Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សមត្ថកិច្ច​​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា

$
0
0

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ប្រមាណ ៥០​នាក់ ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ក្រោយ​តុលាការ​សម្រេច​ចោទ​ប្រកាន់​ប្រធាន​បក្ស​រូប​នេះ​ជា​ច្រើន​ករណី។

ការ​ចុះ​ឆែកឆេរ​នេះ ធ្វើ​ឡើង​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ក្រោយ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បាន​រក​ឃើញ​ថា អង្គ​ហេតុ​នៃ​ករណី​ជន​ជាប់​ចោទ​រូប​នេះ បាន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិសុខ​នៃ​កង​យោធពល​ខេមរភូមិន្ទ ជា​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី។ បទល្មើស​ទាំង​នេះ​រួម​មាន បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​យក​ទៅ​សាកសួរ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា បន្ទាប់​ពី​លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ទាក់ទង​នឹង​ការ​បញ្ជា​កងទ័ព​ឲ្យ​ទៅ​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​បឹងកក់​បន្ត​សុំ​អន្តរាគមន៍​ពី​អង្គទូត​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី

$
0
0

អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​​ជាង​២០​នាក់ នាំ​គ្នា​ជួបជុំ​នៅ​មុខ​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៥ សីហា ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ គឺ​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​១​ឆ្នាំ​គត់ គិត​មក​ដល់​ថ្ងៃ​ទី១៥ សីហា។ ថ្ងៃ​ខួប​មួយ​ឆ្នាំ​នេះ នៅពេលព្រឹកក្រុម​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ នាំ​គ្នា​ដាក់​ញត្តិ​​ទៅដាក់​តាម​ស្ថានទូត​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ដូចជា សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន និង​សហភាព​អឺរ៉ុប ជាដើម ដើម្បី​ស្នើ​ប្រទេស​ទាំងនោះ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​។ ចំណែក​​ពេល​ល្ងាច ពួកគេនឹង​មាន​កម្មវិធី​សម្ដែង​មតិ ធ្វើពិធីបួងសួង​សុំ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​អ្នកស្រី​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ដែល​ជាប់​ឃុំ​កាល​ណោះ។

ក្រោយ​ចាប់​ខ្លួន តុលាការ​បាន​​ចោទ​ប្រកាន់​អ្នកស្រី លើ​សំណុំ​រឿង​ផ្សេងៗ​ទៀត ក្រោម​បទ​ចោទ​ ប្រើ​ហិង្សា​លើ​សន្តិសុខ​ សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ​ ដោយតុលាការសម្រេចដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​សន្តិសុខ​ពីរ​នាក់​ជា​ដើម​បណ្ដឹង ចំនួន​៩​លាន​រៀល តាម​មាត្រា​ ២១៧ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មា​ន​ពិស្ដារ...

ណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ ICCក្នុង​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

$
0
0

មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) គ្រោង​ដាក់​ឯកសារ​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​កាល​ពី​ឆ្នាំ​មុន ដើម្បីឲ្យ​​តុលាការ​នេះ ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ តុលាការ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញ​ឯកសារ​ផ្សេងៗ រួម​ទាំង​រូបភាព​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ នៅ​ហាង​ស្តារម៉ាត (Star Mart) ក្នុង​ស្ថានីយ​សាំង​កាល់តិច (Caltex) កាច់​ជ្រុង​ស្តុប​បូកគោ ដែល​ពាក់​ព័ន្ធ​នឹង​​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ខាង​ក្រោយ​ជា​អត្ថបទ​សម្ភាសន៍​​របស់​លោក មួង ណារ៉េត ជាមួយ​លោក​មេធាវី រីឆាត រ៉ូជើរ៖

លោក មួង ណារ៉េត៖ លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បង្ហាញ​រូបភាព​វីដេអូ ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត កន្លែង​ដែល​គេ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក​ក៏​ជា​ភាគី​ដើម​បណ្ដឹង​ម្នាក់​ដែរ​នៅ​ក្នុង​រឿង​នេះ។ ឥឡូវ​តុលាការ​អាមេរិក យល់​ព្រម​តាម​បណ្ដឹង​នេះ​ហើយ ព្រោះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា កន្លង​ទៅ​នេះ តុលាការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) បង្គាប់​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​អាមេរិក ឆេវរ៉ុន បង្ហាញ​ឯកសារ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​ប៉ូលិស​ខ្មែរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ តើ​លោក​រំពឹង​ចង់​បាន​អ្វី​ដែរ​ពី​ពាក្យ​បណ្ដឹង​នេះ?

​លោក រីឆាត រ៉ូជើរ៖ យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ ICC ស្នើ​សុំ​ឲ្យ​តុលាការ​អន្តរជាតិ​មួយ​នេះ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី។ ដូច្នេះ ខ្ញុំ​ក៏​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះ ដើម្បី​ជួយ​ដល់​ការ​ពាក្យ​បណ្ដឹង​របស់ខ្ញុំ​ផង​ដែរ។ ពាក្យ​បណ្ដឹង​នៅ​តុលាការ​អាមេរិក គឺ​ក្រុមហ៊ុន​មេធាវី​របស់​ពួក​ខ្ញុំ​ជា​អ្នក​ដាក់។

លោក មួង ណារ៉េត៖ ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កើត​ឡើង​នៅ​ស្រុក​ខ្មែរ។ មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា រឿង​ស្រុក​ខ្មែរ​ជា​ដែន​សមត្ថកិច្ច​របស់​ខ្មែរ ដូច្នេះ​ត្រូវ​ទុក​ឲ្យ​តុលាការ​ខ្មែរ​ជា​អ្នក​ដោះស្រាយ។  លោក​ដាក់​ប្ដឹង​នៅ​តុលាការ​អន្តរជាតិ ICC រួច​ទៅ​ហើយ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​អាមេរិក​បន្ថែម​ទៀត?

លោក រីឆាត រ៉ូជើរ៖ ការ​ដាក់​ពាក្យ​បណ្ដឹង​នៅ​អាមេរិក​នេះ គឺ​ដោយសារ​ច្បាប់​ជាតិ​របស់​អាមេរិក អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង​ស្នើ​សុំ​ឯកសារ​ពី​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់។ ស្ថានីយ​សាំង​កាល់តិច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ឆេវរ៉ុន  ដែល​ជា​ក្រុមហ៊ុន​អាមេរិក។ ដូច្នេះ​ហើយ​ទើប​យើង​អាច​ដាក់​ពាក្យ​ប្ដឹង​នៅ​អាមេរិក​បាន។ ការណ៍​ដែល​យើង​ត្រូវការ​ព័ត៌មាន គឺ​ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា បាន​ប្រមូល​យក​រូបភាព​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​ស្តារម៉ាត យក​ទៅ​ទុក។ ចំណែក​ឯ​រូប​វីដេអូ​ដែល​ឃើញ​បង្ហាញ​ក្នុង​ពេល​ធ្វើ​សវនាការ ជា​រូបភាព​មិន​ពេញលេញ និង​មាន​លក្ខណៈ​បំភាន់​ភ្នែក។ ប្រការ​នេះ ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​មាន​មន្ទិលសង្ស័យ​មិន​ចេះ​ចប់។ យើង​ខ្ញុំ​បាន​ប្ដឹង​ឲ្យ​តុលាការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញ​ព័ត៌មាន​ទាំង​អស់​ដែល​ខ្លួន​មាន មិនមែន​ត្រឹមតែ​រូបភាព​វីដេអូ ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​មុខ​នោះ​ទេ គឺ​យើង​សុំ​ឲ្យ​បង្ហាញ​រាល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោក កែម ឡី។

យើង​សុំ​ឲ្យ​បង្ហាញ​សារ​ទំនាក់ទំនង​ដែល​មាន​ពាក្យ “គណបក្ស​ប្រជាជន​កម្ពុជា” មាន​ពាក្យ “ហ៊ុន សែន” ឬ​ពាក្យ “ធ្វើឃាត” ជាដើម។ យើង​ជឿ​ថា ក្រុមហ៊ុន​ធំ​ដូចជា ឆេវរ៉ុន បែប​នេះ ច្បាស់​ជា​គេ​មាន​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​របស់​គេ។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​ច្បាស់​ជា​ផ្ដល់​នូវ​ពន្លឺ ដើម្បី​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ។ យើង​នៅ​តែ​គិត​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​ការ​ធ្វើ​ឃាត​ដោយសារ​ហេតុផល​នយោបាយ ព្រោះ​ការ​ធ្វើ​ឃាត​បែប​នេះ មាន​កើត​ឡើង​ជា​ហូរហែ​រួច​មក​ហើយ ដូចជា​ទៅ​លើ​លោក ជា វិជ្ជា និង​អ្នក​ដទៃ​ទៀត។

​លោក មួង ណារ៉េត៖ តើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​បែប​ម៉េច ដែល​អាច​ឲ្យ​លោក​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន?

​លោក រីឆាត រ៉ូជើរ៖ ករណី​នេះ​​វា​ពាក់ព័ន្ធ​ទូទៅ​ក្នុង​ធាតុ​ផ្សំ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ការ​ធ្វើ​ឃាត​ទៅ​លើ​លោក កែម ឡី ជា​ផ្នែក​មួយ​នៃ​បទល្មើស​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ដូច្នេះ​យើង​ត្រូវ​ការ​ព័ត៌មាន​នេះ ដើម្បី​ជួយ​ដល់​ពាក្យ​បណ្ដឹង​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ទាំង​អស់​នៅ​កម្ពុជា។ យើង​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ ICC មិន​មែន​តំណាង​ឲ្យ​តែ​ក្រុម​គ្រួសារ​លោក កែម ឡី នោះ​ទេ។

​លោក មួង ណារ៉េត៖ កន្លង​មក​លោក​បាន​ដាក់​ឯកសារ​ខ្លះ​ហើយ​ទៅ​តុលាការ ICC ដើម្បី​គាំទ្រ​ពាក្យ​បណ្ដឹង​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ។ តើ​លោក​ត្រូវការ​ភស្តុតាង​អ្វី​បន្ថែម​ទៀត​ដែល​រំពឹង​ចង់បាន​ពី​ក្រុមហ៊ុន ឆេវរ៉ុន?

លោក រីឆាត រ៉ូជើរ៖ ដោយសារ​តែ​ការ​ធ្វើ​ឃាត​លោក កែម ឡី ជា​អំពើ​មនុស្ស​ឃាត​មួយ​ក្នុង​ចំណោម​អំពើ​មនុស្សឃាត​ជា​ច្រើន​ដែល​យើង​រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នៅ​តុលាការ ICC ភស្តុតាង​ថ្មី​នឹង​ជួយ​ឲ្យ​យើង​បង្ហាញ​ប្រាប់​ព្រះរាជអាជ្ញា​តុលាការ ICC ថា ការ​សម្លាប់​លោក កែម ឡី គឺ​ជា​ករណី​ឃាតកម្ម​ផ្នែក​នយោបាយ​មិន​មែន​ឃាតកម្ម​ទូទៅ​នោះ​ទេ។ អ្វី​ដែល​យើង​ធ្លាប់​ឮ​ការ​បក​ស្រាយ​ពី​ខាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កន្លង​មក គឺ​គ្រាន់​តែ​ការ​បិទ​បាំង​ការពិត​តែប៉ុណ្ណោះ។ ដូច្នេះ យើង​ត្រូវការ​ព័ត៌មាន​បន្ថែម​បែប​នេះ​ដើម្បី​យើង​ដាក់​ទៅ​តុលាការ ICC ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​លោក មួង ណារ៉េត៖ ដូច្នេះ​មាន​ន័យ​ថា បើ​ក្រុមហ៊ុន​អាមេរិក​នេះ បង្ហាញ​ព័ត៌មាន​ថ្មី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ ICC ទៀត​តើ​មែន​ទេ?

​លោក រីឆាត រ៉ូជើរ៖ ត្រូវ​ហើយ​បាទ! បើ​ក្រុមហ៊ុន ឆេវរ៉ុន បង្ហាញ​ព័ត៌មាន​ដែល​អាច​ឲ្យ​យើង​បង្ហាញ​ព្រះរាជអាជ្ញា​តុលាការ ICC ថា​ការ​ធ្វើ​ឃាត​លោក កែម ឡី គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​កម្ពុជា យើង​នឹង​ដាក់​សម្អាង​ហេតុ​បន្ថែម​ទៅ​តុលាការ ICC ដោយ​បញ្ចូល​ទាំង​ភស្តុតាង​ថ្មី​នេះ ដើម្បី​បន្ថែម​ទម្ងន់​ទៅលើ​សម្អាង​ហេតុ​ដែល​យើង​បាន​ដាក់​ទៅ​តុលាការ​កាល​ពី​លើក​មុន។

លោក មួង ណារ៉េត៖ រឿង​ក្ដី​នៅ​តុលាការ ICC ប្រើ​ពេល​យូរ​ណាស់​ទម្រាំ​មានការ​ជំនុំជម្រះ។ តុលាការ​នេះ មាន​សំណុំរឿង​ជាច្រើន​នៅ​ក្នុង​ដៃ​ដែល​ត្រូវ​ដោះស្រាយ។ តើ​មាន​ពេល​វេលា​កំណត់​ច្បាស់លាស់​ណា​មួយ​ដែរ​ឬ​ទេ​ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​ទន្ទឹង​រង់ចាំ​ដំណឹង​យូរ​ពេក?

