មន្ត្រីសង្គមស៊ីវិល និងសហគមន៍នេសាទ សម្ដែងមោទនភាពចំពោះវត្តមានកូនផ្សោត ៨ក្បាល ងើបបង្ហាញខ្លួននៅអន្លង់អភិរក្សផ្សោត ៣ទីតាំងផ្សេងគ្នា នៅដងទន្លេមេគង្គនៃស្រុកសំបូរ ខែត្រក្រចេះ។
មន្ត្រីអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) ឆ្មាំទន្លេ និងសហគមន៍នេសាទ កំពុងរកមធ្យោបាយអភិរក្សបន្ថែម ធ្វើយ៉ាងណាគាំពារផ្សោតទាំងនោះឲ្យគង់វង្ស ដើម្បីធានានិរន្តរភាពវិស័យទេសចរក្នុងតំបន់ ខណៈបច្ចុប្បន្នបទល្មើសនេសាទនៅអន្លង់អភិរក្សផ្សោតនៅតែជាក្ដីបារម្ភ។
ឆ្មាំអភិរក្សទន្លេមេគង្គ ខែត្រក្រចេះ និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកវត្តមានកូនផ្សោត ៨ក្បាលដែលទើបកើតនៅប៉ុន្មានខែចុងក្រោយនេះថា ផ្ដល់ប្រយោជន៍ច្រើនដល់សហគមន៍ ជាពិសេសបម្រើវិស័យទេសចរណ៍ដែលទាមទារឲ្យបន្ថែមល្បឿនអភិរក្សឲ្យមានប្រសិទ្ធភាព ព្រោះដំណើរការចុះល្បាតរបស់ឆ្មាំទន្លេកន្លងមកនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។
ប្រធានឆ្មាំទន្លេ និងជាអនុប្រធានរដ្ឋបាលជលផលខែត្រក្រចេះ លោក ម៉ុក ពន្លក ឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ថា វិសាលភាពដែនអភិរក្សផ្សោត និងជីវចម្រុះនៅទន្លេមេគង្គធំធេង ដែលមានប្រជុំកោះស្មុគស្មាញ បង្កជាឧបសគ្គដល់បេសកកម្មអភិរក្សសត្វផ្សោត និងជីវចម្រុះ នៅមិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយទេ។ ហេតុនេះទាមទារឲ្យមានការចូលរួមពីសហគមន៍នេសាទពលរដ្ឋ និងអាជ្ញាធរ ត្រូវរួមគ្នាផ្ដល់ដំណឹងពីបទល្មើសនេសាទគ្រប់ប្រភេទមកអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ។
លោកថា មកទល់ពេលនេះឆ្មាំអភិរក្សមាន ១១ប៉ុស្តិ៍ និង ១១ទីតាំងមានឆ្មាំអភិរក្សសរុបចំនួន ៤៣នាក់ មានទូកល្បាត ១៦គ្រឿង កំពុងចុះល្បាតទាំងយប់ថ្ងៃនៅតំបន់អភិរក្សផ្សោត និងត្រីមេពូជនៅទន្លេមេគង្គ ក៏ប៉ុន្តែបេសកកម្មនេះ មិនអាចទប់ស្កាត់បទល្មើសគ្រប់បានជ្រុងជ្រោយនោះទេ ដោយសារខ្វះខាតសម្ភារៈ និងទូកល្បាតទំហំតូចជាងក្រុមជនល្មើស។ លោកអំពាវនាវឲ្យអង្គការ WWF និងរាជរដ្ឋាភិបាលផ្ដល់ការគាំទ្របន្ថែម ក្នុងបំណងជំរុញឲ្យកិច្ចគាំពារអភិរក្សផ្សោតមានប្រសិទ្ធភាព។
លោកថា កាលពីពេលថ្មីៗនេះ កូនផ្សោត ៨ក្បាលងើបបង្ហាញខ្លួន នៅអន្លង់ ៣ទីតាំងផ្សេងគ្នា គឺអន្លង់ព្រែកកាំពីរ ៦ក្បាល អន្លង់កោះផ្តៅ ១ក្បាល និងអន្លង់ត្បូងខ្លា ១ក្បាល៖ «ឡើងទៅច្រកខាងកើតគាត់ធ្វើបទល្មើសនៅច្រកខាងលិច។ ជនសង្ស័យដែលប្រព្រឹត្តបទល្មើសនេសាទគាត់មានទូរស័ព្ទប្រើគ្រប់ដៃ។ ជនសង្ស័យដែលប្រព្រឹត្តបទល្មើសចង់ទំនើបជាងសមត្ថកិច្ចទៀត។ ទូករបស់យើងកម្លាំង ១៣សេស ពួកគាត់ទិញ ១៨សេស (ពួកឆក់)»។
