Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ចិន​នឹង​បណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ

$
0
0

កម្ពុជា-ចិន នឹង​ចុះ​អនុស្សរណៈ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហកម្ម​នុយក្លេអ៊ែរ ដើម្បី​បណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា ឲ្យ​យល់​ដឹង​អំពី​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​ម៉ាស៊ីន​ដែល​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ (Nuclear Material)

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វ៉ិចទ័រ ហ្សូណា ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ការ​ត្រៀម​ចុះ​អនុស្សរណៈ​នេះ គឺ​ផ្ដោត​លើ​ការ​អប់រំ​អំពី​ផល​ប៉ះពាល់ ការ​គ្រប់គ្រង និង​ការ​ផ្ទេរ​បច្ចេកវិទ្យា ទាក់ទង​នឹង​ម៉ាស៊ីន​ស្កេន​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ ដែល​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល វិស័យ​ឧស្សាហកម្ម មាន​នៅ​តាម​មន្ទីរពេទ្យ កំពង់ផែ និង​ព្រលាន​យន្តហោះ​ជាដើម និង​មិន​មែន​ជា​គោលដៅ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ប្រើ​ជា​ថាមពល​អគ្គិសនី​ឡើយ៖ «ធម្មតា​នៅ​ពេល​យើង​យក​អី​ធម្មតា​ទៅ​ថត គឺ​ថត​អត់​ចេញ​ទេ ប៉ុន្តែ Materiel nuclear អាច​ថត​ឃើញ​ដោយ​ឆ្លង​កាត់​ដែក និង​ឆ្លង​កាត់​វត្ថុ​មួយ​ចំនួន​ទៀត ដូច​កាបូប កាតាប​ដែល​អាច​វត្ថុ​ខុស​ច្បាប់ ហើយ​នៅ​ក្នុង​សុខាភិបាល គេ​យក​វា​ទៅ​ប្រើប្រាស់​ដើម្បី​សម្លាប់​មេរោគ ប៉ុន្តែ​បើ​យើង​ទុក​ដាក់ និង​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ វា​អាច​សាយភាយ​វិទ្យុ​សកម្ម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​យើង។ យើង​អត់​មាន​សាលា​បង្រៀន​អា​ហ្នឹង​ទេ ប៉ុន្តែ​គេ​អាច​បណ្ដុះបណ្ដាល​យើង​ឲ្យយល់​ដឹង​អំពី និង​ក្ដាប់​អំពី​ការ​ប្រើប្រាស់»

លោក​បន្ត​ថា កន្លង​ទៅ​ស្ថិត​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី មន្ត្រី​កម្ពុជា មួយ​ចំនួន ជាពិសេស​មន្ត្រី​នៅ​ក្រសួង​រ៉ែ ក៏​ធ្លាប់​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ជា​បន្តបន្ទាប់ ទាំង​នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ ផង​ដែរ។ គេហទំព័រ​របស់​ក្រសួង​បរិស្ថាន ក៏​បាន​ផ្សាយ​ថា នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ អនុស្សរណៈ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហកម្ម​នុយក្លេអ៊ែរ នឹង​ដាក់​ជូន​ទៅ​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា-ចិន ដើម្បី​ចុះ​ហត្ថលេខា។

កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្ពុជា-រុស្ស៊ី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​ប្រើប្រាស់​ថាមពល​អាតូមិច​ដោយ​សន្តិភាព (Memorandum of cooperation for the peaceful uses of atomic energy) ដោយ​ប្រទេស​រុស្ស៊ី សន្យា​ថា​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស ការ​សិក្សា​ស្រាវជ្រាវ និង​ការ​បណ្ដុះបណ្ដាល​ដល់​ប្រទេស​កម្ពុជា ដើម្បី​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

ទោះ​ជា​យ៉ាង​ណា លោក វ៉ិចទ័រ ហ្សូណា បញ្ជាក់​ថា ព្រោះ​ចាប់​ពី​ពេល​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​២០៣០ កម្ពុជា គ្មាន​ផែនការ​ដើម្បី​អភិវឌ្ឍ​នុយក្លេអ៊ែរ​ធ្វើ​ជា​ថាមពល​អគ្គិសនី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អាជ្ញាធរ​ខេត្ត​រតនគិរី​បដិសេធ​សំណើ​សុំ​បើក​សិក្ខាសាលា​របស់​អាដហុក​រឿង​ដីធ្លី

$
0
0

អាជ្ញាធរ​ខេត្ត​រតនគិរី បដិសេធ​មិន​ឲ្យ​មន្ត្រី​សមាគម​អាដហុក (ADHOC) ធ្វើ​សិក្ខាសាលា​ទាក់ទិន​ករណី​សិក្សា​ពី​ជម្លោះ​ដីធ្លី ៤​ករណី បើ​ទោះ​បី​អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​ជា​គោលការណ៍​តាម​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​តាំង​ពី​ខែ​កក្កដា ម្តង​រួច​ទៅ​ហើយ។ មន្ត្រី​សមាគម​អាដហុក​ចាត់​ទុក​ករណី​នេះ​ថា​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​ពលរដ្ឋ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន ៤​ភូមិ​នៅ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បើក​ឱកាស​ឲ្យ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អាជ្ញាធរ ជួប​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន​របស់​ពលរដ្ឋ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា មិន​ឯកភាព​ឲ្យ​សមាគម​អាដហុក​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​ច្បាប់ និង​ការ​លើក​កម្ពស់​សិទ្ធិ​ដីធ្លី​ធនធាន​ធម្មជាតិ ដែល​គ្រោង​លើក​ករណី​ជម្លោះ​ដីធ្លី​ព្រៃឈើ​របស់​សហគមន៍​ចំនួន​៤ មក​ធ្វើ​ការ​បង្ហាញ និង​ពិភាក្សា​ក្នុង​សិក្ខាសាលា​នោះ។

ប្រធាន​សហគមន៍​ភូមិ​សមុទ្រលើ លោក ទុយ ញ៉េប បញ្ជាក់​ថា សហគមន៍​នេះ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ័ត្ន សុខន តាំង​ពី​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ដី​ត្រៀម​បម្រុង​ដែល​សហគមន៍​ស្នើសុំ​ទុក​ចំនួន ២​ពាន់​ហិកតារ ក៏ប៉ុន្តែ​ទំនាស់​នេះ​អូស​បន្លាយ​រហូត​បច្ចុប្បន្ន បើ​ទោះ​បី​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ច្រើន​លើក​ហើយ​ក្តី។ លោក​ចង់​ឲ្យ​សហគមន៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជួបជុំ​ពិគ្រោះ​យោបល់​ជា​ថ្មី​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ត​ទៀត៖ «សហគមន៍​បាន​ដាក់​ពាក្យ​លិខិត​ដល់​អភិបាល​ខេត្ត ឲ្យ​គាត់​ជួយ​អន្តរាគមន៍ ដល់​សព្វថ្ងៃ​អត់​ទាន់​បាន​ធ្វើ​អ្វី​ផង ធ្វើ​ម៉េច​ឲ្យ​ដោះស្រាយ ទោះ​បី​ដី​ហ្នឹង​អត់​ឲ្យ​សហគមន៍ ក៏​ឲ្យ​គាត់​ប្រាប់​ថា​ដី​ហ្នឹង​ឲ្យ​ក្រុមហ៊ុន ឲ្យ​គាត់​ថា​អ៊ីចឹង​ទៅ»

ក្រៅ​ពី​សហគមន៍​ភូមិ​សមុទ្រលើ សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ សហគមន៍​ភូមិ​បរឡយ និង​សហគមន៍​ភូមិ​ប៉ាអរ ឃុំ​កិចុង បាន​អះអាង​ដូច​គ្នា​ថា ទំនាស់​ដែល​កើត​មាន​ក្នុង​សហគមន៍​របស់​ពួក​គេ អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​កម្រិត ប៉ុន្តែ​មិន​ទាន់​រួច​រាល់​ទាំងស្រុង​ទេ។ ហេតុ​នេះ អ្នក​ភូមិ​ចង់​ជួប​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​របស់​អ្នក​ភូមិ​ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ៖ «ក្រុមហ៊ុន​៧៥ ដែល​ពាក់ព័ន្ធ​ដី​ហុកសិប​ចិតសិប​ហិកតារ អត់​មាន​ស្អី​បន្ត​ទេ ប៉ុន្តែ​បើ​ហ៊ាន សុជាតិ គេ​នៅ​បន្ត​ណា! គេ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ប្រាំង​ហ្នឹង​គេ​យក​តុលាការ​មក​ហើយ»

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន បាន​ធ្វើ​លិខិត​បដិសេធ​មិន​ឯកភាព​ឲ្យ​មន្ត្រី​សមាគម​អាដហុក​ខេត្ត​រតនគិរី ប្រារព្ធ​សិក្ខាសាលា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ក្រោម​ហេតុផល​ថា ករណី​សិក្សា​ទាក់ទិន​ទំនាស់​របស់​សហគមន៍​ទាំង​បួន អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​កម្រិត​ធំ ចំណែក​បញ្ហា​នៅ​សេសសល់ សមត្ថកិច្ច​កំពុង​បន្ត​ដោះស្រាយ។ ម្យ៉ាង​វិញ​ទៀត ការ​លើក​ករណី​ទាំង​៤ មក​ធ្វើ​សិក្ខាសាលា អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ​ឈាន​ទៅ​បង្ក​ហេតុ​ជ្រួលច្របល់​អនាធិបតេយ្យ ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា សិក្ខាសាលា​បែប​នេះ អាជ្ញាធរ​នៅ​គ្រប់​ខេត្ត​មិន​បាន​ហាមឃាត់​នោះ​ទេ ជាពិសេស​អាជ្ញាធរ​ខេត្ត​រតនគិរី ក៏​បាន​សហការ​ឲ្យ​សមាគម​អាដហុក​ប្រារព្ធ​សិក្ខាសាលា​ដូច​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា នេះ​ជា​ការ​គេចវេះ​របស់​អាជ្ញាធរ ទាក់ទិន​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ៖ «ពេល​ហ្នឹង​យើង​ទុក​ឱកាស​ឲ្យ​បង​ប្អូន​សហគមន៍​គាត់​ប្រមូល​ផ្តុំ​ទាមទារ​ទៅ​អភិបាល​ខេត្តតែ​ម្តង»

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​ស្តីទី​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន កាល​ពី​ខែ​កក្កដា បាន​ឯកភាព​ជា​គោលការណ៍​តប​លិខិត​ជូន​ដំណឹង​បើក​សិក្ខាសាលា​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី ប៉ុន្តែ​ទាមទារ​ឲ្យ​សមាគម​នេះ​បង្ហាញ​ឯកសារ​ដែល​ត្រូវ​យក​មក​បង្ហាញ និង​ពិភាក្សា​ក្នុង​សិក្ខាសាលា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ទាំង​៤ ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​សិទ្ធិ​សេរីភាព​ទាក់ទិន​ការ​បើក​សិក្ខាសាលា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​ត្រូវ​ពង្រឹង​គុណភាព​អប់រំ​និង​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច

$
0
0

ធនាគារ​ពិភពលោក លើក​ឡើង​ថា រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ ស្ថានភាព​កម្ពុជា ស្ទុះ​ងើប​គួរ​ឲ្យ​កត់​សម្គាល់ រាប់​ចាប់​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​បង្កើត​ការងារ និង​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​នេះ​រក​ឃើញ​ពី​បញ្ហា​ប្រឈម ដែល​កំពុង​គំរាម​កំហែង​ដល់​សុខភាព​សេដ្ឋកិច្ច​កម្ពុជា ដូចជា​ភាព​លំបាក​ធ្វើ​អាជីវកម្ម គុណភាព​អប់រំ​នៅ​ទន់ខ្សោយ និង​ភាព​រិចរិល​នៃ​ធនធាន​ធម្មជាតិ ដែល​បញ្ហា​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ទប់ស្កាត់ ដើម្បី​រក្សា​បាន​នូវ​កំណើន​រឹងមាំ និង​មាន​និរន្តរភាព។

ធនាគារ​ពិភពលោក កត់​សម្គាល់​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍ បាន​ចូលរួម​ចំណែក​ខ្លាំង​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដែល​មាន​អត្រា​កំណើន​ជា​មធ្យម ៧,៦​ភាគរយ ចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៥។

តាម​រយៈ​កំណើន​នេះ ការងារ​ចំនួន​ប្រមាណ ៣​លាន ៦​សែន​កន្លែង​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវ​បាន​បង្កើន​ឡើង​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ហើយ​វា​បាន​កាត់​បន្ថយ​អត្រា​ពលរដ្ឋ​ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ពី ៤៧,៨​ភាគរយ នៅ​ឆ្នាំ​២០០៧ មក ១៣,៥​ភាគរយ​កាល​ពី​ឆ្នាំ​២០១៤។

បន្ថែម​លើ​នេះ កម្ពុជា បាន​សម្រេច​គោលដៅ​មួយ​ចំនួន​នៃ​ផែនការ​សកល (គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស) ដូចជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​មរណភាព​មាតា​បាន​ជាង​ពាក់​កណ្តាល ហើយ​ការ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា ក៏​សម្រេច​បាន​ស្ទើរ​ជិត​គោលដៅ​ដែល​បាន​កំណត់ ព្រម​ទាំង​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ជំងឺ​អេដស៍។

កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា ត្រូវ​បាន​ដំឡើង​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​ម្នាក់​នៅ​ឆ្នាំ​១៩៩៤ មាន ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើង​ដល់ ១,០៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

របាយការណ៍​ទិដ្ឋភាព​រួម​ស្ដីពី «កម្ពុជា៖ ការ​រក្សា​កំណើន​រឹងមាំ ដើម្បី​ប្រយោជន៍​ទាំងអស់​គ្នា» ដែល​ធនាគារ​ទើប​ចេញ​ផ្សាយ លើក​ឡើង​ថា ខណៈ​ការ​រីក​ចម្រើន​នេះ កម្ពុជា កំពុង​ពើប​ប្រទះ​នឹង​បញ្ហា​ថ្មីៗ​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា រក​កត្តា​ថ្មីៗ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​រឹងមាំ។

លោក មីហ្គែល អេ. សាន់ឆេស (Miguel E. Sanchez) អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​របាយការណ៍​ផ្សេង​ទៀត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ សីហា នា​រាជធានី​ភ្នំពេញ​ថា ការ​ដែល​កម្ពុជា អភិវឌ្ឍ​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប មាន​ន័យ​ថា ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ឬ​ពន្ធ​គយ​សម្រាប់​ការ​នាំ​ចេញ និង​ការ​ទទួល​បាន​ប្រាក់​ជំនួយ​ពី​បរទេស នឹង​ត្រូវ​កាត់​បន្ថយ​ជា​បណ្តើរៗ។

កម្ពុជា ក៏​នឹង​ត្រូវ​បង្កើន​ផលិតភាព​ការងារ​នៅ​ពេល​មាន​ការ​ដំឡើង​ប្រាក់ខែ​បុគ្គលិក ដើម្បី​ឈរ​ប្រកួត​ប្រជែង​នឹង​ទីផ្សារ​ក្បែរ​ខាង។ ទិន្នន័យ​របស់​ធនាគារ​ពិភពលោក បាន​បង្ហាញ​ថា កម្រិត​ផលិតភាព​សម្លៀកបំពាក់​របស់​កម្ពុជា នៅ​ខ្សោយ​ជាង​ប្រទេស​បង់ក្លាដេស ហ្វីលីពីន ថៃ និង​វៀតណាម។

ឧបសគ្គ​មួយ​ទៀត​នោះ គឺ​ការ​ចាប់​ផ្តើម​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៨០ ក្នុង​ចំណោម​១៨៥។ ឧទាហរណ៍ អ្នក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា ត្រូវការ​ពេល​ចំនួន ៤៧​ថ្ងៃ តែ​នៅ​ប្រទេស​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ត្រូវ​ការ​រយៈពេល​ជា​មធ្យម ២៥,៩​ថ្ងៃ។

ការ​សិក្សា​របស់​ប្រជាជន​កម្ពុជា ដែល​ជា​មូលធន​មនុស្ស (human capital) នៅ​មាន​កម្រិត​ទាប​ខ្លាំង។ ជាក់ស្តែង នៅ​កម្ពុជា អត្រា​បញ្ចប់​ការ​សិក្សា​មធ្យមសិក្សា​បឋមភូមិ ឬ​ថ្នាក់​ទី​៩ មាន ៤៣​ភាគរយ នៅ​ឆ្នាំ​២០១៣ ធៀប​នឹង ៧១​ភាគរយ នៃ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ដទៃ​ទៀត។ ហើយ​ការ​វាយ​តម្លៃ​ថ្នាក់​ជាតិ​អំពី​សមិទ្ធផល​របស់​សិស្ស បាន​រក​ឃើញ​ថា សិស្ស​ថ្នាក់​ទី​៦ ចំនួន ៣៩​ភាគរយ មាន​ពិន្ទុ​ទាប​ចំពោះ​សមត្ថភាព​អាន​ភាសា​ខ្មែរ​កម្រិត​បឋម។

ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សឹករិចរិល​ធម្មជាតិ ក៏​បាន​បង្ក​ហានិភ័យ​ដល់​និរន្តរភាព​សេដ្ឋកិច្ច។ ការ​ប៉ាន់ស្មាន​នៅ​ឆ្នាំ​២០១៦ របស់​អង្គការ​ឃ្លាំ​មើល​អាល្លឺម៉ង់ (German watch) បាន​រក​ឃើញ​ថា ការ​ខូចខាត​ជា​មធ្យម​ពី​គ្រោះ​មហន្តរាយ​មាន​តម្លៃ​ចំនួន​ប្រមាណ ២៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ធនាគារ​ពិភពលោក អះអាង​ថា សម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​រិចរិល​យ៉ាង​ឆាប់​រហ័ស ដោយសារ​សកម្មភាព​សេដ្ឋកិច្ច​ដែល​គ្មាន​និរន្តរភាព។ ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា បន្ត​រឹងមាំ និង​មាន​និរន្តរភាព​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ខណៈ​ការ​ងើប​ឡើង​នៃ​ហានិភ័យ​ទាំងនេះ ធនាគារ​ពិភពលោក បាន​កំណត់​គន្លង និង​វិធីសាស្ត្រ​មួយ​ចំនួន។

សេដ្ឋវិទូ​យល់​ថា ការ​បង្កើន​ភាព​ប្រកួតប្រជែង ដូចជា​ការ​កាត់​បន្ថយ​ចំណាយ​នៃ​ការ​បង្កើត និង​ដំណើរការ​អាជីវកម្ម និង​ការ​ជំរុញ​វិនិយោគ​សាធារណៈ និង​ឯកជន ព្រម​ទាំង​ការ​ពង្រឹង​ភាព​រឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច គឺ​ជា​គន្លឹះ។ ទី​ពីរ ការ​វិនិយោគ​លើ​ជំនាញ​តាម​រយៈ​ការ​លើក​កម្ពស់​ការ​ទទួល​ស្គាល់​យន្តការ​ធានា​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យម​សិក្សា និង​ឧត្តម​សិក្សា។ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស (TVET) និង​ការ​កាត់​បន្ថយ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ ក៏​នឹង​កែប្រែ​ស្ថានការណ៍​ឲ្យ​ប្រសើរ​ឡើង។

អនុសាសន៍​ចុង​ក្រោយ គឺ​ការ​រក្សា និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ និង​ការ​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ ដូចជា​ការ​គ្រប់គ្រង​តំបន់ និង​ព្រៃ​ការពារ​ប្រកប​ដោយ​ចីរភាព និង​ការ​អនុវត្ត​របៀបវារៈ​រៀបចំ​ផែនការ​ទីក្រុង​រឹងមាំ។

ធនាគារ​ពិភពលោក បញ្ជាក់​ថា ការ​អនុវត្ត​នូវ​អនុសាសន៍​កំណែ​ទម្រង់ និង​កែលំអ​ការ​ផ្តល់​សេវា​វិស័យ​សាធារណៈ ត្រូវការ​សមត្ថភាព​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ព័ត៌មាន​ស្នើ​អ្នក​ពាក់ព័ន្ធ​ចូល​រួម​ផ្ដល់​គំនិត​កែប្រែ​ច្បាប់​របប​សារព័ត៌មាន​ជា​ថ្មី

$
0
0

ក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូល​រួម​ផ្ដល់​គំនិត​ដើម្បី​រុះរើ​ច្បាប់​របប​សារព័ត៌មាន​ជា​ថ្មី ឲ្យ​ស្រប​ទៅ​តាម​ស្ថានការណ៍​វិស័យ​សារព័ត៌មាន​សព្វថ្ងៃ។ គ្រូ​កាសែត​ដែល​ធ្វើការ​ទាក់ទង​វិស័យ​សារព័ត៌មាន​ស្វាគមន៍​ការ​បើក​ទូលាយ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូលរួម​ធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ។

​ការ​ប្រកាស​ចង់​បាន​ទស្សនៈ​ពី​អ្នក​ពាក់ព័ន្ធ​ផ្នែក​សារព័ត៌មាន​ចូលរួម​ផ្ដល់​គំនិត​ដើម្បី​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន បែប​នេះ ខណៈ​ក្រសួង​ថា ដល់​ពេល​ត្រូវ​កែ​ច្បាប់​របប​សារព័ត៌មាន​ជា​ថ្មី។ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ថ្លែង​អះអាង​ថា ការ​រុះរើ​ច្បាប់​របប​សារព័ត៌មាន​ឲ្យ​ក្លាយ​ជា​ច្បាប់​ថ្មី គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវិវឌ្ឍន៍​នៃ​វិស័យ​សារព័ត៌មាន។

ឲ្យ​ក្រុម​អ្នក​កាសែត​ដឹង​កាល​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​ទៅ​នេះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង លើក​ឡើង​ថា ក្រសួង​ត្រូវការ​ដៃគូ​នៅ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​មតិយោបល់​នៃ​ដំណើរ​ការ​កែប្រែ​ច្បាប់​នេះ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិន​មែន​ជា​ការ​បង្កើត​ការ​គាបសង្កត់​លើ​ស្ថាប័ន​សារព័ត៌មាន​ទេ ប៉ុន្តែ​គឺ​ជា​ការ​ធ្វើ​ច្បាប់​យ៉ាង​ណា​ឲ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នៃ​សារព័ត៌មាន៖ «ជា​រួម​យើង​បាន​មូល​មតិ​គ្នា​ថា មាន​ការ​ចាំបាច់​ក្នុង​ការ​កែប្រែ​ច្បាប់​ហ្នឹង (ច្បាប់​របប​សារព័ត៌មាន) ក៏​ដូចជា​រៀបចំ​បែបបទ​នានា ដើម្បី​អនុវត្ត​ទាំង​អស់​គ្នា​ឲ្យ​ស្រប​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»

​ទោះជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​រូប​នេះ មិន​ទាន់​ប្រាប់​ពី​តម្រុយ​ថា នឹង​កែប្រែ​មាត្រា​ណា​ខ្លះ ឬ​បន្ថែម​ចំណុច​ណា​ខ្លះ​នៅ​ឡើយ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ច្បាប់​ថ្មី​នៅ​តែ​ធានា​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​ដដែល ដោយ​អ្នក​សារព័ត៌មាន​នៅ​តែ​អាច​លាក់​ប្រភព និង​គ្មាន​ការ​ត្រួត​ពិនិត្យ​មុន​ការ​ផ្សាយ។

​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ និយាយ​ថា លោក​គាំទ្រ​ចំពោះ​ការ​បើក​ទូលាយ​របស់​ក្រសួង​ព័ត៌មាន​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូលរួម​ផ្ដល់​មតិ​យោបល់​ក្នុង​ការ​កែ​ច្បាប់។ អ្នក​ធ្វើ​ការ​ផ្នែក​សារព័ត៌មាន​រូប​នេះ សង្កេត​ឃើញ​ថា ច្បាប់​របប​សារព័ត៌មាន​សព្វថ្ងៃ​មាន​មាត្រា​ខ្លះ​ផ្ដល់​សេរីភាព​ដល់​អ្នក​សារព័ត៌មាន​រួច​ហើយ ប៉ុន្តែ​មាត្រា​ផ្សេង​ទៀត​មាន​ការ​ចែង​ទូលាយ​ពេក ជា​ឧទាហរណ៍៖ ការ​ហាម​ប្រាម​ការ​សរសេរ​ប៉ះពាល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ការ​ហាម​ឃាត់​នេះ មិន​បាន​និយាយ​ថា ព័ត៌មាន​ប្រភេទ​ណា​ខ្លះ​ប៉ះពាល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ៖ «អ៊ីចឹង​អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​ការ​ផ្ដល់​និយម​ន័យ​ជាក់លាក់​ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​តាម និង​ជៀសវាង​នូវ​កំហុស​ឆ្គង»

ច្បាប់​របប​សារព័ត៌មាន​ដែល​បាន​កើត​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥ មក​ដល់​ពេល​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង លើក​ឡើង​ថា មិន​បាន​ក្ដោប​ទូលំទូលាយ​លើ​សារព័ត៌មាន​សព្វថ្ងៃ​នេះ​ទេ ខណៈ​ច្បាប់​នេះ និយាយ​ត្រឹមតែ​ការ​បោះពុម្ព​ផ្សាយ​ព័ត៌មាន​លើ​ក្រដាស ប៉ុន្តែ​បច្ចុប្បន្ន វិស័យ​នេះ​រីកសាយ​ការ​ផ្សាយ​របស់​ខ្លួន​តាម ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​ផ្សាយ​ជា​អក្សរ សំឡេង រូបភាព និង​ជា​វីដេអូ ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រូបង្រៀន​នៅ​ខេត្ត​កណ្ដាល​ប្រតិកម្ម​រឿង​នាយក​សាលា​មួយ​ចាយ​លុយ​មិន​តម្លាភាព

$
0
0

គ្រូបង្រៀន​មួយ​ចំនួន​នៃ​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ប្រតិកម្ម​រឿង​នាយក​សាលា​ដែល​ចាយ​ប្រាក់​កម្មវិធី​អាទិភាព​របស់​ក្រសួង​អប់រំ ដែល​ហៅ​កាត់​ថា ភី.ប៊ី (PB) មិន​មាន​តម្លាភាព និង​តែង​យក​លុយ​ពី​កូនសិស្ស​ម្នាក់ ១​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ។ នាយក​សាលា​ទទួល​ស្គាល់​ថា លោក​ពិត​ជា​យក​លុយ​ពី​កូន​សិស្ស​មែន ប៉ុន្តែ​លោក​ច្រានចោល​រឿង​ចោទ​ថា ចាយ​វាយ​ប្រាក់ ភី.ប៊ី មិន​តម្លាភាព។

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ មួយ​ចំនួន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ ចុះ​ត្រួត​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នាយក​សាលា​មាន​ការ​កេងប្រវ័ញ្ច​ប្រាក់ ភី.ប៊ី តាម​រយៈ​ការ​ធ្វើ​វិក្កយបត្រ​ចំណាយ​ក្លែង​បន្លំ។

គ្រូបង្រៀន​ទាំង​នោះ​បន្ត​ថា ប្រាក់ ភី.ប៊ី សម្រាប់​សាលា​ដែល​បើក​មក​ម្ដងៗ ពេល​ខ្លះ​បាត់​ប្រហែល ១០​ម៉ឺន​រៀល និង​មាន​ត្រីមាស​ខ្លះ យក​មក​សង​នាយក​សាលា​សឹង​មិន​គ្រប់​ចំនួន​ផង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ពេញ​ចិត្ត។

ទន្ទឹម​គ្នា​នេះ លោក​នាយក​សាលា​ក៏​តែងតែ​យក​លុយ​ពី​កូន​សិស្ស​ម្នាក់ ១​ម៉ឺន​រៀល​ជា ថ្នូរ​នឹង​ការ​ដក​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម ក្រោម​ហេតុផល​ថា ជា​ថ្លៃ​សោហ៊ុយ​ទៅ​ដក​សញ្ញាប័ត្រ​នៅ​ខេត្ត​កណ្ដាល។ ប្រការ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​អាណាព្យាបាល​សិស្ស​មិន​ពេញ​ចិត្ត និង​ស្នើ​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ជា​បន្ទាន់។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយក​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ លោក សាត សាវឿន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​កិបកេង​ប្រាក់ ភី.ប៊ី។ លោក​បកស្រាយ​ថា មុន​នឹង​ចំណាយ​ប្រាក់ ភី.ប៊ី នោះ គឺ​លោក​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​ត្រឹមត្រូវ​ពី​បេឡា​ដែល​ជា​អ្នក​គ្រប់គ្រង​លុយ ហើយ​ការ​ចំណាយ​ម្ដងៗ តែង​តែ​ប្រជុំ​គ្នា​ជា​មុន​ជាមួយ​គ្រូ​ទាំង​អស់។ លោក​ថា រឿង​ដក​ប្រាក់ ភី.ប៊ី សង​លោក​វិញ​នោះ ព្រោះ​លោក​បាន​ដក​ប្រាក់​ផ្ទាល់​ខ្លួន​ទិញ​សម្ភារៈ​សិក្សា និង​តម្រូវការ​ផ្សេងៗ សម្រាប់​សាលា​ដោយសារ​ប្រាក់ ភី.ប៊ី បើក​យឺតយ៉ាវ៖ «រឿង​ប្រាក់ ភី.ប៊ី យើង​ប្រជុំ​ធម្មតា​អត់​មាន​រឿង​មិន​តម្លាភាព​ទេ គឺ​ប្រជុំ​ចំណាយ​ទៅ​លើ​អី ដឹង​ទាំង​អស់​គ្នា។ ចំពោះ​សញ្ញាប័ត្រ​ក៏​ខ្ញុំ​ទទួល​យក​មែន ដោយសារ​ទី​១ ខាង​មន្ទីរ​គាត់​សុំ ៥​ពាន់​រៀល​ដែរ ហើយ ៥​ពាន់​ទៀត គ្រាន់​តែ​ថា ធ្វើ​សោហ៊ុយ​ឡើង​ចុះ ហើយ​នឹង​ចំណាយ​លើ​ឯកសារ​ផ្សេងៗ​នៅ​កន្លែង​ហ្នឹង»

អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ នេះ គឺ​ស្ថិត​ក្នុង​ឃុំ​ជ័យធំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រី​ឯ​ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ក្នុង​គោលការណ៍​ក្រសួង​អប់រំ គឺ​មិន​អនុញ្ញាត​ឲ្យ​នាយក​សាលា​យក​លុយ​ពី​សិស្ស​ឡើយ ព្រោះ​ថា ប្រាក់ ភី.ប៊ី មាន​ខ្ទង់​ចំណាយ​សម្រាប់​តម្រូវ​ការ​របស់​សាលា​រួច​ទៅ​ហើយ។ លោកស្រី​មើល​ឃើញ​ថា ការ​យក​លុយ​ពី​សិស្ស​នេះ គឺ​កើត​មាន​ស្ទើរ​គ្រប់​សាលា​របស់​រដ្ឋ​ទាំង​អស់ ដោយសារ​ពួកគេ​លើក​ហេតុផល​ថា កញ្ចប់​ប្រាក់ ភី.ប៊ី ចាយ​មិន​គ្រប់គ្រាន់៖ «រឿង​នេះ​ដែល​សមាគម​តែងតែ​រិះគន់ ប៉ុន្តែ​ក្រសួង​អប់រំ មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដែល​កំណែ​ទម្រង់ ឬ​ក៏​សម្រួល​បញ្ហា​ដែល​កំពុង​តែ​ជួប​ប្រទះ​សព្វថ្ងៃ​ទេ ហាក់​បី​ដូច​ជា​ក្រសួង អោយ​ដៃ​ទៅ​តាម​នាយក​សាលា​ដែរ»

​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា បច្ចុប្បន្ន​នៅ​តាម​សាលា​ជា​ច្រើន គឺ​មាន​ការ​ចាយ​ប្រាក់ ភី.ប៊ី របស់​រដ្ឋ​មិន​ត្រឹមត្រូវ និង​អ្នក​គ្រប់គ្រង​សាលា​ខ្លះ ពិត​ជា​កេងប្រវ័ញ្ច​ប្រាក់​នោះ​មែន ហើយ​ជា​ហូរហែ​គឺ​ក្រសួង​អប់រំ តែង​ចុះ​ធ្វើ​អធិការកិច្ច ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​មាន​ដំណោះស្រាយ ចំណែក​កន្លែង​ខ្លះ​ទៀត​មិន​មាន​ដំណោះ​ស្រាយ​ទេ។ ទោះ​យ៉ាង​ណា ពួកគេ​ស្នើ​ឲ្យ​ក្រសួង​តាម​ដាន និង​ដោះស្រាយ​រឿង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​គុណភាព​នៃ​ការ​អប់រំ​ដល់​សិស្សានុសិស្ស និង​ស្មារតី​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ស្នើ​ឱ្យ​អាជ្ញាធរ​រក​កន្លែង​ទុក​ដាក់​សំរាម​ឆ្ងាយ​ពី​ទីក្រុង

$
0
0

ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្អូញត្អែរ​ចំពោះ​ការ​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​បណ្ដាល​ឱ្យ​ប៉ះពាល់​ផ្លូវ​ធ្វើ​ដំណើរ និង​មាន​ក្លិន​មិន​ល្អ ប៉ះពាល់​ដល់​សុខភាព​រស់​នៅ​របស់​ពួកគាត់។ បញ្ហា​នេះ ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដែល​ប្រមូល​សំរាម​រក​ទីតាំង​ថ្មី ឆ្ងាយ​ពី​ទីប្រជុំជន ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពួកគាត់។

ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងសែន លើក​ឡើង​ថា ការ​ទុក​ដាក់​សំរាម​នៅ​ក្នុង​ក្រុង​មិន​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​មុខមាត់​របស់​អាជ្ញាធរ​ខេត្ត​ទៀត​ផង។ បន្ថែម​ពី​នេះ ក៏​ប៉ះពាល់​ដល់​បរិស្ថាន ដូចជា​សំរាម​អាច​ហូរ​ចូល​ស្រែ​ពលរដ្ឋ និង​ទឹកស្ទឹង​ជាដើម។

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​កំពង់​រទេះ​ក្បែរ​គំនរ​សំរាម លោក ធុន ផល្លា រៀបរាប់​ថា ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ប្រមូល​សំរាម​ក្នុង​ក្រុង ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​ឡើយ ដូចជា​ចាក់​លើ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ដែល​ឆ្លង​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​សំរាម​ទាំង​នោះ​ហៀរហូរ​ចូល​ដី​ស្រែ​របស់​កសិករ​ទៀត​ផង៖ «ពេល​ខ្យល់​អ៊ីចឹង​មាន​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​គាត់។ ទី​ពីរ​នៅ​ពេល​ទឹក​ហ្នឹង​វា​ហៀរហូរ​មក​ទៅ សំរាម​ហ្នឹង​បក់​បោក​ទៅ​វា​ប៉ះពាល់​សុខភាព​គាត់ ជាពិសេស​គាត់​ធ្វើ​ស្រែ​ប្រាំង​នៅ​ជិត​ហ្នឹង»

ពលរដ្ឋ​មួយ​រូប​ទៀត កញ្ញា ខេង រីណា លើក​ឡើង​ថា កាល​ពី​មុន​ខាង​បុគ្គលិក​ក្រុម​ប្រមូល​សំរាម​បាន​រៀបចំ​ទុក​ដាក់​សំរាម​ត្រឹមត្រូវ ប៉ុន្តែ​ប្រមាណ ១​ខែ​មក​នេះ ពួកគេ​យក​សំរាម​ចាក់​គរ​តាម​ផ្លូវ ហើយ​នៅ​ពេល​ពលរដ្ឋ​ត្អូញត្អែរ​រឿង​នេះ ពួកគេ​ប្រាប់​ថា ដោយសារ​គ្រឿងចក្រ​ខូច។ កញ្ញា​ថា សំរាម​រលួយ​មាន​ក្លិន​ស្អុយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ក្បែរ​នោះ។ ពលរដ្ឋ​ដដែល​ស្នើ​ឱ្យ​អាជ្ញាធរ​រក​ទីតាំង​ថ្មី​ឆ្ងាយ​ពី​ក្រុង​ដើម្បី​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ៖ «ខាង​គាត់​ដែល​ពាក់ព័ន្ធ គឺ​ចង់​ឱ្យ​គាត់​ប្ដូរ​ទីកន្លែង​ចាក់​សំរាម​ហ្នឹង​ឱ្យ​បាន​ឆ្ងាយ ពី​ទីប្រជុំជន យ៉ាង​តិច ៥​គីឡូម៉ែត្រ ទៅ ១០​គីឡូម៉ែត្រ​ពី​ទីក្រុង»

​គំនរ​សំរាម​ដែល​ពលរដ្ឋ​ត្អូញត្អែរ​នេះ គឺ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​សាលាក្រុង​ស្ទឹងសែន ប៉ុន្មាន​ទេ ពោល​គឺ​ប្រហែល ៥០០​ម៉ែត្រ​ប៉ុណ្ណោះ។

​ឆ្លើយតប​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​ប្រមូល​សំរាម​ក្នុង​ទី​រួម​ខេត្ត​ជាមួយ​អាជ្ញាធរ​ក្រុង​ស្ទឹងសែន គឺ​មាន​ឈ្មោះ​ក្រុមហ៊ុន ហ្គាយ៉ា (Gaya)។ លោក​បន្ត​ថា ក្រុមហ៊ុន​នេះ បាន​អនុវត្ត​នឹង​ប្រមូល​សំរាម​ទៅ​រក្សាទុក​នៅ​កន្លែង​នោះ​ជាង ២០​ឆ្នាំ​មក​ហើយ តាំងពី​តំបន់​នោះ​ស្ថិតនៅ​ជាយក្រុង។ បន្ថែម​ពី​នេះ កន្លែង​ចាក់​សំរាម​មិន​មាន​ពលរដ្ឋ​រស់​នៅ​ក្បែរ​ច្រើន​ទេ និង​មិន​ស្ថិត​នៅ​ជាប់​ស្ទឹងសែន ដូច​ការ​លើក​ឡើង​ដែរ។ យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ខេត្ត​បាន​ប្រជុំ​ពិភាក្សា​គ្នា​ចំពោះ​បញ្ហា​នេះ ហើយ​សម្រេច​ថា ជ្រើសរើស​ទីតាំង​ថ្មី ឆ្ងាយ​ពី​ទីក្រុង ឬ​ទីប្រជុំជន​ដើម្បី​ទុក​ដាក់​សំរាម ប៉ុន្តែ​ត្រូវការ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ជៀសវាង​ប៉ះពាល់​ពលរដ្ឋ​បន្ត​ទៀត៖ «ហើយ​យើង​ក៏​មាន​គោលការណ៍​ដើម្បី​យក​កន្លែង​នេះ​ចេញ យើង​បាន​ប្រជុំ​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​ឈប់​ចាក់​សំរាម​ទី​នេះ»

អភិបាល​ខេត្ត​រូប​នេះ អះអាង​ថា គម្រោង​ប្ដូរ​ទីតាំង​ចាក់​សំរាម​នេះ អាច​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​២០១៧ ឬ​នៅ​ដើម​ឆ្នាំ​២០១៨ យ៉ាង​យូរ។

មន្ត្រី​សម្របសម្រួល​ស្ដីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ យល់​ថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​ឯកជន ត្រូវ​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អនាម័យ បរិស្ថាន និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សោភ័ណភាព​ក្រុង​ឱ្យ​បាន​ប្រសើរ​ឡើង ពីព្រោះ​មាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ចាប់​ផ្ដើម​មក​លេង​កម្សាន្ត​ខេត្ត​មួយ​នេះ។ លោក​ថា ការ​រៀបចំ​សោភ័ណភាព​ក្រុង និង​ទុក​ដាក់​សំរាម​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មុខ​មាត់ និង​កិត្តិយស​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​សមត្ថកិច្ច​អង្កេត​ករណី​ពុករលួយ​ដែល​អង្គការ GW រក​ឃើញ​ឆ្នាំ​២០១៦

$
0
0

អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​អំពី​ការ​ទទួល​ខុស​ត្រូវ និង​តម្លាភាព​ក្នុង​សង្គម ជំរុញ​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​នៃ​គ្រួសារ មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (GW) កាល​ពី​ឆ្នាំ​២០១៦ ដែល​បើក​កកាយ​ពី​របរ​រក​ស៊ី​ជា​ប្រព័ន្ធ​របស់​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចប់​នូវ​ភាព​មន្ទិល​សង្ស័យ​របស់​មហាជន និង​ជា​ការ​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថ្មី​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស។

​របាយការណ៍ ​និង​ភស្តុតាង​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំណង​ជើង​ថា ការ​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​បង្ហាញ​ពី​អធិរាជ​ត្រកូល "ហ៊ុន" កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​កប់​ចោល​បាត់ស្រមោល​ឆ្ងាយ​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ភាព​ព្រងើយកន្តើយ​របស់​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​របស់​គ្រួសារ​ត្រកូល "ហ៊ុន" នោះ​នៅ​តែ​ផ្ដល់​ភាព​មន្ទិលសង្ស័យ​ដល់​មហាជន​មិន​ចេះ​ចប់។

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​បើក​ការ​ស៊ើប​អង្កេត​ករណី​គ្រួសារ​អធិរាជ​ត្រកូល "ហ៊ុន" នេះ​ទេ នោះ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ហាក់​គ្មាន​ន័យ​អ្វី ឬ​គ្មាន​សង្ឃឹម​អ្វី​ទាំង​ទាំង​អស់​ចំពោះ​ពលរដ្ឋ៖ «ខ្ញុំ​យល់​ថា ការ​រក​ឃើញ​ណា​មួយ​ដោយ​អង្គការ​ជាតិ​ក្ដី ដោយ​អង្គការ​អន្តរជាតិ​ក្ដី គួរ​តែ​មាន​ការ​បំភ្លឺ ហើយ​វា​ក៏​ជា​តម្រុយ​នៃ​ការ​ស៊ើប​អង្កេត​ដែរ ឬ​ការ​សិក្សា​បន្ថែម ហើយ​អាជ្ញាធរ​ក្រោយ​ពី​ការ​ស៊ើប​អង្កេត​ពេល​រក​ឃើញ​ពិត ឬ​មិន​ពិត​គេ​ចាំបាច់​ត្រូវតែ​បង្ហាញ​នូវ​របាយការណ៍ ឬ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ហ្នឹង ដើម្បី​ប្រយោជន៍​នៃ​របៀប​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង។ ការ​ដែល​ទុក​ឲ្យ​រឿង​ហ្នឹង​នៅ​ស្ងាត់ស្ងៀម មិន​មាន​ការ​បំភ្លឺ​ណា​មួយ​អា​ហ្នឹង​ធ្វើ​ឲ្យ​មតិ​មហាជន​ហ្នឹង​គេ​វាយ​តម្លៃ​ទៅ​លើ​ហេតុផល​ផ្សេងៗ​គ្នា»

គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់​កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូច​ជា Apple Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

​សហ​ស្ថាបនិក​របស់​អង្គការ គ្លបល វីនេស លោក ផាទ្រីក អាលី (Patrick Alley) ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ក្រៅ​ពី​ឪពុក​របស់​ពួកគេ​កំពុង​គ្រប់គ្រង​យោធា ប៉ូលិស តុលាការ រដ្ឋសភា និង​ស្ថាប័ន​របស់​រដ្ឋ​ទាំង​ឡាយ​ហើយ​នោះ ចំណែក​កូនៗ និង​សាច់​ញាតិ​របស់​គាត់​ជា​ច្រើន​ទៀត​កំពុង​គ្រប់គ្រង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​ទាំង​មូល​តែម្ដង។ លោក​បន្ត​ថា ពួកគេ​គួរ​តែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ ស្រប​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​កម្ពុជា។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក​មិន​ដែល​ឃើញ​មាន​ការ​បង្ហាញ​ប្រាក់​ចំណូល​ទាំង​នោះ​ទេ។

សមាសភាព​នៃ​អធិរាជ​គ្រួសារ​ត្រកូល "ហ៊ុន" ដែល​កំពុង​រក​ស៊ី​កាក់កប​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត ហ៊ុន ម៉ាណា ហ៊ុន ម៉ាលី ហ៊ុន ចិន្តាវី ហ៊ុន តូ ឌី វិជ្ជា ហ៊ុន ជា ហ៊ុន គិមលេង ហ៊ុន ចន្ធូ សុខ ពុទ្ធិវុធ សេង ឃាង ឌី ចូច ឌី ប្រឹម និង​មនុស្ស​មួយ​គំនរ​រាប់​មិន​អស់​ទៀត។ ពួកគេ​កំពុង​គ្រប់គ្រង និង​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែង​កម្សាន្ត តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែង​ស៊ីសង ដឹក​ជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ គ្លបល វីនេស។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​អាច​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស នេះ​ទេ។

​ក្រៅ​ពី​គ្មាន​ចំណាត់​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​ខ្នាត​កំពូល​នេះ កន្លង​មក​មន្ត្រី​រដ្ឋាភិបាល ក៏​ធ្លាប់​បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ​ថា ជា​របាយការណ៍​ដែល​មាន​ចរិត​នយោបាយ និង​ជា​របាយការណ៍​ដែល​វាយ​ប្រហារ​រដ្ឋាភិបាល។ ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ដោយសារ​តែ​គ្មាន​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ចេញ​មុខ​បើក​ការ​ស៊ើប​អង្កេត​បញ្ហា​ពុករលួយ​ខ្នាត​ធំ​ទាំង​នេះ​ហើយ បាន​ជា​អំពើ​ពុករលួយ​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

​អង្គការ​ឃ្លាំមើល​ពិភពលោក​កន្លង​មក​ក៏​បាន​វាយ​តម្លៃ​ផង​ដែរ​ថា អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​លំដាប់​កំពូល​នៅ​កម្ពុជា កើត​ឡើង​ដោយសារ​តែ​សំណាញ់​អំណាច​គ្រួសារ និង​បក្សពួក​និយម។ ​អង្គការ​នេះ​បាន​រក​ឃើញ​អំពី​រចនាសម្ព័ន្ធ​អំណាច​ត្រកូល "ហ៊ុន" ដែល​ចង​ក្រឡា​ដូច​សំបុក​ពីងពាង​ជាមួយ​គ្រួសារ​របស់​មន្ត្រី​ជាន់​ខ្ពស់ កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​រួម​មាន។

កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​រៀបការ​ជាមួយ​អ្នកស្រី ពេជ្រ ចាន់មុន្នី កូនស្រី​របស់​លោក ពេជ្រ សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​អ្នកស្រី ហ៊ុន ម៉ាណ កូនស្រី​បន្ទាប់​របស់​លោក ហ៊ុន សែន រៀបការ​ជាមួយ​លោក ឌី វិជ្ជា កូន​ប្រុស​របស់​លោក ហុក ឡង់ឌី អតីត​មេបញ្ជាការ​នគរបាល​ជាតិ។

អ្នកស្រី ហ៊ុន ម៉ាណា កាល​ពី​ដើម​ឡើយ​រៀបការ​ជាមួយ​លោក ម៉ឹង កុម្ភៈ កូន​ប្រុស​របស់​លោក ម៉ឹង សំផន ឧត្ដមសេនីយ៍​ផ្កាយ​បី​នៃ​ក្រសួង​ការពារ​ជាតិ ប្រធាន​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ។ ហើយ ឌី វិជ្ជា ក៏​ជា​អតីត​ប្ដី​របស់​អ្នកស្រី ហ៊ុន ចន្ថា កូនស្រី​របស់​លោក ហ៊ុន ណេង ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។

ចំណែក ម៉ា និត កូន​ប្រុស​កណ្ដាល​របស់​លោក ហ៊ុន សែន ដែរ​នោះ​បាន​រៀបការ​ជាមួយ​អ្នកស្រី ឌី ចិន្តាវី ដែល​ជា​ប្អូន​ស្រី​របស់​លោក ឌី វិជ្ជា។

រី​ឯ​កូន​ប្រុស​ពៅ​របស់​លោក លោក​គឺ​លោក ហ៊ុន ម៉ានី ឯ​ណោះ​វិញ រៀបការ​ជាមួយ​កូន​ស្រី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ហើយ​កូនស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី រៀបការ​ជាមួយ​លោក សុខ ពុទ្ធិវុធ កូន​ប្រុស​របស់​លោក សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​ដែល​ជា​មន្ត្រី​ជំនិត​បំផុត​របស់​លោក ហ៊ុន សែន។

​ជាង​នេះ​ទៅ​ទៀត ក្មួយ​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន គឹមលេង រៀបការ​ជាមួយ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ប្អូន​ប្រុស​របស់​អ្នកស្រី ហ៊ុន គឹមលេង ឈ្មោះ ហ៊ុន សៀងហេង រៀបការ​ជាមួយ​អ្នកស្រី សុខ សុភ័គ កូនស្រី​របស់​លោក​ឧត្ដមសេនីយ៍ សុខ ផល ដែល​ជា​នាយ​ប៉ូលិស​ដ៏​មាន​ឥទ្ធិពល​ទទួល​បន្ទុក​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន្ត។

​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស ចាត់​ទុក​ថា ចំណង​អាពាហ៍ពិពាហ៍​របស់​សាច់សាលោហិត​លោក ហ៊ុន សែន ទាំង​នេះ ធ្វើ​ឡើង​សម្រាប់​ការពារ​ផលប្រយោជន៍​គ្រួសារ​ត្រកូល "ហ៊ុន" ដើម្បី​អាច​រក្សា​ក្ដោបក្ដាប់​អំណាច សេដ្ឋកិច្ច នយោបាយ និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ស្ថាប័នរដ្ឋ​គួរ​ចេញ​មុខ​ក្នុង​ការ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ បើ​មិន​ដូច្នេះ​ទេ​ករណី​ពុករលួយ​របស់​ក្រុម​អ្នក​មាន​អំណាច​នឹង​កប់​បាត់​ចោល​តែម្ដង៖ «ទាល់​តែ​មាន​ស្ថាប័ន​រដ្ឋ​សភា​មាន​ការ​ចូលរួម ហើយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ត ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ធ្វើ​របាយការណ៍​ជូន​សភា​ហ្នឹង​ទៅ។ ប៉ុន្តែ​សភា​យើង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច»

​អ្នកនាំពាក្យ​របស់​រដ្ឋ​សភា​ជាតិ​ជា​សភា​មួយ​ដែល​មាន​សមាជិក​ភាគ​ច្រើន​ពី​ខាង​គណបក្ស​កាន់​អំណាច មិន​ទាន់​អាច​បញ្ជាក់​អំពី​ចំណាត់​ការ​របស់​សភា​លើ​បញ្ហា​ពុករលួយ​ដែល​រក​ឃើញ​ដោយ​អង្គការ​ឃ្លាំមើល​ពិភពលោក នោះ​ទេ។

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​តម្លាភាព​សង្គម​រិះគន់​ថា បញ្ហា​សាច់សាលោហិត​សាច់ញាតិ​របស់​ថ្នាក់​ដឹក​កំពូលៗ​ដែល​កំពុង​បម្រើ​ការ ក្នុង​ស្ថាប័ន​រដ្ឋ​គឺ​ជា​ឧបសគ្គ​ដល់​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស្ថាប័នរដ្ឋ​ចាក​ផុត​ពី​បញ្ហា​ពុករលួយ។

អង្គការ​តម្លាភាព​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៦ បាន​វាយ​តម្លៃ​ថា កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី ១៥៦ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៦ លើ​ពិភពលោក​ដែល​មាន​អំពើ​ពុករលួយ​អាក្រក់​ជាង​គេ ដោយសារតែ​ប្រព័ន្ធ​តុលាការ​ទន់​ខ្សោយ​មិន​ឯករាជ្យ​បញ្ហា​បក្សពួក និង​គ្រួសារ​និយម ខ្វះ​ឯករាជភាព​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បញ្ហា​ជាច្រើន​ទៀត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ព្រមាន​ថា បើ​សង្គម​មួយ​គ្មាន​យុត្តិធម៌ សង្គម​នោះ​នឹង​រលាយ​ដោយសារ​ភាព​អយុត្តិធម៌ ហើយ​នាំ​ឲ្យ​មាន​ទំនាស់​ក្នុង​សង្គម​មិន​ចេះ​ចប់៖ «បញ្ហា​ទាំង​អស់នេះ វា​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ​យើង​ណាស់ គឺ​អយុត្តិធម៌​ធ្ងន់ធ្ងរ។ អយុត្តិធម៌​ហ្នឹង​ចេះ​តែ​កើន​ទៅៗ​ពី​មួយ​ទៅ​មួយៗ បូក​សរុប​កាន់​តែ​ច្រើន។ ក្នុង​សង្គម​មួយ​ដែល​គ្មាន​យុត្តិធម៌ មាន​តែ​អយុត្តិធម៌​ច្រើន សង្គម​នោះ​នឹង​ច្របូកច្របល់ អត់​មាន​សណ្ដាប់ធ្នាប់​ អត់​មាន​សន្តិសុខ ហើយ​មិន​យូរ​មិន​ឆាប់​នឹង​រលាយ»

របាយការណ៍​ស្ដីពី​ការ​វាស់វែង​អំពី​អំពើ​ពុករលួយ​ជា​សកល​ឆ្នាំ​២០១៦ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ចាត់​ទុក​មន្ត្រី​តុលាការ ប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល ពុករលួយ​ខ្លាំង​ជាង​គេ។

លទ្ធផល​នៃ​របាយការណ៍​នេះ​បង្ហាញ​ថា ស្ថាប័ន​សាធារណៈ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​យុត្តិធម៌ និង​លើក​កម្ពស់​សិទ្ធិមនុស្ស ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ជា​ស្ថាប័ន​ដែល​រំលោភ​អំណាច និង​មុខងារ​ទៅ​វិញ។ ស្ថាប័ន​ទាំង​នោះ​រួម​មាន​តុលាការ ប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកស្រី រ៉ូណា ស្មីត ថា​កម្ពុជា​ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់

$
0
0

អ្នក​រាយការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ពេល​អ្នកស្រី​ធ្វើ​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​ការងារ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ របស់​អ្នកស្រី​នៅ​កម្ពុជា។

ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​ច្រើន​ប្រឆាំង​អ្នក​នយោបាយ ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​លើ​អព្យាក្រឹត្យ​ខាង​នយោបាយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល សវនាការ​សម្រេច​ពន្យារ​ពេល​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ការ​បំភិតបំភ័យ និង​ការ​ភ័យ​ខ្លាច​ទាំង​អស់​នេះ គឺ​ជា​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត យល់​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់​នោះ។

អ្នកស្រី​សង្កត់​ធ្ងន់​ថា កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​នៅ​ប្រទេស​កម្ពុជា នៅ​មាន​ភាព​តានតឹង ហើយ​ដែល​អ្នកស្រី​យល់​ឃើញ​ថា វា​នឹង​មិន​ធ្វើ​ឲ្យ​បរិយាកាស​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​ភាព​សេរី​នោះ​ទេ។ អ្នកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា គ្រប់​ភាគី​ទាំង​អស់​មាន​លទ្ធភាព​ក្នុង​ការ​សួរ​ដេញ​ដោល​គ្នា និង​ពិភាក្សា​គ្នា​ដោយ​ចំហ​លើ​បញ្ហា​ដែល​ជា​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​មូល។នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​លើក​ទី​៤ នៅ​កម្ពុជា ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួម​មាន​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ទៅ​មើល​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាការ និង​មណ្ឌល​កែប្រែ​ជាដើម។

​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នេះ អ្នកស្រី​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​កុមារ ស្ថានភាព​ជនជាតិ​ដើម​ភាគ​តិច ជន​ដែល​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​ញៀន​គ្រឿង​ញៀន និង​ការ​បង្ក្រាប​គ្រឿងញៀន បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា ពី​នីតិរដ្ឋ និង​ការ​គ្រប់គ្រង​វិស័យ​យុត្តិធម៌ និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាដើម។

​ទាក់ទង​លំហ​ប្រជាធិបតេយ្យ អ្នកស្រី រ៉ូណា ស្មីត លើក​ឡើង​ថា បើ​ទោះ​ជា​អ្នកស្រី​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប កាល​ពី​ពេល​កន្លង​ទៅ​ក្តី ប៉ុន្តែ​អ្នកស្រី​យល់​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​តែ​ត្រូវ​បាន​គេ​ដៅ​ជា​មុខសញ្ញា​កាន់​តែ​ច្រើន​ឡើង។ ច្បាប់​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ដើម្បី​រឹតត្បិត​អ្នក​រិះគន់​រដ្ឋាភិបាល ហើយ​ការ​បង្អាក់​ការ​ពិភាក្សា​ដេញដោល​ផ្នែក​នយោបាយ​នៅតែ​បន្ត​កើត​មាន​ឡើង​ជា​ច្រើន។

អ្នកស្រី​បារម្ភ​ពី​ការ​អនុវត្ត​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ដែល​អ្នកស្រី​ថា មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ពេញលេញ​នៅ​ឡើយ​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​ក្រសួង​មហាផ្ទៃ ថែម​ទាំង​បាន​តម្រូវ​ឲ្យ​សង្គម​ស៊ីវិល​រាយការណ៍​សកម្មភាព​ទាំង​អស់​របស់​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​ទៀត។

​អ្នកស្រី រ៉ូណា ស្មីត កត់សម្គាល់​ដែរ​ថា បើ​ទោះ​ជា​កម្ពុជា មាន​ភាព​ជោគជ័យ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ខែ​មិថុនា ក្តី អ្នកស្រី​នៅ​តែ​មាន​កង្វល់​ពី​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ហិង្សា​ថ្លែង​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា​ដែល​គាំទ្រ​បក្ស​កាន់​អំណាច។ អ្នកស្រី​ថា មតិ​យោបល់​បែប​នេះ​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ឡើយ សូម្បី​តែ​ក្នុង​ភាព​ឯកជន​ក៏ដោយ ជាពិសេស​នោះ​មិន​ត្រូវ​ឲ្យ​មាន​នៅ​ក្នុង​សង្គម​មួយ​ដែល​កំពុង​មាន​សន្តិភាព​ដូច​កម្ពុជា នោះ​ទេ។

អ្នកស្រី​សង្កត់​ធ្ងន់​ថា មន្ត្រី​រាជការ កម្លាំង​កម្លាំង​នគរបាល និង​យោធា ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​រឿង​នយោបាយ។
​អ្នកស្រី​ក៏​បារម្ភ​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ដែល​ហាមឃាត់​គណបក្ស​មិន​ឲ្យ​ប្រើ​រូបភាព សំឡេង ឬ​ឯកសារ​ជា​លាយលក្ខណ៍អក្សរ និង​សកម្មភាព​នានា​របស់​ទណ្ឌិត។ ការ​បារម្ភ​នេះ ដោយសារ​អ្នកស្រី​មើល​ឃើញ​ថា អ្នកដឹកនាំ​ល្បីៗ​លើ​ពិភពលោក​ជា​ច្រើន ត្រូវ​បាន​គេ​ផ្ដន្ទាទោស​នៅ​ពេល​ណា​មួយ​ក៏​បាន។

​ទាក់ទង​នឹង​ការ​បោះឆ្នោត​វិញ អ្នកស្រី​ស្វាគមន៍​ការ​ចូលរួម​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ដែល​បង្កើត​ឡើង​ដោយ​បណ្ដុំ​សង្គម​ស៊ីវិល​ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ពេល​កន្លង​ទៅ។ អ្នកស្រី​ថា បន្ទប់​ស្ថានការណ៍​មិន​មែន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នោះ​ទេ ដូច្នេះ​អ្នកស្រី​ថា បន្ទប់​ស្ថានការណ៍​មិន​មាន​កាតព្វកិច្ច​ទៅ​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើយ​ដែល​នេះ​ប្រហែល​ជា​អ្នកស្រី​សំដៅ​លើ​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ដែល​ថា បន្ទប់​ស្ថានការណ៍​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ទើប​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​អោយ​បន្ត​ការងារ​របស់​ខ្លួន​ទៀត។​

​នៅ​ទី​បញ្ចប់ អ្នកស្រី រ៉ូណា ស្មីត សង្ឃឹម​ថា ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ប្រទេស​កម្ពុជា នឹង​ខិតខំ​ចាក​ចេញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ទាំង​អស់​នេះ ដោយ​បញ្ចៀស​មិន​ឲ្យ​មាន​ទៀត​នូវ​ការ​គំរាមកំហែង អំពើ​ហិង្សា ការ​បង្ក្រាប​ដោយ​ការ​ប្រើ​កម្លាំង ឬ​សង្គ្រាម ឬ​បង្កើត​ឲ្យ​មាន​សេចក្ដី​ថ្លែង​ទាំង​ឡាយ​ណា​មាន​លក្ខណៈ​អុចអាល​ពូជ​សាសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ឲ្យ​សមាគម​របស់​ចក្រភព​អង់គ្លេស​គ្រប់គ្រង​វិហារ​ចាម​មួយ​កន្លែង

$
0
0

ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដី និង​វិហារ​ឥស្លាម​មួយ​កន្លែង​ឋិត​នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប ស្រុក​កំពង់ត្រឡាច ទៅ​ភាគី​សមាគម​អាម៉ាឌីយ៉ាស់ ដែល​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស។ ភាគី​តំណាង​ឲ្យ​សាសនិក​ឥស្លាម​ចំនួន ៥១០​គ្រួសារ ប្រតិកម្ម​នឹង​ការ​សម្រេច​នេះ ហើយ​ថា នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ទាមទារ​ដី និង​វិហារ​ឲ្យ​ពលរដ្ឋ​គ្រប់គ្រង​វិញ។

ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ថ្វាយបង្គំ​តាម​បែប​សាសនា​ឥស្លាម បាន​ធ្វើ​ឲ្យ​សាសនិក​ឥស្លាម ពីរ​ក្រុម​ប្ដឹងផ្ដល់​គ្នា​ឡើង​តុលាការ ដើម្បី​សុំ​សិទ្ធិ​គ្រប់គ្រង​វិហារ និង​ដី​ជុំវិញ​វិហារ​ទំហំ​ជិត ១​ហិកតារ។សាសនិក​ឥស្លាម​ពីរ​នាក់ អម​ដំណើរ​ដោយ​ជនជាតិ​ចាម​ប្រមាណ ៣០​នាក់​ផ្សេង​ទៀត​នាំ​គ្នា​ឡើង​ជិះ​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​មិន​អស់​ចិត្ត នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ក្រោយ​ដឹង​ថា ពួកគេ​ចាញ់​ក្ដី​ភាគី​សមាគម។

ប្រធាន​គណៈកម្មការ​ទ្រទ្រង់​វិហារ​ឥស្លាម ភូមិ​ខ្នាយកកោះ លោក លី កុប មាន​ប្រសាសន៍​ថា ចៅក្រម​អ្នកស្រី ខៀវ ផាន់ណា មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​រូប​លោក និង​សាសនិក​ជាង ៥០០​គ្រួសារ​ផ្សេង​ទៀត​ដែល​ធ្លាប់​គ្រប់គ្រង និង​ចូល​ថ្វាយ​បង្គំ​ក្នុង​វិហារ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨ នោះ​មក​ឡើយ។ បន្ទាប់​ពី​ស្នើ​សុំ​សម្រង់​សាលក្រម​បាន លោក​នឹង​ប្ដឹង​ជំទាស់​ការ​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍៖ «ពួក​ខ្ញុំ​ទាំង​អស់​គ្នា​នេះ ត្រូវ​ពឹង​ពាក់​ខាង​ច្បាប់ ដើម្បី​រក​ដំណោះស្រាយ​នេះ​ជូន​ប្រជាពលរដ្ឋ​ខ្ញុំ​វិញ។ ព្រោះ​ហេតុផល​ដែល​ខ្ញុំ​ធ្វើ​ការ​កន្លង​មក​នេះ​មិន​មែន​ធ្វើ​ដោយ​នឹក​ឃើញ​ណា ព្រោះ​ធ្វើ​នេះ​ជា​ការ​ជាក់​ស្ដែង ព្រោះ​ដី​នេះ​មុន​នឹង​បាន​មក​ដោយសារ​កម្លាំង​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ ហើយ​គាត់​កំពុង​តែ​បាត់បង់​ដី​នេះ​មិន​សុខ​ចិត្ដ​ឲ្យ​អាម៉ាឌីយ៉ា​យក​ទេ។ វិហារ​នេះ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ឲ្យ​សាសនិក​ឥស្លាម នៅ​ភូមិ​ខ្នាយកកោះ​ប្រតិបត្តិ»

លោក​រំលឹក​ថា ដី និង​វិហារ គឺ​ជា​កម្មសិទ្ធិ​របស់​សាសនិក​ឥស្លាម​ក្នុង​ឃុំ​សែប បាន​កាប់​គាស់​ដី និង​សាងសង់​ដោយ​ខ្លួន​ឯង ប៉ុន្តែ​សមាគម​អាម៉ាឌីយ៉ា ជួយ​ធ្វើ​ពិតាន​ផ្នែក​ខាង​លើ​វិហារ​បាន​បន្តិចបន្តួច​បែរ​ជា​ចង់​បាន​សិទ្ធិ​គ្រប់គ្រង។ មក​ដល់​ឆ្នាំ​២០១៦ ភាព​មិន​ចុះ​សម្រុង​គ្នា​កើត​មាន​កាន់​តែ​ខ្លាំង ព្រោះ​ភាគី​ទាំង​ពីរ​ប្រតិបត្តិការ​ថ្វាយ​បង្គំ​ខុស​គ្នា ហើយ​ពុំ​មាន​ភាគី​ណា​មួយ​ធ្វើ​តាម​ភាគី​ណា​មួយ​នោះ​ទេ។

ចំណែក​សាសនិក​ឥស្លាម​ម្នាក់​ទៀត លោក ក្រឹម សា ថា​តំណាង​សមាគម​អាម៉ាឌីយ៉ា លោក ម៉ាន ម៉ាត់ ក៏​ធ្លាប់​ប្ដឹង​រូប​លោក និង​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​វិហារ លោក លី កុប ទៅ​តុលាការ​ពី​បទ​អុកឡុក​ការ​ថ្វាយ​បង្គំ​ក្រុម​អាម៉ាឌីយ៉ា​ដែរ ប៉ុន្តែ​ពួក​លោក​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ឡើយ។

លោក​ថា អ្នក​ភូមិ​រាប់​រយ​នាក់ កំពុង​ជួប​ការ​លំបាក​ដោយ​មិន​អាច​ចូល​វិហារ​ធ្វើ​បុណ្យ ឬ​ថ្វាយបង្គំ​បាន៖ «ខាង​អាម៉ាឌីយ៉ា អត់​ឲ្យ​ខាង​ខ្ញុំ​ចូល​ថ្វាយបង្គំ ឬ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ក្នុង​នោះ។ (សំណួរ៖ ចុះ​ថា​មាន​ការ​ថ្វាយ​បង្គំ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ម៉េច?) ថ្វាយ​បង្គំ​ហ្នឹង បើ​ខាង​ខ្ញុំ​ធ្វើ​អ៊ីម៉ាំ​ខាង​គាត់​អត់​ធ្វើ​តាម​ទេ បើ​សិន​ជា​ខាង​គាត់​ធ្វើ​អ៊ីម៉ាំ​ខាង​ខ្ញុំ​អាច​តាម​បាន មូលហេតុ​ហ្នឹង​ហើយ​ដែល​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក​រូប​ខ្ញុំ​ផ្ទាល់​នេះ។ និយាយ​រួម​ទៅ​ខ្ញុំ​អត់​ទៅ​អុកឡុក​ទេ តាម​ធម្មតា​អ្នក​ទៅ​ថ្វាយបង្គំ​អត់​ទៅ​អុកឡុក ឬ​រក​រឿង​គ្នា​ទេ អ្នក​ថ្វាយបង្គំ​គឺ​អ្នក​ទៅ​ធ្វើ​បុណ្យ​ដើម្បី​សន្សំ​កុសល»

ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដែល​ជំនុំជម្រះ​សំណុំ​រឿង​នេះ អ្នកស្រី ខៀវ ផាន់ណា បដិសេធ​មិន​អត្ថាធិប្បាយ​ជាមួយ​អាស៊ីសេរី​ឡើយ ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឈួន ស៊ីវិន មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ខណៈ​ដែល​តំណាង​សមាគម​អាម៉ាឌីយ៉ា លោក ម៉ាន ម៉ាត់ មិន​ទាន់​អាច​រក​ប្រភព​ទាក់​ទង​ដើម្បី​ឆ្លើយ​បំភ្លឺ។

ទោះ​ជា​យ៉ាង​ណា​តំណាង​សាសនិក​ឥស្លាម លោក លី កុប ថា ចៅក្រម​បាន​ប្រាប់​លោក​ថា តុលាការ​កាត់​ក្ដី​ឲ្យ​ភាគី​សមាគម​ឈ្នះ ដោយសារ​សមាគម​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​នោះ​ត្រឹមត្រូវ។ លោក​សង្ស័យ​ថា ភាគី​សមាគម​លួច​ធ្វើ​ប្លង់​កាន់កាប់​ក្រោយ​ឆ្នាំ​២០១២ ព្រោះ​កាល​ណោះ​ភាគី​ទាំង​ពីរ​ធ្លាប់​មាន​បញ្ហា​ម្ដង​ហើយ ប៉ុន្តែ​រឿងរ៉ាវ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ទើប​កក្រើក​ឡើង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៦៖ «អាម៉ាឌីយ៉ា​នេះ​ថា គាត់​ឥស្លាម​ដែរ ប៉ុន្តែ​គាត់​មិន​ថ្វាយ​បង្គំ​តាម​ឥស្លាម​នៅ​ក្រោម​ការ​គ្រប់គ្រង​ចាងហ្វាង។ អ៊ីចឹង​ការ​យក​ដី​នៅ​ខ្នាយកកោះ នេះ គោលបំណង​របស់​គាត់​កំពុង​តែ​ទន្ទ្រាន​យក​ដី​របស់​ពលរដ្ឋ​ហើយ មិន​មែន​អភិវឌ្ឍ​ជួយ​ប្រជា​ពលរដ្ឋ​ទេ»

ក្រៅ​ពី​មាន​លិខិត​អនុញ្ញាត​សាងសង់​វិហារ​ពី​អាជ្ញាធរ សាសនិក​ឥស្លាម​នៅ​ភូមិ​ខ្នាយកកោះ ក៏​មាន​លិខិត​ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​១៩៩៩ របស់​អាជ្ញាធរ​ឃុំ​សែប​បញ្ជាក់​ថា ដី​វិហារ​នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប ស្រុក​កំពង់ត្រឡាច ដែល​មាន​ទំហំ​ទទឹង ៩០​ម៉ែត្រ និង​បណ្ដោយ ១៥០​ម៉ែត្រ គឺ​ជា​ដី​កម្មសិទ្ធិ​របស់​វិហារ​ឥស្លាម ក្នុង​ភូមិ​ខ្នាយកកោះ ពិតប្រាកដ​មែន មិន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បុគ្គល​ណា​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ យល់​ថា សាសនិក​ឥស្លាម ដែល​គាំទ្រ​ដោយ​សមាគម​អាម៉ាឌីយ៉ា របស់​ចក្រភព​អង់គ្លេស ដែល​មាន​សំឡេង​ភាគ​តិច ឬ​មាន​អ្នក​ថ្វាយបង្គំ និង​ធ្វើ​បុណ្យ​តិច​ជាង​ភាគី​ម្ខាង​ទៀត ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ភាគី​ដែល​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​វិហារ ដើម្បី​អាច​ធ្វើ​បុណ្យ ឬ​ថ្វាយ​បង្គំ​រួម​គ្នា៖ «ដោយសារ​វិហារ​នេះ​ប្រជា​ពលរដ្ឋ​ជាង ៥០០​គ្រួសារ ជា​អ្នក​សាងសង់​ពី​ដំបូង​មក ហើយ​បើ​សិន​ជា​ខ្លួន​តាងនាម​ជា​សមាគម ហើយ​ជា​ឥស្លាម​ដូច​គ្នា គួរ​តែ​គោរព​តាម​និកាយ​របស់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន កុំ​យក​និកាយ​ខ្លួន​ឯង​ភាគ​តិច​នោះ​ធ្វើ​តាម​អំពើ​ចិត្ត»

ក្រុម​សាសនិក​ឥស្លាម នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប អះអាង​ថា សព្វថ្ងៃ​មាន​អ្នក​គាំទ្រ ឬ​ថ្វាយ​បង្គំ​តាម​លំនាំ​របស់​សមាគម​អាម៉ាឌីយ៉ា ប្រមាណ ៥០​នាក់​ប៉ុណ្ណោះ។ ចំណែក​អ្នក​គាំទ្រ​ការ​ថ្វាយ​បង្គំ​តាម​របៀប​ដើម​ដែល​អ្នក​ភូមិ​ខ្នាយកកោះ ធ្លាប់​ប្រតិបត្តិ​មាន​លើស​ពី ៥០០​នាក់។ ក្រុម​អ្នក​ភូមិ​ខ្នាយកកោះ នៅ​តែ​ប្រកាស​ដាច់​ខាត​ថា នឹង​យក​វិហារ និង​ដី​បរិវេណ​ក្បែរ​នោះ​មក​គ្រប់គ្រង និង​ថ្វាយ​បង្គំ​ដូច​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សុខ ទូច៖ ការ​បកស្រាយ​រឿង​ជម្លោះ​ជាមួយ​ឡាវ​ដើម្បី​កុំ​ឲ្យ​​អ្នក​នយោបាយ​ខ្លះ​យក​ចំណេញ

$
0
0

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ដោយ​មិន​សំដៅ​ចំ​បក្ស​នយោបាយ​ថា អ្នក​នយោបាយ​តែង​ឆ្លៀត​ប្រើប្រាស់​បញ្ហា​ព្រំដែន​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន​ជានិច្ច។ លោក សុខ ទូច ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ ​រាជបណ្ឌិត្យសភា​កម្ពុជា នឹង​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ស្ដីពី​​ទីតាំង​ដែល​មាន​ជម្លោះ​ដោយ​យោធា​ជាមួយ​ឡាវ លើ​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​ស្ទឹងត្រែង ដើម្បី​បញ្ចប់​ការ​កេង​ចំណេញ​របស់​អ្នក​នយោបាយ​មួយ​ចំនួន។

អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​បញ្ចប់​ត្រឹម​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ នឹង​មិន​អាច​បិទ​ផ្លូវ​អ្នក​នយោបាយ​មិន​ឲ្យ​នឹកនា​ដល់​ព្រំដែន​បាន​ទេ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​គ្របគ្រង​ខ្សែ​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ស្រួល​បួល​នោះ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ទើប​តែ​ចូល​កាន់​តំណែង​ថ្មី​សន្យា​ថា នៅ​ក្នុង​អំឡុង ២​ខែ​ខាង​មុខ​ទៀត​នេះ  នឹង​បោះពុម្ព​ឯកសារ​ប្រវត្តិ​នៅ​ត្រង់​ទីតាំង​ដែល​មាន​ជម្លោះ​ដោយ​យោធា​ក្នុង​ទឹកដី​កម្ពុជា ជា​មួយ​នឹង​យោធា​ឡាវ ប្រយោជន៍​ដើម្បី​បិទ​មាត់​អ្នក​នយោបាយ​ខ្លះ​ដែល​តែង​ប្រើប្រាស់​វេទិកា​នយោបាយ​ពី​រឿង​ព្រំដែន​នេះ នាំ​ឲ្យ​ពុល​ដល់​បរិយាកាស​សង្គម។

ការ​ថ្លែង​ដូច​នេះ​របស់​លោក សុខ ទូច ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា។ ក្នុង​ឋានៈ​ជា​បណ្ឌិត​សភាចារ្យ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ទើប​ចូល​កាន់​តួនាទី​ថ្មីៗ​នេះ​ផង លោក សុខ ទូច យល់​ឃើញ​ថា ប្រសិន​បើ​មិន​បោះពុម្ព​ឯកសារ​ប្រវត្តិ​ទុក​ទេ បញ្ហា​ព្រំដែន​នេះ​អ្នក​នយោបាយ​មួយ​ចំនួន​នឹង​នៅ​តែ​ប្រើប្រាស់​ទៀត​ដើម្បី​ឈ្នះ​ចាញ់ ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ៖ «»។

ផ្អែក​ការ​ពិនិត្យ​ជាក់ស្ដែង លោក សុខ ទូច អះអាង​ថា តំបន់​អូរ​តាង៉ាវ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នេះ គឺ​ពុំ​មាន​យោធា​ឡាវ ឈរ​ជើង​ទេ ផ្ទុយ​ពី​តំបន់​អូរ​អាឡៃ ដែល​មាន​កងទ័ព​ឡាវ ឈរ​ជើង​រហូត ១០​ទីតាំង ចំនួន ៩២​នាក់។ ក្រៅ​ពី​នេះ​ទៀត ឡាវ បាន​បង្កើត​ភូមិ​ដែល​មាន​ដំណាំ​ចេក ការដ្ឋាន​ចិញ្ចឹម​គោ ដែល​មាន​រដ្ឋមន្ត្រី​កសិកម្ម​ឡាវ ជា​ម្ចាស់ និង​មាន​អាជីវកម្ម​បូម​ខ្សាច់​ថែម​ទៀត។

ឆ្លើយ​នឹង​សំណួរ​ថា តើ​ហេតុអ្វី​បាន​លោក ហ៊ុន សែន ទើប​ចាត់​វិធានការ​ពេល​នេះ ហើយ​ប្រកាស​សង្គ្រាម​មុន​ចរចា​ជា​មួយ​ឡាវ ទៅ​វិញ? បញ្ហា​នេះ​ត្រូវ​បាន​លោក សុខ ទូច ថ្លែង​ការពារ​ថា នេះ​ជា​យុទ្ធសាស្ត្រ​យោធា ហើយ​បើ​ភាគី​ឡាវ មិន​ព្រម​ដក​ថយ​ទេ សង្គ្រាម​នឹង​ផ្ទុះ​តែម្ដង។

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ លោក សុខ ទូច បាន​ចោទ​ប្រកាន់​ប្រធាន​រដ្ឋសភា ​លោក ហេង សំរិន ថា​ជា​អ្នក​ដែល​ចូល​ទៅ​រស់​នៅ​លើ​ទឹក​ដី​វៀតណាម មិន​មែន​វៀតណាម លេប​ទឹក​ដី​កម្ពុជា​ទេ។ការ​អះអាង​ដូច​នេះ​របស់​ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ស្រប​ពេល​លោក​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​ចោទ​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ការ​អន្តរាគម​របស់​លោក ហ៊ុន សែន ចំពោះ​ឡាវ ហាក់​ផ្ទុយ​ពី​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​ដូច​គ្នា​នេះ។

បើ​ទោះ​ជា​បែប​ណា អ្នក​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ​លោក ឆាំ ប៊ុនថេត មិន​មាន​ជំនឿ​ថា ឯកសារ​ប្រវត្តិសាស្ត្រ​នេះ នឹង​អាច​បិទ​មាត់​អ្នក​នយោបាយ​បាន​ទេ នៅ​ពេល​ណា​អ្នក​នយោបាយ​មើល​ឃើញ​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​គ្រប់គ្រង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ៖ «»។

ជុំវិញ​ការ​រិះគន់​ជម្លោះ​យោធា​កម្ពុជា-ឡាវ នៅ​ត្រង់​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នេះ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា ត្រូវ​កម្លាំង​នគរបាល​ចាប់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ។

ទាក់ទិន​រឿង​ព្រំដែន​នេះ​ដែរ កន្លង​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ដែរ ព្រោះ​តែ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​សកម្មជន​ព្រំដែន និង​អ្នក​នយោបាយ​មួយ​ចំនួន ត្រូវ​រង​ការ​គំរាម​កំហែង និង​ចាប់​ដាក់​គុក ព្រោះ​តែ​ហ៊ាន​រិះគន់​អំពី​ព្រំដែន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អយ្យការ​សាលាដំបូង​បើក​ការ​ស៊ើប​អង្កេត​បណ្ដឹង​ចោទ​មន្ត្រី​នៅ​ខេត្ត​រតនគិរី​៧​នាក់

$
0
0

អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី ចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ឲ្យ​ចូល​បំភ្លឺ​ទាក់ទិន​បណ្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ។ អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ស្វាគមន៍​ចំណាត់​ការ​នេះ។

តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្វាគមន៍​ចំណាត់​ការ​របស់​អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បើក​អង្កេត​បឋម​ទៅលើ​បណ្ដឹង​ទាក់ទិន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ បន្ទាប់ពី​អ្នក​ភូមិ​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​​ចំនួន ៧​នាក់ ពាក់ព័ន្ធ​បណ្ដែតបណ្ដោយ​ធ្វេសប្រហែស និង​ប្រព្រឹត្ត​ខុស​តួនាទី​របស់​ខ្លួន។

​តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ចំនួន ៩​នាក់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា បាន​ទទួល​ដីកា​កោះហៅ​ចំនួន ៩​ផ្សេងៗ​គ្នា ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ចំនួន ២​នាក់ ថ្ងៃ​ទី​២២ សីហា ចំនួន ៣​នាក់ និង​ថ្ងៃ​ទី​២៣ ចំនួន ៤​នាក់ ក្នុង​នាម​ជា​ដើម​បណ្ដឹង។

​តំណាង​ម្នាក់ គឺ​លោក តូច ផល្លា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ពួកគាត់​បាន​ត្រៀមខ្លួន និង​ឯកសារ​វត្ថុ​តាង​ដើម្បី​បង្ហាញ​ជូន​តុលាការ។ លោក​រំពឹង​ថា អយ្យការ​សាលាដំបូង​នឹង​ស៊ើបអង្កេត​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​ខិតខំ​ការពារ​ដីធ្លី ព្រៃឈើ ទ្រព្យសម្បត្តិ​ជាតិ៖ «ខ្ញុំ​នឹង​មាន​ភស្តុតាង​ដូចជា​ព្រៃឈើ​ដែល​គេ​កាប់​បំផ្លាញ​នេះ និង​ព្រៃ​ឈើ​ប្រណិត​នៅ​លើ​កំពូល​ភ្នំ​អាត និង​គ្រឿងចក្រ​ឈូស​ឆាយ​តំបន់​នោះ​ធ្វើ​ជា​ផ្លូវ​ចាប់​ពី​កំពូល​ភ្នំ​រហូត​ជើង​ភ្នំ»

​ចាប់​ពី​ចុង​ខែ​មិថុនា រហូត​បច្ចុប្បន្ន សហគមន៍​ភូមិ​សមុទ្រក្រោម រក​ឃើញ​បទល្មើស​កាប់​រាន​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​អាត ចំនួន ៣​លើក​ផ្សេង​គ្នា ក្នុង​នោះ​ព្រៃឈើ​ចាប់​ពី​ខាង​ជើង​ភ្នំ​អាត ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដែល​សហគមន៍​អភិរក្ស​សម្រាប់​កាត់​ចេញ​ជា​ព្រៃ​អភិរក្ស​សហគមន៍​រង​ការ​កាប់​រាន​អស់​ជាង ១០០​ហិកតារ។ ក្រៅ​ពី​នោះ សហគមន៍​រក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ មាន​ស្នាម​មេដៃ​ប្រធាន និង​អនុ​ប្រធាន​ភូមិ រួម​ទាំង​ប្រធាន​អនុ​ប្រធាន​សហគមន៍​​ជា​អ្នក​លក់​ទៅ​ឲ្យ​ឈ្មួញ។

​អ្នកនាំពាក្យ​សាលាដំបូង និង​ជា​ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​ក្ដី​នេះ លោក ហាក់ ហ័ន ទទួល​ស្គាល់​ថា លោក​បាន​ចេញ​ដីកា​កោះហៅ​ភាគី​ដើម​ចោទ និង​ចុង​ចោទ​រួច​រាល់ ហើយ​ដើម្បី​មក​សាកសួរ និង​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​ក្ដី​នេះ។ លោក​បន្ត​ថា រឿង​ក្ដី​នេះ​ដើម​ចោទ ក៏​មាន​បណ្ដឹង​ចោទ​ពី​ក្រុម​អាជ្ញាធរ​វិញ ទាក់ទិន​បទល្មើស​ព្រៃឈើ និង​ដីធ្លី​នៅ​តំបន់​នោះ​ដែរ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​សហគមន៍​ប៉ុន្មាន​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ប្ដឹង​វិញ​​នោះ​ទេ៖ «សំណុំ​រឿង​គាត់​ហ្នឹង​មាន​គាត់​ប្ដឹង​គេ និង​គេ​ប្ដឹង​គាត់ ចាប់​ពី​ថ្ងៃ​ទី​២១ ទៅ​បាន​ឲ្យ​គាត់​ចូល។ បាទ! ជា​ការ​ស៊ើប​អង្កេត​បឋម​ហើយ​អា​ហ្នឹង»

​ចុង​ចោទ​ម្នាក់​គឺ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​សេដា លោក គិរ ចាន់ណារិទ្ធ ទទួល​ស្គាល់​ថា ភាគី​ចុង​ចោទ​ទាំង ៧​នាក់ ក៏​បាន​ទទួល​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​អយ្យការ​សាលាដំបូង​ដូច​គ្នា។ លោក​ថា នឹង​ចូល​ខ្លួន​តាម​ដីកា​កោះ និង​បំភ្លឺ​ពី​ហេតុ​ការ​ពិត​ក្នុង​រឿង​ក្ដី​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​ថា សមាគម​អាដហុក នឹង​ផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​សហគមន៍។ លើស​ពី​នេះ​លោក​ស្វាគមន៍​ចំណាត់​ការ​របស់​អយ្យការ​​សាលាដំបូង​ដែល​បើក​ការ​ស៊ើប​អង្កេត​បឋម​រឿង​ក្ដី​នេះ។ លោក​កត់សំគាល់​ថា រឿង​ក្ដី​នេះ​​ប៉ះពាល់​ការ​អភិរក្ស​ធនធាន​ធម្មជាតិ មាន​ព្រៃឈើ និង​ដីធ្លី​សហគមន៍​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ៖ «ករណី​ជា​ទូទៅ​គាត់​ប្ដឹង​សុទ្ធ​ជា​មន្ត្រី​អាជ្ញាធរ វា​គួរ​ណាស់​ដាក់​មេធាវី​ការពារ​ពួកគាត់​ក្នុង​នាម​ពួក​គាត់​ធ្វើ​ការ​ដើម្បី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»

​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា តំណាង​សហគមន៍​ទាំង ៩​នាក់ បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​​អាដហុក ខេត្ត​រតនគិរី ដើម្បី​ប្រឹក្សា​បញ្ហា​ច្បាប់ និង​សុំ​ឲ្យ​សមាគម​នេះ​ផ្ដល់​មេធាវី​សម្រាប់​ការពារ​ក្ដី​​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"កម្ពុជា​នឹង​បោះឆ្នោត​ឲ្យ​​ចិន​ក្នុង​ការ​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ"

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា កម្ពុជា​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ចិន ក្នុង​ការ​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក អន្តរជាតិ (International Paralympic Committee) នៅ​ខែ​ក្រោយ ដោយសារ​ចិន គឺ​ជា​មិត្ត​ដ៏​សំខាន់​របស់​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បំពាក់​មេដាយ និង​ជូន​រង្វាន់​ដល់​កីឡាករ​ជយលាភី ក្នុង​ការ​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក យុវជន​ជន​ពិការ​រដូវ​ក្ដៅ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​ប៉ារ៉ាឡាំពិក កម្ពុជា ទៅ​ចូលរួម​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

នៅ​ឯ​វិមាន​សន្តិភាព ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារ​តែ​ប្រទេស​ចិន គឺ​ជា​មិត្ត​ដ៏​សំខាន់​របស់​កម្ពុជា ដែល​បាន​ជួយ​ឧបត្ថម្ភ​យ៉ាង​ច្រើន​កន្លង​មក៖ «ចំណុច​នេះ​គឺ​ជា​ចំណុច​ដែល​យើង​ត្រូវ​ឃើញ កុំ​ថា​ឡើយ​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ក៏​យើង​មាន​ដែរ។ គេ​ត្រូវ​ការ​ពឹង​ពាក់​មក​យើង យើង​បោះឆ្នោត​គាំទ្រ​គេ ហើយ​ក្នុង​នោះ​វា​ធម្មតា​ទេ មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក។ មិត្ត​ចិន បាន​ផ្ដល់​ជំនួយ​ឱ្យ​យើង​ច្រើន យើង​ក៏​ផ្ដល់​ការ​គាំទ្រ​ចំពោះ​គាត់​វិញ​ជា​ការ​ធម្មតា។ នៅ​ពេល​គេ​ត្រូវ​ការ​ចង់​ធ្វើ​ប្រធាន​គេ​មក​ពឹង​យើង​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​បោះឆ្នោត​ឲ្យ​អ្នក​ឯង ប៉ុន្តែ​ថ្ងៃ​ក្រោយ​អ្នក​ត្រូវ​បោះឆ្នោត​ឲ្យ​ខ្ញុំ​វិញ​ដោះដូរ​គ្នា»

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ ឆ្នាំ​២០១៧ គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប់រួម ថ្ងៃ​ទី​៨ ខែ​កញ្ញា។ ក្នុង​ចំណោម​បេក្ខជន ៤​រូប ដែល​ត្រូវ​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក អន្តរជាតិ ក៏​មាន​បេក្ខជន​មក​ពី​ប្រទេស​ចិន ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​សង្ឃឹម​ជា​ថ្មី​ថា​នឹង​ទទួល​បាន​ដំណោះស្រាយ

$
0
0

ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង សង្ឃឹម​ជា​ថ្មី​ថា វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ប្រមាណ ១១​ឆ្នាំ​នេះ នឹង​ទទួល​បាន​ដំណោះស្រាយ​ជា​ស្ថាពរ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ម្នាក់ គឺ​លោកស្រី ផាវ ញ៉ឺង លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី គឺ​លោក គង់ ចំរើន ព្រម​ទទួល​យក​លិខិត​របស់​ក្រុម​ពលរដ្ឋ​ដែល​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា៖ «រយៈពេល ១១​ឆ្នាំ​គត់​ដែល​ពួក​យើង​តែង​តែ​ដើរ​រក​កន្លែង​អន្តរាគមន៍ និង​ដំណោះស្រាយ​ផ្សេងៗ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​យើង ហេតុ​នេះ​ពួក​យើង​សង្ឃឹម​ថា បញ្ហា​ដីធ្លី​របស់​យើង​ដែល​មាន​ទំនាស់​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ និង​ឧកញ៉ា លី យ៉ុងផាត់ ដែល​គាត់​បាន​ផ្ទេរ​កម្មសិទ្ធិ​នេះ​ទៅ​ក្រុមហ៊ុន​កោះកុង ស៊ូរហ្គើរ (Koh Kong Sugar) និង​កោះកុង ផ្លែន ថេហ្សិន (Koh Kong Plantation) នឹង​អាច​ឈាន​ទៅ​ដល់​ការ​បញ្ចប់ ប៉ុន្តែ​នេះ​ជា​ការ​យល់សុបិន​របស់​ពួក​ខ្ញុំ​ទេ ខ្ញុំ​សង្ឃឹម​ថា សម្រេច​បាន​ឮ​សំឡេង​សារ​នេះ សម្ដេច​នឹង​ធ្វើ​កិច្ច​អន្តរាគមន៍ មិន​ឲ្យ​កូន​ចៅ​គាត់​ពិបាក​ទៀត​ទេ»

លោកស្រី ផាវ ញ៉ឺង ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ជួប​ជាមួយ​លោក គង់ ចំរើន លោកស្រី​ទទួល​បាន​​ការ​សន្យា​តាម​ទូរស័ព្ទ​ពី​លោក ប៉ាល់ ចន្ទដារា ដែល​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ថា​នឹង​ផ្ដល់​ដំណឹង​នៃ​ការ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​បាន​ដឹង​វិញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​សីហា។

ជំនួប​រវាង​​​ពលរដ្ឋ និង​​លោក គង់ ចំរើន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​រោង​មួយ​ដែល​ស្ថិត​ក្រោម​ដើម​ពោធិ៍ ដែល​​គេ​​ចាត់​​ទុក​​ថា ជា​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី ផាវ ញ៉ឺង ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​មាន​ចំនួន ១៧៥​គ្រួសារ ដោយ​ឡែក​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​លិខិត​អន្តរាគមន៍​ថ្មីៗ​នេះ គឺ​មាន​តែ​ចំនួន ១២៥​គ្រួសារ​តែ​ប៉ុណ្ណោះ។ លោកស្រី​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បញ្ចប់ តាម​ការ​សន្យារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ព្រមព្រៀង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ​ជា​ដី ៣​ហិកតារ និង​ថវិកា ២.៥០០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ចុះ​អប់រំ​ពលរដ្ឋ​​ក្រោយបុរស​ម្នាក់​ស្លាប់​ដោយ​ពុល​ត្រី​ក្រពត

$
0
0

មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​អប់រំ​ពលរដ្ឋ​ក្នុង​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ហូប​ត្រី​ក្រពត ក្រោយ​ពលរដ្ឋ​ម្នាក់​ក្នុង​ភូមិ​នេះ​ស្លាប់ និង​៦​នាក់​ទៀត​ពុល បន្ទាប់​ពី​​ពួកគេ​ទទួល​ទាន​ត្រី​ក្រពត ក្លែម​ជាមួយ​ស្រា។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័ត្រា ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី១៨ សីហា ថា កាល​ពី​យប់​ថ្ងៃ​ទី១៦ សីហា មាន​ពលរដ្ឋ​ចំនួន​៧នាក់​បាន​ពុល និង​ក្អួត​ចង្អោរ បន្ទាប់​ពី​ពួកគេ​ហូប​ត្រី​ក្រពត​បំពង ដែល​អ្នក​ភូមិ​រក​បាន​ពី​បឹង​ក្បែរ​ផ្ទះ។

លោក​ថា ក្នុង​ចំណោម​៧​នាក់ មាន​មនុស្ស​តែ​ម្នាក់​គត់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​បាន​បន្ត​ហូប​ត្រី​កំពត​ជាមួយ​បាយ​ថែម​ទៀត មុន​ចូល​សម្រាន្ត​នៅ​ពេល​យប់។ រហូត​ដល់​ជិត​ពាក់​កណ្ដាល​យប់​ បុរស​​​រូប​នោះ​មាន​អាការៈ​ក្អួត​ចង្អោរ ចុក​ស្រពន់​ដៃ​ជើង។ ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍ ដោយ​គិត​ថា ត្រឹម​ជា​អាការៈ​មិន​ស្រួល​ខ្លួន ឬ​ខ្យល់​ចាប់​ធម្មតា។ នៅពេល​ស្ថានភាព​កាន់​តែធ្ងន់ទៅៗ គ្រួសារ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ដើម្បី​សង្គ្រោះ​បន្ទាន់ តែបុរស​រូប​នោះ​បាន​ស្លាប់​នៅ​ពេល​​គ្រូពេទ្យរៀបចំ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត។

ប្រធាន​មន្ទីរ​សុខាភិបាល​​ដដែល​បន្ត​ថា ​មនុស្ស​៦​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​កុមារ​​២​នាក់​ផង ​បាន​ធូរស្រាលក្រោយ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ។

ក្រោយ​មាន​ករណី​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចុះ​ប្រមូល​សំណាក​ត្រី​ក្រពត​ដើម្បី​វិភាគ និង​អប់រំ​ពលរដ្ឋ​ឲ្យ​ជៀសវាង​ហូប​ត្រី​ក្រពត​ជា​បណ្ដោះអាសន្ន ក្រោយ​មាន​​លទ្ធផលនៃការវិភាគ​​​ត្រី​ក្រពត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ទុក​ឲ្យ​លោក ហ៊ុន សែន ជា​អ្នក​សម្រេច​ថា​ទុក ឬ​បិទ​អង្គការ AIM

$
0
0

ក្រសួង​មហាផ្ទៃ បញ្ចប់​ការ​ស៊ើបអង្កេត​លើ​អង្គការ​របស់​អាមេរិក ឈ្មោះ មេត្រី​អន្តរជាតិ (AIM) និង​ប្រគល់​របាយការណ៍​នោះ​ជូន​ទៅ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​សម្រេច​ចិត្ត​ផ្លូវការ​ថា គួរ​ទុក ឬ​បិទ​អង្គការ​នេះ? មន្ត្រី​នៃ​អង្គការ AIM រំពឹង​ថា លោក ហ៊ុន សែន នឹង​សម្រេច​ចិត្ត​ទុក​ឲ្យ​អង្គការ​នេះ​នៅ​តែ​អាច​បន្ត​បេសកកម្ម​ជួយ​ជន​រង​គ្រោះ​នៅ​កម្ពុជា ដដែល។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រសួង​មហាផ្ទៃ បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ៥​ក្រសួង ដើម្បី​ពិនិត្យ​មើល​សកម្មភាព​របស់​អង្គការ​មេត្រី​អន្តរជាតិ។ អ្វី​លើស​ពី​នេះ លោក​មិន​ធ្វើ​ទាន់​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

​យ៉ាង​ក៏ដោយ​ចុះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ស្រាវជ្រាវ​នោះ​ទំនង​មិន​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ពេក​នោះ​ទេ។

ចំណែក​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង និយាយ​ជាមួយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ក្រសួង​មហាផ្ទៃ កំពុង​រៀបចំ​របាយការណ៍​ស្ដីពី​លទ្ធផល​ដែល​ខ្លួន​បាន​រក​ឃើញ​ដាក់​ជូន​លោក ហ៊ុន សែន ដើម្បី​ផ្ដល់​ការ​សម្រេច​ថា គួរ​ទុក​ឲ្យ​អង្គការ​នេះ​បន្ត​បេសកកម្ម​របស់​ខ្លួន ឬ​បញ្ឈប់​សកម្មភាព​របស់​អង្គការ​នេះ។ អ្នកស្រី​ថែម​ទាំង​ប្រាប់​ថា អង្គការ AIM បាន​ផ្ញើ​លិខិត​សុំទោស​រដ្ឋាភិបាល ប្រសិនបើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ប៉ះពាល់​ដល់​ស្ត្រី​ខ្មែរ ឬ​ពលរដ្ឋ​កម្ពុជា។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​ទូរស័ព្ទ​មិន​អាច​ហៅ​ចូល​បាន។

​ចំណែក​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​កាន់​សំណុំ​រឿង​នេះ លោក ប៉ុល លឹម ប្រាប់​ថា ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​ត្រូវ​បំពេញ​បេសកកម្ម​ការងារ​នៅ​ខេត្ត ដូច្នេះ​លោក​មិន​ទាន់​បាន​ដឹង​ពី​ការវិវឌ្ឍន៍​ក្រោយ​នេះ​បាន​ទេ៖ «ខ្ញុំ​គ្មាន​យោបល់​យ៉ាង​ម៉េច​ទេ ខ្ញុំ​រវល់​ចុះ​ខេត្ត ចង់​ដឹង​យ៉ាង​ម៉េច​សួរ​ទៅ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ»

​មន្ត្រី​នៃ​អង្គការ​មេត្រី​អន្តរជាតិ ប្រចាំ​ក្រុង​ភ្នំពេញ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ដោយ​ក្ដី​រំពឹង​ថា លោក ហ៊ុន សែន នឹង​បន្ត​ទុក​ឲ្យ​អង្គការ AIM បន្ត​បេសកកម្ម​របស់​ខ្លួន​បន្ត​ទៀត។

​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ប្រមាថ​របស់​អង្គការ AIM បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​ផ្ដល់​ព័ត៌មាន​ដល់​ទូរទស្សន៍ ស៊ី.អិន.អិន (CNN) របស់​អាមេរិក និង អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC NEWS) ដែល​បាន​ផ្សាយ​ថា "ក្មេង​ស្រី​កម្ពុជា ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ"។

លោក ហ៊ុន សែន ចោទ​ថា ការ​ផ្ដល់​ព័ត៌មាន និង​ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ការ​ប្រមាថ​កិត្តិយស​ស្ត្រី​ខ្មែរ​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បិទ​អង្គការ​មួយ​នេះ ដោយ​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​រដ្ឋបាល​ណា​មួយ​លើ​អង្គការ AIM ជា​ជាង​ការ​បិទ​អង្គការ​នេះ​ចោល៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា ប្រសិនជា​បិទ​អង្គការ​ពិត​ជា​មាន​ការ​គួរ​ឲ្យ​សោកស្ដាយ ប៉ុន្តែ​យើង​មាន​វិធានការ​ត្រឹម​កម្រិត​ណា​មួយ​ជា​ការ​ល្អ​ណាស់»

​អង្គការ​មេត្រី​អន្តរជាតិ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Agape International Mission  ដែល​មាន​ទីតាំងនៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ជា​តំបន់​ធ្លាប់​ល្បី​ឈ្មោះ​ករណី​ជួញដូរ​ផ្លូវ​ភេទ។ អង្គការ​នេះ​បាន​ជួយ​ច្រើន​ដល់​កុមារ និង​ស្ត្រី​តាម​រយៈ​ការ​បង្រៀន និង​ផ្ដល់​ជំនាញ។ អង្គការ​នេះ​មាន​ច្រើន​អគារ​បណ្ដុះបណ្ដាល ដូចជា​សាលារៀន កន្លែង​កាត់ដេរ និង​កន្លែង​ស្នាក់​នៅ​ជាដើម។

ដូច​គ្នា​នេះ​ដែរ គេហទំព័រ​ផ្លូវការ​របស់​អង្គការ​មេត្រី​អន្តរជាតិ បង្ហាញ​ថា អង្គការ​នេះ​មាន​ក្លឹប​កុមារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​សាល​បង្វឹក​ប្រដាល់ និង​កន្លែង​ហាត់​ប្រាណ​ជាដើម។ អង្គការ AIM ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨៨ ធ្វើ​ការ​ផ្នែក​មនុស្សធម៌ និង​បាន​ផ្ដើម​បេសកកម្ម​ខ្លាំង​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ជន​ពិការ​ថា​ការ​ប្រគំតន្ត្រី​លើ​ទីតាំង​ដែល​សាលាក្រុង​កំណត់​ឱ្យ​មិន​អាច​ដោះស្រាយ​ជីវភាព​បាន

$
0
0

ក្រុម​ជន​ពិការ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ប្រគំតន្ត្រី​នៅ​លើ​ទីតាំង​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋាភិបាល​កំណត់​ឱ្យ​នោះ ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ ដោយសារ​ទីតាំង​ទាំង​នោះ​គ្មាន​អ្នក​ទៅ​គាំទ្រ។ ពួកគាត់​បន្ថែម​ថា មាន​ជន​ពិការ​មួយ​ចំនួន​ប្ដូរ​ទៅ​ច្រៀង​នៅ​កន្លែង​ផ្សេង​វិញ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។

ចាប់​តាំង​ពី​សាលា​រាជធានី​ភ្នំពេញ សម្រេច​មិន​ឱ្យ​ជន​ពិការ​ប្រគំតន្ត្រី​នៅ​តាម​ភ្លើង​ស្ដុប ក្រុម​ជន​ពិការ​ខ្លះ​អះអាង​ថា ការ​ប្រគំតន្ត្រី​របស់​ពួកគាត់​នៅ​លើ​ទីតាំង​ទាំង​៣ ដូចជា​នៅ​រមណីយដ្ឋាន​វត្តភ្នំ និង​សួន​ច្បារ​វត្ត​បទុមវតី ជាដើម មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​ឡើយ។

​ប្រធាន​សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា លោក ជា ហន លើក​ឡើង​ថា ការ​រៃអង្គាស​ប្រាក់​ក្នុង​ការ​ប្រគំតន្ត្រី​ជន​ពិការ​នៅ​ទីតាំង​វត្តភ្នំ និង​សួនច្បារ​វត្ត​បទុមវតី កន្លង​មក​នេះ មាន​ថ្ងៃ​ខ្លះ​ទទួល​បាន​ប្រាក់​ជាង ១០​ម៉ឺន​រៀល និង​ថ្ងៃ​ខ្លះ​ទៀត​ទទួល​បាន​ប្រាក់​មិន​ដល់ ១០​ម៉ឺន​រៀល ដែល​ទឹក​ប្រាក់​ទាំង​នេះ មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន​ឧបករណ៍​ភ្លេង និង​ការ​រៀបចំ​ឆាក​នោះ​ទេ៖ «»។

​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជ្រើស​ទីតាំង​រមណីយដ្ឋាន​វត្តភ្នំ ធ្វើ​ជា​កន្លែង​ប្រគំតន្ត្រី​សម្រាប់​ជន​ពិការ ព្រោះ​លោក​ថា ការ​បណ្ដោយ​ឱ្យ​ជន​ពិការ​នាំ​គ្នា​ប្រគំតន្ត្រី​រៃអង្គាស​ថវិកា​នៅ​តាម​ភ្លើង​ស្ដុប​នានា ក្នុង​រាជធានី​ភ្នំពេញ អាច​បង្ក​ឱ្យ​មាន​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​ប្រគល់​ឧបករណ៍​តន្ត្រី​ដែល​ជា​ជំនួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជន​ពិការ​ចំនួន ៥​ក្រុម ដែល​ឧបករណ៍​ទាំង​នេះ​សុទ្ធតែ​ជា​របស់​ថ្មី និង​ទាន់​សម័យ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក ឯម ច័ន្ទមករា ថ្លែង​ថា នៅ​ទីតាំង​ទាំង​៣ ក្រុម​ជន​ពិការ​មាន​សិទ្ធិ​ជ្រើសរើស​ដោយ​ខ្លួន​ឯង ដើម្បី​សម្ដែង​ស្វែង​រក​ប្រាក់​កម្រៃ។ លោក​បន្ត​ថា ក្រៅ​ពី​ការ​ផ្ដល់​ឧបករណ៍​តន្ត្រី រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​ថវិកា​មួយ​លាន​រៀល​ជា​ប្រចាំ​ខែ សម្រាប់​ក្រុម​តន្ត្រី​ជន​ពិការ​នីមួយៗ​ផង​ដែរ៖ «»។

​ទោះ​ជា​យ៉ាង​ណា ប្រធាន​សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា លោក ជា ហន បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុម​តន្ត្រី​ជន​ពិការ​ទាំង ៥​ក្រុម គឺ​មាន​តែ ៣​ក្រុម​ប៉ុណ្ណោះ ដែល​ទទួល​បាន​ទឹកប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន ១​លាន​រៀល រី​ឯ​ចំនួន ២​ក្រុម​ទៀត​ដែល​ពុំ​មាន​ការ​ចុះ​សម្រុង​គ្នា ពុំ​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​នេះ​ឡើយ។ លោក​បញ្ជាក់​ថា  ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ ទឹក​ប្រាក់​ឧបត្ថម្ភ​ចំនួន ១​លាន​រៀល​ប្រចាំ​ខែ​នេះ ហាក់​ពុំ​ទាន់​មាន​ដំណឹង​នៅ​ឡើយ៖ «»។

ស្រប​ពេល​ការ​ប្រគំតន្ត្រី​នៅ​តាម​ទីតាំង​ទាំង​៣ ក្នុង​រាជធានី​ភ្នំពេញ មិន​អាច​ដោះស្រាយ​ជីវភាព​សម្រាប់​ជន​ពិការ​បាន​នៅ​នេះ លោក ជា ហន អះអាង​ថា ជម្រើស​ចុង​ក្រោយ​របស់​ក្រុម​តន្ត្រី​ជន​ពិការ​មួយ​ចំនួន បាន​លួច​ទៅ​ច្រៀង​តាម​ភ្លើង​ស្ដុប​ឡើយ​វិញ និង​ទៅ​សុំ​អង្វរ​ច្រៀង​តាម​ភោជនីយដ្ឋាន រី​ឯ​ក្រុម​តន្ត្រី​ជន​ពិការ​ខ្លះ​ទៀត បាន​នាំ​គ្នា​ទៅ​ប្រគំ​តាម​ផ្សារ និង​ខាង​មុខ​រោងចក្រ​នានា ព្រោះ​លោក​ថា ការ​ប្រគំ​នៅ​ទីតាំង​ទាំង​នេះ មិន​ចាំបាច់​រៀបចំ​ឆាក និង​ត្រូវ​ការ​សមាជិក​តិច ហើយ​ប្រាក់​រៃ​អង្គាស​បាន​វិញ ក៏​ច្រើន​ល្មម​អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

រី​ឯ​ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ លោក ចាប តូ ក៏​បាន​ថ្លែង​ថា ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក​កំពុង​ត្រៀម​ចេញ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត​វិញ។ លោក​បន្ត​ថា បើ​ពឹង​អាស្រ័យ​លើ​ការ​រៃ​អង្គាស​ថវិកា​ពី​ការ​ប្រគំ​តន្ត្រី​លើ​ទីតាំង​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​មិន​អាច​ដោះស្រាយ​ជីវភាព​របស់​ជន​ពិការ​ខ្លះ​ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទឹក​ភ្លើង ម្ហូប​អាហារ និង​ថ្លៃ​ផ្ទះ​ជួល​ជាប្រចាំ​ខែ៖ «»។

​លោក​បញ្ជាក់​ថា ក្រៅ​ពី​ចុះ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក​ក៏​អាច​សម្ដែង​នៅ​តាម​រោង​បុណ្យ​នានា និង​នៅ​ក្នុង​ពិធី​មង្គលការ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឈើ​មូល​ជា​ច្រើន​ដើម​ត្រូវ​បាន​ឈ្មួញ​កាប់​និង​ដឹក​ចេញ​ពី​ដែន​អភិរក្ស​ភ្នំ​សំកុស​ខេត្ត​ពោធិ៍សាត់

$
0
0

អ្នក​ភូមិ នៃ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ សង្ស័យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បរិស្ថាន បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​កាប់​ឈើ​ចេញ​ពី​ចន្លោះ​ភ្នំ​សំកុស និង​ភ្នំ​១០០៥ ដែល​ជា​តំបន់​នៅ​សល់​ឈើ​ល្អ​ច្រើន​ដើម្បី​ធ្វើ​អាជីវកម្ម។ ពលរដ្ឋ​អះអាង​ថា ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​ដែន​អភិរក្ស​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) ទី​២ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។

ឈើ​មូល​មុខ​កាត់​ចន្លោះ​ពី ១​កន្លះ ទៅ​ជិត ២​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​យ៉ាង​តិច ៨​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​តាម​ឡាន​សណ្ដោង​កន្ទុយ​យ៉ាង​តិច ៣​ជើង​ក្នុង​១​យប់ ដោយ​ពុំ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ចុះ​បង្ក្រាប។

អ្នក​ភូមិ​នៃ​ឃុំ​អន្លង់រាប​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ឈ្មួញ​បាន​យក​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​ចូល​ទៅ​ចន្លោះ​ភ្នំ​ទាំង​ពីរ ដើម្បី​កាប់​ឈើ​រួច​អូស​មក​ទម្លាក់​ទុក​នៅ​ក្បែរ​មាត់​ផ្លូវ​លេខ​៥៥ ហើយ​ម៉ោង​ប្រហែល ៧​កន្លះ​យប់ ទើប​លើក​ដាក់​ឡាន​ដឹក​ចូល​ក្រុមហ៊ុន អឹម.ឌី.អេស ឋិត​នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់រាប។

ឆ្លើយ​តប​នឹង​ការ​អះអាង​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អឹម.ឌី.អេស មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ បដិសេធ​ថា ក្រុមហ៊ុន​លោក​មិន​ជាប់​ពាក់ព័ន្ធ ឬ​បាន​ដឹង​ករណី​កាប់​ឈើ​ពី​ក្នុង​ដែន​អភិរក្ស​ចូល​ក្រុមហ៊ុន​ដូច​ដែល​ពលរដ្ឋ​អះអាង​នោះ​ទេ។ ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ដើម្បី​ដាំ​កៅស៊ូ ហើយ​ឈើ​នៅ​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​មាន​សិទ្ធិ​ចាត់ចែង៖ «នៅ​ក្នុង​ដី​សម្បទាន​អា​ហ្នឹង​យើង​មាន​ការ​ឈូស​ឆាយ ដើម្បី​ដាំ​ដុះ​កៅស៊ូ​បន្ត តែ​បើ​ថា នៅ​ណា​ភ្នំ​១០០៥ ឬ​១០០៦ ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ អត់​បាន​ដឹង​អី​ក្នុង​រឿង​ហ្នឹង​ទេ។ ធម្មតា​ក្នុង​ដី​សម្បទាន​យើង​មាន​សិទ្ធិ​ឈូស​ឆាយ ដើម្បី​ដាំដុះ​ទៅ​លើ​ដំណាំ​កសិ-ឧស្សាហកម្ម អ៊ីចឹង​អ្វី​ដែល​យើង​បាន​ឈូស​ឆាយ​ហ្នឹង គឺ​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​តាម​អ្វី​ដែល​យើង​ត្រូវ​ការ​ធ្វើ​ហ្នឹង»

ចំណែក​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ម្នាក់​បង្ហើប​ថា បទល្មើស​អាច​នឹង​កើត​មាន​ខ្លះ ដោយសារ​មន្ត្រី​របស់​លោក​មាន​គ្នា​តិច និង​ខ្វះ​ខាត​មធ្យោបាយ​ធ្វើ​ដំណើរ​ចុះ​ល្បាត​បាន​ទៀងទាត់។ ប៉ុន្តែ​លោក​ថា ក្រុម​លោក និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ច្រើន​ករណី​ដែរ ហើយ​នាំ​គ្នា​ចុះ​ល្បាត​តាម​គោលដៅ​តាម​លទ្ធភាព។

អភិបាល​ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​វាលវែង លោក ហេង សុភាណា បញ្ជាក់​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ពិនិត្យ​ករណី​នេះ​ហើយ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម។ ក្នុង​នាម​រដ្ឋបាល​ស្រុក​លោក​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​ជា​រឿយៗ ហើយ​បន្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទល្មើស៖ «ខ្ញុំ​បាន​ឲ្យ​ជំនាញ​ពិនិត្យ​មើល​ទាក់ទង​ការងារ​ហ្នឹង ហើយ​ទាំង​ការ​កាប់​រាន​ដី​ព្រៃ ឬ​ក៏​បទល្មើស​ព្រៃឈើ។ និយាយ​រួម​យើង​អនុវត្ត​ជា​ប្រចាំ យើង​ធ្វើ​យ៉ាង​ម៉េច​តាម​យន្តការ​អាជ្ញាធរ​ផង និង​កម្លាំង​ជំនាញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​រាន​យក​ដី​នៅ​តំបន់​ហ្នឹង»

បទល្មើស​ឈើ​ប្រណីត និង​ឈើ​កែច្នៃ​តាម​រោង​សិប្បកម្ម​នៅ​ស្រុក​វាលវែង កើត​មាន​ច្រើន​ករណី ហើយ​អ្នក​ស្រុក​តែងតែ​សង្ស័យ​ថា បទល្មើស​ទាំង​នេះ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មាន​អំណាច ឬ​ក្រុមហ៊ុន​អឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ដាច់អហង្ការ​ថា ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​បទល្មើស​ទេ ហើយ​ថា ឈ្មួញ​ឈើ​ខ្លះ​ឆ្លៀត​ប្រព្រឹត្ត​បទល្មើស រួច​ទម្លាក់​កំហុស​មក​លើ​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​បរាជ័យ​ចំពោះ​បេសកកម្ម​ទប់ស្កាត់​ការ​រត់​ពន្ធ​ឈើ​ទៅ​វៀតណាម

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន និង​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​ធនធាន​ធម្មជាតិ នៅ​ប្រទេស​កម្ពុជា មើល​ឃើញ​កាន់​តែ​ច្បាស់​ថា វិធានការ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បិទ​ការ​រត់​ពន្ធ​ឈើ​ទៅ​ក្រៅ​ប្រទេស គឺ​បរាជ័យ​ទាំង​ស្រុង។ ការ​អះអាង​បែប​នេះ ក្រោយ​ពេល​ការ​នាំ​ឈើ​ចេញ​ទៅ​​ក្រៅ​ប្រទេស​នៅ​តែ​កើត​មាន​ឡើង ហើយ​របាយការណ៍​អង្គការ​អន្តរជាតិ​បង្ហាញ​ថា ស្ថានភាព​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម កាន់​តែ​អាក្រក់​ឡើង។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា មិន​ត្រឹម​តែ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​រាជ​រដ្ឋាភិបាល ដែល​បរាជ័យ​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ និង​ការ​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្ថាប័ន​តុលាការ​ក៏​បរាជ័យ​ដូច​គ្នា​ដែរ។ ការ​លើក​ឡើង​បែប​នេះ ព្រោះ​ចាប់​តាំង​ពី​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ មក ឈើ​ខុស​ច្បាប់​រាប់​ម៉ឺន​ម៉ែត្រគូប​ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ និង​ទប់​ស្កាត់​មិន​ឱ្យ​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ច្រើន ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ។ ជាក់​ស្ដែង​របាយការណ៍​ជាតិ និង​អន្តរជាតិ​បង្ហាញ​ពី​ចំនួន​ឈើ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ច្រើន​ដដែល បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​ចេញ​បម្រាម​មិន​ឱ្យ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្តី។

លោក​បន្ថែម​ថា កន្លង​មក​ទិន្នន័យ​គយ​វៀតណាម និង​កម្ពុជា បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្រឡះ​ដូច​មេឃ​និង​ដី​ដែល​បញ្ជាក់​ថា ចំនួន​ឈើ​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម យ៉ាង​ច្រើន​គឺ​ជា​ឈើ​ខុស​ច្បាប់៖ «បើ​យើង​វិភាគ​ទៅ​ជា​ការ​បរាជ័យ​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ រួម​ជាមួយ​នឹង​ស្ថាប័ន​តុលាការ ដែល​ជា​ស្ថាប័ន​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​អន្តរជាតិ​ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) បាន​ផ្សាយ​របាយការណ៍ "ជនល្មើស​មុខ​ដដែល" ហើយ​ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ឈើ​មូល​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​វៀតណាម នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​គេ​កាប់​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ អង្គការ​ដដែល​នេះ រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​អំពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ទីភ្នាក់ងារ​មួយ​នេះ បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ទ្វារ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។

​ជាង​នេះ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ ហ្វ័រ៉េស ត្រេន (Forest Trend) ដែល​ទទួល​បាន​ទិន្នន័យ​ពី​គយ​វៀតណាម ស្តីពី​ការ​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា បង្ហាញ​ថា រយៈពេល ១​ឆមាស​ដើម​ឆ្នាំ​២០១៧ ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​ជាង ៣​សែន​ម៉ែត្រគូប (៣១៣.០០០) និង​មាន​តម្លៃ ១៤២​ដុល្លារ​សហរដ្ឋអាមេរិក។ ចំនួន​នេះ ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​គយ​វៀតណាម ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មិថុនា ហើយ​ចំនួន​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ចំនួន​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ពេញ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ខុស​គ្នា​ប្រមាណ ៥​ពាន់​ម៉ែត្រគូប​ប៉ុណ្ណោះ (៣១៨.២៣២)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ព្រម​ទាំង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា។

​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើង គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃឈើ​ផ្សេងៗ​ទៀត នៅ​ភាគ​ឦសាន ប៉ុន្តែ​ក្រោយ​មក​បាន​ពង្រីក​វិសាលភាព​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។

​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​គណៈកម្មការ​ជាតិ​មួយ​នេះ​បង្កើត​ឡើង ហើយ​បង្ក្រាប​បាន​ឈើ​ប្រណិត​ជាង ៧​ម៉ឺន​ម៉ែត្រគូប ក្នុង​រយៈពេល​ប្រមាណ ៣ ដំបូង និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ដេញ​ថ្លៃ​លក់​ថែម​ទៀត​ផង ប៉ុន្តែ​ជនល្មើស​ពាក់ព័ន្ធ​សំណុំ​រឿង​ទាំង​នេះ ដែល​រួម​មាន​ទាំង​ឧកញ៉ា​មួយ​ចំនួន​ផង មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ។

​លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា មូលហេតុ​បណ្ដាល​ឱ្យ​បទល្មើស​ព្រៃឈើ និង​ការ​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន​ឡើង គឺ​ដោយសារ​វប្បធម៌​និទ្ទណ្ឌភាព​តែម្ដង៖ «ភាព​រួច​ទោស​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ឧកញ៉ា ក្រុម​ឈ្មួញ ឬ​ក៏​មន្ត្រីៗ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ហ្នឹង លោក​មិន​មាន​ការ​ភ័យ​ខ្លាច​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់»

នៅ​ពេល​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់​រថយន្ត​ដឹក​ឈើ និង​ចុះ​ដល់​កន្លែង​ស្តុក​ទុក​ឈើ​ជា​ច្រើន​នៅ​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី កន្លង​មក មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​លើក​ឡើង​ចំ​ឈ្មោះ​ឧកញ៉ា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​បទល្មើស​ទាំង​នោះ ដូចជា​ឧកញ៉ា ទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា​ថៃ នៅ​ស្រុក​អូររាំងឪ និង​ឈ្មួញ​ជា​ច្រើន​ទៀត។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សៀកលីម មិន​ទាន់​អាច​និយាយ​អំពី​ដំណើរ​ការ​នីតិវិធី​ជុំវិញ​សំណុំ​រឿង​ទាំង​នេះ​បាន​ទេ ដោយ​លោក​បញ្ជាក់​ដូច​សព្វដង​ថា លោក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សាកសួរ​អ្នក​កាន់​សំណុំរឿង​ទាំង​នោះ​ជា​មុន​សិន៖ «ដល់​អ៊ីចឹង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ប្រមូល​ព័ត៌មាន​កម្រិត​ណា​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម រក​ព័ត៌មាន​មក​ជូន​តាម​លទ្ធភាព​របស់​ខ្ញុំ»

​ទោះ​បី​ជា​មាន​ទិន្នន័យ និង​របាយការណ៍​ស្តីពី​វិនាសកម្ម​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​កន្លង​មក​មន្ត្រី​រាជរដ្ឋាភិបាល​តែង​បដិសេធ​ជានិច្ច។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង បារម្ភ​ថា វាសនា​ព្រៃឈើ​នឹង​វិនាស​ហិនហោច​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​អាច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​ធំៗ ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​បាន​ទេ។ លោក​យល់​ថា ការ​បដិសេធ​ចំពោះ​រាល់​របាយការណ៍ និង​ការ​រក​ឃើញ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​នោះ គឺ​គ្រាន់​តែ​ដើម្បី​បិតបាំង​ភាព​បរាជ័យ​របស់​ខ្លួន​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ៖ «អ៊ីចឹង​គាត់​បាន​ប្តេជ្ញា​ថា នឹង​បិទ​អាជីវកម្ម ប្តេជ្ញា​ថា ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព​ទាំង​អស់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មក​ទល់​ពេល​នេះ ការ​ធ្វើ​អាជីវកម្ម​ឈើ​មិន​ត្រូវ​បាន​ថយ​ចុះ​ទេ»

សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស ពិសេស​មន្ត្រី ឧកញ៉ា​ធំៗ គឺ​មាន​ភាព​ស្មុគស្មាញ ដោយសារ​បញ្ហា​នយោបាយ និង​ការ​រំលោភ​អំណាច​ផង ពោល​គឺ​មន្ត្រី​ទាំង​នោះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​មន្ត្រី​កំពូលៗ ក្នុង​ជួរ​រាជរដ្ឋាភិបាល។ បន្ថែម​ពី​នេះ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ គឺ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ជនល្មើស​រួច​ផុត​ពី​សំណាញ់​ច្បាប់ ហើយ​ព្រៃឈើ​កាន់​តែ​ប្រឈម​ក្ដី​មហន្តរាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​ឃុំ​ទើប​កាន់​តំណែង​ថ្មី​នៅ​ស្រុក​ប្រាសាទបាគង​ខ្វល់​រឿង​ខ្វះ​ថវិកា​ជួសជុល​កំណាត់​ផ្លូវលំ

$
0
0

ឃុំ​ត្រពាំងធំ នៃ​ស្រុក​ប្រាសាទបាគង ស្ថិត​នៅ​ចម្ងាយ​ជាង ២៥​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប។ បច្ចុប្បន្ន​ឃុំ​នោះ​ ថ្វី​ដ្បិតតែ​មាន​សាលាឃុំ​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៦ ក៏​ពិតមែន ប៉ុន្តែ​បណ្ដាញ​ផ្លូវ​លំ​ជា​ច្រើន​ដែល​ចូល​ទៅ​ភូមិ​នានា មាន​ជង្ហុក និង​ផ្លូវ​ខ្លះ​ដាច់​ដោយសារ​ទឹក​ហូរ​ច្រោះ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​ត្អូញត្អែរ​អំពី​ការ​ពិបាក​ធ្វើ​ដំណើរ។

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​ភូមិ​ភ្នំដី និង​ភូមិ​ល្វា នៃ​ឃុំ​ត្រពាំងធំ កំពុង​ទទូច​ឱ្យ​អាជ្ញាធរ​ឃុំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ជួយ​កែលំអ​ផ្លូវ​លំ​១ខ្សែ ដែល​ខូចខាត​ធ្ងន់ធ្ងរ ពិបាកធ្វើ​ដំណើរ​នៅ​ក្នុង​ភូមិ​របស់​ពួកគេ។

​ក្រុម​អ្នក​ភូមិ​និយាយ​ថា ផ្លូវ​លំ​១​ខ្សែ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ភូមិ​ភ្នំ​ដី មក​ភូមិ​ល្វា បច្ចុប្បន្ន​មិន​អាច​ឱ្យ​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ទេ ដោយសារ​តែ​ផ្លូវ​ដាច់​​ជា​ច្រើន​កន្លែង ហើយ​គ្មាន​ស្ពាន។ចំណែក​ឯ​អ្នក​ភូមិ​ខ្លួន​ឯង ក៏​ពិបាក​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា​ដោយសារ​តែ​លិច​ទឹក ព្រម​ទាំង​ដី​ស្អិត។

ស្ត្រី​អ្នក​ភូមិ​ល្វា ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី ឃុត នីម។ អ្នកស្រី​មាន​ប្រសាសន៍​ក្នុង​ពេល​អង្គុយ​នៅ​លើ​កាំជណ្ដើរ​មុខ​ផ្ទះ​ថា រាល់​ថ្ងៃ​ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ គឺ​គាត់​ពិបាក​ចិត្ត​ជា​ខ្លាំង​ចំពោះ​បញ្ហា​ផ្លូវ ដែល​កូនៗ​ពិបាក​ដើរ​ទៅ​សាលារៀន ឯ​រូប​គាត់​ក៏​ពិបាក​ចេញ​ចូល​ទៅ​ផ្សារ​ដើម្បី​ទិញ​ម្ហូប​ចំណី​ប្រចាំ​ថ្ងៃ។

​អ្នកស្រី ឃុត នីម បញ្ជាក់​ថា ផ្លូវ​លំ​១​ខ្សែ ដែល​ឆ្លង​កាត់​ភូមិ​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ហើយ​ដក់​ទឹក​ច្រើន គឺ​មិន​អាច​ជិះ​កង់ ឬ​ក៏​ម៉ូតូ​បាន​ទេ មាន​តែ​ដើរ​តាម​ភ្លឺ​ស្រែ​ដោយ​ថ្មើ​ជើង​ប៉ុណ្ណោះ៖ «ខែ​ភ្លៀង​ម្ដងៗ ឱ្យ​តែ​ទឹក​ជោកជាំ​គឺ​ជាប់​ភក់។ គ្រាន់​តែ​ខ្ញុំ​ដើរ​ក៏​ជាប់​ភក់​ដែរ ចំណែក​អ្នក​ជិះ​កង់ ម៉ូតូ​គឺ​មក​មិន​រួច​ទេ ពិបាក​ផ្ញើ​ទុក​នៅ​តាម​ផ្ទះ​គេ ហើយ​ដើរ​ដោយ​ថ្មើរ​ជើង​ដដែល»

​អ្នក​ភូមិ​ល្វា ម្នាក់​ទៀត អ្នកស្រី ឃុត ណៃ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា ផ្លូវ​លំ​១​ខ្សែ​នេះ តែ​ដល់​រដូវ​ទឹក​ច្រើន គឺ​ជន់​លិច​ភូមិ​ខ្លះ និង​វាល​ស្រែ​ខ្លះ ដោយសារ​តែ​ពុំ​មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក។ ស្ត្រី​ដដែល​បញ្ជាក់​ថា ដោយសារ​តែ​ស្ថានភាព​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ពេល​បច្ចុប្បន្ន​នេះ​អ្នកស្រី​បាន​ឱ្យ​កូន​តូចៗ ឈប់​ទៅ​រៀន​ភាសា​អង់គ្លេស ពីព្រោះ​តែ​គ្មាន​អ្នក​ជួយ​ពរ​ឆ្លង​ទឹក​នៅ​ពេល​ភ្លៀង​ម្ដងៗ៖ «ពិបាក​ខ្លាំង​ណាស់ បច្ចុប្បន្ន​មាន​ផ្លូវ​ហើយ​តែ​កូន​ចៅ​ដើរ​ទៅ​រៀន​ក៏​មិន​កើត។ ពេល​មាន​ទឹក​គឺ​ឪពុក​​វា​ជញ្ជូន​កូនៗ​យក​ទៅ​ដាក់​នៅ​ថ្នល់​ជាតិ​ឱ្យ​ទៅ​សាលា»

បច្ចុប្បន្ន​នេះ ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ភូមិ​ភ្នំ​ដី ទៅ​ភូមិ​ល្វា បាន​ដាច់​ជា​ច្រើន កំណាត់​ដោយ​គ្មាន​ស្ពាន​សម្រាប់​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ អាច​ចេញចូល​បាន​ទេ មាន​តែ​កំណាត់​ឈើ​តូចៗ ដែល​អ្នក​ភូមិ​បាន​យក​ទៅ​ដាក់​សម្រាប់​ជិះកង់ និង​ម៉ូតូ​ឆ្លង​ប៉ុណ្ណោះ៖ «រថយន្ត​មួយ​ចំនួន​អាច​បើក​ឆ្លង​កាត់​ភូមិ​នេះ បាន​នៅ​ពេល​ដែល​គ្មាន​ភ្លៀង ក៏​ប៉ុន្តែ​ត្រូវ​បើក​ចុះ​តាម​វាលស្រែ នៅ​ពេល​ណា​ទៅ​ដល់​កន្លែង​ផ្លូវ​ដាច់ ហើយ​ពុំ​មាន​ស្ពាន​ឆ្លង​ម្ដងៗ»

អាជ្ញាធរ​ឃុំ​ត្រពាំងធំ ឱ្យ​ដឹង​ថា ផ្លូវ​លំ​ជនបទ​១​ខ្សែ​នេះ បាន​ដាច់​ជា​ច្រើន​កំណាត់​រយៈពេល ២​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ប្រជាពលរដ្ឋ​កាប់​ដី​ឱ្យ​ទឹក​ហូរ ពីព្រោះ​តែ​កំណាត់​ផ្លូវ​នោះ សាងសង់​ឡើង​មិន​មាន​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ។

មេ​ឃុំ​ត្រពាំងធំ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​រយៈពេល​ជាង ២​ខែ លោក សយ សីហា មាន​ប្រសាសន៍​ថា ដោយសារ​ស្ថានភាព​ផ្លូវ​នោះ ខូចខាត​គឺ​មិនមែន​តែ​ពលរដ្ឋ​ទេ ដែល​ពិបាក​ធ្វើ​ដំណើរ​សូម្បី​តែ​រូប​លោក ពេល​ខ្លះ​ក៏​ត្រូវ​លាត់​ជើង​ខោ​ចុះ​ដើរ​កាត់​ទឹក​ដែរ។ ​មេ​ឃុំ​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ដោយសារ​តែ​ផ្លូវ​នេះ​ខូចខាត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ដី និង​ភូមិ​ល្វា ចំនួន​ជាង ៥០០​គ្រួសារ​ប៉ុណ្ណោះ​ទេ គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ភូមិ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់៖ «ប្រជាពលរដ្ឋ​ហ្នឹង​មិន​មែន​ត្រឹមតែ​ប៉ះពាល់ ២​ភូមិ​នៅ​ក្នុង​ឃុំ​ត្រពាំងធំ​ទេ គឺ​ពលរដ្ឋ​នៅ​ឃុំ​ដទៃ​ទៀត​ដែល​ត្រូវ​ការ​ឆ្លងកាត់​ក៏​ប៉ះពាល់​ដែរ»

ក្រុមប្រឹក្សា​ឃុំ​ត្រពាំងធំ ឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ ឃុំ​នេះ​បាន​ទទួល​កញ្ចប់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ប្រហែល ៦៨-​៦៩​លាន​រៀល ស្មើ​នឹង​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​នោះ គឺ​មិន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​អភិវឌ្ឍន៍​វិស័យ​ជា​ច្រើន​ឡើយ។

លោក សយ សីហា អំពាវនាវ​ដល់​សប្បុរសជន​នានា ប្រសិនបើ​មាន​បំណង​ចង់​ជួយ​អភិវឌ្ឍន៍​ឃុំ​របស់​លោក គឺ​លោក​នឹង​ស្វាគមន៍​ដោយ​រីករាយ៖ «កញ្ចប់​ថវិកា​របស់​ឃុំ​សម្រាប់​ការ​អភិវឌ្ឍ​មិន​គ្រប់គ្រាន់ ដូច្នេះ​ខ្ញុំ​អំពាវនាវ​ទៅ​សប្បុរសជន​មេត្តា​ជួយ​ជា​ថវិកា​ជា​សម្ភារៈ ឬ​ក៏​​បច្ចេកទេស​ក្ដី»

អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ របស់​ក្រសួង​មហាផ្ទៃ លោក សុខ ជឿន មាន​ប្រសាសន៍​ថា កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ-​សង្កាត់ សម្រាប់​ឆ្នាំ​២០១៧ គឺ​បាន​ផ្ដល់​ជូន​ទៅ​តាម​ឃុំ-​សង្កាត់ ជា​ជំហាន​ទី​៣ រួច​ហើយ នៅ​សល់​តែ​ជំហាន​ចុង​ក្រោយ​ដែល​នឹង​គ្រោង​បើក​ឱ្យ​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ​ទេ៖ «ដល់​ខែ​៩​នេះ យើង​ចាប់​ផ្ដើម​ទម្លាក់​ថវិកា​ជំហាន​ទី​៤​ហើយ។ ហ្នឹង​ជំហាន​ចុង​ក្រោយ​នៃ​មូលនិធិ ១០០% សម្រាប់​ឆ្នាំ​២០១៧»

​មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ កំពុង​ឱ្យ​ឃុំ-​សង្កាត់ រៀបចំ​គម្រោង​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ ហើយ​ក្រសួង​ក៏​បាន​ជូន​ដំណឹង​ទៅ​ដល់​ឃុំ-​សង្កាត់ នៅ​ទូទាំង​ប្រទេស​រួច​ហើយ​ដែរ​ថា តើ​ឃុំ-​សង្កាត់​ណា ត្រូវ​ទទួល​បាន​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ចំនួន​ប៉ុន្មាន​លាន​រៀល គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​ពលរដ្ឋ និង​កម្រិត​នៃ​ភាព​ក្រីក្រ​របស់​ឃុំ-​សង្កាត់​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"អាជីវកម្ម​ខ្សាច់​បំផ្លាញ​សុភមង្គល​អ្នក​ភូមិ​កោះ​ស្រឡៅ​ខេត្ត​កោះកុង"

$
0
0

តំបន់​កោះ​ស្រឡៅ នៃ​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្ត​កោះកុង គឺ​ជា​ទីកន្លែង​ដែល​មាន​ការ​បូម​ខ្សាច់​ខ្នាត​ធំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខុស​ពី​ការ​វិនិយោគ​ផ្សេង​ទៀត ដែល​អាច​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន អាជីវកម្ម​ខ្សាច់​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ពលរដ្ឋ​នៃ​សហគមន៍​កោះ​ស្រឡៅ ឡើយ ពោល​គឺ​មាន​តែ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគាត់​ធ្លាក់​ចុះ​ដុនដាប​ទៅ​វិញ។ ប្រជា​សហគមន៍​នៅ​តែ​ប្រកាន់​ជំហរ​លែង​ឱ្យ​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​ជុំវិញ​នោះ​ទៀត ទោះបីជា​អាជីវកម្ម​នោះ​ជា​អាជីវកម្ម​ខ្នាត​ធំ ខ្នាត​មធ្យម ឬ ខ្នាត​តូច​ក្ដី។

​ម៉ោង ៦​ព្រឹក ព្រះអាទិត្យ​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ចិញ្ចាចចិញ្ចែង គ្របដណ្ដប់​លើ​ផ្ទៃ​ទឹក និង​ភូមិម្ករ​របស់​អ្នក​ស្រុក​កោះ​ស្រឡៅ ដែល​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ និង​ព្រៃ​កោងកាង។ អ្នក​ភូមិ​បាន​ចាប់​ផ្ដើម​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ដូចជា​ចេញ​ទៅ​នេសាទ និង​រៀបចំ​លក់ដូរ​ជាដើម ចំណែក​ឯ​ក្មេងៗ​វិញ ក៏​បាន​រៀបចំ​ខ្លួន​ដើរ​ទៅ​រៀន​ដោយ​ទឹក​មុខ​ស្រស់បស់។

«សំឡេង​អ៊ូអរ​ក្នុង​ភូមិ»។

​នេះ​ក៏​ជា​ពេល​វេលា​ដែល​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ គឺ​លោកស្រី សម្បត្តិ វ៉ាត រៀបចំ​គ្រឿង​ហូបចុក និង​នំ​ចំណី ដែល​លោកស្រី​បាន​ក្រោក​ធ្វើ​តាំង​ពី​ព្រលឹម​យក​ទៅ​លក់​នៅ​តាម​ផ្ទះ​ពលរដ្ឋ​ក្នុង​ភូមិ​កោះ​ស្រឡៅ ផង​ដែរ។ លោកស្រី​លក់​គ្រឿង​ហូបចុក និង​នំចំណី​ជា​ច្រើន​មុខ ដូចជា​ជ្រក់​ស្ពៃ នំអន្សម ប្រហិត​ចៀន សណ្ដែកដី​ស្ងោរ និង​ទឹកអំពៅ ជាដើម។

«សំឡេង​ដើរ​ពពាយនាយ​លក់»។

​ការ​លក់ដូរ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ពេល​ព្រឹក​រហូត​ដល់​យប់ ទើប​លោកស្រី​ត្រឡប់​មក​ផ្ទះ​វិញ។

​មាន​សម្បុរ​ស្រអែម ទឹក​មុខជា​មនុស្ស​ស្លូត​បូត តែ​ម៉ឺងម៉ាត់ លោកស្រី សម្បត្តិ វ៉ាត ក្នុង​វ័យ ៣៨​ឆ្នាំ ត្រូវ​បាន​អ្នក​ជិត​ខាង និង​អ្នក​រាប់​អាន​គ្នា​ចាត់​ទុក​ថា ជា​មាតា​ដៃ ១០០ ដោយសារ​តែ​លោកស្រី​ត្រូវ​រែកពុន​អម្រែក​ដ៏​ធ្ងន់ គឺ​រក​ប្រាក់​ចិញ្ចឹម និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ចំនួន ៤​នាក់។

​កូន​ទី​មួយ​របស់​លោកស្រី​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ កូន​ទី​ពីរ រៀន​ថ្នាក់​ទី​១១ កំពុង​ស្នាក់​នៅ​ជាមួយ​ប្អូន​របស់​លោកស្រី​នៅ​ខេត្ត​ព្រះវិហារ  ចំណែក​ឯ​កូន​ទី​បី និង​កូនពៅ​កំពុង​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​មតេ្តយ្យ​នៅ​ក្នុង​ភូមិ​កោះ​ស្រឡៅ។

និយាយ​បណ្ដើរ ដៃ​ចាប់​ជ្រក់​ស្ពៃ​ដាក់​ថង់​បណ្ដើរ លោកស្រី សម្បត្តិ វ៉ាត ថ្លែង​ថា លោកស្រី​ប្រឹងប្រែង​ដូច​សព្វថ្ងៃ​នេះ គឺ​ដើម្បី​តែ​អនាគត​កូនៗ​របស់​លោកស្រី​តែប៉ុណ្ណោះ៖ «»។

​លោកស្រី សម្បត្តិ វ៉ាត អះអាង​ថា កាល​ពី​មុន​ជីវិត​របស់​លោកស្រី​មិន​មែន​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ឡើយ ហើយ​លោកស្រី​ក៏​មិន​សូវ​ហត់នឿយ​ទាំង​ថ្ងៃ​ទាំង​យប់​ដូច​បច្ចុប្បន្ន​នេះ​ដែរ។ លោកស្រី​ធ្លាប់​រស់​នៅ​​ជួបជុំ​ជាមួយ​ស្វាមី និង​កូនៗ ហើយ​ប្រកប​របរ​ជា​អ្នក​នេសាទ​សមុទ្រ ក៏ប៉ុន្តែ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​របស់​លោកស្រី ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​ដោយសារ​តែ​អាជីវកម្ម​ខ្សាច់​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាង​លើ និង​នៅ​ក្បែរ​តំបន់​កោះ​ស្រឡៅ។

លោកស្រី​រៀបរាប់​ដោយ​ដក​ដង្ហើម​ធំៗ​ថា នៅ​មុន​ពេល​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ លោកស្រី និង​ស្វាមី​កាក់កប​នឹង​របរ​នេសាទ​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃៗ យ៉ាង​ហោច​ណាស់​ក៏​លោកស្រី​អាច​រក​ចំណូល​បាន​ជាង ១០​ម៉ឺន​រៀល​ដែរ ក៏ប៉ុន្តែ​ក្រោយ​ពេល​មាន​ការ​បូម​ខ្សាច់ ផល​នេសាទ​បាន​ធ្លាក់​ចុះ​ជា​លំដាប់ រហូត​ដល់​ពេល​មួយ របរ​នេសាទ​នេះ​លែង​អាច​ផ្ដល់​ផល​ចំណេញ គឺ​បាន​ត្រឹមតែ​បង់ខាត​កម្លាំងកាយ និង​ប្រេង​សាំង​តែប៉ុណ្ណោះ៖ «»។

​ពេល​នោះ​ហើយ​ដែល​ស្វាមី​របស់​លោកស្រី​ចាប់​ផ្ដើម​បាក់​ទឹក​ចិត្ត និង​ធ្លាក់​ខ្លួន​ជា​អ្នក​សេពសុរា​ជា​ប្រចាំ ហើយ​ជីវិត​អាពាហ៍ពិពាហ៍​រយៈពេល​ជាង ១០​ឆ្នាំ ក៏​ត្រូវ​បាន​បញ្ចប់។ លោកស្រី​ក៏​បាន​សម្រេច​ចិត្ត​បោះបង់ចោល​មុខ​របរ​ជា​អ្នក​នេសាទ​ដោយ​ក្តី​សោកស្ដាយ​ជា​ទីបំផុត ហើយ​ចាប់​យក​របរ​លក់ដូរ​នំ​ចំណី​វិញ៖ «»។

អ្នក​ភូមិ​កោះ​ស្រឡៅ ភាគ​ច្រើន​បំផុត​ប្រកប​របរ​នេសាទ។ អ្នក​ភូមិ​អះអាង​ថា កាល​ពី​ជាង ១០​ឆ្នាំ​មុន ពួកគាត់​រស់​នៅ​ក្នុង​ជីវភាព​ធូរធារ ដោយសារ​តែ​កាក់កប​នឹង​របរ​នេសាទ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៦ ដែល​ជា​ឆ្នាំ​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នោះ​មក ពួកគាត់​សង្កេត​ឃើញ​ថា បរិមាណ​ក្ដាម ត្រី និង​បង្គា បាន​ថយ​ចុះ​ជា​គំហុក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ជា​ខ្លាំង។

​លោក ហាក់ ពិទូ គឺ​ជា​ប្រជា​នេសាទ​ម្នាក់​នៃ​សហគមន៍​កោះ​ស្រឡៅ ដែល​បាន​ជូន​ក្រុម​ការងារ​អាស៊ីសេរី ជិះ​ទូក​មើល​ស្ថានភាព​រស់​នៅ​របស់​អ្នក​ភូមិ និង​កន្លែង​ដែល​ធ្លាប់​មាន​ការ​បូម​ខ្សាច់។ លោក​បញ្ជាក់​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាង​លើ និង​ក្បែរ​តំបន់​កោះ​ស្រឡៅ បាន​កើត​ឡើង​ពេញ​បន្ទុក​ចាប់​ពី​ឆ្នាំ​២០០៦ ដល់​ចុង​ឆ្នាំ​២០១៦។ ​លោក​បន្ត​ថា គ្រឿងចក្រ និង​សាឡង់​ដឹក​ខ្សាច់​ជា​ច្រើន​គ្រឿង​បាន​បញ្ចេញ​ជាតិ​ប្រេង​ចូល​ក្នុង​ទឹក ព្រម​ទាំង​មាន​សំឡេង​លឺ​ខ្លាំង ដែល​បាន​បំពុល និង​បង្ក​ការ​រំខាន​ដល់​ពពួក​ត្រី ក្រាម និង​បង្គា។ ម្យ៉ាង​វិញ​ទៀត ការ​បូម​ខ្សាច់​ធ្វើ​ឱ្យ​ទឹក​កាន់តែ​ជ្រៅ និង​ល្អក់ មិន​អំណោយផល​ដល់​ការ​រស់​នៅ​របស់​ពពួក​សត្វ​សមុទ្រ​ឡើយ ជាពិសេស វា​បាន​ធ្វើ​ឱ្យ​បាត់បង់​ព្រៃ​កោងកាង ដែល​ជា​ទីជម្រក​របស់​សត្វ​ទាំង​នោះ៖ «»។

​ដោយសារ​តែ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ ទើប​ប្រជាពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ បាន​នាំ​គ្នា​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ជា​បន្តបន្ទាប់ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង។

ជា​លទ្ធផល នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ឈប់​ជា​ស្ថាពរ​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់ ចេញ​ពី​ខេត្ត​កោះកុង ទៅ​ក្រៅ​ប្រទេស។ ​ពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ បាន​សាទរ​ចំពោះ​ការ​សម្រេច​នេះ ក៏ប៉ុន្តែ​ពួកគាត់​នៅ​តែ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​​នៅ​ឡើយ​ទេ ដោយសារ​តែ​ការដ្ឋាន​លាង​ខ្សាច់​មួយ​កន្លែង​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ជម្រក​សត្វព្រៃ​តាតៃ មិន​ទាន់​ត្រូវ​បាន​រុះរើ​ចេញ​នៅ​ឡើយ៖ «»។

​ក្រៅ​ពី​ពលរដ្ឋ​នៃ​សហគមន៍​កោះ​ស្រឡៅ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​ក៏​បាន​បញ្ជាក់​ជំហរ​ដែរ​ថា ពួកគេ​នឹង​នៅ​តាមដាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ខេត្ត​កោះកុង នេះ​ជា​បន្ត​ទៀត ទោះបីជា​ក្រសួង​បាន​ប្រកាស​បញ្ឈប់​ជា​ស្ថាពរ​ក្តី។

​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ពួកគេ​នៅ​តែ​ទាមទារ​ឱ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដដែល។ នោះ​គឺ​ជា​ការ​នាំ​ចេញ​ខ្សាច់​ចាក់​បំពេញ និង​ខ្សាច់​សំណង់​ទៅ​សិង្ហបុរី និង​ឥណ្ឌា ដែល​ត្រូវ​បាន​រក​ឃើញ​ថា កម្ពុជា​ខាតបង់​ទឹក​ប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ថ្មីៗ​នេះ​គឺ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ដែល​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ។

អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ ថ្លែង​សាទរ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល។ នាង​បន្ត​ថា នេះ​ជា​ជោគជ័យ​របស់​ពលរដ្ឋ​ដែល​ហ៊ាន​ងើប​ឡើង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់​នៅ​របស់​ពួកគាត់៖ «»។

បច្ចុប្បន្ន​នេះ ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាង​លើ និង​ក្បែរ​តំបន់​កោះ​ស្រឡៅ ត្រូវ​បាន​បញ្ឈប់​ជា​ស្ថាពរ​ដូច​ការ​ប្រកាស​របស់​ក្រសួង​ហើយ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ផលវិបាក​នោះ គឺ​ព្រៃ​កោងកាង បាន​ដួល​រលំ និង​ងាប់​ជា​ច្រើន​កន្លែង ទឹកថ្លា​ប្រែជា​ល្អក់ ទឹក​រាក់​ប្រែជា​ជ្រៅ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​សហគមន៍​នេសាទ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ស្រឡៅ មិន​មាន​ដីស្រែ​ចម្ការ ដើម្បី​ដាំ​ដុះ​បង្កបង្កើនផល ដូច​ពលរដ្ឋ​នៅ​តំបន់​ដទៃ​នោះ​ទេ ពោល​គឺ​ជីវិត​របស់​ពួកគាត់​ត្រូវ​ពឹង​ផ្អែក​ទាំងស្រុង​លើ​របរ​នេសាទ។ ការ​ថែរក្សា​ធនធាន​ខ្សាច់ និង​ព្រៃ​កោងកាង ដែល​ជា​ទីជម្រក និង​ជាទី​បង្ក​កំណើត​របស់​ពពួក​ក្ដាម ត្រី និង​បង្គា គឺ​មាន​ន័យ​ស្មើ​នឹង​ការ​ថែរក្សា​ឆ្នាំង​បាយ​របស់​ពួកគាត់​យ៉ាង​ដូច្នេះ​ដែរ។

​សម្រាប់​លោកស្រី សម្បត្តិ វ៉ាត លោកស្រី​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត មិន​ឱ្យ​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​កោះ​ស្រឡៅ ជា​ថ្មី​ទៀត​ឡើយ ហើយ​បើ​មាន​កម្មវិធី ឬ​យុទ្ធនាការ​អ្វី​ដែល​ទាក់ទង​នឹង​ការ​ប្រឆាំង​ការ​បូម​ខ្សាច់ ទោះជា​រវល់​ប៉ុណ្ណា​ក៏ដោយ ក៏​លោកស្រី​សុខ​ចិត្ត​ទៅ​ចូលរួម​ដែរ ដោយសារ​តែ​លោកស្រី​គិត​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នេះ​ហើយ ដែល​បាន​បំផ្លាញ​សុភមង្គល​គ្រួសារ​លោកស្រី និង​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​កោះ​ស្រឡៅ៖ «»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live