ជនសង្ស័យរបស់សមាជិករណសិរ្សរំដោះជាតិ ក្នុងរឿងក្ដីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋដែលអាជ្ញាធរក្រុងភ្នំពេញ ចោទប្រកាន់ថា ចង់ផ្ដួលរលំរដ្ឋាភិបាល ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ហើយ។ ប្រធានរណសិរ្សរំដោះជាតិ លោក សម សេរី បានថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ ចំពោះការចាប់ខ្លួននេះ។
លោក ធុញ វី ដែលជាសមាជិករណសិរ្សរំដោះជាតិខ្មែរ ត្រូវបានឆ្មាំពន្ធនាគារបញ្ជូនខ្លួនទៅឃុំភ្លាមៗ នៅពេលចៅក្រមស៊ើបសួរសម្រេចដីកាឃុំខ្លួន នៅថ្ងៃរសៀលថ្ងៃទី១៩ ខែឧសភា។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន ឲ្យដឹងថា លោក សេង ឬទ្ធី ជាចៅក្រមដែលកាន់រឿងក្តីនេះ សម្រេចចោទប្រកាន់ និងចេញដីកាឃុំខ្លួនលោក ធុញ វី រួចហើយ៖ «»។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ ឲ្យដឹងថា លោក ធុញ វី រងការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃទី១៦ ខែឧសភា អាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធក្នុងពេលដែលពួកគេធ្វើសន្និសីទកាសែត នៅខណ្ឌច្បារអំពៅ ដោយចោទប្រកាន់ថា មានចេតនាចង់ផ្ដួលរលំរដ្ឋាភិបាល។ ក្រោយការចាប់ខ្លួន មនុស្ស ២នាក់ក្នុងចំណោមអ្នកទាំង ៣នាក់ ត្រូវអាជ្ញាធរក្រុងភ្នំពេញ ដោះលែងឲ្យមានសេរីភាពវិញ។
យ៉ាងនេះក្ដី តំណាងឧត្ដមស្នងការអន្តរសាស្ត្រ គឺលោក ឃុន សាវ៉ាកខែត ដែលអាជ្ញាធរដោះលែងឲ្យមានសេរីភាព និងបានតាមដានការសាកសួរពេញមួយថ្ងៃនៅថ្ងៃទី១៩ ឧសភា ចោទប្រកាន់ថា ការចាប់ខ្លួនពួកគេនេះគឺមិនត្រឹមត្រូវឡើយ។ លើសពីនេះទៀត អ្នកដែលមានកំហុស ហើយនិងត្រូវតុលាការចោទប្រកាន់នោះគឺអាជ្ញាធរក្រុងភ្នំពេញ ឯណោះទៅវិញទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគពីបញ្ហាសង្គម និងនយោបាយ យល់ឃើញថា បទចោទរបស់តុលាការ និងវិធានការរបស់អាជ្ញាធរ ជាវិធានការដែលមិនបានគោរពលើគោលការណ៍សិទ្ធិមនុស្សនោះទេ។ លោកបន្តថា ការបកស្រាយច្បាប់របស់តុលាការ គឺជាការបកស្រាយដែលមិនទាន់ស៊ីជម្រៅ និងមានភាពលម្អៀង ដែលជាមូលហេតុធ្វើឲ្យមនុស្សជាច្រើនក្លាយជាជនរងគ្រោះ។ សម្រាប់លោក អ្នកវិភាគសង្គមជើងចាស់រូបនេះ យល់ឃើញថា សមាជិករណសិរ្សទាំងនេះ ពុំទាន់មានសកម្មភាពណាមួយដែលអាចទៅបំផ្លាញសង្គមដូចការចោទតាមរយៈការចូលរួមពីពលរដ្ឋនោះនៅឡើយទេ៖ «»។
សមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានអាជ្ញាធរចាប់ខ្លួនប្រមាណ ១០នាក់ មកហើយដោយចោទប្រកាន់ថា ពួកគេមានចេតនាចង់ផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់របស់លោក ហ៊ុន សែន។ ការចោទប្រកាន់ទាំងនេះ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា សកម្មភាពរបស់ក្រុមចលនាទាំងនេះ គឺមានចេតនាចង់បង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ជាដើម។
ជុំវិញការសាកសួរដែលប្រើពេលប្រមាណ ២ថ្ងៃទៅលើជនសង្ស័យឈ្មោះ ធុញ វី សង្កេតឃើញថា គឺពុំមានការចាប់អារម្មណ៍ពីអ្នកសង្កេតការណ៍ និងភ្នាក់ងារនយោបាយនោះទេ។ដោយឡែកខាងតុលាការវិញ ពុំអនុញ្ញាតឲ្យអ្នកកាសែតបានថតរូបទៀតផង។ លោក ធុញ វី ដែលជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសស្ងាត់ៗ ក្រោយពេលចៅក្រមបញ្ចប់ការសាកសួររួចរាល់៕