លោក ម៉ុក ពន្លក បន្ថែមថា នៅគ្រាដែលមន្ត្រីជំនាញចុះបង្ក្រាប ជនល្មើសហាក់ដូចជាមានបណ្ដាញដឹងមុន ហើយបទល្មើសភាគច្រើនតែងកើតមាននៅតំបន់អភិរក្ស ដូចជា ឆក់ត្រី និងដាក់មង។ លោកថា គិតត្រឹមពីឆ្នាំ២០១៦ រហូតមកទល់ពេលនេះ មន្ត្រីជំនាញបង្ក្រាបបទល្មើសនេសាទឆក់ក្ដៅ និងត្រជាក់ចំនួន ១៧ករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ១២នាក់។
នៅខែត្រក្រចេះ មានអន្លង់អភិរក្សផ្សោត និងត្រីមេពូជ ៦៤អន្លង់ ក្នុងនោះមានអន្លង់ ៥ ដែលផ្សោតរស់នៅ។ អន្លង់អភិរក្សទាំងនោះឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផល និងឆ្មាំទន្លេ ជាសេនាធិការ មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថានអភិរក្សជីវចម្រុះ និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ អនុលោមតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២។ ខ្លឹមសារអនុក្រឹត្យនោះបញ្ជាក់ថា ទន្លេមេគង្គខែត្រក្រចេះ គិតត្រឹមក្បាលកោះទ្រង់ ទល់មុខក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខែត្រស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវចាត់ទុកជាតំបន់អភិរក្សផ្សោត ជីវចម្រុះ និងត្រីមេពូជ បែងចែកជាពីរតំបន់ គឺតំបន់ស្រទាប់ និងតំបន់ស្នូល។
សហគមន៍អភិរក្សផ្សោតព្រែកកាំពីរ លោក ឈ្នៀង លន បារម្ភថា ថ្វីត្បិតតែចំនួនផ្សោតកើនឡើងក្តី តែបទល្មើសនេសាទនៅរដូវបិទនេសាទកើតមានពេញបន្ទុក ដែលនាំឲ្យប៉ះពាល់ការចិញ្ចឹមជីវិតរបស់ត្រីផ្សោត។ លោកកត់សម្គាល់ថា បទពិសោធន៍កន្លងទៅ ផ្សោតច្រើនក្បាលងាប់ដោយសារការលួចនេសាទនៅអន្លង់អភិរក្ស ពីព្រោះជនល្មើសលូចឆក់ទាំងយប់ថ្ងៃ ហើយកិច្ចសហការបង្ក្រាបរបស់អាជ្ញាធរ និងឆ្នាំទន្លេនៅមិនទាន់ស៊ីសង្វាក់គ្នានៅឡើយទេ។
លោកថា កន្លងទៅសហគមន៍បានផ្ដល់ដំណឹងពីបទល្មើសនេសាទទៅអាជ្ញាធរពាក់ព័ន្ធ ក៏ប៉ុន្តែពុំមានលទ្ធផល។ លើសពីនេះ ឧបករណ៍ឆក់ត្រជាក់ដែលក្រុមជនល្មើសប្រើ នាំចូលពីប្រទេសវៀតណាម អាចមានលទ្ធភាពចាប់ត្រីម្ដងៗច្រើនគីឡូក្រាម ដែលគេឆក់ឋិតក្នុងអន្លង់អភិរក្សផ្សោតព្រែកកាំពីរ អាចយាយីការស្វែងរកចំណីចាប់ត្រីជាអាហាររបស់ផ្សោត។ បញ្ហានេះលោកចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ រកមធ្យោបាយបន្ថែមធ្វើយ៉ាងណាគាំពារសត្វផ្សោតឲ្យគង់វង្ស៖ «ឆក់ហ្នឹង គេឆក់តាមកន្លែងផ្សោតនៅ ដើរឆក់ពាសវាល។ ឆក់ហ្នឹងដែលឃើញអណ្ដែតដល់កោះដាច់មុន ដែលល្បីឃើញងាប់នៅក្រោម សុទ្ធតែវាខ្សោយពីឆក់ទៅ»។
នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា លោក សេង ទៀក មានប្រសាសន៍ថា អង្គការលោកបានសហការជាមួយមន្ត្រីជំនាញឃ្លាំមើលពីកាយវិការរបស់កូនផ្សោតទាំងនោះ និងកំពុងយកចិត្តទុកដាក់បន្ថែមល្បឿនអភិរក្សនៅតំបន់សំខាន់ៗដែលផ្សោតឆ្លងកាត់។ លោកថា អង្គការ WWF បានធ្វើការជិតស្និទ្ធជាមួយរដ្ឋបាលជលផល ក្នុងនោះបានបង្កើតប៉ុស្តិ៍ឆ្មាំទន្លេ ១៦កន្លែង និងមានឆ្មាំអភិរក្ស ៧២នាក់ ក្នុងប៉ុស្តិ៍នីមួយៗមានឆ្មាំអភិរក្ស ៤ ទៅ ៧នាក់ ដោយក្នុង ១ខែ ឆ្នាំទន្លេចុះល្បាតចាប់ពី ១៥ ទៅ ១៨ដង។ លើសពីនេះ ក៏មានក្រុមល្បាតចល័តពិសេស ចុះបេសកកម្មមិនឲ្យជនល្មើសដឹងមុនដែរ។
លោកបន្តថា វត្តមានសត្វផ្សោតបានដើរតួនាទីសំខាន់ក្នុងការស្វែងរកប្រាក់ចំណូលវិស័យទេសចរណ៍ដល់សហគមន៍ ត្បិតសក្ដានុពលដងទន្លេមេគង្គ ខែត្រក្រចេះ គឺជាជម្រកសត្វផ្សោតរស់នៅ និងស្វែងរកចំណី ក៏ប៉ុន្តែលោកបារម្ភថា ការអភិវឌ្ឍន៍តាមដងទន្លេ ដូចជាទំនប់វារីអគ្គិសនី និង បទល្មើសនេសាទគឺជាឧបសគ្គចម្បងយាយីជីវិតសត្វផ្សោត៖ «សហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់នោះ ក៏យើងអប់រំគាត់ឲ្យយល់ដឹងពីអប្បកិរិយារបស់ផ្សោតដទៃទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនផ្សោតហ្នឹង ហើយមួយទៀត ក្រុមយើងបានចុះទៅពិនិត្យទៅលើការដាក់មងខុសច្បាប់ក្នុងតំបន់ហ្នឹង»។
របាយការណ៍នៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា បង្ហាញថា នៅឆ្នាំ២០១៥ មានកូនផ្សោត ១២ក្បាលកើត ហើយនៅឆ្នាំ២០១៦ ផ្សោត ១១ក្បាលកើត និងស្លាប់ ៦ក្បាល ហើយនៅឆ្នាំ២០១៧ កូនផ្សោតកើតចំនួន ៨ក្បាល ហើយស្លាប់ ២ក្បាល។ លើសពីនេះ គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៥ សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា បានថយចុះពីចំនួន ២០០ក្បាលមកនៅត្រឹមចំនួន ៨០ក្បាល ហើយមកទល់ពេលនេះ វត្តមានផ្សោតនៅដងទន្លេមេគង្គខែត្រក្រចេះ និងខែត្រស្ទឹងត្រែង មានចំនួន ៨០ក្បាល ដោយមិនបូកបញ្ចូលកូនផ្សោតទេ។
អតីតមន្ត្រីសម្របសម្រួលបណ្ដាញអង្គការការពារទន្លេបី លោក មៀច មាន ផ្ដល់ទស្សនៈថា ការនេសាទត្រីហួសកម្រិតក៏ជាផ្នែកមួយនាំឲ្យផ្សោតបាត់បង់ចំណី បង្កឲ្យប៉ះពាល់ការចិញ្ចឹមជីវិតផ្សោតដែរ។ លោកថា សត្វផ្សោតរស់នៅអាស្រ័យលើគុណភាពទឹក ក៏ប៉ុន្តែបើគុណភាពទឹកមានបញ្ហាហើយនោះ សត្វផ្សោតក៏ប្រឈមការរស់នៅដែរ។
ការអភិវឌ្ឍទំនប់វារីអគ្គិសនី គឺជាមូលហេតុដែលនាំឲ្យប៉ះពាល់គុណភាពទឹក។ លោកថា កិច្ចគាំពារអភិរក្សផ្សោតចាំបាច់ត្រូវមានការយកចិត្តទុកដាក់ពីសហគមន៍មូលដ្ឋានខ្លួនឯង ព្រោះបទពិសោធន៍កន្លងទៅសត្វផ្សោតងាប់ ដោយសារតែសកម្មភាពមនុស្ស។ ហេតុនេះទាមទារឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ និងអនុវត្តលក្ខន្តិកៈរបស់សហគមន៍នេសាទ៖ «ការយកអនុវត្តបានមិនបាន អាស្រ័យលើប្រជាជន មន្ត្រីជំនាញយកឯកសារច្បាប់ និងលក្ខន្តិកៈផ្សេងៗអានឲ្យស្ដាប់ទេ តែរឿងអ្នកអនុវត្តផ្ទាល់ និងប្រព្រឹត្តមិនប្រព្រឹត្តគឺសហគមន៍ហើយ»។
សហគមន៍រស់នៅឃុំសំបុក បាននាំគ្នាអភិវឌ្ឍនៅតំបន់ផ្សោតរស់នៅ ប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិបៃតង បម្រើវិស័យទេសចរណ៍ ក្នុងទិសដៅរួមគ្នាអភិរក្សប្រព័ន្ធជីវចម្រុះ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។