អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមចាត់ទុកថា កម្ពុជានៅពុំមានសំណាងដូចសមាជិកអាស៊ានដទៃទៀតនៅឡើយទេ ជាពិសេសពីការអនុគ្រោះពន្ធ និងលំហូរពាណិជ្ជកម្ម។ ការរិះគន់នេះ ស្របពេលកម្ពុជា រំលឹកខួបទី៥០ គិតត្រឹមថ្ងៃទី៨ ខែសីហា នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN)។
ថ្វីបើកម្ពុជា ត្រូវរងការរិះគន់ថា ហាក់ទទួលបានផលដ៏តិចតួចពីការចូលជាសមាជិកអាស៊ាន ដែលមានរយៈពេលជិត ២០ឆ្នាំ មកហើយយ៉ាងណាក៏ដោយចុះបញ្ហានេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលបង្ហាញពីសុទិដ្ឋិនិយមថា ជារួមគិតត្រឹមឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មសរុបរបស់អាស៊ានគឺឈរនៅលំដាប់ទី៤ ក្នុងចំណោមប្រទេសមហាអំណាចយក្ខផ្នែកសេដ្ឋកិច្ច ដូចជាចិន អាមេរិក និងអាល្លឺម៉ង់ ជាដើម។
សំណេរយ៉ាងពិស្ដាររបស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅថ្ងៃទី៨ ខែសីហា បានសរសេរថា នៅឆ្នាំ២០១៥ អាស៊ានបានទទួលការវិនិយោគផ្ទាល់ពីបរទេសសរុប ១២១ប៊ីលានដុល្លារ ស្មើនឹង ៧% នៃចំនួនសរុបក្នុងសកលលោក។ ដោយឡែកចំពោះប្រទេសកម្ពុជាវិញ បានទទួលផលប្រយោជន៍ជាច្រើនផ្នែក ក្រោយបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឬហៅកាត់ជាភាសាអង់គ្លេសថា អេ.អ៊ី.ស៊ី (AEC) កាលពីចុងឆ្នាំ២០១៥ គឺកម្ពុជា កាន់តែមានកម្រិតសមាហរណកម្មខ្ពស់ ដែលធ្វើឲ្យលំហូរនៃទំនិញ មូលធន និងប្រជាជនកាន់តែមានភាពងាយស្រួលជាងមុន។
បើទោះជាបែបណា គោលដៅរួមដែលដាក់ចេញកាលពីចុងឆ្នាំ២០១៥ ដែលថានឹងប្រែក្លាយតំបន់អាស៊ាន ទាំងមូលឲ្យទៅជាតំបន់មួយដែលមានចរាចរណ៍ដោយសេរីនូវទំនិញ សេវាកម្ម ការវិយោគ ធុរកិច្ច ពលកម្មជំនាញ ជាពិសេសលំហូរដោយសេរីនូវមូលធន។ បញ្ហានេះត្រូវបានអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គមមើលឃើញថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនេះ វានៅតែជារឿងស្មុគស្មាញដដែលសម្រាប់សមាជិករបស់អាស៊ាន ជាពិសេសគឺកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា លោកនៅតែមើលពុំទាន់ឃើញថា កម្ពុជានឹងសំណាងតាមរយៈការបង្កើតឲ្យសហគមន៍សេដ្ឋកិច្ចអាស៊ាននេះទេ។ លោកបន្តថា ការអនុគ្រោះពន្ធតាមរយៈយន្តការសមាហរណកម្មសេដ្ឋកិច្ច ដែលបានព្រមព្រៀងគ្នាហើយនេះ នៅតែមានកំហុសនៅឡើយ ជាពិសេសពន្ធដែលនាំចេញ កម្ពុជានៅតែស្ថិតក្នុងអត្រាដែលខ្ពស់នៅឡើយ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន៖ «ជាបញ្ហាសម្រាប់ជីវភាពរស់នៅដដែលទេ នៅពេលប្រព័ន្ធពន្ធដាររបស់រដ្ឋមានតែកន្លែងខ្លះ ហើយកន្លែងខ្លះទៀតមិនយកដោយសារកត្តានយោបាយ ខ្លាចខូចប្រជាប្រិយភាពអ៊ីចឹងទៅ ដល់អ៊ីចឹងកន្លែងណាដែលយកបានតែយកឲ្យខ្ពស់។ដូច្នេះនៅក្នុងប្រទេសយើងអត់បានមានសំណាងដូចប្រទេសជិតខាងដែលបានចូលអាស៊ាន។ កាលណារបស់នាំចូលអត់គិតពន្ធ គេបានទទួលបានតម្លៃថោករីឯយើងមានកន្លែងខ្លះតម្លៃមានតែថ្លៃជាងមុនទៀត» ។
អាស៊ានក្រៅពីត្រូវរងការរិះគន់ថា សហគមន៍សេដ្ឋកិច្ច ឬការអនុគ្រោះពន្ធនៅតែតួចចង្អៀត ឬហាក់ធ្វើបានតិចតួចនៅឡើយ មិនដូចការរំពឹងទុកដូចគោលការណ៍រួមនោះ។ ទន្ទឹមនឹងនេះ បញ្ហាសិទ្ធិមនុស្ស និងគោលនយោបាយតំបន់ជាដើមនៅមានការឆ្លើយតបដ៏តិចតួចនៅឡើយ។
ជាងនេះទៀត អាស៊ានត្រូវគេមើលឃើញថា បានបរាជ័យលើកិច្ចការរបស់ខ្លួនដែរ ក្នុងពេលដែលកម្ពុជា ស្នើឲ្យជួយអន្តរាគមន៍រឿងជម្លោះយោធារវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ក្រោយឆ្នាំ២០០៨។ យ៉ាងនេះក៏ដោយចុះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានសរសេរនៅក្នុងសំណេររបស់លោក ស្របពេលខួប ៥០ឆ្នាំនៃការបង្កើតសមាគមអាស៊ានថា សមាជិកអាស៊ានមានធម្មនុញ្ញរបស់ខ្លួន គឺមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងឡើយ។ មានការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាព និងដោយគ្មានការដាក់កម្រិតថែមទៀតផង។
បើទោះជាបែបណា នៅចំថ្ងៃនៃខួបលើកទី៥០ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នេះ សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស ទទូចអោយសមាគមអាស៊ានត្រូវពង្រឹងយន្តការតំបន់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងធានាថា សហគមន៍ទាំងអស់ក្នុងប្រជាជាតិអាស៊ាន ទទួលបានអត្ថប្រយោជន៍ពីភាពរីកចម្រើនរុងរឿងនៅក្នុងតំបន់។ សេចក្ដីថ្លែងការណ៍ដែលចុះថ្ងៃទី៨ ខែសីហា បញ្ជាក់ថា បើមិនដូច្នេះទេ សមាគមអាស៊ានដែលបង្កើតឡើងតាំងពី ៥០ឆ្នាំមុននោះ នឹងបរាជ័យដោយមិនសម្រេចបាននូវសុបិនរបស់ខ្លួននោះទេ។
ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែត កាលពីថ្ងៃទី៨ សីហា ក្រោយជំនួបជាមួយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក កែម រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មិនអាក្រក់ដូចការរិះគន់របស់មជ្ឈដ្ឋាននានានោះទេ។ ជាងនេះទៀត ការប្រឹងប្រែងរបស់រដ្ឋាភិបាល តាមរយៈកាត់បន្ថយភាពក្រីក្រ នោះមានន័យថា ជាការព្យាយាមលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅកម្ពុជា យ៉ាងពិតប្រាកដ៖ «ខ្ញុំចង់និយាយថា កាលសេដ្ឋកិច្ចនៅកម្ពុជា បន្តការរីកចម្រើនអ៊ីចឹងមានន័យថា យើងកាត់បន្ថយភាពក្រីក្រ ហើយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជន គឺមានន័យថា លើកស្ទុយសិទ្ធិមនុស្សនេះឯង»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ទទួលស្គាល់ការវិវត្តន៍របស់សង្គមនៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែទន្ទឹមនឹងភាពជឿនលឿន និងស៊ីវិល័យនេះ កម្ពុជាភាគច្រើនគ្រាន់តែជាប្រទេសសម្រាប់ទទួលប៉ុណ្ណោះ។ លើសពីនេះទៀត ការផលិត និងការនាំចេញរបស់កម្ពុជា បើប្រៀបធៀបនឹងប្រទេសជិតខាង គឺនៅដើរមិនទាន់គេនៅឡើយទេ៖ «ទាក់ទងនឹងលំហូរទំនិញយើងក៏ថាបានដែរ ប្រទេសណាក៏មានហូរចេញហូរចូលដែរ។ ប៉ុន្តែបើនៅស្រុកយើង បើយើងមើលពីប្រទេសថៃ និងប្រទេសវៀតណាម គេនាំចូលមកយើងក្នុង ១ឆ្នាំប្រទេសនីមួយៗអាចមានដល់ទៅ ៤-៥លានដុល្លារ។ រីឯយើងដូចជាមិនលើសពី ៥០០ ទៅ ៧០០លានដុល្លារទេ ឬក៏តិចជាងនេះក្នុង១ឆ្នាំៗ»។
ជុំវិញនឹងធុរកិច្ចនៃការវិនិយោគនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ឲ្យដឹងតាមរយៈសំណេរដ៏ពិស្ដាររបស់លោកថា នៅឆ្នាំ២០១៦ ពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ានប្រមាណ ២៣,៤៨% នៃពាណិជ្ជកម្មសរុប ហើយផ្ទៃក្នុងអាស៊ាន នៅតែជាទីផ្សារធំបំផុតសម្រាប់អាស៊ាន។ទន្ទឹមនឹងនេះ លំហូរវិនិយោគរវាងប្រទេសអាស៊ាន គឺស្មើនឹង ២៤,៧៦% ដែលជាប្រភពវិនិយោគធំបំផុតទី២របស់តំបន់។ សម្រាប់ប្រជាជនជាង ៦០០លាននាក់ ក្រៅពីតំបន់អាស៊ាន អាស៊ានគឺជាទីផ្សារ និងមូលដ្ឋានផលិតកម្មដ៏ខ្លាំងជំរុញឲ្យមានភាពទាក់ទាញ និងប្រកួតប្រជែងជាងមុន។
បើតាមលោក ប្រាក់ សុខុន អះអាងថា ភាពលេចធ្លោទាំងនេះហើយ ដែលនាំឲ្យកម្ពុជា បានទទួលផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលពីចំណុចខ្លាំងទាំងនេះពីអាស៊ាន។
ផ្ដល់បទសម្ភាសន៍ផ្ដាច់មុខឲ្យអាស៊ីសេរី នៅដើមខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អតីតអគ្គលេខាធិការអាស៊ាន លោក សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) ទទួលស្គាល់ថា ពិតណាស់ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងមិនអាចបែងចែកផលចំណេញស្មើគ្នាចំពោះប្រទេសជាសមាជិកទាំង១០ បានមែន ប៉ុន្តែការរួមបញ្ចូលគ្នាប្រទេសទាំង១០នេះ គឺជាភាពខ្លាំងមួយដើម្បីឲ្យមានប្រៀបទៅនឹងឥទ្ធិពលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួន ក្នុងនោះមាន ចិន និងឥណ្ឌា ជាដើម។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាននេះ បង្កើតឡើងតាំងពីឆ្នាំ១៩៦៧។ ក្នុងចំណោមប្រទេសជាសមាជិកទាំង ១០ កម្ពុជាគឺជាសមាជិកដែលចូលក្រោយគេបង្អស់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ដោយសារកម្ពុជា មានស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍស្ទើរគ្រប់វិស័យមិនឈប់ឈរ បានជំរុញឲ្យរដ្ឋាភិបាលនៅអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧,៧% ក្នុងរយៈពេល ២ទសវត្សជាប់គ្នាចុងក្រោយនេះ។ ប៉ុន្តែអ្នកស្រាវជ្រាវការអភិវឌ្ឍមើលឃើញថា សេដ្ឋកិច្ចកម្ពុជា ដែលស្ទុះឡើងនេះ ពឹងផ្អែកទៅលើការនាំចេញ ហើយការនាំចេញដែលធំជាងគេនោះ គឺភាគច្រើនទៅលើវិស័យវាយនភណ្ឌ។ ក្រៅពីនេះ មានអង្ករ ផលិតផលដំណាំកៅស៊ូ និងដំឡូងមី ជាដើម ប៉ុន្តែការនាំចេញទាំងនេះ ស្ថិតក្នុងបរិមាណតិចតួចនៅឡើយ។
អ្នកឃ្លាំមើលពីសង្គម និងនយោបាយ ព្រមានថា ប្រសិនបើកម្ពុជា ប្រឹងនាំចូលជាងការផលិតនាំចេញ ហើយគួបផ្សំការអនុវត្តច្បាប់នៅមានកម្រិតផងនោះ កម្ពុជាអាចនឹងក្លាយជាធុងសំរាមរបស់អាស៊ាន តាមរយៈនាំចូលផលិតផលមួយទឹក ឬផលិតផលជជុះ៕