Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អាជ្ញាធរ​ឃុំ​ទ្រា​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ថា​មិន​ទាន់​មាន​ស្មៀន​ឃុំ​ជួយ​ធ្វើ​ការ

$
0
0

អាជ្ញាធរ​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​កិច្ចការ​រដ្ឋបាល​នៅ​សាលា​ឃុំ ដោយសារ​គ្មាន​ស្មៀន​ឃុំ​ថ្មី​មក​ជួយ​ធ្វើ​ការ។ ការ​លើក​ឡើង​នេះ ដោយសារ​ស្មៀន​ឃុំ​ចាស់​បាន​ចូល​និវត្តន៍​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវការ​ឲ្យ​ស្មៀន​ថ្មី​ចូល​ធ្វើ​ការ​នៅ​ឃុំ​របស់​ពួក​គេ​ឡើយ។ អភិបាល​ស្រុក​ស្ទោង បញ្ជាក់​ថា សំណើ​សុំ​ស្មៀន​ថ្មី គឺ​ខាង​លោក​បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ តាម​រយៈ​អាជ្ញាធរ​ខេត្ត ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ជា​ផ្លូវការ​ទេ។

អាជ្ញាធរ​ឃុំ​ទ្រា ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ពន្លឿន​នីតិវិធី​ដើម្បី​ចេញ​សេចក្តី​សម្រេច​ជា​ផ្លូវការ​បញ្ជូន​ស្មៀន​ឃុំ​ថ្មី​មក​ជួយ​បំពេញ​ការងារ​នៅ​មូលដ្ឋាន​របស់​ពួក​គេ។

ការ​ស្នើ​នេះ ដោយ​អាជ្ញាធរ​ឃុំ​លើក​ឡើង​ថា ការងារ​ខ្លះ​ជា​កិច្ចការ​របស់​ស្មៀន​ឃុំ ហើយ​មេ​ឃុំ​ថ្មី គឺ​មិន​សូវ​យល់​ច្បាស់​ដូច​ស្មៀន​ទេ។

មេ​ឃុំ​ទ្រា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សាង សុត មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ស្មៀន​ឃុំ​ចាស់​ចូល​និវត្តន៍​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ អាជ្ញាធរ​ឃុំ​ក៏​បាន​ស្នើសុំ​ស្មៀន​ឃុំ​ថ្មី​ជំនួស។ ក្រោយ​មក​ដឹង​ដំណឹង​ថា ស្មៀន​ឃុំ​មក​ពី​ឃុំ​ពាមបាង នឹង​ធ្វើ​ការ​ជំនួស ប៉ុន្តែ​តាំង​ពី​នោះ​មក​មិន​ទាន់​មាន​សេចក្តី​សម្រេច​ជា​ផ្លូវការ​ចេញ​ពី​ក្រសួង​មហាផ្ទៃ ឡើយ ហើយ​នៅ​ពេល​មេ​ឃុំ​គណបក្ស​ប្រឆាំង​កាន់​តំណែង​ការងារ​នេះ ក៏​ស្ងាត់​សូន្យ​ទៅ​ទៀត។ មេ​ឃុំ​រូប​នេះ​បន្ត​ថា តាំង​ពី​ខែ​តុលា ស្មៀន​ឃុំ​ចាស់​គាត់​ចេះ​តែ​ជួយ​ធ្វើ​ការងារ​ឃុំ ទម្រាំ​មាន​ស្មៀន​ឃុំ​ថ្មី​ចូល​មក​ដល់ ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ខែ​មិថុនា ស្មៀន​ឃុំ​ចាស់ លោក​បាន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​កាន់​អំណាច ហើយ​គាត់​ក៏​មិន​បាន​ជួយ​ធ្វើ​ការ​ជំនួស​ស្មៀន​ទៀត​ឡើយ៖ «បញ្ហា​ធ្វើ​គ្រោង​ថវិកា បញ្ហា​ផែនការ​អភិវឌ្ឍន៍​អី ព្រោះ​ការ​នេះ​ជា​ការងារ​របស់​ស្មៀន»

មេ​ឃុំ​ដដែល​បារម្ភ​ថា ការងារ​ខ្លះ​នៅ​ក្នុង​ឃុំ នឹង​មិន​សូវ​បាន​រលូន ដោយសារ​មិន​ទាន់​មាន​ស្មៀន​ឃុំ​ថ្មី​មក​ជួយ​ការងារ និង​រៀបចំ​ផែនការ​ផ្សេងៗ ព្រម​ទាំង​រៀបចំ​ឯកសារ ជាដើម។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​ស្ទោង លោក ព្រឹម រដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ សីហា ថា​ខាង​លោក​បាន​ធ្វើ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ តាម​រយៈ​អាជ្ញាធរ​ខេត្ត ដើម្បី​រៀបចំ​ដាក់​ស្មៀន​ថ្មី​នៅ​ឃុំ​ទ្រា ដែរ ប៉ុន្តែ​សេចក្តី​សម្រេច​ជា​ផ្លូវការ នៅ​មិន​ទាន់​ធ្លាក់​មក​ទេ។ យ៉ាង​នេះ​ក្តី ខាង​លោក​ក៏​បាន​ចាត់ចែង​ដោះស្រាយ​ការងារ​នេះ​ជា​បណ្ដោះអាសន្ន​ដែរ៖ «អ៊ីចឹង​ខ្ញុំ​បាន​ដាក់​សំណើ​សុំ​ទៅ​ហើយ! ឥឡូវ​នេះ​មិន​ទាន់​ធ្លាក់ មិន​ទាន់​ធ្លាក់​នេះ ខ្ញុំ​បាន​ចេញ​លិខិត​បង្គាប់​ការ​ឲ្យ​ស្មៀន​ថ្មី​ទៅ​ធ្វើ​ការ​សិន»

បញ្ហា​មិន​ទាន់​មាន​ស្មៀន​ឃុំ​ធ្វើ​ការ គឺ​កើត​ឡើង​នៅ​ឃុំ​ទ្រា ហើយ​តំបន់​ផ្សេង​ទៀត​មិន​ទាន់​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា នីតិវិធី​ផ្លាស់ប្ដូរ​ស្មៀន​នៅ​ឃុំ​ទ្រា នេះ គឺ​មាន​ភាព​យឺតយ៉ាវ។ លោក​ថា នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ជា​អ្នក​រៀបចំ​ស្មៀន​ទៅ​កាន់​ឃុំ​នីមួយៗ​ដែល​មិន​ទាន់​មាន ឬ​ផ្លាស់ប្ដូរ​ដោយ​ប្រការ​ណា​មួយ៖ «រឿង​ខ្វះ​ស្មៀន​ហ្នឹង​កុំ​ថា​ឡើយ​មួយ​ឆ្នាំ តែ​មួយ​ខែ​ហ្នឹង​ក៏​អាច​ធ្វើ​ឲ្យ​ការងារ​រដ្ឋបាល​សាលា​ឃុំ-សង្កាត់​ហ្នឹង​មាន​ការ​ប៉ះពាល់​ដែរ»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ សីហា។

លោក​ថា ស្មៀន​ឃុំ គឺ​ជា​ធនធាន​មនុស្ស​សំខាន់​មួយ​ដើម្បី​ជួយ​បំពេញ​ការងារ​ដល់​ប្រធាន និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នីមួយៗ​ទៅ​តាម​ទម្រង់​នៃ​ច្បាប់។ លោក​បន្ថែម​ថា ឃុំ-សង្កាត់​ទាំងអស់​មិន​អាច​បំពេញ​ការងារ​ដោយ​រលូន​បាន​ទេ ប្រសិន​បើ​ឃុំ-សង្កាត់​នោះ​មិន​មាន​ស្មៀន​ជួយ ដូចជា​ត្រូវការ​លើក​ឡើង​ផែនការ​ផ្សេងៗ និង​រៀបចំ​កិច្ចការ​រដ្ឋបាល ជាដើម។ ជាង​នេះ​ទៀត ប្រសិន​បើ​គ្មាន​ការ​រៀបចំ ឬ​បែងចែក​ស្មៀន​ទៅ​កាន់​ឃុំ​ដែល​ខ្វះខាត​ឲ្យ​ទាន់​ពេលវេលា​តាម​តម្រូវការ​ទេ នឹង​ប៉ះពាល់​ដល់​ការងារ​នៅ​ក្នុង​ឃុំ​នោះ ព្រម​ទាំង​ប៉ះពាល់​គោល​នយោបាយ​វិមជ្ឈការ និង​សហ​វិមជ្ឈការ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហគមន៍​ជាំពេន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បង្ក្រាប​អ្នក​កាប់​ឈើ​គំរាម​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ

$
0
0

សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន នៅ​ភូមិ​បង្កើនផល ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ឈើ​ប្រណីត​ក្នុង​តំបន់​ការពារ​ទំហំ​ជាង ១.៨០០​ហិកតារ កំពុង​ទទួល​រង​ការ​កាប់​យក​ទៅ​ជួញដូរ​ខុសច្បាប់​ពី​ក្រុម​មនុស្ស​ដែល​ឆ្លង​មក​ពី​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ។

ក្រុម​អ្នក​មក​ពី​ខេត្ត​ផ្សេង​ទាំង​នោះ​មិន​ត្រឹមតែ​ចូល​កាប់​ឈើ​យក​ទៅ​ជួញដូរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អាវុធ​កែច្នៃ ហើយ​គំរាម​សម្លាប់​ក្រុម​សហគមន៍​ដែល​ដើរ​ល្បាត ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​ផង។

សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​សមត្ថកិច្ច និង​អាជ្ញាធរ​នៃ​ខេត្ត​ព្រះវិហារ ចាត់​វិធានការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​ជា​បន្ទាន់។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន គឺ​លោក រស់ លីន។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ថា បច្ចុប្បន្ន​ក្រុម​មនុស្ស​ដែល​ឆ្លង​ដែន​មក​ពី​ខេត្ត​កំពង់ធំ កំពុង​នាំ​គ្នា​កាប់​ឈើ​ប្រណិត​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​លោក​ជា​រៀងរាល់​ថ្ងៃ។ ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​ទាំង​នោះ មាន​អាវុធ​ច្នៃ ហើយ​តែង​គំរាម​សម្លាប់​ប្រជា​សហគមន៍​ដែល​ចុះ​ដើរ​ល្បាត និង​ចាប់​យក​ឈើ​ទាំង​នោះ​មក​វិញ។

លោក រស់ លីន បញ្ជាក់​ថា រូបលោក និង​សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ជា​ច្រើន​ទៀត លែង​ចង់​ហ៊ាន​ដើរ​ល្បាត​ការពារ​ព្រៃឈើ​ទៀត​ហើយ ដោយសារ​តែ​បច្ចុប្បន្ន​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​សាហាវ ហើយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​ណា​មួយ៖ «ជន​នេះ​ពួក​ខ្ញុំ​ស្គាល់​មុខ​ដដែលៗ ប្រចាំ​បោះ​ជំរំ នៅ​កាប់​ឈើ​ជា​អចិន្ត្រៃយ៍។ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​អត់​ឈឺឆ្អាល​ជាមួយ​ពួក​ខ្ញុំ​ដែល​ការពារ គឺ​ជនល្មើស​នៅ​តែ​កាប់​ឈើ​រាល់​ថ្ងៃ»

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន ឱ្យ​ដឹង​ថា លោក​ស្គាល់​ឈ្មោះ​មេខ្លោង​របស់​ក្រុម​អ្នក​កាប់​ឈើ​នោះ​ចំនួន ៤​នាក់ ដូចជា​ឈ្មោះ ថាច់ នៅ​ភូមិ​នីពេជ ឃុំ​នីពេជ ឈ្មោះ ម៉ុន ឈ្មោះ ខែត នៅ​ភូមិ​ស្រគំ និង​ឈ្មោះ សុខ នៅ​ភូមិ​ដំរីស្លាប់ ឃុំ​ដំរីស្លាប់ នៃ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

លោក រស់ លីន បញ្ជាក់​ថា លោក​ធ្លាប់​បាន​យក​ឈ្មោះ​អ្នក​ទាំង​នោះ​ទៅ​ប្រាប់​សមត្ថកិច្ច អាជ្ញាធរ​ស្រុក​រវៀង ព្រមទាំង​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​ឱ្យ​ជួយ​ចាត់​វិធានការ​បង្ក្រាប ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ចំណាត់​ការ​អ្វី​ទៅ​លើ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ឡើយ។

នាយក​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ​បឹងពែរ លោក មាស ញឹម មាន​ប្រសាសន៍​ថា កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រៃ​សហគមន៍​ជាំពេន ហើយ​ឃើញ​ពិត​ជា​មាន​ស្លាកស្នាម​កាប់​ឈើ​ខុស​ច្បាប់​មែន ក៏ប៉ុន្តែ​លោក​មិន​ដែល​ជួប​ក្រុម​អ្នក​កាប់​ឈើ​ទាំង​នោះ​ឡើយ។

មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​ក៏​ធ្លាប់​ឮ​សហគមន៍​ការពារ​ព្រៃឈើ​រាយការណ៍​ពី​ឈ្មោះ​អ្នក​កាប់​ឈើ​ទាំង​នោះ​ដែរ ប៉ុន្តែ​លោក​មិន​ដែល​ស្គាល់​មុខ ព្រម​ទាំង​នៅ​ក្នុង​សហគមន៍​នោះ​មាន​ជន​បង្កប់​របស់​អ្នក​កាប់​ឈើ​ផង ជា​ហេតុ​ធ្វើ​ឱ្យ​ផែនការ​បង្ក្រាប​ជា​ច្រើន​លើក​មិន​ដែល​ជោគជ័យ៖ «យើង​នឹង​ត្រៀម​ផែនការ​មួយ​សម្ងាត់​បំផុត ចុះ​ទៅ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន នោះ»

រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ព្រៃឈើ​ក្នុង​សហគមន៍​ជាំពេន ត្រូវ​ក្រុម​មនុស្ស​មក​ពី​ខេត្ត​ផ្សេង​ចូល​ទៅ​កាប់​រាប់​រយ​ដើម​យក​ទៅ​ជួញដូរ​ខុស​ច្បាប់។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅ​ទី​នោះ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ទេ បាន​ជា​វិធានការ​បង្ក្រាប​ជា​ច្រើន​លើក​មក​ហើយ​មិន​បាន​ជោគជ័យ។ លោក ប៉ិក សោភ័ណ សង្ស័យ​ថា អាច​មាន​មន្ត្រី​ខ្លះ​បាន​ទទួល​ផលប្រយោជន៍​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ ទើប​បាន​ជា​មិនសូវ​ខ្នះខ្នែង​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ទាំង​ស្រុង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ពី​ថ្ងៃ​ទី​១៧-២០​សីហា

$
0
0

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ឲ្យ​សាធារណជន មន្ត្រី​រាជការ ជាពិសេស​អ្នក​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹក​ភ្លៀង ដែល​អាច​នឹង​កើត​ឡើង​អំឡុង​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​សីហា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​សីហា ឲ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា មាន​ការ​ប្រែប្រួល​ស្ទើរ​ទូទាំង​ប្រទេស ដោយសារ​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ជាមួយ​នឹង​ផ្គរ​រន្ទះ និង​បង្ក​ឲ្យ​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា អាកាសធាតុ​សម្ពាធ​ទាប​នេះ​ចាប់​ផ្តើម​ពី​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្ពោះ​ទៅ​ដល់​ប្រទេស​ថៃ និង​ឆ្លង​កាត់​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​នឹង​ប្រជុំ​លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នៅ​ថ្ងៃ​២១ សីហា

$
0
0

អគ្គលេខាធិការ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រឆាំង​ស្នើ ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា លោក ហេង សំរិន អនុញ្ញាត​ឲ្យ​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។

​ទោះ​ជា​លោក ហេង សំរិន បាន​បើក​ផ្លូវ​ឲ្យ​មាន​កិច្ចប្រជុំ​លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ប៉ុន្តែ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក គីមសួរ ភីរិទ្ធ មិន​សង្ឃឹម​ថា សំណើ​នេះ​មាន​ការ​ឯកភាព​ពី​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។ សម្រាប់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង នឹង​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​បញ្ជាក់​ជំហរ និង​ការ​ទាមទារ ប្រសិន​បើ​សំណើ​នេះ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មែន​នោះ៖ «ខ្ញុំ​ទោះ​បី​មិន​បាន​ទទួល​ក៏​ដឹង​ថា ប្រហែល​ជា​មិន​វិជ្ជមាន​ដែរ ព្រោះ​អ្វី​ដែល​យើង​ស្នើ​ទៅ​ហ្នឹង មិន​ដែល​ទទួល​ទេ»

សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ទៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា គឺ​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា ខ្លួន​គ្មាន​សិទ្ធិ​អំណាច​ជួយ​សម្រួល​ឲ្យ​ពលករ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស ដូច​អ្វី​ដែល​ក្រុម​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ចង់​បាន​នោះ។

​អ្នក​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រកាស​ជំហរ​របស់​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ថា មិន​ចូល​រួម​សហការ​ជាមួយ​គណបក្ស​ប្រឆាំង​ក្នុង​ការ​កែប្រែ​ច្បាប់​នេះ​ទេ ព្រោះ​ជា​ច្បាប់​ដែល​បំផ្លាញ​ឆ្នាំង​បាយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឲ្យ​រវល់​នឹង​រឿង​បោះ​ឆ្នោត។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា លោក​មិន​ទាន់​ច្បាស់​ទេ​ថា នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ក្រុម​តំណាងរាស្ត្រ​ដែល​ជា​ថ្នាក់ដឹកនាំ​រដ្ឋ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ឯកភាព​បញ្ជូន​សំណើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ​ទៅ​សភា​ពេញ​អង្គ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោក សុខ ឥសាន ឆ្ងល់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត ធ្វើ​នៅ​តាម​ស្ថាន​ឯកអគ្គរាជទូត ឬ​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ក្រៅ​ប្រទេស តើ​ការ​ចុះ​ឈ្មោះ និង​បញ្ជី​ឈ្មោះ​នោះ​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ណា​មួយ៖ «សួរ​ថា ទៅ​បោះ​នៅ​បាងកក (ប្រទេស​ថៃ) ហ្នឹង យក​លទ្ធផល​បោះ​ឆ្នោត​មក​ដាក់​នៅ​មណ្ឌល​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា? ឲ្យ​គាត់ (អ្នក​ស្នើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត) ឆ្លើយ​តែ​ប៉ុណ្ណឹង​ហ្នឹង បើ​គាត់​ឆ្លើយ​តែ​ប៉ុណ្ណឹង​ហ្នឹង​រួច អា​ហ្នឹង​ទៅ​រួច​ហើយ តែ​បើ​ឆ្លើយ​មិន​រួច​ទេ គឺ​ថា ទៅ​មិន​រួច​ទេ»

​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ពលរដ្ឋ​ប្រមាណ ១,២​លាន​សែន​នាក់ គឺ​ជា​ពលករ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស ដែល គ.ជ.ប រំពឹង​ថា នឹង​នាំ​គ្នា​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ថ្វីត្បិតតែ​ពេល​វេលា​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​មិន​ដល់ ១​ខែ​ទៀត​ក្ដី ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​បញ្ជូន​សំណើ​សុំ​កែប្រែ​ច្បាប់​ដើម្បី​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ពលករ​ទាំង​នេះ។ សំណើ​នេះ ត្រូវ​ដាក់​ទៅ​ដល់​រដ្ឋសភា​ដោយ​ស្នើ​ឲ្យ​លោក ហេង សំរិន ដាក់​សេចក្ដី​ស្នើ​ច្បាប់​នេះ​ជូន​ទៅ​រដ្ឋ​សភា​ពិនិត្យ និង​អនុម័ត ដោយ​ចាត់​ទុក​ជា​ការ​ប្រញាប់។

​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មើល​ឃើញ​ថា សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ពិបាក​ក្នុង​ការ​ចេញ ដោយសារ​គណបក្ស​កាន់​អំណាច​នៅ​តែ​យល់​ថា មាន​ឧបសគ្គ​ច្រើន។ ចំពោះ​ឧបសគ្គ​ដែល​លោក សុខ ឥសាន លើក​ឡើង សង្គម​ស៊ីវិល​យល់​ថា ច្បាប់​បោះ​ឆ្នោត​គួរ​តែ​វិសោធនកម្ម​ពី​ប្រព័ន្ធ​សមាមាត្រ ទៅ​ជា​ប្រព័ន្ធ​ចម្រុះ ដូច្នេះ​មិន​ពិបាក​ក្នុង​ការ​ដោះស្រាយ​សន្លឹក​ឆ្នោត​ដាក់​ក្នុង​មណ្ឌល​ណា​នោះ​ទេ៖ «អា​នេះ​បើ​សិន​ជា​យើង​អាច​ធ្វើ​វិសោធនកម្ម​បាន វា​មិន​មែន​​ត្រឹម​តែ​ធ្វើ​វិសោធនកម្ម​អំពី​ការ​ចុះ​ឈ្មោះ​ប៉ុណ្ណឹង​ហ្នឹង​ទេ ត្រូវ​ធ្វើ​វិសោធនកម្ម​ទាំង​ប្រព័ន្ធ​បោះឆ្នោត​ហ្នឹង​ដែរ មាន​ន័យ​ថា ត្រូវ​ធ្វើ​វិសោធនកម្ម​ប្រព័ន្ធ​បោះឆ្នោត​ទៀត»

​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​នាក់​យក​ជា​សំអាង​ស្នើ​ទៅ​រដ្ឋ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ចែង​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស​ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ តំណាងរាស្ត្រ​ទាំង​នេះ​ជំរុញ​ឲ្យ គ.ជ.ប សម្រេច​បង្កើត​ការិយាល័យ​មួយ ឬ​ច្រើន​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ស្ថានទូត ស្ថាន​កុងស៊ុល ប្រចាំ​ប្រទេស​នីមួយៗ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ ឬ​រស់​នៅ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួកគេ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត។

​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត​យល់​ថា ឆ្លង​កាត់​បទពិសោធន៍​នៃ​ការ​បោះឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣ មក កម្ពុជា​គួរ​មាន​លទ្ធភាព​បង្កើត​ការ​ចុះ​ឈ្មោះ ឬ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន ហើយ​បើ​ប្រៀបធៀប​លក្ខខណ្ឌ​បោះឆ្នោត​រវាង​កម្ពុជា និង​ប្រទេស​ភូមា កម្ពុជា​មាន​លក្ខខណ្ឌ​ល្អ​ទាំង​បច្ចេកទេស ធនធាន និង​ជំនួយ​ពី​បរទេស មិន​គួរ​ធ្វើ​មិន​កើត ខណៈ​ដែល​ប្រទេស​ភូមា អាច​បង្កើត​ប្រព័ន្ធ​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​អយ្យការ​បញ្ជូន​អង្គរក្ស​លោក សួន សេរីរដ្ឋា ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន

$
0
0

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ សម្រេច​បញ្ជូន​អង្គរក្ស​របស់​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ដោយ​អះអាង​ថា ក្រោយ​ពី​ធ្វើ​តេស្ដ​ទឹក​នោម ឃើញ​មាន​សារធាតុ​ញៀន។

ការ​សម្រេច​បញ្ជូន​ខ្លួន​អង្គរក្ស​របស់​លោក សួន សេរីរដ្ឋា ឈ្មោះ ម៉ុម សួង ដែល​ជា​អណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នៅ​ខណ្ឌ​សែនសុខ នោះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សៀង សុខ បញ្ចប់​ការ​សាកសួរ​ពី​ដំណើរ​រឿង​រក្សា​ទុក​អាវុធ​ខុស​ច្បាប់ និង​ធ្វើ​តេស្ដ​ទឹក​នោម​មាន​សារធាតុ​ញៀន។ ព្រះរាជអាជ្ញា​រង លោក សៀង សុខ រក​មិន​ឃើញ​បទ​ចោទ​ណា​មួយ​ដែល​ថា ជន​សង្ស័យ​ឈ្មោះ ម៉ុម សួង មាន​លាក់​ទុក​អាវុធ​ខុស​ច្បាប់​នោះ​ទេ ព្រោះ​នោះ​ជា​កាំភ្លើង​ជ័រ ប៉ុន្តែ​អះអាង​ថា​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹក​នោម​វិញ។

កាល​ពី​ថ្ងៃ​ទី​១៥ សីហា ខណៈ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ លើ​រឿង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ជា​ក្រុម​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចោទ​ថា​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ លោក ម៉ុម សួង ក៏​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សាកសួរ​លើ​រឿង​លាក់​ទុក​អាវុធ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​២​ពាន់​នាក់​ដាក់​លិខិត​ចំហ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស​សុំ​ទោស

$
0
0

ពលរដ្ឋ​ជាង ២​ពាន់​នាក់​ដែល​បាន​ចូលរួម​តាម​អនឡាញ (online) ឈ្មោះ ​ឆេង ដត អូអជី (Change.org) បាន​គាំទ្រ​លិខិត​ចំហ​ដាក់​ទៅ​ស្ថាប័ន​៣ តម្រូវ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី សុំ​ទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី និង​គ្រួសារ។

លិខិត​ចំហ​នេះ ត្រូវ​បាន​អ្នក​តំណាង​ផ្ញើ​ជូន​ស្ថាប័ន​ទាំង​៣ គឺ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ស្នើ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ទាំង ២​នាក់ សុំ​ទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី និង​គ្រួសារ ដែល​រង​ការ​រំលោភ​ផ្លូវ​ភេទ​កាល​ពី​ដើម​ខែ​សីហា ដោយ​អ្នក​រត់​តាក់ស៊ី ២​នាក់ ក្នុង​ពេល​ដែល​នារី​រងគ្រោះ​ជិះ​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង។

លិខិត​នេះ​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ព័ត៌មាន ដែរ ក្នុង​បំណង​ជំរុញ​ឲ្យ​ពិនិត្យ​មើល​ចំពោះ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស ដែល​គេ​យល់​ថា បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ និង​ព្យាយាម​ស្ដីបន្ទោស​ដល់​ស្ត្រី​រងគ្រោះ ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​ព័ត៌មាន អំពើ​ហិង្សា​លើ​ស្ត្រី​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី នា​ពេល​ថ្មីៗ​នេះ។

សកម្មជន​ស្ត្រី​នៅ​ក្នុង​យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាន (Change.org) និង​ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​យេនឌ័រ អ្នកស្រី ស៊ឹម ចិន្តា សង្ឃឹម​ថា ស្ថាប័ន​ទាំង​៣ នឹង​ពិចារណា​ចំពោះ​សំណើ​នេះ«គោល​បំណង​ធំ​នៅ​ក្នុង​លិខិត​យើង​នេះ គឺ​ផ្ញើ​ជូន​ទៅ​ទូរទស្សន៍​ហង្សមាស តែ​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ព័ត៌មាន គឺ​យើង​ចម្លង​ជូន​ពួក​គាត់ ដោយសារ​ស្ថាប័ន​ទាំង​ពីរ គឺ​ទើប​តែ​ចុះ​ហត្ថលេខា​រួម​ថ្មីៗ​នេះ​ទៅ​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​គាត់​បាន​ឮ និង​ជួយ​រំលឹក​ធ្វើ​វិធានការ​ផ្សេងៗ ធ្វើ​ម៉េច​ឲ្យ​ក្រម​នេះ​គេ​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​អត់​ប្រាសចាក​ពី​ក្រម​នេះ»

នៅ​ក្នុង​លិខិត​ចំហ​ដែល​គេ​ដាក់​ជូន​ស្ថាប័ន​ទាំង​៣ នេះ បាន​ស្រង់​សម្ដី​របស់​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ថា​បើ​រំលោភៗ​ចុះ កុំ​សម្លាប់ បើ​គេ​រំលោភ​កុំ​ជេរ​ប្រមាថ​គេ សម្របសម្រួល​តាម​គេ​ទៅ បើ​រំលោភ​ហើយ​មិន​ព្រម​ទុក​ប្រើប្រាស់​តទៅទៀត យុទ្ធសាស្ត្រ​របស់​ស្រីៗ បើ​ចូល​ក្នុង​កណ្ដាប់ដៃ​គេ​ហើយ ធ្វើ​ឲ្យ​ទន់ភ្លន់ ពេល​យប់​ព្រលប់​ស្ងាត់​កុំ​សូវ​ហ៊ាន​ពេក និង​មិន​គួរ​ធ្វើ​ដំណើរ​តាម​ប្រភេទ​តាក់ស៊ី​ម៉ៅ វា​គ្រោះថ្នាក់​ដល់​យើង​អ៊ីចឹង ជាដើម។ ម្យ៉ាង​វិញ​ទៀត ខ្លឹមសារ​លិខិត​នេះ ពួក​គេ​រឹត​តែ​មិន​ទទួល​យក​ចំពោះ​ការ​បកស្រាយ​របស់​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ដែល​បាន​បកស្រាយ​ថា គាត់​និយាយ​កំប្លែង​លេង​ដើម្បី​កុំ​ឲ្យ​អ្នក​ទស្សនា​ធុញទ្រាន់ ហើយ​ចរិត​របស់​ពួក​គាត់​ជា​អ្នក​ចូល​ចិត្ត​លេង​សើច។ ប្រការ​នេះ អ្នក​ទាមទារ​យល់​ថា មិន​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី និង​ស្នើ​ឲ្យ​បញ្ឈប់​នូវ​រាល់​ទង្វើ ឬ​ការ​អត្ថាធិប្បាយ​ទាំងឡាយ​ណា​ដែល​ចាត់​ទុក​ស្ត្រី​ជា​កម្មវត្ថុ នៃ​ការ​និយាយ​កំប្លែង​លេង​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ហិង្សា​លើ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​រាយការណ៍​ពិសេស​អ.ស.ប អ្នកស្រី រ៉ូណា ស្មីត ជួប​មន្ត្រី​គ.ជ.ប

$
0
0

អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិទទួល​បន្ទុក​​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នា​ទីស្ដីការ​គ..ប នៅ​ព្រឹក​ថ្ងៃ​ទី១៧ សីហា។

ជំនួប​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល អ្នកស្រី រ៉ូណា ស្មីត បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​ពេល​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល ហើយ​បាន​ចូល​សួរ​សុខទុក្ខ​អ្នកទោស​ក្នុង​ពន្ធនាគារ រួម​នឹង​ចូលរួម​ការ​ប្រារព្ធ​ខួប​១ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​បរិស្ថាន​នឹង​បញ្ចប់​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៧

$
0
0

ក្រសួង​បរិស្ថាន នឹង​បញ្ចប់​ការ​តាក់តែង​សេចក្ដី​ព្រាង​ស្ដីពី​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ បច្ចុប្បន្ន សេចក្ដីព្រាង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​នៅ​ឡើយ។

ស្រប​ពេល​សេចក្ដី​ព្រាង​នេះ កំពុង​ដាក់​ឲ្យ​ពិភាក្សា​នៅ​ឡើយ​នោះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា ការ​តាក់តែង​ក្រម​នេះ​ឡើង គឺ​មិន​មែន​ក្នុង​គោល​បំណង​ដើម្បី​ក្ដោបក្ដាប់​កិច្ចការ​របស់​ក្រសួង​ដទៃ​ទៀត ប៉ុន្តែ​ក្រម​ថ្មីស្រឡាង​នេះ នឹង​ជា​ជំនួយ​ស្មារតី​ដ៏​ចាំបាច់​មួយ​សម្រាប់​ការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​កម្រិត​ថ្នាក់​ជាតិ​ជា​ច្រើន​រយ​នាក់​លើក​ទី​៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា នៅ​សណ្ឋាគារ​ភ្នំពេញ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បញ្ជាក់​ថា ក្រម​បរិស្ថាន​នេះ គឺ​ជា​ការ​ផ្ដួចផ្ដើម​គំនិត​ឡើង​ចេញ​ពី​ក្រដាស​ស​ទទេ​សុទ្ធ។ ប៉ុន្តែ​ឆ្លង​ការ​ពិគ្រោះ​យោបល់​ពី​តាម​មន្ទីរ និង​នាយកដ្ឋាន​នានា អស់​ពេល​ដ៏​យូរ ក្រម​នេះ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង។

លោក​បន្ត​ថា ក្រម​ស្ដីពី​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ គឺ​យក​តាម​លំនាំ​ច្បាប់​ជា​គោល ២​ប្រទេស គឺ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក៖ «គ្រាន់​តែ​ចង់​ថា ឲ្យ​យើង​រៀបចំ​ច្បាប់​នេះ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ច្បាប់​នេះ​ពិត​ណាស់ បាន​ព្រាង​ប្រៀបធៀប​នឹង​ច្បាប់​ដែល​បាន​សរសេរ​ទៅ​នឹង​លោក​ខាង​លិច ជា​ប្រទេស​ជឿនលឿន ជា​ប្រទេស​មាន​ឧស្សាហកម្ម ជា​ប្រទេស​មាន​ឥទ្ធិពល​ខាង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​យោធា»

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នេះ​ជា​ក្រម​លើក​ទី១​ហើយ​របស់​កម្ពុជា​ផ្នែក​បរិស្ថាន។ ជាង​នេះ​ទៀត ការ​បើក​ទំព័រ​ថ្មី​នេះ ក៏​ជា​ការ​បោះ​ជំហាន​មុន​គេ​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន។ ក្រម​បរិស្ថាន​នេះ បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ពិគ្រោះ​យោបល់ និង​សេចក្ដី​ព្រាង​លើក​ទី​៩ ហើយ ក្រោយ​ការ​បង្កើត​ឡើង​តាំង​ពី២០១៦ មក។

ទីប្រឹក្សា​ផ្នែក​ច្បាប់​នៃ​ក្រុម​មេធាវី វិស្ណុ លោក ប្រាយអិន រ៉ូហាន () ប្រាប់​ក្រុម​អ្នក​កាសែត​ថា សេចក្ដី​ព្រាង​នៃ​ក្រម​បរិស្ថាន​នេះ មិន​មែន​សម្រាប់​តែ​ក្រសួង​សាមី​ទេ គឺ​ក្រសួង​បរិស្ថាន​ទេ ដែល​មាន​មុខងារ​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ចំពោះ​ក្រម​ថ្មី​នេះ។ លោក​បន្ត​ថា ក្រម​នេះ​គឺ​ស្ទើរ​តែ​គ្រប់​ក្រសួង​ដែល​ត្រូវ​អនុវត្ត​ដែរ ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា មាន​ចិរភាព។ ជាង​នេះ​ទៀត ទីប្រឹក្សា​ច្បាប់​រូប​នេះ​អះអាង​ថា ដោយ​មើល​ឃើញ​ពី​ភាព​ចាំបាច់ និង​ឆ្លង​ការ​ពិគ្រោះ​យោបល់​ដ៏​ល្អិតល្អន់ ជា​ពិសេស​តម្រូវការ​របស់​សង្គម ក្រម​នេះ​នឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត យ៉ាង​យូរ​បំផុត​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ៖ «ឥឡូវ​តាម​ផែនការ​ដើម្បី​អនុវត្ត​ក្រម​បរិស្ថាន​ទៅ​រក​សភា​ជាតិ​វា​នៅ​ក្នុង​ឆ្នាំ​ហ្នឹង ខែ​១២ ឆ្នាំ​ហ្នឹង (២០១៧)»

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​រិះគន់​ការ​បញ្ជ្រាប​ផ្នែក​បរិស្ថាន តាម​រយៈ​អង្គ​មីទីង ឬ​សិក្ខាសាលា​ថា ជា​វិធីសាស្ត្រ​ចាស់​គំរឹល ឬ​ហួស​សម័យ​ណាស់​ពេក​ទៅ​ហើយ។ បើ​តាម​រដ្ឋមន្ត្រី​រូប​នេះ អ្វី​ដែល​ចាំ​បាច់​គឺ​ត្រូវ​បណ្ដុះ​ពលរដ្ឋ​ឲ្យ​ដឹង​ពី​ការ​ការពារ និង​ថែ​រក្សា​បរិស្ថាន​តាំង​ពី​ថ្នាក់​កុមារ​ឋាន​ឡើង​ទៅ។ ក្រម​ថ្មី​នេះ ក៏​បាន​ដាក់​បញ្ចូល​ការ​អភិរក្ស​សត្វព្រៃ ដែល​វា​ពុំ​ទាន់​មាន​ច្បាប់​ពិសេស​ណា​មួយ​នៅ​ឡើយ​នៅ​កម្ពុជា និង​មាន​បញ្ញត្តិ​ពី​បទ​ល្មើស​ផង។

ឯកសារ​ដែល​ចែក​ចាយ​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​៥ ស្ដីពី​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ នៅ​ពុំ​ទាន់​មាន​ជំពូក និង​មាត្រា​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ព្រោះ​ក្រម​នេះ​កំពុង​ស្ថិត​ក្នុង​សេចក្ដី​ព្រាង និង​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​នៅ​ឡើយ។

បើ​ទោះ​ជា​បែប​ណា សេចក្ដី​ព្រាង​នេះ បាន​បង្ហាញ​អំពី​មាតិកា​មួយ​ចំនួន​រួម​មាន បទល្មើស​ពាក់ព័ន្ធ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ប្រភេទ​នៃ​បណ្ដឹង ភាគី​នៃ​បណ្ដឹង​បរិស្ថាន និង​ធនធាន​ធម្មជាតិ យន្តការ​ដោះស្រាយ​បណ្ដឹង​បរិស្ថាន និង​ធនធាន​ធម្មជាតិ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ដោះស្រាយ​វិវាទ​ក្នុង​ប្រព័ន្ធ​តុលាការ ហើយ​ចុង​ក្រោយ​គឺ​លំហូរ​នីតិវិធី​ដោះស្រាយ​វិវាទ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ក្រម​បរិស្ថាន​នេះ មាន​កម្រាស់​ជាង ៤០០​ទំព័រ និង​មាន​មាតិកា​ប្រមាណ ៤០​មាតិកា ហើយ​ក៏​ជា​ក្រម​មុន​ដំបូង​គេ​បង្អស់​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​អភិរក្ស​ព្រៃឈើ​ខេត្ត​រតនគិរី​ថា​អាជ្ញាធរ​ភូមិ​ឃុំ​គំរាម​និង​បំភិតបំភ័យ​អ្នក​ការពារ​ព្រៃឈើ

$
0
0

ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​រក​ឃើញ​បទល្មើស​កាប់​រាន​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ អះអាង​ថា ក្រុម​អាជ្ញាធរ​ភូមិ និង​ឃុំ ព្យាយាម​គំរាមកំហែង និង​បំបាក់​ស្មារតី​សមាជិក​សហគមន៍ បន្ទាប់​ពី​សហគមន៍​នាំ​គ្នា​ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ និង​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ដែល​សហគមន៍​ចាត់​ទុក​ថា មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ។

តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើបអង្កេត​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ថ្នាក់​ភូមិ និង​ឃុំ ដែល​មិន​បាន​បម្រើ​រាស្ត្រ​ពិត​ប្រាកដ ហើយ​ព្យាយាម​បង្ក​បញ្ហា ខណៈ​សហគមន៍​ខិតខំ​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ កំពុង​រង​ការ​កាប់​រាន​យក​ឈើ និង​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា អ្នក​ភូមិ​សមុទ្រក្រោម ២០​នាក់ រួម​ជាមួយ​អ្នក​សារព័ត៌មាន និង​មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រឈម​ទៅ​នឹង​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ និង​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ប្រដាប់​អាវុធ​មាន​គ្នា​សរុប ៦​នាក់ បាន​មក​ថត​ផ្ទះ​សហគមន៍ និង​រថយន្ត​របស់​អ្នក​សារព័ត៌មាន​ដែល​ផ្ញើ​ទុក​នៅ​ភូមិ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​អាត កន្លែង​ដែល​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ព្រៃឈើ​រាប់​សិប​ហិកតារ​ថ្មី​ទៀត​ត្រូវ​គេ​កាប់​រាន​ជា​លើក​ទី​បី​ដើម្បី​យក​ដី។ ក្រុម​សមត្ថកិច្ច​ទាំង​នោះ​បាន​ស្ទាក់ផ្លូវ​ធ្វើ​ដំណើរ​​អ្នក​ភូមិ និង​អ្នក​រួម​ដំណើរ និង​សួរ​រក​លិខិត​អនុញ្ញាត​ចូល​ព្រៃ​ដែន​ជម្រក​ និង​ទាមទារ​ឲ្យ​សុំ​ការ​អនុញ្ញាត​ទើប​អាច​ចូល​ព្រៃ​បាន។

តំណាង​សហគមន៍ លោក តូច ផល្លា បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​លើក​ទឹក​ចិត្ត​សកម្មជន​ដែល​ជា​អ្នក​សកម្ម​ក្នុង​ការពារ​ព្រៃឈើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​រក​វិធី​ស្តី​បន្ទាស និង​ចាប់​កំហុស​បំបាក់​ស្មារតី​អ្នក​ភូមិ​ទៅ​វិញ។ លោក​កត់សំគាល់​ថា អ្នក​ភូមិ​ត្រូវ​ការ​ការ​ចូលរួម​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ក៏​ប៉ុន្តែ​ខណៈ​អ្នក​ភូមិ​អញ្ជើញ​មន្ត្រី​ទាំង​នោះ​ចុះ​ល្បាត​ព្រៃ​ពួក​គេ​មិន​ចូល​រួម​ទេ ប៉ុន្តែ​បែរ​ជា​ចោទ​អ្នក​ភូមិ​ថា ចូល​ព្រៃ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ៖ «ពួក​ខ្ញុំ​អ្នក​ការពារ​ដី ការពារ​ព្រៃឈើ ហើយ​ដល់​គាត់​គាប​សង្កត់​អ៊ីចឹង​ខ្ញុំ​មាន​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត អារម្មណ៍​របស់​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច។ គាត់​ខឹង​ថា ខ្ញុំ​ហ្នឹង​ចេញ​មុខ​រឿង​ស្អី​ក៏​ខ្ញុំៗ បាន​គាត់​ទៅ​ថត​ដី​ខ្ញុំ​ហ្នឹង (ប្រធាន​ភូមិ)»

ចាប់​ពី​ចុង​ខែ​មិថុនា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៨ ខែ​សីហា ពលរដ្ឋ​ភូមិ​សមុទ្រក្រោម បាន​ចូល​ព្រៃ​ដាក់ អន្ទាក់​សត្វ និង​ស្វែង​រក​គោ បាន​ប្រទះ​ឃើញ​ព្រៃឈើ​នៅ​ខាងជើង​ភ្នំ​អាត ត្រូវ​គេ​អារ​រំលំ​ចំនួន​បី​លើក។ តាម​ការ​ប៉ាន់​ស្មាន ព្រៃ​ជាង ១០០​ហិកតារ​ត្រូវ​បាន​អារ​រំលំ មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ពីរ​នាក់ ដែល​ចូល​ព្រៃ​ផ្សេង​គ្នា​អះអាង​ថា បាន​ប្រទះ​ឃើញ​សកម្មភាព​អារ​រំលំ​ឈើ​ដោយ​ប្រើ​ម៉ាស៊ីន​កាត់​ឈើ។ អ្នក​អារ​ឈើ​ពីរ​នាក់​ដែល​អ្នក​ភូមិ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​បញ្ជាក់​​ថា ពួកគេ​ជា​អ្នក​ស៊ី​ឈ្នួល​អារ​រំលំ​ឈើ ក៏​ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​ជួល​ជា​នរណា​​នោះ​ទេ៖ «កាប់​ខ្ញុំ​ឃើញ​អ្នក​ភូមិ​ហ្នឹង​ហើយ»

មេ​ឃុំ​សេដា លោក អង្គ ប៊ុនធាន បដិសេធ​ថា អាជ្ញាធរ​មិន​បាន​គំរាម​បំបាក់​ស្មារតី​ពលរដ្ឋ​អ្នក​ការពារ​ព្រៃឈើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​ដែល​ចូល​ព្រៃ​គ្មាន​​ការ​សហការ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន។ លោក​ទទួល​ស្គាល់​ថា ពិតជា​មាន​ការ​កាប់​រាន​ព្រៃឈើ​ខុសច្បាប់ ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​រួច​ហើយ៖ «អា​ហ្នឹង​ជា​រឿង​គាត់​ថា ប៉ុន្តែ​ខ្ញុំ​អត់​មាន​គំរាម​គាត់ ឬ​ក៏​ប្រើ​អំណាច​យ៉ាង​នេះ យ៉ាង​នោះ​ទៅ​លើ​គាត់​ទេ។ បាទ! កាល​មុន​មាន​អ្នក​កាប់​ឈើ​ខ្ញុំ​ក៏​ប្រាប់​ទៅ​ប៉ុស្តិ៍ ប៉ុស្តិ៍​ក៏​ទាក់ទង​ទៅ​បរិស្ថាន​ទៅ​មើល​គេ​កាប់​មែន​ម្ដង​នេះ​អត់​មាន​អ្នក​ណា​កាប់​ទៀត​ទេ ទៅ​ទប់ស្កាត់​អស់​ហើយ»

ជនជាតិ​ដើម​ភាគ​តិច​ឃុំ​សេដា បាន​ថែរក្សា និង​អាស្រ័យ​ផល​ព្រៃឈើ​នៅ​តំបន់​ភ្នំ​អាត តាម​ប្រពៃណី​ច្រើន​ជំនាន់​មក​ហើយ។ បច្ចុប្បន្ន​សហគមន៍​បាន​ស្នើ​សុំ​កាត់​ចេញ​ពី​ព្រៃ​ដែន​ជម្រក​សត្វ​បង្កើត​ជា​ព្រៃ​អភិរក្ស​សហគមន៍​ផ្លូវ​ការ​ប្រមាណ ៣​ពាន់​ហិកតារ។ ករណី​នេះ​អាជ្ញាធរ​កំពុង​រៀបចំ​​ឯកសារ​កាត់​ចេញ​ដី​ជាង ១.២០០​ហិកតារ ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស។

នាយក​ស្ដីទី​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក សាន សានី ទទួល​ស្គាល់​ថា ​ដី​ចាប់​ពី​ភ្នំ​អាត មក​ខាង​ជើង អាជ្ញាធរ​កំពុង​រៀបចំ​ស្នើ​ទៅ​ថ្នាក់​ជាតិ​កាត់​ចេញ​ពី​ដែន​ជម្រក​សត្វ​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​អនុរក្ស។ ហេតុ​នេះ​ការ​ចេញ​ចូល​តំបន់​ដែន​​ជម្រក​សត្វ​ព្រៃ​ត្រូវ​សុំ​ការ​អនុញ្ញាត និង​ការ​សហការ​ពី​មន្ត្រី​អនុរក្ស។ លោក​ថា ក្រុម​អនុរក្ស​បាន​រៀប​​​ចំ​ឯកសារ​ប្ដឹង​ជន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​យក​ដី​នោះ​ហើយ ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពិស្ដារ​ពី​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ​នោះ​ទេ។

