មេឃុំរបស់បក្សប្រឆាំងដែលឈ្នះឆ្នោតនៅឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត រិះគន់វេទិកាសាធារណៈរបស់មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិ ដែលចុះមកជួបប្រជាពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី២១ ខែសីហា ថាមានចរិតលក្ខណៈជាការគាប់សង្កត់មេឃុំបក្សប្រឆាំង ជាជាងមានចេតនាដោះស្រាយទុក្ខកង្វល់ពិតប្រាកដរបស់ពលរដ្ឋ។
ការចោទប្រកាន់របស់មេឃុំបក្សប្រឆាំង គឺក្រោយពេលមន្ត្រីរបស់ក្រុមការងារថ្នាក់ជាតិចុះអនុវត្ត និងត្រួតពិនិត្យគោលនយោបាយរដ្ឋាភិបាល ប្រចាំស្រុកទឹកឈូ ខេត្តកំពត បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដោយបានបន្ទោស និងរិះគន់មេឃុំបឹងទូក មានចំណេះដឹងទាប។ ក្រៅពីរិះគន់ និងបន្ទោសមេឃុំ មន្ត្រីចុះអនុវត្ត និងពិនិត្យគោលនយោបាយមិនបានដោះស្រាយបញ្ហាដែលពលរដ្ឋទាមទារករណីក្រុមហ៊ុនលោកឧកញ៉ា វិញ ហួរ ចាក់ដីលុបសមុទ្រនៅឃុំបឹងទូក ដោយសន្យាថា នឹងដាក់ទៅថ្នាក់លើបន្ត។
មេឃុំបឹងទូក នៃស្រុកទឹកឈូ លោក សេង ចាន់ថន ផ្ដល់បទសម្ភាសន៍ក្រោយពីចប់វេទិកាសាធារណៈថា នៅក្នុងវេទិកានេះ មន្ត្រីរបស់រដ្ឋាភិបាលហាក់មិនបានផ្ដល់ពេលវេលាសមស្របសម្រាប់លោកក្នុងការឆ្លើយបំភ្លឺនោះទេ។ ជាងនេះទៅទៀត លោកមេឃុំ ប្រាប់ថា តំណាងពលរដ្ឋដែលបានឡើងសួរសំណួរភាគច្រើន គឺជាអ្នកមានសន្ដានចិត្តជាមួយបក្សកាន់អំណាច និងមានម្នាក់គឺជាជំទាវ ភរិយារបស់អតីតអភិបាលរងខេត្តកំពត លោក អ៊ឹង ម៉េងហួរ។
លោក សេង ចាន់ថន៖ «លោកស្រី (ភរិយារបស់អតីតអភិបាលរងខេត្តកំពត លោក អ៊ឹង ម៉េងហួរ) គាត់សួរ ហើយគាត់និយាយថា ផ្លូវនេះជារបស់គណបក្ស បើតាមខ្ញុំយល់ គឺមិនទេ ព្រោះអីតាមច្បាប់ថា ការងារអភិវឌ្ឍន៍របស់គណបក្សប្រជាជន អំបាញ់មិញគាត់សួរអ៊ីចឹង ហើយគាត់ទៅបាត់។ បើតាមខ្ញុំយល់ ផ្លូវអភិវឌ្ឍន៍នានាក្នុងមូលដ្ឋានគឺជាថវិកាជាតិ។ ខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនយល់ ធ្វើការងារអភិវឌ្ឍន៍គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរួម មិនមែនផ្លូវរបស់គណបក្សទេ»។
នៅព្រឹកថ្ងៃទី២១ ខែសីហា មន្ត្រីរបស់ក្រុមការងារថ្នាក់ជាតិចុះអនុវត្ត និងត្រួតពិនិត្យគោលនយោបាយរដ្ឋាភិបាល ប្រចាំស្រុកទឹកឈូ ខេត្តកំពត បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅឃុំបឹងទូក ក្នុងវត្តព្រះច័ន្ទរង្ស៊ី ហៅវត្តរលួស ដើម្បីស្ដាប់ពីទុក្ខកង្វល់របស់ពលរដ្ឋនៅមូលដ្ឋាន។ ពេលរសៀល អភិបាលស្រុកទឹកឈូ បានទៅបើកវេទិកាសាធារណៈនេះមួយទៀតជាមួយប្រជាពលរដ្ឋនៅឃុំកូនសត្វ ក្នុងវត្តអង្គគ្រឹះស្នា។
មេឃុំកូនសត្វ នៃស្រុកទឹកឈូ លោក នាក់ គីម យល់ថា វេទិកាសាធារណៈនៅឃុំកូនសត្វ អាជ្ញាធរស្រុកមិនបានដាក់គំនាបលោកទេ គ្រាន់តែណែនាំលោក៖ «អត់គាបទេ។ គាត់ (អភិបាលស្រុកទឹកឈូ) គ្រាន់តែសំណូមពរមេឃុំចុះសិក្សា ហើយខ្ញុំក៏ឯកភាពទទួលបានប៉ុន្មានចំណុចហ្នឹង ចាំខ្ញុំចុះសិក្សា»។
ស្រុកទឹកឈូ មានឃុំចំនួន១៦។ លទ្ធផលការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ គណបក្សសង្គ្រោះជាតិ បានឈ្នះតំណែងជាមេឃុំចំនួន ២ឃុំ គឺឃុំបឹងទូក និងឃុំកូនសត្វ។
ប្រធានក្រុមការងារថ្នាក់ជាតិចុះអនុវត្ត និងត្រួតពិនិត្យគោលនយោបាយរដ្ឋាភិបាល ប្រចាំស្រុកទឹកឈូ ខេត្តកំពត និងជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក មាន សុភា ប្រកាសក្នុងវេទិកាសាធារណៈថា វេទិកានេះមិនមែនជាវេទិកាដើម្បីឃោសនានយោបាយនោះទេ ប៉ុន្តែវត្តមានរបស់ក្រុមលោកមកពីភ្នំពេញ និងមន្ត្រីជំនាញមកពីថ្នាក់ខេត្ត ថ្នាក់ស្រុក គឺដើម្បីមកអនុវត្ត និងត្រួតពិនិត្យអំពីគោលនយោបាយរបស់រដ្ឋាភិបាលដែលអនុវត្តនៅក្នុងឃុំបឹងទូក៖ «វេទិកាសាធារណៈនេះ គឺគោលដៅសំខាន់រាជរដ្ឋាភិបាល គឺចង់ឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មីនេះពង្រឹងពង្រីកប្រសិទ្ធភាពនៃការបម្រើរាស្ត្រ បម្រើប្រជាជនឲ្យមានប្រសិទ្ធភាពជាងមុន»។
ទោះយ៉ាងណា លោក មាន សុភា មិនបានវាយតម្លៃអំពីការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដែលអនុវត្តនៅឃុំបឹងទូក នោះទេ។
មុនឲ្យពលរដ្ឋឡើងសួរសំណួរទៅមន្ត្រីជំនាញនៅថ្នាក់ខេត្ត លោក មាន សុភា បានផ្ដល់ឱកាសឲ្យមេឃុំបឹងទូក លោក សេង ចាន់ថន ឲ្យនិយមន័យវេទិកាសាធារណៈជាអ្វី។ ក្រោយការឡើងឆ្លើយ មន្ត្រីនៅថ្នាក់ជាតិបានវាយតម្លៃថា មេឃុំមកពីគណបក្សសង្គ្រោះជាតិ មានចំណេះដឹងទាប។ លោក មាន សុភា បានស្នើឲ្យពលរដ្ឋលើកយកបញ្ហាតូចៗ ដូចជាទំនាស់ដីធ្លីជាមួយអ្នកភូមិជិតខាង ឬសេវាសាធារណៈនៅថ្នាក់ឃុំមកជជែកក្នុងវេទិកានោះ ព្រោះបញ្ហាធំៗពេក លោកមិនមានសមត្ថភាពដោះស្រាយជូនទេ ដោយលោកសន្យាទុកសំណើនោះទៅថ្នាក់លើជាបន្តទៀត។
ពលរដ្ឋម្នាក់រស់នៅភូមិកែបថ្មី ឃុំបឹងទូក លោក អ៊ុក សំអែល នៅតែឆ្ងល់អំពីគោលនយោបាយ ៥០ម៉ឺនដុល្លាររបស់គណបក្សសង្គ្រោះជាតិ ដែលបានប្រកាសមុនការបោះឆ្នោត។ ពលរដ្ឋរូបនេះទាមទារចង់ឃើញថវិកា ៥០ម៉ឺនដុល្លារសម្រាប់មួយឃុំ ដែលគណបក្សសង្គ្រោះជាតិ បានសន្យា៖ «ខ្ញុំអត់សំណូមពរទេ ប៉ុន្តែខ្ញុំរំលឹកពីបញ្ហា សន្យាជាមួយប្រជាពលរដ្ឋ ជាមួយខ្ញុំ។ មុនការបោះឆ្នោត ខាងសង្គ្រោះជាតិ គាត់បានឃោសនាថា បើសិនមេឃុំជាប់ មេឃុំសង្គ្រោះជាតិ គាត់ហ្នឹង១ឆ្នាំ ៥០ម៉ឺនដុល្លារ ដូចច្រើនពេកហើយ។ ខ្ញុំថា រឿងតិចរឿងច្រើនជារឿងរបស់គាត់ដែលសន្យាទេ អាហ្នឹងខ្ញុំចង់ឃើញចំណុចហ្នឹងឲ្យបាន ចំណុចនេះ»។
មេឃុំបឹងទូក លោក សេង ចាន់ថន បានពន្យល់ថា គោលនយោបាយ ៥០ម៉ឺនដុល្លារក្នុងមួយឃុំគឺអនុវត្តនៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។
អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក មាន សុភា ថា លោកទើបតែដឹងថា គោលនយោបាយ ៥០ម៉ឺនដុល្លារ គ្រាន់តែជាការសន្យា ហើយនឹងអនុវត្តនៅពេលបក្សប្រឆាំងឈ្នះឆ្នោត៖ «ទើបតែពេលនេះ ទើបតែយល់ថា ការដែលប្រើប្រាស់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់ឃុំហ្នឹងទាល់តែគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតសកលនៅឆ្នាំ២០១៨ នោះទេ អ៊ីចឹងទេលោកមេឃុំ។ អាហ្នឹងគ្រាន់តែសន្យាទេបងប្អូន»។
មេឃុំបឹងទូក លោក សេង ចាន់ថន ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមន្ត្រីនៅថ្នាក់ជាតិ ទើបតែយល់អំពីគោលនយោបាយ ៥០ម៉ឺនដុល្លារក្នុងមួយឃុំរបស់គណបក្សលោក។ តែយ៉ាងណាលោកមេឃុំមិនទាន់អាចសន្និដ្ឋានបានថា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មធ្វើពើ ឬយ៉ាងណានោះទេ?
អភិបាលរងខេត្តកំពត លោក សុដ សារ៉ាត់ ហាក់មិនទាន់អស់ចិត្តនឹងគោលនយោបាយ ៥០ម៉ឺនដុល្លាររបស់គណបក្សសង្គ្រោះជាតិ ដែលសន្យានោះទេ។ លោកអភិបាលរងខេត្ត បានប្រាប់ពលរដ្ឋក្នុងឃុំបឹងទូក ថា បើចង់បានថវិកាឃុំច្រើន ពលរដ្ឋត្រូវស្ម័គ្រចិត្តបង់ពន្ធចូលថវិការដ្ឋ៖ «ឧទាហរណ៍យើងចង់ដាក់ ១លានដុល្លារក៏បានដែរ ប៉ុន្តែយើងត្រូវបន្ថែមពន្ធពីប្រជាពលរដ្ឋ។ ឧទាហរណ៍ថា គាត់យកពីពន្ធអីក៏បានដែរ ពន្ធពីជ្រូក ពីមាន់ ពីទាអីទៅ យើងបានលុយទៅអភិវឌ្ឍន៍ឃុំយើងហើយ។ ប្រទេសដែលគេមាន គេពូកែទារពន្ធ»។
ចំណែកអភិបាលស្រុកទឹកឈូ លោក នាក់ សុវណ្ណារី បន្ទោសមេឃុំ ករណីមេឃុំបឹងទូក ឃាត់ឡានដឹកអំបិលមិនឲ្យបើកបរនៅលើផ្លូវលំក្នុងភូមិ លោកអភិបាលស្រុកប្រាប់មេឃុំថា ការងារឃាត់ឡានដឹកអំបិល មិនមែនជាកាតព្វកិច្ចរបស់មេឃុំ ហើយមេឃុំគ្មានសិទ្ធិអ្វីទៅឃាត់ឡានដឹកអំបិលនោះទេ៖ «កិច្ចការងារឃាត់ឡានដឹកអំបិល មិនមែនជាសមត្ថកិច្ចរបស់មេឃុំទេ ឯកឧត្ដម (មាន សុភា) គាត់និយាយ ខ្ញុំសង្ខេបទេ។ មិនមែនសមត្ថកិច្ចរបស់ឃុំទេ សមត្ថកិច្ចរបស់គាត់ ប្រហែលជាមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសាធារណការ និងដឹកជញ្ជូន។ អាចបង្កើតជាគណៈកម្មការ កម្លាំងចម្រុះខេត្ត ឬមួយកម្លាំងចម្រុះរបស់ស្រុកហ្នឹងអាចដាក់បាន ឬមួយក៏លោកបង្កើតជាសហគមន៍ ប្រើប្រាស់ផ្លូវថ្នល់ ជាបុគ្គលមិនអាចទេ»។
មេឃុំបឹងទូក លោក សេង ចាន់ថន បានពន្យល់ថា ការឃាត់រថយន្តដឹកអំបិលដោយសារដឹកលើសទម្ងន់ និងដឹកខុសផ្លូវដឹកអំបិល។ លោកថា នៅក្នុងឃុំមានផ្លូវមួយសម្រាប់ឲ្យរថយន្តដឹកអំបិល ហើយការដឹកអំបិលលើសទម្ងន់ជាច្រើនដង បានបង្កឲ្យផ្លូវនោះខូចខ្ទេច។ រថយន្តបានដឹកអំបិលតាមផ្លូវអ្នកភូមិសម្រាប់ធ្វើដំណើរ ទើបមានការឃាត់។ មុនការឃាត់រថយន្តនោះ គឺបានប្រជុំក្រុមប្រឹក្សាឃុំ ព្រមទាំងមានសំណើពីពលរដ្ឋនៅក្នុងឃុំបឹងទូក។
ទោះជាមន្ត្រីនៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកបានប្រកាសជាមុនថា វេទិកាសាធារណៈជួបជាមួយពលរដ្ឋនៅស្រុកទឹកឈូ មិនមែនជាវេទិកានយោបាយ ឬមិនមែនមកតំណាងឲ្យគណបក្សនយោបាយក៏ដោយ ប៉ុន្តែនៅក្នុងវេទិកានោះ គ្រប់មន្ត្រីជាន់ខ្ពស់សុទ្ធតែមិនភ្លេចពីការសរសើរគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាគំនិតដ៏ឈ្លាសវៃដ៏អស្ចារ្យនោះទេ។
សំឡេងសរសើរពីគោលនយោបាយលោកនាយករដ្ឋមន្ត្រី៖ «យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកតែងតែគិតពីធនធានធម្មជាតិជាចម្បងមិនឲ្យបាត់បង់ធនធានធម្មជាតិទេ»។
តំណាងសហគមន៍នេសាទនៅភូមិកែបថ្មី ឃុំបឹងទូក លោក អ៊ិន ឆុំ ស្នើឲ្យមន្ត្រីរដ្ឋាភិបាល និងថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហាក្រុមហ៊ុនលោក កែវ ជា លោក សៀង ណាំ និងក្រុមហ៊ុន ចិន ចាក់ដីលុបសមុទ្រដែលធ្វើឲ្យការប្រកបរបរនេសាទរបស់ពលរដ្ឋកាន់តែមានជីវភាពដុនដាប។
អភិបាលរងខេត្តកំពត លោក សុដ សារ៉ាត់ ប្រកាសថា សំណើនេះ ថ្នាក់ខេត្តនឹងបង្កើតក្រុមការងារចម្រុះដើម្បីដោះស្រាយបញ្ហានេះ៖ «ខ្ញុំក្ដាប់ការងារ (ចាក់ដីលុបសមុទ្រ) ហ្នឹងអត់បាន ខេត្តក្ដាប់ការងារហ្នឹងអត់បាន ព្រោះវាជារឿងថ្នាក់ជាតិអនុវត្តកិច្ចការងារហ្នឹងណាបងណា»។
តែនៅពេលសួរថា ការបង្កើតក្រុមការងារនោះ នៅពេលណាលោកស្នើសុំមិនថតសំឡេង និងរូបភាព ហើយប្រាប់ថា ត្រូវដាក់របាយការណ៍ទៅអភិបាលខេត្តកំពត និងប្រធានក្រុមការងារចុះពង្រឹងខេត្តកំពត លោក ចម ប្រសិទ្ធ ជាមុនសិន។
ពលរដ្ឋម្នាក់ទៀត លោក សឹម ស៊ាំសើន យល់ថា វេទិកាសាធារណៈរបស់មន្ត្រីរដ្ឋាភិបាល មិនបានផ្ដល់ឱកាសពេញលេញសម្រាប់ពលរដ្ឋក្នុងការបញ្ចេញមតិ ឬឆ្លើយតបអំពីដំណោះស្រាយរបស់មន្ត្រីដែលផ្ដល់ឲ្យពលរដ្ឋនោះទេ។ សម្រាប់អ្នកភូមិទទឹងរូបនេះ មិនចង់ស្ដាប់តែការដោះស្រាយតែម្យ៉ាងប៉ុណ្ណោះទេ គឺចង់មានការជជែកគ្នាបន្ថែមទៀត៖ «សំណួរខ្លះដែលយើងចោទសួរហ្នឹង គាត់យកទៅសួរហើយ គាត់ឆ្លើយដោយខ្លួនឯងអត់ឲ្យម្ចាស់សំណួរហ្នឹងបកស្រាយថែម»។
មេឃុំមកពីគណបក្សប្រឆាំងបានសន្យាថា នឹងធ្វើការងារបម្រើពលរដ្ឋក្នុងឃុំឲ្យអស់ពីចិត្ត។ សម្រាប់ការងារបម្រើគណបក្ស លោក សេង ចាន់ថន អះអាងថា ធ្វើតែ ១៤ថ្ងៃ កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ ហើយដល់ពេលជាប់ជាមេឃុំ លោកបម្រើរាស្ត្រមិនដែលរើសអើងគណបក្សណាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។