លោក រីឆាត រ៉ូជើរ៖ ខ្ញុំ​សុំ​ស្នើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រក្សា​ការ​អត់ធ្មត់។ យើង​មាន​សង្ឃឹម​លើ​សំណុំ​រឿង​នេះ។ ជា​ការ​ពិត សំណុំរឿង​ធំៗ​បែប​នេះ​ត្រូវ​ការ​ពេល​វេលា។ ប៉ុន្តែ ឥឡូវ​យើង​កាន់តែ​ប្រមូល​បាន​ព័ត៌មាន​ច្រើន​ឡើងៗ​ហើយ។ កាល​ណា​តុលាការ ICC ចាប់​ផ្ដើម​ចាត់​ការ​បណ្ដឹង​របស់​យើង​យើង​នឹង​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ថា ឃាតកម្ម​ផ្នែក​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​ទាន់​ថមថយ​នៅ​ឡើយ​ទេ។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក រីឆាត រ៉ូជើរ ដែល​បាន​ចំណាយ​ពេល​ពេល​វេលា​ក្នុង​កិច្ច​សម្ភាសន៍​នេះ។

​លោក រីឆាត រ៉ូជើរ៖ បាទ! សូម​អរគុណ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ឃុំ​ឃ្សឹម​ខែត្រ​ក្រចេះ​បារម្ភ​រឿង​អាជ្ញាធរ​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា

$
0
0

ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជាង ៧០០​គ្រួសារ និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ ភ័យ​ព្រួយ​ករណី​អាជ្ញាធរ​ភូមិ​ដើរ​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា​កាល​ពី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ និង​គ្រោង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា នៅ​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។

ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល បាន​ទៅ​ប្រឹក្សា​ផ្នែក​ច្បាប់​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) កាល​ពី​ពេល​ថ្មីៗ​នេះ រឿង​អាជ្ញាធរ​បាន​ដើរ​ស្រង់​ឈ្មោះ និង​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​អ្នក​ភូមិ​មាន​មន្ទិល និង​បារម្ភ​ពី​សុវត្ថិភាព និង​រឿង​ផ្ទាល់​ខ្លួន ប្រសិន​បើ​ពួក​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណា​មួយ​ដែល​គេ​ចង់​បាន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត​រស់នៅ​ភូមិ​ត្រពាំងឈូក ឃុំ​ឃ្សឹម លោក ឈិត ឈឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ សីហា ថា សមាជិក​ភូមិ លោក ឈុំ សាមុត បាន​ចុះ​ស្រង់​ឈ្មោះ និង​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា។ លោក​ថា ពលរដ្ឋ​ខ្លះ​ឆ្លើយ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​ថា គេ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា អ្នក​ភូមិ​រស់នៅ​ភូមិ​ត្រពាំងឈូក ជាង ៧០០​គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phouc) កំពុង​ភ័យ​ព្រួយ បន្ទាប់​ពី​ឮ​ព័ត៌មាន​ថា អាជ្ញាធរ​រដ្ឋាភិបាល​នឹង​មិន​ដោះស្រាយ​ដីធ្លី​ឲ្យ​ដាច់ខាត ចំពោះ​ពលរដ្ឋ​ណា​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គេ​នឹង​ដោះស្រាយ ឬ​ប្រគល់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៖ «សួរ​ថា​បោះឆ្នោត​ឲ្យ​ខាង​ណាៗ ខ្ញុំ​ពិបាក​ឆ្លើយ​ជាមួយ​គេ​ដែរ។ បោះ​សួរ​ចឹង ចាំបាច់​លាក់​ការ​សម្ងាត់​ធ្វើ​អី? គេ​ថា​បោះ​គណបក្ស​នោះ បាន​ឲ្យ​ដី និង​គណបក្ស​នេះ​បាន​ឲ្យ​ដី​ចឹង»

ឆ្លើយតប​រឿង​នេះ សមាជិក​ភូមិ​មួយ​រូប​ដែល​បាន​ដើរ​សួរនាំ​ពលរដ្ឋ លោក ឈុំ សាមុត ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​សួរ​ពលរដ្ឋ​ថា​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ជំរឿន​ងាយស្រួល​គ្រប់គ្រង។ លោក​បញ្ជាក់​ថា កិច្ច​ការងារ​នេះ​គឺ​ជា​បទបញ្ជា​ពី​ថ្នាក់​លើ​ដែល​តម្រូវ​ឲ្យ​សមាជិក​ភូមិ​ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ណា​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង និង​ពលរដ្ឋ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក៏​គេ​មិន​តម្រូវ​ឲ្យ​ស្រង់​ឈ្មោះ​ដែរ៖ «គេ​ឲ្យ​ស្រង់​តែ​គណបក្ស​ប្រជាជន​ទេ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ត្រពាំងឈូក គាត់​មាន​ក្តី​បារម្ភ​ច្រើន​ណាស់។ គោល​បំណង​ចឹង បើ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គេ​នឹង​វាស់វែង​ដី​ឲ្យ​ឆាប់ៗ តែ​បើ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​គិតគូរ​ឲ្យ​ទេ»

អនុប្រធាន​ភូមិ​ត្រពាំងឈូក លោក ឃី ឆាយ ទទួល​ស្គាល់​ដែរ​ថា លោក​ពិត​ជា​បង្គាប់​ឲ្យ​សមាជិក​ភូមិ​ស្រង់​ឈ្មោះ​ពលរដ្ឋ​មែន តែ​ការ​ស្រង់​នោះ​ដើម្បី​ធ្វើ​ជំរឿន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ទេ ហើយ​ទង្វើ​នេះ​ត្រូវ​អនុវត្ត​គ្រប់​ឃុំ​ទាំងអស់​នៅ​ស្រុក​ស្នួល។ លោក​បដិសេធ​ថា អាជ្ញាធរ​ពុំ​មាន​គោល​នយោបាយ​ដកហូត​ដីធ្លី​ពី​ក្រុមហ៊ុន ជូន​ពលរដ្ឋ​ណា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ៖ «ការងារ​បក្ស​គេ​ស្រង់​តាម​សមាជិក​បក្ស​របស់​គេ​ទេ មិន​ប៉ះពាល់​ប្រជាពលរដ្ឋ​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ក្តី​បារម្ភ​របស់​ពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ សីហា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​ថា សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ ហើយ​នឹង​គ្រោង​ចុះ​អង្កេត​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​រក្សា​ការ​សម្ងាត់ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ។ លោក​ចាត់​ទុក​បញ្ហា​នេះ ថា​ជា​ទម្រង់​គំរាម​កំហែង​សិទ្ធិ​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដែល​នាំ​ឲ្យ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​រឹត​តែ​អាក្រក់​ទៅ។ លោក​បារម្ភ​ថា ទង្វើ​នេះ​ពលរដ្ឋ​រងគ្រោះ​នឹង​ប្រឈម​បញ្ហា​ផ្សេងៗ​នៅ​គ្រា​ដែល​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណា​មួយ​ដែល​គេ​ចង់​បាន៖ «កាលណា​អាជ្ញាធរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ ដើម្បី​រក​អ្នក​ណា​ដែល​ចូល​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ណា​មួយ វា​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ទាក់ទង​សិទ្ធិ​នយោបាយ​ពួក​គាត់​ក្នុង​ការ​បញ្ចេញ​មតិ​ជ្រើសរើស​មេ​ដឹកនាំ តាម​រយៈ​សន្លឹកឆ្នោត និង​ការ​បោះឆ្នោត»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៤ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ចំណែក​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​បាន​អាជ្ញាធរ​ចុះ​សួរនាំ​ពី​ព័ត៌មាន​ជុំវិញ​ការ​បោះឆ្នោត​នេះ​ដែរ។ ការ​សួរនាំ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សម្ដែង​ការ​បារម្ភ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​មន្ទិល​ថា ករណី​នេះ​គឺ​ជា​បទបញ្ជា​ផ្ដើម​ចេញ​ពី​ថ្នាក់​លើ​ទៅ ឬ​ក៏​យ៉ាង​ណា ហើយ​ប្រសិន​បើ​រឿង​នេះ​ជា​ការពិត គឺ​ជា​សកម្មភាព​មិន​ត្រឹមត្រូវ និង​ហួស​ពី​តួនាទី​ដែល​ច្បាប់​បោះឆ្នោត​បាន​ធានា​ដល់​សិទ្ធិ​រក្សា​ការ​សម្ងាត់​របស់​ពលរដ្ឋ។ លោក​ថា បាតុភាព​នេះ​គឺ​ពលរដ្ឋ​នឹង​ប្រឈម​បញ្ហា​ច្រើន ដូចជា​សុវត្ថិភាព ការ​ភ័យ​ខ្លាច រើសអើង និង​រឿង​ផ្សេង​ទៀត​ពាក់ព័ន្ធ​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ។ បញ្ហា​នេះ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ៖ «ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ទៅ​តាម​អ្នក​ណា​ដែល​ជា​បក្សពួក​ខ្លួន ឬ​សាច់ញាតិ​ខ្លួន គឺ​អត់​បាន​ទេ គឺ​ការ​ដោះស្រាយ​ដោយ​ស្មើ​ភាព​គ្នា។ មិន​អាច​អ្នក​ឯង​បោះឆ្នោត​ឲ្យ​គណបក្ស "" បាន​ខ្ញុំ​ដោះស្រាយ​ឲ្យ អា​ហ្នឹង​ជា​ការ​រើសអើង​គណបក្ស​នយោបាយ​ហើយ»

ឃុំ​ឃ្សឹម មាន ៨​ភូមិ និង​មាន​ពលរដ្ឋ​រស់នៅ​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២.២១៥​នាក់) ក្នុង​ឆ្នាំ​២០១៧។ ឃុំ​នេះ​មាន ៧​អាសនៈ និង​មាន​គណបក្ស​នយោបាយ ៥ ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ លទ្ធផល​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​ជា​មេ​ឃុំ ដោយ​ទទួល​បាន ៤​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភាព​ចម្រូង​ចម្រាស​នៃ​ការ​បូម​ខ្សាច់​នៅ​ស្រុក​ស្អាង​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ

$
0
0

ភាព​ចម្រូង​ចម្រាសនៃ​ការ​បូម​ខ្សាច់​នៅ​ចំណុច​ឃុំ​រក្សា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ ទោះ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន និង​មន្ត្រី​ពី​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ជួប​ពលរដ្ឋ​នៅ​ថ្ងៃ​ទី១៥ សីហា នេះ​ក្ដី។

ក្នុង​ជំនួប​រវាង​​អាជ្ញាធរ និង​ពលរដ្ឋ​ប្រមាណ​១០០​នាក់ នា​សាលាស្រុក​ស្អាង នៅ​ព្រឹក​ថ្ងៃ​ទី១៥ សីហា បាន​បញ្ចប់ ដោយ​អាជ្ញាធរ​បាន​ត្រឹម​បញ្ជាក់​ដដែល​ថា ការ​បូម​ខ្សាច់​​របស់​ក្រុមហ៊ុន ឡេង ជីន (Leng Chin Group Co., Ltd.) មាន​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ និង​ដើម្បី​ចាក់​បំពេញ​ទីតាំង​សម្រាប់​សង់​ផ្ទះ​លក់​តម្លៃ​ថោក ដល់​មន្ត្រី​រាជការ។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បាក់​ច្រាំង​ផ្ទះ ពី​ការ​បូម​ខ្សាច់​នេះ អះអាង​ថា ពួកគេ​មិន​អាច​ទទួល​យក​បាន​ទេ ខណៈ​ពួកគេ​បន្ត​តវ៉ា​ប្រឆាំង និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​កិច្ច​សន្យា ដោយ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ក្បែរ​ច្រាំង​ទន្លេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​មណ្ឌល​សុខភាព​មួយ​នៅ​សៀមរាប​រង​ការ​ចោទ​ថា​មាន​ការ​រើសអើង​ផ្នែក​នយោបាយ

$
0
0

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប គ្រោង​នឹង​ចុះ​អង្កេត​ទៅ​លើ​ករណី​រើសអើង​ខាង​នយោបាយ​ក្នុង​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុង​ភូមិ​ព្រៃគាប ឃុំ​រោងគោ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប នៅ​ក្នុង​សប្ដាហ៍​នេះ។

​គម្រោង​ចុះ​អង្កេត​នេះ បន្ទាប់ពី​ភ្នាក់ងារ​សុខភាព​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​ម្នាក់ ត្រូវ​ប្រធាន​មណ្ឌល​សុខភាព ដក​ចេញ​ពី​ការងារ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រើសអើង​ផ្នែក​នយោបាយ។

អតីត​ភ្នាក់ងារ​សុខភាព​ស្ម័គ្រចិត្ត​ម្នាក់ នៅ​ភូមិ​ព្រៃគាប ឃុំ​រោងគោ បាន​ចោទ​ប្រកាន់​ប្រធាន​មណ្ឌល​សុខភាព​ប្រចាំ​ឃុំ​នេះ​ថា បាន​ដក​រូប​គាត់​មិន​ឱ្យ​បម្រើការ​ទៀត​ទេ ដោយសារតែ​ប្ដី​របស់​គាត់​គឺ​ជា​សកម្មជន​នៃ​គណបក្ស​ប្រឆាំង។

​អតីត​ភ្នាក់ងារ​សុខភាព​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​ព្រៃគាប គឺ​អ្នកស្រី ប៉ែន ភារុន អាយុ ៥១​ឆ្នាំ។ អ្នកស្រី​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៥ ខែ​សីហា ថា ប្រធាន​មណ្ឌល​សុខភាព ឃុំ​រោងគោ ឈ្មោះ លោក ឆេង ហល់ បាន​បញ្ឈប់​រូប​គាត់​ពី​ការងារ ហើយ​ដាក់​អ្នក​ថ្មី​មក​ជំនួស​រយៈពេល​កន្លះ​ខែ​ហើយ។

​អ្នកស្រី ប៉ែន ភារុន បញ្ជាក់​ថា គាត់​មិន​ដែល​មាន​កំហុស​ទេ ប៉ុន្តែ​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​រោងគោ សម្រេច​បញ្ឈប់​រូប​គាត់​ពី​ការងារ ដោយសារតែ​ប្ដី​របស់​គាត់​ឈ្មោះ តូ តឿង គឺ​ជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​តូច​ចិត្ត​ដែរ ខ្ញុំ​ធ្វើការ​ស្ម័គ្រចិត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ គេ​ដក​ខ្ញុំ​ពី​ការងារ​ដោយ​មិន​មាន​ហេតុផល»

​ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​រោងគោ លោក ឆេង ហល់ ដើម្បី​សុំ​ការ​អធិប្បាយ​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​សៀមរាប មិន​ទាន់​បាន​ទទួល​បណ្ដឹង​អំពី​ករណី​ដែល​ថា មាន​ការ​រើសអើង​ផ្នែក​នយោបាយ​នោះ​ពី​ភាគី​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿង​នោះ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក ចាន់ ចំរើន មាន​ប្រសាសន៍​ថា ប្រសិនបើ​ការ​បញ្ឈប់​ភ្នាក់ងារ​សុខភាព​ស្ម័គ្រ​ចិត្ត​ប្រចាំ​ភូមិ​ព្រៃគាប ដោយសារ​តែ​ប្ដី​របស់​គាត់​ជា​សកម្មជន​គណបក្ស​ប្រឆាំង​មែន​នោះ វា​គឺ​ជា​រើសអើង​ខាង​នយោបាយ​យ៉ាង​ពិត​ប្រាកដ។

លោក ចាន់ ចំរើន យល់​ថា ការ​រើសអើង​និន្នាការ​នយោបាយ​នៅ​តាម​ភូមិ ឃុំ និង​ការងារ​គឺ​ជា​ចំណុច​គ្រោះថ្នាក់​បំផុត ដែល​ធ្វើ​ឱ្យ​ការងារ​សង្គម​មិន​រីកចម្រើន ព្រម​ទាំង​បង្កើត​ឱ្យ​មាន​អំពើ​គុំកួន​គ្នា​ផង៖ «គួរ​បញ្ចប់​នូវ​វប្បធម៌​រើសអើង​ផ្នែក​នយោបាយ ពីព្រោះ​វា​មិន​មាន​ចំណេញ​អ្វី​ទេ គឺ​វា​មាន​តែ​ឱ្យ​មនុស្ស​ខ្វែង​គំនិត​គ្នា មិន​មាន​កម្លាំង​រួម​សាមគ្គី​គ្នា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស»

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប នឹង​សហការ​ចុះ​ស៊ើប​អង្កេត​រួម​គ្នា​ទៅ​លើ​ករណី​បញ្ឈប់​ការងារ​ភ្នាក់ងារ​សុខភាព​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​ព្រៃគាប​នោះ ក្នុង​សប្ដាហ៍​នេះ ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​ជា​ការ​រើសអើង​ខាង​នយោបាយ​មែន ឬ​ក៏​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​កាន់​អំណាច​បដិសេធ​រឿង​ឲ្យ​អាជ្ញាធរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នៅ​ឃុំ​ឃ្សឹម

$
0
0

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ថា​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា សមាជិក និង​មេ​ភូមិ ថា​ពួក​គេ​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់​លើ ក្នុង​ការ​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​អនុវត្ត​គោលការណ៍​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់​ទេ ហើយ​សិទ្ធិ​សម្រេច​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​របស់​ពលរដ្ឋ ជា​ការ​សម្ងាត់។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​គោល​នយោបាយ​តម្រូវ​ឲ្យ​សួរ​ដេញដោល​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ទេ។

ចំពោះ​ព័ត៌មាន​ដែល​ឮ​ថា ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phouc) របស់​វៀតណាម ជាង ៧០០​គ្រួសារ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល អាជ្ញាធរ​នឹង​ប្រគល់​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ បើ​ពួក​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា​គឺ​ជា​រឿង​មិន​ពិត។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ព្រួយ​បារម្ភ​រឿង​នេះ ប្រសិន​បើ​ពលរដ្ឋ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់។

លោក សុខ ឥសាន បន្ត​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ ហើយ​ដី​ណា​គ្មាន​ប្លង់​រឹង ឬ​ប័ណ្ណ​កម្មសិទ្ធិ គេ​ដោះស្រាយ​តាម​រយៈ​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ តែ​បើ​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ ឬ​ប្លង់​រឹង ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ

លោក សុខ ឥសាន ថា​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​ឋានានុក្រម នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​ពាក់ព័ន្ធ មក​សួរនាំ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿង​នេះ ប្រសិន​បើ​អាជ្ញាធរ​ភូមិ​ពិត​ជា​ដើរ​សួរនាំ​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា«គណបក្ស​ប្រជាជន​កម្ពុជា អត់​មាន​គោលការណ៍​អី​ដែល​ធ្វើ​ឲ្យ​ច្បាប់​ទេ កាលណា​សួរ​ចឹង​បាន​ន័យ​ថា យើង​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ហើយ ព្រោះ​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ឋិត​ក្នុង​លក្ខណៈ​សម្ងាត់»

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល បាន​ទៅ​ប្រឹក្សា​ផ្នែក​ច្បាប់​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) រឿង​អាជ្ញាធរ​បាន​ដើរ​ស្រង់​ឈ្មោះ និង​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​អ្នក​ភូមិ​មាន​មន្ទិល និង​បារម្ភ​ពី​សុវត្ថិភាព និង​រឿង​ផ្ទាល់​ខ្លួន ប្រសិន​បើ​ពួក​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណា​មួយ​ដែល​គេ​ចង់​បាន។

ទោះ​ជា​យ៉ាង​ណា សមាជិក​ភូមិ​ត្រពាំងឈូក ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី មួយ​រូប​ដែល​បាន​ដើរ​សួរនាំ​ពលរដ្ឋ លោក ឈុំ សាមុត ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​សួរ​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ជំរឿន​ងាយស្រួល​គ្រប់គ្រង។ លោក​បញ្ជាក់​ថា កិច្ច​ការងារ​នេះ​គឺ​ជា​បទបញ្ជា​ពី​ថ្នាក់​លើ«គោល​បំណង​ចឹង បើ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គេ​នឹង​វាស់វែង​ដី​ឲ្យ​ឆាប់ៗ តែ​បើ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​គិតគូរ​ឲ្យ​ទេ»

អនុប្រធាន​ភូមិ​ត្រពាំងឈូក ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី លោក ឃី ឆាយ ទទួល​ស្គាល់​ដែរ​ថា លោក​ពិត​ជា​បង្គាប់​ឲ្យ​សមាជិក​ភូមិ ស្រង់​ឈ្មោះ​ពលរដ្ឋ​មែន តែ​ការ​ស្រង់​នោះ​ដើម្បី​ធ្វើ​ជំរឿន​សមាជិក​បក្ស​កាន់​អំណាច ពុំ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ទេ ហើយ​ទង្វើ​នេះ​ត្រូវ​អនុវត្ត​គ្រប់​ឃុំ​ទាំងអស់​នៅ​ស្រុក​ស្នួល«ការងារ​បក្ស​គេ​ស្រង់​តាម​សមាជិក​បក្ស​គេ​ទេ»

ប៉ុន្តែ​ជំទប់​ទី​១ ឃុំ​ឃ្សឹម មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ សំអុល បដិសេធ​ថា អាជ្ញាធរ​ពុំ​បាន​បង្គាប់​ឲ្យ​សមាជិក​ភូមិ ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​រឿង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទេ។ លោក​ថា រឿង​នេះ​គឺ​ជា​រឿង​មិន​ពិត«ខ្ញុំ​អត់​បាន​ដឹង​ដែរ​ទេ»

ចំណែក​ឯ​ជំទប់​ទី​២ ឃុំ​ឃ្សឹម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម ជី ទទួល​ស្គាល់​ថា មេ​ឃុំ​ពិត​ជា​បង្គាប់​ឲ្យ​មេ​ភូមិ និង​សមាជិក​ភូមិ ចុះ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ និង​បារម្ភ​ពី​សុវត្ថិភាព។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​សុំ​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក ហើយ​កិច្ច​ការងារ​នេះ មេ​ឃុំ​ឃ្សឹម បាន​ចាត់​តាំង​ជំទប់​ទី​១ លោក សាយ សំអុល ជា​អ្នក​ចាត់ចែង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ណា​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា«តែ​ខ្ញុំ​សួរ​ទៅ​ថ្នាក់​ឃុំ គឺ​តម្រូវ​ពី​ថ្នាក់​ស្រុក​ឲ្យ​ធ្វើ​ចឹង»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​ថា សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ ដែល​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង ៧០០​គ្រួសារ​បារម្ភ​ខ្លាចក្រែង​អាជ្ញាធរ​មិន​ដោះស្រាយ​ដីធ្លី​ជូន ប្រសិន​បើ​គាត់​ឆ្លើយ​ថា​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា សមាគម​អាដហុក នឹង​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ឆាប់ៗ និង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ដែល​លោក​ចាត់​ទុក​ថា​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់«យើង​នឹង​ចុះ​ជួប​ជាមួយ​មេ​ឃុំ ឬ​អាជ្ញាធរ​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការងារ​ហ្នឹង តាម​រយៈ​ពលរដ្ឋ​ដែល​បាន​ប្ដឹង​ពួក​យើង»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៤ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ចំណែក​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្នងការ​រង​ខែត្រ​ស្ទឹងត្រែង​ថា​ការ​ស្លាប់​របស់​នគរបាល​ព្រំដែន​​ពុំ​មែន​ដោយសារ​ទាហាន​ឡាវ​បាញ់

$
0
0

សាកសព​នគរបាល​ការពារ​ព្រំដែន​មួយ​រូប ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​នៅ​ទន្លេ​សេកុង ជាប់​ព្រំ​ប្រទល់​កម្ពុជា-​ឡាវ ចំណុច​ក្បែរ​កោះ​ឫស្សី នៃ​ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។

នគរបាល​សន្និដ្ឋាន​ថា មូលហេតុ​នៃ​ការ​ស្លាប់​នេះ ដោយសារ​លិច​ទូក​នៅ​គ្រា​ដែល​គាត់​បាន​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រំដែន ដែល​ធ្លាប់​មាន​វិវាទ​ជាមួយ​អាជ្ញាធរ​ឡាវ កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ។

ស្នងការ​រង​ទទួល​បន្ទុក​ព្រំដែន​នៅ​ខែត្រ​ស្ទឹងត្រែង លោក ឯក ស៊ីវ៉ាន់ដន ថ្លែង​ថា មន្ត្រី​នគរបាល​ដែល​ស្លាប់​នោះ​ឈ្មោះ ប៊ុង នឿង ជា​ជនជាតិ​ភាគ​តិច​ឡាវ មាន​ស្រុក​កំណើត​នៅ​ស្រុក​សៀមប៉ាង បាន​ស្លាប់​ដោយសារ​លិច​ទូក​នៅ​គ្រា​គាត់​ធ្វើ​ដំណើរ​ម្នាក់​ឯង​តាម​ដង​ទន្លេ​សេកុង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា និង​រក​ឃើញ​សាកសព​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា៖ «ទាហាន​ឡាវ ចេញ​ទៅ មាន​ការ​អនុញ្ញាត​ពី​មេបញ្ជាការ ចុះ​ទៅ​រក​បន្លែ និង​ម្ហូប​ខ្លះ​ទៅ​ហូប។ គាត់​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កោះ​ឫស្សី។ យើង​រក​ឃើញ​សព​ថ្ងៃ​ទី​១៤ ម៉ោង ៨:៤៥»

​លោក ស៊ីវ៉ាន់ដន អះអាង​ថា ការ​ស្លាប់​របស់​នគរបាល​រួប​នោះ ពុំ​មែន​ដោយសារ​ទាហាន​ឡាវ បាញ់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កូន​ក្រពើ​ត្រី​៩​ក្បាល​ញាស់​ដោយ​ជោគជ័យ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​នៅ​ខេត្ត​កោះកុង

$
0
0

ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​របស់​រដ្ឋបាល​ជលផល អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ រួម​នឹង​សហគមន៍ ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន ខណៈ​កូន​ក្រពើ​ត្រី ឬ​អាច​ហៅ​ថា​ក្រពើ​ព្រៃ ចំនួន ៩​ក្បាល​បាន​ញាស់​ដោយ​ជោគជ័យ បន្ទាប់​ពី​ចិញ្ចឹម និង​ថែរក្សា​រយៈពេល ៦​សប្ដាហ៍​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន ស្ថិត​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​របស់​សមាគម​អង្គការ​អភិរក្ស​សត្វ​ព្រៃ (Wildlife Conservation Society) ចេញ​ផ្សាយ​ថ្ងៃ​ទី​១៥ ខែ​សីហា នេះ​ឲ្យ​ដឹង​ថា កូន​ក្រពើ​ត្រី​ចំនួន ៩​ក្បាល​ដែល​ទើប​នឹង​ញាស់​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ពង​ក្រពើ​ត្រី​មួយ​សម្បុក​មាន​ចំនួន ១៩​គ្រាប់ ដែល​បាន​រក​ឃើញ​តាម​បណ្តោយ​ព្រែក​ស្រែអំបិល កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ លោក អេង ម៉េងអីុ ថ្លែង​ថា ពង​ក្រពើ​ត្រី​មួយ​សម្បុក​ដែល​មាន​ពង​ចំនួន ១៩​គ្រាប់​នេះ គឺ​ជា​សម្បុក​តែ​មួយ​គត់​ដែល​ក្រុម​អ្នក​ភូមិ​ប្រទះ​ឃើញ​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក អេង ម៉េងអ៊ី បញ្ជាក់​ទៀត​ថា ជាទូទៅ កូន​ក្រពើ​ត្រី​មួយ​សម្បុក​អាច​ញាស់​ចន្លោះ​ពី ៥០% ទៅ ៧០% ប៉ុណ្ណោះ។

ក្រពើ​ត្រី ជា​ពូជ​សត្វ​កម្រ​នៅ​លើ​សកលលោក។ វត្តមាន​របស់​វា​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ថៃ និង​ប្រទេស​វៀតណាម ប៉ុណ្ណោះ។ សត្វ​ក្រពើ​ត្រី​នេះ​មាន​ប្រមាណ​ជាង ៤០០​ក្បាល​ប៉ុណ្ណោះ ហើយ​ភាគច្រើន​គឺ​មាន​នៅ​ប្រទេស​កម្ពុជា។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ លោក អេង ម៉េងអីុ ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​កូន​ក្រពើ​ត្រី​ដែល​ទើប​នឹង​ញាស់ មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្ត​កោះកុង កំពុង​ចិញ្ចឹម និង​ថែរក្សា​កូន​ក្រពើ​ត្រី​ដែល​មាន​ទម្ងន់​ចាប់​ពី ៣ ទៅ ៥​គីឡូក្រាម​ចំនួន ១១​ក្បាល និង​អណ្ដើក​ហ្លួង​ចំនួន ២១៦​ក្បាល​ទៀត​ផង។ លោក​ថា​អ្នក​ជំនាញ​កំពុង​តែ​សិក្សា​អំពី​លទ្ធភាព​ផ្សេងៗ មុន​នឹង​យក​កូន​ក្រពើ​ត្រី​ទាំងនេះ​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ណែនាំ​ថ្នាក់ដឹកនាំ​បក្ស​រាជធានី-​ខេត្ត​ឲ្យ​ប្រើ​ស្លាក​បក្ស​តាម​គំរូ​ថ្មី

$
0
0

គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ណែនាំ​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​រាជធានី ខេត្ត ឲ្យ​ប្រើប្រាស់​ស្លាក​គណបក្ស​ប្ដូរ​តាម​គំរូ​ស្លាក​ថ្មី។

នៅ​ក្នុង​សេចក្ដី​ណែនាំ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ភ្ជាប់​មក​ជាមួយ​នូវ​ស្លាក​គណបក្ស​នេះ​ដែល​ត្រូវ​ប្ដូរ​តាម​គំរូ​ថ្មី ដែល​មាន​ទម្រង់​ជា​គោល​ដូចជា៖ ​ស្លាក​បញ្ឈរ ១,២​ម៉ែត្រ គុណ​នឹង ១,៦​ម៉ែត្រ ទំហំ​ឡូហ្គោ (Logo) សញ្ញា​ព្រះអាទិត្យ ១​ម៉ែត្រ គុណ​នឹង ១​ម៉ែត្រ សង​ខាង​ឡូហ្គោ​ប្រើ​ពណ៌​លឿង ឆ្វេង ស្ដាំ ទំហំ ១០​សង់ទីម៉ែត្រៗ។ ទំហំ​ខាង​លើ​ឡូហ្គោ ប្រើ​ពណ៌​លឿង ដោយ​សរសេរ​អក្សរ​ខ្មែរថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​លើ​អក្សរ​អង់គ្លេស​ថា ខេមបូឌា ណេស៊ិនណល រ៉េខ្យូស ផាតធី (Cambodia National Rescue Party) ទំហំ ២០​សង់ទីម៉ែត្រៗ។ ចំណែក​ទំហំ​ខាង​ក្រោម​ឡូហ្គោ ​ប្រើ​ពណ៌​លឿង ទំហំ ១០​សង់ទីម៉ែត្រៗ សរសេរ​អក្សរ​ថា សង្គ្រោះ បម្រើ ការពារ។ នៅ​ខាង​ក្រោម​បង្អស់​នៃ​ឡូហ្គោ​នេះ ប្រើ​ផ្ទៃ​ពណ៌​ស ទំហំ ៣០​សង់ទីម៉ែត្រ ជា​សន្លឹក​ឆ្នោត មាន​សញ្ញា​គ្រីស ឬ​ធិច នៅ​ក្នុង​ប្រអប់។

សេចក្ដី​ណែនាំ​នេះ គឺ​បន្ទាប់​ពី​ច្បាប់​គណបក្ស​នយោបាយ​ដែល​សមាជិក​សភា​បក្ស​កាន់​អំណាច​ទើប​ធ្វើ​វិសោធនកម្ម​លើក​ទី​២​ថ្មី ដោយ​ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ចំពោះ​គណបក្ស​​ណា​ដែល​ហ៊ាន​បំពាន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​ច្រាន​ចោល​លិខិត​ធ្វើ​ដោយ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ

$
0
0

ជនជាតិ​ដើម​ភាគតិច​ព្នង ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​ពាន់​នាក់​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត អះអាង​ថា​បាន​ផ្ដិត​មេដៃ​ដោយ​បង្ខំ​ចិត្ត​លើ​លិខិត​រៀបចំ​ឡើង​ដោយ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មួយ​ក្រុម ដែល​មាន​ចេតនា​យក​ធ្វើ​ជា​សំអាង​ថា​គាត់​មិន​បាន​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោកស្រី សង ប្រូ អះអាង​ថា លិខិត​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​លក្ខណៈ​លួងលោម​បង្ខំ​ក្នុង​ភាព​ភ័យ​ខ្លាច ឲ្យ​គាត់​ផ្ដិត​មេដៃ​ថា​មិន​បាន​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខែត្រ ពាក់ព័ន្ធ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី លោក យន់ សារោម រួម​ទាំង​មន្ត្រី​ថ្នាក់​ក្រសួង​បី​នាក់​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា បាន​មក​ដល់​ផ្ទះ​គាត់ ហើយ​សរសេរ​លិខិត​ផ្ទាល់​ដៃ​ឲ្យ​គាត់​ផ្ដិត​មេដៃ ខណៈ​គាត់​មាន​ការ​ភ័យ​ខ្លាច ហើយ​បង្ខំ​ចិត្ត​ទទួល​យក​សំណូមពរ និង​ទទួល​បាន​ប្រាក់​លួង​ចិត្ត ២​ម៉ឺន​រៀល អាវ​យឺត​១ និង​មួក​១។

លោកស្រី សង ប្រូ បញ្ជាក់​ថា ក្នុង​ស្ថានភាព​ជា​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​មិន​ចេះ​អក្សរ និង​មិន​មាន​អ្នក​ភូមិ​នៅ​ជិត​ខាង​ជួយ​ពិគ្រោះ​យោបល់ ទើប​គាត់​ផ្ដិត​មេដៃ​ដោយ​ភ័យ​ខ្លាច។ លោកស្រី​បន្ត​ថា បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​សហគមន៍ លោកស្រី​បាន​ធ្វើ​លិខិត​បដិសេធ​លិខិត​រៀបចំ​ឡើង​ដោយ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ដាក់​ជូន​សមាគម​អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ៖ «បាន​ផ្ដិត​ដោយ​បង្ខំ​ចិត្ត។ អ៊ីចឹង​គេ​បោក បើ​យើង​ផ្ដិត​បាន​គេ​ទៅ​វិញ។ យើង​ម្នាក់​ឯង​ឈ្នះ​គេ​អត់​រួច​ផង​ហ្នឹង»

ជនជាតិ​ដើម​ភាគតិច​ព្នង ជាង ១​ពាន់​នាក់​កាល​ពី​ឆ្នាំ​២០១៦ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី ថា​បាន​រំខាន​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដែល​ជា​ប្រការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ផ្លាស់ប្ដូរ​តួនាទី​មន្ត្រី​រូប​នោះ។

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ឃី ពិសិដ្ឋ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ថា លោក​គឺ​ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ថ្នាក់​ក្រសួង​ពីរ​នាក់​ទៀត ដែល​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ណែនាំ​ឲ្យ​ចុះ​ជួប​ពលរដ្ឋ ដើម្បី​ស្វែងរក​អង្គហេតុ​ជាក់លាក់​ទាក់ទិន​បណ្ដឹង​ចោទ​ប្រកាន់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​នេះ។ លោក​ថា ក្រុម​ការងារ​មិន​បាន​បង្ខំ ឬ​បំភិតបំភ័យ​ណា​មួយ​ទាក់ទិន​ការ​បញ្ជាក់​របស់​ពលរដ្ឋ​ក្នុង​លិខិត​នេះ​ទេ។ លោក​ថា ក្រុម​ការងារ​បាន​អញ្ជើញ​មេ​ឃុំ​ចូលរួម​ជា​សាក្សី ខណៈ​ក្រុម​ការងារ​ជួប​ពិភាក្សា​បញ្ហា​នេះ​ពី​សាមីជន​ទៀត​ផង៖ «យើង​ដឹង​ថា​គាត់​ជា​ដើម​បណ្ដឹង ដល់​សួរ​គាត់​ទៅ គាត់​ថា​អត់​បាន​ប្ដឹង​ទេ។ យើង​មាន​ឃ្លីប​សំឡេង​គាត់​ទៀត។ យើង​បាន​សុំ​គាត់​ថត គាត់​ថា​អត់​ស្អី​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា មន្ត្រី​លោក​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​លិខិត​បដិសេធ​របស់​លោកស្រី សង ប្រូ ដែល​បាន​ដាក់​មក​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​អន្តរាគមន៍។ លោក​ថា​នឹង​បញ្ជូន​លិខិត​បដិសេធ​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ៖ «ដើម្បី​ឲ្យ​មាន​វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់ ប្រសិន​កិច្ចសន្យា​នេះ​ធ្វើ​ឡើង​ដោយ​ការ​លួងលោម ឬ​បង្ខំ ឬ​ដោយ​ឆន្ទៈ​ផ្ទុយ​ច្បាប់​ណា​មួយ»

លិខិត​ថត​ចម្លង​ដែល​អាស៊ីសេរី ទទួល​បាន​ពី​សមាគម​អាដហុក មាន​ស្នាម​មេដៃ លោកស្រី សង ប្រូ ស្នាម​មេដៃ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បី​នាក់ និង​ហត្ថលេខា​បញ្ជាក់​ថា​បាន​ឃើញ​ពី​មេ​ឃុំ​ប៊ូស្រា ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឲ្យ​ដឹង​ថា នាង​ខ្ញុំ​ឈ្មោះ សង ប្រូ មិន​បាន​ផ្ដិត​មេដៃ​ប្ដឹង​លោក យន់ សារោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ករណី​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នោះ​ទេ។ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​កន្លង​ទៅ នាង​ខ្ញុំ​ផ្ដិត​មេដៃ​ស្តាំ​ទុក​ជា​សំអាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​សហគមន៍​ចោទ​មេ​ភូមិ​មេ​ឃុំ​ថា​បើក​ដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​កំពង់ឆ្នាំង

$
0
0

អ្នក​ភូមិ​នៃ​ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បារម្ភ​ខ្លាច​សហគមន៍​ព្រៃឈើ​ដែល​ពួក​គេ​ធ្លាប់​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​នោះ នឹង​ក្លាយ​ជា​វាល​រហោឋាន ហើយ​ដី​ត្រូវ​គេ​វាស់​ចែក​គ្នា។ តំណាង​សហគមន៍​សង្ស័យ​ថា មេ​ភូមិ​មេ​ឃុំ​ចង់​ផ្ចាញ់ផ្ចាល​លោក ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អាច​អាជ្ញាធរ​ភូមិ​ឃុំ​ឃុបឃិត​ជាមួយ​ជនល្មើស ដើម្បី​បំផ្លាញ​ព្រៃឈើ។

តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ពាម និង​អ្នក​ភូមិ​ពីរ​នាក់​ដែល​កំពុង​ដើរ​ល្បាត​ព្រៃ​សហគមន៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ផ្ទៃដី​ព្រៃ​សហគមន៍​ប្រមាណ ៦០​ហិកតារ ត្រូវ​បាន​កូនប្រសា​មេ​ឃុំ​ពាម និង​កូន​មេ​ភូមិ​ច្រកថ្កូវ ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ។ ពួក​គេ​ថា សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ជ្រួលច្របល់​ចូល​ចាប់​ដី​សហគមន៍​ដោយ​មាន​ការ​បើក​ដៃ​ពី​មេ​ភូមិ​ឈ្មោះ សួស សារ៉េម និង​មេ​ឃុំ​ឈ្មោះ យី ផេង។

ប្រធាន​គណៈកម្មការ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះធាតុ ឃុំ​ពាម លោក ប៊ុន យ៉ូន មាន​ប្រសាសន៍​ថា ការ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ កើត​មាន​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​អំឡុង​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់ បន្ទាប់​ពី​លោក​ចេញ​មុខ​ឈរ​ឈ្មោះ​ជា​បេក្ខជន​លេខ​រៀង​ទី​៤ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ពាម។ ចាប់​តាំង​ពី​លោក​ចេញ​មុខ​គាំទ្រ​បក្ស​ប្រឆាំង​មក មេ​ភូមិ​មេ​ឃុំ​បើក​ដៃ​ឲ្យ​ពលរដ្ឋ​បំផ្លាញ​ព្រៃឈើ​តែ​ម្ដង៖ «សហគមន៍​ដែល​ខ្ញុំ​ខំ​ទប់ស្កាត់​រាល់​ថ្ងៃ ទប់ស្កាត់​មិន​បាន​ដោយសារ​អាជ្ញាធរ​ដែនដី​គិត​តែ​គំរាម​កំហែង ដាក់​ប្រជាពលរដ្ឋ​ឲ្យ​កាប់​ឆ្ការ។ ឥឡូវ​ឲ្យ​ខ្ញុំ​ទប់ស្កាត់​ម៉េច​បាន បើ​អាជ្ញាធរ​ដែនដី​ដើរ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ដើរ​កាប់​ដើរ​ឆ្ការ​អ៊ីចឹង។ សួស សារ៉េម ម្សិលមិញ​ដើរ​ប្រាប់​នៅ​ភូមិ​ថ្មកែវ ឲ្យ​ដើរ​កាប់​ដើរ​ឆ្ការ​ទៅ គាត់​ថា​មិន​មែន​ដី​ព្រៃ​អា​ពួក​អស់​ហ្នឹង​ជា​អ្នក​ដាំ​ទេ។ ខ្ញុំ​មាន​វិធានការ​មួយ​សា​ហើយ តែ​វា​គ្មាន​ប្រសិទ្ធភាព ដាក់​មេដៃ​ទៅ (សាលា​ខេត្ត) មេ​ភូមិ​ឃុំ និយាយ​ថា​មេដៃ​ដែល​ដាក់​សុទ្ធតែ​គណបក្ស​ប្រឆាំង»

ទាក់ទង​បញ្ហា​នេះ មេ​ភូមិ​ច្រកថ្កូវ លោក សួស សារ៉េម បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់ ខណៈ​មេ​ឃុំ​ពាម លោក យី ផេង ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា។

ចំណែក​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា បញ្ជាក់​ថា បញ្ហា​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​នោះ​ទេ ប៉ុន្តែ​ប្រធាន​គណៈកម្មការ​សហគមន៍​រូប​នោះ​អសមត្ថភាព មិន​អាច​ទប់ស្កាត់​បទល្មើស​ក្នុង​ដែន​សហគមន៍​ដែល​ខ្លួន​គ្រប់គ្រង បែរ​ជា​ចោទ​ដាក់​គេ​ដាក់​ឯង។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក បាន​ខ្នះខ្នែង​ការពារ​ព្រៃ​សហគមន៍ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ៖ «ហើយ​ខ្ញុំ​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​បញ្ជូន​មក​តុលាការ ហើយ​ស៊ើបសួរ​ចុះ​ស៊ើបសួរ​ឡើង អា​អ្នក​ចាប់​ហ្នឹង​គ្រាន់​តែ​ជា​អ្នក​ដែល​គេ​ជួល​មក​ទេ។ អ៊ីចឹង​វា​ពិបាក វា​មាន​យុទ្ធសាស្ត្រ​វា​ច្រើន​ណាស់។ យើង​ខ្ញុំ​ខំ​ប្រឹង​គាំទ្រ​ណាស់​ដែរ គ្រាន់​តែ​គាត់​រាយការណ៍​មក កម្លាំង​យើង​ចុះ​ទៅ​ក៏​ឃាត់​មិន​បាន​អ៊ីចឹង​ទៅ​ណា។ ប៉ុន្តែ​ខ្ញុំ​ក៏​សួរ​ដែរ តើ​អ្នក​ឯង​មក​ពីណា? សុទ្ធតែ​ប្រជាជន​មក​ពី​ក្រៅ​ភូមិ ក្រៅ​ស្រុក​ហ្នឹង​ទៅ​ទៀត»

លោក វន ស៊ីផា និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច លោក ឯម វិចិត្រ អះអាង​ស្រដៀង​គ្នា​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​គាំទ្រ និង​ការពារ​រាល់​ផល​ប្រយោជន៍​រួម​របស់​ពលរដ្ឋ។ អ្នក​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ កំពុង​ឋិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ បន្ទាប់​ពី​មន្ត្រី​ជំនាញ​កំណត់​មុខ​សញ្ញា និង​កសាង​សំណុំ​រឿង​ចំនួន​ពីរ​ករណី​បញ្ជូន​ទៅ​តុលាការ ហើយ​កំពុង​តាមដាន​អ្នក​ប្រព្រឹត្តិ​បទល្មើស​ថ្មីៗ​ទៀត។

ព្រៃ​សហគមន៍​ភ្នំ​ព្រះធាតុ មាន​ទំហំ ៦៨២​ហិកតារ មាន​ពលរដ្ឋ​ចំនួន ៨​ភូមិ​កំពុង​អាស្រ័យ​អនុផល​ព្រៃឈើ។ បច្ចុប្បន្ន ព្រៃ​សហគមន៍​ប្រមាណ ៦០​ហិកតារ ត្រូវ​បាន​បំផ្លាញ ហើយ​មាន​សកម្មភាព​រុក​រាន​កាន់​តែ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក កែវ រ៉េមី៖ រដ្ឋាភិបាល​មាន​ជំហរ​ម៉ឺងម៉ាត់​ធានា​និង​គោរព​សិទ្ធិ​នយោបាយ

$
0
0

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​មាន​គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ធានា​ពី​សុខ​សន្តិភាព និង​សុវត្ថិភាព​ជូន​ម្ចាស់​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​នៅ​រាល់​អំឡុង​ពេល​ដំណើរការ​នៃ​ការ​បោះឆ្នោត។ ការ​បញ្ជាក់​ជំហរ​ដូចនេះ​របស់​មន្ត្រី​រដ្ឋាភិបាល ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ចង់​ឃើញ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​មិន​មាន​ការ​គំរាម​កំហែង និង​ស្ងប់ស្ងាត់។

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​ការពារ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ស្ថិរភាព​នយោបាយ​ដែល​រក​បាន​មក​ដោយ​លំបាក​នេះ​ឡើយ ជាពិសេស​រាល់​ពេល​មាន​ការ​បោះឆ្នោត​ម្ដងៗ ការ​រក្សា​ពី​បរិយាកាស​ឲ្យ​បាន​ស្ងប់ស្ងាត់ ទាំង​មុន និង​ក្រោយ​ពេល​បោះឆ្នោត គឺ​ជា​ទិសដៅ​ទី​មួយ​របស់​រដ្ឋាភិបាល​ចង់​បាន​បំផុត។

ការ​ថ្លែង​ដូចនេះ​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ក្រោយ​ពេល​ជំនួប​ទ្វេ​ភាគី​ជាមួយ​ប្រតិភូ​ជប៉ុន ដែល​ដឹកនាំ​ដោយ​អគ្គនាយក​រង​នៃ​ការិយាល័យ​កិច្ចការ​បរទេស​នៃ​ក្រសួង​ការ​បរទេស​ជប៉ុន លោក ម៉ាសាតូ អូតាកា (Masato Otaka) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា។ ជំនួប​បិទ​ទ្វារ​នេះ រៀបចំ​ឡើង​នៅ​ការិយាល័យ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ដោយ​មិន​សំចៃ​មាត់​រូប​នេះ បញ្ជាក់​ជំហរ​ថា គណបក្ស​កាន់​អំណាច​មិន​ធ្វេសប្រហែស​សោះ​ឡើយ​រឿង​សន្តិសុខ និង​បរិយាកាស​ស្ងប់ស្ងាត់​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ហើយ​ការ​បោះឆ្នោត​ដែល​មិន​មាន​អំពើ​ហិង្សា​នោះ​ហើយ គឺ​ជា​វត្ថុ​បំណង​របស់​លោក ហ៊ុន សែន ដែល​តែង​ក្រើន​រំឭក​មន្ត្រី​នៅ​ក្នុង​ជួរ​គណបក្ស។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​បារម្ភ​បំផុត​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​រំខាន​ទៅ​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បន្ត​ថា «សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ទាក់ទង​ប្រជុំ​នៅ​ក្នុង​គណបក្ស សន្និបាត​បក្ស និង​មហា​សន្និបាត​បក្ស ណែនាំ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ថា​ឲ្យ​ធានា​រក្សា​សន្តិសុខ​ជូន​ដល់​អ្នក​បោះឆ្នោត​ឲ្យ​បាន»

ការ​អះអាង​ដូចនេះ​របស់​មន្ត្រី​រដ្ឋាភិបាល ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រាប់​គណបក្ស​ប្រឆាំង​ថា អ្នកស្រី​ចង់​ឃើញ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​គំរាម​កំហែង និង​គ្មាន​ការ​បំភិតបំភ័យ។

បើ​ទោះ​ជា​រដ្ឋាភិបាល និង​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​អះអាង​ពី​ភាព​ស្អាតស្អំ ដើម្បី​បញ្ចៀស​នូវ​ការ​ចោទ​ប្រកាន់​បែប​ណា​ក៏ដោយ​ចុះ តាម​រយៈ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​យ៉ាង​តក់ក្រហល់ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ ត្រូវ​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ប៉ុន្តែ​បញ្ហា​នេះ តែង​ត្រូវ​បាន​រដ្ឋាភិបាល​ច្រាន​ចោល​ជា​ញឹកញាប់។ មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ការពារ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាក់តែង​ឡើង​មិន​មែន​សម្រាប់​បក្ស​នយោបាយ​ណា​មួយ​ឡើយ ពោល​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ផង។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ លោក កែម រ៉េមី ថ្លែង​ការពារ​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​ជា​ច្បាប់​ដែល​ឆ្លង​កាត់​ការ​សិក្សា​ពី​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន ហើយ​បាន​ពិគ្រោះ​យោបល់​ដ៏​ម៉ត់ចត់​របស់​ក្រុម​អ្នក​ជំនាញ មុន​នឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត។ លោក​បន្ត​ថា «ច្បាប់​គណបក្ស​នយោបាយ ឬ​ក៏​ច្បាប់​ទាក់ទង​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ​ម៉ត់ចត់​របស់​រដ្ឋាភិបាល ដែល​យក​លំនាំ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​សាកលលោក។ ច្បាប់​នេះ​អាច​និយាយ​បាន​ថា​មាន​លក្ខណៈ​បែបបទ​អន្តរជាតិ ដែល​មិន​ខុស​ពី​គេ។ និយាយ​ឲ្យ​ចំ​ទៅ អត់​ខុស​ពី​គេ​ទេ គឺ​ដូច​គ្នា។ ឧទាហរណ៍​ដូច​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ គឺ​យើង​ទម្រង់​នៃ​ប្រទេស​ដាណាម៉ាក (Denmark) ព័រទុយហ្គាល់ (Portugal) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) និង​សហគមន៍​អឺរ៉ុប ជាដើម»

នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់ សង្កេត​ឃើញ​ថា​មាន​អ្នក​នយោបាយ​ជើង​ចាស់ និង​ប្រមុខ​គណបក្ស​នយោបាយ​ដែល​ពុំ​មាន​សំឡេង​នៅ​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន ត្រូវ​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ។ បទ​ចោទ​ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ទាំងនោះ មាន​ការ​បកស្រាយ​ដោយ​អ្នក​ច្បាប់​ដែល​គាំទ្រ​រដ្ឋាភិបាល និង​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ក្រៅ​ពី​រឿង​នយោបាយ​ទៅ​វិញ ជាដើម។

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា នេះ​ជា​កង្វល់​យ៉ាង​ធំ​របស់​សង្គម​ស៊ីវិល​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ពេល​ខាង​មុខ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថ្វី​បើ​នៅ​ពេល​នេះ រដ្ឋាភិបាល​អះអាង​ពី​ការ​ការពារ​បរិយាកាស​នៅ​អំឡុង​ពេល​បោះឆ្នោត​ក្ដី សង្កេត​ឃើញ​ថា​មាន​អ្នក​នយោបាយ​បន្តបន្ទាប់​ត្រូវ​ចាប់​ខ្លួន ទោះ​ជា​បទល្មើស​អ្វី​ផ្សេង​ក៏ដោយ​ចុះ ក៏​និន្នាការ​នេះ​ហាក់​បង្ហាញ​ពី​សម្ពាធ​ផ្នែក​នយោបាយ​មួយ​ដែរ។ លោក​បន្ត​ថា «ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ​ដែរ ព្រោះ​អី​បរិយាកាស​មិន​សូវ​ល្អ។ ជួនកាល​គេ​ភ័យ​ខ្លាច ព្រោះ​ធម្មតា​ទេ​ចាប់​ខ្លួន​អ្នក​នយោបាយ ទោះ​បី​ជា​ករណី​ព្រហ្មទណ្ឌ​ក៏ដោយ»

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត រំពឹង​ថា គ្រប់​សមភាព​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ខាង​មុខ មាន​អ្នក​នយោបាយ សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត អាច​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ស្មើ​គ្នា និង​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ដោយ​គ្មាន​ការ​គាប​សង្កត់ និង​គ្មាន​ការ​បំភិត​បំភ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍​នាំ​គ្នា​រត់​គេច​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន

$
0
0

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ប្រាប់​ថា ក្រោយ​កើត​អំពើ​ហិង្សា​រវាង​សន្តិសុខ​ក្រុមហ៊ុន​ការពារ​ដី​ឲ្យ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​អ្នក​ភូមិ​តេជោអង្កាញ់ និង​មាន​កង​កម្លាំង​ចម្រុះ​ចុះ​ចាប់ និង​ដុត​ផ្ទះ​ពលរដ្ឋ​លើ​ដី​មាន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​១០ សីហា មក ពួក​គេ​បាន​នាំ​គ្នា​រត់​គេច​ចេញ​ពី​ផ្ទះ ព្រោះ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ភូមិ​តេជោអង្កាញ់ លោក ប៉ូ សម្បត្តិ ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង ២០០​នាក់​កំពុង​គេច​ចេញ​ពី​ផ្ទះ ក្រោយ​ពេល​ដែល​អ្នក​ភូមិ​ឮ​ថា នឹង​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត ករណី​ជម្លោះ​ដីធ្លី ហិង្សា​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ដែល​អ្នក​ភូមិ​អះអាង​ថា​ជា​របស់​អ្នកស្រី ចាន់ សុធា អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

លោក ប៉ូ សម្បត្តិ អះអាង​ថា ក្រោយ​ការ​ចាប់​ខ្លួន​ពលរដ្ឋ ២​នាក់ និង​អ្នក​កាសែត​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១១ សីហា បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពត រួច​មក នៅ​ថ្ងៃ​ទី​១៥ សីហា បុរស​ម្នាក់​ទៀត​ឈ្មោះ ភ័ក្រ រស់នៅ​ភូមិ​តេជោអង្កាញ់ ត្រូវ​បាន​កង​កម្លាំង​ចម្រុះ​របស់​ឃុំ ចាប់​ខ្លួន​នៅ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទៅ​ទិញ​អីវ៉ាន់។ ពលរដ្ឋ​ដែល​អះអាង​ថា​ផ្ទះ​គាត់​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​ដុត​ចោល​រូប​នេះ ប្រាប់​ថា បច្ចុប្បន្ន​ពួក​លោក​កំពុង​គេច​ខ្លួន ក្រោយ​ពេល​ឮ​ដំណឹង​ថា មេ​ឃុំ​តេជោអភិវឌ្ឍន៍ បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​ភូមិ៖ «ដោយសារ​កំហឹង​ប្រជាពលរដ្ឋ​យើង គាត់ (ក្រុមហ៊ុន) មក​ដុត ដុត​បំផ្លាញ​ផ្ទះ​សម្បែង។ គាត់​ឈឺ​ចាប់​ណាស់។ ដល់​ឈឺ​ចាប់​ណាស់ ក្រុមហ៊ុន​គាត់​ដឹក​សាំង ដឹង​សាំង​ប្រហែល​កន្លះ​ឡាន​មក ដើម្បី​យក​មក​កម្ទេច​ទៀត ចឹង​គាត់​ការពារ​ផ្ទះ និង​លំនៅឋាន​គាត់ គាត់ (ពលរដ្ឋ) ទប់​អត់​បាន វា (សន្តិសុខ​ក្រុមហ៊ុន និង​ទាហាន​ង​៧០) បាញ់​អ្ហា បាញ់​ស្រោច​មក​លើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ខឹង​ពេក សុខ​ចិត្ត​ថា​ស្លាប់​ក៏​ស្លាប់​ចុះ បបួល​គ្នា​ទៅ​កម្ទេច តែ​កម្ទេច​តែ​ឡាន​ក្រុមហ៊ុន​មួយ​ទេ»

កាល​ពី​ថ្ងៃ​ទី​១០ សីហា អ្នក​ភូមិ​តេជោអង្កាញ់ និង​សន្តិសុខ​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) បាន​ប៉ះ​ទង្គិច​គ្នា​បង្ក​ជា​ហិង្សា ដោយ​អ្នក​ភូមិ​អះអាង​ថា​កើត​ចេញ​ពី​ខាង​ប្រជា​ការពារ​ភូមិ និង​ទាហាន «ង​៧០» ការពារ​ដី​ឲ្យ​ក្រុមហ៊ុន ដែល​បាន​បាញ់​រះ​ដោយ​ប្រើ​កាំភ្លើង​វែង​ប្រភេទ​អាកា (AK) បាញ់​ឡើង​លើ​គំរាម​អ្នក​ភូមិ និង​គ្រាប់​ខ្លះ​បាញ់​តម្រង់​អ្នក​ភូមិ​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ខឹងសម្បា ក៏​បាន​វាយ​បំបែក​កញ្ចក់​ឡាន​ក្រុមហ៊ុន​មួយ​គ្រឿង។ ចំណែក​ឡាន​របស់​កង​រាជ​អាវុធហត្ថ អ្នក​ភូមិ​អះអាង​ថា​មិន​បាន​វាយ​កម្ទេច​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

មេ​ឃុំ​តេជោអភិវឌ្ឍន៍ លោក សាន់ គ្រីយ៉ា បដិសេធ​ព័ត៌មាន​ថា លោក​បញ្ជា​ឲ្យ​កង​កម្លាំង​ឃុំ​ចុះ​ចាប់​ពលរដ្ឋ ដោយ​លោក​សំអាង​ថា លោក​គ្មាន​សិទ្ធិ​នោះ​ទេ៖ «ខ្ញុំ​គ្មាន​សិទ្ធិ​ណា​បញ្ជា​ឲ្យ​ចាប់​ប្រជាពលរដ្ឋ​ទេ ត្រូវ​ចាំ​ប៉ុណ្ណឹង​បាន​ហើយ​ណា»

ក្រោយ​ការ​ប្រើ​ហិង្សា​ដាក់​គ្នា កង​កម្លាំង​ចម្រុះ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១១ សីហា បាន​ឃាត់​ខ្លួន​អ្នក​ភូមិ ២​នាក់ ឈ្មោះ ព្រឿង ប្រាណ និង​ឈ្មោះ សុខ ពិសី ព្រម​ទាំង​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​អំណាច​ប្រជាជន​ម្នាក់​ឈ្មោះ ជា ស៊ីថា បញ្ជូន​ទៅ​តុលាការ។

ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល ឲ្យ​អាស៊ីសេរី​ដឹង​ថា បុរស​ទាំង ៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ សីហា ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​ឃុំ​ខ្លួន ដោយ​ចោទ​បី​បទល្មើស គឺ​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប៉ះពាល់​កម្មសិទ្ធិ​សាធារណៈ៖ «ចៅក្រម​គាត់​សម្រេច​ឃុំ​ខ្លួន​អស់​ហើយ​ណា។ បាទ! ឃុំ​ខ្លួន​ទាំង​៣»

សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ការងារ គឺ​ជា​ទង្វើ​ខុស​ឆ្គង និង​រំលោភ​សិទ្ធិ​អ្នក​សារព័ត៌មាន ហើយ​វា​អាច​ជា​ការ​បិទ​បាំង​រឿង​អ្វី​ម្យ៉ាង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ។

មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ហៅ​ការ​ឃាត់​ខ្លួន និង​ការ​ចោទ​ប្រកាន់​អ្នក​យក​ព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ខេត្ត​កំពត ជា​ការ​រឹតត្បិត​សេរីភាព និង​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សារព័ត៌មាន​ទូទៅ៖ «អ្នក​កាសែត​គាត់​ទៅ​ហ្នឹង គឺ​គាត់​បាន​ពាក់​កាត​របស់​គាត់ ពាក់​អី។ គាត់​មាន​ឧបករណ៍​សម្រាប់​យក​ព័ត៌មាន មាន​ន័យ​ថា​គាត់​ចុះ​ទៅ​បំពេញ​ការងារ​យក​ព័ត៌មាន។ ចឹង​ហើយ កាល​ដែល​ចុះ​ទៅ​យក​ព័ត៌មាន មាន​ការ​ចាប់​ខ្លួន​ចឹង អា​ហ្នឹង​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ទៅ​លើ​អ្នក​សារព័ត៌មាន ក៏ដូចជា​ការ​គំរាម​កំហែង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​ឲ្យ​មាន​ការ​ភ័យ​ខ្លាច»

អ្នក​ភូមិ​ទាំង ៦​ភូមិ​នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក អះអាង​ស្រដៀង​គ្នា​ថា ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​ឲ្យ​បង្កើត​ភូមិ​តេជោ​ទាំង​៦ នោះ​មក ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​តែង​រំលោភ​យក​ដី កាប់​បំផ្លាញ​ផ្ទះ ដុត​ផ្ទះ និង​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់ និង​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​ជា​បន្តបន្ទាប់។ អ្នក​ភូមិ​ស្នើ​យ៉ាង​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទៅ​មើល​ស្ថានភាព និង​ស្ដាប់​ពី​ទុក្ខ​លំបាក​ពិតប្រាកដ​របស់​អ្នក​ភូមិ ជាជាង​ស្ដាប់​តាម​របាយការណ៍​របស់​មន្ត្រី​នៅ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​កប៉ាល់​ដឹក​​ភ្ញៀវ​​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​អាជ្ញាធរ​កុំ​យក​លុយ​បន្ថែម​​៨​ពាន់​រៀល​ពី​ភ្ញៀវក្នុង​ស្រុក

$
0
0

ប្រតិបត្តិករ​ទេសចរណ៍ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លើក​លែង​ការ​យក​លុយ ៨​ពាន់​រៀល ពី​ទេសចរ​ជាតិ ដែល​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា នៅ​ក្នុង​ខេត្ត​នេះ។

​ចំណែក​អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ទេសចរ ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ និង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​រួម​សហការ​អភិវឌ្ឍ​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​រីកចម្រើន។

ប្រតិបត្តិករ​ទេសចរណ៍​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ទេសចរ ចេញ​ទៅ​កម្សាន្ត​តាម​កោះ​មួយ​ចំនួន ថ្លែង​ថា ពួកគេ​គ្មាន​សិទ្ធិ​ជំទាស់​ការ​កំណត់​ឲ្យ​ទេសចរ​ត្រូវ​បង់លុយ ៨​ពាន់​រៀល (៨.០០០) ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទេ ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត ត្រូវ​ដាក់​តុ​អង្គុយ​រង់ចាំ​យក​លុយ​នៅ​តាម​ផែកប៉ាល់ ឬ​ទូក​ទេសចរណ៍​នីមួយៗ ដោយ​ខ្លួន​ឯង និង​ឲ្យ​មាន​របៀប​រៀប​រយ។

អ្នកស្រី ស៊ុយ ស្រីមុំ នាយិកា​ក្រុមហ៊ុន ស្ពីឌី ហ្វើរី ខេមបូឌា (Speed Ferry Cambodia) ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល គួរ​មាន​ការ​លើកលែង​ការ​បង់​លុយ ៨​ពាន់​រៀល ចំពោះ​ភ្ញៀវ​ជាតិ ត្បិត​ពួកគេ​មិន​សប្បាយ​ចិត្ត​ទេ៖ «រៀបចំ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ហើយ​សំណូមពរ​មួយ​ទៀត ភ្ញៀវ​ទេសចរ​ខ្មែរ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បើសិនជា​រដ្ឋបាល​ខេត្ត​អាច​លើក​លែង​បាន​ក៏​លើកលែង​ទៅ ពីព្រោះ​តំបន់​ទេសចរណ៍​ណា​ក៏​គេ​លើកលែង​មិន​យក​លុយ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង​ដែរ សូម្បី​តែ​ប្រាសាទ​អង្គរវត្ត ក៏​គេ​មិន​យក​លុយ​ភ្ញៀវ​ទេសចរ​ជាតិ​ដែរ»

កាល​ពី​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​សីហា ដែល​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចាប់​ផ្ដើម​ដាក់​តុ​ចាំ​យក​លុយ ៨​ពាន់​រៀល ពី​ទេសចរ​ជាតិ អន្តរជាតិ ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នា​ផែ​កប៉ាល់ ឬ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ទេសចរ​ជាតិ​មួយ​ចំនួន​បាន​តវ៉ា និង​មិន​ព្រម​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​ទេ។

ទេសចរ​ជាតិ​ភាគ​ច្រើន​បាន​រអ៊ូរទាំ​ចំពោះ​ការ​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហើយ​បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ចំពោះ​ការ​កំណត់​ឲ្យ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ក្នុង​ម្នាក់ៗ ត្រូវ​បង់​លុយ ៨​ពាន់​រៀល បន្ថែម​ពីលើ​តម្លៃ​ទិញ​សំបុត្រ​ទូក ឬ​សំបុត្រ​កប៉ាល់។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ពិចារណា​ចំពោះ​បញ្ហា​នេះ៖​ «ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​គាត់​រីករាយ​សប្បាយ​ចិត្ត​ចូលរួម​ក្នុង​ការ​បង់​ប្រាក់ ៨​ពាន់​រៀល​ដោយ​សប្បាយ​ចិត្ត ហើយ​យើង​ក៏​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​មិន​មាន​កើត​មាន​ផល​ទំនាស់​ផ្សេងៗ​កើត​ឡើង គួរ​តែ​កំណត់​លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ​ដែល​គួរ​បង់។ ឧទាហរណ៍​ទេសចរ​បរទេស​តម្រូវ​ឲ្យ​បង់​ចំនួន​ប៉ុន្មាន?»

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឲ្យ​ទេសចរ​ជាតិ អន្តរជាតិ ដែល​​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ត្រូវ​បង់​ថវិកា ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត គឺ​យោង​ទៅ​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លោក យន្ត មីន បន្ត​ថា ការ​យក​លុយ​នេះ ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​លើ​វិស័យ​ទេសចរណ៍ និង​ប្រាក់​ចំណូល​ស្រប​តាម​នីតិវិធី​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​ចំនួន ៣​ចំណុច។

លោក​ថា ការ​តម្រូវ​ឲ្យ​ភ្ញៀវ​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​ពេល​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ឆ្នេរ និង​ការងារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ទេសចរ៖ «ប្រទេស​ជិត​ខាង​ក៏​ដូច​គ្នា ហើយ​ខេត្ត​ដទៃ​ក៏​គេ​តម្រូវ​ឲ្យ​ទេសចរ​បង់​លុយ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ខេត្ត​ព្រះសីហនុ យើង​​មិន​ធ្លាប់​​យក​លុយ ដូច្នេះ​ហើយ​ជា​ទៅ​ជា​រឿង​ថ្មីៗ ធ្វើ​ឲ្យ​ទេសចរ​មិន​ចូល​រួម។ សម្រាប់​ភ្ញៀវ​ទេសចរ​ម្នាក់​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា​ហ្នឹង គឺ​ត្រូវ​បង់ ៨​ពាន់​រៀល។ រឿង​នេះ​តាម​ខ្ញុំ​គិត ក៏​ដូច​អ្នក​ខ្លះ​គិត​ដែរ ថា​គេ​មិន​ស្ដាយ​អី​ទេ​លុយ ៨​ពាន់​រៀល​នោះ សម្រាប់​អ្នក​ដើរ​កម្សាន្ត ប៉ុន្តែ​សម្រាប់​បង​ប្អូន​អាជីវករ ឬ​ប្រតិបត្តិករ​ហ្នឹង​គាត់​មិន​ទាន់​យល់​ពី​បញ្ហា​ហ្នឹង គាត់​អត់​ឯកភាព»

យ៉ាង​នេះ​ក្តី ទាំង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ជា​ពិសេស​ទេសចរ​ជាតិ បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ឡើង​វិញ ឬ​មិន​ត្រូវ​យក​លុយ​ពី​ភ្ញៀវ​ជាតិ​នោះ​ទេ ព្រោះ​ពួកគេ​មិន​ពេញចិត្ត​ការ​កំណត់​ឲ្យ​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​វិភាគ​ថា​យោធា​ការពារ​មេដឹកនាំ​អាច​ជា​ថ្នូរ​នឹង​ការ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន

$
0
0

អ្នក​ឃ្លាំមើល​សង្គម​ខ្លះ​បារម្ភ​ថា មន្ត្រី​យោធា​ជាន់​ខ្ពស់​ជា​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ អាច​នាំ​ឲ្យ​មាន​វណ្ណៈ​សង្គម​ពិសេស​មួយ ដែល​ក្រុម​យោធា​ចេញ​មុខ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី​ជា​ថ្នូរ​នឹង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​វាយ​តម្លៃ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ធំ​របស់​ខ្លួន​ទៅ​រក​វណ្ណៈ​សង្គម​ពិសេស​មួយ ហើយ​ប្រើប្រាស់​អំណាច​ទាំង​នោះ​ដើម្បី​កេង​ប្រវ័ញ្ច​លុយ​ជាតិ និង​ផល​ល​ប្រយោជន៍​ផ្សេងៗ​ទៀត​សម្រាប់​គ្រួសារ​របស់​ខ្លួន។

ការវិវត្តន៍​ដែល​គួរ​ភ័យ​ខ្លាច​នេះ ជា​បញ្ហា​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​ឆ្លងកាត់​សង្គ្រាម និង​របប​ផ្ដាច់ការ​ហើយ​ឈាន​ទៅ​ចាប់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា  ដោយសារ​តែ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ខ្មែរ​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដូចជា​ករណី​ដីធ្លី ករណី​ភាគហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​ដើម​នោះ អាច​នាំ​ឲ្យ​ក្រុម​យោធា​ក្លាយ​ទៅ​ជា​ក្រុម​មួយ ឬ​វណ្ណៈ​មួយ​ដែល​នាំ​ឲ្យ​ពួកគេ​ចេញ​មុខ​ការពារ​អំណាច​នាយករដ្ឋមន្ត្រី ក៏​ដូចជា​ការពារ​អំណាច និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ឯង​អ៊ីចឹង​ដែរ៖ «ប្រទេស​មាន​បញ្ហា​ដែល​គេ​ហៅ​ថា បញ្ហា​អង្គរក្ស គឺ​យោធា​នេះ​ឯង ហើយ​មួយ​ទៀត​ពាក់ព័ន្ធ​ជាមួយគ្នា​ហ្នឹង​គឺ​ការ​ប្រើប្រាស់​កង​ប្រដាប់​អាវុធ​ហ្នឹង គឺ​ធានា​សន្តិសុខ និង​របប​គ្រប់គ្រង​ហ្នឹង​ទៅ ហើយ​ក្រុម​យោធា​ហ្នឹង​បាន​ក្លាយ​ទៅ​ក្រុម​ពិសេស​មួយ​ដូចជា​វណ្ណៈ​អ៊ីចឹង​ដែល​ការពារ​ផល​ប្រយោជន៍​ខ្លួន​ឯង​ជា​ជាង​ការពារ​ប្រយោជន៍​ជាតិ»

​លោក​បន្ត​ថា បញ្ហា​នេះ​ដោយសារ​តែ​កម្ពុជា នៅ​មិន​ទាន់​មាន​យន្តការ​តាមដាន ឬ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​យោធា និង​កងកម្លាំង​នគរបាល។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មេបញ្ជាការ​កងទ័ព​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​កិច្ចការ​ថែរក្សា​សន្តិសុខ​ច្រើន​ជាង​កិច្ច​ការពារ​បញ្ហា​ព្រំដែន តាម​រយៈ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ធ្វើ​សម​យុទ្ធ​ក្នុង​ន័យ​ដាក់​សម្ពាធ​ដល់​គណបក្ស​ប្រឆាំង​ជាដើម។

