ទឹកខ្មៅលាងមិនជ្រះថ្មីសម្រាប់បម្រើការដល់ការបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបទិញពីប្រទេសឥណ្ឌា តម្លៃជាង ៧០ម៉ឺនដុល្លារ នៅតែធ្វើឲ្យគណបក្សសង្គ្រោះជាតិ ព្រួយបារម្ភថា ធ្វើឲ្យមនុស្សម្នាក់អាចបោះឆ្នោតលើសពីម្តងបាន។ គណបក្សប្រឆាំងលើកឡើងបែបនេះក្នុងពេល គ.ជ.ប អនុញ្ញាតឲ្យមនុស្ស ១១នាក់ជ្រលក់ម្រាមដៃក្នុងទឹកខ្មៅលាងមិនជ្រះនៅថ្ងៃទី១៧ ខែឧសភា។
ក្នុងចំណោមមនុស្ស ១១នាក់មកពីគណបក្សនយោបាយ សង្គមស៊ីវិល និងប្រធានសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដែលស្ម័គ្រចិត្តសាកល្បងជ្រលក់ម្រាមដៃចូលទឹកខ្មៅលាងមិនជ្រះ ក្នុងនោះតំណាងមកពីគណបក្សសង្គ្រោះជាតិ និងតំណាងមកពីអង្គការខុមហ្វ្រែល (COMFREL) បានលាងដៃរបស់ខ្លួនជាមួយថ្នាំអ៊ុតសក់ និងទឹកថ្នាំគីមីផ្សេងទៀតស្ទើរតែជ្រះទឹកខ្មៅចេញទាំងអស់ ដែលធ្វើឲ្យគណបក្សប្រឆាំងព្រួយបារម្ភថា នឹងអាចធ្វើឲ្យមនុស្សម្នាក់អាចបោះឆ្នោតលើសពីម្តងបាន។
តំណាងគណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ដែលបានសាកល្បងជ្រលក់ម្រាមដៃចូលទឹកខ្មៅលាងមិនជ្រះ ជាលទ្ធផល ម្រាមដៃរបស់លោកលាងស្ទើរបាត់ស្នាមប្រឡាក់ ប្រាប់ក្រុមអ្នកកាសែតថា លោកព្រួយបារម្ភចំពោះអ្នកណាដែលមានបំណងបន្លំចង់បោះឆ្នោតលើសពីម្តង។ លោកថា ទឹកខ្មៅនេះអាចលាងជ្រះ។ តំណាងគណបក្សប្រឆាំងរូបនេះ ទទូចទៅ គ.ជ.ប រៀបចំទឹកខ្មៅដើម្បីឲ្យមានគុណភាពល្អជាងទឹកខ្មៅនេះ៖ «ជាជំហររបស់គណបក្សសង្គ្រោះជាតិ គឺបន្តទទូចឲ្យ គ.ជ.ប រៀបចំ និងធានានូវទឹកថ្នាំនេះ ដើម្បីឲ្យអ្នកបោះឆ្នោតមានការជឿទុកចិត្តបន្ថែមទៀតលើ គ.ជ.ប»។
ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ដែលបានចូលរួមសាកល្បងជ្រលក់ម្រាមដៃចូលទឹកខ្មៅលាងមិនជ្រះ និងបានលាងទឹកខ្មៅចេញពីម្រាមដៃ សុំមិនធ្វើអត្ថាធិប្បាយជុំវិញគុណភាពទឹកខ្មៅលាងមិនជ្រះនេះ ព្រោះលោកថា កាលពីការបោះឆ្នោតឆ្នាំ២០១៣ អង្គការរបស់លោករងការគំរាមខ្លាំង ព្រោះការវាយតម្លៃគុណភាពទឹកខ្មៅ។
ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និយាយថា ទោះទឹកខ្មៅលាងមិនជ្រះមិនអាចធានាគុណភាពបាន ១០០ភាគរយក្តី ប៉ុន្តែលោកអះអាងថា គ.ជ.ប មានវិធានការប្រាំចំណុចទៀត ដើម្បីការពារមិនឲ្យជនខិលខូចអាចបោះឆ្នោតលើសពីម្តងបាន៖ «ឲ្យតែប្រភេទគ្រប់គីមីមិនត្រូវលុបជ្រះហ្នឹង ក្មួយអញ្ជើញទៅរកទៅ»។
ប្រធាន គ.ជ.ប រូបនេះឲ្យដឹងថា វិធានការប្រាំចំណុចនោះរួមមាន ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោត ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗ ណែនាំលេខាធិការឲ្យផ្ទៀងផ្ទាត់ដល់អ្នកបោះឆ្នោតឲ្យគូសលើប្រអប់លេខរៀងបញ្ជីបោះឆ្នោត រំឭកដល់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតផ្ទៀងផ្ទាត់រូបអ្នកបោះឆ្នោត និងរូបនៅក្នុងបញ្ជីបោះឆ្នោត និងផ្សព្វផ្សាយឲ្យទូលំទូលាយពីការអនុវត្តទោសបញ្ញត្តិទៅលើជនណាដែលធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។
គ.ជ.ប បានបញ្ជាទិញទឹកខ្មៅលាងមិនជ្រះពីប្រទេសឥណ្ឌា កាលពីខែមេសា ឆ្នាំ២០១៧ ក្នុងទំហំទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារ។ ក្រៅពីទឹកថ្នាំប្រទេសឥណ្ឌា គ.ជ.ប មានគម្រោងសាកល្បងទឹកខ្មៅលាងមិនជ្រះពីប្រទេសដាណឺម៉ាក អាហ្វ្រិកខាងត្បូង កាណាដា និងប្រទេសចិន។ ប៉ុន្តែដោយសារពេលវេលាបោះឆ្នោតកាន់តែខិតជិតចូលមកដល់ គ.ជ.ប សម្រេចប្រើទឹកខ្មៅលាងមិនជ្រះរបស់ប្រទេសឥណ្ឌា បម្រើការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
ខណៈគុណភាពទឹកខ្មៅកំពុងចោទជាបញ្ហានៅឡើយ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ព្រមានដោយចោទប្រកាន់បីចំណុចធំៗ ទី១ អ្នកដែលព្យាយាមលាងទឹកខ្មៅលុបមិនជ្រះក្នុងថ្ងៃបោះឆ្នោត គឺមានគំនិតចង់ចូលបោះឆ្នោតច្រើនដង។ ទី២ មានគំនិតមិនស្មោះត្រង់ និងទី៣ ធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត៕