះរាជអាជ្ញា​ចេញ​ដីកា​ហៅ​ពលរដ្ឋ​ហ្នឹង​ទេ វា​ដូចជា​មិន​សម»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កម្ពុជា នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា អាជ្ញាធរ​គួរ​តែ​រក​មធ្យោបាយ​ណា​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី ប្រសើរ​ជាង​ប្រើ​ប្រព័ន្ធ​តុលាការ​ដែល​នាំ​ឲ្យ​គេ​រិះគន់​ថា អាជ្ញាធរ​បាន​គំរាម​កំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ដើម​ភាគតិច បង្ក​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​អាជ្ញាធរ និង​រដ្ឋាភិបាល«បើ​សិន​ជា​មាន​បញ្ហា​ចឹង​ទៅ មាន​ការ​តវ៉ា​នាំ​តែ​មាន​ការ​ចោទ​ប្រកាន់​វែង​ឆ្ងាយ​ទៀត​ទៅ​លើ​អ្នក​នេះ ទៅ​លើ​អ្នក​នោះ នៅ​ពី​ក្រោយ នៅ​ពី​មុខ»

អគ្គលេខាធិការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ ចាត់​ទុក​ដីកា​កោះ​នេះ​ថា​ជា​រឿង​អយុត្តិធម៌។ លោក​ថា បណ្តឹង​នេះ​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​មួយ​កម្រិត​ទៀត ដែល​លោក​ចាត់​ទុក​ថា​ជា​បណ្តឹង​គ្មាន​ហេតុផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពី​ការ​បាត់​ខ្លួន​យុវជន​ម្នាក់​នៅ​ផ្លូវ​វ៉េងស្រេង

$
0
0

អង្គការ​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​បាត់​ខ្លួន​យុវជន ខឹម សូផាត នៅ​ក្នុង​ហេតុការណ៍​កង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កម្មករ ដែល​ធ្វើ​កូដកម្ម​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង។ ការ​ទទូច​ជា​ថ្មី​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។ រីឯ​គ្រួសារ​ជន​រងគ្រោះ ថា​ពួក​គេ​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​ឡើយ ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ដដែល​ថា ករណី​នេះ​អាជ្ញាធរ​នៅ​តែ​បន្ត​ស្រាវជ្រាវ។

ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​រំឭក​ទិវា​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សង្គម​ស៊ីវិល​លេច​មុខ​សាជាថ្មី​ទៀត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​នេះ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សូផាត។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា មិន​មែន​តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក និង​គ្រួសារ​នោះ​ទេ ពោល​គឺ​អង្គការ​សហប្រជាជាតិ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស៊ើប​អង្កេត​រក​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​យុវជន ខឹម សូផាត នេះ​ដែរ«ជា​ភាគី​នៃ​អនុសញ្ញា​នេះ រដ្ឋាភិបាល​ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត គឺ​បង្កើត​ជា​គណៈកម្មការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ចំពោះ​ករណី​បាត់​ខ្លួន​យុវជន ខឹម សូផាត នេះ ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ក្រុម​គ្រួសារ​ផង និង​ដើម្បី​ឆ្លើយតប​ទៅ​គណៈកម្មការ​បាត់​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ»

យុវជន ខឹម សូផាត អាយុ ១៦​ឆ្នាំ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បង្ហូរ​ឈាម​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល កាល​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ប្រឆាំង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ពេល​នោះ នៅ​លើ​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ។ ទោះ​យ៉ាង​ណា មិត្តភ័ក្ដិ​ដែល​រួម​ការងារ​ជាមួយ​យុវជន ខឹម សូផាត អះអាង​ថា ពួក​គេ​បាន​ឃើញ​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល​បាញ់​ឲ្យ ខឹម សូផាត ដេក​ដួល​លើ​ដី ហើយ​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ចេញ​ទៅ។

ឪពុក​របស់​យុវជន ខឹម សូផាត គឺ​លោក ខឹម សឿន និយាយ​ថា លោក​មិន​មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​អាច​ស្វែងរក​កូន​របស់​លោក​ឃើញ ឬ​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក​ឡើយ ព្រោះ​កូន​ប្រុស​របស់​លោក​បាន​បាត់​ខ្លួន​ក្រោម​ស្នាដៃ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល«ខ្ញុំ​ដូចជា​អត់​ទុក​ចិត្ត​ទេ ប្រៀប​ដូចជា​ចោរ​ដែល​លួច ហើយ​មិន​ប្រាប់​យើង​ងាយ​នោះ។ វា​យក​ទៅ​លាក់​ហើយ វា​មិន​ប្រាប់​ថា​យក​ទៅ​ចោល​ទីនេះ​ទីនោះ​ទេ»

បើ​ទោះ​បី​ជា​គេ​មើល​ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ដោយ​លោក​តែងតែ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​កម្មករ​តាម​រោងចក្រ និង​ផ្តល់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ក្តី ប៉ុន្តែ​លោក ខឹម សឿន លើក​ឡើង​ថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​គ្រាន់​តែ​ជា​នយោបាយ​ភូត​កុហក​កម្មករ​ប៉ុណ្ណោះ ព្រោះ​គ្រា​ដែល​កូន​របស់​លោក​ទាមទារ​ដំឡើង​ប្រាក់ខែ​កាល​ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ពុំ​បាន​អើពើ​ឡើយ«កាល​មុន​បើ​ធ្វើ​តែ​អ៊ីចឹង កូន​ខ្ញុំ​មាន​ទៅ​បាត់​អី! ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​គឺ​មិន​បែកបាក់​គ្នា​ទេ តែ​ដល់​តែ​ពេល​កូន​ខ្ញុំ​បាន​បាត់​ហើយ បាន​ទើប​ធ្វើ​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ»

លោក ខឹម សឿន រៀបរាប់​ថា គ្រួសារ​របស់​លោក​នៅ​តែ​រន្ធត់​ចិត្ត និង​នៅ​តែ​នឹក​រលឹក​កូន​យ៉ាង​ខ្លាំង ដែល​បាត់​ខ្លួន​សូន្យឈឹង ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​មិន​ដែល​សួរនាំ និង​ផ្តល់​ដំណឹង​អ្វី​ដល់​រូប​លោក​ជុំវិញ​ការ​បាត់​ខ្លួន​កូន​របស់​លោក​នោះ​ដែរ។

ទាក់ទង​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សូផាត នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ឡើយ ប៉ុន្តែ​ការ​ស្រាវជ្រាវ​កន្លង​ទៅ រក​ពុំ​ឃើញ​អ្វី​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ខាង​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​កាលណោះ ដែល​លោក​អះអាង​ថា​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដូចជា​លោក ហូរ វ៉ាន់ ជាដើម។ ទោះ​យ៉ាង​ណា លោក ខៀវ សុភ័គ បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី​ដែល​សួរ​ប្រដេញ​ទៀត​នោះ​ឡើយ«យើង​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​ខ្លួន​ក្មួយ​ម្នាក់​នេះ ហើយ​ប្រសិន​បើ​យើង​ធ្វើ​ការ​ស៊ើប​អង្កេត ទាល់​តែ​យើង​កោះ​ហៅ​លោក ហូរ វ៉ាន់ ឬ​ក៏​អ្នក​ដែល​ពាក់ព័ន្ធ​ដឹកនាំ​ធ្វើ​បាតុកម្ម​មក​សួរ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ហូរ វ៉ាន់ បាន​ឡើយ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​កំពុង​ជាប់​រវល់​ប្រជុំ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ជា​ជន​រងគ្រោះ​មួយ​រូប និង​ថែម​ទាំង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ផង​នោះ ថ្លែង​ថា អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​យុវជន ខឹម សូផាត ព្រោះ​ករណី​បាត់​ខ្លួន​យុវជន ខឹម សូផាត កើត​ឡើង​ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​បង្ក្រាប​លើ​កម្មករ«ខ្ញុំ​គិត​ថា​អាជ្ញាធរ​អ្នក​បង្ក្រាប​ទេ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់​ខ្លួន និង​រង​របួស ក៏ដូចជា​បាត់បង់​ជីវិត​មួយ​ចំនួន»

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បង្ហូរ​ឈាម​មួយ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង យ៉ាង​ហោច​ណាស់​មាន​កម្មករ ៤​នាក់​ត្រូវ​នគរបាល​បាញ់​សម្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស ហើយ​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ ត្រូវ​ប្រឈម​មុខ​បាត់បង់​កាយ​សម្បទា។ ក្រៅ​ពី​នេះ យុវជន ខឹម សូផាត ត្រូវ​បាត់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ ទន្ទឹម​នឹង​នេះ មាន​មន្ត្រី​អង្គការ សមាគម និង​កម្មករ​ចំនួន ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៤​ឆ្នាំ​ទៅ ៤​ឆ្នាំ និង ៦​ខែ។ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ អ្នក​ទាំងនោះ​ត្រូវ​ដោះលែង​វិញ​ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប្រមាណ ៥​ខែ ហើយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ថា បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ពិត​ជា​គិតគូរ​ដល់​កម្មករ​ជា​ធំ​មែន​នោះ លោក ហ៊ុន សែន ត្រូវ​តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​តុលាការ​រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង រួម​មាន​យុវជន ខឹម សូផាត ដែល​រង​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​២០១៤ នោះ ព្រោះ​ពួក​គេ​សុទ្ធតែ​បាន​ចូលរួម​ទាមទារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​មិន​អើពើ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន រឿង​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា គណបក្ស​ប្រឆាំង​ជា​ថៅកែ​បាតុកម្ម និង​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​រោងចក្រ និង​គំរាម​ក្រុម​កម្មករ​អោយ​ចូលរួម​បាតុកម្ម​របស់​ខ្លួន។ មន្ត្រី​បក្ស​ប្រឆាំង​ថា ពួកគេ​មាន​គោលនយោបាយ​សុចរិត និង​ផ្ដោត​ទៅ​លើ​តម្រូវការ​របស់​ពលរដ្ឋ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើកឡើង​ថា គណបក្ស​ប្រឆាំង​មិន​ពាក់ព័ន្ធ នៅ​ពី​មុខ​ ឬ​ពីក្រោយ​ក្រុម​កម្មករ​ឡើយ ដ្បិត​កម្មករ​មាន​ក្រុម​សហជីព​របស់​ពួកគេ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បែប​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា នៅ​ពេល​ចោទ​សួរ​ពី​ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​តប​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ក្នុង​ពេល​លោក​ជួប​ជាមួយ​កម្មករ​កំពុង​បំពេញ​ការងារ​នៅ​រោងចក្រ​មាន​ទីតាំង​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ២។

ក្រៅ​ពី​លើក​ឡើង​ពី​ក្រុម​បងធំ​ក្នុង​រោងចក្រ និង​ថា មាន​មនុស្ស​មួយ​ចំនួន​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ថែម​ទាំង​បាន​គំរាម​កម្មករ កម្មការិនី​មិន​អោយ​ចូល​ធ្វើការ​អោយ​ចូល​ធ្វើ​បាតុកម្ម​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ជា​ថ្មី​ទៀត​ពី​ក្រុម "បី​កុំ" ដែល​ទំនង​សំដៅ​ទៅ​ដល់​គណបក្ស​ប្រឆាំង​នេះ​ដែរ ដោយ​សំដៅ​ទៅ​ក្រុម​ដែល​លោក​នាយករដ្ឋមន្ត្រី ចោទ​ថា តែង​រារាំង​បរទេស​ថា កុំ​ផ្ដល់​ជំនួយ​កុំ​មក​វិនិយោគ និង​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា។ លើស​ពី​នេះ​លោក​ថា ប្រាក់​បៀវត្សរ៍​របស់​កម្មករ​មិន​មែន​ជា​ការ​ខិតខំ​របស់​បក្ស​ប្រឆាំង​នោះ​ទេ តែ​វា​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋាភិបាល និង​កម្មករ កម្មការិនី​ខ្លួន​ឯង​ផ្ទាល់ ព្រម​ទាំង​ថៅកែ​រោងចក្រ«យើង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​កូដកម្ម​តាម​ច្បាប់​ការងារ ប៉ុន្តែ​មិន​ត្រូវ​រារាំង​ចំពោះ​អ្នក​ដទៃ​ដែល​គេ​មិន​ចង់​ធ្វើ​បាតុកម្ម​ទេ។ ទាំងអស់​សូម​មេត្តា​កុំ​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​តំបន់​រោងចក្រ។ មនុស្ស​ខូច​មួយ​ចំនួន​ដែល​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ខ្លួន​ឯង​មិន​ពេញ​ចិត្ត​ធ្វើ​កូដកម្ម ៥០​នាក់ ប៉ុន្តែ​ទៅ​គំរាម​កំហែង ៥០០​នាក់​មិន​ឲ្យ​ចូល​ធ្វើ​ការ នេះ​មិន​ត្រូវ​ឲ្យ​មាន​តទៅទៀត​ទេ»

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ទៀត​ថា គណបក្ស​របស់​លោក​មិន​បាន​ខ្វាយខ្វល់​រឿង​ការ​អធិប្បាយ ឬ​ការ​ចោទ​ប្រកាន់​អ្វី​ទេ លោក​ថា បក្ស​ប្រឆាំង​ខ្វល់​តែ​នឹង​តម្រូវការ​របស់​ពលរដ្ឋ។ លោក​ថា ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​រវល់​នឹង​ការងារ​ដែល​ត្រូវ​បំពេញ​តាម​តម្រូវការ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ សង្កាត់​ទាំង​ជាង ៥០០ ដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត«ខ្ញុំ​ខ្លាច​តែ​ប្រជាពលរដ្ឋ​ធ្វើ​អត្ថាធិប្បាយ​ទេ ពីព្រោះ​បើ​សិន​ជា​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ធ្វើ​អត្ថាធិប្បាយ គាត់​ចេញ​យោបល់​ល្អៗ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ បម្រើ​ប្រជាពលរដ្ឋ ហ្នឹង​គឺ​ខ្ញុំ​ចាប់​អារម្មណ៍​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​ទេ ក្រៅ​ពី​ហ្នឹង​ចង់​អ្នក​ណា​គេ​ចង់​មាន​មតិ​អី​ក៏​ជា​រឿង​របស់​គេ​ទៅ​ចុះ»

នេះ​ជា​ការ​ចុះ​ជួប​ក្រុម​កម្មករ​ជា​លើក​ទី​៤​ហើយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​នៅ​ថ្ងៃ​នេះ លោក​បាន​ទទួលទាន​បាយ​កញ្ចប់​ជាមួយ​កម្មករ ដោយ​មាន​ការ​សន្យា និង​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​កម្មករ ដែល​មិន​ខុស​ពី​ការ​ចុះ​ជួប​ជាមួយ​កម្មករ​នៅ​លើក​មុន​ៗ​ដែរ ក្នុង​នោះ​រួមមាន ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ការ​ធានា​បង់​ប្រាក់ ធានា​ថែទាំ​សុខភាព​ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​និយោជក ឬ​ភាគី​ថៅកែ​រោងចក្រ ការ​ផ្ដល់​សេវា​​ឡាន​ក្រុង​ដោយ​មិន​គិត​ថ្លៃ​ដល់​ក្រុម​កម្មករ ការ​សន្យា​ផ្ដល់​ប្រាក់​សោធន​និវត្តន៍ ការ​ណែ​នាំ​​អោយ​ម្ចាស់​ផ្ទះ​ជួល​ផ្អាក​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ និង​ការ​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​ដែល​មាន​ផ្ទៃពោះ​ជា​ដើម។

ទាំង​អ្នក​វិភាគ និង​តំណាង​សហជីព​ហៅ​យុទ្ធនាការ​ជួប​កម្មករ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ជា​រឿង​ល្អ​មួយ ដើម្បី​ឲ្យ​មេ​ដឹកនាំ​ដឹង​សុខ​ទុក្ខ​កម្មករ​ដែល​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក​នា​ពេល​បច្ចុប្បន្ន។ ពួក​គេ​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​ពិត​ជា​គិតគូរ​ដល់​កម្មករ​ជា​ធំ​មែន​នោះ លោក ហ៊ុន សែន ប្រាកដ​ជា​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​តុលាការ រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​រង​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ដើម​ឆ្នាំ​២០១៤។ បើ​ពុំ​នោះ​សោត ការ​ជួប​ក្រុម​កម្មករ​នៅ​ពេល​នេះ គឺ​អាច​ជា​នយោបាយ​ប្រជាភិថុតិ​ទៅ​វិញ​ទេ។ ម្យ៉ាង​ទៀត ចំពោះ​ការ​ធ្វើ​បាតុកម្ម​វិញ​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​កម្មករ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បាន​នោះ​ទេ បើ​សិន​ជា​អំពើ​អយុត្តិធម៌ ការ​គាប​សង្កត់​កម្មករ​នៅ​តែ​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ឲ្យ​មន្ត្រី​អាដហុក​និង​អ.ស.ប​ធ្វើ​កិច្ចសន្យា​រឿង​ថត​រូប​មុខ​ពន្ធនាគារ

$
0
0

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា បង្ខំ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ម្នាក់ និង​មន្ត្រី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បាត់ដំបង ម្នាក់ ផ្ដិត​ស្នាម​មេដៃ​ធ្វើ​កិច្ចសន្យា​រឿង​ថត​រូប​នៅ​មុខ​ពន្ធនាគារ។ ពួក​គាត់​ក៏​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ បង្ខំ​ឲ្យ​លុប​រូបភាព​ចេញ​ពី​ទូរស័ព្ទ​ដៃ​ផង​ដែរ។

ក្នុង​បេសកកម្ម​ចុះ​ស៊ើប​អង្កេត​ករណី​មាន​អ្នក​ទោស​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មិថុនា កន្លង​ទៅ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ពីរ​ស្ថាប័ន ក្រោយ​ពេល​ចប់​ការងារ​របស់​ខ្លួន ពួក​គេ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ឃាត់​ខ្លួន​ភ្លាមៗ​នៅ​ពេល​កំពុង​ថត​រូប​នៅ​ខាង​មុខ​ពន្ធនាគារ។ ក្នុង​ពេល​នោះ មន្ត្រី​ពន្ធនាគារ​បាន​យក​ទូរស័ព្ទ​មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​លុប​រូបភាព​ចេញ​អស់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្ធនាគារ។ មន្ត្រី​ពន្ធនាគារ​ក៏​បាន​ទាមទារ​ដក​ហូត​ទូរស័ព្ទ​ដៃ​ពី​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​ទៅ​ថត​រូប​នៅ​មុខ​ពន្ធនាគារ ដើម្បី​លុប​រូបភាព​ចោល​ផង​ដែរ។

ថ្លែង​ប្រាប់​អាស៊ីសេរី​ក្រោយ​ចេញ​ពី​ពន្ធនាគារ​វិញ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​អះអាង​ថា ពួក​គាត់​ថត​រូប​នៅ​ខាង​ក្រៅ​ពន្ធនាគារ ដើម្បី​បង្ហាញ​ពី​សកម្មភាព​ការងារ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ចេតនា​ធ្វើ​អ្វី​ផ្សេង​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បាត់ដំបង អ្នកស្រី ប្រាក់ សុភិមា មាន​ប្រសាសន៍​ថា ក្រោយ​ពី​អ្នកស្រី​ថត​រូប​នៅ​ខាង​មុខ​ពន្ធនាគារ​ជាមួយ​សាច់ញាតិ​អ្នក​ទោស​ម្នាក់​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​មួយ​នេះ​ភ្លាម ស្រាប់​តែ​អនុរក្ស​ពន្ធនាគារ​បាន​យក​ទូរស័ព្ទ​របស់​អ្នកស្រី​លុប​រូបភាព​ចេញ​ទាំងអស់ ព្រម​ទាំង​ហៅ​អ្នកស្រី និង​ស្ត្រី​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ម្នាក់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ផ្ដិត​ស្នាម​មេដៃ​លើ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​នៅ​ខាង​ក្នុង​ពន្ធនាគារ៖ «យើង​អត់​ដឹង​ថា​ខាង​ក្រៅ​ពន្ធនាគារ​គេ​មិន​ឲ្យ​ថត​រូប​ទេ អ្វី​ដែល​យើង​នៅ​ខាង​ក្នុង គេ​មិន​ឲ្យ​ថត។ យើង​គ្រាន់​តែ​សុំ​សម្រួល​គាត់​សុំ​យក​ទូរស័ព្ទ​មក​វិញ បាន​គេ​ធ្វើ​កំណត់​ហេតុ​ឲ្យ​លុប​រូបភាព​ចេញ​ពី​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ»

បន្ទាប់​ពី​ពួក​គាត់​យល់ព្រម​ផ្ដិត​ស្នាម​មេដៃ ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក អ្នក​ទាំង​ពីរ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង លោក សំអុល ធារិទ្ធ ពុំ​បាន​ឆ្លើយតប​អ្វី​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា​មិន​ស្គាល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដូច្នេះ​លោក​មិន​អាច​បកស្រាយ​បាន​ឡើយ៖ «ប្រទេស​គេ​មាន​ច្បាប់​ទម្លាប់​តើ! អូន​ឯង​មក​មាន​លិខិត​ស្នាម​មក អូន​ឯង​កុំ​ចេះ​តែ​ថា​មួយ​អាស៊ីសេរី ពីរ​អាស៊ីសេរី មិន​ដឹង​អាណា​អាស៊ីសេរី? អាស៊ីសេរី​ហ្នឹង​ស្អី​គេ? អ្នក​ណា​តែងតាំង​អាស៊ីសេរី​ហ្នឹង? បើ​គ្មាន​អ្នក​តែងតាំង អូន​មក​និយាយ​មក ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ការងារ​រដ្ឋ បើ​ការងារ​រដ្ឋ យើង​ត្រូវ​ទៅ​តាម​ការងារ​រដ្ឋ ព្រោះ​ស្រុក​ខ្មែរ​មាន​ច្បាប់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ថត​រូប​នៅ​ទី​សាធារណៈ​ពុំ​ខុស​ច្បាប់​ឡើយ។ លោក​ហៅ​ការ​លុប​រូបភាព​ពី​ទូរស័ព្ទ​ដៃ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​ដោយ​មន្ត្រី​ពន្ធនាគារ​នេះ ថា​ជា​ការ​ភ័យ​ខ្លាច​ហួស​ហេតុ៖ «ខ្ញុំ​ចេះ​តែ​សង្ស័យ ចេះ​តែ​នឹក​ឆ្ងល់​ដែរ​ថា ទី​សាធារណៈ​នៅ​ខាង​ក្រៅ​ដែល​យើង​ថត​មិន​បាន ដែល​យើង​ហាម​គេ​នោះ វា​កាន់​តែ​មាន​មន្ទិល​សង្ស័យ​ទៅ​វិញ​ទេ ថា​ខាង​ក្នុង​កន្លែង​នោះ​មាន​លាក់​បាំង​បញ្ហា​អី​មួយ​ហើយ ឬ​យ៉ាង​ម៉េច? បាន​ដល់​ថ្នាក់​រឹត​បន្តឹង​ហួស​ហេតុ​ពេក​នោះ»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​សហប្រជាជាតិ ខេត្ត​បាត់ដំបង ទៅ​ពន្ធនាគារ ដើម្បី​សាកសួរ​មន្ត្រី​ពន្ធនាគារ​មួយ​នេះ​យក​ឯកសារ​កោសល្យវិច័យ​ករណី​អ្នក​ទោស​ម្នាក់​ឈ្មោះ ព្រំ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា កន្លង​ទៅ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​នេះ បន្ទាប់​ពី​មាន​បណ្ដឹង​របស់​សាច់ញាតិ​អ្នក​ទោស​ដែល​សង្ស័យ​ថា ការ​ស្លាប់​នេះ​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Global Witness​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ករណី​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ឯករាជ្យ

$
0
0

អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ករណី​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស។

មន្ត្រី​ផ្នែក​យុទ្ធនាការ​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) អ្នកស្រី អេម៉ា បឺណេត (Emma Burnett) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា គណបក្ស​កាន់​អំណាច គឺ​អាច​បិទ​ទាំង​អង្គការ​ដែល​គេ​គិត​ថា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត ឬ​មួយ​ធ្វើ​ឲ្យ​ពួក​គេ​រង្គោះរង្គើ​ដោយ​បង្អាក់​ការងារ​ក្រោម​លេស​ជំពាក់​ពន្ធ ហើយ​ក៏​អាច​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ដំណើរការ។ អ្នកស្រី​ថា​បើ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទេ ប្រជាពលរដ្ឋ​កម្ពុជា នឹង​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​កំពុង​មាន​តិចតួច​ស្រាប់ បើ​ធៀប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល។

អ្នកស្រី អេម៉ា បឺណេត (Emma Burnett) លើក​ឡើង​ទៀត​ថា រលក​នៃ​ការ​គំរាម​កំហែង ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បណ្ដេញ​អង្គការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​ចេញ​ពី​ប្រទេស បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​មាន​បំណង​បំភិត​បំភ័យ​អ្នក​រិះគន់​រដ្ឋាភិបាល​ឲ្យ​បិទ​មាត់។ រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់​ជំនួយ និង​ប្រទេស​ដែល​មាន​ជំនួញ ឬ​វិនិយោគ​នៅ​កម្ពុជា គួរ​តែ​យក​ឱកាស​នេះ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​បញ្ឈប់​វិធានការ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មុន​ពេល​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក ត្រូវ​រដ្ឋាភិបាល​កម្ពុជា បណ្ដេញ​ចេញ​ពី​កម្ពុជា ដែរ​កាល​ពី​ឆ្នាំ​២០០៥ នៅ​ក្រោយ​ពេល​ដែល​អង្គការ​នេះ​បាន​ចេញ​របាយការណ៍​មួយ​ពី​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ និង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ.ជ.ប ដំណើរការ​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ផ្សារ​អ៊ីអន