​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៨ នៃ​ការ​បង្កើត​ទីបញ្ជាការ​កង​អង្គរក្ស​របស់​មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចេញ​បទបញ្ជា​ឲ្យ​កង​អង្គរក្ស​ការពារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ ហើយ​ការពារ​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

ចំណែក​លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន ជា តារា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ក៏​ធ្លាប់​បាន​រំឭក​ថា កង​ទាហាន​ទាំង​អស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មាន​តែ​លោក ហ៊ុន សែន ទេ​ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ដឹក​នាំ​បញ្ជា​កងទ័ព។

ចំណែក​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កន្លង​មក​ព្រមាន​វាយ​បំបែក​ធ្មេញ​ចំពោះ​ជន​ណា​ដែល​ហ៊ាន​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

ក្រុម​អ្នកឃ្លាំមើល​ខ្លះ​និយាយ​ថា ខណៈ​ក្រុម​មេបញ្ជាការ​កងទ័ព គ្រាក់ៗ​មួយ​ចំនួន​បាន​ចេញ​មុខ​ការពារ​របប​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដូច្នេះ ហាក់​ធ្វើ​ឲ្យ​កម្ពុជា កំពុង​ខិត​ទៅ​រក​របប​យោធា​និយម​អ៊ីចឹង​ដែរ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឡឺ ឡាយស្រេង មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រុម​មេទ័ព​កំពូលៗ​របស់​ជាតិ ចេញ​មុខ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី ដូច្នេះ​កម្ពុជា កំពុង​បោះ​ជំហាន​កាន់​តែ​ខ្លាំង​ទៅ​របប​យោធានិយម​ដ៏​ពិត​ប្រាកដ៖ «បើ​ធ្វើ​អ៊ីចឹង​គឺ​វា​ជា​របប​យោធា​សុទ្ធសាធ​ហើយ។ ប៉ុន្តែ​របប​យោ​ធាន​ហ្នឹង អាច​បរាជ័យ​ណា។ មិន​មែន​តែ​ស្រុក​ខ្មែរ​ទេ មាន​ស្រុក​ច្រើន​ណាស់ ដែល​ប្រើ​របប​យោធា​ទៅ ហើយ​បរាជ័យ ដូចជា​អ៊ីរ៉ាក់ ជាដើម»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​ចំពោះ​ការ​វិភាគ និង​ទស្សនៈ​ទាំង​នេះ៖ «យើង​ដឹង​ហើយ​ថា កងទ័ព ឬ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ឧបករណ៍​ដាច់​ថ្លៃ​របស់​ប្រជាជន។ អ៊ីចឹង​ត្រូវ​ការពារ​ប្រជាជន ការពារ​ដឹក​ដី​របស់​ប្រជាជន និង​ការពារ​រាជ​រដ្ឋាភិបាល​របស់​ប្រជាជន។ អ៊ីចឹង​អត់​មាន​ខុស​អី​ទេ។ គោលការណ៍​ហ្នឹង​គឺ​ច្បាស់លាស់​ហើយ»

ក្រៅ​ពី​ការ​គំរាមកំហែង​របស់​ក្រុម​យោធា​ក្នុង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​អំណាច​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នោះ ពេល​ខ្លះ​គេ​ឃើញ​រូបថត​មាន​របស់​លោក ហ៊ុន សែន ក្នុង​ឯក​សណ្ឋាន​យោធា​ដែល​ផ្កាយ​មាស​ប្រាំ​នៅ​លើ​ស្មា ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​តាម​ទី​សាធារណៈ​ជា​ហូរហែ ដូច​គ្នា​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​ដែល​តែង​ស្លៀក​ឯកសណ្ឋាន​យោធា។ ជាពិសេស​ដូច​រូបថត​របស់​លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi)  អតីត​មេដឹកនាំ​ប្រទេស​លីប៊ី (Libya)។ លោក សាដាម ហ៊ូសេន (Saddam Hussein) អតីត​មេដឹកនាំ​ប្រទេស​អ៊ីរ៉ាក់ (Iraq)។ លោក ហ្វីឌែល កាស្ត្រូ (Fidel Castro)  អតីត​មេដឹកនាំ​ប្រទេស​គុយបា (Cuba) លោក ថាន ស្វេ (Than Shwe) អតីត​មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) និង​បណ្ដា​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ​យោធា​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង អះអាង​ថា របប​យោធានិយម​ជា​របប​មួយ​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​នោះ​ទេ ខណៈ​ពលរដ្ឋ​នៃ​របប​នេះ​តែង​រង​នូវ​ការ​គាបសង្កត់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​លើ​បឹង​ទន្លេសាប​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ពី​ទិន្នផល​ត្រី​ថយ​ចុះ

$
0
0

ប្រជា​នេសាទ​រស់នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លើក​ឡើង​ថា ស្ថានភាព​ត្រី​នៅ​ឆ្នាំ​នេះ​គឺ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។ ពលរដ្ឋ​កាន់​តែ​ប្រឈម​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោយ​ពេល​ពួក​គាត់​នេសាទ​ត្រី​មិន​សូវ​បាន​ច្រើន​ដូច​ឆ្នាំ​មុនៗ​ឡើយ រហូត​ដល់​ពេល​ខ្លះ ពួក​គេ​ត្រូវ​ដើរ​ចាប់​ខ្យង​ដើម្បី​យក​ទៅ​លក់​ជំនួស​ឲ្យ​ការ​រក​ត្រី​ទៅ​វិញ។ មន្ត្រី​ជំនាញ​ជលផល​ខេត្ត ថា​ទិន្នផល​ត្រី​មិន​ថយ​ចុះ​ទេ ប៉ុន្តែ​អាច​ដោយសារ​ពលរដ្ឋ​ប្រៀបធៀប​មិន​ត្រូវ​តាម​ពេលវេលា​ប៉ុណ្ណោះ។

ប្រជា​នេសាទ​នៅ​ឃុំ​ពាមបាង មិន​ទាន់​ដឹង​ប្រាកដ​អំពី​មូលហេតុ​បណ្ដាល​ឲ្យ​ទិន្នផល​ត្រី​នៅ​តំបន់​ពួក​គេ​រស់នៅ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុនៗ​ទេ។ ពលរដ្ឋ​ខ្លះ​យល់​ថា អាច​ដោយសារ​ទឹក​ឆ្នាំ​នេះ​ឡើង​គំហុក​ជាង​ឆ្នាំ​មុន ហើយ​ឡើង​ខុស​ពេលវេលា​ត្រី​ពង​ផង ទើប​ធ្វើ​ឲ្យ​ត្រី​ខ្លះ​មិន​ទាន់​ជម្រុះ​ពង​របស់​ខ្លួន។

យ៉ាង​ណា​ក៏ដោយ​ចុះ បញ្ហា​ត្រី​ថយ​ចុះ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​រស់​ពឹង​អាស្រ័យ​លើ​ការ​នេសាទ​តែ​មួយ​មុខ​នោះ ត្រូវ​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ដូចជា​គ្មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​មិន​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ធ្វើ​ដូច​ពលរដ្ឋ​រស់នៅ​លើ​ដី​គោក​ឡើយ។

ប្រជា​នេសាទ​រស់នៅ​ឃុំ​ពាមបាង លោក រស់ ធឿន មាន​ប្រសាសន៍​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​ថយ​ចុះ​ខ្លាំង​ជាង​ឆ្នាំ​មុន​ឆ្ងាយ​ណាស់។ លោក​ថា​កាល​ពី​ឆ្នាំ​ទៅ បឹង​អភិរក្ស​ទន្លេ​ឆ្មា​រីង និង​មាន​ត្រី​ងាប់​ផង ប៉ុន្តែ​ពេល​ទឹក​ឡើង​មក​ក្នុង​ខែ​នេះ ត្រី​នៅ​មាន​ច្រើន​គ្រាន់​បើ ដោយ​ពួក​គាត់​នេសាទ​ក្នុង​មួយ​ថ្ងៃ​អាច​បាន​ចន្លោះ​ពី ៥០ ទៅ ១០០​គីឡូក្រាម។ ចំណែក​នៅ​ខែ​ដដែល​ឆ្នាំ​២០១៧ ប្រជា​នេសាទ​អាច​រក​ត្រី​បាន​ក្នុង​មួយ​ថ្ងៃ​មិន​ដល់ ១០​គីឡូក្រាម​ផង ហើយ​ភាគច្រើន​ជា​ប្រភេទ​ត្រី​កំភ្លាញ មិន​សូវ​មាន​ពួក​ត្រី​រៀល ឬ​ត្រី​ស្រកា​ស​ទេ។

ប្រភព​ដដែល​អះអាង​ថា ដោយសារ​ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​រក​ខ្យង​ដើម្បី​លក់ដូរ​គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​ទៀត​ផង៖ «អា​រឿង​ហ្នឹង​វា​ពិបាក​ដែល​បង​អើយ! មួយៗ​ឮ​តែ​ពោល​ដែរ​ថា​រក​អី​មិន​បាន​សោះ ដាច់​អង្ករ អា​ខ្លះ​ទៅ​រាវ​ខ្យង​តាំង​ពី​កូន​ចៅ​តូច​ស្រី​ប្រុស​អី​ទៅ​ហើយ»

ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ត្រី​កាន់​តែ​ពិបាក​រក ចំណែក​ឧបករណ៍​នេសាទ​របស់​ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​លើ​ផ្ទៃ​ទឹក ក៏​កាន់​តែ​ពិបាក​នេសាទ​ថែម​ទៀត ព្រោះ​មន្ត្រី​ជំនាញ​តែង​ចុះ​បង្ក្រាប​ជានិច្ច។ លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កំណត់​ឧបករណ៍​នេសាទ​របស់​ពួក​គាត់​ដែល​រស់​ពឹង​អាស្រ័យ​លើ​មុខ​របរ​មួយ​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​ទូលាយ​ជាង​មុន ជៀសវាង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ម្យ៉ាង ពួក​គាត់​កំពុង​រង់ចាំ​ដី​សម្បទាន​សង្គមកិច្ច​ដែល​អាជ្ញាធរ​ថា​នឹង​ផ្តល់​ជូន​ពួក​គាត់។

ជំទប់​ទី​២ ឃុំ​ពាមបាង លោក គុំ ខុម កត់​សម្គាល់​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​ពិត​ជា​ធ្លាក់​ចុះ​ប្រាកដ​មែន។ ទិន្នផល​ត្រី​ថយ​ចុះ​នៅ​តំបន់​ពួក​គាត់​រស់នៅ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ពីព្រោះ​អ្នក​ភូមិ​របស់​លោក​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ​ដែល​រស់​ពឹង​អាស្រ័យ​លើ​របរ​នេសាទ។ លោក​បញ្ជាក់​ថា បទល្មើស​នេសាទ​ក៏​មិន​សូវ​មាន​ច្រើន​ដូច​មុនៗ​ដែរ ប៉ុន្តែ​ត្រី​នៅ​តែ​មិន​សូវ​សម្បូរ​ដដែល៖ «គាត់​ប្រកាស​ថា​ផ្តល់​ដី​សម្បទាន​ជូន​ប្រជាពលរដ្ឋ។ គាត់​ថា​ដី​នៅ​ពពក ហើយ​ប្រជាជន​សួរ​មក​ខ្ញុំ​ដែរ ខ្ញុំ​ថា​ខ្ញុំ​អត់​ដឹង​ទេ»

ឃុំ​ពាមបាង មាន​ភូមិ​ចំនួន​៥ និង​មាន​ប្រជាជន​សរុប​ជិត ៧០០​គ្រួសារ (៦៨៧​គ្រួសារ) ហើយ​ពលរដ្ឋ​ប្រមាណ ៩០​ភាគរយ គឺ​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​នេសាទ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ មាន​ប្រសាសន៍​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​មិន​បាន​ថយ​ចុះ​ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​អាច​ដោយសារ​ការ​ប្រៀបធៀប​ខុស​ពេលវេលា​ទៅ​នឹង​ឆ្នាំ​មុនៗ។ បន្ថែម​ពី​នេះ ដោយសារ​ពលរដ្ឋ​នៅ​ឆ្នាំ​នេះ​មិន​អាច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដូច​ឆ្នាំ​កន្លង​ទៅ​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​នេសាទ​ត្រី​មិន​សូវ​បាន​ច្រើន៖ «ការ​សង្កេត​របស់​ខ្ញុំ ត្រី​ឆ្នាំ​នេះ​មិន​ថយ​ចុះ​ទេ ដោយសារ​តែ​ស្ថានភាព​អំណោយ​ផល​ល្អ គឺ​ទឹក​ឡើង​លឿន​ចូល​ទៅ​ក្នុង​ដែន​នេសាទ​ហ្នឹង​វា​ទូលាយ។ អ៊ីចឹង​ត្រី​មាន​ជម្រក​សម្រាប់​ពង​កូន»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ដដែល​បញ្ជាក់​ថា ការ​ស្នើ​របស់​ពលរដ្ឋ​ឲ្យ​កំណត់​ច្បាប់ ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ឧបករណ៍​នេសាទ​ឲ្យ​បាន​ទូលាយ​ជាង​មុន ខាង​មន្ត្រី​ជំនាញ​ក៏​បាន​បញ្ជូន​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជលផល​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថែម​ទៀត ប៉ុន្តែ​មិន​ទាន់​សម្រេច​បែប​ណា​ទេ។

រយៈពេល ៧​ខែ​ក្នុង​ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ​ខេត្ត​កំពង់ធំ បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន ២៦៦​ករណី ក្នុង​នោះ​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចំនួន ២៥៤​ករណី ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ចំនួន ១២​ករណី ដែល​មាន​ជន​សង្ស័យ​ចំនួន ២៥​នាក់។

ទាក់ទង​ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​របស់​ប្រជា​នេសាទ​វិញ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ សីហា ថា រាជ​រដ្ឋាភិបាល ព្រម​ទាំង​អាជ្ញាធរ​ខេត្ត តែងតែ​គិតគូរ​អំពី​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​រំដោះ​ពួក​គាត់​ចេញ​ពី​ផ្ទៃ​ទឹក ឲ្យ​បាន​មក​រស់នៅ​លើ​ដី​គោក​វិញ។ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​ទីតាំង​សមស្រប​ណា​មួយ​ជូន​ប្រជា​នេសាទ​ទាំងនោះ​ទេ ព្រោះ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។ លោក​រីករាយ​ដែល​ដឹង​ថា ពលរដ្ឋ​ចង់​មក​រស់នៅ​លើ​ដី​គោក​សម្រាប់​ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ខ្លួន ដោយ​មិន​ពឹង​អាស្រ័យ​លើ​មុខ​របរ​នេសាទ​ទាំងស្រុង ប៉ុន្តែ​ផែនការ​នេះ​ត្រូវការ​ពេលវេលា​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ធានា​ស្ថានភាព​រស់នៅ​មួយ​ប្រសើរ​សម្រាប់​ពួក​គាត់​ទាំងនោះ មិន​អាច​ធ្វើ​ឡើង​ដោយ​ប្រថុយប្រថាន​បាន​ទេ៖ «មុន​នឹង​យើង​សម្រេច​ចិត្ត​ឲ្យ​គាត់​ចាកចេញ យើង​ត្រូវ​តែ​មាន​ទីតាំង​មួយ​សមស្រប។ បាទ! សមស្រប​ដោយ​យើង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប មាន​គោលការណ៍​ច្បាស់លាស់​ពី​រាជ​រដ្ឋាភិបាល។ យើង​គិតគូរ​ជា​ស្រេច ទើប​យើង​នាំ​គ្នា​មក»

ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ធំ មាន​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង និង​នៅ​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ដែល​មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ មើល​ឃើញ​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក ហាក់​នៅ​មាន​ភាព​យឺតយ៉ាវ ពីព្រោះ​គម្រោង​នេះ​ចាប់​ផ្តើម​តាំង​ពី​សម័យកាល​អភិបាល​ខេត្ត​ចាស់។ លោក​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​អាច​ផ្តល់​ដី​សម្បទាន​ជូន​ប្រជា​នេសាទ​បាន គឺ​ជា​រឿង​ល្អ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។ ម្យ៉ាង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ។

លោក ឈួម រុណ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ពិសេស​អាជ្ញាធរ​ខេត្ត ចាត់​វិធានការ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​រិះរក​ដី​តំបន់​ណា​មួយ​ដែល​មាន​ជីជាតិ​ល្អ សម្រាប់​ការ​ដាំដុះ​ដំណាំ​ផ្សេងៗ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជិត​១,៥​លាន​នាក់​បន្ថែម​ទៀត​នឹង​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០១៧

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប​ជាង ១​លាន ៤​សែន​នាក់ (.៤១២.១៤៩​នាក់)

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជិត ១៦​លាន​នាក់ (១៥.៨៨៣.២៥០​នាក់) ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​មាន​ចំនួន​ជិត ៩​លាន ៨​សែន​នាក់ (.៧៨៨.២៣៩​នាក់) ហើយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦ រួច​មាន​ចំនួន​ជាង ៧​លាន ៨​សែន​នាក់ (.៨៦៥.០៣៣​នាក់)

..ប ឲ្យ​ដឹង​ទៀត​ថា ការិយាល័យ​បោះឆ្នោត​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ អាច​មាន​ចំនួន​ជាង ២​ម៉ឺន ៣​ពាន់​ការិយាល័យ (២៣.៤៧០​ការិយាល័យ)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នឹង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨។ រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ-សង្កាត់ និង​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំ-សង្កាត់​មាន​រយៈពេល ៧០​ថ្ងៃ គឺ​គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត រួម​មាន​ដូចជា ការ​កែ​តម្រូវ​ឈ្មោះ និង​ទិន្នន័យ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ ឲ្យ​ត្រូវ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ពួក​គាត់។ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​ទទួល​មរណភាព អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​ជា​បណ្ដោះអាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត និង​អ្នក​ដែល​បាន​ផ្លាស់ប្ដូរ​លំនៅឋាន ឬ​ទី​សំណាក់​ទៅ​ឃុំ-សង្កាត់​ផ្សេង។ ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិត​ដល់​ថ្ងៃ​បោះឆ្នោត។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ-សង្កាត់​ថ្មី។

មាត្រា​៤៦ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អនុម័ត​ខែ​មីនា ឆ្នាំ​២០១៥ ចែង​ថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​បាន​ដក​សិទ្ធិ​បោះឆ្នោត ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

ជាមួយ​គ្នា​នេះ​ដែរ គ..ប បាន​អំពាវនាវ​ដល់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំងឡាយ ដែល​មាន​បំណង​ចង់​ចូលរួម​សង្កេត​ការណ៍​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​រួសរាន់​ដាក់​ពាក្យ​មក គ..ប ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨។ ដោយឡែក​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​ដាក់​ភ្នាក់ងារ​ដើម្បី​សង្កេត​ការណ៍ ត្រូវ​ដាក់​ពាក្យ​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨។

ការ​បោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម៉ុងតាញ៉ា-វៀតណាម​ប្រមាណ​១៥០​នាក់​ត្រូវ​អាជ្ញាធរ​វៀតណាម​សួរ​ចម្លើយ​នៅ​កម្ពុជា

$
0
0

ក្រសួង​ការ​បរទេស​អាមេរិក បង្ហាញ​របាយការណ៍​របស់​ខ្លួន​អំពី​ការ​រំខាន និង​ចាប់​ខ្លួន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ នៅ​ខេត្ត​រតនគិរី ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ក្រោយ​ពី​មាន​ការ​សង្ស័យ​ថា ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

របាយការណ៍​សេរីភាព​អន្តរ​សាសនា​ឆ្នាំ​២០១៦ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ អាជ្ញាធរ​ខ្មែរ​បាន​បើក​ដៃ​ឲ្យ​អាជ្ញាធរ​វៀតណាម សួរ​ចម្លើយ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម កាន់​សាសនា​គ្រិស្ត​ប្រមាណ ១៥០​នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​ពួក​គេ​កំពុង​ស្វះ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀស​ខ្លួន។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ​បណ្តាល​ឲ្យ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បរទេស ធ្វើ​ការ​សួរ​ចម្លើយ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ទាំងនេះ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​យ៉ាង​ដូច្នេះ?

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​កម្ពុជា ក៏​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជនជាតិ​ចាម ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បាន​សម្រេច​បិទ​កម្មវិធី​វិទ្យុ​ផ្សាយ​សំឡេង​ជនជាតិ​ចាម មួយ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ ដោយ​ពុំ​បាន​ផ្តល់​សេចក្តី​ពន្យល់​លម្អិត​ណា​មួយ​អំពី​ហេតុផល​នៃ​ការ​បិទ​នេះ​ឡើយ។

ជំរឿន​ឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា សរុប​ជិត ៩៨% (៩៧,៩​ភាគរយ) ជា​ពុទ្ធសាសនិក។

ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល បង្ហាញ​ថា ប្រជាជន​ប្រមាណ​ជិត ៣% (,៦​ភាគរយ) ជា​ជនជាតិ​ចាម។ ក្រៅ​ពី​នេះ គឺ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត បាហៃ (Bahais) ជូហ្វ៊ីស (Jews) និង​សាសនា​កៅដាយ​វៀតណាម (Vietnam Cao Dai)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​គ្រោង​បង្កើត​កងពល​តូច​និង​កងទ័ព​ជើង​ទឹក​ប្រចាំ​ការ​នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង

$
0
0

រដ្ឋាភិបាល​គ្រោង​បង្កើត​កងពល​តូច​អន្តរាគមន៍​ថ្មី​មួយ “លេខ​១២៨” ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១ និង​ដាក់​ទីតាំង​កងទ័ព​ជើង​ទឹក​ឲ្យ​ប្រចាំ​ការ​នៅ​ខែត្រ​ស្ទឹងត្រែង ដើម្បី​ពង្រឹង​កិច្ច​ការពារ​ជាតិ និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ការ​ពង្រឹង​កម្លាំង​ឈរ​ជើង​តាម​ព្រំដែន ក្រៅ​ពី​ការពារ​អធិបតេយ្យភាព គឺ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូចជា​ជួញដូរ​គ្រឿង​ញៀន និង​ការ​ជួញដូរ​មនុស្ស ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ដើម្បី​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​យោធភូមិភាគ​ទី​១ បន្ទាប់​ពី​អាជ្ញាធរ​ឡាវ ធ្លាប់​បញ្ជូន​កងទ័ព និង​ជីក​លេណដ្ឋាន​បំពាន​អធិបតេយ្យភាព​កម្ពុជា អស់​រយៈពេល​ប្រហែល ៦​ខែ នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ សីហា ថា រដ្ឋាភិបាល​មាន​គោលដៅ​ពង្រឹង​កម្លាំង​ឈរ​ជើង​នៅ​ព្រំដែន ដើម្បី​ការពារ​ព្រំដែន បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ជួញដូរ​អាវុធ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។ លោក​ថា ការ​រៀបចំ​កម្លាំង​ជើង​ទឹក​នៅ​តាម​ព្រំដែន ពុំ​មែន​ដើម្បី​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ បំណង​រក្សា​សន្តិភាព និង​ការពារ​អធិបតេយ្យភាព ព្រម​ទាំង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​បន្ថែម​ថា វិធានការ​នេះ​គ្រោង​នឹង​បង្កើត​ឆាប់ៗ​នេះ«ការ​រៀបចំ​ឲ្យ​មាន​កងទ័ព​ល្បាត​ដែល​ខ្មែរ​ហៅ​ថា​យោធា ឬ​ហៅ​ថា​កងទ័ព​ជើង​ទឹក​ហ្នឹង គឺ​ជា​ការ​ល្បាត​តែ​ប៉ុណ្ណោះ គឺ​យើង​អត់​មាន​ទិសដៅ​ពង្រឹង​កម្លាំង​ទ័ព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នរណា​ទេ គឺ​គ្រាន់​តែ​ពង្រឹង​ការងារ​អនុវត្តន៍ ឬ​ការងារ​ព្រំដែន​តែ​ប៉ុណ្ណោះ»

កាល​ពី​ថ្ងៃ​ទី​១១ សីហា លោក ហ៊ុន សែន បាន​បញ្ជា​ដាក់​ឱសានវាទ​ក្នុង​រយៈពេល ៧​ថ្ងៃ ឲ្យ​កង​ទាហាន​ឡាវ ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរ​អាឡៃ និង​តំបន់​អូរ​តាង៉ាវ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។ ក្រោយ​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ដក​ទ័ព​ចេញ​ពី​ដី​កម្ពុជា ហើយ​រដ្ឋាភិបាល​ឡាវ ក៏​យល់ព្រម​សំណើ​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការ​គាំទ្រ​ចំពោះ​យន្តការ​របស់​រដ្ឋាភិបាល ដែល​បញ្ជូន​កម្លាំង​ទ័ព​ឈរ​ជើង​តាម​ព្រំដែន និង​កងទ័ព​ជើង​ទឹក ក៏ប៉ុន្តែ​ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​គ្រួសារ​កងទ័ព​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំដែន ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កងទ័ព ក៏​ជា​ផ្នែក​មួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​ប្រសើរ​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ថា​មាន​ចំណុច​វិជ្ជមាន​ច្រើន ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការពារ​ព្រំដែន បន្ទាប់​ពី​មាន​វិវាទ​ជាមួយ​ឡាវ។ លោក​រំពឹង​ថា កងទ័ព​ការពារ​ព្រំដែន និង​កងទ័ព​ជើង​ទឹក បើ​ក្រៅ​ពី​ការពារ​អធិបតេយ្យភាព​ព្រំដែន ក៏​ត្រូវ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូចជា​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ក៏​ជា​ជម្រើស​មួយ​ដែល​កងទ័ព​កម្ពុជា ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​បន្ថែម​ពី​របៀប​បង្ក្រាប​គ្រឿង​ញៀន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន និង​សមត្ថកិច្ច​ពាក់ព័ន្ធ«ការពិត​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​គេ​ប្រើ​កងទ័ព​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​ដែរ ចឹង​ក្រៅ​ពី​ការពារ​ទឹកដី ខ្ញុំ​គិត​ថា​ជំនាញ​ទប់ស្កាត់​គ្រឿង​ញៀន ឬ​ក៏​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ក៏​ជា​ជម្រើស​មួយ​ដែល​ត្រូវ​តែ​ហ្វឹកហាត់​បន្ថែម»

លោក សន ជ័យ ចង់​ឃើញ​រដ្ឋាភិបាល​អភិវឌ្ឍ​ទីផ្សារ អគ្គិសនី សាលារៀន គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ប្រែ​ក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​ទេសចរណ៍ ក៏​ជា​របង​រឹងមាំ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ដែរ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​ការ​បញ្ជូន​កម្លាំង​យោធា​កម្ពុជា ឲ្យ​ឈរ​ជើង​តាម​ព្រំដែន គឺ​ជា​ប្រភព​សេដ្ឋកិច្ច ហើយ​ពួក​គេ​នឹង​ទទួល​បាន​លំនៅឋាន ស្រែ​ចម្ការ​នៅ​តំបន់​នោះ ឬ​ហៅ​ថា​អភិវឌ្ឍ​យោធិន​នៅ​តាម​ព្រំដែន ដែល​កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​អភិវឌ្ឍ​ទទួល​បាន​ជោគជ័យ«ចែង​ក្នុង​គោល​នយោបាយ​ការពារ​ទឹកដី គឺ​យើង​មាន​រួច​ស្រេច​ហើយ ទី​១ យើង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្នល់​ក្នុង​ការ​ការពារ​ខ្សែ​ក្រវាត់​ការពារ​ព្រំដែន នេះ​ជា​អាទិភាព។ បន្ទាប់​មក​ទៀត គឺ​យើង​អភិវឌ្ឍ​យោធិន​ដែល​គាត់​ប្រចាំ​ការ​នៅ​កន្លែង​ហ្នឹង។ គាត់​មាន​ភូមិ​គាត់​នៅ​កន្លែង​ហ្នឹង។ ចំណុច​ទី​៣ គឺ​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ខ្សែ​បន្ទាត់​ខណ្ឌ​សីមា​លើ​ធរណី​ជាក់ស្តែង»

តំបន់​អូរ​តាង៉ាវ និង​អូរ​អាឡៃ មាន​ចម្ងាយ​ពី​ទី​រួម​ខែត្រ​ស្ទឹងត្រែង ប្រហែល ២០០​គីឡូម៉ែត្រ ជា​តំបន់​សម្បូរ​ដោយ​ព្រៃ​ភ្នំ និង​ពុំ​សូវ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ទេ។ កាល​ពី​ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​តំបន់​កន្ទុយ​នាគ​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កសាង​សម្រេច​បាន​ជាង ១៦៧​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live