ប្រតិភូផ្នែកអប់រំនៃអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលចំនួន ១៦០នាក់ បានជួបប្រជុំគ្នារយៈពេល ៣ថ្ងៃ នៅឯខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីប្រឹក្សាយោបល់ជាអន្តរជាតិទៅលើការវាយតម្លៃគុណភាពសិស្សកម្រិតអន្តរជាតិ សម្រាប់ឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ប្រតិភូប្រទេសដែលមករួមប្រជុំនេះ មានដូចជាកម្ពុជា ប្រទេសអេក្វាឌ័រ ហ្គាតេម៉ាឡា ប្រទេសហុងឌុយរ៉ាស់ (Honduras) ប៉ាណាម៉ា (Panama) ប៉ារ៉ាហ្គាយ (Paraguay) សេណេហ្គាល់ (Senegal) ហ្សំប៊ី (Zambia) ប្រេស៊ីល (Brazil) ប្រទេសកូសូវ៉ូ (Kosovo) កូរ៉េ បារាំង អង្គការយូណេស្កូ (UNESCO) និងយូនីសេហ្វ (UNICEF) ជាដើម។
រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានៃប្រទេសកម្ពុជា គឺលោក ណាត ប៊ុនរឿន។ លោកថ្លែងថា កិច្ចប្រជុំប្រឹក្សាយោបល់អន្តរជាតិ លើការវាយតម្លៃសិស្សកម្រិតអន្តរជាតិលើកទី៤ ពេលនេះ គឺដើម្បីឈានទៅរកការពង្រឹងគុណភាពផ្នែកអប់រំតាមរយៈកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពទៅលើការវាយតម្លៃក្នុងដំណើរការបង្រៀន និងរៀន សម្រាប់ការសិក្សាថ្នាក់ជាតិ។
ចំណែកប្រធានផ្នែករបស់អង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) អ្នកស្រី យូរី បែលហ្វាលី (Yuri Belfali) ថ្លែងថា កិច្ចប្រជុំប្រឹក្សាយោបល់អន្តរជាតិលើការវាយតម្លៃសិស្សកម្រិតអន្តរជាតិលើកទី៤នេះ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ធ្វើជាយុទ្ធសាស្ត្រ និងផែនការស្ទង់មើលគុណភាពសិក្សា ព្រមទាំងការតាមដានទៅលើសមត្ថភាពរបស់សិស្សក្នុងវិស័យអប់រំ៕