Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​នឹង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ

$
0
0

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ឃុំ​ខ្លួន​មនុស្ស ៣​នាក់​ពាក់ព័ន្ធ​នឹង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ អាជ្ញាធរ​ថា​ការ​បន្ត​ឃុំ​ខ្លួន​នេះ គឺ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

មនុស្ស ៣​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រយៈពេល​ពីរ​ថ្ងៃ​ហើយ ដើម្បី​រង់ចាំ​ការ​បញ្ជូន​ទៅ​បន្ត​នីតិវិធី​នៅ​តុលាការ​ក្រុង​ភ្នំពេញ។

ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ លោក ស៊ឹម វុទ្ធី ឲ្យ​អាស៊ីសេរី​ដឹង​ថា ជន​សង្ស័យ​ទាំង ៣​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ក្រោយ​មាន​ការ​ពនិត្យ​ឯកសារ​ពី​ព្រះរាជអាជ្ញា​រួច​រាល់៖ «»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់ បាន​ចូល​ទៅ​ចាប់​ឃាត់​ខ្លួន​តំណាង​អង្គការ​ឧត្តម​ស្នងការ​អន្តរ​សាស្ត្រ លោក ឃុន សាវ៉ាកឃិត និង​ជំនួយការ​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ សុភា លីន រួម​ទាំង​តំណាង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​ទៀត​ឈ្មោះ ធុយ វី។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ខណៈ​ពួក​គេ​ទាំង​បី​នាក់​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីស្នាក់ការ​ឧត្ដម​ស្នងការ​អន្តរ​សាស្ត្រ ស្ថិត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គឺ​ដើម្បី​ប្រកាស​រំលាយ​រណសិរ្ស​នេះ​តែ​ប៉ុណ្ណោះ ហើយ​និង​ផ្សព្វផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ជាប់​គាំង។

ទោះ​យ៉ាង​ណា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ អះអាង​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង ៣​នាក់​នេះ គឺ​ធ្វើ​ទៅ​តាម​ដីកា​របស់​តុលាការ ដោយសារ​ពួក​គេ​មាន​ការ​ពាក់ព័ន្ធ​នឹង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោក សម សេរី ដែល​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​និរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា៖ «»

សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ដោយ​អាជ្ញាធរ​ចោទ​ថា សកម្មភាព​របស់​ពួក​គេ​ខុស​ច្បាប់ រួម​មាន​ការ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល ជាដើម។

ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ។ លោក​ថា អាជ្ញាធរ​កម្ពុជា បាន​រំលោភ​ច្បាប់ និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ និង​រើសអើង​ក្រុម​លោក តែ​អាច​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត។ ថ្លែង​ប្រាប់​អាស៊ីសេរី ពី​ប្រទេស​ដាណឺម៉ាក លោក សម សេរី ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សមាជិក​របស់​លោក​វិញ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ លោក​មិន​ធានា​ថា​នឹង​មាន​អ្វី​កើត​ឡើង​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles