សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ចេញដីកាបញ្ជូនសំណុំរឿងដើម្បីចេញដីកាសន្និដ្ឋានស្ថាពរក្នុងសំណុំរឿង ០០៤ វគ្គ ០២ (០០៤/២)។
សេចក្ដីប្រកាសព័ត៌មានសាលាក្ដីខ្មែរក្រហមផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា បញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតចេញដីកាបញ្ជូនសំណុំរឿងអនុលោមតាមវិធាន ៦៦ (៤) នៃវិធានផ្ទៃក្នុង ដោយបានស្នើសុំឲ្យសហព្រះរាជអាជ្ញាដាក់សេចក្ដីសន្និដ្ឋានស្ថាពររបស់ខ្លួននៅក្នុងសំណុំរឿង ០០៤ វគ្គ ០២ ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់បន្ថែមថា អនុលោមតាមវិធាន ៦៦ (៥) នៃវិធានផ្ទៃក្នុង សហព្រះរាជអាជ្ញាមានរយៈពេល ៣ខែ ដើម្បីដាក់សេចក្ដីសន្និដ្ឋានរបស់ខ្លួន។
ក្នុងរយៈពេលនេះ មេធាវីការពារក្តីនឹងមានរយៈពេលសមស្របនៅក្នុងការឆ្លើយតបទៅនឹងសេចក្ដីសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញា។ សហចៅក្រមស៊ើបអង្កេតនឹងចេញដីកាដំណោះស្រាយក្នុងពេលមួយសមស្រប ក្រោយពេលទទួលបានសេចក្ដីសន្និដ្ឋានពីភាគីទាំងសង្ខាង។
សាលាក្ដីខ្មែរក្រហមបានបំបែកសំណុំរឿង ០០៤ ទៅជា ០០៤ វគ្គ ១ ដែលសាកសួរលើឈ្មោះ អ៊ឹម ចែម និង ០០៤ វគ្គ ២ សាកសួរលើឈ្មោះ អោ អាន។
ការសាកសួរលោក អោ អាន គឺទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវចោទថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