នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតមួយថ្ងៃ គឺនៅថ្ងៃទី១៩ ឧសភា គ.ជ.ប បានធ្វើសន្និសីទកាសែតណែនាំគណបក្សនយោបាយអំពីការហែក្បួន និងការចុះចែកខិត្តប័ណ្ណក្នុងផ្សារ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដោយត្រូវរក្សាសណ្ដាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងគោរពច្បាប់ចរាចរណ៍។ នីតិវិធីនេះមានតែមន្ត្រីគណបក្សកាន់អំណាចតែប៉ុណ្ណោះ ដែលពេញចិត្តនឹងសេចក្ដីណែនាំនេះ។
គណបក្សនយោបាយមួយចំនួន និងសង្គមស៊ីវិល ចាត់ទុកថា គ.ជ.ប កំពុងកម្រិត និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ថ្លែងថា សេចក្ដីណែនាំអំពីការហែក្បួនឃោសនារបស់ គ.ជ.ប មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពចំពោះការផ្សព្វផ្សាយ និងការឃោសនារបស់គណបក្សនយោបាយ។ អ្នកស្រីបន្តថា ការរឹតត្បិតនេះគឺមានការកាត់បន្ថយការហែក្បួនសល់តែ ២ថ្ងៃ ដែលនៅសល់តែសកម្មភាពឃោសនាធម្មតា ប៉ុន្តែសកម្មភាពឃោសនាធម្មតានេះទៀតសោត បានកម្រិតទាំងចំនួនមនុស្ស ទោចក្រយានយន្ត រថយន្ត និងសូម្បីតែចូលចែកខិត្តប័ណ្ណក្នុងផ្សារក៏ត្រូវមានការសុំអនុញ្ញាតពីអ្នកគ្រប់គ្រងផ្សារដែរ ប្រសិនបើលើសពីចំនួនកំណត់ខាងលើគឺរាប់ទុកជាការហែក្បួនឃោសនាដែលល្មើសទៅនឹងបទបញ្ញត្តិដែលថា ការហែក្បួនឃោសនាត្រូវកំណត់តែ២ដង។
អ្នកស្រីចោទជាសំណួរថា ប្រហែលជាប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ ឡើងខ្ពស់ពេកទេដឹងទើបមានការរឹតត្បិតយ៉ាងនេះ៖ «ចំពោះគណបក្សសង្គ្រោះជាតិ យើងចង់ឲ្យបានទូលំទូលាយ ចង់ផ្ញើសារដល់ប្រជាពលរដ្ឋ ចង់ឲ្យប្រជាពលរដ្ឋចូលរួម អ្នកគាំទ្រគាត់ចង់ចូលរួមហែក្បួន ដើម្បីបង្ហាញឲ្យឃើញថា យុទ្ធនាការរបស់សង្គ្រោះជាតិ គឺមានពលរដ្ឋច្រើនណាស់ដែលគាំទ្រ ការកំណត់ចំនួនបែបនេះ យើងធ្វើសកម្មភាពវាមិនបានហ៊ឹកហ៊ាក់ បានតិចតួច»។
ចំណែកអគ្គលេខាធិការរងនៃគណបក្សហ្វុនស៊ិនប៉ិច លោក ថន ចន្ថា យល់ថា សេចក្ដីណែនាំអំពីការហែក្បួនឃោសនាពុំមានការពន្យល់ច្បាស់លាស់ ដែលនាំឲ្យលោកបារម្ភអំពីការបកស្រាយតាមចិត្តនៅពេលអនុវត្តក្នុងរដូវកាលឃោសនា។
ប៉ុន្តែទោះជាមានការបារម្ភយ៉ាងណាក្ដី មន្ត្រីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ឆៅ វ៉ាន់ដេត បានឯកភាពចំពោះនីតិវិធីដែលរៀបចំដោយគ.ជ.ប។ លោកយល់ថា គ.ជ.ប សម្រេចធ្វើអ្វីមួយគឺមានហេតុផល និងផ្អែកទៅលើច្បាប់៖ «ការណែនាំរបស់គ.ជ.ប បន្ថែមនេះទៅលើច្បាប់ទៅលើបទបញ្ជាទេ សេចក្ដីណែនាំនេះគឺគណបក្សប្រជាជនកម្ពុជា អាចទទួលយកបាន។ ហែក្បួន ១០នាក់វាមានទំហំ និងធាតុផ្សំ ខាងគណបក្សគេប្រហែលជាមិនយល់ ឬមិនបានមើលខាងលើគេចាប់យកតែចំនួនហើយគេមានប្រតិកម្មតាមធាតុពិតគេមាន ២ចំណុច យើងមើលទៅអត់មានអីទេ។ គណបក្សប្រជាជនមានតែអនុវត្ត និងធ្វើតាមសេចក្ដីណែនាំរបស់ គ.ជ.ប ប៉ុណ្ណោះ»។
ឆ្លើយតបទៅនឹងបញ្ហានេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា ការកម្រិតនីតិវិធី និងការរៀបចំមួយចំនួន គឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ មិនមែនជាការរឹតត្បិតនោះទេ ផ្ទុយទៅវិញជាការបង្កបរិយាកាសឲ្យគណបក្សនយោបាយបានផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោតផង និងឲ្យពលរដ្ឋទទួលបានព័ត៌មានពីការបោះឆ្នោតផង៖ «ការសំខាន់យើងរៀបចំនីតិវិធីកន្លែងខ្លះ មានកម្រិតមានអីនោះវាមិនមែនផលប្រយោជន៍សំខាន់ការឃោសនាទេ វាពាក់ព័ន្ធជីវភាពសង្គមទាំងមូលទេ បើការឃោសនាគ្មានសណ្ដាប់ធ្នាប់ ហើយធ្វើអ្វីស្រេចតែចិត្តទាំងអស់គ្នានោះ គឺសង្គមទាំងមូលត្រូវគាំដោយសារការឃោសនា។ កុំថា ១៤ថ្ងៃ តែ១សប្ដាហ៍ក៏ត្រូវវង្វេងដែរ នៅផ្សារបើសិនជាបណ្ដោយឲ្យគណបក្សឃោសនា បើកមីក្រូពេញ អ្នកលក់លក់បានតែ ១ថ្ងៃរត់អស់ហើយ អត់មាននរណាស្ដាប់ទេ»។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា យល់ថា មិនគួរណាហាមប្រាមមិនឲ្យគណបក្សនយោបាយហែក្បួននៅតំបន់ទីប្រជុំជនទាំងនោះទៀតឡើយ ព្រោះថាគ.ជ.ប បានបន្ថយរយៈពេលឃោសនានៅត្រឹម ១៤ថ្ងៃទៅហើយ។ លោកថា នីតិវិធីឃោសនានេះបានរឹតត្បិតសិទ្ធិសេរីគណបក្សនយោបាយក្នុងការប្រមូលផ្ដុំនិងការហែក្បួន។
សម្រាប់អ្នកដែលធ្វើខុសពីគោលការណ៍ណែនាំការឃោសនា គ.ជ.ប នឹងចាត់វិធានការតាមច្បាប់បោះឆ្នោតឃុំ-សង្កាត់ និងច្បាប់បោះឆ្នោតតំណាងរាស្ត្រ ដែលមានទោសបញ្ញត្តិ និងការផាកពិន័យពី៥លានរៀល រហូតដល់ ៣០លានរៀល៕