អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អះអាងថា តួនាទីរបស់គាត់មកកម្ពុជា ដើម្បីវាយតម្លៃដ៏ ប្រុង ប្រយ័ត្នទៅលើស្ថានភាពសិទ្ធិមនុស្ស ដោយផ្អែកលើភស្តុតាងប្រមូលបាន។ ការលើកឡើងនេះ បន្ទាប់ពីប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ប្រាប់អ្នកកាសែតថា ការបន្តតាមដាន និងពិនិត្យមើលរបស់អ្នករាយការណ៍ពិសេសរូបនេះនៅមណ្ឌលព្រៃស្ពឺ គឺជាជំនាញទិតៀនរបស់មន្ត្រីអង្គការ សហប្រជាជាតិ និងដោយសារការមិនពេញចិត្តរដ្ឋាភិបាលផង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់ជំហរថា តួនាទីរបស់គាត់មិនមែនមកកម្ពុជា ដើម្បីតែរិះគន់នោះទេ។
ឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរី នៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់បេសកកម្មលើកទី៤ របស់អ្នកស្រី កាលពីល្ងាចថ្ងៃទី១៨ ខែសីហា អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា គាត់បានដឹងអំពីរឿងនេះហើយ។ អ្នកស្រីថា តួនាទីរបស់គាត់មកកម្ពុជា ក្នុងការវាយតម្លៃដ៏ប្រុងប្រយ័ត្នទៅលើស្ថានភាពសិទ្ធិមនុស្ស ដោយផ្អែកលើភស្តុតាងដែលគាត់បានប្រមូលពីកិច្ចប្រជុំដែលអ្នកស្រីបានចូលរួម ដើម្បីបញ្ញាក់ថា កម្ពុជាឋិតនៅត្រង់ណាក្នុងការអនុលោមតាមស្តង់ដារ (Standard) ច្បាប់អន្តរជាតិ។
អ្នកស្រី រ៉ូណា ស្មីត៖ «ខ្ញុំឃើញថា នៅខាងចុងនៃរបាយការណ៍បញ្ចប់បេសកកម្មរបស់ខ្ញុំមានរំលេចពីចំណុចជាច្រើនដែលកម្ពុជា មានការរីកចំរើន ហើយខ្ញុំបានផ្ដល់យោបល់ (អនុសាសន៍) នូវសកម្មភាពមួយចំនួនហើយ។ ខ្ញុំបានរិះគន់នៅលើផ្នែកផ្សេងៗទៀត។ ខ្ញុំមិនបានចង្អុលបង្ហាញទៅតាមគំនិតរបស់ខ្ញុំផ្ទាល់ទេ គឺទៅតាមភស្តុតាងដែលខ្ញុំប្រមូលបាន គឺកម្ពុជា បានធ្លាក់ចុះទាបក្នុងការអនុវត្តតាមស្តង់ដារច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលជាការស្ម័គ្រចិត្តទទួលទៅអនុវត្ត។ ដរាបណាកម្ពុជា ធ្វើបាន ឬធ្វើល្អលើសពីស្តង់ដារច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺគ្មាននរណាម្នាក់អាចរិះគន់កម្ពុជាបានទេ។ នៅក្នុងអនុសាសន៍របស់ខ្ញុំ គឺមានគោលដៅរំលេចពីផ្នែកទាំងឡាយដែលកម្ពុជា អាចធ្វើដើម្បីកែលំអ និងកាត់បន្ថយការរិះគន់ស្ថានភាពទាំងនោះ»។
កាលពីថ្ងៃទី១៧ ខែសីហា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោក សន សុផល ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីលោកចុះចែកអំណោយដល់អ្នកជាប់ឃុំនៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលគេស្គាល់ថា មណ្ឌលព្រៃស្ពឺ អំពីការទិតៀនរបស់អង្គការសង្គមស៊ីវល។ លោកថា ការទិតៀនរបស់សង្គមស៊ីវិល មន្ត្រីអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត មានជាយូរណាស់មកហើយ ដែលបានរិះគន់ពីបញ្ហានៅក្នុងមណ្ឌលព្រៃស្ពឺនេះ មិនចេះចប់មិនចេះហើយ បើទោះបីជាគ្មានការពិត ឬមណ្ឌលនេះត្រូវបានកែលំអហើយក្ដី។
លោកថា គួរទទួលស្គាល់ការលំបាកខ្លះ គុណសម្បត្តិរបស់រដ្ឋាភិបាលខ្លះ និងកុំមើលតែគុណវិបត្តិច្រើនពេក៖ «នេះជាការងាររបស់គាត់ គាត់ធ្វើការតែមុខហ្នឹង ភ្នែកគាត់ ដៃគាត់ គឺសំដៅតែលើមួយមុខហ្នឹង។ បើខ្ញុំធ្វើល្អ បើខ្ញុំធ្វើឥតខ្ចោះ គឺគាត់មិនអស់ការងារធ្វើ? អ៊ីចឹងគាត់បានអីនិយាយទៀត? យើងទទួលយកមតិរបស់គាត់ យើងធ្វើបានហើយ រូបភាពទៅដូចវាអស់ហើយ វាចេញរូបភាពមួយទៀត នេះនិយាយឲ្យចំទៅ វានៅលើតែជំនាញរបស់គាត់ទេ និយាយជារួម ជំនាញគាត់ខាងទិតៀន គាត់មិនពេញចិត្តនឹងរដ្ឋាភិបាល»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានទស្សនៈថា សង្គមស៊ីវិលគឺជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងបំពេញបន្ថែមចំណុចខ្វះខាតរបស់រដ្ឋាភិបាលដើម្បីភាពប្រសើរឡើងទាក់ទងវិស័យសិទ្ធិមនុស្ស។ លោកយល់ថា រដ្ឋាភិបាលមានការកែលម្អ ប៉ុន្តែមិនទាន់ឆ្លើយតបនឹងគោលការណ៍សិទ្ធិមនុស្សនៅឡើយ។
បញ្ហាមិនប្រក្រតីនៅក្នុងមណ្ឌលព្រៃស្ពឺ បានក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងជំនួបពិភាក្សារវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៦ ខែសីហា នាទីស្ដីការក្រសួង។
បន្ទាប់ពីទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ កាលពីថ្ងៃទី១៥ ខែសីហា អ្នកស្រីមើលឃើញថា មណ្ឌលព្រៃស្ពឺ ពេលនេះមានស្ថានភាពអាក្រក់ជាងលើកមុន ដោយសារតែមានចំនួនមនុស្សរស់នៅច្រើនតាន់តាប់ រហូតដល់ទៅ ៥២៤នាក់។ ក្រៅពីនេះ អ្នកស្រីថា អ្នករស់នៅក្នុងមណ្ឌលព្រៃស្ពឺ នៅមានចន្លោះប្រហោងក្នុងការទទួលបានសេវាថែទាំ និងនៅពុំទាន់មានការដោះស្រាយបញ្ហាជូនពួកគាត់នៅឡើយទេ។
ជំនួបនេះក៏ជាផ្នែកមួយនៃការបន្តតាមដានកាលពីបេសកកម្មលើកទី៣ ក្នុងខែតុលា ឆ្នាំ២០១៦ របស់អ្នកស្រីដែលកាលណោះអ្នកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ជុំវិញរឿងរ៉ាវនានា ពាក់ព័ន្ធនឹងជនងាយរងគ្រោះ ដែលបញ្ហាក្នុងមណ្ឌលព្រៃស្ពឺ ដែលជាប្រធានបទក្ដៅ។
មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលគេស្គាល់ថា មណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺជាកន្លែងដែលអាជ្ញាធរបានចាប់មនុស្សចាស់ និងកុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិត ជាដើម យកទៅអប់រំកែប្រែ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កន្លងមកអាជ្ញាធរក៏បានយកពលរដ្ឋបុរីកីឡាដែលតវ៉ាក្នុងពេលអាជ្ញាធរ ឈូសឆាយផ្ទះសម្បែងយកទៅដាក់នៅទីនោះបណ្ដោះអាសន្នដែរ។ នៅរាល់ពេលមានពិធីបុណ្យជាតិ និងកិច្ចប្រជុំធំៗ អាជ្ញាធរតែងតែប្រមូលជនអនាថា ឬអ្នកសុំទាន ឲ្យទៅរស់នៅទីនោះមួយរយៈ។
កន្លងទៅ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ គឺអង្គការលីកាដូ (LICADHO) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រួមទាំងតំណាងរាស្ត្រគណបក្សប្រឆាំងផង បានស្នើឲ្យបិទមជ្ឈមណ្ឌលនេះ ដោយពួកគេរកឃើញថា មានភាពមិនប្រក្រតីជាច្រើនក្នុងការគ្រប់គ្រងទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានការឃុំឃាំងមនុស្សខុសច្បាប់ដោយធ្វើទារុណកម្ម ការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាការសេពសន្ថវៈ ការទុកមនុស្សមានជំងឺឲ្យស្លាប់ដោយមិនបញ្ជូនទៅមន្ទីរពេទ្យជាដើម។
កន្លងមកសង្គមស៊ីវិលត្អូញត្អែរថា ការប្រមូលផ្ដុំមនុស្សក្នុងមជ្ឈមណ្ឌលនេះ ក្នុងហេតុផលអប់រំផ្ដល់ឱកាសរៀនសូត្រជំនាញ ដើម្បីកែប្រែស្ថានភាពជីវិតរស់នៅប្រសើរឡើងវិញ ប៉ុន្តែភាពពិតជាក់ស្ដែងអ្វីគឺផ្ទុយពីគោលការណ៍ដើម និងមានការរំលោភសិទ្ធិមនុស្ស ហើយពួកគេម្នាក់ៗមានសភាពមិនខុសពីអ្នកទោសនៅក្នុងពន្ធនាគារប៉ុន្មានឡើយ។
ដោយសារមានសេចក្ដីរាយការណ៍ជាច្រើនពីភាពមិនប្រក្រតីក្នុងមណ្ឌលនេះ កាលពីខែឧសភា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានបិទមណ្ឌលព្រៃស្ពឺនេះចោលម្ដងដែរ។ លោកថា ប្រសិនបើក្រសួងសង្គមកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ខ្វះសមត្ថភាពគ្រប់គ្រង កែលំអមណ្ឌលមួយនេះ ហើយថា តែងបន្សល់ឲ្យមានបញ្ហារ៉ាំរ៉ៃ និងតែងរងការរិះគន់ពីមជ្ឈដ្ឋាននានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។