Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​វាង​ផ្លូវ​ហែ​ក្បួន​ឃោសនា​ធំ​នៅ​ថ្ងៃ​ដំបូង​តាម​សំណើ​របស់​អាជ្ញាធរ

$
0
0

អ្នក​ទទួល​ខុស​ត្រូវ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ ប្រាប់​ថា គណបក្ស​បាន​យល់​ព្រម​វាង​ផ្លូវ​ហែ​ក្បួន​ឃោសនា​ធំ​តាម​សំណើ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ សង្គម​ស៊ីវិល​យល់​ថា សកម្មភាព​ហាមឃាត់​ការ​ហែ​ក្បួន​របស់​គណបក្ស​នយោបាយ អាជ្ញាធរ​បាន​បំពាន​សិទ្ធិ​គ.ជ.ប​ដោយសារ​កិច្ចការ​នេះ​គឺ​ជា​កិច្ចការ​របស់​គ.ជ.ប។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ថា ការ​យល់​ព្រម​វាង​ផ្លូវ​តាម​អាជ្ញាធរ​ដោយសារ​មិន​ប៉ះពាល់​ខ្លាំង​ដល់​តម្រាយ​ផ្លូវ ដែល​គណបក្ស​ប្រឆាំង​បាន​ត្រៀម​ដើម្បី​ឃោសនា​នោះ​ទេ ហើយ​ម្យ៉ាង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។ លោក​ថា អាជ្ញាធរ​គ្រាន់​តែ​ស្នើ​ឲ្យ​ក្បួន​ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ វាង​ដោយ​ឲ្យ​ហែ​ទៅ​តាម​ស្ពាន​អាកាស​ក្បាល​ថ្នល់ ទៅ​ត្រង់​ដល់​ស្តុប​ក្រសួង​មហាផ្ទៃ ហើយ​បត់​ស្ដាំ​ឆ្ពោះ​ផ្លូវ​ព្រះមុនីវង្ស រួច​ចូល​ប្លង់​ដែល​បាន​ព្រាង​ទុក​វិញ៖ «មិន​ជា​ការ​តឹងតែង ហើយ​ក៏​មិន​ជា​ការ​ខុស​ឆ្គង​អី​ប៉ុន្មាន​ទេ ដោយសារ​យើង​អាច​វិល​ទៅ​រក​ប្លង់​ដែល​យើង​បាន​គ្រោង​ទុក​ដដែល»

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​យុទ្ធនា​ការឃោសនា​ហែ​ក្បួន​ធំ​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​យុទ្ធនាការ​ឃោសនា។ តម្រាយ​ក្បួន​ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា នឹង​ចេញ​ដំណើរ​ពី​ផ្លូវ ៦០​ម៉ែត្រ ឆ្ពោះ​ទៅ​ស្ដុប​វត្ត​ចាក់អង្រែក្រោម បត់​ឆ្វេង​តាម​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ក្បាលថ្នល់ បត់​ស្ដាំ​ឆ្លង​ស្ពាន​ព្រះមុនីវង្ស ឆ្ពោះ​ទៅ​ផ្លូវ​ព្រះមុនីវង្ស ទៅ​ដល់​ស្ដុប​ពេទ្យ​ចិន បត់​ឆ្វេង​តាម​ផ្លូវ​ព្រះសីហនុ ស្ដុប​អាង​ទឹក​អូឡាំពិក ផ្លូវ​នេរុហ៍ ដល់​ស្ដុប​កម្ពុជាក្រោម បត់​ឆ្វេង​ដល់​ស្ដុប​សន្ធរមុក បត់​ស្ដាំ​តាម​ផ្លូវ​គីមអ៊ីលស៊ុង រង្វង់​មូល​អង់តែន​ទួលគោក ហើយ​សម្រាក​នៅ​ម្ដុំ​រង្វង់​មូល​កាំកូ បន្ទាប់​មក​នៅ​រសៀល​ម៉ោង​២ ក្បួន​នឹង​ចេញ​ដំណើរ​រហូត​ដល់​ម្ដុំ​ផ្សារ​ជំពូវ័ន្ត ហើយ​រំសាយ។ បើ​តាម​គម្រោង​របស់​គណបក្ស​ប្រឆាំង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ចូល​រួម​ហែ​ក្បួន​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ដែរ។

​ដោយ​ឡែក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មិន​មាន​ការ​ហែ​ក្បួន​ឃោសនា​នៅ​ថ្ងៃ​ដំបូង​ទេ ហើយ​ក៏​មិន​មាន​ការ​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ឆ្លង​តាម​សង្កាត់​ដែរ ព្រោះ​អ្នក​នាំ​ពាក្យ​ថា ច្បាប់​តម្រូវ​ឲ្យ​ហែ​បាន​តែ​នៅ​ក្នុង​ឃុំ-​សង្កាត់​រៀងៗ​ខ្លួន។ លោក សុខ ឥសាន ថា គណបក្ស​កាន់​អំណាច​នឹង​ធ្វើ​មីទីង​បើក​នៅ​ទីស្នាក់ការ​បក្ស​តាម​ឃុំ ហើយ​នៅ​ថ្ងៃ​បិទ​នឹង​ធ្វើ​មីទីង​បិទ​មួយ​ទៀត។ ឯ​ថ្ងៃ​ចន្លោះ​ចំនួន ១២​ថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា អាច​មាន​ក្បួន​ហែ​នៅ​តាម​ឃុំ សង្កាត់ និង​មាន​ការ​ចែក​ខិត្តប័ណ្ណ​គោលនយោបាយ​បក្ស៖ «ឃុំ-​សង្កាត់​ទាំង​អស់​ឲ្យ​ធ្វើ​មីទីង​នៅ​នឹង​កន្លែង ឃុំ​ណា​នៅ​នឹង​កន្លែង​ឃុំ​ហ្នឹង»

​ក្រៅ​ពី​នេះ សារ​ស្ដីពី​ការ​ចង​ចាំ​ជាមួយ​របប​ខ្មែរក្រហម ក៏​នឹង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ក្នុង​ថ្ងៃ​បើក​មីទីង​យុទ្ធនា​ការឃោសនា​បក្ស​ដែរ ព្រោះ​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​ទិវា​ចងចាំ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា បាន​ណែនាំ​ដល់​តំណាង​គណបក្ស​ទាំង​៦ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ភ្នំពេញ កុំ​ឲ្យ​ជួបជុំ​គ្នា​នៅ​តាម​សួន​ច្បារ​ធំៗ ដែល​ជា​ទីតាំង​ហាមឃាត់ ឬ​ធ្វើ​យុទ្ធនាការ​ឃោសនា​តាម​ផ្សារ​របស់​រដ្ឋ​ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន។

​មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា នៅ​តែ​យល់​ថា បម្រាម​របស់​អាជ្ញាធរ​ដែល​ណែនាំ​ក្នុង​ការ​ហែ​ក្បួន​របស់​គណបក្ស​នយោបាយ ជា​ការ​បិទ​សេរីភាព​នៃ​ការ​ហែ​ក្បួន និង​រំលោភ​សិទ្ធិ​របស់ គ.ជ.ប៖ «មែន​ទែន​ទៅ ក្នុង​រយៈពេល ១៤​ថ្ងៃ ឃោសនា​ហ្នឹង បើ​យើង​មើល​ឲ្យ​ច្បាស់​មែន​ទេ គេ​ឲ្យ​សិទ្ធិ គ.ជ.ប ក្នុង​ការ​រៀបចំ»

​ក្នុង​ការ​ហែ​ក្បួន​នេះ គ.ជ.ប បាន​ណែនាំ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ហាម​ប្រើ​ពាក្យ​អសុរោះ ឬ​ជេរ​ប្រមាថ ដែល​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា ប៉ុន្តែ​ប្រភេទ​សារ​គំរាមកំហែង​វិញ គ.ជ.ប នៅ​មិន​ទាន់​ណែនាំ​ឲ្យ​ឈប់​ប្រើ ឬ​បង្ហាញ​វិធានការ​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles