តំណាងពលរដ្ឋមកពីបណ្ដាខេត្តចំនួន២១ និងនៅរាជធានី ស្នើទៅគណបក្សនយោបាយដែលបានឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យជួយដោះស្រាយបញ្ហាអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ។ សំណើនេះបានលើកឡើងក្នុងវេទិកាពិភាក្សាមួយស្ដីពីការប្ដេជ្ញាចិត្តរបស់គណបក្សនយោបាយ កាលពីព្រឹកថ្ងៃទី១៩ ខែសភា នៅរាជធានីភ្នំពេញ។
តំណាងពលរដ្ឋមកពីសហគមន៍ ២២ខេត្ត រាជធានី លោកស្រី សេក សាវី ឲ្យដឹងក្នុងវេទិកាថា ពលរដ្ឋនៅក្នុងសហគមន៍ នៅតែជួបប្រទះបញ្ហាអសន្តិសុខ ពលរដ្ឋមិនដែលបានដឹងពីការប្រើប្រាស់ថវិកាអភិវឌ្ឍឃុំ-សង្កាត់ ពលរដ្ឋនៅតែរងការបង្ក្រាបដោយហិង្សានៅពេលមានការប្រមូលផ្តុំបញ្ចេញមតិ ឬទាមទារតវ៉ាការពារដីធ្លីរបស់ពួកគេជាដើម។ លោកស្រីទាមទារឲ្យគណបក្សដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ជួយដោះស្រាយបញ្ហារបស់ពលរដ្ឋ៖ «»។
វេទិកាពិភាក្សាស្ដីពីការប្ដេជ្ញាចិត្តរបស់គណបក្សនយោបាយ ត្រូវបានអង្គការសង្គមស៊ីវិល ៥២ស្ថាប័ន បានរួមគ្នារៀបចំឡើងដើម្បីចង់ឲ្យគណបក្សបង្ហាញដំណោះស្រាយរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងចំណោមគណបក្សនយោបាយទាំង ១២ ដែលឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានតែគណបក្ស ៩ប៉ុណ្ណោះ បានចូលរួមជជែកដេញដោល ដោយឡែកគណបក្សចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា មិនបានចូលរួមតាមការអញ្ជើញរបស់អ្នករៀបចំកម្មវិធីទេ។
តំណាងគណបក្សនយោបាយទាំង៩ ដែលចូលរួមក្នុងពិភាក្សាពួកគេបង្ហាញពីគោលនយោបាយរៀងៗខ្លួនដែលអះអាងថា ពេលឈ្នះឆ្នោតនឹងដោះស្រាយបញ្ហានៅក្នុងមូលដ្ឋាន ឬដកមេឃុំរបស់ខ្លួនចោល បើពលរដ្ឋភាគច្រើននៅក្នុងមូលដ្ឋានមិនពេញចិត្តការដឹកនាំរបស់មេឃុំ។
ទាក់ទងរឿងនេះ នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ដែលផ្ដួចផ្ដើមរៀបចំវេទិកានេះ ឲ្យដឹងថា វេទិកានេះនឹងជួយឲ្យពលរដ្ឋ និងសង្គមស៊ីវិល បានរៀនសូត្រពីការដោះស្រាយបញ្ហានៅមូលដ្ឋានរបស់គណបក្សនយោបាយ។ លោកបន្តថា ការចូលរួមរបស់ពលរដ្ឋ គឺរឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ៖ «»។
គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះ ពួកគេមានរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើយុទ្ធនាការឃោសនាពីគោលនយោបាយរបស់ខ្លួនដើម្បីរកសំឡេងឆ្នោតពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ខាងមុខ។
តាមរយៈការស្ទង់មតិពលរដ្ឋនៃអង្គការ IRI រកឃើញថា នៅប៉ុន្មានអាណត្តិកន្លងមក បញ្ហានៅតែបន្តកើតមានឡើងតាមមូលដ្ឋាន និងបង្កជាបញ្ហាដល់ពលរដ្ឋ រួមមាន បញ្ហាដីធ្លី ព្រៃឈើ បរិស្ថាន កំណែទម្រង់សេដ្ឋកិច្ច នីតិរដ្ឋ លំហប្រជាធិបតេយ្យ ការចូលរួមរបស់សង្គមស៊ីវិល និងការទទួលព័ត៌មានជាដើម៕