តំណាង​អ្នកភូមិ​សមុទ្រក្រោម ចំនួន ៩​នាក់ បាន​ដាក់​បណ្ដឹង​បរិហារ​ក្រុម​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន ៧​នាក់​ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា បាន​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ជូន​អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី កាល​ពី​ខែ​កក្កដា។ ទន្ទឹម​នោះ​ដែរ​សហគមន៍​បាន​​រក​ឃើញ​ឯកសារ​កិច្ច​សន្យា​ទិញ​លក់​ឈើ​មូល​ធ្វើ​ឡើង​ដោយ​មេភូមិ​អនុប្រធាន​ភូមិ​រួម​ជាមួយ។

ប្រធាន​អនុប្រធាន​សហគមន៍​ភូមិ​សមុទ្រក្រោម ដែល​បាន​ផ្ដិត​មេដៃ​លក់​ដើម​ឈើ​នៅ​ចំណុច​ភ្នំ​អាត ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទៅ​ឲ្យ​ឈ្មួញ​កាល​ពី​ចុង​ឆ្នាំ​២០១៦ មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ​ទៀត​ផង។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ភ្នំ​អាត ថា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ខណៈ​ឈើ​មាន​តម្លៃ​រាប់ពាន់​ដើម​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម និង​ព្រៃឈើ​រាប់​រយ​ហិកតារ​ត្រូវ​គេ​រាន​យក​ដី​ខុស​ច្បាប់។ លោក​ថា មន្ត្រី​អនុរក្ស​ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ ហេតុនេះ​បណ្ដឹង​បរិហារ​របស់​សហគមន៍​គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់​ស៊ើប​អង្កេត​រក​ជនល្មើស​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ លើស​ពី​នេះ​ទៀត លោក​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​បំភិតបំភ័យ​ទៅ​លើ​ពលរដ្ឋ​ជា​អ្នក​ចូល​រួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ស្រប​តាម​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ទិដ្ឋភាព​ដែល​ខ្ញុំ​មើល​ឃើញ​នេះ​មិន​មែន​មនុស្ស​ធម្មតា​អាច​ប្រព្រឹត្ត​បទល្មើស​គគ្រឹកគគ្រេង​យ៉ាង​នេះ​​ធ្វើ​បាន​ទេ ប្រាកដ​មាន​អ្នក​សម្រួល អ្នក​ផ្ដល់​ការ​អនុញ្ញាត និង​អ្នក​ចូលរួម»

នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា សហគមន៍​ភូមិ​សមុទ្រក្រោម ជាង ៥០​នាក់ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​អង្គការ​បណ្ដាញ​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី (ICSO)។ ក្នុង​កិច្ចប្រជុំ​នោះ​ ​សហគមន៍​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ផង​ដែរ​ទៅ​លើ​ដី​ព្រៃ​កប់​សព​ដី​ត្រៀម​បម្រុង​សម្រាប់​​សាងសង់​ប៉ុស្តិ៍​សុខភាព សង់​អគារ​គណបក្ស និង​ដី​សម្រាប់​សាងសង់​សាលាឃុំ​ដែល​អ្នក​ភូមិ​អះអាង​​ថា ត្រូវ​បាន​គេ​លក់​ដូរ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រូពេទ្យ យ៉ែម ជ្រិន ស្នើ​ឧទ្ធរណ៍​បន្ថយ​ទោស​ត្រឹម​១០ឆ្នាំ​ករណី​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា

$
0
0

គ្រូពេទ្យ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក យ៉ែម ជ្រិន ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បាត់ដំបង សម្រេច​ឲ្យ​ជាប់​ទោស ២៥​ឆ្នាំ ករណី​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​ចំនួន ១២២​នាក់ ស្នើ​ចៅក្រម​សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​មក​ត្រឹម ១០​ឆ្នាំ។ មេធាវី​យល់​ថា ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​ក៏​គួរ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដែរ។

ក្នុង​សវនាការ​នៃ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា គ្រូពេទ្យ យ៉ែម ជ្រិន បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ចាក់​ថ្នាំ​ដោយ​ប្រើ​ម្ជុល​រួម​គ្នា​ពី​អ្នក​ជំងឺ​ម្នាក់​ទៅ​អ្នក​ជំងឺ​ម្នាក់​ទៀត នៅ​ក្នុង​ភូមិ​រកា មែន។ គ្រូពេទ្យ យ៉ែម ជ្រិន ប្រាប់​ចៅក្រម​ស៊ើបសួរ​ថា ភូមិ​រកា នៅ​តំបន់​ដាច់ស្រយាល ពិបាក​រក​ទិញ​ម្ជុល ឬ​ស៊ីរ៉ាំង​ចាក់​ថ្នាំ។

សាលា​ដំបូង​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល​ចូល​ថវិកា​រដ្ឋ។ គ្រូពេទ្យ​រូប​នេះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ដោយ​ចេតនា និង​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​តែ​មរណភាព​នៃ​ជន​រងគ្រោះ។ បទល្មើស​ទាំងនោះ ប្រព្រឹត្ត​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង អំឡុង​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១៤។

លោក យ៉ែម ជ្រិន អះអាង​ថា គ្មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ចម្លង​ជំងឺ​អេដស៍​ដល់​អ្នក​ភូមិ​នោះ​ទេ ហើយ​ក្រៅ​ពី​អ្នក​ភូមិ​រកា មាន​ម្ដាយ ប្អូន និង​ក្មួយ​របស់​គ្រូពេទ្យ យ៉ែម ជ្រិន ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ។ លោក​ថា​ការ​ដើរ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ ដោយសារ​តែ​ការ​អាណិតអាសូរ​របស់​គាត់​ដល់​អ្នក​ភូមិ ដែល​គាត់​មាន​ចំណេះដឹង​វិស័យ​សុខាភិបាល​តិចតួច និង​មាន​ការ​ស្នើសុំ​ពី​សំណាក់​អ្នក​ភូមិ​ឲ្យ​ជួយ​ព្យាបាល ព្រោះ​ជា​ភូមិ​ដាច់ស្រយាល​ដែល​សេវា​សុខាភិបាល​ពិបាក​ទៅ​ដល់។ លោក​ស្នើ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ បន្ធូរបន្ថយ​ទោស​ដើម្បី​បាន​រស់​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក​វិញ។ ទោះ​យ៉ាង​ណា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ករណី​ឆ្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា។

តំណាង​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​ចំនួន ៥​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ចំនួន ១២២​នាក់ បាន​ស្នើ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ កាត់​ទោស​គ្រូពេទ្យ យ៉ែម ជ្រិន តាម​ច្បាប់​កំណត់ ខណៈ​ដែល​ព្រះរាជអាជ្ញា​តំណាង​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍ បាន​ស្នើ​ឲ្យ​ចៅក្រម​រក្សា​ការ​ដាក់​ទោស​ពិន័យ​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។

មេធាវី​ម្នាក់​ក្នុង​ចំណោម ២​នាក់​ដែល​ការពារ​ក្ដី​ឲ្យ​លោក យ៉ែម ជ្រិន គឺ​លោក​មេធាវី ធន សុខឃុយ ស្នើ​ឲ្យ​ចៅក្រម​ប្ដូរ​បទ​ចោទ​មក​មួយ​ករណី​វិញ គឺ​ឃាតកម្ម​ដោយ​អចេតនា។ លោក​មេធាវី​យល់​ថា ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា មិន​គួរ​ណា​ទុក​ឲ្យ​លោក យ៉ែម ជ្រិន ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ (ក្រសួង​សុខាភិបាល) និង​អាជ្ញាធរ ក៏​គួរ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដែរ។ លោក​មេធាវី​គិត​ថា លោក យ៉ែម ជ្រិន មិន​មែន​ជា​ជនល្មើស​ទេ តែ​ជាប់​ចោទ​ដោយសារ​កូន​ក្ដី​លោក​ជា​មនុស្ស​ចិត្ត​ធម៌​ជួយ​អ្នក​ភូមិ។

មេធាវី​ម្នាក់​ទៀត គឺ​លោក អ៊ុក វ៉ាន់ដេត យល់​ថា អំពើ​របស់​កូន​ក្ដី​លោក គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​សុខាភិបាល៖ «ជា​អំពើ​របស់​គាត់ (គ្រូពេទ្យ យ៉ែម ជ្រិន) ប៉ុន្តែ​ការ​ទទួលខុស​ត្រូវ គឺ​ជា​របស់​ក្រសួង​សុខាភិបាល...។ តាម​ពិត​ក្រសួង (សុខាភិបាល) ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋនៅ​ពេល​ដែល​ខ្លួន (ក្រសួង​សុខាភិបាល) មិន​មានការ​ត្រួត​ពិនិត្យ មិន​មាន​ការ​យក​ចិត្តទុក​ដាក់ បណ្ដាល​ឲ្យ​មាន​អំពើ​សោកនាដកម្ម​នេះ​ឡើង ក្រសួង​ក៏​មានការ​ទទួល​ខុស​ត្រូវ​រួម​ចំណែកនៅ​ក្នុង​អំពើ​នេះ​ដែរ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មុន​បិទ​បញ្ចប់​សវនាការ ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​សាលា​ឧទ្ធរណ៍ ប្រកាស​ថា​នឹង​ត្រូវ​ប្រកាស​សាល​ដីកា​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា វេលា​ម៉ោង ៨​ព្រឹក។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជួយ​រក​ការងារ​ឲ្យ​អ្នក​ភូមិ​រកា ធ្វើ ដោយសារ​ពួក​គេ​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បាន​ដូច​ពី​មុន និង​មិន​អាច​ចាកចេញ​ពី​ភូមិ​រកា ទៅ​រក​ការងារ​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​បើក​ថ្នាំ​ជា​រៀង​រាល់​ខែ ហើយ​ប្រសិន​បើ​លើស​ថ្ងៃ​កំណត់​នៃ​ការ​បើក​ថ្នាំ ពួក​គេ​នឹង​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​បើក​ថ្នាំ​លេប​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​បន្ត​រក​ឃើញ​សារធាតុ​គីមី​ក្នុង​គ្រឿង​សមុទ្រ​ស្រស់​នៅ​ខេត្ត​ព្រះសីហនុ

$
0
0

មន្ត្រី​ត្រួត​ពិនិត្យ​ចំណី​អាហារ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ស្ត្រី​មេ​ផ្ទះ ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទិញ​ទំនិញ ឬ​ទិញ​ម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ត្រី​សាច់ ជាដើម ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​មន្ត្រី​ជំនាញ​បាន​បន្ត​រក​ឃើញ​ម្ហូប​សមុទ្រ​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច ឲ្យ​ដឹង​ថា កន្លង​ទៅ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​តាម​ផ្សារ តាម​ស្តង់​អាជីវករ​លក់​ម្ហូប​សមុទ្រ​ស្រស់ និង​ទំនិញ​ច្រើន​ប្រភេទ​ទៀត​តាម​ទីផ្សារ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​ផ្សារ​លើ ផ្សារ​អូរចំណារ និង​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់ ជាដើម ដោយ​រក​ឃើញ​មាន​គេ​លួច​ដាក់​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ម្ហូប​សមុទ្រ​មួយ​ចំនួន ដើម្បី​មើល​ទៅ​ឃើញ​ស្រស់ និង​ស្តុក​ទុក​បាន​យូរ​ថ្ងៃ។

លោក ជា ប៉ិច ព្រមាន​ថា​នឹង​ចាត់​វិធានការ​ឲ្យ​ធ្ងន់ធ្ងរ​តាម​ច្បាប់ បើ​អាជីវករ​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លក់​អាហារ​សមុទ្រ​មាន​ផ្ទុក​សារធាតុ​គីមី ប៉ុន្តែ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​នោះ៖ «ការ​ប្រើ​សារធាតុ​គីមី​នៅ​លើ​ម្ហូប​អាហារ​សមុទ្រ​ស្រស់​នេះ គឺ​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទេ ឧទាហរណ៍​ដូចជា​បូរ៉ាក់ និង​ហ្វ័រម៉ាលីន ហ្នឹង គឺ​មិន​ឲ្យ​ប្រើ​នៅ​លើ​គ្រឿង​សមុទ្រ​ស្រស់​ទេ។ ចំពោះ​គ្រឿង​សមុទ្រ​ស្រស់​ដែល​ដាក់​សារធាតុ​គីមី​ទាំងនេះ បាន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ។ ហើយ​ក្នុង​ករណី​យើង​ប្រើ​លើស​ចំណុះ គឺ​វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្លាប់​ក៏​មាន​ដែរ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ​ទៅ​លើ​ម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើ​តេស្ដ​លើ​គ្រឿង​សមុទ្រ​ស្រស់ មាន​បង្គា មឹក ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ ជាដើម ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ម្ហូប​អាហារ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​លើ និង​ទីផ្សារ​ទំនើប​នានា។

លោក ជា ប៉ិច ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​រក​ឃើញ​គ្រឿង​សមុទ្រ​បង្គា​ស្រស់​ចំនួន ១៣​គីឡូក្រាម​មាន​ដាក់​លាយ​សារធាតុ​គីមី​ហ្វ័រម៉ាលីន (FORMALINE) ហាមឃាត់ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន​ធ្ងន់ធ្ងរ។

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ភ្លាមៗ​ទៅ​លើ​ក្រុម​អាជីវករ​ដែល​លក់​ម្ហូប​សមុទ្រ​ស្រស់​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​នេះ​ទេ ប៉ុន្តែ​បាន​ធ្វើ​កិច្ចសន្យា បើ​ទៅ​ថ្ងៃ​ខាង​មុខ អាជីវករ​ទាំងនោះ​មិន​រាងចាល នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់។

អាជីវករ​លក់​ម្ហូប​សមុទ្រ​មួយ​ចំនួន​នៅ​ផ្សារ​វាលរេញ ទទួល​ស្គាល់​ថា កន្លង​ទៅ​ផ្សារ​នេះ​ពិត​ជា​មាន​អាជីវករ​ខិលខូច​នៅ​តាម​ស្តង់​ខ្លះ​បាន​ដាក់​លក់​គ្រឿង​សមុទ្រ​ស្រស់ នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ថ្លឹង​មិន​គ្រប់​គីឡូក្រាម​បន្លំ​ភ្នែក​អ្នក​ទិញ ជាពិសេស​បន្លំ​ភ្ញៀវ​ទេសចរ។ អាជីវករ​រូប​នេះ​ស្នើ​ដល់​អ្នក​ទិញ​ម្ហូប​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ ត្រូវ​ពិនិត្យ​ម្ហូប​សមុទ្រ​ស្រស់​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ទិញ​យក​ទៅ​ចម្អិន​ទទួល​ទាន។ ករណី​នេះ អាជីវករ​ដែល​រក​របរ​ទទួល​ទាន​ស្មោះត្រង់ បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ ត្រូវ​បន្ត​ចុះ​ពិនិត្យ​ការ​លក់ដូរ​ម្ហូប​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ ឲ្យ​បាន​ញឹកញាប់។

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ស្ត្រី​មេ​ផ្ទះ បាន​គាំទ្រ​សកម្មភាព​ការងារ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ជា​ប្រចាំ​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាម​ទីផ្សារ​នា​មូលដ្ឋាន​នេះ។ ពួក​គេ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ម្ហូប​អាហារ ឬ​ទំនិញ​ផ្សេងៗ ត្រូវ​កសាង​សំណុំ​រឿង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​លក់​ទំនិញ​ខូច​គុណភាព និង​ផលិត​គ្មាន​បច្ចេកទេស បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ទើប​រាងចាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកស្រី ទេព វន្នី និពន្ធ​បទ​ចម្រៀង​រៀបរាប់អំ​ពី​ការ​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ពី​ពន្ធនាគារ

$
0
0

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​អ្នក​បឹងកក់ ជា​ច្រើន​នាក់​ចាត់​ទុក​ថា ជា​ស្ត្រី​ឆ្នើម ក្លាហាន និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ដាក់​ពន្ធនាគារ​ជា​ច្រើន​លើក ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ដីធ្លី ​និង​លំនៅឋាន។ សំណុំរឿង​ចុង​ក្រោយ​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ក្រោម​បទ​ចោទ​ថា បាន​ដឹក​នាំ និង​បញ្ជា​ឲ្យ​បាតុករ​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ពីរ​រូប​ឲ្យ​រង​របួស កាល​ពី​ឆ្នាំ​២០១៣។ អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ បាន​សរសេរ​បទចម្រៀង​រៀបរាប់​ពី​ការ​ជាប់​ឃុំឃាំង ដែល​អ្នកស្រី​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌។

«ចម្រៀង... ព្រឹក​នេះ​ខ្ញុំ​យំ​ឮ​លាន់​រន្ទឺ ចិត្ត​ខ្ញុំ​សែន​ឈឺ ព្រោះ​ឮ​តុលាការ​កាត់​ក្ដី ធ្វើ​ឲ្យ​រូប​ខ្ញុំ​ឃ្លាត​កូន​ប្រុស​ស្រី លោក​មិន​ប្រណី កាត់​ក្ដី​បំពាន​អ្នក​ក្រ...»៖ បទ​ចម្រៀង​នេះ​មាន​ចំណងជើង​ថា "តុលាការ​អយុត្តិធម៌" ​ច្រៀង​ដោយ​យុវជន​ដែល​គោរព​ស្រលាញ់​អ្នកស្រី ទេព វន្នី។ បទ​នេះ​លំនាំ​បទ​តាម​បទ​ចម្រៀង​សម័យ​ដើម​បទ "ផ្គរ​លាន់​ប៉ៃលិន"។ បើ​ទោះបី​ជា​សិទ្ធិ​សេរីភាព​របស់​អ្នកស្រី ទេព វន្នី ត្រូវ​បាន​រារាំង​ដោយ​ជញ្ជាំង​ពន្ធនាគារ​ក្តី ប៉ុន្តែ​សកម្មជន​ដីធ្លី​លេច​ធ្លោ​រូប​នេះ ប្រឹង​សរសេរ​បទ​ចម្រៀង​ផ្ញើ​មក​ក្រៅ​តាម​រយៈ​មិត្តភ័ក្ដិ​ជា​អ្នកភូមិ​បឹងកក់ អំពី​ការ​ឈឺ​ចាប់​នៅ​ក្នុង​ពន្ធនាគារ និង​ការ​ព្រាត់​ប្រាស់​របស់​ម្ដាយ​និង​កូន។

រយៈពេល​មួយ​ឆ្នាំ​ដែល​អ្នកស្រី ទេព វន្នី នៅ​ក្នុង​ពន្ធនាគារ។ ចម្រៀង​ចំនួន​បី​បទ​ត្រូវ​បាន​និពន្ធ​ឡើង​រៀបរាប់​អំពី​ក្ដី​សោកសង្រេង​ កូន​ព្រាត់​ម្ដាយ​ព្រោះ​ការ​កាត់​ក្ដី​របស់​តុលាការ​ដោយ​ចោទ​ប្រកាន់​ឲ្យ​អ្នកស្រី​ជាប់​ឃុំ។ ចម្រៀង​ពីរ​បទ​ដែល​មាន​ចំណង​ថា "តុលាការ​អយុត្តិធម៌" និង​បទ "អភិវឌ្ឍន៍​ព្រាត់ប្រាស" គឺ​ជា​ការ​និពន្ធ​ដោយ​អ្នកស្រី ទេព វន្នី ដែល​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​តាម​មិត្តភ័ក្ដិ​នៅ​សហគមន៍​បឹងកក់។ ចំណែក​ចម្រៀង​មួយ​បទ​ទៀត​និពន្ធ​ដោយ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែរ គឺ​លោក ច័ន្ទ ពុទ្ធិស័ក្ដ មាន​ចំណង​ជើង​ថា "មួយ​ឆ្នាំ​ក្នុង​គុក"។ បទ​ចម្រៀង​ទាំង​បី​នេះ គឺ​សុទ្ធតែ​យក​លំនាំ​តាម​បទ​ចម្រៀង​ដែល​មាន​ស្រាប់។

«ចម្រៀង»៖ នេះ​ជា​បទ​ចម្រៀង​ទី​ពីរ​របស់​អ្នកស្រី ទេព វន្នី មាន​ចំណង​ជើង​ថា "អភិវឌ្ឍន៍​ព្រាត់ប្រាស" ដែល​យក​លំនាំ​តាម​បទ "ផាមួង​ក​ទា"។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ដែល​ស្និទ្ធស្នាល​នឹង​អ្នកស្រី ទេព វន្នី ឲ្យ​អាស៊ីសេរី ដឹង​ថា មូលហេតុ​ដែល​អ្នកស្រី ទេព វន្នី សរសេរ​ចម្រៀង​នេះ គឺ​បង្ហាញ​ពី​ជីវិត​ពិត​របស់​អ្នកស្រី ទេព វន្នី តាម​រយៈ​បទ​ចម្រៀង​ដែល​និយាយ​អំពី​ការ​ព្រាត់ប្រាស​គ្រួសារ ព្រោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កាត់​ក្តី​ដោយ​អយុត្តិធម៌ និង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង៖ «ពេល​ដែល​យើង​ស្ដាប់​ទៅ​យើង​យល់​ពី​អារម្មណ៍​គាត់ (អ្នកស្រី ទេព វន្នី) ដែល​ឈឺ​ចាប់ ប៉ុន្តែ​ក្នុង​នោះ​ក៏​បង្កប់​ន័យ​រឹងមាំ​របស់​គាត់ អ៊ីចឹង​គាត់​មិន​អាច​និយាយ ឬ​ផ្ញើ​សំឡេង​ពី​ពន្ធនាគារ​បាន​ទេ មាន​តែ​ការ​និពន្ធ​ចម្រៀង​នេះ​ហើយ»

គិត​ពី​ថ្ងៃ​ចាប់​ខ្លួន អ្នកស្រី ទេព វន្នី ជា​ថ្មី​លើ​សំណុំ​រឿង​ចាស់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ មក​ដល់​ពេល​នេះ គ្រប់​រយៈពេល​មួយ​ឆ្នាំ​ហើយ។ ក្នុង​ខួប​មួយ​ឆ្នាំ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​ដាក់​ញត្តិ​នៅ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា និង​ស្ថានទូត​ប្រទេស​មហា​អំណាច​នានា។ ខ្លឹមសារ​ញត្តិ​នោះ ក្រុម​ពលរដ្ឋ​ស្នើ​ទៅ​ប្រទេស​ទាំង​នោះ​ជួយ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី។

ក្រៅ​ពី​ការ​ដាក់​ញត្តិ​នេះ អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​ពិធី​សាសនា ដុត​ទៀន​បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី។

ក្នុង​ពេល​អ្នក​បឹងកក់ ធ្វើ​ពិធី​សាសនា​នេះ​ដែរ ស្រាប់​តែ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហាញ​វត្តមាន​ដ៏​កម្រ​នៅ​ក្នុង​ពិធី​នោះ។ អ្នកស្រី រ៉ូណា ស្មីត បាន​ទៅ​និយាយ​ជាមួយ​កូនស្រី​អ្នកស្រី ទេព វន្នី និង​ប្រាប់​អ្នក​ភូមិ​ថា ករណី​អ្នកស្រី ទេព វន្នី អ្នកស្រី​បាន​លើក​យក​ទៅ​និយាយ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ហើយ​អ្នកស្រី​នៅ​តែ​បន្ត​លើក​ករណី​នេះ​បន្ត​ទៀត។

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ដូច្នេះ៖ «ជា​ការ​ពិត​ហើយ គាត់ (អ្នកស្រី រ៉ូណា ស្មីត) ធ្លាប់​លើក​ករណី​អ្នកស្រី ទេព វន្នី និង​ករណី​បឹងកក់ ជា​ច្រើន​មក​ហើយ ជាមួយ UN ជាពិសេស​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ»

តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ អ្នកស្រី ទេព វន្នី ២​ឆ្នាំ​កន្លះ ជុំវិញ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣។ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ដែល​តុលាការ​មិន​ទាន់​ដោះលែង​កាល​ណោះ។ ការ​ទាមទារ​នៅ​ពេល​នោះ​មាន​ទាំង​ការ​ដាក់​បណ្ដាសា​លើ​រូប​ទីងមោង។ ការ​ដាក់​បណ្ដាសា​លើ​រូប​ទីងមោង​នេះ​ហើយ​ដែល​គេ​យល់​ថា ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នកស្រី។

សំណុំ​រឿង​នេះ​ដើម​បណ្ដឹង​ដែល​ជា​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី ដឹក​នាំ​បាតុករ​ប្រមាណ ១០០​នាក់ ទៅ​តវ៉ា​មុខ​ផ្ទះ​លោក ហ៊ុន សែន និង​បញ្ជា​ឲ្យ​បាតុករ​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ រហូត​បណ្ដាល​ឲ្យ​សន្តិសុខ​ពីរ​រូប​រង​របួស និង​បែក​ក្បាល។ ប៉ុន្តែ​អ្នកស្រី ទេព វន្នី និង​សាក្សី​បី​នាក់​ដែល​ជា​ពលរដ្ឋ​សហគមន៍​បឹងកក់ ដែល​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ថា ពួកគេ​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ និង​មាន​ត្រឹម​បដា និង​ផ្កាឈូក​ប៉ុណ្ណោះ គ្មាន​ដុំ​ថ្ម ហើយ​ក៏​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ឡើយ មាន​តែ​ក្រុម​សន្តិសុខ​ទេ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់​ធ្មេញ និង​វាយ​ស្ត្រី​ម្នាក់​រហូត​រលូត​កូន។

មួយ​ឆ្នាំ​ក្នុង​គុក​ព្រោះ​សំណុំ​រឿង​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​សកម្មជន​ដីធ្លី​បឹងកក់  លោក ចាន់ ពុទ្ធិស័ក្ដ និពន្ធ​ចម្រៀង​បរិយាយ​ពី​ទុក្ខ​ម្ដាយ​ព្រាត់​កូន​ព្រោះ​ការ​អភិវឌ្ឍ។

លោក ចាន់ ពុទ្ធិស័ក្ដ ឲ្យ​ដឹង​ថា ការ​សរសេរ​ចម្រៀង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី។ លោក​យល់​ថា ចម្រៀង​នឹង​ធ្វើ​ឲ្យ​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ បាន​ដឹង​ពី​រឿង​អយុត្តិធម៌​របស់​អ្នកស្រី ទេព វន្នី៖ «ទឹក​ភ្នែក​រលីងរលោង​ដែរ សូម្បី​តែ​យើង​ស្ដាប់​មិញ​ក៏​ស្រក់​ទឹក​ភ្នែក​ដែរ នឹក​ឃើញ​រឿង​ហ្នឹង​ជា​រឿង​អយុត្តិធម៌​ពេក បែរ​ជា​ជាប់​ពន្ធនាគារ ព្រាត់ប្រាស​គ្រួសារ​ប្ដី កូន ម្ដាយ ហើយ​កូន​អត់​មាន​អ្នក​ថ្នម​បី កូន​គាត់​ប្រហែល​មាន​បញ្ហា​សតិអារម្មណ៍​នៅ​ក្នុង​ខួរ​ក្បាល​ទៀត»

ពលរដ្ឋ​ម្នាក់​ដែល​បាន​ស្ដាប់​បទ​ចម្រៀង​ទាំង​នេះ កញ្ញា ញឹប ភារី យល់​ថា ចម្រៀង​នេះ​ជា​សារ​មួយ​ប្រាប់​ទៅ​អ្នក​ផ្សេង​ទៀត​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​អ្នកស្រី ទេព វន្នី៖ «នៅ​ពេល​បាន​ស្ដាប់​ចម្រៀង​ហ្នឹង​ទៅ ធ្វើ​ឲ្យ​យុវជន​រំពឹង​អ្នក​ដែល​មិន​ដឹង​ថា នៅ​ក្នុង​ពន្ធនាគារ​លំបាក​យ៉ាង​ណា ធ្វើ​ឲ្យ​គាត់​ដឹង​អ្នក​ជាប់​ពន្ធនាគារ​ដូច​អ្នកស្រី ទេព វន្នី គាត់​មាន​ការ​លំបាក»

សាលាឧទ្ធរណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​សម្រេច​រក្សា​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ។ មេធាវី​មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ជា​មេធាវី​ការពារ​ក្ដី​អ្នកស្រី ទេព វន្នី គឺ​អ្នកស្រី សាម សុគន្ធា ឲ្យ​ដឹង​ថា ពេល​នេះ​អ្នកស្រី ទេព វន្នី សម្រេច​ចិត្ត​ប្ដឹង​សាទុក្ខ​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទៅ​តុលាការ​កំពូល។

សហគមន៍​ជាតិ និង​អន្តរជាតិ ចោទ​ប្រកាន់​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី គឺ​មាន​គោលដៅ​បំបិទ​សំឡេង​អ្នក​ទាមទារ​សិទ្ធិ និង​ជា​ការ​គំរាមកំហែង​សកម្មជន​ដទៃ​ទៀត។ ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ថា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកស្រី ទេព វន្នី មាន​ស្រុក​កំណើត​នៅ​ស្រុក​ឈូក ខេត្ត​កំពត។

អ្នកស្រី​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​មេដឹកនាំ​ពិភពលោក​របស់​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices)។ ស្ត្រី​មេម៉ាយ​វ័យ ៣៧​រូប​នេះ មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក និង​ចិញ្ចឹម​ម្ដាយ​ជរា​ម្នាក់​ទៀត។ អ្នកស្រី​ធ្លាប់​លើក​ឡើង​នៅ​ក្នុង​តុលាការ​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី​ដែល​ជា​មនុស្ស​គ្មាន​ទោស​ជា​រឿង​អយុត្តិធម៌​ណាស់។ អ្នកស្រី​ទាមទារ​សេរីភាព​ឡើង​វិញ​ដើម្បី​ទៅ​មើល​កូន​ប្រុស​ស្រី និង​ម្ដាយ​ជរា​របស់​អ្នកស្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ លោក ហ៊ុន សែន ចង់​បាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ដែរ​តែ​មាន​លក្ខខណ្ឌ

$
0
0

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​អះអាង​ថា​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រាប់​ម៉ោង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​លោក ហ៊ុន សែន បាន​វាយ​ប្រហារ​តាម​ពាក្យ​សម្ដី​យ៉ាង​ចាស់​ដៃ​ទៅ​លើ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង រឿង​ស្នើ​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី បាន​មាន​ថេរ​ដីកា​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៥ សីហា ថា បើ​តាម​ព្រះអង្គ​ស្ទង់​មើល​ជម្រៅ​ចិត្ត​របស់​លោក ហ៊ុន សែន គឺ​គាត់​គ្មាន​អ្វី​ចង្អៀតចង្អល់​នឹង​រឿង​ចង់​ឲ្យ​មាន​ច្បាប់​នេះ​នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​មាន​លក្ខខណ្ឌ ដើម្បី​ចៀសវាង​ការ​បន្ទាបបន្ថោក​ដល់​កិត្តិយស​របស់​នាយក​រដ្ឋមន្ត្រី។

