ប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ សីហា ព្រមានបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បើសិនជាស្ថាប័នព័ត៌មានមួយនេះប្រកាន់ជំហរមិនបង់ពន្ធ តាមការទាមទាររបស់អគ្គនាយកដ្ឋានពន្ធដារទេនោះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលម្ចាស់ស្ថាប័នព័ត៌មាន ឌឹ ខេមបូឌា ដេលី ចាត់ទុកចំណាត់ការលើស្ថាប័នរបស់ខ្លួនថាជាចេតនានយោបាយ និងចង់បិទកាសែតមួយនេះ។
កំពុងតែឆ្លើយតបនឹងសំណួរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួនទៀតពីរឿងការងារការពារធម្មជាតិ ក្នុងវេទិកាជាតិលើកទី២ ស្ដីពី "ការការពារ និងអភិរក្សធនធានធម្មជាតិ" លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្រាប់តែបានរំលេចអំពីរឿងការមិនបង់ពន្ធចូលរដ្ឋ។
លោក ហ៊ុន សែន បានហៅស្ថាប័នមួយថាជាមេចោរ ដែលមិនបានបង់ពន្ធចូលរដ្ឋ ១០ឆ្នាំ ហើយស្ថាប័ននោះត្រូវតែបង់ពន្ធ បើពុំដូច្នោះទេ គឺនឹងត្រូវបណ្ដេញចេញពីប្រទេស៖ «១០ឆ្នាំគេគិតតែរឿងច្បាប់ពន្ធទេ តែនេះតាំងពីកើតចេញជារូបរាងមក មិនដែលបង់ពន្ធឲ្យរដ្ឋទេ។ សូមទោស! ឥឡូវកំពុងតែបង្វែរទៅជាផ្លូវនយោបាយហើយ ខ្លួនឯងជាមេចោរ ហើយមកបង្រៀនគេ។ បើចង់នៅតទៅទៀត ត្រូវបង់ពន្ធឲ្យរដ្ឋ បើមិនបង់ពន្ធឲ្យរដ្ឋទេ វេចបង្វេចចាកចេញទៅ»។
បើទោះបីជាមិននិយាយចំឈ្មោះថាជាស្ថាប័នណាក៏ដោយ តែលោក ហ៊ុន សែន ទំនងជាសំដៅទៅលើស្ថាប័នព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលកំពុងរងការចោទប្រកាន់ពីអគ្គនាយកដ្ឋានពន្ធដារថា បានជំពាក់ថ្លៃពន្ធរយៈពេល ១០ឆ្នាំ គឺតាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ដែលគិតជាទឹកប្រាក់ជាង ៦លានដុល្លារអាមេរិក។
លោក ហ៊ុន សែន បញ្ជាក់ថា នេះគឺជាការអនុវត្តច្បាប់ មិនមែនជារឿងនយោបាយនោះទេ។
ការប្រតិកម្មធ្ងន់ៗរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្រោយពេលម្ចាស់ស្ថាប័នសារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចាត់ទុកចំណាត់ការរបស់អគ្គនាយកដ្ឋានពន្ធដារ ថាជាចេតនានយោបាយចង់បិទស្ថាប័នរបស់ខ្លួន ដោយគ្រាន់តែយកលេសរឿងជំពាក់ថ្លៃពន្ធ។
ម្ចាស់ស្ថាប័នព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បានប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក (អ៊ីមែល) កាលពីពេលថ្មីៗនេះថា ចំណាត់ការរបស់អគ្គនាយកដ្ឋានពន្ធដារមកលើសារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺប្រៀបដូចជាការ “ប្រហារជីវិតជាមុន សឹមកាត់ក្តីតាមក្រោយ”។
អ្នកស្រីបន្តថា ការណ៍ដែលអគ្គនាយកដ្ឋានពន្ធដារចោទសារព័ត៌មាននេះថាជំពាក់ថ្លៃពន្ធ ៦លាន ១សែនដុល្លារនោះ គឺមិនឈរលើសច្ចភាព និងមានចេតនានយោបាយចង់បិទសារព័ត៌មាននេះចោលតែម្តង។
អ្នកស្រីលើកឡើងថា ភ្លាមៗក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចង់ឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបង់ពន្ធ ស្រាប់តែសារព័ត៌មាន ហ្វ្រេសញូវ (Fresh News) ចុះផ្សាយរឿងកាសែត ឌឹ ខេមបូឌា ដេលី ជំពាក់ពន្ធរដ្ឋភ្លាម ទាំងដែលម្ចាស់ខ្លួនមិនដឹងរឿងនេះផង។
អ្នកស្រីអះអាងថា ការបែកធ្លាយឯកសារជាសាធារណៈបែបនេះ កើតឡើងពីរលើករួចមកហើយ ដែលនេះគឺជាការរំលោភសិទ្ធិឯកជន ប៉ះពាល់ដល់ស្ថាប័នរបស់អ្នកស្រី។ អ្នកស្រីអះអាងទៀតថា ខាងអ្នកស្រីមិនដែលទទួលបានការធ្វើសវនកម្ម និងត្រួតពិនិត្យត្រឹមត្រូវតាមនីតិវិធីនោះទេ។
