អ្នកភូមិតាអង នៃឃុំប្រស្និប ខេត្តកំពង់ឆ្នាំង សម្ដែងការសប្បាយចិត្តចំពោះសកម្មភាពមន្ត្រីជំនាញក្រសួងកសិកម្មដែលចុះជួយពង្រាបដីស្រែរបស់ពួកគេ។ ចំណែកមន្ត្រីជំនាញ រិះគន់អាជ្ញាធរភូមិឃុំថា មិនសូវសហការល្អជាមួយពួកគេដើម្បីផលប្រយោជន៍កសិករនោះទេ។ ប៉ុន្តែអាជ្ញាធរឃុំថា បញ្ហានេះបណ្ដាលមកពីជំនាញមិនបានផ្ដល់ព័ត៌មានច្បាស់លាស់ជាមុន។
ត្រាក់ទ័រភ្ជួរដី១គ្រឿង និងត្រាក់ទ័រសម្រាប់កៀរពង្រាបដី ២គ្រឿង ចាប់ផ្ដើមសកម្មភាពពង្រាបស្រែជូនកសិករដោយឥតគិតថ្លៃ នៅឃុំប្រស្និប ស្រុករលាប្អៀរ តាមការគ្រោងទុកនៅរសៀលថ្ងៃទី២ ខែមីនា។ កសិករកំពុងឈរមើលគ្រឿងចក្រ និងចង្អុលបង្ហាញទីតាំងដីធ្វើការពង្រាបជាមួយមន្ត្រីជំនាញគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដោយពុំមានវត្តមានអាជ្ញាធរភូមិ និងឃុំចូលរួមឡើយ។
ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក គង់ រស់ ថាលោកបានជួបមេឃុំប្រស្និប គឺអ្នកស្រី ខៀវ សុខឿន ដើម្បីសុំឲ្យអ្នកស្រីចូលរួម ឬចាត់ឲ្យមន្ត្រីឃុំណាម្នាក់ចូលរួមក្នុងសកម្មភាពពង្រាបដីនេះ ប៉ុន្តែអ្នកស្រីប្រាប់ថារវល់។
លោកថា ការមិនសូវអើពើរបស់អាជ្ញាធរមូលដ្ឋានប្រហែលជាគេយល់ថា សកម្មភាពចុះពង្រាបដីស្រែនេះមិនសូវមានប្រយោជន៍៖ «ព្រឹកមិញខ្ញុំជួបមេឃុំផ្ទាល់ គាត់ថា ការងារគាត់ច្រើនណាស់! ខ្ញុំថា គួរណាស់តែមេឃុំចាត់ក្រុមប្រឹក្សាណាម្នាក់ ដើម្បីចុះសហការជាមួយខ្ញុំទៅ គាត់ (ជំទប់ទី១) ក៏អត់ឃើញមកទៀត។ សំណូមពររបស់ខ្ញុំមានតែមួយចំណុចទេ សូមឲ្យអាជ្ញាធរជួយសហការ ព្រោះខាងនាយកដ្ឋានចុះមកធ្វើ គឺដោយសារខ្ញុំសុំគាត់មកដែរ ហើយប្រហែលជាល្ងាចនេះខ្ញុំនឹងព្យាយាមជួបគាត់មួយសារទៀត ដើម្បីពិភាក្សាគ្នាបន្ត ហើយគាត់គិតថាយ៉ាងម៉េច?»។