គំនិត​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី ធ្លាប់​ត្រូវ​បាន​លោក​បណ្ឌិត កែម ឡី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​ធ្លាប់​លើក​ឡើង។ ចុង​ក្រោយ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បាន​ស្នើ​ដែរ ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​លោក ហ៊ុន សែន ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ថែម​ទៀត​ផង។ ប៉ុន្តែ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ហាក់​ស្គាល់​ពី​ជម្រៅ​ចិត្ត​ពិត​របស់​លោក ហ៊ុន សែន។ ព្រះអង្គ​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ព្រះអង្គ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន អំពី​រឿង​នេះ​មក ព្រះអង្គ​អាច​សន្និដ្ឋាន​បាន​ថា លោក​នាយក​រដ្ឋមន្ត្រី​ក៏​មិន​ជា​ជំទាស់​ដែរ​ក្នុង​រឿង​ស្នើ​ច្បាប់​នេះ តែ​លោក​ចង់​ឲ្យ​ដំណើរការ​ស្នើ និង​តាក់តែង​ច្បាប់​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ជន​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ៖ «គាត់​ថា​ត្រូវ ក៏ប៉ុន្តែ​មាន​តួអង្គ​សំខាន់ អាត្មា​មើល​ឃើញ​ថា​មិន​មែន​សង្គ្រោះ​ជាតិ អ្នក​ស្នើ ហើយ​ក៏​មិន​មែន​គណបក្ស​ប្រជាជន ខ្លួន​គាត់​អ្នក​ស្នើ​នោះ​ដែរ។ អ្នក​ដែល​ស្នើ​នោះ ត្រូវ​តែ​ជា​តួអង្គ​អ្នក​បង្កើត​សន្តិភាព​សម្រាប់​ជាតិ ដោយ​មិន​មែន​មាន​តែ​ម្នាក់​នោះ​ទេ គឺ​មាន​តួអង្គ​ច្រើន​ដែល​អាច​ធានា​នៃ​ដំណើរការ​ស្នើ​ច្បាប់​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ជា​លក្ខខណ្ឌ​ច្បាស់​ការណ៍​មួយ មិន​មែន​ដើម្បី​ចំអក ឬ​ដើម្បី​ចំណេញ​នយោបាយ​នោះ​ទេ។ ត្រូវ​តែ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ ទើប​គាត់​ព្រម»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា តួអង្គ​អ្នក​បង្កើត​សន្តិភាព​ដែល​អាច​ស្នើ​ច្បាប់​ឲ្យ​ត្រូវ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី​បាន គឺ​ទាល់​តែ​មាន​សមាសភាព​មេ​ដឹកនាំ​សាសនា​ផ្សេងៗ​ចូលរួម​ផង​ដែរ មិន​មែន​ស្នើ​តែ​ម្នាក់​ឯង​ឆ្កុយ​ដូច​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្វើ​តាម​រយៈ​លិខិត​ចំហ​របស់​លោក​នោះ​ទេ។ ការ​ធ្វើ​បែប​នេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ យល់​ថា ខ្វះ​គុណវុឌ្ឍិ ឬ​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​មាន​ទម្ងន់​លើ​ចិត្ត​របស់​លោក ហ៊ុន សែន។

លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ បាន​សរសេរ​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក​ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​បង្កើត​ច្បាប់​មួយ ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ​របស់​ខ្លួន ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា​វីរបុរស​ជាតិ។ ប៉ុន្តែ​ក្នុង​ថ្ងៃ​ដដែល​នោះ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តប​មក​គាត់​វិញ​យ៉ាង​ជូរចត់។ លោក ហ៊ុន សែន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច ដកស្រង់​សម្ដី​វាយ​ប្រហារ​លោក​ព្រឹទ្ធាចារ្យ​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ ចាត់​ទុក​សំណើ​របស់​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថា​ជា​ឧបាយកល​ទុច្ចរិត ជា​ការ​ស្រមើស្រមៃ​របស់​មនុស្ស​ចាស់​វង្វេង​សតិ​តែ​ប៉ុណ្ណោះ និង​គ្មាន​បាន​ការ​អ្វី​នោះ​ឡើយ។ លោក ហ៊ុន សែន បាន​បន្ត​ថា សំណើ​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ដ៏​ស្មោកគ្រោក​បែប​នេះ លោក​ធ្លាប់​បាន​ទទួល​រួច​ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន វា​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​វា​ជា​ការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ត្រៀម​ចាញ់ និង​បក្ស​ប្រឆាំង​កំពុង​ត្រៀម​ត្របាក់​យក​ជ័យជម្នះ​ដូច​ក្រពើ​ខ្លា​ត្រៀម​ត្របាក់​ចំណី។

ចំពោះ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ការណ៍​ដែល​លោក ហ៊ុន សែន ខឹង​ខ្លាំង​រហូត​ហ៊ាន​ប្រមាថកាតទាន​ដល់​លោក​ព្រឹទ្ធាចារ្យ​ដែល​មាន​វ័យ ៧៧​ឆ្នាំ​ទៅ​ហើយ​នេះ គឺ​ដោយសារ​បំណង​ល្អ​របស់​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្វើ​មិន​យល់​កាលៈទេសៈ៖ «អាត្មា​យល់​ថា​ពេល​ដែល​ញោម​នាយក​រដ្ឋមន្ត្រី​មាន​សុខភាព​មិន​សូវ​ស្រួល ហើយ​ផ្លូវ​អារម្មណ៍​របស់​គាត់​កំពុង​តានតឹង ហើយ​យើង​លើក​បញ្ហា​ហ្នឹង​ទៅ​និយាយ ប្រាកដ​ណាស់​ខឹង​ហើយ ព្រោះ​មនុស្ស​កំពុង​មាន​អារម្មណ៍​មួយ​មិន​សូវ​សប្បាយ។ ហើយ​លើក​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ពេល​លទ្ធផល​របស់​គាត់​ហ្នឹង វា​មិន​សូវ​ល្អ»

ថ្វីត្បិតតែ​លោក​នាយក​រដ្ឋមន្ត្រី​ប្រកែក​ដាច់អហង្ការ​ពេល​ដែល​បាន​ឃើញ​សំណើ​លោក លឺ ឡាយស្រេង ភ្លាម បើ​តាម​ប្រសាសន៍​លោក សម រង្ស៊ី និង​ថេរ​ដីកា​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ហ៊ុន សែន ក៏​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ដែរ។ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា កន្លង​ទៅ​នេះ​ថា លោក ហ៊ុន សែន បាន​ស្នើ​ចង់​ឲ្យ​មាន​ច្បាប់​នេះ​រហូត​ដល់​ទៅ​ពីរ​ដង​កាល​ពី​ឆ្នាំ​២០១៤ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ជំទាស់​ដែរ ប៉ុន្តែ​ដោយសារ​សំណើ​នេះ​ត្រូវ​ដឹង​ឮ​ជា​សាធារណៈ ទើប​លោក ហ៊ុន សែន ខឹង​ខ្លាំង៖ «ដល់​គេ​យក​មក​និយាយ​តាំង​ខឹង​គេ ថា​ទេ មិន​គួរ​យក​មក​និយាយ។ បើ​គាត់​និយាយ​យ៉ាង​ច្បាស់​រហូត​ដល់​ទៅ​ពីរ​លើក មាន​គំនិត​ស្នើ​អ៊ី​ត​ចឹង​មែន ហើយ​យើង​មិន​បដិសេធ​ទេ គ្រាន់​តែ​យើង​ចាប់​ផ្តើម​គិតគូរ ពីព្រោះ​វា​មិន​មែន​អាទិភាព​អ្វី​ភ្លាម​ឥឡូវ​ហ្នឹង​ទេ កាល​ហ្នឹង​នោះ។ គំនិត​ហ្នឹង​យើង​មិន​បដិសេធ​ទេ តែ​យើង​ជំរុញ​ឲ្យ​រដ្ឋសភា​ដំណើរការ​សិន ឲ្យ​មាន​យន្តការ​ដើម្បី​ធ្វើ​ច្បាប់​ហ្នឹង ប៉ុន្តែ​ស្ថានការណ៍​វា​ប្រែប្រួល​លឿន​ណាស់​កាល​ហ្នឹង អ្នក​ខ្លះ​ច្រឡោតតោតតូង​រឿង​នេះ​រឿង​នោះ​ទៅ វា​ប្រែប្រួល​អាទិភាព»

កាល​នៅ​រស់ ពោល​គឺ​បី​ឆ្នាំ​នៅ​មុន​គេ​បាញ់​សម្លាប់​គាត់ លោក​បណ្ឌិត កែម ឡី នឹក​ស្រមៃ​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ​ដែរ ដោយសារ​លោក​មិន​ចង់​ឃើញ​វប្បធម៌​សងសឹក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រាប់​ជំនាន់​មក​នេះ។ លោក​បណ្ឌិត កែម ឡី កាលណោះ​លើក​ឡើង​ថា ច្បាប់​នេះ​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ បើ​ចង់​ធ្វើ៖ «ស្រុក​ខ្មែរ​យើង​ដោយសារ​តែ​យើង​មាន​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ទាល់​តែ​រៀបចំ​ច្បាប់​មួយ​ទៀត​គឺ​កញ្ចប់​សុវត្ថិភាព​តែ​ម្តង។ អា​ហ្នឹង​បាន​យើង​អាច​ជួយ​បាន ឲ្យ​អ្នក​នោះ​ក្លាហាន​នៅ​ក្នុង​ការ​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ដែល​ចាញ់​ឆ្នោត»

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ ម្នាក់​ដែល​បាន​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នោះ គឺ​លោកស្រី សម្បូរ មិន​យល់ស្រប​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​កាន់​អំណាច​ដែល​ប្រព្រឹត្ត​បំពាន​ច្បាប់ អាង​ខ្លួន​កាន់​អំណាច​នោះ​ទេ។ លោកស្រី​ចោទ​ជា​សំណួរ​ថា តើ​មាន​យុត្តិធម៌​ត្រង់​ណា បើ​ធ្វើ​ច្បាប់​ការពារ​មន្ត្រី​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់? តើ​ការ​ធ្វើ​ច្បាប់​បែប​នេះ វា​មិន​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​បាន​ដៃ​ធ្វើ​បាប​ប្រជាពលរដ្ឋ និង​បំពាន​ច្បាប់​កាន់​តែ​ធ្ងន់​ទេ​ឬ​យ៉ាង​ណា? ចំពោះ​លោកស្រី សម្បូរ ច្បាប់​ការពារ​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​មាន​សារសំខាន់​ជាង​ច្បាប់​ការពារ​អ្នក​កាន់​អំណាច​ដែល​ប្រព្រឹត្ត​ខុស៖ «ពេល​មាន​ច្បាប់​ហ្នឹង តើ​អ្នក​ណា​ដែល​ការពារ​ប្រជាពលរដ្ឋ? តើ​មាន​ភាព​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ដែរ? ខ្ញុំ​ចង់​ឲ្យ​ធ្វើ​ច្បាប់​ឲ្យ​ការពារ​ប្រជាពលរដ្ឋ ដូចជា​នៅ​ខេត្ត ឬ​ក្រុង​ក៏ដោយ ដែល​មាន​អំពើ​ប្លន់​យក​ដី​រាស្ត្រ ធ្វើ​បាប​ប្រជាពលរដ្ឋ ត្រូវ​តែ​ចាប់​ចៅហ្វាយ​ខេត្ត ឬ​ចៅហ្វាយ​ក្រុង​នៅ​កន្លែង​ហ្នឹង​ដាក់​គុក​ទៅ អា​ហ្នឹង​ហើយ​បាន​ការពារ​ប្រជាពលរដ្ឋ»

តប​ទៅ​នឹង​គំនិត​ផ្ដួចផ្ដើម​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃ​ពុធ ទី​១៦ សីហា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា៖ «ជា​ចេតនា​ទុច្ចរិត​បំភាន់​មតិ​សាធារណៈ​ឲ្យ​យល់​ច្រឡំ​ថា នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​តំណែង​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​មាន​កំហុស​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេស​ជាតិ»។ លោក​បន្ត​ថា «គំនិត​ផ្ដួចផ្ដើម​នេះ​ជា​ក្បួន​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជា​ធរមាន​នៅ​កម្ពុជា។ បញ្ហា​សាមញ្ញ​សោះ មូលហេតុ​អ្វី​បាន​ជា​ចង់​បង្កើត​ឲ្យ​មាន​ការ​ស្មុគស្មាញ​ម្ល៉េះ? ច្បាប់​មាន​រួច​ហើយ ម៉េច​មិន​អនុវត្ត

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) យល់​ថា គួរ​មាន​ទាំង​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី និង​ច្បាប់​ការពារ​សំណង​ដល់​ជន​រងគ្រោះ ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ការពារ​នោះ​ផង​ដែរ។ លោក ប៉ា ងួនទៀង បន្ថែម​ថា ការ​រម្លត់​កំហឹង គឺ​មិន​មែន​ទាល់​តែ​សងសឹក កាប់​សម្លាប់ ចោទ​ប្រកាន់ ឬ​វាយដំច្រំធាក់​គ្នា​នោះ​ទេ។ សំណង​តាម​រយៈ​រដ្ឋ អាច​ជា​មធ្យោបាយ​ផ្សះផ្សា​មួយ​បាន ដោយ​អ្នក​នយោបាយ​គួរ​ចាប់​ផ្តើម​ជជែក និង​ស្វែងរក​គំរូ​អនុវត្ត​នៅ​ប្រទេស​ដទៃ​ដើម្បី​ឲ្យ​ត្រូវ​នឹង​បរិបទ​ស្រុក​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្នើ​​អ្នក​ដំណើរ​តាម​សមុទ្រ​គិត​ពី​សុវត្ថិភាព​ស្រប​ពេល​មាន​ជំនន់​ទឹកភ្លៀង

$
0
0

រដ្ឋបាល​ខេត្ត​ព្រះសីហនុ រំលឹក​ដល់​ប្រជាពលរដ្ឋ និង​ទេសចរ ត្រូវ​ប្រយ័ត្ន​ពី​សុវត្ថិភាព​ធ្វើ​ដំណើរ​តាម​សមុទ្រ ព្រោះ​មូលដ្ឋាន​នេះ មាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​ព្យុះភ្លៀង​ជន​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ស្ទើរ​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ផ្ទះ​ពលរដ្ឋ​ត្រូវ​ទឹក​ភ្លៀង​ជន់​លិច កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​សីហា បាន​អំពាវនាវ​អោយ​ពល​ប្រយ័ត្ន​អំពី​សុវត្ថិភាព​តាម​ក្រុម​គ្រួសារ​នីមួយៗ។ ក្នុង​នោះ​ត្រូវ​ប្រយ័ត្ន​ក្មេង​លង់​ទឹក ខ្សែ​ភ្លើង​ឆក់ និង​ពស់​ចឹក​ជាដើម។ លោក​បន្ត​ថា ពេល​នេះ​រដ្ឋបាល​ខេត្ត រួម​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ចុះ​ជួប​ពលរដ្ឋ​ដើម្បី​ឈាន​ទៅ​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា បើ​មាន​ករណី​លិចលង់​ធ្ងន់ធ្ងរ ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព។

ទន្ទឹម​គ្នា​នេះ លោក យន្ត មីន ក៏​បាន​រំលឹក​ដល់​អ្នក​នេសាទ​សមុទ្រ ឬ​ទេសចរ ដែល​ធ្វើ​ដំណើរ​តាម​កោះ ត្រូវ​ប្រយ័ត្ន​ពី​សុវត្ថិភាព​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​នៅ​លើ​លំហ​សមុទ្រ​ពេល​នេះ មាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​ព្យុះ​ភ្លៀង ព្រម​ទាំង​រលក​សមុទ្រ​ធំៗ៖ «»។

យ៉ាង​នេះ​ក្តី លោក យន្ត មីន បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ នៅ​ខេត្ត​ព្រះសីហនុ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ពលរដ្ឋ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ។

អនុ​ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ លោក​វរសេនីយ៍ទោ ឌឹម សំបូរ មាន​ប្រសាសន៍​ថា អង្គភាព​នេះ​បាន​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ទាំង​នៅ​លើ​លំហ​សមុទ្រ និង​នៅ​តាម​មូលដ្ឋាន​នានា ដែល​មាន​ជំនន់​ទឹក​ភ្លៀង​ជន​លិច​ផ្ទះ​ពលរដ្ឋ។

លោក ឌឹម សំបូរ ប្រកាស​លេខ​ទូរស័ព្ទ​ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ បើ​ជួប​គ្រោះ​លិច​ទូក​នៅ​លើ​លំហ​សមុទ្រ សូម​ទាក់ទង​មក​កាន់​អង្គភាព​លោក​ដើម្បី​សហការ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៖ «»។

ចំណែក លោក សរ កក្កដា អភិបាល​ស្រុក​ព្រៃនប់  បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ឃុំ​ចំនួន ១២​ត្រូវ​លិច​ដោយ​ជំនន់​ទឹក។ លោក​បន្ត​ថា បើ​ភ្លៀង​រាំង​ទឹក​អាច​ស្រក​បាន​លឿន ប៉ុន្តែ​បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទៀត​នោះ នឹង​មាន​គ្រោះ​មហន្តរាយ​ធំ​ជាង​នេះ​នៅ​ថ្ងៃ​ស្អែក ឬ​ថ្ងៃ​បន្ទាប់៖ «»។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​អំពី​ស្ថានភាព​អាកាសធាតុ​បង្ហាញ​ថា ឥទ្ធិពល​សម្ពាធ​ទាប​មួយ​កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា បណ្ដាល​ឲ្យ​តំបន់​មាត់​សមុទ្រ​ជាដើម មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​ព្យុះ​បោកបក់​ខ្លាំង។

​ក្នុង​នោះ​តំបន់​មាត់​សមុទ្រ​ផ្ទៃ​មេឃ​មាន​សភាព​អាប់អួ មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយ​ឡំ​ជាមួយ​នឹង​ផ្គរ រន្ទះ និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ។

ទាក់ទង​នឹង​អាកាសធាតុ​នេះ ក្រសួង​ធនធាន​ទឹក ក៏​ដូចជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជម្រាប​ជូន​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង ដែល​អាច​កើត​មាន​ឡើង ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ខែត្រ​ក្រចេះ​តវ៉ា​រឿង​ក្រុមហ៊ុន​ដាក់​រនាំង​បិទ​ផ្លូវ

$
0
0

ពលរដ្ឋ​ជាង ១០០​នាក់​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខែត្រ​ក្រចេះ បាន​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា នៅ​ចំណុច​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ដាក់​រនាំង​រាំង​ផ្លូវ​ពលរដ្ឋ។ ពួក​គាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​រនាំង​នោះ​ចេញ​ពី​ផ្លូវ បន្ទាប់​ពី​សន្តិសុខ​ក្រុមហ៊ុន​ដែល​ជា​មន្ត្រី​អាវុធហត្ថ​បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ដឹក​ជញ្ជូន​កសិផល។

ពលរដ្ឋ​ទាំងនោះ​អំពាវនាវ​ឲ្យ​អភិបាល​ស្រុក​ស្នួល អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ដក​រនាំង​ចេញ​ពី​ផ្លូវ​វិញ​នៅ​ថ្ងៃ​ទី​១៧ សីហា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ជូន​មន្ត្រី​អាវុធហត្ថ​មួយ​ក្រុម រារាំង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ពលរដ្ឋ​រយៈពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ ថែម​ទាំង​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​អ្នក​ភូមិ។

ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា លោក ម៉េត ធី ត្អូញ​ថា ពលរដ្ឋ​ជាង ៣០០​គ្រួសារ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ក្រុមហ៊ុន កំពុង​ជួប​បញ្ហា​ផ្នែក​ជីវភាព បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​រនាំង​ដែល​បង្ខំ​ឲ្យ​អ្នក​ភូមិ​តវ៉ា។ លោក​ថា​អាជ្ញាធរ​ស្រុក​បាន​សន្យា​នៅ​ពេល​អ្នក​ភូមិ​តវ៉ា​នោះ​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ៖ «បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល ជំពាក់​លុយ​អង្គការ​ផង អង្គការ​ទារ​គ្នា​បាន​អី? ខ្លះ​អង្គុយ​យំ ខ្លះ​អត់​បាយ។ អាជ្ញាធរ​ថា​ខ្ញុំ​មក​ដោះស្រាយ​ស្អែក ដល់​ពេល​ស្អែក​ចឹង​ទៀត។ ស្អែក​ខានស្អែក ស្រេច​តែ​គេ​ថា»

បុរស​ដដែល​បន្ត​ថា ពលរដ្ឋ​រស់នៅ​តំបន់​នោះ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ចំណាក​ស្រុក​មាន​ជីវភាព​ក្រីក្រ គ្មាន​ដីធ្លី បាន​សម្រេច​ចាប់​ដី​ក្នុង​បរិវេណ​ក្រុមហ៊ុន​រស់នៅ​តាំង​ពី​ឆ្នាំ​២០១៤។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ ចម្ការ​កៅស៊ូ​មេមត់ របស់​កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

អភិបាល​រង​ស្រុក​ស្នួល លោក សាន់ ណាល់ បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​ការ​តវ៉ា​នេះ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​មក​ទន្ទ្រាន​ដី​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​គំរាម​កាប់​បំផ្លាញ​រនាំង​រាំង​ផ្លូវ​ក្រុមហ៊ុន​ផង។ លោក​បញ្ជាក់​ថា ផ្លូវ​ដែល​ក្រុមហ៊ុន​ដាក់​រនាំង​នោះ គឺ​ជា​ផ្លូវ​របស់​ក្រុមហ៊ុន​ស្ថាបនា៖ «ពី​មុន​មក​គាត់​យក​មួយ​ចំនួន ឥឡូវ​យើង​បោះ​អា​ព្រំ​ហ្នឹង កន្លែង​ណា​ដែល​ប៉ះពាល់។ គាត់​ទៅ​ដក​បង្គោល​បោះ​គេ នាំ​គ្នា​លក់​ស្រេច​តែ​ចិត្ត​របស់​គាត់​នៅ​ក្នុង​ហ្នឹង​ទៀត បើ​គាត់​គំរាម​រក​ដុត​កន្លែង​គេ ហើយ​គេ​មិន​ដាក់​កម្លាំង​ការពារ​ក្រុមហ៊ុន គេ​ធ្វើ​ម៉េច»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ចាត់​ទុក​ការ​ដាក់​រនាំង​មិន​ឲ្យ​ដឹក​ជញ្ជូន​កសិផល ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​បន្ទាន់។ លោក​ថា ការ​មក​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន គឺ​ជា​ករណី​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ណា​គ្មាន​ដី​ពិតប្រាកដ ប្រញាប់​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​សាមីជន​រស់នៅ ដើម្បី​អាជ្ញាធរ​ស្រុក ខែត្រ ពិនិត្យ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ៖ «ខ្ញុំ​គិត​ថា​ករណី​នេះ​អាជ្ញាធរ​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ទៀត​ផង»

ពលរដ្ឋ​ចំនួន​ជាង ៣០០​គ្រួសារ បាន​មក​ចាប់​ដី​ទំហំ​ចាប់​ពី​កន្លះ​ហិកតារ​ដល់ ៣​ហិកតារ ជា​ប្រភេទ​ដី​ធ្វើ​កសិកម្ម និង​លំនៅឋាន។ ពួក​គេ​ភាគច្រើន​មក​ពី​ខែត្រ​ត្បូងឃ្មុំ និង​ខែត្រ​កំពង់ចាម។

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្នួល ខែត្រ​ក្រចេះ បង្ហាញ​ថា ក្រោយ​ពី​រាជ​រដ្ឋាភិបាល​ចេញ​បទបញ្ជា​០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​ពាន់​គ្រួសារ​មក​រស់នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៩ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្រប​ច្បាប់ ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក​មក​រស់នៅ​ខែត្រ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ខេត្ត​កោះកុង​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី

$
0
0

ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ជាង ៣០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​តាម​ដាន​ញត្តិ​របស់​ពួក​គាត់ ដែល​បាន​ដាក់​រក​អន្តរាគមន៍​អំពី​បញ្ហា​ដី​កាល​ពី​មុន។ ពួក​គាត់​ស្ងប់​ចិត្ត​បន្តិច ក្រោយ​ពេល​ជួប​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សន្យា​ម្ដង​ទៀត​ថា នឹង​ឆ្លើយតប​ឲ្យ​បាន​ឆាប់។

តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ការ​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ប៉ាល់ ចន្ទតារា មាន​ចំណុច​ល្អ​មួយ​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ​លិខិត​ដាក់​មក​ម្ដង​ទៀត។ អ្នកស្រី​ថា ពេល​នេះ​ខុស​ពី​លើក​មុន​ដែល​ធ្លាប់​តែ​ប្រឈម​ការ​រារាំង​ពី​កម្លាំង​សន្តិសុខ និង​ការ​សន្យា​មិន​ជាក់លាក់«ឯកឧត្ដម ប៉ាល់ ចន្ទតារា លោក​ស្នើសុំ​ឲ្យ​ពួក​ខ្ញុំ​ផ្ដិត​មេដៃ​ភ្ជាប់​ជាមួយ​លិខិត​ស្នើសុំ​អន្តរាគមន៍ បើ​មក​ព្រឹក​ល្ងាច​បាន​ឆ្លើយតប ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ​ចង់​បាន​ឲ្យ​លក្ខខណ្ឌ​ឆ្លើយតប​ថ្ងៃ​ខែ​ឆ្នាំ គឺ​អត់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​លោក ប៉ាល់ ចន្ទតារា ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អ្នក​ភូមិ​ចង់​បាន​តំណាង ៨​រូប ដើម្បី​ជួប​ដាក់​លិខិត​រក​អន្តរាគមន៍​លើក​ក្រោយ។ ប៉ុន្តែ​ការ​ស្នើសុំ​នេះ ត្រូវ​បាន​លោក ប៉ាល់ ចន្ទតារា បដិសេធ ដោយ​អនុញ្ញាត​ឲ្យ​តែ​ម្នាក់​ប៉ុណ្ណោះ។

ទោះ​ជា​ចំនួន​តំណាង​មិន​បាន​សំណូមពរ​ក្ដី ក៏​អ្នក​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ម្នាក់​ទៀត គឺ​លោកស្រី ណុំ វណ្ណារី មាន​ប្រសាសន៍​ថា ត្រេក​អរ​ពេល​ទទួល​បាន​ការ​ឆ្លើយតប​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី«គាត់​ថា​ឲ្យ​ដាក់​មក​ជំរុញ​អា​មុន ដាក់​អា​ក្រោយ​នេះ​ទៀត ដើម្បី​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់​រហ័ស។ ខ្ញុំ​ឮ​ពាក្យ​គាត់​និយាយ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន ស្ទើរ​និយាយ​អី​អត់​ចេញ ដោយសារ​ខ្ញុំ​ឮ​ពាក្យ​នេះ​តាំង​ពី​ឆ្នាំ​២០០៩ កន្លង​មក ដែល​ពួក​យើង​បាន​ដាក់​ពាក្យ​បណ្ដឹង ដែល​លោក ហេង ហ៊ុយ ប្លន់​យក​ផ្ទះ​សម្បែង​យើង​នេះ​ហូរហែ​រហូត តែងតែ​ឮ​ពាក្យ​នេះ។ ពួក​យើង​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ ពួក​យើង​អត់​ស្គាល់​ទេ ស្គាល់​តែ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី នេះ​ឯង ជា​ខុទ្ទកាល័យ​នៅ​ប្រទេស​យើង»

អ្នក​ភូមិ​ទាំង​នេះ គឺ​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ១៧៥​គ្រួសារ នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ កោះកុង ស៊ូហ្គើរ និង​ផ្លែនថេហ្សិន (Koh Kong Sugar & Plantation) របស់​ឧកញ៉ា ហេង ហ៊ុយ និង​លោក លី យ៉ុងផាត់ តាំង​ពី​ឆ្នាំ​២០០៦។ ពួក​គាត់​អះអាង​ថា បាន​កាន់កាប់​ដី​ទី​នោះ តាំង​ពី​ឆ្នាំ​១៩៧៩។ ពេល​នេះ ពួក​គាត់​បាន​បាត់បង់​ទាំង​ផ្ទះ​ដី​ភូមិ និង​ដី​ចម្ការ ទំហំ ១៨២​ហិកតារ ដោយសារ​តែ​ក្រុមហ៊ុន​ឈូស​ឆាយ​យក។ ពួក​គាត់​តែង​នាំ​គ្នា​មក​តវ៉ា​នៅ​ភ្នំពេញ ជា​ញឹកញយ ព្រោះ​មិន​ទទួល​បាន​សំណង។

អ្នក​ស្រី ផាវ ញ៉ឺង ថ្លែង​ថា ការ​បាត់បង់​ដី​នេះ ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​ដុនដាប«ទៅ​តវ៉ា​ដី គេ​វាយ​គេ​ដំ មក​ដល់​ផ្ទះ​ប្ដី​ជេរ​ប្រមាថ ដោយសារ​ខ្ញុំ​ខ្ចី​លុយ​គេ​មក​តវ៉ា​ដី។ កូន​អត់​បាន​ចូល​សាលា ក៏​ព្រោះ​តែ​ដី ចំណាក​ស្រុក​និរាស​ព្រាត់ប្រាស​គ្រួសារ ក៏​ដោយសារ​តែ​ដី ជំពាក់​លុយ អេ.អឹម.ខេ (AMK) ប្រាសាក់ អម្រឹត ខ្ញុំ​ស្គាល់​គ្រប់។ ពូជពង្ស​ខ្ញុំ​មិន​ដែល​ធ្លាប់​ជំពាក់​គេ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ​ជំពាក់​គេ​ម្ដង​ហើយ​ម្ដង​ទៀត មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត។ យក​ពី​អង្គការ​នេះ​ដាក់​អង្គការ​នោះ។ បំណុល​នេះ សួរ​ថា​កូន​ខ្ញុំ​បី​ជំនាន់​ទៀត​ដោះ​រួច ឬ​អត់»

ករណី​ដី​ធ្លី​នេះ ត្រូវ​បាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​ជួប​ប្រជុំ​ដោះស្រាយ​ខ្លះៗ ដែរ កាល​ពី​ខែ​កុម្ភៈ ហើយ​ថ្លែង​ថា ភាគី​វិវាទ​បាន​យល់​គ្នា​ច្រើន​ហើយ ទាក់ទង​នឹង​សំណង​ការ​ខូចខាត និង​ដោះដូរ​ដី​ថ្មី។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ទេព ធន ប្រធាន​ក្រុម​ដោះស្រាយ​វិវាទ​ដី​ធ្លី​ទី​៨ របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​បញ្ជាក់​អំពី​ការ​ដោះស្រាយ​ករណី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ សីហា។ អ្នក​ភូមិ​អះអាង​ថា ពេល​នេះ ដី​ថ្មី​នោះ​ក៏​ត្រូវ​ឈូស​ឆាយ​ទៀត ហើយ​ការ​មក​រក​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ពេល​នេះ ក៏​ព្រោះ​តែ​ពួក​គាត់​មិន​ទទួល​បាន​ដំណោះស្រាយ​សំណង​តាម​ការ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​លុប​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ពី​ស្លាក​នៅ​កំពង់ឆ្នាំង

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង បាន​លុប​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​នៅ​លើ​ស្លាក​សញ្ញា​គណបក្ស​ចំនួន ៣៧៥​ស្លាក ក្នុង​ចំណោម​ស្លាក​គណបក្ស​សរុប​នៅ​ទូទាំង​ខេត្ត​ជាង ១​ពាន់​ស្លាក (.១១៥​ស្លាក)។ ការ​លុប​រូប និង​ប្ដូរ​ស្លាក​សញ្ញា​ភ្លាមៗ គឺ​ដើម្បី​តម្រូវ​តាម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច។

ស្លាក​សញ្ញា​គណបក្ស​ទាំង ៣៧៥​ស្លាក ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ត្រូវ​ប្ដូរ​ថ្មី​នៅ​តាម​ទីតាំង​ដដែល​ឲ្យ​បាន​រួចរាល់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បន្ទាប់​ពី​លុប​រូប។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា លោក​កំពុង​ស្វែងរក​សប្បុរសជន​ឧបត្ថម្ភ​ថវិកា​ដើម្បី​ធ្វើ​ស្លាក​ថ្មី។ រីឯ​ស្លាក​ដែល​មាន​រូប​ព្រះអាទិត្យ​ពុំ​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​រក្សា​ទុក​ដដែល៖ «គម្រោង​ដំបូង​នេះ​យើង​ផ្លាស់ប្ដូរ​ស្លាក​ដែល​មាន​រូប​ចាប់​ដៃ​នេះ​ជា​បន្ទាន់​សិន នៅ​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ ហើយ​ជា​កិច្ច​បន្ត​ទៀត​នោះ យើង​នឹង​បោះ​បន្ត​ទៅ​តាម​លទ្ធភាព​ដែល​គណបក្ស​អាច​ធ្វើ​បាន ឬ​តាម​សប្បុរសជន​ដែល​គាត់​ចូលរួម​ក្នុង​ការ​ជ្រោមជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយសារ​មាន​វិសោធនកម្ម​ច្បាប់​ពីរ​ដង។ លើក​ទី​១ គឺ​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជាមេ​គណបក្ស។ លើក​ទី​២ នេះ គឺ​មិន​ឲ្យ​មាន​រូបភាព​ទណ្ឌិត​នៅ​ក្នុង​ស្លាក​គណបក្ស​នយោបាយ។ ចំណុច​នេះ​ហើយ​ដែល​យើង​ឃើញ​ថា គេ​បាន​បង្ខំ​ឲ្យ​យើង​ធ្វើ​ទាំង​លំបាក រត់​តាម​ច្បាប់​រហូត ហើយ​ការ​លុប​ស្លាក​នេះ​យើង​បាន​លុប​បាន ១០០% នៅ​ក្នុងខេត្ត​កំពង់ឆ្នាំង រួច​ហើយ»

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​រួម​រឹត​ដោយ​ពាក្យ​បណ្ដឹង និង​ទោស​ទណ្ឌ​ពី​តុលាការ​កម្ពុជា កំពុង​រស់នៅ​ក្រៅ​ប្រទេស និង​ឋិត​នៅ​កាន់​តែ​ឆ្ងាយ​ពី​ឆាក​នយោបាយ។

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​ព្រះអាទិត្យ​រះ​អម​ដោយ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​រាប់​ពាន់​ផ្ទាំង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​កាត់ ឬ​យក​ទឹក​ថ្នាំ​លុប​ចេញ បន្ទាប់​ពី​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ពីរ​ដង ហើយ​ឈាន​ដល់​ការ​ហាមប្រាម​ប្រើប្រាស់​រូបភាព ឬ​ទំនាក់ទំនង​ផ្សេង​ទៀត​ជាមួយ​ទណ្ឌិត​ក្នុង​ឆាក​នយោបាយ​កម្ពុជា។

លោក ដួង ចន្ដ្រា បញ្ជាក់​ថា ស្លាក​សញ្ញា​ថ្មី​ដែល​មាន​តែ​រូប​ព្រះអាទិត្យ​រះ ពុំ​មាន​រូប​លោក សម រង្ស៊ី ឬ​លោក កឹម សុខា នឹង​ត្រូវ​ដាក់​នៅ​តាម​ទីតាំង​ដើម​វិញ។ ចំណែក​ការ​លើក​ស្លាក​បន្ថែម​នៅ​កន្លែង​ថ្មី​អាច​មាន​បញ្ហា ប៉ុន្តែ​ជា​ទិសដៅ​ពេល​នេះ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ គណបក្ស​លោក​នឹង​ងាក​ទៅ​បង្កើន​ការ​ចងក្រង​បណ្ដាញ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​បក្ស ច្រើន​ជាង​លើក​ស្លាក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បដិសេធ​ថា​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ

$
0
0

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិន.ឌី.អាយ (NDI) បដិសេធ​ថា ខ្លួន​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ ការ​បដិសេធ​នេះ បន្ទាប់ពី​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​រាយការណ៍​ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្ដួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លំអៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា នាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ប្រចាំ​កម្ពុជា លោក ចន ខាវ៉ាណូហ៍ (John Cavanaugh) បញ្ជាក់​ថា ការងារ​របស់ NDI គឺ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ ដែល​នាំ​នូវ​ប្រយោជន៍​សម្រាប់​គ្រប់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​កម្ពុជា។

ការ​ចេញ​មុខ​បកស្រាយ​ភ្លាមៗ​របស់​មន្ត្រី NDI នេះ គឺ​បន្ទាប់ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ឈ្មោះ ហ្វ្រែសញូវ (Fresh News) បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​តាំង​ពី​យប់​ថ្ងៃ​ទី​១៦ សីហា ថា NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់អំណាច។

​បណ្ដាញ​សារព័ត៌មាន​នេះ​អះអាង​ថា តាម​រយៈ​ឯកសារ​បណ្ដុះបណ្ដាល​របស់ NDI រៀបចំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ពួកគេ​ទទួល​បាន​តាមរយៈ​ការ​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ឈ្មោះ "កូនខ្មែរ" គឺ​ពី​ផែនការ​ទុច្ចរិត​របស់ NDI ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ល្បិចកល​សម្រាប់​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ឈ្នះ​បក្ស​កាន់​អំណាច។

យុទ្ធសាស្ត្រ​នោះ គឺ NDI បាន​ណែនាំ​បក្ស​ប្រឆាំង​ឲ្យ​ប្រើ​ពាក្យ​ស្លោក​ជា​ផ្លូវការ និង​ជំរុញ​ឲ្យ​ឃោសនា​តៗ​គ្នា ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គេ​ចោទ​ថា តែង​វាយ​ប្រហារ​លើ​រដ្ឋាភិបាល ដូចជា កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) និង​វិទ្យុ​ដែល​ទទួល​លុយ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ជាដើម ហើយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចាញ់​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា គឺ​មក​ពី​បក្ស​កាន់​អំណាច​ជា​អ្នក​បោកប្រាស់។

ក្រោយ​ការ​បែក​ធ្លាយ​ឯកសារ​នេះ សារព័ត៌មាន​ហ្វ្រែសញូវ ដដែល​ក៏​បាន​ផ្សព្វផ្សាយ​ដោយ​ស្រង់​សម្ដី​មន្ត្រី​ក្រសួង​មហាផ្ទៃ ម្នាក់​ដែល​អះអាង​ថា តាំង​ពី​មាន​សកម្មភាព​ការងារ​នៅ​កម្ពុជា រហូត​មក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ មិន​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ នោះ​ទេ។ ទោះជា​យ៉ាង​ណា អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។

​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ  នាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ប្រចាំ​កម្ពុជា លោក ចន ខាវ៉ាណូហ៍ ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​មេសា ឆ្នាំ​២០១៧ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​មិន​ត្រឹមតែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ គឺ​បាន​បណ្ដុះបណ្ដាល​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​នយោបាយ​តូចៗ​ចំនួន ៣​ផ្សេង​ទៀត​ទៅ​លើ​ប្រធានបទ​ផ្សេងៗ​ជា​ច្រើន​ដើម្បី​ពង្រឹង​គណបក្ស​នយោបាយ​ទាំង​នោះ។ លោក​ថា NDI បាន​ផ្ដល់​ឲ្យ​បក្ស​នយោបាយ​នីមួយៗ​នូវ​ឱកាស​បង្ហាញ​នូវ​បញ្ហា​ដែល​បក្ស​ពួកគេ​កំពុង​ជួបប្រទះ ហើយ​ចង់​ទទួល​ការ​បណ្ដុះបណ្ដាល​បែប​ណា​នោះ។

លោក ចន ខាវ៉ាណូហ៍ បន្ត​ថា រយៈពេល​ជាង ២៥​ឆ្នាំ​មក​នេះ NDI បាន​ធ្វើ​ការងារ​ក្នុង​នាម​ជា​ដៃគូ​ជាមួយ​បក្ស​នយោបាយ​ជាមួយ​តំណាងរាស្ត្រ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កម្ពុជា ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព និង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​គ្រប់​ភាគី បម្រើ​នូវ​អត្ថប្រយោជន៍​សម្រាប់​ពល​រដ្ឋ​កម្ពុជា។ លោក​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក NDI កំពុង​អនុវត្ត​នូវ​កម្មវិធី ៤​ឆ្នាំ​បន្ត​ទៀត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​តួនាទី​របស់​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ បង្កើត​នូវ​បរិយាកាស​ចូលរួម​នយោបាយ​ប្រកបដោយ​ន័យ​ស្ថាបនា​របស់​ពលរដ្ឋ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត។

ទាក់ទង​ទៅ​នឹង​ការ​ចុះ​បញ្ជី​វិញ លោក ចន ខាវ៉ាណូហ៍ អះអាង​ថា NDI បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ លោក​ថា NDI កំពុង​រង់ចាំ​ការ​ពិនិត្យ​ការ​ចុះ​បញ្ជី​ឡើង​វិញ​របស់​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​សាទរ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស​ដែល​សុំ​ទោស​សព​ស្ត្រី​ជា​សាធារណៈ

$
0
0

ពលរដ្ឋ​ដែល​ចូលរួម​ដាក់​លិខិត​តាម​អនឡាញ (online) សាទរ​ចំពោះ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ដែល​បាន​ទទួល​ស្គាល់​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី​ម្នាក់ និង​គ្រួសារ។

លិខិត​របស់​ក្រុម​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​គេហទំព័រ ឆេង ដត អូអជី (Change.org) ផ្ញើ​លិខិត​មួយ​ទៀត​ជូន​ស្ថានីយ​ទូរទស្សន៍​ហង្សមាស នៅ​ថ្ងៃ​ទី​១៧ សីហា មាន​ខ្លឹមសារ​ថា ការ​ទទួល​ស្គាល់​កំហុស​ផ្នែក​វិជ្ជាជីវៈ និង​ការ​កែ​តម្រូវ​របស់​អ្នក​ទាំង​ពីរ។ លិខិត​បញ្ជាក់​ថា ការ​ធ្វើ​នេះ គឺ​នឹង​ក្លាយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន អ្នក​សរសេរ​ព័ត៌មាន និង​អ្នក​កាសែត​ដទៃ​ទៀត ឲ្យ​ក្លាយ​ជា​ភ្នាក់ងារ​ក្នុង​ការ​កែប្រែ​សង្គម​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​ចាប់​ផ្ដើម​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​អ្នក​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី។

ការ​ចេញ​លិខិត​សាទរ​នេះ នៅ​ក្រោយ​មួយ​ថ្ងៃ​ដែល​ពលរដ្ឋ​ជាង ២​ពាន់​នាក់ ដែល​បាន​ចូលរួម​តាម​អនឡាញ ឈ្មោះ ឆេង ដត អូអជី (Change.org) បាន​គាំទ្រ និង​ផ្ញើ​លិខិត​ចំហ​ដាក់​ទៅ​ស្ថាប័ន​៣ ក្នុង​នោះ​មាន​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ព័ត៌មាន តម្រូវ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទាំង​ពីរ​សុំ​ទោស​ជា​សាធារណៈ ដែល​គេ​យល់​ថា​បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ រើសអើង​ស្ត្រី ព្យាយាម​ស្ដីបន្ទោស​ដល់​សព​ស្ត្រី​រងគ្រោះ និង​ចាត់​ទុក​ស្ត្រី​ជា​កម្មវត្ថុ​នៃ​ការ​និយាយ​កំប្លែង​លេង​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ហិង្សា​លើ​ស្ត្រី ដែល​រង​ការ​រំលោភ​ផ្លូវ​ភេទ និង​សម្លាប់​កាល​ពី​ដើម​ខែ​សីហា ដោយ​អ្នក​រត់​តាក់ស៊ី ២​នាក់ ក្នុង​ពេល​នារី​រងគ្រោះ​ជិះ​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ឃុំ​ខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ដែល​ជំរិត​ប្រាក់​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ

$
0
0

ចៅក្រម​​សាលាដំបូង​ខេត្ត​ក្រចេះ​នៅ​ថ្ងៃ​ទី១៧ សម្រេច​ឃុំ​ខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ម្នាក់ ឈ្មោះ ឃួន ជីវិន ដោយ​សង្ស័យ​ថា​ជំរិត​ទារ​ប្រាក់​ពលរដ្ឋ​​ដឹក​ជន្លង់​ម្រេច ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

ដីកា​​ចៅក្រម​​សាលាដំបូង​ខេត្ត​ក្រចេះ​លោក ញ៉ិល ប៊ុនលី បញ្ជាក់​ថា លោក ឃួន ជីវិន ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ ពី​បទ​រំលោភ​អំណាច តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ និង​បទ​អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ តាម​មាត្រា ១០១ ចំណុច​ទី៣ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​លោក ឃួន ជីវិន កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ សីហា ក្រោយ​បែក​ធ្លាយ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហាញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រូប​នេះ បាន​ជិះ​រថយន្ត​ទំនើបមួយ​គ្រឿង ចុះ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដែល​ដឹក​ជន្លង់​ម្រេច តាម​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ចាប់​ពី​១​ម៉ឺន ដល់​៤​ម៉ឺន​រៀល ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កន្លង​ទៅ ក្នុង​ចំណុច​ផ្លូវ​លំ​ភ្នំព្រិច ផ្លូវ​ចូល​ថ្មម៉ាត ភូមិ​សាមគ្គី ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល។

កាល​ពី​ថ្ងៃ​ទី១៥ សីហា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក គុយ ហួត បាន​សម្រេច​ផ្ទេរ និង​សម្រួល​ភារកិច្ច​លោក ឃួន ជីវិន ចេញ​ពី​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឆ្លូង ទៅ​ជា​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដោយមិន​បញ្ជក់​ពី​មូលហេតុ ឬ​មាន​វិធានការ​លើ​មន្ត្រី​រូប​នេះ​ទេ ក្រោយ​បែក​ធ្លាយ​វីដេអូ​លោក ឃួន ជីវិន ទារ​ប្រាក់​ពលរដ្ឋ។

ទោះ​យ៉ាង​ណា​ក៏ដោយ ករណី​មន្ត្រី​ដែល​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​បន្ត​ចែកចាយ​ដោយ​រិះគន់ ក៏​ដូច​ជា​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​​ចំពោះ​មន្ត្រី​រូប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live