ប្រជាពលរដ្ឋរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់មន្ត្រីប៉ូលិសក្រុងនេះថា បង្ខំឲ្យពួកគាត់ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ឈប់ការតវ៉ានៅសាលាក្រុងបន្តទៀត។ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា មានពលរដ្ឋចំនួន ១៤នាក់ តំណាងជាង ៣០គ្រួសារ បានតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងជូនពួកគាត់ឲ្យបានឆាប់។
ក្រុមអ្នកតវ៉ានៅក្រុងប៉ោយប៉ែត បានប្រតិកម្មនឹងមន្ត្រីប៉ូលិសក្រុងនេះថា ធ្វើតាមបញ្ជារបស់អាជ្ញាធរក្រុងប៉ោយប៉ែត បង្ខំឲ្យពួកគាត់ឈប់តវ៉ាដោយគ្មានដំណោះស្រាយគឺមិនអាចទទួលយកបានឡើយ។
តំណាងអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងនៅថ្ងៃទី១៧ ឧសភា ថា មន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងមួយនេះ បានហៅពួកគាត់ទៅជួបនៅអធិការដ្ឋានក្រុង ដោយបង្ខំឲ្យពួកគាត់ផ្ដិតស្នាមមេដៃធ្វើកិច្ចសន្យាជាលើកទី៣ ដើម្បីឲ្យឈប់តវ៉ានៅមុខសាលាក្រុងបន្តទៀត។ លោកអះអាងថា សមត្ថកិច្ចបង្ខំពួកគាត់ឲ្យឈប់តវ៉ានេះ ប្រៀបបីដូចសម្លាប់ពួកគាត់ទាំងរស់ ពីព្រោះពួកគាត់ក្រីក្រ ហើយអាជ្ញាធរក្រុងមិនទាន់ដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងឲ្យពួកគាត់នៅឡើយ៖ «អ៊ីចឹងរងអធិការគាត់បានសួរពួកខ្ញុំថា គាត់នឹងធ្វើវត្តមាន ហើយសួរខ្ញុំថា តវ៉ាថ្ងៃណាទៀត ខ្ញុំឆ្លើយថា ខ្ញុំនៅតែធ្វើដោយមិនខ្លាចការចាប់ចងនោះទេ។ ព្រោះខ្ញុំគ្មានប្រាក់ទិញបានជាពួកខ្ញុំតវ៉ា ដើម្បីមានទីស្នាក់អាស្រ័យក្នុងនាមពលរដ្ឋខ្មែរ»។
អាស៊ីសេរី ពុំអាចទាក់អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៧ ខែឧសភា ដោយលោកទទួលទូរស័ព្ទហើយចុចបិទវិញ។
ចំណែកអភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ មិនអាចទាក់ទងបានទេ នៅរសៀលថ្ងៃទី១៧ ខែឧសភា ដោយទូរស័ព្ទលោកពុំមានអ្នកទទួល។ ប៉ុន្តែកន្លងទៅលោក ម៉ែន សុភ័ណ មានប្រសាសន៍ថា ករណីនេះអាជ្ញាធរក្រុងផុតតួនាទីដោះស្រាយហើយ ពីព្រោះលោកបានបញ្ជូនពាក្យបណ្ដឹងរបស់ក្រុមអ្នកតវ៉ាដាក់ទៅអន្តរក្រសួងរួចមកហើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា សមត្ថកិច្ចបង្ខំឲ្យពលរដ្ឋផ្ដិតមេដៃឈប់តវ៉ា គឺផ្ទុយនឹងច្បាប់ធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី ព្រោះក្រុមអ្នកតវ៉ាធ្វើបាតុកម្មឲ្យអាជ្ញាធរដោះស្រាយដោយអហិង្សា៖ «នេះគឺជាភាពកំសាករបស់អាជ្ញាធរ ដោយព្រួយបារម្ភខ្លាចគេលើកចំៗអំពីភាពអសកម្មរបស់ខ្លួន។អាជ្ញាធរគួរតែខំប្រឹងប្រែងដោះស្រាយដើម្បីឲ្យប្រជាពលរដ្ឋគាំទ្រជាការប្រសើរជាងការយកអំណាចទៅគំរាមកំហែងពលរដ្ឋនោះទេ»។
នេះជាលើកទី៦៦ហើយ ដែលក្រុមអ្នកតវ៉ាទទូចឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយសំណងជូនពួកគាត់នោះ។ ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងជូនពួកគាត់ទៅតាមផ្លូវច្បាប់។ ក្រុមអ្នកតវ៉ាបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប៉ូលិសក្រុងប៉ោយប៉ែត ហៅពួកគាត់ឲ្យទៅជួបដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងជិត ២ម៉ោង។ ក្រុមអ្នកតវ៉ាអះអាងថា បើទោះជាប៉ូលិសបង្ខំឲ្យពួកគាត់ធ្វើកិច្ចសន្យាឈប់តវ៉ាក៏ដោយ ប្រសិនបើពុំមានដំណោះស្រាយដែលអាចទទួលយកបានទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