អតីតទណ្ឌិត "បដិវត្តន៍ពណ៌" យុវជន គង់ រ៉ៃយ៉ា បានប្រកាសនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនថា មានមនុស្សតាមដានសកម្មភាពរបស់លោកដែលបានចុះទៅតាមបណ្ដាខេត្ត ដើម្បីការពារបរិស្ថាន និងធ្វើសកម្មភាពនានាដើម្បីសង្គម។ អង្គការសិទ្ធិមនុស្សយល់ថា សកម្មភាពតាមដាននេះ គឺជាការរំលោភទៅលើសិទ្ធិបុគ្គលធ្ងន់ធ្ងរ។
នៅលើទំព័រហ្វេសប៊ុក ឈ្មោះ សុរិយា កូកូ (Soriya koko) ដែលប្រើប្រាស់ដោយយុវជន គង់ រ៉ៃយ៉ា បានសរសេរសារបង្ហោះកាលពីថ្ងៃទី២ ខែមីនា ថា "ពិតជាសាហាវមែន! ក្រុមគេនោះអាចដឹងថា តើខ្ញុំនឹងទៅទីណា ទៅជាមួយនរណាខ្លះ និងដឹងថា ខ្ញុំជិះឡានក្រុងក្រុមហ៊ុនណាទៀតផង"។
សំណេរដដែលបន្តថា "ម៉េចក៏ដឹងថា ខ្ញុំចង់ទៅណា! បើមិនបានប្រាប់ជាសាធារណៈផង? អោយតែយ៉ាងនេះ តើជីវិត និងសេរីភាពខ្ញុំ តើអាចនៅយូរបានប៉ុណ្ណាទៀតទៅ?”។
អាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីយុវជន គង់ រ៉ៃយ៉ា បានទេ នៅថ្ងៃទី៣ ខែមីនា ដោយទូរស័ព្ទរបស់លោកបានបិទ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុក របស់លោក បានសរសេរបញ្ជាក់ថា លោកចូលព្រៃរយៈពេល ៣ថ្ងៃ ដោយមិនបញ្ជាក់ទីតាំង ដូច្នេះទូរស័ព្ទរបស់លោកមិនមានសេវានោះទេ។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើការលើកឡើងរបស់យុវជន គង់ រ៉ៃយ៉ា គឺជាការពិតនោះ គឺជាការរំលោភសិទ្ធិរបស់គាត់យ៉ាងធ្ងន់ធ្ងរ ជាពិសេសសិទ្ធិដើរហើររបស់គាត់។ លោក អំ សំអាត បន្តថា ខាងអង្គការសិទ្ធិមនុស្សនឹងឃ្លាំមើលសុវត្ថិភាពរបស់គាត់ ប្រសិនបើទទួលបានព័ត៌មាននេះមែន៖ «»។
ខ្លឹមសារនៃសំណេររបស់យុវជន គង់ រ៉ៃយ៉ា មិនបានបញ្ជាក់ថា អ្នកតាមដាននោះ គឺជាមនុស្សប្រភេទណានោះទេ។ ការអះអាងថា មានគេតាមដាននេះ ខណៈយុវជន គង់ រ៉ៃ និងយុវជនដទៃទៀតបាននាំគ្នាចុះទៅតាមបណ្ដាខេត្ត ដើម្បីធ្វើការងារជួយសង្គម ដូចជាការពារបរិស្ថាន និងចុះសិក្សាអំពីបញ្ហាព្រំដែនជាដើម។
មន្ត្រីសិទ្ធិមនុស្សក៏ឲ្យយោបល់ថា ប្រសិនបើយុវជន គង់ រ៉ៃយ៉ា បារម្ភអំពីសុវត្ថិភាពនោះ គឺអាចប្ដឹងអាជ្ញាធរមានសមត្ថកិច្ចដែលមានភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប។
ទាក់ទងបញ្ហានេះ អាស៊ីសេរីមិនអាចសុំសម្ភាសន៍អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៣ ខែមីនា ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការផ្ដន្ទាទោសអោយជាប់ពន្ធនាគារ ១៨ខែ ពីបទបំផុសបំផុលធ្វើ"បដិវត្តន៍ពណ៌"។ យុវជន គង់ រ៉ៃយ៉ា ពន្យល់ថា ពាក្យ "បដិវត្តន៍ពណ៌" គឺជាការតវ៉ាដោយសន្តិវិធីដើម្បីអោយមានការផ្លាស់ប្ដូរ៖ «»។
ក្រោយចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ យុវជន គង់ រ៉ៃយ៉ា បានថ្លែងរិះគន់ខ្លាំងៗអំពីភាពរញ៉េរញ៉ៃនៅក្នុងពន្ធនាគារ ដូចជាការប្រើប្រាស់គ្រឿងញៀន ការជក់បារីល្បែងស៊ីសង បញ្ហាពុករលួយ និងបញ្ហាលំបាកមួយចំនួនទៀត។ យុវជន គង់ រ៉ៃយ៉ា អាយុ ២៥ឆ្នាំ ក៏បានប្ដេជ្ញាថា នឹងបន្តការងារជួយសង្គមជាតិដូចមុន ដូចជាចុះទៅសិក្សាស្រាវជ្រាវតាមព្រំដែនតាមកោះ ចុះការពារព្រៃឈើ ការពារបរិស្ថាន និងធ្វើការងារបម្រើសង្គមមួយចំនួនទៀត ដោយមិនខ្លាចរអា ឬរាថយនោះទេ៕