ឆ្លើយតបបញ្ហានេះមេឃុំប្រស្និប ស្រុករលាប្អៀរ អ្នកស្រី ខៀវ សុខឿន ថា គម្រោងចុះពង្រាបដីស្រែជូនកសិករនេះ ត្រូវបានកំណត់ពីថ្នាក់លើមក ហើយខាងឃុំមិនដឹងច្បាស់ជាមុននោះទេ៖ «បើសិនមុននឹងធ្វើ គេហៅយើងទៅពិភាក្សាថា ឥឡូវខ្ញុំយកគ្រឿងចក្រធ្វើដីឲ្យប្រជាជនចំនួន ៥០០ហិកតារអ៊ីចឹងចុះ។ អាហ្នឹងយើងឲ្យយោបល់តិចៗហើយ ដល់គេថាមកអ៊ីចឹង ហើយប្អូនឯងសួរមកខ្ញុំថ្ងៃមុនខ្ញុំស្រឡាំងកាំង ខ្ញុំអត់ដឹងផង ទើបម្សិលមិញនេះបានជំទប់ទី១ថា ខាងកសិកម្មពាក់ព័ន្ធ (ទំនាក់ទំនង) រឿងពង្រាបដីឲ្យពលរដ្ឋ»។
ចំពោះបញ្ហានេះ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក គង់ រស់ អះអាងថា ខាងលោកបានចុះសិក្សាទីតាំង និងសុំការសហការជាមួយអាជ្ញាធរឃុំតាមរយៈជំទប់ទី១ និងមេឃុំផ្ទាល់ចំនួនបីលើក មុនចុះពង្រាបដីជូនកសិករនេះ។ ទោះជាយ៉ាងណាលោកថា ការចុះពង្រាបដីស្រែនៅភូមិតាអង ឃុំប្រស្និត នេះពុំមានបញ្ហាអ្វីទេ ហើយជំនាញនឹងធ្វើរយៈពេល ៨ថ្ងៃឲ្យហើយលើផ្ទៃដីទំហំ ៣៥ហិកតារ។
កសិករម្នាក់នៅភូមិតាអង ឃុំប្រស្និប លោក ម៉ុម ឌុំ មានប្រសាសន៍ថា គ្រួសារលោក និងអ្នកភូមិជាច្រើនទៀតត្រេកអរចំពោះសកម្មភាពរបស់ជំនាញនាយកដ្ឋានវិស្វកម្ម និងកសិកម្មក្រសួងកសិកម្មដែលបានចុះជួយពលរដ្ឋ។ លោកស្នើឲ្យរដ្ឋាភិបាល ឬសមត្ថកិច្ចជំនាញ ជួយពង្រាបដីឲ្យបានកាន់តែច្រើនហិកតារទៀតនៅក្នុងមូលដ្ឋានលោក ព្រោះកសិករលំបាកបង្កបង្កើនផលដោយសារដីមិនរាបស្មើ។
ជាក់ស្ដែងរូបលោកមានដីស្រែជាង ១ហិកតារ ប៉ុន្តែធ្វើស្រែរាល់ឆ្នាំបានផលតែ ១តោនប៉ុណ្ណោះ ហើយទម្រាំបានផលលំបាកគ្រប់គ្រងទឹកយ៉ាងខ្លាំង បើទោះបីជាមានប្រភពទឹកនៅក្បែរក៏ដោយ៖ «ទឹកមានគ្រប់គ្រាន់ ប៉ុន្តែដីល្អៀងយើងទប់ទឹកមិនបានស្មើល្អ។ ដីមានប្រភពតាំងដើមរាងមកអ៊ីចឹង ដីមានអូរខាង ហើយខ្ពស់ទាបៗ វាផ្អៀងម្ខាង»។
គម្រោងចុះពង្រាបដីស្រែជូនកសិកររបស់នាយដ្ឋានវិស្វកម្ម និងកសិកម្ម នៃក្រសួងកសិកម្មនេះ បានអនុវត្តតាំងពីឆ្នាំ២០១៥ ហើយខេត្តគោលដៅមានចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ និងខេត្តបាត់ដំបង។ មន្ត្រីជំនាញថា ខេត្តទាំងនេះតែងតែធ្វើស្រែមិនបានផលគ្រប់គោលការណ៍របស់ក្រសួងកសិកម្ម ហើយលើកហេតុផលថា មានការលំបាកដោយផ្ទៃដីកសិកម្មរបស់កសិករមិនរាបស្មើ៕