អ្នកស្រីបញ្ជាក់បន្ថែមថា ខាងអ្នកស្រីមិនដែលប្រកែកមិនព្រមធ្វើសវនកម្មម្តងណានោះទេ។ បើមានគេចង់ធ្វើសវនកម្ម អ្នកស្រីច្បាស់ជាសហការពេញទំហឹងតាំងតែពីដើមដំបូងមកម្ល៉េះ។ ដូច្នេះ អ្នកស្រីអះអាងថា អគ្គនាយកដ្ឋានពន្ធដារប្រឌិតទិន្នន័យដែលថាកាសែត ឌឹ ខេមបូឌា ដេលី ជំពាក់ពន្ធរដ្ឋ ៦លាន ១សែនដុល្លារ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ដោយបូកបន្ថែមប្រាក់ពិន័យផង និងការប្រាក់យ៉ាងសន្ធឹកសន្ធាប់ផង រួចហើយធ្វើឲ្យបែកធ្លាយទៅមជ្ឈដ្ឋានសាធារណៈ។
អ្នកស្រីសម្ដែងការសោកស្តាយ បើស្ថាប័ននេះត្រូវគេបិទមែននោះ វានឹងផ្តល់នូវភាពដ៏សោកសៅមួយសម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា។
ទាក់ទងបញ្ហានេះ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់ឃើញថា ទាំងកាសែត ឌឹ ខេមបូឌា ដេលី និងអគ្គនាយកដ្ឋានពន្ធដារ សុទ្ធតែមានកំហុសដូចគ្នា។ លោកថា ក្នុងនាមជាស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ឌឹ ខេមបូឌា ដេលី គួរតែសិក្សា និងអនុវត្តតាមកាតព្វកិច្ចបង់ពន្ធដូចដែលមានចែងក្នុងច្បាប់ ចំណែកឯខាងអគ្គនាយកដ្ឋានពន្ធដារវិញ គួរតែរំលឹក ឌឹ ខេមបូឌា ដេលី អំពីរឿងការបង់ពន្ធនេះតាំងតែពីដើមដំបូង មិនមែនទុកអូសបន្លាយដល់ពេលបច្ចុប្បន្ននេះទេ។
អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះ ស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារបន្ធូរបន្ថយពន្ធចំពោះ ឌឹ ខេមបូឌា ដេលី តាមរយៈការជួបចរចាគ្នា៖ «កាលណាមិនបង់ពន្ធ គឺជាការខាតបង់សម្រាប់កម្ពុជា ដែលជាប្រទេសក្រីក្រ ប៉ុន្តែអ្វីដែលយើងគិតថាជាការខាតបង់ទៀតនោះ គឺខាតបង់ផ្នែកវិស័យសារព័ត៌មាន។ សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ ដើរតួនាទីសំខាន់ណាស់ជាអ្នកឃ្លាំមើលសកម្មភាពរបស់ក្រសួង មន្ទីរ និងមន្ត្រីរបស់រដ្ឋាភិបាល មិនខុសពីក្រុមហ៊ុនសវនកម្មដែលផ្តល់សេវាដោយមិនយកកម្រៃទាល់តែសោះ»។
អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱសានវាទឲ្យស្ថាប័ន ឌឹ ខេមបូឌា ដេលី សងថ្លៃពន្ធទាំងនោះត្រឹមថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះ។ បើផុតឱសានវាទហើយ ឌឹ ខេមបូឌា ដេលី នៅតែមិនព្រមបង់ទេនោះ ស្ថាប័ននេះនឹងប្រឈមការរឹបអូសយកទ្រព្យសម្បត្តិ និងឈានដល់ការបិទអាជីវកម្មទាំងស្រុងតែម្តង។
លោក ដាហ្គ្លាស់ ស្ទាល (Douglas Steele) ស្វាមីរបស់ម្ចាស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃនេះថា បើលោកនាយករដ្ឋមន្ត្រីយកលេសនយោបាយ ដើម្បីបិទកាសែត ឌឹ ខេមបូឌា ដេលី ដែលជាសារព័ត៌មានសេរីនៅមុនបោះឆ្នោតបែបនេះ គឺជាការគួរឲ្យខកចិត្តខ្លាំងមែនទែន ដែលអ្នកនយោបាយធ្វើដូច្នេះកើត។
លោក ដាហ្គ្លាស់ ស្ទាល ស្នើឲ្យលោក ហ៊ុន សែន កុំដើរជាន់ដានប្រវត្តិសាស្ត្រ ដូចអ្វីដែលកើតឡើងកាលពី ៥២ឆ្នាំកន្លងទៅ ដែលពេលនោះ មេដឹកនាំកម្ពុជា ចង់យកលេសផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ដោយសារអត្ថបទសារព័ត៌មានរបស់អ្នកកាសែតអាមេរិកាំងម្នាក់ គឺឪពុកក្មេករបស់លោកឈ្មោះ ប៊ើណាត គ្រីស័រ (Bernard Krisher)។ លោក ដាហ្គ្លាស់ ស្ទាល បញ្ជាក់ថា កាសែត ឌឹ ខេមបូឌា ដេលី បានសាងសង់សាលារៀន ៥៦១ខ្នងនៅកម្ពុជា និងសង់មន្ទីរពេទ្យព្រះសីហនុ និងជួយបណ្ដុះបណ្ដាលវិស័យសារព័ត៌មានសេរី។
លោកបញ្ជាក់ចុងក្រោយថា បើលោក ហ៊ុន សែន ចង់សរសេរប្រវត្តិផ្ទាល់ខ្លួន សូមកុំភ្លេចទាក់ទងគាត់៕