មើលរូបភាពដទៃទៀតនៃយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង
នៅថ្ងៃបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកដំបូង គណបក្សនយោបាយនីមួយៗ បានរកយុទ្ធសាស្ត្ររៀងៗខ្លួនដើម្បីទាក់ទាញការគាំទ្រ។ គណបក្សប្រឆាំង ក៏មិនខុសពីគណបក្សនយោបាយដទៃទៀតប៉ុន្មាននោះដែរ សម្រាប់ថ្ងៃឃោសនាទី១នេះ។ ប្រធានគណបក្សប្រឆាំងអះអាងថា ខ្លួនហ៊ានផ្ដល់សិទ្ធិអំណាចដ៏ពិតប្រាកដដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិធ្វើសេចក្ដីសម្រេច ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក កឹម សុខា ដែលដឹកនាំការឃោសនារកការគាំទ្រដោយអវត្តមានលោក សម រង្ស៊ី លើកនេះ មានសុទិដ្ឋិនិយមថា ការរក្សាអំណាចនៅតែថ្នាក់ជាតិ ឬស្ថិតនៅលើតែបុគ្គល ប្រាកដណាស់ប្រទេសនឹងវិលទៅរករបបផ្ដាច់ការ និងនេះជាទម្រង់នៃការរំលោភសិទ្ធិមនុស្ស។
ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់នៅព្រំប្រទល់ចន្លោះខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រង់ផ្លូវ ៦០ម៉ែត្រ លោក កឹម សុខា អះអាងថា បក្សប្រឆាំងហ៊ានផ្ដល់សិទ្ធិអំណាចឲ្យទៅថ្នាក់ក្រោមជាតិ គឺអាជ្ញាធរឃុំ-សង្កាត់ ធ្វើសេចក្ដីសម្រេច និងចាត់ចែងការអភិវឌ្ឍ ដោយពុំចាំបាច់ឆ្លងយោបល់ ឬបើកភ្លើងខៀវពីថ្នាក់ជាតិទេ។ លោកបន្តថា ប្រសិនបើអ្វីៗ ចាំសម្រេចតែពីថ្នាក់ជាតិ នោះមានន័យថា គឺជាការគ្រប់គ្រងតាមបែបអំណាចប្រមូលផ្ដុំ ហើយនិន្នាការនយោបាយនេះ គឺទម្រង់នៃរបបផ្ដាច់ការហើយ៖ «បើចង់ឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដកុំឲ្យឈានទៅរកអំណាចផ្ដាច់ការវិញ គឺដាច់ខាតយើងត្រូវធ្វើយ៉ាងណាឲ្យមូលដ្ឋានមានអំណាច។ បើអំណាចប្រមូលផ្ដុំនៅថ្នាក់លើនឹងអាចឈានទៅរកអំណាចផ្ដាច់ការ។ ប៉ុន្តែបើអំណាចធ្លាក់ទៅដល់មូលដ្ឋានប្រជាធិបតេយ្យពិតជារឹងមាំ»។
សារនយោបាយរបស់គណបក្សប្រឆាំងសម្រាប់បម្រើឲ្យការបោះឆ្នោតអាណត្តិទី៤នេះ បានដាក់ចេញនូវគោលការណ៍ ៥ចំណុច ក្នុងនោះការធ្វើវិមជ្ឈការថវិកាកន្លះលានដុល្លារគឺជាយុទ្ធសាស្ត្រស្លាប់រស់របស់បក្សនេះ។ លោក កឹម សុខា ថ្លែងដោយមោទនភាពថា នេះជាលើកទី១ហើយ ដែលបក្សប្រឆាំងហ៊ានទម្លាក់លុយកន្លះលានដុល្លារ ដើម្បីអភិវឌ្ឍនៅថ្នាក់មូលដ្ឋានក្រោយដឹកនាំរដ្ឋាភិបាល៖ «ឃុំសង្កាត់នឹងធ្វើផែនការដោយខ្លួនឯង រៀបចំគោលការណ៍អភិវឌ្ឍន៍ដោយខ្លួនឯង និងធ្វើការសម្រេចដោយខ្លួនឯង និងមានថវិកាដោយខ្លួនឯង តាមការផ្ដល់ថវិកាពីគោលនយោបាយថ្នាក់ជាតិ»។
នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ បានចាប់ផ្ដើមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងអ្នកដែលប្រើពាក្យថា "ដូរ" និង "ហ៊ុន សែន អើយចុះចេញទៅ"។ ផ្ទុយពីនេះ មេបក្សប្រឆាំងថ្លែងចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ថា បក្សប្រឆាំងនឹងនៅតែប្រើពាក្យថា "ដូរ" នេះ ប៉ុន្តែដូរមេឃុំ ឬចៅសង្កាត់ណាដែលមិនបម្រើផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រឆាំងបានដៀមដាមថា ក្រោយឈ្នះឆ្នោតដឹកនាំប្រទេស បក្សរបស់ខ្លួននឹងមិនធ្វើសាលារៀនជូនតាមសំណើ ដូចបក្សកាន់អំណាចកំពុងធ្វើទេ ប៉ុន្តែជាការធ្វើទៅតាមផែនការថ្នាក់ជាតិដែលបានដាក់ចេញវិញ។
នៅពេលនេះ គេឮសូរតែសំឡេងឃោសនាស្ទើរគ្រប់មហាវិថីយ៉ាងកងរំពងរបស់គណបក្សនយោបាយក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការឃោសនានៅថ្ងៃបើកឆាកនេះ។ សម្រាប់អាណត្តិនេះ នៅថ្ងៃឃោសនាដំបូងសង្កេតឃើញថា ជាលើកទី១ ហើយដែលមានក្រុមអ្នកជំនាញកិច្ចការបោះឆ្នោតរបស់ គ.ជ.ប តាមសង្កេតការណ៍រហូតនៅតាមក្បួនហែរបស់បក្សនយោបាយនីមួយៗ។
ក្រៅពីនេះ កម្លាំងនគរបាលក៏ត្រូវគេដាក់ពង្រាយ និងជួយសម្រួលការធ្វើដំណើរបានល្អប្រសើរ បើប្រៀបធៀបនឹងអាណត្តិមុនៗ។ យុទ្ធនាការឃោសនានៅថ្ងៃទី១នេះ សង្កេតឃើញថា ពុំមានហិង្សាផ្ទុះឡើងទេ។ ដោយឡែក អ្នកហែក្បួនវិញ មើលទៅហាក់គោរពគោលការណ៍បានល្អ និងមានរបៀបរៀបរយ ជាពិសេសហាក់មានសីលធម៌ខ្ពស់ក្នុងការហែក្បួន ពុំមានឮការជេរប្រមាថ ដៀមដាម ឬត្មះតិះដៀលដូចអាណត្តិមុនៗឡើយ ក្រៅពីប្រឹងអួតតែក្នុងកម្មវិធីនយោបាយរៀងៗខ្លួនប៉ុណ្ណោះ។ នៅថ្ងៃយុទ្ធនាការដំបូងនេះ បក្សប្រឆាំងបានជ្រើសរើសការហែក្បួនរបស់ខ្លួនចេញពីចំណុចផ្លូវ ៦០ម៉ែត្រ និងសម្រាកបាយថ្ងៃត្រង់នៅម្ដុំរង្វង់មូលកាំកូ ស៊ីធី បន្ទាប់មកទិសដៅឆ្ពោះទៅនៅរង្វល់មូលចោមចៅ មុននឹងត្រូវរំសាយទៅវិញ នៅទីស្នាក់ការគណបក្សនៅចាក់អង្រែលើ ក្រោយក្បួនឆ្លងកាត់ផ្លូវវ៉េងស្រេង៕