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប បើក​ដំណើរការ​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ផ្សារ​ទំនើប​អ៊ីអន (AEON Mall) របស់​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា នេះ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ពិនិត្យ និង​សាកសួរ​ព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​ការ​បោះឆ្នោត ស្វាគមន៍​ការ​ដាក់​ដំណើរការ​មជ្ឈមណ្ឌល តែ​ទាមទារ​ឲ្យ គ..ប រក​ទីប្រជុំជន​ផ្សេង​ទៀត​ធ្វើ​ជា​កន្លែង​ផ្តល់​ព័ត៌មាន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ។

ការ​បើក​ដំណើរការ​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ផ្សារ​ទំនើប​អ៊ីអន ដែល​មាន​ឯកសារ ឧបករណ៍​កុំព្យូទ័រ​ភ្ជាប់​អ៊ីនធឺណិត និង​មាន​មន្ត្រី​ជំនាញ​ផ្តល់​ព័ត៌មាន​ផង​នោះ ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​រំពឹង​ថា ទីតាំង​នេះ​នឹង​ផ្តល់​ព័ត៌មាន​ដែល​អាច​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ស្វែងរក​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត បើ​សិន​ពួក​គេ​បាន​ចុះ​ឈ្មោះ​រួច​ហើយ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រាប់​ក្រុម​អ្នក​កាសែត​ថា មជ្ឈមណ្ឌល​នេះ​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​បញ្ជី​បោះឆ្នោត​ដែល​មាន​ទាំង​ឈ្មោះ​ដែល គ..ប លុប​ចោល និង​ឈ្មោះ​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ ព្រម​ទាំង​ការ​បង្ហាញ​លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ មន្ត្រី គ..ប រូប​នេះ​ស្នើ​ទៅ​ពលរដ្ឋ​ដែល​បាន​មក​ផ្សារ​អ៊ីអន គួរ​មក​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន សាកសួរ​ព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​នៅ​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «សុំ​ឲ្យ​បង​ប្អូន​ដែល​អញ្ជើញ​មក​បាន​ចំណេះ​ដឹង​ហើយ មេត្តា​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ថែម​ទៀត»

លោក ហង្ស ពុទ្ធា ប្រាប់​ទៀត​ថា ទីតាំង​នេះ​មិន​មែន​ជា​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ព្រោះ​ច្បាប់​បោះឆ្នោត​កំណត់​ថា ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​នៅ​តាម​ឃុំ-សង្កាត់​ដែល​ពលរដ្ឋ​ត្រូវ​បោះឆ្នោត។ មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល គ..ប សហការ​បើក​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា ចៃកា (JICA) បើក​ឲ្យ​ដំណើរការ​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប​ជាង ១​លាន ៤​សែន​នាក់។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី យល់​ថា មជ្ឈមណ្ឌល​នេះ​ផ្តល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​រៀបចំ​ឯកសារ​ដើម្បី​អាច​ចុះ​ឈ្មោះ​បោះឆ្នោត។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា គ..ប គួរ​រៀបចំ​ទីតាំង​ប្រជុំជន​ផ្សេង ដើម្បី​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «គួរ​តែ​ផ្តល់​កន្លែង​មួយ ឬ​ពីរ​ទៀត​ដែល​ជា​កន្លែង​មាន​ប្រជាពលរដ្ឋ​ច្រើន គាត់​នឹង​ទទួល​ព័ត៌មាន​កាន់​តែ​ច្រើន និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត»

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រាប់​ថា គ..ប មាន​គោល​បំណង​រៀបចំ​ការ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​នៅ​តាម​សាកលវិទ្យាល័យ​ជាង ១០០​ទូទាំង​ប្រទេស ដែល​នៅ​ពេល​នេះ គ..ប កំពុង​ជជែក​ជាមួយ​អង្គការ​ដៃគូ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ-សង្កាត់ និង​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំ-សង្កាត់​មាន​រយៈពេល ៧០​ថ្ងៃ គឺ​គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​បង្ហាញ​ជំហរ​មិន​តក់ស្លុត​ចំពោះ​ការ​ព្រមាន​ចុះ​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ

$
0
0

គណបក្ស​ប្រឆាំង​បង្ហាញ​ជំហរ​នឹងន និង​មិន​តក់ស្លុត​ចំពោះ​ការ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួង​មហាផ្ទៃ គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ណា​មួយ​នោះ​ទេ។ ការ​បើក​ផ្លូវ​ដែល​នាំ​ឲ្យ​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា​អាច​មាន​តម្រុយ​ដែល​ឈាន​ទៅ​ដល់​ការ​ពិនិត្យ​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា នេះ​ជា​សញ្ញា​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា ប្រសិន​បើ​ឈាន​ទៅ​រក​ការ​បិទ​ទ្វារ​បក្ស​ប្រឆាំង​មែន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​ដំណាក់កាល​នេះ ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​រួច​ហើយ​ដែរ ដើម្បី​ស្នើ​ឲ្យ​ចុះ​ត្រួត​ពិនិត្យ និង​បើក​ការ​ស៊ើប​អង្កេត​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង ដែល​សង្ស័យ​ថា​អាច​មាន​លុយ​មិន​ប្រក្រតី​ពី​បរទេស ដែល​គណបក្ស​នេះ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ការ​អនុវត្ត​ទៅ​តាម​ច្បាប់​នេះ​ពុំ​មែន​សុខៗ ក្រសួង​មហាផ្ទៃ ចេះ​តែ​នឹក​ឃើញ​ទេ ហើយ​អ្វី​ដែល​ក្រសួង​មហាផ្ទៃ ស្នើ​គោលការណ៍​នេះ​ឡើង គឺ​មាន​តម្រុយ​ដែល​គួរ​ឲ្យ​សង្ស័យ​ដូច​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ថ្មីៗ​នេះ។ លោក​បន្ត​ថា ប្រសិន​បើ​រក​ឃើញ​បក្ស​ប្រឆាំង​ពុំ​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទេ នោះ​បក្ស​ប្រឆាំង​នេះ​ពុំ​មាន​រឿង​អ្វី​ដែល​ត្រូវ​កើត​ឡើង​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ចុះ​ពិនិត្យ​ទៅ​រក​ឃើញ​ថា​ពិត​ជា​លុយ​ជំនួយ​ពី​បរទេស​មែន គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់ ដោយ​ចៀស​មិន​ផុត​ឡើយ។ លោក​បន្ត​ថា «បើ​មិន​ពិត​វា​ហី​ទៅ! បើ​វា​ពិត យើង​នឹង​ស្នើសុំ​យោបល់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​បន្ត រឿង​ហ្នឹង​មាន​តែ​ប៉ុណ្ណឹង​ទេ»

ក្រសួង​មហាផ្ទៃ បញ្ជាក់​ជំហរ​ថា ការ​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ នេះ ដោយ​ផ្អែក​លើ​របាយការណ៍​ចុះ​ផ្សាយ​មួយ​ចំនួន​របស់​កាសែត​ក្នុង​ស្រុក។ កាសែត​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បន្ត​សរសេរ​អត្ថបទ​រិះគន់​កូន​ស្រី​របស់​លោក កឹម សុខា ថា​មាន​សម្ពន្ធភាព​ជាមួយ​ជន​បរទេស។

បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង គឺ​លោក យឹម សុវណ្ណ ហាក់​មិន​ខ្វល់ខ្វាយ​ចំពោះ​គ្រោះ​អាក្រក់​ដែល​នឹង​កើត​ឡើង​ចំពោះ​គណបក្ស​នេះ​ទេ។ លោក​បន្ត​ថា គណបក្ស​ប្រឆាំង​បាន​បំពេញ​ការងារ​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ​របស់​ខ្លួន​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត របាយការណ៍​ដែល​គណបក្ស​បាន​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ សុទ្ធតែ​បាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​រួច​ទៅ​ហើយ​ដែរ។ លោក​បន្ត​ថា «ឥឡូវ​វា​ច្របូកច្របល់ ខ្ញុំ​វា​មិន​យល់​ដែរ មិន​ដឹង​ជា​ព័ត៌មាន​ពិត ព័ត៌មាន​ណា​មិន​ពិត។ គ្រាន់​តែ​ពី​គេហទំព័រ​ពី​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ជ្រួល​ច្របល់​អ៊ីចឹង​ទៅ។ រឿង​នេះ​កើត​ឡើង​តែ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ចំពោះ​គណបក្ស​ដទៃ​ទៀត​ដែល​បំប៉ោង​ព័ត៌មាន មិន​ដែល​ឃើញ​ស៊ើប​អង្កេត​ទេ»

ច្បាប់​ស្ដីពី​វិសោធន​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​២៩​ថ្មី កថាខណ្ឌ​ទី​២ ចែង​ថា គណបក្ស​នយោបាយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ទទួល​លុយ​ជំនួយ ទោះ​តាម​រូបភាព​ណា​ក៏ដោយ​ពី​ស្ថាប័ន ក្រុមហ៊ុន និង​ជន​បរទេស ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។

បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​យល់​ឃើញ​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ ពិត​ជា​អនុវត្ត​ច្បាប់​បែប​នេះ​មែន នោះ​គណបក្ស​នយោបាយ​នៅ​កម្ពុជា សឹង​នឹង​ត្រូវ​បិទ​ទ្វារ​ទាំងអស់។ ម្យ៉ាង​វិញ​ទៀត ការ​ពង្រឹង​ច្បាប់​នេះ​វា​ហាក់​ផ្ទុយ​ពី​ច្បាប់​កំពូល​នៃ​រដ្ឋធម្មនុញ្ញ ដែល​ការពារ និង​ធានា​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ ការ​ចាយ​វាយ​របស់​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន ជាពិសេស​សម្រាប់​យុទ្ធនាការ​មុន​ថ្ងៃ​បោះឆ្នោត គ្រប់​បក្ស​នយោបាយ​ទាំងអស់​ពុំ​ដែល​បាន​បង្ហាញ​ពី​ប្រភព​ចំណូល​ដែល​ខ្លួន​ទទួល​បាន ប៉ុន្តែ​ខ្ទង់​នៃ​ការ​ចំណាយ​វិញ ហាក់​មាន​តួលេខ​ដ៏​ខ្ពស់ ជាពិសេស​បក្ស​ដែល​ចាយ​លុយ​ច្រើន​ជាង​គេ​ក្នុង​អំឡុង​ពេល​បោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា នេះ​ជា​ការ​អនុវត្ត​ហាក់​មិន​បាន​ស្មើ​ភាព​គ្នា​ទេ​ចំពោះ​គណបក្ស​នយោបាយ ស្រប​ពេល​កម្ពុជា នៅ​មិន​ទាន់​មាន​ច្បាប់​កំណត់​ពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ឲ្យ​បាន​ស្រួលបួល​នៅ​ឡើយ​ផង​នោះ។ លោក​យល់​ឃើញ​ថា ប្រសិន​បើ​ច្បាប់​នេះ​អនុវត្ត​ចំពោះ​តែ​បក្ស​ប្រឆាំង មើល​ទៅ​វា​ពុំ​មាន​ហេតុផល​ណា​មួយ​ដែល​អាច​ជឿជាក់​បាន​ថា នេះ​ជា​ការ​ពង្រឹង​ច្បាប់ ក្រៅ​ពី​ចង់​ឈ្នះ​ចាញ់​ផ្នែក​នយោបាយ។ លោក​បន្ត​ថា «បើ​សិន​ជា​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​រឿង​ហ្នឹង ខ្ញុំ​គិត​ថា​ប្រទេស​ខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ គឺ​រក​គណបក្ស​នយោបាយ​មិន​បាន​ទេ»

ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​អនុវត្ត​ក្នុង​ពេល​កន្លង​ទៅ​នេះ រង​ការ​រិះគន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ លើស​ពី​នេះ​ទៀត ជា​ច្បាប់​ដែល​អនុម័ត​ពុំ​បាន​ជជែក​ដេញដោល​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ខាង​បក្ស​ប្រឆាំង​ថែម​ទៀត។ ជាង​នេះ​ទៀត ច្បាប់​នេះ​តាក់តែង​ឡើង​ដោយ​ភាគី​តែ​ម្ខាង គឺ​សមាជិក​សភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុគ្គលិក​បរទេស​របស់​NDI​ចាកចេញ​ពី​កម្ពុជា​អស់​ហើយ​តាម​បញ្ជា​របស់​រដ្ឋាភិបាល

$
0
0

បុគ្គលិក​បរទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) បាន​ចាកចេញ​ពី​កម្ពុជា អស់​ហើយ​តាម​ការ​កំណត់​ចុង​ក្រោយ​របស់​រដ្ឋាភិបាល គឺ​ថ្ងៃ​ទី​៣០ សីហា។

អតីត​មន្ត្រី​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ការិយាល័យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ប្រចាំ​កម្ពុជា បាន​បិទ​ទ្វារ​ហើយ ហើយ​បុគ្គលិក​បរទេស​ទាំងអស់​នៃ​ស្ថាប័ន​នេះ ក៏​បាន​ចាកចេញ​ពី​កម្ពុជា អស់​ហើយ​ដែរ។

ការ​ឲ្យ​ដឹង​របស់​អតីត​មន្ត្រី NDI នេះ ក៏​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក សុខ ផល ដែល​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​៣០ សីហា ថា បុគ្គលិក​បរទេស​របស់ NDI បាន​ចាកចេញ​ពី​កម្ពុជា អស់​ហើយ។

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​២៣ សីហា បាន​ប្រកាស​បញ្ឈប់​សកម្មភាព​របស់ NDI នៅ​កម្ពុជា បន្ត​ទៀត ដោយ​ចោទ​ថា NDI បំពេញ​ការងារ​នៅ​កម្ពុជា មិន​ស្រប​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​សារពើពន្ធ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកាស​បញ្ឈប់​សកម្មភាព​របស់ NDI នេះ ត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ដែល​ចាត់​ទុក​ថា​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល​មុន​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​ពលករ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​ទាក់ទង​រឿង​បោះឆ្នោត

$
0
0

តំណាង​ពលករ​ចំណាក​ស្រុក​ប្រចាំ​នៅ​ប្រទេស​ថៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៣០ សីហា ថា ពួក​គេ​ជោគជ័យ​ក្នុង​ការ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ខាង​ប្រជាធិបតេយ្យ​ដទៃៗ​ទៀត។

តំណាង​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ លោក លី រតនរស្មី បាន​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក បាន​ទទួល​យក​ញត្តិ​របស់​ពលករ​ខ្មែរ​ចំនួន​បី​ច្បាប់ ដែល​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ​ក្នុង​ប្រទេស​ថៃ ថា​ពួក​គេ​ក៏​ត្រូវការ​ចូលរួម​ការ​បោះឆ្នោត​ដូច​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កំណើត​ទូទៅ​ដែរ។

ការ​ទាមទារ​របស់​ក្រុម​ពលករ​ចំណាក​ស្រុក​ទាំងនេះ ធ្វើ​ឡើង​ក្រោយ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​រូប បាន​ផ្ញើ​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដោយ​ថែម​ជំពូក​មួយ​ទៀត​មាន ១០​មាត្រា ចែង​អំពី​នីតិវិធី និង​គោលការណ៍​ច្បាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អ៊ីមែល​ថា គណៈកម្មការ​ជំនាញ​រដ្ឋសភា កំពុង​ពិនិត្យ និង​សិក្សា​តាម​នីតិវិធី​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ។

លោក​បន្ត​ថា ពេល​ពិនិត្យ​រួច គណៈកម្មការ​ជំនាញ​នឹង​រាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​វិញ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ប្រជុំ​សម្រេច​ដាក់ ឬ​មិន​ដាក់​ចូល​ក្នុង​អង្គ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិន​ផ្លាស់ប្ដូរ​សញ្ញា​សម្គាល់​បក្ស

$
0
0

ក្រសួង​មហាផ្ទៃ ជូន​ដំណឹង​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឱ្យ​ផ្លាស់ប្ដូរ​​សញ្ញា​សម្គាល់​គណបក្ស។ លិខិត​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា ស្នើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​នូវ​សញ្ញា​សម្គាល់​បក្ស​ក្នុង​រយៈពេល ៩០​ថ្ងៃ ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លិខិត​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ប្រើប្រាស់​ឈ្មោះ និង​សញ្ញា​សម្គាល់​ជា​សញ្ញា​ជាតិ រូបភាព​តំណាង​ឱ្យ​សាសនា ប្រាសាទ​អង្គរវត្ត ព្រះឆាយាល័ក្ខណ៍ រូប​សំណាក​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ ឬ​រូបភាព​របស់​រូបវន្តបុគ្គល ត្រូវ​បំពេញ​បែបបទ​ផ្លាស់ប្ដូរ​នៅ​ក្នុង​អំឡុង​ពេល ៩០​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ គណបក្ស​ទាំង​នោះ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

ជាមួយ​គ្នា​នេះ​ដែរ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ​នេះ បាន​ប្ដឹង​រំលាយ​គណបក្ស​នយោបាយ​មិន​សូវ​ឮ​ឈ្មោះ​ចំនួន ៩ ទៅ​តុលាការ​កំពូល ដោយ​លើក​មូលហេតុ​ថា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​គណបក្ស​នយោបាយ។ បទល្មើស​ទាំង​នោះ​រួម​មាន មិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ហើយ​គណបក្ស​ខ្លះ​កំពុង​ជាប់​បណ្ដឹង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

“គោលការណ៍​ថ្មី​របស់​ក្រសួង​មហាផ្ទៃ​បង្ក​ការ​លំបាក​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត"

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​បទបញ្ជា​ថ្មី​របស់​ក្រសួង​មហាផ្ទៃ ដែល​ដក​សិទ្ធិ​មេ​ឃុំ-​ចៅសង្កាត់ មិន​ឲ្យ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ថា នាំ​ឲ្យ​បង្ក​ការ​លំបាក និង​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គ.ជ.ប ថា នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​នីតិវិធី និង​បែបបទ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​សម្រាប់​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​ក្រសួង​មហាផ្ទៃ សម្រេច​កែប្រែ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​ពលករ​ចំណាក​ស្រុក​ដែល​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត ព្រោះ​គេ​ដក​សិទ្ធិ​មេ​ឃុំ ឬ​ចៅសង្កាត់​ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ។

លោក គី វណ្ណដារ៉ា ដែល​ជា​តំណាងរាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ ៦​រូប​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សរសេរ​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​បំភ្លឺ​រឿង​នេះ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា លោក​មិន​យល់​ថា  ហេតុអ្វី​បានជា​ការ​ដក​ហូត​សិទ្ធិ​ពី​មេ​ឃុំ ឬ​ចៅសង្កាត់​បែប​នេះ៖ «មុន​បោះ​ឆ្នោត​ឃុំ-​សង្កាត់​ហ្នឹង គឺ​ក្រសួង​មហាផ្ទៃ បាន​ប្រគល់​កិច្ចការ​ហ្នឹង​ឲ្យ​ទៅ​មេ​ឃុំ-ចៅសង្កាត់​ធ្វើ។ ប៉ុន្តែ​ឥឡូវ​នេះ កិច្ច​ការងារ​ដ៏​មាន​សារសំខាន់​ហ្នឹង​ឲ្យ​ទៅ​ប៉ូលិស​ឃុំ-​សង្កាត់​ធ្វើ​ទៅ​វិញ។ អ៊ីចឹង​នេះ​ជា​កិច្ចការ​មួយ​ដែល​វា​បង្ក​លក្ខណៈ​ស្មុគស្មាញ​ទៅ​ដល់​ការ​ធ្វើ​លិខិត​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​វា​អាច​បង្ក​លក្ខណៈ​លំបាក​ទៅ​ដល់​អ្នក​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​គាត់​ហ្នឹង»

ការ​ដក​ហូត​សិទ្ធិ​នេះ ទើប​តែ​កើត​មាន​ក្រោយ​បោះឆ្នោត​ឃុំ-​សង្កាត់ ពោល​គឺ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ជា​មេ​ឃុំ និង​ចៅសង្កាត់​ជាតិ ៥០០​ឃុំ-​សង្កាត់។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី ក៏​បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​ដែល​កើត​ចេញ​ពី​នីតិវិធី និង​បែប​បទ​ថ្មី​នេះ​ដែរ ព្រោះ​តម្រូវ​ឲ្យ​ពលរដ្ឋ​ត្រូវ​រាយការណ៍​អំពី​ការ​ស្នាក់នៅ​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ដើម្បី​បាន​ទម្រង់ ក-៨ សិន រួច​ហើយ​បាន​យក​ទៅ​ជួប​សាលា​ឃុំ ឬ​សាលាសង្កាត់​ម្ដង​ទៀត។ ដូច្នេះ ពួកគាត់​ត្រូវ​ធ្វើ​ពី​ដំណាក់កាល។

លោក​បន្ត​ថា កាល​ពី​នីតិវិធី​ចាស់​ការ​ស្នាក់នៅ​អត់​មាន​កំណត់​ពេល​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ នីតិវិធី​ថ្មី​កំណត់​ឲ្យ​ការ​ស្នាក់​នៅ​ទាល់​តែ​បាន​រយៈពេល ៣០​ថ្ងៃ​សិន ទើប​គេ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​បាន។ លោក​យល់​ថា ប្រការ​នេះ​វា​បង្ក​ការ​លំបាក និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ចង់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៖ «កាល​ណា​ស្មុគស្មាញ លោក​ដឹង​ស្រាប់​ហើយ! ប្រជាពលរដ្ឋ​ខ្មែរ លោក​បោះបង់​សិទ្ធិ​បោះឆ្នោត​ហ្នឹង​ហើយ! បាន​ន័យ​ថា គាត់​អត់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី គាត់​នឹង​គ្មាន​សិទ្ធិ​ទៅ​បោះឆ្នោត​នោះ​ទេ​នៅ​ថ្ងៃ​បោះឆ្នោត​មក​ដល់»

ចំណែក​ឯ​លោក គី វណ្ណដារ៉ា វិញ​យល់​ថា ការ​ដក​ហូត​សិទ្ធិ​របស់​មេ​ឃុំ ឬ​ចៅសង្កាត់ ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​ទី​លំនៅ​នេះ គឺ​មិន​ត្រឹមតែ​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​វិមជ្ឈការ​អំណាច​ទៅ​ថ្នាក់​មូលដ្ឋាន​ឃុំ-​សង្កាត់។ ហេតុ​ដូច្នេះ​ហើយ ទើប​លោក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប​ផ្សេង​ទៀត សុំ​បំភ្លឺ​ពី​ក្រសួង​មហាផ្ទៃ ក្នុង​រឿង​នេះ ព្រោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​និយាយ​ផ្សេង អនុវត្ត​ផ្សិង៖ «ថ្នាក់ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​តែងតែ​និយាយ​ថា យើង​ចង់​ឲ្យ​ប្រទេស​ខ្មែរ​ហ្នឹង​មាន​វិមជ្ឈការ​រឹង​មាំ។ តើ​រឹងមាំ​យ៉ាង​ម៉េច? បើ​គ្រាន់​តែ​ក្រោយ​ពី​បោះឆ្នោត ២០១៧ ឃើញ​រដ្ឋបាល​អនុវត្ត​ខុស​ពី​ប្រក្រតី​ទៅ​ហើយ​នោះ»

​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ចាត់​ទុក​ថា រឿង​នេះ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ ហើយក៏​មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប នោះ​ដែរ។ លោក​បញ្ជាក់​ថា គ.ប.ជ គោរព​តាម​ច្បាប់ និង​គោលការណ៍​របស់ គ.ជ.ប។ កាល​ណា​ពលរដ្ឋ​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ត្រឹមត្រូវ និង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត គ.ជ.ប នឹង​ចុះ​ឈ្មោះ​ជូន​ពួកគាត់​ភ្លាម។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប​ជាង ១,៤​លាន​នាក់។ អ្នក​ទាំង​នោះ ភាគ​ច្រើន​ជា​ពលករ​ចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ដាក់​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ ឬ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស ឬ​កន្លែង​ដែល​ពួកគាត់​កំពុង​ធ្វើ​ការ​នោះ​បាន។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​ធ្លាប់​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​រំខាន​ដល់​ពលករ​ចំណាកស្រុក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​ស្ដីទី​បក្ស​អំណាច​ខ្មែរ​កៀរគរ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ​ឲ្យ​ចូលរួម​សមាជ​ជ្រើសរើស​ប្រធាន​បក្ស​​ថ្មី

$
0
0

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ ស្នើ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ ទៅ​ចូលរួម​សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ធ្វើ​សមាជ​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ថ្ងៃ​ទី​៧ វិញ ដោយសារ​ក្រសួង​មហាផ្ទៃ ឲ្យ​គណបក្ស​នេះ​ពន្លឿន​ការ​ជ្រើសរើស​ប្រធាន​ថ្មី និង​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស ព្រោះ​រូប​សញ្ញា​បក្ស​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រឡំ​ជាមួយ​រូប​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា ថា ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក សួន សេរីរដ្ឋា គឺ​ជា​ចេតនា​ដែល​គេ​ចង់​ធ្វើ​បាប​គណបក្ស​អំណាច​ខ្មែរ។ លោក​ថា របៀប​ដឹក​នាំ​ថ្មី​នៃ​គណបក្ស​អំណាច​ខ្មែរ នឹង​មិន​មាន​គោលការណ៍​លាប​ពណ៌ ឬ​វាយ​ប្រហារ​គណបក្ស​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​ការ​រិះគន់​ដើម្បី​ស្ថាបនា​នៅ​តែ​ធ្វើ​ឡើង​ដូច​មុន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក សួង សុភ័ណ្ឌ៖ «ធ្លាប់​ជាក់ស្ដែង! ខ្ញុំ​ធ្លាប់​នៅ​គណបក្ស​ចាស់​របស់​ខ្ញុំ (បក្ស​សង្គ្រោះ​ជាតិ) ហើយ​នឹង​ធ្លាប់​ស្ដាប់​ថ្នាក់ដឹកនាំ​ចាស់ៗ​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​នយោបាយ​ផ្សេង ភាគ​ច្រើន​គឺ​លាប​ពណ៌​គ្នា វាយ​ប្រហារ​គ្នា រឿង​ខ្លះ​មិន​ពិត ក៏​ធ្វើ​ឲ្យ​ទៅ​ជា​ពិត។ ប៉ុន្តែ​ដំណោះស្រាយ​ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ គេ​ហៅ​ថា មាន​ទុក្ខ ផ្ដល់​ដំណោះស្រាយ​មួយ​ឲ្យ​ប្រជាពលរដ្ឋ​លែង​មាន​ទុក្ខ បែរ​ទៅ​ជា​មិន​ខំប្រឹង​គិតគូរ មិន​ខំប្រឹង​ដោះស្រាយ​ទេ គិតតែ​ពី​ខំប្រឹង​លាប​ពណ៌​គ្នា ទម្លាក់​កំហុស​ដាក់​គ្នា»

លោក សួង សុភ័ណ្ឌ បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ ទៅ​ចូល​រួម​សមាជ​វិសាមញ្ញ​របស់​គណបក្ស ដើម្បី​ទប់ស្កាត់​ការ​រំលាយ​គណបក្ស​ជ្រើសរើស​ប្រធាន​ថ្មី ប្ដូរ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​គណបក្ស និង​អាច​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា លោក សួង សុភ័ណ្ឌ បាន​ធ្វើ​សន្និសីទ​កាសែត​ដោយ​ប្រកាស​ថា ដើម្បី​រក្សា​បក្ស​នេះ​ឲ្យ​នៅ​គង់វង្ស​កុំ​ឲ្យ​ប៉ះពាល់​ដោយសារ​តែ​ច្បាប់​ថ្មី សមាជិក​គណបក្ស​នឹង​ធ្វើ​សមាជ​មួយ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ជំនួស​លោក សួន សេរីរដ្ឋា ដែល​កំពុង​ជាប់​បទឧក្រិដ្ឋ​នៅ​តុលាការ ហើយ​សមាជ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា តែ​ក្រោយ​មក​ត្រូវ​លើក​មក​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា វិញ ដោយសារ​ប្រធាន​ស្ដីទី​បក្ស​នេះ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​តឿន​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​លឿន។

អតីត​ប្រធាន និង​ជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល​ពី​បទ​ចោទ​ថា បាន​ប្រមាថ​កងទ័ព។ តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ថ្មី គណបក្ស​នេះ​ប្រឈម​នឹង​ការ​រំលាយ​ពេល​ដែល​ប្រធាន​បក្ស​ក្លាយ​ជា​ទណ្ឌិត។

​ក្រោយ​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា លោក សួង សុភ័ណ្ឌ អះអាង​ថា កំណើន​អ្នក​គាំទ្រ​បក្ស​នេះ​មាន​ការ​កើន​ឡើង​ដោយសារ​ការ​ល្បីល្បាញ​នៃ​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​បក្ស និង​ប្រជាប្រិយភាព​របស់​លោក​ដែល​ធ្លាប់​ជួយ​ពលរដ្ឋ​រង​គ្រោះ​ពី​មុន។ សម្រាប់​គោលនយោបាយ​ថ្មី​នៃ​គណបក្ស​នេះ លោក សួង សុភ័ណ្ឌ អះអាង​ថា នឹង​អស្ចារ្យ​ជាង​មុន​ក្នុង​នោះ​មាន​កម្មវិធី​បង្រៀន​ពលរដ្ឋ​ឲ្យ​ដាំ​បន្លែ​ធម្មជាតិ គណបក្ស​នឹង​ផ្ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ការ​ដាក់​លេខ​ទូរស័ព្ទ​របស់​គណបក្ស​ជាប់​ផ្ទាំង​ស្លាក​បក្ស​ថ្មី ដែល​នឹង​បោះ​នៅ​ទី​សាធារណៈ​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ទំនាក់ទំនង។

​ទោះ​ជា​យ៉ាង​ណា លោក សួង សុភ័ណ្ឌ មិន​ទាន់​ច្បាស់​ថា តើ​គណបក្ស​អំណាច​ខ្មែរ នឹង​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​រង់ចាំ​មើល​ពី​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សិន។ តម្លាភាព​នោះ គឺ​ជា​ការ​បើក​ការិយាល័យ​សាធារណៈ​របស់ គ.ជ.ប និង​ការ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ប្រើ​សិទ្ធិ​ឃ្លាំមើល​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សម្ភាស​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ព្រះវិហារ​ជុំវិញ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

$
0
0

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ មក​ពី​ស្រុក​ចំនួន​៣ នៃ​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ជាង ៤០​នាក់ បាន​លើក​គ្នា​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន ឱ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពួក​គាត់ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន។

ក្រុម​ពលរដ្ឋ​បាន​កាន់​ញត្តិ​ដែល​មាន​ស្នាម​ផ្ដិត​មេដៃ​គាំទ្រ​ជាង ៣​ពាន់​នាក់ ​ទៅ​ដាក់​​នៅ​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្ថានទូត​ចិន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក សាន សែល ជាមួយ​លោកស្រី នួន មុត ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូល​រួម​ដាក់​ញត្តិ​នេះ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ​ថា​នយោបាយ​ប្រឆាំង​អាមេរិក​មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​ឡើយ

$
0
0

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​សភាព​ល្អក់​កករ​ជា​ខ្លាំង ជាពិសេស​ក្នុង​ឆ្នាំ​២០១៧ នេះ ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ហាក់​កំពុង​បង្កើន​ការ​អនុវត្ត​ជា​ចំហ​នូវ​នយោបាយ​ប្រឆាំង​អាមេរិក។ ក្រុម​អ្នក​វិភាគ និង​ឃ្លាំ​មើល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា យល់​ឃើញ​ថា នេះ​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ឆ្លាត​វៃ​ឡើយ ដែល​កម្ពុជា ជ្រើសរើស​យក​មាគ៌ា​នយោបាយ​ការ​បរទេស​បែប​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មហា​អំណាច​កំពូល​មួយ​នៅ​លើ​ពិភពលោក។

ឆ្នាំ​២០១៧ នេះ មិន​មែន​ជា​ឆ្នាំ​ល្អ​ឡើយ​សម្រាប់​នយោបាយ​ទំនាក់ទំនង​ការ​បរទេស​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ មាន​សញ្ញាណ និង​ព្រឹត្តិការណ៍​ប្រឆាំង​អាមេរិក​ជាច្រើន បាន​កើត​មាន​ឡើង​នៅ​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​តាំង​ពី​យុទ្ធនាការ​ទាមទារ​ឲ្យ​អាមេរិក​លុប​ចោល​បំណុល​ដែល​កម្ពុជា ជំពាក់​ពី​សម័យ​សង្គ្រាម​ជាង ៥០៥​លាន​ដុល្លារ​អាមេរិក ការ​លុប​ចោល​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ឈ្មោះ​ឆ្មាំ​អង្គរ និង​ការ​លុប​ចោល​កម្មវិធី​ជំនួយ​មនុស្សធម៌​អាមេរិក​ឈ្មោះ «ឃ្មុំ​សមុទ្ទ» ជាដើម។

កម្តៅ​នយោបាយ​រវាង​កម្ពុជា និង​អាមេរិក ហាក់​កើន​ឡើង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​អាមេរិក និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា យ៉ាង​តក់ក្រហល់។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​តួយ៉ាង​ដូចជា​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើម ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អាមេរិក បច្ចុប្បន្ន​ក៏​កំពុង​ទទួល​រង​នូវ​សម្ពាធ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល ក្នុង​គោលដៅ​ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​ទាំងនេះ។


ការ​កើន​ឡើង​នូវ​សញ្ញាណ​អវិជ្ជមាន​ទាំងនេះ ស្តែង​ឲ្យ​ឃើញ​ពី​យុទ្ធនាការ​យ៉ាង​សកម្ម​ប្រឆាំង​អាមេរិក​ដោយ​ចំហ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក តាម​រយៈ​ការ​ចោទ​ប្រកាន់​ដោយ​កាយវិការ សម្ដី និង​ជា​លាយលក្ខណ៍​អក្សរ​ថា អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​ចាំ​ជួយ​ឧបត្ថម្ភ​គណបក្ស​ប្រឆាំង ដើម្បី​ធ្វើ​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ការ​សើរើ​អំពី​ប្រវត្តិសាស្ត្រ​សម័យ​សង្គ្រាម ដែល​ចោទ​ថា​អាមេរិក​ជា​អ្នក​បណ្តាល​ឲ្យ​មាន​វិនាសកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា ជាដើម។

ជាក់ស្តែង កាល​ពី​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​របាយការណ៍​ផ្លូវការ​មួយ​ក្រោម​ចំណង​ជើង​ថា «កម្ពុជា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស៖ ប្រាប់​ពី​ការពិត»។ របាយការណ៍​សរសេរ​ចោទ​ប្រកាន់​ក្រុម​ប្រទេស​បស្ចិម​លោក ជាពិសេស​សហរដ្ឋ​អាមេរិក ដោយ​ចំៗ​ថា៖ «ជាច្រើន​ឆ្នាំ​មក​ហើយ កម្ពុជា បាន​ទទួល​រង​នូវ​យុទ្ធនាការ​កាន់​តែ​ខ្លាំង​ឡើង​ដឹកនាំ​ដោយ​រដ្ឋាភិបាល និង​អង្គការ​បរទេស​មួយ​ចំនួន ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា ទោះ​បី​ការណ៍​នេះ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​ភាគច្រើន​នៅ​ប្រទេស​នេះ​ក៏ដោយ។ យុទ្ធនាការ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​មួលបង្កាច់​ការពិត ភូត​កុហក ការ​បំប៉ោង​បញ្ហា​តូចតាច​ក្នុង​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ដាក់​កំហុស​ទៅ​លើ​ស្ថាប័ន​បច្ចុប្បន្ន​ដែល​ស្រប​ច្បាប់»

ថ្មីៗ​នេះ​ទៀតសោត ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​ចំពោះ​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​មន្ត្រី​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) ដោយ​សង្កត់​ធ្ងន់​ត្រង់ៗ​ថា៖ «នៅ​ពេល​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចូលរួម និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ... កម្ពុជា មិន​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កុមារភាព​ទៀត​ទេ។ យើង​មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់​ក្នុង​ការ​ប្រឈម​ដោះស្រាយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ត្រូវការ​ប្រៀន​ប្រដៅ​គ្រប់​បែប​យ៉ាង​នោះ​ទេ»


ក្រុម​អ្នក​វិភាគ និង​ឃ្លាំ​មើល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា យល់​ឃើញ​ថា នយោបាយ​កម្ពុជា ប្រឆាំង​នឹង​អាមេរិក មិន​មែន​ជា​ជម្រើស​ល្អ និង​ឆ្លាត​វៃ​ដែល​កម្ពុជា គួរ​ជ្រើសរើស​យក​ឡើយ។

លោក​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) សាស្ត្រាចារ្យ​កិត្តិយស​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី នៃ​សាកលវិទ្យាល័យ New South Wales បាន​ថ្លែង​ប្រាប់​អាស៊ីសេរី​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​នា​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា មិន​គួរ​ដុត​បំផ្លាញ​ស្ពាន​ខ្លួន​ឯង​ចោល​នោះ​ឡើយ ដោយ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ត្រូវ​ទៅ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​នោះ​ឡើយ។ លោក​បណ្ឌិត ខាល ថៃយ័រ បន្ត​ថា ឥទ្ធិពល​អវិជ្ជមាន​នៃ​ការណ៍​ដែល​កម្ពុជា ពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​មាន​ចំនួន​ពីរ​ធំៗ។ ទី​មួយ គឺ​ថ្លៃ​ឱកាស​នៃ​ការ​ធ្លាក់​ចុះ​ជំនួយ និង​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​ប្រទេស​បស្ចិម​លោក។ ហើយ​ឥទ្ធិពល​ទី​ពីរ គឺ​កម្ពុជា ដែល​ពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន នឹង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​ក្រុង​ប៉េកាំង បង្គាប់​បញ្ជា ដូច​ដែល​គេ​ឯង​បាន​ឃើញ​ស្រាប់​ហើយ​ដែល​ថា លោក ហ៊ុន សែន កំពុង​តែ​សម្រប​ខ្លួន​តាម​ការ​រំពឹង​ចង់​បាន​ពី​សំណាក់​ប្រទេស​ចិន។

សម្រាប់​លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) អ្នក​កាសែត និង​ជា​អ្នក​និពន្ធ​សៀវភៅ «កម្ពុជា របស់​លោក ហ៊ុន សែន ឬ Hun Sen’s Cambodia» វិញ បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក​មិន​គាំទ្រ​នយោបាយ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ដែល​បង្ក​ទំនាស់​នឹង​សហរដ្ឋ​អាមេរិក​នេះ​ទេ។ លោក​មើល​ឃើញ​ថា នយោបាយ​ប្រឆាំង​អាមេរិក​កើត​ឡើង​ដោយសារ​តែ​មន្ត្រី​មាន​អំណាច​ចង់​រក្សា​អំណាច។ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ បន្ត​ទៀត​ថា លោក​មើល​មិន​ឃើញ​ថា ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំងនេះ នឹង​មាន​ការ​កែប្រែ​ទស្សនៈ​របស់​ពួក​គេ​នេះ​ភ្លាមៗ​នោះ​ឡើយ។

មិន​ខុស​ពី​ការ​យល់​ឃើញ​ខាង​លើ​នេះ​ដែរ សម្រាប់​អ្នក​វិភាគ​នយោបាយ និងជាអ្នក​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា​ ”ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ទន់ខ្សោយ​” (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល លោក​ក៏​យល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ។ លោក​ថា ការ​សម្រេច​ធ្វើ​ដូច្នេះ នឹង​មិន​មែន​ជា​រឿង​ប្រពៃ​នោះ​ឡើយ​សម្រាប់​កម្ពុជា។ លោក​បាន​លើក​ឡើង​ជា​ឧទាហរណ៍​ថា មេ​ដឹកនាំ​កម្ពុជា សព្វថ្ងៃ​ចង់​យក​គំរូ​តាម​របប​គ្រប់គ្រង​នៅ​ប្រទេស​សិង្ហបុរី របស់​លោក លី ក្វាងយូ (Lee Kuan Yew) ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​គ្រប់គ្រង​តាម​បែប​ផែន​របស់​ប្រទេស​នេះ ចៀសវាង​ជ្រើសរើស​យក​របប​កុម្មុយនីស្ត​ដោយ​ផ្ទាល់​តែ​ម្តង។ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល បន្ត​ថា ផលវិបាក​សម្រាប់​កម្ពុជា នឹង​មាន​ច្រើន​ឥត​គណនា ក្នុង​នោះ​រាប់​តាំង​ពី​ការ​លែង​មាន​យន្តការ​ត្រួត​ពិនិត្យ​លើ​ការ​សម្រេច​ចិត្ត កង្វះ​គណនេយ្យភាព ឬ​តម្លាភាព ជាដើម។

ពាក់ព័ន្ធ​នឹង​ហេតុ​ផល​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​និន្នាការ​ប្រឆាំង​អាមេរិក​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នេះ ក្រុម​អ្នក​វិភាគ​នយោបាយ​ការ​បរទេស​កម្ពុជា ទាំងនេះ យល់ស្រប​ព្រមៗ​គ្នា​ថា ពិត​ជា​មាន​ការ​ពាក់ព័ន្ធ​គ្នា​រវាង​យុទ្ធសាស្ត្រ​ត្រៀម​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជាមួយ​នឹង​កត្តា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា បាន​ឆ្លង​កាត់​ក្នុង​ពេល​អតីតកាល​កន្លង​ទៅ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) កត់​សម្គាល់​ថា មាន​ហេតុផល​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​និន្នាការ​ប្រឆាំង​នឹង​អាមេរិកាំង​ពី​សំណាក់​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា។ ហេតុផល​ជាក់លាក់​មួយ​នោះ គឺ​ថា​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ក៏​ពិត​មែន ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​មិន​បាន​ឈ្នះ​ឆ្នោត​ដោយ​អស្ចារ្យ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ​ទេ។ លោក ហ៊ុន សែន យល់​ថា កម្លាំង​ពី​ខាង​ក្រៅ​ដូចជា​ស្ថាប័ន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ជាដើម ដែល​ផ្តល់​ថវិកា​ដោយ​អាមេរិក កំពុង​ដើរ​តួនាទី​លម្អៀង​ប្រកាន់​បក្ខពួក។ លោក​សាស្ត្រាចារ្យ​បន្ត​ថា លោក ហ៊ុន សែន ចង់​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ឲ្យ​បាន​គួរ​ជា​ទី​ទុក​ចិត្ត​បំផុត។ ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​បញ្ចប់​ទៅ​ហើយ លោក ហ៊ុន សែន កំពុង​ប្រើ​វិធីសាស្ត្រ​បន្ទច់បង្អាក់ និង​បង្ក្រាប​ក្រុម​មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រឆាំង​ទៅ​នឹង​របប​គ្រប់គ្រង​របស់​លោក។

ហេតុផល​ទី​ពីរ​វិញ គឺ​ថា​វា​ជា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ដែល​លោក​សាស្ត្រាចារ្យ​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប អូស្ត្រាលី និង​ជប៉ុន ជាដើម តែងតែ​មាន​ការ​យល់​ឃើញ​ជា​អវិជ្ជមាន​មក​លើ​រូប​លោក ហ៊ុន សែន ដោយសារ​តែ​លោក​ធ្លាប់​ជា​អតីត​មន្ត្រី​យោធា​ក្នុង​របប​ខ្មែរ​ក្រហម។ ក្រោយ​មក​ទៀត លោក​ជា​ខ្ញុំ​កញ្ជះ​របស់​ប្រទេស​កុម្មុយនីស្ត​វៀតណាម ខណៈ​ដែល​នៅ​ក្រោយ​ឆ្នាំ​១៩៩៣ លោក​ក្លាយ​ជា​ឧបសគ្គ​ចម្បង​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ក្នុង​កម្ពុជា។ និន្នាការ និង​មនោសញ្ចេតនា​ទាំងនេះ បាន​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​រៀង​រាល់​ពេល​បោះឆ្នោត​ម្តងៗ​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការ​គាំទ្រ​ពី​ខាង​ក្រៅ​ដល់​បក្ស​ប្រឆាំង​នានា​នៅ​អំឡុង​ពេល​នោះ។

ជុំវិញ​បញ្ហា​ដដែល​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល បាន​ប្រាប់​អាស៊ីសេរី​ផង​ដែរ​ថា ហេតុផល​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឲ្យ​មាន​យុទ្ធនាការ​ប្រឆាំង​អាមេរិក​នេះ គឺ​រួម​មាន ការ​បោះឆ្នោត​ឆ្នាំ​២០១៨ និង​កត្តា​ផ្សេងៗ​ក្រៅ​ពី​នេះ។ ក្នុង​ទស្សនៈ​របស់​ក្រុម​មន្ត្រី​កាន់​អំណាច​ខ្មែរ ពួក​គេ​យល់​ថា ២៥​ឆ្នាំ​គឺ​វា​ល្មម​គ្រប់គ្រាន់​ហើយ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ហើយ​ក្រុម​មន្ត្រី​ទាំងនោះ​គិត​ថា ពួក​គេ​គួរ​តែ​អាច​បាន​គ្រប់គ្រង​កម្ពុជា បាន​ទាំងស្រុង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដែល​ថា​ពួក​គេ​គួរ​តែ​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​នោះ។ ការ​យល់​ឃើញ​ដែល​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ​នោះ គឺ​ជា​ផ្នែក​មួយ​របស់​ក្រុម​ប្រឆាំង ក៏​ព្រោះ​តែ​ក្រុម​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ដូច​តាម​ការ​ចង់​បាន​របស់​មន្ត្រី​រដ្ឋាភិបាល។ លោក​បន្ត​ថា ការណ៍​នេះ គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ ប៉ុន្តែ​អ្នក​អាច​ស្រមៃ​បាន​ថា មាន​មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​យ៉ាង​ដូច្នេះ ហើយ​ថា​វា​ល្មម​ដល់​ពេល​ហើយ​ដើម្បី​បញ្ចប់​ការ​ប្រឆាំង​ទាំងឡាយ​នៅ​ក្នុង​ស្រុក និង​ពី​សំណាក់​បស្ចិម​ប្រទេស​ទាំងអស់ ដើម្បី​ឲ្យ​ពួក​គេ​អាច​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​របៀប​ដែល​មិន​យុត្តិធម៌ និង​មិន​សេរី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ជា​យូរ​លង់​ណាស់​មក​ហើយ​ជឿ​ថា សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បស្ចិម​ប្រទេស តែង​ប្រើប្រាស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ នេះ​បើ​តាម​ទស្សនៈ​យល់​ឃើញ​របស់​លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) ដែល​អ្នក​កាសែត និង​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​កម្ពុជា។ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ លើក​ឡើង​ថា បញ្ហា​នេះ​កើត​មាន​ឡើង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៨០ មក​ម្ល៉េះ នៅ​ពេល​ដែល​កាលនោះ​មាន​សម្ពន្ធភាព​រវាង​រដ្ឋាភិបាល​បរទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ព្យាយាម​ប៉ុនប៉ង​ធ្វើ​ឲ្យ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចុះ​ទន់​ខ្សោយ។ លោក​បន្ត​ថា ដោយសារ​តែ​ហេតុ​នេះ​ហើយ ហើយ​នឹង​ការពិត​ដែរ​ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​បន្ត​គាំទ្រ​ក្រុម​ខ្មែរ​ក្រហម​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​អំឡុង​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​៨០ គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សង្ស័យ​ជា​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) និង​រាល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ដែល​បាន​បង្កើត​ឡើង​នៅ​ពេល​នោះ។ គិត​មក​ទល់​ពេល​នេះ បញ្ហា​នេះ​កើត​មាន​ឡើង​អស់​រយៈពេល ២៥​ឆ្នាំ​ហើយ។ ជំងឺ​បញ្ហា​ផ្លូវ​ចិត្ត​ដោយសារ​វិបត្តិ​មិន​ទុក​ចិត្ត​អ្នក​ដទៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ស្តែង​ឲ្យ​ឃើញ​ឡើង​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ព្យាយាម​បញ្ចុះបញ្ចូល ឬ​ឡប់ប៊ី​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដោយ​ឥត​សំចៃ​មាត់​ក្នុង​រដ្ឋសភា​អាមេរិកាំង ដោយ​បាន​ធ្វើ​ការងារ​ជា​ដៃគូ​ជាមួយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អន្តរជាតិ​នានា​ដូចជា វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​អាមេរិក ដើម្បី​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ ដែល​នេះ​មាន​ន័យ​ថា ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា។ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ ពន្យល់​ថា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ សមាជិក​សភា​មួយ​ចំនួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​និយម​របស់​អាមេរិក បាន​ថែម​ទាំង​ចេញ​មុខ​អំពាវនាវ​យ៉ាង​សកម្ម​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា ទៀត​ផង។

ឆ្លើយតប​នឹង​សំណួរ​ថា តើ​កម្ពុជា និង​សហរដ្ឋ​អាមេរិក គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កែលំអ​ភាព​មិន​ទុក​ចិត្ត​គ្នា​នេះ និង​ដើម្បី​ចៀសវាង​នូវ​ការ​ត្រឡប់​ច្រំដែល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ឡើយ​ថា ប្រទេស​ទាំង​ពីរ​នេះ​អាច​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​បាន​យ៉ាង​ពិត​ប្រាកដ​ឡើយ។ លោក​បន្ត​ថា កម្ពុជា តែងតែ​មើល​អាមេរិក ថា​មាន​ចេតនា​ពី​ខាង​ក្រៅ​ដើម្បី​ជ្រៀតជ្រែក​ប្រទេស​របស់​ខ្លួន។ ដោយឡែក​សហរដ្ឋ​អាមេរិក ហាក់​បី​ដូចជា​មើល​មក​កម្ពុជា វិញ តាម​ទិដ្ឋភាព​បែប​មនោគមវិជ្ជា​ចម្បង​ជា​ផ្នែក​មួយ​ដើម្បី​ប្រឆាំង​នឹង​របប​កុម្មុយនីស្ត ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សមរភូមិ​នៃ​ដំណើរ​វិវឌ្ឍន៍​ជា​សាកល​របស់​លទ្ធិប្រជាធិបតេយ្យ។ លោក​ស្នើ​ថា ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​អាមេរិក គួរ​ព្យាយាម​មើល​មក​កម្ពុជា ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នេះ ចៀស​ជាង​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​នយោបាយ​ដ៏​ទូលំទូលាយ​នោះ។ ចំណែក​ឯ​រដ្ឋាភិបាល​កម្ពុជា វិញ គួរ​ព្យាយាម​ហ៊ាន​ប្រឈម​មុខ​នឹង​ការពិត​ដែល​ថា មន្ត្រី​អាមេរិកាំង​ភាគច្រើន គឺ​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ពិត​ប្រាកដ​មែន​ចំពោះ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​លោក​ថា ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ដែល​បច្ចុប្បន្ន ភាគី​ទាំង​សងខាង​ហាក់​កំពុង​ប្រកាន់​យក​វិថី​ត្រូវ​តែ​រៀងៗ​ខ្លួន ហើយ​ការណ៍​នេះ​ទំនង​ជា​នឹង​បន្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត។

ចំណែក​ឯ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) វិញ លោក​បញ្ជាក់​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​ធ្លាប់​ដែល​បង្ហាញ​សញ្ញា​ឲ្យ​គេ​ឯង​ដឹង​ទេ​ថា លោក​មាន​ចំណាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា ជាពិសេស ឬ​ក្នុង​ការ​លើក​តម្កើង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជា​រួម​នោះ​ទេ។ លោក​ថា ក្រសួង​ការ​បរទេស​អាមេរិក បច្ចុប្បន្ន​នេះ​ពុំ​ទាន់​មាន​បុគ្គលិក​បម្រើ​ការងារ​គ្រប់គ្រាន់​នៅ​ឡើយ ហើយ​ទំនង​ជា​នឹង​មិន​មាន​ថវិកា​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ​ហើយ បេសកកម្ម​របស់​អាមេរិក​នៅ​កម្ពុជា មាន​ឥទ្ធិពល​តិចតួច​ជាង​មុន។ ការណ៍​ល្អ​បំផុត​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​ទៅ​បាន​នោះ គឺ​ត្រូវ​ព្យាយាម​មិន​ឲ្យ​មាន​ការ​ខូចខាត​ខ្លាំង​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ ដូច​អ្វី​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​បន្ត​គាំទ្រ​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សន្តិសុខ​មនុស្ស​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក គួរ​ធ្វើ​ការ​ឲ្យ​បាន​ជិតដិត​ជាមួយ​សហគមន៍​ប្រទេស​ម្ចាស់​ជំនួយ​ដទៃ​ទៀត ប្រសិន​ណា​បើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គាំទ្រ​ទស្សនវិស័យ​ពហុភាគី​និយម​សម្រាប់​ផែនការ​យូរ​អង្វែង​ដើម្បី​ជួយ​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​នេះ។ មិន​ថា​អ្វី​ដែល​សហរដ្ឋ​អាមេរិក ត្រូវ​ធ្វើ​នោះ​ទេ លោក​ថា​សហរដ្ឋ​អាមេរិក នឹង​នៅ​តែ​ប្រឈម​មុខ​នឹង​ជញ្ជាំង​ថ្ម​នៃ​ការ​គ្រប់គ្រង​អំណាច​ដោយ​បក្ស​តែ​មួយ​នៅ​កម្ពុជា ពី​សំណាក់​មេ​ដឹកនាំ​ផ្ដាច់ការ គឺ​លោក ហ៊ុន សែន។ កេរ​ដំណែល​ប្រវត្តិសាស្ត្រ នឹង​នៅ​តែ​បន្ត​ក្លាយ​ជា​ស្រមោល​នៅ​ពេល​អនាគត​សម្រាប់​កម្ពុជា ដដែល។

យ៉ាង​ណា​ក៏ដោយ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ផ្តល់​ចំណាប់​អារម្មណ៍​ថា លោក​មិន​ជឿ​ថា កម្ពុជា នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង​ឡើង​វិញ​ម្តង​ទៀត​នោះ​ទេ។ លោក​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ឈាន​រហូត​ដល់​ទៅ​រំឭក​ដល់​ព្រឹត្តិការណ៍​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក។ លោក​ចោទ​ជា​សំណួរ​ថា ចូរ​កុំ​ភ្លេច​ត្រូវ​ចងចាំ​ថា តើ​ការ​នាំ​ចេញ​ទំនិញ​ភាគច្រើន​របស់​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីកន្លែង​ណា ហើយ​ថា​តើ​កូន​ចៅ​របស់​វរជន​ខ្មែរ​ទាំងនោះ​ទៅ​រៀន​នៅ​ប្រទេស​ណា​ខ្លះ? ចម្លើយ គឺ​គ្មាន​អ្វី​ក្រៅ​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប នោះ​ឡើយ ដោយ​លោក​បញ្ជាក់​បន្ថែម​ថា កូន​ចៅ​របស់​មន្ត្រី​ដែល​ជា​វរជន​ទាំងនោះ​ប្រាកដ​ជា​នឹង​មិន​ទៅ​រៀនសូត្រ​នៅ​ប្រទេស​ចិន ឡើយ បើ​ទោះ​បី​ជា​មាន​អ្នក​មួយ​ចំនួន​ទៅ​ទីនោះ​មែន ប្រសិន​បើ​វា​ថោក និង​មិន​គិត​ថ្លៃ។ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​បន្ថែម​ថា តើ​ជនជាតិ​ចិន ទាំងនោះ​បញ្ជូន​កូន​ចៅ​របស់​គេ​ទៅ​រៀន​នៅ​ប្រទេស​ណា​ដែរ ប្រសិន​បើ​គេ​មាន​មធ្យោបាយ? ចម្លើយ​ប្រាកដ​ណាស់ គឺ​ពិត​ជា​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ដើម្បី​ស្នើសុំ​ប្រតិកម្ម​តប​របស់​លោក​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​នយោបាយ​ការ​បរទេស​កម្ពុជា ពី​ខាង​លើ​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

គិត​មក​ត្រឹម​ពេល​នេះ ទំនាក់ទំនង​កម្ពុជា-សហរដ្ឋ​អាមេរិក បាន​អូស​បន្លាយ​អស់​រយៈពេល ៦៧​ឆ្នាំ​ហើយ។ សហរដ្ឋ​អាមេរិក បាន​បង្កើត​ទំនាក់ទំនង​ការទូត​ដោយ​ផ្ទាល់​ជាមួយ​កម្ពុជា ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៥០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឈ្មួញ​ឯកជន​បន្ត​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​ព្រះសីហនុ​ក្រោយ​ប្រកាស​របស់​​នាយករដ្ឋមន្ត្រី​

$
0
0

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ អះអាង​ថា បរិវេណ​ដី​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​នេះ ដែល​ត្រូវ​គេ​ចាក់​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឯកជន​​កន្លង​មក​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី មិន​ទាន់​បាន​ដក​ហូត ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ស្របតាម​បទបញ្ជា​ប្រមុខ​ដឹកនាំ​នៅ​ឡើយ​ទេ។

​មន្ត្រី​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន​បាន​កត់សម្គាល់​ថា បរិវេណ​ដី​ព្រៃ​កោងកាង មាន​ទីតាំងនៅ​តំបន់​ស្ពាន​ឆេះ ជាប់​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ រាប់​សិប​ហិកតារ និង​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ត្រូវ​កាន់កាប់​ដោយ​ឯកជន​គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ ទោះ​បី​ប្រមុខ​ដឹកនាំ​ដាក់​បទបញ្ជា​ឲ្យ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​បែប​ណា​ក្តី។ ពួកគេ​សាទរ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​បទបញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​ប្រមុខ​ដឹកនាំ​ដែល​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ និង​ជា​ប្រភព​ធនធាន​ជីវចម្រុះ​នៅ​កម្ពុជា។

​លោក សុខ សុខុម បន្ត​ថា នឹង​រង់ចាំ​មើល​ការ​ចុះ​អនុវត្ត​ការងារ​ដក​ហូត​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដែល​ត្រូវ​បុគ្គល​ឯកជន​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ កន្លង​មក​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី មាន​ប្រសិទ្ធភាព ឬ​ទេ? លោក​បន្ត​ថា ដី​ព្រៃ​កោងកាង ដែល​ត្រូវ​គេ​ដឹក​ដី​ចាក់​លុប​មាន​ទីតាំង​នៅ​តំបន់​ស្ពាន​ឆេះ ជាប់​ឆ្នេរ​អូរត្រេះ ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ និង​ព្រៃ​កោងកាង រាប់​រយ​ហិកតារ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ និង​ដី​ព្រៃ​កោងកាង នៅ​តាម​តំបន់​ខ្លះ​ទៀត​នៅ​ស្រុក​ស្ទឹងហាវ ត្រូវ​ឈ្មួញ និង​បុគ្គល​ឯកជន​កាន់កាប់​ដដែល។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បង្ហាញ​ទស្សនៈ​ថា ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​មន្ត្រី​ជំនាញ​តាម​ខេត្ត​នីមួយៗ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​កន្លង​មក រដ្ឋាភិបាល​ត្រូវ​រឹបអូស​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​កោងកាង​ទុក​សម្រាប់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត៖ «អ្នក​មាន​លុយ​មាន​អំណាច​រំលោភ​កាន់​កាប់​បរិវេណ​ដី​ព្រៃ​កោងកាង នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្រុង​ព្រះសីហនុ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ជាដើម ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​វិញ មិន​ដែល​ឃើញ​ទៅ​ទន្ទ្រាន​កាន់​កាប់​បរិវេណ​ដី​ព្រៃ​កោងកាង ចំណុច​ព្រៃ​លិច​ទឹក ឬ​តំបន់​ឆ្នេរ​សមុទ្រ​នោះ​ទេ។ ប្រការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ កន្លង​មក គឺ​មិន​បាន​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ថា ដី​តំបន់​ណា​ជា​ដី​លិច​ទឹក និង​ជា​​​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ក្នុង​វេទិកា​ស្ដីពី​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​លើក​ទី​២ រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។ លោក​បាន​រំលឹក​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ទៀត ព្រម​ទាំង​អភិបាលខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង ៤ ឲ្យ​ការពារ​តំបន់​ឆ្នេរ​សមុទ្រ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រៃ​កោងកាង ឲ្យ​បាន​គង់វង្ស។ កាល​ណោះ ប្រមុខ​ដឹកនាំ​បាន​ដាក់​បទ​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់ និង​អភិរក្ស​ការពារ​ធនធានធម្មជាតិ​នានា មាន​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ​ខុស​ច្បាប់ ពិសេស​ត្រូវ​រក្សា​តំបន់​ឆ្នេរ​សមុទ្រ និង​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​នានា នៅ​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ឲ្យ​បាន​ល្អ ឲ្យ​ស័ក្ដិសម​ប្រសិទ្ធិនាម​ថា​ជា "តារា​រះ​នា​ទិសនិរតី" និង​ជា​ឆ្នេរ​ស្រស់​ស្អាត​បំផុត​លំដាប់​ពិភពលោក។

​ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រំលឹក​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង ត្រូវ​ដកហូត ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង យក​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

លោក​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ដូច្នេះ ជា​ការ​ឆ្លើយ​តប​សំណូមពរ និង​ការ​ព្រួយ​បារម្ភ​របស់​តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ​មួយ​ចំនួន​​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា បរិវេណ​ដី​ព្រៃ​កោងកាង ដែល​ត្រូវ​បាន​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខ្លះ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​កន្លង​មក គឺ​មិន​ទាន់​មាន​ការ​ដក​ហូត​នោះ​ទេ ហើយ​ព្រៃ​កោងកាង ភាគ​ច្រើន ត្រូវ​គេ​ដឹក​ដី​ចាក់​លុប​បំបាត់​ភស្តុតាង​ថែម​ទៀត មាន​ដូចជា បរិវេណ​ព្រៃ​កោងកាង មាន​ដើម​ដុះ​ល្អៗ ដូច​ម្រាមដៃ រាប់​សិប​ហិកតារ មាន​ទីតាំង​នៅ​ជាប់​ភ្នំ​ដំណាក់​ស្ដេច​ក្បែរ​ឆ្នេរ​អូរត្រេះ ក្នុង​សង្កាត់​លេខ​៤ ត្រូវ​បុគ្គល​ឯកជន​កាន់កាប់​ទាំងស្រុង និង​ព្រៃ​កោងកាង រាប់​រយ​ហិកតារ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ត្រូវ​ឈ្មួញ និង​បុគ្គល​ឯកជន​បន្ត​កាន់​កាប់​ដដែល​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី សុធារី ហាក់​មិន​ទាន់​មាន​ជំនឿ​ថា បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ទំនង​ជា​មិន​មាន​មន្ត្រី​ក្រោម​ឱវាទ​ហ៊ាន​ចុះ​សើរើ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នេះ​នោះ​ទេ ព្រោះ​ម្ចាស់​ដី​ជា​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច៖ «ខ្ញុំ​មាន​សំណូមពរ​មួយ​សូម​ឲ្យ​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​ទាំង​អស់​មេត្តា​ពិនិត្យ​ឡើង​វិញ នូវ​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ដែល​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​ទាំង​អស់​ហ្នឹង​ឡើង​វិញ ថា​តើ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ឬ​ក៏​យ៉ាង​ណា? ហើយ​ស្ថានភាព​ដី​ជាក់ស្ដែង​នៅ​បរិវេណ​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង ដែល​មន្ត្រី​ជំនាញ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ឯកជន​នោះ តើ​ជា​ប្រភេទ​ដី​ព្រៃ​រេចរឹល ឬ​បែប​ណា? ព្រោះ​យើង​ឃើញ​ថា កន្លង​មក​ដូចជា​នៅ​ឃុំ​ទឹក​ថ្លា​ជាដើម អាជ្ញាធរ​បាន​ផ្ដល់​នូវ​ការ​វិនិយោគ​ដី​ព្រៃ​កោងកាង នៅ​តំបន់​នោះ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន និង​កំពុង​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង នៅ​ក្នុង​តំបន់​នោះ​បំផ្លាញ​ចោល​ថែម​ទៀត»

​ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នឹង​ខិតខំ​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នានា ដែល​សេសសល់​នា​មូលដ្ឋាន​នេះ​ឲ្យ​ស្របតាម​ការ​ចង្អុលបង្ហាញ​របស់​ប្រមុខ​ដឹកនាំ ដោយ​ធានា​ការពារ​មិន​ឲ្យ​មាន​អ្នក​រំលោភ​បំពាន​ខុស​ច្បាប់​ទៀត​ទេ។

​យ៉ាង​នេះ​ក្តី លោក យន្ត មីន ហាក់​មាន​ការ​រារែក​ក្នុង​ការ​សើរើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ត្រូវ​មន្ត្រី​ជំនាញ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង នៅមុន​ពេល​រូប​លោក​មក​ដឹកនាំ​ជា​អភិបាល​ខេត្ត​នេះ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​លោក​ថា នឹង​បន្ត​រួម​សហការ​ជាមួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​រលូន។

​យ៉ាង​ណា​ក៏ដោយ​ចុះ អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​តាមដាន​ទៅ​លើ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​នៅ​តាម​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស តើ​បាន​ចុះ​អនុវត្ត​ការងារ​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃ​កោងកាង និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ ព្រោះ​តាម​ការ​កត់សម្គាល់​កន្លង​ទៅ ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​គ្រោង​ដោះលែង​សត្វ​ព្រៃ​ដែល​ចាប់​បាន​ពី​អ្នក​ជួញដូរ

$
0
0

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​ជួញដូរ​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ នៅ​តែ​កើត​មាន ដោយសារ​តែ​សមត្ថកិច្ច​មិន​ទាន់​គ្រប់គ្រង​ទីផ្សារ​ងងឹត​នៃ​ការ​ជួញដូរ​សត្វ​ព្រៃ​បាន​ទាំងអស់​នៅ​ឡើយ។

រយៈពេល ៨​ខែ​ឆ្នាំ​២០១៧ នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​នឹង​អង្គការ​អភិរក្ស​សត្វ​ព្រៃ (Wild Aid) តែង​ចុះ​បង្ក្រាប​ការ​យក​សាច់​សត្វ​ព្រៃ​ទៅ​ចម្អិន​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ព្រម​ទាំង​ការ​ក្លែង​បន្លំ​ធ្វើ​ជា​សរីរាង្គ​របស់​សត្វ​ព្រៃ ដើម្បី​ដាក់​លក់​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ជាដើម។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប គ្រោង​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​មាន​កង​រាជ​អាវុធហត្ថ មាន​ប៉ូលិស ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដោះលែង​សត្វ​អណ្ដើក​ភ្នំ​ចំនួន ២០​ក្បាល​ទម្ងន់​ជាង ១៥០​គីឡូក្រាម និង​សត្វ​ត្រកួត ចំនួន ៥​ក្បាល ទម្ងន់ ២០​គីឡូក្រាម​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។

សត្វ​ព្រៃ​ដែល​គេ​នឹង​លែង​វិញ​នេះ គឺ​ចាប់​បាន​ពី​អ្នក​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ដែល​ដឹក​ចេញ​ពី​ខេត្ត​សៀមរាប សំដៅ​ទៅ​ក្រុង​ភ្នំពេញ តាម​រថយន្តក្រុង ១​គ្រឿង​របស់​ក្រុមហ៊ុន គ្រីស្ដាល់ អ៊ិចស្ព្រេស (Crystal Express)

មន្ត្រី​ចល័ត​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី គឺ​លោក ឡឹង សុខា។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​សីហា ថា សត្វ​អណ្ដើក​ភ្នំ​ចំនួន ២០​ក្បាល និង​ត្រកួត ៥​ក្បាល​នោះ គឺ​លោក​បាន​ទៅ​ទទួល​យក​ពី​ផ្នែក​ព្រហ្មទណ្ឌ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ប៉ុន្តែ​លោក​មិន​ដឹង​ថា​កម្លាំង​កង​រាជ​អាវុធហត្ថ​ចាប់​នៅ​កន្លែង​ណា​ឡើយ៖ «និយាយ​ឲ្យ​អស់​ទៅ ការងារ​នោះ គឺ​ប៉េអិម​អ្នក​ចាប់។ គេ​ចាប់​ពី​ត្រឹម​ណា​មក ក៏​ខ្ញុំ​អត់​ដឹង គ្រាន់​តែ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប្រើ​ឲ្យ​ខ្ញុំ​ទៅ​ទទួល។ ខ្ញុំ​ក៏​ទៅ​យក​មក»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប លោក ម៉ុង ប៊ុនលីម ឲ្យ​ដឹង​ថា អណ្ដើក​ភ្នំ​ចំនួន ២០​ក្បាល​ទម្ងន់ ១៥៦​គីឡូក្រាម និង​សត្វ​ត្រកួត ៥​ក្បាល​ទម្ងន់ ២០​គីឡូក្រាម​នោះ គឺ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ស្ទាក់​រថយន្តក្រុង ១​គ្រឿង ហើយ​ចាប់​បាន​នៅ​ភូមិ​ស្ពានត្នោត ឃុំ​ល្វែងឫស្សី ស្រុក​ជីក្រែង កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​សីហា។

លោក ម៉ុង ប៊ុនលីម ឲ្យ​ដឹង​ទៀត​ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប គ្រោង​នឹង​ដោះលែង​សត្វ​ព្រៃ​ទាំងនោះ​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​នៅ​តំបន់​អភិរក្ស​ពូជ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា៖ «សត្វ​នៅ​រស់ យើង​មិន​អាច​ទុក​យូរ​ទៀត​បាន​ទេ ខ្លាច​វា​ងាប់ អ៊ីចឹង​ហើយ​រដ្ឋបាល​ព្រៃឈើ​នឹង​បង្កើត​គណៈកម្មការ​មួយ​មាន​ប៉ូលិស ប៉េអិម និង​អាជ្ញាធរ​មូលដ្ឋាន ទៅ​ចូលរួម​លែង​សត្វ​ព្រៃ​ទាំងនោះ»

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ដែល​នៅ​តែ​កើត​មាន​នៅ​ឡើយ។

ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០១៧ នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វ​ព្រៃ (Wild Aid) បាន​ចុះ​បង្ក្រាប​ការ​យក​សាច់​សត្វ​ព្រៃ​ទៅ​ចម្អិន​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន​ខ្លះ ការ​ជួញដូរ​សត្វ​ព្រៃ​មួយ​ចំនួន ព្រម​ទាំង​ការ​ក្លែង​បន្លំ​ធ្វើ​ជា​សរីរាង្គ​សត្វ​ព្រៃ​ដើម្បី​ដាក់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​លើ​ភ្នំ​គូលែន ជាដើម បាន​ជាច្រើន​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យោធា​ការពារ​ព្រំដែន​ថា​ឡាវ​បាន​បញ្ជូន​កងទ័ព​ដាក់​ពង្រាយ​តាម​ព្រំដែន​ជាច្រើន

$
0
0

មន្ត្រី​យោធា​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​យ៉ាង​ច្រើន​ពង្រាយ​តាម​បន្ទាត់​ព្រំដែន​នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ពង្រឹង​កម្លាំង​ឈរ​ជើង​តាម​ព្រំដែន​កម្ពុជា-ឡាវ។ មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង អះអាង​ថា ឡាវ បញ្ជូន​កងទ័ព​ឈរ​ជើង​តាម​ព្រំដែន គឺ​ឋិត​ក្នុង​ដី​ឡាវ ទេ។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ប្រទេស​ទាំង​ពីរ​កំពុង​ពង្រឹង​កម្លាំង​ទ័ព​តាម​ព្រំដែន​រៀងៗ​ខ្លួន ក្រោយ​ពី​យោធា​ឡាវ បាន​ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀមប៉ាង កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា បាន​ពង្រឹង​កម្លាំង​ឈរ​ជើង​នៅ​ចំណុច​សំខាន់ៗ​ដែល​ឡាវ ធ្លាប់​គ្រប់គ្រង​កន្លង​ទៅ​នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ និង​គ្រោង​បង្កើត​កង​ពល​តូច​អន្តរាគមន៍​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​បញ្ជាក់​ថា ការ​បញ្ជូន​កងទ័ព​តាម​ព្រំដែន​របស់​ឡាវ គឺ​ឋិត​ក្នុង​ទឹកដី​ឡាវ ទេ ដែល​មិន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ទឹកដី​របស់​កម្ពុជា ឡើយ ត្បិត​ខ្សែ​បន្ទាត់​ខណ្ឌ​ទឹកដី​ប្រទេស​ទាំង​ពីរ គឺ​បែងចែក​ដោយ​ទន្លេ​សេកុង។

លោក ស្វាយ ញ៉ន បន្ត​ថា ផុត​រដូវ​វស្សា​ឆ្នាំ​នេះ កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា នឹង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ឡើង​វិញ ខណៈ​កន្លង​ទៅ ការ​អភិវឌ្ឍ​ផ្លូវ​នៅ​តំបន់​នោះ​មាន​ការ​រារាំង​ពី​យោធា​ឡាវ និង​បាន​កសាង​ស្ពាន​ឆ្ពោះ​ទៅ​កោះ​ឫស្សី​បាន​សម្រេច ៤០​ភាគរយ៖ «ក្នុង​ដី​របស់​យើង ឡាវ ដែល​ដក​ចេញ កន្លែង​ឡាវ កន្លង​មក​គ្រប់គ្រង​ទើប​ដក​ថ្ងៃ​ទី​១២ ឥឡូវ​ដាក់​ពង្រាយ​លើ​ដី​យើង​វិញ។ អត់​មាន​អី​ទេ ធម្មតា​ឡាវ ដាក់​ខាង​ឡាវ យើង​ដាក់​ខាង​យើង​ទៅ»

ក្រោយ​មួយ​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ឱសានវាទ​មួយ​សប្ដាហ៍​ឲ្យ​កង​ទាហាន​ឡាវ ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរ​អាឡៃ និង​តំបន់​អូរ​តាង៉ាវ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង គឺ​ថ្ងៃ​ទី​១២ សីហា រដ្ឋាភិបាល​ឡាវ បាន​យល់ព្រម​សំណើ​នោះ បន្ទាប់​ពី​លោក​បាន​ទៅ​ចរចា​នៅ​ប្រទេស​ឡាវ។

ជុំវិញ​ស្ថានភាព​ព្រំដែន​ខែត្រ​ស្ទឹងត្រែង នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​គ្រួសារ​កងទ័ព​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំដែន ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កងទ័ព ក៏​ជា​ផ្នែក​មួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​ប្រសើរ​ដែរ។

លោក​យល់​ថា កងទ័ព​ការពារ​ព្រំដែន និង​កងទ័ព​ជើង​ទឹក ក្រៅ​ពី​ការពារ​អធិបតេយ្យភាព​ព្រំដែន ក៏​ត្រូវ​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ដែល​កងទ័ព​កម្ពុជា ចាំបាច់​ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម​ពី​របៀប​បង្ក្រាប​គ្រឿង​ញៀន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន និង​សមត្ថកិច្ច​ពាក់ព័ន្ធ៖ «ការពិត​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​គេ​ប្រើ​កងទ័ព​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​ដែរ ចឹង​ក្រៅ​ពី​ការពារ​ទឹកដី ខ្ញុំ​គិត​ថា​ជំនាញ​ទប់ស្កាត់​គ្រឿង​ញៀន ឬ​ក៏​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ក៏​ជា​ជម្រើស​មួយ​ដែល​ត្រូវ​តែ​ហ្វឹកហាត់​បន្ថែម»

រដ្ឋាភិបាល​គ្រោង​បង្កើត​កង​ពល​តូច​អន្តរាគមន៍​ថ្មី​មួយ “លេខ​១២៨” ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១ និង​ដាក់​ទីតាំង​កងទ័ព​ជើង​ទឹក​ឲ្យ​ប្រចាំ​ការ​នៅ​ខែត្រ​ស្ទឹងត្រែង ដើម្បី​ពង្រឹង​កិច្ច​ការពារ​ជាតិ និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ទិសដៅ​ពង្រឹង​កម្លាំង​ឈរ​ជើង​នៅ​ព្រំដែន ដើម្បី​ការពារ​ព្រំដែន​បង្ក្រាប​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ជួញដូរ​អាវុធ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។ លោក​ថា ការ​រៀបចំ​កម្លាំង​ជើង​ទឹក​នៅ​តាម​ព្រំដែន ពុំ​មែន​ដើម្បី​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ បំណង​រក្សា​សន្តិភាព និង​ការពារ​អធិបតេយ្យភាព ព្រម​ទាំង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង៖ «ការ​រៀបចំ​ឲ្យ​មាន​កងទ័ព​ល្បាត​ដែល​ខ្មែរ​ហៅ​ថា​យោធា ឬ​ហៅ​ថា​កងទ័ព​ជើង​ទឹក​ហ្នឹង គឺ​ជា​ការ​ល្បាត​តែ​ប៉ុណ្ណោះ គឺ​យើង​អត់​មាន​ទិសដៅ​ពង្រឹង​កម្លាំង​ទ័ព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នរណា​ទេ គឺ​គ្រាន់​តែ​ពង្រឹង​ការងារ​អនុវត្តន៍ ឬ​ការងារ​ព្រំដែន​តែ​ប៉ុណ្ណោះ»

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ​ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​នៅ​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live