Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​សភា​អាស៊ាន​ស្នើ​គ.ជ.ប​ចាត់​វិធានការ​ការ​ថ្លែង​សារ​គំរាម​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន

$
0
0

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អេ.ភី.អេច្ឆ.អា (APHR) បាន​ប្រតិកម្ម​ទៅ​នឹង​សារ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​យល់​ថា ជា​សារ​គំរាម​កំហែង​ផ្ទួនៗ​នៅ​រដូវ​កាល​បោះឆ្នោត​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់។ សមាជិក​សភា​អាស៊ាន បាន​លើក​ឡើង​ចំ​ឈ្មោះ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថា​បាន​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង​ម្ចាស់​ឆ្នោត នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ និង​សារ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម បើ​សិន​គណបក្ស​ខ្លួន​ចាញ់​ឆ្នោត។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចប់​ការ​គំរាមកំហែង និង​ស្នើ​ឲ្យ គ.ជ.ប ចាត់​វិធានការ​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

ក្នុង​សារ​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ឧសភា លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី ថ្លែង​ថា សារ​របស់​លោក ហ៊ុន សែន និង​លោក ទៀ បាញ់ គឺ​ជា​ការ​គំរាមកំហែង​យ៉ាង​ច្បាស់​ដល់​គណបក្ស​ប្រឆាំង និង​ដល់​ជន​ទាំង​ឡាយ​ដែល​ហ៊ាន​រិះគន់​ដល់​គណបក្ស​កាន់​អំណាច មាន​សភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ហើយ​ការ​គំរាមកំហែង​ទាំង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ លោក​បន្ត​ថា ទោះ​បី​នេះ​មិនមែន​ជា​លើក​ទី​១​ដែល​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប្រើ​សារ​គំរាមកំហែង​ទាំង​នេះ​ក៏ដោយ ក៏​ការ​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ភាសា​បែប​នេះ ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់ បាន​បង្ហាញ​ថា រដ្ឋាភិបាល​នៅ​តែ​មាន​បំណង​បន្ត​ក្ដោបក្ដាប់​អំណាច​ត​ទៅ​ទៀត។

លោក​បញ្ជាក់​នៅ​ក្នុង​សារ​នេះ​ទៀត​ថា វា​ជា​ពេល​ចាំបាច់​បំផុត​ដែល​អាជ្ញាធរ រួម​ទាំង គ.ជ.ប ត្រូវ​តែ​ចាត់​វិធានការ​ជា​វិជ្ជមាន​ដើម្បី​ធានា​ថា ការ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា អាច​បង្ហាញ​សេចក្ដី​ប្រាថ្នា​ផ្នែក​នយោបាយ​របស់​ខ្លួន ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព។ លោក ហ៊ុន សែន គួរ​ធ្វើ​ជា​គំរូ​ល្អ​ដោយ​បញ្ចប់​ការ​គំរាមកំហែង។ លោក​ថា​ ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ទៅ​រក​ភាព​ស្រពេចស្រពិល ហើយ​សហគមន៍​អន្តរជាតិ នឹង​ឃ្លាំមើល​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

ឆ្លើយតប​ទៅ​នឹង​មតិ​រិះគន់​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ពី​សារ​របស់​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប នឹង​ធ្វើ​ការ​ពិនិត្យ​លើ​សារ​របស់​អ្នក​នយោបាយ​ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា ដែល​ជា​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដោយឡែក​រឿង​ដែល​កើត​ឡើង​នៅ​មុន ឬ​ក្រោយ​ថ្ងៃ​ឃោសនា​គឺ​ជា​បន្ទុក​របស់​អាជ្ញាធរ៖ «បើ​សិន​ជា​ភាគី​ណា​មិន​សុខ​ចិត្ត​លើក​បញ្ហា​នេះ​ត្រូវ​ប្ដឹង​ទៅ​អាជ្ញាធរ រវាង គ.ជ.ប និង​អាជ្ញាធរ​យើង​ចែក​ប្រក្រតីទិន​ច្បាស់លាស់។ ចំពោះ​អនុសាសន៍​ទាំង​ឡាយ ពិសេស​ការ​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ឲ្យ​មាន​បរិយាកាស​ល្អ ជា​ចំណុច​ល្អ​ប្រសើរ​ហើយ»

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា លោក ឆាលស៍ សានទីអេហ្គោ កំពុង​ប្រាសចាក​ពី​ក្រម​អាស៊ាន​ដែល​បាន​លូកលាន់​បញ្ហា​ផ្ទៃ​ក្នុង​កម្ពុជា និង​មិន​គោរព​ធម្មនុញ្ញ​អាស៊ាន។ លោក​ថា កម្ពុជា​មិន​ដែល​លូកលាន់​​អ្នក​នយោបាយ​របស់​ប្រទេស​ហ្វីលីពីន ឡើយ។ លោក​ហៅ​ការ​រិះគន់​នេះ ថា​ជា​ការ​លើក​ឡើង​មិន​មែន​ជា​ការ​សម្ដែង​មតិ​ពិត ប៉ុន្តែ​ជា​ការ​លើក​ឡើង​ក្នុង​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ប្រឆាំង​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ៖ «គាត់​នៅ​ឆ្ងាយ​ពី​កម្ពុជា គាត់​អត់​យល់ អត់​ដឹង​អំពី​សារ​របស់​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា ដែល​បាន​លើក​ឡើង​ជា​សាធារណៈ​នោះ​ទេ។ គាត់​យល់​ច្រឡំ​ទាំង​អស់ ហើយ​គាត់​យល់​ច្រឡំ​ថា អ្វី​ដែល​គណបក្ស​ប្រជាជន ក៏​ដូចជា​រាជ​រដ្ឋាភិបាល​ជា​អ្នក​ប្រឆាំង​ជាមួយ​សិទ្ធិ​មនុស្ស ប្រឆាំង​នឹង​ដំណើរការ​នៃ​ការ​បោះឆ្នោត ប្រឆាំង​នឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បោះឆ្នោត»

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ឈុំ សុជាត អ្នក​នាំ​ក្រសួង​ការពារ​ជាតិ ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ឧសភា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ។ ការ​តវ៉ា​ណា​មួយ​ក្រោយ​ពេល​ចាញ់​ឆ្នោត គឺ​នាំ​ឲ្យ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ដែល​លោក​ថា លោក​មិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​កើត​ឡើង​តទៅទៀត​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ការ​បង្ក្រាប​កន្លង​មក។

កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា សង្គ្រាម​កើត​ឡើង​វិញ ប្រសិន​បើ​បក្ស​ខ្លួន​ចាញ់​ឆ្នោត ឬ​ពលរដ្ឋ​មិន​ខំ​ថែរក្សា​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ។ លោក​ថា លោក​ខំ​ប្រឹង​កសាង​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​យ៉ាង​លំបាក​មក​ឲ្យ​ប្រទេស​កម្ពុជា ដ៏​កម្សត់ ប៉ុន្តែ​បែរ​ជា​មាន​ក្រុម​មួយ​មក​សាង​គ្រោះ​ឲ្យ​ជាតិ​ទៅ​វិញ។ លោក​ថា បើ​គណបក្ស​លោក​មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា។

ជុំវិញ​សារ​ប្រកាស​សង្គ្រាម​នេះ នៅ​ជិត​ការ​បោះ​ឆ្នោត ត្រូវ​បាន​ព្រះសង្ឃ អ្នក​នយោបាយ​ជើង​ចាស់ និង​តំណាងរាស្ត្រ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​មន្ត្រី​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​ថា ជា​សារ​ទាល់ច្រក ជា​សារ​ហួស​សម័យ គ្មាន​ប្រសិទ្ធភាព និង​បង្ហាញ​នូវ​ភាព​កំសាក​ខាង​ផ្នែក​នយោបាយ​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles