លោក សម រង្ស៊ី ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងតែរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ ចោល ដើម្បីជៀសវាងការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ក្នុងការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលការចោទប្រកាន់នេះ ហើយថ្លែងផ្លែផ្កាថា ការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រោះមិនចង់ឲ្យអ្នកសារព័ត៌មានភ្លេចឈ្មោះរបស់លោកប៉ុណ្ណោះ ត្បិតអីនៅពេលនេះ លោក សម រង្ស៊ី បាត់បង់អ្វីៗអស់ហើយ។
ក្រោយគណបក្សសង្គ្រោះជាតិ ធ្វើសមាជជ្រើសរើសប្រធានគណបក្សសង្គ្រោះជាតិថ្មី ជាលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាស់ គឺលោក សម រង្ស៊ី អំពាវនាវទៅសហគមន៍អន្តរជាតិ អោយជួយការពារសិទ្ធិគណបក្សសង្គ្រោះជាតិ និងចូលរួមជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក សម រង្ស៊ី ចំពោះការចោទថា គណបក្សប្រជាជនកម្ពុជា ចង់រំលាយគណបក្សសង្គ្រោះជាតិ នោះទេ នៅថ្ងៃទី៣ ខែមីនា។ រីឯអ្នកនាំពាក្យគណបក្ស លោក យឹម សុវណ្ណ សុំមិនធ្វើការអធិប្បាយចំពោះការលើកឡើងរបស់អតីតប្រធានបក្សរបស់ខ្លួនទេ។ ទោះយ៉ាងនេះក្តី លោក យឹម សុវណ្ណ ថា គូប្រកួតរបស់គណបក្សលោកតែងចង់ឲ្យគណបក្សសង្គ្រោះជាតិ បែកបាក់ ចុះទន់ខ្សោយ។ ជាងនេះទៅទៀត លោកយល់ថា ច្បាប់ស្ដីពីគណបក្សនយោបាយ ដែលគណបក្សកាន់អំណាចកែប្រែថ្មី កំពុងរឹតត្បិតគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៖ «»។
ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា កាន់តែខិតជិតមកដល់ លោក ហ៊ុន សែន ព្រមានប្រើកម្លាំងយោធាចំពោះបក្សនយោបាយណាដែលចង់កម្ចាត់រដ្ឋាភិបាលរបស់លោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគំរាមជាញឹកញាប់ថា បើបក្សរបស់លោកចាញ់ឆ្នោតនឹងមានសង្គ្រាម ជាពិសេសលោកតែងអះអាងពីកម្លាំងយោធារបស់លោកត្រៀមទប់ស្កាត់រួចជាស្រេចរាល់ការប៉ុនប៉ងណាមួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។
ទោះជាយ៉ាងណា ទាំងអ្នកវិភាគនយោបាយ និងឃ្លាំមើលសិទ្ធិមនុស្សអោយដឹងថា គេមិនឃើញមានសកម្មភាពណាមួយ ឬក្រុមណាមានអំណាច និងអាវុធដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ហើយថា ការព្រមានរបស់លោក ហ៊ុន សែន គឺជាការគំរាមគេឯងច្រើនជាង។
ថ្មីៗនេះដែរ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័តទាំងស្រុងលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយគ្មានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំងឡើយ ខណៈច្បាប់នេះបានរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ជាច្បាប់សំដៅដាក់សម្ពាធលើគណបក្សប្រឆាំង។
ទោះយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលគ្មានចេតនារំលាយគណបក្សសង្គ្រោះជាតិ ឬគណបក្សនយោបាយណាមួយឡើយ។ ផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលកំពុងរៀបចំការបោះឆ្នោតដើម្បីឲ្យមានការប្រព្រឹត្តទៅដោយរលូន។ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា កំពុងតែរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន ប្រាប់ទៅលោក សម រង្ស៊ី ថា ការព្រួយបារម្ភនេះ គ្មានខ្លឹមសារដូចមុនទៀតឡើយ ព្រោះលោក សម រង្ស៊ី មិនមែនជាប្រធានគណបក្សសង្គ្រោះជាតិ ទៀតទេ៖ «»។
ផ្ទុយទៅវិញ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មិនយល់ដូចការអះអាងរបស់លោក សុខ ឥសាន នោះទេ។ លោកថា ច្បាប់គណបក្សនយោបាយថ្មី បានផ្ដល់សិទ្ធិអំណាចខ្លាំងក្នុងការបញ្ឈប់ ឬផ្អាកសកម្មភាពគណបក្សនយោបាយ។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ អាចប្ដឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនយោបាយថែមទៀតផង ដែលជារឿងមិនល្អសម្រាប់សង្គមប្រជាធិបតេយ្យសេរីពហុបក្ស ធានាដោយរដ្ឋធម្មនុញ្ញ៖ «»។
ស្រដៀងទៅនឹងលោក សម រង្ស៊ី ដែលអំពាវនាវទៅសហគមន៍អន្តរជាតិ ជួយការពារសិទ្ធិគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោត និងជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ លោក គល់ បញ្ញា យល់ថា សហគមន៍អន្តរជាតិ តាមរយៈសន្ធិសញ្ញាសន្តិភាព ២៣ តុលា ទីក្រុងប៉ារីស នៅតែមានកាតព្វកិច្ចចូលរួមដើម្បីធានាឲ្យភាគីដែលប្រកួតប្រជែងនៃការបោះឆ្នោត ការដោះស្រាយទំនាស់នយោបាយ ដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