Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​មនុស្ស​៣​រូប​ដដែល​ជា​អនុប្រធាន​គណបក្ស

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសរើស​អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួង​មហាផ្ទៃ ធ្លាប់​មិន​ទទួល​ស្គាល់​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​វិញ។ ការ​ជ្រើសរើស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​វិសាមញ្ញ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បញ្ជូន​លិខិត​សមាសភាព និង​ប្រវត្តិរូប​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​សមាជ​វិសាមញ្ញ​នេះ​បាន​បិទ​បញ្ចប់​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា។

ក្រោយ​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​រួច​រាល់ អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ គណបក្ស​ប្រឆាំង​មាន​អនុប្រធាន ៣​នាក់ គឺ​លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។

លិខិត​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ មីនា បាន​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​កាល​ពី​ដើម​ខែ​មីនា ផ្ទុយ​នឹង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១៣។

ក្រោយ​មក គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ចរចា​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ថា ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​របស់​បក្ស​ប្រឆាំង​ត្រឹមត្រូវ និង​ជា​សិទ្ធិ​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​នៅ​ទីបំផុត​ទៅ គណបក្ស​ប្រឆាំង​បាន​ប្រកាស​វិសោធនកម្ម​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​តម្រូវ​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​នោះ ថា​ជា​ការ​បញ្ចប់​រាល់​បញ្ហា​ស្មុគស្មាញ​ជាមួយ​ក្រសួង​មហាផ្ទៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​បាន​លិខិត​ជា​ផ្លូវការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ករណី​ក្រសួង​មហាផ្ទៃ ជ្រើសរើស​អនុប្រធាន​នៅ​ឡើយ ដូច្នេះ​លោក​មិន​ទាន់​ឆ្លើយ​បាន​ថា តើ​ត្រូវ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា​នោះ​ទេ៖ «មិន​ទាន់​ហ៊ាន​ថា​ម៉េច​ទេ ចាំ​មើល​ទទួល​លិខិត​ស្នាម។ ចាំ​យើង​ពិនិត្យ​មើល​ឯកសារ​សិន​ណា»

នៅ​មុន​បោះឆ្នោត​រើស​អនុប្រធាន លោក កឹម សុខា បាន​ប្រារព្ធ​កម្មវិធី "រយ​ពាន់​ពន្លឺ​ដើម្បី​ស្ត្រី"។ កម្មវិធី​នោះ គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​ដើម្បី​អបអរ​បេក្ខជន​លេខ​រៀង​ទី​១ ជា​ស្ត្រី​នៅ​តាម​ឃុំ​ទូទាំង​ប្រទេស​ចំនួន ១០៣​នាក់ ចូលរួម។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​សកម្មជន​ខ្លួន​ពេល​ឃោសនា​បោះឆ្នោត ឲ្យ​និយាយ​តែ​ពី​គោល​នយោបាយ និង​កុំ​ប្រើ​ពាក្យ​អសុរោះ ឬ​កុំ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។ លោក កឹម សុខា យល់​ថា មាន​ភាព​អយុត្តិធម៌​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ទស្សនៈ សម្រាប់​បក្ស​ប្រឆាំង ព្រោះ​លោក​ថា​បក្ស​ប្រឆាំង​គ្រាន់​តែ​និយាយ​បញ្ឆិតបញ្ឆៀង ក៏​រង​ទោស​ទណ្ឌ ឬ​ការ​ចោទ​ប្រកាន់​ដែរ ឯ​គណបក្ស​មួយ​ទៀត បើ​ទោះ​ជា​គំរាម​មាន​សង្គ្រាម ឬ​វាយ​បាក់​ធ្មេញ ក៏​គ្មាន​ទោស​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា ចាត់​ទុក​សារ​គំរាម​ពី​សង្គ្រាម និង​សារ​វាយ​បំបាក់​ធ្មេញ គឺ​ជា​សារ​ដែល​ចំណេញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ថែម​ថា បើ​មាន​សារ​ប្រភេទ​នេះ​កាន់​តែ​ច្រើន នឹង​ចំណេញ​ដល់​គណបក្ស​លោក៖ «ប្រជាពលរដ្ឋ​ណា​ចង់​សង្គ្រាម បោះ​ឲ្យ​គេ​ទៅ ណា​ចង់​សន្តិភាព បោះ​ឲ្យ​យើង​មក៍ ណា​ចង់​ឲ្យ​គេ​វ៉ៃ​បាក់​ទៅ​ខាង​ណុង​ទៅ ណា​ចង់​ទុក​ធ្មេញ​ហូប​បាយ បោះ​ឲ្យ​យើង។ យើង​បោះឆ្នោត បើ​បាន​គេ​និយាយ​ចឹងៗ​ច្រើន​ទៀត យើង​បាន​សន្លឹក​ឆ្នោតមក​កាន់​តែ​ច្រើន។ ប្រជាពលរដ្ឋ​ប្រាប់​ខ្ញុំ យើង​មិន​បាច់​ចាំ​និយាយ​អី ទុក​ឲ្យ​គេ​និយាយ​ចុះ ណ៎បង​ប្អូន»

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា “កម្ពុជា នឹង​មាន​សង្គ្រាម” បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​នៅ​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​បង្ក្រាប​វាយ​ឲ្យ​បែក​ធ្មេញ ដល់​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត។ អ្នក​វិភាគ​ចាត់​ទុក​សារ​បែប​នេះ គឺ​ជា​សារ​បែប​គំរាម​ពលរដ្ឋ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ លោក ឯម សុវណ្ណារ៉ា យល់​ថា សារ​ព្រមាន​ពី​សង្គ្រាម​នេះ មិន​អាច​ប្រាកដ​ថា​ចំណេញ​សម្រាប់​គណបក្ស​កាន់​អំណាច​ទេ។ លោក​ថា សារ​ព្រមាន​ពី​សង្គ្រាម គំរាម​បាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ ដីធ្លី​ច្រើន និង​មនុស្ស​វ័យ​ចំណាស់​ខ្លះ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​កងទ័ព​ខ្លះ​ដែល​ជំពាក់​ធនាគារ អាច​នឹង​រឹត​តែ​ជំរុញ​ឲ្យ​មាន​សង្គ្រាម ដើម្បី​ឲ្យ​ពួក​គេ​អាច​ដោះ​បំណុល​បាន ព្រោះ​កម្ពុជា ធ្លាប់​មាន​របត់​បែប​នេះ​ច្រើន​ហើយ៖ «អើ! យើង​ឃើញ​ថា​មាន​គ្រួសារ​កងទ័ព​ក៏​មាន​ច្រើន​ដែរ ចឹង​ទេ! ករណី​នេះ​វា​ជំរុញ​ឲ្យ​អ្នក​ជំពាក់​ហ្នឹង ចិត្ត​ចង់​ថា​ឲ្យ​មាន​សង្គ្រាម​ទេ រួច​បំណុល ព្រោះ​កម្ពុជា វា​មាន​របត់​ហ្នឹង​ច្រើន។ ការ​មាន​សង្គ្រាម​វា​មិន​ល្អ​សម្រាប់​សង្គម​កម្ពុជា ទេ នៅ​ថ្ងៃ​អនាគត ពលរដ្ឋ​វា​អាច​ចង់​ឲ្យ​មាន​សង្គ្រាម​ទៅ​វិញ​ទេ អា​ហ្នឹង​ខ្ញុំ​បារម្ភ​បញ្ហា​នេះ​ទៅ​វិញ»

ចំណែក​សារ​ព្រមាន​វាយ​បែក​ធ្មេញ​វិញ លោក ឯម សុវណ្ណារ៉ា ថា​មិន​ទាន់​ដល់​តួនាទី​របស់​កងទ័ព​ចូល​អន្តរាគមន៍​ទេ ព្រោះ​ជា​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ។ លោក​ថា លុះ​ណា​តែ​មាន​ភាព​ច្របូកច្របល់ ទើប​ជា​ភារកិច្ច​របស់​កងទ័ព​ចូល​អន្តរាគមន៍។

សារ​ប្រកាស​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ក្ដែងៗ​នៅ​ជិត​ការ​បោះឆ្នោត ត្រូវ​បាន​ព្រះសង្ឃ អ្នក​នយោបាយ​ជើង​ចាស់ និង​តំណាងរាស្ត្រ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ចាត់​ទុក​ថា​ជា​សារ​ទាល់ច្រក និង​គ្មាន​ប្រសិទ្ធភាព។

សារ​គំរាម​ថា​មាន​សង្គ្រាម​បង្ហូរ​ឈាម​ដូច​គ្នា​នេះ ត្រូវ​បាន​មេ​ដឹកនាំ​ផ្ដាច់ការ​នៃ​របប​សឹក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា លោក ថេន សេន (Thein Sein) ប្រកាស​តាម​ហ្វេសប៊ុក​របស់​គាត់​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ប្រទេស​ភូមា កាល​ពី​ចុង​ឆ្នាំ​២០១៥។ លោក ថេន សេន កាលណោះ​ប្រកាស​ដូច​គ្នា​នេះ​ថា បើ​គណបក្ស​កាន់​អំណាច​របស់​គាត់​ធ្លាក់​ឆ្នោត​នោះ នឹង​មាន​សង្គ្រាម​បង្ហូរ​ឈាម​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​ជា​លទ្ធផល ប្រជាពលរដ្ឋ​ភូមា បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) រហូត​ដល់​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។ អំណាច​ពលរដ្ឋ​តាម​រយៈ​សន្លឹក​ឆ្នោត ធ្វើ​ឲ្យ​លោក ថេន សេន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រគល់​អំណាច​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles