គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ជួបប្រជុំបេក្ខជនជាស្ត្រីដែលឈរលេខរៀងទី១ ជាលើកដំបូងនៅមុនការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ចូលមកដល់។ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ណែនាំឲ្យបេក្ខនារីទាំងអស់ប្រកាន់យកមធ្យោបាយអហិង្សា និងបញ្ចៀសការជេរប្រមាថនៅក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
ថ្លែងនៅចំពោះមុខបេក្ខនារីដែលឈរឈ្មោះនៅលេខរៀងទី១ ចំនួន ១០៣នាក់ ដែលមកពីទូទាំងប្រទេស ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឌឺដងទៅគណបក្សមួយដែលតែងព្រមានពីសង្គ្រាម និងពីការបង្ក្រាបនានានៅក្រោយការបោះឆ្នោតថា ពលរដ្ឋនឹងជ្រើសរើសយកអ្នកដែលស្រឡាញ់សន្តិភាព។
លោក កឹម សុខា បញ្ជាក់ថា នៅក្នុងការឃោសនាខាងមុខ គណបក្សសង្គ្រោះជាតិ នឹងជ្រើសរើសយកធម៌អហិង្សា ទាំងសកម្មភាព និងពាក្យសម្ដី៖ «មិនមែនយើងកំសាកទេបងប្អូន! តែយើងដឹងថា យើងធ្វើដំណើរជិតដល់គោលដៅហើយ។ ខ្ញុំឧទាហរណ៍រត់ប្រណាំងគ្នា បើយើងរត់ចង់វ៉ា (ជែង) គេយកជើងប៉ែងយើង តើយើងរវល់តែងាកមកវាយគេធ្វើអី? កុំងាកក្រោយ លោតទៅមុខទៀតទៅបងប្អូន!»។
លោក កឹម សុខា ក៏បានអំពាវនាវដល់ពលរដ្ឋ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីរក្សាសន្តិភាព៖ «បើគេចង់វាយយើងបំបាក់ធ្មេញ បើគេចង់ធ្វើអីទុកឲ្យប្រជាពលរដ្ឋលោកវិនិច្ឆ័យចុះ សន្លឹកឆ្នោតយើងចង់បានតែប្រជាពលរដ្ឋសម្រេចចិត្តដោយឆន្ទៈបានដែរ? បើប្រជាពលរដ្ឋចូលចិត្តស្រឡាញ់អ្នកដែលវាយបំបាក់ធ្មេញយើង បោះឲ្យគេទៅ បើប្រជាពលរដ្ឋចូលចិត្តអ្នកស្លូតដូចគណបក្សសង្គ្រោះជាតិ បោះឲ្យសង្គ្រោះជាតិ ទៅ ស្រេចតែប្រជាពលរដ្ឋទេ»។
បើទោះបីជាថ្លែងដោយមិនបញ្ចេញឈ្មោះ ក៏ការលើកឡើងនេះទំនងសំដៅទៅគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ព្រមានជាញឹកញយថា បើគណបក្សលោកមិនបានកាន់អំណាចបន្តទៀតទេ សង្គ្រាមនឹងផ្ទុះឡើងជាថ្មីនៅកម្ពុជា។
ស្របគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានគំរាមជាសាធារណៈថា បើអ្នកណាចាញ់ឆ្នោត ហើយមិនព្រមទទួលលទ្ធផលចាញ់ ដោយនាំគ្នាចេញមកតវ៉ា លោកថានឹងបង្ក្រាបវាយឲ្យបែកធ្មេញ។
ឆ្លើយតបនឹងការលើកឡើងរបស់លោក កឹម សុខា អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋបានដឹងយ៉ាងប្រាកដហើយថា គណបក្សណាដែលរក្សាសន្តិភាព ហើយគណបក្សណាដែលតែងបង្កបញ្ហាក្នុងសង្គមនៅក្រោយការបោះឆ្នោត៖ «ប្រជាជនគេមិនត្រូវការគណបក្សបែបហ្នឹងទេ។ គណបក្សដែលចេះតែនិយាយភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋពីចំណុចមួយទៅចំណុចមួយទៀតមិនចេះចប់ហ្នឹង ប្រជាពលរដ្ឋមិនត្រូវការទេ។ ប្រជាជនត្រូវការគណបក្សណាដែលកសាង ការពារសន្តិភាព ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្តត្រាណ សម្បូរសប្បាយ ការរីកចម្រើន»។
ទាក់ទងនឹងការជួបជុំបេក្ខភាពស្ត្រីរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ លោក សុខ ឥសាន លើកឡើងថា បេក្ខនារីរបស់គណបក្សប្រជាជនកម្ពុជា គឺមានសមត្ថភាព មិនមែនមានតែចំនួនឡើយ។ លោកថា គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងសមត្ថភាពស្ត្រីតាមមូលដ្ឋាន ធ្វើយ៉ាងណាធានាថាស្ត្រីដែលឈរនៅលេខរៀងទី១ បានជាប់ជាមេឃុំ-ចៅសង្កាត់។
គណបក្សសង្គ្រោះជាតិ អះអាងថា ក្នុងអាណត្តិទី៤ នេះ គណបក្សនេះបានបង្កើនចំនួនស្ត្រី ទាំងបេក្ខជនដែលឈរនៅលេខរៀងទី១ និងបេក្ខភាពបន្តបន្ទាប់។ ក្នុងរបាយការណ៍របស់ គ.ជ.ប បង្ហាញថា គណបក្សសង្គ្រោះជាតិ មានបេក្ខជនសរុបជាង ៤.០៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦,០៥% ស្ត្រីឈរនៅលេខរៀងទី១ ដែលនឹងក្លាយជាមេឃុំ-ចៅសង្កាត់នៅពេលជាប់ឆ្នោតមានចំនួន ១០៣នាក់ លេខរៀងទី២ ចំនួន ១៥១នាក់ លេខរៀងទី៣ ចំនួន ២៤៥នាក់ និងលេខរៀងទី៤ ចំនួន ២៩៤នាក់។
ចំណែកគណបក្សប្រជាជនកម្ពុជា វិញមានបេក្ខជនសរុបចំនួន ៧.០១៧នាក់ ក្នុងនោះមានស្ត្រីចំនួន ២២,១៩%។ នៅលេខរៀងទី១ មានស្ត្រីចំនួន ១៣១រូប លេខរៀងទី២ មាន ២៨៩រូប លេខរៀងទី៣ ចំនួន ៤៧១នាក់ និងលេខរៀងទី៤ មានចំនួន ៥៧៤នាក់។
បើទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលធ្វើការងារលើកស្ទួយស្ត្រីនៅក្នុងវិស័យនយោបាយ នៅតែមើលឃើញថា ចំនួនស្ត្រីដែលអាចជាប់ឆ្នោតទៅបំពេញការងារក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិថ្មីនេះ នឹងនៅតែតិចតួច បើប្រៀបធៀបនឹងចំនួនស្ត្រីដែលជាអ្នកបោះឆ្នោតមានចំនួនដ៏ច្រើននោះនៅឡើយ៕