តុលាការខេត្តស្វាយរៀង បានដោះលែងសកម្មជនគណបក្សប្រឆាំងពីរនាក់ ឱ្យមានសេរីភាពវិញ បន្ទាប់ពីដាក់ពន្ធនាគារពួកគេអស់រយៈពេលមួយឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទក្លែងលិខិតសាធារណៈ និងញុះញង់ឱ្យមានការប្រព្រឹត្តបទល្មើសជាអាទិ៍ ជុំវិញការសរសេរខុសដោយអចេតនាថា ក្រុងបាវិត ស្ថិតក្នុងប្រទេសវៀតណាម។ ទោះជាយ៉ាងនេះក្ដី សកម្មជនបក្សប្រឆាំងទាំងពីរនាក់ បានចាត់ទុកការឃុំខ្លួននោះ ថាជារឿងមិនត្រឹមត្រូវ ហើយជារឿងនយោបាយប៉ុណ្ណោះ។
ភ្លាមៗ បន្ទាប់ពីត្រូវបានដោះលែងនៅម៉ោងប្រហែល ១១ព្រឹក ថ្ងៃទី១៩ ខែឧសភា លោក នង សារិទ្ធ អតីតសមាជិកក្រុមប្រឹក្សាក្រុងបាវិត មកពីគណបក្ស សម រង្ស៊ី និងលោក សុខ សំអ៊ាន សកម្មជនគណបក្សសង្គ្រោះជាតិ បានរៀបរាប់ថា ការសម្រេចរបស់តុលាការខេត្តស្វាយរៀង ផ្ដន្ទាទោសដាក់ពន្ធនាគារមកលើពួកគេទាំងពីរនាក់ ពីបទក្លែងលិខិតសាធារណៈ បទប្រើប្រាស់លិខិតសាធារណៈក្លែង និងបទញុះញង់ឱ្យមានការប្រព្រឹត្តបទល្មើសជាអាទិ៍ គឺជាមិនសមហេតុផល ព្រោះច្បាប់នៅកម្ពុជា មិនបានកំណត់ច្បាស់លាស់នៅឡើយអំពីទង្វើ ឬសិទ្ធិបញ្ចេញមតិបែបណាខ្លះ ដែលចាត់ចូលថាជាការញុះញង់។
លោក នង សារិទ្ធ ថ្លែងថា លោកនៅតែសោកស្ដាយ ដែលសិទ្ធិបញ្ចេញមតិក្នុងនាមជាអ្នកនយោបាយម្នាក់ និងជាអ្នកជួយសរសេរឯកសារជូនពលរដ្ឋម្នាក់ បែរជាត្រូវបានគេចោទប្រកាន់ពីបទញុះញង់ និងចាប់ដាក់ពន្ធនាគារ។ លោកចាត់ទុកទង្វើនេះថា មានការរៀបចំឡើងដើម្បីបន្ទច់បង្អាក់ការគាំទ្រគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ៖ «»។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមសមត្ថកិច្ចបានចាប់ខ្លួនបណ្ដោះអាសន្នសកម្មជនបក្សប្រឆាំងពីរនាក់ ប្រចាំនៅក្រុងបាវិត បន្ទាប់ពីពួកគេបានសរសេរ និងបង្ហោះសំបុត្រលិខិតបញ្ជាក់កំណើតក្លែងក្លាយរបស់អ្នកភូមិលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលសរសេរថា ខេត្តស្វាយរៀង ស្ថិតនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីឃុំខ្លួនបណ្ដោះអាសន្នរយៈពេលប្រហែលមួយឆ្នាំ គឺនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ តុលាការខេត្តស្វាយរៀង បានសម្រេចផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ ២លានរៀលក្នុងម្នាក់ៗ។
ថ្វីត្បិតយ៉ាងណាក្ដី សកម្មជនបក្សប្រឆាំងទាំងពីរនាក់នេះ អះអាងថា នៅពេលឡើងសវនាការតុលាការបានទម្លាក់ការចោទប្រកាន់នូវបទក្លែងលិខិតសាធារណៈ និងបទប្រើប្រាស់លិខិតសាធារណៈក្លែង បន្ទាប់ពីមានពលរដ្ឋចេញមុខធ្វើសាក្សីថា ការសរសេរដាក់ឈ្មោះទីក្រុងបាវិត ស្ថិតក្នុងប្រទេសវៀតណាម គឺដោយសារការយល់ច្រឡំ និងដោយអចេតនា។ ផ្ទុយទៅវិញ តុលាការសម្រេចចោទប្រកាន់ពីបទញុះញង់តាមហ្វេសប៊ុក ឱ្យមានបទល្មើសជាអាទិ៍។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក សុខ សំអ៊ាន ចាត់ទុកការសម្រេចរបស់តុលាការបែបនេះថា គឺជារឿងមិនសមហេតុផល ព្រោះនៅកម្ពុជា ពុំមានច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្វេសប៊ុក ហើយពាក្យសម្ដីដែលចាត់ចូលជាបទញុះញង់ ក៏មិនទាន់មានការកំណត់ឱ្យបានច្បាស់ដែរ។ ការបង្ហោះលើហ្វេសប៊ុក របស់លោកនូវឯកសារដែលមានសរសេរដាក់ខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម ហើយដែលមានការបោះត្រា និងស៊ីញ៉េ គឺគ្រាន់តែចង់បង្ហាញអំពីការងឿងឆ្ងល់ប៉ុណ្ណោះ៖ «»។
លោកបន្ថែមថា ការសម្រេចរបស់តុលាការដែលឃុំខ្លួនលោកកន្លងមកជារឿងយុត្តិធម៌ ឬអយុត្តិធម៌ គឺទុកឱ្យពលរដ្ឋជាអ្នកវិនិច្ឆ័យ ហើយលោកមិនចង់បកស្រាយអ្វីឡើយ។
ចំណែកមន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន យល់ថា គ្រាន់តែរឿងបង្ហោះលិខិតក្លែងលើហ្វេសប៊ុក ប្រហែលមិនមានការជាប់ពន្ធនាគារឡើយ ប្រសិនបើអ្នកនោះ មិនមែនជាសកម្មជននយោបាយ។ សកម្មជនគណបក្សប្រឆាំងទាំងពីរនាក់បញ្ជាក់ថា ថ្វីត្បិតត្រូវជាប់ពន្ធនាគារដោយសារពួកគេជាអ្នកគាំទ្រ និងជាមន្ត្រីគណបក្សប្រឆាំង ប៉ុន្តែគោលជំហរនយោបាយរបស់ពួកគេគឺនៅដដែល៕