កម្មកររោងចក្រកាត់ដេរ ហ្គាវ័ន្ត អឺភែរីល (Gawon Apparel) ប្រមាណ ១ពាន់នាក់ សម្រេចបិទផ្លូវនៅក្រុងតាខ្មៅ ពេញមួយព្រឹក ដើម្បីបង្ខំឲ្យភាគីរោងចក្រផ្ដល់ប្រាក់ខែដែលក្រុមហ៊ុនជំពាក់ ឲ្យបានគ្រប់ទៅតាមតារាងប្រាក់បៀវត្សរ៍ដែលពួកគេត្រូវទទួលបានពីរោងចក្រ។ រោងចក្រដែលផលិតសម្លៀកបំពាក់នេះ សម្រេចចិត្តបន្ទន់ឥរិយាបថមួយជំហាន ហើយសម្របសម្រួលបញ្ចប់វិវាទ ដោយសន្យាផ្ដល់ទៅតាមការទាមទាររបស់ក្រុមកម្មករ។
កម្មករសម្រេចចិត្តរំសាយទៅវិញភ្លាមៗនៅម៉ោងប្រមាណជាង ២រសៀលថ្ងៃទី១៧ ឧសភា នៅពេលគូទំនាស់បានចរចាគ្នាត្រូវរ៉ូវ ខណៈការបិទផ្លូវដើម្បីបង្ខំឲ្យភាគីរោងចក្រចេញមុខទទួលខុសត្រូវរឿងជំពាក់ប្រាក់ខែកម្មករ បានត្រូវដងត្រូវផ្លែគ្នាឡើងវិញ។
ប្រាប់អាស៊ីសេរី ក្រោយចេញពីក្នុងរោងចក្រ កម្មការិនីដែលបម្រើការនៅក្នុងរោងចក្រ ហ្គាវ័ន្ត អឺភែរីល គឺលោកស្រី ឡុង រ៉ា ឲ្យដឹងថា កម្មករដែលតវ៉ាបិទផ្លូវកាលពីព្រឹកថ្ងៃទី១៧ ឧសភា សម្រេចចិត្តចូលធ្វើការឡើងវិញនៅពេលភាគីក្រុមហ៊ុន បានព្រមព្រៀងទៅតាមការស្នើសុំរបស់កម្មករ។
លោកស្រីមានជំនឿថា ភាគីក្រុមហ៊ុនប្រហែលជាមិនក្បត់កិច្ចសន្យានោះទេ ប៉ុន្តែប្រសិនបើក្រុមហ៊ុននៅតែមិនអនុវត្តតាមការព្រមព្រៀងទេ បាតុកម្មអាចនឹងផ្ទុះខ្លាំងជាងនេះទៀត។ លោកស្រីបន្តថា «មូលហេតុដែលគេនិយាយត្រូវគ្នាហើយ។ ត្រូវគ្នាគាត់សម្រួលគាត់សន្យាថានឹងបើកលុយឲ្យថ្ងៃទី២០ ទាំងសងខាង។ ចាំមើលលុយហ្នឹងបានយ៉ាងម៉េច ហើយបានគេនិយាយទៀត»។
កម្មករនៃរោងចក្រ ហ្គាវ័ន្ត អឺភែរីល ប្រមាណជាង ១ពាន់នាក់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នេះ បានផ្ទុះការតវ៉ាតាំងពីថ្ងៃទី១២ ខែឧសភា មកម្ល៉េះ ប៉ុន្តែការតវ៉ាដែលបានអូសបន្លាយជាច្រើនថ្ងៃមកហើយនេះ នៅតែពុំមានដំណោះស្រាយ ទើបពួកគេបង្ខំចិត្តបិទផ្លូវកាលពីព្រឹកថ្ងៃទី១៧ ប្រឆាំងនឹងការគេចវេះក្នុងការទទួលខុសត្រូវពីសំណាក់ភាគីរោងចក្រ។ កម្មករបានលើកឡើងថា មូលហេតុដែលឈានដល់ការបិទផ្លូវនេះ ព្រោះតែភាគីរោងចក្របើកប្រាក់ខែឲ្យកម្មករមិនបានគ្រប់ចំនួនទៅតាមលុយដែលត្រូវទទួលបានក្នុងមួយខែៗនោះម្ដងណាឡើយ។
បាតុកម្មបិទផ្លូវនៅចំណុចសង្កាត់តាខ្មៅ ខេត្តកណ្ដាល នេះ សង្កេតឃើញថា កម្លាំងសមត្ថកិច្ចត្រូវគេដាក់ពង្រាយជាច្រើននាក់។ មន្ត្រីនគរបាលដែលមានភារកិច្ចចុះបង្ក្រាបការជួបជុំនេះ បានព្រមានកម្មករដោយប្រើប្រាស់ឡានបាញ់ទឹកប្រឆាំងការប្រមូលផ្ដុំនេះ បើនៅតែមិនព្រមរំសាយទៀត។ យ៉ាងណា ក្រុមសមត្ថកិច្ចដែលមានភារៈឃ្លាំមើលបាតុកម្មនេះ ត្រូវទទួលបានការលើកទឹកចិត្តក្នុងម្នាក់ ១ម៉ឺនរៀលពីអង្គភាព ហើយលុយទាំងនេះត្រូវចែកភ្លាមៗនៅបរិវេណទីតាំងបាតុកម្មនោះដែរ។
ក្រុមសហជីពដែលតែងគាំពារផ្នែកច្បាប់ដល់កម្មករ លើកឡើងថា សព្វថ្ងៃថ្វីបើបាតុកម្មមើលទៅហាក់ស្ងប់ស្ងាត់ ប៉ុន្តែវិវាទដែលកើតឡើងពីវិស័យនេះ នៅតែប្រឈមមុខខ្ពស់នៅឡើយនៅតាមរោងចក្រ។ លោក ប៉ាវ ស៊ីណា លើកឡើងថា ដោយសារច្បាប់ស្ដីពីសហជីពដែលរដ្ឋសភាអនុម័តកាលពីខែមេសា ឆ្នាំ២០១៦ មានលក្ខខណ្ឌ និងបញ្ញត្តិដ៏តឹងរ៉ឹង នេះជាមូលហេតុសំខាន់ដែលធ្វើឲ្យរួមតូចនៃការធ្វើការរបស់ក្រុមសហជីព។ ប៉ុន្តែសហជីពលើកឡើងថា ច្បាប់នេះវាហាក់ដើរបញ្ច្រាសពីច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីដែលរដ្ឋសភាអនុម័តកាលពីខែតុលា ឆ្នាំ២០០៩ មាត្រា៥ តម្រូវឲ្យអ្នករៀបចំបាតុកម្ម គ្រាន់តែជូនដំណឹង ពុំចាំបាច់រៀបចំច្បាប់បទដ្ឋានគតិយុត្តិអ្វីវែងឆ្ងាយឡើយ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ យល់ឃើញថា ការដោះស្រាយក្រោមហេតុផលសម្របសម្រួលនេះ ជាវិធីល្អទាំងសងខាង។ លោកបន្តថា ប្រសិនបើភាគីរោងចក្រគោរពបានទៅតាមលក្ខខណ្ឌដូចដែលបានព្រមព្រៀងនេះ គឺជាអ្វីដែលក្រុមកម្មករ និងសហជីពចង់បាន។ លោកបន្តថា «ធម្មតាយើងអាចទទួលយកបាន ប្រសិនបើការទាមទាររបស់កម្មករ ហើយយើងឃើញមានការចូលរួមអន្តរាគមន៍ទាន់ពេលវេលានោះ វាជារឿងមួយដែលសហជីពចង់បាន»។
ក្រៅពីលក្ខខណ្ឌដែលកម្មករបានទាមទារ ហើយឈានដល់ផ្ទុះការតវ៉ារហូតបិទផ្លូវនេះ កម្មកររោងចក្រចោទប្រកាន់ថា ភាគីរោងចក្របានរំលោភលើសេចក្ដីទុកចិត្តដទៃទៀត ក្រៅពីនេះ គឺកម្មវិធីបេឡាជាតិរបបសន្តិសុខសង្គម ឬហៅថា ប.ស.ស។ សេវាកម្មនេះ ពួកគេមិនអាចប្រើប្រាស់បានឡើយ នៅពេលទទួលបានកាតសមាជិកពីរោងចក្ររួច ជាថ្នូរនឹងការកាត់លុយប្រចាំខែ។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺបានភ្លាមៗទេពីតំណាងភាគីរោងចក្រ នៅថ្ងៃទី១៧ ខែឧសភា។
យ៉ាងណា តំណាងកម្មករលើកឡើងថា ភាគីរោងចក្របានយល់ព្រមទៅតាមការទាមទាររបស់កម្មករ ហើយស្នើឲ្យកម្មករចូលធ្វើការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី១៨ តទៅ។ ដោយឡែកប្រាក់ខែដែលរោងចក្រជំពាក់ នឹងត្រូវទូទាត់ឲ្យរួចរាល់នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ៕