រដ្ឋាភិបាលកម្ពុជា បង្ហាញជំហរថា បច្ចុប្បន្ននេះកំពុងប្រឹងប្រែងយ៉ាងខ្លាំងជាមួយនឹងអន្តរជាតិ លើការគាំពារសុខភាព ការពារសិទ្ធិ ផ្ដល់ការអប់រំ ផ្ដល់អាហារូបត្ថម្ភ ព្រមទាំងអភិវឌ្ឍន៍កុមារឱ្យក្លាយជាធនធានមនុស្សមានចំណេះដឹងជ្រៅជ្រះ មានជំនាញច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមក្នុងពេលអនាគត។
ប៉ុន្តែទោះជាយ៉ាងណា កុមារតូចៗនៅតំបន់ដាច់ស្រយាលខ្លះ ព្រមទាំងកុមារពិការ និងកុមារចំណាកស្រុកខ្លះទៀត នៅតែមិនទាន់ទទួលបានការអប់រំឱ្យស្មើភាពគ្នាទេ ជាហេតុធ្វើឱ្យរដ្ឋាភិបាលនៅតែមានក្ដីកង្វល់ចំពោះធនធានមនុស្សរបស់ប្រទេសនេះនៅឡើយ។
ក្រសួងអប់រំយុវជន និងកីឡា បង្ហាញការព្រួយបារម្ភទៅលើអនាគតកុមារប្រហែល ២ភាគរយដែលមិនបានចូលរៀនថ្នាក់បឋមសិក្សា ព្រមទាំងកុមារតូចៗប្រហែល ០,៥% ផ្សេងទៀតដែលចំណាកស្រុកតាមឪពុកម្ដាយទៅធ្វើការនៅក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា គឺលោកបណ្ឌិត ហង់ ជួនណារ៉ុន។ លោកមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅក្រោយពេលបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី១ ខែមីនា ក្នុងខេត្តសៀមរាប ស្ដីពីការអភិវឌ្ឍកុមារតូចថា ពេលបច្ចុប្បន្នកុមារកម្ពុជា ចំនួនជាង ២លាននាក់កំពុងចូលរៀននៅថ្នាក់បឋមសិក្សា។ ប៉ុន្តែបើទោះបីជាកុមារចំនួន ៩៨ភាគរយបានចូលរៀនក្ដី ក៏កុមារក្រីក្រនៅតំបន់ដាច់ស្រយាលកុមារពិការ និងកុមារចំណាកស្រុកទៅក្រៅប្រទេសប្រហែលជាង ២ភាគរយផ្សេងទៀត មិនបានចូលរៀននៅឡើយ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បញ្ជាក់ថា តាមការស្រាវជ្រាវគឺក្រសួងអប់រំ បានរកឃើញថា បច្ចុប្បន្នមានកុមារតូចៗប្រហែល ០,៥ភាគរយ បានធ្វើចំណាកស្រុកតាមឪពុកម្ដាយរបស់ពួកគេទៅធ្វើការនៅក្រៅប្រទេស។ បញ្ហាកុមារចំណាកស្រុកនេះ គឺជាបញ្ហាធំដែលក្រសួងអប់រំ មិនមានសាលាដើម្បីឱ្យពួកគេរៀនអក្សរសាស្ត្រជាតិនៅក្រៅប្រទេសទេ៖ «នៅក្នុងប្រទេសគេគឺជាអធិបតេយ្យភាពក្រសួងមិនអាចទៅប្រទេសគេទេ ប៉ុន្តែខ្ញុំដឹងថា នៅប្រទេសថៃ មានអង្គការក្រៅរដ្ឋាភិបាលយកសៀវភៅពុម្ព សៀវភៅគោលរបស់ក្រសួងអប់រំ ទៅបង្រៀន»។
រដ្ឋាភិបាលកំពុងព្រួយបារម្ភទៅដល់អនាគតកុមារចំណាកស្រុកទាំងនោះថា ប្រសិនបើស្នាក់នៅក្រៅប្រទេសយូរ គឺនឹងធ្វើឱ្យពួកគេហួសពេលរៀនសូត្រនៅពេលដែលធំពេញវ័យឡើង។
អង្គការផ្នែកកុមារអន្តរជាតិ ក៏សំដែងកង្វល់ចំពោះកុមារចំណាកស្រុកនេះ ដូចគ្នានឹងរដ្ឋាភិបាលកម្ពុជា ដែរ។
នាយកមូលនិធិសហប្រជាជាតិសម្រាប់កុមារ ហៅកាត់ថា យូនីសេហ្វ (UNICEF) ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី ខារីន ហ៊ុលសប (Karin Hulshop) ថ្លែងថា លោកស្រីមិនដឹងពីស្ថានភាពកុមារកម្ពុជា ច្បាស់លាស់ទេ ពីព្រោះតែលោកស្រីជានាយកតំបន់ ប៉ុន្តែទោះយ៉ាងណាលោកស្រីដឹងថា ពេលបច្ចុប្បន្ន មានកុមារខ្មែរប្រហែលពី ២០ ទៅ ២៥% កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែកុមារទាំងនេះនៅតែមានឱកាសទទួលបានការអប់រំ និងការអភិវឌ្ឍកុមារតូចពីគោលនយោបាយរបស់រដ្ឋាភិបាល។ ចំណែកកុមារចំណាកស្រុកវិញគឺជារឿងដែលពិបាកទទួលបានការរៀនសូត្រ។
លោកស្រី ខារីន ហ៊ុលសប៖ «រឿងដែលសំខាន់ដូចនេះ គួរតែងាកទៅរកអង្គការ Save the Children ដើម្បីឱ្យរិះរកមធ្យោបាយជួយដល់កុមារទាំងនោះ។ ខ្ញុំដឹងថា អ្វីដែលអាចជួយដល់កុមារក្រីក្រ និងចំណាកស្រុកនោះ គឺមានផ្លូវតិចតួចនៅឡើយសម្រាប់ឱ្យយើងដើរទៅជួយអភិវឌ្ឍន៍កុមារតូចៗទាំងនោះ»។
បណ្ដាញការងារអភិវឌ្ឍន៍កុមារតូច ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (ARNEC) ក៏កំពុងព្រួយបារម្ភទៅលើស្ថានភាពកុមារខ្មែរ ដែលធ្វើចំណាកស្រុកតាមឪពុកម្ដាយទៅធ្វើការនៅក្រៅប្រទេសនោះ។
នាយកបណ្ដាញការងារអភិវឌ្ឍន៍កុមារតូច ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកបណ្ឌិត សែលឌុន សែហ្វហ្វើ (Sheldon Shaeffer) មានប្រសាសន៍ថា បញ្ហាកុមារចំណាកស្រុកទៅតាមឪពុកម្ដាយធ្វើការក្រៅប្រទេស គឺជារឿងដែលព្រួយបារម្ភជាខ្លាំង។ កុមារទាំងនោះ អាចនឹងរៀនអក្សរសាស្ត្ររបស់ខ្លួនមិនបានត្រឹមត្រូវ ឬក៏មិនបានចូលរៀនតែម្ដង។ បច្ចុប្បន្នបណ្ដាញការងារអភិវឌ្ឍន៍កុមារតូចប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនមានមធ្យោបាយល្អ ដើម្បីជួយកុមារខ្មែរដែលកំពុងស្នាក់នៅក្រៅប្រទេសទាំងនោះទេ គឺមធ្យោបាយដែលល្អគួរតែកុមារតូចៗទាំងនោះវិលត្រឡប់មកប្រទេសវិញ៖ «កុមារតូចៗដែលធ្វើចំណាកស្រុកទាំងនោះគួរតែវិលត្រឡប់មកភូមិឋានរបស់គេវិញយ៉ាងហោចណាស់ក៏រយៈពេល ៤-៥ខែដែរក្នុង ១ឆ្នាំ ដើម្បីឱ្យពួកគេអាចចូលរៀនអក្សរសាស្ត្ររបស់ជាតិនៅក្នុងសាលារដ្ឋត្រឹមត្រូវ។ កម្មវិធីរបស់បណ្ដាញការងារអភិវឌ្ឍន៍កុមារតូចនឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យកុមារកម្ពុជាដែលចំណាកស្រុកទាំងនោះ អាចវិលត្រឡប់មកប្រទេសវិញដើម្បីរៀនសូត្រ»។
រដ្ឋាភិបាលកម្ពុជា បង្ហាញឱ្យឃើញថា រយៈពេលជិត ៤០ឆ្នាំចុងក្រោយនេះ គេបានប្រឹងប្រែងយ៉ាងខ្លាំងទៅលើការអភិវឌ្ឍកុមារតូច ទាំងការអប់រំ ការថែទាំសុខភាព ការគាំពារផ្នែកអាហារូបត្ថម្ភ ព្រមទាំងការលើកស្ទួយសិទ្ធិកុមារ និងកិច្ចការពារផ្លូវច្បាប់ជាដើម។
នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល លោក ហ៊ុន សែន បានថ្លែងថា ដោយសារតែការអភិវឌ្ឍនៃសង្គមសេដ្ឋកិច្ចកម្ពុជា បានធ្វើឱ្យស្ត្រីកាន់តែច្រើនត្រូវចូលរួមកម្លាំងពលកម្ម។ ក្នុងបរិបថថ្មីនេះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះកុមារតូច ដើម្បីឱ្យទទួលបានការរៀនគិតបែបថ្មី និងក្លាយជាកម្លាំងយុវជនប្រកបដោយចំណេះដឹង ព្រមទាំងមានជំនាញវិជ្ជាជីវៈនៅពេលអនាគត៖ «ជារួមនៅកម្ពុជា កុមារតូចយើងចាប់គិតពីទារក ដល់អាយុក្រោម ៦ឆ្នាំ។ ដែលក្នុងអំឡុងពេលនោះមាតា បិតា ឬអ្នកអាណាព្យាបាល ត្រូវមានកាតព្វកិច្ចបីបាច់ថែរក្សា»។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា ពុំទាន់មានគោលនយោបាយឱ្យរឹងមាំណាមួយក្នុងការជួយអភិវឌ្ឍន៍កុមារចំណាកស្រុកមួយចំនួនដែលតាមឪពុកម្ដាយទៅធ្វើការនៅក្រៅប្រទេសដើម្បីធានាថា ឱ្យពួកគេទាំងនោះអាចរៀនសូត្រអក្សរសាស្ត្រជាតិ បានត្រឹមត្រូវដូចកុមារភាគច្រើនដែលរស់នៅក្នុងប្រទេសនៅឡើយទេ៕