Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សកម្មជន​បក្ស​ប្រឆាំង​នៅ​ឧត្ដរមានជ័យ​ចោទ​ទាហាន​១​ក្រុម​ថា​អុកឡុក​មិន​ឲ្យ​រៀបចំ​វេទិកា

$
0
0

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ដែល​ជា​កម្លាំង​របស់​រដ្ឋាភិបាល ជួយ​ការពារ​សន្តិសុខ​សម្រាប់​ការ​ជួប​ប្រជុំ​សមាជិក​របស់​ពួក​គេ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​មាន​ភាព​កក់ក្តៅ និង​គ្មាន​ការ​ភ័យ​ខ្លាច។

ការ​អំពាវនាវ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មនុស្ស​ប្រុស​មួយ​ក្រុម បាន​ចូល​ទៅ​ឆាឆៅ និង​គំរាម​កំហែង​ពួក​គេ​ដែល​កំពុង​តែ​រៀបចំ​សង់​រោង​វេទិកា ដើម្បី​ត្រៀម​ជួប​ប្រជុំ​ជាមួយ​សមាជិក​ទីនោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ អះអាង​ថា មនុស្ស​ប្រុស​មួយ​ក្រុម​ដែល​ទំនង​ជា​កង​ទាហាន​បន្លំ​ខ្លួន បាន​ចូល​ទៅ​អុកឡុក និង​គំរាម​កំហែង​ពួក​គេ​ដែល​កំពុង​តែ​សង់​រោង​វេទិកា ដើម្បី​ត្រៀម​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​នៅ​ឯ​ភូមិ​គោកឪឡោក ឃុំ​អំពិល នៃ​ស្រុក​បន្ទាយអំពិល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​ឧសភា។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ គឺ​លោក ម៉ោញ សារ៉ាត់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែ​ឧសភា ថា កាល​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក​ថ្ងៃ​ដដែល​នេះ រូប​លោក និង​ក្រុម​ការងារ​ជាច្រើន​ទៀត បាន​នាំ​គ្នា​ទៅ​សង់​រោង​វេទិកា​ដើម្បី​ត្រៀម​ជួប​ប្រជុំ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស ទៅ​ដល់​សកម្មជន​ទីនោះ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ស្រាប់​តែ​ធ្វើ​រោង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​មនុស្ស​ប្រុស​មួយ​ក្រុម បាន​ជិះ​ម៉ូតូ​ចូល​ទៅ​អុកឡុក និង​គំរាម​កំហែង​ដល់​ក្រុម​ការងារ​របស់​លោក។

លោក ម៉ោញ សារ៉ាត់ បញ្ជាក់​ថា គម្រោង​ជួប​ប្រជុំ​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​អំពិល គឺ​លោក​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ និង​ខេត្ត ត្រឹមត្រូវ ហើយ​លោក​បាន​ចាត់​ទុក​មនុស្ស​មួយ​ក្រុម​ដែល​ចូល​ទៅ​អុកឡុក​នោះ ថា​គឺ​រូបភាព​គំរាម​កំហែង​ផ្នែក​នយោបាយ៖ «មុន​ដំបូង គេ​ជិះ​ម៉ូតូ​មក​មាន​គ្នា ៣​នាក់។ មក​ដល់​ឆ្កាដៃ​ឆ្ការ​ជើង ជា​រូបភាព​គំរាម។ ខ្ញុំ​បាន​សួរ​គេ ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ ហើយ​មក​ពី​ខាង​ណា​ទេ»

លោក ម៉ោញ សារ៉ាត់ អះអាង​ថា តាម​អ្នក​ភូមិ​ខ្លះ​ដែល​ស្គាល់ បាន​ប្រាប់​ថា​មនុស្ស​ដែល​ស្លៀកពាក់​ស៊ីវិល ហើយ​ចូល​ទៅ​អុកឡុក​ទាំងនោះ គឺ​ជា​ទាហាន​ក្នុង​កងពល​តូច​លេខ​៥ ដែល​មាន​ទីតាំង​នៅ​តំបន់​អណ្ដូង​បរ។

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មេ​បញ្ជាការ​កងពល​តូច​លេខ​៥ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា កាល​ពី ៣-៤​ថ្ងៃ​មុន រូប​លោក​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ជួប​ប្រជុំ​ជាមួយ​សមាជិក​នៅ​ភូមិ​គោកឪឡោក នោះ ហើយ​លោក​ក៏​បាន​យល់ព្រម​ដោយ​ប្រាប់​ឲ្យ​អភិបាល​ស្រុក​បន្ទាយអំពិល ជួយ​សម្រួល​រាល់​បញ្ហា​នានា​ទាំងអស់ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​មាន​ទាហាន​ពីណា​ទៅ​ឆាឆៅ​នៅ​កន្លែង​នោះ​នៅ​ឡើយ​ទេ៖ «មក​ទល់​នឹង​ម៉ោង​ហ្នឹង ខ្ញុំ​អត់​ទាន់​ទទួល​ព័ត៌មាន​ថា​មាន​ទាហាន​ទៅ​អុកឡុក​អី គឺ​ខ្ញុំ​ដូចជា​មិន​ជឿ​ទេ សូម​កុំ​ឲ្យ​លាប​ពណ៌​គ្នា​ណា»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា លោក​បាន​ទទួល​ព័ត៌មាន​ថា​មាន​មនុស្ស​ប្រុស​មួយ​ក្រុម​ស្លៀកពាក់​ស៊ីវិល បាន​ទៅ​អុកឡុក​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​សង់​រោង​វេទិកា​នោះ​មែន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា តើ​មនុស្ស​មួយ​ក្រុម​នោះ​ពិត​ជា​ទាហាន ឬ​ក៏​មក​ពី​ខាង​ណា​នៅ​ឡើយ។

លោក ជីង សំភួ បញ្ជាក់​ថា លោក​នឹង​បញ្ជា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អំពិល ព្រម​ទាំង​កម្លាំង​ប៉ូលិស ឲ្យ​ឃ្លាំ​មើល និង​ការពារ​សន្តិសុខ​យ៉ាង​ត្រឹមត្រូវ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ជួប​ប្រជុំ​សមាជិក​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles