មន្ត្រីជាន់ខ្ពស់ផ្នែកព្រៃឈើនៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យសម្លាប់ខ្លួន ដោយសារបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រីជាន់ខ្ពស់ផ្នែកយុទ្ធនាការព្រៃឈើនៃអង្គការ EIA នៅថ្ងៃសុក្រ ទី១៩ ខែ ឧសភា ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា អង្គការរបស់លោកមិនបម្រើឲ្យគណបក្សនយោបាយណាមួយ និងមិនជំរុញឲ្យមានអំពើហិង្សានោះទេ៖ «ចំពោះការសន្យារបស់លោក ហ៊ុន សែន ដែលថា គាត់ហ៊ានកាត់ក្បាលគាត់ចោល បើសិនជាទប់ស្កាត់បទល្មើសព្រៃឈើមិនបាន ខ្ញុំសូមជម្រាបថា អង្គការ អ៊ី.អាយអេ. មិនតស៊ូមតិ ឲ្យមានអំពើហិង្សានោះទេ។ ដូច្នេះ ខ្ញុំសូមផ្ដាំទៅលោក ហ៊ុន សែន សូមកុំធ្វើតាមការសន្យានោះអី»។
របាយការណ៍របស់ EIA បានរកឃើញថា គ្រាន់តែពីខែមករា ឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះ មន្រ្តីគយវៀតណាម បានកត់ត្រាឯកសារពន្ធគយលើការនាំឈើ និងគ្រឿងធ្វើពីឈើចេញកម្ពុជា ទៅវៀតណាម មានទឹកប្រាក់រហូតដល់ជិត ៣០០លានដុល្លារអាមេរិក។ ឯកសារផ្លូវការរបស់គយវៀតណាម ដដែល បញ្ជាក់ទៀតថា ឈើដែលនាំចេញពីប្រទេសកម្ពុជា ជាង ២,៣សែនម៉ែត្រគូប (២៣០,០០០) ត្រូវបានកត់ត្រាក្នុងបញ្ជីវិក្កយបត្រលក់ និងដឹកជញ្ជូនទៅប្រទេសវៀតណាម។
រដ្ឋាភិបាលកម្ពុជា ខ្វែងគំនិតគ្នាក្នុងការឆ្លើយតបទៅនឹងរបាយការណ៍នេះ ដោយក្រសួងកសិកម្មទទួលស្គាល់ថា មានបទល្មើសព្រៃឈើនៅតែកើតមានមែន ប៉ុន្តែក្រសួងការពារជាតិ និងក្រសួងបរិស្ថាន បែរជាបដិសេធ៕